គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

ទ្រីយ៉ាត្លុងកម្ពុជា ត្រៀមកីឡាករ ២រូប ចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅបារ៉ែន

2025/04/28 10:47:21 pm        712
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានត្រៀមកីឡាករយុវជនអាយុក្រោម ១៧ឆ្នាំចំនួន ២នាក់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ដែលគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ។ នេះបើតាមការបញ្ជាក់របស់លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធ ។ លោកបញ្ជាក់ថា ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ៤ឆ្នាំម្ដងនេះ បារ៉ែន បានកំណត់កីឡាចំនួន ២១ប្រភេទ សម្រាប់ធ្វើការប្រកួត ក្នុងនោះក៏មានកីឡាទ្រីយ៉ាត្លុងផងដែរ ហើយកម្ពុជា ក៏បានត្រៀមកីឡាករថ្នាលរបស់ខ្លួន ២រូប ដើម្បីត្រៀមចូលរួមការប្រកួតនេះដែរ ។ យ៉ាងណាចំពោះថ្នាល ដែលនឹងទទួលបានឱកាសចូលរួមការប្រកួតនេះ នៅមិនទាន់ធ្វើការសម្រេចជ្រើសរើសនៅឡើយទេ ដ្បិតពួកគេទើបធ្វើការប្រមូលផ្ដុំហ្វឹកហាត់ កាលពីដើមខែមេសាកន្លងទៅ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងជំរំហ្វឹកហាត់របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ តាមរយៈនេះ សហព័ន្ធបានជំរុញដល់កីឡាករថ្នាលទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជាមានឱកាសក្លាយជាអត្តពលិកតំណាងជាតិ ចូលរួមការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ដែលសហព័ន្ធគ្រោងនឹងសម្រេចក្នុងការជ្រើសរើសនាពេលឆាប់ៗ ដើម្បីធ្វើការចុះឈ្មោះកំឡុងខែឧសភាខាងមុខ។ គួរដឹងថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នាខែតុលាខាងមុខ ក្នុងចំណោមកីឡា ២១ប្រភេទ កម្ពុជាត្រៀមបញ្ជូនអត្តពលិក ១៧ប្រភេទចូលរួម ក្នុងនោះក៏មានកីឡាទ្រីយ៉ាត្លុងផងដែរ ។ ក្រៅពីចូលរួមការប្រកួតប្រជែងមេដាយជូនជាតិ កម្ពុជាក៏ត្រៀមប្រតិភូពិសេស អមដោយក្រុមសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសម្ដែងអបអរសាទរពិធីទទួលទង់ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ បន្ទាប់ពីប្រទេសបារ៉ែនផងដែរ៕ អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

Alexander Zverev ត្រូវព្រមានក្រោយប្រើទូរស័ព្ទដៃថតខ្សែបន្ទាត់ មុនពេលយកឈ្នះ Davidovich Fokina

2025/04/28 10:37:21 pm        484
កីឡាករវាយកូនបាល់អាល្លឺម៉ង់ Alexander Zverev ត្រូវបានទទួលការព្រមានពីអាជ្ញាកណ្តាល បន្ទាប់ប្រើប្រាស់ទូរស័ព្ទដៃថតខ្សែបន្ទាត់មុនពេលវាយបកយកឈ្នះកីឡាករអេស្ប៉ាញ Davidovich Fokina ២-៦ ៧-៦(៧-៣) និង ៧-៦ (៧-០) ឡើងវគ្គ ១៦ នាក់ចុងក្រោយ Madrid Open។         កីឡាករលំដាប់លេខពីរពិភពលោករូបនេះ បានផ្ទុះការតវ៉ាជាមួយអាជ្ញាកណ្តាលនៅហ្គេមទី ១០ នៃសិតទីពីរ ដោយនិយាយថាគ្រាប់បាល់របស់ Fokina ចេញក្រៅខ្សែបន្ទាត់ ហៅប្រព័ន្ធចាប់បាល់ចេញក្រៅប្រហែលមានកំហុស។          អាជ្ញាកណ្តាលបានព្រមាន Zverev សម្រាប់កាយវិការមិនសមជាអ្នកកីឡា តែកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានទុករឿងនេះមួយឡែក ដើម្បីយកឈ្នះការប្រកួតនេះ។          Madrid Open ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំងអស់របស់ ATP ដែលត្រូវបានលុបចោលការប្រើប្រាស់អាជ្ញាកណ្តាលខ្សែបន្ទាត់ ជំនួសវិញដោយប្រព័ន្ធខ្សែបន្ទាត់អេឡិចត្រូនិចដើម្បីចាប់គ្រាប់ចេញរឺចូល។          យ៉ាងណាក្តី ព្រឹត្តិការណ៍ Grand Slam, French Open ដែលចាន់ផ្តើមនៅខែក្រោយ នៅតែបន្តប្រើប្រាស់អាជ្ញាកណ្តាលខ្សែបន្ទាត់នៅឡើយ។          ងាកមកលទ្ធផលផ្សេងទៀត កីឡាកររុស្ស៊ី Daniil Medvedev បានយកឈ្នះកីឡាករអាហ្សង់ទីន Juan Manuel Cerundulo ដែលមកពីវគ្គជម្រុះ ៦-២ និង ៦-២ ខណៈដែលកីឡាករកាហ្សាក់ស្ថាន Alexander Bublik យកឈ្នះកីឡាកររុស្ស៊ី Andrey Rublev ៦-៤ ០-៦ និង ៦-៤៕អត្ថបទ៖នាង សុភាវុធ

Arne Slot អរគុណអ្នកចាត់ការមុនខណៈ Liverpool ឈ្នះជើងឯក Premier League ទី ២០ តាមស្មើកំណត់ត្រា Manchester United

2025/04/28 09:54:53 pm        129
ក្រុមហង្សក្រហម Liverpool បានក្លាយជាជើងឯកក្របខណ្ឌកំពូលអង់គ្លេស Premier League ហើយបើទោះនៅសល់ ៤ ប្រកួតទៀតទើបចប់រដូវកាល ក្រោយវាយបកយកឈ្នះ Tottenham Hotspur ៥-១ នៅ Anfield។         នេះជាជើងឯកទី ២០ សម្រាប់ Liverpool តាមស្មើកំណត់ត្រារបស់ Manchester United ក្លាយជាក្លិបជោគជ័យពីរជោគជ័យបំផុតនៅអង់គ្លេស។          ជើងឯក ១៨ លើករបស់ Liverpool គឺឈ្នះមុនឆ្នាំ ១៩៩២ មុនពេលដែល Premier League ត្រូវបានផ្លាស់ប្តូរឈ្មោះពី First Division។          ត្រឹមឆ្នាំ ១៩៩២ នោះ Manchester United ឈ្នះជើងឯកសរុបត្រឹម ៧ លើកប៉ុណ្ណោះ ប្រៀបធៀបនឹង Liverpool ឈ្នះ ១៨ លើក ខណៈរជ្ជកាលជោគជ័យរបស់ហង្សក្រហមគឺនៅទសវត្សរិ៍ទី ៧០ និង ៨០ ពោលគឺឈ្នះជើងឯកសរុប ១១ លើកចន្លោះឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៩០។          ចំណែកជើងឯក ១៣ លើករបស់ Manchester United ក្រោយ ១៩៩២ គឺក្រោមការដឹកនាំរបស់ Sir Alex Ferguson ចាប់ផ្តើមពីឆ្នាំ ១៩៩៣ រហូតដល់ជើងឯកចុងក្រោយនៅឆ្នាំ ២០១៣ ជាឆ្នាំចុងក្រោយដែល Sir Alex Ferguson ចូលនិវត្តន៍។          ២០២៤-២៥ ជារដូវកាលដ៏ល្អមួយសម្រាប់ Liverpool ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Arne Slot ដែលបន្តតំណែងពី Jurgen Klopp។          អ្នកចាត់ការថ្មីលោក Arne Slot បានថ្លែងអំណរគុណអ្នកចាត់មុនលោក Jurgen Klopp សម្រាប់ ដែលជាមនុស្សទីមួយផ្តល់សេចក្តីទុកចិត្តសម្រាប់លោកដើម្បីមកជំនួសតំណែងនៅ Anfield។ នៅពេលមកដល់ Anfield អ្វីៗសុទ្ធតែរៀបចំរួចហើយក្រោមការដឹកនាំរបស់ Klopp ដូច្នេះ ច្បាស់ណាថាជោគជ័យនៅពេលនេះ គឺជាចំណែករបស់ Klopp។ និយាយតែនៅ Premier League ៣៤ ប្រកួតកន្លងទៅនេះពួកគេឈ្នះ ២៥ ស្មើ ៧ ចាញ់ ២ ដាច់ក្រុមលេខពីរ Arsenal ១៥ ពិន្ទុ ចំពេលជារដូវកាលដ៏លំបាកមួយសម្រាប់ក្រុមការពារជើងឯក Manchester City ដែលកំពុងឈរលេខ ៤ ដែលកំពុងប្រជែងតំណែងកៅអី Champions League នៅឡើយ៕ អត្ថបទ៖នាង សុភាវុធ

Carlo Ancelotti នឹងចាប់ផ្តើមចរចារឿងដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលមុន World Cup 2026

2025/04/28 09:33:27 pm        97
អ្នកចាត់ការ Real Madrid លោក Carlo Ancelotti នឹងចាប់ផ្តើមដំណើរការចរចាដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល មុន World Cup 2026 ឆាប់ៗនេះ។          បុរសវ័យ ៦៥ ឆ្នាំអ៊ីតាលីរូបនេះ នឹងជួបជាមួយអ្នកតំណាងសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលដើម្បីជជែកជុំវិញលទ្ធភាពនៃការផ្លាស់ប្តូរក្រុមជម្រើសជាតិប្រេស៊ីល។          លោក Ancelotti បានបញ្ជាក់ថា អនាគតរបស់លោកនឹងត្រូវយកមកពិភាក្សារក្រោយចប់រដូវកាលនេះ មិនមែនពេលនេះ នេះបើតាមការលើកក្រោយ Real Madrid ចាញ់ Barcelona ៣-២ បាត់បង់ពាន Copa del Rey ចុងសប្តាហ៍កន្លងទៅ។          យ៉ាងណាក្តី គេឃើញវត្តមានលោក Diego Fernandes តំណាងសហព័ន្ធបាល់ទាត់ប្រេស៊ីលមានមុខនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Seville កាលពីថ្ងៃសៅរ៍។          បើតាមសារព័ត៌មានអេស្ប៉ាញមួយចំនួនបានចុះផ្សាយថា លោក Carlo Ancelotti អាចនឹងចាកចេញពី Real Madrid មុនរដូវក្តៅខាងមុខ រឺមុន Club World Cup។          លោក Carlo Ancelotti បានស្ថិតក្នុងជម្រើសទីមួយរបស់សហព័ន្ធបាល់ទាត់ប្រេស៊ីល ក្នុងការមកកាន់តំណែងបន្តពីលោក Dorival Junior ដែលត្រូវបានបណ្តេញចេញក្រោយចាញ់អាហ្សង់ទីន ៤-១ កាលពីខែមុន។          ប្រេស៊ីលកំពុងឈរលេខបួនក្នុងតារាង នៃការប្រកួតជម្រុះ World Cup 2026 តំបន់អាមេរិកខាងត្បូង។          រំលឹកថាលោក Carlo Ancelotti ជាអ្នកចាត់ការជោគជ័យបំផុតម្នាក់ជាមួយក្លិបអាជីព ដោយធ្លាប់ដឹកនាំ Real Madrid ឈ្នះជើងឯក Champions League បីលើក La Liga ពីរលើក នៃអាជីពពីរលើកជាមួយ Real Madrid។          ពាក់ព័ន្ធនឹង Real Madrid ក៏ត្រូវបានគេដឹងថា ចាប់ផ្តើមរកអ្នកជំនួសតំណែងលោក Ancelotti ដែរ ខណៈដែល អ្នកចាត់ការ Leverkusen លោក Xabi Alonso គឺជាជម្រើសដំបូង៕អត្ថបទ៖នាង សុភាវុធ

Alex Marquez ឈ្នះការប្រណាំងម៉ូតូ GP លើកដំបូងក្នុងអាជីពក្នុងទឹកដីអេស្ប៉ាញរបស់ខ្លួន

2025/04/28 05:31:25 pm        152
កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Alex Marquez ដែលជាប្អូនប្រុសបង្កើតរបស់ជើងឯកពិភពលោក ៦ សម័យ Marc Marquez ទីបំផុតបានឈ្នះការប្រណាំងម៉ូតូ​ GP លើកដំបូងក្នុងអាជីព ក្រោយយកឈ្នះការប្រណាំងនៅទឹកដីអេស្ប៉ាញ។         កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានយកឈ្នះការប្រណាំងដ៏ល្អឥតខ្ចោះរបស់ខ្លួននៅ​ Spanish Grand Prix ដើម្បីឡើងនាំមុខគេក្នុងតារាងជើងឯកពិភពលោកក្រោយប្រណាំងបាន ៥ ទីលាននាំមុខលើបងប្រុង Marc Marquez។         កីឡាកររបស់ក្រុម Ducati-Gresini បានចេញដំណើរនៅលេខរៀងទីបួន មុនពេលមកដល់ទីព្រ័ត្រដាច់អ្នកលេខពីរ កីឡាកររបស់ក្រុម Yamaha, Fabio Quarteraro ដែលបានលេខពីរក្រោយវ៉ាកីឡាករអ៊ីតាលី Francesco Bagnaia។          ចំណែក​ឯបងប្រុស Marc Marquez ដែលឈ្នះបីទីលានក្នុងចំណោមបួនទីលានមុនការប្រណាំងនេះ មានការប៉ះទង្គិចជាមួយ Bagnaia ខ្ទាតចេញពីផ្លូវនៅជុំទីបី មុនពេលបន្តដំនើរបានវិញបញ្ចប់នៅចំណាត់ថ្នាក់លេខ ១២។          នេះជាការបង្ហាញខ្លួននៅម៉ូតូ GP រដូវកាលទី ៦ សម្រាប់ Alex Marquez តែមិនដែលឈ្នះការប្រណាំង Grand Prix ណាមួយនៅឡើយ តែជ័យជំនះលើកដំបូងនេះបានធ្វើឱ្យនាំមុខមួយពិន្ទុពីបងប្រុស Marc Marquez នៅក្នុងតារាងជើងឯកពិភពលោក​ ខណៈទីលានបន្ទាប់នឹងធ្វើនៅទឹកដីបារាំងចុងសប្តាហ៍ក្រោយ៕

Manchester City ឈ្នះ Nottingham ឡើងវគ្គផ្តាច់ព្រ័ត្រ FA Cup ជួប Crystal Palace

2025/04/28 05:16:46 pm        135
ក្រុមជើងឯក ៧ សម័យ Manchester City បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ FA Cup ហើយក្រោយយកឈ្នះ Nottingham Forest ២-០ ឡើងជួប Crystal Palace។               ក្រុមរបស់លោក Pep Guardiola មានរដូវកាលលំបាកមួយក្រោយមិនអាចការពារតំណែងជើងឯក Premier League បាន ក៏ដូចជាបរាជ័យនៅ League Cup និង Champions League។         យ៉ាងណាក្តី FA Cup ដែលជាពានតែមួយគត់ដែលពួកគេអាចឈ្នះនោះ Rico Lewis គឺជាអ្នកបើកការនាំមុខឱ្យ Manchester City តាំងពីនាទីទី ២ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley​ នេះ។          វគ្គទីពីរខ្សែការពារក្រូអាស៊ី Josko Gvardiol ជាអ្នកធានាគ្រាប់បាល់ជ័យជំនះឱ្យ City នៅនាទីទី ៥១។          ជ័យជំនះនេះធ្វើឱ្យ Manchester City បន្តដំណើរឡើងវគ្គផ្តាច់ព្រ័ត្រ​ FA Cup លើកទី ១៤ ដោយត្រូវជួបជាមួយ Crystal Palace ដែលបានយកឈ្នះ Aston Villa ៣-០ កាលពីថ្ងៃសៅរ៍។          ជាជ័យជំនះដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ Crystal Palace លើក្រុមរបស់លោក Unai Emery បន្ទាប់ពីEberechi Eze បើកការនាំមុខឱ្យ Palace នៅនាទីទី ៣១។          Ismaila Sarr នៅវគ្គទីពីររកបានពីរគ្រាប់ម្នាក់ឯងនៅនាទីទី ៥៨ និង ៩០+៤ នាំ Crystal Palace ឡើងវគ្គផ្តាច់ព្រ័ត្រ​ FA Cup លើកទី ៣ បន្ទាប់ពីចុងក្រោយបំផុតនៅឆ្នាំ​ ២០១៦ ចាញ់បិសាចក្រហម Manchester United។          វគ្គផ្តាច់ព្រ័ត្រឆ្នាំនេះនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ដដែលថ្ងៃទី ១៧ ខែឧសភា៕

ជម្រើសជាតិតាហ្ស៊ីគីស្ថាន នឹងប្រកួតមិត្តភាពជាមួយកម្ពុជា មុនជម្រុះពានអាស៊ីជាមួយហ្វីលីពីន

2025/04/24 03:47:37 pm        655
ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសតាហ្ស៊ីគីស្ថាន នឹងធ្វើដំណើរពីតំបន់អាស៊ីកណ្ដាលមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីប្រកួតមិត្តភាពអន្តរជាតិនៅដើមខែមិថុនាខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងនៅក្នុងផេកហ្វេសប៊ុកផ្លូវការណ៍របស់សហព័ន្ធបាល់ទាត់តាហ្ស៊ីគីស្ថាន។សេចក្ដីជួនដំណឹងបញ្ជាក់ថាក្រុមបាល់ទាត់ជម្រើសជាតិតាហ្ស៊ីគីស្ថាន នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិកម្ពុជា ដើម្បីត្រៀមលក្ខណៈសម្បត្តិប្រកួតជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី២០២៧ ថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ក្រោយការប្រកួត ជម្រើសជាតិតាហ្ស៊ីគីស្ថានត្រូវធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនជួបជម្រើសជាតិហ្វីលីពីនជម្រុះពានអាស៊ី២០២៧ នៅទីក្រុងកាប៉ាស ក្នុងពហុកីឡដ្ឋាន New Clark City ជាទីដែលហ្វីលីពីនធ្វើម្ចាស់ស៊ីហ្គេមកាលពីឆ្នាំ២០១៩។លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៣ ខែមេសាថា ពិតជាមានការប្រកួតនេះមែន។លោកបន្តថាតាមពិតទៅជម្រើសជាតិទាំងពីរបានជជែកគ្នាពីការប្រកួតមិត្តភាពអន្តរជាតិជាមួយគ្នាជាងមួយឆ្នាំហើយ តែមិនទាន់មានពេលសមស្រប ទើបតែពេលនេះ។សូមរម្លឹកថាពីរប្រកួតមិត្តភាពអន្តរជាតិផ្លូវការរបស់កម្ពុជាក្នុងហ្វីហ្វាដេ កាលពីខែមីនា កម្ពុជាចាញ់វៀតណាម ២ទល់នឹង១ក្រៅដី និងចាញ់អារួបា ២ទល់នឹង១ក្នុងដី។ចំណែក តាហ្ស៊ីគីស្ថានបើកយុទ្ធនាការជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ីជុំទី៣ក្នុងពូលA ដោយយកឈ្នះទីម័រខាងកើត ១ទល់នឹង០ នៅទឹកដីរបស់ខ្លួនទីក្រុងឌូស្ហាន់បេ។គិតត្រឹមពេលនេះ ក្រុមបាល់ទាត់ជម្រើសជាតិតាហ្ស៊ីគីស្ថានមានចំណាត់ថ្នាក់លេខ១០៤ និងកម្ពុជាមានចំណាត់ថ្នាក់លេខ១៨១ក្នុងតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោករបស់ហ្វីហ្វា៕

ខ្សែប្រយុទ្ធ Leipzig, Xavi Simons ស្ថិតក្នុងគោលដៅរបស់ Liverpool និង Manchester United រដូវក្តៅខាងមុខ

2025/04/22 11:23:09 pm        316
ក្លិបបិសាចក្រហម Manchester United និងហង្សក្រហម Liverpool ត្រូវបានគេដឹងថា បានកំណត់គោលដៅតែ មួយក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធហូឡង់ Xavi Simons របស់ក្លិបអាល្លឺម៉ង់​RB Leipzig នៅរដូវក្តៅខាងមុខ។សារព័ត៌មាន Daily Mail បានចុះផ្សាយថា កីឡាករវ័យ ២១ ឆ្នាំ Xavi Simons មានបំណងចង់ស្វែងរកទ្រនំថ្មីនៅរដូវក្តៅខាងមុខ ដើម្បីការប្រកួតប្រជែងថ្មីក្នុងអាជីព ដែលការលើកឡើងនេះ បានបើកផ្លូវឱ្យក្លិបនៅ Premier League ទាំងពីរក្នុងការចែចង់។ យ៉ាងណាក្តីសារព័ត៌មានដដែលបានបន្តថា Leipzig ត្រូវការប្រមាណ ៧០ លានផោន ប្រសិនក្លិបណាចង់បាន កីឡាករហូឡង់រូបនេះ។ Xavi Simons ធ្លាប់បាននិយាយក្នុងកិច្ចសម្ភាស៍ជាមួយសារព័ត៌មាន SkySports ថា ស្ថិតក្នុងវ័យត្រឹម ២១ ឆ្នាំ រូបនេះនៅមានក្តីសុបិន្តជាច្រើន តែគ្រាន់តែដឹងថាបច្ចុប្បន្នគឺផ្តោតអារម្មណ៍តែមួយមុខគត់ជាមួយ Leipzig ដែលរូបគេមានកិច្ចសន្យាដល់ឆ្នាំ ២០២៧។ រំលឹកថា Xavi Simons បានចាប់ផ្តើមអាជីពដំបូងជាមួយ Paris Saint Germain ក្រោយចាកចេញពីថ្នាលយុវជនរបស់ Barcelona។ បន្ទាប់ពី PSG, Simons បានបន្តដំណើរទៅ PSV មួយរដូវកាល ២០២២-២៣ បង្ហាញខ្លួនបាន ៣៤ ប្រកួតរកបាន ១៩ គ្រាប់មុនពេលត្រលប់មក PSG វិញ។ យ៉ាងណាក្តី ការវិលមកកាន់ PSG មិនជោគជ័យឡើយ ដោយបានត្រឹមអង្គុយកៅអីបម្រុង ហើយក៏បានចាកចេញទៅ Leipzig ក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលទិញផ្តាច់៕ អត្ថបទ៖នាង សុភាវុធ 

Jelena Ostapenko ឈ្នះកីឡាការិនីលេខមួយពិភពលោក Aryna Sabalenka គ្រងជើងឯក Stuttgart Open

2025/04/22 11:06:09 pm        291
កីឡាការិនីវាយកូនបាល់សញ្ជាតិឡេតូនី Jelena Ostapenko បានយកឈ្នះកីឡាការិនីលេខមួយពិភពលោក Aryna Sabalenka គួរឱ្យភ្ញាក់ផ្អើលនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងជើងឯក Stuttgart Open នៅអាល្លឺម៉ង់។Ostapenko ដែលមិនដែលឈ្នះសោះបីប្រកួតកន្លងមកនៅពេលជួប Sabalenka ហាក់មិនមានការលំបាកក្នុងជំនួបលើកទីបួន តាមរយៈជ័យជំនះពីរសិតផ្ទួនៗ ៦-៤ និង ៦-១។ ចាញ់ឈ្នះនៅសិតដំបូងដោយពិន្ទុ Breakpoint មួយលើក តែសិតទីពី Sabalenka មានកំហុសច្រើន។ មុនឡើងមកវគ្គផ្តាច់ព្រ័ត្រនេះ កីឡាការិនីវ័យ ២៧ ឆ្នាំ Jelena Ostapenko បានយកឈ្នះកីឡាការិនីលេខពីរពិភពលោក Iga Swiatek ផងដែរនៅវគ្គ ៨ នាក់ចុងក្រោយ។ នេះជាជើងឯកទី ៩ ក្នុងអាជីពរបស់ Ostapenko និងជាជើងឯកដំបូងនៅលើទីលានដីក្រហម តាំងពីឈ្នះជើងឯក Grand Slam, French Open ចុងក្រោយនៅឆ្នាំ ២០១៧។ ចំណែកឯ Aryna Sabalenka នេះជាការឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ Stuttgart Open នេះលើកទីបួន តែសុទ្ធតែបរាជ័យ ពោលគឺចាញ់ Ashleigh Barty នៅឆ្នាំ ២០២១ និងចាញ់ Iga Swiatek ពីរលើកនៅឆ្នាំ ២០២២ និង ២០២៣៕អត្ថបទ៖នាង សុភាវុធ 

Leeds United និង Burnley ធានាបានកៅអីត្រឡប់មកកាន់ Premier League វិញរដូវកាលក្រោយ

2025/04/22 10:53:16 pm        229
ក្លិបបាល់ទាត់ Leeds United និង Burnley ធានាបានកៅ​អីរៀងខ្លួន​ឡើងមក​កាន់ក្រប​ខណ្ឌ​កំពូលរបស់អង់គ្លេស Premier League រដូវកាលក្រោយ បន្ទាប់ពីជ័យជំនះរៀងខ្លួននៅសប្តាហ៍ទី ៤៤ នៃក្របខណ្ឌទីពីរអង់គ្លេស League Championship។Leeds បានយកឈ្នះ Stoke City ចាស់ដៃ ៦-០ ខណៈដែល Burnley យកឈ្នះ Sheffield United ២-១។ ក្រុមទាំងពីរ Leeds និង Burnley មាន ៩៤ ពិន្ទុស្មើគ្នា ដាច់ក្រុមលេខបី Sheffield United ៨ ពិន្ទុខណៈនៅសល់ពីរប្រកួតទៀតប៉ុណ្ណោះចប់រដូវកាល។ Leeds បានខកចិត្តកាលពីរដូវ​កាលមុនម្តងរួចមកហើយ ក្រោយបានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខបីទោះបីមានដល់ ៩០ ពិន្ទុ មុនពេលចាញ់ Southampton នៅវគ្គ Play-Off ផ្តាច់ព្រ័ត្រនៅ Wembley។ ងាកមក Burnley មានរដូវកាលដ៏អស្ចារ្យរបស់ខ្លួនផងដែរ ក្រោយមិនចាញ់សោះ ៣១ ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់អ្នកចាត់ការ Scott Parker។ក្រុមទាំងពីរ Leeds និង Burnley ក្រៅពីមានកៅអីនៅ Premier League រដូវកាលក្រោយ ពួកគេត្រូវការឈ្នះរៀងខ្លួនពីរប្រកួតចុងក្រោយដើម្បីដណ្តើមជើងឯក។ ពីរប្រកួតចុងក្រោយ Leeds ត្រូវជួបជាមួយ Bristol City និង Plymouth ខណៈដែល Burnley ត្រូវជួប QPR និង Millwall។ចំណែកបួនក្រុមដែលត្រូវលេងវគ្គ Play-Off មានពីរក្រុមធានាកៅអី Play-Off រួមមាន Sheffield United និង Sunderland ខណៈពីរក្រុមទៀតមិនទាន់ប្រាកដនៅឡើយដោយសារពិន្ទុប្រកៀកគ្នារួមមាន Bristol City, Coventry City, Middlesbrough, Millwall និង Blackburn Rovers៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ចែកអំណោយ និងរៀបចំអាហារសាមគ្គី ជូនក្រុមសិល្បៈពន្លឺកុមាររុនតាឯក
11/01/2026 08:11 PM
ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍
11/01/2026 04:11 PM
ក្រុមការងារចុះមូលដ្ឋានស្រុក​លើកដែក ផ្តល់ម៉ូតូដល់សិស្ស ​និទ្ទេសA និងបើកបវេសនកាលឆ្នាំថ្មី
11/01/2026 02:11 PM
ក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និង CLRA ចុះចែកអំណោយជូនពលរដ្ឋជិតពីរពាន់គ្រួសារ
11/01/2026 02:11 PM
រដ្ឋមន្រ្តីកសិកម្មចុះចែកស្រូវពូជដល់កសិកររងគ្រោះទឹកជំនន់ព្រមទាំងជំរុញឱ្យចូលរួមសហគមន៍កសិកម្មទំនើបនៅខេត្តបន្ទាយមានជ័យ
11/01/2026 02:11 PM
ពលដ្ឋអ៊ុយក្រែនជម្លៀសខ្លួន៖ ពួកយើងបានរត់គេចចេញពីឋានរនកនៅទីក្រុងកាន់កាប់ Oleshky
11/01/2026 01:11 PM
លោក Erdogan និងលោក Zelenskiy ពិភាក្សាកិច្ចប្រជុំស្វែងរកសន្តិភាព និងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខ្មៅ
11/01/2026 01:11 PM
លោក Rubio ៖ លោក Trumpនៅមិនទាន់សម្រេចចិត្តនោះទេ ថាតើត្រូវចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ឡើងវិញឬយ៉ាងណា
11/01/2026 01:11 PM
អេហ្ស៊ីបព្រួយបារម្ភថា ការកើនឡើងភាពតានតឹងក្នុងសង្រ្គាមអ៊ីរ៉ង់ នឹងធ្វើឲ្យមានការបំផ្លិចបំផ្លាញកាន់តែខ្លាំង
11/01/2026 01:11 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ បញ្ជាឲ្យឆ្លើយតបយោធាដោយគ្មានដែនកំណត់ភូមិសាស្រ្តចំពោះការគំរាមកំហែងថ្មី
11/01/2026 01:11 PM