គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

ជំនួបព្រះខ័នរាជ ប៉ះ Madura បានពង្រីកច្រកចូលជាង ២០ និងលក្ខខណ្ឌងាយៗសម្រាប់អ្នកទស្សនា

2025/04/09 09:23:21 pm        489
ព្រះខ័នរាជស្វាយរៀង នឹងបន្ដបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United ក្នុងវគ្គ ៤ក្រុមចុងក្រោយ នៃជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 នាយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្របពេលក្រុមការងារពាក់ព័ន្ធ បាននឹងកំពុងរៀបចំច្រកទ្វារចូលទស្សនា និងសម្រួលលក្ខខណ្ឌជាច្រើន ដើម្បីផ្ដល់ភាពងាយស្រួលដល់ទស្សនិកជនចូលរួមទស្សនាការប្រកួតដ៏ធំនេះ។យោងតាមការជូនដំណឹងរបស់ក្លិបកំពុងឈរកំពូលតារាង នៃលីគកំពូលកម្ពុជា កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ ក្លិបបានបង្ហាញអំពីបច្ចុប្បន្នភាពនៃច្រកឆែកសំបុត្រ និងស្កេនសំបុត្រចំនួន ២៤ក្រុក ព្រមទាំងបើកច្រកទ្វារចូលវិមាននៃពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ២៣ ពិសេសគឺមិនត្រូវឲ្យមានការប្ដូរសំបុត្រទៀតឡើយ ដោយអ្នកទិញសំបុត្រ គ្រាន់តែបង្ហាញ QR Code សម្រាប់ស្កេនចូលតែម្ដង ។ សម្រាប់ប្រភេទសំបុត្រ  E-Ticket ពេលចាប់ឆ្នោត ក្រុមការងារបានព្រីនឈ្មោះនិងលេខទំនាក់ទំនងរបស់ទស្សនិកជន ដាក់ចូលធុងឆ្នោតរួចរាល់ ដើម្បីធ្វើការចាប់រង្វាន់ម៉ូតូ Honda Beat ចំនួន ៥គ្រឿងទៀតផង។គួរដឹងថា ក្រុម Madura United បានធ្វើដំណើរមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី៨ ខែមេសា ដើម្បីត្រៀមលក្ខណៈជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ក្នុងជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយ សម្រាប់ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ី នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែមេសាស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីក្រុមខ្លាំងរបស់ឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ។ ដូច្នេះក្រុមព្រះខ័នរាជស្វាយរៀង នឹងពុំបានសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះឡើយ ដោយពួកគេត្រូវបន្ដបេសកកម្មទៅប្រកួតក្រៅប្រទេស ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024/2025៕ អត្ថបទ លី ឈុនឡា

បេក្ខភាព ៥ក្រុម បានកក់កៅអីវគ្គ Play-Offs នៃពានរង្វាន់ Queen Legends 2025

2025/04/08 07:01:04 pm        250
ក្រោយដំណើរការប្រកួតវគ្គ Regular season អស់រយៈពេល ៣សប្ដាហ៍ ការប្រកួតកម្រិតអាជីពផ្នែកនារីលើកដំបូង លើវិញ្ញាសា Mobile Legends: Bang Bang នៃពានរង្វាន់ Queen Legends ផ្នែកនារី ឆ្នាំ២០២៥ បានរកឃើញបេក្ខភាព ៥ក្រុមហើយ ដែលបានកក់កៅអីវគ្គ Play-Off រួមមានក្រុម CFU Serendipity, ក្រុម Duck Rice Athena, ក្រុម Team Flash Violet, ក្រុម Quality Women និងក្រុម Galaxy Phoenix។សម្រាប់បេក្ខភាពវគ្គ Regular season ដែលនៅសល់ការប្រកួតសន្សំពិន្ទុមួយសប្ដាហ៍ទៀតនេះ គឺមាន ៨ក្រុម ដែលបានឆ្លងកាត់ការប្រកួតជម្រុះ តាំងពីខែកុម្ភៈកន្លងទៅ ។ ដូច្នេះសប្ដាហ៍ចុងក្រោយ គឺជាការប្រកួតដ៏សំខាន់សម្រាប់បេក្ខភាព ៣ក្រុមផ្សេងទៀត ក្នុងការប្រជែងពិន្ទុបន្ថែម រវាងក្រុម Pro Majesty ដែលកំពុងឈរលេខ៦ មាន ៣ពិន្ទុ ព្រមទាំងក្រុម Evil Eye Serenity និងក្រុម Elimination Women ដែលទើបរកបាន ១ពិន្ទុស្មើគ្នា ដើម្បីស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេឡើងទៅបង្គ្រប់កៅអីវគ្គ Play-Off។ឯកឧត្តម លន់ សាមឌឺ អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា ពានរង្វាន់ Queen Legends នេះ ក្រៅពីផ្ដល់ឱកាសដល់ក្រុមកីឡាការិនីបានបង្ហាញសមត្ថភាពជាមួយការប្រកួតកម្រិតអាជីពលើកដំបូង សម្រាប់ក្រុមជ័យលាភី នឹងក្លាយជាក្រុមតំណាងកម្ពុជា ចូលរួមព្រឹត្តិការណ៍ជើងឯកពិភពលោក ឆ្នាំ២០២៥ ខាងមុខផងដែរ បន្ទាប់ពីសហព័ន្ធ បានរកឃើញក្រុមជើងឯកផ្នែកបុរស ដើម្បីចូលរួមការប្រកួតជើងឯកពិភពលោកនេះ គឺក្រុម CFU Gaming ដែលបានគ្រងជើងឯកក្នុងការប្រកួតជម្រុះថ្នាក់ជាតិ កាលពីថ្មីៗ។គួរដឹងថា វគ្គ Play-Off នៃពានរង្វាន់ Queen Legends គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសាខាងមុខ ។ សម្រាប់ក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ២០លានរៀល គ្រាដែលជើងឯករង ទទួលបាន ១២លានរៀល, លេខ៣ ទទួលបាន ៨លានរៀល, លេខ៤ ទទួលបាន ៦លានរៀល, លេខ៥ ទទួលបាន ៤លានរៀល, លេខ៦ ទទួលបាន ៣លានរៀល និងលេខ៧-៨ ទទួលបាន ២លានរៀលផងដែរ ៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជស្វាយរៀង ឈរចាំបឹងកេត និង ISI ក្រោយទម្លាក់គិរីវង់ ត្រឹមវគ្គ ១/៤ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ

2025/04/03 08:23:15 pm        280
ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ហើយ ក្រោយបន្ដយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣-២ ក្នុងជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ។ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ កីឡាករ ឃាន់ សុបិន បានរកគ្រាប់នាំមុខឲ្យគិរីវង់ ១គ្រាប់មុន នៅនាទី៣១ មុនកីឡាករ Pablo Augusto រកបានគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ នៅចុងវគ្គទី១ ។ បន្ទាប់មកខ្សែប្រយុទ្ធទើបជាសះស្បើយពីរបួសដដែល បានបន្ថែម ២គ្រាប់ទៀត ឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៤៧ និងនាទី៥៩ ដែលគ្រាប់បាល់ Hat-Trick របស់ Pablo នេះ បានរក្សាការនាំមុខលើក្រុមភ្ញៀវ រហូតដល់ចុងវគ្គទី២ ទើបកីឡាករ Tenege Veville Mbanwei រកបានគ្រាប់ទី២ ឲ្យគិរីវង់ ពីការទាត់បាល់ពិន័យ ១១ម៉ែត្រ នៅនាទី៩០+៤។សរុបលទ្ធផលទាំង ២ជើង ព្រះខ័នរាជស្វាយរៀង គឺបានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ៥-២ ដ្បិតកាលពីជើងទី១ ក្រុមជើងឯកឆ្នាំ២០២៣/២៤ គឺបានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះ ក្នុងលទ្ធផល ២-០ ។ជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង ត្រូវឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺរង់ចាំក្រុមឈ្នះ រវាងក្រុមបឹងកេត និងក្រុម ISI ដង្កោសែនជ័យ ដែលក្រុមទាំងពីរ នឹងត្រូវជួបគ្នា នាល្ងាចថ្ងៃទី៣ ខែមេសានេះ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ នៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីជើងទី២ បឹងកេត បានយកឈ្នះលើក្រុមដំរីជ័យ ក្នុងលទ្ធផល ២-០ ។ ចាំមើលតើបឹងកេត ឬ ISI នឹងត្រូវឡើងទៅជួបក្រុមការពារតំណែងជើងឯក នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិឆ្នាំនេះ?៕ អត្ថបទ លី ឈុនឡា

Hun Sen Cup៖ វិសាខា ឡើងជួបភ្នំពេញក្រោន ក្រោយទម្លាក់ក្រុមកងយោធពលខេមរភូមិន្ទ ក្នុងវគ្គ ១/៤

2025/04/03 07:34:36 pm        263
ក្រុមបាល់ទាត់ វិសាខា បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមភ្នំពេញក្រោន បន្ទាប់ពីយកឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០ ក្នុងជំនួបជើងទី២ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥។ជំនួបក្រោមដំណក់ភ្លៀងនៅកីឡដ្ឋានព្រីនស៍ស្ទើរពេញម៉ោង កាលពីល្ងាចថ្ងៃទី២ ខែមេសានេះ ក្រុមទាំងពីរ បានវាយសម្រុកគ្នាខ្លាំង នៅវគ្គទី១ តែគ្មានក្រុមណាអាចរកគ្រាប់បាល់បានឡើយ ។ ឈានចូលវគ្គទី២ ស៊ិន កក្កដា ក៏បានស៊ុតគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះវិសាខា ១គ្រាប់ នៅនាទី៦៧ ។ បន្ទាប់ពីទម្លាយភាពជាប់គាំង វិសាខា ក៏ចាប់ផ្ដើមមានឱកាសជាបន្ដបន្ទាប់ រហូតរកបាន ៣គ្រាប់ទៀត ដើម្បីបញ្ចប់ឱកាសក្រុមលោក ភា សុភ័ក្ដ្រា តែម្ដង ។ជ័យជម្នះនេះ នាំឲ្យអតីតក្រុមជើងឯក ៣សម័យ វិសាខា ឡើងទៅជួបក្រុមជើងឯករងឆ្នាំចាស់ ភ្នំពេញក្រោន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីភ្នំពេញក្រោន បានយកឈ្នះក្រុមណាហ្គាវើលដ៏ ក្នុងវគ្គ ៨ក្រុមចុងក្រោយ កាលពីពេលថ្មីៗកន្លងទៅ។ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិនេះដែរ នឹងធ្វើឡើង ២ជើង ខណៈជើងទី១ បើគ្មានការប្រែប្រួលទេ នឹងធ្វើការប្រកួតនាថ្ងៃទី២៣ ខែមេសាខាងមុខ ៕អត្ថបទ លី ឈុនឡា 

WBC ទទួលស្គាល់ និងដាក់ពាក្យ Kun Khmer លើខ្សែក្រវាត់ អមទង់ជាតិកម្ពុជា និង​ប្រាសាទ​អង្គរវត្ត

2025/04/01 05:04:22 pm        601
ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) បានទទួលស្គាល់ និងដាក់​បញ្ចូល​ពាក្យ «​គុនខ្មែរ ឬ Kun Khmer» លើខ្សែក្រវាត់ជាផ្លូវការ ដែលមានឈ្មោះថា ខ្សែក្រវាត់ WBC Kun Khmer ដោយមានរំលេចនូវទង់ជាតិកម្ពុជា និងរូបប្រាសាទអង្គរវត្ត លើខ្សែក្រវាត់​ពិភព​លោក​នេះ​ទៀត​ផង។ខ្សែក្រវាត់ WBC Kun Khmer នេះ ត្រូវបានដង្ហែមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៥ ដោយលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្ដរជាតិ(KKIF) និងជា​អនុ​ប្រធាន​សហព័ន្ធគុនខ្មែរអន្ដរជាតិ បន្ទាប់ពីលោកបានចំណាយពេល ១ឆ្នាំ ក្នុងការចរចា និង​សម្រប​សម្រួល ជាមួយថ្នាក់ដឹកនាំស្ថាប័ន WBC ដើម្បីបំពេញលក្ខខណ្ឌផ្សេងៗ រហូតមានការ​ទទួល​ស្គាល់ ​និងដាក់ពាក្យ «Kun Khmer» លើខ្សែក្រវាត់នេះ។លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហាញនូវមោទនភាព ក្នុងនាមកូនខ្មែរ ដែលបានសម្រេច​ក្ដី​ស្រម៉ៃ​ដាក់​ពាក្យ​គុនខ្មែរ ព្រមទាំងទង់ជាតិកម្ពុជា និងរូបប្រាសាទអង្គរវត្ត លើខ្សែក្រវាត់​កម្រិត​ពិភព​លោក​ដ៏​ល្បីល្បាញ​នេះ។ លោកថា នេះមិនមែនជាជោគជ័យសម្រាប់លោក ឬអ្នកណាម្នាក់ តែ​ជា​ជោគ​ជ័យ និងមោទនភាព សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងការផ្សារភ្ជាប់គុនខ្មែរ ទៅនឹង​ស្ថាប័ន​ពិភពលោក ដើម្បីផ្សព្វផ្សាយគុនខ្មែរ ឲ្យកាន់តែល្បីល្បាញ់លើពិភពលោក។ក្រោយ​ទទួលបានជោគជ័យ ក្នុងការបញ្ចូលពាក្យ «Kun Khmer» ក្នុងខ្សែក្រវាត់ WBC ក៏​ដូច​ជា​ការ​ត្រៀម​រៀបចំព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ WBC Kun Khmer លើកដំបូង នាថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ លោកឧញ៉ា ស្រី ចាន់ថន ព្រមទាំងលោក ស្រី រាជបុត្រ នឹង​បន្ដកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំស្ថាប័ន WBC បន្ថែមទៀត ដើម្បីកំណត់​លក្ខ​ខណ្ឌ​រៀបចំ​ការ​ប្រកួត ទាំងក្នុង និងក្រៅប្រទេសជាបន្ដបន្ទាប់ តើត្រូវរៀបចំប៉ុន្មានដងក្នុង ១ឆ្នាំ? ក៏​ដូច​ជា​កិច្ច​ពិភាក្សាដើម្បីរៀបចំនូវរចនាសម្ព័ន្ធអាជ្ញាកណ្ដាល-ចៅក្រមសម្រាប់កាត់សេចក្ដីការប្រកួត ដោយ​មានការចូលរួមពីក្រុមការងារសហព័ន្ធគុនខ្មែរផងដែរ៕

ស្ថានីយទូរទស្សន៍បាយ័ន និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី សហការរៀបចំកម្មវិធីប្រដាល់ «កំពូលអ្នកចម្បាំងអូដ្ឋ»

2025/03/28 04:31:50 pm        328
អគ្គនាយកវិទ្យុ និងទូរទស្សន៍បាយ័ន បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ខបភើរេសិន ដើម្បីរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ «កំពូលអ្នកចម្បាំងអូដ្ឋ» ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតផ្លូវការ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ។ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងនៅការិយាល័យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាផ្សារទំនើប Chip Mong Mega Mall 271 ដោយមានការអញ្ជើញចូលរួមពីលោក James Mu នាយកប្រតិបត្តិ(COO) តំណាងលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន និងអ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ។អ្នកឧកញ៉ា លាង ពៅ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងកិច្ចសហការជាមួយអគ្គនាយកវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីរៀបចំនូវព្រឹត្តិការណ៍ថ្មី នៃកម្មវិធីប្រដាល់កំពូលអ្នកចម្បាំងអូដ្ឋ នេះឡើង ។ ក្នុងនាមក្រុមហ៊ុនខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ អ្នកឧកញ៉ា បានចាត់ទុកនេះគឺជាផ្នែកមួយដ៏មានសារៈសំខាន់ សម្រាប់បេសកកម្មរបស់ក្រុមហ៊ុន ក្នុងការចូលរួមផ្សព្វផ្សាយ លើកស្ទួយ និងរួមចំណែកជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ។អ្នកឧកញ៉ាបានគូសរំលេចថា ប្រដាល់គុនខ្មែរ មានប្រវត្តិយូរអង្វែងមកហើយ ដែលបន្សល់ទុករាប់ពាន់ឆ្នាំដោយបុព្វបុរសខ្មែរ ។ ដូច្នេះការចូលរួមអភិរក្ស និងអភិវឌ្ឍន៍កីឡាអត្តសញ្ញាណជាតិនេះ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប ។ ដូច្នេះតាមរយៈកម្មវិធីថ្មីនេះ នឹងក្លាយជាវេទិកាមួយ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី បានចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាព បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់ ហើយឈានទៅដណ្ដើមនូវសមិត្ធផល ក៏ដូចជាលើកមុខមាត់ប្រទេសជាតិ លើឆាកអន្ដរជាតិផងដែរ ។គួរបញ្ជាក់ថា សម្រាប់បើកទំព័រសង្វៀនថ្មី នៃការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់កំពូលអ្នកចម្បាំងអូដ្ឋ នាថ្ងៃទី២៩ ខែមីនាចុងសប្ដាហ៍នេះ នឹងមានការប្រកួតរវាងជើងខ្លាំងជាច្រើនរូប ក្នុងនោះក៏មានគូដណ្ដើមខ្សែក្រវាត់ផងដែរដ រួមមានកីឡាករ ឃួន ឡាំងកូស៊ីន ត្រូវជួបកីឡាករម៉ាឡេស៊ី Umar Red Wolves និងកីឡាករ ពេជ្រ អទិទេព ត្រូវជួបកីឡាករ Thongbang Seuaphom មកពីប្រទេសឡាវ ។ នេះគឺជាការប្រកួតសន្សំពិន្ទុវិលជុំ ដើម្បីឈានទៅរកបេក្ខភាពមានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ដ ។ក្រៅពីបេក្ខភាពប្រកួតសន្សំពិន្ទុដណ្ដើមខ្សែក្រវាត់នេះ ក៏នឹងមានគូប្រកួតមិត្តភាពអន្ដរជាតិដ៏ទាក់ទាញផងដែរ រវាងកីឡាករ ពេជ្រ សម្បត្តិ ត្រូវជួបកីឡាករអ៊ីរ៉ង់ Parsa Aminpour និងកីឡាករ រឿង សោភ័ណ្ឌ ត្រូវជួបកីឡាករ Yahya Ettaghi មកពីប្រទេសម៉ារ៉ុក ព្រមទាំងគូមិត្តភាពជាតិ រវាងកីឡាករវ័យក្មេង ពេជ្រ បញ្ញា កូនសិស្សលោក ពេជ្រ សុផាន់ ជាមួយកីឡាករ វណ្ណា បញ្ញាបុត្រ មកពីខេត្តកំពង់ធំទៀតផង៕ អត្ថបទ លី ឈុនឡា

វគ្គផ្ដាច់ព្រ័ត្រជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ នឹងប្រកួត​នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ

2025/03/25 09:13:33 pm        609
ក្រោយដំណើរការប្រកួតអស់រយៈជាង ៣ខែកន្លះ ពានរង្វាន់បាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ រដូវកាលទី១ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលកីឡាសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមាន ២ប្រកួត រួមមានគូដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុម Lucky ជួបក្រុម The Peanut និងគូដណ្ដើមជើងឯករវាងក្រុម Mihel Soul Young Gun ជួបក្រុម C-Light Stars។ព្រឹត្តិការណ៍នេះ រៀបចំដោយកម្មវិធីកីឡា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ ដែលបានចាប់ផ្ដើមការប្រកួត តាំងពីដើមខែធ្នូ ឆ្នាំ២០២៤ ដោយមានបេក្ខភាព ១៦ក្រុមចូលរួម ដោយការប្រកួតជម្រុះតាមពូល រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានរៀបចំនៅអាគារខេមរានី ។ ប៉ុន្ដែដើម្បីជំរុញឲ្យការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាន់តែទាក់ទាញ និងមានភាពអស្ចារ្យ ថ្នាក់ដឹកនាំ ស.ស.យ.ក រាជធានីភ្នំពេញ ក៏សម្រេចរៀបចំការប្រកួតវគ្គដ៏ពិសេសនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងកីឡាប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលទើបទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០២៣ កន្លងទៅ។សម្រាប់ការប្រកួតថ្ងៃផ្ដាច់ព្រ័ត្រនេះដែរ ក្រៅពីគូប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ក៏ដូចជាគូប្រកួតដណ្ដើមជើងឯក ក៏នឹងមានការប្រកួតគូកិត្តិយស រវាងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដែលដឹកនាំដោយនាយ ពាក់មី ព្រមទាំងការសម្ដែងចម្រៀងពីតារាចម្រៀងល្បីៗជាច្រើនផងដែរ ។ អ្វីដែលពិសេស គឺវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ រដូវកាលទី១ នេះ នឹងបើកឲ្យសាធារណៈជនចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ ចាប់ពីម៉ោង២រសៀលតទៅ៕ អត្ថបទ លី ឈុនឡា 

លោក Koji រំពឹងកូនក្រុមលេងបានល្អ ទល់ក្រុមអារូបា ដែលជាបទពិសោធន៍ថ្មី សម្រាប់ក្រុមគោព្រៃកម្ពុជា

2025/03/25 08:55:36 pm        431
លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកជំនួបមិត្តភាពអន្ដរជាតិ ជាមួយ​ក្រុមជម្រើសជាតិអារូបា នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ គឺជាបទពិសោធន៍ថ្មីមួយ សម្រាប់​ក្រុមគោព្រៃ ដែលត្រូវជួបក្រុមមកពីទ្វីបផ្សេង ហើយសង្ឃឹមថា កូនក្រុម​នឹង​បង្ហាញ​ការ​លេង​មួយ​ដ៏ល្អ ចំពោះមុខអ្នកគាំទ្រ ក្នុងជំនួបមិត្តភាពបើកឆាកឆ្នាំថ្មីនេះ ។ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃទី២៤ ខែមីនានេះ លោក Koji បានលើកថា ការ​ប្រកួតជាមួយអារូបា គឺជាជំនួបដ៏ល្អមួយ ដែលលោកនឹងព្យាយាមជំរុញកូនក្រុមលេងឲ្យអស់ពីសមត្ថភាព ។ ទោះបីការប្រមូលផ្ដុំមិនទាន់ល្អតាមផែនការ តែលោកពិតជាចង់ឈ្នះការប្រកួតនេះ ពិសេសគឺការបង្ហាញទម្រង់លេងដ៏ល្អរបស់កូនក្រុម ។រីឯប្រធានក្រុមគោព្រៃកម្ពុជា កីឡាករ កាន់ ម៉ូ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រកួតនេះ ដើម្បីស្វែងរកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា ។ យ៉ាងណា កាន់ ម៉ូ ថាការប្រកួតនេះ មែនជាការប្រកួតងាយស្រួយឡើយ ទោះបីអារូបា បានធ្វើដំណើរវែងឆ្ងាយក៏ដោយ ។ដោយឡែកលោក Marvic Bermudez គ្រូបង្វឹកក្រុមជម្រើសជាតិអារូបា និងកីឡាករ Nickenson Paul បានសម្ដែងក្ដីរីករាយក្នុងការមកប្រកួតមិត្តភាពនៅកម្ពុជា ។ លោកទទួលស្គាល់ពីគុណភាពកីឡាកររបស់កម្ពុជា តែបើក្រឡេកទៅមើលចំណាត់ថ្នាក់ពិភពលោកក្រុមទាំងពីរ គឺប្រហាក់ប្រហែលគ្នា ។ ដូច្នេះលោកសង្ឃឹមថា ការប្រកួតមិត្តភាពនេះ នឹងក្លាយជាការប្រកួតទាក់ទាញ ។គួរដឹងថា ជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអារូបា នឹងធ្វើឡើងនាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ នេះគឺជាជំនួបមិត្តភាពទី២ កំឡុងថ្ងៃ FIFA Day ប្រចាំខែមីនា ឆ្នាំ២០២៥ ដោយប្រកួតទី១ របស់ក្រុមគោព្រៃ បានរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវៀតណាម ២-១ គ្រាដែលប្រកួតដំបូងរបស់ក្រុមជម្រើសជាតិអារូបា គឺចាញ់ក្រុមសមាជិកលីគកំពូលកម្ពុជា វិសាខា ៣-១ កាលពីថ្មីៗកន្លងទៅ ។ អត្ថបទ លី ឈុនឡា  

កីឡា ១០ប្រភេទ នឹងត្រូវរៀបចំអបអរសាទរពិធីបុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ ចុងសប្ដាហ៍នេះ

2025/03/20 08:51:10 pm        191
ពិធីបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ នឹងប្រព្រឹត្តទៅ នាថ្ងៃទី២១, ២២, និងថ្ងៃទី២៣ ខែមីនា ចុងសប្ដាហ៍នេះ ជាមួយការត្រៀមរៀបចំនូវទស្សនីយភាពជាច្រើន ក្នុងនោះក៏មានសកម្មភាពកីឡាផងដែរ ដោយអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាលើទឹក និងតាមដងទន្លេ នៃក្រសួងទេសចរណ៍ បានត្រៀមរៀបចំនូវសកម្មភាពកីឡាចំនួន ១០ប្រភេទ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា កីឡាទាំង ១០ប្រភេទ ដែលត្រូវរៀបចំដើម្បីអបអរសាទរពិធីបុណ្យទន្លេ នៅខេត្តតាកែវ នាចុងសប្ដាហ៍នេះ រួមមានកីឡារត់កម្សាន្ដមហាជនចម្ងាយ ៥គីឡូម៉ែត្រ, កីឡាវាយសីមហាជន, កីឡាប៉េតង់មហាជន, កីឡាអុកចត្រង្គ, កីឡាទូកកាយ៉ាក, កីឡារែក និងលោតម៉ឹក, ប្រដាល់គុនខ្មែរ, កីឡាប៉ារ៉ាម៉ូទ័រ ឬកីឡាហោះហើរ, កីឡាបាល់ទាត់ និងការបង្ហោះគោមជាដើម ។ឯកឧត្តមបានគូសបញ្ជាក់ថា កីឡាភាគច្រើន ដែលនឹងត្រូវរៀបចំកំឡុងពិធីបុណ្យទន្លេឆ្នាំនេះ គឺជាកីឡាលក្ខណៈមហាជន ដើម្បីគាស់រំលេចនូវប្រភេទកីឡាប្រពៃណី ក៏ដូចជាកីឡាប្រជាប្រិយ កំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ឬមុនឆ្នាំនេះ ឲ្យត្រឡប់មកវិញ ដើម្បីរំឮកនូវអនុស្សាវរីយ៍សម្រាប់ប្រជាពលរដ្ឋខ្មែរ បាននឹកឃើញនូវសកម្មភាពកីឡាពីអតីតកាល ក្រោមម្លប់សន្ដិភាព ដែលដឹកនាំដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន ដូចជាកីឡាអុកចត្រង្គ លេងរែក និងការលេងលោកម៉ឹកជាដើម ។ដូច្នេះតាមរយៈសកម្មភាពកីឡាទាំងអស់នេះ ក្រៅពីផ្ដល់នូវទស្សនីយភាពកម្សាន្ដជូនភ្ញៀវជាតិ និងអន្ដរជាតិ សម្រាប់ប្រជាពលរដ្ឋ ដែលចូលរួមពិធីបុណ្យទន្លេនេះ ក៏អាចចូលរួមលេងកម្សាន្ដបានផងដែរ ដោយកីឡាស្ទើរទាំងអស់ នឹងត្រូវរៀបចំនៅតំបន់បឹងតាកែវ លើកលែងកីឡាបាល់ទាត់ប៉ុណ្ណោះ ដែលនឹងត្រូវរៀបចំនៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ។គួរដឹងថា ពិធីបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នឹងប្រារព្ធពិធីបើកផ្លូវការនៅថ្ងៃទី២២ ខែមីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដោយផ្សារភ្ជាប់ជាមួយពាក្យស្លោកសំខាន់ៗ ដូចជា «ទេសចរណ៍ រីកលូតលាស់ក្នុងសន្ដិភាព» «ម្នាក់!ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» និង «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» ជាដើម ៕ អត្ថបទ លី ឈុនឡា

រាជរដ្ឋាភិបាល ផ្ដល់ប្រាក់រង្វាន់ជាង ១លាន ២សែនដុល្លារ ដល់អត្តពលិកជ័យលាភី​លើឆាក​អន្ដរជាតិចំនួន ១១ប្រភេទកីឡា

2025/03/20 08:41:07 pm        174
រាជរដ្ឋាភិបាលកម្ពុជា បានប្រាក់រង្វាន់លើកទឹកចិត្តសរុបចំនួន ៤,៩៨៤,៩០០,០០០រៀល ឬប្រមាណ ១,២៤៦,២២៥ដុល្លារ ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័យលាភី ចំនួន ១១ប្រភេទកីឡា ដែលដណ្ដើមបានមេដាយពីព្រឹត្តិការណ៍អន្ដរជាតិចំនួន ១៦ផ្សេងគ្នា កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤ កន្លងទៅ។ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ។ ចំពោះប្រភេតកីឡា ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ក្រោយចូលរួមប្រកួតលក្ខណៈហ្គេម និងការប្រកួតជើងឯកកម្រិតអន្ដរជាតិនានា រួមមានកីឡាប៉េតង់ ការ៉ាតេ ចំបាប់ កាយសម្ព័ន្ធ ហែលទឹកពាក់ជើងទា កាយវប្បកម្ម យុទ្ធគុនចម្រុះ វ៉ូវីណាម ជឺជីតស៊ូ តេក្វាន់ដូ WT និងកីឡាយូដូ។ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអបអរសាទរគ្រូបង្វឹក គ្រូជំនួយ ពិសេសកីឡាករ-កីឡាការិនីទាំងអស់ ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោយពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ។ ឯកឧត្តមទទួលស្គាល់ ការផ្ដល់ប្រាក់រង្វាន់មានការយឺតយ៉ាវ តែយ៉ាងណាក្រសួងអប់រំ ពិសេសប្រមុខរាជរដ្ឋាភិបាល មិនបានភ្លេច ឬប្រងើយកន្ដើយចំពោះប្រាក់រង្វាន់នេះឡើយ ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធ រហូតទទួលបានថវិកាសម្រាប់ផ្ដល់ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័យលាភីទាំងអស់គ្នា ។ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបន្ថែមទៀតថា ទោះបីកម្ពុជាមានគោលការណ៍ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តមួយខ្ពស់ជាងបណ្ដាប្រទេសជិតខាង តែក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី នៅតែបន្ដគោលនយោបាយ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដើម្បីផ្ដល់នូវការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលខិតខំប្រឹងប្រែង លះបង់ ក៏ដូចជាការប្រកួតប្រជែង ដើម្បីលើកមុខមាត់ កិត្តិយស និងដណ្ដើមមេដាយជូនជាតិមាតុភូមិ ។ ដូច្នេះឯកឧត្តមសង្ឃឹមថា សហព័ន្ធកីឡាជាតិទាំងអស់ នឹងបន្ដការខិតខំប្រឹងប្រែងអភិវឌ្ឍ និងបណ្ដុះនូវធនធានថ្នាលបន្ដវេនបន្ថែមទៀត ដើម្បីត្រៀមការប្រកួតប្រជែងលើឆាកអន្ដរជាតិ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ខាងមុខ ។យោងតាមរបាយការណ៍ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយដ្ឋានកីឡា ចំពោះប្រភេទកីឡា ដែលបានចូលរួមប្រកួតលក្ខណៈហ្គេម និងការប្រកួតជើងឯកកម្រិតអន្ដរជាតិនានា ហើយបានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោយដណ្ដើមបានមេដាយជូនជាតិនេះ រួមមាន៖១. ការចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២១ ឆ្នាំ២០២៤ នៅឥណ្ឌូនេស៊ី កម្ពុជា ឈ្នះមេដាយ ៩គ្រឿង (មាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៣) លើប្រភេទកីឡាប៉េតង់ តេក្វាន់ដូ WT, ការ៉ាតេ និងយូ ។២. ការប្រកួតកីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍ លើកទី១៣ ឆ្នាំ២០២៤ នៅវៀតណាម កម្ពុជា ឈ្នះមេដាយសរុប ៩គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ៦) ។៣. ការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក លើកទី១៤ ឆ្នាំ២០២៣ នៅកូរ៉េខាងត្បូង កម្ពុជា ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង។៤. ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកពិភពលោក ឆ្នាំ២០២៣ នៅថៃ កម្ពុជាឈ្នះមេដាយ ២គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ១)។៥. ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៣ នៅម៉ាឡេស៊ី កម្ពុជាឈ្នះមេដាយ ៦គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ៤) ។៦. ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ ឆ្នាំ២០២៣ នៅវៀតណាម កម្ពុជា ឈ្នះមេដាយ ២០គ្រឿង (មាស៦ ប្រាក់៥ និងសំរឹទ្ធ៩) ។៧. ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិចជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣នៅម៉ុងហ្គោលី កម្ពុជាឈ្នះមេដាយ ២គ្រឿង(មាស១ និងសំរឹទ្ធ១) ។៨. ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ នៅថៃ កម្ពុជាឈ្នះមេដាយ ៥គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ២)។៩. ការប្រកួតជឺជីតស៊ូជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៤ នៅអារ៉ាប់រួម កម្ពុជាឈ្នះមេដាយសំរឹទ្ធ ៥គ្រឿង ។១០. ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៩ ឆ្នាំ២០២៤ នៅវៀតណាម កម្ពុជាឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។១១. ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា កម្ពុជាឈ្នះមេដាយ ១៥គ្រឿង (មាស១ ប្រាក់៥ និងសំរឹទ្ធ៩)។១២. ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៤ នៅឥណ្ឌា កម្ពុជា ឈ្នះមេដាយ ២៤គ្រឿង (មាស៣ ប្រាក់៧ និងសំរឹទ្ធ១៤) ។១៣. ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី១០ ឆ្នាំ២០២៤ នៅហ្វីលីពីន កម្ពុជា ឈ្នះមេដាយ ៥គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ២) ។១៤. ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៤ នៅកម្ពុជា កម្ពុជាឈ្នះមេដាយ ២៧គ្រឿង (មាស៣ ប្រាក់១៧ និងសំរឹទ្ធ៧) ។១៥. ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំ២០២៣ នៅថៃ កម្ពុជាឈ្នះមេដាយ ៧គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ៦) ។១៦. ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ឆ្នាំ២០២៤ នៅឥណ្ឌូនេស៊ី កម្ពុជាឈ្នះមេដាយ ២១គ្រឿង (មាស៩ ប្រាក់៤ និងសំរឹទ្ធ៨) ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ចែកអំណោយ និងរៀបចំអាហារសាមគ្គី ជូនក្រុមសិល្បៈពន្លឺកុមាររុនតាឯក
11/01/2026 08:11 PM
ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍
11/01/2026 04:11 PM
ក្រុមការងារចុះមូលដ្ឋានស្រុក​លើកដែក ផ្តល់ម៉ូតូដល់សិស្ស ​និទ្ទេសA និងបើកបវេសនកាលឆ្នាំថ្មី
11/01/2026 02:11 PM
ក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និង CLRA ចុះចែកអំណោយជូនពលរដ្ឋជិតពីរពាន់គ្រួសារ
11/01/2026 02:11 PM
រដ្ឋមន្រ្តីកសិកម្មចុះចែកស្រូវពូជដល់កសិកររងគ្រោះទឹកជំនន់ព្រមទាំងជំរុញឱ្យចូលរួមសហគមន៍កសិកម្មទំនើបនៅខេត្តបន្ទាយមានជ័យ
11/01/2026 02:11 PM
ពលដ្ឋអ៊ុយក្រែនជម្លៀសខ្លួន៖ ពួកយើងបានរត់គេចចេញពីឋានរនកនៅទីក្រុងកាន់កាប់ Oleshky
11/01/2026 01:11 PM
លោក Erdogan និងលោក Zelenskiy ពិភាក្សាកិច្ចប្រជុំស្វែងរកសន្តិភាព និងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខ្មៅ
11/01/2026 01:11 PM
លោក Rubio ៖ លោក Trumpនៅមិនទាន់សម្រេចចិត្តនោះទេ ថាតើត្រូវចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ឡើងវិញឬយ៉ាងណា
11/01/2026 01:11 PM
អេហ្ស៊ីបព្រួយបារម្ភថា ការកើនឡើងភាពតានតឹងក្នុងសង្រ្គាមអ៊ីរ៉ង់ នឹងធ្វើឲ្យមានការបំផ្លិចបំផ្លាញកាន់តែខ្លាំង
11/01/2026 01:11 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ បញ្ជាឲ្យឆ្លើយតបយោធាដោយគ្មានដែនកំណត់ភូមិសាស្រ្តចំពោះការគំរាមកំហែងថ្មី
11/01/2026 01:11 PM