គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

មកស្គាល់ពីប្រទេសអារូបា ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយកម្ពុជា

2025/03/20 06:40:05 pm        384
កម្ពុជា នឹងបើកពហុកីដ្ឋានជាតិ(អូឡាំពិក)ទទូលក្រុមបាល់ទាត់ធ្វើដំណើរមកពីមហាសមុទ្រអាត្លង់ទិចខាងជើង អារូបា ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ការប្រកួតមិត្តភាពអន្តរជាតិ (FIFA DAY)។ដោយអាចមានបងប្អូនប្រជាជនកម្ពុជាយើងមួយចំនួន មិនធ្លាប់ដឹង លឺ និងស្គាល់ប្រទេសនេះ ហើយដោយក្រុមជម្រើសជាតិ ត្រូវប្រកួតជាមួយផង ថ្ងៃនេះ BTV News សូមណែនាំជួន។អារូបា គឺជារដ្ឋដែនដីកោះស្ថិតក្រោមអធិបតេយ្យរបស់ព្រះរាជាណាចក្រហូឡង់ មានទីតាំងនៅសមុទ្រការ៉ាអ៊ីបខាងត្បូងនៃមហាសុទ្រអាត្លង់ទិចខាងជើង ចម្ងាយ២៩គីឡូម៉ែត្រខាងជើងឧបទ្វីបប៉ារ៉ាហ្កាណានៃប្រទេវេណេស៊ុយអេឡា និង៨០គីឡូម៉ែត្រភាគពាយព្យប្រទេសដែនកោះហូឡង់មួយទៀត ក្យួរ៉ាសាវ។អារូបា ឆ្នាំ១៩៨៦ បានក្លាយជាដែនដីកោះស្វយ័តពីព្រះរាជាណាចក្រហូឡង់ ដោយមានឈ្មោះផ្លូវការប្រទេសអារួបា រឺ Country of Aruba ប៉ុន្តែកិច្ចការមួយចំនួនដូចជាការបរទេសនិងការពារជាតិនៅក្រោមហូឡង់ចាត់ចែង។ដោយមានប្រជាជនសរុបជាង១១ម៉ឺននាក់ ជិត៨០%ជាជនជាតិដើមហូឡង់ និងភាគច្រើនប្រើភាសាប៉ាពៀមិនតូ និងហូឡង់ផ្លូវការ ប្រទេសដែនដីកោះមួយនេះមានទំហំ១៨០គីឡូម៉ែត្រក្រឡា និងទីក្រុងឈ្មោះ អូរែនជឺស្តាត រឺប្រជាជននៅទីនោះតែងហៅថា ផ្លាយ៉ា និងជាកន្លែងទេសចរណ៍ដ៏ទាក់ទាញលើពិភពលោក។នយោបាយអារូបាកើតឡើងក្នុងក្របខ័ណ្ឌ សភា(ស្តេតិន)ដែលមានសមាជិក២១រូបបោះឆ្នោតរៀងរាល់បួនឆ្នាំ និងគណៈរដ្ឋមន្ត្រី៨រូប។ អគ្គទេសាភិបាលអារូបាត្រូវបានតែងតាំងដោយមហាក្សត្រហូឡង់ក្នុងអាណត្តិ៦ឆ្នាំ។ ចំណែកនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី ត្រូវជ្រើសតាំងដោយសភាស្តេតិន ៤ឆ្នាំម្ដង។បច្ចុប្បន្នប្រមុខរដ្ឋរបស់ប្រទេសអារូបាគឺព្រះមហាក្សត្រ Willem-Alexander នៃព្រះរាជាណាចក្រហូឡង់ អគ្គទេសាភិបាលគឺឯកឧត្ដម Juan Alfonso Boekhoudt និងលោកជំទាវ Evelyn Wever-Croes ជានាយករដ្ឋមន្ត្រី។មកចាប់អារម្មណ៍ផ្នែកកីឡារបស់ប្រទេសកោះដ៏តូចច្រឡឹងនេះវិញម្ដង។សម្រាប់កីឡាដែលមានប្រជាប្រិយបំផុតនៅអារូបាគឺបាល់ទាត់ បាល់បោះ បេស្បល់ និងបាល់ទះ ព្រមទាំងសម្មភាពកីឡានានាទាក់ទងនឹងទេសចរណ៍ដែលជាវិស័យចម្បងក្នុងសេដ្ឋកិច្ច។ អារូបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិកតាំងពីឆ្នាំ១៩៨៨។ដោយឡែកសម្រាប់កីឡាបាល់ទាត់ ក្រុមបាល់ទាត់ជម្រើសជាតិអារូបា ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់អារូបាត្រូវបង្កើតឡើងនៅឆ្នាំ១៩៣២ ហើយបានក្លាយជាសមាជិកសហភាពបាល់ទាត់សមុទ្រការ៉ាអ៊ីប(CFU) សហព័ន្ធបាល់ទាត់អាមេរិកខាងជើង កណ្ដាល និងការ៉ាអ៊ីប(CONCACAF ) និងសហ័ន្ធបាល់ទាត់អន្តរជាតិ (FIFA) តាំងពីឆ្នាំ១៩៨៨។ក្រៅពីក្រុមបាល់ទាត់ជម្រើសជាតិបុរស អារូបាមានជម្រើសជាតិនារី និងក្រុមបាល់ទាត់ជម្រើសជាតិយុវជន និងយុវនារីអាយុក្រោម១៣ឆ្នាំ ១៥ឆ្នាំ ១៧ឆ្នាំ ២០ឆ្នាំ និងអាយុក្រោម២១ឆ្នាំ។អារូបាមានលីគអាជីពបាល់ទាត់៣កម្រិតគឺលីគកំពូលមានឈ្មោះថា Aruban Division di Honor ដែលមាន១០ក្លឹបចូលរួម Division One និង Division Two។ ប្រទេសនេះក៏មានលីគបាល់ទាត់នារី និងយុវជនផងដែរ។ ក្រៅពីនេះក៏រៀបចំឱ្យមានការប្រកួតប្រចាំប្រទេសដែលមានឈ្មោះ Copa Betico Croes។បច្ចុប្បន្នជម្រើសជាតិអារូបា ឈរនៅចំណាត់ថ្នាក់លេខ១៩៥លើពិភពលោក ក្រោមកម្ពុជា១៥លេខ។ ចំពោះសមាសភាពកីឡាករ ដែលត្រូវបានលោក Marvic Bermúdez គ្រូបង្វឹកក្រុមជម្រើសជាតិអារូបា កោះហៅមកជួបក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី២៥ ខែមីនា ភាគច្រើនជាកីឡាករកំពុងប្រកបអាជីពនៅប្រទេសហូឡង់ ហើយមាន ៥រូបប៉ុណ្ណោះ ដែលលេងនៅលីគអារូបា និងមាន ២រូបប្រកបអាជីពនៅអង់គ្លេស និងអាល្លឺម៉ង់។ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលប្រមាណ ១០ប្រកួតចុងក្រោយ ក្រុមមកពីទ្វីបអាមេរិកខាងត្បូងមួយនេះ មិនធ្លាប់ទទួលបានជ័យជម្នះឡើយ ដោយស្គាល់ស្មើម្ដងគត់ ក្រៅពីនោះ សុទ្ធតែរងបរាជ័យ គ្រាដែល ២ប្រកួត កាលពីចុងឆ្នាំ២០២៤ គឺបានចាញ់ក្រុម ព័រតូរីកូ ដោយលទ្ធផល ៥-១ និងចាញ់ក្រុមសាំងម៉ារតាំង ១-០ ក្នុងពានរង្វាន់ CONCACAF Nations League៕

ពាន FIFA Club World Cup ធ្វើដំណើរដល់ទីក្រុង Atlanta សហរដ្ឋអាមេរិក

2025/03/19 10:28:23 pm        374
ទីក្រុង Atlanta បានស្វាគមន៍ពានរង្វាន់ Club World Cup របស់ FIFA នៅកីឡដ្ឋាន Mercedez-Benz កាលពីពេលថ្មីៗនេះ ជាផ្នែកមួយនេះដំណើរទេសចរណ៍របស់ពាន។ពានរង្វាន់ដែលបានរចនាឡើងដោយសហការជាមួយម៉ាកគ្រឿងអលង្ការប្រណីត Tiffany & Co និងបានដាក់បង្ហាញកាលពីឆ្នាំមុន មានរាងជាថាសមាសទម្រង់ជារង្វង់មូល ដែលរួមមានរូបភាពតំណាងដែលបង្ហាញពីប្រវត្តិដ៏សម្បូរបែបរបស់កីឡា ក៏ដូចជាឈ្មោះសមាគមសមាជិកទាំងអស់របស់ FIFA ទាំង ២១១ ផងដែរ។ពាន​រង្វាន់​នេះ​ក៏​មាន​ការ​ឆ្លាក់​ជា ​១៣ ​ភាសា​ផ្សេង​គ្នា​ផង​ដែរ ​ជាមួយនឹង​អក្សរ​ស្ទាប។បន្ទាប់ពីទីក្រុង Atlanta ពានរង្វាន់ Club World Cup ត្រូវបន្តដំណើរទេចរណ៍របស់ខ្លួនជុំវិញពិភពលោកទៅកាន់ទីក្រុង Auckland ប្រទេសនូវែសេឡង់ ទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ទីក្រុងសេអ៊ូល និងតូក្យូជាដើម។ការប្រកួតបាល់ទាត់ជើងឯកក្លិបពិភពលោក FIFA Club World Cup នឹងចាប់ផ្តើមព្រឹត្តិការណ៍ដំបូងរបស់ខ្លួន ជាមួយនឹងការចូលរួមចំនួន ៣២ ក្រុមពីមកពីទ្វីប អឺរ៉ុប អាមេរិកខាងត្បូង អាហ្វ្រិក អាស៊ីចូលរួម ប្រកួតជាលក្ខណៈវិលជុំបែកចែកពូលដូច World Cup របស់ក្រុមជម្រើសជាតិផងដែរ៕ អត្ថបទ៖នាង សុភាវុធ

គ្រូកម្ពុជាថា ចង់ឈ្នះវៀតណាម ជារឿងពិបាក តែលោក Kim Sang Sik បានប្រុងប្រយ័ត្នខ្ពស់

2025/03/19 10:20:17 pm        606
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការ ជាមួយក្រុមជម្រើសជាតិវៀតណាម នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ នៅកីឡដ្ឋាន Gò Đậu នាខេត្ត Binh Duong ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតគ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញការគោរពគ្នាទៅវិញទៅមក និងមានការប្រុងប្រយ័ត្នរៀងខ្លួន ក្នុងការប្រកួតមិត្តភាពនេះ ។លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងក្ដីរីករាយក្នុងការប្រកួតទល់នឹងក្រុមខ្លាំងប្រចាំតំបន់ ហើយការប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាមនេះ ក្រុមខ្លួនពិតជាចង់ឈ្នះ តែលោកទទួលស្គាល់ថា វាពិតជាមិនងាយស្រួលណោះទេ ដ្បិតវៀតណាម គឺជាក្រុមជើងឯកពានរង្វាន់ប្រចាំតំបន់អាស៊ាន ហើយក៏ជាក្រុមដែលល្អបំផុតមួយក្នុងតំបន់ ស្របពេលកម្ពុជាត្រៀមខ្លួនមិនទាន់បានល្អឡើយ ។ យ៉ាងណាលោកនឹងព្យាយាមបង្ហាញភាពខ្លាំងរបស់ក្រុមគោព្រៃដល់អ្នកគាំទ្ររបស់ខ្លួនក្នុងការប្រកួតយប់នេះ ។គ្រូបង្វឹកជនជាតិជប៉ុនដដែលបន្ថែមទៀតថា លោកបានសិក្សាក្រុមម្ចាស់ផ្ទះវៀតណាម តាមរយៈការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០២៤ ពិសេសជំនួបវគ្គផ្ដាច់ព្រ័ត្រជាមួយថៃ ដែលវៀតណាមពិតជាស័ក្ដិសមគ្រងជើងឯក ដោយសារការរៀបចំក្រុមបានយ៉ាងល្អរបស់គ្រូបង្វឹកលោក  Kim Sang-Sik ។ ទាក់ទងនឹងការអវត្តមានរបស់ខ្សែប្រយុទ្ធ Nguyen Xuan Son លោកក៏សោកស្ដាយដែរ ព្រោះលោកចង់ឲ្យកូនក្រុមលេងទល់នឹងកីឡាករឆ្នើមៗរបស់វៀតណាម ។ បែបននេះក្ដី វៀតណាម នៅមានកីឡាករមានគុណភាពខ្ពស់ជាច្រើនទៀត សម្រាប់ការប្រកួតមិត្តភាពនេះ ។សម្រាប់លោក Kim Sang-Sik វិញ ក៏បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន និងការផ្លាស់ប្ដូររបស់ក្រុមជម្រើសជាតិកម្ពុជា ដោយលោកបានក្រើនរំឮកកូនក្រុម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមគោព្រៃ ដែលមានកីឡាករចូលសញ្ជាតិរហូតដល់ ៦រូប ពិសេសខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ Abdel Kader Coulibaly ។ យ៉ាងណាមិញលោកក៏បានត្រៀមនូវវិធីសាស្ដ្រដើម្បីដោះស្រាយបញ្ហានេះដែរ ។គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងដដែលបន្ថែមទៀតថា ចំណាត់ថ្នាក់ FIFA របស់ក្រុមជម្រើសជាតិកម្ពុជា មិនខ្ពស់នោះទេ ប៉ុន្ដែក្នុងចរន្ដនៃកីឡាករចូលសញ្ជាតិមានការផ្លាស់ប្ដូររៀងរាល់ថ្ងៃ ហើយគ្រប់ក្រុមកាន់តែខ្លាំងឡើងតាមពេលវេលា ជាក់ស្ដែងក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ កន្លងទៅ គឺកម្ពុជាមិនងាយចាញ់ឡើយ ។ ដូច្នេះលោកនឹងព្យាយាមរៀបចំក្រុមឲ្យបានល្អ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតដំបូង ក្នុងឆ្នាំ២០២៥ បន្ទាប់ពីការគ្រងជើងឯក ASEAN Cup 2024 ជាមួយក្រុមគោព្រៃកម្ពុជានេះ ។គួរដឹងថា ជំនួបមិត្តភាពអន្ដរជាតិ រវាងកម្ពុជា ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នារាត្រីថ្ងៃពុធនេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ។ ក្រោយបញ្ចប់ការប្រកួតនេះ កម្ពុជានឹងត្រូវត្រឡប់មកមាតុភូមិវិញ ដើម្បីបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអារូបា មកពីទ្វីបអាមេរិកខាងត្បូងវិញម្ដង នាថ្ងៃទី២៥ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ៕ អត្ថបទ លី ឈុនឡា

ក្រុមជម្រើសជាតិអារូបា បានមកដល់កម្ពុជាហើយ ត្រៀមជួបគោព្រៃ នាដើមសប្ដាហ៍ក្រោយ

2025/03/19 05:01:08 pm        378
ក្រុមបាល់ទាត់ជម្រើសជាតិអារូបា បានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញហើយ ក្រោយ​ធ្វើ​ដំណើរ​ជាង​ ១ម៉ឺន ៧ពាន់គីឡូម៉ែត្រ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ កំឡុងថ្ងៃ FIFA Day ជាមួយ​ក្រុម​ជម្រើសជាតិកម្ពុជា នាថ្ងៃទី២៥ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជ​ធានី​ភ្នំពេញ។ចំពោះសមាសភាពកីឡាករ ដែលត្រូវបានលោក Marvic Bermúdez គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​អារូបា កោះហៅមកជួបក្រុមជម្រើសជាតិកម្ពុជា នាដើមសប្ដាហ៍ក្រោយនេះ ភាគច្រើន​ជា​កីឡាករ​កំពុង​ប្រកប​អាជីពនៅប្រទេសហូឡង់ ហើយមាន ៥រូបប៉ុណ្ណោះ ដែលលេងនៅលីគអារូបា និង​មាន ២រូបប្រកបអាជីពនៅអង់គ្លេស និងអាល្លឺម៉ង់។ក្រឡេក​ទៅ​ចាប់អារម្មណ៍លទ្ធផលប្រមាណ ១០ប្រកួតចុងក្រោយ ក្រុមមកពីទ្វីប​អាមេរិក​ខាង​ត្បូង​មួយ​នេះ មិនធ្លាប់ទទួលបានជ័យជម្នះឡើយ ដោយស្គាល់ស្មើម្ដងគត់ ក្រៅពីនោះ សុទ្ធតែរង​បរាជ័យ គ្រាដែល ២ប្រកួត កាលពីចុងឆ្នាំ២០២៤ គឺបានចាញ់ក្រុម ព័រតូរីកូ ដោយលទ្ធផល ៥-១ និង​ចាញ់​ក្រុមសាំងម៉ារតាំង ១-០ ក្នុងពានរង្វាន់ CONCACAF Nations League។សម្រាប់ដំណើរមកកាន់ប្រទេសកម្ពុជាលើកដំបូងនេះដែរ មុននឹងជួប​ការ​ប្រកួត​ផ្លូវ​ការ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រុមជម្រើសជាតិអារូបា នឹងមានការប្រកួតមិត្តភាពកម្ដៅសាច់ដុំមួយ ជាមួយ​ក្រុម​វិសាខា សមាជិកលីគកំពូលកម្ពុជា នាថ្ងៃទី២២ ខែមីនាចុងសប្ដាហ៍នេះ ស្របពេល​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ក៏មានការប្រកួតមិត្តភាពអន្ដរជាតិមួយដែរ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាម នៅ​រាត្រី​ថ្ងៃពុធ​នេះ មុនត្រឡប់មកស្វាគមន៍ក្រុមភ្ញៀវអារូបាវិញម្ដង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាង​មុខ៕

ក្រុមការពារជើងឯក Svay Rieng Cup បន្ដជ័យជម្នះ ខណៈខ្សែប្រយុទ្ធ ថន ដារ៉ាពេជ្រ រកបាន ១៩គ្រាប់ត្រឹម ២ប្រកួត

2025/03/18 09:32:41 pm        857
ការប្រកួតពានរង្វាន់ ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៧ ឆ្នាំ២០២៥ បាន​បញ្ចប់​ការ​ប្រកួត​សន្សំពិន្ទុ សប្ដាហ៍ទី៣ ដោយក្រុមការពារជើងឯក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បន្ដ​ធ្វើ​បានយ៉ាងល្អក្នុងការប្រកួតទី២ របស់ខ្លួន ដោយបានយកឈ្នះក្រុមបាល់ទាត់ភូមិហ៊ីង ៧-០ កាល​ពីចុងសប្ដាហ៍កន្លងទៅ ។សម្រាប់គ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតទី២ ក្នុងពូលA របស់ក្រុមជើងឯកឆ្នាំចាស់នេះ ធ្វើ​សម្រេច​ដោយ​កីឡាករ ថន ដារ៉ាពេជ្រ រកបាន ៤គ្រាប់ម្នាក់ឯង ព្រមទាំងមិត្ដរួមក្រុម អឹម សផានិត្យ និង កែវ សុចិត្រា ម្នាក់ ១គ្រាប់ ខណៈ ១គ្រាប់ទៀត ជាគ្រាប់ភ្លាត់ចូលទីខ្លួនឯង(Own Goal) របស់កីឡាករ ថោន និមល សមាជិកក្រុមភូមិហ៊ីង។តាមរយៈជ័យជម្នះនេះ នាំឲ្យក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រកបាន ៦ពិន្ទុពេញ ក្រោយ​ឈ្នះ ២ប្រកួតជាប់គ្នា តែឈរលេខ២ បណ្ដោះអាសន្ន តាមពីក្រោយក្រុមកាំភ្លើងធំ ដែល​រក​បាន ៦ពិន្ទុស្មើគ្នា តែមានផលសងគ្រាប់បាល់ច្រើនជាង ។អ្វីដែលគួរឲ្យ​ចាប់​អារម្មណ៍ដែលនោះ ក្នុងជ័យជម្នះ ២ប្រកួតរបស់ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលរកបាន ២៥គ្រាប់ គឺខ្សែប្រយុទ្ធ ថន ដារ៉ាពេជ្រ រកបាន ១៩គ្រាប់ម្នាក់ឯង ដែលកំពុងឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ បន្ទាប់ពីប្រកួតទី១ រូបគេរកបានរហូតដល់ ១៥គ្រាប់ឯណោះ ។ចំពោះលទ្ធផលការប្រកួតផ្សេងៗ ក្នុងសប្ដាហ៍ទី៣ នៃពានរង្វាន់ Svay Rieng Cup លើកទី៧ វិញ រួមមានពូលG ក្រុម CSR Sport បានយកឈ្នះក្រុមយុវជនខ្មែរខេមរា ៧-១ និងក្រុមស៊ាំម៉ូរ៉ៃភូមិកឹង បានយកឈ្នះក្រុមសាលាចំរើនសូនីតា ៤-០ ។ រីឯពូលH ក្រុមមេសរថ្ងកអេហ្វស៊ី បានយកឈ្នះក្រុមហនុមានពោធិ៍ថ្មី ៤-១ និងក្រុម ស.ស.យ.ក ឃុំត្នោត បានយកឈ្នះក្រុមភូមិយើងអេហ្វស៊ី ៣-០៕ អត្ថបទ លី ឈុនឡា  

ការប្រកួតកីឡាដណ្តើមពានរង្វាន់នាយឧត្តមសេនីយ៍កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បញ្ចប់ដោយជោគជ័យ

2025/03/18 09:24:02 pm        154
ការប្រកួតកីឡា ប្រឡងប្រណាំង ៨វិញ្ញាសារយោធា ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៥ ដើម្បីអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ត្រូវបានប្រារព្ធពិធីបិទការប្រកួតផ្លូវការ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ឧត្តមសេនីយ៍ត្រី លី ឧត្តម ស្នងការរង ស្នងការដ្ឋានឃោសនា-ព័ត៌មាន តំណាងឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង បានឲ្យដឹងថា ការប្រកួតនេះ បានធ្វើការប្រកួតជម្រុះ ពីថ្ងៃ២៦ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែមនា ឆ្នាំ២០២៥ ដោយមានកីឡាករចូលរួមចំនួន ២២ក្រុម មកពីកងឯកភាពចំណុះបញ្ជាការដ្ឋានអង្គរក្ស ។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ កងអន្តរាគមន៍ទី៣ ការពារ៣១១ ទទួលបានចំណាត់ថ្នាក់លេខ១លើវិញ្ញាសាសណ្តាប់ធ្នាប់ជួរទ័ព និងលំហាត់ប្រាណយោធា វិញ្ញាសារត់ប្រដាប់អាវុធចម្ងាយ ៧គីឡូម៉ែត្រ និងវិញ្ញាសាសែងប្រង់ការ៥០គីឡូក្រាម ចម្ងាយ៤គីឡូម៉ែត្រ និងវិញ្ញាសាបាល់ទះ។វិញ្ញាសាឆ្លងកាត់ឧបសគ្គទាំង២៥ លេខ១បានទៅលើកងវរសេនាតូចទី១ កាំជ្រួចការពារអាកាស ឯ វិញ្ញាសាអូស-រុញរថយន្តទម្ងន់ ៧តោន កងអន្តរាគមន៍ទី១ ប្រឆាំងភេរវកម្ម ទទួលបានចំណាត់ថ្នាក់លេខ១ , វិញ្ញាសាបាញ់អាវុធវែងអាកា៤៧ បីចម្ងាយ បីកាយវិការ និងចោលគ្រាប់បែក កងអន្តរាគមន៍ទី១ កាំជ្រួចការពារអាកាស ទទួលបានចំណាត់ថ្នាក់លេខ១ , និងវិញ្ញាសារដោះរៀបអាវុធបីប្រភេទ កងអន្តរាគមន៍ចល័ត៩៩៩ ទទួលបានចំណាត់ថ្នាក់លេខ១។នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្ករក្ស បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃចំពោះកីឡាករ ដែលនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំប្រឹងប្រែង ក្នុងការប្រកួតប្រឡងប្រណាំងនេះ។ នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តថា ការរៀបចំការប្រកួតប្រឡងប្រណាំងនេះ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំដើម្បីចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស និងស្របតាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទ។ ឯកឧត្តម កិតិ្តសង្គហបណ្ឌិត មានប្រសាសន៍បន្តថា យើងសូមអរគុណចំពោះសន្តិភាព និងនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបាននាំមកនូវការឯកភាពជាតិពេញលេញនូវទូទាំងប្រទេស។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើដល់ក្រុមកីឡាករ ក៏ដូចជានាយ និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ត្រូវបន្តថែរក្សាសុខភាព និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ដោយប្តូរពីការប្រើប្រាស់គ្រឿងញៀន មកជាការលេងកីឡាពង្រឹងនូវកាយសម្បទា សាមគ្គីភាពផ្ទៃក្នុង និងការងារហ្វឹហ្វឺន ពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំងបី គឺលះបង់ ស្មោះត្រង់ និងបម្រើ ការពារប្រមុខថ្នាក់ដឹកនាំ និងក្រុមគ្រួសារ ហើយបោះទ័ពនៅទីណា ត្រូវជួយប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋស្រលាញ់ ពេលចេញទៅឲ្យប្រជាជននឹករលឹក។ ហើយបានជម្រុញឲ្យក្រុមកីឡាករ ខិតខំហ្វឹកហាត់ ដើម្បីប្រកួតដណ្តើមពានរង្វាន់ អបអរសាទរខួបបញ្ជាការដ្ឋាអង្គរក្ស នៅខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះជាបន្តទៀត។ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តល់ជូនរង្វាន់លើកទឹកចិត្តជ័យលាភី ក្រុមកីឡាចំណាត់ថ្នាក់លេខ១ នូវថវិកាចំនួន ៣ពាន់ ៥០០ដុល្លា រួមនឹងភេសជ្ជៈ ហើយចំណាត់ថ្នាក់លេខ២ ថវិកា ៥លានរៀល រួមនិងភេសជ្ជៈផងដែរ៕

ប្រធានសហព័ន្ធប្រដាល់សកល ចាត់ទុកកម្មវិធីអន្ដរក្លិប ជាចលករថ្មី ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍

2025/03/17 10:30:52 pm        266
ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញនូវសេចក្ដី​សោមនស្ស​រីករាយ ក្រោយកម្មវិធីប្រកួតកីឡាប្រដាល់អន្ដរក្លិប (Cambodia Inter Club) បាន​ទទួល​ការ​គាំទ្រយ៉ាងផុសផុលពីសំណាក់ទស្សនិក ពិសេសជនបរទេស ដោយឯកឧត្តម​បាន​ចាត់ទុ​ក​នេះ គឺជាចលករថ្មីមួយទៀត ក្នុងការជំរុញការផ្សព្វផ្សាយ ក៏ដូចជាការអភិវឌ្ឍ​សម្រាប់​កីឡា​ប្រដាល់​សកលកម្ពុជា ។ការគូសបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធបានសហការជាមួយស្ថាប័ន Cambodia Inter Club Championship រៀបចំកម្មវិធីអន្ដរក្លិប នៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីតាំង Factory សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមានអ្នកគាំទ្រប្រុស-ស្រី ពិសេសជនបរទេសចូលរួមទស្សនា និងគាំទ្រយ៉ាងច្រើនកុះករ ជាមួយការប្រកួតគុនខ្មែរផង និងប្រដាល់សកលផងនេះ ។ជាមួយការកម្មវិធីដែលមានទស្សនិកជនទស្សនាពេញទីតាំងប្រកួតនេះ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានចាត់ទុកនេះគឺជារឿងដ៏ល្អសម្រាប់សហព័ន្ធ ក្នុងការផ្សព្វផ្សាយប្រភេទកីឡាប្រដាល់សកលស្ម័គ្រចិត្ត និងអាជីព ក៏ដូចជាការប្រកួតគុនខ្មែរផងដែរ ដែលបានបំផុសនូវចលនាកីឡាជាតិជារួម ដោយឡែកសម្រាប់កីឡាប្រដាល់សកលក៏ដូច្នោះដែរ ដែលមានសន្ទុះអ្នកគាំទ្រច្រើន ពិសេសគឺជនបរទេសតែម្ដង ។ប្រធានសហព័ន្ធដដែលបន្ថែមថា ទោះបីការរៀបចំកម្មវិធីអន្ដរក្លិបនេះ មិនទាន់ធំ តែការរៀបចំភាគច្រើនជាជនបរទេស ដែលមានបទពិសោធន៍ច្រើន និងជំនាញក្នុងការផ្សព្វផ្សាយ ។ ដូច្នេះនេះជាទុនមួយដែលសហព័ន្ធអាចសហការជាមួយដៃគូ ដើម្បីរៀបចំកម្មវិធីឲ្យកាន់តែមានលក្ខណៈអាជីពនាថ្ងៃអនាគត ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីកម្ពុជា បានចូលរួមដុសខាតសមត្ថភាព ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។គួរដឹងថា កម្មវិធីអន្តរក្លិបបានប្រព្រឹត្តទៅជារឿយៗ ដោយមានការចូលរួមពីកីឡាករក្នុងស្រុក និងបរទេស ទាំងអ្នកស្ម័គ្រចិត្ត និងលក្ខណៈអាជីពបានចូលរួមការប្រកួតបញ្ចេញសមត្ថភាព ក៏ដូចជាត្រៀមសម្រាប់កីឡាករអាជីពបានចូលរួមប្រកួតអន្តរជាតិតំណាងប្រទេសនាពេលខាងមុខ ជាក់ស្ដែងក្នុងកម្មវិធីនេះ ក៏មានការប្រកួតមិត្តភាពកម្រិតអាជីព រវាងកីឡាករជម្រើសជាតិកម្ពុជា Anvar Nasredinov ដោយបានយកឈ្នះកីឡាករនីហ្សេរីយ៉ា ដោយពិន្ទុផងដែរ៕ អត្ថបទ លី ឈុនឡា

ភ្នំពេញក្រោន ឈរចាំវិសាខា និង Tiffy Army ក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ជាតិ

2025/03/17 10:18:12 pm        444
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) បានរកឃើញបេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១ក្រុមហើយ គឺក្រុមភ្នំពេញក្រោន ដែលត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមវិសាខា និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(Tiffy Army)។ភ្នំពេញក្រោន បានឡើងកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេ បន្ទាប់ពីសរុបលទ្ធផល ២ជើង បានយកឈ្នះក្រុមណាហ្គាវើលដ៏ ៤-១ ក្រោយបញ្ចប់ការប្រកយតជើងទី២ លើទឹកដីរបស់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ បានភ្លាត់ចាញ់ក្រុមលោក ឃឹម បូរី វិញ ១-០ ដែលធ្វើសម្រេចដោយកីឡាករ វ៉ាន់ តៃឡាម៉ី នៅនាទី៩០ ។ យ៉ាងណាបរាជ័យនេះ មិនអាចរារាំងដំណើរអតីតក្រុមជើងឯកឆ្នាំ២០០៨ និងឆ្នាំ២០០៩ ឡើងវគ្គបន្ដបានឡើយ ដោយសារជើងទី១ ភ្នំពេញក្រោន បានយកឈ្នះម្ចាស់ផ្ទះណាហ្គាវើលដ៏ រហូតដល់ ៤-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ជាមួយលទ្ធផលនេះដែរ ភ្នំពេញក្រោន គឺត្រូវឈរចាំគូប្រកួតរបស់ខ្លួន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ រវាងក្រុមវិសាខា និងក្រុមកងយោធពលខេមរភូមិន្ទ ដែលត្រូវប្រកួតកាត់សេចក្ដីជើងទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី២ ខែមេសាខាងមុខ បន្ទាប់ពីជើងទី១ ក្រុមទាំងពីរនេះ បានប្រកួតស្មើគ្នា ២-២ នៅកីឡដ្ឋានស្ដាតចាស់ ។ រីឯបេក្ខភាពដណ្ដើមកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ២គូផ្សេងទៀត ក៏នឹងត្រូវប្រកួតកាត់សេចក្ដីជើងទី២ នៅថ្ងៃជាមួយគ្នានោះដែរ រវាងព្រះខ័នរាជស្វាយរៀង ជាមួយគិរីវង់សុខសែនជ័យ និងបឹងកេត ជាមួយ ISI ដង្កោសែនជ័យ បន្ទាប់ពីជើងទី១ ព្រះខ័នរាជស្វាយរៀង និងបឹងកេត បានយកឈ្នះក្រៅដី ២-០ ដូចគ្នា ៕អត្ថបទ លី ឈុនឡា

វីរៈ ដារ៉ា ទម្រាំទទួលភាពស្អាតស្អំ ស្ទើរគិតដល់ផ្លូវអាក្រក់ ព្រោះមិនអស់ចិត្តនឹងកំហុស​អចេតនា​របស់ខ្លួន

2025/03/12 04:35:42 pm        389
ថ្មីៗនេះ អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា វីរៈ ដារ៉ា ទើបទទួលបាននូវភាពស្អាតស្អំរបស់ខ្លួនវិញ ក្រោយ​រងមន្ទិលសង្ស័យករណីប្រព្រឹត្តនូវទង្វើរៀបចំកំណត់លទ្ធផលទុកជាមុន កំឡុងការ​ប្រកួត​ជើង​ឯក​បាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ រវាងកម្ពុជា និងម្ចាស់ផ្ទះសិង្ហបុរី កាលពីខែធ្នូ ដោយ​រូប​គេ​មិន​បានប្រព្រឹត្តដូចការសង្ស័យឡើយ តែជាកំហុសបច្ចេកទេសប៉ុណ្ណោះ។ទន្ទឹមជាមួយការទទួលបានូវភាពស្អាតស្អំ តាមរយៈសេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា នៅថ្ងៃទី៥ ខែមីនាកន្លងទៅ វីរៈ ដារ៉ា បានសម្ដែងក្ដីរីករាយ និងថ្លែ​ង​អំណរ​គុណ​ដល់ថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ ដែលខិត​ខំ​ធ្វើ​ការ​ស៊ើប​អង្កេត​រហូត​ផ្ដល់​នូវ​ភាព​ត្រឹម​ត្រូវ​ដល់​ខ្លួន​វិញ។ ប៉ុន្ដែទម្រាំទទួលបានភាពត្រឹមត្រូវនេះ ដារ៉ា ធ្លាប់ស្ដីបន្ទោសខ្លួនឯង រហូតគិត​ដល់​ផ្លូវ​អាក្រក់​ទៀតផង។ថ្លែងប្រាប់ក្រុមការងារ BTV កាលពីថ្មីៗ អ្នកចាំទីវ័យក្មេងកំពុងឡើងដៃលេង​ឲ្យព្រះខ័ន​រាជ​ស្វាយ​រៀង​រូប​នេះ បានបញ្ជាក់ថា ទោះបីវាជាកំហុសអចេតនា តែវាជាកំហុសដ៏ធំលើកដំបូងក្នុងអាជីព ហើយ​ក្នុង​ក្រុមជម្រើសជាតិថែមទៀត ។ គ្រានោះ ទោះបីមានការលួងលោម លើកទឹកចិត្ត​យ៉ាង​ណា ​តែគេស្ដាប់មិនចូលឡើយ ស្ទើរបាក់ទឹកចិត្ត ហើយគិតអាក្រក់ទៀតផង តែដើម្បីគ្រួសារ ទើប​រូប​គេ​ព្យាយាមជម្នះដើម្បីបន្ដដំណើរទៅមុខ។ ហើយ ដារ៉ា នឹងយកមេរៀនដ៏អាក្រក់នេះ ដើម្បី​ពង្រឹង​ការ​ខិតខំប្រឹងប្រែងឲ្យបានកាន់តែខ្លាំងថែមទៀត។សូមរំឮកថា ករណីសង្ស័យលើអ្នកចាំទី វីរៈ ដារ៉ា បានកើតឡើង កំឡុងការប្រកួតពានរង្វាន់​ប្រចាំ​តំបន់​ពូល​A កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ស្របពេលកម្ពុជា បានចាញ់សិង្ហបុរី ២-១ ដែល ២​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ រកបានដោយងាយ នៅដើមវគ្គទី១ បន្ទាប់ពីការបញ្ជូន​បាល់​មិន​បាន​ល្អ​របស់​ដារ៉ា។ ការណ៍នេះ ទើបបង្កឲ្យអ្នកគាំទ្រមានការសង្ស័យរូបគេរៀបចំលទ្ធផលទុកជាមុន ហើយ​សហព័ន្ធ​ក៏បានបើកការស៊ើបអង្គេតលើករណីនេះ និងបានប្រកាស​ពី​លទ្ធផល​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​កាលពី ១សប្ដាហ៍មុនថា វីរៈ ដារ៉ា ពុំមានអ្វីពាក់ព័ន្ធទៅនឹងការសង្ស័យទាំងអស់នោះទេ។ ផ្ទុយទៅវិញ កំហុសដែលកើតឡើង នាពេលនោះ គឺជាកំហុសបច្ចេកទេសនៃការលេង ដោយ​អចេតនា​ប៉ុណ្ណោះ៕ អត្ថបទ៖ លី ឈុនឡា

ក្រុមជម្រើសជាតិកម្ពុជា បង្ហាញបញ្ជីឈ្មោះកីឡាករផ្លូវការ ២៣រូប ដើម្បី​ត្រៀម​​ប្រកួត​មិត្ត​ភាព​អន្ដរជាតិ​ ជាមួយវៀតណាម និងអារូបា

2025/03/11 04:32:39 pm        1278
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះផ្លូវការក្រុមជម្រើសជាតិកម្ពុជា ដែលមានកីឡាករ ២៣នាក់ ត្រូវបានកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិអារូបា នាថ្ងៃទី១៩ និងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។ការបង្ហាញបញ្ជីឈ្មោះកីឡាករផ្លូវការនេះ ធ្វើឡើង ១ថ្ងៃក្រោយសហព័ន្ធបានប្រកាសតែងតាំងលោក Koji Gyotoku ជាគ្រូបង្គោលផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា ជាមួយកិច្ចសន្យារយៈពេល ១ឆ្នាំ សម្រាប់ឆ្នាំ២០២៥ កាលពីថ្ងៃទី១០ ខែមីនា បន្ទាប់ពីលោកបានដឹកនាំក្រុមគោព្រៃ បានមួយរយៈពេលខ្លី ក្នុងនាមគ្រូបង្វឹកបណ្ដោះអាសន្ន កាលពីចុងឆ្នាំ២០២៤ កន្លងទៅ។សម្រាប់សមាសភាពកីឡាករ ២៣រូប ដែលជ្រើសរើសដោយគ្រូបង្វឹកជនជាតិជប៉ុនវ័យ ៦០ឆ្នាំប្លាយរូបនេះ រួមមាន៖ - សមាជិកក្លិបព្រះខ័នរាជស្វាយរៀង មាន ៦រូប គឺកីឡាករ សឿយ វិសាល, សារ៉េត គ្រីយ៉ា, Nick Taylor, ញាណ សុស៊ីដាន, ជូន ស៊ីនទិ និងអ្នកចាំទី វីរៈ ដារ៉ា។- សមាជិកក្លិបភ្នំពេញក្រោន មាន ៥រូប គឺកីឡាករ អូសិ តាកាគិ, យូឌៃ អូកាវ៉ា, នេតូ រ៉ុនដុន រ៉ាហ្វេអេស, លឹម ពិសុទ្ធ និង បុង សាំយូអ៊េល - សមាជិកក្លិបវិសាខា មាន៖កីឡាករ កាន់ ម៉ូ, អ៊ុក សុវណ្ណ, ស៊ិន កក្កដា, ស៊ិន សុវណ្ណមករា, ស រតនា និងអ្នកចាំទី កែវ សុខសិលា- សមាជិកក្លិបណាហ្គាវើលដ៏ មាន ២រូប គឺកីឡាករ ផាត សុខា និងអ្នកចាំទី រ៉េតលីហេង ។- សមាជិកក្លិបបឹងកេត មាន ២នាក់ គឺកីឡាករ សៀង ចន្ធា និង តាំង ប៊ុនឆៃ ។- រីឯ ២រូបទៀត គឺកីឡាករ ឃូលីបាលី អាបឌែល មកពីអង្គរថាយហ្គឺរ និងកីឡាករ ហាវ សុខនេត្រ មកពី ISI ដង្កោសែនជ័យ ។សមាសភាពកីឡាករជម្រើសជាតិលើកនេះ មានការផ្លាស់ប្ដូរមួយចំនួន ធៀបនឹងបញ្ជីឈ្មោះកីឡាករ ក្នុងការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ AFF Cup 2024 ដែលដឹកនាំដោយលោក Koji Gyotoku កាលពីចុងឆ្នាំ២០២៤ កន្លងទៅ ។ក្រោយបង្ហាញបញ្ជីឈ្មោះផ្លូវការ ក្រុមជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ក្នុងពេលឆាប់ៗ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ២ប្រកួតចំពោះមុខ ពោលគឺត្រៀមជួបក្រុមជម្រើសជាតិវៀតណាម នៅខេត្ត Binh Duong នាថ្ងៃទី១៩ ខែមីនា និងត្រៀមបើកទ្វារផ្ទះស្វាគមន៍ក្រុមជម្រើសជាតិ Arubaមកពីទ្វីបអាហ្វ្រិក នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន អញ្ជើញ​សម្ពោធ​សមិទ្ធ​ផល​នានា​នៅវត្តសាសនរង្សីបទុមវត្តី (វត្តសំរោង) ស្រុកប្រាសាទបល្ល័ង្ក
11/02/2026 09:11 AM
កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ចែកអំណោយ និងរៀបចំអាហារសាមគ្គី ជូនក្រុមសិល្បៈពន្លឺកុមាររុនតាឯក
11/01/2026 08:11 PM
ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍
11/01/2026 04:11 PM
ក្រុមការងារចុះមូលដ្ឋានស្រុក​លើកដែក ផ្តល់ម៉ូតូដល់សិស្ស ​និទ្ទេសA និងបើកបវេសនកាលឆ្នាំថ្មី
11/01/2026 02:11 PM
ក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និង CLRA ចុះចែកអំណោយជូនពលរដ្ឋជិតពីរពាន់គ្រួសារ
11/01/2026 02:11 PM
រដ្ឋមន្រ្តីកសិកម្មចុះចែកស្រូវពូជដល់កសិកររងគ្រោះទឹកជំនន់ព្រមទាំងជំរុញឱ្យចូលរួមសហគមន៍កសិកម្មទំនើបនៅខេត្តបន្ទាយមានជ័យ
11/01/2026 02:11 PM
ពលដ្ឋអ៊ុយក្រែនជម្លៀសខ្លួន៖ ពួកយើងបានរត់គេចចេញពីឋានរនកនៅទីក្រុងកាន់កាប់ Oleshky
11/01/2026 01:11 PM
លោក Erdogan និងលោក Zelenskiy ពិភាក្សាកិច្ចប្រជុំស្វែងរកសន្តិភាព និងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខ្មៅ
11/01/2026 01:11 PM
លោក Rubio ៖ លោក Trumpនៅមិនទាន់សម្រេចចិត្តនោះទេ ថាតើត្រូវចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ឡើងវិញឬយ៉ាងណា
11/01/2026 01:11 PM
អេហ្ស៊ីបព្រួយបារម្ភថា ការកើនឡើងភាពតានតឹងក្នុងសង្រ្គាមអ៊ីរ៉ង់ នឹងធ្វើឲ្យមានការបំផ្លិចបំផ្លាញកាន់តែខ្លាំង
11/01/2026 01:11 PM