ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu

ព័ត៌មានកីឡា

ក្រុមបាល់ទះកងទ័ពកម្ពុជា ជួបកងទ័ពឡាវរសៀលនេះ ដើម្បីប្រជែងកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រ

2023/10/05 06:01:23 pm        2211
ក្រុមបាល់ទះកងយោធពលខេមរមភូមិន្ទ របស់កម្ពុជា នឹងត្រូវជួបក្រុមបាល់ទះកងទ័ពឡាវ នា​រសៀល​ថ្ងៃទី០៥ ខែតុលានេះ ក្នុងកម្មវិធីពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ នៅប្រទេស​វៀតណាម ដើម្បីប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ ។នេះគឺជាការប្រកួតទី២ របស់ក្រុមបាល់ទះកងទ័ពកម្ពុជា បន្ទាប់​ពី​ប្រកួត​បើក​ឆាក​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ៣-០ ។ លទ្ធផលនេះ នាំឲ្យក្រុមកងទ័ពកម្ពុជា ត្រូវការឈ្នះដាច់ខាត ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​កងទ័ពឡាវ នារសៀលនេះ ដើម្បីមានឱកាសឡើងវគ្គបន្ដ ។គួរដឹងថា ការប្រកួតបាល់ទះពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ ដែលវៀតណាមធ្វើម្ចាស់ផ្ទះ គឺ​មាន ៧ប្រទេសចូលរួម ក្នុងនោះក្រុមកីឡាបាល់ទះកងយោធពលខេមភូមិន្ទ របស់កម្ពុជា ស្ថិត​ក្នុង​ពូលA  ជាមួយក្រុមកងទ័ពឡាវ និងម្ចាស់ផ្ទះវៀតណាម ខណៈពូលB មានក្រុមថៃ មីយ៉ាន់ម៉ា់ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ។បេសកកម្មនេះ ក្រុមបាល់ទះកងទ័ពកម្ពុជា គឺដឹកនាំដោយឯកឧត្តម តែម ម៉ឺន អនុ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ទទួលបន្ទុកការងារកីឡា និងជាអនុ​ប្រធាន​អចិន្ត្រៃយ៍​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពលខេមរភូមិន្ទ ។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ដើម្បីរឹតចំណងមិត្តភាព រវាង​កង​ទ័ព​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន តាមរយៈការប្រកួតកីឡាក្ខណៈមិត្តភាពមួយនេះ៕ អត្ថបទ លី ឈុនឡា 

ក្រុមម៉ូតូទឹកកម្ពុជា បន្ដឈ្នះមេដាយមាស-ប្រាក់ ៤គ្រឿងទៀត ក្នុងព្រឹត្តិការណ៍​កម្រិត​ពិភពលោក នៅអាមេរិក

2023/10/05 05:13:06 pm        519
ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងទៀតហើយ រួមមានមេដាយមាស ២ និងប្រាក់ ២ នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នេះ ។តាមការបញ្ជាក់របស់កីឡាករ សាលី អ៊ូម៉ើត ដែលជាប្រធានក្រុម សម្រាប់ការប្រកួតថ្ងៃទី២ នេះ ក្រុម​កីឡាករកម្ពុជា ធ្វើបានយ៉ាងល្អ ដោយធ្វើការប្រកួត ៣នាក់ សុទ្ធ​តែ​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ ក្នុងនោះកីឡាករ សាលី ហ្វីលីន ដែលឈ្នះមេដាយមាស ១ និងប្រាក់ ១ កាលពីម្សិលមិញ បាន​បន្ដឈ្នះមេដាយមាស ១ និងប្រាក់ ១គ្រឿងបន្ថែមទៀត ។ចំណែកមេដាយ ២គ្រឿងទៀត គឺកីឡាករ កៃ វ៉ាន់ស៊ីដែន ដណ្ដើមបានមេដាយមាស ១ និង​កីឡាករ ម៉ីន អូស្មាន់ ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង ។ សរុបពេលនេះ ក្រុម​កីឡា​ម៉ូតូ​ទឹក​កម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿងហើយ ពោលគឺមានមេដាយមាស ៣ និងមេដាយប្រាក់ ៣គ្រឿង។ប៉ុន្ដែការប្រកួតមិនទាន់បញ្ចប់នោះទេ ដោយក្រុមម៉ូតូទឹកកម្ពុជា នៅសល់កីឡាករ ៣រូបទៀត ដែលត្រូវបន្ដការប្រកួតរហូតដល់ ៦វិញ្ញាសា ក្នុងនោះមានកីឡាករ សាលី អ៊ូមើត, ម៉ីន មូស្ដាន់ និងសិស្សប្អូន សាលី ហ្វីលីន ។សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅ​សហរដ្ឋ​អាមេរិក ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ កីឡាករ សាលី អ៊ូមើត ដែល​ជា​ប្រធាន​ក្រុមបានដឹកនាំកីឡាករវ័យក្មេង ៨រូបចូលរួមប្រកួត ក្នុងនោះមានកីឡាករ ៥រូប​ត្រូវ​ធ្វើ​ការ​ប្រកួត ដែលមាន សាលី អ៊ូមើត ផ្ទាល់, កៃ វ៉ាន់ស៊ីដែន, មីន មូស្ដាន់ និង មីន អូស្មាន់ ។ រីឯ ៤នាក់​ទៀត គឺកីឡាករថ្នាល ដែលចូលរួមរៀនសូត្រ និងដក​ស្រង់​បទ​ពិសោធន៍​ពី​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោកនេះ សម្រាប់យកមកអនុវត្តក្នុងការហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាព ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​អន្ដរជាតិនាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា  

Australian Open នឹងចំណាយពេលប្រកួត ១៥ ថ្ងៃលើកដំបូងនៅឆ្នាំក្រោយ

2023/10/04 10:12:33 pm        289
ព្រឹត្តិការណ៍វាយកូនបាល់ Grand Slam, Australian Open នៅត្រូវចំណាយពេលប្រកួត ១៥ ថ្ងៃជាលើកដំបូងនៅឆ្នាំ​ ២០២៤ ខាងមុខដើម្បីកាត់បន្ថយការប្រកួតរហូតដល់យប់ជ្រៅ។ ការប្រកួត Australian Open កាលពីដើមឆ្នាំ​ ២០២៣ បាន​ទទួល​រង​ការ​រិះគន់​ពី​កីឡាករ​មួយ​ចំនួន​ដូចជា​អតីតកីឡាករលេខ ១ ពិភពលោកស្កុតឡេន Andy Murray ត្រូវបញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​មួយ​ដល់ម៉ោង ៤ ទៀបភ្លឺ។ចាប់ពីឆ្នាំ​ ២០២៤ ទៅ Australian Open នឹងមានការប្រកួតនៅលើទីលានធំត្រឹម ២ ប្រកួត​ប៉ុណ្ណោះ​ សម្រាប់ពេលថ្ងៃ ខណៈកន្លងមកត្រូវរៀបចំ ៣ ប្រកួតដោយចាប់ផ្តើមពីម៉ោង ១១ ប្រឹក​តទៅ​។ជាមួយគ្នានោះដែរ French Open ក៏មានការរៀបចំ ១៥ ថ្ងៃផងដែរ លើកលែងតែ US Open និង Wimbledon ដែលមានត្រឹម ១៤ ថ្ងៃនៅឡើយ។រំលឹកថាកាលពីដើមឆ្នាំ​ ២០២៣ នេះ Australian Open កីឡាករស្កុតឡេន Andy Murray បាន​ចាប់​ផ្តើម​ការ​ប្រកួតរបស់ខ្លួនជុំទី ២ នៅវេលាម៉ោង ១០ និង ២០ នាទីយប់ ហើយទំរាំ​យក​ឈ្នះ​កីឡាករ​អូស្រ្តាលី Thanasi Kokkinakis បានត្រូវចំណាយពេល ៥ ម៉ោង ៤៥ នាទី ពោល​គឺ​បញ្ចប់​នៅ​ម៉ោង ៤ និង ៥ នាទីព្រឹក។ Murray បាននិយាយថា រូបគេបានសម្រាកត្រឹម ៣ ម៉ោងប៉ុណ្ណោះក្រោយការប្រកួតនោះ មុន​ឡើង​ទៅ​ធ្លាក់​ជុំទី៣៕ អត្ថបទ៖នាង សុភាវុធ

Jannik Sinner ទំលាក់ Carlos Alcaraz ឡើងវគ្គផ្តាច់ព្រ័ត្រវាយកូនបាល់ China Open

2023/10/04 09:42:22 pm        191
កីឡាករវាយកូនបាល់កំពូលរបស់អេស្ប៉ាញ Carlos Alcaraz បានខ្ទាតចេញ​ពី​ការ​ប្រកួត​វាយកូន​បាល់​កម្ម​វិធី China Open នៅទឹកដីចិនហើយ ក្រោយរងបរាជ័យក្រោមស្នាដៃកីឡាករអ៊ីតាលី Jannik Sinner នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។កីឡាករវ័យ ២២ ឆ្នាំ Jannik Sinner បានយកឈ្នះដោយលទ្ធផល ៧-៦(៧-៤) និង ៦-១ លើជើងឯក Grand Slam ២ លើករូបនេះ ហើយជ័យជំនះនៅពេលនេះដែរធ្វើឱ្យ Jannik Sinner នាំមុខ ៤-៣ ក្នុងស្ថិតិជួបគ្នា ៧ លើករវាងអ្នកទាំងពីរ។ Jannik Sinner បានបង្ហាញទំរង់របស់ខ្លួនដល់ចំនុចកំពូលមួយ ដើម្បី​បន្ត​ដំណើរ​ឡើង​វ​គ្គ​ផ្តាច់​ព្រ័ត្រ China Open នេះជួបជាមួយកីឡាកររុស្ស៊ីលំដាប់លេខ ៣ ពិភពលោក Daniil Medvedev។​កីឡាករវ័យ ២៧ ឆ្នាំរុស្ស៊ី Daniil Medvedev បានកក់​កៅ​អី​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រោយ​យក​ឈ្នះ​កីឡាករ​អាល្លឺម៉ង់ Alexander Zverev ៦-៤ និង ៦-៣៕ អត្ថបទ៖នាង សុភាវុធ

Galatasaray តាមពីក្រោយពីរដងយកឈ្នះនៅផ្ទះ Manchester United ៣-២

2023/10/04 09:11:01 pm        294
រដូវកាលដ៏អាក្រក់របស់ក្រុមបិសាចក្រហម Manchester United នៅតែបន្ត បន្ទាប់​ពី​រង​បរាជ័យ​ក្នុង​ទឹកដីខ្លួនឯង ក្រោមថ្វីជើងក្រុមភ្ញៀវទួកគី Galatasaray ៣-២។ក្រុមរបស់លោក Erik ten Hag បាននាំមុខការប្រកួតពីរលើកដោយខ្សែប្រយុទ្ធ Rasmus Hojlund ​នាទីទី ១៧ តែ Galatasaray តាមស្មើវិញនៅនាទីទី ២៣ ដោយអតីតខ្សែប្រយុទ្ធ Man United, Wilfired Zaha។ ឈានដល់វគ្គទី ២ Hojlund ម្តងទៀតរកបានគ្រាប់នាំមុខសាជាថ្មីនៅនាទីទី ៦៧ តែបានត្រឹម ៤ នាទី Galatasaray តាមស្មើម្តងទៀតនៅនាទីទី ៧១ ដោយ Kerem Akturkoglu មុនពេលដែល Mauro Icardi ដែលស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូលនោះ ជាអ្នករកគ្រាប់ជ័យជំនះឱ្យ Galatasaray នៅនាទីទី ៨១។ នេះជាលើកដំបូងហើយដែល Manchester United ចាប់ផ្តើមរដូវកាល UEFA Champions League ជាមួយនឹងបរាជ័យ ២ ប្រកួតជាប់គ្នាបែបនេះ ហើយក៏ជាបរាជ័យក្នុង​ផ្ទះពីរ​ប្រកួត​ជាប់​គ្នា​ដែរ បន្ទាប់ពីទើបតែចាញ់ Crystal Palace នៅ Premier League កាលពីថ្ងៃសៅរ៍។ ឆ្លងកាត់ពីរប្រកួតនៅ UCL នៅពេលនេះ Manchester United ឈរបាតពូលមាន ០ ពិន្ទុខណៈ Bayern Munich យកឈ្នះនៅទឹកដី Copenhagen ២-១ យប់មិញឈរលើគេមាន ៦ ពិន្ទុ​ពេញ​។ នៅក្នុងពូល B វិញ Arsenal ក៏រងបរាជ័យដែរ នៅតែទឹកដីបារាំងរបស់ RC Lens ២-១។ Gabriel Jesus បើកការនាំមុខឱ្យ Arsenal នៅនាទីទី ១៤ តែ Lens វាយបកពីក្រោយពីរគ្រាប់ដោយ Adrien Thomasson និង Elye Wahi។ បីពិន្ទុនេះ Lens ឡើងឈរលើគេក្នុងពូលមាន ៤ ពិន្ទុតាមពីក្រោយដោយ Arsenal មាន ៣ ពិន្ទុ Sevilla ស្មើនៅទឹកដី PSV យប់មិញមាន ២ ពិន្ទុខណៈក្រុមហូឡង់ PSV មាន ១ ពិន្ទុ។ លទ្ធផលផ្សេងទៀតមាន Real Madrid ឈ្នះនៅទឹកដី Napoli ៣-២ ខណៈ Braga ឈ្នះនៅ​ទឹក​ដី Union Berlin ៣-២ នៅក្នុងពូល C។ រីឯពូល D Inter Milan ឈ្នះ Benfica ១-០ និង Salzburg ចាញ់ Real Sociedad ២-០ ក្នុងដីខ្លួនឯង៕ អត្ថបទ៖នាង សុភាវុធ 

Frank Lampard ក្លាយជាជម្រើសឈានមុខម្នាក់ជំនួសតំណែងអ្នកចាត់ការ Michael Beale នៅ Rangers

2023/10/04 07:27:20 pm        194
អតីតអ្នកចាត់ការ Chelsea និង Everton លោក Frank Lampard បានក្លាយជា​បេក្ខភាព​ឈាន​មុខ​គេ​ម្នាក់​ដែល អាចទទួលតំណែងអ្នកចាត់ការក្លិបស្កុតឡេន Glasgow Rangers ជំនួស​តំណែង​លោក Michael Beale ដែលត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃអាទិត្យ។បុរសវ័យ ៤៥ ឆ្នាំ Frank Lampard ត្រូវបានគេរំពឹងថា នឹងមានការចរចាមួយជាមួយ Rangers ក្នុងសប្តាហ៍នេះ។Lampard ទទួលការងារចុងក្រោយរបស់ខ្លួនគឺការដឹកនាំ Chelsea បណ្តោះអា​សន្ន​នៅ​ខែ​មេសា​ដល់​ខែ​ឧសភា ចុងរដូវកាលមុន តែការវិលត្រលប់មកជាលើកទី ២ របស់​អតី​តខ្សែ​បម្រើរូប​នេះ​មិន​ជោគ​ជ័យ​ឡើយ ដោយរកបានត្រឹម ១ ពិន្ទុប៉ុណ្ណោះពីការប្រកួត ១១ លើក។ចាប់ផ្តើមអាជីពជាអ្នកចាត់ការនៅឆ្នាំ ២០១៨ ជាមួយ Derby County, Frank Lampard ដែល​មាន​អាជីពជាកីឡាករជោគជ័យជាមួយ Chelsea នោះ ធ្លាប់ដឹកនាំ Chelsea លើកដំបូងពីឆ្នាំ ២០១៩ ដល់ ២០២១ មុនពេលត្រូវបានដកតំណែងក្រោយចាញ់ ៩ ប្រកួតក្នុងចំណោម ១២ ប្រកួត​ចុងក្រោយក្នុងលីគ។ដោយឡែកសម្រាប់ Rangers បានសំរេចបញ្ចប់តំណែងអ្នកចាត់ការ Michael Beale ចេញ​ពី​តំណែង​ក្រោយរងបរាជ័យ ៣ ប្រកួតក្នុងចំណោម ៧ ប្រកួតក្នុងលីគរដូវកាលនេះ។បរាជ័យក្នុងទឹកដីរបស់ខ្លួនចុងសប្តាហ៍កន្លងទៅ ក្រោមថ្វីជើង Aberdeen បានធ្វើឱ្យ Rangers នៅ​ពេលនេះដេញពីក្រោយគូប្រជែង Celtic ដល់ទៅ ៧ នៅក្របខណ្ឌ Scottish Premiership៕ អត្ថបទ៖នាង សុភាវុធ

លោក Felix៖ ការរើសកីឡាករ ផ្អែកលើសេនារីយ៉ូ ដែលត្រូវប្រើក្នុងការប្រកួតនីមួយៗ

2023/10/04 06:59:55 pm        571
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានគូសបញ្ជាក់ថា ការជ្រើសរើស​កីឡាករ​ជម្រើស​ជាតិ​ ផ្អែកលើសេនារីយ៉ូ ដែលត្រូវប្រើក្នុងការប្រកួតនីមួយៗ ។ ការណ៍នេះ ទើបកីឡាករល្អៗមួយចំនួន មិន​ត្រូវ​បាន​កោះហៅ ដ្បិតពួកគេ នៅតែមានឱកាសជាប់ជម្រើសជាតិនាថ្ងៃអនាគត ប្រសិន​បើ​ពួក​គេ​បន្ដ​ធ្វើ​បាន​ល្អ​។ការលើកឡើងនេះ ស្របពេលការកោះហៅកីឡាករ ២៧នាក់ ចូលរួម​ប្រមូល​ផ្ដុំ​ហ្វឹក​ហាត់​ត្រៀម​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី១ ជាមួយក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​ នាសប្ដាហ៍ក្រោយ មានប្រតិកម្មមួយចំនួន ពីសំណាក់អ្នកគាំទ្រ ក៏ដូចជា​អ្នក​តាម​ដាន​វិស័យ​កីឡា​បាល់ទាត់ជាតិ ។ផ្អែកលើការប្រមូលផ្ដុំហ្វឹកហាត់ ៣លើកកន្លងមក លោកបានរកឃើញកីឡាករមួយចំនួន ដែល​មាន​គុណ​ភាព​ផ្សេង​គ្នា បន្ថែមលើធនធានកីឡាករមានស្រាប់ ដែលធ្វើឲ្យមានភាពងាយស្រួលបន្ថែមទៀត ដើម្បី​ដឹង​ពី​គុណភាព​កីឡាករ ដែលត្រូវប្រើក្នុងការប្រកួតទាំងមូលទៅថ្ងៃអនាគត ។ អ្វីដែលពិសេស ពាក់ព័ន្ធនឹង​កីឡាករ​ទាំង​អស់ បន្ទាប់ពីពាក់អាវជម្រើសជាតិ អ្វីដែលពួកគេចង់បង្ហាញ គឺសម្រាប់ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ចំពោះការកោះហៅកីឡាករលើកនេះវិញ លោក Felix បន្ថែមថា ពិតណាស់ គឺត្រៀម​ការ​ប្រកួត​ជា​មួយ​ប៉ាគីស្ថាន​។ ក្នុងនោះលោកមានកីឡាករផ្សេងគ្នា ដើម្បីត្រៀមប្រើលើជម្រើសផ្សេងគ្នា ឬក៏សេនារីយ៉ូ ដែល​អាច​កើត​ឡើងក្នុងការប្រកួត ដើម្បីអាចប្រើប្រាស់ក្នុងសេនារីយ៉ូមួយៗ ទៅតាមលក្ខណៈការប្រកួត ។ ដូច្នេះ​អ្វី​ដែល​លោកសង្ឃឹម គឺការរៀបចំបានល្អ ដើម្បីត្រៀមខ្លួនក្នុងស្ថានភាពនីមួយៗ នៃការប្រកួត ។ទាក់ទិននឹងការអវត្តមានកីឡាករល្អៗមួយចំនួន ដែលធ្លាប់ជាប់ជម្រើសជាតិ និងកំពុង​បង្ហាញ​ភាព​លេចធ្លោ​ក្នុង​លីគ​វិញ លោកថា ពួកគេនៅតែមានឱកាសត្រូវបានកោះហៅពេលក្រោយ បើសិនពួកគេបន្ដធ្វើបានល្អ ដូចជា សឿត បារាំង, ផាច សុជាវីឡា, ឆេង ម៉េង, ស៊ិន កក្កដា, ប្រាក់ មុន្នីឧត្តម, សារ៉េត គ្រីយ៉ា និង គឹម សុខយុទ្ធ ជាដើម ដែលស្ថិតក្នុងការតាមដានជាប្រចាំពីសំណាក់ក្រុមការងារគ្រូបង្វឹក ។ រីឯអ្នកចាំទី អ៊ុ វិចិត្រ ក៏មានការកោះហៅលើកមុនដែរ តែដោយសារគេបង្ហាញពីបញ្ហារបួស ទើប​មាន​ការ​សម្រេច​ចិត្ដ​អ្នក​ចាំទី ៣នាក់ផ្សេង ។គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែល បានសង្កត់ធ្ងន់ លើការកោះហៅកីឡាករ គឺ​ផ្ដោត​លើ​ស្ថាន​ភាព​ជាក់​ស្ដែង​នៃ​គូប្រកួត ដោយលោកបានលើកឧទាហរណ៍ ពាក់ព័ន្ធនឹងការប្រកួតស្មើក្រុមហុងកុង ក្នុង​ជំនួប​មិត្តភាពកាលពីថ្មីៗ ។ លោកថា ហុងកុងមានកម្រិតលើកម្ពុជា ៣-៤ដង តែការប្រមូលផ្ដុំលើកមុន កីឡាករ​កម្ពុជា​ធ្វើ​បានល្អ ។ ចំណែកប៉ាគីស្ថាន ក៏ដូចគ្នា ដ្បិតចំណាត់ថ្នាក់ពិភពលោកពួកគេទាបជាងកម្ពុជា តែ​ពួក​គេ​ គឺជាក្រុមខ្លាំង និងសម្បូរដោយកីឡាករល្អៗ ពិសេសនៅពេលប្រកួតក្រៅដី ដែល​អាច​នឹង​មាន​សម្ពាធ​ខ្លាំង​ពី​អ្នក​គាំទ្រ បន្ទាប់ពីពួកគេខកខានរៀបចំការប្រកួតក្នុងដីអស់ពេលជាយូរ ។នេះគឺជាចំណុចសំខាន់មួយ ដែលលោកត្រូវការកីឡាករមានគុណភាពផ្សេងគ្នា ពោល​អ្វី​ដែល​ក្រុម​ការងារ​គ្រូ​ជម្រើស​ជាតិ​អាចធ្វើបាន គឺជាក្រុមមួយ ដែលចំណាយពេលជាមួយការវិភាគគូប្រកួត និងការបង្ហាញ​របស់​គូ​ប្រកួតជាដើម សម្រាប់ជាមូលដ្ឋានដ៏សំខាន់ ក្នុងការជ្រើសរើសកីឡាករ ហើយរៀប​ចំ​ក្រុម​សម្រាប់​ត្រៀម​ការ​ប្រកួត​នោះ ។ លោក Felix Dalmas បន្ថែម ។សូមបញ្ជាក់ថា បន្ទាប់ពីបង្ហាញបញ្ជីឈ្មោះបឋមកីឡាករ ២៧នាក់ ក្រុមជម្រើសជាតិកម្ពុជា បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី១ ដែលកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងជើងទី១ នាថ្ងៃទី១២ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក មុនធ្វើដំណើរទៅប្រកួតជើងទី២ នៅទឹកដីប៉ាគីស្ថានវិញ នា​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ លី ឈុនឡា

Neymar រកបានគ្រាប់ដំបូងនៅ AFC Champions League ខណៈ Al-Hilal ឈ្នះនៅដី Nassaji

2023/10/04 06:44:37 pm        249
ទីបំផុតខ្សែប្រយុទ្ធប្រេស៊ីល Neymar រកបានគ្រាប់បាល់​ដំបូង​ហើយតាំង​ពីផ្លាស់​មក​កាន់​ក្លិប​អារ៉ាប៊ី​សាអ៊ូឌីត Al-Hilal ក្រោយស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជ័យជំនះ ៣-០ លើក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ Nassaji Mazandaran នៅក្របខណ្ឌ AFC Champions League។ការប្រកួតនៅកីឡដ្ឋាន Azadi ទីក្រុង Tehran ប្រទេសអ៊ីរ៉ង់អតីតខ្សែប្រយុទ្ធ Fulham, Aleksandar Mitrovic ជាអ្នកបើកការនាំមុខឱ្យ Al-Hilal នៅនាទីទី ១៨ មុន​ពេល​ដែល​ម្ចាស់​ផ្ទះ​បាត់​បង់​កីឡាករម្នាក់នៅពេល VAR ឆែកឃើញពីកំហុសរបស់ Amir Mohammad Houshmand ក៏ទទួលបានកាតក្រហមបណ្តេញចេញ។ចូលវគ្គទី ២ Neymar ក៏រកបានគ្រាប់បាល់ដំបូងរបស់ខ្លួននៅនាទីទី ៥៨ មុនពេលដែល Saleh Al Shehri បន្ថែមគ្រាប់ចុងក្រោយឱ្យ Al-Hilal ឈ្នះនៅទឹកដី Nassaji ៣-០ និង​ជា​បី​ពិន្ទុ​ដំបូង​នៅ​ AFC Champions League បន្ទាប់ពីស្មើប្រកួតដំបូងទល់នឹង Navbahor។ក្រុមអ៊ូសប៊ែគីស្ថាន Navbahor ក៏រកបានជ័យជំនះដំបូងដែរ ក្រោយយកឈ្នះក្រុមឥណ្ឌា Mumbai City FC ៣-០ ដូចគ្នាយប់មិញនេះដើម្បីឈរលើគេមាន ៤ ពិន្ទុដូចគ្នានឹង Al-Hilal។នៅភាគខាងលិចនេះផងដែរ Al Ain របស់អារ៉ាប់រួមបានឡើងឈរលើគេក្នុងពូល A ក្រោយ​យក​ឈ្នះ​ក្រុម​ទួកមែនីស្ថាន Ahal ៤-២ ខណៈក្រុមអ៊ូបែគីស្ថាន Pakhtakor ចាញ់ Al Fayha របស់​អារ៉ាប៊ីសាអ៊ូឌីត ២-០៕ អត្ថបទ៖នាង សុភាវុធ

Johor Darul Ta’Zim រកបានជ័យជំនះដំបូងនៅ AFC Champions League ក្រោយឈ្នះនៅដី BG Pathum

2023/10/04 06:23:36 pm        218
ក្លិបបាល់ទាត់យក្សរបស់ម៉ាឡេស៊ី Johor Darul Ta’Zim ទីបំផុត​រកបានជ័យជំនះ​ដំបូង​របស់​ខ្លួន​រដូវកាល​នេះ​នៅក្របខណ្ឌ AFC Champions League ក្រោយយកឈ្នះនៅទឹកដីថៃ BG Pathum United ៤-២ ក្នុងពូល I។ជាការប្រកួតដែលមានការវាយសម្រុកគ្នាច្រើន ខណៈក្រុម​ម្ចាស់​ផ្ទះ​ថៃ​រក​បាន​គ្រាប់​នាំ​មុខ​មុន​ដោយ​បាល់ ១១ ម៉ែត្ររបស់ Victor Cardozo តាំងពីនាទីទី ៥ តែ JDT ក៏វាយបក​ពី​ក្រោយ​ដោយ​រក​បាន​ ២ គ្រាប់ផ្ទួនៗ ដោយ Arif Aiman នៅនាទីទី ៦ និងមួយគ្រាប់ទៀតដោយ Bergson នាទី​ទី ១៤។ឈានចូលវគ្គទី ២ ក្លិបបាល់ទាត់របស់ខ្សែរាជវង្សម៉ាឡេស៊ីមួយនេះក៏រកបានគ្រាប់នាំមុខបន្ថែម ៣-១ នៅនាទីទី ៥៣ ដោយ Juan Muniz តែ Victor Cardozo ដដែល​ក៏​រក​បាន​គ្រាប់​ទីពីរ​របស់​ខ្លួន​តាម​ពី​ក្រោយ​ឱ្យ BG Pathum។យ៉ាងណាក្តីកីឡាករម៉ាឡេស៊ី Arif Hanapi ជាអ្នកធានាជ័យជំនះឱ្យ JDT នៅនាទីទី ៧៨ យក​ឈ្នះ​នៅ​ទឹកដី BG Pathum United ៤-២ ឡើងឈរលេខ ២ ក្នុងពូល I មាន ៣ ពិន្ទុខណៈ BG Pathum មិនមានពិន្ទុនៅឡើយ។នៅក្នុងពូល I នេះដែរ Kawasaki Frontale រកបាន​ជ័យជំនះ​ទីពីរ​របស់​ខ្លួន​ក្រោយ​យក​ឈ្នះ​ក្រុម​ភ្ញៀវ​កូរ៉េ Ulsan Hyundai ១-០ ដោយគ្រាប់បាល់របស់ Kento Tachibanada នៅនាទីទី ៨៩ ដែ​ល​ជាបីពិន្ទុទីពីរឈរលើគេក្នុងពូលមាន ៦ ពិន្ទុពេញ។ងាកមកពូល G ក្រុមកូរ៉េ Incheon United យកឈ្នះក្រុមភ្ញៀវហ្វីលីពីន Kaya FC ៤-០ ដើម្បី​ឡើង​ឈរ​លើ​គេក្នុងពូលមាន ៦ ពិន្ទុពេញខណៈ Kaya បន្តគ្មានពិន្ទុរាប់។Yokohama F. Marinos រកបានជ័យជំនះ​ដំបូងរបស់​ខ្លួន​ផង​ដែរ​នៅ​ក្នុង​ពូល​ក្រោយ​ឈ្នះ​នៅទឹ​ក​ដី​ចិន​ Shandong Taishan ១-០។ក្រុមទាំងពីរមាន ៣ ពិន្ទុដូចគ្នាឆ្លងកាត់ពីរប្រកួតឈ្នះមួយចាញ់មួយ៕ អត្ថបទ៖នាង សុភាវុធ

សាលី អ៊ូមើត បើកផ្លូវឲ្យកីឡាករម៉ូតូទឹកវ័យក្មេងកម្ពុជាច្រើនរូប បានចូលរួម​ព្រឹត្តិការណ៍ពិភពលោក

2023/10/04 06:11:29 pm        477
កីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត បានបើកផ្លូវឲ្យកីឡាករវ័យក្មេងកម្ពុជាកាន់តែច្រើនរូប មាន​ឱកាសចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក ជាក់ស្ដែងក្នុងការប្រកួត Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ ដែលធ្វើឡើងនៅទីក្រុង Lake Havasu សហរដ្ឋអាមេរិក ម្ចាស់​មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមរូបនេះ បានដឹកនាំសិស្សប្អូនចំនួន ៨នាក់ ដើម្បី​ចូលរួម​ប្រកួត និងដកស្រង់បទពិសោធន៍ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ។នេះជាលើកដំបូងហើយ ដែលកម្ពុជាមានកីឡាករច្រើនរូប រហូតដល់ ៩រូប ចូលរួម​ព្រឹត្តិការណ៍​កម្រិត​​ពិភពលោកនេះ ផ្ទុយកាលពីជាង ១០ឆ្នាំមុន ដែលមានតែកីឡាករ សាលី អ៊ូមើត ប៉ុណ្ណោះ ចូលរួម​ព្រឹត្តិការណ៍នេះ ។ ភាពរីកចម្រើននេះដែរ ផ្ដើមចេញពីការបើកផ្លូវរបស់រាមច្បង សាលី អ៊ូមើល ដែលបានយកចិត្តទុកដាក់ ជំរុញ និងលើកទឹកចិត្តសិស្សប្អូន គួបផ្សំ​ការ​ផ្ដល់​កម្លាំង​ចិត្ត​របស់​អ្នក​គាំទ្រ ទើបធ្វើឲ្យពួកគេអភិវឌ្ឍន៍សមត្ថភាព រហូត​បាន​ចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិ​ជា​បន្ដ​បន្ទាប់។ថ្លែងតាមរយៈសារអេឡិចត្រូនិច អ៊ូមើត បានប្រាប់ក្រុមការងារ BTV ពីសហរដ្ឋអមេរិកថា បេសកកម្ម​លើកនេះ ក៏មិនខុសពីលើកមុនដែរ ទោះមិនមានការជ្រោមជ្រែងពីសហព័ន្ធយ៉ាងណា ក៏​លោកបានចំណាយធនធានផ្ទាល់ខ្លួន និងប្រើប្រាស់បទពិសោធន៍ចូលរួមកន្លងមក ដើម្បី​បំពេញ​ឯកសារ និងចុះឈ្មោះ ក្នុងបានដឹកនាំកីឡាករវ័យក្មេងកម្ពុជាចូលរួមការប្រកួតកម្រិតពិភពលោក នៃ​ព្រឹត្តិការណ៍ Jet Ski World Series ដែលអាមេរិកទទួលធ្វើម្ចាស់ផ្ទះការប្រកួតជុំទី៣ ក្នុង​គោល​បំណងចង់ពង្រឹងសមត្ថភាពពួកគេកាន់តែប្រសើរ ដើម្បីឈានទៅប្រកួតប្រជែង និង​ដណ្ដើម​លទ្ធផលល្អជូនជាតិ ។កីឡាករខ្មែរ-ឥស្លាម ដែលមានបទពិសោធន៍ជោគជាំក្នុងវិស័យកីឡាមួយនេះ បន្ថែមថា សម្រាប់​ការ​ប្រកួត​លំដាប់ពិភពលោក ជុំទី៣ នៅអាមេរិកនេះ ក្នុងចំណោម ៩នាក់ គឺមានកីឡាករ ៥នាក់ ត្រូវ​ធ្វើការប្រកួត រួមមាន សាលី អ៊ូមើល ដែលប្រធានក្រុមដឹកនាំផ្ទាល់, កីឡាករ កៃ វ៉ាន់ស៊ីដែន, សាលី ហ្វីលីន, មីន មូស្ដាន់ និង សិស្សប្អូន មីន អូស្មាន់ ។ រីឯកីឡាករថ្នាល ៤រូបទៀត មានកីឡាករ មូសា សាគីន, វណ្ណី វីសា, ស៊ីម សាក់នី និង ទៀត សាឡេះ គឺចូលរួមរៀនសូត្រ និងដកស្រង់បទពិសោធន៍ពីព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ សម្រាប់​យក​មក​អនុវត្ត​ក្នុងការហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាព ឆ្ពោះទៅរកការប្រកួតអន្ដរជាតិនាថ្ងៃអនាគត ។សូមបញ្ជាក់ថា  ការប្រកួតម៉ូតូទឹកកម្រិតពិភពលោក Jet Ski World Series ឆ្នាំ២០២៣ គឺបែង​ចែក​ជា ៤ជុំ ដោយជុំទី១ ប្រកួតនៅប្រទេសប៉ូឡូញ កាលពីខែឧសភា ឆ្នាំ២០២៣ តែកីឡាកម្ពុជា ពុំបានចូលរួមនោះទេ ដោយសារជាប់ភារកិច្ចក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។ ចំណែកជុំទី២ នៅប្រទេសបារាំង កាលពីខែកក្កដាកន្លងទៅ សាលី អ៊ូមើត បានដឹកនាំសិស្សប្អូន ៦រូបចូលរួម ក្នុងនោះមាន ៤នាក់ បានធ្វើការប្រកួត ដោយ​ដណ្ដើម​បាន​មេដាយមាស ២ ដោយកីឡាក សាលី ហ្វីលីន និងកីឡាករ កៃ វ៉ាន់ស៊ី, មេដាយប្រាក់ ១ ដណ្ដើម​បានដោយកីឡាករ មីន អូស្មាន់ និងមេដាយសំរឹទ្ធ ១ ដណ្ដើម​បាន​ដោយ​ប្រធាន​ក្រុម​កីឡាករ សាលី អ៊ូមើត ។ រីឯជុំទី៤ គ្រោងនឹងធ្វើការប្រកួតនៅថៃ នាចុងឆ្នាំ២០២៣ នេះ ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី កោតសរសើរកម្ពុជាប្រតិបត្តិការបង្រ្កាបនិងបោសសម្អាត Online Scams
07/29/2026 03:07 PM
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
07/29/2026 03:07 PM
តំណាងសហជីព៖ មកទល់អាណត្តិទី៧ ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំស្ទើរតែមិនមាននៅកម្ពុជា
07/29/2026 02:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមជ្ឈិមយោធា១០៨ នាទីក្រុងហាណូយ ដើម្បីជំរុញទំនាក់ទំនងប្រជាពលរដ្ឋលើវិស័យសុខុមាលភាព
07/29/2026 02:07 PM
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
07/29/2026 02:07 PM
ព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥
07/29/2026 02:07 PM
សម្តេចធិបតី ប្រកាសថា រដ្ឋនឹងចុះបញ្ជី និងផ្តល់ប័ណ្ណដីធ្លី ជូនប្រជាពលរដ្ឋឲ្យរួចរាល់នៅចុងឆ្នាំ២០២៧
07/29/2026 02:07 PM
ក្រសួងការងារ ចែករំលែកបទពិសោធពីការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ជាមួយគណៈប្រតិភូនៃប្រទេសទីម័រឡេស្តេ
07/29/2026 02:07 PM
សម្តេចធិបតី ប្រកាសសម្រេចអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធកាន់កាប់ដីធ្លីជូនដល់វីរកងទ័ព និងវីរនគរបាលនៅជួរមុខ
07/29/2026 01:07 PM
ខ្សែបន្ទាត់ពណ៌លឿងរបស់អ៊ីស្រាអែលបន្តរំកិលទៅមុខ ជំរុញពលរដ្ឋហ្កាហ្សាឲ្យចាកចេញពីលំនៅឋាន
07/29/2026 01:07 PM