Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

កីឡាករ F1 ហូឡង់ Max Verstappen តាមស្មើកំណត់ត្រា Sebastian Vettel ឈ្នះ ៩ ទីលានជាប់គ្នា

2023/08/28 06:14:43 pm        206
ជើងឯកប្រណាំង Formula One ពិភពលោក ២ សម័យ Max Verstappen ទីបំផុត​អាច​តាម​ស្មើ​​កំណត់​ត្រារបស់កីឡាករអាល្លឺម៉ង់ Sebastian Vettel បានហើយក្នុងការឈ្នះ ៩ ទីលាន​ជាប់​គ្នា បន្ទាប់ពីជ័យជំនះនៅទីលាន Zandvoort ប្រទេសហូឡង់ដែលជាទឹកដីរបស់ខ្លួន។ ចាប់ផ្តើមបានត្រឹម ១ ជុំក៏មានភ្លៀងធ្លាក់ខណៈដែលការនាំមុខរបស់ Max Verstappen ក៏​បាន​បាត់បង់​តែមិនយូរប៉ុន្មានទេ និងបានត្រលប់មកនាំមុខវិញនៅជុំទី ២២ ក្នុងចំណោម ៧២ ជុំ។ កីឡាកររបស់ក្រុម Red Bull រូបនេះក៏បានមកដល់ទីព្រ័ត្រមុនគេដើម្បីក្តោបយកជ័យជំនះទី ១១ នៃ ១៣ ប្រកួតរដូវកាលនេះ តាមពីក្រោយដោយជើងឯក ២ សម័យផងដែររបស់ក្រុម Aston Martin, Fernando Alonso បានលេខ ២ និងលេខ ៣ កីឡាករបារាំង Pierre Gasly ឡើង​ពី​លេខ​៤ មកវិញ បន្ទាប់ពីអ្នកលេខ ៣ Sergio Perez ត្រូវពិន័យ ៥ វិនាទី។ ជ័យជំនះនៅពេលនេះគឺជា Hat-Trick ឈ្នះ ៣ ឆ្នាំជាប់គ្នានៅទីលាន Zandvoort នេះដែរ​ចាប់​តាំង​ពី​ទីលានចំណាស់នៅហូឡង់នេះវិលត្រលប់មកក្នុងកាលវិភាគរបស់ F1 វិញនៅឆ្នាំ ២០២១។Max Verstappen នៅពេលនេះបន្តពន្លាតការនាំមុខក្នុងតារាងជើងឯកពិភពលោកដាច់អ្នកលេខ ២ មិត្តរួមក្រុម Sergio Perez ឡើងដល់ ១៣៨ ពិន្ទុ និងលេខ ៣ គឺ Fernando Alonso។សូមរំលឹកថាកីឡាករអាល្លឺម៉ង់ Sebastian Vettel ដែលចូលនិវត្តន៍ទៅហើយ គឺជាកី​ឡាករ​ម្នាក់​គត់​ដែល​ឈ្នះ ៩ ទីលានជាប់គ្នាគិតមកដល់ពេលនេះ ពោលគឺកំណត់ត្រានេះធ្វើបាននៅឆ្នាំ ២០១៣ នៅពេលគ្រងជើងឯកពិភពលោកលើកទី ៤៕ អត្ថបទ៖នាង សុភាវុធ

ឯកឧត្តម នេត សាវឿន ជំរុញថ្នាក់ដឹកនាំថ្មីសហព័ន្ធបាល់ទះ ត្រូវខំប្រឹងពង្រឹង និងអភិវឌ្ឍន៍បន្ថែម

2023/08/26 10:28:34 pm        1215
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញថ្នាក់ដឹកនាំថ្មី នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវបន្ដពង្រឹង និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីសម្រេចបានសមិទ្ធផលដ៏ល្អប្រសើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេសជោគជ័យនៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ។ការជំរុញនេះ ធ្វើឡើងក្នុងសន្និបាតវិសាមញ្ញរបស់សហព័ន្ធ សម្រាប់អាណត្តិទី៦ ឆ្នាំ២០២២-២០២៦ នៅថ្ងៃទី២៦ ខែសីហានេះ នៅកីឡដ្ឋានព្រីនស៍ ស្របពេលឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានប្រកាសលាលែងពីតំណាងប្រធានសហព័ន្ធ ហើយត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្រឯកឧត្តមជាប្រធានកិត្តិយស ។ចំណែករចនាសម្ព័ន្ធថ្មី នៃថ្នាក់ដឹកសហព័ន្ធ ដែលត្រូវបន្ដបេសកម្មពីឯកឧត្តមសន្ដិបណ្ឌិត រួមមានឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវបានបោះឆ្នោតគាំទ្រជាប្រធានសហព័ន្ធថ្មី និងមានឯកឧត្តម ស ថេត ជាអនុប្រធានអចិន្ដ្រៃយ៍, ឯកត្តម ប៊ូ ជុំសេរី, ឯកឧត្តម ឌី វិជ្ជា, ឯកឧត្តម ឡោ សុឡេង, ឯកឧត្តម ជួន ណារិន, ឯកឧត្តម ស រដ្ឋា, ឯកឧត្តម អ៊ូ វណ្ណា និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ គឺជាអនុប្រធាន ព្រមទាំងសមាជិក ៣៦រូបផ្សេងទៀត។ថ្លែងនាឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានអរគុណមន្ដ្រីសហព័ន្ធទាំងអស់ ដែលបានរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជាកន្លងមក រហូតទទួលបានជោគជ័យ ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដែលដណ្ដើមបានមេដាយប្រាក់ជូនជាតិ ក៏ដូចជាការត្រៀមបង្ហាញខ្លួនជាថ្មី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅចិន នាពេលឆាប់ៗខាងមុខ បន្ទាប់ពីកម្ពុជាខកខានចូលរួមអស់រយៈពេល ៥៣ឆ្នាំ ដោយសារជម្លោះផ្ទៃក្នុង និងសង្រ្គោះរ៉ាំរ៉ៃ តាំងពីឆ្នាំ១៩៧០ ។ឯកឧត្តមមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ គឺជាកម្លាំងចិត្តដ៏សំខាន់ សម្រាប់មន្ដ្រីគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ត្រូវខិតខំពង្រឹងខ្លួនបន្ថែម ដើម្បីដើរឲ្យស្របតាមតម្រូវ និងបទដ្ឋានអន្ដរជាតិ ។ អ្វីដែលពិសេស ត្រូវជំរុញឲ្យសកម្មភាពមួយចំនួនកាន់តែផុលផុសថែមទៀត ដូចជាការពង្រឹងយុវជនថ្នាល មន្ដ្រីបច្ចេកទេស គ្រូបង្វឹក ហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដារាជធានី-ខេត្ត ហើយក្រោយទទួលបានជោគជ័យលើផ្នែកបាល់ទះបុរសក្នុងសាល ក៏ត្រូវពង្រឹងបាល់ទះផ្នែកនារី និងបាល់ទាត់ឆ្នេរខ្សាច់ ទាំងបុរស-នារីផងដែរ ។ជាមួយការទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំជំនាន់មុន និងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ប្រធានសហព័ន្ធថ្មី ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍវិស័យបាល់ទះនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិថែមទៀត ក្នុងនោះការងារសំខាន់ៗ ៥ ដែលឯកឧត្តមនឹងបន្ដជំរុញបន្ថែម រួមមាន៖១, ការបណ្តុះបណ្ដាលធនធានមនុស្ស ទាំងធនធានកីឡាករគ្រប់កម្រិត ទាំងធនធានគ្រូបង្វឹក អាជ្ញាកណ្ដាល មន្រ្តីបច្ចេកទេស ដើម្បីដើរឱ្យទាន់បរិបទរបស់អន្តរជាតិ ពេលបច្ចុប្បន្ន ។២, បង្កើតសកម្មភាពប្រកួតឱ្យកាន់តែផុលផុស ទាំងការប្រកួតកម្រិតក្លិប និងក្រុមជម្រើសជាតិ ស្របតាមការគាំទ្ររបស់មហាជន នាពេលបច្ចុប្បន្ន ។៣, សិក្សាពិនិត្យលទ្ធភាពពង្រឹងសមាគម-ក្លិប តាមបណ្តាខេត្ត ឱ្យបានរឹងមាំ រួមទាំងការកសាងហេដ្ឋរចនាសម្ព័ន្ធ ឱ្យបានល្អប្រសើរ ។៤, ធ្វើការជាមួយសហព័ន្ធបាល់ទះតំបន់អាស៊ាន អាស៊ី និងអន្តរជាតិ ដើម្បីយកឱកាសនាំកម្ពុជា ចូលខ្លួនទៅកាន់ថ្នាក់តំបន់និងអន្តរជាតិ មិនថាបញ្ជូនក្រុមទៅប្រកួត ឬក៏បញ្ជូនមន្រ្តី ទៅរៀបចំដឹកនាំការប្រកួតជាដើម ។និងទី៥-ខិតខំប្រឹងប្រែងចូលរួមការប្រកួតលើឆាកអន្តរជាតិឲ្យបានច្រើន ដើម្បីនាំមេដាយ ពានរង្វាន់ និងកិត្យានុភាពឲ្យកម្ពុជាជាបន្តបន្ទាប់ នាពេលខាងមុខ ៕ អត្ថបទ៖ លី ឈុនឡា 

ភ្នំពេញក្រោន ស្ថិតក្នុងពូល F ជាមួយក្រុមមកពីអូស្ដ្រាលី ហ្វីលីពីន និងមីយ៉ាន់ម៉ា នៃវគ្គចែកពូល AFC Cup

2023/08/25 07:03:48 pm        886
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានធ្វើការចាប់ឆ្នោតបែងចែកពូល សម្រាប់​ការ​ប្រកួត​វគ្គ​ចែក​ពូល(Group Stage) នៃការប្រកួតជម្រើសជើងឯកពានរង្វាន់ AFC Cup 2023/24 រួច​ហើយ កាលពីថ្ងៃទី២៤ ខែសីហាម្សិលមិញ ដោយក្រុមតំណាងកម្ពុជា គឺក្រុមភ្នំពេញក្រោន ស្ថិត​ក្នុង​ពូល F ជាមួយក្រុមមកពី ៣ប្រទេសផ្សេងទៀត រួមមានក្រុម Macarthur FC មកពីអូស្ដ្រាលី, ក្រុម Dyanamic Herb Cebu FC មកពីហ្វីលីពីន និងក្រុម Shan United មកពីមីយ៉ាន់ម៉ា ។ការចាប់ឆ្នោតនេះ ធ្វើឡើង ១ថ្ងៃ ក្រោយបញ្ចប់ការប្រកួតជម្រុះតាមតំបន់នីមួយៗ នៃ​ពាន​រង្វាន់​កម្រិត​ទី២ ប្រចាំទ្វីបអាស៊ីនេះ ពិសេសក្រុមភ្នំពេញក្រោន ដែលបានយកឈ្នះ Young Elephants​ FC របស់ឡាវ ដោយលទ្ធផល ៣-០ ក្នុងវគ្គជម្រុះបឋម(Preliminary Stage)​ កាលពីថ្ងៃទី១៦ ខែសីហា មុនបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះ Tampines Rover FC របស់សិង្ហបុរី ដោយលទ្ធផល ៣-២ ក្នុងវគ្គ Play-Off កាលពីថ្ងៃទី២៣ ខែសីហាថ្មីៗនេះ ។ចំពោះការប្រកួតវគ្គចែកពូល នៃពានរង្វាន់ AFC Cup 2023/2024 គ្រោងនឹងធ្វើការប្រកួត ចាប់​ពី​ថ្ងៃ​ទី​១៨ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយប្រើប្រព័ន្ធប្រកួតក្នុងដី និង​ក្រៅ​ដី​(Home/Away) ពោលគឺក្រុមនីមួយៗ ត្រូវធ្វើការប្រកួត ២ជើង ដើម្បីសន្សំពិន្ទុ និងស្វែង​រក​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេឡើងវគ្គបន្ដ ។ តាមរយៈនេះ មានន័យថា ក្រុមភ្នំពេញក្រោន របស់កម្ពុជា ក៏​នឹង​ត្រូវ​ធ្វើម្ចាស់ផ្ទះចំនួន ៣ប្រកួតក សម្រាប់ការប្រកួត​ពូលF ​នៃ​វគ្គចែក​ពូល​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ផងដែរ៕ អត្ថបទ៖ លី ឈុនឡា  

ខ្សែការពារ Man United, Luke Shaw នឹងត្រូវអវត្តមានមួយខែដោយសារបញ្ហាសាច់ដុំ

2023/08/25 06:51:27 pm        211
ខ្សែការពារក្រុមបិសាចក្រហម Manchester United, Luke Shaw ​នឹងត្រូវ​អវត្តមាន​យ៉ាង​ហោច​ណាស់ ១ ខែដោយសារបញ្ហាសាច់ដុំ។កីឡាករវ័យ ២៨ ឆ្នាំរូបនេះនឹងអវត្តមានពីរប្រកួតបន្ទាប់របស់ Manchester United ក៏ដូចជា​អវត្តមាន​ពី​ក្រុមជម្រើសជាតិអង់គ្លេសផងដែរសម្រាប់ការប្រកួតវគ្គជម្រុះ Euro 2024 ពីរប្រកួត​ទល់​នឹង​អ៊ុយក្រែន និងស្កុតឡេនខែក្រោយផងដែរ។ ក្រុមរបស់លោក Erik ten Hag ក៏កំពុង​ប្រឈម​បញ្ហា​របួស​កីឡាករ​ជា​ច្រើន​ទៀត​ពោល​គឺ​ខ្សែ​ការពារ Tyrell Malacia ស្ថិតក្នុងតំណែងជាមួយ Luke Shaw ក៏របួសផងដែរ។Diogo Dalot តំណែងខ្សែការពារស្តាំ តែអាចលេងឆ្វេងដែលជាជម្រើសចុងក្រោយរបស់លោក Ten Hag។ ក្រៅពីនោះកីឡាករផ្សេងទៀតដែលស្ថិតក្នុងបញ្ជីរបួសមានខ្សែបម្រើអង់គ្លេស Mason Mount និង​ខ្សែ​ប្រយុទ្ធដាណឺម៉ាកចំនូលថ្មី Rasmus Hojlund។ Manchester United ចាប់ផ្តើមរដូវកាលឈ្នះ Wolves ១-០ មុនចាញ់នៅទឹកដី Spurs ២-០ ខណៈ​សប្តាហ៍នេះ នឹងត្រូវបើកទ្វារផ្ទះទទួល Nottingham Forest៕ អត្ថបទ៖នាង សុភាវុធ

Al-Ittihad ហ៊ានឱ្យប្រាក់ឈ្នួល Salah ច្រើនជាង Ronaldo ប្រសិន​ព្រមចាក​ចេញ​ពី Liverpool

2023/08/25 06:34:20 pm        481
រឿងរ៉ាវទិញដូរកីឡាករពីអឺរ៉ុប មិនទាន់បិទបញ្ចប់ឡើយសម្រាប់លីគបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ស្របពេលចុងក្រោយនេះក្លិបបាល់ទាត់ Al-Ittihad កំពុង​ចង់​បាន​ខ្សែ​ប្រយុទ្ធ Liverpool, Mohamed Salah។បើតាមការចុះផ្សាយពីសារព័ត៌មានជាច្រើនឱ្យដឹងថា Al-Ittihad ហ៊ានឱ្យប្រាក់ឈ្នួល Salah ច្រើន​ជាងគេនៅ Saudi Pro League រឺលើស Cristiano Ronaldo ទៅទៀត និង​ហ៊ាន​ផ្លូវ​តម្លៃ​ផ្ទេរ​ទៅ Liverpool មិនក្រោម ១០០ លានផោនឡើយដើម្បីយកកីឡាករអេស៊ីបរូបនេះ។ គេមិនទាន់ដឹងពីស្ថានភាពនៃការចរចាវិវឌ្ឍដល់កម្រិតណានៅឡើយ តែភ្លាមៗនោះដែរ ហង្ស​ក្រហម​ Liverpool បានបញ្ជាក់ថា Salah មិនស្ថិតក្នុងគម្រោងលក់របស់ក្លិបឡើយ។ កីឡាករវ័យ ៣១ ឆ្នាំ Mohamed Salah បានមកកាន់ Liverpool តាំងពីឆ្នាំ ២០១៧ ផ្ទេរពី Roma នៅសល់កិច្ចសន្យា ២ ឆ្នាំទៀតជាមួយ Liverpool បន្ទាប់ពី​ទើបចុះ​កិច្ច​សន្យា​ថ្មី​រដូវ​កាល​មុន​។គិតមកដល់ពេលនេះ Salah បានស៊ុតបញ្ចូលទី ១៨៧​ គ្រាប់ហើយក្នុងការបង្ហាញខ្លួន ៣០៧ ប្រកួ​ត​ឱ្យ Liverpool ឈ្នះពាន English Premier League, UEFA Champions League, FA Cup, League Cup, FIFA Club World Cup និង UEFA Super Cup។Liverpool រដូវកាលនេះបាត់បង់កីឡាករជាច្រើនដែលបានចាកចេញរួមមាន James Milner, Alex Oxlade-Chamberlain, Naby Keita, Fabinho និង Jordan Henderson។ ចំណែក Al-Ittihad របស់អារ៉ាប៊ីសាអ៊ូឌីតរដូវក្តៅនេះបាននាំយក Karim Benzema, Fabinho, N’Golo Kante និង Jota ពី Celtic៕​ អត្ថបទ៖នាង សុភាវុធ

ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញនឹងលាលែងពីតំណែងក្រោយថើបមាត់កីឡាការិនីបន្ទាប់ពីឈ្នះពាន World Cup

2023/08/25 06:24:09 pm        8763
ប្រធានកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales នឹងលាលែងពីតំណែង បន្ទាប់​ពី​ត្រូវ​បាន​ថ្កោល​ទោស​យ៉ាងពេញទំហឹងពីពិភពបាល់ទាត់ ចំពោះការថើបមាត់កីឡាការិនីអេស្ប៉ាញ បន្ទាប់​ពី​អេស្ប៉ាញ​ឈ្នះជើងឯកបាល់ទាត់នារីពិភពលោក នេះបើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​រាយការណ៍​នៅ​ថ្ងៃព្រហស្បតិ៍ម្សិលមិញ។លោក Rubiales អាយុ ៤៦ ឆ្នាំនឹង​ដាក់​សំណើ​លាលែង​ពី​តំណែង​ជា​ប្រធាន​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ (RFEF) នៅថ្ងៃសុក្រនេះនៅឯមហាសន្និបាតវិសាមញ្ញមួយ នេះបើ​យោង​តាម​របាយការណ៍​។បន្ទាប់ពីក្រុមអេស្ប៉ាញឈ្នះ ១-០ លើក្រុម​អង់គ្លេស​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​ស៊ីដនី​កាល​ពី​ថ្ងៃ​អាទិត្យ Rubiales បានឱបខ្សែបម្រើ Jennifer Hermoso និងថើបបបូរមាត់។រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​ទទួល​បន្ទុក​សមភាព​លោកស្រី Irene Montero សរសេរ​លើ​បណ្តាញ​សង្គម​ភ្លាម​ៗ​​បន្ទាប់ពី​របាយការណ៍​នេះ​បាន​លេច​ឡើង​ថា "​ភាពជា​ស្ត្រី​កំពុង​ផ្លាស់ប្តូរ​អ្វីៗ​ទាំងអស់​" ។Rubiales ស្ថិតក្រោមសម្ពាធដែលមិនធ្លាប់មានពីមុនមកក្នុងការលាលែងពីតំណែង ជាមួយ​នឹង​ការ​រិះគន់​ជាច្រើនដូចជា នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez លីគនារីរបស់អេស្ប៉ាញ និង​ក្លឹប La Liga បុរសមួយចំនួន ក៏ដូចជាអន្តរជាតិផងដែរ។ Rubiales ក្រោយមកក៏ចេញសុំទោសជាសាធារណៈផងដែរ តែនាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ថា​មិន​គ្រប់​គ្រាន់​ឡើយ៕ អត្ថបទ៖នាង សុភាវុធ

Wolves បដិសេធសំណើ ៤៧ លានផោនពី Man City ចង់បាន​ខ្សែ​បម្រើ​ព័រទុយ​ហ្គាល់ Matheus Nunes

2023/08/25 06:11:01 pm        266
ក្លិបបាល់ទាត់ Wolverhampton Wanderers បានបដិសេធសំណើ ៤៧ លានផោនពី Manchester City ដែលចង់បានខ្សែបម្រើព័រទុយហ្កាល់ Matheus Nunes។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះទើបមកដល់ Wolves ពី Sporting Lisbon រដូវកាលមុនក្នុងតម្លៃផ្ទេរ ៣៨ លានផោនថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្លិប និងបានចុះហត្ថលេខារយៈពេល ៥ ឆ្នាំ។ Man City កំពុងរកអ្នកបំពេញចំនុចខ្វះខាតនៅតំបន់បម្រើកណ្តាល បន្ទាប់​ពី​កីឡាករ​នាំ​លេង​ប៊ែលហ្ស៊ិក Kevin de Bruyne មានរបួសត្រូវសម្រាកយ៉ាងហោចណាស់ ៤ ខែ។ City ថែមទាំងចាប់អារម្មណ៍ខ្សែបម្រើស្លាប Crystal Palace ផងដែរគឺកីឡាករវ័យ ២៥ ឆ្នាំ Eberechi Eze ដែលទើបបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអង់គ្លេសលើកដំបូងកាលពីខែមិថុនា។ សម្រាប់ Wolverhampton រដូវក្តៅនេះបានលក់ចេញប្រធានក្រុម Ruben Neves ទៅ Al-Hilal តម្លៃ ៤៧ លានផោន និងខ្សែប្រយុទ្ធ Raul Jimenez ទៅកាន់ Fulham តម្លៃ ៥ លានផោន៕ អត្ថបទ៖នាង សុភាវុធ

Aymeric Laporte ចាកចេញពី Manchester City ទៅកាន់ Al-Nassr ផ្លូវការតម្លៃ ២៣.៦ លានផោន

2023/08/25 05:51:28 pm        208
ខ្សែការពារអេស្ប៉ាញ Aymeric Laporte បានសំរេចក្នុងការផ្លាស់ពី Manchester City ទៅ​កាន់​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr ក្នុងតម្លៃផ្ទេរ ២៣.៦ លានផោន។កីឡាករវ័យ ២៩ ឆ្នាំរូបនេះបង្ហាញខ្លួនសរុបជាមួយ Manchester City ១៨០ លើក រកបាន ១២ គ្រាប់ តែឱកាសលេងបាល់ជម្រើសដំបូងត្រូវបានកាត់បន្ថយរដូវកាលមុន។ លោក Pep Guardiola បានដាក់ Laporte នៅពីក្រោយជម្រើសរបស់ Manuel Akanji ហើយ​រដូវកាល​ថ្មីនេះតាំងពីការមកដល់របស់ Josko Gvardiol ពី Leipzig ធ្វើឱ្យឱកាសលេងរបស់ Laporte មានកំរិត។រំលឹកថា Aymeric Laporte បានមកដល់ Manchester City តាំងពីឆ្នាំ ២០១៨ ផ្ទេរពី Athletic Bilbao ក្នុងតម្លៃផ្ទេរ ៥៧ លានផោន និងក្លាយជាសមាជិកសំខាន់របស់ក្រុមភ្លាមៗដែរ និង​ឈ្នះ​ជើង​ឯក English Premier League ៥ លើក FA Cup ២ លើក EFL Cup ៣ លើក និង UEFA Champions League ១ លើក រដូវកាលមុន។ ការចាកចេញទៅកាន់ Al-Nassr, Aymeric Laporte នឹងរួមក្រុមជាមួយ Cristiano Ronaldo, Sadio Mane, Marcelo Brozovic, Alex Telles និង Otavio៕ អត្ថបទ៖នាង សុភាវុធ

Jeremy Doku ផ្លាស់មកកាន់ Manchester City ផ្លូវការតម្លៃ ៥៥.៤ លានផោន

2023/08/25 05:38:53 pm        241
ក្លិបបាល់ទាត់ Manchester City បានសំរេចក្នុងការនាំយកខ្សែបម្រើស្លាបប៊ែលហ្ស៊ិក Jeremy Doku ពីក្លិបបារាំង Rennes តម្លៃ ៥៥.៤ លានផោន។ កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៥ ឆ្នាំនៅ Etihad។ Jeremy Doku ដែលធ្លាប់បង្ហាញខ្លួន ១៦ ប្រកួតឱ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនោះ ទទួល​បាន​អាវ​លេខ ១១ នៅ Manchester City និងក្លាយជាកីឡាករទី ៣ ដែល​ផ្លាស់​មក​កាន់​ក្រុម​របស់​លោក​ Pep Guardiola បន្ទាប់ពី Meto Kovacic ដែលផ្លាស់ពី Chelsea តម្លៃ ២៥ លានផោន និង Josko Gvardiol ផ្លាស់ពី Leipzig តម្លៃ ៧៧ លានផោន។West Ham, Spurs និង Chelsea សុទ្ធតែចាប់អារម្មណ៍ក្នុងការផ្ទេរ Jeremy Doku ដែលស៊ុ​ត​បញ្ចូល​ទី​បាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ ប្រកួតរដូវកាលមុនជាមួយ Rennes។មុនផ្លាស់មកកាន់ City នេះ Jeremy Doku នៅសល់កិច្ចសន្យា ២ ឆ្នាំទៀតជាមួយ Rennes បន្ទាប់​ពីផ្ទេរពី Anderlecht តម្លៃ ២២.៣ លានផោនកាលពីឆ្នាំ ២០២០ មុនពេល​ទទួល​បាន​ឱកាស​កោះ​ហៅចូលក្រុមជម្រើសជាតិប៊ែលហ្ស៊ិកលើកដំបូងភ្លាមៗ៕ អត្ថបទ៖នាង សុភាវុធ

Tyson Fury ប្រកាសផ្លូវការពីការឡើងសង្វៀន នៅអារ៉ាប៊ីសាអ៊ូឌីតជួបអតីតជើងឯកទម្ងន់ធ្ងន់ UFC

2023/08/25 05:10:50 pm        250
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC កីឡាករ Tyson Fury បានប្រកាស​ជាផ្លូវ​ការ​ក្នុង​ការ​ឡើង​សង្វៀន​ជួប​ជាមួយ​អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ UFC Francis Ngannou នៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ២៨ ខែតុលា ក្នុងការប្រកួតប្រើច្បាប់ប្រដាល់សកល។ តាមពិតទៅ Fury មានគំរោងជួបជាមួយកីឡាករអ៊ុយក្រែន Oleksandr Usyk ដែល​ជា​ម្ចាស់​ជើង​ឯក IBF, IBO, WBO និង WBA ប៉ុន្តែការចរចាបរាជ័យកាលពីខែមីនា។កីឡាករវ័យ ៣៤ ឆ្នាំ Tyson Fury ខកខាន​មិន​បាន​ឡើង​សង្វៀន​ប្រកួត​ចាប់​តាំង​ពី​ការ​ប្រកួត​ដែល​គេ​អាច​ការពារខ្សែក្រវាត់ WBC របស់ខ្លួនបាននៅពេលយកឈ្នះនៅទឹកទី ១០ លើមិត្ត​រួម​ជាតិ​អង់គ្លេស Derek Chisora កាលពីខែធ្នូឆ្នាំមុន ដើម្បីបន្តស្ថិតិមិនដែលចាញ់របស់ខ្លួន។ចំណែកឯកីឡាករបារាំងកាត់កាមេរូន Francis Ngannou ត្រូវ​បាន​ដក​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​របស់​ខ្លួន​បន្ទាប់​ពី​មានជម្លោះកិច្ចសន្យាជាមួយ UFC កាលីខែមករាឆ្នាំ ២០២៣ នេះ។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះមានបទពិសោធប្រកួតលក្ខណៈ MMA ចំនួន ២០ លើក ឈ្នះ ១៧ ចាញ់ ៣ និងផ្តួលគូប្រកួតនៅលើសង្វៀន ១២ លើក៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM