គ្រូបង្វឹកជម្រើសជាតិកាប់វែរ ទទួលបានតំណែងដឹកនាំក្លិបអាជីពមួយនៅម៉ារ៉ុកក្រោយជោគជ័យនៅ World Cup
ពេជ្រ សម្បត្តិ និងឡៅ ចិត្រា ឡើងសង្វៀនកម្មវិធីពិសេសប្រចាំឆ្នាំរបស់គូបូតា ក្នុងថ្ងៃតែមួយ ថ្ងៃសុក្រនេះ
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ

ព័ត៌មានកីឡា

ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​ក្នុង​ជើងឯក​ប្រដាល់​សកល​ថ្នាក់​ជាតិ​ឆ្នាំ​២០២២

2022/12/30 05:35:39 pm        74
​ប្រដាល់​សកល៖ ក្រុមកីឡា​ប្រដាល់សកល​ក្រសួងមហាផ្ទៃបានឈ្នះ​មេដាយ​ច្រើនជាងគេ ក្នុងការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ បន្ទាប់ពី​ដំណើរការ​ប្រកួត​អស់​រយៈពេល ៤​ថ្ងៃ​កន្លងទៅចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ពិធី​បិទ​ការប្រកួត​បានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​ឲ្យ​ដឹងថា ជើងឯក​ប្រដាល់សកល​ថ្នាក់ជាតិ​ឆ្នាំនេះមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៩១នាក់មកពី ១៦​សមាគម​/​ក្លិប រាជធានី​-​ខេត្ត និង​ក្រសួង​ចូលរួម។ ជា​លទ្ធផល​ក្រសួងមហាផ្ទៃឈរ​កំពូល​តារាង​មេដាយ ដណ្ដើមបាន​មេដាយ​សរុប ៩​គ្រឿង (​មាស ៣ ប្រាក់ ៤ និង​សំរឹទ្ធ ២) គ្រា​ដែល​ក្លិប​ប្រដាល់​អា​រុណ​រៈ​ខេត្តកណ្ដាលឈរ​លេខ​២ ឈ្នះ​មេដាយ​សរុប ៨​គ្រឿង​ (​មាស ២ ប្រាក់ ៤ និង​សំរឹទ្ធ​២)។​ ​ចំណែក​រាជធានី​ភ្នំពេញ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដណ្ដើមបាន​មេដាយមាស ២​គ្រឿង​ស្មើគ្នាឈរ​លេខ​៣ និង​លេខ​៤ ខណៈ​ក្លិប​សរ​សី​កីឡាឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ១ ឈរ​លេខ​៥ និង​ក្រសួងការពារជាតិដណ្ដើមបាន​មេដាយមាស ១ ឈរ​លេខ​៦ ។ ក្រៅពីនេះក៏មាន​ក្លិប​មួយចំនួនទៀតដណ្ដើមបាន​មេដាយប្រាក់ និង​សំរឹទ្ធក្នុងចំណោម ១១​វិញ្ញាសាដែល​សហព័ន្ធ​បានរៀបចំ​ក្នុងការ​ប្រកួត​ប្រចាំ​ឆ្នាំនេះ​ផងដែរ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ឆ្លងកាត់​ការប្រកួត ៤​ថ្ងៃ​កន្លងមក សហព័ន្ធ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី​ចូលរួម ដែលមាន​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ ស្របតាម​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ធនធាន​កីឡាករ​-​កីឡាការិនី ដើម្បី​ឈ្ពោះ​ទៅរក​ភាពជោគជ័យ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នាពេល​ដ៏​ខ្លី​ខាងមុខ។ រីឯ​ការបំពេញ​តួនាទី​ភារកិច្ច​របស់​មន្ដ្រី​បច្ចេកទេស​អាជ្ញាកណ្ដាល​-​ចៅក្រមក៏មាន​លក្ខណៈ​ល្អប្រសើរ​ផង​ដែរ។​ ​ជាមួយគ្នា​នោះ ប្រមុខ​សហព័ន្ធ​លោក​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន បាន​ថ្លែងអំណរគុណ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គ្រប់ភាគី​ពាក់ព័ន្ធដែល​តែង​គាំទ្រ និង​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះក្នុងន័យ​ដើម្បី​ដកស្រង់ វាស់​ស្ទង់ និង​បង្កើន​សមត្ថភាព បច្ចេកទេសរបស់​កីឡាករ​-​កីឡាការិនី ពិសេស​ក្រុម​ជម្រើសជាតិឆ្ពោះទៅរក​ការអភិវឌ្ឍ​សមត្ថភាព​កម្រិត​ខ្ពស់ និង​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជានា​ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele ទទួលមរណភាព​ក្នុង​វ័យ ៨២ឆ្នាំ

2022/12/30 05:13:42 pm        97
​បាល់ទាត់៖ ​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Pele បានទទួល​មរណភាព​ហើយ​នៅក្នុង​វ័យ ៨២ឆ្នាំ​ដោយសារ​រោគា​ពាធ​។ ​​លោក Pele មាន​បញ្ហា​ក្រលៀន និង​ក្រពេញ​ប្រូ​ស្តា​ស​ ដែល​ធ្វើឱ្យ​សុខភាព​របស់លោក​បាន​ធ្លាក់ចុះ​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ជាពិសេស​នៅក្នុង​ឆ្នាំ២០២២ នេះ​។ ​លោក Pele ធ្លាប់​បានទទួល​ការវះកាត់​យក​ដុំ​គីស​នៅក្នុង​ពោះវៀនធំ​កាលពី​ខែកញ្ញា ​ឆ្នាំ២០២១ នៅ​មន្ទីរពេទ្យ Albert Einstein ទីក្រុង Sao Paulo តែ​មិន​ចប់សព្វគ្រប់​ឡើយ ស្ថានភាព​ជំងឺ​របស់លោក Pele មិនបាន​ធូរស្បើយ​ទេ ហើយក៏​ត្រូវបញ្ជូន​ត្រលប់មក​មន្ទីរពេទ្យ​វិញ​នៅ​ចុងខែ​វិច្ឆិកា​កន្លង​ទៅមក​ទល់​ពេលនេះ​។ ​កូនស្រី​របស់លោក Pele, Nely Nascimento តែងតែ​ធ្វើ​បច្ចុប្បន្នភាព​សុខភាព​ឪពុក​របស់ខ្លួន​ជាប្រចាំ​នៅលើ​បណ្តាញ​សង្គម ខណៈ​ក្រុមគ្រួសារ​បាន​ចំណាយពេល​រួមគ្នា​នៅ​ជាមួយ​លោក Pele នៅក្នុង​មន្ទីរពេទ្យ​អំឡុង​បុណ្យ​គ្រី​ស​ស្មាន​កន្លងទៅនេះ​។ មន្ទីរពេទ្យ​បានបញ្ជាក់​ពី​មរណភាព​របស់លោក Pele ដោយសារ​ជំងឺមហារីក​ពោះវៀនធំ​។ ​Edson Arantes do Nascimento ដែល​គេ​ស្គាល់​ថា Pele បានចាប់ផ្តើម​អាជីព​បាល់ទាត់​របស់ខ្លួន​តាំងពី​វ័យ ១៧ឆ្នាំ និង​បាន​ជួយ​ប្រេ​ស៊ី​ល​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក​នៅ ១៩៥៨ នៅ​ប្រទេស​ស៊ុយអែត​។ ​លោក​បាន​ស៊ុត​បញ្ចូល​ទី ១គ្រាប់​ក្នុង​ជ័យជំនះ​លើ​វែ​ល ១-០ នៅ​វគ្គ ៨ក្រុម​ចុងក្រោយ ស៊ុត​បញ្ចូល​ទី ៣គ្រាប់​ទល់នឹង​បារាំង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ស៊ុត​បញ្ចូល​ទី ២គ្រាប់​ទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ជ័យជំនះ ៥-២ លើ​ម្ចាស់ផ្ទះ​ស៊ុយអែត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជួន ចាន់​ចាវ​៖ កម្ពុជា​អាច​ឈ្នះ​ប្រ៊ុយណេ​លើស​ពី ៥​គ្រាប់ បើ​សិន​មិន​ខ្ជះខ្ជាយ​ឱកាស​នៅ​វគ្គ​ទី​១

2022/12/30 04:47:52 pm        344
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាបាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ប្រ៊ុយណេ ៥-១ នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mistubishi Electric Cup 2022 កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ ប៉ុន្ដែ​ទោះ​ទទួលបាន ៣​ពិន្ទុ​បន្ថែម​យ៉ាងណាក្ដី ក៏​ខ្សែការពារ ជួន ចាន់​ចាវ ថា វគ្គ​ទី​១ ក្រុម​ខ្លួន​ធ្វើ​ពុំ​បានល្អ​ឡើយ។​ ​ការប្រកួត​ទី​៣ ក្នុង​ពូ​ល​ A ​នេះ ប្រ៊ុយណេបាន​បើក​ការ​នាំមុខ​ម្ចាស់ផ្ទះ​កម្ពុជា ១​គ្រាប់​មុនដែល​រកបាន​ដោយ​កីឡាករ​ Nurikhwan Othman ​នៅ​នាទី​២១ មុន​ខ្សែការពារ ជួន ចាន់​ចាវ តែ​ត​បញ្ចប់​ទី​គ្រាប់​តាម​ស្មើ ១-១ ឲ្យ​ក្រុម​គោព្រៃ​វិញ ក្រោយ​ការបញ្ជូន​បាល់​យ៉ាង​ល្អ​របស់​កីឡាករ ទេស សម្បត្តិ នៅ​នាទី​៣១។​ ​ចូល​វគ្គ​ទី​២ កម្ពុជាបាន​ព្យាយាម​ដាក់​សម្ពាធ​ខ្លាំង​លើ​គូប្រកួតដោយ​រកបាន ៤​គ្រាប់​ជា​បន្ដបន្ទាប់ដោយ​ខ្សែប្រយុទ្ធ​ខ្មែរ​-​អាមេរិក​ Taylor Goeung Nicolas ​នៅ​នាទី​៥០, កីឡាករ កែវ សុខ​ផេង នៅ​នាទី​៧៣ និង ២​គ្រាប់​ចុងក្រោយរកបាន​ដោយ​កីឡាករ លឹម ពិសុទ្ធ នៅ​នាទី៨០ និង​នាទី​៨៨ ដើម្បី​ធានា​ជ័យជម្នះ​ឲ្យ​កម្ពុជា​តែម្ដង។​ ​ក្រោយ​ចប់​ការប្រកួត ជួន ចាន់​ចាវ លើកឡើងថា ការប្រកួត​នេះប្រសិនបើ​ក្រុម​របស់ខ្លួនមិនសូវ​ខ្ជះ​ខ្ជាយ​ឱកាស​នៅ​វគ្គ​ទី​១ កម្ពុជាអាច​នឹង​រកបាន​គ្រាប់​បាល់​លើសពី ៥​គ្រាប់។ យ៉ាងណា​គេ​រីករាយ​នឹង​ជ័យជម្នះ​នេះ ហើយ​ប្ដេជ្ញា​នឹងធ្វើ​ឲ្យ​បានល្អ​ប្រសើរនៅ​ការប្រកួត​ចុងក្រោយ​ជាមួយ​ថៃ ដើម្បី​មានឱកាស​ឡើងទៅ​វគ្គ​បន្ដ។​ ​សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា ឈរ​លេខ​៣ និង​មាន ៦​ពិន្ទុចាញ់​ប្រៀប​ថៃ និង​ឥណ្ឌូនេស៊ី ១​ពិន្ទុ។ យ៉ាងណាក្ដី​កម្ពុជានៅសល់ ១​ប្រកួត​ទៀតដោយ​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ខាងមុខ ដោយ​កម្ពុជាត្រូវការ​ជ័យជម្នះ​ដាច់ខាត ដើម្បី​មានឱកាស​ឡើងទៅ​វគ្គ​បន្ដនៃ​ពានរង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ៕ ​អត្ថបទ៖ លី ឈុន​ឡា

Mbappe ស៊ុត ១១ម៉ែត្រ​ចុង​ម៉ោង​ឲ្យ PSG ឈ្នះ Strasbourg ២-១ តែ Neymar បាន​កាត​ក្រហម​

2022/12/29 10:14:06 pm        139
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ជ័យជំនះ ១១ម៉ែត្រ​នៅ​ចុង​វគ្គ​ទី២ ជួយ​ឱ្យ Paris Saint Germain យកឈ្នះ Strasbourg ទាំង​លំបាក ២-១ ក្របខណ្ឌ​លី​គ​កំពូល​បារាំង​សប្តាហ៍​ទី១៦​។ ​​បន្ទាប់ពី​ខ្សែការពារ​ប្រេ​ស៊ី​ល Marquinhos បើក​ការ​នាំមុខ​តាំងពី​នាទី​ទី​១៤ Marquinhos ដដែល​ក៏​ភ្លាត់​ស្នៀត​ចូល​ទី​ខ្លួនឯង​ធ្វើឱ្យ Strasbourg តាម​ស្មើ​វិញ ១-១​។ ​ក្រុម​ម្ចាស់ផ្ទះ​កាន់តែ​លំបាក​នៅពេល Neymar ទទួលបាន​កាត​លឿង​ទី​២ ​បណ្តេញ​ចេញពី​ការប្រកួត ​តែ​សំណាង​នៅ​ចុង​ម៉ោង​វិញ​នៅ​ពេល​ខ្សែ​ការពារ Strasbourg, Gerzino Nyamsi ធ្វើ​ឱ្យ​មាន​កំហុស​លើ Mbappe ក្នុង​ប្រអប់​គ្រោះថ្នាក់​។ Mbappe ដែល​ទើប​ខូចចិត្ត​ចាញ់​អា​ហ្ស​ង់​ទីន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup នោះ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់ ១១ម៉ែត្រ​យក​បី​ពិន្ទុ​ឱ្យ PSG ទាំង​លំបាក​។ ​បី​ពិន្ទុ​បន្ថែម​នេះ​ធ្វើឱ្យ PSG បន្ត​ការ​នាំមុខ​នៅ​ក្រប​ខណ្ឌ​បារាំង Ligue 1 ដាច់ ៨ពិន្ទុ​ពី​ក្រុម Lens ដែលមាន​ការប្រកួត​យប់​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សហព័ន្ធ​បាល់ទាត់​ជប៉ុន​បន្ត​កិច្ចសន្យាឲ្យលោក Hajime Moriyasu ដឹកនាំ​ក្រុម​ជម្រើសជាតិ​ដល់​ឆ្នាំ២០២៦

2022/12/29 09:38:41 pm        82
​បាល់ទាត់៖ ​លោក Hajime Moriyasu នឹង​បន្ត​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ជប៉ុន​រហូតដល់ World Cup 2026 នេះ​បើតាម​ការ​សេចក្តីប្រកាស​របស់​សហព័ន្ធ​បាល់ទាត់​ជប៉ុន​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។ ​​បុរស​វ័យ ៥៤ឆ្នាំ​រូបនេះ​បាន​នាំ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ឡើងទៅ​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup នៅ​កាតា​នាពេល​កន្លងទៅ តែ​អ្វីដែល​គួរកត់សំគាល់​នោះ​គឺ​ជប៉ុន​បាន​យកឈ្នះ​ក្រុម​យក្ស​របស់​អឺរ៉ុប​ទាំង២ ​នៅក្នុង​ពូ​ល​រួមមាន​អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​។ ​យ៉ាងណាក្តី​ក្រុម​សាមូរ៉ៃ​ពណ៌​ខៀវ​មួយ​នេះ​ក៏បាន​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ក្រោម​ស្នាដៃ​ក្រុម​ជើងឯក​រង ២០១៨ ក្រូ​អាស៊ី​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​លោក Hajime Moriyasu នឹង​ក្លាយជា​គ្រូបង្វឹក​ជប៉ុន​ទី១ ដែល​នៅតែ​កាន់តំណែង​ក្រោយ​ចប់ World Cup​។​ ​រំលឹកថា​លោក Moriyasu គឺជា​អតីត​កីឡាករ​ខ្សែបម្រើ​ជម្រើសជាតិ​ជប៉ុន និង​ធ្លាប់​ដឹកនាំ​ក្លិប​ Sanfrecce Hiroshima ឈ្នះ​ជើងឯក J-League ៣លើក​មុនពេល​ចូល​ដឹកនាំ​ក្រុម U23 ជប៉ុន និង​ឈាន​ឡើងមក​ដឹកនាំ​ក្រុម​ធំ​នៅ​ឆ្នាំ២០១៨៕​អត្ថបទ​៖​នាង សុភា​វុ​ធ

របួស​ជង្គង់​ម្តងទៀត Reece James ត្រូវ​សម្រាក​យ៉ាងហោចណាស់ ១​ខែ​ទៀត​

2022/12/29 07:19:34 pm        85
​បាល់ទាត់៖ ​ខ្សែការពារ Chelsea, Reece James នឹងត្រូវ​អវត្តមាន​ពី​ការប្រកួត​យ៉ាងហោចណាស់ ៤​សប្តាហ៍​ដោយ​សារ​របួស​ជង្គង់​ អំឡុង​ការប្រកួត​កាលពី​ថ្ងៃ​អង្គារ​ពេល Chelsea យកឈ្នះ Bournemouth ២-០​។ ​​ខ្សែការពារ​អង់គ្លេសដែល​ខកខាន​មិនបាន​ជួយ​ក្រុម​ជម្រើសជាតិ​នៅ World Cup រូបនេះ​បាន​រងរបួស​ជង្គង់​ដដែល និង​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​នៅ​នាទី​ទី៥៣​។​ ​នេះ​ជា​ប្រកួត​ដំបូង​ដែល Reece James ចូល​លេង​បន្ទាប់ពី​អវត្តមាន​ច្រើន​សប្តាហ៍​មកហើយ​ដោយសា​រ​របួស​ជង្គង់​ដូចគ្នានេះ​។​ ​James បាន​បង្ហោះ​សារ​នៅលើ​គណនី Twitter របស់ខ្លួន​ថា ឆ្នាំ២០២២ ជា​ឆ្នាំ​ដ៏​តានតឹង​សំរាប់​គេ​។ ​​អ្នកចាត់ការ Chelsea, Graham Potter និយាយថា លោក​សង្ឃឹមថា​របួស​នេះនឹងមិន​ធ្ងន់ធ្ងរ​ជាង​នេះ និង​ឆាប់​បានជា​សះស្បើយ​ត្រលប់​មកជួយ​ក្រុម​វិញ​។ ​ខែមករា​ខាងមុខនេះ Chelsea មានការ​ប្រកួត​សរុប ៦ប្រកួត​ដោយ​ចាប់ពី​ថ្ងៃទី១ ខែមករា​តទៅ​ធ្វើដំណើរ​ទៅ​ទឹកដី Nottingham Forest មុន​ត្រលប់មក​ទទួល Manchester City វិញ​នៅ​ថ្ងៃទី៦៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Cody Gakpo ផ្លាស់​មកកាន់ Liverpool ផ្លូវការ​ក្នុងតម្លៃ​ផ្ទេរ ៣៥លាន​ផោន

2022/12/29 06:23:34 pm        77
​បាល់ទាត់៖ ​ក្លិប​ហង្ស​ក្រហម Liverpool បានប្រកាស​ពី​ការផ្ទេរ​ផ្លូវការ​ខ្សែប្រយុទ្ធ​ហូ​ឡង់ Cody Gakpo ពី​ក្លិប​ហូ​ឡង់ PSV Eindhoven ក្នុងតម្លៃ ៣៥លាន​ផោន​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំកន្លះ​នៅ​ទឹកដី Anfield ដែល​តម្លៃ​នៃ​ការផ្ទេរ​នេះ​អាច​នឹង​កើន​ដល់ ៤៤លាន​ផោន​អាស្រ័យ​លើ​លក្ខខណ្ឌ​ដែល​បាន​ចង​។ ​ការមកដល់​របស់ Cody Gakpo នឹង​ជួយ​ប៉ះប៉ូវ​តំបន់​ប្រយុទ្ធ​របស់ Liverpool ដែល​បាន​បាត់បង់​កីឡាករ​ពីរ​នាក់​ដោយសា​រ​របួស​រួមមាន Luiz Diaz និង Diogo Jota ដែល​នឹងត្រូវ​សម្រាក​យ៉ាងហោចណាស់​ដល់​ខែមីនា​។ ​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​មាន​ទំរង់​លេង​គួរឱ្យកត់សំគាល់​នៅ World Cup កាតា​កន្លងមក​ជាមួយ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៣គ្រាប់​នាំ​ក្រុម​ហូ​ឡង់​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ​។​​​សូមបញ្ជាក់ថា Cody Gakpo មុន World Cup បាន​ស៊ុត​បញ្ចូល​ទី ៨គ្រាប់ ១២បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន ១៤ប្រកួត​ឱ្យ PSV រដូវ​កាល​នេះ​។ ​ជាមួយគ្នា​នោះដែរ Gakpo ក៏បាន​ស៊ុត​បញ្ចូល​ទី ៣គ្រាប់ ២បាល់​បញ្ជូន​ផងដែរ​ក្នុងការ​បង្ហាញខ្លួន ៥លើក​នៅ​ក្របខណ្ឌ UEFA Europa League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Haaland ស៊ុត​ពីរ​គ្រាប់​ឱ្យ Man City ឈ្នះ Leeds បំបែក​កំណត់ត្រា​ទៀតហើយ​នៅ Premier League

2022/12/29 05:40:30 pm        91
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland ជាថ្មី​ម្តងទៀត​បាន​បំបែក​កំណត់ត្រា​នៅ Premier League ដោយ​ក្លាយជា​កីឡាករ​ក្មេង​បំផុត​រក​បាន ២០គ្រាប់​លឿន​បំផុត បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ឱ្យ Manchester City យកឈ្នះ​នៅ​ទឹកដី Leeds United ៣-១​។ ​​ជាការ​ប្រកួត​ដ៏​តានតឹង​ក្នុង​វគ្គ​ទី១ ខណៈដែល Leeds ព្យាយាម​ទប់​ធ្វើឱ្យ Manchester City តឹងចិត្ត ត្រូវ​រង់ចាំ​ដល់​នាទី​ទី៤៥+១ ចុង​វគ្គ​ទី១ ទើប​ក្រុម​របស់លោក Pep Guardiola រកបាន​គ្រាប់​នាំមុខ​ដោយ Rodri​។​ ​ឈានចូល​វគ្គ​ទី២ ភាពមិន​លោភលន់​របស់ Jack Grealish បានផ្តល់​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ឱ្យ Erling Haaland នៅ​នាទី​ទី៥១ និង ៦៤​។ ​​គិត​ត្រឹម ១៥ប្រកួត​ប៉ុណ្ណោះ Erling Haaland បាន​ស៊ុត​បញ្ចូល​ទី ២០គ្រាប់​ហើយ​នៅ Premier League រដូវ​កាល​នេះ ខណៈ Manchester City ត្រលប់​មកឈរ​លេខ២ វិញ​តាម​ពីក្រោយ​កាំភ្លើង​ធំ Arsenal ៥ពិន្ទុ​។ ​ប្រកួត​បន្ទាប់ Manchester City ត្រូវ​ទទួល Everton ខណៈ Leeds ទៅ​ទឹកដី Newcastle ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ទី៣១ ខែធ្នូ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

គុន​ល្បុក្កតោ​បើក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម ១៧០​នាក់

2022/12/29 05:29:35 pm        117
​គុន​ល្បុក្កតោ៖ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​២៨ ខែធ្នូ បានរៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៧០​នាក់។ ពិធី​បើក​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម កែវ រ៉េមី អនុប្រធាន​ទី​១ សហព័ន្ធ ហើយក៏​មានការ​ចូលរួម​ពី​ប្រតិភូ និង​កម្លាំង​ស្ម័គ្រចិត្ត​ជាច្រើន​ផងដែរ។​ លោក អ៊ូ តារា អគ្គលេខាធិការរង​សហព័ន្ធ​បាន​បញ្ជាក់ថា នេះ​គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំដែល​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា។ តែ​ដោយមាន​ការគាំទ្រ​បន្ថែម​ពី​វិស័យ​ឯកជន បាន​ជំរុញ​ឲ្យ​សហព័ន្ធ​រៀបចំ​ការប្រកួត​បានកា​ន់​តែ​ធំ និង​អស្ចារ្យ ស្របតាម​ស្ដង់ដារ​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ជា​ពិសោធន៍​ត្រៀម​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​លោក​ថា ការប្រកួត​នេះមាន​ប្រតិភូ គណៈកម្មការ គ្រូបង្វឹក និង​ក្រុមការងារ​ស្ម័គ្រចិត្ត​ចូលរួម​សរុប ២៨១​នាក់ក្នុងនោះ​មាន​កីឡាករ ១០២​នាក់ និង​កីឡាការិនី ៦៨​នាក់មកពី ២៥​សាលា​គុន និង​មកពី ១០​រាជធានី​-​ខេត្ត និង​ក្រសួង​ចំនួន ១។ ក្រោម​ការចង្អុលបង្ហាញ​របស់​ប្រធាន​សហព័ន្ធ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ច័ន្ទ សារុន សហព័ន្ធ​ក៏បាន​គិតគូរ​ដល់​ការធ្វើដំណើរ ហូបចុក និង​ស្នាក់នៅដល់​អ្នកចូលរួម​ទាំង​អស់​ផងដែរ។​ ​ឆ្លៀតឱកាស​នោះ ឯកឧត្តម កែវ រ៉េមី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ចលនា​គាំទ្រ​ក្បាច់គុន​ល្បុក្កតោ ទាំង​រដ្ឋ និង​វិស័យ​ឯកជនដែល​រួមចំណែក​អភិវឌ្ឍន៍​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។ បន្ថែម​លើ​នេះ ឯកឧត្តម​បាន​អំពាវនាវ​ដល់​អាជ្ញាកណ្ដាល​-​ចៅក្រមត្រូវ​កាត់សេចក្ដី​ដោយ​អ​ព្យា​ក្រឹត្យ​បំផុត ដើម្បី​ផ្តល់នូវ​យុត្តិធម៌​ដល់​កីឡាករ​-​កីឡាការិនី ពិសេស​សម្រិតសម្រាំង​បាន​នូវ​ធនធាន​កីឡាករ​-​កីឡាការិនី​មាន​សមត្ថភាព​ពិតប្រាកដ ដើម្បី​ជំរុញ​វិស័យ​កីឡា​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​នេះ​ឲ្យ​កាន់តែ​ខ្លាំងក្លា និង​ល្បី​សុះសាយ​លើ​ឆាក​អន្ដរជាតិ​បន្ថែមទៀត៕​អត្ថបទ៖ លី ឈុន​ឡា​

កីឡា​កាយសម្ព័ន្ធទទួលបាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ ក្រោយ​បើក​វគ្គ​គ្រូ​ជំនាញ និង​បោះជំរំ​តាម​ខេត្ត​

2022/12/29 05:14:55 pm        70
​កាយសម្ព័ន្ធ៖ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជាបានទទួល​ផ្លែផ្កា​យ៉ាង​ល្អប្រសើរ ពី​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាលបច្ចេកទេស​គ្រូបង្វឹក​ជំនាញ និង​ការ​បោះជំរំ​តាម​ខេត្ត ដែលជា​សញ្ញាណ​មួយ​ដ៏​ល្អ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​នា​ថ្ងៃ​អនាគត។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​គ្រូ​ជំនាញ​កម្រិត​១ និង​បោះជំរំ​ (Level 1 Class P4 + Training Camp) រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅ នៅ​សាលាបឋមសិក្សា​សាលា​លេខ​ប្រាំ នៃ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។​ ​លោក​ថា នេះ​គឺជា​ការផ្លាស់ប្ដូរ​ថ្មី​មួយ ស្របតាម​បរិបថ​អន្ដរជាតិដែល​តែងមាន​ការបោះ​ជំរំ ដើម្បី​ផ្លាស់ប្ដូរ​ចំណេះ​ដឹង និង​បច្ចេកទេស​ផ្សេងៗ ជាក់ស្ដែង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​សហព័ន្ធ​បាន​អនុវត្ត​ផែនការ​នេះ គឺ​ឃើញ​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់ ក្នុងការ​ផ្ដល់ និង​ចែករំលែក​នូវ​ចំណេះដឹង​ថ្មីៗ ដើម្បី​ផលិត​បាន​នូវ​ធនធាន​គ្រូ​ប្រកបដោយ​សក្ដានុពល សម្រាប់​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា។​​​ជាមួយ​ការរៀបចំ​នូ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ជំនាញ ក៏ដូចជា​ការបោះ​ជំរំ​នេះដែរ ទាំង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង​សិក្ខាកាម​ចូលរួមបាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំង ដែល​សហព័ន្ធ​បានរៀបចំ​កម្មវិធី​នេះ​ឡើង ធ្វើ​ឲ្យ​សិក្ខាកាម​ទទួលបាន​នូវ​បទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ ដើម្បី​រួមចំណែក​វិស័យ​កីឡា​មួយ​នេះ ហើយ​គ្រប់ភាគី​ពាក់ព័ន្ធបានបង្ហាញ​ការតាំង​ចិត្ត​យ៉ាង​មុតមាំក្នុង​ការផលិត​ធនធាន​ល្អៗ ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​មេដាយ និង​ឧត្តមភាព​ជូន​ជាតិ​។​​ ​គួរ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​បច្ចេក​ទេស​គ្រូ​ជំនាញ​កម្រិត​១ និង​បោះជំរំ​នេះគឺមាន​សិក្ខាកាម​ចូលរួម ២២​នាក់មកពី​រាជធានី​ភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ចាម ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ និ​ងខេត្តកំពង់ឆ្នាំង។ ជា​លទ្ធផល​ក្រោយ​បញ្ចប់​ការសិក្សា​រយៈពេល ៥​ថ្ងៃគឺមាន​សិក្ខាកាម ១០​រូប​ទទួល​បា​និទ្ទេស​ល្អ ឬ​ស្មើនឹង ៤៥,៤៥% ខណៈ​និទ្ទេស​ល្អ​បង្គួរ​មាន ៨​នាក់ ឬ​ស្មើនឹង ៣៧,៣៦% និង​និទ្ទេស​មធ្យម​ចំនួន ៤​នាក់ ស្មើនឹង ១៨,១៨%។​ ​សម្រាប់​កម្មវិធី​រៀបចំ​ដោយ​សហព័ន្ធសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​នេះគឺ​ដើម្បី​ពង្រឹង​នូវ​គុណភាព​បច្ចេកទេស​ជូន​ដល់​គ្រូបង្វឹក​កម្រិត​១ ប្រភេទ​កីឡា​កាយសម្ព័ន្ធ​ឲ្យ​មានការ​យល់ដឹង​កាន់តែ​ប្រសើរ និង​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ​សម្រាប់​ចំណេះ​ជំនាញ​មួយ​នេះ ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ ក្នុងការជំរុញកែទម្រង់រដ្ឋបាលសាធារណៈ កម្ពុជាផ្ដោតលើសុខុមាលភាពជាតិ និងប្រជាជន
08/05/2026 12:08 PM
សម្ដេចធិបតី ចាត់ទុកកិច្ចប្រជុំរដ្ឋមន្រ្ដីវិស័យមុខងារសាធារណៈអាស៊ានជាវេទិកាដ៏សំខាន់ និងបើកចំហ
08/05/2026 12:08 PM
សម្ដេចធិបតី៖ ទោះបីបច្ចេកវិទ្យាទំនើបយ៉ាងណា ក៏មិនអាចដំណើរការដោយគ្មានកត្តាមនុស្សបានឡើយ
08/05/2026 11:08 AM
គ្រូបង្វឹកជម្រើសជាតិកាប់វែរ ទទួលបានតំណែងដឹកនាំក្លិបអាជីពមួយនៅម៉ារ៉ុកក្រោយជោគជ័យនៅ World Cup
08/05/2026 11:08 AM
រុស្ស៊ី និងអ៊ុយក្រែន បន្តវាយប្រហារដាក់គ្នាដោយបានបណ្ដាលឲ្យមនុស្សជិត៣០នាក់ស្លាប់ក្នុងសប្ដាហ៍នេះ
08/05/2026 11:08 AM
កោះតៃវ៉ាន់ បានចាប់ផ្តើមល្បែងសង្គ្រាមដ៏ធំបំផុតប្រចាំឆ្នាំ ខណៈសម្ពាធពីប្រទេសចិនកើនឡើង
08/05/2026 11:08 AM
ប្រទេសស្រីលង្កា បិទសាលារៀនខណៈទឹកជំនន់ និងបំណាក់ដីបណ្តាលឲ្យមនុស្សច្រើននាក់ស្លាប់
08/05/2026 11:08 AM
កម្ពុជាបើកកិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពនៃការវិនិយោគលើវិស័យផលិតខ្សែភ្លើងក្នុងរថយន្ត
08/05/2026 11:08 AM
ប្រធាន IDI៖ កម្ពុជានឹងបន្តស្រូបយកការវិនិយោគបន្ថែម ខណៈក្រុមហ៊ុនជាច្រើន​កំពុង​ចាប់​អារម្មណ៍​ការធ្វើធុរកិច្ចនៅកម្ពុជា
08/05/2026 11:08 AM
ការចិញ្ចឹមមាន់សាច់នៅកម្ពុជាកំពុងរីកចម្រើន ខណៈផលិតកម្មក្នុងស្រុកអាចបំពេញតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល
08/05/2026 10:08 AM