ពេជ្រ សម្បត្តិ និងឡៅ ចិត្រា ឡើងសង្វៀនកម្មវិធីពិសេសប្រចាំឆ្នាំរបស់គូបូតា ក្នុងថ្ងៃតែមួយ ថ្ងៃសុក្រនេះ
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន

ព័ត៌មានកីឡា

Newcastle កោះហៅ​អ្នកចាំទី Dubravka ដែល Manchester United ខ្ចី​ត្រលប់​មកវិញ

2023/01/02 09:52:12 pm        82
​បាល់ទាត់៖ ​ក្រុម​សារិកា​ព្រៃ Newcastle បាន​កោះហៅ​អ្នកចាំទី Martin Dubravka ដែល Manchester United ខ្ចី​ជើង​ត្រលប់​មកវិញ​។ ​អ្នកចាំទី​ជម្រើសជាតិ​ស្លូ​វ៉ា​គី​រូបនេះ​បាន​ផ្លាស់​ទៅកាន់​ទឹកដី Old Trafford កាលពី​ខែកញ្ញា​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពេញមួយ​រដូវ​កាល អមដោយ​លក្ខខណ្ឌ​ទិញ​ផ្តាច់​។ ​​តែ​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ​បង្ហាញខ្លួន​បាន​ត្រឹម ២ប្រកួត​ប៉ុណ្ណោះ​ក្រោម​ការដឹកនាំ​របស់លោក Erik ten Hag ហើយពីរ​ប្រកួត​នោះ​សុទ្ធតែ​នៅពាន Carabao Cup​។​ ​Martin Dubravka បាន​ផ្លាស់​ទៅកាន់ Newcastle កាលពី​ឆ្នាំ២០១៨ បង្ហាញខ្លួន​សរុប ១៣០ប្រកួត​បិទ​សំណាញ់​ទី​បាន ៣៧លើក​នៅ English Premier League​។ ​Newcastle កំពុង​ឈរ​លេខ៣ នៅ Premier League ៩ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Vinicius Jr រិះគន់ La Liga ថា ​ចាត់ការ​រឿង​រើសអើង​ជាតិ​សាសន៍​មិន​ចេញ​

2023/01/02 09:32:29 pm        72
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​របស់ Real Madrid, Vinicius Jr ចុង​សប្តាហ៍​កន្លង​ទៅបាន​និយាយ​រិះគន់​លី​គ​បាល់ទាត់​អេ​ស្ប៉ា​ញ La Liga ថា ​ធ្វើ​មិន​ចេញ​រឿង​រើសអើង​ជាតិ​សាសន៍ បន្ទាប់ពី​មាន​វីដេអូ​ឃ្លី​ប​នៅលើ​បណ្តាញ​សង្គម​បង្ហាញ​ពី​ការ​រើស​អើ​ស រ​បស់​អ្នកគាំទ្រ​មកលើ​ខ្លួន​អំឡុង​ការប្រកួត​។ ​​La Liga ក្រោយមក​បានចេញ​ថ្លែង​ការ​ថ្កោលទោស​ទង្វើ​អសីលធម៌​ទាំងនេះ តែ​មិនមាន​ចំណាត់ការ​អ្វី​លើសពីនេះ ដែល​ធ្វើឱ្យ​កីឡាករ​វ័យ ២២ឆ្នាំ​ប្រេ​ស៊ី​ល​មិន​សប្បាយចិត្ត​។ ​​Vinicius Junior ត្រូវបាន​គេ​ឃើញ​ទទួល​ការរើសអើង​អំឡុង​ការប្រកួត​នៅ​ទឹកដី Real Valladolid កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ នៅពេល​ដើរ​ចេញពី​ទីលាន​ការប្រកួត​ដែល Real Madrid យកឈ្នះ ២-០​។ ​​មិនមែនជា​លើកដំបូង​ឡើយ ដែលមាន​ការរើសអើង​ពី​សំណាក់​អ្នកគាំទ្រ​មកកាន់​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ ពោលគឺ​កាលពី​ខែកញ្ញា​អ្នកគាំទ្រ Atletico Madrid មួយចំនួន​បាន​បង្ហោះ​វីដេអូ​រើសអើង​ចំៗ​មកលើ​រូបគេ​នៅ​ខាងក្រៅ​កីឡដ្ឋាន Wanda Metropolitano មុន​ការប្រកួត​ទល់នឹង​ម្ចាស់ផ្ទះ Atletico Madrid៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Luis Suarez សម្រេច​ផ្លាស់​ទៅកាន់​ក្លិប​ប្រេ​ស៊ី​ល Gremio

2023/01/02 06:59:54 pm        107
បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ជើងចាស់​អ៊ុយ​រូ​ហ្កា​យ Luis Suarez បានសម្រេច​ផ្លាស់​ទៅកាន់​ក្លិប​ប្រេ​ស៊ី​ល Gremio ដោយ​គ្មាន​តម្លៃ​ផ្ទេរ ខណៈ​ទទួល​បាន​កិច្ចសន្យា ២ឆ្នាំ​។ ​​Suarez បាន​លា​ក្លិប​ដែល​ខ្លួន​ចាប់ផ្តើម​អាជីព Nacional កាលពី​ខែតុលា បន្ទាប់ពី​ចំណាយ​ពេល​នៅ​ក្លិប​ក្នុង​ស្រុក​កំណើត ៣ខែ​ស៊ុត​បញ្ចូល​ទី​បាន ៨​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១៦ ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ុយ​រូ​ហ្កា​យ​មុន​ចាកចេញ​។ កីឡាករ​វ័យ ៣៥​ឆ្នាំ​រូប​នេះ​បាន​ចំណាយ​ពេល​ដ៏​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួននៅ​អឺរ៉ុប ​ជាមួយ​ក្លិប​ហូ​ឡង់ Ajax Amsterdam, នៅ​អង់គ្លេស​ជាមួយ Liverpool និង​នៅ​អេ​ស្ប៉ា​ញ​ជាមួយ Barcelona និង Atletico Madrid​។ ​​Luis Suarez មុននេះ​បាន​ចំណាយពេល​វិស្សមកាល​របស់ខ្លួន​នៅ​ទឹកដី​អា​ហ្ស​ង់​ទីន​ក្នុងទីក្រុង Rosario ជាមួយ Lionel Messi ដែល​ទើប​ឈ្នះ​ជើងឯក World Cup ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​។ ​Gremio នឹង​ចាប់ផ្តើម​រដូវ​កាល ២០២៣ ដោយ​នឹងត្រូវ​ជួប​ជាមួយ Sao Luiz នៅ​ថ្ងៃទី​១៧ ខែ​មករា​ពាន​រង្វាន់ Recopa Gaucha Super Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

PSG ចាញ់​ក្នុង​លី​គ​លើកដំបូង​រាប់​តាំងពី​ខែមីនា​

2023/01/02 06:21:21 pm        93
​បាល់ទាត់៖ ក្រុមបាល់ទាត់​បារាំង Paris Saint Germain បាន​ស្គាល់​បរាជ័យ​ជា​លើកដំបូង​នៅក្នុង​លី​គរាប់​តាំងពី​ខែមីនា ​ឆ្នាំ២០២២ ក្រោយ​ចាញ់​ក្រុម​កំពុងមាន​ទម្រង់​លេង​ល្អ RC Lens ៣-១​។ ​​ក្រុម​លេខ២ RC Lens ចាញ់​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ១៧ប្រកួត​រដូវ​កាល​នេះ ហើយ​នៅពេលនេះ​តាម​ពីក្រោយ PSG តែ ៤ពិន្ទុ​ប៉ុណ្ណោះ​។ ​​ក្រុម​ម្ចាស់ផ្ទះ Lens បើក​ការ​នាំមុខ​តាំងពី​នាទី​ទី៥ ដោយ Frankowski តែ PSG តាម​ស្មើ​វិញ ៣នាទី​បន្ទាប់​ដោយ Hugo Ekitike​។ ​​PSG មិនមាន​វត្តមាន​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar ឡើយ​ដោយសារ​ជាប់​ពិន័យ​កាត​ក្រហម​ប្រកួត​មុន ​ខណៈដែល Lionel Messi នៅ​បន្ត​សម្រាក​ក្រោយ​ចប់ World Cup​។ ​​Lens បាន​បើក​ការ​នាំមុខ​សាជាថ្មី​នៅ​នាទី​ទី២៨ ដោយ Lois Openda មុនពេល​ដែល Alexis Claude-Maurice ជា​អ្នកធានា​ជ័យជំនះ​ឱ្យ Lens យកឈ្នះ PSG ៣-១​។ ​​Lens ស្មើ​ការប្រកួត​ទល់នឹង Nice សប្តាហ៍​មុន​ក្រោយ World Cup តែ​មុន World Cup ក្រុម​របស់លោក Franck Haise ឈ្នះ ៦ ក្នុងចំណោម ៨ប្រកួត​ចុងក្រោយ​ក្នុង​លី​គ និង​ឈ្នះ​រាល់​ការប្រកួត​ក្នុងផ្ទះ​របស់ខ្លួន ៩ប្រកួត​។ ​ចំណែក PSG ចាញ់​ប្រកួត​ដំបូង​បំផុត​តាំងពី​ខែមីនា ​ឆ្នាំ២០២២ ក្រោម​ស្នាដៃ Monaco ៣-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម ថោង ខុន ជំរុញ​យុទ្ធនាការ​កម្ពុជា​ស្អាត ដើម្បី​ត្រៀម​ស្វាគមន៍​ស៊ី​ហ្គេមឆ្នាំ​២០២៣

2023/01/02 05:49:54 pm        328
​ស៊ីហ្គេម៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និង​យុវជន​គ្រប់​ស្រទាប់វណ្ណៈចូលរួម​យុទ្ធនាការ “​កម្ពុជា​ស្អាត​” ទាំងអស់គ្នា ដើម្បី​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ការជំរុញ​នេះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បានរៀបចំ​យុទ្ធនាការ​មួយ ដើម្បី​សម្អាត​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោគឺ​យុទ្ធនាការ “​ទីលានកីឡា​ស្អាត និង​បៃតង​” នៅ​ថ្ងៃ​ចុងក្រោយនៃ​ឆ្នាំ​២០២២ មុន​ផ្លាស់ប្ដូរ​ឆ្នាំ​ថ្មី ឆ្នាំ​២០២៣ ​ដែលជា​ឆ្នាំ​ប្រវត្តិសាស្ដ្រ​សម្រាប់​កម្ពុជា ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​លើកដំបូង ដែល​នៅសល់​រយៈពេល ១២៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។​ ​ឯកឧត្តម​រដ្ឋមន្ដ្រី​មានប្រសាសន៍ថា ការរៀបចំ​យុទ្ធនាការ​នេះ ស្របពេល​ទៅនឹង​យុទ្ធនាការ​ទាំង ៤ ដែល​ CAMSOC ​បានដាក់​ចេញរួមមាន​៖ យុទ្ធនាការ​កម្ពុជា​ស្អាត​, ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ​, កីឡា​រស់ក្នុង​សន្ដិភាព និង​យុទ្ធនាការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ឥទ្ធិពល​គ្រឿងញៀន ដើម្បី​ជំរុញ​ការត្រៀម​លក្ខណៈ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ​ត្រចះ​ត្រង់ប្រកបដោយ​ឧត្តមភាព​តាម​ផែនការមេ។​​ឯកឧត្តម​បណ្ឌិត ថោង ខុន បញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នេះគឺជា​ឱកាស​មួយ សម្រាប់​កម្ពុជាក្នុងនាម​ម្ចាស់ផ្ទះ ធ្វើយ៉ាងណា​ឲ្យ​ស័​ក្ខិ​សម​នឹង​អ្វីដែល​ជាការ​ទុកចិត្ត ការជឿជាក់របស់​ភ្ញៀវ ក៏ដូចជា​ការជឿជាក់នៃ​សាធារ​ណមតិ​របស់​ប្រជាពលរដ្ឋ។ ហើយ​រាល់​ការដាក់ចេញ​នូវ​យុទ្ធនាការ​ទាំងអស់ត្រូវបាន​ដឹងលឺ និង​សាទរ​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ ក៏ដូចជា​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ដែលជា​កម្លាំង​ដ៏​ធំ​ណាស់សម្រាប់​គ្រប់​ប្រតិភូ​កីឡាដែល​នឹង​មក​ចូលរួម ដោយ​គ្មាន​ការព្រួយបារម្ភ​អ្វី​ឡើយ។​ ​យ៉ាងណាក្ដី​យុទ្ធនាការ​នេះមិនមែន​ធ្វើ​តែមួយ​ថ្ងៃ​នោះទេគឺ​ធ្វើជា​យូរ​មកហើយ តែ​ចំពោះមុខ​ស្របពេល​កម្ពុជា​ដល់ពេល​ត្រឹមតែ​ជាង ១២០​ថ្ងៃនេះ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈត្រូវ​រួមគ្នា​ធ្វើ​យ៉ាងម៉េច ជំរុញ​យុទ្ធនាការ​នេះឲ្យ​បាន​ខ្លាំង​ថែមទៀត ព្រោះ​ភាព​ស្អាតគឺជា​ភាព​ទាក់ទាញ​មួយ មិន​ត្រឹមតែ​ផ្ដល់នូវ​សុខភាព​នោះទេ តែ​ក្នុង​ជ្រុង​នៃ​ទេសចរណ៍ ភាព​ស្អាតគឺមាន​ភាព​ទាក់ទាញ​ណាស់។ ដូច្នេះ​បើសិន​មានភាព​ស្អាត មាន​គ្រប់​ទីកន្លែង វា​នឹង​បង្កើត​ភាព​ទាក់ទាញ អ្នកណា​ក៏​ចង់​មកលេង​កម្ពុជា ហើយ​ក្នុងនាម​ម្ចាស់ផ្ទះ ប្រជាពលរដ្ឋ​គ្រប់រូបក៏មាន​មោទនភាពសម្រាប់​ខ្លួនឯង និង​ប្រទេសជាតិ​ផងដែរ។​​តាមរយៈ​នេះ អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​ដដែលសង្ឃឹមថា ប្រជាពលរដ្ឋ​គ្រប់​រូបនេះនឹងចូលរួម​ជាមួយ​យុទ្ធនាការ​ទាំងអស់នេះឲ្យ​បាន​គ្រប់គ្នា និង​គ្រប់​ទីកន្លែង ដើម្បី​កម្ពុជា​ស្អាត និង​កិត្តិយស​ជាតិ ឲ្យ​ស័ក្ដិសម​នឹង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល និង​ការជឿជាក់​ទុកចិត្ត​របស់​អន្ដរជាតិ ពិសេស​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​ទាំងអស់គ្នា៕ ​អត្ថបទ៖ លី ឈុន​ឡា

AFF៖ កម្ពុជា​នឹង​ព្យាយាម​បង្កើត​អ្វីមួយ​ក្នុង​ជំនួប​ជាមួយ​ម្ចាស់ផ្ទះ​ថៃ​យប់​នេះ​

2023/01/02 05:22:10 pm        351
​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​កម្ពុជានឹងត្រូវ​ប្រកួត​បញ្ចប់​ពូ​ល​ A ​នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mitsubishi Electric Cup 2022 ដោយ​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​វេលា​ម៉ោង ៧៖៣០​នាទី​យប់​នេះនៅ​កីឡដ្ឋាន​ Thammasat ។​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមុន​ការប្រកួត គ្រូបង្វឹក​ក្រុម​ទាំងពីរសុទ្ធតែ​បានចាត់ទុក​ការប្រកួត​នេះគឺជា​ជំនួប​ដ៏​សំខាន់ ដើម្បី​ប្រជែង​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ ស្របពេល​លោក​ Ryu Hirose ​គ្រូបង្វឹក​ក្រុម​គោព្រៃ​កម្ពុជា​ថា នឹង​ព្យាយាម​បង្កើត​អ្វីមួយក្នុងជំនួប​ដ៏​ធំ​នេះ។​ ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះបាន​ទទួលស្គាល់ថា បើ​ក្រឡេកមើល​តារាង​ចំណាត់ថ្នាក់​ពិភពលោក ឬ​ FIFA Ranking ​ក៏ដូចជា​បទពិសោធន៍​កន្លងមក គឺ​ក្រុម​ជម្រើសជាតិ​ថៃធ្វើបាន​ល្អ​ជាង​កម្ពុជា។ តែ​យ៉ាងណា​លោក​ថា វា​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម​ទាំងពីរ។​ ​អ្វីដែល​​ពិសេសលោក​ Ryu Hirose ​បាន​សង្កត់ធ្ងន់ថា លោ​ក​មិន​ចង់​ឲ្យ​គ្រប់គ្នា​គិតថា វា​នឹង​ជាការ​ប្រកួត​ដ៏​ងាយស្រួល​សម្រាប់​ក្រុម​ឡើយ ស្របពេល​ក្រុម​គោព្រៃប្ដេជ្ញា​នឹង​ព្យាយាម​ធ្វើ​ឲ្យ​មួយ​ឲ្យ​កើតឡើង​ ក្នុងការ​ប្រកួត​ដ៏​សំខាន់​នេះ។​ ​ចំណែក​លោក​ Alexandre Polking ​គ្រូបង្វឹក​ក្រុម​ដំរី​សឹក​ថៃ​វិញបាន​លើកឡើងថា ទោះបី​ក្រុម​ទាំងមូលក៏ដូចជា​កូនក្រុម បានដាក់​គោលដៅ​ឈ្នះ​ក្នុង​ការប្រកួត​ដ៏​សំខាន់​នេះ តែ​លោក​ក៏មាន​ក្ដីបារម្ភ​ខ្លះ​ដែរ ដ្បិត​ក្រោយ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ពួកគេ​មាន​ពេល​ហាត់​ពេញ​បានតែ ២​ថ្ងៃ​ប៉ុណ្ណោះ។ ដូច្នេះ​លោក​ចង់​ផ្លាស់ប្ដូរ​កីឡាករ​មួយចំនួន ដើម្បី​លេង​ជាមួយ​កម្ពុជា។​ ​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃ​នេះដែរ សម្រាប់​បងប្អូន​អ្នកគាំទ្រដែលមាន​បំណង​ចង់​ចូលរួម​ទស្សនា និង​លើកទឹកចិត្ត​ក្រុម​គោព្រៃ​កម្ពុជា​ផ្ទាល់ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាក៏មាន​រៀបចំ​សំបុត្រ​ចូល​ទស្សនា​ផងដែរ ដោយ​គ្រាន់តែ​ Comment ​ដើម្បី​ក្រុមការងារ​សហព័ន្ធ​ធ្វើការ​ទាក់ទង និង​ផ្ដល់​សំបុត្រ​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​តែម្ដង។​​សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជាកំពុង​ឈរ​លេខ​៣ ក្នុង​ពូ​ល​ A ​ដោយមាន ៦​ពិន្ទុចាញ់​ប្រៀប​ក្រុម​ថៃ និង​ឥណ្ឌូនេស៊ី ១​ពិន្ទុ ខណៈ​ក្រុម​នីមួយៗនៅសល់ ១​ប្រកួត​ក្នុង​ដៃដែល​ត្រូវ​ប្រកួត​ចុងក្រោយ​ថ្ងៃនេះ។ ដូច្នេះ​ការជួប​ថៃ​យប់​នេះកម្ពុជា​ត្រូវការ​​ឈ្នះ​ដាច់ខាត ដើម្បី​មាន​ឱ​កា​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​ AFF Mitsubishi Electric Cup 2022។ ការប្រកួត​នេះក៏​នឹងមាន​ផ្សាយ​បន្ដ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​បាយ័នផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា​

បាត់​ដំណឹង​ពី​ការរៀបចំ​ប្រណាំង F1 នៅ​ប្រទេស​វៀតណាម​

2022/12/30 09:36:59 pm        36
​ប្រណាំង​រថយន្ត៖ ​របង​បិទ​ជិត​ពោរពេញ​ដោយ​កាកសំណល់​ប្លា​ស្ទិ​ក ទីលានប្រណាំង F1 នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ត្រូវបាន​គេបោះបង់​ចោល ខណៈដែល​ក្តីសង្ឃឹម​ចង់​រៀបចំ F1 លើក​ដំបូង​នៅ​កណ្តាល​រដ្ឋធានី​នៃ​ប្រទេស​វៀតណាម ​ត្រូវ​រលាយ​សាបសូន្យ​បាត់​ដំណឹង​សូន្យឈឹង​។ ​​ទីក្រុង​ហាណូយ​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រណាំង F1 ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កាល​ពី​ឆ្នាំ​២០២០ តែ​ក៏​ត្រូវបាន​លុបចោល​វិញ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ ហើយ​តាំងពី​ពេល​នោះមកក៏​គេ​មិនដែល​បានដឹង​ពី​ដំណឹង​នៃ​ការរៀបចំ F1 នៅ​ទៀតឡើយ​។ ​មកទល់​ពេល​នេះ កន្លែង​អង្គុយ​ទស្សនា​ជុំវិញ​ទីលាន​ត្រូវបាន​គេ​យក​ចេញ ហើយ​ក៏មាន​សំរាម​ខ្លះ​ដែល​ចោល​ដោយ​មនុស្ស​ដែល​ចូល​តាម​របង​ចំហ​។ ​បើតាម​គម្រោង​ទីលាន F1 នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម គឺ​ត្រូវ​ប្រណាំង​នៅលើ​ផ្លូវ​សាធារណ​តែម្តង ដែល​រួមមាន​ផ្លូវបត់ 22 ចំងាយ​មួយ​ជុំ 5.565km នឹង​ក្លាយជា​ទីលាន F1 លើផ្លូវ​សាធារណៈ​ទី​បួន​បន្ទាប់ពីម៉ូ​ណា​កូ សិង្ហ​បុរី និង​អា​ស៊ែ​បៃ​សង់​។ ​ការ​រចនា​ទីលាន​នេះ​ធ្វើឡើង​ដោយ​លោក Hermann Tilke ដែល​នឹងមាន​ផ្លូវត្រង់ 1.5km ដែល​នឹង​ឃើញ​រថយន្តប្រើ​ល្បឿន​អតិបរមា​ដល់​ទៅ 335km/h​។ ​ព្រឹត្តិការណ៍ F1 នៅ​ប្រទេស​វៀតណាម​នឹង​ក្លាយ​ជា Grand Prix ទី​បី​នៅលើ​ទឹកដី​អាស៊ីអាគ្នេយ៍​បន្ទាប់ពីសិង្ហ​បុរី និងម៉ាឡេស៊ី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បុគ្គល​បាល់ទាត់​សំខាន់ៗ​នៅលើ​ពិភពលោក​ផ្ញើ​សារ​រំលែក​ទុក្ខ​មរណភាព​របស់លោក Pele

2022/12/30 07:11:37 pm        94
បាល់ទាត់៖ ​ពិភពលោក​បាន​បាត់បង់​បុគ្គល​សំខាន់ មនុស្ស​ដែល​គេ​ចាត់ទុកថា​ជា​កំពូល​កីឡាករ​បាល់ទាត់​គឺ​លោក Pele ដែល​បានទទួល​មរណភាព​កាលពី​យប់មិញ​នៅក្នុង​វ័យ ៨២ឆ្នាំ​។ ​​ស្នាដៃ​រាប់មិនអស់​ដែល​សាង​នៅក្នុង​អាជីព​របស់ខ្លួន កិត្តិយស​ដែល​បាន​ផ្តល់ជូន​ជាតិ​របស់ខ្លួន និង​ស្នាដៃ​ដែល​រក​អ្នក​ផ្ទឹម​ពុំបាន​លោក Pele ត្រូវបាន​គេ​ចាត់ទុកថា​ជា​កំពូល​កីឡាករ​បាល់ទាត់ និង​ជា​វីរបុរស​បាល់ទាត់​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ ​មរណភាព​របស់លោក Pele មិន​ត្រឹមតែ​ជាការ​បាត់​បង់​សមាជិក​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក តែ​ជាការ​បាត់បង់​បុគ្គល​សំខាន់​របស់ពិភព​លោក​ទាំងមូល​។ "យើង​ក្រឡេក​ទៅ​មើល​ប្រតិកម្ម​របស់​តារាបាល់ទាត់​ល្បីៗ​នៅលើ​ពិភពលោក​វិញ សមាគម​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​ថា “​យើង​ចូលរួម​ជាមួយ​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​ក្នុងការ​កាន់ទុក្ខ Pele ដែលជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​បាន​ដើរតួនាទី​ត្រួសត្រាយ​ធ្វើឱ្យ​កីឡាបាល់ទាត់​ក្លាយជា​កីឡា​ដ៏​ពេញ​និយម​បំផុត​របស់​ពិភពលោក​។" ​​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar បាន​បង្ហោះ​ថា លោក Pele បាន​កែប្រែ​គ្រប់យ៉ាង​មិន​ត្រឹមតែ​បាល់ទាត់ លោក​បាន​ចាកចេញ​ទៅហើយ តែ​ស្នាដៃ​ដែល​បន្សល់ទុក ​គ្រប់គ្នា​មិនអាច​បំភ្លេច​បានឡើយ​។ ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​បង្ហោះ​នៅលើ Instagram របស់ខ្លួន​ថា សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រជាជាតិ​ប្រេ​ស៊ី​ល​ទាំងមូល និង​ក្រុមគ្រួសារ​។ ទេពកោសល្យ​របស់ Pele បាន​ជំរុញ​ទឹកចិត្ត​កីឡាករ​បាល់ទាត់ មនុស្ស​ជុំវិញ​ពិភពលោក​។ ​ចំណែកឯ​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe ដែល​តែង​ទទួល​ការកោតសរសើរ​ផ្ទាល់មាត់​ពី​លោក Pele នោះ​បានសរសេរថា ស្តេច​បាល់ទាត់​បាន​ចាកចេញ​ហើយ តែ​ស្នាដៃ​របស់គាត់​នៅ​ដិតដាម​មិនអាច​បំភ្លេចបាន​។ ​រីឯ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​វិញ រដ្ឋាភិបាល​ប្រេ​ស៊ី​ល​បានប្រកាស​ពី​ការ​កាន់ទុក្ខ​មរណភាព​របស់លោក Pele រយៈពេល​ ៣​ថ្ងៃ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ស្នាដៃ​មិនអាច​បំភ្លេចបាន​របស់លោក Pele ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់

2022/12/30 05:56:15 pm        78
​បាល់ទាត់៖ ​វីរបុរស​ប្រេ​ស៊ី​ល​លោក Pele ដែល​បានទទួល​មរណភាព​ក្នុង​វ័យ ៨២​ឆ្នាំ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ត្រូវបាន​គេ​ចាត់ទុកថា​ជា​កំពូល​កីឡាករ​បាល់ទាត់​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ ​​លោក Pele បាន​ស៊ុត​បញ្ចូល​ទី​សរុប ១២៨១គ្រាប់ក្នុងការ​បង្ហាញខ្លួន ១៣៦៣ប្រកួត​កាន់​កំណត់​ត្រា​ពិភពលោក និង​ឈ្នះ​ពាន​សំខាន់ៗ​ជាច្រើន​ក្នុង​អាជីព ២១ឆ្នាំ​ជា​កីឡាករ​បាល់ទាត់​។ Pele បាន​ចាប់ផ្តើម​លេង​បាល់​ក្នុង​ក្រុមយុវជន Bauru FC នៅ​រដ្ឋ Sao Paulo ប្រេ​ស៊ី​ល មុនពេល​ផ្លាស់​មកកាន់​ក្រុមយុវជន Santos ហើយក៏​មិន​ចំណាយពេល​យូរ​ដែរ​ក្នុង​ការឡើង​មកលេង​ក្រុម​ធំ​ក្នុង​វ័យ ១៥ឆ្នាំ​នៅ​ថ្ងៃទី៧ ខែកញ្ញា ​ឆ្នាំ១៩៥៦ និង​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​បំផុត​ក្នុង​អាជីព​នៅពេល​យកឈ្នះ Corinthians Santo Andre ៧-១​។ ​​ជាមួយ​ក្លិប​អាជីព Santos លោក Pele បាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក Copa Libertadores ដែលជា​ពាន​ដូចគ្នា​នឹង UEFA Champions League នៅ​អឺរ៉ុបក្នុងឆ្នាំ១៩៦២ និង ១៩៦៣។ ​​ជាមួយគ្នា​នោះដែរ​លោក Pele ក៏បាន​ជួយ​ក្រុម Santos ឈ្នះ​ពាន​លី​គ​កំពូល​ប្រេ​ស៊ី​ល​សរុប ៦លើក, Intercontinental Cup ២លើក, Intercontinental Supercup ១លើក, Campeonato Paulista ១០លើក និង Torneio Rio-Sao Paulo ៤លើក​។ ​​បន្ទាប់ពី​ចាកចេញ​ពី Santos នៅ​ឆ្នាំ១៩៧៤ លោក Pele ក៏បាន​សំរេចចិត្ត​ផ្លាស់​ទៅ​ក្លិប​អាមេរិក New York Cosmos នៅ​ឆ្នាំ១៩៧៥ ហើយក៏​បន្ត​ឈ្នះ​ជើងឯក ២លើក​ទៀត​នៅ​លី​គ​អាមេរិក​។ ​​ស្នាដៃ​ដែល​មិនអាច​បំភ្លេចបាន​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់លោក Pele នោះ​គឺ​លោក​បាន​ជួយ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឈ្នះ​ពាន​ជើងឯក​ពិភព​លោក ៣លើក​នៅ​ឆ្នាំ១៩៥៨ ១៩៦២ និង ១៩៧០​។ ​​Edson Arantes do Nascimento ដែល​គេ​ស្គាល់​ថា Pele បាន​ជួយ​ប្រេ​ស៊ី​ល​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក​នៅ ១៩៥៨ នៅ​ប្រទេស​ស៊ុយអែត​នៅក្នុង​វ័យ ១៧ឆ្នាំ​ប៉ុណ្ណោះ​។ ​​លោក​បាន​ស៊ុត​បញ្ចូល​ទី ១គ្រាប់​ក្នុង​ជ័យជំនះ​លើ​វែ​ល ១-០ នៅ​វគ្គ ៨ក្រុម​ចុងក្រោយ ស៊ុត​បញ្ចូល​ទី ៣គ្រាប់​ទល់នឹង​បារាំង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ស៊ុត​បញ្ចូល​ទី ២គ្រាប់​ទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ជ័យជំនះ ៥-២ លើ​ម្ចាស់ផ្ទះ​ស៊ុយអែត​។ ​​ឆ្នាំ១៩៦២ ប្រេ​ស៊ី​ល​ក្លាយជា​ប្រទេស​ដំបូង​ដែល​អាច​ការពារ​តំណែង​ជើងឯក​បាល់ទាត់​ពិភពលោក​បាន ​ខណៈ​លោក Pele នៅតែ​ជា​សមាជិក​សំខាន់​ដែល​រួមចំណែក​ឱ្យ​ប្រេ​ស៊ី​ល​ឈ្នះ​ជើងឯក​នៅពេលនោះ​។ ​​ឆ្នាំ១៩៧០ បាល់ទាត់​ពិភព​លោក​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​កលោក Pele បាន​ស៊ុត​បញ្ចូល​ទី ១​គ្រាប់​ក្នុង​ជ័យជំនះ ៤-១ លើ​អ៊ីតាលី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​សរុប​អាជីព​ជាមួយ​ក្រុម​ជម្រើសជាតិ​ពី​ឆ្នាំ១៩៥៧ ដល់ ១៩៧១ លោក Pele បង្ហាញខ្លួន​បាន ៩២លើក​រកបាន ៧៧គ្រាប់ ក្នុងនោះ​មាន ១២គ្រាប់​នៅក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​សរុប ៤លើក​ដែល​លោក​បាន​ចូលរួម​។ ​​នេះ​ជា​ស្នាដៃ​ដែល​លោក​បាន​ជួយ​ក្លិប​អាជីព និង​ក្រុម​ជម្រើសជាតិ​ដែល​ធ្វើឱ្យ​គ្រប់គ្នា​មិនអាច​បំភ្លេចបាន ជាពិសេស​គឺ​ការ​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក​ដល់​ទៅ ៣លើក​។ ​ចំណែក​ស្នាដៃ​ឯកជន​របស់លោក Pele វិញ​ច្រើន​រាប់មិនអស់​ឡើយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​ក្នុង​ជើងឯក​ប្រដាល់​សកល​ថ្នាក់​ជាតិ​ឆ្នាំ​២០២២

2022/12/30 05:35:39 pm        74
​ប្រដាល់​សកល៖ ក្រុមកីឡា​ប្រដាល់សកល​ក្រសួងមហាផ្ទៃបានឈ្នះ​មេដាយ​ច្រើនជាងគេ ក្នុងការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ បន្ទាប់ពី​ដំណើរការ​ប្រកួត​អស់​រយៈពេល ៤​ថ្ងៃ​កន្លងទៅចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ពិធី​បិទ​ការប្រកួត​បានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​ឲ្យ​ដឹងថា ជើងឯក​ប្រដាល់សកល​ថ្នាក់ជាតិ​ឆ្នាំនេះមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៩១នាក់មកពី ១៦​សមាគម​/​ក្លិប រាជធានី​-​ខេត្ត និង​ក្រសួង​ចូលរួម។ ជា​លទ្ធផល​ក្រសួងមហាផ្ទៃឈរ​កំពូល​តារាង​មេដាយ ដណ្ដើមបាន​មេដាយ​សរុប ៩​គ្រឿង (​មាស ៣ ប្រាក់ ៤ និង​សំរឹទ្ធ ២) គ្រា​ដែល​ក្លិប​ប្រដាល់​អា​រុណ​រៈ​ខេត្តកណ្ដាលឈរ​លេខ​២ ឈ្នះ​មេដាយ​សរុប ៨​គ្រឿង​ (​មាស ២ ប្រាក់ ៤ និង​សំរឹទ្ធ​២)។​ ​ចំណែក​រាជធានី​ភ្នំពេញ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដណ្ដើមបាន​មេដាយមាស ២​គ្រឿង​ស្មើគ្នាឈរ​លេខ​៣ និង​លេខ​៤ ខណៈ​ក្លិប​សរ​សី​កីឡាឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ១ ឈរ​លេខ​៥ និង​ក្រសួងការពារជាតិដណ្ដើមបាន​មេដាយមាស ១ ឈរ​លេខ​៦ ។ ក្រៅពីនេះក៏មាន​ក្លិប​មួយចំនួនទៀតដណ្ដើមបាន​មេដាយប្រាក់ និង​សំរឹទ្ធក្នុងចំណោម ១១​វិញ្ញាសាដែល​សហព័ន្ធ​បានរៀបចំ​ក្នុងការ​ប្រកួត​ប្រចាំ​ឆ្នាំនេះ​ផងដែរ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ឆ្លងកាត់​ការប្រកួត ៤​ថ្ងៃ​កន្លងមក សហព័ន្ធ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី​ចូលរួម ដែលមាន​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ ស្របតាម​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ធនធាន​កីឡាករ​-​កីឡាការិនី ដើម្បី​ឈ្ពោះ​ទៅរក​ភាពជោគជ័យ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នាពេល​ដ៏​ខ្លី​ខាងមុខ។ រីឯ​ការបំពេញ​តួនាទី​ភារកិច្ច​របស់​មន្ដ្រី​បច្ចេកទេស​អាជ្ញាកណ្ដាល​-​ចៅក្រមក៏មាន​លក្ខណៈ​ល្អប្រសើរ​ផង​ដែរ។​ ​ជាមួយគ្នា​នោះ ប្រមុខ​សហព័ន្ធ​លោក​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន បាន​ថ្លែងអំណរគុណ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គ្រប់ភាគី​ពាក់ព័ន្ធដែល​តែង​គាំទ្រ និង​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះក្នុងន័យ​ដើម្បី​ដកស្រង់ វាស់​ស្ទង់ និង​បង្កើន​សមត្ថភាព បច្ចេកទេសរបស់​កីឡាករ​-​កីឡាការិនី ពិសេស​ក្រុម​ជម្រើសជាតិឆ្ពោះទៅរក​ការអភិវឌ្ឍ​សមត្ថភាព​កម្រិត​ខ្ពស់ និង​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជានា​ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កោះតៃវ៉ាន់ បានចាប់ផ្តើមល្បែងសង្គ្រាមដ៏ធំបំផុតប្រចាំឆ្នាំ ខណៈសម្ពាធពីប្រទេសចិនកើនឡើង
08/05/2026 11:08 AM
ប្រទេសស្រីលង្កា បិទសាលារៀនខណៈទឹកជំនន់ និងបំណាក់ដីបណ្តាលឲ្យមនុស្សច្រើននាក់ស្លាប់
08/05/2026 11:08 AM
កម្ពុជាបើកកិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពនៃការវិនិយោគលើវិស័យផលិតខ្សែភ្លើងក្នុងរថយន្ត
08/05/2026 11:08 AM
ប្រធាន IDI៖ កម្ពុជានឹងបន្តស្រូបយកការវិនិយោគបន្ថែម ខណៈក្រុមហ៊ុនជាច្រើន​កំពុង​ចាប់​អារម្មណ៍​ការធ្វើធុរកិច្ចនៅកម្ពុជា
08/05/2026 11:08 AM
ការចិញ្ចឹមមាន់សាច់នៅកម្ពុជាកំពុងរីកចម្រើន ខណៈផលិតកម្មក្នុងស្រុកអាចបំពេញតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល
08/05/2026 10:08 AM
របាយការណ៍៖ អាមេរិក បានប្រើប្រាស់ស្ទើរតែទាំងអស់នៃមីស៊ីលស៊ីបគោលដៅរយៈចម្ងាយឆ្ងាយរបស់ខ្លួន
08/05/2026 10:08 AM
អ្នកវិភាគ៖ កិច្ចព្រមព្រៀងណាមួយលុះត្រាតែអ៊ីរ៉ង់ប្រកាសជាផ្លូវការថាខ្លួននឹងបញ្ឈប់ការវាយប្រហារលើនាវាស៊ីវិលអព្យាក្រឹត
08/05/2026 10:08 AM
លោក Netanyahu៖ អ៊ីស្រាអែលមិនយល់ស្របផែនការរបស់ក្រុមប្រឹក្សាសន្តិភាពក្នុងការរំសាយអាវុធក្រុមហាម៉ាសទេ
08/05/2026 10:08 AM
គិតត្រឹមសប្តាហ៍ទី៣០ ក្នុងឆ្នាំ២០២៦ ជំងឺគ្រុនឈាមនៅទូទាំងប្រទេស កើតមាន ៤០,៩១៥​ករណី និងបណ្តាលឱ្យមានអ្នកស្លាប់ ៥៨នាក់
08/05/2026 10:08 AM
កាកបាទក្រហមជំរុញឲ្យមានជំនួយអន្តរជាតិកាន់តែច្រើន ខណៈវិបត្តិស៊ូដង់កាន់តែធ្ងន់ធ្ងរ
08/05/2026 10:08 AM