UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន
កីឡាករ កីឡាការិនីហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ហុងកុង​ភាគ​ច្រើន​ត្រូវ​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន

ព័ត៌មានកីឡា

សហព័ន្ធ​បាល់ទាត់​ព័រទុយហ្កាល់​ច្រានចោល​ព័ត៌មាន Ronaldo ចង់​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ

2022/12/09 05:43:01 pm        92
​បាល់ទាត់៖ ​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្កាល់ FPF បាន​ច្រានចោល​ព័ត៌មាន​ដែលថា​ ខ្សែប្រយុទ្ធ Cristiano Ronaldo ចង់​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​នៅ World Cup នេះ​។ ​​សារព័ត៌មាន​មួយចំនួន​នៅ​អឺរ៉ុប​បាន​ចុះផ្សាយ​ថា កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​កំពុង​គម្រាម​ចាក​ចេញពី​ក្រុម ​បន្ទាប់ពីមិនត្រូវ​ដាក់ឱ្យ​លេង​ជម្រើស​ដំបូង​ពេល​ព័រទុយហ្កាល់​យកឈ្នះ​ស្វ៊ី​ស ៦-១ នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​ជាមួយគ្នា​នោះដែរ​នៅពេល​ប្រកួត​ចុងក្រោយ​ពូ​ល​ដែល​ព័រទុយហ្កាល់​ចាញ់​កូរ៉េ ២-១ នោះ​ក៏​គេ​ឃើញ​ប្រធាន​ក្រុមរូបនេះ​បង្ហាញ​អារម្មណ៍​មួរ​ម៉ៅ​ផងដែរ​នៅពេល​ត្រូវ​ប្តូរ​ចេញ​។ ​​យ៉ាងណាក្តី​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្កាល់​បានចេញ​សេចក្តី​ថ្លែង​ការ​របស់ខ្លួន​ភ្លាមៗ ច្រានចោល​ព័ត៌មាន​ក្តៅគគុក​នេះ​ថា​ជា​រឿង​មិន​ពិត ដែល​ព័ត៌មាន​ប៉ះពាល់​ដល់​សតិអារម្មណ៍ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​ព័រទុយហ្កាល់​ទាំងមូល​នៅ World Cup​។ ​​រំលឹកថា Ronaldo បី​ប្រកួត​នៅក្នុង​ពូ​ល​តែងតែ​ជា​ជម្រើស ១១នាក់​ដំបូង ​និង​ត្រូវបាន​ផ្លាស់ចេញ​នៅ​រយៈពេល​ប្រមាណ ២០នាទីចុងក្រោយ តែ​ការ​ផ្លាស់ចេញ​ពេល​ប៉ះ​កូរ៉េ គ្រូបង្វឹក Fernando Santo ធ្លាប់​និយាយថា មិន​ចូលចិត្ត​កាយវិការ​រប​ស់ Ronaldo ឡើយ​។​​ក្រោយមក​គ្រូបង្វឹក​ព័រទុយហ្កាល់​ដដែល​បាន​និយាយទៀតថា ការសម្រេច​ដាក់ Ronaldo ឱ្យ​បម្រុង​ពេល​យកឈ្នះ​ស្វ៊ី​ស​គឺជា​យុទ្ធសាស្ត្រ​ក្រុម​។​ ​​ខ្សែប្រយុទ្ធ Benfica, Goncalo Ramos ដែលជា​ជម្រើស​ដំបូង និង​ជាការ​លេង ១១នាក់​ដំបូង​ក្នុង​អាជីព​ជាមួយ​ក្រុម​ជម្រើសជាតិ​ដែរនោះក៏​រកបាន ៣​គ្រាប់​ម្នាក់ឯង ដែល​ធ្វើឱ្យ Ronaldo កាន់តែ​មានការ​លំបាក​បន្ថែមទៀត​ក្នុងការ​ប្រជែង​ជម្រើស ១១នាក់​ដំបូង​។ ​​ព័រទុយហ្កាល់​នឹងត្រូវ​ជួប​ម៉ា​រ៉ុ​កនៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ ដើម្បី​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាការិនី ពៅ សុខា ត្រូវ​បាន​អញ្ជើញ​ចូលរួម​វេទិកា​យុវជន​តំបន់​អាស៊ាន​-​អង្គការសហប្រជាជាតិ​នៅ​ថៃ​

2022/12/09 05:25:08 pm        76
​វ៉ូ​វី​ណា​ម​៖ កីឡាការិនី​ជម្រើសជាតិ​វ៉ូ​វី​ណា​ម​កម្ពុជា ពៅ សុខា តំណាង​យុវជន​កម្ពុជា ត្រូវបាន​អញ្ជើញ​ចូលរួម​វេទិកា​យុវជន​ថ្នាក់​តំបន់​អាស៊ាន​-​អង្គការសហប្រជាជាតិស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​ជ្រុលនិយម​តាមរយៈ​កីឡា (ASEAN-UN Reginal Youth Forum on Prevention Violet Extremism Through Sport) បានធ្វើ​ឡើង ២​ថ្ងៃនៅ​ថ្ងៃទី​០៨ និង​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ​​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាបាន​មានប្រសាសន៍ថា​ ក្នុងនាម​សហព័ន្ធ​ពិតជា​សប្បាយរីក​រាយ​ចំពោះ​ដំណឹង​នេះ​។ នេះ​ស​បញ្ជាក់ថា ​វិស័យ​កីឡា​នៅ​កម្ពុជា​ពិតជា​មានការ​រីកចម្រើន​។​ ​នេះ​មិនមែនជា​លើកដំបូង​នោះដែល​កីឡាការិនី​ដ៏​ស្រស់​សោភា​របស់​កម្ពុជា​រូបនេះ ត្រូវបាន​អន្ដរជាតិ​ជ្រើសរើស និង​អញ្ជើញ​ចូលរួម​ចែក​រំលែក​ពីបទ​ពិសោធន៍ និង​ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ​កីឡា​ក្នុង​វេទិកា​អន្ដរជាតិ ជាក់ស្ដែង​កាលពី​ចុងឆ្នាំ​២០២១ កន្លងទៅ កញ្ញា​ក៏ត្រូវ​បាន​លេខាធិការដ្ឋាន​អាស៊ានអញ្ជើញ​ចួ​ល​រួម​កម្មវិធី​ជជែក​ពិភាក្ សា​ដើម្បី​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រីក្នុង​វិស័យ​កីឡា​នៅ​អាស៊ាន និង​ការផ្តល់​កិត្តិយស​ដល់​ម្ចាស់​មេដាយ​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ាន​តូ​ក្យូ ២០២០ នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី តាមរយៈ​សន្និសីទ​វីដេអូ ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​កីឡា​ស្ត្រី​អាស៊ាន​របស់​ប្រទេស​កម្ពុជា រួមជាមួយ​នឹង​ទូត​សុច្ឆទៈ​កីឡា​ស្ត្រី​អាស៊ាន​មកពី​ប្រទេស​ ៩​ផ្សេងទៀត​ផងដែរ​៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​ចង់​ឈ្នះ​ម៉ាឡេស៊ី​យប់​នេះ ដើម្បី​ជា​ទុនត្រៀម​ពាន​ AFF Mitsubishi Electric Cup 2022

2022/12/09 05:08:23 pm        399
បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ីនា​វេលា​ម៉ោង ៨​យប់ (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ Bukit Jalil ​ប្រទេស​ម៉ាឡេស៊ី។​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត លោក​ Hirose Ryu ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជាបានបង្ហាញ​ពី​ការត្រៀមខ្លួន​រួចរាល់ សម្រាប់​ការរៀបចំ​កូនក្រុម​ត្រៀម​ការប្រកួត​មិត្តភាព​នេះ ទោះបី​មាន​រយៈពេល​ខ្លី​ក៏ដោយ។​ ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​ថា បន្ទាប់ពី​លី​គ​កំពូល​កម្ពុជាបញ្ចប់​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន ទើប​កម្ពុជា​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់ ១​ថ្ងៃមុន​ធ្វើដំណើរ​ទៅ​ម៉ាឡេស៊ី។ វា​ពិត​ជាមាន​រយៈពេល​ខ្លី ប៉ុន្ដែ​លោក​ជឿជាក់​ការរៀបចំ​បាន​យ៉ាង​ល្អ​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា យុទ្ធសាស្ដ្រ និង​បច្ចេកទេស​ចម្បង​ឆ្ពោះទៅមុខ​ដោយ​រលូន។​ ​លោក​ Hirose Ryu ​បន្ថែមថា​ ​សម្រាប់​ការប្រកួត​ដ៏​សំខាន់​សម្រាប់​យប់​នេះ ក្រុម​គោព្រៃ​កម្ពុជាចង់​ធ្វើ​ឲ្យ​បាន​លទ្ធផល​ល្អ ក៏ដូចជា​ជ័យជម្នះ ដ្បិត​ការប្រកួត​នេះគឺជា​ផ្នែក​មួយនៃ​ការរៀបចំ និង​ត្រៀមខ្លួនសម្រាប់​ការប្រកួត​ពានរង្វាន់​ AFF Mitsubishi Electric Cup 2022 ​នាពេលខាងមុខ ដែល​ទាមទារ​ឲ្យ​កូនក្រុម​ខំប្រឹង​ប្រកួត​ឲ្យ​បានល្អ​បំផុត។​​គួរ​ដឹងថា បន្ទាប់ពី​ប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី កម្ពុជា​នឹង​ត្រឡប់មក​មាតុភូមិ​វិញដើម្បី​បន្ដ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​បើកឆាក​ AFF Mitsubishi Electric Cup 2022 ដែល​កម្ពុជា​គឺ​ស្ថិតក្នុង​ពូ​ល​ A ​ខណៈ​ការប្រកួត​ដំបូងកម្ពុជា​ត្រូវ​ជួប​ក្រុម​ភ្ញៀវ​ហ្វីលីពីននា​ថ្ងៃទី​២០ ខែធ្នូ មុន​ជួប​ឥណ្ឌូនេស៊ីក្រៅ​ដីនា​ថ្ងៃទី​២៣ ខែធ្នូ។ បន្ទាប់មក​នៅ​ថ្ងៃទី​២៩ ខែធ្នូ កម្ពុជា​នឹងត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ជាថ្មី ទទួល​ក្រុម​ប្រ៊ុយណេ​វិញ​ម្ដង មុន​ការប្រកួត​បញ្ចប់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣។​ ​ចំពោះ​ការប្រកួត​ក្នុង​ដី​របស់​ក្រុម​គោព្រៃ​កម្ពុជា អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​ BTV-News ​បានទទួល​សិទ្ធ​ធ្វើការ​ផ្សាយ​ផ្ទាល់ ពី​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទស្សនា។ កុំ​ភ្លេច​ចូលរួម​ទស្សនា និង​គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​បាន​ច្រើន​កុះករ៕​អត្ថបទ៖ លី ឈុន​ឡា

Novak Djokovic នឹង​វិល​ចូល​ទឹកដី​អូស្ត្រាលី​លើកដំបូង ១ឆ្នាំ​បន្ទាប់ពី​ត្រូវ​បណ្តេញចេញ​

2022/12/08 10:01:25 pm        72
​​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic នឹងត្រូវ​ទៅកាន់​ទឹកដី​អូស្ត្រាលី​សាជាថ្មី​នៅ​ខែ​មករា​ខាងមុខ ១​ឆ្នាំ​បន្ទាប់ពី​ត្រូវ​បណ្តេញ​ចេញពី​ព្រលាន​យន្ត​ហោះដោយសារ​បញ្ហា​កូ​វីដ​-១៩​។ ​​កីឡាករ​វ័យ ៣៥​ឆ្នាំ​រូបនេះ​នឹងត្រូវ​ចូលរួម​ការប្រកួត​កម្ម​វិធី Adelaide International ដែលជា​កម្មវិធី​មួយ​ត្រៀមលក្ខណៈ​សំរាប់​ព្រឹត្តិការណ៍ Grand Slam, Australian Open​។ ​អតីត​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic ត្រូវបាន​អនុញ្ញាតឱ្យ​ប្រកួត​នៅ​ព្រឹត្តិការណ៍ Grand Slam, Australian Open វិញ បន្ទាប់ពី​ត្រូវបាន​បញ្ជា​ឱ្យ​ចាក​ចេញពី​ព្រលាន​យន្តហោះ​ប្រទេស​អូស្ត្រាលី​កាលពី​ខែមករា ដោយសារតែ​ការ​ស្នើសុំ​ទិដ្ឋាការ​មិន​មានភ្ជាប់​ជាមួយ​លិខិត​អះអាងថា ​បាន​ចាក់​វ៉ាក់សាំង​។​​​ជាមួយគ្នា​នោះដែរ Djokovic ត្រូវបាន​អាជ្ញាធរ​អូស្ត្រាលី​ហាម​មិន​ឱ្យ​ជាន់ដី​អូស្ត្រាលី​ដល់​ឆ្នាំ​២០២៥ តែ​ក្រោយ​មក​ការសម្រេច​ចិត្តបាន​ផ្លាស់ប្តូរ​។ Novak Djokovic បាន​អវត្តមាន​ពី​ការប្រកួត Grand Slam ពីរ​កម្មវិធី​ឆ្នាំនេះ​រួមមាន Australian Open និង US Open តែ​បាន​ចូល​លេង​ពីរ Grand Slam គឺ French Open ឡើង​បាន​ត្រឹម​វគ្គ ៨​នាក់​ចុងក្រោយ​មុនពេល​ឈ្នះ​ជើងឯក Wimbledon៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Eden Hazard ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ហើយ

2022/12/08 09:41:24 pm        79
​បាល់ទាត់៖ ប្រធាន​ក្រុម​ប៊ែ​ល​ហ្ស៊ិ​ក Eden Hazard បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ហើយ​នៅក្នុង​វ័យ ៣១ឆ្នាំ បន្ទាប់ពី​ប៊ែ​ល​ហ្ស៊ិ​ល​ធ្លាក់​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​នៅ World Cup​។ ​កីឡាករ​របស់ Real Madrid បាន​ចូល​លេង​ទាំង ៣ប្រកួត​របស់​ប៊ែ​ល​ហ្ស៊ិ​កនៅ​វគ្គ​ចែក​ពូ​ល​តែ​រក​គ្រាប់​បាល់​មិនបាន ខណៈ​ប៊ែ​ល​ហ្ស៊ិ​ក​យកឈ្នះ​កាណាដា ចាញ់​ម៉ា​រ៉ុ​ក និង​ស្មើ​ក្រូ​អាស៊ី​។ ​Hazard បាន​ប្រកាស​ពី​ការចូលនិវត្តន៍​របស់​ខ្លួន​នៅ​បណ្តាញ​សង្គម Instagram ដោយ​និយាយថា នេះ​ជាការ​សំរេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ អ្នក​បន្តវេន​ក៏មាន​រួចរាល់​ដែរ អរគុណ​គ្រប់គ្នា​សម្រាប់​សេចក្តី​ស្រលាញ់ និង​គាំទ្រ​កន្លងមក​។​Eden Hazard បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ដំបូង​នៅ​ឆ្នាំ២០០៨ និង​ស៊ុត​បញ្ចូល​ទី​បាន ៣៣គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១២៦លើក​ជួយ​ក្រុម​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup 2018 នៅ​រុស្ស៊ីចាញ់​បារាំង និង​ឈ្នះ​អង់គ្លេស​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៣​។ ​សូមបញ្ជាក់ថា ​តាមរយៈ​បរាជ័យ​របស់​ប៊ែ​ល​ហ្ស៊ិ​កនៅ World Cup នេះ​គ្រូបង្វឹក Roberto Martinez ក៏បាន​ចាក​ចេញពី​តំណែង​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អាល្លឺម៉ង់​បន្ត​ផ្តល់​សេចក្តីទុកចិត្ត​លើ​គ្រូ​បង្គោល Hansi Flick ទោះ​បរាជ័យ​នៅ World Cup

2022/12/08 06:57:28 pm        99
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​លោក Hansi Flick នឹង​បន្ត​ស្ថិតក្នុង​តំណែង​ដដែល​ទោះបី​បរាជ័យ​នៅ World Cup ក៏ដោយ នេះ​បើតាម​សេចក្តី​ថ្លែង​ការ​របស់​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ DFB​។ ​លោក Hansi Flick និង​អ្នកចាត់ការ​ទូទៅ Olivier Bierhoff បាន​ទទួលរង​ការរិះគន់​ខ្លាំង បន្ទាប់ពី​អាល្លឺម៉ង់​ធ្លាក់​ពី World Cup ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​លពីរ​ព្រឹត្តិការណ៍​ជាប់​គ្នា​។ ​ក្នុងនោះដែរ​លោក Olivier Bierhoff ក៏បាន​ចាក​ចេញពី​តំណែង​មុន​កិច្ចសន្យា​បញ្ចប់​ តែ​លោក Hansi Flick នឹង​បន្ត​ស្ថិតក្នុង​តំណែង​។ DFB បានឱ្យដឹងថា​ អាល្លឺម៉ង់​នឹង​បន្ត​ដាក់​គោលដៅ​ជោគជ័យ​នៅ Euro 2024 ហើយ​សហព័ន្ធ​មាន​ទំនុកចិត្ត ១០០% លើ​លោក Hansi Flick​។ ​អាល្លឺម៉ង់​បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​នៅ World Cup 2022 កាតា​នេះ​បន្ទាប់ពី​ចាញ់​ជប៉ុន ស្មើ​អេ​ស្ប៉ា​ញ និង​ឈ្នះ​កូ​ស្តា​រី​កា តែ​ជប៉ុន និង​អេ​ស្ប៉ា​ញ​បាន​ឡើង​ជុំ​បន្ត​។​កាលពី World Cup 2018 នៅ​រុស្ស៊ី​អាល្លឺម៉ង់​ក៏​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​ដែរ ដែល​នៅពេលនោះ​គឺជា​ប្រវត្តិសាស្ត្រ​នៅ World Cup សម្រាប់​អាល្លឺម៉ង់​រយៈពេល ៨០ធ្លាក់​ក្នុង​វគ្គ​ចែក​ពូ​ល​។ ​មិនតែប៉ុណ្ណោះ​អាល្លឺម៉ង់​នៅ Euro 2020 ក៏​មិនអាច​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជម្រើសជាតិ​ប្រដាល់សកល ៨​រូប​នឹង​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​កា​ហ្សា​ក់​ស្ថាន​ត្រៀម​ស៊ី​ហ្គេម

2022/12/08 06:19:30 pm        89
ប្រដាល់សកល៖ ​សហព័ន្ធ​កីឡាប្រដាល់​សកល​កម្ពុ​ជានឹង​បញ្ជូន​កីឡាករ​ជម្រើសជាតិ ៨​រូបទៅ​បោះជំរំ​ហ្វឹកហាត់នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថានរយៈពេល ២​សប្ដាហ៍ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​កីឡាករ​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា ដែល​ត្រៀម​ចេញ​បោះជំរំ​ហ្វឹកហាត់​ក្រៅ​ស្រុក​នេះរួមមាន​កីឡាករ នៅ សុខ​ទី​, សៅ រង្សី​, ទូច ដេវីត​, វ៉ែន រដ្ឋា​, ពេញ វណ្ណ​ថង​, អាន់​វ៉ា ណា​ស្រេ​ឌី​នូវ​, អុង ភារា​ក់ និង​កីឡាករ រ៉ា​ចា​ពៅ អាប់​ឌុល​ឡា ។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹងថា ការបោះ​ជំរំ​នេះ​គឺជា​ឱកាស​មួយ​ដ៏​សំខាន់បន្ថែម​លើ​ការប្រមូលផ្ដុំ​ហ្វឹកហាត់ និង​ការប្រកួត​នាពេល​កន្លងមក សម្រាប់​កីឡាករ​ធ្វើការ​ពង្រឹងសមត្ថភាព បច្ចេកទេស ឆ្ពោះទៅរក​គុណ​ផល​កម្រិត​ខ្ពស់ សម្រាប់​ត្រៀម​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣។​​លោក​ថា កំឡុងពេល​ហ្វឹកហាត់ ក្រុម​ជម្រើសជាតិ​កម្ពុជាក៏​នឹង​ប្រកួត​ដកស្រង់​បច្ចេកទេស​ជាមួយ​ជម្រើសជាតិ​គុយបា កា​ហ្សា​ក់​ស្ថាន ក៏ដូចជា​ជើង​ខ្លាំង​មួយចំនួនទៀត​មកពី​ជុំវិញ​ពិភពលោក​ទៀតផង។​ ​លើសពីនេះ សហព័ន្ធ​ក៏មាន​គម្រោង​បញ្ជូន​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា ចូលរួម​បោះជំរំ​ហ្វឹកហាត់ និង​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ​ទៀត មុន​ឈានដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែលជា​គោលដៅ​ដ៏​សំខាន់បំផុត​របស់​សហ​ព័ន្ធ សម្រាប់​ផែនការ​ឆ្នាំ​២០២៣ ផងដែរ ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ប៊ុ​យ សុ​ភ័​ណ្ឌ៕អត្ថបទ៖ លី ឈុន​ឡា

Kyle Walker៖ ខ្សែការពារ​អង់គ្លេស​នឹងមិន​ក្រាលកម្រាល​ព្រំ​ឲ្យ Mbappe ស៊ុត​ស្រួលៗ​ទេ

2022/12/08 06:01:21 pm        120
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស នឹងត្រូវ​ប្រឈម​ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​ពិភពលោក​បារាំង​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​។ ​​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​នឹង​ជា​ជំនួប​ដំបូង​រវាង​ក្រុម​ទាំងពីរ នៅលើ​ព្រឹត្តិការណ៍​បាល់ទាត់​ធំៗ​។ ​​ខ្សែប្រយុទ្ធ​បារាំង​វ័យ ២៣ឆ្នាំ Kylian Mbappe គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ World Cup ឆ្នាំនេះ​មាន​សរុប ៥គ្រាប់​ពី​ការប្រកួត ៤លើក​កន្លងមក​។ ​មុន​ជួបគ្នា​ខ្សែការពារ Manchester City, Kyle Walker បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា គ្រប់គ្នា​សុទ្ធតែ​ដឹង​ពី​សមត្ថភាព​របស់ Mbappe ជា​កីឡាករ​ដែលមាន​ទេព​កោ​ស្យ ដូច្នេះ​វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​សំរាប់​ខ្សែការពារ​អង់គ្លេស តែ​អង់គ្លេស​ក៏​មិន​ក្រាលកម្រាល​ព្រំ​ឱ្យ​ស៊ុត​ចូល​ទី​ងាយៗ​ឡើយ​។​​សូមបញ្ជាក់ថា Kyle Walker និង Kylian Mbappe ស្ថិតក្នុង​តួនាទី​ដែល​ត្រូវ​ប្រឈម​គ្នា​រវាង​ប្រយុទ្ធ និង​ការពារ ជាក់ស្តែង​អ្នក​ទាំងពីរ​បាន​ប្រឈម​គ្នា​នៅ UEFA Champions League ពីរ​រដូវ​កាល​មកហើយ​នៅពេល Manchester City ជួប Paris Saint Germain​។ ​​Man City ឈ្នះ ៣ ចាញ់ ១ ក្នុងការ​ប្រកួត​ទល់នឹង PSG ដែលមាន​វត្តមាន​កីឡាករ​ទាំងពីរ​។ ​​រំលឹកថា​ មុន​មកដល់​វគ្គ​នេះ​អង់គ្លេស​បាន​យកឈ្នះ​សេ​ណេ​ហ្កា​ល់ ៣-០ នៅ​វគ្គ ១៦ក្រុម​ ខណៈ​បារាំង​យកឈ្នះ​ប៉ូឡូញ ៣-១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

២៧​ឆ្នាំ​នៃ​ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរបាន​រួម​ចំណែក​សំខាន់​ក្នុង​កំណើន​ទេសចរណ៍ និង​សេដ្ឋកិច្ច​

2022/12/08 05:32:23 pm        251
ម៉ា​រ៉ា​តុង៖ ​គិត​ត្រឹម​ឆ្នាំ​២០២២ ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិនៅ​អង្គរវត្ត ខេត្តសៀមរាប ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) គឺមាន​រយៈពេល ២៧​ឆ្នាំ​មកហើយ ដោយ​ព្រឹត្តិការណ៍​នេះបានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កំណើន​ទេសចរណ៍ និង​សេដ្ឋកិច្ច។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បន្ទាប់ពី​បុ​រេ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះត្រូវបាន​រៀបចំ និង​បើក​ឲ្យ​មានការ​ចូលរួម​ដោយ​សេរីដោយមាន​អ្នកចូលរួម​សរុប ៧,៥៤៣​នាក់នៅ​តំបន់​អង្គរកាលពី​ថ្មីៗកន្លងទៅ។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ទេសចរណ៍ និង​កីឡា​បាន​ក្លាយ​ជា​របត់​ថ្មី​មួយ​របស់​ពិភពលោក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ហើយ​រៀងរាល់ឆ្នាំ អង្គការ​ទេសចរណ៍​ពិភពលោកបាន​វាយតម្លៃ​មាន​ទេសចរណ៍​កីឡា​ប្រមាណ ១២ ទៅ ១៥​លាន​នាក់បាន​ដើរ​កម្សាន្ត​គ្រប់​ទីកន្លែង ក្នុងនោះ​កម្ពុជា​ក៏មាន​ចំណែក​ពី ១០ ទៅ ១៥ភាគរយនៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ។​​​គួរ​ដឹងថា ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិនៅ​អង្គរវត្ត បាន​បង្កើតឡើង​ដំបូងកាលពី​ឆ្នាំ​១៩៩៦ ដោយមាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់​ប៉ុណ្ណោះ តែ​ដោយមាន​ការជំរុញ និង​គាំទ្រ​ពី​រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជារួមជាមួយ​ដៃគូ បាន​បន្ដ​រៀបចំ​ព្រឹត្តិការណ៍​នេះរហូតដល់​ទទួលបាន​ជោគជ័យ ពិសេស​មុន​ផ្ទុះ​កូ​វីដ​-១៩ ឆ្នាំ​២០១៩ ព្រឹត្តិការណ៍​នេះបាន​ទាក់ទាញ​អ្នកចូលរួម​រហូតដល់​ជាង ១៣,០០០​នាក់​ឯណោះ​។​ ​គោល​បំណង​សំខាន់ៗ​នៃ​ព្រឹត្តិការណ៍​នេះ ក្រៅពី​បំផុស​ប្រជាពលរដ្ឋ​លេង​កីឡា​ដើម្បី​សុខភាព និង​រួមចំណែក​វិស័យ​ទេសចរណ៍ ក៏ដូចជា​ផ្សព្វផ្សាយ​តំបន់​បេតិកភណ្ឌ ប្រាង្គ​ប្រាសាទនៃ​តំបន់​អង្គរ ខេត្តសៀមរាប ក៏​ដើម្បី​ផ្សារភ្ជាប់​ជាមួយ​សកម្មភាព​មនុស្ស​ធម៌ ដោយ​ការស្វែងរក​មូលនិធិ​ជួយ​ដល់​កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យ​គន្ធបុប្ផា និងអង្គការ​មនុស្សធម៌​ជាតិ​-​អន្ដរជាតិ​មួយចំនួនទៀត។ ម្យ៉ាង​ក៏​ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនៅ​កម្ពុជានា​ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ក្រូ​អាស៊ី​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​បញ្ចប់​បេក្ខភាព​ឈានមុខ​គេ​ប្រេ​ស៊ី​ល

2022/12/08 05:07:59 pm        152
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី​ត្រៀមខ្លួន​រួចរាល់ ក្នុងការ​បញ្ចប់​បេក្ខភាព​ឈានមុខ​គេ​ដែល​គេ​គិតថា ឈ្នះ​ជើងឯក World Cup ឆ្នាំនេះ​ប្រេ​ស៊ី​លត្រឹម​វគ្គ ៨ក្រុម​ចុងក្រោយ នេះ​បើតាម​ការលើកឡើង​រប​ស់​គ្រូបង្វឹក​ក្រូ​អាស៊ី​លោក Zlatko Dalic​។ ​លោក Zlatko Dalic បាន​និយាយថា ប្រេ​ស៊ី​ល​ជា​បេក្ខភាព​ឈានមុខ​គេតាមរយៈ​បទពិសោធ​របស់​ពួកគេ សមត្ថភាព និង​ទេពកោសល្យ​របស់​កីឡាករ​ដែល​ត្រូវបាន​ជ្រើសរើស ទាំងអស់នេះ​ច្បាស់​ថា​ពួកគេ​ជា​ក្រុម​មានប្រៀប​។ តែ​ទាំងអស់នេះមិនមែនជា​រឿង​ដែល​ក្រុម​របស់លោក​ត្រូវ​កោតខ្លាច តែ​ត្រូវ​ប្រឈម​គេច​មិន​ផុត ពួកយើង​ត្រូវតែមាន​ជំនឿ​ចិត្ត​លើខ្លួនឯង​។ ​រំលឹកថា ​ក្រុម​របស់លោក Dalic ឆ្លងកាត់​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី ៣លើក​នៅ World Cup 2018 បួន​ឆ្នាំមុន​នៅ​រុស្ស៊ី​ដើម្បី​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្ដ​តែ​ចាញ់​បារាំង ៤-១​។មកដល់​កាតា​ឆ្នាំ២០២២ នេះ​បទពិសោធ​ជោគជាំ​ក្នុងការ​ទាត់​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​ក៏បាន​ទំលាក់​ជប៉ុន​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ក្រូ​អាស៊ី​ប្រសិន​ឈ្នះ​ប្រេ​ស៊ី​ល​នឹងត្រូវ​ជួប​ជាមួយ​អា​ហ្ស​ង់​ទីន​ រឺ​ហូ​ឡង់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM