ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

កីឡា​កាយសម្ព័ន្ធ​ប្ដេជ្ញា​សម្រេច​ផែនការមេ​ស៊ី​ហ្គេម ក្រោយ​ជោគជ័យ​គោលដៅ​ធំៗ​ពីរ​

2022/10/27 05:09:51 pm        78
​កាយសម្ព័ន្ធ៖ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ប្ដេជ្ញា​សម្រេច​ផែនការមេ​ចុងក្រោយក្នុងការ​ដណ្ដើម​មេដាយមាស ១​គ្រឿង​ឲ្យ​ខាន​តែ​បានក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ បន្ទាប់ពី​សហព័ន្ធ​ទទួលបាន​ជោគជ័យ​នូវ​គោលដៅ​ធំៗ​ពីរ គឺ​ការ​ដណ្ដើមបាន​មេដាយប្រាក់នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម និង​ការប្រកួត​ជើងឯក​អាស៊ី នៅ​ប្រទេស​ថៃកាលពី​ថ្មីៗ។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ គ្រា​ដែល​សហព័ន្ធ​បានរៀបចំ​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន លើក​ទី​៦ ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ លោក​ថា ការប្រកួត​ប្រចាំ​ឆ្នាំនេះគឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ផែនការ​របស់​សហព័ន្ធក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ដោយ​សហព័ន្ធ​បានរៀបចំ​វិញ្ញាសា​ចំនួន ១៣ ដែល​សុទ្ធសឹង​ជា​វិញ្ញាសា​ស្ថិតក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ។​​សូមបញ្ជាក់ថា ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជាលើក​ទី​៦ ធ្វើឡើង​រយៈពេល ១​សប្ដាហ៍ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២  ​ដោយមាន​កីឡាករ​-​កីឡាការិនី​ចំនួន ៦៤​នាក់ចូលរួមមកពី​ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ។ លើសពីនេះសហព័ន្ធ​ក៏បាន​យកចិត្ត​ទុក​ដាល់​លើ​មន្ដ្រី​បច្ចេកទេស ក៏ដូចជា​អាជ្ញាកណ្ដាល​-​ចៅក្រមតាមរយៈ​ការប្រកួត​ថ្នាក់ជាតិ​នេះ ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Darwin Nunez និង Konate អាច​ចូល​លេង​បាន​ពេល Liverpool ទៅផ្ទះ Ajax យប់​នេះ​

2022/10/26 10:26:12 pm        68
​បាល់ទាត់៖ ​​ក្រុម​ហង្ស​ក្រហម Liverpool នឹងមាន​វត្តមាន​ខ្សែប្រយុទ្ធ Darwin Nunez និង​ខ្សែការពារ Ibrahima Konate ត្រលប់​មកវិញ​សម្រាប់​ការប្រកួត​រាត្រី​នេះ​នៅ​ទឹកដី Ajax Amsterdam ក្របខណ្ឌ UEFA Champions League​។ ​​Nunez និង Konate សុទ្ធតែ​បាន​ត្រលប់មក​ហ្វឹកហាត់​វិញ​ក្រោយ​ជា​ពីរ​បួស​សរសៃ​ពួរ និង​សាច់ដុំ​។ តែ Liverpool នឹង​បន្ត​មិន​មាន​វត្តមាន​របស់ Thiago Alcantara ដដែល​ដោយសារ​បញ្ហា​ត្រចៀក​។ ​​ខ្សែ​ប្រយុទ្ធ​អ៊ុយ​រូ​ហ្កា​យ Darwin Nunez ដែល​រក​បាន​បី​គ្រាប់​ក្នុង ៤ប្រកួត​ចុងក្រោយ​របស់ខ្លួន​នោះ បាន​អវត្តមាន​ពី​ការប្រកួត​ដែល​ចាញ់​នៅ​ទឹកដី Nottingham Forest សប្តាហ៍​មុន ​ខណៈ​ដែល​ខ្សែ​ការពារ​បារាំង Ibrahima Konate អវត្តមាន​តាំងពី​ថ្ងៃ​ទី១២ ខែតុលា​។​​គ្រាន់តែ​មិន​ចាញ់​ការប្រកួត​នៅ​ទឹកដី​ហូ​ឡង់​របស់ Ajax យប់​នេះ Liverpool នឹង​ធានាបាន​កៅអី​នៅ​ជុំ​បន្ត ១៦ក្រុម​ចុងក្រោយ​។ ​​តែ​បើ​ចាញ់​មានន័យថា​ ក្រុម​របស់លោក Jurgen Klopp ត្រូវ​រង់ចាំ​ប្រកួត​ចុង​ក្រោយ​នៅ​ពេល​ទទួល Napoli​។ ​​ចំណែក Napoli ដែល​ទទួលភ្ញៀវ Rangers យប់​នេះ​ដែរនោះ​មាន​កៅអី​នៅ​ជុំ​បន្ត​រួចហើយ ​ក្រោយ​ឈ្នះ​ទាំង ៤​ប្រកួត​កន្លងមក​មាន ១២​ពិន្ទុ​ពេញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Cristiano Ronaldo វិល​មក​ហ្វឹកហាត់​ជុំគ្នា​វិញ​ក្រោម​បញ្ជា​របស់ Erik ten Hag

2022/10/26 10:03:07 pm        67
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United, Cristiano Ronaldo បាន​ត្រលប់​មក​ហ្វឹកហាត់​ជុំគ្នា​វិញ​ជាមួយ​មិត្ត​រួម​ក្រុម​ហើយ បន្ទាប់ពី​ត្រូវបាន​អ្នកចាត់ការ Erik ten Hag ចាត់​បញ្ជា​ឱ្យ​ហ្វឹកហាត់​ម្នាក់ឯង​សប្តាហ៍​មុន​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​បដិសេធ​មិន​ផ្លាស់ប្តូរ​ចូល​នៅ​ចុង​ម៉ោង​ពេល Manchester United យក​ឈ្នះ Tottenham Hotspur កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ហើយ​ក្រោយមក​ក៏ត្រូវ​បាន​ដក​ឈ្មោះ​ពី​បញ្ជី​ក្រុម​ពេល​ស្មើ​នៅ​ទឹកដី Chelsea កាលពី​ថ្ងៃ​សៅរ៍​។ ​ដោយ​មិនមាន​ការបញ្ចេញ​ឱ្យ​ដឹងពី​ផ្ទៃក្នុង​ក្លិប Manchester United តែ​ត្រូវបាន​គេ​ដឹងថា​ មានការ​ជជែក​រក​ដំណោះស្រាយ​រវាង​អ្នកចាត់ការ Erik ten Hag និង Cristiano Ronaldo ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​​បន្ទាប់ពី​សប្តាហ៍​ដ៏​ក្តៅគគុក​របស់ Ronaldo ពេញ​មួយ​សប្តាហ៍​គេ​សង្កេតឃើញ​អតីត​ខ្សែប្រយុទ្ធ Real Madrid និង Juventus រូបនេះ​ត្រលប់មក​ហ្វឹកហាត់​នៅ​ទីលាន​ហ្វឹកហាត់ Carrington ប្រកបដោយ​ទឹកមុខ​ញញឹម​រីករាយ​ប្រសើរ​ជាង​មុន​។ ​Ronaldo ត្រូវបាន​គេ​រំពឹងថា​នឹង​ចូល​លេង​វិញ​ពេល Manchester United ទទួល Sheriff Tiraspol នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​នៃ​ក្របខណ្ឌ UEFA Europa League​។ ​ខ្សែការពារ​អង់គ្លេស Harry Maguire និង​ខ្សែបម្រើ​ហូ​ឡង់ Donny van der Beek ក៏​គេ​ឃើញ​ត្រលប់មក​ហ្វឹកហាត់​វិញ​ដែរ​ក្រោយ​ជា​ពីរ​បួស​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

PSG ស៊ុត Maccabi Haifa ៧​គ្រាប់ ​តែ Juventus ធ្លាក់​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល

2022/10/26 09:36:27 pm        92
​បាល់ទាត់៖ ​ក្រុម​ជើងឯក​បារាំង Paris Saint Germain មិន​ធានាបាន​កៅអី​លេខ១ ក្នុង​ពូ​ល H នៅឡើយ​ទេ​នៅ​ក្របខណ្ឌ UEFA Champions League បើទោះជា​បំបាក់​ក្រុម​ភ្ញៀវ​អ៊ីស្រាអែល Maccabi Haifa ដល់​ទៅ ៧-២ ក្តី​។ ​​ខ្សែប្រយុទ្ធ​ជួរ​មុន​របស់ PSG ទាំងបី​នាក់ Messi, Neymar និង Mbappe សុទ្ធតែ​រកបាន​គ្រាប់​បាល់​រៀងៗ​ខ្លួន​ក្នុងចំណោម ៧គ្រាប់​យប់​មិញ​​។ ​ក្រុម​ម្ចាស់ផ្ទះ PSG ៧គ្រាប់​រកបាន​ដោយ Messi ២​គ្រាប់, Mbappe ២​គ្រាប់, Neymar ១​គ្រាប់ និង Carlos Soler ១គ្រាប់ ​ខណៈ​មួយ​គ្រាប់​ទៀត​ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Maccabi Haifa​។ ​Messi ស្ទើរ​តែ​សម្រេច​បាន Hat-Trick ជា​កំណត់​ត្រា ៩​លើក​នៅ UCL ទៅហើយ​តែ​ត្រូវ​រារាំង​ដោយរ​បាទី​។ ​​យ៉ាងណាក្តី ២គ្រាប់​នេះ​ក៏បាន​ធ្វើឱ្យ Messi ក្លាយជា​កីឡា​ករទី១ ដែល​ស៊ុត​បញ្ចូល​ទី​បាន ៨០គ្រាប់​ក្នុង​វគ្គ​វិលជុំ​ក្នុង​ពូ​ល​នៅ UC ផងដែរ​។​​លទ្ធផល​នេះ​ធ្វើឱ្យ PSG ទទួលបាន​បី​ពិន្ទុ​បន្ថែម​មាន ១១ពិន្ទុ​តែ​មិនទាន់​ធានាបាន​កៅអី​លេខ១ ក្នុង​ពូ​ល​នៅឡើយ​ដោយសារតែ​ក្រុម​ព័រទុយហ្កាល់ Benfica យកឈ្នះ Juventus ៤-៣ មាន ១១ពិន្ទុ​ដូចគ្នា​។ ​Juventus បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ជា​លើកដំបូង​រាប់​តាំងពី​រដូវ​កាល ២០១៣-១៤ ក្រោយ​បរាជ័យ​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ពី​បើកឆាក​ចាញ់​ប្រកួត​ដំបូង Chelsea ឡើង​វគ្គ ១៦​ក្រុម​ UCL ក្រោយ​ឈ្នះ RB Salzburg

2022/10/26 07:14:32 pm        84
​បាល់ទាត់៖ ​​ក្រុម​ជើងឯក UEFA Champions League ឆ្នាំ២០២១ តោ​ខៀវ Chelsea បាន​ធានា​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ហើយ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី​អូទ្រីស Red Bull Salzburg​។ ​ចាប់ផ្តើម​រដូវ​កាល​ថ្មី UCL ចាញ់​នៅ​ទឹកដី Dinamo Zagreb ក្រុម​តោ​ខៀវ Chelsea បាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ក្រោម​ការដឹកនាំ​របស់លោក Graham Potter ដោយ​ឈ្នះ ៣ និង​ស្មើ ១ នៅក្នុង​ពូ​ល E នេះ​។ ​​Matteo Kovacic គឺជា​អ្នកបើក​ការនាំ​មុខមុន​ឱ្យ Chelsea នៅ​នាទី​ទី២៣ តែ​ម្ចាស់ផ្ទះ​ក៏​តាម​ស្មើ​វិញ​នៅ​ដើម​វគ្គ​ទី២ ដោយ Junior Adamu​។ ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Kai Havertz គឺជា​អ្នកសម្រេច​គ្រាប់​វ័យ​ជ័យជំនះ​ឱ្យ Chelsea ធានាបាន​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ ក៏ដូចជា​បញ្ចប់​ស្ថិតិ​ប្រកួត​មិន​ចាញ់​ក្នុង​ដី ៤០ប្រកួត​ជាប់​គ្នា​របស់ Red Bull Salzburg ផងដែរ​។ ​​តាមរយៈ​លទ្ធផល​ដែល AC Milan យកឈ្នះ​នៅ​ទឹកដី Dinamo Zagreb ៤-០ យប់មិញ​ផងដែរ​នោះ​មាន​ន័យ​ថា Chelsea កក់​កៅអី​ជុំ​បន្ត​ដោយ​ដាច់​ក្រុម​លេខ៣ Salzburg ៤ពិន្ទុ​។ ​ប្រកួត​ចុងក្រោយ AC Milan និង​ទទួល Salzburg នៅ​កីឡដ្ឋាន San Siro ប្រទេស​អ៊ីតាលី​ ខណៈ​ម្ចាស់ផ្ទះ AC Milan ត្រូវការ​ត្រឹម​ស្មើ​ដើម្បី​ឡើង​ជុំ​បន្ត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Man City ស្មើ​នៅផ្ទះ Dortmund ស្របពេល Haaland ត្រូវ​ដូរ​ចេញ​ពាក់កណ្ដាល​ទី

2022/10/26 06:40:29 pm        82
​បាល់ទាត់៖ ​​ខ្សែប្រយុទ្ធ​ជួរមុខ​របស់ Manchester City, Erling Haaland ត្រូវបាន​ផ្លាស់ចេញ​ក្រោយ​ចប់​វគ្គ​ទី១ សម្រាប់​ការប្រកួត​ស្មើ ០-០ នៅ​ទឹកដី​អាល្លឺម៉ង់ Borussia Dortmund យប់មិញ​។ ​​Manchester City ដែល​ធានាបាន​កៅអី​ទៅ​វគ្គ​បន្ត​ទៅហើយនោះ បានដាក់​កីឡាករ​សំខាន់​ឱ្យ​សម្រាក​ច្រើនតែ​លើកលែង Haaland នៅតែ​ចាប់ផ្តើម ១១នាក់​ដដែល​។ ​​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក Pep Guardiola បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ថា Haaland មានការ​ប៉ះទង្គិច​ក្នុង​វគ្គ​ទី១ និង​បារម្ភ​ថា ​ខ្សែប្រយុទ្ធ​ន័​រវេ​សរូប​នេះ​អាចមាន​របួស​លើសពីនេះ ដូច្នេះ​សម្រេចចិត្ត​ដូរ​ចេញ​។ ​​Erling Haaland បាន​ស៊ុត​បញ្ចូល​ទី ២២គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ដំបូង​ឱ្យ Manchester City ១៥ប្រកួត តែ​ការប្រកួត​នៅ​ទឹកដី Dortmund យប់មិញ​មានឱកាស​ប៉ះបាល់​ត្រឹម ១៣ជើង​ប៉ុណ្ណោះ និង​ឱកាស​ស៊ុត​មួយ​លើក​មុនពេល​ដូច​ជំនួស​ដោយ Joao Cancelo​។​​Man City មានឱកាស​ស៊ុត​គ្រាប់​ជ័យជំនះ​ពី Riyad Mahrez តែ​កីឡាករ​អាល់​ហ្សេ​រី​រូបនេះ​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​មិន​ចូល តែ​យ៉ាងណាក្តី​លទ្ធផល​ស្មើ​នៅ​ទឹកដី​អាល្លឺម៉ង់​នេះ​ធ្វើឱ្យ Manchester City ធានាបាន​កៅអី​លេខ១ ក្នុង​ពូ​ល​ផងដែរ​។​ ​​Manchester City នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី Leicester City ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​ក្របខណ្ឌ English Premier League​។​ ​ដោយឡែក​មួយគូ​ទៀត​ក្នុង​ពូ​ល F នេះដែរ Sevilla បាន​យកឈ្នះ Copenhagen ៣-០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​បាល់បោះ​រទេះ​នារី​កម្ពុជាត្រៀម​ចូលរួម​ប្រកួត​អន្ដរជាតិនៅ​ឥណ្ឌានា​សប្ដាហ៍​ក្រោយ​

2022/10/26 06:23:15 pm        101
​បាល់​បោះ​រទេះ៖ កម្ពុជា​ត្រៀម​បញ្ជូន​ក្រុមកីឡា​ការិនី​បាល់បោះ​រទេះ ចូលរួម​ប្រកួត​ពានរង្វាន់គណៈកម្មាធិការ​អន្ដរជាតិនៃ​កាកបាទក្រហម​ឥណ្ឌាលើក​ទី​៣ (3rd Edition of ICRC International Wheelchair Basketball Tournament) ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខនៅ​ប្រទេស​ឥណ្ឌា។​ ​នេះ​បើតាម​សំណើរ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដែល​បានស្នើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​អនុញ្ញាត​ជាគោលការណ៍​ប​ញ្ចូ​ន​គ្រូបង្វឹក និង​កីឡាការិនី​ចំនួន ១១​នាក់ទៅ​ចូលរួម​ព្រឹត្តិការណ៍​អន្ដរជាតិនៅ​ឥណ្ឌានា​ចុង​សប្ដាហ៍​ក្រោយ។​ ​ប្រភព​ដដែលបាន​បញ្ជាក់ថា ពានរង្វាន់​អន្ដរជាតិ​នេះសហការ​រៀបចំ​ដោយ​គណៈកម្មាធិការ​អន្ដរជាតិ​នៃ​កាកបាទក្រហមកម្ពុជាប្រចាំ​នៅ​ប្រទេស​ឥណ្ឌា ជាមួយ​គណៈកម្មាធិការ​ជាតិ​បា​រ៉ា​ឡាំ​ពិ​ក​ឥណ្ឌា និង​សហព័ន្ធ​កីឡាបាល់បោះ​រទេះ​ឥណ្ឌាដែលមាន ៨​ប្រទេស​ចូលរួម រួមមាន​កម្ពុជា នេ​បាល់ បង់​ក្លា​ដែ​ស លី​ប៊ី អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ី​រី ហ្គា​ណា និង​ម្ចាស់ផ្ទះ​ឥណ្ឌា។​​រីឯ​ការចំណាយ​ទាំងស្រុង ទាំង​ការធ្វើដំណើរ ការ​ស្នាក់ និង​ការហូបចុកគឺ​រ៉ាប់រង​ដោយ​គណៈកម្មាធិការ​អន្ដរជាតិ​នៃ​កាកបាទក្រហម​ឥណ្ឌាប្រចាំ​នៅ​ប្រទេស​កម្ពុជា។​ គួរ​ដឹងថា ក្រុម​បាល់បោះ​រទេះ​នារី​កម្ពុជា​​គឺជា​ប្រភេទ​កីឡា​ជនពិការ​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា ដែល​ទើប​សម្រេច​លទ្ធផល​យ៉ាង​គាប់ចិត្ត ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ីកាលពី​ថ្មីៗ ដោយ​ដណ្ដើមបាន​មេដាយមាស ១​គ្រឿងលើ​វិញ្ញាសា ៣​ទល់ ៣ និង​មេដាយប្រាក់ ១ លើ​វិញ្ញាសា ៥​ទល់​៥៕​អត្ថបទ៖ លី ឈុន​ឡា

Real Madrid ចាញ់​លើកដំបូង​រដូវ​កាល​នេះ​ ខណៈ Leipzig បន្ត​ក្តី​សង្ឃឹម​ទៅ​ជុំ​បន្ត

2022/10/26 06:04:25 pm        86
​បាល់ទាត់៖ ​​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid បាន​រង​បរាជ័យ​ប្រកួត​ដំបូង​ក្នុង​រដូវ​កាល​នេះ ​ក្រោយ​ចាញ់​នៅ​ទឹកដី​អាល្លឺម៉ង់ Red Bull Salzburg ៣-២ ក្នុង​ពូ​ល F នៃ​ក្របខណ្ឌ UEFA Champions League​។ ​​ក្រុម​ម្ចាស់ផ្ទះ Leipzig ចាប់ផ្តើម​ការប្រកួត​បា​ន​យ៉ាង​ល្អ​ដោយ​ខ្សែការពារ​ក្រូ​អាស៊ី Josko Gvardiol តែ​ត​បញ្ចូល​ទី​នាំមុខ​នៅ​នាទី​ទី១៣ មុនពេល​ខ្សែប្រយុទ្ធ​ជួរមុខ Christophe Nkunku បង្កើន​ការនាំ​មុខ ២-០ នៅ​នាទី​ទី១៨​។ ​​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Vinicius Jr ក៏​តាម​បាន​មួយ​គ្រាប់​វិញ​ឱ្យ Real Madrid តែ​អតីត​ខ្សែប្រយុទ្ធ Chelsea, Timo Werner ក៏​ធានា​ជ័យជំនះ​ឱ្យ Leipzig នៅ​នាទី​ទី៨១ ទោះបី Real Madrid រកបាន​គ្រាប់​ចុងក្រោយ​ដោយ Rodrygo នៅ​នាទី​ទី៩០+៤ ដែលជា​បាល់​ពិន័យ ១១ម៉ែត្រ​។ ​​ការប្រកួត​យប់មិញ​លោក Carlo Ancelotti បាន​ដាក់ឱ្យ​កីឡាករ​សំខាន់​ៗ​ជាច្រើន​សម្រាក​ដោយសារ Real Madrid ធានាបាន​កៅអី​លេខ ១ ក្នុង​ពូ​ល និង​ទៅ​ជុំ​បន្ត​រួចទៅហើយ​។ ​​ចំណែក Leipzig នៅពេលនេះ​នៅសល់​ក្តីសង្ឃឹម​ទៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​បន្ទាប់ពី Celtic និង Shakhtar Donetsk បញ្ចប់​ដោយ​លទ្ធផល ១-១ មានន័យថា Leipzig នាំមុខ Shakhtar ៣​ពិន្ទុ និង​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​សម្រាប់ Leipzig នៅពេល​ធ្វើដំណើរ​ទៅ​ទឹកដី​ប៉ូឡូញ​ជួប Shakhtar Donetsk នៅ​ជុំ​ចុង​ក្រោយ​ក្នុង​ពូ​ល​នៅ​សប្តាហ៍​ក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មន្ដ្រី​ជំនាញ​ក្រសួង​អប់រំ​ជំរុញ​ការ​ធ្វើ​តេស្ដ​កាយសម្បទា​គ្រប់​គ្រឹះស្ថានសិក្សា​ពី​អាយុ ៧ ទៅ ២៤​ឆ្នាំ​

2022/10/26 05:50:59 pm        63
ភ្នំពេញ៖ ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ធ្វើ​ការជំរុញ​ដល់​អង្គភាព​ក្រោម​ឱវាទ ក៏ដូចជា​មន្ទីរគ្រប់​រាជធានី​ខេត្តត្រូវ​ជំរុញ​ការធ្វើ​តេស្ដ​កាយសម្បទា​សិស្សានុសិស្ស​គ្រប់​គ្រឹះស្ថាន​អប់រំពី​អាយុ ៧​ឆ្នាំទៅ ២៤​ឆ្នាំដើម្បី​ពង្រឹង​វិស័យ​អប់រំ​កាយ និង​កីឡាបន្ថែម​លើ​ការអប់រំ​ចំណេះដឹង​ទូទៅ។​​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ដួង មាស​ចំរើន អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​កីឡា ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសា​លា​ស្ដីពី​ការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​អាស៊ានពី​អាយុ ៧​ឆ្នាំ ដល់ ២៤​ឆ្នាំនៅ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​មសិ​ក្សា ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡានៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២។​ ​លោក បឹង គឹម​តោ ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡាបាន​គូសបញ្ជាក់ថា សិក្ខាសាលា​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​អង្គភាព​ពាក់ព័ន្ធដើម្បី​ពង្រឹង​វិស័យ​អប់រំ​កាយ និង​កីឡាក្នុង​វិស័យ​អប់រំ ដើម្បី​ឆ្លើយតប​ផែនការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​កិច្ចសហការ​ថ្នាក់​តំបន់ និង​អន្ដរជាតិ។​ ​លោក​ថា សិក្ខាសាលា​នេះផ្ដោតលើ​វត្ថុបំណង​សំខាន់​ចំនួន ៦ រួមមាន​៖ ១-​ដើម្បី​ឆ្លើយតប​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្ដរជាតិ​លើ​វិស័យ​អប់រំ​កាយ និង​កីឡា។ ២-​ពង្រឹង​ការអនុវត្ត​ក្របខណ្ឌ​កម្មវិធីសិក្សា​ថ្នាក់ជាតិឲ្យ​បាន​ពេញលេញ ២ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ហើយ​ក្នុងនោះការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​សិស្ស និស្សិត ដែល​កំពុង​សិក្សា​ក្នុង​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​មសិ​ក្សា។​៣-​ក្លាយជា​គ្រូ​បង្គោល​ថ្នាក់ក្រោម​ជាតិ​តាម​រាជធានី-ខេត្តចូលរួម​បំប៉ន​បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ នៅ​សាលា​របស់ខ្លួន សាលា​ឧបសម្ព័ន្ធ កម្រង និង​ក្រុង ស្រុក ខណ្ឌ​របស់ខ្លួន។ ៤-​ជា​អ្នកពិនិត្យ​តាមដាន​វាយតម្លៃ និង​បូកសរុប​លទ្ធផល​ប្រចាំឆ្នាំ​ នៃ​កា​រៀ​រប​ចំ​ចងក្រង​និ​ន្ន​ន័យ​តេស្ដ​កាយសម្បទា​សិស្សានុសិស្ស នៅតាម​គ្រឹះស្ថានសិក្សា​ទាំងអស់​នៅក្រោម​ឱវាទ​របស់ខ្លួន។ ៥-​ថ្នាក់ក្រោម​ជាតិ​ចូលរួម​សហការ​ជាមួយ​អង្គភាព​ជំនាញ​ថ្នាក់ជាតិ ដើម្បី​រៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​កុមារ និង​យុវជន​ពី​អាយុ ៧ ដល់ ២៤​ឆ្នាំតាម​រាជធានី-ខេត្ត​ទាំង ២៥ រៀងរាល់ឆ្នាំ។​ ៦-​ស្របតាម​គោលបំណង​នេះ ដើម្បី​ឆ្លើយតប​ចក្ខុវិស័យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ផ្ដោតលើ​សមាសភាព​អប់រំ​ទាំង ៥ រួមមាន​ការអប់រំ​បញ្ញា អប់រំ​សិល្បៈ អប់រំ​ពលកម្ម អប់រំ​សោភ័ណ និង​អប់រំ​កាយ និង​កីឡា ក្នុងនោះ​ការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​អាស៊ានគឺជា​ការងារ​ចាំបាច់ និង​មាន​សារៈសំខាន់​មួយ ដើម្បី​ឆ្លើយតប​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្ដរជាតិ​ផងដែរ។​​ជាមួយគ្នា​នោះ លោក ដួង មាស​ចំរើន ក្នុងនាម​មន្ដ្រី​ជំនាញបាន​អំពាវនាវ​ដល់​សិក្ខាកាមដែលជា​តំណាង​រាជធានី​-​ខេត្ត​ទាំងអស់ត្រូវខិតខំ​សិក្សា​ស្វែងយល់​ពី​អត្ថប្រយោជន៍​ពី​ការរៀបចំ​សិក្ខាសាលា​នេះ ហើយ​យក​ចំណេះដឹង​ទាំងអស់ទៅ​ផ្សព្វផ្សាយ និង​អនុវត្ត​ឲ្យ​មាន​គុណភាពតាម​គ្រឹះស្ថាន​នៅក្រោម​ឱវាទ​របស់ខ្លួន ដ្បិត​នេះក៏​ជា​ចលនា​មួយ​ដ៏​សំខាន់ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​ផងដែរ ពិសេស​គាំទ្រ​យុទ្ធនាការ​ជាតិនៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡា​ជាតិ​លើក​ទី​៣ ត្រូវតែ​ជោគជ័យ​ក្នុង​ការ​រៀបចំ​គ្រប់​ទម្រង់ ដើម្បី​ជា​ពិសោធន៍​ត្រៀម​ស៊ី​ហ្គេម​

2022/10/26 05:12:50 pm        107
​កីឡា​ជាតិ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នឹងត្រូវ​សហការជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ចូលរួម​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​ខាងមុខ ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​គ្រប់​ទម្រង់ សម្រាប់​ជា​ពិសោធន៍​ត្រៀម​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​នេះ​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ជាតិ​ CAMSOC ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​ក្នុង​ការរៀបចំ​ពិធី​បើក​-​បិទ​កីឡា​ជាតិលើក​ទី​៣ កាលពីថ្ងៃទី​២៥ ខែតុលា​ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​ហើយក៏​មានការ​ចូលរួម​ពី​លោកជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ។​ ​ឯកឧត្តម​បន្ដថា កិច្ចប្រជុំ​ថ្ងៃនេះ​ផ្តោត​សំខាន់​ទៅលើ​នីតិវិធី និងរ​បៀប​របបនៃ​ការរៀបចំ​កីឡា​ជាតិ ដែលមាន​កិច្ចការ​ជាច្រើនដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទាំង​ការរៀបចំ ការប្រកួត និង​សន្តិសុខសណ្តាប់​ឆ្នាប់​ជាដើម ដែលមាន​អ្នកចូលរួម​ប្រមាណ ៥​ម៉ឺន​នាក់នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ កាលពី​កីឡា​ជាតិលើក​ទី​១ ឆ្នាំ​២០១៦ និង​កីឡា​ជាតិលើក​ទី​២ ឆ្នាំ​២០១៨ ត្រូវបាន​រៀបចំឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ការរៀបចំ​មាន​លក្ខណៈ​ខុសគ្នា​ទាំង​ទីតាំង និង​ការរៀបចំ​ជាដើម។​​បទពិសោធ​នៃ​ការរៀបចំ​កីឡា​ជាតិ ២​លើក​កន្លង​មកជា​គំរូ ឬ​លំនាំ​មួយក្នុងការ​ផ្តល់​លក្ខណៈ​ងាយស្រួល​ជា​ទម្រង់​រួមគ្នា ដើម្បី​យកទៅ​ច្នៃប្រឌិត​ឲ្យ​កាន់តែ​លេចធ្លោនា​កីឡា​ជាតិ​លើក​ទី​៣ នា​ខែ​ក្រោយនេះ​។ ដោយសារ​កិច្ចសហការ​ល្អ និង​គោលការណ៍​ដឹកនាំ​ល្អ​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ក៏ដូចជា​ឯកឧត្តម​បណ្ឌិត ថោង ខុន ជំរុញ​ឲ្យ​ដំណើរ​ការរៀប​ចំនេះ​បាន​រលូន​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន។​ ​ឯកឧត្តម​បន្ថែមថា ចំពោះ​កិច្ចការ​របស់​ CAMSOC ​វិញ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​ក៏បានផ្តល់​ការណែនាំ​ជា​អនុសាសន៍​ឲ្យ​គណៈកម្មការ​ជំនាញ​ ត្រូវខិតខំ​សហការ​ជួយ​ដល់​ព្រឹត្តិការណ៍​ជាតិលើក​ទី​៣ នេះឲ្យ​ទទួលបាន​ជោគជ័យដើម្បី​ជា​ជំហាន​ថ្មី​មួយ​កាន់តែ​ជាក់ច្បាស់ ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ឲ្យ​ទទួលបាន​ជោគជ័យ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM