ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Ronaldo ស៊ុត​គ្រាប់​ទី​៧០១ ជាមួយ​ក្លិប​អាជីព ​ខណៈ Man Utd ឈ្នះ Sheriff Tiraspol នៅ Europa League

2022/10/28 06:03:46 pm        91
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​ត្រលប់មក​ចាប់ផ្តើម ១១នាក់​ដំបូង​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ឡើងវិញ និង​រកបាន​គ្រាប់​ទី៧០១ ជាមួយ​ក្លិប​អាជីព​ក្នុង​ជ័យជំនះ ៣-០ លើ Sheriff Tiraspol នៅ​ក្របខណ្ឌ UEFA Europa League​។ ​​បន្ទាប់ពី​ត្រូវបាន​កាត់​ចេញពី​បញ្ជី​ឈ្មោះ​ពេល Manchester United ស្មើ​នៅ​ទឹកដី Chelsea សប្តាហ៍​មុន ជាមួយនឹង​មួយ​សប្តាហ៍​ដែល​ពេញ​ដោយ​បញ្ហា​នោះ Cristiano Ronaldo មានឱកាស​ជាច្រើន​តែ​មិនមាន​សំណាង​។ ​​Diogo Dalot និង Marcus Rashford រកបាន​ម្នា​ក់មួយ​ក្នុង​មុនពេល​ដែល​កីឡាករ​វ័យ ៣៧ឆ្នាំ Cristiano Ronaldo ស៊ុត​បញ្ចូល​ទី​បានសំរេច​នៅ​នាទី​ទី៨១ ដោយ​ការបញ្ជូន​ពី Bruno Fernandes​។ ​​លទ្ធផល​នេះ​ធ្វើឱ្យ Manchester United បន្ត​ឈរ​លេខ២ ក្នុង​ពូ​ល E តាម​ពីក្រោយ Real Sociedad ៣ពិន្ទុ មានន័យថា​ ក្រុម​ទាំងពីរ​នឹងត្រូវ​សម្រេច​ថា​ក្រុម​ណា​ឈរ​លេខ១ នៅ​ពេល​ជួបគ្នា​សប្តាហ៍​ក្រោយ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​។​​Manchester United ត្រូវការ​ឈ្នះ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​លើសពី ២គ្រាប់​ដើម្បី​ឈរ​លេខ១ ក្នុង​ពូ​ល បើ​មិន​ដូច្នោះ​ទេ​នឹង​បញ្ច​ប់ពូ​ល​ឈរ​លេខ២ ដែល​នឹងត្រូវ​លេង Play-Off ជាមួយ​ក្រុម​ដែល​ធ្លាក់​ពី UEFA Champions League​។ ​​ងាក​មក​ក្រុម​កាំភ្លើង​ធំ Arsenal វិញ​បាន​រង​បរាជ័យ​នៅ​ទឹកដី​ហូ​ឡង់ PSV Eindhoven ២-០ ដែល​ធ្វើឱ្យ Arsenal ខកខាន​ធានា​កៅអី​លេខ១ ក្នុង​ពូ​ល​។ ​​Arsenal កំពុង​នាំមុខគេ​ក្នុង​ពូ​ល A នេះ​នាំមុខ​ក្រុម​លេខ២ PSV ២ពិន្ទុ​មានន័យថា Arsenal ត្រូវការ​ឈ្នះ​ពេល​ទទួល​ក្រុម​ស្វីស FC Zurich សប្តាហ៍​ក្រោយ​នៅ Emirate Stadium៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រសួង​អប់រំ​ជំរុញ​ការ​អនុវត្តន៍​ម៉ោង​អប់រំ​កាយ និង​កីឡា​ឲ្យ​បាន ២​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​

2022/10/28 05:52:08 pm        69
​កីឡា៖ ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ជំរុញ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិមាន​មន្ទីរអប់រំ យុវជន និង​កីឡា គ្រប់​រាជធានី-ខេត្តទាំង ២៥ និង​ថ្នាក់ក្រុង ស្រុក ខណ្ឌ ត្រូវ​អនុវត្តន៍​ម៉ោង​អប់រំ​កាយ និង​កីឡា​ឲ្យ​បាន ២​ម៉ោងក្នុង​មួយ​សប្ដាហ៍ ដើម្បី​ជំរុញ​ឲ្យ​សកម្មភាព​អប់រំ​កាយ និង​កីឡានៅតាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​ម​សិក្សា​កាន់តែ​មានការ​រីក​ចម្រើន និង​ប្រសិទ្ធភាព​ខ្ពស់។​ ​នេះ​បើតាម​ការបញ្ជាក់​របស​លោក ដួង មាស​ចំរើន អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​កីឡា ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលាស្ដីពី​ការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​អាស៊ាន​ពី​អាយុ ៧ ដល់ ២៤​ឆ្នាំនៅ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​មសិ​ក្សាកាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ បន្ទាប់ពី​ដំណើរការ​រយៈពេល ២​ថ្ងៃនៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​កា​រៀបចំ​របស់​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា។​ ​ក្នុងនាម​ក្រសួង​អប់រំ លោក​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ដល់​មន្ដ្រី​ទទួលបន្ទុក​អប់រំ​កាយ និង​កីឡា​ថ្នាក់ក្រោម​ជាតិឲ្យ​បាន​យល់​ពី​គុណ​តម្លៃ នៃ​មុខវិជ្ជា​អប់រំ​កាយ និង​កីឡា និង​ការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​អាស៊ាន ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ស្ដង់ដារ​របស់​អាស៊ានឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​គ្រប់​ជ្រុងជ្រោយនៅតាម​គ្រឹះស្ថានសិក្សា​ទាំងបី​កម្រិត។​​លោក​បាន​បញ្ជាក់ថា ក្រសួង​រៀបចំ​វគ្គ​សិក្ខាសាលា​នេះ​តែមួយ​លើក​គត់​ដល់​ថ្នាក់ក្រោម​ជាតិ ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត ត្រូវអនុវត្ត​បន្ដ​ពី​ក្រសួង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​អនុវត្តតាម​ការណែនាំ​ដូចជា​៖១-​ត្រូវ​ជ្រើសរើស​គ្រូឧទ្ទេស​ថ្នាក់​រាជធានី ខេត្ត ដោយ​ជ្រើស​រើ​ចេញពី​សាលា​កម្រង​មួយ ដែល​នាយក នាយិកា មានការ​គ្រប់គ្រង​ល្អ ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​អប់រំ​កាយ និង​កីឡា ព្រមទាំង​គ្រូ​គ្រប់​កម្រិតដែលមាន​ឧបនិស្ស័យ​មក​បំប៉ន ដើម្បី​ក្លាយជា​គ្រូឧទ្ទេស​ថ្នាក់ក្រុង ស្រុក​របស់ខ្លួន។​២-​គ្រូ​ឧ​ទ្ទេស​មុខវិជ្ជា​អប់រំ​កាយ និង​កីឡា​ថ្នាក់ក្រុង ស្រុក ខណ្ឌ មាន​ភារកិច្ច​បង្រៀន​ប​ន្ដ​ទៅ​សាលា​កម្រង​ដែលមាន​នៅក្នុង​ក្រុង ស្រុក ខណ្ឌ​របស់ខ្លួន ដោយ​ឲ្យ​ពួកគាត់​ក្លាយជា​គ្រូឧទ្ទេស​ថ្នាក់​ក្រង បន្ទាប់មក​ពួកគាត់​យកចំណេះ​ដឹង​នេះ ទៅ​បង្រៀន​ដល់​លោកគ្រូ​-​អ្នកគ្រូនៅ​សាលា​កម្រង​របស់គាត់​ផ្ទាល់។​៣-​គ្រូឧទ្ទេស​ថ្នាក់​កម្រងមាន​ភារកិច្ច​កោះហៅ​សាលា​ឧបសម្ព័ន្ធ ​មក​បំប៉ន​ឲ្យ​ពួកគាត់​ក្លាយជា​គ្រូឧទ្ទេស​ថ្នាក់​សាលា​សម្ព័ន្ធ ​បន្ទាប់មក​ពួកគាត់​យកចំណេះ​ដឹង​នេះទៅ​បង្រៀន​ដល់​លោកគ្រូ អ្នកគ្រូ នៅ​សាលា​សម្ព័ន្ធ​របស់គាត់​ផ្ទាល់។​៤-​ខេត្ត​ដែលមាន​គ្រូឧទ្ទេស​ភូមិភាគ ដែល​ជ្រើសរើស​ដោយ​គ្រូឧទ្ទេស​ថ្នាក់ជាតិ សហការ​ជាមួយ​អង្គការ​បេះដូង​មាស ឲ្យ​ពួកគាត់​ជា​អ្នកសម្របសម្រួល ឬ​ជា​គ្រូឧទ្ទេស​សហការ​ជាមួយ​គ្រូឧទ្ទេស​ថ្នាក់ក្រុង ស្រុក អនុវត្តន៍​ការងារ​នេះ ។​៥-​ការពិនិត្យ​តាមដាន និង​វាយតម្លៃ ក្រសួង​សហការ​ជាមួយ​មន្ទីររាជធានី​-​ខេត្តចុះ​ពិនិត្យ​សកម្មភាព​បង្រៀន​របស់​គ្រូ និង​ការរៀន​របស់​សិស្ស​ជាប្រចាំ រៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​ជា​រៀងរាល់​ដើមឆ្នាំ​សិក្សា​ឲ្យ​បាន​រួចរាល់ បញ្ជូន​ទិន្នន័យ​នោះមក​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង ស្រុក ខណ្ឌ ចំណែក​ក្រុង ស្រុក ខណ្ឌ ធ្វើការ​ពិនិត្យ​រួចរាល់​បញ្ជូន​ទិន្នន័យ​នោះមក​ការិយាល័យ​ជំនាញ​មន្ទីរ។​​ភារកិច្ច​ទាំងអស់នេះត្រូវអនុវត្តន៍​ជា​ប្រព័ន្ធ ហើយ​គ្រប់​មន្ទីរអប់រំ យុវជន និង​កីឡាគ្រប់​រាជធានី​-​ខេត្តត្រូវ​បន្ដការងារ​នេះ​ពី​ក្រសួង ដោយ​តម្រូវ​ឲ្យ​អនុវត្តន៍​ឲ្យ​ទទួលបាន​ជោគជ័យ ដោយ​លើក​យក​យុទ្ធសាស្ដ្រ​ទាំងអស់នេះទៅ​អនុវត្តន៍​នៅក្នុង​គ្រឹះស្ថាន​បឋមសិក្សា មធ្យមសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​មសិក្សា។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ដួង មាស​ចំរើន៕​អត្ថបទ៖ លី ឈុន​ឡា

កីឡា​វាយ​សី​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ ដើម្បី​បង្កើន​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម​

2022/10/28 05:26:17 pm        108
​កីឡា​វាយ​សី​៖ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជាបានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រមកម្រិត​អន្ដរជាតិឆ្នាំ​២០២២ ដើម្បី​ជំរុញ និង​បង្កើន​សមត្ថភាព​មន្ដ្រី​បច្ចេកទេស​កម្ពុជា ឆ្ពោះទៅរក​ការរៀបចំ​ការប្រកួត​អន្ដរជាតិ ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខ។​​ឯកឧត្តម ជាម សុភា អគ្គលេខា​ថិ​ការ​សហព័ន្ធបាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​២ ហើយដែល​សហព័ន្ធ​បានរៀបចំវគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្ដរជាតិ​នេះ​ឡើង ក្នុង​គោលបំណង​ជំរុញ​អាជ្ញាកណ្ដាល ចៅក្រម​កីឡា​វាយ​សី​កម្ពុជាបោះជំហាន​ទៅកាន់​អន្ដរជាតិ ពិសេស​ត្រៀម​ចូលរួម​កាត់សេចក្ដី អំឡុងពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣។​​​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​អ​ជ្ញា​កណ្ដាល ចៅក្រម កីឡា​វាយ​សីកម្រិត​អន្តរជាតិដែល​រៀបចំ​ដោយសហព័ន្ធ​កីឡា​វាយ​សី​កម្ពុជាមាន​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយមាន​សិក្ខាកាម​ចូលរួម​សរុប ៤៨​នាក់ សិក្សា​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់ ដែល​បង្រៀន​ដោយ​គ្រូឧទ្ទេស​លោកស្រី​ YAU LIN NA ​មកពី​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី៕​អត្ថបទ៖ លី ឈុន​ឡា

កាតា​ប្រកាស​លុបចោល​ការធ្វើ​តេស្ត​រក​កូ​វីដ​-១៩ មុន​ធ្វើដំណើរ​ទៅ World Cup

2022/10/27 10:22:43 pm        87
​បាល់ទាត់៖ ក្រសួង​សុខាភិបាល​កាតា​បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា សម្រេច​លុបចោល​ការធ្វើ​តេស្តរ​កកូ​វីដ​-១៩ មុន​ធ្វើដំណើរ​ចូល​ប្រទេស​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នេះ​។ ​​ការបន្ធូរបន្ថយ​ចុងក្រោយ​បំផុត​ក្នុង​វិធានការ​ប្រឆាំង COVID នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី១ ខែវិច្ឆិកា ១៩ថ្ងៃ​មុនពេល​ការប្រកួត​បាល់ទាត់​ពិភព​លោក​លើកដំបូង​នៅលើ​ទឹកដី​អារ៉ាប់​ចាប់ផ្តើម​នៅ​ថ្ងៃទី២០ ខែវិច្ឆិកា​។​ អ្នកគាំទ្រ កីឡាករ មន្ត្រី បុគ្គលិក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺជា​លំហូរ​ដ៏​ធំ​បំផុត​នៃ​អ្នកទស្សនា ​ដែល​នឹង​មកដល់​ក្នុងប្រទេស​កាតា​ដ៏​តូច​ដែលមាន​ប្រជាជន​ត្រឹមតែ ២.៩លាន​នាក់​ប៉ុណ្ណោះ​។​ សេចក្តី​ថ្លែងការណ៍​មួយ​បាន​និយាយថា "​អ្នកទស្សនា​មិនត្រូវ​បាន​តម្រូវឱ្យ​បង្ហាញ​លទ្ធផល​អវិជ្ជមាន​នៃ COVID-19 ពី​ការធ្វើ​តេស្ត​ដោយ PCR ឬ​ការធ្វើ​តេស្ត​រហ័ស​មុនពេល​ធ្វើដំណើរ​ទៅ​ប្រទេស​កាតា​ទៀត​ទេ​"។​ ​ក្រសួងសុខាភិបាល​កាតា​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ និង​អ្នក​រស់​នៅ​ប្រទេស​កាតា​ក៏​នឹង​លែង​ត្រូវការ​ធ្វើតេស្ត PCR ឬ​តេស្ត​រហ័ស​ទៀត​ដែរ​។​ការប្រកួត​រយៈពេល ២៩​ថ្ងៃ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​ដ៏​ធំ​លើកដំបូង ​ដែល​មាន​អ្នកគាំទ្រចាប់តាំងពី​ជំងឺ​រាតត្បាត COVID-19 បាន​ផ្ទុះឡើង​ក្នុង​ខែធ្នូ ឆ្នាំ២០១៩ ដែល​បាន​សម្លាប់​មនុស្ស​ជាង ៦លាន​នាក់​។​ រំលឹក​ថា ការ​ពន្យារពេល​កាលពី​ឆ្នាំមុន​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ២០២០ ត្រូវ​បាន​រៀប​ចំឡើង​ភាគច្រើន​ដោយ​បិទទ្វារ ហើយ​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​ឆ្នាំ២០២២ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​វិធានការ​សុខាភិបាល​យ៉ាង​តឹងរ៉ឹង​បំផុត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Varane នឹង​បន្ត​អវត្តមាន​ដល់ World Cup ខណៈ Ronaldo ស្ថិត​បញ្ជី​ត្រៀម​ប្រកួត​យប់​នេះ​

2022/10/27 09:37:03 pm        86
​បាល់ទាត់៖ ​ខ្សែការពារ​កណ្តាល​រប​ស់​ក្រុម​ជម្រើសជាតិ​បារាំង Raphael Varane នឹង​បន្ត​អវត្តមាន​ពី​ក្រុម​បិសាច​ក្រហម Manchester United ដល់ World Cup ខណៈ Cristiano Ronaldo ត្រលប់​មក​ហ្វឹក​ហាត់​វិញ និង​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ត្រៀម​ប្រកួត​រាត្រី​នៅ​ក្របខណ្ឌ UEFA Europa League​។ ​​Raphael Varane បានទទួល​រងរបួស​ជើង​អំឡុង​ការប្រកួត​ដែល Manchester United ស្មើ​នៅ​ទឹកដី Chelsea សប្តាហ៍​មុន ខណៈ Ronaldo ត្រូវបាន​លោក Erik ten Hag កាត់ឈ្មោះ​ចេញ​។ ​លោក Erik ten Hag បានបញ្ជាក់​ពី​ស្ថានភាព​របួស​របស់ Varane ថា ​កីឡាករ​បារាំង​រូបនេះ​នឹងមិន​អាច​ចូល​បាន​ឡើយ​ក្នុង​រយៈពេល​នេះ​ដល់ World Cup តែ​ជុំវិញ​សំណួរ​ថា​ តើ​គេ​អាច​មានមុខ​នៅ World Cup រឺ​អត់​គឺ​ត្រូវ​ចាំ​មើល​ស្ថានភាព​វិវឌ្ឍ​នៃ​ការ​ជាសះស្បើយ​ជាក់ស្តែង​។ ​​កីឡា​ករ​វ័យ ២៩​ឆ្នាំ​រូបនេះ​បានទទួល​រងរបួស​នេះ​នៅពេល​ដណ្តើម​បាល់​ជាមួយ Aubameyang​។​​ងាក​មក Cristiano Ronaldo វិញ​ស្ថានភាព​ហាក់​បាន​ប្រសើរ​ឡើងវិញ​ បន្ទាប់ពី​សប្តាហ៍​នៃ​ភាព​តានតឹង​កន្លងមក​។ ​​កីឡាករ​វ័យ ៣៧រូបនេះ​ក្រោយមក​ក៏បាន​សុំទោស​នូវ​សកម្មភាព​របស់ខ្លួន និង​មិន​បន្ទោស​អ្នកណា​ទាំងអស់ តែ​បន្ទោស​ទៅលើ​បរិ​យាស​កាស​ជុំវិញខ្លួន​ដែល​ឈាន​ការធ្វើ​ទង្វើ​បែបនេះ​។ ​​រំលឹកថា កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​បដិសេធ​មិន​ផ្លាស់ប្តូរ​ចូល​នៅ​ចុង​ម៉ោង​ពេល Manchester United យកឈ្នះ Tottenham Hotspur កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ហើយ​ក្រោយមក​ក៏ត្រូវ​បាន​ដក​ឈ្មោះ​ពី​បញ្ជី​ក្រុម​ពេល​ស្មើ​នៅ​ទឹកដី Chelsea កាលពី​ថ្ងៃ​សៅរ៍​។​ ​Ronaldo ត្រូវបាន​គេ​រំពឹងថា​នឹង​ចូល​លេង​វិញ​ពេល Manchester United ទទួល Sheriff Tiraspol នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៃ​ក្របខណ្ឌ UEFA Europa League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

VAR រារាំង​គ្រាប់​បាល់​ជ័យជំនះ​របស់ Spurs លើ Sporting Lisbon

2022/10/27 07:30:00 pm        86
​បាល់ទាត់៖ ​ក្រុម Tottenham Hotspur ត្រូវ​រង់ចាំ​ដល់​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល D ដើម្បី​ដឹងថា ​ឡើង​ជុំ​បន្ត​រឺ​អត់​បន្ទាប់ពី​ស្មើគ្នា ១-១ ក្នុង​ទឹកដី​របស់ខ្លួន​ទល់នឹង​ក្រុម​ភ្ញៀវ Sporting Lisbon យប់មិញ​។ ​ជ័យ​ជំនះ​ប្រកួត​នេះ Spurs នឹង​ធានាបាន​កៅអី​ជុំ​បន្ត​តែ Sporting Lisbon បាន​នាំ​មុខមុន​នៅ​នាទី​ទី២២ ដោយ Marcus Edward ដែលជា​អតីត​កីឡាករ​យុវជន​របស់ Spurs​។​ ​​ក្រុម​របស់លោក Antonio Conte ត្រូវ​រង់ចាំ​ដល់​នាទី​ទី៨០ ទើប​អាច​រកបាន​គ្រាប់​តាម​ស្មើ​វិញ​ដោយ Rodrigo Bentancur​។ ​ជាថ្មី​ម្តងទៀត​រឿងហេតុ​ចម្រូងចម្រាស​កើតឡើង​នៅ​ចុង​ម៉ោង បន្ទាប់ពី Harry Kane ស៊ុត​គ្រាប់​ជ័យជំនះ​ឱ្យ Spurs នៅ​នាទីចុងក្រោយ​ឡើងទៅ​ជុំ​បន្ត​នោះ VAR មើលឃើញថា​ បាល់​នេះ​ស្ថិតក្នុង​ជំហរ​ក្រៅ​ល្បែង​ទៅវិញ​។ អ្នកចាត់ការ Spurs លោក Antonio Conte បាន​ហៅ​ការសម្រេច​របស់​អាជ្ញាក​ណ្តា​លតា​មរយៈ VAR នេះ​បាន​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង​របស់​ក្លិប​។ ​​អ្នកវិភាគ​ការប្រកួត​នេះ​លោក Chris Sutton ដែល​អតីត​កីឡាករ​របស់ Blackburn និង Chelsea និយាយថា លោក​មើល​ម្តង​ហើយ​ម្តងទៀត​កាន់តែ​ឃើញថា ​បាល់​នេះ​មិន​ស្ថិតក្នុង​ជំហរ​ក្រៅ​ល្បែង ដែល​នេះ​ជា​មូល​ហេតុដែល VAR ត្រូវ​ប្រើពេល​យូរ​ទម្រាំ​ផ្តល់ព័ត៌មាន​ឱ្យ​អាជ្ញាកណ្តាល​សម្រេច​ ខណៈ​កីឡាករ គ្រូបង្វឹក និង​អ្នកគាំទ្រ Spurs បាន​អបអរសាទរ​រួចទៅហើយ​។ ​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​ទាំងអស់​ក្នុង​ពូ​ល D នេះ​ត្រូវ​រង់ចាំ​ដល់​ប្រកួត​ចុងក្រោយ​ដើម្បី​ដឹងថា ​ក្រុម​ណា​ឡើង​ក្រុម​ណា​ធ្លាក់ បន្ទាប់ពី​ប្រកួត​ក្នុង​ពូ​ល​នេះដែរ Frankfurt យកឈ្នះ Marseille ២-១​។ ​Spurs លេខ១ ក្នុង​ពូ​ល​មាន ៨ពិន្ទុ​តាម​ពីក្រោយ​ដោយ Sporting និង Frankfurt មាន ៧ពិន្ទុ​ដូចគ្នា និង Marseille ៦ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Bayern Munich និង Inter Milan ដឹក​ដៃ​គ្នា​ឡើង​វគ្គ​បន្ត​ ខណៈ Barcelona ធ្លាក់​ត្រឹម​វគ្គ​វិលជុំ

2022/10/27 06:46:42 pm        68
​បាល់ទាត់៖ ​ក្រុម​អេ​ស្ប៉ា​ញ FC Barcelona បាន​ធ្លាក់​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​នៃ​ក្របខណ្ឌ UEFA Champions League ក្រោយ​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich​។ ​​តាមពិតទៅ Barcelona ដឹងខ្លួន​ថា​ធ្លាក់​តាំងពី​មិនទាន់​ប្រកួត​ម្ល៉េះ​ដោយសារតែ Inter Milan បញ្ចប់​ការប្រកួត​មុនដោយ​យកឈ្នះ Viktoria Plzen ៤-០ ធានាបាន​កៅអី​លេខ២ ក្នុង​ពូ​ល​។ ​ជំនួប​បង្គ្រប់កិច្ច​នៅ​ទឹកដី Camp Nou ក្រុម​ភ្ញៀវ Bayern Munich ក៏​មិន​បង្អង់​ដៃ​ដែរ ​ខណៈ​កីឡាករ​បីនាក់ Sadio Mane, Choupo-Moting និង Benjamin Pavard រកបាន​ម្នាក់​មួយគ្រា​ប់​។ ​បរាជ័យ​នេះ​ធ្វើឱ្យ Barcelona បាន​ត្រឹម​ធានា​កៅអី​លេខ៣ ក្នុង​ពូ​ល C នេះ​មាន ៤ពិន្ទុ​នៅសល់​ឱកាស​ធ្លាក់​ទៅលេង​ក្របខណ្ឌ Europa League​។ ​​ចំណែក Inter Milan ដែល​ប្រកួត​មុន​នៅ​ទឹកដី​អ៊ីតាលី​នោះដឹង​ច្បាស់​ថា ​ជ័យជំនះ​នឹង​ធានា​ឱ្យ​ពួកគេ​ឡើង​វគ្គ​បន្ត ហើយក៏​មិន​ធ្វើឱ្យ​ឱកាស​បាត់បង់​ដែរ​។​អតីត​កីឡាករ​របស់​ក្រុម​នៅ​ទីក្រុង Manchester ទាំងអស់​បាន​ស៊ុត​បញ្ចូល​ទី ៤គ្រាប់​នៃ​ជ័យជំនះ​របស់ Inter Milan រួមមាន​អតីត​កីឡាករ​របស់ Manchester United, Henrikh Mkhitaryan និង Romelu Lukaku រកបាន​ម្នាក់​មួយគ្រា​ប់ និង​អតីត​ខ្សែ​ប្រយុទ្ធ Manchester City, Edin Dzeko រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Inter Milan ធានា​បាន​កៅ​អី​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​បន្ទាប់ពី​ដាច់ Barcelona ដល់​ទៅ ៦ពិន្ទុ ​ខណៈ​នៅសល់​មួយ​ប្រកួត​ទៀត​បញ្ចប់​វគ្គ​វិលជុំ​ក្នុង​ពូ​ល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Atletico Madrid ភ្លាត់​បាល់ ១១​ម៉ែត្រ​ចុង​ម៉ោង​បាន​ត្រឹម​ស្មើ​ជាមួយ Leverkusen ដឹក​ដៃ​គ្នា​ធ្លាក់​ពី UCL

2022/10/27 06:15:44 pm        88
​បាល់ទាត់៖ ​ក្រុម​អេ​ស្ប៉ា​ញ Atletico Madrid បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ UEFA Champions League ហើយ​ក្រោយ​ស្មើ​ជាមួយ​ក្រុម​ភ្ញៀវ​អាល្លឺម៉ង់ Bayer Leverkusen ២-២ ដឹក​ដៃ​គ្នា​ធ្លាក់​ទាំងពីរ​។ ​​ក្រុម​ទាំងពីរ​សុទ្ធតែ​មានឱកាស​អ៊ុត​ប្រកួត​ចុងក្រោយ​ទាំងអស់​មុន​ការប្រកួត​នេះ តែ​ត្រូវការ​ឈ្នះ​រៀងខ្លួន​។ ​​Moussa Diaby បើក​ការនាំ​មុខមុន​ឱ្យ Leverkusen មុនពេល​ដែល Yannick Carrasco តាម​ស្មើ​វិញ​ត្រឹម​នាទី​ទី២២​។ ​​Leverkusen ដែល​ដឹកនាំ​ដោយ Xabi Alonso ក៏បាន​នាំមុខ​សាជាថ្មី​ដោយ​ខ្សែប្រយុទ្ធ​អង់គ្លេស Callum Hudson-Odoi តែ Atletico Madrid ក៏​តាម​ស្មើ​ម្តងទៀត​នៅ​ដើម​វគ្គ​ទី២ ដោយ Rodrigo de Paul​។ ​​ក្រុម​របស់លោក Diego Simeone គួរតែ​ឈ្នះ​ការប្រកួត​នេះ​ទៅហើយ តែ​រឿង​មិនគួរ​ឱ្យ​ជឿ​នៅ​ចុង​ម៉ោង​នោះ​គឺ​បាល់​ប៉ះ​ដៃ​នៅ​ចុង​ម៉ោង អាជ្ញាកណ្តាល​ផ្តល់​បាល់ ១១ម៉ែត្រ​ឱ្យ Atletico Madrid តែ Yannick Carrasco ដដែល​ស៊ុត​មិន​ចូល ​ខណៈដែល Saul Niguez តែតបន្ថែម​បុករ​បាទី​ទៅទៀត​។​​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​ទាំងពីរ​អស់​ឱកាស​ទៅ​វគ្គ​បន្ត​ដោយ Atletico Madrid ឈរ​លេខ៣ មាន ៥ពិន្ទុ ​ខណៈដែល Leverkusen មាន ៤ពិន្ទុ​សល់​ឱកាស​ប្រជែង​គ្នា​មួយ​ប្រកួត​ចុងក្រោយ​ដើម្បី​កៅអី Europa League​។ ​​ចំណែកឯ​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល​នេះដែរ Club Bruges ដែល​ធានា​កៅអី​ជុំ​បន្ត​ទៅហើយនោះ​ចាញ់​ក្រុម​ភ្ញៀវ Porto ៤-០ តែ​ក្រុម​ទាំងពីរ​ដឹក​ដៃ​គ្នា​ឡើង​ជុំ​បន្ត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លោក Keisuke Honda មាន​ផែនការ ២​ ត្រៀម​ស៊ី​ហ្គេម តែ​ថា​ពិបាក​រើស​កីឡាករ​ប្រកួត​ជើងឯក​អាស៊ាន​

2022/10/27 05:49:12 pm        102
​បាល់ទាត់៖ លោក Keisuke Honda ​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានបង្ហាញ​ផែនការ​សំខាន់ៗ ២ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា ទី​១-​ការ​បោះ​ជំរំ​ហ្វឹកហាត់ និង​ទី​២-​ការប្រើប្រាស់​កីឡាករ​លើស​អាយុដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ធ្លាប់​ធ្វើ​កន្លងមក។​ ​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​នូវ​កម្មវិធី​ជួប​សំណេះសំណាល​តាម​ Online ​មួយកាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា រវាង​លោក​ Keisuke Honda ​ជាមួយ​មហាជន ពិសេស​អ្នកគាំទ្រ​ក្រុម​គោព្រៃ​កម្ពុជា ដែល​បើក​ឲ្យ​មានការ​ចោទសួរ​ជាច្រើន​ពាក់ព័ន្ធ​ការងារ​ក្រុម​ជម្រើសជាតិ ក៏ដូចជា​ការ​ងារ​មួយចំនួន។​ លោក​ Honda ​បាន​ឆ្លើយតប​នឹងចម្ងល់ពាក់ព័ន្ធ​នឹង​ការត្រៀម​លក្ខណៈ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ថា ទី​១-​នឹងមាន​ការប្រមូលផ្ដុំ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​មួយចំនួន ដើម្បី​ពេលវេលា​គ្រប់គ្រាន់ក្នុង​ការធ្វើការងារ​ជាមួយគ្នា ក៏ដូចជា​ធ្វើការ​អភិវឌ្ឍន៍​កីឡាករ ទាំង​ផ្នែក​បច្ចេក​ទេស ក​ល្បិច និង​កាយសម្បទា​ជាដើម សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា។​​ចំណែក​ផែនការ​ទី​២ ពាក់ព័ន្ធ​ជាមួយ​ការប្រើប្រាស់​កីឡាករ​លើស​អាយុ តែ​លោក​មិន​បញ្ជាក់​អត្តសញ្ញាណ​កីឡាករ​រូប​ណាខ្លះ​ទេ គ្រាន់តែ​កីឡាករ​លើស​អាយុដែល​នឹងមាន​ឱកាស​ចូលរួម ​កា​រ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​ក្រោយនេះ ត្រូវជា​កីឡាករ​ដែលមាន​លក្ខណៈ​ពិសេស​អាចជួយ​ក្រុម​បាន ដែល​ក្រុមការងារ​របស់ខ្លួនកំពុងធ្វើការ​ងារ​នេះ​ជា​បណ្ដើរៗ​ផង​ដែរ។​​ទោះបី​ការត្រៀម​ស៊ី​ហ្គេមហាក់​មាន​ពេលវេលា​គ្រប់គ្រាន់ តែ​ក្រឡេក​មក​ចាប់អារម្មណ៍​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mitsubishi Electric Cup 2022 ​នា​ចុង​ឆ្នាំនេះ​វិញ អ្នកចាត់ការ​ទូទៅ​ដដែលហាក់​មាន​កង្វល់​ក្នុងការ​ជ្រើសរើស​កីឡាករ ដ្បិត​មិនសូវមាន​ពេលវេលា​ច្រើន ពិសេស​ពិបាក​ជ្រើសរើស​កីឡាករ ៤​ក្រុម​ក្រោម​គេនៃ​ក្របខណ្ឌ​លី​គ​កំពូល​តែម្ដង។​ ​លោក​ Keisuke Honda ​បាន​គូសបញ្ជាក់ថា ដោយសា​រលីគបានបញ្ចប់​ការប្រកួត ៣​ជុំធ្វើ​ឲ្យ ៤​ក្រុម​បាត​តា​រាងត្រូវ​ផ្អាក​សកម្មភាព​ប្រកួត។ ដូច្នេះ​ការជ្រើសរើស​កីឡាករ​ក៏​ជួប​ការលំបាក​ដែរ។ អាស្រ័យហេតុនេះលោក​នឹង​ផ្ដោត​សំខាន់​លើ​កីឡាករនៃ​បេក្ខភាព ៤​ក្រុម​ចុងក្រោយក្នុង​ក្របខណ្ឌ​លី​គ​កំពូល ដើម្បី​ជ្រើសរើស​ពួកគេ​ចូលរួម​ប្រកួត​ជើង​ឯក​អាស៊ី​នា​ចុង​ឆ្នាំនេះ។​ ​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន​រូបនេះបាន​បន្ថែមថា ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​កីឡាករ​ត្រៀម​ប្រកួត​ជើងឯក​អាស៊ាននឹង​ផ្ដោតលើ​កីឡាករ​ក្រុម​ធំ តែ​ក៏មាន​កីឡាករ​វ័យក្មេង​មួយចំនួន​ដែរដើម្បី​ជាការ​បន្សាំ​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​បានកំណត់​វិញ្ញាសា​បាល់ទាត់​ផ្នែក​បុរសគឺ​ក្រុមយុវជន​អាយុ​ក្រោម ២២​ឆ្នាំ៕​អត្ថបទ៖ លី ឈុន​ឡា

Liverpool ឡើង​វគ្គ ១៦​ក្រុម ​ខណៈ Napoli បន្ត​ឈ្នះ ៥​ប្រកួត​ផ្ទួនៗ​នៅ UCL

2022/10/27 05:31:54 pm        72
​បាល់ទាត់៖ ​ក្រុម​ជើងឯក​រង UEFA Champions League ហង្ស​ក្រហម Liverpool បាន​កក់​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយហើយ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Ajax Amsterdam ៣-០​។ ​Liverpool បាន​ទុក​ស្ថិតិ​អាក្រក់​នៅ​លី​គ​ក្នុងស្រុក​មួយ​ឡែក និង​បើក​ការនាំ​មុខ​នៅ​ទឹកដី​ហូ​ឡង់​នៅ​នាទី​ទី៤២ ដោយ Mohamed Salah​។ ​វគ្គ​ទី២ Liverpool កាន់តែ​លេង​បានល្អ​ជាង​វគ្គ​ទី១ ទៅទៀត​តាមរយៈ​ការគ្រប់គ្រង​បាល់ និង​បង្កើត​ឱកាស​ជាច្រើន​រហូត​រកបាន​ពីរ​គ្រាប់​បន្ថែម​ដោយ Darwin Nunez និង Harvey Elliott​។ ​បី​ពិន្ទុ​នេះ​បាន​ធានា​ឱ្យ​ក្រុម​របស់លោក Jurgen Klopp ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ដោយមាន ១២ពិន្ទុ​ពី​ការប្រកួត ៥លើក​។​​ងាក​មក​ក្រុម​នាំមុខគេ​ក្នុង​ពូ​ល A នេះ Napoli ដែល​កក់​កៅអី​ជុំ​បន្ត​ទៅហើយនោះ មិន​បង្អង់​ដៃ​ឡើយ​ដោយបាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ស្កុ​ត​ឡេ​ន Rangers ៣-០ ទៀត​។ ​Giovanni Simeone រកបាន​ពីរ​គ្រាប់​ម្នាក់ឯង និង Leo Ostigard មួយ​គ្រាប់​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Napoli ក្លាយជា​ក្រុម​អ៊ីតាលី​ទី១ ដែល​ឈ្នះ ៥ប្រកួត​ដំបូង​ក្នុង​ពូ​ល​រាប់​តាំងពី​ឆ្នាំ២០០៥ ដែល​ធ្វើបាន​ដោយ Juventus៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM