ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

ព្រឹត្តិការណ៍​វាយ​សី French Open បិទ​បញ្ចប់​ដោយ​ក្រុម​វាយ​សី​ឥណ្ឌា​បង្កើត​ប្រវត្តិសាស្ត្រ

2022/10/31 06:18:43 pm        71
​វាយសី៖ ​ព្រឹត្តិការណ៍​វាយ​សី​ជើងឯក French Open បាន​បិទ​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ជាមួយនឹង​ការប្រកួត​វិញ្ញាសា​វាយ​គូ​បុរស​ចុងក្រោយ​គេ​។ ​​ក្រុម​វាយ​សី​ឥណ្ឌា​ដែលមាន​កីឡាករ Satwiksairaj Rankireddy និង Chirag Shetty បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ការ​គ្រង​ជើងឯក French Open វិញ្ញាសា​វាយ​គូ​បុរស និង​ក្លាយជា​កីឡាករ​ឥណ្ឌា​ទី១ ដែល​ឈ្នះ​ជើងឯក​វាយ​សី​ក្នុង​ក្របខណ្ឌ BMF 750 Series​។ ​​Satwiksairaj Rankireddy និង Chirag Shetty ដែល​ម្ចាស់​មេដាយមាស​នៅ​កីឡាករ Commonwealth នោះបាន​យកឈ្នះ​ដៃគូ​កីឡាករ​ឆៃ​នី​ស​តៃប៉ិ Lu Ching-yao និង Yang Po-han ដោយ​លទ្ធផល ២១-១៣ និង ២១-១៩​។ ​​ងាក​មក​ទស្សនា​វិញ្ញាសា​ផ្សេងទៀតកីឡាការិនី​ចិន He Bingjiao បាន​គ្រង​ជើងឯក​លើក​ទី២ របស់ខ្លួន​ក្រោយ​យកឈ្នះ​កីឡាការិនី​អេ​ស្ប៉ា​ញ Carolina Marin ១៦-២១ ២១-៩ និង ២២-២០ លើ​វិញ្ញាសា​ឯកត្តជន​នារី​។ ​​វិញ្ញាសា​ឯកត្តជន​បុរស​ម្ចាស់​មេដាយមាស​អូឡាំពិក​កីឡាករ​ដា​ណឺ​ម៉ាក Viktor Axelsen យកឈ្នះ​មិត្ត​រួម​ជាតិ Rasmus Gemke ដើម្បី​ឈ្នះ​ជើងឯក​ទី៧ ក្នុង​ឆ្នាំ២០២២ នេះ​។​​វិញ្ញាសា​វាយ​គូ​នារី​ជ័យជំនះ​បាន​ទៅ​ក្រុម​ម៉ាឡេស៊ី​ដែលមាន​កីឡាការិនី Pearly Tan និង Thinaah Muralitharan ដែល​បាន​យកឈ្នះ​ក្រុមកីឡា​ការិនី​ជប៉ុន​លំដាប់​លេខ៤ ពិភពលោក Mayu Matsumoto និង Waken Nagahara​។ ​ចុងក្រោយ​វិញ្ញាសា​វាយ​គូ​បុរស​នារី ជើងឯក​ពិភពលោក ៣សម័យ Zheng Siwei និង Huang Yaqiong យកឈ្នះ​ក្រុម​ហូ​ឡង់​ដែលមាន Robin Tabeling និង Selena Piek នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម នេ​ត សាវឿន បង្ហាញ​សុទិដ្ឋិនិយម​ក្នុង​ការ​ប្រជែង​មេដាយ​មាស​ស៊ី​ហ្គេម ក្រោយ​ចប់​ពាន​សម្ដេច​តេ​ជោ​

2022/10/31 05:55:54 pm        129
​បាល់ទះ៖ ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​ការប្រកួត​បាល់​ទះ ​ដណ្ដើម​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ ដែល​បញ្ចប់​ដោយ​ជោគ​ជ័យ ហើយ​បាន​ចាត់ទុកជា​សញ្ញាណ​វិជ្ជមាន​ឆ្ពោះ​ទៅ​ដណ្ដើម​មេដាយ​មាស​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ទៀត​ផង។​ ​នេះ​បើតាម​ការបញ្ជាក់​ក្នុង​ពិធី​បិទ​ការប្រកួត នៅ​សាល​ទី​លានបាល់ទះ​នៃ​កីឡដ្ឋាន​ព្រី​នស៍​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែតុលា បន្ទាប់ពី​ព្រឹត្តិការណ៍​ដ៏​ធំ​នេះបាន​ដំណើរ​ការប្រកួត​ដ៏​ស្វិតស្វាញ ​អស់​រយៈពេល​កន្លះ​ខែ​កន្លងទៅ ដោយ​ក្រុម​បាល់ទះ​វិសាខាបាន​គ្រង​តំណែង​ជើងឯក បន្ទាប់ពី​យកឈ្នះ​ក្រុម​ក្រសួងមហាផ្ទៃដោយ​លទ្ធផល ៣-០​សិតក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រជាមួយ​ពិន្ទុ ២៥-១៧, ២៥-១៨ និង ២៥-១៧ពិន្ទុ។​ ​ឯកឧត្តម​សន្ដិ​ត​បណ្ឌិត​មានប្រសាសន៍ថា ការរៀបចំ​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីផ្ដោតលើ​គោលបំណង​សំខាន់ៗរួមមាន​៖ ១-​ជា​ផែនការ​មួយក្នុងការ​ធ្វើ​ឲ្យ​កីឡាបាល់​ទះ​កម្ពុជាកាន់​តែមាន​គុណភាព​ខ្ពស់ និង​ឈានទៅរក​ស្ដង់ដារ​កម្រិត​ពិភពលោក​។​ ២-​ពង្រឹង​វិស័យ​បាល់ទះ​ឲ្យ​មាន​សក្ដានុពល និង​ឲ្យ​កីឡាបាល់ទះ​ជ្រាបចូល​ក្នុង​ក្រអៅបេះដូង​របស់​យុវជន រួមចំណែក​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជាមាន​សុខ​ភាពល្អ និង​ចៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេងៗ​ក្នុងសង្គម​។​ ៣-​បង្កើន​កម្រិត​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរឡើង សម្រាប់​ត្រៀម​ការប្រកួត​សំខាន់ៗនាពេលខាងមុខ ពិសេស​ជ្រើសរើស​កីឡាករ និង​ចូល​ជម្រើសជាតិសម្រាប់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ៤-​ពង្រឹង​ក្រុម​ជម្រើសជាតិ​ឆ្ពោះទៅ​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេមឆ្នាំ​២០២៣ និង​ប្រកួត​អន្ដរជាតិ​នានា​។​​ក្នុងនាម​ប្រធាន​សហព័ន្ធ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បានបង្ហាញ​សេចក្ដី​រីករាយចំពោះ​លទ្ធផល​ទាំងអស់នេះ ក៏ដូចជា​អបអរ​ដល់​ក្រុម​ជ័យលាភី ពិសេស​ក្រុម​ជម្រើសជាតិ​កម្ពុជាដែល​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​គុយបា និង​សិង្ហ​បុរីក្នុងជំនួប​មិត្តភាព​អន្ដរជាតិ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​នេះ។ ជ័យជម្នះ​នេះបានបង្ហាញ​ពី​សមត្ថភាព​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ធ្វើ​ឲ្យ​ឯកឧត្តមមាន​ជំនឿ​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹងធ្វើ​បានល្អ អាចមាន​ឱកាស​ឈានទៅ​ដណ្ដើម​មេដាយមាស​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​បានបញ្ជាក់​ថា ការប្រកួត​នេះពិតជា​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ហើយក៏​ជា​កម្លាំង​ចលនា​ដ៏​សំខាន់ សម្រាប់​​សហព័ន្ធ ដើម្បី​ឆ្ពោះទៅរក​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជា​បន្ដបន្ទាប់​ទៀត ក្នុងន័យ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទះ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ផងដែរ។​​​គួរ​ដឹងថា ការប្រកួត​បាល់ទះ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ គឺមាន ១២​ក្រុម​ចូលរួមដែល​បាន​ដំណើរការ​ប្រកួតកាលពី​ថ្ងៃទី​១៥ ខែតុលា​កន្លងទៅ។ បន្ទាប់ពី​ដំណើរការ​ប្រកួត​កន្លះ​ខែទើប​រកឃើញ​ក្រុម​ជ័យលាភី ដោយ​ក្រុម​វិសាខា​បាន​គ្រង​ជើងឯក អម​ប្រាក់​រង្វាន់ ១​ម៉ឺន​ដុល្លារ ខណៈ​ក្រសួងមហាផ្ទៃ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ អម​ប្រាក់​រង្វាន់ ៥​ពាន់​ដុល្លារ និង​លេខ​៣ បាន​ទៅ​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្សដែល​ទទួល​បាន​ប្រាក់​រង្វាន់ ៣​ពាន់​ដុល្លារ បន្ទាប់ពី​យកឈ្នះ​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ ដោយ​លទ្ធផល ៣-១​សិត៕អត្ថបទ៖ លី ឈុន​ឡា

ស្ថាបនិក​ព្រឹត្តិការណ៍​ Enduro Cross ​តស៊ូ​រៀបចំ​វគ្គ​ទី​២ ដោយ​ជោគជ័យ ទោះបី​ខ្វះខាត​ការគាំទ្រ​

2022/10/31 05:30:45 pm        87
​ប្រណាំង​ម៉ូតូ៖ ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ត្រៃ​ដណ្ដើម​ជើងឯកឆ្នាំ​២០២២ វគ្គ​ទី​២ ឬ​ Enduro Cross Challenge Championship Round 2 Series 2022 បានបញ្ចប់​ដោយ​ជោគជ័យកាលពី​ថ្ងៃទី​២៩ ខែតុលា​ចុង​សប្ដាហ៍​កន្លងទៅ នៅ​ទីលាន​សន្ដិភាពក្បែរ​គល់ស្ពាន​ព្រែក​ព្នៅ ដោយ​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៣០​នាក់។​ ​លោក ពេជ្រ សុខា អ្នក​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ព្រឹត្តិការណ៍​នេះបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ត្រៃ​ឆ្លងកាត់​ឧបសគ្គ​វគ្គ​ទី​២ ពិតជា​មាន​ភាព​ជក់ចិត្ត បន្ទាប់ពី​គណៈកម្មការ​បាន​បន្ថែម​នូវ​ឧបសគ្គ​មួយចំនួន ក្នុងន័យ​ជំរុញ​សមត្ថភាព​កីឡាករ​ចូលរួម​ឲ្យ​កាន់តែ​ប្រសើរ។ យ៉ាងណាក្ដី លោក​បានបង្ហាញ​ពី​ការតស៊ូ​រៀបចំ​ព្រឹត្តិការណ៍​នេះរហូត​ទទួលបាន​ជោគជ័យ ទោះបី​ខ្វះខាត​ការឧបត្ថម្ភ​គាំទ្រ​ពី​ដៃគូ​សហការ ក៏ដូចជា​ការធ្លាក់​បន្ដិច​បន្ដួចនៃ​ចំនួន​កីឡាករ​ចូលរួម បើ​ធៀប​នឹង​កាលពី​វគ្គ​ទី​១ ក៏ដោយ។​ ​ដោយឡែក​លោក ម៉ៅ វណ្ណៈ តំណាង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ដដែល បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​បានរួម​ចំណែក​រៀបចំ​ព្រឹត្តិការណ៍​ Enduro Cross Challenge Championship Round 2 Series 2022 រហូត​ទទួលបាន​ផ្លែផ្កា ទោះបី​មាន​ឧបត្ថម្ភ​ក្នុង​ដំណើរការ​រៀបចំ​មួយចំនួន​ក្ដី។តាមរយៈ​នេះ លោក​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជនបន្ដ​ចូលរួម​គាំទ្រ​បន្ថែមទៀត ដើម្បី​ឲ្យ​គណៈកម្មការ​របស់ខ្លួន​មាន​ទឹកចិត្ត​រៀបចំ​ជា​បន្ដបន្ទាប់ និង​ជំរុញ​វិស័យ​កីឡា​ម៉ូតូ​ត្រៃ​កម្ពុជា​កាន់តែ​រីកចម្រើន។​​ ​គួរ​ដឹងថា ពិធី​បិទ​ការប្រកួត​ម៉ូតូ​ត្រៃ​ជើងឯក​ឆ្នាំ​២០២២ វគ្គ​ទី​២ នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក សុ​ឃុន វីរៈ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា។ ចំពោះ​ការប្រកួត​នេះដែរគឺ​បាន​បែង​ចែកជា ៦​ផ្នែក​ផ្សេងគ្នាក្នុងនោះ​ការប្រកួត​កម្រិត​ A ​ខ្ពស់​ជាងគេ បន្ទាប់មក​មានការ​ប្រកួត​កម្រិត​ B, ​កម្រិត​ C, ​ការប្រកួត​កម្រិត​ VIP, ​ការប្រកួត​ផ្នែក​កីឡាការិនី និង​ចុងក្រោយគឺ​ការប្រកួត​កម្រិត​យុវជន៕​អត្ថបទ៖ លី ឈុន​ឡា

កៃ វ៉ាន់​ស៊ី​ដែន ចាត់​ទុក សាលី អ៊ូ​មើ​ត គឺជា​ផ្នែក​មួយ​នៃ​ជោគជ័យ​របស់​ខ្លួន​លើ​ទឹកដី​អាមេរិក

2022/10/31 05:16:18 pm        241
​ម៉ូតូ​ទឹក​៖ កីឡាករ​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា កៃ វ៉ាន់​ស៊ី​ដែន បាន​សម្ដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំងដែល​ដណ្ដើម​បាន​មេដាយ​មាស​ ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក​ Jet Ski World Series Season 2022 ជុំ​ទី​២ នៅ​រដ្ឋ​ Arizona ​សហរដ្ឋអាមេរិក​កាលពី​ថ្មីៗ​។ ក្នុង​នោះ​រូបគេ​បាន​បង្ហើប​ពី​បុគ្គល​សំខាន់​ម្នាក់ ដែល​ស្ថិតនៅ​ពីក្រោយ​នៃ​ភាពជោគជ័យ​លើកដំបូង​ក្នុង​អាជីព​នេះគឺ​សិស្ស​ច្បង សាលី អ៊ូ​មើ​ត​។​ ការ​លើក​ឡើង​នេះ ស្រប​ពេល កៃ វ៉ាន់​ស៊ី​ដែន បាន​ធ្វើ​ដំណើរ​មកដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២២ ដោយមាន​ការ​អញ្ជើញ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ឯកឧត្តម ណុះ ស្លេះ ប្រធាន​សហព័ន្ធកីឡា​ម៉ូតូ​ទឹក​កម្ពុជា​ផងដែរ។​ ឈាម​ថ្មី​នៃ​វិស័យ​ម៉ូតូ​ទឹក​កម្ពុជា​ដដែលបាន​គូសបញ្ជាក់ថា ការដណ្ដើម​បាន​មេដាយមាស​កម្រិត​ពិភពលោក​នេះគឺជា​ជោគជ័យ​មួយ​ដ៏​ធំ តែ​ក្នុងនោះ​ក៏​ខ្លួន​មិន​ភ្លេច​វីរៈ​កីឡាករ សាលី អ៊ូ​មើ​ត ដែល​តែងតែ​ដឹកនាំ បង្ហាត់បង្រៀន និង​គាំទ្រ​គ្រប់បែបយ៉ាងបន្ថែម​លើ​ប្រធាន​ក្លិប​ Flamingo ​លោក​ Karl Heinrich Knauf ​ទើប​ជំរុញ​ឲ្យ​ខ្លួន​សម្រេច​សមិទ្ធផល​ល្អ​ដូច្នេះ។​​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម ណុះ ស្លេះ បាន​សម្ដែង​ការអបអរសាទរចំពោះ​កីឡាករ​វ័យក្មេង កៃ វ៉ាន់​ស៊ី​ដែន ដែល​បាន​សាង​កំណត់ត្រា​ថ្មី​សម្រាប់​ខ្លួនឯង និង​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា។ ឯកឧត្តម​ថា កន្លងមក​ធ្លាប់​តែមាន សាលី អ៊ូ​មើ​ត ក៏ដូចជា ម៉ី​ន មូ​ស្ដា​ន តែង​បង្ក​ក្ដីបារម្ភ​ដល់​គូប្រជែង តែ​ពេល​កម្ពុជា មាន​យុវជន​ជំនាន់​ថ្មី​បន្ថែមទៀត ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ដោយ​ស្មើ​មុខមាត់​លើ​ឆាក​អន្ដរជាតិ ហើយក៏​ជាស​ញ្ញាណ​វិជ្ជមាន​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​បន្ថែមទៀត​ផងដែ​រ។​ ​គួរ​ដឹងថា ព្រឹត្តិការណ៍​ Jet Ski World Series Season 2022 ជុំ​ទី​២ នៅ​អាមេរិកកាលពីដើម​ខែតុលា​កន្ល​ង​ទៅ កម្ពុជា​បាន​បញ្ជូន​កីឡាករ ៥​រូប​ចូលរួម រួមមាន​កីឡាករ សាលី អ៊ូ​មើ​ត ជា​ប្រធាន​ក្រុម​, កីឡាករ សាលី ហ្វី​លីន​, ​ម៉ី​ន មូ​ស្ដា​ន​, ​មីន អូស្មាន់ និង​កីឡាករ កៃ វ៉ាន់​ស៊ី​ដែន។ ជា​លទ្ធផល​កីឡាករ កៃ វ៉ាន់​ស៊ី​ដែន ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​ Novice ski stock ​ខណៈ​កីឡាករ​ផ្សេងៗស្ថិត​ក្នុងចំណោម​បេក្ខភាព​ Top-10 ​ក្នុងចំណោម​កីឡាករ​ខ្លាំងៗ​លើ​ពិភពលោក​ចូលរួម៕​អត្ថបទ៖ លី ឈុន​ឡា

ប្រដាល់សកល​បញ្ជូន​កីឡាករ ៦​រូប​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម

2022/10/31 05:03:58 pm        83
​ប្រដាល់៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាបាន​បញ្ជូន​កីឡាករ ៦​រូបទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​ ASBC Asian Elite Men And Women Boxing Championship ​ឆ្នាំ​២០២២ នៅ​ប្រទេស​ហ្ស៊​កដា​នី ចាប់ពី​ថ្ងៃទី​៣០ ខែតុលារហូតដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២។​ ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​ប្រដាល់សកល​កម្ពុជាបាន​ចាក​ចេញពី​មាតុភូមិកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោម​ការដឹកនាំ​របស់​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ ក្នុងនោះ​មាន​កីឡាករ ៤​រូបចាក​ចេញពី​កម្ពុជាគឺមាន​កីឡាករ សៅ រង្សី​, នូវ សុខ​ទី​, ទូច ដេវីត និង វ៉ែន រដ្ឋា ខណៈ ២​រូប​ទៀតដែល​ហ្វឹកហាត់ និង​ធ្វើដំណើរ​ពី​ប្រទេស​អូ​បេ​គី​ស្ថានគឺមាន​កីឡាករ ណា​ស្រេ​ឌី​នូវ អាន់​វ៉ា និង​កីឡាករ រ៉ា​ចា​ពៅ អាប់​ឌុល​ឡា។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​បញ្ជាក់ថា បេសកកម្ម​នេះគឺជា​ការធ្វើ​តេស្ដ​ដ៏​សំខាន់ សម្រាប់​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែលជា​ការវាស់ស្ទង់​សមត្ថភាព​របស់​កីឡាករ​ម្នាក់ៗថា ​ពួកគេ​ឈានដល់​កម្រិតណា បន្ទាប់ពី​ការហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ជនជាតិ​កា​ហ្សា​ក់​ស្ថានលោក​ Kassymkhanov Berikbol Amantayevich ​ដែល​ឧបត្ថម្ភ​គាំទ្រដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC។​​លោក​ថា កីឡាករ​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជាពុំ​សូវ​មានឱកាស​ប្រកួត​ច្រើន ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ ហេតុនេះទើប​សហព័ន្ធ​ជំរុញ និង​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​បាន​ចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិ ដែលជា​យុទ្ធសាស្ដ្រ​មួយ​ដ៏​សំខាន់ក្នុងការ​ពង្រឹង​បច្ចេកទេស ក៏ដូចជា​វាស់​ស្ទង់​នូវ​កម្រិត​របស់​ពួក​ពួកគេ ថា​តើ​ពួកគេ​ឈានដល់​កម្រិតណា ដើម្បី​ឲ្យ​ពួកគេ​ត្រៀមលក្ខណៈ​បន្ថែម​ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល បានបង្ហាញ​សុទិដ្ឋិនិយម​ថា ការប្រកួត​លើក​នេះ កីឡាករ​ប្រដាល់សកល​កម្ពុជានឹង​អាចធ្វើ​បានល្អ​ជាង​ការប្រកួត​ជើង​ឯក​អាស៊ី​លើក​មុនៗ ដោយ​លោក​ជឿជាក់ពួកគេ​នឹង​អាច​យកឈ្នះ​លើ​គូប្រកួត​របស់ខ្លួន ដែលមាន​កម្រិត​បច្ចេក​ទេស​ប្រហាក់ប្រហែលគ្នាដើម្បី​កែប្រែ​ប្រវត្តិសាស្ដ្រ​របស់ខ្លួន ដ្បិត​កន្លងមកកីឡាប្រដាល់​សកល​កម្ពុ​ជាពុំ​ធ្លាប់​ទទួលបាន​មេដាយ​កម្រិត​អាស៊ី​នោះទេ៕​អត្ថបទ៖ លី ឈុន​ឡា

ម៉ិ​ក​ស៊ិ​ក​ចុះ​កិច្ចព្រមព្រៀង​ថ្មី​រៀបចំ F1 ដល់​ឆ្នាំ​២០២៥

2022/10/28 10:20:22 pm        75
​ប្រណាំង​រថយន្ត៖ ​ទីក្រុង Mexico City ប្រទេស​ម៉ិ​ក​ស៊ិ​ក​នឹង​បន្ត​រៀបចំ​ព្រឹត្តិការណ៍ F1 ពិភពលោក​ដល់​ឆ្នាំ២០២៥ បន្ទាប់ពី​ភាគី​ទាំងពីរ​ម៉ិ​ក​ស៊ិ​ក និង F1 បាន​ចុះ​កិច្ចព្រមព្រៀង​។​ ​កាលវិភាគ​មិន​ខុសពី​ឆ្នាំ​នេះ​ឡើយ Mexican Grand Prix ក្នុង​កិច្ចព្រមព្រៀង​ថ្មី​ចាប់ពី​ឆ្នាំក្រោយ​ក៏​នឹង​បន្ត​រៀបចំ​នៅក្នុង​ខែ​តុលា​នេះដែរ​ពីថ្ងៃ​ទី២៧ ដល់ ២៩ ខែតុលា ​ឆ្នាំ២០២៣​។ ​​ម៉ិ​ក​ស៊ិ​កបាន​ត្រលប់មក​រៀបចំ F1 សាជាថ្មី​កាលពី​ឆ្នាំ២០១៥ បន្ទាប់ពី​ខកខាន​តាំងពី​ឆ្នាំ១៩៩២​។ ​ជា​ធម្មតា F1 នៅ​ម៉ិ​ក​ស៊ិ​ក​តែងតែ​ស្ថិតក្នុង​សប្តាហ៍ ​បន្ទាប់ពី​ការប្រកួត​នៅ​ទីក្រុង​តិច​សាស​សហរដ្ឋអាមេរិក​។ ​F1 ចុង​សប្តាហ៍​នេះ​នៅលើ​ទឹកដី​ម៉ិ​ក​ស៊ិ​កមិនមែនជា​ការប្រកួត​ដ៏​តានតឹង​អ្វី​ទៀត​ឡើយ បន្ទាប់​ពី​អ្នកបើកបរ​ជើងឯក​ពិភពលោក​បាន​រកឃើញ​ហើយ​គឺ Max Verstappen ខណៈ​ក្រុម​ស្ថាបនិក​ជើងឯក​ពិភពលោក​រក​ឃើញ​សប្តាហ៍​មុន​ នៅ​ទឹកដី​អាមេរិក​គឺ​ក្រុម​ប្រណាំង Red Bull៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Park Hang-seo ថា​នឹងមិន​ដឹកនាំ​នៅ​វៀតណាម ​រឺ​កូរ៉េ​ឡើយ​ក្រោយ​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​

2022/10/28 09:56:04 pm        112
​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជំរើសជាតិ​វៀតណាម​ដែល​ជោគជ័យ​បំផុត​លោក Park Hang-seo បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ពី​គម្រោង​ចាក​ចេញពី​តំណែង​ នៅក្រោយ​ចប់​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Championship​។ ​​​ជាមួយនឹង​ការចាកចេញ​នេះ និយាយ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន CBS របស់​កូរ៉េ​លោក Park បាន​បង្ហើប​ថា​ លោក​នឹង​អាចដឹកនាំ​ក្រុម​ផ្សេងៗ តែ​មិនមែន​ក្លិប​នៅ​វៀតណាម រឺ​កូរ៉េ​ខាង​ឡើយ​។ ​លោក​បាន​បន្តថា នេះ​គ្រាន់តែ​ជា​គំរោង​នៃ​ការគិត​របស់លោក​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​គ្មាន​ផែនការ​ជាក់លាក់​ បន្ទាប់ពីចាក​ចេញពី​ក្រុម​វៀតណាម​នោះឡើយ ពោលគឺ​ផ្តោតអារម្មណ៍​ដឹកនាំ​ក្រុម​ជម្រើសជាតិ​វៀតណាម​ ឱ្យ​ជោគជ័យ​នៅ​ព្រឹត្តិការណ៍ AFF Championship សិន​។​​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េ​រូបនេះ​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​វៀតណាម​លើក​ពាន AFF Championship ឆ្នាំ២០១៨, ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ AFC Asian Cup ២០១៩ និង​ដឹកនាំ​ក្រុម​វៀតណាម​ឡើងដល់​ជុំ​ទី៣ នៃ​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក​តំបន់​អាស៊ី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​វៀតណាម​។ ​​លោក Park Hang-seo ដែលជា​គ្រូបង្វឹក​ដែលមាន​ប្រជាប្រិយភាព​មួយ​នៅ​វៀតណាម​នោះ ក៏បាន​ដឹកនាំ​វៀតណាម​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេម ២លើក​ផងដែរ​ក្នុងការ​ដឹកនាំ​ក្រុម​អាយុ​ក្រោម ២៣ឆ្នាំ​។ ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Championship ២០២២ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២០ ខែធ្នូ​បញ្ចប់​នៅ​ថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០២៣៕​អត្ថបទ​៖​នាង សុភា​វុ​ធ

របួស​កីឡាករ Arsenal ម្នាក់ និង​ស្លាប់​ម្នាក់​ក្នុង​ហេតុការណ៍​អុកឡុក​ដោយ​ជន​មាន​បញ្ហា​ផ្លូវចិត្ត​នៅ​ទីក្រុង Milan

2022/10/28 07:40:41 pm        130
​បាល់ទាត់៖ ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​មួយចំនួន​ក្នុង​ហេតុការណ៍​អុកឡុក​ ដោយ​បុរស​ម្នា​ក់នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី​។ ​របាយការណ៍​ព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា បុរស​វ័យ ៣០​ឆ្នាំ​ជា​អ្នក​គិតលុយ​ក្នុង​ផ្សារ​ទំនើប​បាន​បាត់​បង់​ជីវិត​ នៅពេល​បុរស​ម្នាក់​ចាប់ផ្តើម​អុកឡុក​ក្នុង​ផ្សារ​ទំនើប Carrefour នៅ​ទីក្រុង Milan​។ ​​ក្នុង​ចំណោម​អ្នក​ដែលមាន​របួស​នោះ​ក៏មាន​កីឡាករ Pablo Mari ដែលជា​កីឡាករ​របស់ Arsenal ខ្ចី​ជើង​លេង​ឱ្យ​ក្លិប​អ៊ីតាលី Monza​។ ​កីឡាករ​វ័យ ២៩ឆ្នាំ​ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មិនមាន​របួស​អ្វី​ធ្ងន់ធ្ងរ​ឡើយ គ្រាន់​តែមាន​ស្នាម​កាំបិត​នៅ​ខ្នង​។ ​Pablo Mari និង​ភរិយា​រួមជាមួយ​នឹង​កូន​បាន​ស្ថិតក្នុង​ផ្សារ​ទំនើប​នោះ​ អំឡុងពេល​កើតហេតុ​។ ជនដៃដល់​វ័យ ៤៦​ឆ្នាំ​ត្រូវបាន​គេ​ឱ្យដឹងថា​ មាន​បញ្ហា​ផ្លូវចិត្ត​ត្រូវ​បាន​ប្រជាជន​នៅ​ទីនោះ​ចាប់​ឃាត់ខ្លួន និង​ប្រគល់​ជូន​សមត្ថកិច្ច​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អារ៉ាប៊ីសាអ៊ូឌីត​នឹង​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត Spanish Super Cup លើក​ទី​៣ នៅ​ខែមករា​ខាងមុខ​

2022/10/28 07:12:35 pm        91
​បាល់ទាត់៖ ​ការប្រកួត​ពានរង្វាន់ Spanish Super Cup នឹង​រៀបចំ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​សាជាថ្មី​នៅ​ខែមករា​ ឆ្នាំ២០២៣ ខាងមុខ នេះ​បើ​សេចក្តីប្រកាស​របស់​សហ​ព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​ ​​រដ្ឋធានី Riyadh ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ទទួល​ស្វាគមន៍​ក្លិប​អេ​ស្ប៉ា​ញ​ចំនួន ៤ រួមមាន Real Madrid, Valencia, Real Betis និង Barcelona ក្នុងការ​ប្រកួត​ដណ្តើម​ជើងឯក​។ ​នេះ​ជា​លើក​ទី៣ ហើយ​ដែល​អារ៉ាប៊ីសាអ៊ូឌីត​ទទួល​រៀបចំ​ការប្រកួត​ពានរ​ង្វាន់ Spanish Super Cup នេះ​ក្រោមកិច្ចព្រមព្រៀង​ដែលមាន​រយៈពេល​ដល់​ឆ្នាំ២០២៩​។ ​Real Madrid គឺជា​ក្រុម​ការពារ​តំណែង​ជើងឯក​បន្ទាប់ពី​យកឈ្នះ Athletic Bilbao ២-០ កាលពីដើមឆ្នាំ២០២២ នេះ​។ ​Real Madrid នឹងត្រូវ​ជួប​ជាមួយ Valencia ខណៈ Real Betis ជួប Barcelona ដើម្បី​រក​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី១៥ ខែមករា ​ឆ្នាំ២០២៣ ខាងមុខនេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម ថោង ខុន ជំរុញ​កីឡា​កាយសម្ព័ន្ធ​ចូលរួម​ប្រកួត​អន្ដរជាតិ ដើម្បី​សម្រេច​សន្ទស្សន៍​មេដាយ​មាស​ស៊ី​ហ្គេម​

2022/10/28 06:25:32 pm        85
​កាយសម្ព័ន្ធ៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ជំរុញ​កីឡាករ​-​កីឡាការិនី​កាយសម្ព័ន្ធចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិ​ឲ្យ​បាន​ច្រើន មុន​ឈានដល់​ការប្រកួតកីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដើម្បី​ឈានទៅ​សម្រេច​ស​ន្ទ​ស្សន៍​មេដាយមាស​យ៉ាងតិច ១​គ្រឿងក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ។​ ​នេះ​បើ​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម នៅ​ពិធី​បិទ​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន លើក​ទី​៦ ឆ្នាំ​២០២២ កាល​ល្ងាច​ថ្ងៃទី​២៧ ខែតុលា​នេះ បន្ទាប់ពី​ដំណើរការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជិត ១​សប្ដាហ៍​កន្លងទៅនៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​កីឡាករ​-​កីឡាការិនី​ចំនួន ៦៤​នាក់​មកពី ៥​ក្រសួង និង​ខេត្ត​ចូលរួម។​ ​ឆ្លៀតឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ដ្រី​បានផ្ដល់​អនុសាសន៍ ៥​ចំណុច ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​មួយ​នេះ ឆ្ពោះទៅរក​ភាព​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព ពិសេស​ដើម្បី​សម្រេច​ស​ន្ទ​ស្សន៍​មេដាយមាស​យ៉ាងតិច ១គ្រឿង​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​ដាក់ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក្នុងនោះ​ឯកឧត្តម​បាន​សង្កត់ធ្ងន់ ពាក់ព័ន្ធ​ការបញ្ជូន​កីឡាករ​-​កីឡាការិនី​ចូលរួម​ប្រកួត​អន្ដរជាតិ​តែម្ដង។​​ឯកឧត្តម​បណ្ឌិត ថោង ខុន បញ្ជាក់ថា កីឡាករ​-​កីឡាការិនីត្រូវ​ប​ញ្ចូ​ន​ចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិឲ្យ​បាន​ច្រើន ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស និង​បទពិសោធន៍មុន​ស៊ី​ហ្គេម​ក​ដល់ ពិសេស​គឺ​ដកស្រង់​បទពិសោធន៍ដែល​កីឡា​កាយសម្ព័ន្ធ​កម្ពុជា សម្រេចបាន​ក្នុងការ​ប្រកួត​ស៊ី​ហ្គេមនៅ​វៀតណាម និង​ការប្រកួត​ជើងឯក​អាស៊ីនៅ​ថៃនាពេល​កន្លងមក ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅដែល​សហព័ន្ធ​បានដាក់​នា​ឆ្នាំ​២០២៣។​ ​ក្នុង​អនុសាសន៍​ដដែល ឯកឧត្តម​ក៏បាន​ជំរុញ​ឲ្យ​ពង្រឹងសមត្ថភាព​អាជ្ញាកណ្ដាល ចៅក្រម មន្ដ្រី​បច្ចេកទេសឲ្យ​កាន់តែ​ប្រសើរ ទាំង​បរិមាណ និង​គុណភាព តាមរយៈ​ការបញ្ជូន​ចូលរួម​ព្រឹត្តិការណ៍​ជាតិ និង​អន្ដរជាតិ​នានា ដើម្បី​បង្កើត​ន​សមត្ថភាព​ត្រៀម​រៀបចំ​ការប្រកួតកីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា ​ឲ្យ​ទទួលបាន​ជោគជ័យ​ផងដែរ។​​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការប្រកួត​អន្ដរជាតិ សហព័ន្ធ​ពុំមាន​បំណង​រៀបចំ​ការប្រកួត​ក្នុងស្រុក​នោះទេ តែ​សហព័ន្ធ​បាន​ប្ដេជ្ញា​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចូលរួម​ប្រកួត​អន្ដរជាតិ​នៅក្រៅ​ស្រុក​ឲ្យ​បាន​ច្រើន​បំផុត រាល់ពេល​មានការ​ប្រកួត​នានា ដើម្បី​ធានាបាន​នូវ​ការពង្រឹង​សមត្ថភាព បច្ចេកទេស និង​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ដោយឡែក​ពាក់ព័ន្ធ​ការប្រកួត​ជើង​ឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន ឆ្នាំនេះគឺ​បានធ្វើ​ការប្រកួត​លើ ១៣​វិញ្ញាសាដែលជា​ផែនការ​មួយ​ឆ្ពោះទៅ​ស៊ី​ហ្គេម។ ជា​លទ្ធផល​ក្រុមកីឡា​កាយសម្ព័ន្ធមកពី​ក្លិប​ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ១០​គ្រឿង (​មាស ៥ ប្រាក់ ៣ និង​សំរឹទ្ធ ២), ខេត្ដ​ក្រចេះឈរ​លេខ​២ ដណ្ដើមបាន​មេដាយ​សរុប ១១​គ្រឿង (​មាស ៤ ប្រាក់ ៣ និង​សំរឹទ្ធ ៤) និង​ខេត្តកំពង់ឆ្នាំងឈរ​លេខ​៣ ដណ្ដើម​បា​ន​មេដាយ​សរុប ១២​គ្រឿង (​មាស ៣, ប្រាក់ ៧ និង​សំរឹទ្ធ ២)៕អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM