ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Rory McIlroy ឡើងឈរ​លេខ​១ ពិភពលោក​វិញ​ ក្រោយ​ឈ្នះ​ការប្រកួត​វាយកូនគោល​កម្មវិធី CJ Cup

2022/10/24 09:45:41 pm        75
​វាយកូនគោល​៖ ​កីឡាករ​វាយកូនគោល​អៀក​ឡង់​ខាងជើង Rory McIlroy បាន​វិល​មកឈរ​តំណែង​លេខ១ ពិភព​លោក​វិញ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ២ឆ្នាំក្រោយ​ការពារ​ជើងឯក​កម្មវិធី CJ Cup បានសម្រេច​នៅ​រដ្ឋ South Carolina សហរដ្ឋអាមេរិក​។ ​​McIlroy បាន​យកឈ្នះ​ការប្រកួត​ទាំង​ប្រផិតប្រផើយ​ផងដែរ​ ក្រោយ​បញ្ចប់​ការប្រកួត​ជាមួយនឹង​លទ្ធផល ១៧អាន់​ឌើ​ផា យកឈ្នះ​អ្នក​លេខ២ កីឡាករ​អាមេរិក Kurt Kitayama ១ស្ត្រូ​ក និង​លេខ៣ បាន​ទៅ​កីឡាករ​កូរ៉េ KH Lee ដែល​ធ្វើបាន ១៥អាន់​ឌើ​ផា​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Rory McIlroy ឡើង​មកឈរ​ពីលើ Scottie Scheffler ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​។ ​Scottie Scheffler ធ្វើ​មិន​បានល្អ​ឡើយ​ក្នុង​ការប្រកួត​នេះ​ ដោយ​បញ្ចប់​ជាមួយនឹង​លទ្ធផល ១អាន់​ឌើ​ផា​ឈរ​លេខ ៤៥ ឯណោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Francesco Bagnaia ពន្លាត​ពិន្ទុ​នាំមុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក MotoGP ក្រោយ​ឈ្នះ​នៅ​ម៉ាឡេស៊ី​

2022/10/24 09:28:53 pm        65
​ប្រណាំង​ម៉ូតូ​៖ កីឡាករ​ប្រណាំង​ម៉ូតូ​អ៊ីតាលី Francesco Bagnaia បាន​បោះ​មួយ​ជំហាន​ទៀត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​គ្រង​ជើងឯក MotoGP ពិភពលោក​ក្រោយ​ប្រជែង​ឈ្នះ​ការប្រកួត​នៅ​ទឹកដី​ម៉ាឡេស៊ី​។ ​​កីឡាករ​របស់​ក្រុម​ប្រណាំង Ducati រូបនេះ​ចេញដំណើរ​បាន​យ៉ាង​ល្អ​ដោយ​ងើប​ពី​លេខ៩ ដល់​លេខ២ នៅ​ពីក្រោយ Jorge Martin ត្រឹម​ជុំ​ទី១​។ ​​ក្រោយមក Jorge Martin ក៏បាន​ដួល​នៅ​ជុំ​ទី៩ ដើរ​ចេញពី​ការប្រកួត​ហើយ Bagnaia ក៏​ឡើងមក​នាំ​មុខគេ​រហូតដល់​ចប់​ក​ការប្រកួត​។ ​លេខ២ ក្នុងការ​ប្រកួត​នៅ​ម៉ាឡេស៊ី​នេះ​បាន​ទៅ​កីឡាករ​អ៊ីតាលី​ផងដែរ Enea Bastianini និង​លេខ៣ កីឡាករ​បារាំង Fabio Quartararo​។ ​កីឡាករ​របស់​ក្រុម Yamaha, Fabio Quartararo នៅសល់​ឱកាស​តិចតួច​ក្នុងការ​ប្រជែង​ជើងឯក​នៅ​ទីលាន​ចុងក្រោយ​នៅ​ទឹកដី Valencia ប្រទេស​អេ​ស្ប៉ា​ញ​។ ​​Francesco Bagnaia ត្រូវការ​ត្រឹម​បញ្ចប់​យ៉ាងហោចណាស់​លេខ១៤ ប៉ុណ្ណោះ​នៅ​ទឹកដី Valencia នៅ​ថ្ងៃទី៦ ខែវិច្ឆិកា​ដើម្បី​គ្រង​ជើងឯក​ពិភពលោក​លើកដំបូង​ក្នុង​អាជីព ហើយ​គេ​ក៏​អាច​ក្លាយជា​កីឡាករ​អ៊ីតាលី​ដំបូង​ដែល​គ្រង​ជើងឯក MotoGP ផងដែរ​រាប់​ពី​ឆ្នាំ២០០៩ ដែល​ធ្វើបាន​ដោយ Valentino Rossi៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sebastian Ogier ឈ្នះ​ការប្រណាំង Rally នៅ​អេ​ស្ប៉ា​ញ ​ខណៈ​ក្រុម​តូយ៉ូតា​គ្រង​ជើងឯក​ពិភពលោក​

2022/10/24 07:36:59 pm        67
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​បារាំង Sebastian Ogier បាន​ប្រជែង​ឈ្នះ​ការប្រណាំង Rally ពិភពលោក​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃអាទិត្យ ធ្វើឱ្យ​ក្រុម​ប្រណាំង Toyota Gazoo Racing គ្រប់​ពិន្ទុ​គ្រង​ជើងឯក​ពិភពលោក​។ ​​កីឡាករ​បារាំង​រូបនេះ​បានបញ្ចប់​ការប្រកួត​ជាមួយនឹង​ថេរវេលា ១៦.៤វិនាទី ល្អ​ជាង​អ្នក​លេខ២ កីឡាករ​របស់​ក្រុម Hyundai សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Thierry Neuville​។ ​កីឡាករ​ហ្វាំ​ង​ឡង់ Kalle Rovanpera ដែល​គ្រប់​ពិន្ទុ​គ្រង​ជើងឯក​ពិភពលោក​កាលពីដើម​ខែតុលា​នោះ បានបញ្ចប់​ការប្រកួត​នៅ​អេ​ស្ប៉ា​ញ​នេះ​ចំណាត់ថ្នាក់​លេខ៣​។ ​ខណៈដែល​នៅសល់តែ ១ជុំ​ទៀត​បញ្ចប់​រដូវ​កាល ២០២២ នេះ ក្រុម​ប្រណាំង Toyota Gazoo Racing បាន​នាំ​មុខដាច់​ក្រុម​លេខ២ Hyundai Motorsport ដល់​ទៅ ៩៣ពិន្ទុ​។ ​ការប្រកួត​បិទ​រដូវ​កាល Rally ពិភពលោក​នឹង​បញ្ចប់​នៅ​ទឹកដី​ជប៉ុន​ពីថ្ងៃ​ទី១០ ដល់ ១៣ ខែវិច្ឆិកា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Mark Allen ការពារ​ជើងឯក​ស្នូកឃ័រ​ពានរង្វាន់ Northern Ireland Open បានសំរេច​

2022/10/24 07:25:47 pm        143
​ស្នូកឃ័រ៖ ​កីឡាករ​ម្ចាស់ផ្ទះ Mark Allen បាន​ការពារ​តំណែង​ជើងឯក​ស្នូកឃ័រ​ពានរង្វាន់ Northern Ireland Open របស់ខ្លួន​បានសម្រេច​ក្រោយ​យកឈ្នះ​កីឡាករ​ចិន Zhou Yuelong នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៩-៤ហ្វ្រេ​ម​។ ​​កីឡាករ​វ័យ ៣៦ឆ្នាំ​សញ្ជាតិ​អៀក​ឡង់​ខាងជើង Mark Allen ចាប់ផ្តើម​មិនបាន​ល្អ​ឡើយ​ដោយ​កីឡាករ​ចិន Zhou Yuelong នាំមុខ​មុន ៤-១ហ្វ្រេ​ម​។ ​តែ​ក្រោយមក Allen ក៏បាន​យកឈ្នះ ៣ហ្វ្រេ​ម​ផ្ទួនៗ​វិញ​មុន​ចប់​ដំណាក់កាល​ទី១ ដោយ​លទ្ធផល​បណ្តោះអាសន្ន ៤-៤ហ្វ្រេ​ម​។ ​ចាប់ផ្តើម​ដំណាក់​កាល​ទី២ Mark Allen មិនឱ្យ Yuelong តដៃ​បានឡើយ​ជាមួយនឹង​ជ័យជំនះ ៥ហ្វ្រេ​ម​បន្ថែមទៀត​។ ​Mark Allen ទទួលបាន​ប្រាក់រង្វាន់ ៨ម៉ឺន​ផោន​ក្នុងនាម​ជា​ជើងឯក Northern Ireland Open នេះ និង​ទទួលបាន​ពានរង្វាន់ Alex Higgin៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​កំពូល​តារាង​អាល្លឺម៉ង់ Union Berlin ចាញ់​ក្រុម​បាត​តារាង Bochum ខកខាន​ពន្លាត​ពិន្ទុ​នាំមុខ

2022/10/24 07:07:52 pm        64
​បាល់ទាត់៖ ​ក្រុម​កំពូល​តារាង​ក្របខណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga, Union Berlin បាន​រង​បរាជ័យ​នៅ​ទឹកដី​ក្រុម​បាត​តារាង Bochum ២-១ ខកខាន​ក្នុង​ការ​ពន្លាត​ពិន្ទុ​នាំមុខ​ត្រឹម​សប្តាហ៍​ទី១១​។ ​​Union Berlin មាន​រដូវ​កាល​ដ៏​អស្ចារ្យ​របស់​ខ្លួន​ដោយ​ជា​ក្រុម​ដែល​របូត​គ្រាប់​បាល់​តិច​បំផុត ខណៈ​បរាជ័យ​នេះ​ទៀតសោត​គឺជា​បរាជ័យ​លើក​ទី​២ ប៉ុណ្ណោះ និង​ជា​លើក​ទី​២ ផង​ដែរ​ដែល​របូត​គ្រាប់​បាល់​លើស​ពី ១​គ្រាប់​។ ​​ពីរ​គ្រាប់​របស់​ម្ចាស់ផ្ទះ​ធ្វើបាន​ដោយ Philipp Hofmann នៅ​នាទី​ទី៤៣ និង Gerrit Holtmann នៅ​នាទី​ទី៧១​។ ​​Union Berlin មានឱកាស​តាម​ពីក្រោយ​ ១គ្រា​ប់​វិញ​នៅ​នាទី​ទី៧៨ តែ Milos Pantovic ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​មិន​ចូល មុនពេល​ដែល Pantovic ដដែល​រក​គ្រាប់​បាល់​បាន​នៅ​នាទី​ទី៩០+៣ តែ​យឺត​ពេល​ទៅហើយ​។ ​​បរាជ័យ​នេះ​ធ្វើឱ្យ Union Berlin កាត់បន្ថយ​ការនាំ​មុខ​ក្នុង​តារាង​មក​ត្រឹម ១ពិន្ទុ​ពី​ក្រុម​ការពារ​ជើងឯក Bayern Munich ខណៈ​លេខ៣ គឺ Freiburg​។ ​ចំណែកឯ Bochum បាន​ងើប​ពី​បាត​តារាង​មកឈរ​ពីលើ Schalke វិញ ១ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មន្ត្រី​ក្រសួង​អប់រំ​ចាត់​ទុក​ទិវា​កីឡា​សម្រាប់​ទាំង​អស់​គ្នា ជា​ការ​ជំរុញ​ចលនា​ជាតិ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​២០២៣

2022/10/24 06:44:08 pm        76
​ស៊ីហ្គេម៖ នាយកដ្ឋាន​អប់រំ​កាយ និង​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ បាន​រៀប​ចំ​ទិវា​កីឡា​សម្រាប់​ទាំង​អស់​គ្នា​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​យើង​រួមគ្នា​អភិវឌ្ឍន៍​កីឡា​ជាតិ​” នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ព្រឹត្តិការណ៍​នេះធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ឯកឧត្តម​បានចាត់ទុក​កម្មវិធី​នេះគឺជា​ការជំរុញ​ចលនា​ជាតិ​មួយ ដើម្បី​គាំទ្រ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​យោងតាម​របាយការណ៍​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា “​ទិវា​កីឡា​សម្រាប់​ទាំងអស់គ្នា ឬ​ Sport For All” ដែល​ធ្វើ​រយៈពេល​ពេញ ១​ព្រឹក​នេះមាន​លោកគ្រូ​-​អ្នកគ្រូ និង​សិស្ស​-​និស្សិត​ក្នុង​រាជធានី​ភ្នំពេញ​ចូលរួម ៣០០​នាក់​, គរុ​និស្សិត​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ចំនួន ១៥០​នាក់​, សមាគមន៍​សី​ស្លាប​ខ្មែរ ១០៧​នាក់​, មហាជន ២៥៩​នាក់ សរុប ៨១៦​នាក់ដែល​ធ្វើការ​ប្រកួត​លើ ៥​ប្រភេទ​កីឡារួមមាន​រត់​ចម្ងាយ ៤​គីឡូម៉ែត្រ​, កីឡាបាល់ទះ​បុរស​-​នារី​, បាល់បោះ​បុរស​-​នារី​, កីឡា​សី​ស្លាប​ខ្មែរ និង​ការហាត់​ប្រាណ​តាម​ចង្វាក់ភ្លេង។​ ​ឯកឧត្តម ប៊ូ ជុំ​សេរី បាន​មានប្រសាសន៍ថា កីឡា​សម្រាប់​ទាំងអស់គ្នាគឺជា​ទិវា​មួយ​របស់​អន្ដរជាតិដែល​តែង​រៀបចំ​រៀងរាល់ឆ្នាំ ហើយក៏​ជា​ផ្នែក​មួយដែល​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​យកចិត្តទុកដាក់​ផងដែរ ទោះបី​មិន​ផ្ដោតលើ​កីឡា​អាជីព តែ​ក្រសួង​បានចាត់ទុក​កម្មវិធី​នេះគឺជា​ការជំរុញ​ឲ្យ​មហាជន​លេង​កីឡាដើម្បី​សុខភាព។ម្យ៉ាង​ក៏​ជាការ​ជំរុញ​ចលនា​ជាតិឲ្យ​ប្រជាជន​ម្នាក់ ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ស្របតាម​ការអំពាវនាវ​របស់​រាជរដ្ឋាភិបាល​ផងដែរ។​ ​តាម​រយៈ​ការប្រកួត​លក្ខណៈ​សប្បាយ​រីករាយ​នេះដែរ បន្ទាប់ពី​ចប់​ការប្រកួតសម្រាប់​កីឡាករ​-​កីឡាការិនីដណ្ដើមបាន​ជ័យលាភី​ពី​លេខ​១ ដល់​លេខ​៣ តាម​ប្រភេទ​កីឡា​នីមួយៗគឺ​បានទទួល​វត្ថុ​អនុស្សាវរីយ៍។ បន្ថែម​លើ​នេះគណៈកម្មការ​រៀបចំ​ក៏បាន​ថ្លែងអំណរគុណ​ដល់​គ្រឹះស្ថាន និង​គ្រប់ភាគី​ពាក់ព័ន្ធដែល​បាន​ចូលរួម​កម្មវិធី​នេះ​យ៉ាងច្រើន​កុះករ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Newcastle ហក់​ចូល Top4 ក្រោយ​ឈ្នះ​នៅ​ទឹកដី Spurs

2022/10/24 06:31:10 pm        75
​បាល់ទាត់៖ ​ក្លិប​អ្នកមាន​ថ្មី Newcastle United បាន​ហក់​ចូល​តំបន់​កំពូល​ទាំង ៤ ហើយ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Tottenham Hotspur ២-១​។ ​​បន្ទាប់ពី​រដូវ​កាល​ដ៏​លំបាក​កាលពី​រដូវ​កាល​មុន ​នៅពេល​ដោះដូរ​ក្បាលម៉ាស៊ីន​របស់​ក្លិប Newcastle បាន​បន្ត​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​នេះ​បាន​យ៉ាង​ល្អ​។​​ពីរ​គ្រាប់​នាំមុខ​មុន​ដោយ Callum Wilson និង Almiron បានក្លាយ​គ្រាប់​បាល់​ជ័យជំនះ ៣ពិន្ទុ​ដ៏​មាន​សារសំខាន់សម្រាប់​​ក្រុម​របស់លោក Eddie Howe បើទោះជា Spurs តាម​ពីក្រោយ​មួយ​គ្រាប់​វិញ​ដោយ Harry Kane ក៏ដោយ​។ ​​ស្រប​ពេលដែល Newcastle ឡើងមក​កាន់ Top4 លើកដំបូង​ក្នុងការ​ចាប់ផ្តើម ១២ប្រកួត​ដំបូង​នៃ​រដូវ​កាល​តាំងពី​​ខែមេសា ឆ្នាំ២០១២ Spurs ឯណោះ​វិញ​រង​បរាជ័យ ២ប្រកួត​ផ្ទួនៗ​។ ​​ងាក​មក​ក្រុម​កំពូល​តារាង​កាំភ្លើង​ធំ Arsenal នៅពេលនេះ​ត្រូវបាន​កាត់បន្ថយ​ការនាំ​មុខមក​ត្រឹម ២ពិន្ទុ​ពី Manchester City ក្រោយ​ស្មើ​នៅ​ទឹកដី Southampton ១-១​។ ​​គ្រាប់​បាល់​នាំមុខ​របស់ Granit Xhaka នៅ​នាទី​ទី១១ ត្រូវបាន​លុបចោល​វិញ ​តាមរយៈ​ការ​តាម​ស្មើ​វិញ​របស់​ម្ចាស់ផ្ទះ​ដោយ Stuart Armstrong​។​​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Mikel Arteta បន្ត​នាំមុខ​ក្នុង​តារាង​ដដែល​តែ​កាត់​មក​ត្រឹម ២ពិន្ទុ​ពីលើ​ក្រុម​លេខ២ Manchester City ដែល​យកឈ្នះ Brighton ៣-១ កាលពី​ថ្ងៃ​សៅរ៍​។ ​​លទ្ធផល​ផ្សេងទៀត​យប់មិញ​រួមមាន Aston Villa ចាប់ផ្តើម​ជីវិត​ក្រោយពេល Gerrard ចាកចេញ​ដោយ​យកឈ្នះ Brentford ៤-០​។ Leicester City ងើប​ផុតពី​តំបន់​គ្រោះថ្នាក់​ក្រោយ​ឈ្នះ​នៅ​ដី Wolves ៤-០ ខណៈ Leeds ចាញ់ Fulham ក្នុង​ដី​ខ្លួនឯង ២-៣៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឃី​ក​បុក​ស៊ី​ង​អញ្ជើញ​ប្រធាន​សហព័ន្ធ​អន្ដរជាតិ​មក​បង្រៀន​អាជ្ញាកណ្ដាល​-​ចៅក្រម​ត្រៀម​ស៊ី​ហ្គេម​

2022/10/24 06:06:37 pm        85
​ឃី​ក​បុក​ស៊ី​ង៖ សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា បាន​បើក​វគ្គ​បណ្ដុះបណ្ដាលអាជ្ញា​កណ្ដាល ចៅក្រម និង​មន្ត្រី​បច្ចេកទេសកម្រិត​អន្តរជាតិឆ្នាំ​២០២២ ដោយបាន​អញ្ជើញ​ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​អន្ដរជាតិ​លោក​ Nasser Nassiri ​បាន​បង្រៀន​ផ្ទាល់ដើម្បី​ពង្រឹងសមត្ថភាព និង​ចំណេះដឹង​ត្រៀម​ការប្រកួត​នានា ពិសេស​ស៊ី​ហ្គេមឆ្នាំ២០២៣ នៅ​កម្ពុជា។​ ​វគ្គ​បណ្ដុះបណ្ដាល​នេះធ្វើឡើង​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា ដោយមាន​សិក្ខាកាម​ចំនួន ៤៨​រូប​ចូលរួម។ ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រមអន្ដរជាតិ​នេះធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC​។​ ​លោក ហេង សុខឃ​ន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជាបាន​ឲ្យ​ដឹងថា គោលបំណងនៃ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្ដរជាតិ​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព និង​គុណភាព​របស់​អាជ្ញាកណ្ដាល ចៅក្រម និង​មន្ដ្រី​បច្ចេកទេស​សហ​ព័ន្ធស្រម​តាម​និយាម​អន្ដរជាតិ ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ខែវិច្ឆិកា​ខាងមុខ ពិសេស​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣។​​ឆ្លៀតឱកាស​នោះ ឯកឧត្តម វ៉ា​ត់ ចំរើន បាន​វាយតម្លៃ​ខ្ពស់ចំពោះ​វគ្គ​នេះដែលមាន​សិក្ខាកាម​ជា​ស្ដ្រី​ចូលរួម ស្របតាម​ចលនា​កីឡាត្រូវមាន​ស្ដ្រី ៣០% ដែលជា​គោលការណ៍​អន្ដរជាតិ។ ឯកឧត្តម​បាន​ក្រើន​រំ​ឮ​ក​ដល់​សិក្ខាកាម​ទាំងអស់ ដោយ​វគ្គ​នេះគ្រូឧទ្ទេស​គឺជា​ប្រធាន​សហព័ន្ធ​អន្ដរជាតិ ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់ និង​ក្រេប​យកចំណេះ​ដឹង​ថ្មីៗពាក់ព័ន្ធ​នឹង​បច្ចេកទេស និង​បទបញ្ជា​ការប្រកួត​នានា ដើម្បី​ពង្រឹងសមត្ថភាព​គ្រប់គ្រាន់ ត្រៀម​ចូលរួម​កាត់សេចក្ដី​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ៕​អត្ថបទ៖ លី ឈុន​ឡា

ពេជ្រ សម្បត្តិ​ គ្រង​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី៨ ក្រោយ​ឈ្នះ​កីឡាករ​ថៃ​ ផាត់​ថា​ណា​

2022/10/24 05:50:27 pm        170
​ប្រដាល់៖ ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ ក្នុង​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ ​ក្រោម​ការគាំទ្រ​ពី​ស្នេហា​គុន​ខ្មែរ​មិនគួរ​ឱ្យ​ជឿ​។ ​​រយៈពេល​ជិត ៥ខែ​តាំងពី​ចាប់ផ្តើម​ជុំ​ដំបូង​នៅ​ដើមខែ​កក្កដា កីឡាករ ៨រូប​រួម​មានគុន​ខ្មែរ ៤ និង​ថៃ ៤រូប​បាន​ប្រកួតប្រជែង​គ្នា​នៅ​សង្វៀន​ស្ទឹងមានជ័យ​របស់​អគ្គនាយក​ដ្ឋា​ន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន​បានទទួល​ការគាំទ្រ​យ៉ាង​សន្ធឹក ខណៈ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃអាទិត្យ​ម្សិលមិញ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​ មាន​ទស្សនិកជន​ប្រមាណ ៤០០០នាក់ និង​មាន​អ្នកទស្សនា​ផ្សាយ​ផ្ទាល់​នៅលើ​បណ្តាញ​សង្គម​ដល់​ទៅជិត ៧០០០០គណនី​។ ​ក្រោម​ក្រសែភ្នែក​ទស្ស​និកជន​រាប់ពាន់នាក់​ក្នុង​សង្វៀន និង​រាប់លាន​នាក់​ទស្សនា​តាម​គេហដ្ឋាន​ កីឡាករ​គុន​ខ្មែរ​មកពី​ក្លិប​ចលនា​យុវជន ១៥៧ គុន​ខ្មែរ ពេជ្រ សម្បត្តិ មិនបាន​ធ្វើឱ្យ​អ្នកគាំទ្រ​គុន​ខ្មែរ​ខកបំណង​ឡើយ​ ដោយបាន​យកឈ្នះ​គូប្រកួត​ដែល​គិតថា ​លំបាក​បំផុត​ក្នុង​រដូវ​កាល​នេះ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន ដោយ​ពិន្ទុ​។នេះ​ជា​លើកដំបូង​សម្រាប់​ពន្លក​គុន​ខ្មែរ​ដែល​ទើប​ចាប់ផ្តើម​អាជីព​មិន​ដល់ ២ឆ្នាំ​ផង ​និង​បាន​គ្រង​ជើងឯក​ខ្សែក្រវាត់ នៅ​សង្វៀន​ដែលមាន​ការគាំទ្រ​បំផុត​នៅ​កម្ពុ​ជាមួយនេះ​។ ​​ពេជ្រ សម្បត្តិ បានទទួល​ប្រាក់រង្វាន់ ៦០០០ពាន់​ដុល្លារ​ក្នុងនាម​ជា​ជើងឯក អម​ជាមួយនឹង​ខ្សែក្រវាត់ និង​ពាន​មួយ​ក្រោម​ការបំពាក់​ដោយ​ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ខណៈដែល​ជើងឯក​រង ផាត់​ថា​ណា ទទួលបាន​ប្រាក់រង្វាន់ ៣៥០០ដុល្លារ​។ ​​ថ្ងៃ​ជាមួយគ្នា​នោះដែរ ធន់ ផានិត បាន​យកឈ្នះ​កីឡាករ​ថៃ​ ទួន​ប៉េ​ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ៣ អម​ជាមួយនឹង​ប្រាក់រង្វាន់ ២០០០ដុល្លារ ​ខណៈ ទួន​ប៉េ​ ទទួលបាន ១០០០ដុល្លារ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជោគជ័យ​នៅ​ Davis Cup ​គឺជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​កីឡា​វាយ​កូន​បាល់​ត្រៀម​ស៊ី​ហ្គេម ២០២៣

2022/10/24 05:35:26 pm        98
​វាយកូនបាល់៖ ទីបំផុត​ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា បានសម្រេច​បំណង​ឡើង​ក្រុម​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup ​ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី​វិញ​ហើយ ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុងការ​ប្រកួត​ក្រុម​៤ ឆ្នាំ​២០២២ ជាមួយ​កំណត់ត្រា​ឈ្នះ ៤​ប្រកួត​ផ្ទួនៗ ពិសេស​វគ្គ​ផ្ដាច់ព្រ័ត្រដែល​កម្ពុជាបាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ២-១ នៅ​ទីក្រុង​ Isa Town ​ប្រទេស​បា​រ៉ែ​នកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​នេះ​គឺជា​ការសម្រេច​ជោគជ័យ​មួយ​ដ៏​ធំ​របស់​ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជា ដែល​បាន​ត្រឡប់​ទៅកាន់​កៅអី​កម្រិត​៣ នៃ​ព្រឹត្តិការណ៍​ពិភពលោក​នេះ​វិញ បន្ទាប់ពី​ខកខាន​អស់​រយៈពេល ៦​ឆ្នាំ ហើយក៏​ជាការ​សម្រេច​គោលដៅ​មួយ​ដ៏​ធំ ក្នុង​ផែនការ​របស់​សហព័ន្ធ​  ​សម្រាប់​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ។​ ​សម្រាប់​ការប្រកួត​កាត់សេចក្ដី​រក​បេក្ខភាព​ឡើង​ក្រុម​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup 2023 ​រវាង​កម្ពុជា និង​សិង្ហ​បុរីកាលពី​ចុង​សប្ដាហ៍​កន្លងទៅបានបញ្ចប់​ការប្រកួត​យ៉ាង​ស្វិតស្វាញ់ បន្ទាប់ពី​ប្រកួត​ទី​១ លើ​វិញ្ញាសា​ឯកត្តជនរវាង​កីឡាករ​ខ្មែរ​-​អាមេរិក​ Mathew Krusling ​បាន​ចាញ់​កីឡាករ​សិង្ហ​បុរី​ Shaeed Alam ​ដោយ​លទ្ធផល ២​សិត​១ ដោយ​ពិន្ទុ សិត​ទី​១ Mathew Krusling ​បាន​ចាញ់​ពិន្ទុ ១-៦ មុន​រូបគេ​វាយបក​យកឈ្នះ​វិញ នៅ​សិត​ទី​២ ដោយ​ពិន្ទុ ៦-២ តែ​សិត​ទី​៣ កីឡាករ​សិង្ហ​បុរីបាន​យកឈ្នះ ៦-៤​។​​ចំណែក​ការប្រកួត​ទី​២ លើ​ឯកត្តជន​ដដែល កីឡាករ​ជើង​ខ្លាំង​កម្ពុជា ប៊ុន កេ​ន្នី ធ្វើបាន​យ៉ាង​ល្អដោយ​យកឈ្នះ ២​សិត​០ លើ​កីឡាករ​សិង្ហ​បុរី​ Roy Hobbs ​ក្នុង​ពិន្ទុ ៦-៣ និង ៦-៣​។ ឈានដល់​ការប្រកួត​កាត់សេចក្ដីលើ​វិញ្ញាសា​វាយ​គូ កីឡាករ ប៊ុន កេ​ន្នី ចាប់ដៃគ្នា​ជាមួយ​ Mathew Krusling ​ដោយបាន​យកឈ្នះ​កីឡាករ​សិង្ហ​បុរី​ Shaheed Alam ​និង​ Ethan Kai Xin Lye ២​សិត​០ ទៀតក្នុង​ពិន្ទុ ៧-៦ និង ៦-២។​ ​តាមរយៈ​ជ័យជម្នះ​នេះនាំ​ឲ្យ​ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជាបាន​ឡើងទៅ​ក្រុម​៣ នៃ​ព្រឹត្តិការណ៍​ Davis Cup ​ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នីនា​ឆ្នាំ​២០២៣ ជាមួយ​ក្រុម​ជម្រើសជាតិ​ស្រីលង្ការដែល​ទទួលបាន​ជ័យជម្នះ​ដូចគ្នានៅ​ប្រទេស​របស់ខ្លួន។​ ​លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជាបាន​លើកឡើងថា បេសកកម្ម​ក្នុងការ​ប្រកួត​ Davis Cup ​នេះគឺជា​ការប្រកួត​មួយ​ដ៏​សំខាន់​របស់​ក្រុម​ជម្រើសជាតិ​ខ្លួន ក្នុងការ​ត្រៀមខ្លួន​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ដូច្នេះ​ការទទួលបាន​ជើងឯក ក៏ដូចជា​ការ​ត្រឡប់​ទៅកាន់​ក្រុម​៣ វិញ​នេះគឺជា​ទំនុកចិត្ត​មួយ​ដ៏​សំខាន់សម្រាប់​ក្រុមកីឡា​វាយ​កូន​បាល់​កម្ពុជា ដើម្បី​ត្រៀមលក្ខណៈ​​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM