ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Club Bruges ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ UCL លើកដំបូង​ ក្រោយ​ស្មើ​នៅ​ទឹកដី Atletico Madrid

2022/10/13 05:54:21 pm        233
​បាល់ទាត់៖ ​ក្រុម​ជើងឯក​លី​គ​ប៊ែ​ល​ហ្ស៊ិ​ក ១៨សម័យ Club Bruges បាន​កក់​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League ជា​លើកដំបូង ​ក្រោយ​ស្មើ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​របស់ Atletico Madrid ០-០ យប់មិញ​។ ​​Club Bruges មាន​ស្ថិតិ​អាក្រក់​នៅ UEFA Champions League ១០រដូវ​កាល​កន្លងមក​ដោយបាន​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ប៉ុណ្ណោះ តែ​លើក​នេះ​មិនធម្មតា​ក្រោយ​លេង ៤ប្រកួត​មិន​ចាញ់​។ ​​Club Bruges ដែល​បច្ចុប្បន្នកំពុង​ដឹកនាំ​ដោយ​អតីត​ខ្សែការពារ Stoke និង West Ham, Carl Hoefkens បានធ្វើឱ្យ​ក្រុម​ម្ចាស់ផ្ទះ Atletico Madrid តឹងចិត្ត​ក្រោយ​ឱកាស​ស៊ុត ២១លើក​ចំ​គោលដៅ ៩លើក​តែ​បំប៉ោង​សំណាញ់​ទី​មិនបាន ​ទោះបីជា​ក្រុម​ភ្ញៀវ​សល់​គ្នា​តែ ១០នាក់​នៅ​នាទី​ទី៨២ ក៏ដោយ​។​​​លទ្ធផល​នេះ​ធ្វើឱ្យ Club Bruges ​លេង ៤​ប្រកួត​មាន ១០ពិន្ទុ​ឈ្នះ ៣ ស្មើ ១ ដាច់​ក្រុម​លេខ២ Porto ៤ពិន្ទុ និង​ដាច់​ក្រុម​លេខ៣ Atletico Madrid ៦ពិន្ទុ​។ ​​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល​នេះ Porto យកឈ្នះ​នៅ​ទឹកដី Bayer Leverkusen ៣-០​។ ​ដូច្នេះ​ក្នុង​ពូ​ល​នេះ ៣ក្រុម​ត្រូវ​ប្រជែង​គ្នា​ដើម្បី​ឱកាស​ទៅ​ជុំ​បន្ត​រួមមាន Porto, Atletico Madrid និង Leverkusen៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ងើប​ពី​កៅអី​បម្រុង Salah ស៊ុត​ ៣គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជំនះ​របស់ Liverpool នៅ​ទឹកដី Rangers ៧-១

2022/10/13 05:35:32 pm        129
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អេ​ស៊ី​ប Mohamed Salah បាន​ត្រលប់​មករក​គ្រាប់​បាល់​បាន​វិញ ​ក្រោយ​ងើប​ពី​កៅអី​បម្រុង​មក​ស៊ុត​ ៣គ្រាប់​ម្នាក់​ឯក​ក្នុង​ជ័យជំនះ​របស់ Liverpool ៧-១ នៅ​ទឹកដី Rangers ក្របខណ្ឌ UCL​។​ ​ក្រុម​ម្ចាស់ផ្ទះ Rangers ចាប់ផ្តើម​បានល្អ​ដោយ Scott Arfield បើក​ការ​នាំមុខ​នៅ​នាទី​ទី១៧ មុន​ពេលដែល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Roberto Firmino វាយបក​ពីក្រោយ ២គ្រាប់​ម្នាក់ឯង​បូក​នឹង​គ្រាប់​បាល់​របស់ Darwin Nunez បន្ថែម​គ្រាប់​នាំមុខ ៣-១ ត្រឹម​នាទី​ទី៦៦​។ ​Mohamed Salah បាន​ផ្លាស់ប្តូរ​ចូល​ជំនួស Darwin Nunez នៅ​នាទី​ទី៦៨ ហើយ​រឿង​មិនគួរ​ឱ្យ​ជឿ​ក៏​កើតឡើងគឺ Salah រកបាន​បី​គ្រាប់​ម្នាក់ឯង​ក្នុង​ចន្លោះពេល​ត្រឹម ៦នាទី​ពោលគឺ​នៅ​នាទី​ទី៧៥, ៨០ និង ៨១ មុនពេល​ដែល Harvey Elliott បន្ថែម​គ្រាប់​ទី៧ ក្រោយ​ឆែក VAR​។​​ជ័យជំនះ​នេះ​ធ្វើឱ្យ Liverpool កាន់តែ​កៀក​ក្នុងការ​ឈានឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ដោយមាន ៩ពិន្ទុ​ពី​ការប្រកួត ៤លើក​ដាច់​ក្រុម​លេខ៣ Ajax ៦ពិន្ទុ​ពោលគឺ​ក្រុម​របស់លោក Jurgen Klopp ត្រូវការ​ត្រឹម ១ពិន្ទុ​ប៉ុណ្ណោះ​ដើម្បី​ឡើង​វគ្គ​បន្ត​។ ​​ងាក​មក​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល A នេះដែរ Napoli បាន​កក់​កៅអី​នៅ​វគ្គ ១៦ក្រុម​ហើយ​ក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ Ajax Amsterdam ៤-២​។ ​ជា​រដូវ​កាល​មួយ​ដ៏​អស្ចារ្យ​សម្រាប់ Napoli នៅ UCL ឆ្នាំនេះ​បន្ទាប់ពី ៤ប្រកួត​ឈ្នះ​ទាំង ៤ មាន ១២ពិន្ទុ​ពេញ ហើយ ៤ប្រកួត​នេះ​ស៊ុត​បញ្ចូល​ទី​គូប្រកួត​សរុប ១៧គ្រាប់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ការប្រកួត​កីឡា​ដើម្បី​ទាំងអស់គ្នានៅ​ខេត្តកណ្ដាល​បញ្ចប់​ដោយ​ជោគជ័យ​

2022/10/13 05:27:35 pm        90
​កណ្ដាល៖ ការប្រកួត​កីឡា​ដើម្បី​ទាំងអស់គ្នាប្រចាំខេត្ត​កណ្តាលឆ្នាំ​២០២២ ក្រោម​ប្រធានបទ «​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​» ដែល​រៀបចំ​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាលបានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត ១​សប្ដាហ៍​កន្លងទៅ។​ ​ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក ប៊ុន ផេង អភិបាលរង តំណាង​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល រួមជាមួយ​មន្ត្រីក្រោមឱវាទ និង​សិស្សានុសិស្ស កីឡាករ-​កីឡាការិនី​ជាច្រើន នៅ​ទីលាន​បាល់ទាត់​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​ ​យោងតាម​របាយការណ៍​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ព្រឹត្តិការណ៍​នេះបានចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​០៧ ដល់​ថ្ងៃទី​១២ ខែតុលា ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ លើកទឹកចិត្ត ប្រជាពលរដ្ឋ​គ្រប់រូប​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​គ្រប់​ប្រភេទ ដើម្បី​ទទួលបាន​សុខភាព សុខុមាលភាព​សង្គម និង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ។​ ​លោក ប៊ុន ផេង អភិបាលរង​ខេត្តកណ្តាលបាន​មានប្រសា​សន៍ថា ខេត្តកណ្តាល​នាពេល​បច្ចុប្បន្ន​កំពុងមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​កីឡា​ក្នុង​ខេត្ត​ក៏មាន​សកម្មភាព​ផុសផុល​គួរ​ឲ្យ​កត់សម្គាល់​ទាំងអស់នេះ គឺជា​ការរួមចំណែក​យ៉ាងសកម្មពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មន្ទីរ អប់រំ​យុវជន និង​កីឡា​ខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ ពិសេស​អ្នក​ដែល​ស្រឡាញ់ និង​ចូលចិត្ត​លេង​កីឡា​ផ្ទាល់ បានរួម​ចំណែក​យ៉ាងសំខាន់​បំផុត​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​ខេត្ត​ឲ្យ​មានការ​រីកចម្រើន ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។​​ក្រឡេក​មក​ការប្រកួត​កីឡា​ដើម្បី​ទាំងអស់គ្នា​នេះ​វិញ លោក​បាន​វាយតម្លៃ​ខ្ពស់ ជាពិសេស​ប្រធានបទ «​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​» ដែល​ស្របតាម​យុទ្ធនាការ​របស់​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។ តាមរយៈ​នេះ លោក​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ និង​យុវជន​ទាំងអស់ បន្ដសកម្មភាព​កីឡា និង​គាំទ្រ​វិស័យ​កីឡា​គ្រប់​រូបភាព ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ទាំងអស់គ្នានា​ឆ្នាំក្រោយ។​ ​ចំពោះ​លទ្ធផល​ការប្រកួត​វិញ ក្នុងនោះប្រភេទ​កីឡាបាល់បោះ​ផ្នែក​នារីលេខ​១ បាន​ទៅ​ក្រុម​មន្ទីរ អប់រំ​យុវជន និង​កីឡា​ខេត្តកណ្ដាល និង​ផ្នែក​បុរសចំណាត់​លេខ​១ បាន​ទៅលើ​ក្រុមកីឡាវា​រៀស (​ក្រុង​តាខ្មៅ​)។ ចំណែក​កីឡាបាល់ទះ ផ្នែក​នារីលេខ​១ បាន​ទៅ​ក្រុមកីឡារួម​មិត្ត​តែមួយ (​ក្រុង​តាខ្មៅ​) និង​ផ្នែក​បុរសលេខ​១ បាន​ទៅ​ក្រុមកីឡាបក្សី​ឆ្លងដែន (​ក្រុង​តាខ្មៅ​)។ រីឯ​កីឡាបាល់ទាត់ផ្នែក​នារីលេខ​១ បាន​ទៅ​ក្រុមកីឡាស្អាង​យើង​ស្អាត​ A (​ស្រុក​ស្អាង​) និង​ផ្នែក​បុរសលេខ​១ បាន​ទៅ​ក្រុម​ TN ​កណ្តាល៕​អត្ថបទ៖ លី ឈុន​ឡា​

សហព័ន្ធ​គាំទ្រ​ការបង្កើតពាន​បាល់ទះ Anchor Slamball លើកដំបូង​នៅ​កម្ពុជា​

2022/10/13 05:00:18 pm        191
​បាល់ទះ៖ ការប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​ Anchor Slamball ​លើកដំបូង​នៅ​កម្ពុជាលើ​វិញ្ញាសា ៤​នាក់ទល់ ៤នាក់នឹង​ចាប់ផ្ដើម​ការប្រកួត​នា​ថ្ងៃទី​០៥ ខែវិច្ឆិកា​ខាងមុខ ខណៈ​មន្ដ្រីជាន់ខ្ពស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបានបង្ហាញ​ការគាំទ្រ​ពេញទំហឹង ដោយ​ចាត់ទុក​ការរៀប​ចំនេះគឺជា​ផ្នែក​មួយទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទះ​ជាតិ។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ស្របពេល​បាល់ទះ​កម្ពុជាទើប​ទទួលបាន​ជោគ​ជ័យ​ជា​ប្រវត្តិសាស្ដ្រ ​ក្នុងការ​ដណ្ដើម​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​លើកដំបូងកាលពី​ថ្មីៗ សហព័ន្ធ​មាន​អំរែក​កាន់​ធ្ងន់ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ហើយ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន រួមទាំង​វិស័យ​ឯកជន​ផងដែរ។​ ​ដូច្នេះ​ការរៀបចំ​នូវ​ព្រឹត្តិការណ៍​ Anchor Slamball ​នេះគឺជា​ឱកាស​ថ្មី​មួយទៀតដែល​បណ្ដា​ក្លិប និង​កីឡាករ​ទូ​ទាំ​ប្រទេសបាន​ចូលរួម​ប្រកួតប្រជែង បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន។ បន្ថែម​លើ​នេះ លោក​ក៏បាន​ជំរុញ​ឲ្យ​កីឡាករ​វ័យក្មេង ពិសេស​កីឡាករ​អាយុ​ក្រោម ១៨​ឆ្នាំ ដ្បិត​សហព័ន្ធ​កំពុង​សម្លឹង​រក​កីឡាករ​វ័យក្មេង​នេះ ដើម្បី​ត្រៀម​ការប្រកួត​ជើងឯក​យុវជន​អាស៊ី​អាយុ​ក្រោម ១៨​ឆ្នាំនាពេលខាងមុខ​ផងដែរ។​​ជាមួយគ្នាតំណាង​ក្រុមហ៊ុន​ Anchor ​សហការ​រៀបចំ​ព្រឹត្តិការណ៍​នេះបាន​បញ្ជាក់ថា គោលដៅ​ធំ​ដែល​ក្រុមហ៊ុន​រៀបចំ​ការប្រកួត​នេះដើម្បី​ជាការ​ចូលរួម​អភិវឌ្ឍ និង​លើកស្ទួយ​វិស័យ​កីឡាបាល់ទះ​នៅ​កម្ពុជា​។ ការប្រកួត​បាល់ទះគឺជា​ការប្រកួត​ដ៏​ពេញនិយម​បំផុត​ដែល​ប្រជាជន​កម្ពុជា​ចូលចិត្ត​លេង​ណាស់​។ ដូច្នេះ​ពានរង្វាន់​នេះនឹង​ប្រមូលផ្ដុំ​កីឡាករ​ឲ្យ​បាន​ជួបជុំគ្នា​ប្រកួត​តាម​លក្ខខណ្ឌ​ស្ដង់ដារ​អន្ដរជាតិ​។ មួយវិញទៀត ក្រុមហ៊ុន​ក៏មាន​គោលបំណង​ចូលរួមចំណែក​ជំរុញ​យុវជន​កម្ពុជា​ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​ក្នុង​គោលដៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ។​​លោក​ Loic De Laubriere ​ប្រធាន​ទីផ្សារ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន បាន​បន្ថែមថា​ Anchor ​តែងតែ​គាំទ្រ​ជានិច្ច​ចំពោះ​ការប្រកួត​បាល់ទះ​នៅលើ​ទីលាន​ធម្មតា ហើយ​ការរៀបចំ​នូវ​ទីលាន​បាល់ទះ​ស្ដង់ដារ សម្រាប់​បម្រើ​ឲ្យ​ការប្រកួត​នេះ នឹង​ជំរុញ​ឲ្យ​កីឡាករ​កាន់តែ​មាន​ភាព​កក់ក្ដៅ ក្នុងការ​ប្រកួត និង​បង្ហាញ​នូវ​សមត្ថភាព។​ ​សូមបញ្ជាក់ថា ការប្រកួត​កីឡាបាល់ទះ​ Anchor Slamball ​នេះមាន​ក្រុម​ខ្លាំងៗ​ចំនួន ៨​ក្រុមក្នុងនោះ​មាន ៧​ក្រុម​មកពី​រាជធានី​-​ខេត្ត។ ការប្រកួត​នឹងធ្វើ​ឡើង​ពីថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ រហូតដល់​ខែមករា ឆ្នាំ​២០២៣ ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

បឹងកេត​ជួប​វិសាខា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន លើកដំបូង

2022/10/13 04:45:25 pm        107
​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ បាន​រកឃើញ​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយគឺមាន​ក្រុម​បឹងកេត និង​វិសាខា ដែល​ត្រូវ​ជួបគ្នា​លើកដំបូងក្នុង​វគ្គ​ដណ្ដើម​ជើង​ឯក​នេះ បន្ទាប់ពី​ក្រុម​ទាំងពីរបាន​បន្ដ​យកឈ្នះ​គូប្រជែង​រៀងៗ​ខ្លួន នៅក្នុង​ការប្រកួត​កាត់សេចក្ដីជើង​ទី​២ នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រកាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ។​ ​ក្រុម​បឹងកេតបាន​បន្ដ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ២-០ បន្ទាប់ពី​ពួកគេបានទទួល​ជ័យជម្នះ ៣-០ កាលពី​សប្ដាហ៍​មុន។ ២​គ្រាប់​ជួយ​ឲ្យ​ក្រុម​នាគ​ខៀវ​បឹងកេត ធានា​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​លើក​ទី​២ ក្នុង​ប្រវត្តិសាស្ដ្រ​របស់​ក្លិប​នេះរកបាន​ដោយ​កីឡាករ សេត រ៉​ស៊ី​ប ១​គ្រាប់ និង សៀង ច​ន្ធា ១​គ្រាប់។ សរុប​លទ្ធផល​ទាំង ២​ជើង បឹងកេតបាន​យកឈ្នះ​ក្រុម​ក្របខណ្ឌ​លី​គ​ទី​២ នេះ ៥-០។​ ​ចំណែក​ក្រុម​វិសាខាបាន​បន្ដ​យកឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន ២-១ លើក​ទឹកដី​របស់ខ្លួនដូច​កាលពី​ជើង​ទី​១ ដែរ។ ជំនួប​កាត់សេចក្ដី​នេះ វិសាខា រកបាន ២​គ្រាប់​មុននៅ​វគ្គ​ទី​២ ដោយ​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង ទាំង ២​គ្រាប់។ បន្ទាប់មក​គេ​ឃើញ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ព្យាយាម​វាយ​សម្រុក​ជាខ្លាំងរហូតដល់​ចុង​ម៉ោង ទើប​ពួកគេ​អាច​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ​បាន ១​គ្រាប់ដោយ​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត។ សរុប​លទ្ធផល​ទាំង ២​ជើង វិសាខា បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៤-២។​​នេះ​ជា​លើក​ទី​៣ ហើយដែល​វិសាខាបាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​ពួកគេ​បានឈ្នះ​ពាន ២​ឆ្នាំ​ជាប់​គ្នាកាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ កន្លងទៅ។ ប៉ុន្ដែ​នេះ​ជា​លើកដំបូង​ហើយដែល​វិសាខា និង​បឹងកេតត្រូវ​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​ប្រើប្រាស់​តែ​ធនធាន​កីឡាករ​ក្នុងស្រុក​នេះ ដ្បិត​កន្លងមក​ក្រុម​ទាំងពីរ បាន​ត្រឹម​ធ្លាប់​ជួបគ្នា​ក្នុង​វគ្គ ៨​ក្រុម​ចុងក្រោយ ក៏ដូចជា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ។​ ​គួរ​ដឹងថា ក្នុង​ពាន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​នេះ បឹងកេត និង​វិសាខាធ្លាប់​ជួបគ្នា​ដំបូងកាលពី​ឆ្នាំ​២០១៩ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​បឹងកេតបាន​យកឈ្នះ​ក្នុង​លទ្ធផល ៤-០។ បន្ទាប់មក​ឆ្នាំ​២០២១ ក្រុម​ទាំងពីរបាន​ជួបគ្នា​ក្នុង​វគ្គ ៨​ក្រុម​ចុងក្រោយ ដែល​ធ្វើការ​ប្រកួត ២​ជើងស្មើគ្នា​ទាំង ២​ជើង តែ​វិសាខាបាន​យកឈ្នះ​ដោយ​កាត់​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដីក្នុង​លទ្ធផល ៤-៣។ ចុងក្រោយ​ឆ្នាំ​២០២១ ក្រុម​ទាំងពីរបាន​ជួបគ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាថ្មី ដោយ​វិសាខាបាន​យកឈ្នះ​បឹងកេត ២-១។ ដូច្នេះ​ចាំមើល​តើ​ការជួបគ្នា​លើកដំបូងក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រនា​ដើមខែ​វិច្ឆិកា​ខាងមុខ ក្រុម​ណា​នឹង​ក្លាយជា​ម្ចាស់​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២?អត្ថបទ៖ លី ឈុន​ឡា

អ្នកគាំទ្រ​អេ​ស្ប៉ា​ញ​ម្នាក់​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ទៅ​កាតា​ដើម្បី​ទស្សនា World Cup

2022/10/12 10:20:52 pm        85
​បាល់ទាត់៖ ​អ្នកគាំទ្រ​​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​កំពុងធ្វើដំណើរ​ដោយ​ថ្មើរជើង ដើម្បី​ទៅ​ចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2022 ឆ្នាំនេះ​នៅ​ប្រទេស​កាតា​។ ​​លោក Santiago Sanchez បានធ្វើ​ដំណើរ​ពី​ទីក្រុង Madrid ក្នុង​ដំណើរ​រយៈពេល ១០​ខែ​ឱ្យដល់​ទឹកដី​កាតា​ទាន់​ការប្រកួត​ទី១ របស់​អេ​ស្ប៉ា​ញ​។ ​លោក Santiago Sanchez បានធ្វើ​ដំណើរ ១០ ទៅ ១៥គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ ហើយ​មាន​ថ្ងៃ​ខ្លះ​ដើរ​បាន​ដល់​ទៅ ៣០គីឡូម៉ែត្រ​។ ​គំនិត​នៃ​ការ​ផ្សងព្រេង​របស់លោក​គឺ​មិនមែន​ផ្តោតលើ World Cup នោះឡើយ​។ “​តាមពិតទៅ​ការធ្វើដំណើរ​របស់ខ្ញុំ​គឺ​ដើម្បី​លើកទឹកចិត្ត និង​បំផុសគំនិត​អ្នកដទៃ​ឱ្យ​បង្ហាញថា​អ្នក​អាចធ្វើ​បាន ថា​ពួកគេ​អាច​ទៅ​ឆ្ងាយ​បាន​ទោះ​ត្រឹម​លទ្ធភាព​តិចតួច​ក៏ដោយ​។ នៅទីនេះ​ខ្ញុំ​មានផ្ទះ​របស់ខ្ញុំ នៅទីនេះ​ខ្ញុំ​មាន​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​ត្រូវការ​សម្រាប់​មួយឆ្នាំ ឬ​ពីរ​ឆ្នាំ​។ ហើយ​នោះ​ជា​បេសកកម្ម ឬ​គោលបំណង​នៃ​ការធ្វើដំណើរ​។ ខ្ញុំ​នឹង​ព្យាយាម​ទៅ​ទីនោះ​សម្រាប់​ការប្រកួត​ទី១ ​របស់​អេ​ស្ប៉ា​ញ​នៅ​ប្រទេស​កាតា​”។ ​​Santiago Sanchez បានធ្វើ​ដំណើរ​ដល់​ទឹកដី​អ៊ីរ៉ាក់​ហើយ ​ជាមួយនឹង​រទេះ​ចង់​សន្តោង​នឹង​ចង្កេះ​ដឹក​វ៉ា​លី​ដាក់​ឥ​វ៉ាន់ និង​ចំនី​អាហារសម្រន់​មួយចំនួន​។​“​នៅពេលដែល​ខ្ញុំ​មក​ទីនេះ ក្នុង​តំបន់ Kurdistan នៅ​ភាគ​ខាងជើង ប្រជាជន​នៅទីនេះ​ចិត្តល្អ​ណាស់​។ ខ្ញុំ​នៅក្នុង​ផ្ទះរបស់​គ្រួសារ​មួយ​អស់​រយៈពេល​ជាង ១​សប្តាហ៍​ក្នុង​ទីក្រុង Zakho​។ បុរស​វ័យក្មេង​ម្នាក់​បាន​មើលថែ​ខ្ញុំ​នៅ Dohuk និង​នៅ Irbil ។ នៅ​គ្រប់​ទីក្រុង​ទាំងអស់ ខ្ញុំ​មានឱកាស​ចែករំលែក​បទពិសោធន៍​របស់ខ្ញុំ​ជាមួយ​គ្រួសារ​ក្នុង​តំបន់​។ ទាំងនេះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត នៅពេល​ពួកគេ​បើកទ្វារ​ឱ្យ​មនុស្ស​ដែល​មិន​ស្គាល់​អ្នក​ចូល​ផ្ទះ​។ ពួកគេ​បាន​មើលឃើញ​ពី​ការខិតខំ និង​ក្តី​ប្រាថ្នា​របស់ខ្ញុំ​។​ ”Santiago Sanchez គឺជា​អត្ត​ព​លិ​ក និង​ជា​គ្រូបង្វឹក​បាល់ទាត់​ម្នា​ក់នៅ​ទីក្រុង Madrid ហើយ​រូបលោក​នឹង​រស់នៅក្នុង​តំបន់​ប្រជុំជន Sulaymaniyah ប្រទេស​អ៊ីរ៉ាក់​នេះ​មួយរយៈ​មុនពេល​ឆ្លងដែន​ទៅ​ប្រទេស​អ៊ីរ៉ង់ ហើយ​បន្តដំណើរ​តាម​ទូក​ឆ្លងទៅ​ប្រទេស​កាតា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែការពារ Liverpool ២នាក់​ទៀត​ត្រូវ​អវត្តមាន ៣សប្តាហ៍​ដោយសារ​របួស​

2022/10/12 09:49:55 pm        70
​បាល់ទាត់៖ ​ក្រុម​ហង្ស​ក្រហម Liverpool កំពុង​ប្រឈម​ការ​លំបាក​ខ្លាំងក្នុង​ស្ថានភាព​ក្រុម​ដែល​កំពុង​ដុនដាប​រដូវ​កាល​នេះ ស្រប​ពេល​ដែល​នៅ​ពេល​នេះ​ខ្សែ​ការពារ​ ២រូប​ទៀត​មាន​របួស​ត្រូវ​អវត្តមាន ៣សប្តាហ៍​។ ​​ខ្សែការពារ​ស្លាប​ស្តាំ​អង់គ្លេស Trent Alexander-Arnold និង​ខ្សែការពារ​កណ្តាល Joel Matip សុទ្ធ​តែ​មាន​របួស​កជើង និង​កំភួនជើង​ដែល​ទទួលរង​អំឡុង​ការប្រកួត​ចាញ់​នៅ​ទឹកដី Arsenal កាលពី​ថ្ងៃ​អាទិត្យ​។​មុន​នេះ​ដែរ Liverpool ទើបតែ​ប្រកាស​ពី​ការ​អវត្តមាន​ខ្សែប្រយុទ្ធ​ស្លាប Luis Diaz រហូតដល់​ខែធ្នូ​ដោយសារ​របួស​ជង្គង់​ពេល​ជួប Arsenal ដូចគ្នា​។ ​ក្រៅពី​បីនាក់​ខាងលើ Liverpool ក៏មាន​កីឡាករ​មួយ​ចំនួន​ទៀត​ស្ថិតក្នុង​បញ្ជី​របួស​ផងដែរ​រួមមាន​ខ្សែបម្រើ Arthur Melo ដែល​ខ្ចី​ពី Juventus, ខ្សែបម្រើ​អង់គ្លេស Alex Oxlade-Chamberlain និង Naby Keita មាន​របួស​ភ្លៅ ស្រប​ពេលដែល​ខ្សែការពារ​ស្កុ​ត​ឡេ​ន Andrew Robertson កំពុងមាន​របួស​ជង្គង់​។​​Liverpool កំពុង​ឈរ​លេខ ១០ ក្នុង​តារាង​នៅ Premier League តាម​ពីក្រោយ​ក្រុម​កំពូល​តារាង ១៤ពិន្ទុ ​ពោលគឺ​ឈ្នះ​តែ ២ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ៨ប្រកួត​រដូវ​កាល​នេះ​។ ​ក្រុម​របស់លោក Jurgen Klopp នៅពេលនេះ​នៅសល់ ៦ប្រកួត​រហូត​ចុងខែ​តុលា​នេះ ​បួ​ក​រួមទាំង​ការប្រកួត​នៅ​ទឹកដី Rangers ក្របខណ្ឌ UEFA Champions League យប់​នេះ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Juventus ចាញ់​នៅផ្ទះ Maccai Haifa ខណៈ Benfica ស្មើ​នៅ​ដី PSG

2022/10/12 09:29:56 pm        74
​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម​សេះបង្កង់ Juventus លោក Massimiliano Allegri កាន់តែ​ស្ថិតក្នុង​សំពាធ​បន្ទាប់ពី​បរាជ័យ​នៅ​ទឹកដី​អ៊ីស្រាអែល Maccabi Haifa ២-០ កាន់តែ​កៀក​មិនអាច​បន្ត​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​ពីរ​គ្រាប់​ក្នុង​វគ្គ​ទី១ ដោយ Omer Atzili គ្រប់គ្រាន់​សំរាប់ Maccabi Haifa យក​បី​ពិន្ទុ​ក្នុង​ទឹកដី​របស់ខ្លួន និង​ជា​ជ័យជំនះ​ដំបូង ហើយក៏​ជា​ពិន្ទុ​ដំបូង​ក្នុង​ពូ​ល H នេះដែរ​ក្រោយ​ចាញ់ ៣ប្រកួត​ផ្ទួនៗ​។ ​ចំណែក Juventus ៤ប្រកួត​កន្លងមក​ស្គាល់​ជ័យជំនះ​តែ ១ប្រកួត​គត់​គឺ​ឈ្នះ Maccabi Haifa នេះឯង​នៅ​ទឹកដីអ៊ីតាលី ៣-១ សប្តាហ៍​មុន​។ ​បរាជ័យ​នេះ​ធ្វើឱ្យ Juventus ឈរ​លេខ៣ មានតែ ៣ពិន្ទុ​ប៉ុណ្ណោះ​។ ​មួយ​គូ​ទៀត​ក្នុង​ពូ​ល​នេះដែរ Benfica បាន​ទប់​ស្មើ​នៅ​ទឹកដី Paris Saint Germain ១-១​។​​ជ័យជំនះ​អាចធ្វើឱ្យ PSG ធានាបាន​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ខណៈ Kylian Mbappe គឺជា​អ្នកបើក​ការ​នាំ​មុខ ១-០ មុន​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​នៅ​នាទី​ទី៣៩​។ ​យ៉ាងណាក្តី​ក្រុម​ភ្ញៀវ​ព័រទុយហ្កាល់ Benfica ក៏​តាម​ស្មើ​វិញ​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​ដូចគ្នា​នៅ​វគ្គ​ទី២ ដោយ Joao Mario​។ ​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​ទាំងពីរ​មាន ៨ពិន្ទុ​ដូចគ្នា និង​ចំណេញ​គ្រាប់​បាល់ ៣គ្រាប់​ដូចគ្នា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សហព័ន្ធ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​បើក​ទំព័រ​ថ្មី​នៃ​ពាន​បាល់ទះ​សម្ដេច​តេ​ជោ ហ៊ុន សែន ចុង​សប្ដាហ៍​នេះ​

2022/10/12 06:51:46 pm        89
​បាល់ទះ៖ ការប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ នឹង​ចាប់ផ្ដើម​ការ​ប្រកួត​នា​ថ្ងៃ​ទី​១៥ ខែ​តុលា​ចុង​សប្ដាហ៍​នេះនៅ​សាល​ទីលាន​បាល់ទះ​នៃ​កីឡដ្ឋាន​ព្រី​នស៍ ដោយ​មាន​បេក្ខភាព​ខ្លាំងៗ ១១​ក្រុម​ចូលរួម​ប្រកួតប្រជែង។ ជាមួយ​ការ​បើក​សករាជ​ថ្មី​នេះ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ព្រឹត្តិការណ៍​នេះ​នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើនដើម្បី​បំផុស និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​នេះ ពិសេស​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន និង​ពិធី​ចាប់ឆ្នោត​កាលពី​ថ្ងៃ​ទី​១១ ខែតុលា​ម្សិលមិញ​ថា នេះ​គឺជា​សកម្ម​មួយ​ថ្មី​មួយទៀត​ក្នុងចំណោម​កម្មវិធី​ជាច្រើន ដែល​ត្រូវ​បាន​រៀប​ចំ​ជា​បន្ដបន្ទាប់​ក្នុង​ឆ្នាំ​២០២២ ហើយក៏​ជាការ​ជីក​កកាយ​ឡើងវិញ​នូវ​ព្រឹត្តិការណ៍​ធំៗ​ ដែល​បាន​ធ្លាប់​រៀបចំ​ពីមុន​ផងដែរ ជាក់ស្ដែង​ការប្រកួត​បាល់ទះ​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ដែល​ធ្លាប់​រៀបចំ​លើកដំបូង​តាំងពី​ឆ្នាំ​១៩៩៧ ហើយ​សហព័ន្ធ​បាន​ប្ដេជ្ញា​បន្ដ​និរន្ដរភាព​រៀបចំ​ពាន​នេះ​រៀង​រាល់​ឆ្នាំ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​បាល់ទះ​ជាតិ។​ ​​លោក តែ​ន ឡ​ន អគ្គលេខាធិការ​រង​សហព័ន្ធ និង​ជាម​ន្ដ្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​នេះ​បាន​ឲ្យ​ដឹងថា បេក្ខភាព​ចូលរួម​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ នេះ​គឺ​មាន ៥​ក្រុម​ត្រូវ​បាន​សហព័ន្ធ​អញ្ជើញ និង ៦​ក្រុម​ទៀត​ឡើង​មកពី​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង។ ក្រុម​ទាំង ១១ ត្រូវ​បែង​ចែក​ជា ៤​ពូ​លដើម្បី​ធ្វើការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ ១​ជើង ហើយ​ក្រុម​លេខ​១ និង​លេខ​២ តាម​ពូ​ល​នីមួយៗ​នឹង​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ ក៏ដូចជា​បន្ដ​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។​​ជា​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត ពូ​ល ​A ​គឺ​មាន​ក្រុម​បាល់ទះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​, ​វិសាខា និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង។ ពូ​ល​ B ​មាន​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស​, ​ស្នងការដ្ឋាន​នគរបាល​ត្បូងឃ្មុំ និង​ខេត្ត​សៀមរាប។ ពូ​ល​ C ​មាន​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣, ​កូន​នាគ​ឧត្ដរ និង​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ពូ​ល​ D ​គឺមាន​ក្រុម​ក្រសួងមហាផ្ទៃ និង​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង។​ ​សម្រាប់​ប្រាក់រង្វាន់​ជ័យលាភី​វិញ ក្រុម​ជើងឯក​នឹង​ទទួល​បាន​ពាន ១ អម​ប្រាក់​រង្វាន់ ១​ម៉ឺន​ដុល្លារ​, ​លេខ​២ ទទួល​បាន ៥​ពាន់​ដុល្លារ​, ​លេខ​៣ ទទួល​បាន ៣ពាន់​ដុល្លារ និង​លេខ​៤ ទទួល​បាន ២​ពាន់​ដុល្លារ។ ចំពោះ​ការប្រកួត​គ្រោង​នឹង​បញ្ចប់​នា​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២២ ខាងមុខ។​ ​អ្វីដែល​កាន់តែ​អស្ចារ្យ​នោះគឺ​ដើម្បី​អបអរសាទរ​ការរៀប​ចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ សហព័ន្ធ​ក៏បាន​រៀបចំ​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ចំនួន ២​ប្រកួត​ផង​ដែរ ពោល​គឺ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ​នៅ​ថ្ងៃ​បើក​នា​ថ្ងៃទី​១៥ ខែតុលា​ចុង​សប្ដាហ៍​នេះ និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្តភាព​លក្ខណៈ​ដកស្រង់​បច្ចេកទេស​ ជាមួយ​ក្រុម​ជម្រើស​ជាតិ​គុយបា​នា​ថ្ងៃ​ទី​២០ ខែ​តុលា​ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

Manchester City ស្មើ​នៅ​ទឹកដី Copenhagen តែ​គ្រប់​ពិន្ទុ​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ UCL

2022/10/12 06:09:32 pm        98
​បាល់ទាត់៖ ​ក្រុម​ជើងឯក​រង​ឆ្នាំ២០២០ Manchester City បាន​បន្តដំណើរ​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League ហើយ​បើទោះជា​ស្មើ ០-០ នៅ​ទឹកដី Copenhagen ក៏ដោយ​។ ​​ក្រុម​របស់លោក Pep Guardiola ដែល​ទុក Erling Haaland ឱ្យ​សម្រាក​នោះមានឱកាស​ច្រើន​ក្នុងការ​ប្រកួត​នេះ​ ដូចជា​ឱកាស​របស់​ស៊ុត​ពី​ចំងាយ​របស់ Rodri តែ​អាជ្ញាកណ្តាល​មិនឱ្យ​ក្រោយ​ឆែក VAR​។ ​​ក្រោយមក Riyad Mahrez មានឱកាស​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​មួយទៀតតែ​ធ្វើ​មិនបាន​សម្រេច មុន​ពេលដែល​ខ្សែការពារ Sergio Gomez ត្រូវបាន​បណ្តេញចេញ​នៅ​នាទី​ទី៣០ ធ្វើឱ្យ Manchester City ត្រូវ​លេង​ភាគច្រើន​នៃ​ការប្រកួត​មាន​គ្នា​ត្រឹម ១០នាក់​។ ​​យ៉ាងណាក្តី​គ្មាន​គ្រាប់​បាល់​បញ្ចូល​ទី​ឡើយ​ក្នុងការ​ប្រកួត​នេះ បញ្ចប់​ទៅដោយ Manchester City ស្មើ ០-០ នៅ​ទឹកដី Copenhagen តែ​ធានាបាន​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​បន្ទាប់ពី Dortmund និង Sevilla ស្មើគ្នា​នៅ​ទឹកដី​អាល្លឺម៉ង់​។​​Tanguy Nianzou តែ​ត​បញ្ចូល​ទី​នាំ​មុខមុន​ឱ្យ Sevilla មុនពេល​ដែល Dortmund តាម​ស្មើ​វិញ​ដោយ Jude Bellingham ដែលជា​គ្រាប់​ទី៤ របស់​កីឡាករ​វ័យ ១៩ឆ្នាំ​អង់គ្លេស​រូបនេះ​នៅ UCL រដូវ​កាល​នេះ​។ ​​លទ្ធផល​នេះ​មានន័យថា Manchester City នៅតែ​ឈរលើ​គេ​មាន ១០ពិន្ទុ​តាម​ពីក្រោយ​ដោយ Dortmund មាន ៧ពិន្ទុ Sevilla លេខ៣ មាន ២ពិន្ទុ និង Copenhagen ក្រោម​គេ​មាន ២ពិន្ទុ​ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM