ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

កម្ពុជា​បញ្ជូន​គ្រូ និង​កីឡាករ​-​កីឡា​ការិនី ៣៣​រូប​ទៅ​បង្ហាត់​គុន​ល្បុក្កតោ និង​ហាត់​បញ្ច​សិលា​នៅ​ឥណ្ឌូនេស៊ី​

2022/10/12 05:51:23 pm        85
​ល្បុក្កតោ៖ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជាបាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន ៣៣​នាក់ ដើម្បី​ទៅ​បង្ហាត់កីឡា​គុន​ល្បុក្កតោ និង​ហ្វឹកហាត់​កីឡា​បញ្ច​សិលានៅ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ថ្ងៃទី​១២ ខែតុលារហូតដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជាទើប​ត្រឡប់មកវិញ។​ ​មុន​ចាក​ចេញពី​មាតុភូមិកាលពី​ថ្ងៃទី​១១ ខែតុលា​ម្សិលមិញ​ ​ថ្នាក់ដឹកនាំ​សហព័ន្ធក៏បាន​ជួប​សំណេះ​វ​សំ​ណា​ល និង​ជូន​ដំណើរ​ផង ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ច័ន្ទ សារុន សមាជិក​រដ្ឋសភាជាតិ និង​ជា​ប្រធាន​សហព័ន្ធ​, ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​អនុប្រធាន​សហព័ន្ធ រួមទាំង​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ និង​ព្រឹទ្ធាចារ្យ​គុន​ល្បុក្កតោ​ផ្សេងទៀត។​ ​លោក អ៊ូ តារា អគ្គលេខាធិការរង​សហព័ន្ធ បាន​ឲ្យ​ដឹងថា បេសកកម្ម​របស់​ក្រុមកីឡា​គុន​ល្បុក្កតោ​នេះដឹកនាំ​ដោយ​ប្រតិភូ ១​រូប ហើយ​មាន​គ្រូបង្វឹក ២​រូបត្រូវ​ទៅ​បង្ហាត់​គុន​ល្បុក្កតោដល់​កីឡាករ​-​កីឡាការិនី​ឥណ្ឌូនេស៊ី។ រីឯ​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ៣០​នាក់​ទៀតត្រូវ​ទៅ​ហ្វឹកហាត់​កីឡា​បញ្ច​សិលា ដែល​បង្ហាត់​ដោយ​ក្រុម​គ្រូបង្វឹក​ឥណ្ឌូនេស៊ី។ ការផ្លាស់ប្ដូរ​នូវ​ការហ្វឹកហាត់នៃ​ការ​កីឡា​ក្បាច់គុន​បុរាណ​រវាង​ប្រទេស​ទាំងពីរ ធ្វើឡើង​ក្រោយ​មាន​ការចុះ​អនុស្សារណ​យោគយល់​គ្នារវាង​ឯកឧត្តម វ៉ា​ត់ ចំរើន និង​ឯកឧត្តម ប្រា​ប៊ូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន​តូ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បញ្ច​សិលា​អន្តរជាតិ ដោយមាន​ការគាំទ្រ​ពេញ​ទំ​ហឹ​ងពី​ប្រមុខ​រាជរដ្ឋាភិបាលសម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ខែមិថុនា​កន្លងទៅ។​​​ទន្ទឹម​ជាមួយគ្នា គ្រូបង្វឹកក៏ដូចជា​កីឡាករ​-​កីឡាការិនីដែល​បាន​ចេញទៅ​បោះជុំរុំ​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​នេះ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ និង​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ហ្វឹកហាត់​នូវ​ប្រភេទ​កីឡា​បញ្ច​សិលា ដោយ​ពួកគេ​យល់ថា មិនសូវមាន​ឧបសគ្គ​សម្រាប់​ខ្លួន​ដែលមាន​មូលដ្ឋាន​គុន​ល្បុក្កតោ​ស្រាប់​នោះទេ ព្រោះ​ក្បាច់គុន​អាច​ប្រហាក់ប្រហែលគ្នា គ្រាន់តែ​អាស្រ័យ​លើ​ឆន្ទៈ និង​ការ​ខំប្រឹងប្រែង​ប៉ុណ្ណោះ។​ ​ក្នុងឱកាស​ជួប​សំណេះសំណាល​ដែរ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ច័ន្ទ សារុន បាន​ក្រើន​រំ​ឮ​ក​ដល់​ប្រតិភូ គ្រូបង្វឹក ពិសេស​កីឡាករ​-​កីឡាការិនីត្រូវ​ប្រកាន់​ភ្ជាប់​ឲ្យ​បាន​នូវ​វិន័យ ក្រមសីលធម៌ និង​សាមគ្គីភាព​ក្រុម ហើយក៏​ត្រូវ​ថែរក្សា​សុខភាព​ផងដែរ ដើម្បី​ធានាបាន​នូវ​ការហ្វឹកហាត់​ប្រកបដោយ​គុណ​ផល សម្រាប់​យកមក​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ ឆ្លៀតឱកាស​នោះ ឯកឧត្តម​ក៏បាន​ឧបត្ថម្ភ​ប្រាក់​ហោ​ប៉ាវ​ក្នុង​ម្នាក់ៗ​ចំនួន ៤០​ម៉ឺន​រៀល​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Rudiger តែ​ត​ចុង​ម៉ោង​ឲ្យ Real Madrid តាម​ស្មើ Shakhtar Donetsk ១-១

2022/10/12 05:29:13 pm        64
​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid ស្ទើរ​តែ​ចាញ់​ក្រុម​អ៊ុយ​ក្រែ​ន Shakhtar Donetsk ទៅហើយ​មុនពេល​ដែល Rudiger ជា​អ្នក​សង្គ្រោះ​នៅ​ចុង​ម៉ោង​។ ​​Oleksandr Zubkov ជា​អ្នក​តែ​ត​បញ្ចូល​នាំមុខ​មុន​ឱ្យ Shakhtar Donetsk នៅ​នាទី​ទី​៤៦ និង​ស្ទើរ​តែ​ជា​គ្រាប់​បាល់​ជ័យជំនះ​ទៅហើយ តែ​ក្រុម​ភ្ញៀវ Real Madrid ខ្សែការពារ​អាល្លឺម៉ង់ Antonio Rudiger គឺជា​អ្នក​តែ​ត​តាម​ស្មើ​វិញ​បានសំរេច​នៅ​នាទី​ទី៩០+៥ ទៅហើយ​។​ ​​តែមួយ​គ្រាប់​របស់ Rudiger នេះ​ក៏​ធ្វើ​ឱ្យគេ​រងរបួស​ហូរឈាម​ក្បាល​ដែរ ​ដោយ​ប៉ះទង្គិច​ជាមួយ​អ្នកចាំទី Anatoliy Trubin​។​ ​​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Carlo Ancelotti បន្ត​ឈរលើ​គេ​ក្នុង​ពូ​ល F មាន ១០ពិន្ទុ ​ខណៈ Shakhtar Donetsk ឈរ​លេខ៣ មាន ៥ពិន្ទុ​។ ​​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល​នេះ Leipzig បាន​យកឈ្នះ​នៅ​ទឹកដី Celtic ២-០ ដោយ​គ្រាប់​បាល់​របស់ Timo Werner និង Emil Forsberg​។ ​​បី​ពិន្ទុ​នេះ Leipzig ឡើងមក​លេខ២ មាន ៦ពិន្ទុ ​ខណៈ Celtic អស់​ឱកាស​ទៅ​វគ្គ​បន្ត​ហើយ​ក្រោយ​មាន​ត្រឹម ១ពិន្ទុ​ពី​ការប្រកួត ៤លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

CAMSOC ​ជំរុញ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង និង​ក្រៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោត្រូវ​រួចរាល់ ១០០​ថ្ងៃ​មុន​ស៊ី​ហ្គេម

2022/10/12 05:17:23 pm        109
​​ស៊ី​ហ្គេម៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) កាលពីថ្ងៃទី​១១ ខែតុលា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ដ្រៃយ៍​ត្រួតពិនិត្យ​ការរៀបចំ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ក្នុង និង​ក្រៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ត្រូវ​ជំរុញ​ការរៀបចំ​ឲ្យ​បាន​រួចរាល់ ១០០​ថ្ងៃមុន​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២។​ ​ថ្លែងប្រាប់​អ្នកសារព័ត៌មានក្រោយ​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះផ្ដោតលើ ២​ចំណុច​សំខាន់ៗ ទី​១-​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ផ្ដោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​ខាងក្រៅ ពិសេស​ផ្លូវ​ធ្វើដំណើរ​សម្រាប់​ប្រតិភូ​កីឡា និង​ទី​២-​ផ្ដោតលើ​ការសាងសង់​ភូមិ​កីឡា ដែល​ត្រូវ​សាងសង់​ឲ្យ​បាន​រួចរាល់​តាម​ការកំណត់ក្នុង​ចំនួន​នេះ ដែល​អាច​ផ្ទុក​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ជាង ៤​ពាន់​នាក់​ក្នុង ១​ថ្ងៃ។​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែលបាន​បន្ថែមថា ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​ភូមិ​កីឡាមកទល់ពេលនេះកំពុងដំណើរការ​យ៉ាង​រលូន ក្រោម​ការយកចិត្តទុកដាក់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​ក៏ដូចជា​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន ជាក់ស្ដែង​ភូមិ​កីឡា ក្រុមហ៊ុន​សាងសង់​បាន​អះអាង​ជាថ្មីនឹង​បិទ​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣ ដើម្បី​ប្រគល់​ឲ្យ​គណៈកម្មការ​រៀបចំ ខណៈ​ផ្លូវ​សម្រាប់​បម្រើ​ឲ្យ​ប្រតិភូ​ចូលរួម​ប្រកួត​ស៊ី​ហ្គេមក៏​សាងសង់​រួច​រាល់​ច្រើន​ដែរ។​​គួរ​ដឹងថា ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ មុន​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ដែល​នឹង​ប្រព្រឹត្តទៅពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ ដែល​ពិធី​បើក​-​បិទ ក៏ដូចជា​ការប្រកួត​កីឡា​ភាគច្រើន នឹងធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ៕​អត្ថបទ៖ លី ឈុន​ឡា

Chelsea ឈ្នះ AC Milan ទាំង​ទៅ​ទាំង​មក​ឡើង​ឈរលើ​គេ​ក្នុង​ពូ​ល E

2022/10/12 04:54:16 pm        74
​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea រកបាន​ជ័យជំនះ ២​ប្រកួត​ជាប់​គ្នា​នៅ​ក្របខណ្ឌ UEFA Champions League និង​ជា​ជ័យជំនះ​ពីរ​ប្រកួត​ផ្ទួនៗ​ផងដែរ​លើ​ក្រុម​ជើងឯក​អ៊ីតាលី AC Milan​។ ​​ក្រុម​របស់លោក Graham Potter ទើបតែ​យកឈ្នះ AC Milan ៤-០ សប្តាហ៍​មុន​នៅ​ទឹកដី Stamford Bridge ខណៈ​ការវិល​ទៅកាន់​ទឹកដី​អ៊ីតាលី​វិញ​អតីត​ខ្សែការពារ Chelsea, Fikayo Tomori កៅឆាយ​ជួប​ក្រុម​ចាស់​ទទួលបាន​កាត​ក្រហម​ស្រស់ៗ​នៅ​នាទី​ទី១៨ ក្រោយ​កំហុស​លើ Mason Mount ហើយ Jorginho គឺជា​សម្រេច​គ្រាប់​បាល់​ពិន័យ ១១ម៉ែត្រ​។ ​​ក្រោយមក​អតីត​ខ្សែប្រយុទ្ធ AC Milan, Pierre-Emerick Aubameyang គឺជា​អ្នកធានា​ជ័យជំនះ​ឱ្យ Chelsea នៅ​នាទី​ទី៣៤ ទល់នឹង​អតីត​ក្លិប​របស់ខ្លួន​។​​យ៉ាងណាក្តី Chelsea ក៏មាន​បញ្ហា​របួស​ម្នាក់​គឺ​ខ្សែការពារ​ស្តាំ​អង់គ្លេស Reece James ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​នៅ​វគ្គ​ទី២​។ ​​ចប់​ការប្រកួត Chelsea ទទួលបាន ៣ពិន្ទុ​បន្ថែម​ឡើង​មកឈរ​លេខ១ ក្នុង​ពូ​ល​វិញ​មាន ៧ពិន្ទុ​តាម​ពីក្រោយ​ដោយ Red Bull Salzburg ដែល​បាត់បង់​តំណែង​លេខ១ ក្នុង​ពូ​ល​ក្រោយ​ស្មើ​នៅ​ទឹកដី Dinamo Zagreb ១-១​។ Salzburg ឈរ​លេខ២ មាន ៦ពិន្ទុ ​ខណៈ AC Milan ឈរ​លេខ៣ មាន ៤ពិន្ទុ និង Dinamo Zagreb មាន ៤ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

OCA ​ផ្ញើ​លិខិត​អរគុណ​ឯកឧត្ដម​បណ្ឌិត ថោង ខុន ដែល​រៀបចំ​មហាសន្និបាត​ដោយ​ជោគជ័យ​

2022/10/12 04:48:33 pm        82
​អូឡាំពិក៖ ឯកឧត្តម​ Raja Randhir Singh ​ប្រធានស្តីទី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) ​បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ​រួមទាំង​ក្រុមការងារដែល​បានរៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ីលើក​ទី​៤១ ប្រកបដោយ​ភាពជោគជ័យ ពិសេស​ការទទួល​បដិសណ្ឋារកិច្ច​បាន​យ៉ាង​ល្អឥតខ្ចោះ។​ ​ប្រធានស្ដីទី​ OCA ​ដដែលបាន​សម្ដែង​ការគោរព​ដ៏​ជ្រាលជ្រៅ ចំពោះ​ការរៀបចំ​មហាសន្និបាត​របស់​កម្ពុជា ពិសេស​ឯកឧត្តម​បណ្ឌិត ថោង ខុន ធ្វើ​ឲ្យ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ីប្រព្រឹត្ត​ទៅក្នុង​លក្ខណៈ​មួយ ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ការទទួល​បដិសណ្ឋារកិច្ច​យ៉ាង​ល្អឥតខ្ចោះ ជូន​ដល់​ប្រតិភូ​កីឡា​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី ធ្វើ​ឲ្យ​ប្រតិភូ​ទាំងអស់បានទទួល​នៅ​ការចង់ចាំ​ដ៏​អស្ចារ្យ ​ក្នុងការ​អញ្ជើញ​មក​ចូលរួម​ក្នុង​មហាសន្និបាត​នេះ។​ ​បន្ថែម​លើ​នេះ ឯកឧត្តម​ Raja Randhir Singh ​បាន​ជូនពរ​ឯកឧត្តម​បណ្ឌិត ថោង ខុន និង​ក្រុមការងារទទួលបាន​ជោគជ័យ និងសម្រេច​លទ្ធផល ក៏ដូចជា​ស្នាដៃ​ធំៗ​បន្ថែមទៀត ពិសេស​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​​គួរ​ដឹងថា មហាសន្និបាត​ OCA ​លើក​ទី​៤១ បានធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញកាលពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា​កន្លងទៅ ដែល​ពិធី​បើក​មហាសន្និបាតបានធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សម្ដេច​ក៏បាន​ថ្លែង​នូវ​សន្ទរកថា​គន្លឹះ ដើម្បី​រួមចំណែក​ជាមួយ​ចលនា​អូឡាំពិក​អាស៊ី និង​អន្ដរជាតិ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​តំបន់ ជាមួយ​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

Max Verstappen គ្រង​ជើងឯក F1 ពិភពលោក​លើក​ទី២ ក្រោយ​ឈ្នះ​នៅ​ជប៉ុន​

2022/10/10 10:19:30 pm        57
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង F1 ហូ​ឡង់ Max Verstappen បាន​ក្លាយជា​ជើងឯក​ពិភពលោក F1 ពី​ររដូវ​កាល​ជាប់​គ្នា​ ក្រោយឈ្នះ​ការប្រកួត​នៅ​ទឹកដី​ជប៉ុន​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ ​ការប្រកួត​ដែល​មាន​ការរំខាន​ដោយសារ​ភ្លៀង​ធ្លាក់ត្រូវបាន​ផ្អាក​វិញ​ ក្រោយ​ប្រណាំង​បាន ២ជុំ​រង់ចាំ​ស្ថានភាព​អាកាស​ធាតុ​ល្អប្រសើរ​ឡើងវិញ​។​​ការ​ចាប់ផ្តើម​ឡើងវិញ Max Verstappen ដែល​ឈ្នះ​ប្រកួត​យក​ទី​ចេញដំណើរ​កាលពី​ថ្ងៃ​សៅរ៍ បាន​រក្សា​ការ​នាំមុខ​របស់ខ្លួន​តាំងពី​ពេលចេញ​ដំណើរ​រហូតដល់​ទី​ព្រ័ត្រ​។ ​ដំបូង​ឡើយការកំណត់​ជើងឯក​ពិភព​លោក​ត្រូវ​រង់ចាំ​នៅ​ទីលាន​បន្ទាប់​ដោយសារតែ Charles Leclerc បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ២ នៅ​ជប៉ុន​នេះ តែ​កីឡាករ​របស់ Ferrari រូបនេះ​មាន​កំហុស​នៅ​ផ្លូវបត់​ចុងក្រោយ​នៃ​ជុំ​ចុង​ក្រោយ​ធ្វើឱ្យ FIA សម្រេច​ពិន័យ ៥វិនាទី​ធ្វើឱ្យ Sergio Perez ឡើងមក​លេខ២ ឯ Leclerc ធ្លាក់​ទៅ​លេខ៣ វិញ​។​​យោងតាម​លទ្ធផល​នេះ Max Verstappen ឈ្នះ​ពិន្ទុ​ដាច់​ក្នុង​តារាង​ជើងឯក​ពិភពលោក ១១៤ពិន្ទុ​ពីលើ Charles Leclerc គ្រប់គ្រាន់​ល្មម​ដើម្បី​គ្រង​ជើងឯក​បើទោះបី​នៅសល់ ៤ទីលាន​ទៀត​ក៏ដោយ ខណៈ​ដែល Sergio Perez ឡើងមក​លេខ២ ក្នុង​តារាង​ជើងឯក​។ ​ទីលាន​បន្ទាប់ពី​ចំនួន​ដែល​នៅសល់​រួមមានសហរដ្ឋអាមេរិក​ថ្ងៃទី២១ ខែតុលា​នេះ, ម៉ិ​ក​ស៊ិ​ក​ថ្ងៃទី២៨ ខែតុលា​នេះ, ប្រេ​ស៊ី​ល​ថ្ងៃទី១១ ខែ​វិច្ឆិកា និង​ចុងក្រោយ​នៅ​អារ៉ាប់​រួម​ថ្ងៃទី១៨ ខែវិច្ឆិកា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Union Berlin ឈ្នះ​នៅផ្ទះ Stuttgart បន្ត​នាំមុខគេ​នៅ Bundesliga

2022/10/10 09:55:23 pm        70
​បាល់ទាត់៖ ​ក្រុមបាល់ទាត់ Union Berlin បាន​បន្ត​ការនាំ​មុខក្រោយ​សប្តាហ៍​ទី៩ នៃ​ក្របខណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga ក្រោយ​យកឈ្នះ​នៅ​ទឹកដី Stuttgart ១-០ យប់មិញ​។ ​គ្រាប់​បាល់​ជ័យជំនះ​របស់ Union Berlin ត្រូវ​រង់ចាំ​ដល់​នាទី​ទី៧៦ ទើប​កីឡាករ​អាល្លឺម៉ង់ Paul Jaekel ស៊ុត​បញ្ចូល​ទី​បានសម្រេច ដែលជា​គ្រាប់​បាល់​បី​ពិន្ទុ​របស់ Union Berlin​។ ​Stuttgart បញ្ចប់​ការប្រកួត​ដោយមាន​កីឡាករ​តែ ១០នាក់​នៅលើ​ទីលាន​បន្ទាប់ពី Serhou Guirassy ទទួលបាន​កាត​ក្រហម​នៅ​នាទី​ទី៨២​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Union Berlin បន្ត​នាំមុខគេ​ក្នុង​តារាង​មាន ២០ពិន្ទុ​ពី​ការប្រកួត ៩លើក នាំមុខ​ក្រុម​លេខ២ Freiburg ២ពិន្ទុ​។ ​​ចំណែក​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ជំនួប​រវាង​ក្រុម​យក្ស​នៅ​អាល្លឺម៉ង់​ទាំងពីរ Borussia Dortmund ទទួល Bayern Munich បញ្ចប់​ទៅដោយ​លទ្ធផល ២-២​។ក្រុម​ភ្ញៀវ Bayern Munich នាំមុខ ២គ្រាប់​មុន​ដោយ Leon Goretzka និង Leroy Sane តែ​ម្ចាស់ផ្ទះ Dortmund ក៏​តាម​ពីក្រោយ​វិញ​ដោយ Youssoufa Moukoko នាទី​ទី៧៤ និង​គ្រាប់​តាម​ស្មើ​នៅ​នាទី​ទី៩០+៥ ទៅដោយ Anthony Modeste​។ ​Bayern Munich បន្ត​ឈរ​លេខ៣ មាន ១៦ពិន្ទុ​ដូចគ្នា​នឹង Dortmund ដែល​ឈរ​លេខ៤៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Arthur Melo ដែល Liverpool ខ្ចី​ពី Juventus រង​របួស​ត្រូវ​វះកាត់ និង​សម្រាក​ច្រើន​ខែ

2022/10/10 09:36:19 pm        71
​បាល់ទាត់៖ ​ខ្សែបម្រើ Liverpool, Arthur Melo នឹងត្រូវ​អវត្តមាន​ច្រើន​ខែក្រោយ​រងរបួស​អំឡុង​ពេល​ហ្វឹកហាត់ និង​ឈានដល់​ការវះកាត់​។ ​កីឡាករ​ប្រេ​ស៊ី​លវ័យ ២៦​ឆ្នាំ​រូបនេះ​បានមក​កាន់ Liverpool ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​កន្លងមក ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាលពី​ក្លិប​សេះបង្កង់ Juventus​។ ​​​របួស​របស់ Arthur Melo នឹងធ្វើ​ឱ្យគេ​អវត្តមាន​យ៉ាងហោចណាស់ ៣ ទៅ ៤ខែ​ទំរាំ​ជាសះស្បើយ​មកវិញ ដែល​មាន​ន័យថា​ក្តីសង្ឃឹម​បង្ហាញខ្លួន​នៅ World Cup 2022 នៅ​កាតា​ឆ្នាំនេះ​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ត្រូវ​រលាយ​សាបសូន្យ​។ ​តាំងពី​ផ្លាស់​មកកាន់ Liverpool, Arthur មិនទាន់បាន​បង្ហាញខ្លួន​ជា​ជម្រើស ១១នាក់​នៅឡើយ និង​បាន​ចូល​លេង​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ពេល Liverpool ចាញ់​នៅ​ទឹកដី Napoli ៤-១ នៅ UEFA Champions League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Djokovic ឈ្នះ​ពាន Astana Open ជា​ពាន​ទី​៩០ នៅ​ក្របខណ្ឌ ATP

2022/10/10 06:32:30 pm        55
​​វាយ​កូន​បាល់​៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​គ្រង​ជើងឯក​ពានរង្វាន់ Astana Open នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ​ក្រោយ​យកឈ្នះ​កីឡាករ​ក្រិ​ក Stefanos Tsitsipas នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​នេះ​ជា​ពាន​ទី៩០ សម្រាប់ Djokovic នៅ​ក្របខណ្ឌ ATP Tour បន្ទាប់ពី​ជ័យជំនះ ២សិត​ផ្ទួនៗ ៦-៣ និង ៦-៤ លើ Tsitsipas​។ ​​ជ័យជំនះ​នេះ​បាន​ធានា​កៅអី​មួយ​សម្រាប់​កីឡាករ​វ័យ ៣៥ឆ្នាំ​ម្ចាស់​ពាន Grand Slam ២១លើក Djokovic នៅ​ការប្រកួត​បិទ​រដូវ​កាល ATP Finals ផងដែរ​។ ​​ចំណែកឯ​កីឡាករ​ក្រិ​ក Stefanos Tsitsipas នៅពេលនេះ​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខណ្ឌ ATP ៩លើក​ហើយ​បូក​ទាំង​ចាញ់ Djokovic លើក​នេះ​។ ​ដោយឡែក​ការប្រកួត​នៅ​ពានរង្វាន់​ផ្សេងទៀត កីឡាករ​អាមេរិក Taylor Fritz បាន​យកឈ្នះ​មិត្ត​រួម​ជាតិ Frances Tiafoe ដើម្បី​លើក​ពាន Japan Open​។ ​​រីឯ​ការប្រកួត​ផ្នែក​នារី​វិញ កីឡាការិនី​ឆែក Barbora Krejcikova បាន​គ្រង​ជើងឯក Ostrava Open ដែល​ពាន WTA ពីរ​កម្មវិធី​ផ្ទួន​ក្រោយ​យកឈ្នះ​កីឡាការិនី​លំដាប់​លេខ ១ ពិភពលោក​សញ្ជាតិ​ប៉ូឡូញ Iga Swiatek​។ ​​ជាមួយគ្នា​នោះដែរ កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក Elise Mertens បាន​យកឈ្នះ​កីឡាការិនី​បារាំង Alize Cornet ដើម្បី​គ្រង​ជើងឯក Jasmine Open នៅ​ទុយ​នេ​ស៊ី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ronaldo រកបាន​គ្រាប់​ទី​៧០០ ឲ្យ​ក្លិប​អាជីព និង​ជា​គ្រាប់​ដំបូង​រដូវ​​កាល​នេះ​នៅ Premier League

2022/10/10 06:05:03 pm        93
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo ទីបំផុត​រកបាន​គ្រាប់​ដំបូង​របស់ខ្លួន​នៅ​ក្របខណ្ឌ English Premier League រដូវ​កាល​នេះ​ស្របពេល Manchester United វាយបក​យកឈ្នះ Everton ២-១ នៅ Goodison Park​។ ​​ក្រុម​របស់ Frank Lampard បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី៥ ដោយ Alex Iwobi មុនពេល​ដែល Antony Santos ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​នៅ​នាទី​ទី១៥ ដែលជា​គ្រាប់​ទី៣ របស់ខ្លួន​រដូវ​កាល​នេះ​។ ​​Anthony Martial ដែល​ចាប់ផ្តើម ១១នាក់​ដំបូង​ប្រកួត​នេះ​ក៏ត្រូវ​ផ្លាស់ប្តូរ​ចេញ​វិញ​ត្រឹម​នាទី​ទី២៩ ដោយសារ​របួស ធ្វើឱ្យ Cristiano Ronaldo ចូល​ជំនួស​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ក៏​រកបាន​គ្រាប់​បាល់​ដំបូង​របស់ខ្លួន​នៅ Goodison Park រាប់​តាំងពី​ឆ្នាំ២០០៥ និង​ជា​គ្រាប់​បាល់​ជ័យជំនះ ២-១ លើ Everton ផងដែរ​។ ​​នេះ​ជា​គ្រាប់​បាល់​ទី៧០០ សម្រាប់​ក្លិប​អាជីព​របស់ Cristiano Ronaldo តាំងពី​ចាប់ផ្តើម​អាជីព​ដំបូង​ជាមួយ Sporting Lisbon នៅ​ឆ្នាំ២០០២ Manchester United, Real Madrid, Juventus និង​ត្រលប់មក Manchester United ម្តងទៀត​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Erik ten Hag ឡើងមក​លេខ៥ មាន ១៥ពិន្ទុ​តាម​ពីក្រោយ Chelsea ១ពិន្ទុ​។​​ចំណែក​មួយ​ប្រកួត​ទៀត​ក្រុម​កំពូល​តារាង Arsenal នៅតែ​បន្ត​ឈរ​កំពូល​តារាង​ដដែល ​ក្រោយ​យកឈ្នះ​ហង្ស​ក្រហម Liverpool ៣-២​។ ​​Gabriel Martinelli បើក​ការ​នាំមុខ​ឱ្យ Arsenal ត្រឹម​វិនាទី​ទី៥៨ ប៉ុណ្ណោះ មុនពេល​ដែល Darwin Nunez តាម​ស្មើ​វិញ​នៅ​នាទី​ទី៣៤​។ ​​Bukayo Saka ជា​អ្នក​ស៊ុត​នាំមុខ​ឱ្យ Arsenal ជាថ្មី​តែ Roberto Firmino ក៏​តាម​ស្មើ​ឱ្យ Liverpool ម្តងទៀត​មុនពេល​ដែល Saka ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​សម្រេច​បី​ពិន្ទុ​ឱ្យ Arsenal បន្ត​នាំមុខ Manchester City ១ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM