ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

សហព័ន្ធ​បន្ដ​ចាប់ដៃ​ជាមួយ​ក្លិប​សមាជិក​រៀបចំ​ពានរង្វាន់​ប៊ីយ៉ា​កា​រ៉ុ​ម ដើម្បី​សម្រួច​ទិសដៅ​ស៊ី​ហ្គេម​

2022/10/10 05:38:14 pm        269
​ស្នូកឃ័រ៖ សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជាបាន​បន្ដ​ចាប់​ដៃគូ​ សហការ​ជាមួយ​ក្លិប​សមាជិក​របស់ខ្លួនគឺ​ក្លិប​ LUX98 ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ថ្មី​មួយទៀតគឺ​ការប្រកួត​ពានរង្វាន់​ប៊ីយ៉ា​កា​រ៉ុ​ម ឬ​ COROM / 3C Cup 2022 ​ដែល​ធ្វើឡើង ១​ថ្ងៃ​ពេញ​នៅ​ទីតាំង​ក្លិប​នា​ក្រុង​តាខ្មៅកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធបាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀប​ចំនេះ ពិសេស​ក្នុងនាម​សហព័ន្ធ​លោក​បាន​កោតសរសើរ​ក្លិប ដែលមាន​ឆន្ទៈ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ ដើម្បី​សម្រួច​ទិសដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ពិសេស​វិញ្ញាសា​កា​រ៉ុ​ម ដែលជា​វិញ្ញាសា​ត្រូវ​បានដាក់​ក្នុងការ​ប្រកួត នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ។​ គួរ​ដឹងថា ការប្រកួត​ដណ្ដើម​ពានរង្វាន់​វិញ្ញាសា​កា​រ៉ុ​ម​ COROM / 3C Cup 2022 ​មាន​កីឡាករ​ចូលរួម ១៦រូបដែល​ការប្រកួត​ធ្វើឡើង​រយៈពេល ២​ថ្ងៃនៅ​ថ្ងៃទី​០៨ និង​ថ្ងៃទី​០៩ ខែតុលា។ ជា​លទ្ធផល​ការប្រកួត កីឡាករ ពុធ ច័ន្ទដារ៉ា ទទួលបាន​ជើងឯក។ លេខ​២ កីឡាករ ហ៊ុយ វៀន និង​លេខ​៣ កីឡាករ ថុ​ក ជុង៕​អត្ថបទ៖ លី ឈុន​ឡា

គូព្រេង​មិន​ព្រ័ត្រ អង់គ្លេស ​និង​អ៊ីតាលី​ចាប់ឆ្នោត​ក្នុង​ពូ​ល​ជាមួយគ្នា​នៅ​វគ្គ​ជំ​រុះ Euro 2024

2022/10/10 05:26:19 pm        126
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​ដែលជា​ជើងឯក​រង​ពានរង្វាន់​ទ្វីបអឺរ៉ុប ជាថ្មី​ម្តងទៀត​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជើងឯក​អឺរ៉ុប​អ៊ីតាលី​នៅ​វគ្គ​ជំ​រុះ Euro 2024 ដែល​នឹង​រៀបចំ​នៅ​ប្រទេស​អាល្លឺម៉ង់​។ ​​ការចាប់​ឆ្នោត​ដែល​រៀន​ចំ​នៅ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ អ៊ីតាលី​ដែល​បាន​យកឈ្នះ​អង់គ្លេស​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2020 ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី និង​ជា​ក្រុម​ក្នុង​ពូ​ល​ជាមួយគ្នា​ដែរ​នៅ UEFA Nations League ត្រូវ​ស្ថិតក្នុង​ពូ​ល C ជាមួយនឹង​អ៊ុយ​ក្រែ​ន ម៉ា​សេ​ដ្វា​ន់​ខាងជើង និង​ម៉ា​ល់តា​។ ​​ក្រុម​ទាំងពីរ​មាន​អនុស្សាវរីយ៍​ជូរចត់​ជាមួយគ្នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​អង់គ្លេស​តែងតែ​ជួបនឹង​លទ្ធផល​មិនល្អ​។ ​​ចំណែក​អ៊ីតាលី​ក៏​នឹងត្រូវ​ជួប​ជាមួយ​ម៉ា​សេ​ដ្វា​ន់​ខាងជើង ដែល​ធ្លាប់បាន​ទំលាក់​អ៊ីតាលី​ពី​វគ្គ Play-Off ដែល​ធ្វើឱ្យ​ក្រុម​របស់លោក Roberto Mancini ខកខាន​មិនបាន​ចូលរួម​ការប្រកួត World Cup 2022 ឆ្នាំនេះ​។ ​​សម្រាប់​លទ្ធផល​ការចាប់​ឆ្នោត​ផ្សេងទៀត​មានដូចជា បារាំង​ស្ថិតក្នុង​ពូ​ល B ជាមួយ​ហូ​ឡង់ សាធារណរដ្ឋ​អៀក​ឡង់ ក្រិ​ក និង​ស៊ី​ប្រា​ល់តា​។ ពូ​ល A អេ​ស្ប៉ា​ញ ស្កុ​ត​ឡេ​ន ន័​រវេ​ស ហ្ស​ក​ហ្ស៊ី និង កោះ​ស៊ី​ប​។ ពូ​ល D ក្រូ​អាស៊ី វែ​ល អា​មេ​នី ទួ​ក​គី និង​ឡេ​តូ​នី​។ ពូ​ល E ប៉ូឡូញ ឆែក អាល់​បា​នី ហ្វា​រូ​អ៊ី​ស្លង់ និង​ម៉ូ​ល​ដាវី​។ពូ​ល F មាន​ប៊ែ​ល​ហ្ស៊ិ​ក អូទ្រីស ស៊ុយអែត អា​ស៊ែ​បៃ​សង់ និង​អេ​ស្តូ​នី​។ ពូ​ល G មាន​ហុង​គ្រី ស៊ែ​ប ម៉ុង​តេ​ណេ​ក្រូ ប៊ុល​ហ្ការី និង​លី​ទុយ​អា​នី​។ ពូ​ល H មាន​ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ ស្លូ​វេ​នី កា​ហ្សា​ក់​ស្ថាន អៀក​ឡង់​ខាងជើង និង​សាន់​ម៉ា​រី​ណូ​។ ពូ​ល I ស្វីស អ៊ីស្រាអែល រ៉ូ​ម៉ា​នី កូ​សូ​វ៉ូ បេឡា​រុស និង​អង់​ដូ​រ៉ា​។ ពូ​ល J ព័រទុយហ្កាល់ បូ​ស្នៀ អ៊ី​ស្លង់ លុច​ហ្សាំ​បួរ ស្លូ​វ៉ា​គី និង​លិច​ស៊ែ​ន​ស្តែ​ន​។ ​ការប្រកួត​វគ្គ​ជម្រុះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៣ ខែមីនា​ឆ្នាំក្រោយ​បញ្ចប់​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ​ឆ្នាំ​២០២៣ ដដែល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​គាំទ្រ​ការ​បន្ថែម​ឧបសគ្គ​ក្នុង​ព្រឹត្តិការណ៍​ Enduro Cross ​វគ្គ​ទី​២ ចុងខែ​នេះ​

2022/10/10 05:01:40 pm        120
​ប្រណាំង​ម៉ូតូ៖ ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ត្រៃ​ដណ្ដើម​ជើងឯក​ឆ្នាំ​២០២២ វគ្គ​ទី​២ ឬ​ Enduro Cross Challenge Championship Round 2 Series 2022 ​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​២៩ ខែតុលា​ខាងមុខនៅ​ទីលាន​សន្ដិភាព ក្បែរ​គល់ស្ពាន​ព្រែក​ព្នៅ ជាមួយ​ការបន្ថែម​នូវ​ឧបសគ្គ​មួយចំនួន ក្នុង​ផ្លូវ​ប្រណាំងដែល​ទទួល​បានការ​សាទរ​ទាំងស្រុង​ពី​សំណាក់​កីឡាករ​ចូលរួម។​ ​លោក ពេជ្រ សុខា អ្នក​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ព្រឹត្តិការណ៍​នេះបាន​ឲ្យ​ដឹងថា ដោយសារ​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន​ដៃគូ និង​មានការ​គាំទ្រ​ពី​កីឡាករ ទើប​ជំរុញ​ឲ្យ​មាន​ព្រឹត្តិការណ៍​វគ្គ​ទី​២ កើតឡើង​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​ម៉ូតូ​ត្រៃ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ឈានទៅរក​ការប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ។ រីឯ​លោក នួន ឧ​ត្ត​ម តំណាង​ក្រុមហ៊ុន​ DUNLOP ​ក៏បាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ផងដែរ។​ ​ដោយឡែក​តំណាង​ក្លិប ពិសេស​កីឡាករ​ដែល​បាន​ចុះឈ្មោះ​រួចរាល់ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ Enduro Cross challenge Championship 2022 ​វគ្គ​ទី​២ ចុងខែ​នេះបាន​សម្ដែង​សេចក្ដី​រីករាយ ដែល​កម្មវិធី​នេះ​ហៀបនឹង​កើតឡើង​ជាថ្មី ពិសេស​ការបន្ថែម​នូវ​ឧបសគ្គ​លើផ្លូវ​ប្រណាំង ដែលជា​បច្ច័យ​ដ៏​ល្អ​សម្រាប់​កីឡាករក្នុងការ​ខិតខំ និង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមសម្រាប់​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​នេះ ក៏ដូចជា​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ។​​គួរ​ដឹងថា ព្រឹត្តិការណ៍​ Enduro Cross challenge Championship 2022 ​វគ្គ​ទី​១ បានរៀបចំ​កាលពី​ចុងខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ ដោយមាន​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរជាតិ​ជាង ១០០​នាក់​ចូលរួម។ ប៉ុន្ដែ​វគ្គ​ទី​២ នេះ គណៈកម្មការ​រៀបចំ​មាន​សុទិដ្ឋិនិយម​ថា នឹងមាន​អ្នកចូលរួម​ច្រើនមិន​ចាញ់​វគ្គ​ទី​១ ឡើយ ដ្បិត​មកទល់ពេលនេះមាន​កីឡាករ​ប្រមាណ ៥០% ហើយដែល​បាន​ចុះឈ្មោះ​រួចរាល់ ខណៈ​ការចុះឈ្មោះនឹង​បន្ដ​ទទួល​ពាក្យរហូតដល់ ១​ថ្ងៃមុន​ការប្រកួត​ចាប់ផ្ដើម។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ពេជ្រ សុខា បន្ទាប់ពី​លោក​បានរៀបចំ​នូវ​ការប្រកួត​សម​ទីលានកាលពី​ល្ងាច​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ៕​អត្ថបទ៖ លី ឈុន​ឡា

ប្រមុខ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ថ្មី​ថា ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ត្រូវ​រក​មេដាយ​ឲ្យ​បាន​

2022/10/10 04:40:20 pm        139
​សូ​ហ្វ​តិ​ន្នី​ស៖ ឯកឧត្តម ប្រាក់ ផល្លា ទីប្រឹក្សា​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែល​ទទួល​ការគាំទ្រ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជាអាណត្តិ​ទី​៣ ឆ្នាំ​២០២២-២០២៦ បាន​លើកឡើងថា ស៊ី​ហ្គេមឆ្នាំ​២០២៣ ត្រូវ​ស្វែងរក​មេដាយ​ឲ្យ​ខាន​តែ​បានក្នុងនាម​កម្ពុជា​ជាម្ចាស់ផ្ទះ​លើកដំបូង។​ ​នេះ​បើតាម​ការគូសបញ្ជាក់​ក្នុង​មហាសន្និបាត​វិសាមញ្ញបូកសរុប​ការងារ​ឆមាស​ទី​១ បន្ដ​អនុវត្ត​ការ​ឆមាស​ទី​២ លើកទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៣ និង​កែសម្រួល​សមាសភាព​គណៈ​ក​ម្មា​ធិ​ការប្រតិបត្តិអាណត្តិ​ទី​៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​ប្រធាន​សហព័ន្ធអាណត្តិ​ចាស់លោក ជា ប៊ុនហេង បាន​លាឈប់។​ ​ឯកឧត្តម ប្រាក់ ផល្លា បានទទួល​ស្គាល់​ចំពោះ​សមិទ្ធផលក្រោម​ការដឹកនាំ​របស់​ប្រធាន​សហព័ន្ធ​មុនៗ ពិសេស​ចាប់តាំងពី​សហ​ព័ន្ធ​កើតឡើង​ដំបូង ដែល​ទទួលបាន​មេដាយ​លើ​ឆាក​អន្ដរជាតិ​ជាច្រើន។ ប៉ុន្ដែ​ចំពោះមុខ​ក្នុងឋាន​កម្ពុជាធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើកដំបូង ឯកឧត្តម​បាន​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែខ្លាំង ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ឲ្យ​បាន។​​ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ ប្រមុខ​សហព័ន្ធ​ថ្មី​ដដែលបាន​តម្រូវ​ឲ្យ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ ផ្ដោត​ការយកចិត្ត​ទុក​ដាល់​លើ ២​ចំណុច​សំខាន់ៗ ទី​១-​ត្រូវ​ជំរុញ​កីឡាករ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​រក​ប្រទេស​ណាដែល​អាចជួយ​ដល់​កីឡាករ​ក្នុងការ​ចេញទៅ​ហ្វឹកហាត់​ក្រៅប្រទេស​បាន និង​ទី​២-​ជំរុញ​ផ្នែក​ស្មារតី​កីឡាករ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ឲ្យ​បានជា​និច្ច។​ ​ក្រឡេក​ទៅ​ចាប់អារម្មណ៍ សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធដែល​ត្រូវបាន​កែតម្រូវ​ក្នុង​អាណត្តិ​ថ្មី​នេះដែរ ក្រៅពី​ឯកឧត្តម ប្រាក់ ផល្លា ជា​ប្រធាន គឺមាន​លោក ឆេង សុ​ភ័​ក្រ​, ​លោក ជា វិបុល និង​លោក វ៉ា គ្រី ជា​អនុប្រធាន។ លោក ជា សែន​វិស្សុត ជា​អគ្គលេខាធិការ ព្រមទាំង​អគ្គលេខាធិការរង ៣​រូប។ លោក វ៉ង់ វុ​ទ្ធា ជា​អគ្គ​ហេរញ្ញិក និង​អគ្គ​ហេរញ្ញិក​រង ២​រូប ព្រមទាំង​សមាជិក​ចំនួន ១៤​រូប​ផ្សេងទៀត។ មហាសន្និបាត​វិ​សាម​ញ្ញា​នេះដែរ ក៏មាន​ការចូលរួម​ជា​សក្ខីភាព​ពី​មន្ដ្រី​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​បញ្ចប់​ភារកិច្ច​ប្រកួត​ជម្រុះ​ពាន​ AFC U17 ​ដោយ​រក​បាន ៣​ពិន្ទុ​

2022/10/10 04:29:57 pm        119
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ១៧​ឆ្នាំ​កម្ពុជាបាន​បញ្ច​ប់​បេសកកម្ម​លើទឹក​ដី​អូស្ដ្រាលី ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​អាស៊ី​ AFC U17 Asian Cup 2023 ​ហើយដោយ​រកបាន ៣​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ប្រកួត​បញ្ច​ប់ពូ​ល​ G ​បាន​យកឈ្នះ​ក្រុមយុវជន​ U17 ​កោះ​ម៉ា​រី​អាណា​ខាងជើង ៤-០។​ ​ជំនួប​បង្គ្រប់កិច្ច​នេះក្រុម​គោព្រៃ​ជំទង់​កម្ពុជា បាន​បើក​ការ​នាំមុខ​ក្រុមយុវជន​កោះ​ម៉ា​រី​អាណា​ខាងជើង ៣-០ នៅ​វគ្គ​ទី​១ មុន​បន្ថែម ១​គ្រាប់​ទៀតនៅ​វគ្គ​ទី​២។ នេះ​គឺជា​ជ័យជម្នះ​តែ ១​គត់ក្នុងចំណោម ៣​ប្រកួត​នៃ​ពូ​ល​ G ​សម្រាប់​បេសកកម្ម​មួយ​នេះ បន្ទាប់ពី ២​ប្រកួត​ដំបូងបាន​ចាញ់​ក្រុមយុវជន​ចិន ៩-០ និង​ចាញ់​ម្ចាស់ផ្ទះ​អូស្ដ្រាលី ១០-០។​ ​យ៉ាងណាមិញ​ក្នុងនាម​ក្រុមការងារ​ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា តាមរយៈ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​សម្ដែង​ការ​អរគុណ​ដល់​អ្នកគាំទ្រដែល​តែង​គាំទ្រ និង​លើកទឹកចិត្ត​កីឡាករ​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ដ្រាលី ដែល​បានធ្វើ​ដំណើរ​ពី​ចម្ងាយដើម្បី​ចូលរួម​ទស្សនា និង​គាំទ្រ​លើកទឹកចិត្ត​ផ្ទាល់​ដល់​ក្រុម​ជម្រើសជាតិ​ U17 ​កម្ពុជា។​ក្នុង​ពូ​ល​ជាមួយ​ក្រុមយុវជន​កម្ពុជា​នេះដែរ ក្រុម​ម្ចាស់ផ្ទះ​ U17 ​អូស្ដ្រាលីបាន​ដឹក​ដៃ​គ្នា​ជាមួយ​ក្រុមយុវជន​ចិនឡើងទៅ​វគ្គ​បន្ដ ទោះបី​ប្រកួត​បញ្ច​ប់ពូ​លអូស្ដ្រាលីបាន​យកឈ្នះ​ចិន ៣-១ ក៏ដោយ។ អូស្ដ្រាលីបាន​ឈរ​កំពូល​តារាងដោយ​រកបាន ៩​ពិន្ទុ​ពេញ ខណៈ​ចិនបាន​ឡើង​វគ្គ​បន្ដក្នុងនាម​ក្រុម​លេខ​២ ល្អ​ជាងគេ៕​អត្ថបទ៖ លី ឈុន​ឡា

Lewis Hamilton គ្មាន​គម្រោង​ចូលនិវត្តន៍​ពី F1 ឡើយ ​ទោះ​ផុត​កុងត្រា​ជាមួយ Mercedes ក្តី​

2022/10/07 09:47:08 pm        86
​ប្រណាំង​រថយន្ត៖ ​ជើងឯក​ប្រណាំង F1 ពិភពលោក ៧សម័យ Lewis Hamilton បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គ្មាន​គម្រោង​ចូលនិវត្តន៍​ពី​អាជីព​ឡើយ ទោះបីជា​ផុត​កុងត្រា​ជាមួយ​ក្រុម Mercedes ក្តី​។​ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​អង់គ្លេស​រូបនេះ​នៅមាន​សុពលភាព​កិច្ចសន្យា​ជាមួយ Mercedes ដល់​ដំណាច់ឆ្នាំ២០២៣ ដែល​មានន័យថា គេ​នឹង​នៅតែ​បន្ត​អាជីព​របស់ខ្លួន​ដដែល​ក្រោយ​ផុត​កិច្ចសន្យា​នៅ​ចុងឆ្នាំ២០២៣ ដែល​នៅពេលនោះ​មាន​វ័យ ៣៨ ជិត​ចូល ៣៩ឆ្នាំ​។ ​​ប្រធាន​គ្រប់គ្រង​បច្ចេកទេស​របស់ Mercedes លោក Toto Wolff បាន​និយាយ​សប្តាហ៍​មុន​ថា Hamilton ធ្លាប់​ប្រាក់​លោក​ថា ​អាច​នឹង​ប្រណាំង​យ៉ាងហោចណាស់ ៥ឆ្នាំ​ទៀត​។ ​​Hamilton បានចាប់ផ្តើម​អាជីព F1 ដំបូង​ជាមួយ​ក្រុម​ប្រណាំង McLaren នៅ​ឆ្នាំ២០០៧ មុនពេល​ផ្លាស់​មកកាន់ Mercedes នៅ​ឆ្នាំ២០១២​។Hamilton បានឈ្នះ​ជើងឯក​ពិភពលោក F1 បួន​សម័យកាល​ជាប់​គ្នា និង​សរុប ៧លើក​មុន​ពេលដែល​បញ្ចប់​ដោយ​កីឡាករ​ហូ​ឡង់ Max Verstappen ដែល​ឈ្នះ​ជើងឯក​រដូវ​កាល ២០២១ កន្លងទៅ​នៅ​ទីលាន​ចុងក្រោយ និង​ជុំ​ចុងក្រោយបង្អស់​នៅ​អារ៉ាប់​រួម​។ ​​មកទល់ពេលនេះ Lewis Hamilton បាន​យកឈ្នះ​ការប្រកួត​សរុប ១០៣ទីលាន​ហើយ តែ​រដូវ​កាល ២០២២ នេះ​មិនទាន់​រកបាន​ជ័យជំនះ​ឡើយ ខណៈ​ជួរមុខ​ត្រូវបាន​គ្រប់គ្រង​ដោយ Red Bull និង Ferrari៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sampdoria តែងតាំង​អ្នកចាត់ការ​ថ្មី​អតីត​ខ្សែបម្រើ Inter Milan និង Lazio, Dejan Stankovic

2022/10/07 09:30:31 pm        71
​បាល់ទាត់៖ ​ក្លិប​​អ៊ីតាលី Sampdoria បាន​ប្រកាស​តែងតាំង​អ្នកចាត់ការ​ថ្មី​លោក Dejan Stankovic ដែល​ជា​អតីត​ខ្សែបម្រើ Inter Milan និង Lazio​។ បុរស​វ័យ ៤៤​ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​ដឹកនាំ​ក្រុម​ដល់​ដំណាច់​ឆ្នាំ​២០២៣ ជាមួយ​នឹង​លក្ខខណ្ឌ​បន្ត​បន្ថែម​។ ​មុន​មកដល់ Sampdoria, Dejan Stankovic ទើបតែ​ចាក​ចេញពី​ក្លិប Red Star Belgrade កាលពី​ខែសីហា​ក្រោយ​ចំណាយពេល ២​ឆ្នាំ​កន្លះ​នៅ​ទីនោះ និង​ធ្លាប់​មាន​បទពិសោធន៍​ជា​ជំនួយការ​គ្រូ​បង្វឹក​នៅ Udinese រយៈពេល​ខ្លី​ផង​ដែរ​។ លោក Dejan Stankovic ធ្លាប់​ឈ្នះ​ជើងឯក​អ៊ីតាលី Serie A មួយ​លើក​ជាមួយ Lazio និង ៥លើក​ជាមួយ Inter Milan ក្នុងពេល​ជា​កីឡាករ និង​ជា​សមាជិក​របស់ Inter Milan ផង​ដែរ​ពេល​ឈ្នះ​ពាន UEFA Champions League កាលពី​ឆ្នាំ២០១០ ក្រោម​ការដឹកនាំ​របស់ Jose Mourinho​។Sampdoria ទើបតែ​បញ្ចប់​តំណែង​អ្នកចាត់ការ Marco Giampaolo កាលពី​ថ្ងៃអាទិត្យ​ក្រោយ​ចាញ់ Monza ៣-០ ក្នុង​ទឹកដី​ខ្លួនឯង និង​ធ្លាក់ខ្លួន​ដល់​បាត​តារាង​មានតែ ២​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត ៨​លើក​រដូវ​កាល​នេះ​។ ការងារ​ដំបូង​របស់ Dejan Stankovic ​នឹង​ដឹកនាំ Sampdoria ទៅ​ទឹកដី​ក្រុម​លេខ ១៧ Bologna ថ្ងៃ​សៅរ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Messi ថា World Cup 2022 នៅ​កាតា​នឹង​ជា World Cup ចុងក្រោយ​របស់ខ្លួន

2022/10/07 07:30:25 pm        90
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi បាន​បង្ហើប​ពី​គម្រោង​ចូលនិវត្តន៍​របស់ខ្លួន​ពី​ក្រុម​ជំរើសជាតិ​ដោយ​លើកឡើងថា World Cup 2022 នៅ​កាតា​ឆ្នាំនេះ​នឹង​ជា World Cup ចុងក្រោយ​នៃ​អាជីព​របស់ខ្លួន​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បានលើកឡើង​បែបនេះ​ក្នុង​កិច្ចសន្យា​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ EPSN ដោយ​ថា គោលដៅ​របស់ខ្លួន​គឺ​មិនមែន​សម្រេច​ឱ្យ​ជោគជ័យ រឺ​បញ្ចប់​អាជីព​ជាមួយ​ភាពជោគជ័យ​ណាមួយ​ឡើយ ឈ្នះ​ជើងឯក​រឺ​មិន​ឈ្នះ​ជើង ឯក​ពិភពលោក​ជាមួយ​អា​ហ្ស​ង់​ទីន World Cup នៅ​កាតា​នឹង​ជា World Cup ចុងក្រោយ​របស់ខ្លួន​។ ​​Lionel Messi បានបង្ហាញ​ខ្លួន​សរុប ៤លើក​រួចហើយ​នៅ World Cup ដែល​រួមមាន​ការបង្ហាញ​ខ្លួន​ស​រុ​ប ១៩លើក​រកបាន ៦គ្រាប់​។ឆ្នាំ​ដែល​អាចនិយាយបាន​ជោគជ័យ​បំផុត​នៅ World Cup គឺ ២០១៤ នៅ​ទឹកដី​ប្រេ​ស៊ី​ល​ដោយ​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ ​តែ​ចាញ់​អាល្លឺម៉ង់​ក្នុង​ម៉ោង​បន្ថែម​កាត់សេចក្តី​។ ​​Messi បាន​ចូល​លេង​ឱ្យ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​ដំបូង​នៅ​ឆ្នាំ២០០៥ និង​បង្ហាញខ្លួន​សរុប ១៦៤លើក​រកបាន ៩០គ្រាប់​។ ​​World Cup 2022 នៅ​កាតា​ខែក្រោយ​នេះ​នឹង​ជា World Cup លើក​ទី៥ ដែល Messi បាន​ចូលរួម​តាម​ស្មើ​កំណត់ត្រា​របស់ Diego Maradona និង Javier Mascherano​។ ​​អា​ហ្ស​ង់​ទីន​ដែល​ឈរ​លេខ៣ ក្នុង​តារាង FIFA World Ranking បច្ចុប្បន្ន​ស្ថិតក្នុង​ពូ​ល C ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត ម៉ិ​ក​ស៊ិ​ក និង​ប៉ូឡូញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រេ​ស៊ី​ល​បន្ត​នាំមុខគេ​ក្នុង​តារាង FIFA World Ranking ខណៈ​អេ​ស្ប៉ា​ញ​ធ្លាក់​ទៅ​ក្រោម​អ៊ីតាលី​

2022/10/07 07:07:40 pm        119
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​បាន​បន្ត​នាំមុខគេ និង​ពន្លាត​ពិន្ទុ​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក FIFA World Ranking ស្រប​ពេលដែល World Cup 2022 នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​។ ​​ប្រេ​ស៊ី​ល​គឺជា​ក្រុម​តែមួយគត់​ដែលមាន​មុខ​នៅ​គ្រប់​ព្រឹត្តិការណ៍ World Cup ទាំងអស់ ខណៈ​ឆ្នាំនេះ​ពួកគេ​កំពុង​សម្លឹង​ពន្លាត​កំណត់ត្រា​ឈ្នះ​ជើងឯក​ច្រើនជាងគេ​ដល់ ៦​លើក​។ ​ក្រោយ​ជ័យជំនះ​លើ​ហ្កា​ណា និង​ទុយ​នេ​ស៊ី​ធ្វើឱ្យ​ប្រេ​ស៊ី​ល​កាន់​តែមាន​ពិន្ទុ​នាំមុខគេ​ក្នុង​តារាង FIFA World Ranking ដាច់​ក្រុម​លេខ២ ប៊ែ​ល​ហ្ស៊ិ​ក​ដែល​ចាញ់​ហូ​ឡង់​នៅ​ក្របខណ្ឌ UEFA Nations League​។ ​ចំណែក​ក្រុម​អា​ហ្ស​ង់​ទីន​បន្ត​ឈរ​លេខ៣ តាម​ពីក្រោយ​ដោយ​បារាំង​លេខ៤ និង​អង់គ្លេស​លេខ៥​។ ​​ដោយឡែក​សម្រាប់​ជើងឯក​អឺរ៉ុប​អ៊ីតាលី​ដែល​ខកខាន​មិនបាន​លេង World Cup ឆ្នាំនេះបាន​ឡើង​មកឈរ​លេខ៦ ពីលើ​អេ​ស្ប៉ា​ញ​វិញ​។​សម្រាប់​ក្រុម​ដែល​ហក់​ឡើង​ចំណាត់ថ្នាក់​គួរកត់សំគាល់ ​មាន​ក្រូ​អាស៊ី​ឡើង​ ៣​ចំណាត់ថ្នាក់មកឈរ​លេខ១២ អ៊ីរ៉ង់​ឡើង​ពីរ​ចំណាត់ថ្នាក់​មកឈរ​លេខ២០ និង​ស៊ែ​ប​លេខ២១​។ ​សម្រាប់​ក្រុម​ជំរើសជាតិ​កម្ពុជា​បាន​ធ្លាក់ចុះ ៣ចំណាត់ថ្នាក់​វិញ​មកឈរ​លេខ១៧៧ ពិភពលោក​ក្រោយ​ចាញ់​បង់​ក្លា​ដេ​ស​ក្នុងជំនួប​មិត្តភាព​កាលពី​ខែកញ្ញា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Sevilla តែងតាំង Jorge Sampaoli ផ្លូវការ ​ក្រោយ​បញ្ចប់​តំណែង​លោក Julen Lopetegui

2022/10/07 06:28:18 pm        138
​បាល់ទាត់៖ ​ក្លិប​​អេ​ស្ប៉ា​ញ Sevilla បានប្រកាស​ពី​ការតែងតាំង​អ្នកចាត់ការ​ថ្មី​លោក Jorge Sampaoli ផ្លូវការ​ក្រោយ​បញ្ចប់​តំណែង​លោក Julen Lopetegui​។​ ​​បុរស​វ័យ ៦២ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ២ឆ្នាំ​ដឹកនាំ Sevilla ដល់​ឆ្នាំ២០២៤ និង​ជាការ​ត្រលប់មកដឹកនាំ Sevilla ជា​លើក​ទី២ ផងដែរបន្ទាប់ពី​ធ្លាប់​ដឹកនាំ​មួយ​រដូវ​កាល ២០១៦-១៧​។ ​​Sevilla បានសម្រេច​បញ្ចប់​តំណែង​អ្នកចាត់ការ Julen Lopetegui ភ្លាមៗ​ក្រោយ​បរាជ័យក្រោម​ស្នាដៃ​ក្រុម​ភ្ញៀវ Borussia Dortmund ៤-១ នៅ UCL កាលពី​យប់​ថ្ងៃ​ពុធ​។ ​​ក្រុម​ជើងឯក UEFA Europa League ៦សម័យមួយ​នេះ​បាន​បន្តដំណើរ​យ៉ាប់យ៉ឺន​រដូវ​កាល​នេះ ដោយ​ឈ្នះ​តែ ១ប្រកួត​គត់​គ្រប់​ក្របខណ្ឌ​។ ​​Sevilla មាន​ត្រឹម ១ពិន្ទុ​ប៉ុណ្ណោះ​នៅក្នុង​ពូ​ល G ខណៈ​នៅ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga កំពុង​ឈរ​លេខ ១៧ ក្នុង​តារាង​មាន​ត្រឹម ៥ពិន្ទុ ដែលជា​ការចាប់ផ្តើមរ​ដូ​វ​កាល​ដ៏​អាក្រក់​បំផុត​តាំងពី​ឡើងមក​ក្របខណ្ឌ​កំពូល​នៅ​ឆ្នាំ២០០១​។​​​មុន​មកដល់ Sevilla លើក​នេះ​លោក Jorge Sampaoli បានចេញ​កាលពី​ក្លិប​បារាំង Marseille កាលពី​ខែកក្កដា បន្ទាប់ពី​មិន​សប្បាយចិត្ត​ពី​គោល​ការទិញ​ដូរ​កីឡាករ​របស់​ក្លិប​បារាំង​មួយ​នេះ ទោះបីជា​បាន​ដឹកនាំ​ក្រុម​បាន​លេខ២ នៅ Ligue 1 បង្ហាញខ្លួន​នៅ UEFA Champions League ក៏ដោយ​៕​​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM