កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Morgan Rogers ផ្លាស់មក Chelsea ពី Aston Villa ក្នុងតម្លៃផ្ទេរ​ថ្លៃបំផុត​បំបែក​កំណត់​ត្រា​អង់គ្លេស

2026/07/22 07:41:14 pm        329
ក្លិបបាល់ទាត់តោខៀវ Chelsea បានប្រកាសជាផ្លូវការពីការផ្ទេរសម្រេច ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស Morgan Rogers ពី Aston Villa ជាមួយកិច្ចសន្យារហូតដល់ឆ្នាំ២០៣៣។ទោះ​បីជាក្លិបទាំងពីរមិនបានបង្ហាញតម្លៃផ្ទេរជាផ្លូវការក៏ដោយ ប៉ុន្តែប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ចក្រ​ភព​អង់​គ្លេស​បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះមានតម្លៃប្រមាណ ១១៧ លានផោន (ប្រហែល ១៥៧ លានដុល្លារអាមេរិក) ដែលធ្វើឱ្យកីឡាករវ័យ ២៣ ឆ្នាំរូបនេះ​ក្លាយ​ជា​កីឡាករ​ជន​ជាតិ​អង់គ្លេស​មាន​តម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ចំនួនទឹកប្រាក់នេះ ត្រូវបានគេរាយការណ៍ថា លើសកំណត់ត្រាមុន ដែល Manchester City បាន​ចំណាយរហូតដល់ ១១៦ លានផោន ដើម្បីផ្ទេរខ្សែបម្រើ Elliot Anderson ពី Nottingham Forest កាលពីដើមខែនេះ។សម្រាប់ Chelsea នេះក៏ជាការបំបែកកំណត់ត្រាផ្ទេរកីឡាករថ្លៃបំផុតរបស់ក្លិបផងដែរ ដោយ​លើ​ស​ពី​ការផ្ទេរខ្សែបម្រើជម្រើសជាតិអេក្វាឌ័រ Moisés Caicedo ដែលបានមកពី Brighton & Hove Albion ក្នុងតម្លៃប្រមាណ ១១៥ លានផោន កាលពីឆ្នាំ២០២៣។រំលឹកថា Morgan Rogers គឺជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ West Bromwich Albion និងធ្លាប់ចំណាយពេលនៅ Manchester City រយៈពេល ៤ ឆ្នាំពីឆ្នាំ ២០១៩ ដល់ ២០២៣ ដែលអំឡុងពេលនោះ រូបគេត្រូវបានក្លិបបញ្ចេញឱ្យក្លិបផ្សេងខ្ចីរហូតរួមមាន Lincoln City, Bournemouth និង Blackpool។ ក្រោយ​មក Rogers ក៏បានផ្លាស់ទៅកាន់ Middlesbrough ក្នុងតម្លៃផ្ទេរបិទជិតមួយ។ លេ​ងបា​ន​ត្រឹម​មួយរដូវកាលប៉ុណ្ណោះ Morgan Rogers ក៏បានផ្លាស់មកកាន់ Aston Villa ក្នុងតម្លៃផ្ទេរ ៨ លានផោន បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេង ៧ លានផោន។ សម្រាប់ការផ្ទេរមកកាន់ Chelsea តម្លៃ ១១៧ លានផោននេះដែរ Middlesbrough ក៏នឹងទទួលបាន ២០.៣ លានផោនផងដែរ ក្នុងកិច្ចសន្យាលក់បន្តដែលបានចងជាមួយ Aston Villa៕ អត្ថបទ៖នាង សុភាវុធ 

Al-Hilal ព្រមព្រៀងផ្ទេរ Summerville ពី West Ham តម្លៃ ៦០ លានផោន

2026/07/22 07:00:45 pm        162
ក្លិប Al-Hilal របស់អារ៉ាប៊ីសាអូឌីត បានឈានដល់កិច្ចព្រមព្រៀងជាមួយ West Ham United ក្នុងការផ្ទេរខ្សែបម្រើស្លាបហូឡង់ Crysencio Summerville ក្នុងតម្លៃសរុប ៦០ លានផោន។តាមសេចក្តីរាយការណ៍ កិច្ចព្រមព្រៀងនេះមានតម្លៃដំបូង ៥៥ លានផោន និងអាចបន្ថែម ៥ លានផោន ទៀតតាមលក្ខខណ្ឌប្រាក់រង្វាន់ផ្សេងៗ។ កីឡាករវ័យ ២៤ ឆ្នាំ និងជាសមាជិកក្រុមជម្រើសជាតិហូឡង់ ទទួលបានការអនុញ្ញាតឱ្យធ្វើតេស្តសុខភាពរួចរាល់ មុនបញ្ចប់ការផ្ទេរទៅកាន់ក្លិបមានមូលដ្ឋាននៅទីក្រុង Riyadh។មុនឈានដល់កិច្ចព្រមព្រៀងនេះ West Ham ធ្លាប់បានបដិសេធសំណើប្រមាណ ៤០ លានផោន សម្រាប់ Summerville ខណៈ Aston Villa ក៏ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍លើរូបគេផងដែរ។ ទោះជាយ៉ាងណា ការផ្ទេរទៅកាន់ Al-Hilal ត្រូវបានគេរំពឹងថានឹងសម្រេចរួចរាល់ក្នុងពេលឆាប់ៗនេះ។ការលក់ Summerville នឹងផ្តល់ចំណូលយ៉ាងច្រើនដល់ West Ham ដែលកំពុងស្ថិតក្នុងដំណាក់កាលរៀបចំក្រុមឡើងវិញ បន្ទាប់ពីធ្លាក់ចេញពី Premier League កាលពីខែឧសភា។ កាលពីខែមុន ក្លិបក៏បានលក់ខ្សែបម្រើ Mateus Fernandes ទៅ Tottenham Hotspur ក្នុងតម្លៃ ៨៥ លានផោន ផងដែរ។ទន្ទឹមនឹងនេះ West Ham បានបញ្ជាក់ថា ខ្សែប្រយុទ្ធសំខាន់ Jarrod Bowen នឹងបន្តស្នាក់នៅជាមួយក្លិប ដោយបានចុះកិច្ចសន្យាថ្មីដែលមានការកែសម្រួលលក្ខខណ្ឌ ខណៈក្រុមនឹងត្រូវលេងនៅ League Championship។ក្រោយធ្លាក់ចេញពីក្របខណ្ឌកំពូល West Ham កំពុងព្យាយាមកាត់បន្ថយការចំណាយលើប្រាក់ឈ្នួលកីឡាករ និងបង្កើនថវិកាក្លិប។ ជាមួយគ្នានេះ ក្លិបក៏បានសម្រេចបន្តទុកអ្នកចាត់ការ Nuno Espirito Santo ដើម្បីដឹកនាំក្រុមប្រជែងការវិលត្រឡប់ទៅកាន់ Premier League វិញនៅរដូវកាលបន្ទាប់៕ អត្ថបទ៖នាង សុភាវុធ

Hun Sen Cup៖ ស្ទឹងត្រែង យកឈ្នះកំពង់ធំ ៣-០ តែគ្រូបង្វឹកថា ក្រុមទាំងពីរស្ទើរកម្លាំងដូចគ្នា

2026/07/22 06:47:11 pm        273
ក្រុមបាល់ទាត់ភូមិស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង បានយកឈ្នះក្រុមអាចារ្យលាក់ខេត្តកំពង់ធំ ដោយ​លទ្ធផល ៣-០ ក្នុងជំនួបបើកឆាកពូលA នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី២០ ឆ្នាំ២០២៦/២៧ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​ទៅ។ បែបនេះក្ដីគ្រូបង្វឹកក្រុមម្ចាស់ផ្ទះលោក ហង្ស សេងហ៊ាង ថា ក្រុមទាំងពីរ នៅស្ទើរ​កម្លាំ​ង​ដូច​គ្នា។ការប្រកួតនៅទីលានសាលាតម្រង់ទិសខេត្តស្ទឹងត្រែងនេះ កីឡាករ សាយ ធី បានរក​គ្រាប់​នាំ​មុខ​ឲ្យ​ម្ចាស់​ផ្ទះ ១គ្រាប់មុន នៅនាទី៣៤ មុនកីឡាករ នូ សុខកាន រកបាន ២គ្រាប់បន្ថែម នៅនាទី​៧៥ និងនាទី៨៧ ដើម្បីធានា ៣ពិន្ទុ ក្នុងការប្រកួតដំបូងរបស់ខ្លួន។ថ្លែង​ប្រាប់ក្រុមការងារ BTV ក្រោយចប់ការប្រកួតលោក ហង្ស សេងហ៊ាង ថា ក្រុមទាំងពីរ មាន​បច្ចេក​ទេស​ល្អរៀងខ្លួន តែស្ទើរកម្លាំង ជាក់ស្ដែងក្រុមអាចារ្យលាក់ខេត្តកំពង់ធំ ក្រោយ​ធ្វើ​ដំណើរ​ឆ្ងាយ​ ក៏អាចប៉ះពាល់ដល់កម្លាំងដែរ។ យ៉ាងណាក្នុងនាមក្រុមតំណាងខេត្តស្ទឹងត្រែង នឹងបន្ដ​ខំប្រឹ​ង​ប​​ន្ថែមទៀត ដើម្បីសម្រេចគោលដៅឡើងទៅវគ្គបន្ដ។ដោយឡែកលោក សេង តុងស៊ាំង គ្រូបង្វឹកក្រុមភ្ញៀវអាចារ្យលាក់ខេត្តកំពង់ធំ បាន​បង្ហើប​ពី​បញ្ហា​មួយ​ចំនួន​ ដែលនាំឲ្យក្រុមធ្វើមិនបានល្អ តែលោកនឹងព្យាយាម​បំបែក​នូវ​ចំណុច​ខ្វះ​ខាត​ទាំង​អស់​នោះ ​សម្រាប់ត្រៀមការប្រកួត ដែលត្រូវធ្វើឡើងលើទឹកដីរបស់ខ្លួន ដើម្បីស្វែងរក​លទ្ធផល​ល្អ​ផង​ដែរ​។គួរដឹងថា បេក្ខភាពប្រកួតប្រជែងក្នុងពូលA មាន ៣ក្រុមប៉ុណ្ណោះ ខណៈ ១ក្រុមទៀត គឺក្លិប​បាល់​ទាត់​ព្រះវិហារ ដែលនឹងត្រូវធ្វើការប្រកួតវិលជុំចំនួន ២ជើង ដើម្បីស្វែងរកក្រុមលេខ១ ក្នុង​ពូល​ឡើង​ទៅ​វគ្គបន្ដ៕ អត្ថបទ លី ឈុនឡា     

សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​កាច់​ដៃ ផ្សព្វផ្សាយទេសចរណ៍

2026/07/22 06:14:50 pm        194
សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំការប្រកួត ចំ​បាច់​កាច់ដៃ ដើម្បីចូលរួមជំរុញយុទ្ធនាការផ្សព្វផ្សាយ ទាក់ទាញទេសចរណ៍នៅរដូវកាលបៃតង ក្រោម​ប្រធានបទ “កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​សហព័ន្ធ ដូច្នេះ សាធារណៈជន បងប្អូន អ្នកសេ្នហាវិស័យ​កីឡា​ចំបាប់​កាច់​ដៃ​ទាំង​អស់​មេត្តា​ជ្រាបថា សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍​ប្រកួត​កីឡា​ទេសចរណ៍ ​“កីឡាចំបាច់កាច់ដៃ” រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៦ នៅ​ទី​លាន​តេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។សូមជម្រាបថា ការប្រកួត”កីឡាចំបាច់កាច់ដៃ” មានប្រភេទវិញ្ញាសា ចំនួន៣ រួមមាន វិញ្ញាសា បុរស៖ ទម្ងន់ ៨៥ គីឡូក្រាម (ដៃស្តាំ) វិញ្ញាសា បុរស ៖ ទម្ងន់ ៦៥ គីឡូក្រាម (ដៃស្តាំ) និង​វិញ្ញាសា ​នារី ៖ ទម្ងន់ ៥៥ គីឡូក្រាម (ដៃស្តាំ)។មួយវិញទៀត​ដើម្បី​ឱ្យការរៀបចំព្រឹត្តិការណ៍នេះ កាន់តែមានភាពអធិកអធម និងផ្តល់ភាព​សប្បាយ​រីក​រាយជូនភ្ញៀវ ដែលចូលរួមទស្សនា និងកម្សាន្តសប្បាយ មន្ទីរទេសចរណ៍ ខេត្ត​ព្រះ​សីហនុ​សហការជាមួយ ក្រុមហ៊ុនឯកជន និងអង្គភាពជំនាញពាក់ព័ន្ធ រៀបចំការប្រគុំតន្ត្រី ការ​សម្តែង​សិល្បៈ​ប្រពៃណីខ្មែរ និងកីឡាមួយចំនួនដូចជា ប្រដាល់គុណខ្មែរ បាល់ទះលើឆ្នេរខ្សាច់ ប្រកួត​វាយកូនឃ្លីលើតុ និងកីឡាចំបាប់កាច់ដៃ រួមជាមួយការតាំងពិព័រណ៍ផលិតផល និង​ម្ហូប​អាហារ​ក្នុង​ស្រុកជាច្រើនផ្សេងៗទៀត ដែលនឹងថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅ​ទីលានតេជោ (ពយតាមូង) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

បាត់ដំបង រកបាន ៣ពិន្ទុ ខណៈភ្នំពេញហ្គាឡាក់ស៊ី ស្មើតាកែវ ក្នុងជំនួបបើឆាកពូលB នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត

2026/07/22 06:02:13 pm        261
ក្រុមបាល់ទាត់បាត់ដំបងយូណៃធីត បានទទួល ៣ពិន្ទុពេញពីការប្រកួតដំបូងរបស់ខ្លួន ស្របពេលក្រុមខ្លាំងភ្នំពេញហ្គាឡាក់ស៊ី បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ ជាមួយក្រុមភ្នំដាមហានគរខេត្តតាកែវ ក្រោយប្រកួតស្មើគ្នា ៣-៣ ក្នុងជំនួបបើកឆាកពូលC នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី២០ ឆ្នាំ២០២៦/២៧ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ។សម្រាប់ក្រុមបាត់ដំបងយូណៃធីត បានយកឈ្នះក្រុមភ្ញៀវខេត្តសៀមរាប ដោយលទ្ធផល ៤-១ ហើយគ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ សុទ្ធតែបានកើតឡើងនៅវគ្គទី១ ដែលរកបានដោយកីឡាករ កែម វ៉ាន់ដា, រដ្ឋ សំណាង, រង់ ពិសី និង ត្រាយ វិចិត្រ ម្នាក់ ១គ្រាប់ នៅនាទី១៥, នាទី៣៦, នាទី៤១ និងនាទី៤៥+២ មុនកីឡាករ ឡន ឡា វាយបកបាន ១គ្រាប់ឲ្យខេត្តសៀមរាប នៅនាទី៨០។ចំណែកការប្រកួតនៅទីលានវិទ្យាល័យច្បារអំពៅវិញ ក្នុងនាមម្ចាស់ផ្ទះ ភ្នំពេញហ្គាឡាក់ស៊ី បានបើកការនាំមុខ ២គ្រាប់មុន ដោយកីឡាករ គង់ រិទ្ធី នៅនាទីទី៥ និងកីឡាករ ម៉ាត់ សេតមូស្លីម នៅនាទី១៩ មុនត្រូវក្រុមភ្នំដាមហានគរខេត្តតាកែវ វាយបកបាន ៣គ្រាប់ជាបន្ដបន្ទាប់វិញ ដោយកីឡាករ សឹម វុធទី នៅនាទី៤៧, កីឡាករ អ៊ឹម សៀងហៃ នៅនាទី៧១ និងកីឡាករ ណុប ច័ន្ទបូរ៉ារស្មី នៅនាទី៨៤ តែឱកាសទទួលបាន ៣ពិន្ទុពីក្រុមភ្ញៀវ ត្រូវបានបញ្ចប់នៅចុងម៉ោង បន្ទាប់ពីកីឡាករ លឹម នូវី ស៊ុតគ្រាប់តាមស្មើឲ្យក្រុមភ្នំពេញហ្គាឡាក់ស៊ី នៅនាទី៩០។ក្រោយបញ្ចប់ការប្រកួតដំបូងក្នុងពូលC ក្រុមបាល់ទាត់បាត់ដំបងយូណៃធីត បានឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៣ពិន្ទុ គ្រាដែលក្រុមភ្នំពេញហ្គាឡាក់ស៊ី និងក្រុមភ្នំដាមហានគរខេត្តតាកែវ ឈរលេខ២ និងលេខ៣ ដោយរកបាន ១ពិន្ទុស្មើគ្នា មុនបន្ដការប្រកួតវិលជុំចំនួន ២ជើងទៀត ដើម្បីស្វែងរកបេក្ខភាពឡើងវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា

កម្ពុជា ជួបសិង្ហបុរី ដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ AFF Women's Cup 2026 នារសៀលនេះ

2026/07/22 05:40:10 pm        468
ក្រោយខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីសិង្ហបុរី នាវេលាម៉ោង ៣៖៤៥នាទីរសៀលថ្ងៃទី២២ ខែកក្កដានេះ ត្រូវនឹងពេលវេលានៅកម្ពុជា ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់កម្រិតទី២ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Women's Cup 2026 នៅប្រទេសម៉ាឡេស៊ី។សម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា បានភ្លាត់ក្រុមឡាវ ១-០ គ្រាដែលសិង្ហបុរី បានចាញ់ឥណ្ឌូនេស៊ី ២-០ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនាំឲ្យក្រុមទាំងពីរ សល់ឱកាសត្រឹមជួបគ្នា ដើម្បីប្រជែងចំណាត់ថ្នាក់លេខ៣ មុនឈានដល់ជំនួបដណ្ដើមពានរវាងក្រុមជម្រើសជាតិនារីឡាវ និងឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្ដើមនាវេលាម៉ោង ៧និង៤៥នាទីយប់នេះ។បែបនេះក្ដី ការប្រកួតបង្ហើយកិច្ចល្ងាចនេះ នៅតែសំខាន់សម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជា ដែលត្រូវការជ័យជម្នះ ដើម្បីទទួលបានកៅអីចូលរួមការប្រកួតពានរង្វាន់កម្រិតកំពូលក្នុងតំបន់ AFF Women’s Championship នាឆ្នាំ២០២៧ ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី និងឡាវ ដែលបានកក់កៅអីស្រាប់ ហើយមានបេក្ខភាព ៥ក្រុមទៀត កំពុងឈរចាំ៕ អត្ថបទ លី ឈុនឡា

កម្ពុជា ប៉ះឥណ្ឌូនេស៊ី បើកឆាកពាន SEA V.Cup ជើងទី២ យប់នេះ ខណៈទទួលការឧបត្ថម្ភជាង ៣ម៉ឺនដុល្លារពីការឈ្នះពានជើងទី១

2026/07/22 05:17:03 pm        337
ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា នឹងបន្ដយុទ្ធនាការប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.Cup ឆ្នាំ២០២៦ (ជើងទី២) ដោយត្រូវជួបប្រកួតបើកឆាកពូលA ទល់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី មុនគេ នាវេលាម៉ោង ៧យប់ថ្ងៃទី២២ ខែកក្កដានេះ នៅទីក្រុងហ្សាកាតា។មុននឹងបន្ដការប្រកួតជើងទី២ នៃពានរង្វាន់ប្រចាំតំបន់នេះដែរ ដើម្បីអបអរសាទរការដណ្ដើមបានជើងឯក SEA V.Cup ជើងទី១ នៅប្រទេសហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា ក៏ទទួលបាននូវការឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួនជាង ៣ម៉ឺនដុល្លារពីវិស័យឯកជន ក្នុងនោះមានភេសជ្ជៈ Wurkz នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភចំនួន ៥០លានរៀល ហើយក្រុមហ៊ុននឹងឧបត្ថម្ភ ៥០លានរៀលទៀត បើសិនក្រុមបាល់ទះកម្ពុជា បន្ដឈ្នះជើងឯក នៅជើងទី២ គ្រាដែលក្រុមហ៊ុន ហនុមាន បានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ និងលោកជំទាវឧកញ៉ា ទ្រី ដាណា ក៏បានប្រកាសឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារផងដែរ។ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតជើងទី២ នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍នេះដែរ កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកស្នេហាវិស័យកីឡាបាល់ទះ ទាំងក្នុង និងក្រៅប្រទេស ពិសេសមកលើក្រុមជម្រើសជាតិកម្ពុជា ក្រោយធ្វើបានយ៉ាងល្អ រហូតបង្កការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីផ្ដួលក្រុមខ្លាំងៗ ដូចជាថៃ និងឥណ្ឌូនេស៊ី ដើម្បីគ្រងជើងឯក កាលពីជើងទី១។សម្រាប់ជំនួបបើកឆាកពូលA រវាងកម្ពុជា និងឥណ្ឌូនេស៊ី យប់នេះ គឺជាជំនួបដ៏គួរឲ្យចាប់អារម្មណ៍ ដ្បិតកាលពីជើងទី១ កម្ពុជា ភ្លាត់ចាញ់អតីតម្ចាស់មេដាយមាសស៊ីហ្គេម ១២សម័យនេះ ៣-០សិត តែនៅវគ្គផ្ដាច់ព្រ័ត្រ កម្ពុជា បានយកឈ្នះក្រុមខ្លាំងប្រចាំតំបន់ឥណ្ឌូនេស៊ីវិញ ៣-២សិត។ ដូច្នេះចាំមើលតើជំនួបលើកទី៣ រវាងក្រុមទាំងពីរ ក្នុងរដូវកាលនេះ នឹងបញ្ចប់ដោយលទ្ធផលបែបណា មុនកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិហ្វីលីពីននាថ្ងៃស្អែក?គួរដឹងថា ការប្រកួតជើងទី២ នេះ នឹងត្រូវអនុវត្តរូបមន្ដដូចគ្នា នឹងកាលពីជើងទី១ ដោយក្រុមនីមួយៗ ក្នុងចំណោមបេក្ខភាព ៦ក្រុម ដែលបែងចែកជា ២ពូល នឹងត្រូវប្រកួតវិលជុំសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ប្រចាំពូលនីមួយៗ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គបន្ដបន្ទាប់ទៀត៕ អត្ថបទ លី ឈុនឡា 

វ័យត្រឹម ២២ ឆ្នាំ Jhon Duran ចូលរួមក្លិបទី៧ក្នុងអាជីព ក្រោយផ្ទេរទៅ Benfica ក្នុងលក្ខខណ្ឌខ្ចីពី Al-Nassr

2026/07/21 11:08:20 pm        320
ក្លិបយក្សព័រទុយហ្គាល់ Benfica បានប្រកាសចុះហត្ថលេខាយកខ្សែប្រយុទ្ធកូឡុំប៊ី Jhon Duran ពីក្លិប Al-Nassr របស់អារ៉ាប៊ីសាអូឌីត ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។តាមកិច្ចព្រមព្រៀង Benfica នឹងបង់ថ្លៃខ្ចីជើងប្រមាណ ៥.១៩លានផោន ហើយមានជម្រើសទិញផ្តាច់នៅចុងបញ្ចប់រដូវកាល ២០២៦-២០២៧ ក្នុងតម្លៃ ២៥.៥លានផោន។នៅវ័យត្រឹម ២២ឆ្នាំ Duran បានហែលឆ្លងក្លិបអាជីពចំនួន ៧ ហើយ បន្ទាប់ពីធ្លាប់លេងឱ្យ Envigado, Chicago Fire, Aston Villa, Al-Nassr, Fenerbahce, Zenit St. Petersburg និងពេលនេះ Benfica។ខ្សែប្រយុទ្ធរូបនេះបានចាប់ផ្តើមអាជីពជាមួយក្លិប Envigado នៅប្រទេសកូឡុំប៊ី ក្នុងឆ្នាំ២០១៩ មុនផ្ទេរទៅកាន់ក្លិប Chicago Fire នៃលីគ MLS សហរដ្ឋអាមេរិក នៅឆ្នាំ២០២២។នៅខែមករា ឆ្នាំ២០២៣ Duran បានផ្លាស់ទៅកាន់ Aston Villa ក្នុងតម្លៃប្រមាណ ១៤លានផោន ហើយបានក្លាយជាកីឡាករដែលទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រក្លិប។ បន្ទាប់មក នៅខែមករា ឆ្នាំ២០២៥ Aston Villa បានលក់ Duran ទៅ Al-Nassr ក្នុងតម្លៃរហូតដល់ ៧១លានផោន។ ទោះបីជារកបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន១៣ប្រកួត ជាមួយក្លិបអារ៉ាប៊ីសាអូឌីតក៏ដោយ រូបគេបានស្នាក់នៅទីនោះត្រឹមពាក់កណ្តាលរដូវកាលប៉ុណ្ណោះ មុនផ្ទេរទៅ Fenerbahce ក្នុងលក្ខខណ្ឌខ្ចីជើង។យ៉ាងណាមិញ ការផ្លាស់ប្តូរនៅ Fenerbahce មិនបានដំណើរការដូចការរំពឹងទុកឡើយ បន្ទាប់ពីគ្រូបង្វឹក Jose Mourinho ត្រូវបានបណ្តេញចេញត្រឹមមួយខែបន្ទាប់ពី Duran បង្ហាញខ្លួនជាលើកដំបូង។ ជាលទ្ធផល កិច្ចសន្យាខ្ចីជើងត្រូវបានលុបចោលនៅខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីអនុញ្ញាតឱ្យរូបគេចូលរួមជាមួយ Zenit St. Petersburg។នៅរុស្ស៊ី Duran រកបាន ៣គ្រាប់ក្នុង៩ប្រកួត មុនសម្រេចផ្ទេរមក Benfica ដែលជាឱកាសថ្មីមួយសម្រាប់រូបគេក្នុងការស្ថាបនាអាជីពឱ្យមានស្ថិរភាពនៅក្លិបធំមួយនៅទ្វីបអឺរ៉ុប៕ អត្ថបទ៖នាង សុភាវុធ

Joao Gomes ចូលរួមជាមួយ Aston Villa ផ្ទេរពី Wolves តម្លៃ ៣៨លានផោន

2026/07/21 11:02:22 pm        285
ក្លិបបាល់ទាត់ Aston Villa បានប្រកាសជាផ្លូវការពីការចុះហត្ថលេខាយកខ្សែបម្រើ Joao Gomes ពីក្លិប Wolverhampton Wanderers ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃសរុប ៣៨លានផោន។បើតាមការចុះផ្សាយដោយសារព័ត៌មានអង់គ្លេស BBC ថា Villa នឹងបង់ថ្លៃផ្ទេរដំបូង ៣៤លានផោន ខណៈ ៤លានផោន បន្ថែមទៀតអាស្រ័យលើលក្ខខណ្ឌ និងសមិទ្ធផលនាពេលអនាគត។មុននេះតែប៉ុន្មានថ្ងៃ Aston Villa ក៏បានបំបែកកំណត់ត្រាផ្ទេរកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ដោយចំណាយជាង ៥០លានផោន ដើម្បីនាំយកខ្សែបម្រើ Johan Manzambi ពី Freiburg ខណៈពួកគេបានយកឈ្នះ Newcastle ក្នុងការប្រជែងចុះហត្ថលេខាលើកីឡាករសញ្ជាតិស្វ៊ីសរូបនេះ។ការមកដល់របស់ Gomes កើតឡើងបន្ទាប់ពី Aston Villa ជួបបញ្ហានៅតំបន់បម្រើ ដោយ Amadou Onana ត្រូវអវត្តមានរហូតដល់ឆ្នាំក្រោយ ក្រោយរងរបួសជង្គង់ធ្ងន់ធ្ងរពេលបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកនៅ World Cup។លើសពីនេះ Villa ក៏បានលក់ចេញខ្សែបម្រើ Youri Tielemans ទៅកាន់ Manchester United ក្នុងតម្លៃ ៣៥លានផោន ខណៈ Morgan Rogers ក៏ត្រៀមចាកចេញផងដែរ បន្ទាប់ពីក្លិបបានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរមានតម្លៃ ១១៧លានផោន ជាមួយ Chelsea។Joao Gomes បានបង្ហាញខ្លួន ៤១ប្រកួត ឱ្យ Wolves កាលពីរដូវកាលមុន និងទទួលបានពាន កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លិប បើទោះបីជា Wolves បញ្ចប់រដូវកាលនៅបាតតារាង Premier League ក៏ដោយ។ចាប់តាំងពីផ្ទេរមកពីក្លិប Flamengo នៅឆ្នាំ២០២៣ Gomes បានបង្ហាញខ្លួនសរុប ១៣០ប្រកួត ឱ្យ Wolves និងស៊ុតបញ្ចូលទីបាន ៧គ្រាប់៕ អត្ថបទ៖នាង សុភាវុធ 

អតីតប្រធានក្រុម និងអតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស Kevin Keegan ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ

2026/07/21 09:58:40 pm        203
អតីតប្រធានក្រុម និងអតីតអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Kevin Keegan បានទទួលមរណភាពហើយក្នុងវ័យ ៧៥ ឆ្នាំ។ ដំណឹងដ៏ក្រៀមក្រំនេះត្រូវបានប្រកាសដោយក្លិប Newcastle United កាលពីថ្ងៃចន្ទ។កាលពីខែមករា កន្លងទៅ ក្រុមគ្រួសាររបស់ Keegan និងក្លិប Newcastle United បានបញ្ជាក់ថា លោកកំពុងទទួលការព្យាបាលជំងឺមហារីក ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីស្ថានភាពជំងឺឡើយ។ រហូតដល់ខែមិថុនា លោកបានបង្ហើបថា លោកកំពុងប្រឈមនឹងជំងឺមហារីកដំណាក់កាលទី៤។នៅក្នុងសេចក្តីថ្លែងការណ៍ Newcastle បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយលើកឡើងថា៖ «យើងមានទុក្ខយ៉ាងក្រៀមក្រំចំពោះការទទួលមរណភាពរបស់ Kevin Keegan ដែលជាបុគ្គលដ៏លេចធ្លោ មានឥទ្ធិពល និងជាទីស្រឡាញ់បំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប»។Keegan គឺជាតារាបាល់ទាត់ដ៏មានភាពលេចធ្លោម្នាក់របស់អង់គ្លេស។ ក្នុងអាជីពជាកីឡាករ លោកបានឈ្នះពានរង្វាន់ជាច្រើនជាមួយ Liverpool មុនពេលផ្លាស់ទៅលេងឱ្យ Hamburg នៅប្រទេសអាល្លឺម៉ង់ និងបន្តបង្ហាញទម្រង់លេងដ៏អស្ចារ្យ។ សមិទ្ធផលរបស់លោកបានធ្វើឱ្យលោកឈ្នះពានរង្វាន់ Ballon d'Or ពីរឆ្នាំជាប់គ្នា នៅឆ្នាំ១៩៧៨ និង១៩៧៩។សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស លោកបានបង្ហាញខ្លួនចំនួន ៦៣ ប្រកួត និងស៊ុតបញ្ចូលទីបាន ២១ គ្រាប់ ក្នុងអំឡុងឆ្នាំ១៩៧២ ដល់១៩៨២។បន្ទាប់ពីបញ្ចប់អាជីពជាកីឡាករ Keegan បានចូលប្រឡូកក្នុងការងារជាគ្រូបង្វឹក និងអ្នកចាត់ការ ដោយបានដឹកនាំ Newcastle United ឱ្យក្លាយជាក្រុមប្រជែងពានរង្វាន់ Premier League ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលបន្តកាន់តំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស។មរណភាពរបស់ Kevin Keegan ត្រូវបានចាត់ទុកថា ជាការបាត់បង់ដ៏ធំមួយសម្រាប់វិស័យបាល់ទាត់អង់គ្លេស ខណៈលោកនឹងត្រូវបានចងចាំជានិច្ចក្នុងនាមជាវីរបុរស៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM