កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

ក្រុមបាល់ទះកម្ពុជាយកម្ចាស់ផ្ទះហ្វីលីពីន មុនជួបជួបឥណ្ឌូណេស៊ីល្ងាចនេះ

2026/07/16 06:59:14 pm        281
(ហ្វីលីពីន)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបើកការប្រកួតពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ដោយលទ្ធផល ៣-២ ល្ងាចថ្ងៃទី១៥ ខែកក្កដា មុនបន្ដជួបក្រុមខ្លាំងឥណ្ឌូនេស៊ីនាល្ងាចនេះ។លទ្ធផលនេះគឺជាសញ្ញាណមួយដ៏ល្អ ឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទះកម្ពុជា ហើយក៏បង្ហាញភាពខ្លាំងជាថ្មី ដែលកម្ពុជា ធ្លាប់បានយកឈ្នះជាបន្ដបន្ទាប់ កាលពីបួនប្រាំឆ្នាំមុន មុនកម្ពុជាបង្ហាញខ្លួនលើកដំបូង ក្នុងពានរង្វាន់ SEA V.League កាលពីឆ្នាំ២០២៥ ដោយមិនស្គាល់ជ័យជម្នះទាល់តែសោះ។ បែបនេះក្ដី ក្រុមបាល់ទះកម្ពុជា បានចំណាយពេល ៥សិត ទម្រាំអាចយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ក្រោយការវាយបកឈ្នះគ្នាទៅវិញទៅមក ក្នុងនោះសិតទី១ កម្ពុជាបានយកឈ្នះ ២៥-២៣ តែត្រូវហ្វីលីពីន វាយបកឈ្នះ ៣០-២៨ នៅសិតទី២ ខណៈសិតទី៣ កម្ពុជា បានបន្ដយកឈ្នះ ២៥-២០។ ប៉ុន្ដែឱកាសផ្ដាច់យក ៣ពិន្ទុរបស់កម្ពុជា ត្រូវភ្លាតជាថ្មី នៅសិតទី៤ ក្រោយហ្វីលីពីន យកឈ្នះវិញ ២៥-២២ មុនកម្ពុជា វាយផ្ដាច់យកឈ្នះ ១៥-៨ពិន្ទុ នៅសិតទី៥។ នេះគឺជាជ័យជម្នះលើកដំបូង សម្រាប់ការបង្ហាញខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់កម្រិតទី១ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រោយរងបរាជ័យ ៨ប្រកួតពេញ កាលពីរដូវកាលមុន ហើយក៏ជការសម្រេចបំណងសងសឹកលើក្រុមជម្រើសជាតិហ្វីលីពីនដូចគ្នា ដ្បិតជួបគ្នា ២ជើង កាលពីឆ្នាំ២០២៥ កម្ពុជា ចាញ់ហ្វីលីពីន ៣-២សិត នៅជើងទី១ មុនបន្ដចាញ់ ៣-១សិត នៅជើងទី២។ ជ័យជម្នះនេះធ្វើឲ្យក្រុមបាល់ទះកម្ពុជា មានសង្ឃឹមក្នុងការប្រជែងកៅអីវគ្គបន្ដ តែត្រូវចាំអ៊ុតការប្រកួតចុងក្រោយរបស់ខ្លួន ក៏ដូចជាជំនួបបញ្ចប់ពូលA ។ សម្រាប់ការប្រកួតបន្ទាប់កម្ពុជា នឹងត្រូវជួបក្រុមជើងឯកឆ្នាំចាស់ ឥណ្ឌូនេស៊ី វេលាម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ មុនជំនួបបញ្ចប់ពូល រវាងឥណ្ឌូនេស៊ី និងហ្វីលីពីន នាថ្ងៃស្អែក។ ផ្អែកលើរូបមន្ដការប្រកួត ក្រោយបញ្ចប់ការប្រកួតវិលជុំ ក្រុមឈរលេខ១ និងលេខ២ តាមពូលនីមួយៗ នឹងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

អ្នកគាំទ្រអាហ្សង់ទីនថា ជ័យជំនះលើអង់គ្លេសមានន័យលើសពីបាល់ទាត់ ខណៈ​អ្នកគាំទ្រ​អង់គ្លេសថា​វាជារឿងដដែលៗ

2026/07/16 06:34:17 pm        274
អ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីនរាប់រយនាក់ បាននាំគ្នាដង្ហែក្បួន និងអបអរសាទរនៅតំបន់ Times Square នាទីក្រុង New York ភ្លាមៗបន្ទាប់ពីក្រុមជម្រើសជាតិរបស់ពួកគេ វាយបកយកឈ្នះអង់គ្លេស ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក។ដោយស្លៀកពាក់អាវពណ៌ខៀវ-ស និងគ្រវីទង់ជាតិ អ្នកគាំទ្របានចាប់ដៃគ្នាច្រៀងបទលើកទឹកចិត្ត និងអបអរជ័យជម្នះដ៏រំភើប បន្ទាប់ពីអាហ្សង់ទីនរកបានពីរគ្រាប់នៅនាទីចុងក្រោយ ដើម្បីកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រ។អ្នកគាំទ្រម្នាក់ឈ្មោះ Lautaro Borrovinsky បាននិយាយថា៖ «បើមិនឆ្លងកាត់ការលំបាកទេ នោះមិនមែនជាអាហ្សង់ទីនទេ។ យើងរងសម្ពាធខ្លាំង ប៉ុន្តែបន្ទាប់ពីរកបានពីរគ្រាប់ អារម្មណ៍រីករាយបានផ្ទុះឡើងភ្លាមៗ»។ការប្រកួតរវាងអាហ្សង់ទីន និងអង់គ្លេស តែងតែមានអត្ថន័យលើសពីបាល់ទាត់ ដោយប្រទេសទាំងពីរមានប្រវត្តិប្រកួតប្រជែងយ៉ាងយូរអង្វែង។ លើសពីនេះ ពួកគេក៏មានជម្លោះអធិបតេយ្យភាពលើប្រជុំកោះ Falkland (ដែលអាហ្សង់ទីនហៅថា Las Malvinas) ដែលធ្លាប់ក្លាយជាសមរភូមិសង្គ្រាមរយៈពេលខ្លីកាលពីឆ្នាំ ១៩៨២។អ្នកគាំទ្រម្នាក់ទៀតឈ្មោះ Belisario Fernandez-Fundes ដែលបានបញ្ជាក់ថា ឪពុករបស់លោកធ្លាប់ចូលរួមក្នុងសង្គ្រាមនោះ បានលើកឡើងថា៖ «ការយកឈ្នះអង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺជាក្តីសុបិនដែលក្លាយជាការពិត។ វាមានន័យធំធេងជាងអ្វីដែលខ្ញុំធ្លាប់ស្រមៃទៅទៀត»។ងាកមកអ្នកគាំទ្រអង់គ្លេស បរិយាកាសនៅ Boxpark ទីក្រុងឡុងដ៍ ពោរពេញទៅដោយភាពស្ងប់ស្ងាត់ និងការខកចិត្ត បន្ទាប់ពីអ្នកគាំទ្រទស្សនាពីរគ្រាប់វាយបករបស់អាហ្សង់ទីននៅចុងម៉ោង។អ្នកគាំទ្រអង់គ្លេសជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយចំពោះលទ្ធផលនេះ។ លោក Stuart Marcus ដែលជាគ្រូបង្ហាត់ផ្នែកកាយសម្បទា បាននិយាយថា៖ «យើងពិតជាខកចិត្ត ប៉ុន្តែការពិតគឺអង់គ្លេសមិនទាន់ល្អគ្រប់គ្រាន់ទេ។ វាដូចជារឿងដដែលៗ ដែលខ្ញុំបានឃើញអស់ជាច្រើនឆ្នាំមកហើយ»។បន្ទាប់ពីវាយបកយកឈ្នះអង់គ្លេស ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន នឹងបន្តបេសកកម្មការពារជើងឯករបស់ខ្លួន ដោយត្រូវជួបក្រុមជម្រើសជាតិអេស្ប៉ាញនៅថ្ងៃអាទិត្យនេះ៕ អត្ថបទ៖នាង សុភាវុធ

កីឡាករអាហ្សង់ទីនលើកបដា ពាក់ព័ន្ធជម្លោះកោះ Falkland ក្រោយឈ្នះអង់គ្លេស ខណៈ FIFA អាចពិនិត្យករណីនេះ

2026/07/16 05:33:59 pm        231
ក្រុមកីឡាករជម្រើសជាតិអាហ្សង់ទីន បានបង្កការចាប់អារម្មណ៍ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ដែលពួកគេវាយបកយកឈ្នះអង់គ្លេស ២-១ ដោយបានលើកបដាដែលមានសរសេរថា «Las Malvinas Son Argentinas» មានន័យថា «កោះម៉ាល់វីណាស (Falkland) ជារបស់អាហ្សង់ទីន»។សកម្មភាពនេះត្រូវបានគេមើលឃើញថា អាចផ្ទុយនឹងបទប្បញ្ញត្តិរបស់ FIFA ដែលហាមឃាត់ការបង្ហាញបដា ទង់ជាតិ ឬសម្ភារផ្សេងៗដែលមានលក្ខណៈនយោបាយ ប្រមាថ ឬរើសអើង នៅក្នុងកីឡដ្ឋានអំឡុងការប្រកួត។រហូតមកដល់ពេលនេះ FIFA មិនទាន់ចេញសេចក្តីអធិប្បាយជាផ្លូវការពាក់ព័ន្ធនឹងករណីនេះនៅឡើយទេ។ក្នុងរូបភាពក្រោយការប្រកួត ខ្សែការពារ Lisandro Martinez និងខ្សែបម្រើ Giovani Lo Celso ត្រូវបានគេឃើញកាន់បដាខាងលើ ទាំងញញឹម និងគ្រវីដៃទៅកាន់អ្នកគាំទ្រ ខណៈប្រភពនៃបដានោះមិនទាន់ត្រូវបានបញ្ជាក់។បញ្ហាអធិបតេយ្យភាពលើប្រជុំកោះ Falkland ដែលអាហ្សង់ទីនហៅថា Las Malvinas គឺជាជម្លោះដ៏យូរអង្វែងរវាងអាហ្សង់ទីន និងចក្រភពអង់គ្លេស។ ប្រទេសទាំងពីរធ្លាប់ធ្វើសង្គ្រាមរយៈពេលខ្លីលើប្រជុំកោះនេះកាលពីឆ្នាំ១៩៨២ ដែលបានសម្លាប់ទាហានអាហ្សង់ទីន ៦៤៩ នាក់ និងទាហានអង់គ្លេស ២៥៥ នាក់។ ក្រោយសង្គ្រាម អង់គ្លេសបានបន្តគ្រប់គ្រងប្រជុំកោះនេះ ខណៈប្រជាពលរដ្ឋភាគច្រើននៅទីនោះក៏គាំទ្រការបន្តស្ថិតក្រោមអធិបតេយ្យភាពរបស់ចក្រភពអង់គ្លេស។ទោះជាយ៉ាងណា អាហ្សង់ទីននៅតែអះអាងថា ប្រជុំកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលបានទទួលបន្តពីអេស្ប៉ាញក្រោយទទួលបានឯករាជ្យនៅឆ្នាំ១៨១៦ ហើយចោទថា អង់គ្លេសបានកាន់កាប់កោះនេះដោយខុសច្បាប់នៅឆ្នាំ១៨៣៣៕ អត្ថបទ៖នាង សុភាវុធ

អាហ្សង់ទីនវាយបកឈ្នះអង់គ្លេស ២-១ ឡើងវគ្គផ្តាច់ព្រ័ត្រ World Cup ជួបអេស្ប៉ាញ

2026/07/16 05:17:23 pm        238
ក្រុមការពារតំណែងជើងឯក អាហ្សង់ទីន បានវាយបកយកឈ្នះក្រុមជម្រើសជាតិអង់គ្លេស ក្នុងលទ្ធផល ២-១ មិនគួរឱ្យជឿនៅចុងម៉ោង ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកជួបអេស្ប៉ាញដែលរង់ចាំ។ការប្រកួតដ៏តានតឹងនេះ អង់គ្លេសជាអ្នករកគ្រាប់បាល់នាំមុខមុននៅនាទីទី៥៥ បន្ទាប់ពី Morgan Rogers បញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់ ហើយ Anthony Gordon ជាអ្នកបញ្ចប់ទីយ៉ាងល្អ។ទោះជាយ៉ាងណា អាហ្សង់ទីនបានបង្កើនសម្ពាធយ៉ាងខ្លាំង និងរកគ្រាប់តាមស្មើទាល់តែបាននៅនាទីទី៨៥ ដោយខ្សែបម្រើ Enzo Fernandez ស៊ុតពីក្រៅប្រអប់គ្រោះថ្នាក់ បន្ទាប់ពីទទួលបាល់បញ្ជូនពី Lionel Messi។Lionel Messi ម្តងទៀតគឺជាអ្នកប៉ះបញ្ជូនឱ្យមានគ្រាប់បាល់នៅម៉ោងបន្ថែមនាទីទី៩០+២ Lautaro Martinez ដែលទើបចូលជំនួស តែតបាល់បញ្ចូលទីយ៉ាងល្អដើម្បីជួយអាហ្សង់ទីនវាយបកយកជ័យជម្នះ ២-១។ លោក Thomas Tuchel គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានទទួលស្គាល់ថា អាហ្សង់ទីនសមនឹងទទួលបានជ័យជម្នះ បន្ទាប់ពីបង្ហាញទម្រង់លេងល្អនៅវគ្គចុងក្រោយនៃការប្រកួត។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា អង់គ្លេសក៏លេងបានយ៉ាងល្អក្នុងរយៈពេល ៥៥ នាទីដំបូង និងសមនឹងនាំមុខ ១-០ ផងដែរ។លោក Tuchel បានលើកឡើងថា ការប្រកួតនេះអាចបែងចែកជាពីរវគ្គ ដោយមុន និងក្រោយពេលអង់គ្លេសរកបានគ្រាប់បាល់។ លោកទទួលស្គាល់ថា ការបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពិតជាធ្វើឱ្យក្រុមមានការឈឺចាប់ ប៉ុន្តែលោកបានជំរុញឱ្យកីឡាករគោរពសមិទ្ធផលរបស់គូប្រកួត ទទួលយកលទ្ធផល និងរៀនពីកំហុស ដើម្បីត្រឡប់មកវិញឱ្យកាន់តែរឹងមាំនៅការប្រកួតបន្ទាប់។គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ក៏បានសរសើរការតស៊ូរបស់កូនក្រុម ដោយចាត់ទុកថា ពួកគេអាចមានមោទនភាពចំពោះការប្រកួតទល់នឹងក្រុមការពារតំណែងជើងឯកពិភពលោក។ លោកបញ្ជាក់ថា អាហ្សង់ទីនកាន់តែគ្រោះថ្នាក់នៅពេលតាមពីក្រោយ ព្រោះពួកគេហ៊ានប្រថុយ វាយសម្រុកខ្លាំង និងបង្ហាញគុណភាពខ្ពស់ក្នុងការគ្រប់គ្រងបាល់ ដែលជាកត្តាធ្វើឱ្យអង់គ្លេសពិបាកទប់ទល់។លោក Tuchel បានបន្ថែមថា ក្រោយចប់ការប្រកួត លោកមិនបាននិយាយច្រើននៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ទេ ព្រោះគ្មានពាក្យណាអាចបំបាត់ការខកចិត្តបានភ្លាមៗឡើយ។ អ្វីដែលសំខាន់ គឺទទួលយកការបរាជ័យដោយការគោរព ទទួលស្គាល់ថាក្រុមបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយបន្តក្រោកឈរឡើងវិញ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនាពេលខាងមុខ។គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានកោតសរសើរស្មារតីតស៊ូរបស់កូនក្រុម។ លោក Scaloni បានថ្លែងក្រោយការប្រកួតថា ក្រុមរបស់លោកតែងតែបង្ហាញទម្រង់លេងល្អបំផុតនៅពេលស្ថិតក្រោមសម្ពាធ។ លោកបានបញ្ជាក់ថា អ្វីដែលធ្វើឱ្យលោកមានមោទនភាពបំផុត គឺការដែលកីឡាករប្រយុទ្ធរហូតដល់សំឡេងកញ្ចែចុងក្រោយ។ ទោះបីជាក្រុមត្រូវធ្លាក់ចេញក៏ដោយ ក៏ពួកគេអាចចាកចេញដោយគ្មានការសោកស្តាយ ព្រោះបានប្រឹងប្រែងអស់ពីសមត្ថភាព។គ្រូបង្វឹកវ័យ៤៨ឆ្នាំរូបនេះបានលើកឡើងថា បន្ទាប់ពីអង់គ្លេសរកគ្រាប់បាល់នាំមុខ អាហ្សង់ទីនបានបង្ហាញអត្តសញ្ញាណពិតរបស់ខ្លួន ដោយមិនត្រឹមតែពឹងលើយុទ្ធសាស្ត្រ ឬបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីឆន្ទៈ កម្លាំងចិត្ត និងស្មារតីប្រយុទ្ធ ដែលជាមូលដ្ឋាននៃការលេងបាល់ទាត់របស់ក្រុម។លោក Scaloni ក៏បានពណ៌នាកីឡាកររបស់ខ្លួនថា ជាអ្នកប្រយុទ្ធដែលមានភាពរឹងមាំ និងមិនខ្លាចសម្ពាធ។ លោកបញ្ជាក់ថា នៅនាទីចុងក្រោយនៃការប្រកួត គ្មាននរណាម្នាក់គិតខ្លាចធ្វើខុសនោះទេ ផ្ទុយទៅវិញ ពួកគេទាំងអស់នៅតែចង់បានបាល់ និងចង់លេងដូចដែលធ្លាប់ធ្វើតាំងពីក្មេង។លោកបានសរសើរថា កីឡាករទាំងអស់មានភាពសាមគ្គីដូចជាគ្រួសារតែមួយ មិនបោះបង់ចោលបាល់ណាមួយឡើយ និងតស៊ូរហូតដល់វិនាទីចុងក្រោយ។រំលឹកផងដែរ ជ័យជំនះរបស់អាហ្សង់ទីនធ្វើឱ្យពួកគេបន្តដំនើរឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកលើកទី ៧ និងបន្តស្វែងរកជើងឯកលើកទី ៤ ក្នុងប្រវតិ្តសាស្រ្ត។ ចំណែកអង់គ្លេស ក្រៅពីឈ្នះជើងឯកលើកដំបូងតាំងពីឆ្នាំ ១៩៩៦ ក្នុងទឹកដីរបស់ខ្លួននោះ ពួកគេបន្តឈឺចាប់ធ្លាប់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី ៣ បន្ទាប់ពីធ្លាក់ត្រឹមវគ្គនេះនៅឆ្នាំ ១៩៩០ និង ២០១៨៕ អត្ថបទ៖នាង សុភាវុធ

Brighton ចំណាយលុយបំបែកកំណត់ត្រាក្លិបនាំយកខ្សែការពារ Luka Vuskovic ពី Tottenham តម្លៃ ៤៦ លានផោន

2026/07/15 08:46:00 pm        412
ក្លិបបាល់ទាត់ Brighton បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយកខ្សែការពារក្រុមជម្រើសជាតិក្រូអាស៊ី Luka Vuskovic ពី Tottenham Hotspur ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រារបស់ក្លិបប្រមាណ ៤៦ លានផោនជាមួយនឹងកិត្ចសន្យារយៈពេល ៥ ឆ្នាំ និងមានជម្រើសបន្តបន្ថែម ១ ឆ្នាំ។Brighton ធ្លាប់ដាក់សំណើទិញកីឡាករវ័យ ១៩ ឆ្នាំរូបនេះចំនួនពីរលើកកាលពីខែមុន ប៉ុន្តែត្រូវបាន Tottenham បដិសេធ។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងចុងក្រោយអាចមានតម្លៃកើនដល់ ៥០ លានផោន ប្រសិនបើលក្ខខណ្ឌប្រាក់អត្ថប្រយោជន៍ផ្សេងៗត្រូវបានបំពេញ។Vuskovic បានផ្ទេរទៅ Tottenham នៅឆ្នាំ ២០២៥ ពីក្លិបក្រូអាស៊ី Hajduk Split ។ បន្ទាប់ពីមកដល់អង់គ្លេស រូបគេត្រូវបានដាក់ឱ្យ Hamburg ខ្ចីជើង និងបានបង្ហាញខ្លួន ៣០ ប្រកួត នៅក្របខណ្ឌ Bundesliga រដូវកាលមុន ស៊ុតបញ្ចូលទីបាន ៦ គ្រាប់។Vuskovic នឹងមកជំនួសតំណែងខ្សែការពារកណ្តាលជម្រើសជាតិហូឡង់ Jan Paul van Hecke ដែលបានផ្ទេរទៅ Tottenham ក្នុងកិច្ចសន្យារយៈពេលវែង ដោយមានតម្លៃប្រមាណ ៥២ លានផោន។កើតនៅទីក្រុង Split ប្រទេសក្រូអាស៊ី Vuskovic បានហ្វឹកហាត់ចេញពីថ្នាលយុវជនរបស់ Hajduk Split និងបានបង្កើតប្រវត្តិសាស្ត្រជាកីឡាករវ័យក្មេងបំផុតដែលបានបង្ហាញខ្លួនក្នុងលីគកំពូលក្រូអាស៊ី នៅវ័យត្រឹម ១៦ ឆ្នាំ។ មិនតែប៉ុណ្ណោះ រូបគេក៏ក្លាយជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រក្លិបផងដែរ។នៅកម្រិតជម្រើសជាតិ Vuskovic បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិក្រូអាស៊ី ៦ ប្រកួត និងស៊ុតបញ្ចូលទីបាន ១ គ្រាប់ និងបានបង្ហាញខ្លួនជាលើកដំបូងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកថ្មីៗនេះផងដែរ។សម្រាប់រដូវកាលថ្មី Premier League, Brighton នឹងបើករដូវកាលដោយទទួលស្វាគមន៍ Aston Villa នៅទឹកដីរបស់ខ្លួន នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជា ជួបម្ចាស់ផ្ទះហ្វីលីពីនល្ងាចនេះ បើកឆាកយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជុំទី១

2026/07/15 08:13:57 pm        812
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះហ្វីលីពីន បើឆាកពូលA ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA V-Cup ឆ្នាំ២០២៦ នាវេលាម៉ោង ៥៖៣០នាទីល្ងាច ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅកម្ពុជា នាមជ្ឈមណ្ឌលកីឡា Condon City។នេះជាការប្រកួតដំបូង ក្នុងចំណោម ២ប្រកួត នៃពូល A ដែលក្រុមបាល់ទះកម្ពុជា ត្រូវឆ្លងកាត់ មុនជំនួបបន្ទាប់ ដោយត្រូវជួបក្រុមខ្លាំងប្រចាំតំបន់ឥណ្ឌូនេស៊ី នាថ្ងៃទី១៦ ខែកក្កដាស្អែក ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។សម្រាប់ប្រវត្តិជួបគ្នាក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ ៤លើកចុងក្រោយ កម្ពុជា និងហ្វីលីពីន បានទទួលជ័យជម្នះ ២ប្រកួតរៀងៗខ្លួន ក្នុងនោះស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម កម្ពុជាឈ្នះហ្វីលីពីន ៣-១សិត ខណៈស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា បន្ដឈ្នះហ្វីលីពីន ៣-០សិត តែជួបគ្នា ២លើកចុងក្រោយក្នុងពានរង្វាន់ SEA V.League កាលពីឆ្នាំ២០២៥ ហ្វីលីពីន បានយកឈ្នះវិញ ៣-២សិត នៅជុំទី១ និងឈ្នះ ៣-១សិត នៅជុំទី១។ ដូច្នេះចាំមើលតើរដូវកាលថ្មីនេះ កម្ពុជា នឹងអាចវាយបកឈ្នះហ្វីលីពីនវិញបានដែលឬទេ?គួរដឹងថា នេះជាលើកទី២ ហើយ ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះ បន្ទាប់ពីការចូលរួមលើកដំបូង ទទួលបានលទ្ធផលមិនសមប្រកប ដោយរងបរាជ័យ ៨ប្រកួត ក្នុងការប្រកួតទាំង ២ជុំ កាលពីរដូវកាលមុន ។ចំណែករដូវកាលថ្មីនេះ ការប្រកួតត្រូវបានអនុវត្តតាមរូបមន្ដថ្មី ក្រោយបន្ថែមសមាជិកថ្មីមីយ៉ាន់ម៉ា ធ្វើឲ្យកើនបេក្ខភាពដល់ ៦ក្រុម និងបែងចែកជា ២ពូល។ ជុំទី១ នឹងត្រូវធ្វើការប្រកួតនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា និងជុំទី២ ត្រូវប្រកួតនៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ។  ក្នុងការប្រកួតជុំនីមួយៗ ត្រូវអនុវត្តរូបមន្ដប្រកួតវិលជុំក្នុងពូល ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ឡើងទៅប្រកួតវគ្គខ្វែង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងពានប្រចាំជុំនីមួយៗតែម្ដង៕ អត្ថបទ លី ឈុនឡា

Mason Greenwood រកបានទ្រនំថ្មីផ្ទេរពី Marseille ទៅ Fenerbahce តម្លៃ ៣៩ លានអឺរ៉ូ

2026/07/15 08:04:39 pm        254
ក្លិបយក្សតួកគី Fenerbahce បានប្រកាសជាផ្លូវការ ពីការចុះហត្ថលេខា​នាំយក​ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​អង់​គ្លេស Mason Greenwood ពីក្លិបបារាំង Olympique de Marseille ក្នុងតម្លៃផ្ទេរ ៣៩ លានអឺរ៉ូ។ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Istanbul បានបញ្ជាក់ថា ភាគីទាំងពីរ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ទាំង​ជាមួយកីឡាករ និងក្លិប Marseille រួចរាល់ហើយ ដោយថ្លៃផ្ទេរ​នឹង​ត្រូវ​បង់​ជា​បី​ដំណាក់​កាល​ស្មើៗគ្នា ក្នុងរយៈពេលបីឆ្នាំខាងមុខ។Fenerbahce ក៏នឹងទទួលបន្ទុកលើការទូទាត់ថ្លៃ ប្រាក់ចំណែកអភិវឌ្ឍន៍ (Solidarity Payments) ដែលកើតឡើងស្របតាមបទប្បញ្ញត្តិរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ផងដែរ​។Solidarity Payments គឺជាប្រាក់​ដែល​ក្លិប​ទិញ​កីឡាករត្រូ​វ​បែង​ចែក​ទៅ​ឱ្យក្លិប​ដែល​ធ្លាប់​បណ្តុះ​បណ្តាល​​កីឡាករនោះក្នុងវ័យកុមារ ឬយុវជន ស្របតាមបទប្បញ្ញត្តិរបស់ FIFA ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​អភិវឌ្ឍយុវជន។Greenwood វ័យ ២៤ ឆ្នាំ បានផ្ទេរពី Manchester United ទៅកាន់ Marseille កាលពីខែ​កក្កដា ឆ្នាំ២០២៤ ក្រោមកិច្ចសន្យារយៈពេល ៥ ឆ្នាំ បន្ទាប់ពីបញ្ចប់​ទំនាក់​ទំនង​ដ៏​យូរ​អង្វែង​ជា​មួយ​ក្លិប​នៅ Premier League។ក្នុងរយៈពេលពីររដូវកាលជាមួយ Marseille ខ្សែប្រយុទ្ធដែលអាចលេងបានច្រើនតួនាទីរូបនេះ រក​បាន ៣៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៦ ប្រកួតនៅលីគកំពូលបារាំង។Fenerbahce សង្ឃឹមថា Greenwood នឹងជួយបង្កើនប្រសិទ្ធភាពតំបន់ប្រយុទ្ធ និង​ជា​កម្លាំង​សំខាន់​ក្នុង​ការប្រជែងពានរង្វាន់លីគកំពូលតួកគី ដែលក្លិបខកខានឈ្នះតាំងពីឆ្នាំ ២០១៤៕ អត្ថបទ៖នាង សុភាវុធ

Arsenal ប្រកាសផ្ទេរ Leandro Trossard ទៅ Besiktas បញ្ចប់ការរួមរស់រយៈពេល ៣ឆ្នាំ

2026/07/15 07:40:00 pm        272
ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានប្រកាសជាផ្លូវការថា ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបែលហ្ស៊ិក Leandro Trossard នឹងផ្ទេរទៅចូលរួមជាមួយក្លិបទួកគី Besiktas ដោយបញ្ចប់ការស្នាក់នៅទឹកដី Emirates រយៈពេល ៣ ឆ្នាំ។កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានបង្ហាញខ្លួនសរុប ១៧៤ ប្រកួតក្នុងគ្រប់ក្របខណ្ឌឱ្យ Arsenal និងស៊ុតបញ្ចូលទីបាន ៣៦ គ្រាប់ បន្ទាប់ពីផ្ទេរមកពីក្លិប Brighton កាលពីខែមករា ឆ្នាំ២០២៣។តាមការចុះផ្សាយរបស់សារព័ត៌មាននៅចក្រភពអង់គ្លេស Besiktas នឹងចំណាយថ្លៃផ្ទេរប្រមាណ ១៧ លានផោន ដើម្បីនាំយក Trossard ខណៈកិច្ចសន្យារបស់គេជាមួយ Arsenal នៅសល់រហូតដល់ឆ្នាំ២០២៧ និងមានជម្រើសបន្តមួយឆ្នាំទៀត។Arsenal ក៏បានបញ្ជាក់ថា Trossard ទទួលបានការអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ទីក្រុង Istanbul ដើម្បីឆ្លងកាត់ការពិនិត្យសុខភាព មុនសម្រេចការផ្ទេរជាផ្លូវការ។ក្នុងរដូវកាលមុន Trossard បានរួមចំណែកយ៉ាងសំខាន់ក្រោមការដឹកនាំរបស់លោក Mikel Arteta ដោយស៊ុតបញ្ចូលទីបាន ៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៦ លើក ក្នុងការបង្ហាញខ្លួន ៣១ ប្រកួតនៅ Premier League ខណៈ Arsenal បានបញ្ចប់ការរង់ចាំអស់រយៈពេល ២២ ឆ្នាំ ដើម្បីលើកពានជើងឯកលីគកំពូលអង់គ្លេស ហើយបានឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League៕ អត្ថបទ៖នាង សុភាវុធ 

អ្នកគាំទ្របាល់ទាត់ World Cup នៅ Las Vegas ទទួលបានបទពិសោធថ្មី ជួបជុំទស្សនាបាល់ទាត់ពីអាងហែលទឹក

2026/07/15 07:10:54 pm        178
បរិយាកាសនៃការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក FIFA World Cup រវាងក្រុមជម្រើសជាតិបារាំង និងអេស្ប៉ាញ មិនត្រឹមតែក្តៅគគុកនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែក៏បានទាក់ទាញអ្នកគាំទ្រយ៉ាងច្រើននៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ឱ្យជួបជុំគ្នាទស្សនាការប្រកួតក្នុងបរិយាកាសដ៏រស់រវើក និងប្លែកភ្នែក។នៅ Stadium Swim នៃសណ្ឋាគារ Circa អ្នកគាំទ្ររាប់រយនាក់បានរីករាយទស្សនាការប្រកួតអមជាមួយការហែលទឹក និងសម្រាកកម្សាន្តក្រោមពន្លឺថ្ងៃ។ លោក Mike Palm អនុប្រធានប្រតិបត្តិការរបស់កាស៊ីណូ Circa, The D និង Golden Gate បានពន្យល់ថា ទីតាំងនេះមិនមែនជាអាងហែលទឹកធម្មតាទេ ប៉ុន្តែជាកន្លែងដែលបង្កើតឡើងសម្រាប់ការទស្សនាកីឡាដោយផ្ទាល់ ជាមួយអេក្រង់ដ៏ធំ ដែលត្រូវបានគេចាត់ទុកថាធំបំផុតនៅក្បែរអាងហែលទឹកក្នុងទីក្រុង Las Vegas។លោក Palm បានបន្ថែមថា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ វប្បធម៌កម្សាន្តពេលថ្ងៃនៅ Las Vegas មានការរីកចម្រើនយ៉ាងខ្លាំង ហើយ Stadium Swim បានរួមបញ្ចូលបទពិសោធន៍ទស្សនាកីឡា ការភ្នាល់កីឡា និងការកម្សាន្តនៅអាងហែលទឹកចូលគ្នា ដើម្បីផ្តល់បទពិសោធន៍ថ្មីដល់អ្នកគាំទ្រ។អ្នកគាំទ្រជនជាតិបារាំង Hadil Chelda ដែលបច្ចុប្បន្នរស់នៅទីក្រុង Los Angeles បានធ្វើដំណើរមក Las Vegas ដើម្បីទស្សនាការប្រកួតជាមួយមិត្តភក្តិ។ លោកបាននិយាយថា បរិយាកាសនៅទីនោះពិតជាអស្ចារ្យ ដោយអាចរីករាយជាមួយអាកាសធាតុល្អ អាងហែលទឹក ភេសជ្ជៈ និងការទស្សនាបាល់ទាត់ក្នុងពេលតែមួយ។ជាលទ្ធផលនៃការប្រកួត អេស្ប៉ាញបានយកឈ្នះបារាំងក្នុងលទ្ធផល ២-០ ហើយបានកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈដែល Stadium Swim នឹងបន្តទទួលអ្នកគាំទ្រទស្សនាការប្រកួតបន្ទាប់រវាងអាហ្សង់ទីន និងអង់គ្លេសនៅថ្ងៃបន្ទាប់ផងដែរ៕ អត្ថបទ៖នាង សុភាវុធ  

ទេសចរណ៍ចិន ត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ នាដើមខែសីហា

2026/07/15 06:49:40 pm        272
ប្រជាពលរដ្ឋ និងកីឡាករ ដែលនិយមចូលចិត្តកីឡារត់ បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី១១ នៅខេត្តសៀមរាប នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។យោងតាមវីដេអូផលិតរួមគ្នា ស្របតាមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងគណៈកម្មការរៀបចំព្រឹត្តិការណ៍តាលីម៉ារ៉ាតុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្មីៗ បានបង្ហាញយ៉ាងច្បាស់ពីការជឿជាក់របស់ប្រជាជនចិន មកលើស្ថេរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់នៅកម្ពុជា ដោយពួកគេ បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍រត់ចម្ងាយ ៤២គីឡូម៉ែត្រលើទឹកដីអច្ឆរិយអង្គរនេះ។តាមរយៈប្រភពដដែល ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញនូវការស្វាគមន៍អត្តពលិក ក៏ដូចជាភ្ញៀវទេសចរណ៍ចិនទាំងអស់ ក្នុងការធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ នាដើមខែសីហាខាងមុខ ជាមួយការធានានូវសុខសុវត្ថិភាពពេញលេញ ក្នុងរដូវកាលបៃតង ដែលជាពេលវេលាដ៏ស្រស់ស្អាតមួយកម្រិតទៀត ពិសេសនៅតំបន់អង្គរតែម្ដង។ទន្ទឹមជាមួយគ្នា ទាំងតំណាងគណៈកម្មការព្រឹត្តិការណ៍តាលីម៉ារ៉ាតុង ក៏ដូចជាប្រជាជនចិន បានសម្ដែងនូវសេចក្ដីរីករាយ ជាមួយការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមរត់ប្រណាំង នៅខេត្តសៀមរាប នាពេលឆាប់ៗខាងមុខ។ ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីការជឿជាក់របស់ប្រជាជនចិន មកលើប្រទេសកម្ពុជា ដែលជាប្រទេសមានសុខសន្ដិភាពពេញលេញ ហើយក៏ជាសារមួយដ៏សំខាន់ ជួយជំរុញដល់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងការផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោកផងដែរ។សូមរំឮកថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំព្រឹត្តិការណ៍តាលីម៉ារ៉ាតុង បានចុះកិច្ចព្រមព្រៀងពបញ្ជូនប្រតិភូ និងអត្តពលិកអាជីព ក៏ដូចជាស្ម័គ្រចិត្ត ចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងទៅវិញទៅមក កាលពីពាក់កណ្ដាលឆ្នាំ២០២៤ ហើយគម្រោងនេះ ត្រូវបានអនុវត្ត ២ឆ្នាំរួចមកហើយ ពិសេសការរៀបចំនៅឆ្នាំ២០២៥ ដោយមានប្រជាជនចិនចូលរួមច្រើនជាងគេ ខណៈឆ្នាំ២០២៦ នេះ ក៏រំពឹងនឹងទទួលបានអត្តពលិក ក៏ដូចជាភ្ញៀវទេសចរណ៍ពីចិន កាន់តែច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM