កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

អ្នកគាំទ្ររាប់សែននាក់ស្វាគមន៍ក្រុមជម្រើសជាតិន័រវែស ទោះបីបញ្ចប់ដំណើរនៅវគ្គ៨ ក្រុមចុងក្រោយ World Cup

2026/07/14 07:33:35 pm        216
ប្រជាជនន័រវែសរាប់សែននាក់បានប្រមូលផ្តុំគ្នានៅបរិវេណព្រះបរមរាជវាំង ក្នុងទីក្រុង Oslo កាលពីល្ងាចថ្ងៃចន្ទដើម្បីស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនក្នុងនាមជាវីរបុរស បន្ទាប់ពីត្រឡប់មកពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅសហរដ្ឋអាមេរិក។ទោះបីន័រវែសបានបរាជ័យក្រោមថ្វីជើងអង់គ្លេសក្នុងលទ្ធផល ២-១ បន្ទាប់ពីការប្រកួតបន្ថែមម៉ោង ដែលធ្វើឱ្យដំណើរប្រវត្តិសាស្ត្ររបស់ពួកគេត្រូវបញ្ចប់ត្រឹមវគ្គ៨ក្រុមចុងក្រោយ និងខកខានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ ប៉ុន្តែអ្នកគាំទ្រនៅតែចេញមកអបអរសាទរក្រុមជម្រើសជាតិយ៉ាងកក់ក្តៅ។តាមការប៉ាន់ស្មានក្រៅផ្លូវការ មានអ្នកគាំទ្រប្រមាណ ១០០,០០០នាក់ បានមកជួបជុំគ្នានៅខាងមុខព្រះបរមរាជវាំង និងលាតសន្ធឹងតាមបណ្តោយផ្លូវ Karl Johans gate ដែលជាវិថីសំខាន់របស់ទីក្រុង Oslo។យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធឆ្នើម Erling Haaland មិនបានចូលរួមក្នុងពិធីអបអរសាទរចុងក្រោយនោះទេ ដោយសាររូបគេបានចាកចេញមុនពេលកម្មវិធីបញ្ចប់។ ដូច្នេះ Haaland ក៏ខកខានការចូលរួមជាមួយមិត្តរួមក្រុមក្នុងពិធីអបអរសាទរ "Viking Row" នៅលើជណ្តើរព្រះបរមរាជវាំង ដែលដឹកនាំដោយព្រះអង្គម្ចាស់ Haakon វាយស្គរ រួមជាមួយអ្នកគាំទ្ររាប់ម៉ឺននាក់ដែលប្រមូលផ្តុំគ្នានៅខាងក្រោម។បន្ទាប់ពីបញ្ចប់ពិធីនៅព្រះបរមរាជវាំង ក្រុមជម្រើសជាតិន័រវែសបានបន្តដំណើរជួបសំណេះសំណាលជាមួយអ្នកគាំទ្រ តាមរយៈការជិះរថយន្តក្រុងបើកដំបូល ឆ្លងកាត់តំបន់កណ្តាលទីក្រុង Oslo ដើម្បីអបអរសាទរជាមួយប្រជាពលរដ្ឋ៕ អត្ថបទ៖នាង សុភាវុធ

អ្នករៀបចំប្រណាំងម៉ូតូត្រៃ៖ រំពឹងថាយ៉ាងយូរ ៥ឆ្នាំទៀត​ប៉ុណ្ណោះ​ធនធាន​កីឡាករ​ប្រណាំង​កម្ពុជា​នឹង​មាន​ច្រើនសម្បូរបែប

2026/07/14 07:21:19 pm        199
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងកង់បីដណ្តើមជើងឯកឆ្នាំ២០២៦ ដែល​បាន​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​២​ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់១២ ខែកក្កដា នៅទីលានវាលឥន្ទ្រី ស្ថិតនៅក្នុងខណ្ឌ ពោធិ៍សែន​ជ័យ​ រាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ដោយរកឃើញជើង​ខ្លាំង​តាម​វិញ្ញាសា​ប្រជែង​នីមួយៗ។ ក្រោយ​បិទបញ្ចប់ដោយជោគជ័យ នៃព្រឹត្តិការណ៍ខាងលើ លោក ពេជ្រ សុខា ស្ថាប​និក​អ្នក​រៀ​ប​ចំ​ព្រឹត្តិការណ៍​ប្រណាំង រំពឹងថាយ៉ាងយូរ៥​ឆ្នាំ​ទៀត​ប៉ុណ្ណោះធ​ន​ធាន​កីឡាករ​ប្រណាំង​កម្ពុជា​នឹង​មាន​ច្រើន​សម្បូរ​បែប ព្រោះថាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ក្រុមការងារ បានរៀបចំឲ្យមាន មាន​២​ទៅ​៣​ដង​ ក្នុងមួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៦នេះ គណៈកម្មាធិការ​បចេ្ចក​ទេស​បាន​ដាក់​បញ្ចូល​នូវ​វិញ្ញាសា​ថ្នាល​អម​ព្រឹត្តិ​ការណ៍​​ប្រណាំង​ផងដែរដូច្នេះ ធនធានកីឡាករប្រណាំង​កម្ពុជា​នឹង​មាន​ច្រើន​នា​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​។ ជាមួយគ្នានោះ ក្នុងនាមអ្នករៀបចំព្រឹត្តិការណ៍ប្រណាំង ក៏សូមអំពាវនាវ និងលើក​ទឹក​ឱពុក​ម្តាយ​ដែល​ជា​អាណាព្យាបាល គួរតែបញ្ចូនកូនដែលមានឧបនិស្ស័យឱ្យមកចូលរួមការប្រកួត ដើម្បី​បណ្តុះ​ក្តី​ស្រមៃ​ដែល​កូន​ចូល​ចិត្ត​វិវឌ្ឍ​ខ្លួន​ជា​កីឡាករ​ជើង​ខ្លាំង​បង្ហាញ​មុ​ខ​មាត់​នៅ​លើ​ទីលាន​ប្រណាំង​ នាំមកនូវកិត្តិយស កេរ្តិ៍ឈ្មោះជូនគ្រួសារនិងសង្គមជាតិ មួយវិញទៀត​ជួយ​ឲ្យពួ​ក​គេ​បញ្ជៀស​ការ​ប្រព្រឹត្តិអំពើរមិនល្អបំផ្លាញគ្រួសារនិងសង្គមជាតិ។អ្នករៀបចំព្រឹត្តិការណ៍ ខាងលើ បានរំលេចថា តាមរយៈការរៀបចំជាញឹកញាប់ក្នុងឆ្នាំៗរបស់លោក មិន​ត្រឹមតែរួមចំណែកឱ្យវិស័យប្រណាំងនេះ រីកចម្រើនជឿនលឿនប៉ុណ្ណោះនោះទេ ពោល​វា​បាន​រួម​ចំណែក​ផលិតបានធនធានកីឡាករការិនីល្អៗថ្មីៗឆ្លើយតបទៅនិងតម្រូវការ ចេញ​ទៅ​ប្រកួត​ប្រជែង​នៅក្រៅប្រ​ទេសផងដែរ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ម៉ូតូត្រៃ និងកង់បី ដណ្តើមជើងឯកឆ្នាំ២០២៦ មានការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពីសហព័ន្ធកីឡាយានយន្តកម្ពុជា រួមទាំងក្រុមហ៊ុនដៃគូឧបត្ថម្ភគាំទ្រ នេះ​ជា​ចំណែក​ដ៏​សំខាន់​ ក្នុងការជួយរុ​ញ​ឱ្យវិ​ស័យ​ប្រភេទ​កីឡា​យាន​យន្ត​កម្ពុជា​ឱ្យ​កាន់​តែ​អភិវឌ្ឍ​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៕​

អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ Mariano Rajoy រងការរិះគន់ខ្លាំង​ក្រោយ​ថា​កីឡាករ​បារាំង​មិន​មាន​កីឡាករ​ជនជាតិបារាំង

2026/07/14 07:01:09 pm        339
អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Mariano Rajoy កំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋាននយោបាយ និងសាធារណជន បន្ទាប់ពីលោកបានសរសេរនៅក្នុងអត្ថបទមួយថា ក្រុមបាល់ទាត់ជម្រើសជាតិបារាំង «មិនមានកីឡាករជនជាតិបារាំងទេ» មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក។លោក Rajoy ដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីអេស្ប៉ាញពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ បានសរសេរអត្ថបទចុះផ្សាយក្នុងសារព័ត៌មានអនឡាញ El Debate ដោយលើកឡើងថា បារាំងជាម្ចាស់ជើងឯកពិភពលោក២សម័យ និងជាជើងឯករងនៅ World Cup លើកមុន។ លោកក៏បានសរសើរថា បារាំងបានឈ្នះគ្រប់ការប្រកួតក្នុងការប្រកួតលើកនេះ កំពុងឈរលេខ១ក្នុងចំណាត់ថ្នាក់ FIFA និងមានក្រុមកីឡាករកម្រិតខ្ពស់។ទោះជាយ៉ាងណា សម្តីដែលបង្កភាពចម្រូងចម្រាសបំផុតគឺការអះអាងថា «ពួកគេមិនមានកីឡាករជនជាតិបារាំងទេ ប៉ុន្តែលេងបានយ៉ាងល្អ និងក្លាយជាគូប្រកួតដ៏ខ្លាំង»។ ការលើកឡើងនេះត្រូវបានមនុស្សជាច្រើនចាត់ទុកថា ជាការរើសអើងជាតិសាសន៍ និងមិនគោរពចំពោះភាពចម្រុះរបស់សង្គមបារាំង។ការអត្ថាធិប្បាយរបស់លោក Rajoy ក៏ត្រូវបានប្រៀបធៀបទៅនឹងការបង្ហោះសាររើសអើងជាតិសាសន៍របស់សមាជិកព្រឹទ្ធសភាប៉ារ៉ាហ្គាយម្នាក់ ដែលធ្លាប់វាយប្រហារខ្សែប្រយុទ្ធឆ្នើម Kylian Mbappé ផងដែរ។ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអេស្ប៉ាញបច្ចុប្បន្ន លោក Pedro Sánchez បានបង្ហោះសារលើបណ្ដាញសង្គម X ដោយបញ្ជាក់ថា មនុស្សមួយចំនួននៅតែវាស់វែងភាពជាពលរដ្ឋតាមនាមត្រកូល ទីកន្លែងកំណើត ឬពណ៌សម្បុរ ខណៈអ្នកផ្សេងទៀតវាស់វែងតាមការចូលរួម និងការរួមចំណែកចំពោះប្រទេសជាតិ។លោក Sánchez បានសង្កត់ធ្ងន់ថា «អេស្ប៉ាញជារបស់អ្នកដែលស្រឡាញ់ និងខិតខំធ្វើការដើម្បីប្រទេស មិនមែនជារបស់អ្នកដែលធ្វើឱ្យប្រទេសអាប់ឱនដោយសារសេចក្តីថ្លែងការណ៍រើសអើងជនបរទេសនោះទេ»។ករណីនេះបានក្លាយជាប្រធានបទដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង មុនការប្រកួតដ៏សំខាន់រវាងអេស្ប៉ាញ និងបារាំង ខណៈការជជែកវែកញែកអំពីអត្តសញ្ញាណជាតិ និងភាពចម្រុះក្នុងវិស័យបាល់ទាត់នៅអឺរ៉ុប កំពុងបន្តក្តៅគគុក៕ អត្ថបទ៖នាង សុភាវុធ 

Mathieu van der Poel ឈ្នះដំណាក់កាលទី ៩ Tour de France ខណៈ Pogacar បន្តនាំមុខ

2026/07/13 07:30:48 pm        329
កីឡាករប្រណាំងកង់ហូឡង់ Mathieu van der Poel បានប្រជែងឈ្នះដំណាក់ទី៩ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Tour de France កាលពីថ្ងៃអាទិត្យ បន្ទាប់ពីយកឈ្នះក្នុងការប្រជែងដ៏ស្វិតស្វាញនៅចំនុចចុងក្រោយ។ដំណាក់កាលទី ៩ ដែលមានចម្ងាយផ្លូវ ១៥៤.៦ គីឡូម៉ែត្រ ធ្វើដំណើរពី Malemort ទៅ Ussel ត្រូវបានកាត់បន្ថយប្រវែងប្រមាណ ៣០ គីឡូម៉ែត្រ ដោយសារអាកាសធាតុក្តៅខ្លាំងឡើងដល់ ៤០ អង្សារ។ កីឡាកររបស់ក្រុម Alpecin – Premier Tech, Mathieu van der Poel ជាអ្នកមកដល់ទីព្រ័ត្រមុនគេក្នុងដំណាក់កាលទី ៩ ដោយប្រើពេល ៣ ម៉ោង ២៧ នាទី ៥១ វិនាទី តាមពីក្រោយដកីឡាករន័រវេស Tobias Johannessen និងលេខបីកីឡាករអង់គ្លេស Tom Pidcock។ក្រោយការប្រកួតដំណាក់កាលទី ៩ នេះ ម្ចាស់ជើងឯក Tour de France ៤ សម័យ Tadej Pogacar នៅតែបន្តរក្សាការនាំមុខក្នុងតារាងរួមដដែល ដោយកាន់ ២ នាទី ៤២ វិនាទី ពីអ្នកលេខពីរកីឡាករដាណឺម៉ាក Jonas Vingegaard និងលេខ ៣ កីឡាករម៉ិកស៊ិក Isaac del Toro យឺតជាង ៣ នាទី ២៧ វិនាទី។បន្ទាប់ពីថ្ងៃសម្រាកមួយថ្ងៃនៅថ្ងៃចន្ទនេះ Tour de France នឹងបន្តនៅថ្ងៃអង្គារ ដំណាក់កាលទី ១០ លើចម្ងាយផ្លូវ ១៦៦.៦ គីឡូម៉ែត្រ ពី Aurillac ទៅ Le Lioran៕ អត្ថបទ៖នាង សុភាវុធ

Nieto និង Cristian ផ្ទេរចូលវិសាខា ក្រោយចាកចេញពីភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង

2026/07/13 07:24:07 pm        293
ខ្សែប្រយុទ្ធកូឡុំប៊ីសញ្ជាតិខ្មែរ Andres Nieto និងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cristian Dos Santos ត្រូវបានវិសាខា ប្រកាសពីការនាំចូលជាផ្លូវការហើយ ក្រោយចាកចេញពីភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ដើម្បីពង្រឹងក្រុមត្រៀមការប្រកួតប្រជែង នារដូវកាលថ្មីខាងមុខ។នេះគឺជាការផ្ទេរគួរឲ្យចាប់អារម្មណ៍មួយទៀត បន្ទាប់ពីក្រុមរបូតកៅអី Top-6 ឆ្នាំចាស់នេះ បាននាំចូលខ្សែប្រយុទ្ធអន្ដរជាតិ ៣រូបជាបន្ដបន្ទាប់ កាលពីថ្មីៗ រួមមានកីឡាករកាមេរ៉ូន Ewolo Donovan ដែលផ្ទេរមកពីក្លិប Al-Jazeera នៃលីគកូវ៉ែត, អតីតយុវជនក្លិប Wolverhampton របស់អង់គ្លេស កីឡាករហូឡង់ Sherwin Dandey Seedorf ផ្ទេរមកពីក្លិប Al-Wehdatប្រទេសហ្សកដានី និងកីឡាករ Gai Pa Ousman មកពីក្លិបManila Digger របស់ហ្វីលីពីន។Andres Nieto គឺជាកីឡាករមានបទពិសោធន៍ជោគជ័យនៅកម្ពុជា ក្រោយចំណាយពេលជិត ៦ឆ្នាំ និងជាកម្លាំងស្នូលដ៏សំខាន់របស់ក្លិបភ្នំពេញក្រោន ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីកីឡាករកូូឡុំប៊ីរូបនេះ ទទួលបានសញ្ជាតិខ្មែរ។ នេះគឺជាការផ្លាស់ប្ដូរក្លិបអាជីពនៅកម្ពុជាលើកដំបូង ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី លើទឹកដីវិសាខា។ ចំណែក Cristian Dos Santos ក៏ជាខ្សែប្រយុទ្ធដ៏លេចធ្លោរមួយរូបផងដែរ ពិសេស ២រដូវកាលចុងក្រោយ ដែលរូបគេបានរួមរស់ជាមួយព្រះខ័នរាជស្វាយរៀង ដោយបានរួមចំណែកជួយក្រុមសម្រេចបានសមិទ្ធផលជាច្រើន ទាំងការប្រកួតក្នុងស្រុក និងពានរង្វាន់អន្ដរជាតិ។ ការសម្រេចផ្ទេរទៅកាន់វិសាខា ក៏ដូចជាការសម្រេចបន្ដអាជីពនៅកម្ពុជា ហើយបានបដិសេធបណ្ដាក្លិបក្នុងតំបន់មួយចំនួនពីកីឡាករប្រេស៊ីលរូបនេះ គោលបំណងសំខាន់ គឺ Cristian ចង់ទទួលបានសញ្ជាតិខ្មែរ ដើម្បីមានឱកាសលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។គួរដឹងថា ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៥/២៦ ជាមួយលទ្ធផលដ៏ខកចិត្ត ពិសេសក្នុងលីគកំពូលកម្ពុជា វិសាខា បានសម្រេចរុះរើសក្រុមគួរឲ្យកត់សម្គាល់ ដោយកីឡាករមួយចំនួន ត្រូវបានដាក់ឲ្យខ្ចីជើង ហើយកីឡាករខ្លះទៀត ក្លិបបានចែកផ្លូវគ្នា ហើយនាំចូលកីឡាករថ្មីៗមួយចំនួន ទាំងខ្មែរ និងបរទេស ដើម្បីពង្រឹងក្រុមត្រៀមការប្រកួតប្រជែងរដូវកាលថ្មី ឆ្នាំ២០២៦/២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា

FIFA នឹងពិភាក្សាពីការពង្រីក World Cup ដល់ ៦៤ ក្រុមក្រោយបញ្ចប់ការប្រកួតឆ្នាំនេះ

2026/07/13 07:19:27 pm        367
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានឱ្យដឹងថា FIFA នឹងពិភាក្សាអំពីគម្រោងពង្រីកចំនួនក្រុមចូលរួមការប្រកួតបាល់ទាត់ពិភពលោកដល់ ៦៤ ក្រុម បន្ទាប់ពីការប្រកួតឆ្នាំ ២០២៦ ត្រូវបានបញ្ចប់ ប៉ុន្តែលោកមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមនោះទេ។ការប្រកួត World Cup ឆ្នាំ២០២៦ ដែលសហការរៀបចំដោយប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក គឺជាលើកដំបូងដែលមានការចូលរួមពី ៤៨ ក្រុម បន្ទាប់ពី FIFA សម្រេចពង្រីកពី ៣២ ក្រុម។ ការសម្រេចចិត្តនេះធ្លាប់រងការរិះគន់យ៉ាងខ្លាំង ប៉ុន្តែក្រោយការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី១១ ខែមិថុនា ការរិះគន់បានថយចុះជាបន្តបន្ទាប់។លោក Infantino ដែលជាអ្នកជំរុញឱ្យមានការពង្រីកការប្រកួតពី ៣២ ក្រុមទៅ ៤៨ ក្រុម បានសង្កត់ធ្ងន់ថា World Cup គួរតែជាព្រឹត្តិការណ៍សម្រាប់ពិភពលោកទាំងមូល មិនមែនសម្រាប់តែទ្វីបអឺរ៉ុប និងអាមេរិកខាងត្បូងប៉ុណ្ណោះទេ។លោកបានឱ្យដឹងថា៖ «គ្រប់ប្រទេសទាំងអស់គួរតែមានក្តីស្រមៃថាអាចឡើងមកប្រកួតនៅ World Cup បាន។ បច្ចុប្បន្ន គុណភាពរបស់ក្រុមជម្រើសជាតិនៅទូទាំងពិភពលោកកំពុងតែកើនឡើងជាបន្តបន្ទាប់។ ប្រសិនបើប្រទេសតូចៗមិនទទួលបានឱកាសចូលរួមទេ ពួកគេនឹងខ្វះការលើកទឹកចិត្តក្នុងការអភិវឌ្ឍកម្រិតលេងរបស់ខ្លួន»។គួរបញ្ជាក់ថា FIFA បានបង្កើនចំនួនក្រុមចូលរួម World Cup ពី ២៤ ក្រុមទៅ ៣២ ក្រុម ចាប់តាំងពីឆ្នាំ១៩៩៨ ហើយការប្រកួតឆ្នាំ២០២៦ បានពង្រីកដល់ ៤៨ ក្រុមជាលើកដំបូង។ សម្រាប់ World Cup ឆ្នាំ២០៣០ នឹងត្រូវសហការរៀបចំដោយម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ ខណៈការប្រកួតឆ្នាំ២០៣៤ នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត៕ អត្ថបទ៖នាង សុភាវុធ

សេណេហ្គាល់បញ្ចប់តំណែងគ្រូបង្គោល Pape Thiaw គ្រោងតែងតាំង Patrick Vieira

2026/07/13 07:07:01 pm        266
សហព័ន្ធបាល់ទាត់សេណេហ្គាល់ បានប្រកាសបញ្ចប់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិលោក Pape Bouna Thiaw ដា បន្ទាប់ពីលទ្ធផលមិនល្អនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។សេណេហ្គាល់ ត្រូវបានគេរំពឹងថា នឹងក្លាយជាបេក្ខភាពប្រជែងពាន បន្ទាប់ពីបានយកឈ្នះម៉ារ៉ុក ក្នុងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations កាលពីខែមករា។ ប៉ុន្តែនៅ World Cup ក្រុមនេះបានបង្ហាញទម្រង់លេងមិនសូវល្អ ដោយចាញ់បារាំង និងន័រវេស ក្នុងពីរប្រកួតដំបូងនៃវគ្គចែកពូល។នៅវគ្គ៣២ក្រុមចុងក្រោយ សេណេហ្គាល់បាននាំមុខប៊ែលហ្ស៊ិក ២-០ រហូតដល់៥នាទីចុងក្រោយ ប៉ុន្តែត្រូវគូប្រកួតតាមស្មើ មុនពេលចាញ់ ៣-២ នៅម៉ោងបន្ថែម ដែលបញ្ចប់ក្តីសង្ឃឹមរបស់ពួកគេក្នុងការបន្តដំណើរទៅមុខ។ក្រៅពីលទ្ធផលមិនល្អ លោក Thiaw វ័យ៤៥ឆ្នាំ ក៏ត្រូវប្រឈមនឹងការពិន័យហាមឃាត់ដឹកនាំក្រុមចំនួន៥ប្រកួតផងដែរ។ ការពិន័យនេះនឹងចាប់ផ្តើមអនុវត្តនៅខែកញ្ញា ក្នុងវគ្គជម្រុះ Africa Cup of Nations ឆ្នាំ២០២៧ បន្ទាប់ពីលោកបានដឹកនាំកីឡាករសេណេហ្គាល់ដើរចេញពីទីលាន ដើម្បីតវ៉ាចំពោះការផ្តល់បាល់ពិន័យ ១១ ម៉ែត្រឱ្យម៉ារ៉ុក ក្នុងវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅទីក្រុង Rabat។សារព័ត៌មានកីឡាបារាំង L’Equipe បានរាយការណ៍ថា លោក Patrick Vieira អតីតខ្សែបម្រើជម្រើសជាតិបារាំង និងជាជ័យលាភី World Cup ដែលកើតនៅទីក្រុង Dakar ប្រទេសសេណេហ្គាល់ ស្ថិតក្នុងចំណោមបេក្ខភាពនាំមុខគេ សម្រាប់ចូលកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិសេណេហ្គាល់។ជាមួយគ្នានេះ សហព័ន្ធបាល់ទាត់សេណេហ្គាល់ បានប្រកាសថា នឹងរៀបចំសន្និសីទសារព័ត៌មានថ្ងៃនេះ ដើម្បីបញ្ជាក់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការផ្លាស់ប្តូរគ្រូបង្វឹក និងទិសដៅរបស់ក្រុមជម្រើសជាតិបន្តទៅមុខ៕អត្ថបទ៖នាង សុភាវុធ

Wimbledon៖ Jannik Sinner ការពារជើងឯកបានសម្រេច ខណៈ Linda Noskova គ្រងជើងឯកផ្នែកនារី

2026/07/13 06:59:28 pm        419
ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ Grand Slam, Wimbledon បានបិទបញ្ចប់ដោយជោគជ័យកាលពីចុងសប្តាហ៍ កន្លងទៅ ដោយជើងឯកផ្នែកបុរសបានទៅ Jannik Sinner ខណៈផ្នែកនារីបានទៅកីឡាការិនីឆេក Linda Noskova។កីឡាករវាយកូនបាល់អ៊ីតាលី Jannik Sinner បានការពារតំណែងជើងឯក Wimbledon របស់ខ្លួនដោយជោគជ័យ បន្ទាប់ពីយកឈ្នះកីឡាករអាល្លឺម៉ង់ Alexander Zverev ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៦-៧ (៧-៩), ៧-៦ (៧-២), ៦-៣ និង ៦-៤ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ជ័យជម្នះនេះបានផ្តល់ឱ្យ Sinner នូវពានរង្វាន់ Grand Slam ទី៥ ក្នុងអាជីព និងជាជ័យជម្នះលើកទី១០ ជាប់ៗគ្នារបស់គេនៅពេលជួប Alexander Zverev។ការឈ្នះជើងឯក Wimbledon ពីរឆ្នាំជាប់គ្នា ក៏បានធ្វើឱ្យ Sinner ក្លាយជាកីឡាករបុរសទី១០ ក្នុងយុគសម័យ Open Era ដែលអាចការពារតំណែងជើងឯក Wimbledon បានដោយជោគជ័យ។ លទ្ធផលនេះក៏ជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់គេ ក្នុងការប្រជែងជាមួយគូប្រជែងដ៏ធំ Carlos Alcaraz ដែលបច្ចុប្បន្នមានពាន Grand Slam ចំនួន ៧។ចំណែកការប្រកួតផ្នែកនារីកាលពីថ្ងៃសៅរ៍ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងកីឡាការិនីឆេកទាំងពីរនាក់ បានបញ្ចប់ទៅ ដោយកីឡាការិនីវ័យក្មេង Linda Noskova យកឈ្នះមិត្តភក្តិ Karolina Muchova ដោយលទ្ធផល ៦-២ ៥-៧ និង ៦-៣ ដើម្បីគ្រងជើងឯក Grand Slam លើកដំបូង៕ អត្ថបទ៖នាង សុភាវុធ

អេស្ប៉ាញ ត្រៀមជួបបារាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ខណៈការប្រជែងរវាង Yamal និង Mbappe នៅតែបន្ត

2026/07/13 06:36:29 pm        212
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបន្តការហ្វឹកហាត់នៅទីក្រុង Dallas ដើម្បី​ត្រៀម​ជួប​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពិភពលោក។ក្រុម​របស់គ្រូបង្វឹក Luis de la Fuente បង្ហាញទម្រង់លេងយ៉ាងរឹងមាំនៅព្រឹត្តិការណ៍ឆ្នាំនេះ ដោយ​របូតគ្រាប់បាល់ត្រឹមមួយគ្រាប់ប៉ុណ្ណោះ ក្នុងជ័យជម្នះ ២-១ លើបែលហ្ស៊ិក នៅវគ្គ៨​ក្រុម​ចុង​ក្រោយ។ទោះជាយ៉ាងណា អេស្ប៉ាញនឹងត្រូវប្រឈមនឹងគូប្រកួតលំបាកបំផុតរបស់ខ្លួន ពេលជួប​ក្រុម​បារាំង ​ដែលមានខ្សែប្រយុទ្ធកំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អ។ Kylian Mbappe រកបាន ៨ គ្រាប់ ខណៈ Ousmane Dembele ស៊ុតបញ្ចូលទីបាន ៥ គ្រាប់។ នេះជា​លើក​ដំបូង​ចាប់​តាំង​ពី​ប្រេស៊ីល​ក្នុង​ឆ្នាំ២០០២ ដែលក្រុមមួយមានកីឡាករ ២ រូបស៊ុតបញ្ចូលទីបាន​ច្រើន​បែប​នេះ​ក្នុង​ការ​ប្រកួត World Cup។អេស្ប៉ាញធ្លាប់យកឈ្នះបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Euro 2024 និង​បន្ត​ឈ្នះ​ម្តង​ទៀត​នៅវ​គ្គ៤ក្រុមចុងក្រោយ UEFA Nations League ឆ្នាំ២០២៥។ ប៉ុន្តែក្រុម​បារាំង​ក្រោម​ការ​ដឹក​នាំរ​បស់លោក Didier Deschamps ក្នុងឆ្នាំ២០២៦ ត្រូវបានគេចាត់ទុកថា​មាន​កម្លាំង​ខ្លាំង​ជាង​មុន និងជាគូប្រជែងដ៏គួរឱ្យខ្លាច។ស្ថិតិបង្ហាញថា អេស្ប៉ាញមិនទាន់ចាញ់ការប្រកួតផ្លូវការណាមួយក្នុងរយៈពេល ៩០ នាទីទេ ចាប់​តាំង​ពីចាញ់ស្កុតឡេន ២-១ កាលពីខែមីនា ឆ្នាំ២០២៣។ បន្ទាប់មក ពួកគេចាញ់​តែ​ការ​ប្រកួត​មិត្ត​ភាព​ទល់​នឹងកូឡុំប៊ី និងចាញ់ព័រទុយហ្គាល់ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីក្នុងវគ្គផ្តាច់ព្រ័ត្រ Nations League ឆ្នាំ២០២៥។ដោយឡែក កំណត់ត្រារបស់ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal ក៏នៅតែរក្សាបានយ៉ាងល្អ ដោយ​អេស្ប៉ាញមិនដែលចាញ់ឡើយក្នុងការប្រកួត ២៦ លើក ដែលរូបគេចាប់ផ្តើម ១១ នាក់​ដំបូង ចាប់តាំងពីឆ្នាំ២០២៣។ជាមួយ​គ្នានេះ ក្នុងការជួបគ្នាដោយផ្ទាល់ក្នុងការប្រកួតជម្រុះចាញ់ធ្លាក់ ទាំងនៅកម្រិតក្លិប និង​ក្រុម​ជម្រើស​ជាតិ Yamal ក៏មិនទាន់ស្គាល់ពាក្យថាចាញ់ Mbappe នោះដែរ ដែល​ធ្វើ​ឱ្យ​ការ​ប្រឈម​មុខ​រវាងតារាបាល់ទាត់ទាំងពីរ កាន់តែទាក់ទាញការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ជុំវិញ​ពិភព​លោក​៕ ​អត្ថបទ៖នាង សុភាវុធ

កម្ពុជា ជួបទីម័រល្ងាចនេះ ខណៈបើឈ្នះឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពាន ASEAN Women’s Cup

2026/07/13 05:59:29 pm        335
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសនារីទីម័រខាងកើត នាវេលាម៉ោង ៣:៤៥នាទីរសៀល(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។នេះគឺជាការប្រកួតបើកឆាកពូលB របស់ក្រុមជម្រើសជាតិនារីកម្ពុជា ដែលមានបេក្ខភាព ៣ក្រុម ត្រូវប្រកួតប្រជែង ដូចពូលA ដែរ ។ ប៉ុន្ដែប្រសិនបើក្រុមបាល់ទាត់នារីកម្ពុជា អាចយកឈ្នះការប្រកួតល្ងាចនេះ ពួកគេនឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ដ្បិតទីម័រខាងកើត បានរងបរាជ័យ ១ប្រកួតមកហើយ ក្រោមថ្វីជើងក្រុមជម្រើសជាតិនាទីឥណ្ឌូនេស៊ី ២-០ កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ។បន្ទាប់ពីបញ្ចប់ការប្រកួតទល់ក្រុមជម្រើសជាតិនារីទីម័រខាងកើត នារសៀលនេះ ក្រុមកីឡាការិនីកម្ពុជា នឹងត្រូវជួបប្រកួតបញ្ចប់ពូលB ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី វិញម្ដង នាថ្ងៃទី១៦ ខែកក្កដាខាងមុខ។លោក Yasuhiro Yoshida គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដោយទំនុកចិត្តលើកូនក្រុម ដោយលោកសង្កត់ធ្ងន់ថា កម្ពុជាមានក្រុមមួយដែលល្អ ជាពិសេសកាលពីប្រកួតកន្លងទៅ ក្រុមទាំងមូល ពិតជាធ្វើបានល្អ ហើយលោកចង់ឲ្យក្រុមធ្វើឲ្យកាន់តែល្អជាងមុនទៀត សម្រាប់ការប្រកួតទាំងអស់ក្នុងយុទ្ធនាការប្រកួតពានប្រចាំតំបន់មួយនេះ។លោកបានរក្សានូវកីឡាការិនីល្អៗ ជាពិសេសពួកគេមានបទពិសោធន៍រួចហើយ កាលពី ២ឆ្នាំមុន ដែលជួយឲ្យក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានជើងឯករងនៅក្នុងព្រឹត្តិការណ៍នេះ។ ការណ៍នេះ ក្រុមទាំងមូល ប្ដេជ្ញានឹងខំប្រឹងប្រែងធ្វើឲ្យបានល្អបំផុត និងខំប្រឹងប្រែងគ្រប់ការប្រកួតទាំងអស់ ដើម្បីយកជ័យជម្នះជូនជាតិមាតុភូមិ។គួរដឹងថា ពានរង្វាន់កម្រិតទី២ ប្រចាំតំបន់នេះ មានបេក្ខភាព ៦ក្រុមចូលរួម និងបែងចែកជា ២ពូល គ្រាដែលពូលA មានម្ចាស់ផ្ទះម៉ាឡេស៊ី ឡាវ និងសិង្ហបុរី ។ ក្រោយបញ្ចប់ការប្រកួតក្នុងពូល ក្រុមឈរលេខ១ និងលេខ២ នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២២ ខែកក្កដាខាងមុខ។ក្រោយបញ្ចប់ការប្រកួតនេះដែរ សម្រាប់ក្រុមឈរលេខ១ លេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមការប្រកួតពានរង្វាន់បាល់ទាត់នារីកម្រិតទី១ ប្រចាំតំបន់អាស៊ាន ASEAN Women’s Championship នាឆ្នាំ២០២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM