កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

អេស្ប៉ាញយកឈ្នះអូទ្រីស ៣-០ បញ្ចប់ការរង់ចាំជ័យជម្នះក្នុងវគ្កចាញ់-ធ្លាក់ World Cup ជាលើកដំបូងតាំងពីឆ្នាំ ២០១០

2026/07/03 06:06:38 pm        265
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយយកឈ្នះក្រុមជម្រើសជាតិអូទ្រីសក្នុងលទ្ធផល ៣-០ នៅវគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។ជ័យជម្នះនេះមានអត្ថន័យយ៉ាងសំខាន់សម្រាប់អេស្ប៉ាញ ព្រោះជាជ័យជម្នះលើកដំបូងរបស់ពួកគេក្នុងវគ្គចាញ់-ធ្លាក់នៃការប្រកួតបាល់ទាត់ពិភពលោក ចាប់តាំងពីឈ្នះជើងឯកកាលពីឆ្នាំ ២០១០។ បន្ទាប់ពីលើកពាននៅអាហ្វ្រិកខាងត្បូង អេស្ប៉ាញបានជួបការខកចិត្តជាបន្តបន្ទាប់ ដោយធ្លាក់ត្រឹមវគ្គចែកពូលក្នុងឆ្នាំ ២០១៤ និងចាញ់ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៅឆ្នាំ ២០១៨ និង ២០២២។ក្នុងការប្រកួតនេះ ខ្សែប្រយុទ្ធ Mikel Oyarzabal គឺជាតួឯក ដោយរកបាន ២ គ្រាប់ ខណៈ Pedro Porro បន្ថែមបាន ១ គ្រាប់ទៀត ដើម្បីធានាជ័យជម្នះ។ គ្រូបង្វឹក Luis de la Fuente បានសរសើរការលេងរបស់កូនក្រុមថា ជាការបង្ហាញសមត្ថភាពដ៏ល្អបំផុតមួយរបស់ពួកគេក្នុងការប្រកួតនេះ។ ជាមួយនឹងជ័យជម្នះនេះ អេស្ប៉ាញបានផ្ញើសារយ៉ាងច្បាស់ទៅកាន់គូប្រជែងថា ពួកគេជាបេក្ខភាពដ៏រឹងមាំមួយសម្រាប់ការប្រជែងជើងឯក World Cup ឆ្នាំនេះ។អេស្ប៉ាញនឹងបន្តដំណើរទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ ដោយត្រូវជួបក្រុមព័រទុយហ្គាល់ ក្នុងការប្រកួតដែលត្រូវបានរំពឹងថានឹងមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ៕ អត្ថបទ៖នាង សុភាវុធ 

អត្តពលិកជិត ២ពាន់នាក់ នឹងចូលរួមជិះកង់-រត់ អបអបខួប ៩ឆ្នាំ នៃការ​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃគុក ​ក្នុង​បញ្ជី​បេតិកភណ្ឌ ចុងសប្ដាហ៍នេះ

2026/07/03 05:45:49 pm        276
ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី៩ ​នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) នឹងមកដល់នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ ដោយ​មាន​អត្តពលិកជាតិ និងអន្ដរជាតិយ៉ាងហោចជិត ២ពាន់នាក់ចូលរួម។ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា មកទល់ពេលនេះ ការ​ចុះ​ឈ្មោះត្រូ​វបានបិទ ខណៈតួរលេខអត្តពលិក ដែលបានចុះឈ្មោះ​តាមរយៈ​ការ​ជូន​ដំណឹង​រប​ស់​ក្រសួង​ទេសចរណ៍ និងដៃគូពាក់ព័ន្ធ សម្រាប់កម្មវិធីជិះកង់កញ្ចប់ខ្សែទស្សនកិច្ចចម្ងាយ ៣០​គីឡូ​ម៉ែត្រ ​មានអ្នកចុះឈ្មោះប្រមាណ ៦០០នាក់ មកពី ៤ប្រទេស រួមមានអាល្លឺម៉ង់ អាហ្សេរី ទុយណេស៊ី ​និងកម្ពុជា។ចំណែកអត្តពលិក ត្រៀមចូលរួមរត់ឆ្លងកាត់ឧបសគ្គ លើវិញ្ញាសាទាំង ៣ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ គឺមានអ្នកចុះឈ្មោះប្រមាណជាង ១ពាន់នាក់ មកពី ១៧ប្រភេទ ដូចជាបារាំង អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី រុស្ស៊ី ចិន ហុងកុង ញូហ្សឺលែន វៀតណាម ហ្វីលីពីន ស្រីលង្កា ឈឺលី ហូឡង់ ជប៉ុន មីយ៉ាន់ម៉ា អ៊ុយក្រែន និងម្ចាស់ផ្ទះកម្ពុជា។បែបនេះក្ដី ក្នុងនាមថ្នាក់ដឹកនាំគណៈកម្មការរៀបចំ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្តកំពង់ធំ នៅតែបើកជំហរ និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមឲ្យបានច្រើនកុះករ ទាំងការចូលរួមផ្ទាល់ និងការអបអរសាទរតាមដងផ្លូវ ដ្បិតការចូលរួមសកម្មភាពកីឡានេះ មិនត្រឹមបានលើកកម្ពស់សុខភាពសាធារណៈ តែក៏ជាការចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់ទេសចរណ៍ដ៏មានសារៈសំខាន់នេះផងដែរ។គួរដឹងថា នេះជាលើកដំបូង ដែលក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងវិស័យឯកជន បានរៀបចំព្រឹត្តិការណ៍កីឡាធំៗព្រមគ្នា ក្នុងគោលបំណងសំខាន់ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ ដើម្បីជំរុញកំណើនភ្ញៀវទេសចរនារដូវកាលបៃតង។ជាមួយព្រឹត្តិាករណ៍កីឡាទេសចរណ៍ដ៏ធំនេះ គ្រោងនឹងមានថ្នាក់ដឹកនាំជាច្រើនចូលរួម ។ ចំពោះកម្មវិធីជិះកង់ នាព្រឹកថ្ងៃទី៥ ខែកក្កដាចុងសប្ដាហ៍នេះ គឺត្រូវចេញដំណើរពីគល់ស្ពានស្ទឹងសែន ឆ្ពោះទៅសហគមន៍លក់ក្រឡាន សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី មុនបញ្ចប់នៅប្រាសាទសំបូរព្រៃគុក ព្រមទាំងកម្មវិធីរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៤២គីឡូម៉ែត្រ ដែលចេញដំណើរពីគល់ស្ពានស្ទឹងសែន ទៅបញ្ចប់នៅប្រាសាទសំបូរព្រៃគុក លើកលែងការរត់ចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ ដែលត្រូវរៀបចំកម្មវិធីរត់នៅតំបន់ប្រាសាទសំបូរព្រៃគុកផ្ទាល់តែម្ដង៕ អត្ថបទ លី ឈុនឡា  

Chelsea ប្រកាសពីការផ្ទេរ Marco Palestra ពី Atalanta តម្លៃប្រមាណ ៤៧លានផោន

2026/07/02 09:52:16 pm        323
ក្លិបបាល់ទាត់តោខៀវ Chelsea បានប្រកាសជាផ្លូវការពីការផ្ទេរខ្សែការពារស្តាំវ័យក្មេង Marco Palestra ពីក្លិប Atalanta ក្នុងតម្លៃប្រមាណ ៤៧លានផោន រួមទាំងប្រាក់លើកទឹកចិត្តផ្សេងៗ។ខ្សែការពារវ័យ ២១ឆ្នាំរូបនេះ បានចុះកិច្ចសន្យារយៈពេល ៦ឆ្នាំ ជាមួយ Chelsea ដោយមានជម្រើសបន្តបន្ថែមមួយឆ្នាំទៀត។ រូបគេក៏ក្លាយជាកីឡាករថ្មីដំបូងគេ ដែលក្លិបនាំចូលក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Xabi Alonso ផងដែរ។មុនសម្រេចផ្ទេរមកកាន់ទឹកដី Stamford Bridge មានព័ត៌មានថា Palestra ជិតឈានដល់កិច្ចព្រមព្រៀងវិលត្រឡប់ទៅកាន់ក្លិបដែលធ្លាប់បណ្តុះបណ្តាលរូបគេ គឺ Inter Milan។ ទោះជាយ៉ាងណា Chelsea បានចូលប្រជែងនៅពេលចុងក្រោយ ដោយដាក់សំណើលើសពីតម្លៃ ៤៣លានផោនរបស់ Inter និងផ្តល់ប្រាក់ឈ្នួលខ្ពស់ជាង ដែលធ្វើឱ្យកីឡាករយល់ព្រមផ្ទេរមកលេងនៅ Premier League។ការផ្ទេរលើកនេះ គឺជាជំហានដ៏ធំមួយក្នុងអាជីពរបស់ Palestra ដែលបានរីកចម្រើនយ៉ាងឆាប់រហ័ស។ ត្រឹមរយៈពេល ៣ឆ្នាំប៉ុណ្ណោះ រូបគេបានឡើងពីក្រុមអាយុក្រោម ២៣ឆ្នាំរបស់ Atalanta ដែលប្រកួតនៅលីគលំដាប់ទី៣ របស់អ៊ីតាលី មកក្លាយជាកីឡាកររបស់ Chelsea។Palestra បានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមធំ Atalanta ក្នុងការប្រកួត UEFA Europa League កាលពីខែធ្នូ ឆ្នាំ២០២៣។ ប៉ុន្តែការអភិវឌ្ឍខ្លួនយ៉ាងលេចធ្លោរបស់គេ បានកើតឡើងអំឡុងពេលលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយ Cagliari កាលពីរដូវកាលមុន ដែលជួយឱ្យគេទទួលបានឱកាសបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមជម្រើសជាតិអ៊ីតាលី ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup៕ អត្ថបទ៖នាង សុភាវុធ 

ប៊ែលហ្ស៊ិកវាយបកពីក្រោយពីរគ្រាប់ យកឈ្នះសេណេហ្គាល់ ៣-២ ឡើងវគ្គ១៦ក្រុមចុងក្រោយ World Cup 2026

2026/07/02 09:39:46 pm        311
ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានបង្ហាញស្មារតីតស៊ូដ៏អស្ចារ្យ ដោយវាយបកពីការតាមពីក្រោយ ២គ្រាប់ មកយកឈ្នះក្រុមជម្រើសជាតិសេណេហ្គាល់ ក្នុងលទ្ធផល ៣-២ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។ការប្រកួតបានចាប់ផ្តើមដោយសេណេហ្គាល់គ្រប់គ្រងស្ថានការណ៍បានល្អ និងបង្កើតសម្ពាធយ៉ាងខ្លាំងទៅលើខ្សែការពារប៊ែលហ្ស៊ិក និងរកបានពីរគ្រាប់នាំមុខមុនដោយ Habib Diarra នាទីទី ២៥ និង Ismaila Sarr នាទីទី ៥១។យ៉ាងណាមិញ ក្រុមប៊ែលហ្ស៊ិកមិនបានបោះបង់ឡើយ ពួកគេបានកែប្រែទម្រង់លេង និងបង្កើនសម្ពាធទៅលើគូប្រកួត ដោយរកបានគ្រាប់បាល់តាមមកវិញពីរគ្រាប់ចុងម៉ោងដោយ Romelu Lukaku នាទីទី ៨៦ និង Youri Tielemens នាទីទី ៨៩។ខ្សែបម្រើ Aston Villa, Tielemens ដដែលគឺជាអ្នកស៊ុតសម្រេចគ្រាប់បាល់ជ័យជនះពិន័យ ១១ ម៉ែត្រនៅនាទីចុងក្រោយនៃម៉ោងបន្ថែមកាត់សេចក្តី ១២០+៥។សម្រាប់សេណេហ្គាល់ បរាជ័យលើកនេះពិតជាគួរឱ្យសោកស្តាយ បន្ទាប់ពីបាននាំមុខរហូតដល់ ២គ្រាប់។ ទោះជាយ៉ាងណា ក្រុមតំណាងទ្វីបអាហ្វ្រិកបានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ និងបានប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមខ្លាំងរបស់អឺរ៉ុប៕ អត្ថបទ៖នាង សុភាវុធ

ការស្វែងរកនាទីលេងឲ្យបានច្រើន ជាគោលដៅសម្រាប់ សេត រ៉ូស៊ីប ចូលរួមជាមួយ ISI

2026/07/02 09:28:12 pm        263
កីឡាករ សេត រ៉ូស៊ីប បានដាក់គោលដៅស្វែងរកនាទីលេងឲ្យបានច្រើន នារដូវកាលថ្មី ឆ្នាំ២០២៦/២៧ ខាងមុខ ក្រោយចូលរួមជាមួយក្លិប ISI ដង្កោសែនជ័យ។កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានបញ្ជាក់ថា ISI ជាក្រុមស្ដង់ដារមួយ ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ពិសេសជាក្លិបមានធនធានកីឡាករវ័យក្មេង និងមានគុណភាពល្អៗច្រើន ។ ដូច្នេះការសម្រេចចិត្តចូលរួមជាមួយក្រុមបាតតារាង នៃលីគឆ្នាំចាស់នេះ ព្រោះ រ៉ូស៊ីប ចង់មាននាទីលេងច្រើន ហើយប្ដេជ្ញានឹងខំប្រឹងជាមួយមិត្តរួមក្រុមទាំងអស់ ដើម្បីសម្រេចគោលដៅនេះ។គួរដឹងថា ក្រោយទទួលទ្ធផលមិនគាប់ប្រសើរក្នុងលីគឆ្នាំ២០២៥/២៥ ក្រុមដំរីជ័យ ISI បាននឹងកំពុងរៀបចំ រុះរើក្រុមគួរឲ្យកត់សម្គាល់ ពិសេសក្រៅពីនាំចូលគ្រូបង្វឹកដ៏មានបទពិសោធន៍លោក Conor Nestor មកដឹកនាំក្រុម ពួកគេក៏បាននឹងកំពុងកៀរគរកីឡាករមានបទពិសោធន៍ជាច្រើនមករួមក្រុមត្រៀមប្រកួតប្រជែងនារដូវកាលថ្មីផងដែរ។សម្រាប់ សេត រ៉ូស៊ីប ត្រូវបានចាត់ទុកជាកីឡាករមានបទពិសោធន៍ជោគជ័យមួយ ដែលអាចរួមចំណែកជួយក្រុម ដ្បិតជាង ១ទសវត្សរ៍កន្លងមក រូបគេបានលេងឲ្យក្លិបធំៗចំនួន ៣ រួមមានណាហ្គាវើលដ៏ នៅចន្លោះឆ្នាំ២០១៤-២០១៦, ក្លិបបឹងកេត នៅចន្លោះឆ្នាំ២០១៦-២០២២ និងក្លិបព្រះខ័នរាជស្វាយរៀង នៅចន្លោះឆ្នាំ២០២៣-២០២៦ ខណៈរដូវកាលចុងក្រោយ រ៉ូស៊ីប បានផ្ទេរទៅលេងឲ្យបឹងកេតវិញ ក្រោមលក្ខខណ្ឌខ្ចីជើង មុនឈានដល់ការបញ្ចប់កិច្ចសន្យា និងផ្លាស់មកចូលរួមជាមួយក្រុមមានមូលដ្ឋាននៅតំបន់វេងស្រេង ISI ដង្កោសែនជ័យពេលនេះ៕អត្ថបទ លី ឈុនឡា

អង់គ្លេសទម្លាក់កុងហ្គោ ២-១ ឡើងវគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមអាហ្វ្រិកចាកចេញទាំងកិត្តិយស

2026/07/02 09:22:18 pm        312
ក្រុមជម្រើសជាតិអង់គ្លេស បានកក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោយយកឈ្នះក្រុមជម្រើសជាតិសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងលទ្ធផល ២-១ នៅវគ្គ៣២ក្រុមចុងក្រោយ។ការប្រកួតបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ ដោយក្រុមកុងហ្គោបង្ហាញទម្រង់លេងក្លាហាន និងមិនខ្លាចគូប្រជែងដែលជាក្រុមខ្លាំងមួយក្នុងចំណោមបេក្ខភាពប្រជែងពាន។ ទោះជាយ៉ាងណា អង់គ្លេសនៅតែអាចប្រើប្រាស់បទពិសោធន៍ និងគុណភាពកីឡាកររបស់ខ្លួន ដើម្បីរកបានជ័យជម្នះ ២-១ និងបន្តដំណើរទៅកាន់វគ្គបន្ទាប់។កុងហ្គោបានបើកការនាំមុខមុននៅនាទីទី ៧ ដោយ Brian Cipenga ខណៈគ្រាប់បាល់នេះ កុងហ្គោបាននាំមុខ ស្ទើពេញមួយប្រកួត ហើយក៏មានក្តីសង្ឃឹមបង្ករការភ្ញាក់ផ្អើកផងដែរ។យ៉ាងណាក្តី ខ្សែប្រយុទ្ធឆ្នើម Harry Kane ជាវិរៈបុរសរបស់អង់គ្លេសបន្ទាប់ពីរកបានពីរគ្រាប់ម្នាក់ឯងវាយបកយកឈ្នះនៅនាទីទី ៧៥ មួយគ្រាប់ និង ៨៦ មួយគ្រាប់ នាំអង់គ្លេសឡើងវគ្គ ១៦ ក្រុមជួបម៉ិកស៊ិក។សម្រាប់កុងហ្គោទោះបីមិនអាចបង្កការភ្ញាក់ផ្អើលដោយទម្លាក់អង់គ្លេសបានក៏ដោយ ប៉ុន្តែការបង្ហាញខ្លួនរបស់ពួកគេនៅ World Cup 2026 ត្រូវបានចាត់ទុកថាជាជោគជ័យដ៏ធំមួយ។ ក្រុមរហស្សនាម ខ្លារខិន បានវិលត្រឡប់មកកាន់វេទិកាបាល់ទាត់ពិភពលោកជាលើកដំបូងក្នុងរយៈពេល ៥២ឆ្នាំ បន្ទាប់ពីការចូលរួមលើកចុងក្រោយកាលពីឆ្នាំ១៩៧៤ ក្រោមឈ្មោះ Zaire។ក្រោយការប្រកួត អ្នកគាំទ្រកុងហ្គោជាច្រើនបានបង្ហាញមោទនភាពចំពោះសមិទ្ធផលរបស់ក្រុមជម្រើសជាតិ ដោយចាត់ទុកការឈានដល់វគ្គចាញ់-ធ្លាក់នៃ World Cup គឺជាសញ្ញាបង្ហាញថាបាល់ទាត់កុងហ្គោកំពុងវិលត្រឡប់មករកភាពរីកចម្រើនវិញ៕ អត្ថបទ៖នាង សុភាវុធ

គូព្រេងមិនព្រាត់! បញ្ជាការដ្ឋានអង្គរក្ស ជួបវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រតេជោលីគ ជាលើកទី៣

2026/07/02 08:58:54 pm        231
ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងទាក់ទាញអ្នកគាំទ្រភ្លុកទឹកភ្លុកដី ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមវិសាខា ជាលើកទី៣ ក្នុងវគ្គកាត់សេចក្ដីនេះ បន្ទាប់ពីក្រុមខ្លាំងទាំងពីរ បានយកឈ្នះគូប្រកួតដាច់ ៣-០សិតរៀងៗខ្លួន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១ ខែកក្កដាកន្លងទៅ។សម្រាប់ជំនួបដ៏កក្រើកវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដែលមានអ្នកទស្សនាផ្ទាល់រាប់ពាន់នាក់នេះ វិសាខា បានយកឈ្នះយ៉ាងងាយលើក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ដោយលទ្ធផល ២៥-១៩, ២៥-១៥ និង ២៥-១៤ពិន្ទុ។ រីឯក្រុមបញ្ជាការដ្ឋានអង្គរក្ស ២សិតដំបូង ពួកគេបានយកឈ្នះទាំងតានតឹង ក្នុងលទ្ធផល ២៥-២៣ ដូចគ្នា តែឈានសិតទី៣ ក្រុមជើងឯក ២សម័យនេះ បានវាយផ្ដាច់យ៉ាងងាយក្នុងពិន្ទុ ២៥-១២ ដើម្បីធានាកៅអីវគ្គផ្ដាច់ព្រ័ត្រតែម្ដង។ជាមួយលទ្ធផលនេះដែរ ប្រៀបបានគូព្រេងមិនព្រាត់ ដែលតម្រូវឲ្យក្រុមបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមបាល់ទះវិសាខា ជាលើកទី៣ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍តេជោលីគ ដើម្បីការពារតំណែងជើងឯករបស់ខ្លួន បន្ទាប់ពីជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ២លើកកន្លងមក វិសាខា មិនធ្លាប់ឈ្នះបញ្ជាការដ្ឋានអង្គរក្សឡើយ។ ដូច្នេះចាំមើលរដូវកាលនេះ តើបញ្ជាការដ្ឋានអង្គរក្ស នឹងអាចរក្សាភាពខ្លាំង ដើម្បីគ្រងជើងឯក ៣ឆ្នាំជាប់ៗគ្នាបានដែលឬក៏យ៉ាងណា?ជុំវិញការជួបគ្នាជាថ្មី ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះដែរ រឹតតែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងតាមដានជំនួបរវាងក្រុមខ្លាំង ប៉ះខ្លាំងនេះ ដ្បិតការជួបគ្នា ២លើកចុងក្រោយ ក្នុងព្រឹត្តិការណ៍តេជោលីគ រដូវកាលឆ្នាំ២០២៦ ក្រុមទាំងពីរ បានបញ្ចប់ដោយលទ្ធផលឈ្នះចាញ់គ្នាម្ដងម្នាក់ ពោលគឺជួបគ្នាជុំទី១ បញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះ ៣-២សិត តែឈានដល់ជុំទី២ វិសាខា បានយកឈ្នះដាច់ ៣-០សិតវិញ ក្រោយការនាំចូលកីឡាករល្អៗ ទាំងខ្មែរ និងបរទេសមកជួយ។សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងបញ្ជាការដ្ឋានអង្គរក្ស និងវិសាខា នឹងធ្វើឡើងនាល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ប៉ុន្ដែមុនឈានដល់ជំនួបដណ្ដើមជើងឯកតេជោលីគ រដូវកាលទី៣ នេះ ក៏នឹងមានជំនួបដណ្ដើមលេខ៣ រវាងក្រុមស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ដែលនឹងត្រូវប្រកួតនៅរសៀលថ្ងៃជាមួយគ្នាផងដែរ៕ អត្ថបទ លី ឈុនឡា

ព័រទុយហ្គាល់ជួបក្រូអាស៊ីនៅវគ្គ ៣២ ក្រុមចុងក្រោយ ខណៈ Ronaldo និង Modric មានតែម្នាក់ឡើងវគ្គបន្ត

2026/07/02 08:31:13 pm        411
ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវជួបក្រុមជម្រើសជាតិក្រូអាស៊ី នៅវគ្គ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ព្រឹកស្អែកនេះនៅទីក្រុង Toronto ប្រទេសកាណាដា ដោយមានគោលដៅស្ដារទំនុកចិត្ត និងបំបិទមាត់អ្នករិះគន់ ក្រោយការបង្ហាញទម្រង់លេងមិនសូវទាក់ទាញនៅវគ្គចែកពូល។ការប្រកួតនេះក៏ត្រូវបានគេចាត់ទុកថា អាចជាការជួបគ្នាចុងក្រោយនៅ World Cup រវាងតារាឆ្នើមពីររូប គឺខ្សែប្រយុទ្ធ Cristiano Ronaldo វ័យ ៤១ឆ្នាំ និងខ្សែបម្រើ Luka Modrić វ័យ ៤០ឆ្នាំ ដែលសុទ្ធតែជាវីរបុរសរបស់ប្រទេសរៀងៗខ្លួន និងកំពុងស្វែងរកឱកាសចុងក្រោយដើម្បីសម្រេចក្តីស្រមៃឈ្នះពានបាល់ទាត់ពិភពលោក។ក្រោមការដឹកនាំរបស់លោក Roberto Martínez ព័រទុយហ្គាល់ត្រូវបានរំពឹងថានឹងបង្ហាញទម្រង់លេងល្អជាងមុន បន្ទាប់ពីទទួលរងការរិះគន់ ទោះបីក្រុមមានកីឡាករឆ្នើមជាច្រើនក្នុងសមាសភាព ដូចជា Vitinha, João Neves និង Nuno Mendes ដែលជោគជ័យខ្លាំងនៅ Paris Saint-Germain ក៏ដោយ។នៅវគ្គចែកពូល ព័រទុយហ្គាល់បានចាប់ផ្តើមដោយស្មើកុងហ្គោមុនពេលយកឈ្នះអ៊ូសបេគីស្ថាន។ប៉ុន្តែការស្មើជាមួយកូឡុំប៊ីនៅប្រកួតចុងក្រោយនៃវគ្គចែកពូល បានធ្វើឱ្យព័រទុយហ្គាល់បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល ហើយបានបង្កើនសម្ពាធលើ Ronaldo និងក្រុមទាំងមូល។ អ្នកវិភាគជាច្រើនបានរិះគន់ថា ប្រធានក្រុមរូបនេះមិនសូវមានឥទ្ធិពលក្នុងការប្រកួត ជាពិសេសការជួយការពារនៅពេលក្រុមបាត់បង់បាល់។ជាមួយនឹងការប្រកួតចាញ់-ធ្លាក់ ព័រទុយហ្គាល់ និងក្រូអាស៊ី សុទ្ធតែត្រូវការជ័យជម្នះដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ទន្ទឹមនឹងនេះ ការប្រកួតក៏ជាការប្រឈមដ៏សំខាន់សម្រាប់ Ronaldo និង Modric ដែលអាចកំពុងឈានទៅកាន់ការបង្ហាញខ្លួនចុងក្រោយរបស់ពួកគេនៅលើឆាក FIFA World Cup។ អត្ថបទ៖នាង សុភាវុធ

អាកាសធាតុក្តៅខ្លាំង បង្កការរំខានដល់បរិយាកាសទស្សនាបាល់ទាត់ World Cup នៅទីក្រុង Toronto

2026/07/02 07:56:22 pm        167
ការព្រមានអំពីរលកកម្ដៅពីអាជ្ញាធរអាកាសធាតុកាណាដា កំពុងបង្កការប្រឈមដល់ការរៀបចំបរិយាកាសសម្រាប់អ្នកគាំទ្របាល់ទាត់ នៅទីក្រុង Toronto ខណៈសីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងកើនលើស ៣៥ អង្សាសេ និងអាចមានភ្លៀងផ្គររន្ទះផងដែរ។ទីក្រុង Toronto គ្រោងធ្វើជាម្ចាស់ផ្ទះការប្រកួតចុងក្រោយរបស់ខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup នៅថ្ងៃសុក្រស្អែកនេះដោយក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រូវជួពក្រូអាស៊ី ក្នុងវគ្គ ៣២ ក្រុមចុងក្រោយ។មុនថ្ងៃបុណ្យជាតិ Canada Day នាថ្ងៃទី១ ខែកក្កដាម្សិលមិញ ប្រជាជនកាណាដានៅតំបន់ជាច្រើនកំពុងប្រឈមនឹងអាកាសធាតុប្រែប្រួលខ្លាំង ចាប់ពីទឹកជំនន់រហូតដល់រលកកម្ដៅ។វេជ្ជបណ្ឌិត Michelle Murti មន្ត្រីសុខាភិបាលទីក្រុង Toronto បានឱ្យដឹងថា ដោយសារសំណើមខ្ពស់ សីតុណ្ហភាពធ្វើឱ្យមានអារម្មណ៍ថាក្តៅដល់ ៤០ អង្សាសេ នៅពេលការប្រកួតរវាងព័រទុយហ្គាល់ និងក្រូអាស៊ី ចាប់ផ្តើម។ អាជ្ញាធរក៏កំពុងត្រៀមផែនការឆ្លើយតប ប្រសិនបើមានភ្លៀងផ្គររន្ទះ ដែលអាចបង្ខំឱ្យលុបចោលកម្មវិធីទស្សនារួម (Fan Zones) មួយចំនួន។អាជ្ញាធរទីក្រុងបានអំពាវនាវឱ្យអ្នកគាំទ្រទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងគួរកាត់បន្ថយការទទួលទានគ្រឿងស្រវឹង ព្រោះវាអាចបង្កឱ្យរាងកាយបាត់បង់ជាតិទឹកកាន់តែខ្លាំង។ក្នុងអំឡុងការប្រកួត World Cup កន្លងមក ទីក្រុង Toronto បានរៀបចំតំបន់ Fan Zone និងកម្មវិធីទស្សនាបាល់ទាត់ជាសាធារណៈជាបន្តបន្ទាប់។ នៅទីលាន Nathan Phillips Square កាលពីថ្ងៃទី៣០ ខែមិថុនា អ្នកគាំទ្រជាច្រើនត្រូវបានគេឃើញប្រើប្រាស់ស្ថានីយ៍បាញ់ផ្សែងទឹក ដែលអាជ្ញាធរបានដំឡើង ដើម្បីបន្ថយកម្ដៅ។អ្នកគាំទ្រម្នាក់ឈ្មោះ Megan Rennie បាននិយាយថា នាងមកទស្សនាការប្រកួត ប៉ុន្តែអាកាសធាតុក្តៅខ្លាំងពេក ធ្វើឱ្យនាងពិចារណាចាកចេញមុនពេលកម្មវិធីបញ្ចប់ ហើយក៏អាណិតកីឡាករដែលត្រូវប្រកួតក្រោមសីតុណ្ហភាពខ្ពស់បែបនេះផងដែរ។ចំណែកអ្នកទេសចរឈ្មោះ Laura Albarez មកពីប្រទេសកូឡុំប៊ី បាននិយាយថា នាងមានបំណងត្រឡប់ទៅសណ្ឋាគារសម្រាកសិន ហើយនឹងចេញមកក្រៅនៅពេលអាកាសធាតុត្រជាក់ជាងនេះ ដោយបានសរសើរថា ទីក្រុងបានរៀបចំទឹកសម្រាប់អ្នកទស្សនាយ៉ាងល្អ។ស្ថានភាពអាកាសធាតុក្តៅខ្លាំងនេះ បានក្លាយជាកត្តាប្រឈមមួយសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ ប៉ុន្តែអាជ្ញាធរទីក្រុងតូរ៉ុនតូ កំពុងបន្តអនុវត្តវិធានការផ្សេងៗ ដើម្បីធានាសុវត្ថិភាព និងផ្តល់បទពិសោធន៍ល្អបំផុតដល់អ្នកគាំទ្របាល់ទាត់៕ អត្ថបទ៖នាង សុភាវុធ

នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងសហព័ន្ធកីឡាជាតិ ប្រជុំរៀបចំបទបញ្ញត្តិទូទៅ បទបញ្ជាបច្ចេកទេស ត្រៀមកីឡាជាតិលើកទី៥

2026/07/02 07:44:29 pm        195
ដើម្បីស្វែងរកគោលការណ៍រួមមួយ សម្រាប់យកទៅអនុវត្តឱ្យមានដំណើរការដោយរលូន និងជោគជ័យ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និង កីឡាជាតិជនពិការលើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២៦នាពេលខាងមុខនេះ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងសហព័ន្ធកីឡាជាតិ បានបើកកិច្ចប្រជុំ និងជជែងពិភាក្សាគ្នា ក្នុងការរៀបចំបទបញ្ញត្តិទូទៅ បទបញ្ជាបច្ចេកទេស វិញ្ញាសាប្រកួត និងទីលានប្រកួត ។កិច្ចប្រជុំនេះធ្វើឡើង នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានគូសបញ្ជាក់ថា នេះជាកិច្ចប្រជុំដ៏សំខាន់ ជាមួយសហព័ន្ធកីឡាជាតិទាំង៣២សហព័ន្ធ និងតំណាងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីចូលរួមជជែងពិភាក្សាគ្នា ក្នុងការរៀបចំបទបញ្ញត្តិទូទៅបទបញ្ជាបច្ចេកទេស វិញ្ញាសាប្រកួតនៃប្រភេទកីឡានីមួយ ដើម្បីស្វែងកគោលការណ៍រួមមួយ សម្រាប់យកទៅអនុវត្តឱ្យមានដំណើរការដោយរលូន និងជោគជ័យ។ លោកបន្ថែមថា ព្រឹត្តិការណ៍កីឡាជាតិដ៏ធំប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះគ្រោងរៀបចំលើ៣២ប្រភេទកីឡា និងកីឡាជាតិជនពិការគ្រោងរៀបចំលើ៧ប្រភេទកីឡា។កិច្ចប្រជុំបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះមានការ ចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន និងតំណាងសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមមន្ត្រីបច្ចេកទេសពាក់ព័ន្ធនានាផងដែរ។គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦នេះនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី០៦-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានក្រសួង៣ និង២៥រាជធានីខេត្តចូលរួម ខណៈការប្រកួតនឹងរៀបចំនៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។ តាមការគ្រោងទុក ពិធីបើកជាផ្លូវការគ្រោងធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង១៦:០០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការនេះនឹងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកក្រសួងស្ថាប័នចំនួន៣ និង២៥រាជធានីខេត្តទូទាំងប្រទេសចូលរួមប្រមាណ ជាង ៥០០០នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM