កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Balogun ស៊ុតបញ្ចូលទី និងត្រូវបណ្តេញចេញតែអាមេរិកឈ្នះបូស្នៀឡើងវគ្គ ១៦ ក្រុម

2026/07/02 06:55:33 pm        416
ខ្សែប្រយុទ្ធ AS Monaco, Folarin Balogun បានក្លាយជាតួអង្គសំខាន់ក្នុងការប្រកួតរវាងក្រុមជម្រើសជាតិសហរដ្ឋអាមេរិក និងបូស្នៀ បន្ទាប់ពីរកបានមួយគ្រាប់ ប៉ុន្តែត្រូវបណ្តេញចេញពីទីលាន ខណៈអាមេរិកនៅតែយកឈ្នះក្នុងលទ្ធផល ២-០ ដើម្បីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។ការប្រកួតនៅវគ្គ៣២ក្រុមចុងក្រោយនេះ អាមេរិកបានបង្ហាញទម្រង់លេងយ៉ាងរឹងមាំ និងគ្រប់គ្រងការប្រកួតបានល្អ។ Balogun បានបើកការនាំមុខឱ្យក្រុមម្ចាស់ផ្ទះ តែការប្រកួតបានប្រែជាតានតឹងនៅពេល Balogun ទទួលកាតក្រហម និងត្រូវបណ្តេញចេញពីទីលាន ធ្វើឱ្យអាមេរិកត្រូវលេងដោយសល់កីឡាករ ១០នាក់ចាប់ពីនាទីទី ៦៤ ។ប៉ុន្តែក្រុមរបស់លោក Mauricio Pochetino បានរក្សាវិន័យការពារយ៉ាងល្អ និងមិនបណ្តោយឱ្យបូស្នៀមានឱកាសវាយបកបានឡើយ មុនពេលដែល Malik Tillman ស៊ុតបាល់ហ្វ្រីឃីកធានាជ័យជំនះឱ្យអាមេរិក។ជ័យជម្នះនេះ បានធានាឱ្យសហរដ្ឋអាមេរិកកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ និងបន្តក្តីសង្ឃឹមក្នុងការប្រជែងពានរង្វាន់ World Cup 2026 នៅលើទឹកដីរបស់ខ្លួនដោយនឹងត្រូវជួបជាមួយប៊ែលហ្ស៊ិក៕ អត្ថបទ៖នាង សុភាវុធ

សម្ដេចតេជោ ហ៊ុន សែន៖ «យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេល​ណា​មួយ​ប្រទេស​ក្រីក្រ ​ប្រជាជនតិចនឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន»

2026/07/02 05:22:16 pm        632
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បាន​បន្ត​លើក​ឡើងអំ​ពីស្ថានភាពការលេងកីឡាបាល់ទាត់ពិភពលោកបន្តទៀត ក្នុងនោះ​សម្ដេច​បាន​មើល​ឃើញ​ថា បើយោង​តាម​ការ​ប្រែប្រួល​នៃ​ភូមិ​សាស្ត្រ​បាល់​ទាត់​បែប​នេះ​ពេល​ណា​មួយ​ប្រទេស​ក្រីក្រ​ប្រជាជនតិច​នឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន។ សម្ដេចតេជោបានថ្លែងថា ថ្ងៃមុនសម្ដេចបាននិយាយពី (បាល់មូល) ក្រោយ​ការ​ប្រកួត​កន្លង​មក​និង​យប់​កន្លង​ទៅ​នេះ​យើង​គួរ​តែ​ចាប់​ផ្តើម​និយាយ​ពី​(ភូមិសាស្ត្រ​បាល់​ទាត់)​ដែល​វា​ខុស​ពី​ភូមិ​សាស្ត្រ​នយោបាយ​ទាំង​ស្រុង។ ពេលមុនខ្ញុំតែងនិយាយថា​លើ​ពិភព​លោក​ស្តង់​ដា​អន្តរជាតិ​មាន​តែ​ក្នុងវិស័យ​កីឡា​មួយ​ប៉ុណ្ណោះ។​សម្ដេចតេជោមានប្រសាសន៍ថា «ឆ្លងកាត់ការ​ប្រកួតបាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០២៦​នេះ​ខ្ញុំ​សង្កេត​ឃើញថា​ភូមិសាស្ត្របាល់ទាត់កំពុង ប្រែប្រួលយ៉ាងខ្លាំងតាមរយៈវត្តមាន ក្រុមកីឡា​មក​ពី​ប្រទេស​ដែល​មាន​ប្រជាជនតិច និង​ជាប្រទេសកំពុងអភិវឌ្ឍ។» សម្ដេចតេជោបញ្ជាក់ថា «វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និង​ចំនួន​ប្រជាជន​តិច​បាន​បង្ហាញ​ថា​បាល់​ទាត់មិន​រើសអើងប្រទេសមាន ឬក្រ​ ប្រទេសមានប្រជាជនច្រើន ឬតិច​នោះ​ទេ​ដែល​នេះ​វា​ជា​(ភូមិសាស្ត្រ​បាល់​ទាត់) ដែល​នេះ​វា​ខុស​គ្នាទាំង​ស្រុង​ជាមួ​យ​ភូមិ​សាស្ត្រ​នយោបាយ​ដែល​ពិភព​លោក​កំពុង​ជ្រួល​ច្របល់​បាត់​សណ្តាប់ធ្នាប់»។សម្ដេចតេជោបញ្ជាក់ថា ក្រុមបាល់ទាត់មកពីប្រទេសក្រីក្របានជួយជូនដំណើរក្រុមកីឡាពី ប្រទេស​អ្នក​មានត្រឡប់​ទៅ​ប្រទេសវិញ​តាំង​ពី​ប្រកួត​សន្សំ​ពិន្ទុ​រហូត​ដល់​ការ​ប្រកួត​៣២​ក្រុម​ និង​ប្រសិន​មិន​អាច​យក​ឈ្នះក៏​ធ្វើ​ឲ្យ​ប្រទេស​អ្នក​មាន​មាន​ការ​ព្រួយ​បារម្មណ៍​ពេល​ក្រុម​បាល់​ទាត់​មក​ពី​ក្រីក្រ​ទាត់​បញ្ចូល​ទីឡើងប៉ោងសំណាញ់។សម្ដេចតេជោសង្គត់ធ្ងន់ថា «យោងតាមការប្រែប្រួល​នៃ​ភូមិសាស្ត្រ​បាល់​ទាត់​បែប​នេះ​ពេល​ណា​មួយប្រទេសក្រីក្រប្រជាជន​តិច​នឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន»។សម្ដេចតេជោលើកឡើងថា សម្ដេចមិនដឹងថានៅលើពិភពលោកនេះមានអ្នកធ្លាប់ប្រើពាក្យ (ភូមិ​សាស្ត្រ​បាល់​ទាត់​) ហើយឬនៅទេ ប៉ុន្តែសម្រាប់សម្ដេចឱកាសត្បូង ត្បូង​បាន​និង​កំពុង​មក​ដល់​ហើយ​សម្រាប់​ប្រទេសកំពុងអភិវឌ្ឍទាំងអស់៕

Ronald Koeman លាលែងពីតំណែងគ្រូបង្វឹកហូឡង់ ខណៈសហព័ន្ធបាល់ទាត់ថ្កោលទោសការរើសអើងជាតិសាសន៍លើកីឡាករ

2026/07/01 08:04:52 pm        471
លោក Ronald Koeman បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ហើយ ភ្លាមៗបន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក ក្រោយចាញ់ម៉ារ៉ុកដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីក្នុងវគ្គ ៣២ ក្រុមចុងក្រោយ។ ក្នុងសេចក្តីថ្លែងការណ៍ លោក Koeman បានទទួលស្គាល់ការទទួលខុសត្រូវចំពោះការមិនអាចសម្រេចគោលដៅរបស់ក្រុម ដោយលើកឡើងថា ក្តីស្រមៃក្នុងការសាងប្រវត្តិសាស្ត្រនៅ World Cup មិនបានក្លាយជាការពិតឡើយ។ លោកក៏បានបញ្ជាក់ថា បញ្ហាសុខភាពរបស់ភរិយា បានធ្វើឱ្យលោកផ្លាស់ប្តូរទស្សនៈចំពោះជីវិត និងអាចជាហេតុផលមួយដែលធ្វើឱ្យលោកសម្រេចចិត្តបញ្ចប់អាជីពជាគ្រូបង្វឹក។ស្របពេលជាមួយគ្នានោះ សហព័ន្ធបាល់ទាត់ហូឡង់ (KNVB) បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយពាក្យសម្តីរើសអើងជាតិសាសន៍លើបណ្តាញសង្គម ដែលផ្តោតលើកីឡាករ Justin Kluivert, Quinten Timber និង Crysencio Summerville បន្ទាប់ពីពួកគេស៊ុតបាល់ ១១ ម៉ែត្រមិនចូល។KNVB បានបញ្ជាក់ថា នឹងរាយការណ៍ករណីនេះទៅកាន់ស្ថាប័នទទួលបន្ទុកផ្នែកការរើសអើងតាមអ៊ីនធឺណិត ដើម្បីពិនិត្យផ្លូវច្បាប់ ហើយអាចឈានដល់ការប្តឹងផ្តល់ប្រសិនបើការបញ្ចេញមតិទាំងនោះមានលក្ខណៈជាបទល្មើស។ សហព័ន្ធបានអះអាងថា ការរើសអើង និងសារស្អប់ខ្ពើម គឺផ្ទុយទាំងស្រុងនឹងតម្លៃ និងស្មារតីដែលវិស័យបាល់ទាត់លើកកម្ពស់។បរាជ័យក្រោមថ្វីជើងម៉ារ៉ុក និងការចាកចេញរបស់លោក Koeman បានបិទបញ្ចប់ការដឹកនាំលើកទីពីររបស់លោកជាមួយក្រុមជម្រើសជាតិហូឡង់ ខណៈសហព័ន្ធបាល់ទាត់ហូឡង់នឹងត្រូវស្វែងរកគ្រូបង្វឹកថ្មី ដើម្បីរៀបចំក្រុមសម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខ៕ អត្ថបទ៖នាង សុភាវុធ 

Spurs ព្រមព្រៀងផ្ទេរ Mateus Fernandes ពី West Ham តម្លៃបំបែកកំណត់ត្រាក្លិប ៨៥ លានផោន

2026/07/01 07:56:31 pm        282
ក្លិបបាល់ទាត់ Tottenham Hotspur បានឈានដល់កិច្ចព្រមព្រៀងជាមួយ West Ham United ក្នុងការផ្ទេរខ្សែបម្រើព័រទុយហ្គាល់ Mateus Fernandes ក្នុងតម្លៃ ៨៥ លានផោន ក្លាយជាកំណត់ត្រាផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។របាយការណ៍បានឱ្យដឹងថា កីឡាករវ័យ ២១ ឆ្នាំរូបនេះ បានយល់ព្រមចូលរួមជាមួយក្លិបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ បន្ទាប់ពី Spurs យកឈ្នះ Manchester United ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែមិនព្រមបំពេញតម្លៃដែល West Ham ទាមទារនោះទេ។Fernandes បានផ្ទេរមក West Ham កាលពីរដូវក្តៅមុនក្នុងតម្លៃប្រមាណ ៤០ លានផោន ហើយទោះបីក្លិបធ្លាក់ទៅលេងនៅ Championship ក៏ដោយ រូបគេនៅតែបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ ធ្វើឱ្យក្លាយជាគោលដៅរបស់ក្លិបធំៗជាច្រើននៅអឺរ៉ុប។ការមកដល់របស់ Fernandes គឺជាការចុះហត្ថលេខាថ្មីមួយទៀតរបស់ Spurs ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពីក្លិបបានពង្រឹងសមាសភាពជាបន្តបន្ទាប់ ដើម្បីត្រៀមប្រកួតប្រជែងក្នុងរដូវកាលថ្មី។បើមិនមានការប្រែប្រួលនៅនាទីចុងក្រោយ Fernandes នឹងធ្វើតេស្តសុខភាព និងចុះកិច្ចសន្យាជាផ្លូវការជាមួយ Spurs ក្នុងពេលឆាប់ៗខាងមុខ ដោយរំពឹងថានឹងក្លាយជាកម្លាំងសំខាន់នៅតំបន់បម្រើរបស់ Spurs សម្រាប់រដូវកាលថ្មី៕ អត្ថបទ៖នាង សុភាវុធ

Tuchel ព្រមានអង់គ្លេសកុំមើលស្រាលកុងហ្គោមុនជំនួបវគ្គ ៣២ ក្រុមចុងក្រោយបាល់ទាត់ពិភពលោក

2026/07/01 07:46:59 pm        421
លោក Thomas Tuchel អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស បានអំពាវនាវឱ្យកូនក្រុមរក្សាការផ្តោតអារម្មណ៍ និងកុំមានទំនុកចិត្តហួសហេតុ មុនការប្រកួតទល់នឹងក្រុមជម្រើសជាតិ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងវគ្គ ៣២ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ទោះបីអង់គ្លេសត្រូវបានគេចាត់ទុកថាជាក្រុមមានប្រៀបយ៉ាងច្បាស់ក្នុងការប្រកួតដែលនឹងធ្វើឡើងយប់នេះ ក៏ដោយ លោក Tuchel បានបញ្ជាក់ថា ក្រុមរបស់លោកមិនអាចមើលស្រាលគូប្រកួតបានឡើយ ខណៈ World Cup ឆ្នាំនេះបានបង្កើតការភ្ញាក់ផ្អើលជាច្រើន ដោយក្រុមខ្លាំងមួយចំនួនត្រូវធ្លាក់ចេញមុនការរំពឹងទុក។អង់គ្លេសបានបញ្ចប់ការប្រកួតក្នុងពូលក្នុងនាមជាក្រុមលេខ១ ខណៈកុងហ្គោបានឡើងមកវគ្គបន្តក្នុងនាមជាក្រុមលេខ៣ល្អបំផុត។ លោក Tuchel បានលើកឡើងថា គូប្រកួតមួយនេះមានសមត្ថភាពបង្កការលំបាកដល់គ្រប់ក្រុម និងបានបង្ហាញរួចមកហើយក្នុងការប្រកួតទល់នឹងព័រទុយហ្គាល់ និងកូឡុំប៊ី។លោកបានមានប្រសាសន៍ថា៖ «ពួកគេមានសមត្ថភាពធ្វើឱ្យគ្រប់ក្រុមជួបការលំបាក។ ពួកគេបានបង្ហាញរឿងនេះរួចហើយនៅពេលជួបព័រទុយហ្គាល់ និងកូឡុំប៊ី។ ដូច្នេះ ផ្នត់គំនិតរបស់យើងគឺច្បាស់លាស់ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះ»។ការប្រកួតវគ្គចាញ់ធ្លាក់ឆ្នាំនេះបានឃើញលទ្ធផលភ្ញាក់ផ្អើលជាបន្តបន្ទាប់ ក្នុងនោះអាល្លឺម៉ង់ចាញ់ប៉ារ៉ាហ្គាយដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី ខណៈហូឡង់ក៏បានធ្លាក់ក្រោមថ្វីជើងម៉ារ៉ុកដូចគ្នា។ ចំណែកប្រេស៊ីល និងន័រវេសវិញ សុទ្ធតែត្រូវរង់ចាំគ្រាប់បាល់នៅចុងការប្រកួត ទើបអាចទទួលបានកៅអីទៅវគ្គបន្ត៕ អត្ថបទ៖នាង សុភាវុធ

បារាំងឡើងវគ្គ ១៦ក្រុម Mbappe ក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងវគ្គចាញ់-ធ្លាក់ World Cup

2026/07/01 07:37:57 pm        667
ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានបន្តសរសេរប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup បន្ទាប់ពីក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងវគ្គចាញ់-ធ្លាក់ (Knockout) ក្រោយស៊ុតបញ្ចូលទីពីរគ្រាប់ឱ្យក្រុមជម្រើសជាតិបារាំង ក្នុងជ័យជម្នះ ៣-០ លើស៊ុយអែត នៅវគ្គ៣២ក្រុមចុងក្រោយ។គ្រាប់បាល់របស់ប្រធានក្រុមជម្រើសជាតិបារាំងរូបនេះ បានធ្វើឱ្យរូបគេមានគ្រាប់បាល់សរុបចំនួន ៩ គ្រាប់ក្នុងវគ្គ Knockout នៃ World Cup ដែលជាកំណត់ត្រាថ្មី លើសកីឡាករជើងចាស់ Leonidas និង Ronaldo Nazario ដែលធ្លាប់រកបាន ៨ គ្រាប់ដូចគ្នា។ក្រៅពីកំណត់ត្រាក្នុងវគ្គ Knockout នេះ Mbappe ក៏បានបង្កើនចំនួនគ្រាប់បាល់សរុបរបស់ខ្លួននៅ World Cup ដល់ ១៨ គ្រាប់ ដោយនៅសល់តែ ១ គ្រាប់ប៉ុណ្ណោះ នឹងតាមស្មើកំណត់ត្រារបស់ Lionel Messi ដែលកំពុងឈរនៅកំពូលតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup។ក្នុងការប្រកួតទល់នឹងស៊ុយអែត ខ្សែប្រយុទ្ធ Real Madrid រូបនេះរកបាន ២ គ្រាប់ ខណៈ Bradley Barcola បន្ថែមបាន ១ គ្រាប់ ជួយឱ្យក្រុមរបស់លោក Didier Deschamps ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយត្រូវជួបក្រុមប៉ារ៉ាហ្គាយ។ ក្នុងវ័យនៅមិនទាន់ដល់ ៣០ ឆ្នាំផង Mbappe បានបន្តបំបែកកំណត់ត្រាជាបន្តបន្ទាប់ ហើយកំពុងពង្រឹងឈ្មោះរបស់ខ្លួនក្នុងនាមជាកីឡាករឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។ ជាមួយនឹងការប្រកួតនៅសល់ក្នុងព្រឹត្តិការណ៍ឆ្នាំ២០២៦ រូបគេនៅមានឱកាសបន្ថែមក្នុងការពង្រីកកំណត់ត្រារបស់ខ្លួន និងប្រជែងក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត World Cup៕ អត្ថបទ៖នាង​ សុភាវុធ

សសយក រមាសហែក និង U16 ព្រះខ័នរាជ រក្សាភាពខ្លាំងពានបាល់ទាត់នារី Svay Rieng Cup ឆ្នាំ២០២៦

2026/07/01 06:55:15 pm        192
ក្រុមបាល់ទាត់នារី ស.ស.យ.ក ស្រុករមាសហែក និងក្រុមបាល់ទាត់នារីអាយុក្រោម ១៦ឆ្នាំ នៃក្លិបព្រះខ័នរាជស្វាយរៀង បានរក្សាភាពខ្លាំង ក្រោយយកឈ្នះ ៤ប្រកួតជាប់គ្នា ឈរលំដាប់កំពូលតារាង មាន ១២ពិន្ទុស្មើគ្នា គ្រាដែលក្រុម CRS Sports បានធ្លាក់ទៅឈរលេខ៣ ក្រោយរងបរាជ័យ ២ប្រកួតផ្ទួនៗ។សម្រាប់លទ្ធផលការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៥ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុម ស.ស.យ.ក ស្រុករមាសហែក បានយកឈ្នះក្រុមវិទ្យាល័យព្រះពន្លា ដោយលទ្ធផល ៧-០ ខណៈក្រុមកីឡាការិនី U16 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម CRS Sports ដោយលទ្ធផល ៤-០ ស្របពេលក្រុម ស.ស.យ.ក ស្រុកស្វាយទាប បានយកឈ្នះក្រុម 2Brother ដោយលទ្ធផល ៣-១ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ។ជាមួយជ័យជម្នះរបស់ក្រុម ស.ស.យ.ក ស្រុករមាសហែក និងក្រុមកីឡាការិនីវ័យក្មេងព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យក្រុមទាំងពីរ រកបាន ១២ពិន្ទុស្មើគ្នា ឈរលេខ១ និងលេខ២ បណ្ដោះអាសន្ន ដែលបានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយមុនគេ ទោះបីក្រុមទាំងពីរ នៅសល់ ២ប្រកួតក្នុងដៃទៀតក្ដី។ រីឯក្រុមកំពុងឈរលេខ៣ CRS Sports ក៏នៅតែមានសង្ឃឹមឡើងវគ្គបន្ដ ដ្បិតពួកគេរកបាន ៩ពិន្ទុ និងសល់ ១ប្រកួតក្នុងដៃ កំពុងមានប្រៀបលើក្រុម ស.ស.យ.ក ស្រុកស្វាយទាប ទើបរកបាន ៦ពិន្ទុ ឈរលេខ៤។ចំណែក ៣ក្រុមទៀត ក៏នៅសល់ឱកាសស្ដួចស្ដើងរៀងៗខ្លួន រួមមានក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ កំពុងឈរលេខ៥ រកបាន ២ពិន្ទុ លើក្រុមវិទ្យាល័យព្រះពន្លា និងក្រុម Two Brother ដែលទើបរកបាន ១ពិន្ទុ តែនៅសល់ ២ប្រកួតក្នុងដៃដូចគ្នា។សូមរំឮកថា ពានរង្វាន់ Svay Rieng Cup រដូវកាលទី២ នេះ មាន ៧ក្រុមចូលរួម ហើយរូបមន្ដប្រកួត គឺប្រកួតលក្ខណៈលីគ ១ជុំ។ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម នឹងត្រូវឡើងវគ្គបន្ដ ក្នុងនោះក្រុមឈរលេខ៣ និងលេខ៤ ត្រូវជួបគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅជួបក្រុមឈរលេខ២ ហើយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមកំពូលតារាង ដើម្បីប្រកួតដណ្ដើមជើងឯកតែម្ដង៕ អត្ថបទ លី ឈុនឡា

អ្នកគាំទ្រម៉ិកស៊ិកជូនដំណើរក្រុមជម្រើសជាតិអ៊ីរ៉ង់ក្រោយបញ្ចប់បេសកកម្មបាល់ទាត់ពិភពលោក

2026/07/01 06:36:15 pm        277
ទីក្រុង Tijuana ប្រទេសម៉ិកស៊ិក បានពោរពេញទៅដោយបរិយាកាសកក់ក្តៅ ខណៈអ្នកគាំទ្របាល់ទាត់ជាច្រើនបានមកជូនដំណើរក្រុមជម្រើសជាតិអ៊ីរ៉ង់ មុនពេលក្រុមចាកចេញពីទីក្រុង បន្ទាប់ពីបញ្ចប់ដំណើរប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដោយមិនអាចឆ្លងផុតវគ្គចែកពូល។កីឡាករ និងក្រុមការងារគ្រូបង្វឹកអ៊ីរ៉ង់ បានចេញមកស្វាគមន៍អ្នកគាំទ្រ ចុះហត្ថលេខាលើអាវ និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងថតរូបជាមួយអ្នកគាំទ្រ នៅក្បែររថយន្តក្រុងរបស់ក្រុម មុនពេលធ្វើដំណើរចេញ។អ្នកគាំទ្រម៉ិកស៊ិកជាច្រើនបានបង្ហាញការកោតសរសើរចំពោះអាកប្បកិរិយា និងភាពរួសរាយរាក់ទាក់របស់ក្រុមអ៊ីរ៉ង់អំឡុងពេលស្នាក់នៅទីក្រុង Tijuana។លោក Amir Ghalenoei គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ បានថ្លែងអំណរគុណដល់ប្រទេសម៉ិកស៊ិក និងប្រជាជនរបស់ខ្លួនចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោកបានលើកឡើងថា ចំណងមិត្តភាពរវាងអ៊ីរ៉ង់ និងម៉ិកស៊ិក ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ។ទោះបីជាក្រុមអ៊ីរ៉ង់មិនអាចឡើងទៅកាន់វគ្គបន្ទាប់បានក៏ដោយ លោក Ghalenoei បានបញ្ជាក់ថា ក្រុមរបស់លោកចាកចេញដោយមោទនភាព និងកិត្តិយស៕អត្ថបទ៖នាង សុភាវុធ

Haaland ស៊ុតគ្រាប់ជ័យជម្នះឱ្យន័រវេសឈ្នះកូតឌីវ័រឡើងវគ្គ ១៦ ក្រុមចុងក្រោយបាល់ទាត់ពិភពលោក

2026/07/01 06:17:08 pm        196
ខ្សែប្រយុទ្ធឆ្នើម Erling Haaland បានក្លាយជាវីរបុរសរបស់ក្រុមជម្រើសជាតិន័រវេស ក្រោយស៊ុតបញ្ចូលទីនៅនាទីទី៨៦ ជួយឱ្យក្រុមយកឈ្នះក្រុមជម្រើសជាតិកូតឌីវ័រក្នុងលទ្ធផល ២-១ ដើម្បីកក់កៅអីទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Dallas សហរដ្ឋអាមេរិក មានការប្រកួតប្រជែងយ៉ាងស្វិតស្វាញខណៈ ន័រវេសបានបើកការនាំមុខមុននៅនាទីទី៣៩ តាមរយៈការស៊ុតរបស់ Antonio Nusa ប៉ុន្តែកូតឌីវ័របានតាមស្មើ ១-១ នៅនាទីទី៧៤ ដោយខ្សែបម្រើស្លាប Manchester United, Amad Diallo ដែលចូលលេងជាកីឡាករបម្រុង។ខណៈការប្រកួតហាក់ដូចជានឹងឈានទៅម៉ោងបន្ថែម Haaland បានស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទីទី៨៦ ដែលនេះជាគ្រាប់ទី៥ របស់ខ្សែប្រយុទ្ធ Man City រូបនេះនៅ World Cup ឆ្នាំនេះ។មិនត្រឹមការឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនេះទេ នេះជ័យជម្នះលើកដំបូងរបស់ន័រវេស ក្នុងវគ្គចាញ់-ធ្លាក់ (Knockout) នៅ World Cup ផងដែរ ខណៈពួកគេបន្តដំណើរដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងការវិលត្រឡប់មកកាន់ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៨។នៅវគ្គ ១៦ ក្រុមចុងក្រោយ ន័រវេសនឹងត្រូវជួបក្រុមខ្លាំងប្រេស៊ីល ដែលជាជើងឯកពិភពលោក ៥ សម័យ ក្នុងការប្រកួតដែលត្រូវបានគេរំពឹងថានឹងក្លាយជាជំនួបដ៏ទាក់ទាញបំផុតមួយនៃវគ្គបន្ត៕អត្ថបទ៖នាង សុភាវុធ

អឹមអូអាយ កំពង់ដេវ៉ា ចុះកុងត្រា ៣រដូវកាលជាមួយកីឡាករវ័យក្មេង ៣រូប បង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់ក្លិប

2026/07/01 06:05:07 pm        185
ក្លិបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា បានប្រកាសចុះកិច្ចសន្យារយៈពេលវែងជាមួយកីឡាករវ័យក្មេង ៣រូប រួមមាន ខន ណារ៉ង់, នី សុខរី និងកីឡាករ សុន ថាវិស៊ីវ ដែលបង្ហាញពីចក្ខុវិស័យ និងយុទ្ធសាស្ដ្រច្បាស់លាស់មួយក្នុងការកសាងគ្រឹះក្រុមប្រកបដោយនិរន្ដរភាព និងប្រសិទ្ធភាព សម្រាប់ការប្រកួតប្រជែងនារដូវកាលបន្ដបន្ទាប់។ការនាំចូលកីឡាករវ័យក្មេងទាំង ៣រូប ត្រូវបានអ្នកគាំទ្រមើលឃើញពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្លិប ដែលកំពុងមានការប្រកួតប្រជែងខ្ពស់មួយនេះ ដ្បិតពួកគេ សុទ្ធសឹងជាកីឡាករធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាល និងលេងឲ្យក្លិបធំៗ ជាក់ស្ដែង ខន ណារ៉ង់ ជាយុវជនដ៏លេចធ្លោរនៅសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ, នី សុខរី ជាកីឡាករវ័យក្មេងមានបទពិសោធន៍ក្រាសក្រែលជាមួយព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ និង សុន ថាវិស៊ីវ ដែលផ្ទេរមកពីក្លិប ISI ដង្កោសែនជ័យ។យោងតាមក្រុម Top-6 នៃលីគកំពូលកម្ពុជា រដូវកាលចាស់នេះ បានបញ្ជាក់ច្បាស់ៗថា កីឡាករវ័យក្មេងទាំង ៣រូប នឹងត្រូវលេងឲ្យក្លិប អឹមអូអាយ កំពង់ដេវ៉ា យ៉ាងហោច ៣រដូវកាល ពោលគឺចាប់ពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៩។ នេះគឺជាសមាជិកថ្មី ៣រូបដំបូង ដែលក្លិបមានមូលដ្ឋាននៅខេត្តព្រះសីហនុ បានប្រកាសនាំចូល ក្រោយការបន្ដកុងត្រាជាមួយអ្នកចាំទី Wagner Augusto និងខ្ចីជើងខ្សែបម្រើសញ្ជាតិខ្មែរ មៀហ្សៃយែវ អាលីហ្សែរ ពីវិសាខា សម្រាប់ត្រៀមរដូវកាលថ្មី។ដោយឡែកចំពោះទំហំនៃការរុះរើក្រុមកម្រិតណា អឹមអូអាយ កំពង់ដេវ៉ា នៅមិនទាន់បង្ហាញច្បាស់ឡើយ ទោះបីមានព័ត៌មានចរចាមអារ៉ាមអំពីការចាកចេញរបស់កីឡាករមួយចំនួន ពិសេសកីឡាករបរទេសក៏ដោយ តែក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៥/២៦ ពួកគេទើបចែកផ្លូវជាមួយកីឡាករកូនកាត់ខ្មែរ/បារាំង លូកាស អាតធ័រ ម្នាក់ប៉ុណ្ណោះ។គួរដឹងថា ទន្ទឹមជាមួយការបន្ដកុងត្រា និងនាំចូលកីឡាករថ្មីៗជាបន្ដបន្ទាប់នេះដែរ ក្លិប អឹមអូអាយ កំពង់ដេវ៉ា ក៏បានប្រកាសបន្ដកុងត្រាជាមួយគ្រូបង្គោលលោក Alex Dorado ព្រមទាំងបាននាំចូលលោក ទុំ សារ៉ា ជាគ្រូជំនួយសម្រាប់រដូវកាលថ្មីផងដែរ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM