កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

រដូវកាលបាល់ទាត់ពិភពលោក, សម្ដេចតេជោ​អំពាវនាវ​ដល់​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​បើកបរ! បើង​ងុយកុំបើកបរនាំគ្រោះថ្នាក់!

2026/06/30 10:39:31 pm        261
ភ្នំពេញ៖ ក្នុងរដូវកាលបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅ​ដល់​អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវប្រុងប្រយ័ត្នពេលបើកបរ បើមើល​បាល់​ហើយ​ងងុយ​សូម​កុំបើ​កបរនាំគ្រោះថ្នាក់។ សម្ដេចតេជោ បានសរសេរថា បាល់មូលពិតមែន! ព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូង និង​នៅ​អាហ្រ្វិក​ខាងជើងបានបណ្តេញ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ដែល​ធ្លាប់​ខ្លាំង​ខាង​បាល់​ទាត់​ទៅ​ផ្ទះ​វិញ​អស់​ពី​រ​ក្រុម​ហើយ​ដែលធ្វើឲ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ បានបញ្ជាក់ថា រដូវបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ មនុស្ស​ធ្វើ​ការពេលព្រឹកមិនសូវសកម្មព្រោះងងុយផងនិងមើលបាល់ទាត់ផង ព្រោះគេ​ទាត់​ក្រោយ​ម៉ោង​១២​យប់រហូតម៉ោង១០ព្រឹក។ សម្ដេចតេជោ បញ្ជាក់ថា សូមបងប្អូនអ្នកបើកយានយន្តគ្រប់ ប្រភេទប្រុងប្រយ័ត្នពេលបើកបរ។ បើ​ង​ងុយកុំបើកបរនាំគ្រោះថ្នាក់៕

អ្នកគាំទ្រប្រេស៊ីល និងជប៉ុនអបអររួមគ្នាក្រោយប្រេស៊ីលយកឈ្នះជប៉ុននៅបាល់ទាត់ពិភពលោក ២០២៦

2026/06/30 06:29:19 pm        221
បរិយាកាសនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 បានបង្ហាញពីស្មារតីមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ខណៈអ្នកគាំទ្រប្រេស៊ីល និងជប៉ុនបានអបអរសាទររួមគ្នានៅសង្កាត់ Liberdade ទីក្រុង Sao Paolo បន្ទាប់ពីក្រុមជម្រើសជាតិប្រេស៊ីលយកឈ្នះជប៉ុនក្នុងវគ្គ ៣២ ក្រុមចុងក្រោយ។សង្កាត់ Liberdade ត្រូវបានគេស្គាល់ថា ជាតំបន់ដែលមានសហគមន៍ជនជាតិជប៉ុនធំបំផុតនៅក្នុងប្រទេសប្រេស៊ីល។ ដោយសារតែចំណងវប្បធម៌ដ៏ជិតស្និទ្ធនេះ អ្នកគាំទ្រជាច្រើនបានទទួលស្គាល់ថា ពួកគេមានអារម្មណ៍ស្ទាក់ស្ទើរ ព្រោះមានទំនាក់ទំនងជាមួយប្រទេសទាំងពីរ។លោក Artur Tokimatsu អ្នកចូលនិវត្តន៍ម្នាក់ បាននិយាយថា លោកគាំទ្រប្រេស៊ីល ព្រោះលោកកើត និងធំដឹងក្តីនៅប្រទេសនេះ ប៉ុន្តែបេះដូងរបស់លោកក៏នៅតែផ្សារភ្ជាប់ជាមួយដូនតា ឪពុកម្តាយ និងជីដូនជីតាដែលមានដើមកំណើតជាជនជាតិជប៉ុន។ចំណែកអ្នកគាំទ្រម្នាក់ទៀត គឺលោក Yushi Tokimatsu បានបញ្ជាក់ថា លោកលើកទឹកចិត្តឱ្យប្រេស៊ីល ប៉ុន្តែនៅពេលជប៉ុនរកបានគ្រាប់បាល់នាំមុខ លោកគ្រាន់តែសង្ឃឹមថា «សូមឱ្យក្រុមដែលលេងល្អជាងទទួលបានជ័យជម្នះ»។រីឯលោក Alan Saito អ្នកជំនាញផ្នែកផ្សព្វផ្សាយ និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម បានពាក់អាវក្រុមជម្រើសជាតិជប៉ុនពីលើអាវប្រេស៊ីល ដើម្បីបង្ហាញពីការគាំទ្រប្រទេសទាំងពីរ។ មុនការប្រកួត លោកបានបង្ហាញក្តីរំពឹងថា នឹងបានទស្សនាការប្រកួតដ៏ល្អមួយ ហើយបានទស្សន៍ទាយថា ប្រេស៊ីលនឹងឈ្នះក្នុងលទ្ធផល ២-១។យោងតាមទិន្នន័យផ្លូវការ ប្រទេសប្រេស៊ីលមានប្រជាជនជិត ២លាននាក់ ដែលមានដើមកំណើតជាជនជាតិជប៉ុន ឬជាកូនចៅរបស់ជនអន្តោប្រវេសន៍ជប៉ុន។ការធ្វើអន្តោប្រវេសន៍របស់ជនជាតិជប៉ុនមកកាន់ប្រទេសប្រេស៊ីល បានចាប់ផ្តើមនៅឆ្នាំ ១៩០៨ ជាមួយនឹងការមកដល់របស់នាវា Kasato Maru។ ចាប់តាំងពីពេលនោះមក ជនអន្តោប្រវេសន៍ជប៉ុនជាច្រើនបានតាំងទីលំនៅក្នុងរដ្ឋ Sao Paolo និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម វប្បធម៌ ឧស្សាហកម្ម និងវិស័យកីឡារបស់ប្រទេសប្រេស៊ីល។ទោះបីការប្រកួតបានបញ្ចប់ដោយជ័យជម្នះរបស់ប្រេស៊ីលក៏ដោយ បរិយាកាសនៅ Liberdade បានបង្ហាញថា បាល់ទាត់មិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានភ្ជាប់មិត្តភាព និងវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖នាង សុភាវុធ 

ប្រធានាធិបតីកូរ៉េរិះគន់ការដឹកនាំក្រុមជម្រើសជាតិ ក្រោយធ្លាក់ចេញពី World Cup ខណៈគ្រូបង្គោល Hong Myung-bo ប្រកាសលាលែង

2026/06/30 06:17:57 pm        302
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការធ្លាក់ត្រឹមវគ្គចែកពូលរបស់ក្រុមបាល់ទាត់ជម្រើសជាតិក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដោយចោទប្រកាន់ថា ការតែងតាំងបុគ្គលិកដោយលម្អៀង និងខ្វះតម្លាភាព គឺជាមូលហេតុសំខាន់ដែលនាំឱ្យក្រុមបរាជ័យ។នៅក្នុងសារដែលបានបង្ហោះលើបណ្ដាញសង្គម X ថ្មីៗនេះ លោក Lee បានលើកឡើងថា៖ «ខ្ញុំមិនត្រឹមតែភ្ញាក់ផ្អើលចំពោះលទ្ធផលដែលមិននឹកស្មានដល់នេះប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំង»។ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលត្រូវបានគេចាត់ទុកថាមានឱកាសខ្ពស់ក្នុងការឆ្លងផុតវគ្គចែកពូល បែរជាបរាជ័យជាបន្តបន្ទាប់ក្រោមស្នាដៃក្រុមម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង។ លទ្ធផលនេះធ្វើឱ្យកូរ៉េខាងត្បូងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៃពូល A និងមិនអាចស្ថិតក្នុងចំណោមក្រុមលេខ៣ល្អបំផុតទាំង៨ ដើម្បីឡើងទៅកាន់វគ្គ៣២ក្រុមចុងក្រោយបានឡើយ។ជាមួយគ្នានេះ លោក Lee ក៏បានទាមទារឱ្យក្រសួងកីឡារបស់ប្រទេស បើកការស៊ើបអង្កេតលើការដឹកនាំ និងការអនុវត្តការងាររបស់ក្រុមជម្រើសជាតិផងដែរ។បន្ទាប់ពីការរិះគន់កាន់តែកើនឡើង លោក Hong Myung-bo បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបុរសកូរ៉េក្នុងថ្ងៃជាមួយគ្នា។គួរបញ្ជាក់ថា ការវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិរបស់លោក Hong Myung-bo កាលពីឆ្នាំ២០២៤ បានបង្កឱ្យមានការចោទប្រកាន់ពីសំណាក់សារព័ត៌មានកូរ៉េថា មានការរើសអើង និងខ្វះតម្លាភាពក្នុងដំណើរការជ្រើសរើសគ្រូបង្វឹក។ ទោះជាយ៉ាងណា លោក Hong បានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ៕ អត្ថបទ៖នាង សុភាវុធ 

ម៉ារ៉ុកទម្លាក់ហូឡង់ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីឡើងទៅវគ្គ១៦ ក្រុមបាល់ទាត់ពិភពលោក

2026/06/30 06:03:22 pm        229
ក្រុមជម្រើសជាតិម៉ារ៉ុកបានបង្កើតភាពភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកម្តងទៀតបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិហូឡង់ដោយការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្តី ៣-២ ក្រោយពីការប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ រយៈពេល ១២០ នាទី ដើម្បីកក់កៅអីទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ក្នុងការប្រកួតនេះ ហូឡង់ជាអ្នករកគ្រាប់បាល់នាំមុខមុននៅនាទីទី ៧២ តាមរយៈ Cody Gakpo។ ទោះជាយ៉ាងណា ម៉ារ៉ុកមិនបោះបង់ឡើយ ហើយបានតាមស្មើវិញនៅនាទីបន្ថែម ៩០+១ ដោយខ្សែការពារ Issa Diop ដែលធ្វើឱ្យការប្រកួតអូសបន្លាយទៅម៉ោងបន្ថែម។នៅក្នុងម៉ោងបន្ថែម ម៉ារ៉ុកបង្ហាញទម្រង់លេងយ៉ាងរឹងមាំ និងបង្កើតឱកាសជាច្រើន ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីបាន ដោយអ្នកចាំទី Bart Verbruggen របស់ហូឡង់សង្គ្រោះបាល់បានល្អជាច្រើនលើក។ ការប្រកួតត្រូវកាត់សេចក្តីដោយការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្តី ដែលម៉ារ៉ុកធ្វើបានល្អជាង ដោយឈ្នះ ៣-២ និងទទួលបានសិទ្ធិបន្តដំណើរទៅវគ្គ ១៦ ក្រុមចុងក្រោយ។ជ័យជម្នះនេះបង្ហាញពីស្មារតីប្រយុទ្ធ និងភាពរឹងមាំរបស់ក្រុមម៉ារ៉ុក ដែលបន្តក្លាយជាក្រុមមួយគួរឱ្យចាប់អារម្មណ៍ក្នុងការប្រកួត World Cup 2026 ហើយពួកគេនឹងត្រូវបន្តប្រកួតនៅវគ្គបន្ទាប់ ដោយមានគោលបំណងសរសេរប្រវត្តិសាស្ត្រថ្មីសម្រាប់បាល់ទាត់អាហ្វ្រិកដោយនឹងត្រូវជួបជាមួយកាណាដានៅវគ្គបន្ត៕ អត្ថបទ៖នាង សុភាវុធ 

Manchester City តែងតាំង Enzo Maresca ជាគ្រូបង្វឹកថ្មី ខណៈ Chelsea ទទួលបានសំណង

2026/06/30 05:56:38 pm        312
ក្លិប Manchester City បានប្រកាសជាផ្លូវការពីការតែងតាំងលោក Enzo Maresca ជាគ្រូបង្វឹកថ្មី ជាមួយកិច្ចសន្យារយៈពេល ៣ ឆ្នាំ ដើម្បីស្នងតំណែងពីលោក Pep Guardiola ដែលបានលាលែងពីតំណែងនៅខែឧសភា បន្ទាប់ពីដឹកនាំក្រុមអស់រយៈពេល ១០ ឆ្នាំ និងឈ្នះពានរង្វាន់ជាច្រើន។ជាមួយគ្នានេះ Chelsea បានបញ្ជាក់ថា Manchester City នឹងបង់ប្រាក់សំណងឱ្យក្លិប សម្រាប់ការទទួលយក Maresca ទៅដឹកនាំក្រុម។ ទោះបីក្លិបទាំងពីរមិនបានបង្ហាញតួលេខផ្លូវការក៏ដោយ ប្រភពមួយបានប្រាប់ BBC Sport ថា Manchester City បានយល់ព្រមបង់ប្រាក់ប្រមាណ ១៧លានផោន ជាសំណង។សំណងនេះ គឺដាច់ដោយឡែកពីកិច្ចព្រមព្រៀងសំណងរវាង Chelsea និងលោក Maresca ដែលក្លិបបានអះអាងថា សម្រេចបានរួចរាល់ ប៉ុន្តែព័ត៌មានលម្អិតនៅតែរក្សាជាការសម្ងាត់។លោក Maresca បានចាកចេញពី Chelsea កាលពីខែមករា បន្ទាប់ពីក្រុមទទួលបានជ័យជម្នះត្រឹមមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៧ ប្រកួតចុងក្រោយនៅ Premier League។នៅពេលនោះ Chelsea បានបញ្ជាក់ថា ការចែកផ្លូវគ្នាជាការព្រមព្រៀងរវាងភាគីទាំងសងខាង ដោយភាគីគ្រូបង្វឹក និងថ្នាក់ដឹកនាំក្លិបយល់ឃើញថា ការផ្លាស់ប្តូរនឹងផ្តល់ឱកាសល្អបំផុតក្នុងការស្តារលទ្ធផលរបស់ក្រុមឡើងវិញ។នៅក្នុងសេចក្តីថ្លែងការណ៍ Chelsea បានបញ្ជាក់ថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងសម្ងាត់មួយជាមួយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ពាក់ព័ន្ធនឹងសំណងដែលត្រូវបង់ឱ្យក្លិប។គួរបញ្ជាក់ថាលោក Maresca ធ្លាប់ធ្វើជាជំនួយការរបស់ Pep Guardiola នៅ Manchester City ក្នុងរដូវកាល ២០២២-២៣ ដែលក្លិបបានឈ្នះពានរង្វាន់ធំៗចំនួនបី។ជាមួយនឹងការផ្លាស់ប្តូរនេះ លោក Maresca ក៏បានសុំទោសអ្នកគាំទ្រ និងក្លិប Chelsea ចំពោះរបៀបដែលលោកបានចាកចេញពីក្រុមពាក់កណ្តាលរដូវកាល៕ អត្ថបទ៖នាង សុភាវុធ

ចំណោទពី CPL ធ្វើឲ្យអ្នកគាំទ្រមានមន្ទិលពីការថមថយក្រុមប្រជែងលីគរដូវកាលថ្មី

2026/06/30 05:47:05 pm        222
តើនឹងមានសមាសភាពក្រុមចូលរួមប្រកួតចំនួនប៉ុន្មានក្លិប នៅក្នុងរដូវកាលថ្មី ២០២៦/២៧ ខាងមុខ បានក្លាយជាសញ្ញាសួរសម្រាប់អ្នកគាំទ្រ បន្ទាប់ពីក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បានបង្ហោះជាសាធារណៈ រហូតមានមន្ទិលពីអ្នកគាំទ្រថា លីគរដូវកាលថ្មី អាចនឹងមានការថមថយក្រុមចូលរួមប្រកួតប្រជែងទៀតផង។ទន្ទឹមជាមួយការដាក់ចំណោទ ដែលកំពុងត្រូវបានអ្នកគាំទ្រធ្វើការដេញដោលលើបណ្ដាញសង្គមនេះ ទោះបី CPL បានដាក់ជម្រើសចំនួន ៤ រួមមាន ៨ក្លិប, ៩ក្លិប, ១០ក្លិប និង ១១ក្លិបក៏ពិតមែន តែចម្លើយចំពោះមុខមាន ២ប៉ុណ្ណោះ គឺរក្សា ១១ក្លិបចូលរួមដដែល និងការថមថយក្រុមចូលរួម បើធៀបនឹងរដូវកាលមុន ហើយគ្មានការកើនឡើយ។ទោះមានមតិមួយចំនួន សង្ឃឹមលីគរដូវកាលថ្មី អាចរក្សាក្លិបប្រកួតប្រជែង ១១ក្រុមដដែល តែដោយផ្អែកលើលក្ខខណ្ឌអាជ្ញាបណ្ណក្លិប និងព័ត៌មានចរចាមអារ៉ាមពីវិបត្តិហិរញ្ញវត្ថុរបស់ក្លិបមួយចំនួន បានធ្វើឲ្យអ្នកគាំទ្រប្រហាក់ប្រហែលគ្នា មើលឃើញពីឱកាសធ្លាក់ក្រុមចូលរួមមកត្រឹម ១០ក្លិប ឬ ៩ក្លិប ហើយអាចធ្លាក់ដល់ ៨ក្លិបក៏ថាបាន។បែបនេះក្ដី នេះគ្រាន់តែជាការចំណោទ បែបទស្សន៍កម្សាន្ដសម្រាប់អ្នកគាំទ្រ កំឡុងពេល Pre-Season ស្របពេលក្រុមមួយចំនួន កំពុងធ្វើការរុះរើ និងរៀបចំក្រុម ដើម្បីត្រៀមរដូវកាលថ្មី តែក៏មានក្លិបមួយចំនួន ហាក់ស្ងប់ស្ងាត់ផងដែរ។ ដូច្នេះអ្វីៗ ត្រូវរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ស្របពេលរដូវកាលឆ្នាំ២០២៦/២៧ ខាងមុខ ក៏នឹងមានការត្រឡប់មកវិញ នៃលីគទី២ ផងដែរ៕ អត្ថបទ លី ឈុនឡា 

Robert Lewandowski ចូលរួមជាមួយ Chicago Fire ក្រោយចែកផ្លូវជាមួយ Barcelona

2026/06/30 05:33:30 pm        270
ខ្សែប្រយុទ្ធជើងចាស់ Robert Lewandowski បានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយក្លិប Chicago Fire នៃក្របខណ្ឌ Major League Soccer សហរដ្ឋអាមេរិក ក្រោយបញ្ចប់អាជីពរយៈពេល ៤ ឆ្នាំជាមួយ Barcelona។កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានចាកចេញពីក្លិបយក្សអេស្ប៉ាញនៅចុងបញ្ចប់រដូវកាល ក្រោយកិច្ចសន្យារបស់លោកផុតសុពលភាព។ក្រៅពី Chicago Fire ក៏មានក្លិប AC Milan របស់អ៊ីតាលី និងក្លិបជាច្រើននៅ Saudi Pro League បង្ហាញចំណាប់អារម្មណ៍ក្នុងការផ្ទេរខ្សែប្រយុទ្ធដែលជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិប៉ូឡូញរូបនេះផងដែរ។ ទោះជាយ៉ាងណា Lewandowski បានសម្រេចជ្រើសរើសការផ្លាស់ទៅលេងនៅ MLS ហើយត្រូវបានគេរំពឹងថា នឹងក្លាយជាកីឡាករម្នាក់ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងលីគ។ការមកដល់របស់ Lewandowski ត្រូវបានគេចាត់ទុកថា ជាការជំរុញដ៏សំខាន់សម្រាប់ទីក្រុង Chicago ដែលមានសហគមន៍ជនជាតិប៉ូឡូញដ៏ធំបំផុតមួយ។បច្ចុប្បន្ន Chicago Fire កំពុងឈរនៅលេខរៀងទី៣ ក្នុងតារាងភាគខាងកើត នៃក្របខណ្ឌ MLS បន្ទាប់ពីក្រុមបានឡើងទៅវគ្គ Play-offs ជាលើកដំបូងកាលពីរដូវកាលមុន។ មុនពេលផ្លាស់ទៅ Barcelona, Lewandowski បានចំណាយពេល ១២ រដូវកាលនៅក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់ ជាមួយក្លិប Borussia Dortmund និង Bayern Munich។ ក្នុងអំឡុងពេលនោះ គេបានឈ្នះជើងឯកលីគអាល្លឺម៉ង់ចំនួន ១០ លើក និងជួយ Bayern Munich លើកពាន UEFA Champions League ឆ្នាំ២០២០។ការផ្ទេរលើកនេះ ត្រូវបានគេរំពឹងថា នឹងបង្កើនភាពទាក់ទាញរបស់ MLS កាន់តែខ្លាំង ខណៈ Lewandowski នៅតែជាខ្សែប្រយុទ្ធដែលមានបទពិសោធន៍ និងសមត្ថភាពរកគ្រាប់បាល់ខ្ពស់ បើទោះបីឈានដល់វ័យ ៣៧ ឆ្នាំក៏ដោយ៕ អត្ថបទ៖នាង សុភាវុធ 

ភ្នំពេញក្រោន នាំយកកីឡាការិនីជម្រើសជាតិនារីនេប៉ាល់មកពង្រឹងក្រុមបន្ថែម ខណៈមិនទាន់ស្គាល់ចាញ់ក្នុងលីគ

2026/06/30 05:25:26 pm        302
ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានប្រកាសនាំចូលកីឡាការិនីបរទេសម្នាក់ទៀតហើយ គឺកីឡាការិនី Rekha Poudel សមាជិកក្រុមជម្រើសជាតិនារីនេប៉ាល់ ដើម្បីពង្រឹងក្រុមការពារជើងឯកលីគនារីកម្ពុជា ឆ្នាំ២០២៦ ពិសេសការប្រកួតជម្រុះជើងឯកក្លិបបាល់ទាត់អាស៊ី AFC Women's Champions League 2026/27 នាពេលខាងមុខ។កីឡាការិនីវ័យ ២៥ឆ្នាំរូបនេះ គឺជាកីឡាការិនីបរទេសទី៤ ដែលភ្នំពេញក្រោន បាននាំចូលមកពង្រឹងក្រុមនារដូវកាលថ្មី បន្ទាប់ពីកីឡាការិនីជប៉ុន ២រូប គឺ Ichikawa Miki និង Kuroki Airi និងកីឡាការិនីកូរ៉េខាងត្បូង Jang Bojeong ស្របពេលក្រុមកំពុងធ្វើបានល្អក្នុងលីគនារីកម្ពុជា ឆ្នាំ២០២៦ ដោយមិនទាន់ស្គាល់បរាជ័យឡើយ ក្រោយឆ្លងកាត់ ១០ប្រកួត រកបាន ៣០ពិន្ទុពេញ។ការមកដល់របស់កីឡាការិនីជម្រើសជាតិនេប៉ាល់ Rekha Poudel ត្រូវបានអ្នកគាំទ្រមើលឃើញពីគោលដៅធំៗចំនួន ២ ដែលភ្នំពេញក្រោនត្រៀមលក្ខណៈ ទី១ គឺបេសកកម្មការពារជើងឯកលីគនារីកម្ពុជា ទោះបីពួកគេកំពុងធ្វើបានល្អ តែត្រូវឆ្លងកាត់ការប្រកួត Play-Off ដើម្បីកាត់សេចក្ដី ដែលជាការប្រកួតមិនអាចធ្វេសប្រហែសបាន និងទី២ គឺការពង្រឹងក្រុមឲ្យបានកាន់តែខ្លាំង សម្រាប់ត្រៀមរដូវកាលថ្មី នៃពានរង្វាន់ AFC Women's Champions League 2026/27 ខាងមុខ៕ អត្ថបទ លី ឈុនឡា 

ប្រធានក្លិប ISI ចាត់ទុកជំនួបគ្រូ ប៉ះសិស្ស រវាងប្រេស៊ីល និងជប៉ុន គឺជាភស្ដុតាងបង្ហាញផ្លូវកម្ពុជាឆ្ពោះទៅ World Cup

2026/06/30 05:18:40 pm        301
លោក កាំង សេន ប្រធានក្លិប ISI ដង្កោសែនជ័យ បានចាត់ទុកជំនួបដ៏កក្រើករវាងក្រុមខ្លាំងអាស៊ី និងក្រុមខ្លាំងលំដាប់ពិភពលោកប្រេស៊ីល កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនានេះ ប្រៀបបានការប្រកួតរវាងគ្រូ និងសិស្ស ហើយក៏ជាភស្ដុតាងបង្ហាញផ្លូវកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចគោលដៅបង្ហាញខ្លួនក្នុងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នាថ្ងៃអនាគតផងដែរ។មុនជំនួបវគ្គ ៣២ក្រុមចុងក្រោយ ដែលប្រេស៊ីល បានវាយបកឈ្នះជប៉ុន ២-១ ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 នេះ បុរសជនជាតិខ្មែរ ដែលជាប្រធានក្លិបផង និងជាកីឡាករផង បានបង្ហោះខ្លឹមសារដ៏មានអត្ថន័យមួយយ៉ាងដូច្នេះថា នៅទសវត្សរ៍ឆ្នាំ១៩៩០ ប្រេស៊ីលបានបញ្ជូនកំពូលវីរបុរសបាល់ទាត់ម្នាក់របស់ខ្លួន គឺលោក Zico ទៅកាន់ប្រទេសជប៉ុន ដែលទៅមិនមែនដើម្បីលេងបាល់ទាត់ទេ ប៉ុន្តែដើម្បីបង្រៀន និង ដើម្បីដាំគ្រាប់ពូជមួយនៅក្នុងប្រទេសដែលមិនធ្លាប់បានទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ទន្ទឹមនឹងនោះ ជប៉ុនបានស្តាប់ បានរៀន ហើយជប៉ុនបានខិតខំអស់រយៈពេលជាង ២០ឆ្នាំ រហូតដល់ថ្ងៃនេះ ជប៉ុន បានដើរចូលទីលានប្រកួតជាមួយប្រេស៊ីល ក្នុងវគ្គ ៣២ ក្រុមចុងក្រោយ នៃពានរង្វាន់ FIFA World Cup 2026 ហើយលោកបានហៅការប្រកួតនេះថា សិស្ស កំពុងជួបគ្រូរបស់ខ្លួន នៅលើឆាកដ៏ធំបំផុតនៃពិភពបាល់ទាត់។លោក កាំង សេន បន្ថែមទៀតថា លោកបានហោះហើរពេញមួយរាត្រីពីទីក្រុង Los Angeles មកកីឡដ្ឋានដោយផ្ទាល់ ដើម្បីធ្វើជាសាក្សីនៃពេលវេលាប្រវត្តិសាស្ត្រនេះ តែមិនមែនព្រោះលោកជាអ្នកគាំទ្រជប៉ុន ឬប្រេស៊ីលនោះទេ ប៉ុន្តែព្រោះការប្រកួតនេះ គឺជាភស្តុតាងថា អ្វីដែលលោកជឿជាក់ ដ្បិតកន្លងមកលោកធ្លាប់បានបំផុសយុទ្ធនាការបាល់ទាត់ជាតិឆ្ពោះទៅឆ្នាំ២០៤៦ ដែលលោកចង់ឃើញវត្តមានក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះដែរ។បុរសវ័យ ៤២ឆ្នាំរូបនេះ បានប្រៀបធៀបជំនួបប្រេស៊ីល ប៉ះជប៉ុន ទៀតថា វាបង្ហាញថា ទស្សនវិជ្ជាបាល់ទាត់ វិន័យ និងការអត់ធ្មត់រយៈពេល ២០ ឆ្នាំ អាចបង្រួមគម្លាតរវាងប្រទេសណាមួយ និងក្រុមខ្លាំងបំផុតលើពិភពលោកបាន។ កម្ពុជាសព្វថ្ងៃ គឺដូចជាជប៉ុនកាលពីទសវត្សរ៍ឆ្នាំ១៩៩០ ដែលមិនទាន់បានទៅលេង World Cup មិនទាន់មានការទទួលស្គាល់លើឆាកពិភពលោក ប៉ុន្តែជាប្រទេសដែលស្រលាញ់បាល់ទាត់យ៉ាងជ្រាលជ្រៅ ហើយកំពុងស្វែងរកផ្លូវឆ្ពោះទៅកាន់ឆាកដ៏ធំបំផុតនោះ។លោកបន្ដថា កម្ពុជាកំពុងរៀន ដោយកម្ពុជាមានគ្រូបង្វឹកជប៉ុន កីឡាករជប៉ុន រួមទាំងគ្រូបង្វឹក និងកីឡាករបរទេសជាច្រើនទៀត មកលេងនៅលីគកម្ពុជា។  កម្ពុជាកំពុងស្រូបយក បម្លែង និងកសាងអ្វីមួយ តាមរយៈប្រាជ្ញាខ្មែរ ដើម្បីឲ្យថ្ងៃណាមួយ វាក្លាយជាអត្តសញ្ញាណរបស់កម្ពុជាផ្ទាល់។ ដូច្នេះនៅឆ្នាំ ២០៤៦ លោកចង់ឱ្យមាននរណាម្នាក់ ចង្អុលទៅកម្ពុជា ដូចដែលលោកកំពុងចង្អុលទៅកាន់ប្រទេសជប៉ុន កំឡុងការប្រកួតទល់ក្រុមខ្លាំងប្រេស៊ីលនេះដែរ។លោកសង្កត់ទ្ងន់ថា គ្រាប់ពូជត្រូវបានដាំរួចហើយ ការងារក៏បានចាប់ផ្តើមដែរ តែក្ដីសុបិនដ៏ធំនេះ ត្រូវធ្វើដំណើរ មួយជំហានម្ដងៗ ដើម្បីឆ្ពោះទៅឆ្នាំ២០៤៦ ទាំងអស់គ្នា៕គួរដឹងថា ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនេះ លោក កាំង សេន បានធ្វើដំណើរទៅទស្សនាផ្ទាល់ជាច្រើនប្រកួតមកហើយ ដូចជាជំនួបរវាងអាហ្សង់ទីន ឈ្នះអូទ្រីស ២-០ និង អូស្ដ្រាលី ស្មើប៉ារ៉ាហ្កាយ ០-០ កាលពីថ្មីៗ មុនបន្ដធ្វើដំណើរទស្សនាផ្ទាល់ ជំនួបរវាងជប៉ុន និងប្រេស៊ីល ដែលមានអ្នកចូលរួមទស្សនាផ្ទាល់ ៧ម៉ឺននាក់កាលពីយប់មិញ៕ អត្ថបទ លី ឈុនឡា 

ប៉ារ៉ាហ្គាយទម្លាក់អាល្លឺម៉ង់ ក្លាយជាការប្រកួតភ្ញាក់ផ្អើលបំផុតនៅ World Cup ឆ្នាំនេះ

2026/06/30 05:13:01 pm        250
ក្រុមបាល់ទាត់ជម្រើសជាតិប៉ារ៉ាហ្គាយ បានបង្កការភ្ញាក់ផ្អើលដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ FIFA World Cup ក្រោយយកឈ្នះក្រុមជើងឯកពិភពលោក ៤ សម័យអាល្លឺម៉ង់ ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី ៤-៣ បន្ទាប់ពីក្រុមទាំងពីរស្មើគ្នា ១-១ អស់រយៈពេល ១២០ នាទី នៃការប្រកួតនៅកីឡដ្ឋាន Boston ក្នុងទីក្រុង Foxborough រដ្ឋ Massachusetts។ការប្រកួតបានប្រព្រឹត្តទៅយ៉ាងតានតឹង ដោយក្រុមទាំងពីរបង្ហាញការប្រកួតប្រជែងយ៉ាងស្វិតស្វាញមុនពេល Julian Enciso រកបានគ្រាប់នាំមុខឱ្យប៉ារ៉ាហ្គាយចុងវគ្គទីមួយ ហើយ Kai Havertz តាមស្មើឱ្យអាល្លឺម៉ង់ដើមវគ្គទីពីរ។ខ្សែការពារ Jose Canale បានស៊ុតបាល់គ្រាប់សម្រេចចុងក្រោយ បញ្ជូនប៉ារ៉ាហ្គាយឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីអាល្លឺម៉ង់ស៊ុតមិនចូលបីបាល់ដោយ Jonathan Tah, Nick Woltermade និង Kai Havertz ខណៈប៉ារ៉ាហ្គាយស៊ុតមិនចូលពីរបាល់ដោយ Fabian Balbuena និង Antonio Sanabria។ជ័យជម្នះនេះ គឺជាលទ្ធផលដ៏អស្ចារ្យបំផុតរបស់ប៉ារ៉ាហ្គាយនៅលើឆាកបាល់ទាត់ពិភពលោក។ ក្រុមមកពីអាមេរិកខាងត្បូងមួយនេះ ធ្លាប់ឡើងដល់វគ្គ៨ក្រុមចុងក្រោយក្នុងឆ្នាំ ២០១០ ហើយក៏មិនដែលបង្ហាញខ្លួននៅ World Cup ទៀតឡើយ។នៅវគ្គ១៦ក្រុមចុងក្រោយ ប៉ារ៉ាហ្គាយ នឹងត្រូវជួបអ្នកឈ្នះរវាង បារាំង និង ស៊ុយអែត ខណៈទម្រង់លេងដ៏រឹងមាំ និងស្មារតីតស៊ូរបស់ពួកគេ កំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនរំពឹងថា ក្រុមអាចបន្តបង្កការភ្ញាក់ផ្អើលនៅក្នុងការប្រកួតបន្តទៀត។ចំណែកអាល្លឺម៉ង់វិញ ការធ្លាក់ចេញលើកនេះបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ក្រុមរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីធ្លាក់ត្រឹមវគ្គចែកពូលក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ និងឆ្នាំ២០២២ ហើយឥឡូវនេះបន្តបរាជ័យក្រោមថ្វីជើងប៉ារ៉ាហ្គាយក្នុងវគ្គចាញ់ធ្លាក់ ៣២ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM