កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

ក្រុម Top-4 នៃលីគនារី ទទួលបានជ័យជម្នះរៀងៗខ្លួន ក្នុងសប្ដាហ៍ទី៩

2026/06/22 06:50:20 pm        252
ក្រុមឈរកំពូលតារាងទាំង ៤ នៃលីគនារីកម្ពុជា ធ្វើបានល្អរៀងៗខ្លួន ក្នុងការប្រកួតជុំទី២ សប្ដាហ៍ទី៩ ដោយសុទ្ធតែបានយកឈ្នះគូប្រកួត ពិសេសក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ដែលរក្សាបាននូវកំណត់ត្រាមិនស្គាល់ចាញ់ ឬស្មើដដែល។សម្រាប់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានយកឈ្នះក្រុម XO United ដោយលទ្ធផល ៧-០ នៅកីឡដ្ឋាន ISI Park ស្របពេលក្រុមសៀមរាបអេហ្វស៊ី បានយកឈ្នះក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដោយលទ្ធផល ៧-០ ដូចគ្នា។ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ក្នុងលទ្ធផល ៥-៣ នៅទឹកដីកីឡដ្ឋានខេត្តកំពង់ស្ពឺ លើកលែងក្រុមវិសាខា តែមួយគត់ ដែលទទួលបានជ័យជម្នះក្នុងនាមក្រុមម្ចាស់ផ្ទះ លើក្រុមបឹងកេត ដោយលទ្ធផល ៣-២។ជាមួយលទ្ធផលនេះ នាំឲ្យភ្នំពេញក្រោន បន្ដឈរកំពូលតារាង រកបាន ២៧ពិន្ទុពេញ ក្រោយឈ្នះ ៩ប្រកួតជាប់គ្នា ហើយក៏ជាក្រុមតែមួយគត់ ដែលបានធានាកៅអីវគ្គ Top-4 ដោយស្វ័យប្រវត្តិមុនគេ គ្រាដែលវិសាខា ឈរលេខ២ រកបាន ២០ពិន្ទុ, ព្រះខ័នរាជស្វាយរៀង ឈរលេខ៣ មាន ១៨ពិន្ទុ និងសៀមរាបអេហ្វស៊ី ឈរលេខ៤ រកបាន ១៧ពិន្ទុ។រីឯក្រុមបឹងកេត និងណាហ្គាវើលដ៏ សល់ឱកាសស្ដួចស្ដើង ដើម្បីប្រជែងកៅអី Top-4 ស្របពេលក្រុម XO ស្ទើរគ្មានឱកាស ហើយក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានក្លាយជាក្រុមដំបូងគេ ដែលអស់ឱកាសជាផ្លូវការ ដើម្បីប្រជែងកៅអី Top-4 ក្រោយរងបរាជ័យ ៩ប្រកួតជាប់គ្នា មិនទាន់មានពិន្ទុរាប់ឡើយ៕ អត្ថបទ លី ឈុនឡា

ក្រុម E-Sports កម្ពុជា ទទួលសិទ្ធិប្រកួតកីឡាអាស៊ី ក្រោយបង្កការភ្ញាក់ផ្អើលក្នុងវគ្គជម្រុះប្រចាំតំបន់អាស៊ាន

2026/06/22 06:23:38 pm        326
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយទទួលបានសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន ជាផ្លូវការ ជាមួយកំណត់ត្រាធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួតជម្រុះប្រចាំតំបន់អាស៊ាន លើវិញ្ញាសា Mobile Legends: Bang Bang (MLBB) នៅប្រទេសសិង្ហបុរី កាលពីចុងសប្ដាហ៍កន្លងទៅ។នៅក្នុងការប្រកួតជម្រុះប្រជុំដោយក្រុមខ្លាំងៗក្នុងតំបន់ ដែលស្ថិតក្នុងពូលA ចំនួន ៨ក្រុម រួមមានក្រុម E-Sports កម្ពុជា, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងម្ចាស់ផ្ទះសិង្ហបុរី នេះ ក្រុមអ្នកចម្បាំងអង្គររបស់កម្ពុជា ធ្វើបានយ៉ាងល្អ ដោយស្ទើរមិនស្គាល់ចាញ់ ពោលគឺឆ្លងកាត់ ៧ប្រកួតឈ្នះ ៦ និងចាញ់ ១ ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា បានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីហ្វីលីពីន ដែលឈរលេខ១ និងឥណ្ឌូនេស៊ី ឈរលេខ៣។ចំពោះលទ្ធផលទាំង ៧ប្រកួតរបស់ក្រុមអ្នកចម្បអង្គរ រួមមានឈ្នះមីយ៉ាន់ម៉ា ២-១, ឈ្នះវៀតណាម ២-០, ឈ្នះហ្វីលីពីន ២-១, ឈ្នះសិង្ហបុរី ២-០, ឈ្នះម៉ាឡេស៊ី ២-០ និងឈ្នះឡាវ ២-០ មុនភ្លាត់ចាញ់ការប្រកួតចុងក្រោយទល់ក្រុមឥណ្ឌូនេស៊ី ១-២ ។ ប៉ុន្ដែលទ្ធផលនេះ បានធ្វើឲ្យអ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិកម្ពុជា មានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះសមត្ថភាពក្រុមកម្ពុជា ដែលធ្វើបានយ៉ាងល្អ ហើយក៏សង្ឃឹមពួកគេ នឹងបន្ដធ្វើបានល្អនៅជុំផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន នាចុងខែកញ្ញាខាងមុខផងដែរ។គួរដឹងថា ការប្រកួតជម្រុះកីឡាអាស៊ី ប្រចាំតំបន់អាស៊ាន ដែលមានបេក្ខភាព ៨ក្រុមចូលរួមនេះ គឺក្រុមឈរលេខ១ ដល់លេខ៥ នឹងទទួលបានសិទ្ធទៅចូលរួមព្រឹត្តិការណ៍កម្រិតទ្វីប ៤ឆ្នាំម្ដង រួមមានក្រុមហ្វីលីពីន កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងម៉ាឡេស៊ី គ្រាដែល ៣ក្រុម ដែលឈរលេខ៦ ដល់លេខ៨ ត្រូវធ្លាក់ រួមមានក្រុម E-Sports វៀតណាម ឡាវ និងសិង្ហបុរី៕ អត្ថបទ លី ឈុនឡា

តេជោលីគ៖ វិសាខា បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់បញ្ជាការដ្ឋានអង្គរក្ស ចំពោះមុខអ្នកគាំទ្រដ៏លើសលុប

2026/06/22 05:28:35 pm        282
ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ បានបញ្ចប់ការប្រកួតជុំទី២ សប្ដាហ៍ទី១ ជាមួយការទាក់ទាញអ្នកគាំទ្រចូលទស្សនាផ្ទាល់ដ៏ច្រើនលើសលុប ពិសេសក្នុងជំនួបដ៏កក្រើកវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ រវាងក្រុមការពារជើងឯកបញ្ជាការដ្ឋានអង្គរក្ស និងវិសាខា ខណៈវិសាខា បានយកឈ្នះដាច់ ៣-០សិត ស្ទើរមិនគួរឲ្យជឿ ដែលជាការបរាជ័យលើកដំបូងរបស់ក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្នុងរដូវកាលនេះ។ឆ្លងកាត់ ៣ប្រកួតដំបូង ក្នុងសប្ដាហ៍ទី១ ក្រុមបាល់ទះវិសាខា ដែលទើបនាំចូលកីឡាករបរទេស ៤រូប រួមមានកីឡាករអាមេរិក Kevin Kobrine, កីឡាករប្រេស៊ីល Renan Michelucci Moralez ព្រមទាំងកីឡាករបារាំង ២រូប គឺ Simon Gill និង Gregory Gempin រួមជាមួយកីឡាករឆ្នើម វឿន វាសនា មកជួយក្រុមនៅជុំទី២ ពិតជាធ្វើបានយ៉ាងល្អ ដោយរកបាន ៨ពិន្ទុ ឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយយកឈ្នះទាំង ៣ប្រកួត ពិសេសជំនួបទល់ក្រុមបញ្ជាការដ្ឋានអង្គរក្សម្សិលមិញ។នៅចំពោះមុខអ្នកគាំទ្រដ៏ច្រើនរកកន្លែងអង្គុយគ្មាន វិសាខា សូម្បីកីឡាករផ្ទាល់ ក៏មិននឹកស្មានអាចយកឈ្នះក្រុមជើងឯក ២សម័យបញ្ជាការដ្ឋានអង្គរក្ស ដាច់ ៣-០សិតដែរ ទោះបីមានពិន្ទុតាមសិតនីមួយៗ មានការប្រកៀកប្រកិតគ្នាយ៉ាងណាក្ដី ។ សម្រាប់ជ័យជម្នះរបស់ក្រុមវិសាខា ដើម្បីបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្នុងរដូវកាលនេះ គឺមាន ១៩-២៥ពិន្ទុ, ២៤-២៦ពិន្ទុ និង ១៨-២៥ពិន្ទុ។ជាមួយការបរាជ័យលើកដំបូងនេះដែរ នាំឲ្យបញ្ជាការដ្ឋានអង្គរក្ស ធ្លាក់មកឈរលេខ៣ បណ្ដោះអាសន្ន ដោយរកបាន ៦ពិន្ទុ ក្រោមក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលរកបាន ៧ពិន្ទុ។ ចំណែកក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈរលេខរៀងទី៤ លើក្រុមក្រសួងមហាផ្ទៃ ដែលទើបរកបាន ១ពិន្ទុ និងក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង មិនទាន់មានពិន្ទុរាប់នៅឡើយ ។ ផ្អែកលើលទ្ធផលបណ្ដោះអាសន្នបច្ចុប្បន្ន វិសាខា គឺជាក្រុមដំបូងគេ ដែលបានកក់កៅអី Top-4។គួរដឹងថា ការប្រកួតជុំទី២ នៃព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ បេក្ខភាពទាំង ៦ក្រុម ដែលបានឆ្លងផុតការប្រកួតជុំទី១ នឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុវិលជុំ ១ជុំ និងរាប់ពិន្ទុឡើងវិញ ។ បន្ទាប់មកក្រុមកំពូលតារាងទាំង ៤ នឹងត្រូវឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្រុមឈរលេខ១ ត្រូវជួបក្រុមឈរលេខ៤ និងក្រុមឈរលេខ២ ជួបក្រុមឈរលេខ៣ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ៕ អត្ថបទ លី ឈុនឡា

Real Madrid ប្រកាសពីការផ្ទេរផ្លូវការ Bernardo Silva ជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ

2026/06/18 07:29:35 pm        282
ខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ Bernardo Silva បានចុះហត្ថលេខាចូលរួមជាមួយក្លិប Real Madrid លើកិច្ចសន្យារយៈពេល ២ ឆ្នាំ ដោយនឹងធ្វើការក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho។Silva បានចាកចេញពី Manchester City នៅចុងរដូវកាលមុន បញ្ចប់អាជីពដ៏ជោគជ័យរយៈពេល ៩ ឆ្នាំជាមួយក្លិបអង់គ្លេស ដែលឈ្នះពានរង្វាន់ជាច្រើន។មុនពេលសម្រេចចិត្តផ្ទេរទៅ Real Madrid កីឡាករវ័យ ៣១ ឆ្នាំរូបនេះ ត្រូវបានគេដឹងថាមានទំនាក់ទំនងផ្ទេរទៅកាន់ក្លិបអេស្ប៉ាញផ្សេងទៀតរួមមាន Barcelona និង Atletico Madrid។Silva ក្លាយជាកីឡាករចំណូលថ្មីទី២របស់ Real Madrid ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពីខ្សែការពារ Marc Cucurella បានផ្ទេរមកពី Chelsea ក្នុងតម្លៃប្រមាណ ៥២ លានផោន។Real Madrid កំពុងព្យាយាមពង្រឹងក្រុមបន្ថែមទៀត បន្ទាប់ពីរដូវកាលមុនដែលពួកគេមិនអាចឈ្នះពានរង្វាន់អ្វីមួយសោះ។ ក្លិបបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ២ នៅ La Liga ដោយចាញ់ក្រុមជើងឯក Barcelona ៨ ពិន្ទុ ហើយធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ។បច្ចុប្បន្ន Silva កំពុងជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍ World Cup ហើយត្រូវបានគេរំពឹងថានឹងដើរតួនាទីសំខាន់សម្រាប់ក្រុមជាតិរបស់ខ្លួន។ប្រភពជិតស្និទ្ធបានឱ្យដឹងថា Real Madrid ក៏កំពុងចាប់អារម្មណ៍លើខ្សែការពារ Denzel Dumfries ដែលគ្រោងនឹងចាកចេញពី Inter Milan ខណៈខ្សែការពារជម្រើសជាតិបារាំង Ibrahima Konate ក៏ត្រូវបានគេរាយការណ៍ថា នឹងចូលរួមជាមួយក្លិបបន្ទាប់ពីចាកចេញពី Liverpool៕ អត្ថបទ៖នាង សុភាវុធ

កីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ២រូប ទទួលបានសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅជប៉ុន

2026/06/18 07:24:34 pm        343
កីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ២រូប រួមមានកីឡាករ វ៉ា មិថុនា និងកីឡាការិនី ម៉ម ជូលី បានទទួលសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន នាខែកញ្ញាខាងមុខ ។ នេះបើតាមការជូនដំណឹងរបស់ខេមរសហព័ន្ធតេក្វាន់ដូ ក្នុងសប្ដាហ៍នេះ។ប្រភពដដែល បានបញ្ជាក់ថា បេសកកម្មចូលរួមព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ នឹងដឹកនាំដោយលោក ឆយ យ៉ុងសុក គ្រូបង្វឹកកម្រិតខ្ពស់របស់កម្ពុជា ដែលធ្លាប់មានបទពិសោធន៍ច្រើនលើសលុប និងតែងពាំនាំមកនូវមេដាយកិត្តិយសជូនជាតិមាតុភូមិជារឿយៗពីការប្រកួតតេក្វាន់ដូលើឆាកអន្ដរជាតិ។ចំពោះអត្តពលិកតេក្វាន់ដូ WT តំណាងកម្ពុជាទាំង ២រូប សម្រាប់កីឡាករ វ៉ា មិថុនា នឹងត្រូវចូលរួមប្រកួតក្នុងប្រភេទទម្ងន់ ក្រោម ៨០គីឡូក្រាម និងកីឡាការិនី ម៉ម ជូលី ចូលរួមប្រកួតក្នុងប្រភេទទម្ងន់ ក្រោម ៥០គីឡូក្រាម។គួរដឹងថា មុនទទួលបានសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ ដែលជប៉ុននឹងធ្វើជាម្ចាស់ផ្ទះ ខេមរសហព័ន្ធតេក្វាន់ដូ បានបញ្ជូនអត្តពលិក ៤រូប ទៅប្រកួតជើងឯកអាស៊ី លើកទី២៧ នៅប្រទេសម៉ុងហ្គោលី កាលពីថ្មីៗ ហើយក៏ជាការប្រកួតដណ្ដើមសិទ្ធចូលរួមប្រកួតកីឡាអាស៊ីផងដែរ។ ជាលទ្ធផលកម្ពុជា មានអត្តពលិក ២រូប ដែលទទួលបានឱកាសមាសនេះ គឺកីឡាករ វ៉ា មិថុនា និងកីឡាការិនី ម៉ម ជូលី៕ អត្ថបទ លី ឈុនឡា

លីគនារី៖ ភ្នំពេញក្រោន ជាក្រុមតែមួយគត់មិនស្គាល់ចាញ់ ខណៈព្រះខ័នរាជ ឡើងមកឈរលេខ៣

2026/06/18 07:17:51 pm        274
ក្រុមការពារជើងឯកភ្នំពេញក្រោន បានរក្សាភាពខ្លាំងរបស់ខ្លួន ក្នុងនាមក្រុមតែមួយគត់ ដែលក្ដោបក្ដាប់ពាក្យមិនស្គាល់ចាញ់ ក្នុងលីគនារីកម្ពុជា ឆ្នាំ២០២៦ បន្ទាប់ពីបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា ៤-០ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង បានរំកិលឡើងមកឈរលេខ៣ បន្ទាប់ពីសៀមរាបអេហ្វស៊ី ស្មើបឹងកេត ០-០។សម្រាប់ជំនួបបញ្ចប់ជុំទី១ កាលពីថ្ងៃពុធកន្លងទៅ ភ្នំពេញក្រោន ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតទល់ក្រុមបាល់ទាត់នារីវិសាខា ដែលមិនទាន់ស្គាល់ចាញ់ដូចគ្នា ។ ប៉ុន្ដែកំណត់ត្រារបស់ក្រុមម្ចាស់ផ្ទះនេះ ត្រូវបានបញ្ចប់ក្រោមថ្វីជើងក្រុមភ្ញៀវភ្នំពេញក្រោន ក្នុងលទ្ធផល ៤-០ ដែល ៤គ្រាប់របស់ក្រុមការពារជើងឯកនេះ រកបានដោយកីឡាការិនី វិបុល សិរីសេដ្ឋ នៅនាទី១៨, Ichikawa Miki នៅនាទី៥៣, សឿន វិផា នៅនាទី៥៥ និង ទី សំណាង នៅនាទី៧០។ជ័យជម្នះនេះ នាំឲ្យភ្នំពេញក្រោន បន្ដឈរកំពូលតារាង ដោយរកបាន ២៤ពិន្ទុពេញ ក្រោយយកឈ្នះគូប្រកួត ៨ប្រកួតជាប់គ្នា គ្រាដែលវិសាខា បានបន្ដឈរលេខ២ ដោយរក្សា ១៧ពិន្ទុ បន្ទាប់ពីស្គាល់បរាជ័យលើកដំបូង នាំមុខលើក្រុមព្រះខ័នរាជស្វាយរៀង ដែលទើបឡើងមកឈរលេខ៣ រកបាន ១៥ពិន្ទុ ក្រោយយកឈ្នះក្រុម XO United ដោយលទ្ធផល ៣-០ ។ រីឯក្រុមសៀមរាបអេហ្វស៊ី បានធ្លាក់ទៅឈរលេខ៤ មាន ១៤ពិន្ទុ ខណៈបឹងកេត ឈរលេខ៥ មាន ១០ពិន្ទុ ក្រោយក្រុមទាំងពីរ ប្រកួតស្មើគ្នា ០-០ នៅកីឡដ្ឋានខេត្តសៀមរាប។ចំណែកការប្រកួតបង្គ្រប់សប្ដាហ៍ទី៧ មួយប្រកួតទៀត គឺក្រុមណាហ្គាវើលដ៏ បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ១១-០ ។ ជ័យជម្នះលើកទី២ របស់ក្រុមណាហ្គាវើលដ៏នេះ នាំឲ្យពួកគេ រកបាន ៧ពិន្ទុ បន្ដឈរលេខ៦ លើក្រុម XO United ដែលឈរលេខ៧ មាន ៣ពិន្ទុ និងក្រុមបាតតារាងខេត្តកំពង់ឆ្នាំង មិនទាន់មានពិន្ទុរាប់ឡើយ ក្រោយរងបរាជ័យ ៨ប្រកួត និងរបូតគ្រាប់បាល់សរុប ១២៨គ្រាប់៕អត្ថបទ លី ឈុនឡា

ព័រទុយហ្គាល់ចាប់ផ្តើម World Cup ដោយស្មើ DR Congo ១-១ ខណៈ Ronaldo បង្ហាញខ្លួនជាលើកទី៦

2026/06/18 07:11:53 pm        309
ក្រុមជម្រើសជាតិព័រទុយហ្គាល់បានចាប់ផ្តើមយុទ្ធនាការបាល់ទាត់ពិភពលោករបស់ខ្លួនដោយទទួលបានត្រឹមលទ្ធផលស្មើ ១-១ ជាមួយក្រុម DR Congo ដែលបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍នៅក្នុងការប្រកួតបើកឆាក។ខ្សែបម្រើ Joao Neves បានជួយឱ្យព័រទុយហ្គាល់នាំមុខមុនត្រឹមនាទីទី៦ ដោយការតែតបាល់បញ្ចូលទីយ៉ាងល្អ។ ទោះបីជាក្រុមរបស់គ្រូបង្វឹក Roberto Martinez គ្រប់គ្រងការកាន់កាប់បាល់បានច្រើនជាងគូប្រកួតក៏ដោយ ពួកគេមិនអាចបង្កើតឱកាសស៊ុតបញ្ចូលទីបានច្រើននោះទេ។ការខកខានក្នុងការប្រើប្រាស់ឱកាសត្រូវបានឆ្លើយតបនៅនាទីបន្ថែមចុងក្រោយនៃវគ្គទីមួយ ខណៈខ្សែប្រយុទ្ធ Yoane Wissa របស់ Newcastle ជាអ្នកតែតបញ្ចូលទីតាមស្មើ។គ្រាប់បាល់នេះក៏ជាគ្រាប់បាល់ដំបូងរបស់ DR Congo នៅក្នុងប្រវត្តិសាស្ត្រ World Cup ផងដែរ។ ក្នុងការចូលរួមតែមួយលើកមុនរបស់ពួកគេនៅឆ្នាំ ១៩៧៤ ក្រោមឈ្មោះ Zaire ក្រុមនេះបានចាញ់ទាំង ៣ ប្រកួត និងរបូតគ្រាប់បាល់សរុបរហូតដល់ ១៤ គ្រាប់ដោយមិនអាចស៊ុតបញ្ចូលទីបានសូម្បីតែមួយគ្រាប់។យ៉ាងណាមិញ ក្រុម DR Congo ដែលបច្ចុប្បន្នឈរលេខ ៤៦ ក្នុងចំណាត់ថ្នាក់ពិភពលោក បានបង្ហាញថាពួកគេជាគូប្រកួតដ៏រឹងមាំជាងមុន បើប្រៀបធៀបទៅនឹងរយៈពេលជាងកន្លះសតវត្សរ៍មុន។ ពួកគេការពារបានយ៉ាងមានវិន័យ និងអាចបង្កគ្រោះថ្នាក់តាមរយៈការវាយបករហ័សជាច្រើនលើក។ក្នុងការប្រកួតនេះផងដែរ ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករម្នាក់ទៀតដែលបានចូលរួម World Cup លើកទី៦ ស្មើកំណត់ត្រារបស់ Lionel Messi។ ទោះជាយ៉ាងណា ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះនៅមិនទាន់អាចរកគ្រាប់បាល់បាននៅឡើយទេ ខណៈដែលគេកំពុងព្យាយាមក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលអាចស៊ុតបញ្ចូលទីបានក្នុង World Cup ចំនួន ៦ លើកផ្សេងគ្នា៕ អត្ថបទ៖នាង សុភាវុធ

អង់គ្លេសឈ្នះក្រូអាស៊ី ៤-២ ក្នុងការប្រកួតដ៏ជក់ចិត្ត បើកឆាក World Cup 2026

2026/06/18 07:05:22 pm        276
ក្រុមជម្រើសជាតិអង់គ្លេសបានចាប់ផ្តើមយុទ្ធនាការបាល់ទាត់ពិភពលោក FIFA World Cup 2026 របស់ខ្លួនយ៉ាងល្អ ដោយយកឈ្នះក្រុមក្រូអាស៊ីក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតពូល L ដែលធ្វើឡើងនៅកីឡដ្ឋាន Dallas សហរដ្ឋអាមេរិក។ខ្សែប្រយុទ្ធ Harry Kane គឺជាវីរបុរសរបស់ក្រុមដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់ ខណៈ Jude Bellingham និង Marcus Rashford រកបានម្នាក់មួយគ្រាប់ ដើម្បីជួយឱ្យអង់គ្លេសទទួលបាន ៣ ពិន្ទុដ៏សំខាន់ក្នុងការប្រកួតបើកឆាក។ការប្រកួតបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ ខណៈក្រូអាស៊ីបានតាមស្មើអង់គ្លេសពីរលើកតាមរយៈគ្រាប់បាល់របស់ Martin Baturina និង Petar Musa។ ទោះជាយ៉ាងណា អង់គ្លេសបានបង្ហាញពីសមត្ថភាពវាយប្រហារដ៏មុតស្រួច និងភាពរឹងមាំផ្នែកស្មារតី ដើម្បីគ្រប់គ្រងការប្រកួតនៅវគ្គទីពីរ និងបិទជ័យជម្នះបានដោយជោគជ័យ។ជ័យជម្នះនេះក៏ធ្វើឱ្យ Harry Kane ស្មើកំណត់ត្រារបស់ Gary Lineker ក្នុងនាមជាកីឡាករអង់គ្លេសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ World Cup ដោយមាន ១០ គ្រាប់។ទោះបីជាចាញ់ក៏ដោយ ក្រូអាស៊ីបានបង្ហាញទម្រង់លេងគួរឱ្យកោតសរសើរ ជាពិសេសអ្នកចាំទី Dominik Livakovic ដែលបានសង្គ្រោះបាល់ជាច្រើនលើក និងជួយឱ្យក្រុមរបស់ខ្លួននៅតែមានឱកាសប្រកួតប្រជែងរហូតដល់ចុងម៉ោង៕ អត្ថបទ៖នាង សុភាវុធ

តេជោលីគ ជុំទី២ ដឹងតែកក្រើក ក្រោយមានក្លិបរុះរើ និងនាំចូលកីឡាករខ្លាំងៗ

2026/06/18 06:49:41 pm        324
ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ នឹងត្រឡប់មកវិញ ជាមួយការប្រកួតជុំទី២ នាចុងសប្ដាហ៍នេះ ជាមួយក្ដីរំពឹងនឹងមានការប្រកួតកាន់តែកក្រើក និងជក់ចិត្ត បន្ទាប់ពីក្លិបមួយចំនួន បានរុះរើ និងរៀបចំក្រុមឡើងវិញ ដោយការនាំចូលកីឡាករខ្លាំងៗ ទាំងខ្មែរ និងបរទេសមកពង្រឹងក្រុម ឆ្ពោះទៅប្រជែងជើងឯករៀងៗខ្លួន។ក្នុងចំណោមបេក្ខភាព ៦ក្រុម ដែលបានឆ្លងផុតវគ្គចែកពូល គេឃើញក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស បាននាំចូលអតីតកីឡាករជម្រើសជាតិឥណ្ឌូនេស៊ីម្នាក់ទៀត មកជួយក្រុម គឺកីឡាករ Dimas Saputra បន្ថែមលើកីឡាករឥណ្ឌូនេស៊ី ៣រូបទៀត គឺមាន Luvi, Aveng និង Fahrit ព្រមទាំងកីឡាករល្អៗក្នុងស្រុក ដែលបានជួយឲ្យក្រុមរក្សាកំណត់ត្រាមិនស្គាល់ចាញ់ និងឈរចំណាត់ថ្នាក់លេខ១ នៅជុំទី១។ទន្ទឹមនឹងការពង្រឹងក្រុមបន្ថែមរបស់ក្រុមជើងឯក ២សម័យ ក្រឡេកទៅវិសាខា ក៏បាននាំចូលកីឡាករខ្លាំងៗជាច្រើនដែរ ពិសេសការវិលត្រឡប់មកជួយក្រុមវិញរបស់កីឡាករ វឿន វាសនា ក្រោយជោគជ័យខ្លាំងនៅលីគតៃវ៉ាន់។ បន្ថែមលើនេះ ពួកគេក៏បាននាំចូលកីឡាករអាមេរិក Kevin Kobrine និងកីឡាករប្រេស៊ីល Renan Michelucci Moralez បូករួមជាមួយធនធានមានស្រាប់ គេជឿជាក់ថា វិសាខា នឹងអាចបង្កើនការប្រកួតប្រជែងខ្លាំង ដើម្បីសម្រេចមហិច្ឆតាប្រជែងពានលើកដំបូងរបស់ខ្លួន។ក្រៅពីការត្រៀមលក្ខណៈរបស់ក្រុមជើងឯក និងជើងឯករងឆ្នាំចាស់ទាំងពីរ ក្លិបស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក៏មិនអន់ដែរ ដោយក្លិបទើបបាននាំចូលកីឡាករតួកគី Marouen Bel Hadj Salah កម្ពស់ ២.០២ ម៉ែត្រ បន្ថែមលើកីឡាករឥណ្ឌា និងកីឡាករអាមេរិក Jalen Penrose សុទ្ធតែមានកម្ពស់ជាង ២ម៉ែត្រ ចាប់ដៃជាមួយកីឡាករក្នុងស្រុក ពិសេសអ្នកលើកបាល់ សួន ចាន់ណារ៉ូ ដែលបានធ្វើឲ្យកក្រើកកាលពីជុំទី១។ ដូច្នេះជុំទី២ ស្នងការដ្ឋានគរបាលខេត្តស្វាយរៀង ក៏ត្រូវបានចាត់ទុកជាក្រុមខ្លាំងមួយ ដែលគួរប្រជែងមិនគួរមើលរំលងផងដែរ។ក្រឡេកទៅមើលបេក្ខភាព Top-6 ៣ក្រុមផ្សេងទៀត ក៏ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតវគ្គខ្លាំង ប៉ះខ្លាំងនេះផងដែរ រួមមានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលអ្នកគាំទ្ររំពឹងជុំទី២ នៃព្រឹត្តិការណ៍បាល់ទះ តេជោលីគ រដូវកាលទី៣ នឹងកាន់តែរន្ថើន ជក់ចិត្តខ្លាំង សម្រាប់អ្នកទស្សនា ជាមួយការប្រកួត ដែលចាប់ផ្ដើមរាប់ពិន្ទុពីសូត្រឡើងវិញ រវាងក្រុមខ្លាំងទាំង ៦ ដើម្បីឈានទៅប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រនាពេលខាងមុខ។គួរដឹងថា ជុំទី២ នៃព្រឹត្តិការណ៍បាល់ទះតេជោលីគនេះ ក្រុមនីមួយៗ នឹងត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ជាថ្មី ហើយក្រុមឈរលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតខ្វែងគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ១ ជួបក្រុមលេខ៤ និងក្រុមលេខ២ ជួបក្រុមលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ៕ អត្ថបទ លី ឈុនឡា   

ពានបាល់ទាត់នារី Svay Rieng Cup សប្ដាហ៍ទី៤ ក្រុម CRS Sport ធ្វើការងារធ្ងន់ជាងគេ

2026/06/17 11:31:02 pm        320
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ ស្វាយរៀងខាប់ (Svay Rieng Cup) ផ្នែកនារី លើកទី២ ឆ្នាំ២០២៦ បានឈានដល់វគ្គសន្សំពិន្ទុ សប្ដាហ៍ទី៤ នាចុងសប្ដាហ៍នេះ ដោយមាន ៣ប្រកួត ខណៈក្រុមមិនទាន់ស្គាល់ចាញ់ CRS Sport នឹងត្រូវធ្វើការងារធ្ងន់ជាងគេ។សម្រាប់ក្រុម CRS Sport ត្រូវមាន ២ប្រកួតក្នុងសប្ដាហ៍នេះ ដោយនៅថ្ងៃទី១៨ ខែមិថុនាស្អែក នឹងត្រូវជួបក្រុម ស.ស.យ.ក ស្រុកស្វាយទាប មុនបន្ដជួបក្រុមមិនទាន់ស្គាល់ចាញ់ដូចគ្នា ស.ស.យ.ក ស្រុករមាសហែក នាថ្ងៃទី២១ ខែមិថុនា ។ រីឯ ១ប្រកួតទៀត គឺក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ ត្រូវជួបក្រុម Two Brother នាថ្ងៃអាទិត្យ នៅទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ដូចគ្នា។គិតត្រឹមសប្ដាហ៍ទី៣ ក្រុម CRS Sport កំពុងឈរលេខ៣ រកបាន ៦ពិន្ទុ ស្មើក្រុម ស.ស.យ.ក ស្រុករមាសហែក ដែលឆ្លងកាត់ ២ប្រកួតឈ្នះទាំង ២ប្រកួតដូចគ្នា តាមពីក្រោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ដែលឈ្នះ ៣ប្រកួតរកបាន ៩ពិន្ទុពេញ។ ក្រៅពីក្រុមខ្លាំងទាំង ៣ គឺមានក្រុម ស.ស.យ.ក ស្រុកស្វាយទាប ទើបរកបាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ១ និងចាញ់ ២ គ្រាដែលវិទ្យាល័យព្រះពន្លា និងក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ។គួរដឹងថា ពានរង្វាន់ Svay Rieng Cup រដូវកាលទី២ នេះ គឺមាន ៧ក្រុមចូលរួម ។ចំពោះរូបមន្ដប្រកួត គឺប្រកួតលក្ខណៈលីគ ១ជុំ ពោលគឺក្រោយប្រកួតសន្សំពិន្ទុរួច ក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម នឹងត្រូវឡើងវគ្គបន្ដ ក្នុងនោះក្រុមឈរលេខ៣ និងលេខ៤ ត្រូវជួបគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅជួបក្រុមឈរលេខ២ ហើយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមកំពូលតារាង ដើម្បីប្រកួតដណ្ដើមជើងឯកតែម្ដង៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺកិច្ចប្រជុំប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​កំពូល​ជា​ច្រើន​បំផុតមកកាន់កម្ពុជា
10/26/2026 12:10 PM
ទិវាហូកា៖ ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាលជំនាញថ្មី ខណៈអាជីវកម្មទេសចរណ៍កំពុងមានតម្រូវការកម្លាំងពលកម្ម
10/26/2026 12:10 PM
ក្រសួងរ៉ែអំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមសហការទប់ស្កាត់ និងបញ្ចប់​សកម្មភាព​ជីករ៉ែ​ខុសច្បាប់​
10/26/2026 12:10 PM
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រកាសទទួលស្គាល់ជាសមាជិកថ្មី មណ្ឌលភូមិភាគទី៥
10/26/2026 12:10 PM
វិចារណកថា៖ «ចិត្តមនុស្សក៏ដកដង្ហើមតាមរយៈទីកន្លែងដែលមានសម្រស់ សុវត្ថិភាព និងអារម្មណ៍ថាខ្លួនជាផ្នែកមួយនៅទីនោះផងដែរ»
10/26/2026 12:10 PM
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំលេខាធិការអចិន្រ្តៃយ៍ VECONAC នៅអគ្គលេខាធិការដ្ឋានអាស៊ាន
10/26/2026 12:10 PM
សហរដ្ឋអាម៉េរិកចេញសារអបអរសាទរខួប១ឆ្នាំនៃ «កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» រវាងកម្ពុជា-ថៃ និងចាត់ទុកកិច្ចព្រមព្រៀងនេះ ជាឥទ្ធិពលនៃការទូតក្នុងការដោះស្រាយជម្លោះ
10/26/2026 11:10 AM
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីរាយនាមបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
10/26/2026 11:10 AM
រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យវិស័យឯកជនបង្កើនការតភ្ជាប់ទីផ្សារ និងកិច្ចសន្យាជាមួយ​សហគមន៍កសិកម្មទំនើប
10/26/2026 11:10 AM
ពលរដ្ឋ​ជាច្រើនទៅ​ទទួល​សេវា​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ និង​ទីស្នាក់​ការ​ផ្តល់​សេវា​អត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លមានជ័យ
10/26/2026 10:10 AM