កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

Messi ស៊ុតពីរគ្រាប់បំបែកកំណត់ត្រា World Cup ខណៈអាហ្សង់ទីនកក់កៅអីវគ្គបន្ទាប់

2026/06/23 07:12:41 pm        156
ក្រុមជម្រើសជាតិអាហ្សង់ទីន បានកក់កៅអីទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយហើយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បន្ទាប់ពីយកឈ្នះអូទ្រីសក្នុងលទ្ធផល ២-០ ក្នុងការប្រកួតពូល J។ខ្សែប្រយុទ្ធកំពូល Lionel Messi បានក្លាយជាវីរបុរសសម្រាប់ក្រុមការពារជើងឯកពិភពលោក ដោយស៊ុតបញ្ចូលទី ២ គ្រាប់ និងបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រជាច្រើន បើទោះបីជាស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនបានសម្រេចនៅដើមការប្រកួតក៏ដោយ។នៅនាទីដំបូងៗ Messi មានឱកាសបង្កើតប្រវត្តិសាស្ត្រភ្លាមៗ បន្ទាប់ពី Lautaro Martinez រកបានបាល់ពិន័យ ១១ ម៉ែត្រ ប៉ុន្តែការស៊ុតរបស់គេបានផុតគោលដៅទៅវិញ។ យ៉ាងណាក្តី មុនចប់វគ្គទី១ អាហ្សង់ទីនក៏រកបានគ្រាប់នាំមុខបានសម្រេច នៅពេល Messi រត់ចូលទទួលបាល់បញ្ជូនពី Facundo Medina ហើយស៊ុតបាល់ចូលទីភ្លាមៗ។នេះគឺជាគ្រាប់ទី ១៧ របស់ Messi នៅក្នុងប្រវត្តិសាស្ត្រ World Cup ដែលធ្វើឱ្យរូបគេវ៉ាដាច់អតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ Miroslav Klose ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកផ្នែកបុរស។បន្ទាប់ពីការព្យាយាមជាច្រើនដង Messi បានបន្ថែមគ្រាប់ទី២របស់ខ្លួននៅម៉ោងបន្ថែមចុងម៉ោង។គ្រាប់បាល់ទី២នេះ បានធ្វើឱ្យ Messi រកបាន ១៨ គ្រាប់នៅ World Cup ដែលមិនត្រឹមតែបន្តពង្រីកកំណត់ត្រាអ្នកស៊ុតច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកផ្នែកបុរសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវ៉ាដាច់តារាបាល់ទាត់នារីប្រេស៊ីល Marta ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ទាំងផ្នែកបុរស និងនារីផងដែរ។ជ័យជម្នះ ២-០ លើអូទ្រីស បានជួយឱ្យអាហ្សង់ទីន ឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ ខណៈ Messi បន្តសរសេរប្រវត្តិសាស្ត្រថ្មីៗនៅលើឆាកបាល់ទាត់ពិភពលោក៕ អត្ថបទ៖នាង សុភាវុធ 

អត្តពលិកតេក្វាន់ដូ WT ឈ្នះមេដាយ ៣ គ្រឿងពីការប្រកួតជើងឯកតេក្វាន់ដូនិម្មិតអាស៊ាន លើកទី១ នៅម៉ាឡេស៊ី

2026/06/23 07:01:57 pm        213
នាអាកាសយាន្តដ្ឋានអន្តជាតិតេជោកាលពីយប់ថ្ងៃចន្ទ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជាបានត្រឡប់មកមាតុភូមិវិញហើយ ក្រោយដណ្តើមបានមេដាយចំនួន ៣ គ្រឿងជូនជាតិ ក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ “THE 1st ASEAN VIRTUAL TAEKWONDO CHAM PIONSHIPS 2026” ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិ និងប្រតិភូដឹងនាំការប្រកួត បាមឲ្យដឹងថា នេះជាលើកទី១ហើយដែល ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចូលរួមព្រឹត្តិការណ៍នេះ ហើយដណ្តើមបានមេដាយចំនួន ៣ គ្រឿង រួមមានមេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។លោកបន្តថាការចូលរួមប្រកួតជ្រើសរើស ជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ ជាការដកស្រង់បច្ចេកទេស សមត្ថភាព ដើម្បីឆ្ពោះទៅចូលរួមព្រឹត្តិការ ស៊ីហ្គេមលើកទី៣៤ ២០២៧ នៅម៉ាឡេស៊ី ហើយប្រភេទវិញ្ញាសារ តេក្វាន់ដូនិម្មិត (VIRTUAL TAEKWONDO) នេះ ម៉ាឡេស៊ីនឹងដាក់បញ្ចូល ក្នុងប្រភេទកីឡាតេក្វាន់ WT ផងដែរ។ជាមួយនេះដែរ កីឡាករម្ចាស់មេដាយប្រាក់ ពៅ ឧត្តម បានសម្តែងនូវការសប្បាយចិត្ត ព្រោះថាជាលើកទីមួយរបស់ខ្លួន បានចូលរួមការប្រកួតកម្រិតអាស៊ីអាគ្នេយ៍នេះ ។កីឡាកររូបនេះប្តេជ្ញាថា នឹងខិតខំហ្វឹកហាត់បន្ត ដើម្បីសម្រេចក្តីបំណងរបស់ខ្លួន យកមេដាយមាស ក្នុងការប្រកួតស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខ។សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មាន៦ប្រទេសចូលរួម ខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា បានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៦ រូប ជាលិទ្ធផលកម្ពុជាទទួលបានមេដាយសរុបចំនួន៣គ្រឿង រួមមានប្រាស់២ និងសំរឹទ្ធ១ ធ្វើបានដោយ កីឡាការិនី លន់ ករុណ និងកីឡាករ ពៅ ឧត្តម ប្រជែងបានមេដាយប្រាក់រៀងៗខ្លួន  ចំណែកមេដាយសំរឹទ្ធិ ធ្វើបានដោយកីឡាការិនី ឈឿង ស្រីអូន។សូមជម្រាបថា ការត្រឡប់មកវិញរបស់អត្តពលិកកម្ពុជាកាលពីយប់មិញនេះ មានការអញ្ជើញទទួលដំណើរស្វាគមន៍ពី លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាផងដែរ៕

Mbappe ស៊ុតពីរគ្រាប់ ជួយបារាំងយកឈ្នះអ៊ីរ៉ាក់ ៣-០ ទោះការប្រកួតរងការរំខាន​ដោយសារអាកាសធាតុ

2026/06/23 06:51:51 pm        250
ក្រុមជម្រើសជាតិបារាំងបានបន្តបង្ហាញភាពខ្លាំងរបស់ខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយយកឈ្នះក្រុមជម្រើសជាតិអ៊ីរ៉ាក់ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតពូល I ដែលត្រូវបានរំខានមួយរយៈដោយសារបញ្ហាអាកាសធាតុ។ការប្រកួតដែលធ្វើឡើងក្រោមបរិយាកាសដ៏តានតឹង បានចាប់ផ្តើមដោយការគ្រប់គ្រងរបស់ក្រុមមាន់គកបារាំង ដែលបង្ហាញពីគុណភាព និងបទពិសោធន៍លើសគូប្រកួត និងរកបានគ្រាប់បាល់នាំមុខនៅនាទីទី ១៤ ដោយ Kylian Mbappe។ ក្រោយមកស្ថានភាពអាកាសធាតុមិនល្អ ធ្វើឱ្យមន្ត្រីរៀបចំការប្រកួតត្រូវបង្ខំចិត្តផ្អាកការប្រកួតដើម្បីធានាសុវត្ថិភាពរបស់កីឡាករ និងអ្នកទស្សនា។ក្រោយការប្រកួតចាប់ផ្តើមឡើងវិញ បារាំងនៅតែរក្សាសន្ទុះលេងដ៏អស្ចារ្យរបស់ខ្លួន។ តារាឆ្នើម Kylian Mbappe បានក្លាយជាវីរបុរសនៃការប្រកួត ដោយស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់ខ្លួន មុនពេល Ousmane Dembele បន្ថែមគ្រាប់ចុងក្រោយ។ពីរគ្រាប់របស់ Mbappe ក៏បានបន្ថែមចំនួនគ្រាប់បាល់របស់ខ្លួននៅក្នុងការប្រកួត World Cup តាមស្មើខ្សែប្រយុទ្ធ អាល្លឺម៉ង់ Miroslav Klose ដែលមានសរុប ១៦ គ្រាប់។ Klose ជាអ្នកកាន់កាប់កំណត់ត្រានេះ មុនពេលត្រូវបានបំបែកដោយ Lionel Messi ដែលរកបានពីរគ្រាប់ក្នុងជ័យជំនះរបស់អាហ្សង់ទីនលើអូទ្រីស ២-០ ដែលធ្វើឱ្យខ្សែប្រយុទ្ធ Inter Miami រូបនេះមានគ្រាប់បាល់សរុបនៅ World Cup ១៨ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ

ជិះកង់-រត់ឆ្លងកាត់ឧបសគ្គ អបអរការដាក់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក លើកទី៩ មានអ្នកចុះឈ្មោះជិត ១,២០០នាក់

2026/06/23 06:44:37 pm        208
នៅសល់ពេលជិត ២សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅប្រាសាទសំបូរព្រៃគុក ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) ខណៈគិតត្រឹមថ្ងៃទី២២ ខែមិថុនា មានអ្នកចុះឈ្មោះចូលរួមសរុបជិត ១,២០០នាក់។យោងតាមឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាធំពីរក្នុងពេលតែមួយ ដែលក្រសួង សហការរដ្ឋបាលខេត្តកំពង់ធំ និងអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងវិស័យឯកជន ត្រៀមរៀបចំនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ»។ក្រឡេកមកចាប់អារម្មណ៍អ្នកចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍នេះដែរ គិតត្រឹមដើមសប្ដាហ៍នេះ គឺមានកីឡាករ-កីឡាការិនីចំនួន ៣៧០នាក់ បានចុះឈ្មោះចូលរួមកម្មវិធីជិះកង់ ពីទីរួមខេត្តកំពង់ធំ ទៅប្រាសាទសំបូរព្រៃគុក និងជាង ៨០០នាក់ទៀត បានចុះឈ្មោះរត់ឆ្លងកាត់ឧបសគ្គ លើវិញ្ញាសាទាំង ៣ រួមមានរត់ចម្ងាយ ៩គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ និង ៤២គីឡូម៉ែត្រ។យ៉ាងណាមិញ គណៈកម្មការនៅបន្ដបើកទទួលការចុះឈ្មោះ រហូតដល់ដំណាច់ខែមិថុនា។ អាស្រ័យហេតុនេះ គណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាកីឡាករ-កីឡាការិនី ដែលមានបំណងចង់ចូលរួម រួសរាន់ចុះឈ្មោះ ដើម្បីងាយស្រួលគណៈកម្មការរៀបចំ ពិសេសគឺដើម្បីចូលរួមអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ ដើម្បីជំរុញកំណើនភ្ញៀវទេសចរនារដូវកាលបៃតង ព្រមទាំងលើកកម្ពស់សុខភាព មិត្តភាព និងការបំផុសយុទ្ធនាការប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។សម្រាប់កម្មវិធី នៃព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅប្រាសាទសំបូរព្រៃគុក នាថ្ងៃទី៥ ខែកក្កដាខាងមុខ រួមមាន ការជិះកង់កញ្ចប់ទស្សនកិច្ចចម្ងាយ ៣០គីឡូម៉ែត្រ និងរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៤២គីឡូម៉ែត្រ ត្រូវចេញដំណើរពីស្ពានស្ទឹងសែន ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក គ្រាដែលវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ នឹងត្រូវរៀបចំនៅតំបន់ប្រាសាទសំបូរព្រៃគុកផ្ទាល់។ សម្រាប់ការចុះឈ្មោះជិះកង់ និងរត់ចម្ងាយ ៩គីឡូម៉ែត្រមិនតម្រូវឲ្យបង់ថវិកាឡើយ ។ មិនតែប៉ុណ្ណោះ អ្នកចុះឈ្មោះជិះកង់ ១ពាន់នាក់ដំបូង និងអ្នកចុះឈ្មោះរត់ ៩គីឡូម៉ែត្រចំនួន ៣០០នាក់ដំបូង នឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតចំនួន ១ ទៀតផង៕ អត្ថបទ លី ឈុនឡា

Haaland ស៊ុត ២ គ្រាប់ ជួយន័រវេសឈ្នះសេណេហ្កាល់ ៣-២ និងឡើងវគ្គបន្តជាមួយបារាំង

2026/06/23 06:29:43 pm        185
ក្រុមជម្រើសជាតិន័រវេសបានកក់កៅអីទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាផ្លូវការ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិសេណេហ្កាល់ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតដ៏ស្វិតស្វាញនៃពូល I ខណៈខ្សែប្រយុទ្ធឆ្នើម Erling Haaland រកបាន ២ គ្រាប់ម្នាក់ឯង។ការប្រកួតបានប្រព្រឹត្តទៅយ៉ាងជក់ចិត្ត ដោយសេណេហ្កាល់បានដាក់សម្ពាធខ្លាំងនៅចុងការប្រកួត ប៉ុន្តែន័រវេសអាចការពារជ័យជម្នះបានសម្រេច ដើម្បីធានាការឡើងទៅកាន់វគ្គបន្ទាប់។ន័រវេសបានចាប់ផ្តើមការប្រកួតយ៉ាងល្អ និងអាចបើកការនាំមុខនៅនាទីទី ៤៣ តាមរយៈខ្សែការពារ Marcus Pedersen។ចូលដល់វគ្គទីពីរ Erling Haaland បានបន្ថែមគ្រាប់ទី២ នៅនាទីទី 50 តែសេណេហ្កាល់តបវិញភ្លាមៗនៅនាទីទី ៥៣ ដោយ Ismaila Sarr។Haaland ជាថ្មីម្តងទៀតក៏រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៥៨ ធ្វើឱ្យន័រវេសនាំមុខ ៣-១។នៅម៉ោងបន្ថែមបង្គ្រប់ Ismaila Sarr រកបានគ្រាប់បាល់ទី២របស់ខ្លួន និងជាគ្រាប់ទី២របស់សេណេហ្កាល់ ខណៈការប្រកួតបញ្ចប់ដោយលទ្ធផល ៣-២។ជ័យជម្នះ ៣-២ បានជួយឱ្យន័រវេសធានាកៅអីទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយជាមួយបារាំងដែលមាន ៦ ពិន្ទុដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ  

គ្រូកម្ពុជា ដាក់គោលដៅលេងដល់ថ្ងៃចុងក្រោយ នៃពាន ASEAN Women’s Cup 2026

2026/06/23 06:24:17 pm        250
លោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានដាក់គោលដៅ និងរំពឹងកូនក្រុមអាចលេងដល់ថ្ងៃចុងក្រោយ ក្នុងពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ ASEAN Women’s Cup 2026 ដែលម៉ាឡេស៊ី នឹងធ្វើម្ចាស់ផ្ទះ នាខែកក្កដាខាងមុខ។ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានបញ្ចប់ការចាប់ឆ្នោតបែងចែកពូលប្រកួតពានរង្វាន់ ASEAN Women’s Cup 2026 នៅដើមសប្ដាហ៍នេះ ដោយក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី និងទីម័រខាងកើត ខណៈពូលA មានក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ជាមួយលទ្ធផលចាប់ឆ្នោតនេះ លោក ឃួន ឡាបូរ៉ាវី រំពឹងថា ក្រុមបាល់ទាត់នារីកម្ពុជា នឹងអាចឆ្លងផុតវគ្គចែកពូល ដោយផ្អែកលើបទពិសោធន៍ធ្លាប់ជួបឥណ្ឌូនេស៊ីជាច្រើនលើកកន្លងមក ពិសេសជំនួបមិត្តភាពអន្ដរជាតិ កាលពីថ្មីៗ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា គ្រាដែលឥណ្ឌូនេស៊ី ក៏បាននាំចូលកីឡាការិនីចូលសញ្ជាតិថ្មីៗមួយចំនួន ។ រីឯទីម័រខាងកើត ទោះលោកខកខានឃើញពួកគេលេងប្រមាណ ១ឆ្នាំ តែលោកក៏រំពឹងទីម័រខាងកើត មានអ្វីប្រែប្រួលខ្លាំងទេ។ដោយសារការជឿជាក់លើកូនក្រុម បន្ទាប់ពីការប្រមូលផ្ដុំប្រកួតមិត្តភាពអន្ដរជាតិថ្មីៗកន្លងមក ក្រុមជម្រើសជាតិនារីកម្ពុជា ធ្វើបានល្អ ទាំងឆន្ទៈ ស្មារតី និងបច្ចេកទេស គឺអាចប្រកួតប្រជែងបាន។ ការណ៍នេះ លោកបានដាក់គោលដៅក្នុងការប្រកួតពានរង្វាន់ ASEAN Women’s Cup 2026 ឆ្នាំនេះ នឹងដឹកនាំក្រុមជម្រើសជាតិនារីកម្ពុជា ព្យាយាមលេងឲ្យបានយ៉ាងហោចដល់ថ្ងៃចុងក្រោយ។សូមរំឮកថា កាលពីឆ្នាំ២០២៤ ក្រុមជម្រើសជាតិនារីកម្ពុជា ធ្លាប់បានចូលរួមព្រឹត្តិការណ៍នេះម្ដងមកហើយ ដោយទទួលបានជើងឯករង បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ជាមួយការប្រកួតនេះដែរ សម្រាប់ក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមការប្រកួតជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍ ASEAN Women’s Championship ជាមួយបេក្ខភាព ៥ក្រុមទៀតកំពុងឈរចាំ៕ អត្ថបទ លី ឈុនឡា

បាល់ទាត់ពិភពលោក ២០២៦៖ ជាងកាត់សក់នៅ LA ផ្តល់សេវាកាត់សក់ឥតគិតថ្លៃ ស្វាគមន៍អ្នកគាំទ្របាល់ទាត់

2026/06/22 08:35:28 pm        336
នៅខាងក្រៅកីឡដ្ឋាន SoFi ទីក្រុង Los Angeles ដែលកំពុងពោរពេញទៅដោយបរិយាកាសរំភើបនៃការប្រកួត បាល់ទាត់ពិភពលោក ជាងកាត់សក់ក្នុងតំបន់ម្នាក់បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន ដោយផ្តល់សេវាកាត់សក់ឥតគិតថ្លៃដល់អ្នកគាំទ្របាល់ទាត់មកពីជុំវិញពិភពលោក។លោក Raul Arias ម្ចាស់ហាង Primos Barbershop បានឈរនៅជិតច្រកចូលកីឡដ្ឋានកាលពីថ្ងៃអាទិត្យ ដោយកាន់ផ្លាកសរសេរថា “Free Cutz, Welcome to LA” ដើម្បីស្វាគមន៍អ្នកគាំទ្រដែលកំពុងធ្វើដំណើរចូលទស្សនាការប្រកួត រួមទាំងអ្នកគាំទ្រក្រុមជម្រើសជាតិប៊ែលហ្ស៊ិកផងដែរ។ជាងកាត់សក់វ័យ ៣២ ឆ្នាំរូបនេះបានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះគឺជាការបន្តសកម្មភាពសហគមន៍ដែលលោកតែងតែធ្វើនៅតាមតំបន់នានាក្នុងទីក្រុង Los Angeles ប៉ុន្តែលើកនេះបានពង្រីកទៅកាន់ភ្ញៀវអន្តរជាតិដែលមកចូលរួមព្រឹត្តិការណ៍ World Cup។ លោកបញ្ជាក់ថា គោលបំណងសំខាន់គឺចង់ឱ្យអ្នកគាំទ្រមានអារម្មណ៍កក់ក្តៅ និងទទួលបានការស្វាគមន៍ដូចជានៅផ្ទះរបស់ខ្លួន។ក្រុមជាងកាត់សក់បានរៀបចំកៅអីនៅទីធ្លាខាងក្រៅ និងផ្តល់សេវាកាត់សក់ក្រោមបរិយាកាសតុបតែងស្លាកសញ្ញា World Cup ខណៈមានអ្នកគាំទ្រជាច្រើនឈរទស្សនា និងចូលរួម។ សកម្មភាពនេះបានបន្តដំណើរការដោយរលូន បន្ទាប់ពីអាជ្ញាធរបានបញ្ជាក់ថា ជាសេវាឥតគិតថ្លៃ និងអនុញ្ញាតឱ្យពួកគេបន្តស្ថិតនៅជុំវិញបរិវេណកីឡដ្ឋាន។ម្ចាស់ហាងរូបនេះបានបន្ថែមថា លោកជ្រើសរើសចំណាយពេលវេលាក្នុងអំឡុងព្រឹត្តិការណ៍ដ៏មមាញឹកនេះ ដើម្បីបម្រើសហគមន៍ ជាជាងបន្តរកចំណូលនៅហាងរបស់ខ្លួន។ លោកជឿថា ការបង្កើតទំនាក់ទំនងល្អ និងអនុស្សាវរីយ៍ជាមួយអ្នកគាំទ្រមានតម្លៃធំជាងប្រាក់ចំណេញ។អ្នកគាំទ្រជាច្រើនបានសម្តែងការកោតសរសើរចំពោះទឹកចិត្តសប្បុរសនេះ ដោយចាត់ទុកថាជាបទពិសោធន៍ដ៏ពិសេសមួយក្នុងអំឡុងពេល World Cup។ ខ្លះមានគម្រោងកាត់សក់ស្រាប់ ខណៈអ្នកខ្លះទៀតបានសម្រេចចិត្តចូលរួមភ្លាមៗ ហើយចាកចេញទៅកាន់កីឡដ្ឋានជាមួយម៉ូដសក់ថ្មី និងអារម្មណ៍រីករាយ។សកម្មភាពរបស់លោក Raul Arias បានក្លាយជារូបភាពវិជ្ជមានមួយនៅក្រៅកីឡដ្ឋាន SoFi ដោយបង្ហាញពីស្មារតីស្វាគមន៍ និងភាពរួសរាយរាក់ទាក់របស់ប្រជាជន Los Angeles ចំពោះអ្នកគាំទ្របាល់ទាត់មកពីគ្រប់ទិសទី៕ អត្ថបទ៖នាង សុភាវុធ

បាល់ទាត់ពិភពលោក ២០២៦៖ ពូល H អេស្ប៉ាញយកបានបីពិន្ទុពីអារ៉ាប៊ីសាអ៊ូឌីត តែអ៊ុយរូហ្គាយស្មើកាប់វែរ

2026/06/22 07:42:32 pm        418
ក្រុមជម្រើសជាតិអេស្ប៉ាញ បានបង្ហាញទម្រង់លេងយ៉ាងល្អ និងយកបានបីពិន្ទុដំបូងរបស់ខ្លួននៅបាល់ទាត់ពិភពលោកឆ្នាំនេះ ដោយយកឈ្នះអារ៉ាប៊ីសាអ៊ូឌីតក្នុងលទ្ធផល ៤-០ នៅការប្រកួតជុំទី២ ពូល H។ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal រកបានមួយគ្រាប់ ខណៈ Mikel Oyarzabal ស៊ុតបញ្ចូលទីពីរគ្រាប់ ជួយឱ្យអេស្ប៉ាញទទួលបានជ័យជម្នះដ៏ធំ និងឡើងឈរកំពូលតារាងពូលជាបណ្តោះអាសន្ន។ នេះជាជ័យជំនះដ៏មានសារៈសំខាន់សម្រាប់ក្រុមរបស់លោក Luis de la Fuente បន្ទាប់ពីប្រកួតដំបូងបានខកចិត្តក្រោយស្មើក្រុមមកពីអាហ្វ្រិកកាប់វែរ។ កាប់វែរដែលបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ជាថ្មីម្តងទៀតរកបានមួយពិន្ទុពីក្រុមខ្លាំង បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ទល់នឹងក្រុមជើងឯកពីរសម័យអ៊ុយរូហ្គាយ។ កាប់វែរជាអ្នកបើកការនាំមុខមុន តាមរយៈគ្រាប់បាល់របស់ Kevin Pina ប៉ុន្តែអ៊ុយរូហ្កាយវាយបកបានពីរគ្រាប់ជាប់គ្នានៅចុងវគ្គទី១។ យ៉ាងណាក៏ដោយកាប់វែរអាចតាមស្មើវិញនៅវគ្គទី២ ដោយ Helio Varela។ ក្រោយបញ្ចប់ការប្រកួតជុំទី២ អេស្ប៉ាញកំពុងឈរលេខ ១ ក្នុងពូល H មាន ៤ ពិន្ទុ ខណៈអ៊ុយរូហ្កាយ និង កាប់វែរមាន ២ ពិន្ទុស្មើគ្នា ហើយ អារ៉ាប៊ីសាអ៊ូឌីត ស្ថិតនៅបាតតារាងមាន ១ ពិន្ទុ។ ដូច្នេះ ការប្រកួតជុំចុងក្រោយនៅពូល H នឹងក្លាយជាការប្រជែងដ៏តានតឹងសម្រាប់ការឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ ដោយអេស្ប៉ាញត្រូវជួបអ៊ុយរូហ្គាយ និងកាប់វែរជួបអារ៉ាប៊ីសាអ៊ូឌីត៕ អត្ថបទ៖នាង សុភាវុធ

បាល់ទាត់ពិភពលោក ២០២៦៖ អ៊ីរ៉ាក់មិនប្តូរទម្រង់លេងការពារច្រើនទេ មុនជួបបារាំង

2026/06/22 07:21:59 pm        202
គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់ លោក Graham Arnold បានបញ្ជាក់ថា ក្រុមរបស់លោកនឹងមិនប្តូរយុទ្ធសាស្ត្រទៅលេងបែបការពារខ្លាំងជាងមុនឡើយ ក្នុងការប្រកួតជាមួយក្រុមបារាំងព្រឹកស្អែក ទោះបីជាបានរងបរាជ័យ ៤-១ ក្រោមថ្វីជើងក្រុមន័រវេសក្នុងការប្រកួតបើកឆាកពូល I ក៏ដោយ។ខ្សែការពាររបស់អ៊ីរ៉ាក់កំពុងប្រឈមនឹងការសាកល្បងដ៏លំបាកមួយ ក្នុងការប្រកួតពីរលើកដំបូងរបស់ពួកគេនៅព្រឹត្តិការណ៍នេះ។ ក្នុងជំនួបជាមួយន័រវែស ខ្សែប្រយុទ្ធឆ្នើម Erling Haaland ដែលធ្លាប់ឈ្នះពានអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League ចំនួន ៣ រដូវកាល បានស៊ុតបញ្ចូលទី ២ គ្រាប់ និងកត់ត្រាគ្រាប់បាល់ដំបូងរបស់ខ្លួនក្នុងការប្រកួត World Cup។បន្ទាប់ពីជួប Haaland រួច អ៊ីរ៉ាក់នឹងត្រូវប្រឈមមុខនឹងក្រុមបារាំង ដែលមានខ្សែប្រយុទ្ធកំពូល Kylian Mbappe។ Mbappe ដែលទើបក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិបារាំង បានស៊ុត ២ គ្រាប់ផងដែរ ក្នុងជ័យជម្នះ ៣-១ លើក្រុមសេណេហ្កាល់។ជាមួយគ្នានេះលោក Arnold បានផ្តល់ដំណឹងល្អថា ខ្សែបម្រើប្រយុទ្ធ Ali Jasim មានស្ថានភាពរួចរាល់សម្រាប់ការប្រកួត បន្ទាប់ពីរងរបួសកនៅនាទីទី ៧៣ នៃការប្រកួតទល់នឹងន័រវែស។ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំ Aymen Hussein ដែលជាអ្នករកបានគ្រាប់បាល់តាមស្មើឱ្យអ៊ីរ៉ាក់ក្នុងការប្រកួតជាមួយន័រវែស បានបង្ហាញទំនុកចិត្តថា ក្រុមរបស់ខ្លួនមានសមត្ថភាពរកគ្រាប់បាល់ទម្លាយសំណាញ់ទីបារាំងបាន៕ អត្ថបទ៖នាង សុភាវុធ     

អ្នកគាំទ្រជប៉ុនបន្តសម្អាតកីឡដ្ឋានក្រោយជ័យជម្នះលើទុយនីស៊ីក្នុងប្រកួតទី ១០០០ នៃប្រវត្តិសាស្ត្រ World Cup

2026/06/22 07:05:03 pm        355
អ្នកគាំទ្រក្រុមជម្រើសជាតិជប៉ុនបានបន្តបង្ហាញស្មារតីគំរូម្តងទៀត ដោយនាំគ្នាបនន្តនៅក្នុងកីឡដ្ឋានទីក្រុង Monterrey ដើម្បីប្រមូលសំរាម និងសម្អាតកន្លែងអង្គុយ ក្រោយពីក្រុមការប្រកួតដែលជប៉ុនយកឈ្នះក្រុមទុយនីស៊ីក្នុងលទ្ធផល ៤-០។ការប្រកួតនេះក៏ត្រូវបានកត់ត្រាជាការប្រកួតទី ១០០០ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកផងដែរ ខណៈអ្នកគាំទ្រជប៉ុនបានអបអរសាទរជ័យជម្នះដ៏ធំធេងរបស់ក្រុមខ្លួន តាមរបៀបដែលបានក្លាយជាអត្តសញ្ញាណមួយរបស់ពួកគេ គឺការសម្អាតកីឡដ្ឋានបន្ទាប់ពីការប្រកួតបញ្ចប់។ទម្លាប់នេះ ត្រូវបានគេស្គាល់នៅក្នុងប្រទេសជប៉ុនថា “Gomi Hiroi” ដែលមានន័យថា ការរើសសំរាម និងទទួលខុសត្រូវចំពោះទីកន្លែងសាធារណៈដែលខ្លួនបានប្រើប្រាស់។លោក Ken Okawa អាយុ ៣០ ឆ្នាំ បាននិយាយថា លោកមានសេចក្តីរីករាយដែលអាចនាំយកទម្លាប់ដ៏ល្អនេះមកកាន់ការប្រកួត World Cup លើកដំបូងក្នុងជីវិតរបស់លោក។ លោកបានប្រមូលកែវភេសជ្ជៈ និងសំរាមផ្សេងៗនៅជុំវិញកន្លែងអង្គុយរបស់ខ្លួន ដើម្បីបង្ហាញការដឹងគុណចំពោះម្ចាស់ផ្ទះ។លោកបាននិយាយថា៖ «យើងជាភ្ញៀវនៅម៉ិកស៊ិក។ ខ្ញុំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ដូច្នេះនេះគឺជាវិធីមួយដើម្បីបង្ហាញការអរគុណរបស់ខ្ញុំ»។ការអប់រំអំពីភាពស្អាតស្អំ និងទំនួលខុសត្រូវចំពោះសហគមន៍ ត្រូវបានបណ្តុះបណ្តាលតាំងពីកុមារភាពនៅប្រទេសជប៉ុន។ សិស្សានុសិស្សត្រូវបានបង្រៀនឱ្យសម្អាតថ្នាក់រៀនរបស់ខ្លួនដោយផ្ទាល់ ដែលធ្វើឱ្យទម្លាប់នេះក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។អ្នកគាំទ្រម្នាក់ទៀតលោកស្រី Miku Takeya អាយុ ៤១ ឆ្នាំ បានលើកឡើងថាការរៀបចំសម្អាតបន្ទាប់ពីការប្រើប្រាស់គឺជារឿងធម្មតាសម្រាប់ប្រជាជនជប៉ុន។លោកស្រីបាននិយាយថា៖ «វាជាផ្នែកមួយនៃវប្បធម៌របស់យើង។ យើងចង់ឱ្យទីកន្លែងដែលយើងបានប្រើប្រាស់ ស្អាត និងមានផាសុកភាពសម្រាប់មនុស្សបន្ទាប់»។អំឡុងបាល់ទាត់ពិភពលោកឆ្នាំនេះ រូបភាពអ្នកគាំទ្រជប៉ុនសម្អាតកីឡដ្ឋានក្រោយការប្រកួតរបស់ជប៉ុនបានក្លាយជាប្រធានបទល្បីល្បាញនៅលើបណ្តាញសង្គម និងទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ។មុនការប្រកួតនេះអភិបាលរដ្ឋ Samuel García បានឱ្យដឹងថា អាជ្ញាធរបានរៀបចំថង់សំរាមចំនួន ២០,០០០ ថង់ សម្រាប់ចែកជូននៅក្នុងកីឡដ្ឋាន ក៏ដូចជាតំបន់ Fanfest និងគោលដៅទេសចរណ៍ផ្សេងៗតាមសំណើរបស់អ្នកគាំទ្រជប៉ុន។ទោះបីជាទង្វើនេះទទួលបានការចាប់អារម្មណ៍ពីពិភពលោកក៏ដោយ អ្នកគាំទ្រជប៉ុនជាច្រើនបានអះអាងថា វាគ្រាន់តែជាទម្លាប់ធម្មតាប៉ុណ្ណោះសម្រាប់ពួកគេ។លោក Ichiro Oyo អាយុ ២៧ ឆ្នាំ បាននិយាយថា៖ «នៅជប៉ុន វាជារឿងធម្មតា និងជាសុជីវធម៌ដែលមនុស្សគ្រប់គ្នាគួរតែអនុវត្ត»។ចំណែកលោក Ryo Matsuoka អាយុ ៣២ ឆ្នាំ បានបង្ហាញមោទនភាពដែលបាននាំយកវប្បធម៌ល្អនេះមកបង្ហាញនៅលើឆាកពិភពលោក។លោកបានបញ្ជាក់ថា៖ «ខ្ញុំមានមោទនភាពណាស់ ដែលវប្បធម៌នេះត្រូវបានបង្ហាញនៅក្នុងកីឡដ្ឋានមួយ ដែលមានមនុស្សមកពីជុំវិញពិភពលោកកំពុងតាមដាន»។សកម្មភាពរបស់អ្នកគាំទ្រជប៉ុនបានបន្តបញ្ជាក់ថា បាល់ទាត់មិនត្រឹមតែជាការប្រកួតប្រជែងនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសបង្ហាញពីវប្បធម៌ ស្មារតីទទួលខុសត្រូវ និងគំរូវិជ្ជមានទៅកាន់សហគមន៍អន្តរជាតិផងដែរ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំលេខាធិការអចិន្រ្តៃយ៍ VECONAC នៅអគ្គលេខាធិការដ្ឋានអាស៊ាន
10/26/2026 12:10 PM
សហរដ្ឋអាម៉េរិកចេញសារអបអរសាទរខួប១ឆ្នាំនៃ «កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» រវាងកម្ពុជា-ថៃ និងចាត់ទុកកិច្ចព្រមព្រៀងនេះ ជាឥទ្ធិពលនៃការទូតក្នុងការដោះស្រាយជម្លោះ
10/26/2026 11:10 AM
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីរាយនាមបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
10/26/2026 11:10 AM
រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យវិស័យឯកជនបង្កើនការតភ្ជាប់ទីផ្សារ និងកិច្ចសន្យាជាមួយ​សហគមន៍កសិកម្មទំនើប
10/26/2026 11:10 AM
ពលរដ្ឋ​ជាច្រើនទៅ​ទទួល​សេវា​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ និង​ទីស្នាក់​ការ​ផ្តល់​សេវា​អត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លមានជ័យ
10/26/2026 10:10 AM
ក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
10/26/2026 10:10 AM
ចំនួនអ្នកត្រូវបានចាប់ខ្លួន និងករណីចូលលួចទំនិញក្នុងហាងកើនឡើង ខណៈការតវ៉ាដ៏ហិង្សានៅបារាំងពុំទាន់ចប់
10/26/2026 10:10 AM
បេក្ខជនប្រធានាធិបតីប្រេស៊ីល Bolsonaro ទាត់ចោលលទ្ធផល ហើយថាការបោះឆ្នោតនេះគឺមិនអាចទទួលយកបាន
10/26/2026 10:10 AM
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចបើកសម័យប្រជុំព្រឹទ្ធសភាលើកទី៦ នៅព្រឹកនេះ ដើម្បីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី និងស្តាប់របាយការណ៍លទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦
10/26/2026 09:10 AM
[BREAKING NEWS] លោក Lula ឈ្នះអាណត្តិទី ៤ ជាប្រធានាធិបតីប្រេស៊ីល ក្រោយទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលប្រវត្តិសាស្ត្រ លើលោក Flávio Bolsonaro
10/26/2026 08:10 AM