កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

ប្រធានាធិបតីអាមេរិក Donald Trump នឹងចូលរួមប្រគល់​ពានរង្វាន់បាល់ទាត់​ពិភពលោក​នៅវគ្គផ្តាច់ព្រ័ត្រ

2026/06/24 07:22:13 pm        205
ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA លោក Gianni Infantino បានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 នៅវគ្គផ្តាច់ព្រ័ត្រខែក្រោយនេះ។ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Fox & Friends ថ្មីៗនេះលោក Infantino បាននិយាយថា រូបលោក និងលោក Trump នឹងមានវត្តមាននៅវគ្គផ្តាច់ព្រ័ត្រដើម្បីប្រគល់ពានរង្វាន់ពិភពលោកទៅកាន់ក្រុមជើងឯកនៅកីឡដ្ឋាន MetLife រដ្ឋ New Jersey។គួររំលឹកថាលោក Trump ក៏ធ្លាប់បានចូលរួមកពិធីប្រគល់ពានរង្វាន់ FIFA Club World Cup ឆ្នាំមុនផងដែរ នៅពេល Chelsea យកឈ្នះ Paris Saint-Germain ៣-០ នៅវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅកីឡដ្ឋាន MetLife នេះដែរ។យោងតាមសារព័ត៌មាន The Athletic ដែលដកស្រង់ប្រភពពី FIFA បានឱ្យដឹងថា លោក Infantino មានគោលបំណងចូលរួមទស្សនាការប្រកួតឱ្យបានច្រើនបំផុតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ហើយរហូតមកដល់ពេលនេះ លោកបានចូលរួមទស្សនាប្រកួតរហូតដល់ពីរប្រកួតក្នុងមួយថ្ងៃ។ដោយឡែក លោក Donald Trump នៅមិនទាន់បានចូលរួមទស្សនាការប្រកួតណាមួយនៃ FIFA World Cup 2026 នៅឡើយទេ ប៉ុន្តែការបញ្ជាក់របស់លោក Infantino បានបង្ហាញថា លោកនឹងមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតរបស់បាល់ទាត់ពិភពលោកនៅវគ្គផ្តាច់ព្រ័ត្រ៕ អត្ថបទ៖នាង សុភាវុធ

គួច សុកុម្ភៈ ត្រូវបានដាក់ឲ្យខ្ចីជើងសម្រាប់រដូវកាលថ្មី ក្រោយបន្ដកិច្ចសន្យាជាមួយណាហ្គាវើលដ៏

2026/06/24 07:16:25 pm        236
កីឡាករ គួច សកុម្ភៈ ត្រូវបានក្លិបណាហ្គាវើលដ៏ ប្រកាសផ្ទេរទៅកាន់ក្លិបថ្មីមួយទៀត ក្រោម​លក្ខខណ្ឌ​ខ្ចីជើង ដើម្បីត្រៀមបន្ដអាជីព និងចែករំលែកបទពិសោធន៍​បាល់ទាត់របស់​ខ្លួនលើទីលាន ក្រោយក្លិបមានមូលដ្ឋាន នៅខេត្តកំពង់ស្ពឺនេះ បានប្រកាសបន្ដកិច្ចសន្យាថ្មី ជាមួយម្ចាស់អាវលេខ១០ បន្ដទៀត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ប្រភពដដែលបានបញ្ជាក់ថា ណាហ្គាវើលដ៏ បានសម្រេចចុះកិច្ចសន្យាបន្ដជាមួយ គួច សុកុម្ភៈ តែក្រោយការពិភាក្សារវាងភាគីពាក់ព័ន្ធ កីឡាករវ័យជិត ៤០ឆ្នាំរូបនេះ នឹងចូលរួមជាមួយក្លិបកម្ពុជាមួយ ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលខាងមុខ ដើម្បីបន្តនឹងឱកាសលេងជាប្រចាំ និងរួមចំណែករំលែកបទពិសោធន៍ដ៏មានតម្លៃរបស់ខ្លួននៅលើទីលាន។បែបនេះក្ដី ណាហ្គាវើលដ៏ បានចាត់ទុក គួច សុកុម្ភៈ គឺជាកីឡាករឆ្នើមមួយរូប សម្រាប់ក្លិប ក៏ដូចជាវិស័យបាល់ទាត់កម្ពុជាពេញមួយអាជីពរបស់ខ្លួន ដែលជាកីឡាករគួរឲ្យគោរពនៅក្នុងក្លិប។ ជាមួយការផ្ទេរក្រោមលក្ខខណ្ឌខ្ចីជើង ដោយមិនទាន់បញ្ជាក់ក្លិបត្រូវចូលរួមនេះដែរ ថ្នាក់ដឹកនាំក្លិបណាហ្គាវើលដ៏ ក៏បានជូនពរឲ្យ សុកុម្ភៈ ទទួលបានជោគជ័យបន្ថែមទៀតក្នុងបេសកកម្មលើសមរភូមិវាលស្មៅនាពេលលខាងមុខ។គួរដឹងថា បច្ចុប្បន្ន គួច សុកុម្ភៈ ត្រូវបានចាត់ទុកជាកីឡាករវ័យចំណាស់ជាងគេ លំដាប់ទី២ បន្ទាប់ពីប្រធានក្លិប ISI ដង្កោសែនជ័យ ដែលត្រូវបន្ដសុពលភាពក្នុងនាមកីឡាករអាជីពនៅក្លិបរបស់ខ្លួន កាលពីថ្មីៗ។ ក្រោមលក្ខខណ្ឌខ្ចីជើង ដែលនឹងត្រូវបន្ដអាជីព នារដូវកាលថ្មីខាងមុខ គឺជាឆ្នាំ២២ ដែលកីឡាករមានដើមកំណើតពីខេត្តកំពង់ធំរូបនេះ ត្រូវប្រឡូកអាជីពនៅលីគកំពូលកម្ពុជា ខណៈជាង ២ទសវត្សរ៍កន្លងមក សុកុម្ភៈ បានលេងឲ្យក្លិបចំនួន ៣ ប៉ុណ្ណោះ គឺក្រុមខេមរាកីឡា នៅចន្លោះឆ្នាំ២០០៥-២០១០, ក្លិបភ្នំពេញក្រោន ចន្លោះឆ្នាំ២០១០-២០១៥ និងក្លិបណាហ្គាវើលដ៏ ចន្លោះឆ្នាំ២០១៥ ដល់បច្ចុប្បន្ន៕អត្ថបទ លី ឈុនឡា

Houston ទីក្រុងចម្រុះជាតិសាសន៍ និងវប្បធម៌ រួមគ្នាអបអរបរិយាកាសបាល់ទាត់ពិភពលោក

2026/06/24 07:09:43 pm        188
បរិយាកាសនៃការប្រកួតបាល់ទាត់ពិភពលោក កំពុងកើនឡើងយ៉ាងខ្លាំងនៅទីក្រុង Houston រដ្ឋតិចសាសសហរដ្ឋអាមេរិក ដែលត្រូវបានគេចាត់ទុកថាជាទីក្រុងមួយមានប្រជាជនរស់នៅចម្រុះជាតិសាសន៍ និងវប្បធម៌។ ប្រជាជនប្រមាណមួយភាគបីនៃទីក្រុងនេះមានដើមកំណើតនៅក្រៅសហរដ្ឋអាមេរិក ហើយមានភាសាជាង ១៤៥ ភាសាត្រូវបាននិយាយនៅទីនេះ។ក្នុងអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ ទីក្រុង Houston បានប្រែក្លាយជាមជ្ឈមណ្ឌលនៃការអបអរសាទរ ដោយមានព្រឹត្តិការណ៍ទស្សនាការប្រកួតរួមគ្នានៅតំបន់ កណ្តាលទីក្រុង ហាងអាហារ បារ និងកន្លែងសាធារណៈជាច្រើន ដែលពោរពេញទៅដោយអ្នកគាំទ្រមកពីបណ្តាប្រទេសផ្សេងៗ។លោក Frank Haces វ័យ ២៧ ឆ្នាំ បានទស្សនាការប្រកួតជាមួយសមាជិកគ្រួសាររបស់គាត់ដែលធ្វើដំណើរមកពីម៉ិកស៊ិក បាននិយាយថា បរិយាកាសនៅតំបន់ Fan Festival គឺពិតជាអស្ចារ្យ ដោយអាចឃើញមនុស្សពីវប្បធម៌ផ្សេងៗរស់នៅ និងអបអរសាទរកីឡាបាល់ទាត់ជាមួយគ្នា។លោកបានបញ្ជាក់ថា៖ «វាជាបទពិសោធន៍ដ៏ល្អឥតខ្ចោះ ដែលអាចឃើញមនុស្សពីគ្រប់វប្បធម៌មកជួបជុំគ្នា សប្បាយរីករាយ និងអបអរសាទរមិនត្រឹមតែកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរសាទរភាពជាមនុស្សជាតិផងដែរ»។នៅពេលក្រុមជម្រើសជាតិម៉ិកស៊ិកចូលប្រកួត អាវពណ៌បៃតងរបស់អ្នកគាំទ្រម៉ិកស៊ិកអាចមើលឃើញស្ទើរគ្រប់ទីកន្លែង ចាប់ពីភោជនីយដ្ឋាន បារ ផ្សារទំនើប រហូតដល់តាមដងផ្លូវ។ នេះក៏ស្របទៅនឹងស្ថិតិដែលបង្ហាញថា ប្រជាជនមានដើមកំណើតម៉ិកស៊ិកមានប្រមាណមួយភាគបីនៃប្រជាជនសរុបនៅទីក្រុង Houston។អ្នកវិភាគមើលឃើញថា ទីផ្សារការងារដ៏រឹងមាំរបស់ Houston ជាពិសេសក្នុងវិស័យថាមពល និងសុខាភិបាល រួមទាំងការចំណាយក្នុងការរស់នៅសមរម្យ និងទីតាំងភូមិសាស្ត្រជិតតំបន់អាមេរិកឡាទីន បានទាក់ទាញជនអន្តោប្រវេសន៍ពីជុំវិញពិភពលោកឱ្យមករស់នៅទីនេះ។លោក Sae Yang វ័យ ៣៥ ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង បានលើកឡើងថា ការចែករំលែកទំនៀមទម្លាប់ និងការអបអរសាទរផ្សេងៗរវាងអ្នកគាំទ្រជាច្រើនជាតិសាសន៍ គឺជាអ្វីដែលធ្វើឱ្យ World Cup នៅ Houston មានភាពពិសេស។ចំណែកស្ត្រីជនជាតិកាណាដា Saige Antoine បាននិយាយថា នាងរីករាយក្នុងការជួបមនុស្សថ្មីៗពីបណ្តាប្រទេសផ្សេងៗ ដែលមានចំណង់ចំណូលចិត្តដូចគ្នាចំពោះកីឡាបាល់ទាត់។នាងបានរំលឹកថា៖ «តាំងពីថ្ងៃដំបូងៗនៃការប្រកួត បរិយាកាសពិតជាអស្ចារ្យខ្លាំងណាស់។ មនុស្សគ្រប់គ្នាចង់បង្ហាញទង់ជាតិ គ្រឿងតុបតែង និងអ្វីៗដែលតំណាងឱ្យវប្បធម៌របស់ពួកគេ ដើម្បីគាំទ្រក្រុម និងបង្ហាញអត្តសញ្ញាណរបស់ខ្លួន»។ការប្រកួតបាល់ទាត់ពិភពលោកមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាវេទិកាដែលភ្ជាប់មនុស្សពីជាតិសាសន៍ និងវប្បធម៌ផ្សេងៗឱ្យមកជួបជុំគ្នាក្រោមចំណង់ចំណូលចិត្តរួមមួយ គឺកីឡាបាល់ទាត់៕ អត្ថបទ៖នាង សុភាវុធ

លើសពីការប្រកួត នឹងមានពិធីបើកផ្លូវការនៅស្ដាតមរតកតេជោ ដើម្បីអបអរខួប ៣០ឆ្នាំ នៃជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍

2026/06/24 07:02:18 pm        413
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការ នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិ មរតកតេជោ សម្រាប់រៀបចំការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ ASEAN Hyundai Cup ឆ្នាំ២០២៦ ដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះចំនួន ២ប្រកួតក្នុងពូលA ដោយត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី និងទីម័រខាងកើត នាពេលឆាប់ៗខាងមុខ។អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រៅពីការប្រើប្រាស់ពហុកីឡដ្ឋានជាតិដ៏ធំទំនើប ដែលជាមរតកស៊ីហ្គេម ឆ្នាំ២០២៣ សម្រាប់ការប្រកួតទាំងពីរ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) ក៏នឹងមានរៀបចំពិធីបើកការប្រកួតផ្លូវការ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើតព្រឹត្តិកាណ៍បាល់ទាត់ជើងឯកប្រចាំតំបន់ ២ឆ្នាំម្ដងនេះផងដែរ។ប្រភពពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា មុនជំនួបបើកឆាកពូលA រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវសិង្ហបុរី នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៤ ខែកក្កដាខាងមុខ AFF នឹងមានប្រារព្ធពិធីបើកការប្រកួតផ្លូវការមួយ ដែលមានលក្ខណៈពិសេសជាសព្វដង ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើតពានជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ បើគិតពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០២៦។សម្រាប់យុទ្ធនាការប្រកួតជើងឯក ASEAN Hyundai Cup ឆ្នាំ២០២៦ នេះដែរ ក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូលA ជាមួយវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ខណៈពូលB មានម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ ក្នុងចំណោម ៤ប្រកួត នៃពូលA ក្រុមជម្រើសជាតិកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះ ២ប្រកួត ក្នុងជួបសិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដា និងជួបទីម័រខាងកើត នាថ្ងៃទី៣ ខែសីហា គ្រាដែល ២ប្រកួតទៀត ត្រូវលេងក្រៅដី រួមមានជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៧ ខែកក្កដា  និងជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា

Neymar អាចបង្ហាញខ្លួនដំបូងនៅបាល់ទាត់ពិភពលោកឆ្នាំនេះនៅពេលប្រេស៊ីលជួបស្កុតឡែន

2026/06/24 06:54:16 pm        171
ក្រុមជម្រើសជាតិប្រេស៊ីល អាចមានវត្តមានត្រឡប់មកវិញដ៏សំខាន់របស់ខ្សែប្រយុទ្ធឆ្នើម Neymar ក្នុងការប្រកួតជាមួយស្កុតឡែនរាត្រីនេះ ខណៈគ្រូបង្វឹក Carlo Ancelotti កំពុងវាយតម្លៃថា កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ មានសភាពរាងកាយគ្រប់គ្រាន់សម្រាប់ការវិលត្រឡប់មកប្រកួតវិញឬអត់ បន្ទាប់ពីរបួសសាច់ដុំកំភួនជើង។Neymar ត្រូវបានលោក Ancelotti កោះហៅចូលក្រុមជម្រើសជាតិជាថ្មី បន្ទាប់ពីអវត្តមានជិត ៣ ឆ្នាំ ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួត World Cup ឆ្នាំនេះនៅឡើយទេ ដោយសារបញ្ហារបួស។ អវត្តមានរបស់គេក្នុងការប្រកួតបើកឆាកទល់នឹងម៉ារ៉ុក និង ហៃទី បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចង់ដឹងថា តើគេអាចត្រឡប់មកលេងបាល់ទាត់ក្នុងកម្រិតកំពូលបានដែរឬទេ។ការប្រកួតចុងក្រោយរបស់នេយម៉ាជាមួយប្រេស៊ីល គឺនៅឆ្នាំ ២០២៣ ពេលគាត់រងរបួសជង្គង់ធ្ងន់ធ្ងរក្នុងជំនួបទល់នឹងអ៊ុយរូហ្គាយក្នុងវគ្គជម្រុះ World Cup។ ចាប់តាំងពីពេលនោះមក គេបានអវត្តមានប្រមាណ ៦៥០ ថ្ងៃ ដោយសាររបួសជាបន្តបន្ទាប់ក្នុងអំឡុងពេលលេងនៅអារ៉ាប៊ីសាអ៊ូឌីត និងក្រោយមកវិលត្រឡប់ទៅកាន់ក្លិបកុមារភាពរបស់ខ្លួន Santos FC ដើម្បីស្ដារអាជីពឡើងវិញ។ក្រោយខកខានការប្រកួតពីរលើកដំបូង Neymar បានវិលត្រឡប់មកហ្វឹកហាត់ពេញលេញកាលពីសប្ដាហ៍មុន ហើយកាលពីថ្ងៃចន្ទ គេបានចូលរួមហ្វឹកហាត់យុទ្ធសាស្ត្រ និងហ្វឹកហាត់ជាក្រុមជាលើកដំបូង ខណៈខ្សែប្រយុទ្ធ Arsenal, Gabriel Martinelli បានបង្ហាញជំនឿថា Neymar បានត្រៀមខ្លួនរួចរាល់សម្រាប់ការវិលត្រឡប់។បច្ចុប្បន្ន ប្រេស៊ីលកំពុងឈរកំពូលតារាងពូល C មាន ៤ ពិន្ទុ ស្មើជាមួយម៉ារ៉ុក ប៉ុន្តែមានគ្រាប់បាល់ចំណេញល្អជាង ខណៈស្កុតឡែនឈរលេខ ៣ មាន ៣ ពិន្ទុ។តាមលក្ខខណ្ឌបច្ចុប្បន្ន ប្រេស៊ីលនឹងឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយក្នុងនាមជាក្រុមឈ្នះពូល ប្រសិនបើពួកគេឈ្នះ ឬស្មើស្កុតឡែន ហើយម៉ារ៉ុកមិនអាចយកឈ្នះហៃទីបាន៕ អត្ថបទ៖នាង សុភាវុធ

វឿន វាសនា ទទួលបានតម្លៃពលកម្មជាង ១០ម៉ឺនដុល្លារ ពីការបន្ដកុងត្រារដូវកាលទី៤ ជាមួយក្លិបតៃវ៉ាន់ Win Streak

2026/06/24 06:24:35 pm        299
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា នឹងទទួលបានថ្លៃពលកម្មជាង ១០ម៉ឺនដុល្លារ ក្នុងមួយរដូវកាល បន្ទាប់ពីរូបគេ ត្រូវបានសម្រេចបន្ដកុងត្រាថ្មី ជាមួយក្លិបតៃវ៉ាន់ Win Streak សម្រាប់រដូវកាលឆ្នាំ២០២៦/២៧ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។មុនការទម្លាយពីតម្លៃពលកម្មជាសាធារណៈនេះ កាលពីចុងសប្ដាហ៍កន្លងទៅ ក្លិប Win Streak បានប្រកាសជាផ្លូវការ អំពីការបន្ដកិច្ចសន្យាថ្មី ជាមួយ វឿន វាសនា ត្រូវនឹងរដូវកាលទី៤ ដែលស្ដាត់ស្ដាំវ័យ ២៥ឆ្នាំរបស់កម្ពុជារូបនេះ ត្រូវបន្ដអាជីពនៅលីគបាល់ទះតៃវ៉ាន់ បន្ទាប់ពីរូបគេ ធ្វើបានយ៉ាងល្អ និងសាងកំណត់ត្រាដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់ការបង្ហាញខ្លួន ៣រដូវកាលកន្លងមក។លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា វឿន វាសនា នឹងត្រឡប់ទៅចូលរួមជាមួយក្លិប Win Streak វិញ ក្រោយបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកអាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ២០២៦ ដែលគ្រោងប្រកួតដំណាក់កាលទី១ នៅហ្វីលីពី ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា និងដំណាក់កាលទី២ ប្រកួតពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ នៅប្រទេសឥណ្ឌូនេស៊ី។ជាមួយការផ្ទេរពីក្លិបវិសាខា ទៅកាន់ក្លិបលីគកំពូលតៃវ៉ាន់នេះដែរ ទោះបីមិនបានបញ្ជាក់ច្បាស់ពីតម្លៃពលកម្មដែល វាសនា ត្រូវទទួលបាន តែមន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល បានបង្ហើបយ៉ាងហោច ១ឆ្នាំ វឿន វាសនា ទទួលបានតម្លៃពលកម្មជាង ១០ម៉ឺនដុល្លារ។ នេះគឺជាតម្លៃពលកម្មកំណត់ត្រាមួយសម្រាប់កីឡាករបាល់ទះអាជីពកម្ពុជា ហើយក៏ជាគំរូមួយ សម្រាប់យុវជនជំនាន់ក្រោយខំប្រឹង ដើម្បីទទួលបានឱកាសដូចកីឡាករមានដើមកំណើតពីខេត្តបាត់ដំបងនេះផងដែរ។គួរដឹងថា ៣រដូវកាលកន្លងមក ដែល វាសនា បានចូលរួមជាមួយ Win Streak រូបគេបានជួយក្លិបឈ្នះជើងឯកលីគតៃវ៉ាន់ ២រដូវកាលជាប់គ្នា កាលពីឆ្នាំ២០២៣/២៤ និងឆ្នាំ២០២៤/២៥ តែសោកស្ដាយឆ្នាំ២០២៥/២៦ បន្ទាប់ពីរួមចំណែកជួយក្រុមឈានដល់ជុំផ្ដាច់ព្រ័ត្រ វាសនា បានខកខានលេងដោយសារបទបញ្ញត្តិរបស់សហព័ន្ធបាល់ទះអន្ដរជាតិ ដែលកំណត់មិនឲ្យកីឡាករជាប់ជម្រើសជាតិលេង មិនអាចជួយក្រុមការពារជើងឯកបានឡើយ។យ៉ាងណាការធ្វើបានយ៉ាងល្អ ពិសេសការបំបែកកំណត់ត្រាក្លាយជាកីឡាករក្នុងលីគបាល់ទះតៃវ៉ាន់ដំបូងគេ ដែលអាចរកបានលើស ១ពាន់ពិន្ទុក្នុងមួយរដូវកាល ពោលគឺចំនួន ១,០២៨ ពិន្ទុរបស់ វឿន វាសនា បានធ្វើឲ្យអ្នកគាំទ្រក្លិប Win Streak សប្បាយរីករាយ និងគាំទ្រពេញទំហឹង បន្ទាប់ពីក្លិបសម្រេចបន្ដកុងត្រាជាមួយកីឡាករជម្រើសជាតិកម្ពុជារូបនេះ ស្របពេលក្លិបបានរុះរើកីឡាករជាច្រើន សូម្បីគ្រូបង្វឹក ដើម្បីត្រៀប្រកួតជើងឯកនារដូវកាលថ្មីខាងមុខ៕ អត្ថបទ លី ឈុនឡា 

Cristiano Ronaldo បង្កើតប្រវត្តិសាស្ត្រ! ក្លាយជាកីឡាករដំបូងស៊ុតបញ្ចូលទីនៅ World Cup ៦លើក

2026/06/24 06:03:16 pm        359
តារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងពិភពបាល់ទាត់ ដោយក្លាយជាកីឡាករដំបូងគេដែលអាចស៊ុតបញ្ចូលទីបាននៅការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ចំនួន ៦ លើកផ្សេងគ្នា។ កំណត់ត្រាដ៏អស្ចារ្យនេះកើតឡើងក្នុងជំនួបពូល K ដែលព័រទុយហ្កាល់យកឈ្នះអ៊ូសបេគីស្ថាន ៥-០។ Ronaldo បានរកគ្រាប់បាល់បើកឆាកឱ្យព័រទុយហ្គាល់តាំងពីដើមការប្រកួតនាទីទី ៦ និងមួយគ្រាប់ទៀតនៅនាទីទី ៣៩ ហើយគ្រាប់បាល់ទាំងនេះបានធ្វើឱ្យគេក្លាយជាកីឡាករតែម្នាក់គត់ដែលអាចរកគ្រាប់បាល់បាននៅ World Cup ចំនួន ៦ ជំនាន់ជាប់ៗគ្នា គឺឆ្នាំ ២០០៦, ២០១០, ២០១៤, ២០១៨, ២០២២ និង ២០២៦ នេះ។ នៅវ័យ ៤១ ឆ្នាំ Ronaldo នៅតែបង្ហាញពីសមត្ថភាព និងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ។ គ្រាប់បាល់របស់គេទល់នឹង អ៊ូសបេគីស្ថានមិនត្រឹមតែបង្កើតប្រវត្តិសាស្ត្រថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យព័រទុយហ្គាល់ទទួលបានជ័យជម្នះយ៉ាងធំ និងបង្កើនឱកាសឡើងទៅវគ្គបន្តផងដែរ។ កំណត់ត្រានេះបន្ថែមទៅលើសមិទ្ធផលជាច្រើនរបស់ Ronaldo ដែលរួមមានកំណត់ត្រាជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ និងជាកីឡាករដែលបង្ហាញខ្លួនច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិ៕ អត្ថបទ៖នាង សុភាវុធ   

បាល់ទាត់ពិភពលោក ២០២០៦៖ ព័រទុយហ្គាល់ត្រូវការបង្កើនប្រសិទ្ធភាពប្រយុទ្ធ មុនជួបអ៊ូសបេគីស្ថាន

2026/06/23 07:49:14 pm        250
ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានធ្វើការហ្វឹកហាត់នៅទីក្រុង Miami តែនឹងត្រឡប់មកកាន់ទីក្រុង Houston វិញ ដោយមានភារកិច្ចសំខាន់ក្នុងការកែលម្អប្រសិទ្ធភាពតំបន់ប្រយុទ្ធ ខណៈពួកគេត្រៀមជួបអ៊ូសបេគីស្ថាន បន្ទាប់ពីលទ្ធផលស្មើ ១-១ ដ៏គួរឱ្យខកចិត្តជាមួយក្រុមសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងការប្រកួតដំបូង។ទោះបីជាក្រុមរបស់លោក Roberto Martinez គ្រប់គ្រងការប្រកួតបានយ៉ាងល្អ និងកាន់កាប់បាល់ច្រើនជាងគូប្រកួតក៏ដោយ ប៉ុន្តែពួកគេមិនអាចបង្ហាញភាពមុតស្រួចក្នុងការបញ្ចប់ទីបានឡើយ។តាមស្ថិតិរបស់ Opta ព័រទុយហ្គាល់បានបញ្ជូនបាល់សរុប ៧៨៣ ដង ក្នុងការប្រកួតជាមួយកុងហ្គោ ដែលជាចំនួនខ្ពស់ជាងគេទី២ ក្នុងជុំដំបូង បន្ទាប់ពីអេស្ប៉ាញដែលមាន ៨០០ ដង។ លើសពីនេះ ពួកគេក៏កាន់កាប់បាល់រហូតដល់ ៧៥ ភាគរយ ដែលជាចំនួនខ្ពស់បំផុតក្នុងការប្រកួតជុំដំបូងផងដែរ។ទោះជាយ៉ាងណា ការគ្រប់គ្រងបាល់ដ៏ល្អនោះ បានបង្កើតឱកាសស៊ុតត្រឹមតែ ៧ លើកប៉ុណ្ណោះ ហើយមានតែ ១ លើកគត់ដែលចំគោលដៅ គឺការតែតបាល់បញ្ចូលទីរបស់ João Neves នៅនាទីទី ៦។សម្រាប់ក្រុមដែលមានការរំពឹងទុកខ្ពស់ជាមួយវត្តមានរបស់ Cristiano Ronaldo និងកីឡាករប្រយុទ្ធមានគុណភាពជាច្រើនរូប បញ្ហាចម្បងមិនមែនស្ថិតនៅលើការគ្រប់គ្រងបាល់នោះទេ ប៉ុន្តែស្ថិតនៅក្នុងតំបន់ប្រយុទ្ធចុងក្រោយ ដែលកង្វះទាំងភាពច្នៃប្រឌិត ការសម្រេចចិត្ត និងការបញ្ចប់ទី។ស្ថិតិបង្ហាញថា ចំនួនស៊ុត ៧ លើករបស់ព័រទុយហ្គាល់ គឺស្ថិតក្នុងចំណោមក្រុមដែលមានការបង្កើតឱកាសតិចបំផុតក្នុងជុំដំបូង ដោយមានតែក្រុម ៥ ក្នុងចំណោម ៤៨ ក្រុមប៉ុណ្ណោះ ដែលស៊ុតតិចជាងពួកគេ។ ផ្ទុយទៅវិញ អេស្ប៉ាញ ដែលស្មើ 0-0 ជាមួយកាបវែរ បានស៊ុតរហូតដល់ ២៧ លើក។លោក Roberto Martinez នឹងសង្ឃឹមថា ក្រុមរបស់ខ្លួនអាចបង្ហាញទម្រង់លេងដ៏មុតស្រួច និងមានប្រសិទ្ធភាពជាងមុន នៅពេលជួបអ៊ូសបេគីស្ថាន ដែលបានបរាជ័យ ៣-១ ក្រោមថ្វីជើងកូឡុំប៊ី ក្នុងការប្រកួត World Cup លើកដំបូងបំផុតរបស់ពួកគេ។ការប្រកួតដំបូងរបស់អ៊ូសបេគីស្ថាន ត្រូវបានគេមើលឃើញថា ពោរពេញទៅដោយភាពតានតឹង និងការប្រុងប្រយ័ត្ន ដោយសារជាបទពិសោធន៍លើកដំបូងនៅលើឆាកបាល់ទាត់ពិភពលោក។ ដូច្នេះ ព័រទុយហ្គាល់ត្រូវបានចាត់ទុកថាមានប្រៀប ប៉ុន្តែពួកគេចាំបាច់ត្រូវបង្ហាញសមត្ថភាពប្រយុទ្ធឱ្យមានប្រសិទ្ធភាពជាងការប្រកួតមុន ប្រសិនបើចង់រកជ័យជម្នះដំបូងក្នុងពូល និងបង្កើនឱកាសឆ្ពោះទៅវគ្គបន្ទាប់៕ អត្ថបទ៖នាង សុភាវុធ

អ៊ីរ៉ង់បន្សល់សារសន្តិភាពក្រោយប្រកួតស្មើបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

2026/06/23 07:32:15 pm        260
ក្រុមជម្រើសជាតិអ៊ីរ៉ង់បានបន្សល់ទុកសារមួយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទាប់ពីបញ្ចប់ការប្រកួតស្មើគ្នា ០-០ ទល់នឹងបែលហ្ស៊ិក ក្នុងជំនួបទី២នៃពូល G នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលធ្វើឡើងនៅទីក្រុង Los Angeles។សារដែលសរសេរដោយដៃនោះ ត្រូវបានចែករំលែកជាសាធារណៈដោយសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ (FFIRI) ដោយមានខ្លឹមសារថា៖«ចាប់ពីចក្រភពបុរាណពែរ្សរាប់ពាន់ឆ្នាំមុន រហូតដល់អ៊ីរ៉ង់ស៊ីវិល័យនាពេលបច្ចុប្បន្ន វិញ្ញាណរបស់អ៊ីរ៉ង់នៅតែរស់រវើក និងរឹងមាំជានិច្ច។ យើងបានមកកាន់ទីក្រុង Los Angeles ដោយមោទនភាព ប្រកួតដោយកិត្តិយស និងចាកចេញដោយសេចក្តីថ្លៃថ្នូរ។សូមអរគុណទីក្រុង Los Angeles សម្រាប់ការស្វាគមន៍ដ៏កក់ក្តៅ។ ហើយសូមអរគុណប្រជាជនអ៊ីរ៉ង់គ្រប់រូប ដែលបានផ្តល់បេះដូង សំឡេង និងព្រលឹងរបស់ខ្លួនដល់ប្រទេសជាតិ ក្នុងរយៈពេល ១៨០ នាទីនៃការប្រកួតទាំងពីរ។ សូមឲ្យសន្តិភាព ការគោរព និងមិត្តភាព គ្របដណ្តប់លើប្រទេសទាំងអស់នៅលើពិភពលោក»។សារនេះក៏បានរំលឹកដល់ហេតុការណ៍វាយប្រហារលើសាលារៀនកុមារីមួយនៅទីក្រុង Minab ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦៨ នាក់ស្លាប់ នៅថ្ងៃដំបូងនៃសង្គ្រាមផងដែរ។អ៊ីរ៉ង់បានបើកយុទ្ធនាការ World Cup របស់ខ្លួនដោយប្រកួតស្មើ ២-២ ជាមួយនូវែលសេឡង់ មុនពេលស្មើបែលហ្ស៊ិក 0-0 ក្នុងប្រកួតទី២។ ពួកគេនឹងបន្តជួបអេហ្ស៊ីប ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូលនៅទីក្រុង Seattle នាថ្ងៃទី ២៨ ខែមិថុនា។ការចូលរួមរបស់អ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍ World Cup លើកនេះ បានជួបបញ្ហាប្រឈមជាច្រើន ដោយសារស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ា និងក្តីបារម្ភផ្នែកសន្តិសុខ។ សមាជិកសំខាន់ៗមួយចំនួននៃក្រុមការងារបច្ចេកទេសត្រូវបានបដិសេធទិដ្ឋាការចូលសហរដ្ឋអាមេរិក ខណៈដែល FFIRI ក៏បានអំពាវនាវឲ្យ FIFA គោរពគោលការណ៍អព្យាក្រឹតភាព និងយុត្តិធម៌ បន្ទាប់ពីសិទ្ធិបែងចែកសំបុត្ររបស់ខ្លួនត្រូវបានដកហូតមុនការប្រកួត។ជាលទ្ធផល អ៊ីរ៉ង់បានផ្លាស់ប្តូរទីតាំងជំរំហ្វឹកហាត់ពីរដ្ឋ Arizona សហរដ្ឋអាមេរិកទៅកាន់ទីក្រុង Tijuana ប្រទេសម៉ិកស៊ិក ហើយត្រូវគោរពតាមការរឹតបន្តឹងការធ្វើដំណើរយ៉ាងតឹងរ៉ឹង។ ក្រុមត្រូវបានអនុញ្ញាតឲ្យចូលទឹកដីអាមេរិកតែមួយថ្ងៃមុនការប្រកួត និងត្រូវចាកចេញវិញនៅថ្ងៃប្រកួតដដែល។ដោយសារបញ្ហាទាំងនេះ លោក Amir Ghalenoei គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ បានលើកឡើងថា ក្រុមរបស់លោកគឺជាក្រុមដែលរងការលំបាកបំផុតនៅក្នុងការប្រកួត World Cup ឆ្នាំនេះ។ទោះជាយ៉ាងណាលោក Andrew Giuliani នាយកប្រតិបត្តិនៃក្រុមការងារ World Cup របស់សេតវិមាន បានបញ្ជាក់ថា កំពុងមានការពិភាក្សាអំពីការកែសម្រួលកាលវិភាគធ្វើដំណើររបស់អ៊ីរ៉ង់ សម្រាប់ការប្រកួតជាមួយអេហ្ស៊ីបនាពេលខាងមុខ។សាររបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ត្រូវបានមើលឃើញថាជាការបង្ហាញពីស្មារតីកីឡា និងការអំពាវនាវឲ្យមានសន្តិភាព ក្នុងអំឡុងពេលដែលស្ថានភាពនយោបាយ និងសន្តិសុខនៅតំបន់កំពុងមានភាពតានតឹង៕ អត្ថបទ៖នាង សុភាវុធ  

២ឆ្នាំ ឆ្លងកាត់ ៣ទ្វីប ៤០ប្រទេស អ្នកជិះកង់កម្ពុជាបានត្រលប់មកដល់ប្រទេសកំណើតដោយសុវត្ថិភាព

2026/06/23 07:26:28 pm        235
ក្រោយធ្វើដំណើរលើចំងាយផ្លូវជិត៦០ ០០០គីឡូម៉ែត្រ យុវជនកម្ពុជា ទីវ តារារិទ្ធិ បានធ្វើដំណើរមកដល់មាតុប្រទេសដោយសុវត្ថិភាព ហើយទទួលបានការស្វាគមន៍ប្រកបដោយក្តីនឹករលឹកពីក្រុមគ្រួសារនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។នេះជាដំណើរផ្សងព្រេងរបស់លោក ទីវ តារារិទ្ធិ ក្នុងការ ជិះកង់ដើម្បីកុមារកម្ពុជា ពីប្រទេសកម្ពុជាទៅកាន់ប្រទេសនានាក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ដោយជំនះនូវឧបសគ្គជាច្រើនក្នុងការធ្វើដំណើរ។ប្រាប់ទូរទស្សន៍ BTV News អ្នកជិះកង់រូបនេះ បានរៀបពីដំណើរផ្សងព្រេងរបស់ខ្លួនទៅកាន់ប្រទេសទាំងនោះ និងបានជួបប្រទេសនូវរឿងរ៉ាវ ជាច្រើនរាប់មិនអស់ រួមទាំងការធ្លាក់ឈឺខ្លួនធ្ងន់ជាដើម។ លើសពីនេះលោកនៅបានផ្សព្វផ្សាយឱ្យគេដឹង និងស្គាល់ពីប្រទេសកម្ពុជាផងដែរ។លោកបានបន្តថាគោលបំណងនៃដំណើរជិះកង់នេះ គឺដើម្បីស្វែងរកថវិកា២៥ម៉ឺនដុល្លារសម្រាប់មន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារអង្គរ ហើយមកដល់ពេលនេះទើបតែទទួលបានថវិកាជិត២២ម៉ឺនដុល្លារប៉ុណ្ណោះ ហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបន្តទៀត ពេលដែលលោកធ្វើយុទ្ធនាការជិះកង់ចុងក្រោយពីភ្នំពេញទៅខេត្តសៀមរាប។សូមរំលឹកថាលោក ទីវ តារារិទ្ធិបានចាប់ផ្ដើមចេញដំណើរចេញពីមន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតក្នុងក្រុងសៀមរាប កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ហើយឆ្លងកាត់ ៣ទ្វីប គឺទ្វីបអាស៊ី អឺរ៉ុប និង អាហ្វ្រិក ។ក្នុងបេសកកម្មរយៈពេល២ឆ្នាំនេះ នៅមិនទាន់សម្រេចទំហំថវិកា ដែលជាគោលដៅនោះទេ ពោលនៅខ្វះប្រហែល៣០ ០០០ដុល្លារអាមេរិកទៀត ទើបគ្រប់២៥ម៉ឺនដុល្លារ ហើយលោកបានអំពាវនាវឲ្យមហាជន ជួយគាំទ្រ ដើម្បីថវិកានេះគ្រប់ ហើយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យវិស័យឯកជនបង្កើនការតភ្ជាប់ទីផ្សារ និងកិច្ចសន្យាជាមួយ​សហគមន៍កសិកម្មទំនើប
10/26/2026 11:10 AM
ពលរដ្ឋ​ជាច្រើនទៅ​ទទួល​សេវា​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ និង​ទីស្នាក់​ការ​ផ្តល់​សេវា​អត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លមានជ័យ
10/26/2026 10:10 AM
ក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
10/26/2026 10:10 AM
ចំនួនអ្នកត្រូវបានចាប់ខ្លួន និងករណីចូលលួចទំនិញក្នុងហាងកើនឡើង ខណៈការតវ៉ាដ៏ហិង្សានៅបារាំងពុំទាន់ចប់
10/26/2026 10:10 AM
បេក្ខជនប្រធានាធិបតីប្រេស៊ីល Bolsonaro ទាត់ចោលលទ្ធផល ហើយថាការបោះឆ្នោតនេះគឺមិនអាចទទួលយកបាន
10/26/2026 10:10 AM
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចបើកសម័យប្រជុំព្រឹទ្ធសភាលើកទី៦ នៅព្រឹកនេះ ដើម្បីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី និងស្តាប់របាយការណ៍លទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦
10/26/2026 09:10 AM
[BREAKING NEWS] លោក Lula ឈ្នះអាណត្តិទី ៤ ជាប្រធានាធិបតីប្រេស៊ីល ក្រោយទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលប្រវត្តិសាស្ត្រ លើលោក Flávio Bolsonaro
10/26/2026 08:10 AM
ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM