កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

មួក Cowboy ក្លាយជាវត្ថុអនុស្សាវរីយ៍ពេញនិយមសម្រាប់អ្នកគាំទ្រ World Cup នៅរដ្ឋតិចសាស់

2026/06/25 05:42:00 pm        547
ខណៈព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 កំពុងទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់មកកាន់អាមេរិក រដ្ឋតិចសាស់បានក្លាយជាទិសដៅដ៏ពេញនិយមមួយ ដែលអ្នកទស្សនាជាច្រើនជ្រើសរើសពាក់មួក Cowboy ដើម្បីទទួលយកបទពិសោធន៍បែបវប្បធម៌អាមេរិកខាងត្បូង។នៅជុំវិញកីឡដ្ឋាន និងតំបន់ទេសចរណ៍នានា អ្នកគាំទ្របាល់ទាត់មកពីបណ្តាប្រទេសផ្សេងៗ ត្រូវបានគេឃើញពាក់មួក Cowboy ដែលជានិមិត្តសញ្ញាដ៏ល្បីរបស់រដ្ឋតិចសាស់។ ទោះជាយ៉ាងណា នៅតំបន់ជាយទីក្រុង Dallas មានអ្នកផលិតមួកម្នាក់ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍អតិថិជនអន្តរជាតិជាមួយការរចនាមួកផ្ទាល់ខ្លួនដ៏ប្រណិត។លោក Nicholas Fields ម្ចាស់យីហោ American Haberdashery បាននិងកំពុងផលិតមួក Cowboy តាមការកុម្ម៉ង់ សម្រាប់អ្នកគាំទ្របាល់ទាត់ដែលចង់បានការរចនាប្លែក និងមានអត្តសញ្ញាណជាតិរបស់ខ្លួន។ចាប់តាំងពី World Cup ចាប់ផ្តើម លោក Fields បានទទួលការកុម្ម៉ង់ពីអ្នកគាំទ្រក្រុមម្ចាស់ផ្ទះរួមមាន ម៉ិកស៊ិក និងកាណាដា ព្រមទាំងអតិថិជនមកពីប្រទេសហូឡង់ និងជប៉ុនផងដែរ។លោក Fields បាននិយាយថា៖ «វាពិតជាល្អណាស់ដែលឃើញមនុស្សបង្ហាញមោទនភាពចំពោះប្រទេសរបស់ខ្លួន។ មានមនុស្សខ្លះលេងសើចថា ខ្ញុំមិនទាន់បានផលិតមួកសម្រាប់សហរដ្ឋអាមេរិកនៅឡើយ ប៉ុន្តែអ្វីៗកើតឡើងដោយធម្មជាតិ ហើយវានឹងមកដល់នៅពេលក្រោយ»។មួកដែលផលិតដោយដៃរបស់លោក Fields មានតម្លៃចាប់ពី ៧០០ ដុល្លារឡើងទៅ ហើយអាចចំណាយពេលរហូតដល់ ៦ សប្ដាហ៍ ឬច្រើនជាងនេះ ដើម្បីបញ្ចប់ការផលិត អាស្រ័យលើភាពស្មុគស្មាញនៃការរចនា និងសម្ភារៈដែលត្រូវប្រើ។ជារៀងរាល់ឆ្នាំ លោកផលិតមួកតិចជាង ១០០ ប៉ុណ្ណោះ សម្រាប់អតិថិជនកម្រិតខ្ពស់ ហើយលោកក៏រក្សាការសម្ងាត់យ៉ាងតឹងរឹងអំពីអត្តសញ្ញាណអតិថិជនរបស់ខ្លួនផងដែរ។ទន្ទឹមនឹងនេះ អ្នកគាំទ្របាល់ទាត់ធម្មតាក៏កំពុងនាំគ្នាចូលហាងលក់សម្ភារៈបែប Cowboy នៅទីក្រុង Dallas ដើម្បីទិញមួកជាវត្ថុអនុស្សាវរីយ៍ពីដំណើរទស្សនា World Cup របស់ពួកគេ។ការពេញនិយមរបស់មួក Cowboy ក្នុងអំឡុងពេល World Cup បានបង្ហាញថា ការប្រកួតបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក មិនត្រឹមតែនាំមកនូវការប្រកួតដ៏ជក់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្សព្វផ្សាយវប្បធម៌ និងអាជីវកម្មក្នុងតំបន់ទៅកាន់ភ្ញៀវអន្តរជាតិផងដែរ៕ អត្ថបទ៖នាង សុភាវុធ

ទិវាអូឡាំពិក ឆ្នាំ២០២៦ នៅកម្ពុជា នឹងមកដល់ចុងសប្ដាហ៍នេះ ជាមួយ​ការរៀបចំ​ទ្រង់ទ្រាយធំ​ជាងមុន

2026/06/25 05:33:10 pm        178
ថ្ងៃទី២៣ ខែមិថុនា គឺជាខួបទិវាអូឡាំពិក ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​ការ​បង្កើត​ចលនាអូឡាំពិកសម័យទំនើប និងការបង្កើតគណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ​(IOC) នាទីក្រុងប៉ារីស ប្រទេសបារាំង នាឆ្នាំ១៨៩៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Pierre de Coubertin។ដើម្បីរំឮកខួបលើកទី១៣២ នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមសមាជិកបានត្រៀមរៀបចំនូវទិវាអូឡាំពិក ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុ លក្ខណៈទ្រង់ទ្រាយធំជាងមុន ដោយរំពឹងមានសិស្សានុសិស្សយ៉ាងហោចជិត ១ពាន់នាក់ចូលរួម។ទិវាអូឡាំពិក មិនមែនគ្រាន់តែជាការអបអរសាទរលក្ខណៈកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្សព្វផ្សាយតម្លៃស្នូលនៃចលនាអូឡាំពិក រួមមានឧត្តមភាព មិត្តភាព និង ការគោរព ដែលជំរុញឱ្យមនុស្សគ្រប់រូបចូលរួមក្នុងសកម្មភាពកីឡា រស់នៅប្រកបដោយសុខភាពល្អ ពង្រឹងសាមគ្គីភាព និងលើកកម្ពស់សន្តិភាពតាមរយៈកីឡា។ក្នុងន័យនេះ រៀងរាល់កំឡុងខែមិថុនា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងរៀបចំទិវាអូឡាំពិក ដើម្បីបំផុសឲ្យប្រជាពលរដ្ឋ យុវជន និងកីឡាករ-កីឡាការិនីទាំងអស់ បន្ដចូលរួមសកម្មភាពកីឡាជាប្រចាំ ដើម្បីលើកកម្ពស់សុខភាព កសាងចរិតលក្ខណៈល្អ និងរួមចំណែកអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន ស្របតាមបាវចនាអូឡាំពិក៖ «លឿនជាង មាំមួនជាង ខ្ពស់ជាង-រួមគ្នា»។ទន្ទឹមជាមួយការត្រៀមរៀបចំទិវាអូឡាំពិកប្រចាំឆ្នាំ នាចុងសប្ដាហ៍នេះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងមានវេទិកាអត្តពលិកជាតិ ជាលើកទី២ នៅថ្ងៃជាមួយគ្នា ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីឆ្នើមៗ រួមជាមួយសិស្សានុសិស្សជាច្រើន ដែលវេទិកានេះ នឹងផ្ដោតលើប្រធានបទ ស្ដីពីការត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក របស់ក្រុមអត្តពលិកកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា

Jamie Leweling សន្យាកាត់សក់តាម Ronaldo Nazario ប្រសិនបើអាល្លឺម៉ង់ឈ្នះ World Cup

2026/06/25 05:20:55 pm        181
ខ្សែបម្រើក្រុមជម្រើសជាតិអាល្លឺម៉ង់ Jamie Leweling បានបង្កការចាប់អារម្មណ៍នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីសន្យាថា គេនឹងកាត់សក់តាមម៉ូដដ៏ល្បីរបស់វីរបុរសបាល់ទាត់ប្រេស៊ីល Ronaldo Nazário ប្រសិនបើអាល្លឺម៉ង់អាចឈ្នះពានរង្វាន់ World Cup ឆ្នាំនេះបាន។ការលើកឡើងនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ បន្ទាប់ពី Leweling បានផ្លាស់ប្តូររូប Profile នៅលើបណ្តាញសង្គមរបស់ខ្លួនទៅជារូបដែលបង្កើតដោយបច្ចេកវិទ្យា AI ដោយបង្ហាញរូបគេជាមួយម៉ូដសក់រាងត្រីកោណនៅផ្នែកខាងមុខ ដែលជាម៉ូដសក់ដ៏ល្បីរបស់ Ronaldo ក្នុងព្រឹត្តិការណ៍ World Cup 2002 នៅកូរ៉េ និងជប៉ុន។Ronaldo ដែលបានជួយប្រេស៊ីលឈ្នះជើងឯកពិភពលោកឆ្នាំ ២០០២ ជាមួយម៉ូដសក់ដ៏លេចធ្លោនោះ បានផ្ញើអាវក្រុមជម្រើសជាតិប្រេស៊ីលដែលមានហត្ថលេខាផ្ទាល់របស់លោកជូន Leweling បន្ទាប់ពីបានដឹងអំពីរូប Profile ដ៏គួរឱ្យអស់សំណើចនេះ។Leweling បានបង្ហាញអាវដែលមានហត្ថលេខារបស់ Ronaldo នៅក្នុងសន្និសីទសារព័ត៌មាន និងនិយាយថា «ខ្ញុំគិតថាមនុស្សគ្រប់គ្នាបានឃើញហើយថា ខ្ញុំបានផ្លាស់ប្តូររូប Profile មុនពេល World Cup ចាប់ផ្តើម។ វាជាម៉ូដសក់របស់ Ronaldo ហើយដំបូងគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះ។ ប៉ុន្តែវាទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតដល់ Ronaldo ពិតប្រាកដបានផ្ញើអាវឱ្យខ្ញុំ។ នេះធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់»។ខ្សែបម្រើវ័យក្មេងរូបនេះក៏បានប្តេជ្ញាថា ប្រសិនបើអាល្លឺម៉ង់ឈ្នះជើងឯក World Cup 2026 គេនឹងកាត់សក់តាម Ronaldo ភ្លាមៗ។«នៅសល់ការប្រកួតជាច្រើនទៀតមុនឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ប៉ុន្តែបើយើងអាចឈ្នះវគ្គផ្តាច់ព្រ័ត្រ ខ្ញុំនឹងកាត់សក់បែបនោះជាក់ជាមិនខាន។ នេះជាការសន្យារបស់ខ្ញុំចំពោះប្រទេសអាល្លឺម៉ង់»។សម្រាប់ដំណើរនៅ World Cup ឆ្នាំនេះ ក្រុមជម្រើសជាតិអាល្លឺម៉ង់បានធានាកៅអីជាក្រុមលេខមួយក្នុងពូលរួចជាស្រេច ក្រោយយកឈ្នះកូរ៉ាសាវ និង កូតឌីវ័រនៅពីរប្រកួតដំបូង។អាល្លឺម៉ង់នឹងត្រូវប្រកួតវគ្គ ៣២ ក្រុមចុងក្រោយនៅទីក្រុង Boston ប៉ុន្តែមិនទាន់ដឹងថានឹងជួបក្រុមណានៅឡើយទេ ខណៈពួកគេនៅសល់ការប្រកួតបង្គ្រប់កិច្ចក្នុងពូលទល់នឹងអេក្វាដ័រ៕ អត្ថបទ៖នាង សុភាវុធ

លីគ U16 និង U18 ត្រឡប់មកវិញ ជាមួយរូបមន្ដថ្មី ស្រដៀងលីគកំពូលកម្ពុជា

2026/06/25 05:07:51 pm        280
ការប្រកួតជម្រើសជើងឯកលីគយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ (U16 & U18) រដូវកាលថ្មី ឆ្នាំ២០២៦ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងត្រឡប់មកវិញ នាថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ ជាមួយការប្រើប្រាស់រូបមន្ដថ្មី ស្រដៀងលីគកំពូលកម្ពុជា ដើម្បីកំណត់ក្រុមជើងឯកប្រចាំឆ្នាំ។សម្រាប់លីគយុវជនទាំង ២កម្រិតអាយុឆ្នាំនេះ មានការកើនឡើង ១ក្រុមដូចគ្នា និងមានក្រុមចំណូលថ្មីមួយចំនួន បន្ទាប់ពីអវត្តមានក្រុមសាលាតម្រង់ទិសរាជធានីភ្នំពេញ។ ចំពោះលីគយុវជន U16 គឺមានបេក្ខភាពប្រកួតប្រជែង ១១ក្រុម រួមមានក្រុមយុវជនព្រះខ័នរាជស្វាយរៀង, វិសាខា, ភ្នំពេញក្រោន, បឹងកេត, អង្គរថាយហ្គឺរ, ISI ដង្កោសែនជ័យ, សាលាបាល់ទាត់ជាតិបាទី, សាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងក្រុមចំណូលថ្មី ២ក្រុម គឺក្រុមយុវជនឡាយហ្វខេត្តព្រះសីហនុ និងក្រុមយុវជនសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ។ចំណែកការប្រកួតប្រជែងលីគយុវជន U18 គឺមានបេក្ខភាព ១១ក្រុមដូចគ្នា តែរួមមានក្រុមយុវជនព្រះខ័នរាជស្វាយរៀង, វិសាខា, ភ្នំពេញក្រោន, បឹងកេត, អង្គរថាយហ្គឺរ, ISI ដង្កោសែនជ័យ, សាលាបាល់ទាត់ជាតិបាទី, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងក្រុមចំណូលថ្មី ៣ក្រុម គឺមានក្រុមយុវជន អឹមអូអាយ កំពង់ដេវ៉ា, ឡាយហ្វខេត្តព្រះសីហនុ និងក្រុមយុវជនសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ។យោងតាមពិធីចាប់ឆ្នោតបែងចែកពូល និងបទបង្ហាញស្ដីពីការប្រកួតលីគយុវជន U16 & U18 រដូវកាលថ្មី ដែលសហព័ន្ធបានរៀបចំនាពេលថ្មីៗ សម្រាប់រូបមន្ដប្រកួតជើងឯកយុវជនឆ្នាំនេះ ខុសពីឆ្នាំមុនៗ ដោយបែងចែកជា ២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ក្រុមនីមួយៗ ត្រូវប្រកួតសន្សំពិន្ទុវិលជុំ ។ បន្ទាប់មកដំណាក់កាលទី២ សម្រាប់ក្រុមឈរលេខ១ ដល់លេខ៦ ឬបេក្ខភាព Top-6 ក្នុងដំណាក់កាលទី១ នឹងត្រូវបន្ដការប្រកួតសន្សំពិន្ទុ ១ជុំទៀត ដើម្បីកំណត់តក្រុមមានពិន្ទុច្រើនជាងគេ ក្លាយជាជើងឯក គ្រាដែលក្រុមឈរលេខ៧ ដល់លេខ៥ ឬក្រុម Bottom 5 នឹងត្រូវបន្ដប្រកួតសន្សំពិន្ទុវិលជុំដូចគ្នា ដើម្បីប្រជែងចំណាត់ថ្នាក់ល្អនៅដំណាក់កាលទី១ ដែលរូបមន្ដនេះ ស្រដៀងគ្នានឹងការប្រកួតលីគកំពូលកម្ពុជា ដែរ។គួរដឹងថា ការប្រកួតឆ្នាំ២០២៥/២៦ កន្លងទៅ លីគយុវជន U16 & U18 គឺមានបេក្ខភាពចូលរួម ១០ក្រុមដូចៗគ្នា ដោយប្រើរូបមន្ដប្រកួតសន្សំពិន្ទុ ២ជុំ ហើយក្រុមមានពិន្ទុច្រើនជាងគេ នឹងក្លាយជាជើងឯកតែម្ដង គ្រាដែលរដូវកាលមុន ពានកម្រិតយុវជនទាំងពីរ ត្រូវបានក្ដោបតំណែងជើងឯកដោយក្រុមយុវជនវិសាខាដូចគ្នា គ្រាដែលយុវជនភ្នំពេញក្រោន បានត្រឹមជើងឯករងលីគយុវជន U16 និងក្រុមយុវជនសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ទទួលបានជើងឯករងលីគយុវជន U18៕ អត្ថបទ លី ឈុនឡា

សហព័ន្ធខ្មែរកីឡាហែលទឹក ស្វាគមន៍សាធារណជន និងយុវជនខេត្តបាត់ដំបង ចូលរួមហាត់រៀនហែលទឹក ត្រៀមរៀបចំការប្រកួតធំៗ

2026/06/25 04:59:48 pm        181
បាត់ដំបង៖ សហព័ន្ធខ្មែរកីឡាហែល នាពេលថ្នីៗនេះ អំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្ដៅដល់បងប្អូនប្រជាពលរដ្ឋ យុវជន និងសាធារណជនទាំងអស់នៅក្នុងខេត្តបាត់ដំបង មកចូលរួមហាត់រៀន និងលេងកីឡាហែលទឹក ឲ្យបានផុលផុស នៅអាងហែលទឹកក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកពង្រីកធនធាន និងស្វែងរកអ្នកមានទេពកោសល្យតំណាងឱ្យខេត្ត សម្រាប់ការប្រកួតនានា។លោក ហែម គិរី អគ្គលេខាធិកាសហព័ន្ធខ្មែរកីឡាហែល បានគូសបញ្ជាក់ថា ការហាត់ហែលទឹកគឺជារឿងល្អបំផុតសម្រាប់ប្រជាពលរដ្ឋ ព្រោះវាជាបំណិនជីវិតដែលអាចជួយការពារខ្លួនពីការលង់ទឹក ឬហានិភ័យផ្សេងៗដែលមើលមិនឃើញ។ អ្វីដែលជាការពិសេសនោះ គឺនៅទីនោះមានគ្រូជំនាញចាំជួយបង្ហាត់បង្រៀន ហើយសហព័ន្ធក៏បានបញ្ជូនគ្រូបង្គោលបន្ថែមពីភ្នំពេញទៅជួយផងដែរ។ លើសពីនេះ សហព័ន្ធកំពុងពិចារណាលើផែនការផ្លាស់ប្ដូរការហ្វឹកហាត់រវាងកីឡាករពីបាត់ដំបងមកភ្នំពេញ និងពីភ្នំពេញទៅបាត់ដំបងវិញ នាពេលខាងមុខ។ដើម្បីបំផុសវិស័យកីឡាហែលទឹកតាមបណ្ដាខេត្តឱ្យកាន់តែមានភាពផុសផុល និងទាក់ទាញចំណាប់អារម្មណ៍ពីមហាជន សហព័ន្ធមានផែនការរៀបចំការប្រកួតកម្រិតយុវជនមួយនៅអាងហែលទឹកខេត្តបាត់ដំបង តាមការគ្រោងទុក ការប្រកួតនេះនឹងធ្វើឡើងនៅចន្លោះខែសីហា ឆ្នាំ២០២៦ ខាងមុខ ប៉ុន្តែបើមានលទ្ធភាពគ្រប់គ្រាន់ យើងនឹងរៀបចំឱ្យបានមុន ពោលគឺនៅក្នុងអំឡុងខែកក្កដា តែម្ដង នេះបើតាមការបញ្ជាក់បន្ថែមពី លោក លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ។សូមជម្រាបថា សម្រាប់ការបើកទ្វារជូនប្រជាពលរដ្ឋចូលរួម គឺធ្វើឡើងរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ដូចទៅនឹងពហុកីឡដ្ឋានជាតិនៅរាជធានីភ្នំពេញដែរ ដោយបែងចែកម៉ោងដូចជា ពេលព្រឹកចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ ម៉ោង ១១:០០ ថ្ងៃត្រង់ និង ពេលរសៀលចាប់ពីម៉ោង ១:០០ រសៀល ដល់ ម៉ោង ៦:០០ ល្ងាច៕

ភាពយន្តឯកសារថ្មីស្រាវជ្រាវអាថ៌កំបាំងអាវខៀវដ៏ល្បីរបស់ Maradona នៅ World Cup 1986

2026/06/25 04:53:59 pm        171
អាវពណ៌ខៀវដ៏ល្បីល្បាញរបស់ Diego Maradona ដែលបច្ចុប្បន្នមានតម្លៃរហូតដល់ ៩.២៨ លានដុល្លារក្នុងការដេញថ្លៃ អាចមានប្រភពចេញពីទីផ្សារតូចមួយក្នុងសង្កាត់ Tepito នៃទីក្រុង Mexico City ប្រទេសម៉ិកស៊ិក នេះបើយោងតាមភាពយន្តឯកសារថ្មីមួយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ផលិតករភាពយន្តជនជាតិអង់គ្លេស លោក Phidel McCabe ដែលកំពុងរស់នៅទីក្រុង Mexico City បានបង្កើតភាពយន្តឯកសារមួយមានចំណងជើងថា “El Diez: Made in Tepito” ដើម្បីស្វែងរកការពិតនៅពីក្រោយអាវដែល Maradona ពាក់ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ World Cup ឆ្នាំ ១៩៨៦ ទល់នឹងអង់គ្លេស។ការប្រកួតនោះបានក្លាយជាប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក បន្ទាប់ពី Maradona ស៊ុតបញ្ចូលទីពីរគ្រាប់ដ៏ល្បី គឺគ្រាប់បាល់ “Hand of God” និង “Goal of the Century” នៅកីឡដ្ឋាន Azteca នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៨៦។យោងតាមប្រភពពីក្រុមជម្រើសជាតិអាហ្សង់ទីន ក្រុមបានផ្លាស់ប្តូរអាវជាមួយក្រុមអ៊ុយរូហ្គាយបន្ទាប់ពីការប្រកួតមុន ហើយត្រូវការអាវពណ៌ខៀវថ្មីជាបន្ទាន់សម្រាប់ជំនួបទល់នឹងអង់គ្លេស។ ដូច្នេះ ពួកគេត្រូវបានគេរាយការណ៍ថាបានទៅរកទិញអាវនៅទីផ្សារ Tepito ដែលល្បីឈ្មោះជាផ្សារដែលមានលក់អ្វីៗគ្រប់យ៉ាង។លោក McCabe បាននិយាយថា លោកបានចាប់អារម្មណ៍លើរឿងនេះ បន្ទាប់ពីបានអានអត្ថបទមួយរបស់ ESPN ហើយក្នុងនាមជាអ្នកគាំទ្រ Maradona ម្នាក់ លោកបានចាប់ផ្តើមចុះស្រាវជ្រាវដោយផ្ទាល់នៅទីផ្សារ Tepito។ទោះជាយ៉ាងណា រឿងរ៉ាវនេះនៅតែស្ថិតក្នុងភាពចម្រូងចម្រាស ដោយមានទាំងការគាំទ្រ ការសង្ស័យ និងការបកស្រាយខុសៗគ្នា សូម្បីតែក្នុងចំណោមប្រជាជននៅទីក្រុង Mexico City ផ្ទាល់ក៏ដោយ។លោក McCabe បានបញ្ជាក់ថា៖ «សូម្បីតែអ្នករស់នៅទីនេះក៏មិនប្រាកដថា រឿងនេះជាការពិតឬអត់ដែរ។ នោះហើយជាមូលហេតុដែលធ្វើឱ្យខ្ញុំកាន់តែចង់ស្វែងរកការពិត»។ភាពយន្តឯកសារនេះផ្តោតលើរយៈពេល ៦ ថ្ងៃរវាងការប្រកួតរបស់អាហ្សង់ទីនទល់នឹងអ៊ុយរូហ្គាយនៅទីក្រុង Puebla និងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយទល់នឹងអង់គ្លេសនៅទីក្រុង Mexico City។ជាផ្នែកមួយនៃការផ្សព្វផ្សាយភាពយន្ត សិល្បការិនី Ana Xhopa មកពីរដ្ឋ Oaxaca បានគូរផ្ទាំងគំនូរធំមួយ ដើម្បីរំលេចតួនាទីរបស់សហគមន៍ Tepito និងពាណិជ្ជករក្នុងតំបន់។ នាងបានលើកឡើងថា រឿងនេះមិនមែនត្រឹមជាប្រវត្តិសាស្ត្ររបស់ FIFA តែប៉ុណ្ណោះទេ ប៉ុន្តែក៏ជារឿងរ៉ាវរបស់ពាណិជ្ជកម្មក្នុងស្រុក និងប្រជាជនម៉ិកស៊ិក ដែលបានចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រផងដែរ៕ អត្ថបទ៖នាង សុភាវុធ

ពូល C៖ ប្រេស៊ីល និងម៉ារ៉ុក ឈ្នះរៀងខ្លួនបន្តដំណើរឡើងវគ្គ៣២ ក្រុមចុងក្រោយ

2026/06/25 04:41:07 pm        230
ក្រុមជម្រើសជាតិប្រេស៊ីល និង ម៉ារ៉ុកបានកក់កៅអីទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយនៃការប្រកួត 2026 FIFA World Cup បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រកួតចុងក្រោយនៃពូល C។ក្នុងការប្រកួតនៅទីក្រុង Miami សហរដ្ឋអាមេរិក ក្រុមប្រេស៊ីលបានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយយកឈ្នះ ស្កុតឡែនក្នុងលទ្ធផល ៣-០។ ខ្សែប្រយុទ្ធ Vinícius Júnior រកបាន ២ គ្រាប់ ខណៈ Matheus Cunha បន្ថែម ១ គ្រាប់ទៀត ដើម្បីធានាឱ្យក្រុមសាំបាប្រេស៊ីលឈរនៅកំពូលតារាងពូល C ដោយមិនស្គាល់ពាក្យថាចាញ់រួមមានឈ្នះ ២ ស្មើ ១។ការប្រកួតនេះដែរក៏មានការបង្ហាញខ្លួនដំបូងរបស់ Neymar ផងដែរ ដែលបានផ្លាស់ប្តូរចូលជំនួស Matheus Cunha នៅនាទីទី ៧៦។ទន្ទឹមនឹងនេះ នៅការប្រកួតមួយទៀត ក្រុមម៉ារ៉ុកបានវាយបកយ៉ាងអស្ចារ្យ យកឈ្នះហៃទីក្នុងលទ្ធផល ៤-២។ ទោះបីត្រូវហៃទីនាំមុខពីរលើកក៏ដោយ ក៏កីឡាកររបស់ម៉ារ៉ុកអាចស៊ុតតាមស្មើ និងវាយបកយកជ័យជម្នះវិញបាន ដោយគ្រាប់បាល់សម្រេចដោយ Achraf Hakimi, Ismael Saibari, Soufiane Rahimi និង Gessime Yassine។ ក្រោយបញ្ចប់ការប្រកួតក្នុងពូល C ប្រេស៊ីល និងម៉ារ៉ុកមាន ៧ ពិន្ទុស្មើគ្នា ប៉ុន្តែប្រេស៊ីលឈរលេខ ១ ដោយសារមានគ្រាប់បាល់ចំណេញល្អជាង ខណៈម៉ារ៉ុកបញ្ចប់នៅចំណាត់ថ្នាក់លេខ ២។ ចំណែកស្កុតឡែននៅមានសង្ឃឹមស្តួចស្តើង ឡើងវគ្គបន្តដោយមាន ៣ ពិន្ទុត្រូវរង់ចាំការប្រកួតក្នុងពូលទាំងអស់បញ្ចប់ និងអ៊ុតមើលចំណាត់ថ្នាក់ក្រុមលេខ ៣ ល្អបំផុត ៨ ក្នុងចំណោម ១២ តែហៃទី ត្រូវបញ្ចប់ដំណើរត្រឹមវគ្គចែកពូល៕ អត្ថបទ៖នាង សុភាវុធ

កូឡុំប៊ីយកឈ្នះកុងហ្គោ ១-០ ធានាកៅអីឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026

2026/06/24 07:37:47 pm        250
ក្រុមជម្រើសជាតិកូឡុំប៊ីបានបន្តបង្ហាញទម្រង់លេងដ៏រឹងមាំនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោយយកឈ្នះក្រុមសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) ក្នុងលទ្ធផល ១-០នៃការប្រកួតពូល K ដែលធ្វើឡើងនៅកីឡដ្ឋាន Estadio Guadalajara ប្រទេសម៉ិកស៊ិក។ការប្រកួតមានភាពតានតឹងខ្លាំង ដោយកូឡុំប៊ីគ្រប់គ្រងបាល់ និងបង្កើតឱកាសវាយលុកជាច្រើនលើក ប៉ុន្តែត្រូវជួបការការពារដ៏រឹងមាំពីក្រុមកុងហ្គោ និងការសង្គ្រោះបាល់យ៉ាងល្អរបស់អ្នកចាំទី Lionel Mpasi។បន្ទាប់ពីការព្យាយាមជាច្រើនលើក ទីបំផុតគ្រាប់បាល់ជ័យជម្នះបានកើតឡើងនៅនាទីទី ៧៦ នៅពេលខ្សែការពារ Daniel Muñoz ស៊ុតបញ្ចូលទីបានសម្រេច ក្រោយទទួលបាល់បញ្ជូនយ៉ាងល្អពី Juan Quintero។ចំណែកឯក្រុមកុងហ្គោ ដែលបានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលក្រោយស្មើជាមួយព័រទុយហ្គាល់ ១-១ ក្នុងប្រកួតបើកឆាក បានព្យាយាមវាយបកនៅវគ្គទីពីរ ប៉ុន្តែមិនអាចបង្កើតឱកាសគ្រោះថ្នាក់គ្រប់គ្រាន់ដើម្បីតាមស្មើបានឡើយ។ជ័យជម្នះនេះធ្វើឱ្យកូឡុំប៊ីមាន ៦ ពិន្ទុពីការប្រកួត ២ លើក និងស្ថិតក្នុងទីតាំងល្អសម្រាប់ការប្រជែងកៅអីទៅកាន់វគ្គ ៣២ ក្រុមខណៈកុងហ្គោនៅមាន ១ ពិន្ទុ និងត្រូវការបីពិន្ទុក្នុងប្រកួតចុងក្រោយដើម្បីរក្សាក្តីសង្ឃឹមឡើងវគ្គបន្ត៕

ក្រូអាស៊ីស្រោចស្រង់ក្តីសង្ឃឹមឡើងវគ្គ ៣២ ក្រុមក្រោយយកឈ្នះប៉ាណាម៉ា ១-០

2026/06/24 07:33:12 pm        225
ក្រុមជម្រើសជាតិក្រូអាស៊ីនៅតែរក្សាឱកាសឆ្ពោះទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីយកឈ្នះប៉ាណាម៉ាក្នុងលទ្ធផល ១-០ នៅទីក្រុង Toronto ប្រទេសកាណាដា និងទទួលបាន ៣ ពិន្ទុដំបូងរបស់ខ្លួនក្នុងពូល L។គ្រាប់បាល់ជ័យជម្នះរបស់ក្រូអាស៊ីកើតឡើងនៅនាទីទី ៥៤ ដោយកីឡាករបម្រុង Ante Budimir ដែលបានបញ្ចប់ទីយ៉ាងល្អត្រឹម ៩ នាទីក្រោយសម្រាកវគ្គទីមួយ។ជ័យជម្នះនេះមិនត្រឹមតែជួយឱ្យក្រូអាស៊ីបន្តក្ដីសង្ឃឹមឡើងទៅវគ្គបន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ចប់ក្ដីសង្ឃឹមរបស់ប៉ាណាម៉ាក្នុងការប្រជែងកៅអីវគ្គបន្ទាប់ផងដែរ បន្ទាប់ពីពួកគេចាញ់ទាំងពីរប្រកួតដំបូងក្នុងពូល។លទ្ធផលនេះក៏បានធ្វើឱ្យការបង្ហាញខ្លួនជាលើកទី ២០០ ក្នុងក្រុមជម្រើសជាតិរបស់ប្រធានក្រុម Luka Modric បញ្ចប់ទៅដោយភាពរីករាយ។ ខ្សែបម្រើវ័យ ៤០ ឆ្នាំរូបនេះ បានក្លាយជាកីឡាករបុរសទី ៤ ក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ ដែលអាចឈានដល់ការបង្ហាញខ្លួនចំនួន ២០០ ប្រកួតឱ្យក្រុមជម្រើសជាតិ។ប្រកួតបន្ទាប់ក្រូអាស៊ី នឹងត្រូវជួបក្រុមហ្គាណា ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូលនៅទីក្រុង Philadelphia នៅព្រឹកថ្ងៃអាទិត្យ។ ចំណែកឯក្រុមប៉ាណាម៉ា នឹងត្រូវជួបក្រុមអង់គ្លេសក្នុងការប្រកួតបិទបញ្ចប់វគ្គចែកពូល ដែលនឹងធ្វើឡើងក្នុងពេលតែមួយនៅរដ្ឋ New Jersey៕អត្ថបទ៖នាង សុភាវុធ

អង់គ្លេសធ្វើអ្វីហ្គាណាមិនចេញ ខណៈកៅអីវគ្គ ៣២ ក្រុមចុងក្រោយត្រូវរង់ចាំដល់ប្រកួតទីបី

2026/06/24 07:27:47 pm        773
ក្រុមជម្រើសជាតិអង់គ្លេសមិនអាចបន្តទម្រង់លេងដ៏ល្អដែលបានយកឈ្នះក្រូអាស៊ីក្នុងប្រកួតដំបូង ៤-២ នៅ FIFA World Cup 2026 បានទេ បន្ទាប់ពីធ្វើឱ្យក្រុមហ្គាណាមិនចេញបានត្រឹមស្មើគ្នា ០-០ នៅទីក្រុង Boston។ក្រុមរបស់លោក Thomas Tuchel បានឈានជើងចូលប្រកួតដោយដឹងថា ជ័យជម្នះនឹងធានាកៅអីទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ។ ទោះជាយ៉ាងណា ពួកគេមិនអាចទម្លុះខ្សែការពារដ៏រឹងមាំ និងការរៀបចំក្រុមយ៉ាងមានវិន័យរបស់ហ្គាណាបានឡើយ។ពេញមួយការប្រកួត អង់គ្លេសគ្រប់គ្រងបាល់បានច្រើន និងព្យាយាមបង្កើតឱកាសស៊ុតបញ្ចូលទីជាច្រើនលើក ប៉ុន្តែការការពារដ៏មានប្រសិទ្ធភាពរបស់ហ្គាណាបានធ្វើឱ្យក្រុមតោកំណាចទាំងបីមិនអាចរកគ្រាប់បាល់ជ័យជម្នះបាន។លទ្ធផលស្មើនេះមានន័យថា អង់គ្លេសនៅតែឈរនៅកំពូលតារាងពូល L ប៉ុន្តែមិនទាន់ធានាការឡើងទៅវគ្គបន្តនៅឡើយទេ។ ពួកគេនឹងត្រូវរង់ចាំការប្រកួតចុងក្រោយក្នុងវគ្គចែកពូល ដើម្បីដឹងថាបានទៅវគ្គ ៣២ ក្រុមរឺអត់។ប្រកួតបន្ទាប់ អង់គ្លេសនឹងត្រូវជួបក្រុមប៉ាណាម៉ា នៅរដ្ឋ New Jersey ព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈហ្គាណានឹងធ្វើដំណើរទៅកាន់ទីក្រុង Philadelphia ដើម្បីប្រកួតជាមួយក្រូអាស៊ី។ ការប្រកួតទាំងពីរនឹងចាប់ផ្តើមក្នុងពេលតែមួយ ហើយនឹងកំណត់ជោគវាសនារបស់ក្រុមក្នុងពូល L សម្រាប់ការឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចំនួនអ្នកត្រូវបានចាប់ខ្លួន និងករណីចូលលួចទំនិញក្នុងហាងកើនឡើង ខណៈការតវ៉ាដ៏ហិង្សានៅបារាំងពុំទាន់ចប់
10/26/2026 10:10 AM
បេក្ខជនប្រធានាធិបតីប្រេស៊ីល Bolsonaro ទាត់ចោលលទ្ធផល ហើយថាការបោះឆ្នោតនេះគឺមិនអាចទទួលយកបាន
10/26/2026 10:10 AM
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចបើកសម័យប្រជុំព្រឹទ្ធសភាលើកទី៦ នៅព្រឹកនេះ ដើម្បីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី និងស្តាប់របាយការណ៍លទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦
10/26/2026 09:10 AM
[BREAKING NEWS] លោក Lula ឈ្នះអាណត្តិទី ៤ ជាប្រធានាធិបតីប្រេស៊ីល ក្រោយទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលប្រវត្តិសាស្ត្រ លើលោក Flávio Bolsonaro
10/26/2026 08:10 AM
ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM