កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

ព័ត៌មានកីឡា

ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន

2026/06/26 08:11:50 pm        399
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានប្រកាសបញ្ជីឈ្មោះផ្លូវការ នូវកីឡាការិនី ២៣រូប ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមប្រជែងជើងឯកពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ។ជាមួយការកោះហៅកីឡាការិនី ត្រៀមការប្រកួតផ្លូវការ ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី នេះ គេឃើញមានការផ្លាស់ប្ដូរកីឡាការិនីថ្មីៗមួយចំនួន បើធៀបបញ្ជីឈ្មោះក្រុម ដែលទើបប្រមូលផ្ដុំប្រកួតមិត្តភាពអន្ដរជាតិ ទល់ក្រុមជម្រើសជាតិសិង្ហបុរី និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កាលពីថ្មីៗ។ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រៅពីកីឡាករក្នុងស្រុក ដែលកំពុងលេងនៅលីគនារីកម្ពុជា មានកីឡាការិនីកូនកាត់ខ្មែរនៅបរទេស ២រូប ក៏ត្រូវបានកោះហៅផងដែរ គឺមានកីឡាការិនីកូនកាត់ខ្មែរ-កាណាដា ឈីវ សាលីណា ពិសេសកូនខ្មែរកាត់អាមេរិក សាំង រ៉ូសានហ្គីនដូលីន ដែលទើបកោះហៅលើកដំបូង ត្រៀមយុទ្ធនាការដ៏សំខាន់នាពេលដ៏ខ្លីខាងមុខ។ដូលីន ត្រូវបានចាត់ទុកជាឈាមថ្មី សម្រាប់ក្រុមគោព្រៃផ្នែកនារីកម្ពុជា ។ បច្ចុប្បន្នខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះ គឺជាសមាជិកក្រុមបាល់ទាត់សកលវិទ្យាល័យ Pacific University នៅសហរដ្ឋអាមេរិក។ អ្នកគាំទ្ររំពឹងការមកដល់របស់កីឡាការិនីខ្មែរ-អាមេរិករូបនេះ គួបផ្សំជាមួយកីឡាការិនី ឈីវ សាលីណា ដែលមានបទពិសោធន៍ជួយក្រុមជម្រើសជាតិច្រើនដង និងកីឡាការិនីក្នុងស្រុក ដែលកំពុងមានការវិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ នឹងជំរុញឲ្យក្រុមត្រៀមខ្លួនបានកាន់តែល្អ ដើម្បីប្រកួតប្រជែងពានរង្វាន់ ASEAN Women’s Cup នៅទឹកដីម៉ាឡេស៊ី នាខែកក្កដាខាងមុខ។សម្រាប់បេសកកម្មចូលរួមការប្រកួតពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នេះដែរ ក្រុមជម្រើសជាតិនារីកម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី និងទីម័រខាងកើត ខណៈពូលA មានក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ កាលពីឆ្នាំ២០២៤ ក្រុមបាល់ទាត់នារីកម្ពុជា ធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាននេះ ដោយបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែសោកស្ដាយបានចាញ់ក្រុមឥណ្ឌូនេស៊ី ៣-១ បានត្រឹមជើងឯករងប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា

Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប

2026/06/26 08:01:02 pm        291
ក្លិបបាល់ទាត់ Manchester City បានឈានដល់កិច្ចព្រមព្រៀងជាមួយ Nottingham Forest ក្នុងការផ្ទេរខ្សែបម្រើអង់គ្លេស Elliot Anderson ក្នុងតម្លៃ ១១៦លានផោន (ប្រមាណ ១៥៣លានដុល្លារអាមេរិក) ដែលនឹងក្លាយជាការផ្ទេរមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ប្រសិនបើការផ្ទេរត្រូវបានបញ្ចប់ជាផ្លូវការ។យោងតាមសារព័ត៌មាន BBC ការផ្ទេរនេះនឹងបំបែកកំណត់ត្រាចាស់របស់ Manchester City ដែលបានចំណាយ ១០០លានផោន ដើម្បីទិញ Jack Grealish ពី Aston Villa កាលពីឆ្នាំ២០២១។ ទន្ទឹមនឹងនេះ វាក៏នឹងក្លាយជាការលក់កីឡាករដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ Nottingham Forest ផងដែរ។Anderson វ័យ ២៣ឆ្នាំ កំពុងស្ថិតនៅជាមួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ហើយបានចូលលេងជម្រើសដំបូងទាំងពីរប្រកួត ដោយជួយអង់គ្លេសយកឈ្នះក្រូអាស៊ី ៤-២ និងស្មើហ្គាណា ០-០។ បច្ចុប្បន្ន អង់គ្លេសកំពុងឈរកំពូលតារាងពូល L និងត្រៀមជួបប៉ាណាម៉ា នៅទីក្រុង New Jersey នាថ្ងៃអាទិត្យខាងមុខ។Anderson គឺជាយុវជនដែលធំធាត់ចេញពីថ្នាលបណ្តុះបណ្តាលរបស់ Newcastle United មុនពេលផ្ទេរទៅ Nottingham Forest ក្នុងតម្លៃ ៣៥លានផោន កាលពីឆ្នាំ២០២៤។ ចាប់តាំងពីពេលនោះមក គេបានបង្ហាញខ្លួនសរុប ៩២ប្រកួត ស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១១លើក នៅក្នុងក្របខណ្ឌ Premier League។សម្រាប់ Manchester City ការផ្ទេរ Anderson ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការកសាងក្រុមឡើងវិញ បន្ទាប់ពីលោក Pep Guardiola បានបញ្ចប់អាជីពដឹកនាំដ៏ជោគជ័យរយៈពេល ១០ឆ្នាំជាមួយក្លិប។ City ដែលបានបញ្ចប់រដូវកាលមុនក្នុងចំណាត់ថ្នាក់លេខ២ ពីក្រោម Arsenal កំពុងឈានចូលយុគសម័យថ្មី ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី៕ អត្ថបទ៖នាង សុភាវុធ

តេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត

2026/06/26 07:53:43 pm        357
ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ នឹងបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ រវាងបេក្ខភាពទាំង ៦ក្រុម នាថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ ដើម្បីកំណត់បេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលអ្នកគាំទ្រចង់ឃើញក្រុមវិសាខា ជួបបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត នៅវគ្គបន្ទាប់។បច្ចុប្បន្នក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃ គ្រាដែលក្រសួងមហាផ្ទៃ ទើបរកបាន ១ពិន្ទុ និងក្រុមមិនទាន់មានពិន្ទុរាប់ ស្នងការនគរបាលខេត្តកោះកុង ស្ទើរអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ។ ចំណែកបេក្ខភាព ៤ក្រុមទៀត កំពុងមានពិន្ទុប្រដេញគ្នា រួមមានក្រុមកំពូលតារាងវិសាខា មាន ៨ពិន្ទុ, ក្រុមស្នងការនគរបាលខេត្តស្វាយរៀង ឈរលេខ២ មាន ៧ពិន្ទុ, បញ្ជាការដ្ឋានអង្គរក្ស ឈរលេខ៣ មាន ៦ពិន្ទុ និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ឈរលេខ៤ មាន ៥ពិន្ទុ។សម្រាប់កម្មវិធីប្រកួតនៅសល់ រួមមាននៅថ្ងៃទី២៧ ខែមិថុនាស្អែក ក្រុមស្នងការនគរបាលខេត្តកោះកុង ត្រូវជួបក្រុមក្រសួងមហាផ្ទៃ, វិសាខា ជួបស្នងការនគរបាលរាជធានីភ្នំពេញ និងក្រុមស្នងការនគរបាលខេត្តស្វាយរៀង ជួបក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស ដែលជាគូប្រកួតដ៏ទាក់ទាញជាងគេ ក្នុងចំណោមការប្រកួតសេសសល់។រីឯការប្រកួតនៅថ្ងៃទី២៨ ខែមិថុនា មាន ៣គូដូចគ្នា រួមមានក្រុមវិសាខា ជួបស្នងការនគរបាលខេត្តកោះកុង, ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ជួបក្រុមស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមក្រសួងមហាផ្ទៃ ជួបក្រុមបញ្ជាការដ្ឋានអង្គរក្ស។ ការប្រកួតនឹងធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)តែមួយគត់ ចាប់ពីម៉ោង ២រសៀលតទៅ។ទន្ទឹមនឹងការឈានដល់ការប្រកួតសប្ដាហ៍កាត់សេចក្ដីនេះ អ្នកគាំទ្ររំពឹងក្រុមខ្លាំងពីរ ពោលគឺវិសាខា និងបញ្ជាការដ្ឋានអង្គរក្ស នឹងអាចជួបគ្នាជាថ្មី ពិសេសបើបានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រកាន់តែកក្រើក ដ្បិតពួកគេស្ទើរមិនគួរឲ្យជឿ ក្រោយវិសាខា យកឈ្នះក្រុមជើងឯក ២សម័យបញ្ជាការដ្ឋានអង្គរក្ស ដាច់ ៣-០ ក្នុងជំនួបជុំទី២ កាលពីចុងសប្ដាហ៍មុន។មានរឿងរ៉ាវមួយចំនួន ដែលក្រុមទាំងពីរ អាចជួបគ្នាម្ដងទៀត ករណីក្រុមទាំងពីរ មានមួយក្រុមឈរលេខ១ និងមួយក្រុមទៀត ឈរលេខ២ ក្រោយបញ្ចប់ជុំទី២ នោះក្រុមទាំងពីរ នឹងបានប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ តែបើសិនចប់ជុំទី១ មានក្រុមមួយឈរលេខ១ ហើយក្រុមួយទៀត ឈរលេខ២ ឬលេខ៣ លុះត្រាក្រុមទាំងពីរ អាចយកឈ្នះគូប្រជែងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទើបអាចមានឱកាសជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត។យ៉ាងណានេះ គ្រាន់តែជាការសន្និដ្ឋាន និងទស្សនរបស់អ្នកគាំទ្រ ខណៈអ្វីៗត្រូវរង់ចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយ ដើម្បីកំណត់ក្រុម Top-4 ដែលត្រូវលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងបន្ដការប្រកួតនាថ្ងៃទី១ ខែកក្កដា មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកម្ចាស់ជើងឯកតេជោលីគ រដូវកាលទី៣ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ៕អត្ថបទ លី ឈុនឡា

អ្នកគាំទ្របាល់ទាត់ជ្រើសរើសស្នាក់នៅរថយន្ត Camper Van ដើម្បីសន្សំថវិកា ក្នុងអំឡុង​ព្រឹត្តិការណ៍ World Cup

2026/06/26 07:41:55 pm        327
ខណៈដែលការប្រកួតបាល់ទាត់ពិភពលោកកំពុងទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់ទៅកាន់ទីក្រុង Arlington រដ្ឋ Texas អ្នកគាំទ្រមួយចំនួនបានជ្រើសរើសការស្នាក់នៅក្នុងរថយន្ត Camper Van ជំនួសសណ្ឋាគារប្រណីត ដើម្បីកាត់បន្ថយចំណាយ និងទទួលបានបទពិសោធន៍ថ្មី។នៅជំរុំ Dallas/Arlington KOA Holiday ដែលស្ថិតនៅចម្ងាយត្រឹមប៉ុន្មានគីឡូម៉ែត្រពីកីឡដ្ឋាន Arlington តម្រូវការកន្លែងចតរថយន្ត RV បានកើនឡើងយ៉ាងខ្លាំង ខណៈអ្នកគាំទ្រស្វែងរកជម្រើសស្នាក់នៅដែលមានតម្លៃសមរម្យជាងសណ្ឋាគារ។លោក Santiago Meneses អ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីន ដែលធ្វើដំណើរជាមួយមិត្តភក្តិ ៥ នាក់ បាននិយាយថា ការជ្រើសរើសស្នាក់នៅក្នុង RV ជួយសន្សំប្រាក់បានច្រើន និងផ្តល់អារម្មណ៍ផ្សងព្រេងខុសប្លែកពីការស្នាក់នៅសណ្ឋាគារ។ការកើនឡើងនៃតម្លៃសណ្ឋាគារនៅជិតកីឡដ្ឋាន ក៏ជាមូលហេតុសំខាន់មួយផងដែរ។ យោងតាមទិន្នន័យកក់បន្ទប់ស្នាក់នៅ តម្លៃបន្ទប់សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី ១៥ ខែកក្កដា អាចឡើងដល់ជាង ៤២០ ដុល្លារក្នុងមួយយប់ ខណៈ Apartment ខ្លះមានតម្លៃលើសពី ៤,៣០០ ដុល្លារ។ សណ្ឋាគារកម្រិតមធ្យមមួយចំនួនក៏បានដំឡើងតម្លៃដល់ ៧០០ ដុល្លារក្នុងមួយយប់ផងដែរ។ផ្ទុយទៅវិញ តម្លៃស្នាក់នៅក្នុងជំរុំ KOA សម្រាប់អ្នកប្រើប្រាស់ RV មានចន្លោះពី ៥៧ ដុល្លារ ទៅ ៧៦ ដុល្លារក្នុងម្នាក់មួយយប់ ដែលទាបជាងតម្លៃសណ្ឋាគារយ៉ាងច្រើន។អ្នកគ្រប់គ្រងទូទៅនៅ KOA លោកស្រី Nona Gomez បានឱ្យដឹងថា តម្លៃស្នាក់នៅក្នុងជំរុំមិនឡើងថ្លៃពេញមួយរដូវកាលប្រកួត ហើយសម្រាប់ការប្រកួតដែលមានក្រុមអង់គ្លេស អាហ្សង់ទីន និងអូទ្រីស ចំនួនកន្លែង RV ស្ទើរតែពេញទាំងស្រុង។ក្រៅពីការសន្សំថវិកា អ្នកគាំទ្រជាច្រើនយល់ថា ការរស់នៅក្នុង Camper Van ផ្តល់ឱកាសជួបជុំ និងផ្លាស់ប្តូរវប្បធម៌ជាមួយអ្នកគាំទ្រមកពីបណ្តាប្រទេសផ្សេងៗ។លោក Leroy Behrens អ្នកគាំទ្រអាល្លឺម៉ង់ ដែលធ្វើដំណើរជាមួយឪពុករបស់គាត់ បាននិយាយថា ការស្នាក់នៅជិតកីឡដ្ឋានក៏ជួយកាត់បន្ថយចំណាយលើការធ្វើដំណើរផងដែរ។ទោះជាយ៉ាងណា ជីវិតក្នុង Camper Van ក៏មានបញ្ហាប្រឈមមួយចំនួន ដូចជាបន្ទប់ទឹករួមដែលមានមនុស្សច្រើន និងអាកាសធាតុក្តៅខ្លាំងនៅរដ្ឋ Texas។ ប៉ុន្តែអ្នកគាំទ្រភាគច្រើនយល់ថា ការលំបាកទាំងនេះមានតម្លៃសម្រាប់ឱកាសបានទស្សនាការប្រកួតដ៏អស្ចារ្យ និងគាំទ្រកីឡាករដែលពួកគេស្រឡាញ់។លោក Meneses បានបញ្ជាក់ថា៖ «យើងមិនអាចខកខាន World Cup ចុងក្រោយរបស់ Lionel Messi បានទេ មិនថាត្រូវចំណាយប៉ុន្មានក៏ដោយ»។ជាមួយគ្នានេះ លោក Behrens ក៏បានសម្ដែងការព្រួយបារម្ភចំពោះការកើនឡើងនៃការធ្វើពាណិជ្ជកម្មក្នុងវិស័យបាល់ទាត់ ដោយលើកឡើងថា កីឡាបាល់ទាត់គួរតែជារបស់អ្នកគាំទ្រគ្រប់រូប មិនមែនសម្រាប់តែអ្នកមានប៉ុណ្ណោះឡើយ៕ អត្ថបទ៖នាង សុភាវុធ

ព្រឹត្តិការណ៍កីឡាជាតិ-កីឡាជាតិជនពិការ ២០២៦នឹងត្រូវរៀបចំឱ្យកាន់តែទាក់ទាញ និងគាំទ្រជាងមុនពីមហាជន

2026/06/26 07:27:47 pm        465
ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នឹងវិលត្រឡប់មកវិញហើយ នៅចុងឆ្នាំនេះ ដោយក្រៅពីការប្រកួតបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី ក៏មានការរៀបចំពិធីបើក-បិទជាផ្លូវការជាមួយនឹងកម្មវិធីត្រៀមទុកកាន់តែទាក់ទាញ គាំទ្រពីមហាជន និងអស្ចារ្យជាងមុន។ក្នុងបទសម្ភាសន៍ក្រោយកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ កាលពីថ្មីៗនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា នេះជាកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ ដែលគ្រោងរៀបចំក្នុងខែវិច្ឆិកាខាងមុខ ដែលរៀបចំឡើងរៀងរាល់២ឆ្នាំម្តងមួយនេះ គឺជាខួបលើកទី៥ ដែលយើងនឹងត្រៀមរៀបចំលើកិច្ចការគ្រប់ទម្រង់ទាំងអស់ មុនឈានដល់ថ្ងៃរៀបចំព្រឹត្តិការណ៍តែម្តង។ឯកឧត្តមមានប្រសាសន៍ថា ក្នុងដំណើរត្រៀមនេះ យើងបានបង្កើតគណៈកម្មការ ការទទួលខុសត្រូវរបស់អង្គភាពពាក់ព័ន្ធក្រោមចំណុះអគ្គនាយកដ្ឋានកីឡា ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមសហការរៀបចំ។ អ្វីដែលយើងផ្តោត គឺប្រសិទ្ធភាពការងារនៃការរៀបចំ បទពិសោធន៍ ដោយយកចំណុចខ្វះខាតនៅក្នុងបទពិសោធន៍នៃការរៀបចំកន្លងមក មកកែសម្រួលច្នៃប្រឌិតវាឱ្យក្លាយជាលទ្ធផលល្អប្រសើរ ក្នុងន័យទទួលបានការចូលរួមឱ្យបានច្រើនកុះករ និងការគាំទ្រផងដែរ។សូមជម្រាបជូនថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦រៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានសហការការងារបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី០៦-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែប កំពង់ឆ្នាំង និងខេត្តស្វាយរៀង។ការប្រកួតកីឡាជាតិ នឹងរៀបចំលើ៣២ប្រភេទកីឡា និងត្រៀមរៀបចំប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន ៧។ ចំពោះពិធីបើកជាផ្លូវកា គ្រោងធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការនេះនឹងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកក្រសួងស្ថាប័នចំនួន៣ និង២៥រាជធានីខេត្តទូទាំងប្រទេសចូលរួមប្រមាណ ជាង ៥០០០នាក់៕

បាល់ទាត់ពិភពលោក ២០២៦៖ ពូល F ហូឡង់លេខមួយ ខណៈជប៉ុន និងស៊ុយអែតឡើងវគ្គ ៣២ ក្រុម

2026/06/26 07:09:57 pm        226
ការប្រកួតជុំចុងក្រោយនៃវគ្គចែកពូលក្នុងពូល F នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បានបញ្ចប់នៅព្រឹកនេះ ដោយក្រុមជម្រើសជាតិហូឡង់បន្តបង្ហាញភាពខ្លាំង ក្រោយយកឈ្នះទុយនីស៊ី ៣-១ ខណៈជប៉ុន និងស៊ុយអែត បញ្ចប់ដោយលទ្ធផលស្មើ ១-១ ដែលធានាឱ្យក្រុមទាំងពីរឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។ ក្នុងការប្រកួតនៅទីក្រុង Kansas ក្រុមទឹកក្រូចហូឡង់រកបានគ្រាប់បាល់នាំមុខតាំងពីនាទីទី៣ បន្ទាប់ពីខ្សែបម្រើ Ellyes Skhiri របស់ទុយនីស៊ីភ្លាត់ស៊ុតចូលទីខ្លួនឯង។ បន្ទាប់មក Brian Brobbey បន្ថែមគ្រាប់ទី២ នៅនាទីទី៧ មុនពេល Hazem Mastouri តែតបញ្ចូលទីវាយបកឱ្យទុយនីស៊ីនៅនាទីទី៥៤។ ទោះជាយ៉ាងណា ហូឡង់បានបន្ថែមមួយគ្រាប់ទៀតតាមរយៈបាល់បំប៉ោងចូលទីដោយ Anis Slimane ដែលធ្វើឱ្យការប្រកួតបញ្ចប់ដោយលទ្ធផល ៣-១។ លទ្ធផលនេះមានន័យថាហូឡង់បញ្ចប់ពូល F ជាក្រុមលេខមួយមាន ៧ ពិន្ទុឡើងវគ្គ ៣២ ក្រុមចុងក្រោយជួបម៉ារ៉ុកដែលជាក្រុមលេខពីរនៅពូល C។នៅការប្រកួតមួយទៀត ក្រុមជប៉ុន និងស៊ុយអែត ប្រកួតស្មើគ្នា ១-១។ Daizen Maeda ជាអ្នករកគ្រាប់បាល់ឱ្យជប៉ុននៅនាទីទី៥៦ ប៉ុន្តែ Anthony Elanga បានស៊ុតគ្រាប់បាល់ពីចម្ងាយយ៉ាងស្អាតតាមស្មើភ្លាមៗឱ្យស៊ុយអែត ៥ នាទីបន្ទាប់។ លទ្ធផលនេះគ្រប់គ្រាន់សម្រាប់ជប៉ុនបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ហើយនឹងត្រូវជួបជាមួយសាំបាប្រេស៊ីលនៅវគ្គ ៣២ ក្រុម ខណៈស៊ុយអែតឈរលេខ៣ និងទទួលបានកៅអីទៅវគ្គបន្ទាប់ក្នុងនាមជាក្រុមលេខបីល្អមួយក្នុងចំណោម ៨៕ អត្ថបទ៖នាង សុភាវុធ

បាល់ទាត់ពិភពលោក ២០២៦៖ បញ្ចប់ការប្រកួតពូល E បីក្រុមឡើងវគ្គ ៣២ ក្រុម

2026/06/26 06:43:36 pm        239
ការប្រកួតវគ្គចែកពូលក្នុងពូល E នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បានបញ្ចប់ជាផ្លូវការហើយ ក្រោយការប្រកួតជុំចុងក្រោយដោយ លទ្ធផលគួរឱ្យភ្ញាក់ផ្អើល ខណៈក្រុមជម្រើសជាតិអេក្វាឌ័រ បានវាយបកយកឈ្នះអាល្លឺម៉ង់ ២-១ និងក្រុមកូតឌីវ័រ បានយកឈ្នះកូរ៉ាសាវ ២-០។នៅកីឡដ្ឋាន MetLife ក្រុមអាល្លឺម៉ង់ដែលបានធានាកៅអីទៅវគ្គបន្ទាប់រួចទៅហើយ បាននាំមុខតាំងពីនាទីទី២ តាមរយៈ Leroy Sané។ ប៉ុន្តែអេក្វាឌ័របានវាយបកយ៉ាងល្អ ដោយ Nilson Angulo រកបានគ្រាប់បាល់តាមស្មើនៅនាទីទី៩ មុនពេល Gonzalo Plata ស៊ុតគ្រាប់ជ័យជម្នះនៅនាទីទី៧៨ ជួយឱ្យក្រុមរបស់ខ្លួនឈ្នះ ២-១។ នេះជាជ័យជំនះដំបូងសម្រាប់អេក្វាដ័របន្ទាប់ពីពីរប្រកួតដំបូងស្មើមួយចាញ់មួយ ហើយបួនពិន្ទុនេះបានធ្វើឱ្យក្រុមមកពីតំបន់អាមេរិកខាងត្បូងមួយនេះបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូលតែធានាបានកៅអីវគ្គ ៣២ ក្រុមចុងក្រោយ ក្នុងនាមជាក្រុមល្អបំផុតមួយក្នុងចំណោម ៨។ក្នុងការប្រកួតមួយទៀត ក្រុមកូតឌីវ័រ មិនបានបណ្តោយឱ្យឱកាសរបូតឡើយ ដោយយកឈ្នះកូរ៉ាសាវ ២-០ ដើម្បីបញ្ចប់វគ្គចែកពូលជាមួយ ៦ពិន្ទុ និងឈរលេខ២ ក្នុងពូល E តាមពីក្រោយអាល្លឺម៉ង់ ដែលមាន ៦ពិន្ទុដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ 

ភ្នំពេញក្រោន បន្ដឈ្នះសៀមរាប ត្រឹម ១-០ ខណៈស្វាយរៀង ឡើងឈរលេខ៣ នៃលីគនារី សប្ដាហ៍ទី១០

2026/06/26 06:25:18 pm        294
ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានបន្ដយកឈ្នះក្រុមសៀមរាបអេហ្វស៊ី ទាំងប្រផិតប្រផើយ ១-០ ដើម្បីរក្សាកំណត់ត្រាឈ្នះ ១០ប្រកួតជាប់គ្នា នៃលីគនារីកម្ពុជា ឆ្នាំ២០២៦ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង បានឡើងមកឈរលេខ៣ វិញ ក្រោយយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ១២-០។សម្រាប់ជំនួបជើងទី២ នៅកីឡដ្ឋានខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅ ភ្នំពេញក្រោន នៅតែមិនងាយស្រួលក្នុងការស្វែងរកគ្រាប់បាល់លើក្រុមសៀមរាបអេហ្វស៊ី ពោលគឺបានបញ្ចប់ត្រឹមជ័យជម្នះ ១-០ ដូចកាលពីជួបគ្នាជើងទី១ ។ លទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ ដ្បិតរាល់ជ័យជម្នះរបស់ភ្នំពេញក្រោន តែងរកបានលើសពី ២គ្រាប់ តែសូម្បីជួបក្រុមវិសាខា ក៏ពួកគេអាចរកបាន ៤គ្រាប់ តែពេលជួបសៀមរាបអេហ្វស៊ី គឺរកបានត្រឹម ១គ្រាប់ទាំង ២ជើង។យ៉ាងណាជ័យជម្នះនេះ បានធ្វើឲ្យភ្នំពេញក្រោន រក្សាបាននូវភាពខ្លាំងរបស់ខ្លួន ដោយបន្ដកំណត់ត្រាឈ្នះជាលើកទី១០ ក្នុងរដូវកាលនេះ ជាមួយការរកបាន ៣០ពិន្ទុ ឈរកំពូលតារាង នាំមុខក្រុមវិសាខា ដែលឈរលេខ២ រកបាន ២៣ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមណាហ្គាវើលដ៏ ដោយលទ្ធផល ៣-០ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀប បានរំកិលមកឈរលេខ៣ រកបាន ២១ពិន្ទុ នាំមុខក្រុមសៀមរាបអេហ្វស៊ី ដែលធ្លាក់ទៅឈរលេខ៤ វិញ ដោយរក្សា ១៨ពិន្ទុក្នុងដៃ។ចំណែកក្រុមបាល់ទាត់នារីបឹងកេត បានយកឈ្នះក្រុម XO United ដោយលទ្ធផល ៤-១ ដើម្បីរក្សាក្ដីសង្ឃឹមតិចតួចរបស់ខ្លួន ក្នុងការប្រជែងកៅអី Top-4 ។ បច្ចុប្បន្នបឹងកេត កំពុងឈរលេខ៥ និងមាន ១៤ពិន្ទុ ចាញ់ប្រៀបក្រុមឈរលេខ៤ ចំនួន ៤ពិន្ទុ។ រីឯការបរាជ័យរបស់ក្រុម XO United និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដជាផ្លូវការ លើកលែងក្រុមណាហ្គាវើលដ៏ ដែលសល់ឱកាសស្ដួចស្ដើងបំផុត៕ អត្ថបទ លី ឈុនឡា 

ហាង Randy's Donuts បង្កើតនំដូណាត់ពិសេស អបអរបាល់ទាត់ពិភពលោក​ទាក់ទាញ​អ្នកគាំទ្រ​បាល់ទាត់​នៅ Los Angeles

2026/06/26 06:11:46 pm        220
បរិយាកាសនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 កំពុងរីករាលដាលពេញទីក្រុង Los Angeles សូម្បីតែហាងនំដូណាត់ល្បីឈ្មោះ Randy's Donuts ក៏បានចូលរួមអបអរសាទរព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក ដោយបង្កើតនំដូណាត់រចនាបថពិសេសសម្រាប់អ្នកគាំទ្របាល់ទាត់។ហាង Randy's Donuts ដែលស្ថិតក្នុងតំបន់ Inglewood ជិតកីឡដ្ឋានការប្រកួតរវាងក្រុមជម្រើសជាតិអាមេរិក និងទួរគីបានទាក់ទាញអ្នកគាំទ្រជាច្រើនឱ្យមកទិញនំដូណាត់តុបតែងដោយពណ៌ និងរូបសញ្ញាពាក់ព័ន្ធនឹង World Cup។ម្ចាស់ហាង លោកស្រី Susan Kelegian បានឱ្យដឹងថា បរិយាកាសនៃការប្រកួតបានជំរុញឱ្យក្រុមការងារបង្កើតផលិតផលថ្មីដែលមានភាពរស់រវើក និងអាចឱ្យមនុស្សគ្រប់រូបរីករាយជាមួយស្មារតី World Cup។លោកស្រីបន្ថែមថា ការប្រកួត World Cup មិនត្រឹមតែជួយបង្កើនការច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអតិថិជនកាន់តែច្រើន ពិសេសភ្ញៀវមកពីបណ្តាប្រទេសផ្សេងៗ ដែលបានមកសាកល្បងរសជាតិនំដូណាត់ និងជួយលើកស្ទួយសកម្មភាពពាណិជ្ជកម្មក្នុងតំបន់ Inglewood ផងដែរ។លោក Iman Killebrew អ្នកគាំទ្រក្រុមជម្រើសជាតិអាមេរិក បាននិយាយថា លោកពិតជារំភើបក្នុងការគាំទ្រក្រុមជម្រើសជាតិរបស់ខ្លួន ហើយការប្រកួត World Cup បានបង្កើតបរិយាកាសសប្បាយរីករាយ និងសាមគ្គីភាពក្នុងចំណោមអ្នកគាំទ្រទូទាំងប្រទេស។ជាមួយគ្នានេះ លោក Steve Pint វិស្វករមកពីរដ្ឋ Kansas ដែលបានធ្វើដំណើរមក Los Angeles ជាមួយកូនប្រុសរបស់លោក ដើម្បីទស្សនាការប្រកួត បានបង្ហាញក្តីរំភើបយ៉ាងខ្លាំង ចាប់តាំងពី FIFA ប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះ World Cup 2026។គួរបញ្ជាក់ថា Randy's Donuts គឺជាហាងនំដូណាត់ដ៏ល្បីល្បាញមួយនៅទីក្រុង Los Angeles ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥២ និងមាននិមិត្តសញ្ញាជានំដូណាត់យក្សដាក់នៅលើដំបូលហាង។ ក្នុងអំឡុងពេល World Cup ហាងនេះរំពឹងថា នឹងបន្តទទួលបានអ្នកគាំទ្រយ៉ាងច្រើន ដែលចង់ស្វែងរកទាំងរសជាតិនំដ៏ល្បី និងបរិយាកាសនៃព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យមួយនេះ៕ អត្ថបទ៖ នាង សុភាវុធ  

ពូល A៖ ម៉ិកស៊ិកបន្តជ័យជំនះ ខណៈអាហ្វ្រិកខាងត្បូងឈ្នះកូរ៉េកក់កៅអីវគ្គ ៣២ ក្រុមចុងក្រោយ

2026/06/25 07:56:26 pm        196
ក្រុមជម្រើសជាតិម៉ិកស៊ិកបានបន្តបង្ហាញភាពខ្លាំងក្នុងពូល A នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដោយយកឈ្នះសាធារណរដ្ឋឆេកក្នុងលទ្ធផល ៣-០ នៅជំនួបចុងក្រោយនៃវគ្គចែកពូល។ជ័យជម្នះនេះបានធ្វើឱ្យម្ចាស់ផ្ទះម៉ិកស៊ិកបញ្ចប់នៅកំពូលតារាងពូល A ដោយមានកំណត់ត្រាមិនស្គាល់ពាក្យថាចាញ់ ពោលគឺឈ្នះទាំងបីប្រកួតមាន ៩ ពិន្ទុពេញ។      ម៉ិកស៊ិកបានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនយ៉ាងល្អ ដោយឈ្នះអាហ្វ្រិកខាងត្បូង ២-០ នៅប្រកួតបើកឆាក មុនបន្តយកឈ្នះកូរ៉េ ១-០ ហើយបិទវគ្គចែកពូលដោយជ័យជម្នះលើឆេក ៣-០ នេះ។បីគ្រាប់របស់ម៉ិកស៊ិកសុទ្ធតែធ្វើបាននៅវគ្គទីពីរទាំងអស់ដោយកីឡាករបីរូបរួមមាន Mateo Chavez, Julian Quinones និង Alvaro Fidalgo។នៅការប្រកួតមួយទៀត អាហ្វ្រិកខាងត្បូងបានសម្រេចគោលដៅដ៏សំខាន់របស់ខ្លួន ក្រោយយកឈ្នះកូរ៉េ ១-០។ គ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់សម្រេចបានដោយ Thapelo Maseko ជួយឱ្យក្រុមតំណាងទ្វីបអាហ្វ្រិកប្រមូលពិន្ទុគ្រប់គ្រាន់ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងពូល និងកក់កៅអីទៅវគ្គបន្ត។ការប្រកួតក្នុងពូល A មានការប្រជែងខ្លាំងរហូតដល់ជុំចុងក្រោយ ខណៈកូរ៉េនៅរង់ចាំអ៊ុតកៅអីវគ្គបន្ត តែសាធារណរដ្ឋឆេកអស់ឱកាសហើយ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចបើកសម័យប្រជុំព្រឹទ្ធសភាលើកទី៦ នៅព្រឹកនេះ ដើម្បីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី និងស្តាប់របាយការណ៍លទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦
10/26/2026 09:10 AM
[BREAKING NEWS] លោក Lula ឈ្នះអាណត្តិទី ៤ ជាប្រធានាធិបតីប្រេស៊ីល ក្រោយទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលប្រវត្តិសាស្ត្រ លើលោក Flávio Bolsonaro
10/26/2026 08:10 AM
ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM