Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

Kimi Antonelli ឈ្នះការប្រណាំង F1 Monaco Grand Prix ជាជ័យជម្នះ ៥ ទីលានជាប់គ្នា

2026/06/08 09:39:49 pm        588
កីឡាករវ័យក្មេងអ៊ីតាលី Kimi Antonelli បានបង្ហាញភាពស្ងប់ស្ងាត់ និងភាពចាស់ទុំទាំងស្ថិតក្នុងវ័យក្មេង ដោយដណ្តើមជ័យជម្នះក្នុងការប្រណាំង Formula One Monaco Grand Prix កាលពីថ្ងៃអាទិត្យ បើទោះបីជាការប្រណាំងពោរពេញដោយភាពច្របូកច្របល់ និងឧបសគ្គជាច្រើនក៏ដោយ។Antonelli វ័យ 19 ឆ្នាំ ដែលកំពុងនាំមុខក្នុងតារាងជើងឯកពិភពលោក Formula One បានចាប់ផ្តើមការប្រណាំងពីតំណែងមុខគេជាមួយរថយន្ត Mercedes និងអាចបង្កើតគម្លាតនាំមុខលើសពី ២០ វិនាទីពីគូប្រជែងរបស់ខ្លួន។យ៉ាងណាក៏ដោយ គម្លាតដ៏ធំនោះត្រូវបានលុបបំបាត់ បន្ទាប់ពីរថយន្តរថយន្តសុវត្ថិភាព Safety Car ចូលមកលើទីលាន ហើយក្រោយមកការប្រណាំងត្រូវបានផ្អាកដោយទង់ក្រហម (Red Flag) ដោយសារផ្ទាំងផ្លូវនៅកាច់ជ្រុងចុងក្រោយរងការខូចខាត ក្រោយពេលកីឡាករ Ferrari, Charles Leclerc បុករបាំងសុវត្ថិភាព។ការប្រណាំងត្រូវបានពន្យារពេលប្រមាណ ៤០ នាទីមុនពេលចាប់ផ្តើមឡើងវិញខណៈ Antonelli នៅតែរក្សាភាពនឹងនរ និងអាចបើកបរបានយ៉ាងល្អឥតខ្ចោះក្នុង ៨ ជុំចុងក្រោយ ដើម្បីក្លាយជាកីឡាករវ័យក្មេងបំផុតដែលឈ្នះការប្រណាំង Monaco Grand Prix។ចំណាត់ថ្នាក់លេខ២ បានទៅជើងឯក ៧ សម័យ Lewis Hamilton ដែលបញ្ចប់ការប្រណាំងនៅតំណែង លេខ ២នេះពីរទីលានជាប់គ្នាផងដែរ ខណៈកីឡាករ Isack Hadjar របស់ Red Bull ដណ្តើមបានចំណាត់ថ្នាក់លេខ៣។ជាមួយនឹងជ័យជម្នះនៅម៉ូណាកូ Antonelli បានឈ្នះការប្រណាំង Formula One ចំនួន ៥ លើកជាប់គ្នា ក្នុងរដូវកាលនេះ។ តាមស្ថិតិប្រវត្តិសាស្ត្រ កីឡាករគ្រប់រូបដែលធ្លាប់ឈ្នះ ៥ ប្រណាំងជាប់គ្នាក្នុងរដូវកាល Formula One សុទ្ធតែបានក្លាយជាម្ចាស់ជើងឯកពិភពលោកនៅចុងរដូវកាល ស្របពេលដែលរូបគេកំពុងនាំមុខគេក្នុងតារាងពិន្ទុជើងឯកពិភពលោកដាច់អ្នកលេខពីរ Lewis Hamilton ដល់ទៅ ៦៦ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ 

ព្រឹត្តិការណ៍បាល់ទាត់ Freestyle លំដាប់ពិភពលោកនៅកម្ពុជា បញ្ចប់ដោយជោគជ័យ និង​ការ​សាទរ​យ៉ា​ងខ្លាំង

2026/06/08 05:13:09 pm        204
ព្រឹត្តិការណ៍បាល់ទាត់ Freestyle លំដាប់ពិភពលោក WFFA Pulse Phnom Penh 2026 ​ដែលជាការប្រកួតជើងឯកអាស៊ីប៉ាស៊ីហ្វិក លើកដំបូង នៅកម្ពុជា បានប្រព្រឹត្តទៅយ៉ាងរលូន និង​ជោគ​ជ័យ ជាមួយការសាទរយ៉ាងខ្លាំងពីបណ្ដាប្រទេសចូលរួម ពិសេសម្ចាស់ជើងឯក ទាំង​វិញ្ញាសា​បុរស និងនារីតែម្ដង។ជាមួយការប្រកួតរយៈពេល ២ថ្ងៃ នៅទីលាន The King’s School – Vattanacville​ រាជ​ធានីភ្នំពេញ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុនវឌ្ឍនៈ គឺមានអត្តពលិកខ្លាំងៗមកពីជាង ១០ប្រទេសក្នុងតំបន់អាស៊ីប៉ាហ្វិកចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជាចូលរួមប្រកួតផងដែរ ទោះបីកម្ពុជា ទើបមានប្រភេទកីឡានេះក្ដី។ យ៉ាងណាក្នុងនាមម្ចាស់ផ្ទះ កម្ពុជាមានកីឡាករម្នាក់ គឺកញ្ញា យ៉ែម នារតី បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។សម្រាប់លទ្ធផលជារួម ក្រោយការប្រកួតដ៏ស្វិតស្វាញ សម្រាប់វិញ្ញាសាផ្នែកបុរស គឺកីឡាករ Jay មកពីអូស្ដ្រាលី បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះកីឡាករជប៉ុន Aki ក្នុងវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលជើងឯកផ្នែកនារី បានទៅកីឡាការិនីជប៉ុន Moe-K ដែលបានយកឈ្នះកីឡាការិនីកម្ពុជា យ៉ែម នារតី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបន្ដយកឈ្នះកីឡាការិនីឥណ្ឌា Estela នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។ក្រោយបញ្ចប់ការប្រកួតលោក Gabriel Massif ហៅ Gaby (ហ្គាប៊ី) អ្នកគ្រប់គ្រងព្រឹត្តិការណ៍សកល និងជាប្រធានផ្នែកនវានុវត្តន៍ នៃសហព័ន្ធកីឡាបាល់ទាត់ Freestyle ពិភពលោក បានលើកសរសើរពីភាពអស្ចារ្យ ទាំងការរៀបចំ និងការគាំទ្រ ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ប្រជាជនកម្ពុជា។ ទាំងអស់នេះ បានធ្វើឲ្យលោកមានការភ្ញាក់ផ្អើល ហើយលោកថា នឹងត្រឡប់មកកម្ពុជាជាថ្មី ព្រមទាំងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីឲ្យបន្ដខិតខំហ្វឹកហាត់ទៀតផង។ទន្ទឹមជាមួយគ្នាកីឡាករ Jay របស់អូស្ដ្រាលី និងកីឡាការិនី Moe-K របស់ជប៉ុន បានសម្ដែងអារម្មណ៍រីករាយដូចគ្នា បន្ទាប់ពីបានមកប្រកួតនៅកម្ពុជា និងទទួលបានជើងឯក ដើម្បីទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រលំដាប់ពិភពលោក ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានសម្ដែងការភ្ញាក់ផ្អើល ចំពោះសំណង់ដ៏ស៊ីវិល័យក្នុងទីក្រុងដ៏ទំនើប នៃព្រះរាជាណាចក្រកម្ពុជានេះផងដែរ។គួរដឹងថា ព្រឹត្តិការណ៍លំដាប់ពិភពលោក ដែលប្រជុំដោយកំពូលអត្តពលករហ្វ្រីស្តាយល៍បាល់ទាត់ ដើម្បីដណ្តើមមេដាយមាស ឡើងទៅកាន់ឆាកអន្តរជាតិនេះ គឹជាការប្រកួតផ្លូវការដ៏ធំមួយរបស់ស្ថាប័ន WFFA Pulse Series ក្នុងចំណោមការប្រកួតប្រចាំ ៥តំបន់ធំៗ រួមមាន អាស៊ី អាហ្វ្រិក អាម៉េរិកខាងជើង អាម៉េរិកខាងត្បូង និង អ៉ឺរ៉ុប ហើយកីឡាករជាប់លេខ១ លេខ២ និងលេខ៣ នឹងទទួលបានកៅអីទៅប្រជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍បាល់ទាត់ Freestyle ពិភពលោក ឆ្នាំ២០២៦ នាពេលខាងមុខ៕ អត្ថបទ លី ឈុនឡា

ពាន Soccer League មិនត្រឹមជាការផ្ដល់ឱកាស តែជា​វេទិកា​បង្ហាញ​នូវ​ស្មារតី​សាមគ្គី​ភាព​ជាតិ​ដ៏​រឹ​ងមាំ

2026/06/08 05:04:46 pm        193
ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League មិនត្រឹមជាព្រឹត្តិការណ៍ផ្ដល់ឱកាសដល់យុវជន តាម​រយៈវិស័យកីឡានោះទេ តែក៏វេទិកា​បង្ហាញ​នូវ​ស្មារតី​សាមគ្គី​ភាព​ជាតិ​ដ៏​រឹង​មាំ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ផងដែរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ថ្លែងក្នុ​ងពិ​ធី​បើក​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ពាន​រង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ កាលពីចុងសប្ដាហ៍កន្លងទៅ នៅកីឡដ្ឋានវិសាខា។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងសមាជិកសមាជិកការ ស.ស.យ.ក និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជា បានជួបជុំលេងកីឡា រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការល្អ ហើយឯកឧត្តម ក៏បានអរគុណដល់បណ្ដាសមាគម/ក្លិបបាល់ទាត់ទាំងអស់ ដែលបានខិតខំរៀបចំក្រុម និងកីឡាករ-កីឡាការិនី បានចូលរួមយ៉ាងច្រើនកុះករហូតដល់ ៦៤ក្រុម។ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា Soccer Leaguer រៀបចំឡើងក្នុងគោលបំណងបង្កើតនូវឱកាសបន្ថែមទៀត សម្រាប់យុវជនកម្ពុជា ដែលមកពីអង្គភាព ស្ថាប័ន មុខងារ និងវិជ្ជាជីវផ្សេងគ្នា និងមិនមែនជាកីឡាករអាជីព ក្នុងការជួបជុំគ្នា ស្គាល់ និងស្វែងយល់ពីគ្នា ក៏ដូចជាការរឹតចំណងសាមគ្គីភាព មិត្តភាព និងភាតរភាព តាមរយៈវិស័យកីឡា ហើយក៏ដើម្បីជំរុញទឹកចិត្តយុវជន ដែលមិនមែនជាកីឡាករអាជីព ឲ្យលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងអាចបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន នៅក្នុងវិស័យកីឡាបាល់ទាត់ ព្រមទាំងរួមចំណែកអប់រំស្មារតីយុវជនឲ្យប្រើប្រាស់ពេលវេលាទំនេរពីការសិក្សា និងការងាររបស់ខ្លួនមកលេងកីឡា ជាជាងយកពេលវេលាប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ទៀតថា ព្រឹត្តិការណ៍បាល់ទាត់ Soccer Leaguer ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «សាមគ្គីភាពជាតិរឹងមាំ» ដែលជាការផ្សារភ្ជាប់ទៅនឹងការកសាងស្មារតីជាតិ និងប្រជាជន តាមរយៈការរួបរួមសាមគ្គីជាធ្លុងមួយ គិតពីប្រយោជន៍ជាតិជាធំ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធានាភាពធន់ និងភាពរឹងមាំនៃជាតិមួយ ហើយដរាបណាស្មារតីជាតិនៅតែមួយ សាមគ្គីភាពជាតិ កាន់តែរឹងមាំ មិនមានសត្រូវណាអាចបំបែបបំបាក់ប្រទេសជាតិបានឡើយ។ ជាមួយពិធីបើកព្រឹត្តិការណ៍បាល់ទាត់ដ៏ធំប្រចាំឆ្នាំ ដែលផ្ដួចផ្ដើម និងរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានេះដែរ គឺបានប្រព្រឹត្តទៅដោយភាពរីករាយ និងបន្សល់ទុកនូវការចងចាំដ៏មានអត្ថន័យ តាមរយៈបទចម្រៀង និងការសម្តែងដ៏អស្ចារ្យ ពីសំណាក់ក្រុមរបាំពីសាលាវិចិត្រសិល្បៈ តារាចម្រៀង ក្រុមអ្នកសម្តែង ព្រមទាំងដំណើរការកម្មវិធីយ៉ាងរស់រវើកពីអ្នកកាន់កម្មវិធី ហើយតាមរយៈសំឡេង ទឹកចិត្ត និងស្មារតីគាំទ្រដ៏អស្ចារ្យនេះ នឹងនៅជាមួយវីរកងកម្លាំងជួរមុខ និងប្រជាជនភៀសសឹក គ្រប់ពេលវេលា ។ នេះបើតាមការបន្ថែមរបស់ឯកឧត្តម ហ៊ុន ម៉ានី។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Soccer League ឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានបេក្ខភាពចូលរួមសរុប ៦៤ក្រុម ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងបែងចែកជា ១៦ពូល និងក្រុមនារី ៨ក្រុម បែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជ័យលាភីតែម្ដង ។ សម្រាប់ការប្រកួតនឹងត្រូវប្រើប្រាស់ទីលានចំនួន រួមមានកីឡដ្ឋានវិសាខា, ទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងទីលានសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ(AUPP)៕ អត្ថបទ លី ឈុនឡា

ក្រោយឈ្នះសិង្ហបុរី ក្រុមបាល់ទាត់នារីកម្ពុជាត្រូវប្រកួតជាមួយឥណ្ឌូណេស៊ី មិត្តភាពអន្តរជាតិ

2026/06/08 04:44:09 pm        231
(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ត្រូវលេងមិត្តភាពអន្តរជាតិទីពីររបស់ខ្លួន ក្រោយឈ្នះក្រុមសិង្ហបុរី ៥ទល់នឹង០ ថ្ងៃទី៦ ខែមិថុនា កន្លងទៅនេះ។ជម្រើសជាតិនារីកម្ពុជា ត្រូវជួបម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ៍នេះ ដោយមានទំនុកចិត្តខ្ពស់ ត្បិតបីប្រកួតកន្លងមកកម្ពុជា ស្មើពីរប្រកួត និងចាញ់មួយប្រកួតក៏ដោយ។ មុនជួបកម្ពុជា ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី ចាញ់សិង្ហបុរី ០ទល់នឹ២។សូមបញ្ជាក់ថា៥គ្រាប់ដែលកម្ពុជា ឈ្នះសិង្ហបុរី កើតឡើងដោយកីឡាការិនី ហុក សៅឌី ពីរគ្រាប់តែឯងនៅនាទីទី១៣ និងនាទីទី១៥ កីឡាការិនី ទី សំណាង នាទីទី៣៣ កីឡាការិនី យ៉ន យឿន នាទីទី៧៨ និងគ្រាប់ចុងក្រោយដោយកីឡាការិនី វិបុល សេរីស៊ីថានាទីទី៨៤។ ទាក់ទងនឹងកីឡាការិនីជម្រើសជាតិនារី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបង្ហាញការសោកស្ដាយដែល កីឡាការិនី ទន់ គីមហុង មានរបួសដាច់សរសៃជង្គង់(ACL) ក្រោយការប្រកួតជាមួយក្រុមជម្រើសជាតិនារីសិង្ហបុរី ។សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ពីស្ថានភាពរបួសនេះ ហើយក៏បានជូនពរកីឡាការិនី ទទួលបានជោគជ័យពីការវះកាត់ និងឆាប់ជាសះស្បើយឡើងវិញ នឹងមកចូលរួមជាមួយក្រុមជម្រើសជាតិយើងជាថ្មីទៀតនៅថ្ងៃខាងមុខ៕

ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៩ឆ្នាំកម្ពុជា ត្រូវការឈ្នះអូស្ត្រាលីដើម្បីឡើងវគ្គបន្ទាប់

2026/06/08 04:36:00 pm        237
(ឥណ្ឌូណេស៊ី)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បើក​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​យុវជន​អាស៊ានអាយុក្រោម១៩ឆ្នាំ ២០២៦ ពូល C យកឈ្នះហ្វីលីពីន ៣ទល់នឹង០ ថ្ងៃ​ទី៦ ខែមិថុនា ដើម្បីប្រជែងជាមួយអូស្ត្រាលី ឡើងវគ្គបន្ត។យុវជនកម្ពុជា ត្រូវប្រកួតសម្រេចក្រុមលេខ១ក្នុងពូលជាមួយអូស្ត្រាលីថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២​៦​នេះ។ ក្រុមទាំងពីរមួយណាឈ្នះនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សូមរំលឹកថាបីគ្រាប់របស់កម្ពុជាដែលយកឈ្នះហ្វីលីពីនកើតឡើងដោយកីឡាករ ម៉ូហាម៉ាត់ សឡេស នាទីទី៤ និងនាទី១៤ គ្រាដែលគ្រាប់ទៀតបីធ្វើបានសម្រេចដោយកីឡាករ ស៊ីថា ម៉ាធើ នាទីទី៣៩។ការប្រកួតបាល់ទាត់ពាមរង្វាន់យុវជនអាស៊ានអាយុក្រោម១៩ឆ្នាំ ២០២៦ នឹងបញ្ចប់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦៕

រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់ទុកសកម្មភាពកីឡាឧត្តមសិក្សា-មធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ជា​ការ​រួម​ចំណែក​ឆ្ពោះ​ទៅ​ធ្វើម្ចាស់ផ្ទះការប្រកួតធំៗពីរ

2026/06/08 04:29:26 pm        246
ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ​២០២៦ បាន​ប្រកាស​បើក​ជា​ផ្លូវ​ការ​គ្រា​ដែលរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាវាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងរដ្ឋ និងឯកជន ដែលបាន​ខិត​ខំជំ​រុញ​សកម្ម​ភាព​កីឡា​ក្រៅ​ម៉ោង​សិក្សា និងផ្តល់អាហារូបករណ៍ដល់កីឡាករ-កីឡាការិនី។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា សកម្មភាព​ទាំង​នេះ​គឺ​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍​ធំ​ៗ​ចំនួន​ពីរ គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ និង​ការ​ប្រកួត​កីឡា​យុវជនអាស៊ី ឆ្នាំ២០៣១។ កំណែទម្រង់ដែលជាអាទិភាពដ៏សំខាន់ និងជាមុំមិនអាចខ្វះបាន ក្នុង​ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។ កីឡាមិនត្រឹមតែនាំមកនូវសុខភាព និងសាមគ្គី​ភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែវាក៏ជាកម្លាំងរុញច្រានក្នុងការកសាងធនធានមនុស្សប្រកបដោយសក្តានុពល ទាំងបញ្ញាស្មារតី និងកាយសម្បទារឹងមាំ។ ការកែទម្រង់ស៊ីជម្រៅលើវិស័យកីឡា ផ្អែកលើស្មារតីនេះ វិស័យអប់រំកាយ និងកីឡា បានបោះជំហានទៅមុខមួយកម្រិតទៀត ដោយបានបន្តកំណែទម្រង់ ៤ ចំណុចចាស់ និងបន្ថែម ២ ចំណុចថ្មី បង្កើតបានជា អាទិភាពគន្លឹះកំណែទម្រង់ស៊ីជម្រៅទាំង ៦ ចំណុចផងដែរ។ ឯកឧត្តមបានអំពាវនាវយ៉ាងទទូចដល់ភាគីពាកព័ន្ធ គឺពង្រឹងក្លិបកីឡា ជំរុញឱ្យនិស្សិតម្នាក់ លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត។ រៀបចំការប្រកួតឱ្យទៀងទាត់ បង្កើតវេទិកាវាស់ស្ទង់សមត្ថភាព និងពង្រឹងសាមគ្គីភាពក្នុងគ្រឹះស្ថានសិក្សា។ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កែលម្អទីលាន និងសម្ភារកីឡា តាមលទ្ធភាពជាក់ស្តែង និងគោលនយោបាយលើកទឹកចិត្ត ផ្តល់អាហារូបករណ៍ដល់និស្សិតដែលមានទេពកោសល្យកីឡាឆ្នើម។ យោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ របស់នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាជាតិទាំង១២ រៀបចំការប្រកួត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លើ១២ប្រភេទកីឡារួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ និងគុនដាវ ស្មើនឹង១០០វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប១៨៧៦នាក់ ស្រី៤៧៨នាក់ អញ្ជើញមកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចំនួន៤៣ ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈចំនួន១៩ និងគ្រឹះស្ថានសិក្សាឯកជនចំនួន២៤៕ 

ទីក្រុង Vancouver ប្រទេសកាណាដាត្រៀមខ្លួនរួចរាល់ ​ក្នុងការ​ទទួល​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភព​លោក

2026/06/05 07:05:42 pm        246
ទីក្រុង Vancouver ប្រទេសកាណាដាកំពុងបង្កើនសកម្មភាពត្រៀមទទួលការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ដោយបានដាក់បង្ហាញស្នាដៃតុបតែងដ៏ទាក់ទាញជាច្រើន ដើម្បីបង្កើតបរិយាកាសអបអរសាទរមុនការប្រកួតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។ក្នុងចំណោមគម្រោងសំខាន់ៗ អគារ Science World ត្រូវបានបម្លែងទៅជា “The Beautiful Dome” ដែលជាការចម្លងគ្រាប់បាល់ប្រកួតផ្លូវការរបស់ព្រឹត្តិការណ៍ Adidas Trionda ក្នុងទម្រង់ 360 ដឺក្រេដ៏ធំសម្បើម។ការដំឡើងនេះប្រើបន្ទះពិសេសចំនួន ១៣១ ផ្ទាំង បំពាក់ជុំវិញរចនាសម្ព័ន្ធអង្កត់ផ្ចិត ៤០ ម៉ែត្រ។ ឈ្មោះ “Trionda” មានន័យថា “រលកបី” ជាភាសាអេស្ប៉ាញ ដែលតំណាងឱ្យការសហការរវាងប្រទេសម្ចាស់ផ្ទះរួមទាំងបី គឺ សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយបង្ហាញពីសាមគ្គីភាពឆ្លងកាត់ព្រំដែនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកដែលមានទំហំធំបំផុតមិនធ្លាប់មាន។មិនត្រឹមតែប៉ុណ្ណោះ នៅលើ Grouse Mountain ក៏បានលាតសន្ធឹងទង់ជាតិកាណាដាដ៏ធំមួយនៅលើផ្លូវជិះស្គី “The Cut” ដែលត្រូវបានអះអាងថា ជាទង់ជាតិដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅតំបន់នេះ។ទង់ជាតិនេះមានប្រវែង ១៦០ ម៉ែត្រ និងទទឹង ៨០ ម៉ែត្រ មានទម្ងន់ប្រមាណ ១,៥៨៧ គីឡូក្រាមដែលគេជឿជាក់ថា វានឹងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរសំខាន់មួយក្នុងអំឡុងពេលការប្រកួត។តាមការព្យាករណ៍ មានភ្ញៀវទេសចរជាង ៣០០,០០០ នាក់ នឹងធ្វើដំណើរមកកាន់ទីក្រុង Vancouver ក្នុងអំឡុងពេលព្រឹត្តិការណ៍ដំណើរការដែលនឹងជួយជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់យ៉ាងខ្លាំង។ការតុបតែង និងសកម្មភាពផ្សព្វផ្សាយទាំងនេះ បង្ហាញពីការត្រៀមខ្លួនយ៉ាងពេញលេញរបស់ Vancouver ក្នុងនាមជាទីក្រុងម្ចាស់ផ្ទះមួយ សម្រាប់ស្វាគមន៍អ្នកគាំទ្របាល់ទាត់មកពីជុំវិញពិភពលោក៕ អត្ថបទ៖នាង សុភាវុធ

ពិតជានិស្ស័យ!!! ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី និង​សិង្ហបុរីជាថ្មី​ក្នុងពានក្លឹបអាស៊ាន

2026/06/05 06:56:02 pm        392
(ឥណ្ឌូណេស៊ី)៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដឹងគូប្រកួតរបស់ខ្លួនហើយ ពេល​ដែល​ការចាប់ឆ្នោត ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លឹបអាស៊ីអាគ្នេយ៍រដូវកាល២០២៦-២០២៧ បានត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា នៅនៅប្រទេសឥណ្ឌូណេស៊ី។ពិតជានិស្ស័យ លទ្ធផលការចាប់ឆ្នោតបង្ហាញថា ព្រះខ័នរាជស្វាយរៀង ត្រូវជួប​ប្រកួត​ជាមួយ​គូ​ប្រកួត​ចាស់ក្លឹបម៉ាឡេស៊ី Johor Darul Tazim និងក្លឹបមកពីសិង្ហបុរី Lion City Sailors គ្រាដែល​ក្រុមទាំង​បីក៏ស្ថិតក្នុងពូលB ជាមួយគ្នាដែររដូវកាលមុន។ ក្រៅពីនេះ ព្រះខ័នរាជក៏នឹង​អាចជួបគូ​ប្រកួត​រួមពូលរដូលមុនដែរ ប្រសិនបើ Shan Untied ឈ្នះក្លឹប Ezra FC របស់ឡាវក្នុងវគ្គ Play-off។ចំណែកក្លឹបបាល់ទាត់ Port FC Cong An Hanoi និងក្លឹបបាល់ទាត់ឥណ្ឌូណេស៊ី Persib Bandung ជាក្លឹបដែលព្រះខ័នរាជស្វាយរៀង មិនធ្លាប់ជួបក្នុងពានរង្វាន់នេះ។រដូវកាលមុនព្រះខ័នរាជស្វាយរៀង ស្មើជាមួយ Johor Darul Tazim ២ទល់នឹង២ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ មុនយកឈ្នះ Lion City Sailors ២ទល់នឹង០ នៅសិង្ហបុរី។សម្រាប់ព្រះខ័នរាជស្វាយរៀង វាជាលើកទី៣ដែលក្លឹបបង្ហាញខ្លួនក្នុងជើង​ឯកក្លឹបតំប់​អាស៊ី​អាគ្នេយ៍នេះ ក្នុងនាមជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា។ការ Shopee Cup រដូវកាលថ្មី ២០២៦-២០២៧ នឹងដំណើរការប្រកួត ពីខែសីហាឆ្នាំ២០២៦ និងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៧៕

ឃីកបុកស៊ីង និងដៃគូ រំពឹងការនាំគ្រូជំនាញ ផ្គុំជាមួយធនធានមានស្រាប់ នឹងជំរុញគោលដៅរួម ប្រកបដោយភាពរឹងមាំ និងយូរអង្វែង

2026/06/05 06:43:00 pm        279
ការនាំចូលគ្រូជំនាញកម្រិតអន្តរជាតិមកបណ្តុះបណ្តាលបន្ថែម បានក្លាយជាយុទ្ធសាស្ត្រគន្លឹះមួយដ៏សំខាន់របស់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីពង្រឹងសមត្ថភាពកីឡាករឲ្យកាន់តែរីកចម្រើន ពិសេសការជំរុញគោលដៅរួម ទាំងប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង ឲ្យកាន់តែល្បីល្បាញ និងរឹងមាំយូរអង្វែងថែមទៀត។នេះបើតាមការលើកឡើងស្រដៀងគ្នារបស់ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយបណ្ដាក្លិបប្រដាល់ឃីកបុកស៊ីងកម្ពុជា ដែលត្រូវចូលរួមហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេស នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុន បានឧបត្ថម្ភថវិកា ៥០០លានរៀល ដើម្បីនាំយកគ្រូបង្វឹកកម្រិតខ្ពស់មកជួយពង្រឹងបន្ថែម ជាមួយធនធានគ្រូមានស្រាប់តាមបណ្ដាក្លិបទាំងអស់នៅកម្ពុជា។ក្នុងនាមកូនខ្មែរ អ្នកឧកញ៉ា លាង ម៉េង ថា នេះគឺជាគោលដៅរបស់លោកតាំងពីក្មេង ក្រោយអាជីវកម្មដំណើរការរលូន លោកនឹងយកប្រាក់ចំណេញមកជួយអភិវឌ្ឍសង្គម ពិសេសកីឡាប្រដាល់។ អ្នកឧកញ៉ាថា គុនខ្មែរគឺជាកីឡាអត្តសញ្ញាណជាតិ ហើយឃីកបុកស៊ីង ជាប្រភេទកីឡាពេញនិយមមួយលើពិភពលោក ។ ដូច្នេះការនាំគ្រូបង្វឹកកម្រិតខ្ពស់មកផ្គុំជាមួយធនធានមានស្រាប់ គឺដើម្បីច្របាច់បញ្ចូលគ្នានូវបច្ចេកទេសថ្មីៗ ដើម្បីជំរុញសមត្ថភាពកីឡាករកម្ពុជាឲ្យកាន់តែខ្លាំង ឆ្ពោះទៅប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ និងរុញគុនខ្មែរ ក៏ដូចជាឃីកបុកស៊ីងកម្ពុជាឲ្យកាន់តែល្បីល្បាញបន្ថែមទៀត។ទន្ទឹមជាមួយគ្នា ឯកឧត្តម ហេង សុខឃន បានសម្ដែងក្ដីរីករាយ ដែលមានវិស័យឯកជន បានចូលរួមជាបង្គោលក្នុងការគាំទ្រការអភិវឌ្ឍកីឡាឃីកបុកស៊ីងកម្ពុជាឲ្យកាន់តែរីកចម្រើន ។ តួយ៉ាងការចំណាយធនធានដ៏ច្រើន ដើម្បីនាំគ្រូបរទេស ដែលមានបទពិសោធន៍ មកជួយបណ្ដុះបណ្ដាលរយៈពេល ៧ខែខាងមុខ គឺជាពេលវេលាមួយដ៏ស័ក្ដិសមសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី លើកទី២ នាខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។គួរដឹងថា គ្រូបង្វឹកអន្ដរជាតិ ២រូប ដែលត្រូវបានសហព័ន្ធនាំមកជួយបណ្ដុះបណ្ដាលនូវបច្ចេកទេសថ្មីៗ ដល់បណ្ដាក្លិបសមាជិកសហព័ន្ធទាំងអស់ គឺមានលោក ជិន យាហុង និងលោក យាង ហ័រ ដែលជាជនជាតិចិន ហើយក៏ជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិឃីកបុកស៊ីងកម្ពុជា ដែលធ្លាប់រួមចំណែកយ៉ាងសំខាន់ ជួយឃីកបុកស៊ីងកម្ពុជា ទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ គ្រូបង្វឹកទាំងពីរ គ្រោងចំណាយពេល ៣ខែ គ្រាដែល ៣ខែទៀត សហព័ន្ធគ្រោងនឹងនាំគ្រូបង្វឹកមកពីអឺរ៉ុបវិញម្ដង។ឯកឧត្តម ហេង សុខឃន បានរំឮកថា កាលពីគ្រូបង្វឹកចិនទាំងពីរ ដឹកនាំ លោកបានជួយឲ្យក្រុមកីឡាឃីកបុកស៊ីងកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម រួមមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១ ហើយកាន់តែជោគជ័យក្នុងស៊ីហ្គេម លើកទី៣២ ក្នុងនាមម្ចាស់ផ្ទះ ឃីកបុកស៊ីងកម្ពុជា ឈ្នះមេដាយសរុប ១៣គ្រឿង (មាស ៦ ប្រាក់ ១ និងសំរឹទ្ធ ៦)៕ អត្ថបទ លី ឈុនឡា

អ្នកគាំទ្របាល់ទាត់ស្កុតឡែនដើរជាង ៤,៨០០ គីឡូម៉ែត្រ ដើម្បីគាំទ្រក្រុមជម្រើសជាតិ និងលើកកម្ពស់សុខភាពផ្លូវចិត្តបុរស

2026/06/05 06:33:29 pm        245
បុរសវ័យ ២២ ឆ្នាំម្នាក់មកពីទីក្រុង Paisley ប្រទេស Scotland, Craig Ferguson កំពុងខិតជិតដល់គោលដៅចុងក្រោយនៃដំណើរដើរដ៏លំបាកឆ្លងកាត់សហរដ្ឋអាមេរិកពីឆ្នេរសមុទ្រមួយទៅឆ្នេរសមុទ្រមួយទៀត។ស្លៀកពាក់ឈុតប្រពៃណីស្កុតឡែន និងមានពុកចង្ការវែងស្រដៀងតួអង្គ Forrest Gump លោក Ferguson បានដើរចម្ងាយជាង ៣,០០០ ម៉ាយល៍ (ប្រមាណ ៤,៨០០ គីឡូម៉ែត្រ) ពី Los Angeles ទៅកាន់ Boston ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តរបស់បុរស និងគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡែនក្នុងការប្រកួតបាល់ទាត់ពិភពលោក ២០២៦។នៅថ្ងៃទី ១០០ នៃយុទ្ធនាការ «Tartan Trek» របស់លោក Ferguson កាលពីថ្ងៃទី ៣ ខែមិថុនា នៅទីក្រុង New York លោកបានបញ្ជាក់ថា បានរៃអង្គាសថវិកាបានជាង ៣០០,០០០ ផោនស្ទើលីង (ប្រមាណ ៣៨០,០០០ ដុល្លារ) រួចហើយ។លោក Ferguson បាននិយាយថា៖ «ជាក់ស្តែង យើងកំពុងប្រឈមមុខនឹងវិបត្តិសុខភាពផ្លូវចិត្តរបស់បុរស។ វាមិនមែនជាបញ្ហារបស់ស្កុតឡែនតែមួយទេ ប៉ុន្តែជាបញ្ហាទូទាំងពិភពលោក។ យើងកំពុងឃើញបុរសជាច្រើនសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងក្នុងអត្រាគួរឱ្យព្រួយបារម្ភ»។លោកបានចាប់ផ្តើមដំណើរនេះនៅថ្ងៃទី ២ ខែកុម្ភៈ ពីទីក្រុង Los Angeles ហើយបានដើរចន្លោះពី ៣០ ទៅ ៤០ ម៉ាយល៍ក្នុងមួយថ្ងៃ ដោយត្រូវប្រឈមនឹងបញ្ហាពងបែកជើង និងភាពនឿយហត់ខ្លាំង។គោលដៅចុងក្រោយរបស់លោកគឺទីក្រុង Boston ជាទីដែលលោកគ្រោងនឹងទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិស្កុតឡែន និង ហៃទីនៅថ្ងៃទី ១៣ ខែមិថុនា។ នេះនឹងក្លាយជាការប្រកួត World Cup លើកដំបូងរបស់ស្កុតឡែនក្នុងរយៈពេល ២៨ ឆ្នាំចុងក្រោយ។លោក Ferguson បាននិយាយថា៖ «ខ្ញុំគ្រាន់តែជាអ្នកគាំទ្របាល់ទាត់ម្នាក់ដែលស្រឡាញ់ក្រុមរបស់ខ្លួនខ្លាំង ហើយមានឆន្ទៈធ្វើអ្វីដែលពិសេសដើម្បីបានទៅមើលការប្រកួត។ ខ្ញុំក៏ចង់បង្ហាញពីរូបភាពដ៏ល្អបំផុតរបស់អ្នកគាំទ្រស្កុតឡែនផងដែរ»។សម្រាប់ការប្រកួតដែលកំពុងទន្ទឹងរង់ចាំនេះ អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររូបនេះបានទស្សន៍ទាយថា ស្កុតឡែននឹងយកឈ្នះហៃទីក្នុងលទ្ធផល ២-០៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិននឹងបញ្ជូនបេសកជនទៅកាន់មជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗនេះ ខណៈជម្លោះកំពុងរាលដាល
10/27/2026 05:10 PM
រដ្ឋមន្រ្តីការបរទេសស្វីស នឹងចូលរួមកិច្ចប្រជុំក្នុងប្រទេសកូរ៉េខាងជើងនាសប្តាហ៍នេះ
10/27/2026 05:10 PM
ប្រធានាធិបតីស្តីទីរបស់​វ៉េណេស៊ុយអេឡា ចាត់ទុកការត្រឡប់របស់មេដឹកនាំបក្សប្រឆាំងថា ជាការសម្ដែង
10/27/2026 05:10 PM
កង្វះខាតប្រេងជំរុញឲ្យមន្ទីរពេទ្យនៅទីក្រុងឡោមព័ទ្ធ Taiz របស់យេម៉ែន ស្ថិតនៅលើមាត់ជ្រោះ
10/27/2026 05:10 PM
អ្នកវិភាគនយោបាយថា អ៊ុយក្រែនមិនអាចស្តារវិស័យឧស្សាហកម្មឡើងវិញដោយខ្លួនឯងបានទេ
10/27/2026 05:10 PM
លោក TRUMP៖ ប្រទេសនៅអឺរ៉ុបកំពុងប្រឈមនឹងបញ្ហាអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរ
10/27/2026 05:10 PM
កងកម្លាំងអ៊ីស្រាអែលសម្លាប់មនុស្ស ៥នាក់ នៅតំបន់ហ្កាហ្សា រួមទាំងក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ផងដែរ
10/27/2026 05:10 PM
ការស្ទង់មតិ បង្ហាញថា ប្រជាជនជប៉ុន ៥៥ភាគរយ ចង់ឱ្យមានការសន្ទនាជាមួយចិនកាន់តែច្រើន
10/27/2026 04:10 PM
ការស្ទង់មតិ៖ ការគាំទ្រចំពោះលោក Trump កើន​ពីកម្រិតទាបបំផុត មុនការបោះឆ្នោតពាក់កណ្តាល​អាណត្តិ
10/27/2026 04:10 PM
កម្ពុជាទាត់ចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅដីថៃ
10/27/2026 04:10 PM