Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានកីឡា

បាល់ទាត់នារីពានរង្វាន់ខេត្តស្វាយរៀង សប្ដាហ៍ទី២ ព្រះខ័នរាជប្រកួតជាមួយស្រុកស្វាយទាប

2026/06/05 06:20:37 pm        325
(ស្វាយរៀង)៖ ការប្រកួតកីឡាបាល់ទាត់នារីពានរង្វាន់ខេត្តស្វាយរៀង ២០២៦ ឈានចូលដល់សប្ដាហ៍ទី២ហើយ ដោយទាំងបីប្រកួតនឹងលេងនៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់វិទ្យាល័យហ៊ុន សែនស្វាយរំពារ ស្រុកស្វាយទាប។ក្រុមបាល់ទាត់នារី សសយកស្រុករមាសហែក ត្រូវប្រកួតជាមួយ 2 BROTHERS នៅម៉ោង៨និង០០នាទីព្រឹក។ វិទ្យាល័យព្រះពន្លា ប្រកួតជាមួយ សសយក ស្រុកំពង់រោទិ៍ ម៉ោង ០១និង៣០នាទីរសៀល និងក្រុមបាល់ទាត់ សសយក ស្រុកស្វាយទាប ប្រកួតជាមួយព្រះខ័នរាជស្វាយរៀង ម៉ោង ៣និង៣០នាទីរសៀល។ សូមរំលឹកថា នៅសប្ដាហ៍ទី១ ព្រះខ័នរាជស្វាយរៀង ឈ្នះកំពង់រោទិ៍ ៤ទល់នឹង១ រមាសហែក ឈ្នះស្រុកស្វាយទាប ៣ទល់នឹង១ និងវិទ្យាល័យព្រះពន្លា ចាញ់ CRS Sports ១ទល់នឹង៣។ក្រោយលេងបាន១ប្រកួតម្នាក់ ព្រះខ័នរាជស្វាយរៀង សសយកស្រុករមាសហែក និង CRS Sports មាន៣ពិន្ទុដូចគ្នា។សូមជម្រាបជូនថា ការប្រកួតបាល់ទាត់នារីពានរង្វាន់ខេត្តស្វាយរៀង ២០២៦ មាន៧ក្រុមចូលរួមប្រកួតប្រជែង ដោយធ្វើការប្រកួត៧សប្ដាហ៍សន្សំពិន្ទុ ហើយក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ និងលេខ៤ត្រូវជួបគ្នា អ្នកឈ្នះឡើងទៅជួបក្រុមលេខ២ ហើយអ្នកឈ្នះក្នុងការប្រកួតនេះនឹងឡើងទៅជួបក្រុមលេខ១ដើម្បីសម្រេចជើងឯក៕

Man City ពិចារណាចាត់វិធានការផ្លូវច្បាប់ ក្រោយបេក្ខជនប្រជែងតំណែងប្រធាន Real Madrid អះអាង នាំយក Haaland មកអេស្ប៉ាញ

2026/06/05 06:04:31 pm        556
ក្លិបបាល់ទាត់អង់គ្លេស Manchester City កំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីលោក Enrique Riquelme បេក្ខជនប្រជែងតំណែងប្រធានក្លិប Real Madrid បានប្រកាសជាសាធារណៈថា លោកនឹង នាំយកខ្សែប្រយុទ្ធន័រវេស Erling Haaland មកកាន់ទឹកដី Santiago Bernabéu ប្រសិនបើលោកជាប់ឆ្នោត។លោក Riquelme ដែលជាសហគ្រិនផ្នែកថាមពលកកើតឡើងវិញ និងជាគូប្រជែងរបស់ប្រធានក្លិបបច្ចុប្បន្ន Florentino Perez បានធ្វើការសន្យានេះក្នុងកម្មវិធីទូរទស្សន៍មួយនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ។ ក្នុងកម្មវិធីនោះ លោកបានលើកអាវ Real Madrid ដែលមានឈ្មោះ Haaland នៅខាងក្រោយ និងអះអាងថា កីឡាកររូបនេះមានលក្ខខណ្ឌអនុញ្ញាតឱ្យចាកចេញពីក្លិប ហើយមានបំណងផ្លាស់មកកាន់ Real Madrid។លោក Riquelme បានបន្ថែមថា ការនាំយក Haaland មកកាន់ Real Madrid នឹងក្លាយជាអាទិភាពចម្បងរបស់លោក ប្រសិនបើឈ្នះការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខ។ទោះជាយ៉ាងណា ការអះអាងនេះត្រូវបានបដិសេធភ្លាមៗដោយលោក Alfie Haaland ដែលជាឪពុក និងភ្នាក់ងារ Rafaela Pimenta ដែលបានចេញសេចក្តីថ្លែងការណ៍រួមមួយ បញ្ជាក់ថា ព័ត៌មាននោះ «មិនមែនជាការពិតឡើយ»។ក្រៅពី Haaland លោក Riquelme ក៏បានបង្ហាញបំណងចង់នាំយកខ្សែបម្រើអេស្ប៉ាញ Rodri ពី Manchester City មកកាន់ Real Madrid ផងដែរ។ លោកអះអាងថា បានពិភាក្សាជាមួយភ្នាក់ងាររបស់ Rodri រួចហើយ ហើយនឹង «ធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន» ដើម្បីនាំយកម្ចាស់ពានរង្វាន់ Ballon d'Or រូបនេះមកកាន់ក្លិប។ការលើកឡើងទាំងនេះកើតឡើងស្របពេល Real Madrid កំពុងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្លិប ដែលជាលើកដំបូងក្នុងរយៈពេលជិត ២០ ឆ្នាំដែល Florentino Perez មិនមែនគូប្រជែង។ មូលហេតុមួយគឺដោយសារក្លិបបានឆ្លងកាត់រយៈពេលពីររដូវកាលដោយគ្មានពានរង្វាន់ធំ។ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ដោយមានសមាជិកក្លិបប្រមាណ ១០ ម៉ឺននាក់មានសិទ្ធិបោះឆ្នោត។គួរបញ្ជាក់ថា Haaland ធ្លាប់មានឱកាសចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០២២ នៅពេលចាកចេញពី Dortmund ប៉ុន្តែរូបគេបានសម្រេចចិត្តផ្លាស់ទៅ Manchester City ដែលជាក្លិបធ្លាប់មានឪពុករបស់គេលេងឱ្យ។ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ៣៨ គ្រាប់ក្នុងគ្រប់ការប្រកួតកាលពីរដូវកាលមុន និងបានឈ្នះពានស្បែកជើងមាសជាលើកទី ៣ ក្នុងរយៈពេល ៤ រដូវកាល។ ទោះបីជាគេធ្លាប់បង្ហាញបំណងចង់លេងឱ្យ Real Madrid នៅថ្ងៃណាមួយក៏ដោយ ក៏មិនមានសញ្ញាណាមួយបង្ហាញថា គេមិនសប្បាយចិត្តនៅ Manchester City នោះទេ។ ជាក់ស្តែង Haaland ទើបតែបានចុះកិច្ចសន្យាថ្មីរយៈពេល ៩ ឆ្នាំកន្លះជាមួយក្លិបកាលពីខែមករា ឆ្នាំ ២០២៥៕អត្ថបទ៖នាង សុភាវុធ

អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បន្តជាដៃគូគ្នា រហូតដល់ឆ្នាំ២០៣៣ គាំទ្របាល់ទាត់កុមារ និង យុវជន

2026/06/05 05:38:55 pm        280
អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បន្តជាដៃគូសហការគ្នារហូតដល់ឆ្នាំ២០៣៣ គាំទ្របាល់ទាត់កុមារ និង យុវជន(AIA–ISF Youth League) ក្នុងនៃចូលរួមអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា។លោក ស្រី ជួប វិច្ជិកា ប្រធានអង្គការផ្កាយសមុទ្រ មានសេចក្តីរីករាយណាស់ដែល អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនអេ អាយ អេ ខេមបូឌា បានបន្តចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដោយ ប្តេជ្ញាបន្តភាពជាដៃគូរយៈពេលយូរអង្វែងបន្ថែមទៀត ។ កិច្ចព្រមព្រៀងសម្រាប់រយៈពេលដល់ឆ្នាំ២០៣៣នេះ បានស្តែងឲ្យឃើញពីការវិនិយោគរយៈពេលវែងដ៏សំខាន់បំផុតមួយក្នុង ប្រវត្តិសាស្ត្របាល់ទាត់កុមារ និងយុវជននៅកម្ពុជា ។ក្នុងនាមអង្គការផ្កាយសមុទ្រសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខ ភាព អេ អាយ អេ ខេមបូឌា ចំពោះការជឿទុកចិត្ត ទឹកចិត្តសប្បុរស និងចក្ខុវិស័យវែងឆ្ងាយ ដែលជាគ្រឹះកសាង និង ​កិច្ចសហការដ៏រឹងមាំមួយនេះ ។ ចាប់តាំងពីពេលចាប់ផ្តើមការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើងមក មានភាពជោគជ័យ និងបានជម្រុញឲ្យអង្គការផ្កាយសមុទ្រនាំយកឱកាសលេងបាល់ទាត់ ទៅដល់កុមារ និងយុវជនរាប់ពាន់នាក់ទូទាំងប្រទេស ។លោកស្រី បន្តថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជននេះ​ បានផ្តល់សារៈសំខាន់ដល់ កុមារ និងយុវជនកម្ពុជាច្រើនលើសពីការលេងបាល់ទាត់ ហើយវាបានផ្តល់ឲ្យប្អូនៗកីឡាករកីឡាការនីនូវ ផលវិជ្ជមានក្នុងជីវិត មានអារម្មណ៍ថាខ្លួនឯងជាផ្នែកមួយនៃសហគមន៍ មានទំនុកចិត្តលើខ្លួនឯង និងឱកាសក្នុងអភិវឌ្ឍន៍ខ្លួនក្លាយជាពលរដ្ឋសហគមន៍ ដែលមានសុខភាពល្អ និងមានទម្លាប់រស់នៅ។គោលដៅរបស់ពួកយើងនាឆ្នាំ២០៣៣គឺនាំយកព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន ទៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា ។សូមបញ្ជាក់ថា អង្គការផ្កាយសមុទ្រ នឹងរៀបចំការប្រកួតផ្តាច់ព្រ័ត្រ AIA–ISF Youth League Grand Championship ប្រឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានក្រុមមកពីរាជធានីភ្នំពេញ កំពង់ធំ និង បាត់ដំបងចូលរួមការប្រកួតប្រជែងដណ្តើមពានរង្វាន់ នៅថ្ងៃចុងសប្តាហ៍នេះ៕

អបអរសាទរ ក្រុមបាល់បោះអង្គុយជនពិការកម្ពុជាទាំងបុរស និងនារី ឈ្នះមេដាយ​មាសការ​ប្រកួត​កម្រិត​អាស៊ី

2026/06/05 05:25:11 pm        268
(ម៉ាឡេស៊ី)៖ នៅតែខ្លាំង នៅតែការពារតំណែងជើងឯកមេដាយមាស ២ឆ្នាំជាប់គ្នា អបអរសាទរ ក្រុម​បាល់បោះអង្គុយជនពិការកម្ពុជាបុរស និងនារី ឈ្នះមេដាយមាសការប្រកួតកម្រិតអាស៊ី ក្នុង​ព្រឹត្តិកា​រណ៍ប្រកួតកីឡាបាល់បោះជនពិការជើងឯកអាស៊ី លើកទី២ (2nd Asian Para Throwball Championship) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។ក្នុងនាមជាអ្នកការពារតំណែងជើងឯក ក្រុមបាល់ទះអង្គុយជនពិការកម្ពុជាទាំង២ក្រុម ជា​លទ្ធផ​ល​ក្រុ​មបុរសបានយកឈ្នះស្រីលង្ការ វគ្គផ្តាច់ព្រ័ត្រ ៣ទល់នឹង០ ក្នុងពិន្ទុ ២១-១១ , ២១-១៤ និង២១-៥ បុរស រីឯក្រុមនារីឈ្នះក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងលទ្ធផល ៣ទល់នឹង០ ក្នុងពិន្ទុ ២១ទល់នឹង១០ ២១ទល់នឹង១៧ និង២១ទល់នឹង១៣។ វាជាលើកទីពីរហើយដែលស្ថាបន័បាល់បោះអង្គុយជនពិការអាស៊ីរៀបចំការប្រកួតនេះ បន្ទាប់ពីលើកទី១កម្ពុជាធ្វើបានជោគជ័យគួរកត់សម្គាល់នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៥។ជាមួយគ្នានេះ ឯកឧត្តម យី វាសនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលអនុញ្ញាត និងផ្តល់ការគាំទ្រដល់ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានចូលរួមប្រកួតក្នុងខ្នាតអាស៊ី នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦។ ក្នុងនាមប្រតិភូដឹកនាំកីឡាប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តមបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រតិភូ គ្រូបង្វឹក អត្តពលិកពិការកម្ពុជា ក្នុងការថែរក្សាកិត្តិសជាតិ មោទនភាពជាតិលើឆាកអន្តរជាតិជាមួយនឹងការដណ្តើមមេដាយមាសយកមកជូនជាតិផងដែរ។គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៦ (2nd Asian Para Throwball Championship 2026) នៅប្រទេសម៉ាឡេស៊ីមាន៧ប្រទេសចូលរួម ដំណើរការប្រកួតពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា គ្រាដែលប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជាមានចំនួនសរុប ៣២នាក់ ដឹកនាំដោយឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា៕

គ្រួសារ Glazer ពិចារណាលក់ភាគហ៊ុននៅ Manchester United ក្រោយកាន់កាប់ក្លិបជាង ២០ ឆ្នាំ

2026/06/05 05:15:00 pm        230
សមាជិកមួយចំនួននៃគ្រួសារ Glazer កំពុងពិភាក្សាផ្ទៃក្នុងអំពីលទ្ធភាពលក់ភាគហ៊ុនរបស់ខ្លួននៅក្លិបបិសាចក្រហម Manchester United បន្ទាប់ពីកាន់កាប់ក្លិបដ៏ល្បីល្បាញមួយនេះអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។យោងតាមសេចក្តីរាយការណ៍របស់ Bloomberg សមាជិកមួយចំនួនក្នុងគ្រួសារមហាសេដ្ឋីអាមេរិកនេះ កំពុងសិក្សាពីជម្រើសក្នុងការលក់ភាគហ៊ុនមួយផ្នែក ឬទាំងស្រុងរបស់ពួកគេនៅក្លិប Premier League។ ការពិភាក្សាដំបូងផ្តោតលើការលក់ភាគហ៊ុនរបស់សមាជិកខ្លះៗ មុនពេលព្យាយាមបញ្ចុះបញ្ចូលសមាជិកផ្សេងទៀតឱ្យចូលរួមផងដែរ។ព័ត៌មាននេះបានជំរុញឱ្យតម្លៃភាគហ៊ុនរបស់ Manchester United ដែលចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងញូវយ៉ក កើនឡើងប្រមាណ ៧%។របាយការណ៍នេះកើតឡើងជាងពីរឆ្នាំបន្ទាប់ពីគ្រួសារ Glazer បានលក់ភាគហ៊ុនប្រមាណ ២៩% នៃក្លិបទៅឱ្យមហាសេដ្ឋីអង់គ្លេស Jim Ratcliffe ប្រធានក្រុមហ៊ុន INEOS Group ដែលបានទទួលសិទ្ធិគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លិប។ទោះបីជាបានលក់ភាគហ៊ុនមួយផ្នែកក៏ដោយគ្រួសារ Glazer នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Manchester United។ ពួកគេបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជុំវិញបញ្ហាបំណុលរបស់ក្លិប ការចំណាយច្រើនលើការផ្ទេរកីឡាករ និងការពន្យារពេលវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ចាប់តាំងពីចូលកាន់តំណែងគ្រប់គ្រងផ្នែកបាល់ទាត់មក Ratcliffe បានចាត់វិធានការជាច្រើនដើម្បីស្ដារភាពរុងរឿងរបស់ក្លិបឡើងវិញ រួមមានការកាត់បន្ថយបុគ្គលិក និងការដំឡើងតម្លៃសំបុត្រចូលទស្សនាការប្រកួត។នៅលើទីលានប្រកួត Manchester United ក៏បានបង្ហាញទម្រង់លេងល្អប្រសើរឡើងផងដែរ។ ក្រោមការដឹកនាំរបស់ Michael Carrick ក្រុមបានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ៣ និងទទួលបានកៅអីចូលរួមប្រកួត UEFA Champions League ជាលើកដំបូងក្នុងរយៈពេលពីររដូវកាលចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

គណៈកម្មការប្រតិបត្តិ Soccer League បង្ហើបមហិច្ឆតាធំមួយ សម្រាប់ត្រៀមខួបលើកទី១០

2026/06/05 04:54:30 pm        277
ព្រឹត្តិការណ៍បាល់ទាត់ Soccer Leaguer លើកទី៩ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នារសៀលថ្ងៃទី៦ ខែមិថុនាស្អែកនេះ នៅកីឡដ្ឋានវិសាខា ។ ដំណាលគ្នា ថ្នាក់ដឹកនាំគណៈកម្មការប្រតិបត្តិព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានេះ ក៏បានបង្ហើបនូវមហិច្ឆតាដ៏ធំមួយ ក្នុងដំណើរឆ្ពោះទៅខួបលើកទី១០ នាឆ្នាំបន្ទាប់ផងដែរ។ថ្លែងប្រាប់ក្រុមការងារ BTV កាលពីថ្មីៗ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត មានប្រសាសន៍ថា Soccer League ផ្ដោតលើបាល់ទាត់ ដូច្នេះអ្វីៗត្រូវបានគិតគូរលើកិច្ចការកីឡាមួយនេះ ដើម្បីរួមចំណែកលើកស្ទួយបាល់ទាត់ជាតិ ហើយខួបលើកទី១០ នាពេលខាងមុខ ប្រសិនបើស្ថានភាពសកល និងស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ គណៈកម្មការប្រតិបត្តិ មានគម្រោងនាំយក Legend របស់ក្រុមល្បីណាមួយមកធ្វើការប្រកួតមិត្តភាពនៅថ្ងៃបើក ។ នេះជាក្ដីរំពឹង តែឯកឧត្តមពុំបានបង្ហើបថា Legends នោះ គឺជាបេក្ខភាពក្នុង ឬក្រៅស្រុកនោះទេ។ក្រឡេកមកចាប់អារម្មណ៍ព្រឹត្តិការណ៍ Soccer League លើកទី៩ ដែលគ្រោងនឹងប្រព្រឹត្តទៅ ពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺមានបេក្ខភាពចូលរួមសរុបរហូតដល់ ៦៤ក្រុម ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងបែងចែកជា ១៦ពូល និងក្រុមនារី ៨ក្រុម បែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជ័យលាភីតែម្ដង៕ អត្ថបទ លី ឈុនឡា 

គោព្រៃកម្ពុជា ទទួលបានការសសើរពីគ្រូទាំងសងខាង ក្រោយយកឈ្នះប៊ូតង់ ៤-០

2026/06/05 04:40:30 pm        278
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលការសាទរពីគ្រូបង្វឹកទាំងសងខាង ក្រោយយកឈ្នះក្រុមជម្រើសជាតិប៊ូតង់ ដោយលទ្ធផល ៤-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។ក្រោយចប់ការប្រកួត ដែលមានអ្នកចូលទស្សនាផ្ទាល់ជាង ១ម៉ឺននាក់នេះ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលលើកឡើងថា ទោះមានការដាក់សម្ពាធខ្លះពីគូប្រជែង តែកូនក្រុមពិតជាធ្វើបានល្អ ដែលអាចរកបាន ៤គ្រាប់ បន្ទាប់ពីលោកបានព្យាយាមផ្លាស់ប្ដូរកីឡាករទាំងអស់ តាមលក្ខខណ្ឌកំណត់។ បែបនេះក្ដី ម្ចាស់គ្រាប់បាល់ទី១ ស រតនា ថា ក្រុមនឹងព្យាយាមបន្ថែមទៀត ដើម្បីទាក់ទាញអ្នកគាំទ្រកាន់តែច្រើន ពិសេសក្នុងជំនួបមិត្តភាពបន្ទាប់ ជាមួយហុងកុង។ដោយឡែកលោក Chencho Dorji គ្រូបង្វឹកក្រុមជម្រើសជាតិប៊ូតង់ថា ក្រុមគោព្រៃកម្ពុជា ពិតជាធ្វើបានល្អ និងមានការរីកចម្រើនមួយចំនួន។ បែបនេះក្ដី លោកក៏សរសើរកូនក្រុមខ្លួន ដែលធ្វើបានល្អដូចគ្នា ទោះបីមានការប្រមូលផ្ដុំរយៈពេលខ្លីយ៉ាងណាក្ដី។សម្រាប់គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជម្រើសជាតិកម្ពុជា ទាំង ៤គ្រាប់ លើក្រុមភ្ញៀវប៊ូតង់ គឺរកបានដោយកីឡាករ ៤រូបផ្សេងគ្នា ក្នុងនោះ ៣គ្រាប់ដំបូង សុទ្ធតែកើតឡើងដោយការតែតបញ្ចប់ទី១ ពីកីឡាករ ស រតនា នៅនាទីទី៧, កីឡាករ ឃូលីបាលី អាបឌែល កាឌែរ នៅនាទី៣៨ និងកីឡាករ សុផល ឌីម៉ង់ នៅនាទី៦៩ មុនកីឡាករ ម៉ុន រ៉ាដូ ស៊ុតបន្ថែមគ្រាប់ទី៤ នៅនាទី៨៦។៥ថ្ងៃក្រោយជំនួបមិត្តភាពនេះ ក្រុមគោព្រៃកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិមួយទៀត ដោយត្រូវជួបក្រុមជម្រើសកោះហុងកុង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដដែល បន្ទាប់ពីជំនួបចុងក្រោយរវាងក្រុមទាំងពីរ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទឹកដីហុងកុង បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១៕អត្ថបទ លី ឈុនឡា 

Napoli ទិញផ្តាច់ Rasmus Hojlund ពី Manchester United តម្លៃ ៥០ លានអឺរ៉ូ

2026/06/04 07:41:42 pm        212
ក្លិបអ៊ីតាលី Napoli បានប្រកាសជាផ្លូវការ ពីការចុះកិច្ចសន្យាផ្ទេរយកខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាក Rasmus Højlund ពី Manchester United ជាអចិន្ត្រៃយ៍ ក្នុងតម្លៃ ៥០ លានអឺរ៉ូ បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងយ៉ាងល្អក្នុងអំឡុងពេលខ្ចីជើងកន្លងមក។ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ រកបាន ១៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤ ប្រកួតគ្រប់ក្របខណ្ឌប្រកួតទាំងអស់ កាលពីរដូវកាលមុន ដោយបានជួយ Napoli ឈ្នះពាន Supercoppa Italiana និងបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ ២ នៃក្របខណ្ឌលីគអ៊ីតាលី Serie A។Hojlund បានផ្ទេរពី Atalanta ទៅកាន់ Manchester United កាលពីឆ្នាំ ២០២៣ ហើយបានស៊ុតបញ្ចូលទីសរុប ២៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៥ ប្រកួតឱ្យក្លិបយក្សអង់គ្លេសមួយនេះ។ក្រៅពីនេះ រូបគេក៏ជាសមាជិកនៃក្រុម Manchester United ដែលបានឈ្នះពាន FA Cup ២០២៤ កាលពីខែឧសភា ឆ្នាំ ២០២៤ ផងដែរ ដោយបានចូលលេងជាកីឡាករបម្រុងក្នុងការប្រកួតផ្តាច់ព្រ័ត្រទល់នឹង Manchester City នៅកីឡដ្ឋាន Wembley។កីឡាករជម្រើសជាតិដាណឺម៉ាករូបនេះ បានត្រឡប់មកប្រទេសអ៊ីតាលីវិញនៅដើមរដូវកាល ២០២៥-២៦ ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល មុនពេល Napoli សម្រេចចិត្តទិញផ្តាច់៕ អត្ថបទ៖នាង សុភាវុធ

វត្ថុអនុស្សាវរីយ៍បាល់ទាត់ពិភពលោកតម្លៃជាង ២លានផោនត្រូវដាក់ដេញថ្លៃនៅទីក្រុងឡុងដ៍

2026/06/04 07:30:58 pm        182
ស្របពេលពិភពបាល់ទាត់កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ការដេញថ្លៃវត្ថុអនុស្សាវរីយ៍ដ៏ធំបំផុតមួយពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ World Cup កំពុងប្រព្រឹត្តទៅនៅទីក្រុងឡុងដ៍ដោយមានតម្លៃសរុបប៉ាន់ស្មានលើសពី ២ លានផោនអង់គ្លេស។វត្ថុដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំងជាងគេក្នុងការដេញថ្លៃនេះ គឺមេដាយជើងឯកបាល់ទាត់ពិភពលោក ១៩៥៨ របស់វីរបុរសបាល់ទាត់ប្រេស៊ីល Pelé ដែលត្រូវបានគេចាត់ទុកថាជាវត្ថុមានតម្លៃខ្ពស់បំផុតក្នុងបញ្ជីដេញថ្លៃ។ក្រៅពីនេះ ក៏មានមេដាយពីការប្រកួតបាល់ទាត់ពិភពលោក ១៩៣០ ដែលជាព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្ត្រ និងជាព្រឹត្តិការណ៍ដែលក្រុមជម្រើសជាតិអាមេរិកបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ផងដែរ។ក្នុងចំណោមវត្ថុដ៏កម្រផ្សេងទៀត មានអាវលេខ ៧ របស់ Alan Ball ដែលបានពាក់ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ១៩៦៦ រវាងក្រុមជម្រើសជាតិអង់គ្លេស និងអាល្លឺម៉ង់ខាងលិច ដែលជាការប្រកួតនាំឱ្យអង់គ្លេសឈ្នះជើងឯក លើកដំបូង និងតែមួយគត់រហូតមកដល់បច្ចុប្បន្ន។ការដេញថ្លៃនេះក៏រួមមានអាវដែលបានពាក់ពេលប្រកួតរបស់អ្នកចាំទីល្បីឈ្មោះ Gordon Banks ក្នុងជំនួបរវាងអង់គ្លេស និង Brazil នៅព្រឹត្តិការណ៍ឆ្នាំ ១៩៧០ ដែលលោកបានបង្កើតការសង្គ្រោះបាល់ដ៏អស្ចារ្យមួយ ត្រូវបានគេស្គាល់ថា «ការសង្គ្រោះបាល់ប្រចាំសតវត្សរ៍»។ជាមួយគ្នានេះ អាវអ្នកចាំទីរបស់ Peter Shilton ដែលបានពាក់ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃឆ្នាំ ១៩៨៦ ទល់នឹងអាហ្សង់ទីនក៏ត្រូវបានដាក់លក់ផងដែរ។ ការប្រកួតនោះត្រូវបានគេចងចាំដោយសារគ្រាប់បាល់ដ៏ល្បី «Hand of God» របស់ Diego Maradona។កម្មវិធីដេញថ្លៃនេះ ត្រូវបានរៀបចំដោយ BUDDS Auctions ហើយក៏មានវត្ថុអនុស្សាវរីយ៍ជាច្រើនពីជ័យជម្នះរបស់អង់គ្លេសនៅ World Cup 1966។ លើសពីនេះ អ្នកប្រមូលវត្ថុកីឡាអាចដេញថ្លៃមេដាយពីការប្រកួត World Cup គ្រប់សម័យកាលចាប់ពីឆ្នាំ ១៩៣០ ដល់ ១៩៧៦ ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

ទីក្រុងម្ចាស់ផ្ទះបាល់ទាត់ពិភពលោក បង្ហាញមុខម្ហូបល្បីៗទាក់ទាញអ្នកគាំទ្រ មកពីជុំវិញពិភពលោក

2026/06/04 07:22:02 pm        220
ខណៈការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 កាន់តែខិតជិតមកដល់ ទីក្រុងម្ចាស់ផ្ទះនៅប្រទេសម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក កំពុងប្រើប្រាស់មុខម្ហូបប្រចាំតំបន់ដ៏ល្បីល្បាញរបស់ខ្លួន ដើម្បីស្វាគមន៍ និងទាក់ទាញអ្នកគាំទ្របាល់ទាត់រាប់លាននាក់ដែលនឹងធ្វើដំណើរមកទស្សនាការប្រកួត។ក្រៅពីភាពរំភើបនៃការប្រកួតបាល់ទាត់ ទីក្រុងម្ចាស់ផ្ទះទាំងអស់ក៏កំពុងប្រើប្រាស់អាហារប្រចាំតំបន់ជាមធ្យោបាយបង្ហាញអត្តសញ្ញាណ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់ខ្លួន ដើម្បីផ្តល់បទពិសោធន៍ពិសេសដល់អ្នកគាំទ្របាល់ទាត់ពីគ្រប់ទិសទីនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផងដែរ។នៅ Mexico City អាហារ Tacos ត្រូវបានគេរំពឹងថា នឹងក្លាយជាជម្រើសដំបូងសម្រាប់ភ្ញៀវទេសចរជាច្រើន។ តាមបណ្តាហាងលក់ Tacos ទូទាំងទីក្រុង អ្នកទស្សនានឹងអាចស្វែងយល់ពីវប្បធម៌អាហារតាមដងផ្លូវដ៏រស់រវើករបស់រដ្ឋធានីម៉ិកស៊ិក។ អ្នកផលិតនំ Tortilla នៅ El Califa de León លោកស្រី Carolina Gonzalez បានបង្ហាញក្តីសង្ឃឹមថា ការប្រកួត World Cup នឹងជួយបង្កើនចំនួនអតិថិជនយ៉ាងច្រើន។នៅ Philadelphia មុខម្ហូប Cheesesteak កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ខណៈនាឡិការាប់ថយក្រោយទៅកាន់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបន្តដំណើរការ។ លោក Anthony Rossi ដែលជាចុងភៅនៅ Geno's Steaks បាននិយាយថា វិធីល្អបំផុតក្នុងការសាកល្បង Cheesesteak គឺបញ្ជាទិញតាមរូបមន្តបែបសាមញ្ញដើមរបស់ទីក្រុង។ចំណែកឯ Toronto កំពុងផ្សព្វផ្សាយមុខម្ហូប Poutine ដែលផ្សំឡើងពីដំឡូងបំពង ទឹកស៊ុប Gravy និងឈីស Curds។ ម្ចាស់ និងចុងភៅនៃ Poutine Hub លោក Gagan Deep បានឱ្យដឹងថា ភោជនីយដ្ឋានកំពុងត្រៀមខ្លួនទទួលភ្ញៀវអន្តរជាតិយ៉ាងច្រើននៅពេលការប្រកួតចាប់ផ្តើម។នៅតំបន់ Kansas City មុខម្ហូប Barbecue ឬសាច់អាំងបែបប្រពៃណី នឹងក្លាយជាចំណុចទាក់ទាញដ៏សំខាន់មួយ។ តំបន់នេះមានកេរ្តិ៍ឈ្មោះល្បីល្បាញជាយូរមកហើយសម្រាប់អ្នកស្រឡាញ់សាច់អាំង។ អ្នកទទួលទានម្នាក់ឈ្មោះ Camilla Thomas បាននិយាយថា Joe's Kansas City Bar-B-Que គឺជាកន្លែងដែលនាងតែងនាំភ្ញៀវពីក្រៅទីក្រុងមកទទួលទានជានិច្ច។ជាមួយគ្នានេះដែរនៅ Miami មុខម្ហូប Cuban Sandwich កំពុងតំណាងឱ្យអត្តសញ្ញាណវប្បធម៌របស់ទីក្រុង។ លោក Daniel Figueredo បានបញ្ជាក់ថា Sandwich ប្រភេទនេះ គឺជាអាហារដែលភ្ញៀវមិនគួររំលងនៅពេលមកដល់ទីក្រុង Miami៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM
អតីតអ្នកនាំពាក្យ៖ លោក ហ្សេឡិនស្គី បង្កឲ្យមានកំហឹង និងការស្អប់ខ្ពើមចំពោះប្រជាជនអ៊ុយក្រែន នៅទូទាំងពិភពលោក
10/27/2026 05:10 PM
ចិននឹងបញ្ជូនបេសកជនទៅកាន់មជ្ឈិមបូព៌ា ក្នុងពេលឆាប់ៗនេះ ខណៈជម្លោះកំពុងរាលដាល
10/27/2026 05:10 PM
រដ្ឋមន្រ្តីការបរទេសស្វីស នឹងចូលរួមកិច្ចប្រជុំក្នុងប្រទេសកូរ៉េខាងជើងនាសប្តាហ៍នេះ
10/27/2026 05:10 PM
ប្រធានាធិបតីស្តីទីរបស់​វ៉េណេស៊ុយអេឡា ចាត់ទុកការត្រឡប់របស់មេដឹកនាំបក្សប្រឆាំងថា ជាការសម្ដែង
10/27/2026 05:10 PM
កង្វះខាតប្រេងជំរុញឲ្យមន្ទីរពេទ្យនៅទីក្រុងឡោមព័ទ្ធ Taiz របស់យេម៉ែន ស្ថិតនៅលើមាត់ជ្រោះ
10/27/2026 05:10 PM
អ្នកវិភាគនយោបាយថា អ៊ុយក្រែនមិនអាចស្តារវិស័យឧស្សាហកម្មឡើងវិញដោយខ្លួនឯងបានទេ
10/27/2026 05:10 PM
លោក TRUMP៖ ប្រទេសនៅអឺរ៉ុបកំពុងប្រឈមនឹងបញ្ហាអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរ
10/27/2026 05:10 PM
កងកម្លាំងអ៊ីស្រាអែលសម្លាប់មនុស្ស ៥នាក់ នៅតំបន់ហ្កាហ្សា រួមទាំងក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ផងដែរ
10/27/2026 05:10 PM
ការស្ទង់មតិ បង្ហាញថា ប្រជាជនជប៉ុន ៥៥ភាគរយ ចង់ឱ្យមានការសន្ទនាជាមួយចិនកាន់តែច្រើន
10/27/2026 04:10 PM