ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

CPL រៀបចំពាន U14 ដើម្បីជំរុញក្លិបសមាជិកបំពេញលក្ខខណ្ឌ និង​ទទួល​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ប្រកួត AFC

2026/03/25 06:34:58 pm        416
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) នឹងរៀបចំការប្រកួត​បាល់ទាត់​ពាន​រង្វាន់​យុវជន​អាយុ​ក្រោម ​១៤ឆ្នាំ ឬ CPL Cares Cup U-14 ឆ្នាំ២០២៦ នាថ្ងៃទី២៨-២៩ ខែមីនាចុងសប្ដាហ៍នេះ នៅ​ទីលានហ្វឹកហាត់ភ្នំពេញក្រោន ដោយមានក្រុមយុវជន នៃក្លិបសមាជិកលីគកំពូលកម្ពុជាចំនួន ១០​ក្រុមចូលរួម។យោង​តាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ពានរង្វាន់យុវជននេះ រៀប​ចំ​ឡើង​ក្នុង​គោលបំណងជួយឲ្យបណ្តាក្លិបបាល់ទាត់ ដែលកំពុង​ចូល​រួម​ការ​ប្រកួត​ជម្រើស​ជើង​ឯក​លីគ​កំពូល​កម្ពុជា អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមបទបញ្ជាអាជ្ញាបណ្ណក្លិបអន្តរជាតិ ជា​ពិសេស​តាម​ចំណុចវិនិច្ឆ័យផ្នែកកីឡា របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដើម្បី​ទទួល​បាន​សិទ្ធិ​ពេញលេញក្នុងការចូលរួមការប្រកួតរៀបចំដោយស្ថាប័នប្រចាំទ្វីបនេះ។ចំពោះ​បេក្ខភាព ១០ក្រុម ដែលបានចុះឈ្មោះចូលរួមការប្រកួតកម្រិតយុវជនលើកដំបូងនេះ រួម​មាន​ក្រុម​យុវជនក្លិបភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត, កងយោធ​ពលខេមរ​ភូមិន្ទ​, អឹម អូ អាយ កំពង់ដេវ៉ា, អង្គរថាយហ្គឺរ, ឡាយហ្វ ខេត្តព្រះសីហនុ, អាយអេសអាយ ដង្កោ​សែន​ជ័យ និងណាហ្គាវើលដ៍ ដោយក្រុមនីមួយៗ អាចចុះឈ្មោះកីឡាករចាប់ពី ២១ ដល់ ៣៥​នាក់​ សម្រាប់កីឡាករមានឆ្នាំកំណើតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២។គួរដឹង​ថា នេះគឺជាលើកទី១ ដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រៀបចំការប្រកួតនេះឡើង ហើយ​ការ​ប្រកួតរយៈពេល ២ថ្ងៃ នាចុងសប្ដាហ៍នេះ មិនតម្រូវឲ្យមានការលក់ ឬទិញសំបុត្រឡើយ ដោយ​អ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី ខណៈ ១ថ្ងៃមាន ៨ប្រកួត។ តាមរយៈនេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក៏បានអំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ការ​ប្រកួត​នេះ​ឲ្យ​បាន​ច្រើន​កុះក​រផងដែរ៕ អត្ថបទ៖ លី ឈុនឡា 

Play-Off យកកៅអី World Cup តំបន់អឺរ៉ុបផ្នែក C និង D រួមបញ្ចូលក្រុមមិនដែលមានមុខ និងក្រុមខកខានយូរ

2026/03/24 10:20:55 pm        205
ការប្រកួត Play-Off នៅផ្នែក C និង D គេឃើញមានវត្តមានក្រុមដែលមិនធ្លាប់បង្ហាញខ្លួនសោះ និងក្រុមខកខានយូរ។ សម្រាប់ផ្នែក C ស្លូវ៉ាគីត្រូវទទួល​ កូសូវ៉ូដែលមិនធ្លាប់បង្ហាញខ្លួននៅ World Cup ឡើយ ខណៈដែលទួកគីដែលបង្ហាញខ្លួនចុងក្រោយតាំងពីឆ្នាំ ២០០២ នោះ នឹងត្រូវទទួលរ៉ូម៉ានីនៅទីក្រុង Istanbul នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ៣១ ខែមីនានេះ។ក្រុមតែមួយគត់ពីផ្នែក C នឹងឡើងទៅ World Cup ដែលនឹងស្ថិតនៅក្នុងពូល D មានម្ចាស់ផ្ទះអាមេរិក ប៉ារ៉ាហ្កាយ និងអូស្រ្តាលីរង់ចាំស្រាប់។ ផ្នែក D វិញ សាធារណរដ្ឋឆេកដែលបង្ហាញខ្លួនចុងក្រោយតាំងពីឆ្នាំ ២០០៦ នឹងត្រូវជួបសាធារណរដ្ឋអៀកឡង់ដែលបង្ហាញខ្លួនចុងក្រោយតាំងពីឆ្នាំ ២០០២ ស្របពេលដែលដាណឺម៉ាក នឹងត្រូវជួបជាមួយក្រុមមិនដែលមានមុខសោះ ម៉ាសេដ្វាន់ខាងជើង។ ក្រុមឈ្នះពីផ្នែក D នេះនឹងចូលក្នុងពូល A ជាមួយម្ចាស់ផ្ទះម៉ិកស៊ិក អាហ្វ្រិកខាងត្បូង និងកូរ៉េ៕ អត្ថបទ៖នាង សុភាវុធ

អ៊ីតាលីត្រូវឆ្លងកាត់ ២ ប្រកួតដើម្បីមានកៅអី World Cup លើកដំបូងតាំងពីឆ្នាំ ២០១៤

2026/03/24 10:08:53 pm        251
ការប្រកួតវគ្គ Play-Off តំបន់អឺរ៉ុបដណ្តើមកៅអី World Cup 2026 នៅអាមេរិក ម៉ិកស៊ិក និងកាណាដាឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី ២៦ ខែមីនានេះហើយ។ក្រុមជើងឯកពិភពលោក ៤ សម័យអ៊ីតាលីត្រូវការឆ្លងកាត់ ២ ប្រកួតនៅវគ្គ Play-Off ដើម្បីដឹងថាពួកគេមានមុខនៅ World Cup រឺអត់។អ៊ីតាលីដែលខកខានកៅអី World Cup តាំងពីឆ្នាំ ២០១៤ នៅប្រេស៊ីលនឹងត្រូវជួបជាមួយអៀកឡង់ខាងជើងនៅផ្នែក A នៃវគ្គ Play-Off ខណៈវែល នឹងត្រូវជួបជាមួយបូស្នៀ។ ក្រុមដែលឈ្នះពីផ្នែក A នេះនឹងត្រូវចូលទៅក្នុងពូល B ជាមួយក្រុមម្ចាស់ផ្ទះកាណាដា កាតា និងស្វ៊ីស។ ងាកមកផ្នែក B អ៊ុយក្រែន និងស៊ុយអែត នឹងត្រូវជួបគ្នានៅទឹកដីកណ្តាលនាទីក្រុង Valencia ប្រទេសអេស្ប៉ាញ ខណៈប៉ូឡូញត្រូវទទួលអាល់បានៀនៅទីក្រុងវ៉ាសឺវី។ ក្រុមដែលឈ្នះពីផ្នែក B នេះនឹងត្រូវចូលក្នុងពូល F ដែលមានហូឡង់ ជប៉ុន និងទុយនីស៊ីរង់ចាំ៕ អត្ថបទ៖នាង សុភាវុធ

អតីតខ្សែបម្រើបារាំង និង West Ham, Dimitry Payet ប្រកាសចូលនិវត្តន៍​ពីអាជីពបាល់ទាត់​ក្នុងវ័យ ៣៨ឆ្នាំ

2026/03/24 08:44:36 pm        182
អតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំង និងញញួរធំ West Ham, Dimitry Payet បាន​ប្រកាស​ចូល​និវត្តន៍ពីអាជីព បាល់ទាត់ហើយ នៅក្នុងវ័យ ៣៨ ឆ្នាំ។ Payet បាន​ចូលរួមជាមួយ West Ham នៅឆ្នាំ ២០១៥ ផ្ទេរពីក្លិបបារាំង Marseille ក្នុងតម្លៃផ្ទេរ ១០.៧ លានផោន មុនពេលផ្លាស់ត្រលប់ទៅក្លិបនៅ Ligue1 មួយនេះវិញនៅឆ្នាំ ២០១៧ ក្នុង​តម្លៃ ២៥ លានផោន។ បង្ហាញ​ខ្លួននៅ West Ham ៦០ ប្រកួតរកបាន ១៥ គ្រាប់ Payet គឺជា​កីឡាករ​ដែល​អ្នក​គាំទ្រ​ចូល​ចិត្ត​ជាងគេម្នាក់។ នៅបារាំង Payet បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបាន ៣៨ លើកជួយក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ Euro 2016 តែចាញ់ព័រទុយហ្កាល់។ Payet បាន​ប្រកាសដំណឹងចូលនិវត្តន៍នេះអំឡុងពេលសម្រាកវគ្គទីមួយនៃការប្រកួតរវាង Marseille និង Lille កាលពីថ្ងៃអាទិត្យក្នុងកិច្ចសម្ភាសន៍មួយ។ ក្រៅពី Marseille និង West Ham, Dimitry Payet ធ្លាប់ប្រកបអាជីពនៅក្លិបផ្សេងទៀតដូចជា Nantes, St. Etienne, Lille និងក្លិបប្រេស៊ីល Vasco de Gama ដែលជាក្លិបចុងក្រោយនៃអាជីពរបស់គេ៕ អត្ថបទ៖នាង សុភាវុធ 

Zinedine Zidane ព្រមព្រៀងផ្ទាល់មាត់ទទួលតំណែងដឹកនាំក្រុមជម្រើសជាតិបារាំងក្រោយ World Cup

2026/03/24 08:03:09 pm        197
អតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane នឹងបន្តតំណែងពីលោក Didier Deschamps ក្នុងការដឹកនាំក្រុមជម្រើសជាតិបារាំង បន្ទាប់ពីលោក Zidane បានព្រមព្រៀងផ្ទាល់មាត់ជាមួយសហព័ន្ធបាល់ទាត់បារាំង FFF ដើម្បីទទួលតំណែងនេះក្រោយចប់ World Cup។ដំណឹងនេះត្រូវបានបង្ហើបដោយប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Philippe Diallo ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Le Figaro។ ស្ថិតក្នុងវ័យ ៥៣ ឆ្នាំ Zidane ត្រូវរង់ចាំមិត្តរួមក្រុមដែលឈ្នះជើងឯក World Cup 1998 ជាមួយគ្នាចាកចេញ ក្រោយដឹកនាំក្រុមបារាំង ១៤ ឆ្នាំជាមួយនឹងភាគជោគជ័យ។Didier Deschamps បានទទួលតំណែងដឹកនាំក្រុមបារាំងនៅឆ្នាំ​ ២០១២ ជាមួយសមិទ្ធផលរយៈពេល ១៤ ឆ្នាំនេះរួមមានឈ្នះជើងឯក World Cup 2018 នៅទឹកដីរុស្ស៊ី ឈ្នះជើងឯក Nations League រដូវកាល ២០២០-២១ លេខបីនៅរដូវកាល ២០២៤-២៥ និងជើងឯករងបាល់ទាត់អឺរ៉ុបឆ្នាំ ២០១៦។ចំណែកលោក Zinedine Zidane ក៏មានប្រវត្តិជោគជ័យមិនធម្មតាដែរ តែជាមួយក្លិបអាជីព។ Zidane បានដឹកនាំ Real Madrid ពីរលើក លើកទីមួយឆ្នាំ ២០១៦ ដល់ ២០១៨ និងលើកទីពីរឆ្នាំ ២០១៩ ដល់ ២០២១។ សមិទ្ធផលវិញ ឈ្នះជើងឯក La Liga ពីរលើក UEFA Champions League បីលើក UEFA Super Cup ពីរលើក និង FIFA Club World Cup ពីរលើក៕ អត្ថបទ៖នាង សុភាវុធ

អនុប្រធានគណៈកម្មាធិការស៉្បេស្យាអូឡាំពិកកោតសរសើរដល់រាជធានីខេត្តក្នុងការចូលរួមលើកស្ទួយវិស័យកីឡាពិការភាព

2026/03/24 07:35:03 pm        198
ក្នុងសន្និបាតបូកសរុបលទ្ទផលការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យា អូឡាំពិកកម្ពុជាបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជធានី ខេត្ត ចូលរួមចំណែក និងលើកស្ទួយជួយ លើវិស័យពិការភាព។ឯកឧត្តមបានបន្តថា យើងបានសហការ ជាមួយអង្គការ សមាគមនានា បានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗ ជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ។ នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។ អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាអូឡាំពិកកម្ពុជា សូមអំពាវនាវ ដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាបណ្តា ខេត្តដែលពុំទាន់ បានចូលជាសមាជិកអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ព្រមទាំងអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ ជួយដល់ជនពិការ ខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់ បានហ្វឹកហាត់ និងការចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធី ជារៀងរាល់ឆ្នាំ ។ សូមជម្រាបជូនថា សន្និបាតបូកសរុបលទ្ទផលការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ក៏មានអញ្ជើញចូលរួម ពីតំណាង ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិក និងអាណាព្យាបាល កីឡាករ កីឡាការិនីស្ប៉េស្យាល់អូឡាំពិចផងដែរ៕

កីឡាករ Kurita កំពុងដេញតាមពីក្រោយកីឡាករ Kwame ពីរគ្រាប់ក្នុងតារាងអ្នករកគ្រាប់បាល់

2026/03/24 06:47:18 pm        185
លីគកំពូលកម្ពុជា (Cambodian Premier League) សប្ដាហ៍នេះ នឹងសម្រាក ដោយសារកម្មវិធីបាល់ទាត់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA Day)។ មកចាប់អារម្មណ៍កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី២៦ នៅតែជាកីឡាករខ្សែប្រយុទ្ធសញ្ជាតិហ្កាណារបស់ព្រះខ័នរាជស្វាយរៀង Peprah Kwame ខណៈដែលកីឡាករសញ្ជាតិជប៉ុន របស់ក្លឹបអង្គរថាយហ្គឺរ Mark Adjei Kurita កំពុងដេញតាមគ្រាប់បាល់ ហើយគន្លាតគ្នាត្រឹមតែពីរគ្រាប់ប៉ុណ្ណោះ។ ៤សប្ដាហ៍ចុងក្រោយ Peprah Kwame ខកខានរកគ្រាប់បាល់ឱ្យក្លឹបក្នុងការប្រកួតលីគកំពូលកម្ពុជា ខណៈដែលមួយគ្រាប់ចុងក្រោយរបស់គេ និងជាគ្រាប់ទី២០ ធ្វើបាននៅពេលដែលក្លឹបព្រះខ័នរាជ ឈ្នះគិរីង់សុខសែនជ័យ ៥ទល់នឹង០ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ ចំណែកកីឡាករ Mark Adjei Kurita រកបានគ្រាប់ទី១៨របស់គេពេលដែលអង្គរថាយហ្គឺរ ឈ្នះអឹមអូអាយកំពង់ដេវ៉ា ៣ទល់នឹង១ថ្មីៗនេះ។ គ្រាប់បាល់នេះធ្វើឱ្យគេ មានគម្លាតគ្រាប់បាល់តែពីរគ្រាប់ប៉ុណ្ណោះពីកីឡាករខ្សែប្រយុទ្ធ Kwame។ កីឡាករផ្សេងទៀតដែលរកគ្រាប់បាល់ច្រើនដែរនោះរួមមាន Patrick Robson ១៣គ្រាប់ Dyer Moses Johnរបស់ភ្នំពេញក្រោន និងMinagawa Yusuke របស់ណាហ្កាវើលដ៍ ១២គ្រាប់ដូចគ្នា។ ឯកីឡាករ Park Jungbin របស់វិសាខា Kim Hyeon Su របស់ឡាយហ្វខេត្តព្រះសីហនុ និង Marksym Priadun របស់ភ្នំពេញក្រោន រកបាន១០គ្រាប់ដូចគ្នា។ លីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនៅថ្ងៃទី៤ និងទី៥ ខែមេសាខាងមុខនេះ ក្នុងនោះភ្នំពេញក្រោន ត្រូវទទួលព្រះខ័នរាជស្វាយរៀង៕ 

កម្មវិធីរត់កម្សាន្ដ អបអរបុណ្យទន្លេ ថ្ងៃសុក្រនេះ មានអ្នកចូលរួមលើសការរំពឹង ខណៈ​គណៈកម្មការ​នឹង​ចែកអាវ ២ថ្ងៃមុនថ្ងៃរត់

2026/03/24 06:05:37 pm        171
នៅសល់ ៣ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ចាប់ពីថ្ងៃទី២៧ ដ​ល់​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ ដោយក្រសួងទេសចរណ៍ រួមជាមួយ​រដ្ឋបាល​ខេត្ត ​បានត្រៀមរៀបចំកម្មវិធីកម្សាន្ដជាច្រើន ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែល​នឹង​ប្រព្រឹត្ត​ទៅក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នេះ។ជាមួយគ្នា អ្វីដែលគួរឲ្យកត់សម្គាល់ គឺកម្មវិធីរត់កម្សាន្ដមហាជនចម្ងាយ ៥គីឡូម៉ែត្រ ដើម្បី​អបអរ​សាទរ​ព្រឹត្តិការណ៍បុណ្យទន្លេ ដែលនឹងត្រូវរៀបចំនាព្រឹកព្រលឹមថ្ងៃទី២៧ ខែមីនា បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ រហូតមានការចុះឈ្មោះលើសការរំពឹងទុក ខណៈ​គណៈកម្មការ​នឹងរៀបចំចែកអាវយឺត តាមការកំណត់រយៈពេល ២ថ្ងៃមុនកម្មវិធីមកដល់ នា​ថ្ងៃ​ទី​២៥-២៦ ខែមីនានេះ។ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាន​អនុ​គណៈកម្មការ​រៀបចំ​សកម្ម​ភាពកីឡា អបអរព្រឹត្តិការណ៍បុណ្យទន្លេ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមីនានេះ គណៈ​កម្មការរៀបចំ បានទទួលអ្នកចុះឈ្មោះសរុប ២,២៣៣នាក់ ។ នេះគឺជាតួ​រ​លេខ​លើស​ពី​ការ​រំពឹង​ ដ្បិតក្នុងកិច្ចប្រជុំ កាលពីថ្មីៗ ផ្អែកលើសន្ទុះនៃការចុះឈ្មោះ ឯកឧត្តម​សង្ឃឹម​មាន​អ្នក​ចូល​រួម​ចន្លោះ​ពី ១,៥០០នាក់ ទៅ ២,០០០នាក់ប៉ុណ្ណោះ។ក្នុងនាមអនុគណៈកម្មការរៀបចំ ឯកឧត្តមបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះការ​គាំទ្រ ​និងចូលរួមយ៉ាងផុសផុលរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ដើម្បីត្រៀមចូលរួមរត់លេងកម្សាន្ដ ក្នុង​ន័យ​ដើម្បីអបអរសាទរខួបលើកទី១០ នៃព្រឹត្តិការណ៍បុណ្យទន្លេ ផង និងជាចលនា​លើក​កម្ពស់​សុខ​ភាពប្រជាពលរដ្ឋ តាមរយៈសកម្មភាពកីឡា ផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍ ផង។ឯកឧត្តមបន្ដទៀតថា ក្នុងចំណោមអ្នកចុះឈ្មោះជាង ២ពាន់ ដូចបាន​កំណត់​ក្នុង​ការ​ជូន​ដំណឹង​នា​ពេល​ថ្មីៗ សម្រាប់អ្នកចុះឈ្មោះ ១,៥០០នាក់ដំបូង ក្រសួង​នឹង​មាន​រៀបចំ​អាវ​យឺត​ដ៏​ស្រស់​ស្អាត​សម្រាប់​ចែកជូនម្នាក់ ១ ហើយរដ្ឋបាលខេត្តក្រចេះ នឹងផ្ដល់ក្រមា ម្នាក់ ១ បន្ទាប់ពីរត់បញ្ចប់​ទី ​ដែលគ្រោងនឹងមានការអញ្ជើញចូលរួមបំពាក់ក្រមាផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួង​ទេស​ចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។ ចំពោះអាវយឺត ក្រុមការ​ងារ​អនុ​គណៈកម្មការ​រៀបចំសកម្មភាពកីឡា នឹងរៀបចំចែកជូន រៀងរាល់ម៉ោងធ្វើការ នាថ្ងៃទី២៥-២៦ ខែមីនានេះ នៅមុខសាលាខេត្តក្រចេះ។បន្ថែមលើនេះ ឯកឧត្តម វ៉ាហេង ដាវុធ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទោះ​បី​បាន​ចុះ​ឈ្មោះក្ដី​ ឬមិនបានចុះឈ្មោះក្ដី ហើយទទួលបានអាវយឺតក្ដី ឬពុំទទួលបានក្ដី អាចចូល​រួម​រ​ត់​លេង​កម្សាន្ដ​ឲ្យ​បានច្រើនកុះករ នាព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ ដ្បិតគណៈកម្មការ​រៀបចំ​បាន​ត្រៀម​នូវ​ភេសជ្ជៈ ទឹក និងអាហារសម្រន់ជាផលិតផលក្នុងខេត្តជាច្រើន ដូចជាក្រូចថ្លុងកោះទ្រង់ ក្រឡាន ជាដើម សម្រាប់ផ្ដល់ជូនអ្នកចូលរួមរត់ដោយឥតគិតថ្លៃ ។ តាមរយៈនេះ ឯកឧត្តមសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមដោយសប្បាយរីករាយទាំងអស់គ្នា។គួរដឹងថា បុណ្យបុណ្យទន្លេ លើកទី១០ ដែលរាជរដ្ឋាភិបាល បានសម្រេចរៀបចំនៅខេត្តក្រចេះ រយៈពេល ៣ថ្ងៃ នាចុងសប្ដាហ៍នេះ ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការពីម្ចាស់ផ្ទះ បានត្រៀមកម្មវិធីសំខាន់ៗជាច្រើន ក្នុងនោះក៏មានសកម្មភាពកីឡាជាច្រើន រួមមានរត់កម្សាន្ដ ៥គីឡូម៉ែត្រ, កីឡាហោះហើរ, កីឡាវាយសី, អុក និងកីឡាប្រជាប្រិយ ដូចជាលេងរែក លោតម៉ឹក និងបោះអង្គញ់ជាដើម ដើម្បីផ្ដល់នូវទស្សនីយភាព និងបរិយាកាសសប្បាយរីករាយជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិ ដែលនឹងចូលរួមលេងកម្សាន្ដនាឱកាសនោះ៕ អត្ថបទ លី ឈុនឡា 

កម្ពុជានឹងជំរុញអាស៊ាន ធ្វើរឿង ៣ចំណុច ពិសេសការអភិវឌ្ឍកីឡាដើម្បីសន្ដិភាព

2026/03/24 04:41:35 pm        172
កម្ពុជាបានត្រៀមសំណើរចំនួន៣ ដាក់ក្នុងកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន នាចុងឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ នៅខេត្តសៀមរាប ដើម្បីលើកកម្ពស់សកម្មភាពកីឡាក្នុងតំបន់ ទាំងកីឡាទំនើប និងកីឡាប្រពៃណី ពិសេសផ្ដោតលើការអភិវឌ្ឍកីឡាដើម្បីសន្ដិភាព។នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមីនា ក្រោយដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការមេអាស៊ានកីឡា ឆ្នាំ២០២៦-២០៣០ រយៈពេល ២ថ្ងៃ នាថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ។ឯកឧត្តមបានគូសបញ្ជាក់ថា សិក្ខាសាលាថ្នាក់តំបន់នាសប្ដាហ៍ក្រោយនេះ គឺជាលក្ខខណ្ឌតម្រូវរបស់អាស៊ាន ក្នុងនាមម្ចាស់ផ្ទះត្រូវរៀបចំកិច្ចប្រជុំឧត្តមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន ដើម្បីឆ្លើយតបនឹងគោលការណ៍ទាំង ៧ចំណុចរបស់អាស៊ាន ក្នុងការជំរុញឲ្យអប់រំកាយ និងកីឡាក្នុងតំបន់ មានការឯកភាព និងស៊ីចង្វាក់គ្នាក្នុងការអភិវឌ្ឍសុខុមាលភាពប្រជាជន និងការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ក្នុងតំបន់។ទន្ទឹមជាមួយគ្នា ឯកឧត្តម វ៉ាត់ ចំរើន បានរំលេចឲ្យដឹងថា កម្ពុជាបានត្រៀមសំណើរចំនួន ៣ ដើម្បីជំរុញវិស័យកីឡាក្នុងតំបន់ រួមមាន៖ ១-ការជំរុញអាស៊ានផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍកីឡា ដើម្បីសន្ដិភាព, ២-ការជំរុញការផ្លាស់ប្ដូរ និងជួយគ្នាលើការអភិវឌ្ឍធនធានមនុស្សផ្នែកកីឡាជំនាញ និង ៣-ការជំរុញឲ្យមានការអនុវត្ដ និងចេញជាសកម្មភាព ក្រោយមានគោលការណ៍ តែគ្មានការអនុវត្ត លើការជួយអភិវឌ្ឍន៍ ស្រាវជ្រាវ និងរួមគ្នាដើម្បីជីកកកាយ និងស្ដារឡើងវិញនូវកីឡាប្រពៃណី អត្តសញ្ញាណជាតិរបស់ប្រទេសនីមួយៗក្នុងតំបន់ជាដើម។ជាមួយដំណើឆ្ពោះទៅធ្វើម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន ដែលគ្រោងនឹងរៀបចំនៅខេត្តសៀមរាប នាខែតុលា ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ នេះដែរ ឯកឧត្តម វ៉ាត់ ចំរើន សង្ឃឹមថា កិច្ចប្រជុំកំពូលកីឡាក្នុងតំបន់នេះដែរ នឹងផ្ដល់នូវអត្ថប្រយោជន៍ និងផលចំណេញជាច្រើនដល់កីឡាកម្ពុជា៕ អត្ថបទ លី ឈុនឡា 

Nico O’Reilly តែតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងឱ្យ Manchester City ឈ្នះ Arsenal គ្រងជើងឯក EFL Cup

2026/03/23 09:57:21 pm        374
ក្រុមបាល់ទាត់ Manchester City បានបញ្ចប់ក្តីស្រមៃ Arsenal ចង់ឈ្នះជើងឯក ៤ ក្នុងមួយរដូវកាលក្រោយ Nico O’Reilly តែតបញ្ចូលទីពីរគ្រាប់ម្នាក់នៅវគ្គផ្តាច់ព្រ័ត្រ EFL Cup។ជាថ្ងៃដ៏អាក្រក់មួយសម្រាប់អ្នកចាត់ការ Arsenal លោក Mikel Arteta ដែលសម្រេចដាក់អ្នកចាំទីដៃទីពីរ Kepa Arrizabalaga ជំនួសជម្រើសដំបូង David Raya។អតីតអ្នកចាំទី Chelsea រូបនេះគឺជាអ្នកបង្កឱ្យរបូតគ្រាប់បាល់ដំបូងនៅពេលបាល់លើកចូលរបស់ Rayan Cherki ចាប់មិនជាប់ ដល់ខ្សែការពារ Nico O’Reilly តែតបញ្ចូលទីនាំមុខនៅនាទីទី ៦០។ បួននាទីបន្ទាប់ កីឡាករវ័យ ២១ ឆ្នាំអង់គ្លេសដដែលក៏រកបានគ្រាប់ទីពីររបស់ខ្លួនដែលជាការតែតបញ្ចូលទីផងដែរពីការប៉ះបញ្ជូនដោយ Matheus Nunes។ ចប់ការប្រកួត Manchester City ឈ្នះ Arsenal ២-០ ខណៈលោក Pep Guardiola បាន​ក្លាយ​ជាអ្នកចាត់ការដំបូងបំផុតដែលដឹកនាំក្រុមឈ្នះជើងឯក EFL Cup ៥ លើក ខណៈ​ដែល​មិត្តរួម​ជាតិ​អេស្ប៉ាញ Mikel Arteta និង Arsenal នៅតែបន្តរង់ចាំឈ្នះពានដំបូង​សម្រាប់​ក្លិបរាប់តាំងពីឈ្នះជើងឯក FA Cup នៅឆ្នាំ ២០២០៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្លិប​ Real Madrid សូម​អភ័យ​ទោស ចំពោះប្រជាជនចិន ក្រោយខ្សែប្រយុទ្ធ​ Mbappe ហៅអតីតមេដឹកនាំ​ថា ជា «ជនផ្តាច់ការ»
10/28/2026 06:10 PM
បារាំងបញ្ជូនយន្តហោះល្បាតសមុទ្រទៅកាន់សមុទ្រខ្មៅ ក្រោយការវាយប្រហារលើនាវាដឹកទំនិញ
10/28/2026 06:10 PM
ហ៊្សកដានី និងស៊ីរី បង្កើតគណៈកម្មាធិការសន្តិសុខ ក្រោយការវាយប្រហារស្លាប់មនុស្សលើទីតាំងរដ្ឋអ៊ិស្លាម
10/28/2026 06:10 PM
ក្រុមសិទ្ធិមនុស្សស៊ូដង់ថា មនុស្សជាង ១០០នាក់ បានស្លាប់ ក្នុងការវាយប្រហារដោយដ្រូនរបស់កងទ័ពលើផ្សារ
10/28/2026 06:10 PM
របាយការណ៍ UN៖ អ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅតំបន់វេសបែង
10/28/2026 06:10 PM
អែល សាល់វ៉ាឌ័រ បញ្ជូនទាហាន ១ពាន់នាក់ ទៅកាន់ហៃទី ក្រោយការពួនស្ទាក់វាយប្រហាររបស់ក្រុមអន្ធពាល
10/28/2026 05:10 PM
ការសិក្សារ៖ បម្រែបម្រួល​អាកាសធាតុ ត្រូវតែត្រូវបានប្រកាសថា ជា «គ្រាអាសន្នសុខភាពសកល»
10/28/2026 05:10 PM
ប្រេសិតពិសេសអាស៊ាន ដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់សហភាពមីយ៉ាន់ម៉ា
10/28/2026 05:10 PM
យោធាអាមេរិក៖ ការ​វាយប្រហារលើនាវា នៅតំបន់ប៉ាស៊ីហ្វិកខាងកើត បណ្តាលឱ្យមនុស្ស ៥​នាក់ស្លាប់
10/28/2026 05:10 PM
មនុស្សយ៉ាង​តិច​ ១០នាក់ស្លាប់ ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នា នៅអេស្ប៉ាញ
10/28/2026 05:10 PM