ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

តើអ៊ីរ៉ង់នឹងនៅតែអាចបង្ហាញខ្លួននៅ World Cup បានដែរ រឺយ៉ាងណា?

2026/03/02 07:12:38 pm        246
ក្នុងរយៈពេលមិនដល់ ១០០ ថ្ងៃទៀត សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ជា​សហម្ចាស់​ផ្ទះ​បាល់​ទាត់​ពិភព​លោក​ដែល​អ៊ីរ៉ង់ក៏នឹងមានវត្តមានប្រកួតផងដែរ។កាលពីថ្ងៃទី ២៨ កុម្ភៈកន្លងទៅ សហរដ្ឋអាមេរិក​បាន​វាយ​ប្រហារ​អ៊ីរ៉ង់​ជាផ្នែក​មួយ​នៃ​ប្រតិបត្តិការ​រួម​គ្នា​ជា​មួយអ៊ីស្រាអែល ដោយបង្កឱ្យមានការវាយប្រហារសងសឹកនៅទូទាំងមជ្ឈិមបូព៌ា។ដូច្នេះ​​តើ​ជម្លោះ​អាច​មាន​ន័យ​យ៉ាង​ណា​សម្រាប់​អ៊ីរ៉ង់ សម្រាប់ FIFA និង​សម្រាប់​អ្វី​ដែល​បាន​កំណត់​​រួច​​ជា​ស្រេច​ដើម្បី​ក្លាយ​ជា World Cup មួយដែល​អាច​លុបបំ​បាត់​វិបត្តិ​នយោបាយ​ច្របូក​ច្របល់​នេះ?តើអ៊ីរ៉ង់នឹងនៅតែអាចបង្ហាញខ្លួននៅ World Cup បានដែរ រឺយ៉ាងណា?អ៊ីរ៉ង់ស្ថិតនៅ​ក្នុង​ពូលរួចជាស្រេច ដែលវានឹងក្លាយជាការបង្ហាញខ្លួននៅ World Cup ៤ ព្រឹត្តិការណ៍​ជាប់គ្នា ដែលពួកគេនឹងត្រូវជួបជាមួយ នូវែលស៊ែឡង់ ប៊ែលហ្ស៊ិក នៅទីក្រុង Los Angeles និងចុងក្រោយជួបអេស៊ីបនៅ Seattle។អ៊ីរ៉ង់មិនបានប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ឡើយ ថ្វីបើអាមេរិកបានទម្លាក់គ្រាប់បែកបំផ្លាញទីតាំងផលិតគ្រាប់នុយក្លេអែធំៗបីកន្លែងនៅក្នុងប្រទេស តែប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់នៅពេលនេះ ត្រូវបានគេដឹងថាកំពុងស្រពិចស្រពិលសម្រាប់ការចូលរួម តាមរយៈសង្គ្រាមពេញទីនៅពេលនេះ។ប៉ុន្តែបន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei និងចំពេលមានភាពមិនប្រាកដប្រជាអំពីទិដ្ឋភាពនយោបាយនាពេលអនាគតនៅក្នុងប្រទេសបែបនេះ ការសម្រេចចិត្តបែបណា ហើយនរណាជាអ្នកសម្រេចចិត្ត កំពុងស្ថិតក្នុងទីងងឹត។ FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បាននិងកំពុងតាមដានការវិវឌ្ឍន៍ស្ថានការជាក់ស្តែង ប៉ុន្តែក្នុងដំណាក់កាលនេះ ក្រុមមន្ត្រីកំពុងនិយាយជាឯកជនថា ពួកគេរំពឹងថា អ៊ីរ៉ង់នឹងនៅតែចូលរួម World Cup ខណៈអគ្គលេខាធិកា FIFA លោក Mattias Grafstrom បាននិយាយថា "ការផ្តោតអារម្មណ៍របស់យើងគឺដើម្បីឱ្យមានការប្រកួតបាល់ទាត់ពិភពលោកប្រកបដោយសុវត្ថិភាពសម្រាប់អ្នកគ្រប់គ្នាដែលចូលរួម"។ ចុះភាគីម្ចាស់ផ្ទះ សហរដ្ឋអាមេរិកនឹងគិតបែបនេះ?ប្រធានាធិបតីអាមេរិក Donald Trump កាលពីឆ្នាំមុនបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលហាមប្រាមជនជាតិមកពីប្រទេសចំនួន ១២ រួមទាំងអ៊ីរ៉ង់ មិនឱ្យចូលសហរដ្ឋអាមេរិក ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការគំរាមកំហែងផ្នែកសន្តិសុខ តែកីឡាករ និងបុគ្គលិកគ្រូបង្វឹកត្រូវបានលើកលែង។ប៉ុន្តែប្រសិនបើអ៊ីរ៉ង់ចូលរួម ពេលនេះទំនងជានឹងមានការត្រួតពិនិត្យបន្ថែមទៀតលើសុវត្ថិភាពជុំវិញការប្រកួតរបស់ក្រុម និងមូលដ្ឋានហ្វឹកហ្វឺនហ្វឹកហាត់របស់អ៊ីរ៉ង់ដែលគ្រោងរៀបចំឱ្យនៅរដ្ឋអារីហ្សូណា។កន្លងមកការប្រកួតរបស់អ៊ីរ៉ង់កាលពីនៅ World Cup ២០២២ នៅប្រទេសកាតា បូករួមទាំងការប្រកួតរបស់អ៊ីរ៉ង់ទល់នឹងអាមេរិក ត្រូវបានរៀបចំឡើងធម្មតា តែនៅពីក្រោយខ្នងមានការបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលពួកគេនៅប្រទេសអ៊ីរ៉ង់។ ក្នុងអំឡុងពេលប្រកួតទីពីររបស់ពួកគេជាមួយនឹងក្រុមវេលស៍ មានការប្រឈមមុខដាក់គ្នារវាងអ្នកគាំទ្រជាមួយនឹងទស្សនៈប្រឆាំងអំពីរដ្ឋាភិបាលអ៊ីរ៉ង់ ហើយបានផ្តល់ក្តីសង្ឃឹមរបស់លោក Trump សម្រាប់ការផ្លាស់ប្តូររបបនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយវាអាចទៅរួចទៀត ដែលសេណារីយ៉ូស្រដៀងគ្នានេះអាចនឹងកើតឡើងនៅ World Cup ឆ្នាំនេះ។ ប៉ុន្តែទោះបីជាអ៊ីរ៉ង់អវត្តមានក៏ដោយ ភាពតានតឹងអាចកើនឡើង ជាពិសេសព្រឹត្តិការណ៍នេះ ក៏ជាវេទិកាប្រារព្ធខួបលើកទី ២៥០ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ហើយលោក Trump ត្រូវបានគេរំពឹងថានឹងមានវត្តមានដូចដែលលោកចូលរួម Club World Cup និង Ryder Cup កាលពីឆ្នាំមុន។តើការផ្តល់កិត្តិយស មេដាយសន្តិភាពរបស់ FIFA ដល់លោក Donald Trump មានន័យដូចម្តេច?កាលពីខែធ្នូឆ្នាំមុន FIFA បានផ្តល់មេដាយសន្តិភាពដល់លោក Trump នៅក្នុងពិធីចាប់ឆ្នោត World Cup ឆ្នាំ ២០២៦ នេះដោយនិយាយថាលោកប្រធានាធិបតីបានដើរតួនាទីសំខាន់ ក្នុងការបង្កើតបទឈប់បាញ់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន រួមជាមួយនឹងជម្លោះផ្សេងទៀតជុំវិញពិភពលោកតែក្នុងរយៈពេលពីរបីសប្តាហ៍ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានចាត់វិធានការយោធានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា នីហ្សេរីយ៉ា និងអ៊ីរ៉ង់ ហើយធ្លាប់បង្ហើបពីគម្រោងប្រតិបត្តិការបន្ថែមទៀតដែលអាចធ្វើទៅបាននៅហ្គ្រីនលែន មិត្តរួមម្ចាស់ផ្ទះ World Cup ម៉ិកស៊ិក និងកូឡុំប៊ី ហើយកាលពីខែមករា លោក Trump ក៏បានប្រាប់គុយបាឱ្យ "ធ្វើកិច្ចព្រមព្រៀង" ឬប្រឈមមុខនឹងផលវិបាក។លោក Trump បាន​ការពារ​គោលនយោបាយ​ការបរទេស​របស់​លោក​យ៉ាង​ខ្លាំងក្លា ដោយ​ទទូច​ថា លោក​កំពុង​ធ្វើ​សកម្មភាព​ដើម្បី​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក។ការសម្រេចចិត្តរបស់លោក Trump ក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ បានទទួលទាំងការគាំទ្រ និងការថ្កោលទោស ប៉ុន្តែអ្វីដែលប្រាកដនោះគឺវានឹងនាំឱ្យមានការពិនិត្យមើលបន្ថែមទៀតលើការសម្រេចចិត្តរបស់ FIFA ដែលនឹងក្លាយជាការសម្រេចចិត្តប្រយ័ត្នប្រយ៉ែងបំផុតលើស្ថានការផុយស្រួយបែបនេះ។តាមពិតទៅ World Cup ពីមួយព្រឹត្តិការណ៍ទៅមួយព្រឹត្តិការណ៍ FIFA តែងតែប្រឈមនឹងបញ្ហាធំដែលត្រូវប្រឈម។ នៅឆ្នាំ ២០១៨ World Cup នៅតែរៀបចំនៅប្រទេសរុស្ស៊ី ទោះបីជាប្រទេសនេះបានបញ្ចូលគ្រីមៀកាលពី ៤ ឆ្នាំមុនក៏ដោយ។ រុស្សីក៏ត្រូវបានចោទប្រកាន់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត ដោយបានជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក។រុស្ស៊ីត្រូវបានហាមឃាត់ដោយ FIFA ក្នុងឆ្នាំ ២០២២ ជុំវិញការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន បន្ទាប់ពីប្រទេសមួយចំនួននៅអឺរ៉ុបបដិសេធមិនប្រកួតប្រជែងជាមួយ។ប៉ុន្តែថ្មីៗនេះ Infantino បាននិយាយថា ការដាក់ទណ្ឌកម្មមិនមានប្រសិទ្ធភាពទេ ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនមិនបញ្ចប់ ហើយលោកចង់លើកលែងបម្រាមនេះ។ គេមិនឃើញសញ្ញាណណាមួយដែល FIFA គ្រោងដាក់បម្រាមក្រុមបាល់ទាត់អាមេរិកឡើយ យ៉ាងណាក្តីវាគឺជានយោបាយដ៏ច្របូកច្របល់សម្រាប់ FIFA ខ្លួនឯង និងជានយោបាយដ៏ស្មុគស្មាញសម្រាប់ពិភពលោកទាំងមូល៕អត្ថបទ៖នាង សុភាវុធ

ពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Academy លើកទី៤ ផ្លាស់ប្ដូរម្ចាស់ជើងឯកថ្មី

2026/03/02 06:31:24 pm        221
ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ T.Y Media Academy រដូវកាលទី៤ ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ ជាមួយការផ្លាស់ប្ដូរម្ចាស់ជើងឯក ដែលលើកពានដោយក្រុម Eye X CNO បន្ទាប់ពីយកឈ្នះក្រុម Alpha REX ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center។រៀបចំដោយក្រុមហ៊ុន T.Y Media ក្រោមកិច្ចសហការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា រួមជាមួយការឧបត្ថម្ភគាំទ្រពី VSHOPKH, TADA Cambodia និងដៃគូផ្សេងទៀត បានជំរុញឲ្យការប្រកួតរដូវកាលទី៤ ប្រព្រឹត្តទៅយ៉ាងរលូន ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន រហូតដល់ ៤៧៧ក្រុម ហើយបានឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល ទើបរកឃើញក្រុមជើងឯក។កាលពីរដូវកាលមុនជើងឯកប្រចាំព្រឹត្តិការណ៍នេះ គឺបានលើកពានដោយក្រុម Team TDN តែឆ្នាំនេះ ពួកគេបានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុម Vanguard Clew ។ ប៉ុន្ដែនៅវគ្គ ៤ក្រុមចុងក្រោយក្រុម Vanguard Clew បានចាញ់ក្រុម Alpha REX ដែលនាំឲ្យក្រុម Alpha REX ឡើងវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមខ្លាំង Eye X CNO ។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្រុម Eye X CNO ក៏បានយកឈ្នះដាច់ ៣-០ ដើម្បីគ្រងជើងឯក T.Y Media Academy រដូវកាលទី៤ តែម្ដង។បន្ទាប់ពីផ្លាស់ប្ដូរម្ចាស់ពានរដូវកាលនេះ កីឡាករតំណាងក្រុមជើងឯក Eye X CNO បានសម្ដែងក្ដីរីករាយ ដែលក្រុមខ្លួនបានខិតខំប្រឹងប្រែង រហូតដល់សម្រេចបានគោដៅដែលក្រុមខ្លួនបានដាក់។ យ៉ាងណាមិញ ពួកគេថា ការប្រកួតប្រជែងរដូវកាលនេះ ពិតជាមានភាពស្វិតស្វាញ ហើយក៏បានអរគុណក្រុមហ៊ុន T.Y Media ដែលបានរៀបចំព្រឹត្តិការណ៍ស្ដង់ដារនេះឡើង ដើម្បីឲ្យពួកគេបានបង្ហាញសមត្ថភាព និងការប្រកួតប្រជែងដ៏អស្ចារ្យនេះផងដែរ៕ អត្ថបទ លី ឈុនឡា

អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ, សង្ឃឹម និង វណ្ណថង ផ្ដួលដៃគូត្រឹមទឹក២ លើទឹកដីបារាំង

2026/03/02 06:17:29 pm        303
អ្នកលេងគុនខ្មែរ ៦រូប បានធ្វើឲ្យកក្រើកសង្ស័យ Cambodia Kun Khmer នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយកីឡាករ-កីឡាការិនី ៥រូប បានទទួលជ័យជម្នះ ស្របពេល ពេជ្រ សម្បត្តិ, បឺត សង្ឃឹម និង ឈុត សិរីវណ្ណថង បានផ្ដួលដៃគូឲ្យបោះបង់ការប្រកួតត្រឹមទី២ ដូចគ្នា កាលពីចុងសប្ដាហ៍កន្លងទៅ។សម្រាប់កីឡាកររហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ បានយកផ្ដួលកីឡាករម្ចាស់ផ្ទះ ម៉ាក់ស៊ីម ខំបេស នៅទឹកទី២, គ្រាដែលកីឡាករ បឺត សង្ឃឹម បានយកឈ្នះកីឡាករ ម៉ាទីន ស្ទេរវេន របស់បារាំងដូចគ្នា ត្រឹមទី២ និងកីឡាករ ឈុត សិរីវណ្ណថង បានផ្ដួលកីឡាករអេស្ប៉ាញ សឺជីអូ ភីនីលឡា ត្រឹមទឹកទី២ ដើម្បីគ្រងខ្សែក្រវាត់រៀងៗខ្លួន។រីឯលទ្ធផលអ្នកលេងគុនខ្មែរ ៣រូបទៀត រួមមានកីឡាការិនី ទូច ចាន់វត្ដី បានវាយឈ្នះកីឡាការិនីបារាំង ម៉ាទីន ថូម៉ាស់ ដោយពិន្ទុ និងកីឡាករ សៀងហៃ គុនខ្មែរ បានវាយកឈ្នះកីឡាករ លីញ៉ាត់ ដឺ ណាសស៊ីបូរ របស់បារាំង ដោយពិន្ទុ លើកលែងតែកីឡាករ ពេជ្រ អាទិទេព ដែលរងបរាជ័យដោយពិន្ទុ ក្រោមថ្វីដៃកីឡាករបារាំង អាំបាយ ស៊ាំ ។ព្រឹត្តិការណ៍នេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋនៅទ្វីបអឺរ៉ុប ពិសេសអ្នករស់នៅទីក្រុងបារីសផ្ទាល់ ដែលបានចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងការប្រកួតគុនខ្មែរ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះ៕ អត្ថបទ លី ឈុនឡា

Barry Hawkins ឈ្នះ Jack Lisowski គ្រងជើងឯកស្នូកឃ័រ Welsh Open លើកដំបូងក្នុងអាជីព

2026/03/02 05:56:04 pm        217
កីឡាករស្នូកឃ័រអង់គ្លេស Barry Hawkins បានគ្រងជើងឯកការប្រកួតកម្មវិធី Welsh Open ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន ក្រោយយកឈ្នះមិត្តរួមជាតិ Jack Lisowski នៅវគ្គផ្តាច់ព្រ័ត្រ ៩-៥ ហ្វ្រេម។Barry Hawkins មានការប្រកួតវគ្គផ្តាច់ព្រ័ត្រដំណាក់កាលដំបូងដ៏ល្អរបស់ខ្លួន ដោយបានយកឈ្នះ ៧ ក្នុងចំណោម ៨ ហ្វ្រេមដំបូងនៅសាលប្រកួតកីឡា Venue Cyrum ប្រទេសវែល ដើម្បីនាំមុខដាច់ដល់ទៅ ៧-១។ ឈានចូលដំណាក់កាលទីពីរ Jack Lisowski បានយកឈ្នះបីហ្វ្រេមផ្ទួនៗ ដាក់សម្ពាធដល់ Hawkins ដោយតាមពីក្រោយ ៧-៤ ហ្វ្រេម។ តែការវាយបករបស់ Lisowski បានស្រុតចុះវិញនៅហ្វ្រេមទី ១២ សំណាងរបស់ Hawkins ធ្វើឱ្យគេនាំមុខ ៨-៤ ហ្វ្រេម និងត្រូវការតែមួយហ្វ្រេមទៀតដើម្បីឈ្នះជើងឯក។Lisowski ក៏បានយកឈ្នះមួយហ្វ្រេមវិញ តែកីឡាករវ័យ ៤៦ ឆ្នាំ​ Barry Hawkins ឱ្យឱកាសរបូតឡើយដោយយកឈ្នះហ្វ្រេមទី ៩ របស់ខ្លួន និងសរុបលទ្ធផល ៩-៥ ហ្វ្រេម ដើម្បីគ្រងជើងឯក Welsh Open លើកពាន Ray Reardon លើកដំបូងក្នុងអាជីព។ រំលឹកថា Barry Hawkins ធ្លាប់ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Welsh Open នេះម្តងកាលពីឆ្នាំ ២០១៨ តែចាញ់ John Higgins៕ អត្ថបទ៖នាង សុភាវុធ

ISI ឈ្នះឡាយហ្វលើកដំបូង ខណៈកងយោធពលខេមរភូមិន្ទ បន្ដចាញ់គិរីវង់

2026/03/02 05:30:46 pm        231
តារាងចំណាត់ថ្នាក់ ក្នុងចំណោមក្រុមខាងក្រោមទាំង ៥ ឬ Bottom 5 មានការផ្លាស់ប្ដូរ ក្រោយ​ចាប់​ផ្ដើម​ការប្រកួតដំណាក់កាលទី២ បន្ទាប់ពីក្រុម ISI ដង្កោសែនជ័យ បានស្គាល់​ជ័យ​ជម្នះ​លើក​ដំបូង លើក្រុមឡាយហ្វខេត្តព្រះសីហហនុ ក្នុងរដូវកាលនេះ ស្របពេលក្រុម​កង​យោធពល​ខេមរភូមិន្ទ បន្ដចាញ់ក្រុមគិរីវង់សុខសែនជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ។បន្ទាប់ពីរងបរាជ័យក្នុងដី ១-០ មុនបន្ដចាញ់ក្រៅដី ២-១ ទីបំផុតក្រុម ISI ដង្កោសែនជ័យ បានស្គាល់ជ័យជម្នះលើក្រុមឡាយហ្វខេត្តព្រះសីហនុ ដោយលទ្ធផល ៤-២ ក្នុងជំនួបបើកឆាកជុំទី៣ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅកីឡដ្ឋានឡាយហ្វ។ ៤គ្រាប់ ដែលជួយឲ្យក្រុមដំរីជ័យ ស្គាល់ជ័យជម្នះលើក្រុមមានមូលដ្ឋាននៅខេត្តព្រះសីហនុនេះ រកបានដោយកីឡាករ Diakite Lancine និង Bruno ម្នាក់ ២គ្រាប់ គ្រាដែល ២គ្រាប់របស់ឡាយហ្វ រកបានដោយកីឡាករ Kim Hyeon Su ទាំង ២គ្រាប់ផងដែរ។ចំណែកក្រុមកងយោធពលខេមរភូមិន្ទ ដែលធ្លាប់ឈ្នះគិរីវង់ ២-០ កាលពីជើងទី១ បានភ្លាត់ចាញ់ ២ប្រកួតជាប់គ្នា ក្រោយរងបរាជ័យក្នុងដី ៤-០ កាលពីជើងទី២ មុនបន្ដចាញ់ ៣-២ ក្នុងជំនួបជើងទី៣ នៅទឹកដីខេត្តតាកែវ កាលពីចុងសប្ដាហ៍កន្លងទៅ។ ៣គ្រាប់ ដែលជួយឲ្យក្រុមមាន់គក ទទួលបាន ៣ពិន្ទុបន្ថែមនេះ រកបានដោយកីឡាករ Azike Ekene Victor, Louis Willy និង ហ៊ុយ សុភារៈ ម្នាក់ ១គ្រាប់ ខណៈ ២គ្រាប់របស់ក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ រកបានដោយ ខន ណារ៉ង និង យឹម កក្កដា។ជាមួយលទ្ធផលការប្រកួតបើកឆាកដំណាក់កាលទី២ រវាងបេក្ខភាព Bottom-5 នេះ គេឃើញតារាងពិន្ទុ មានការផ្លាស់ប្ដូរ ដោយក្រុមគិរីវង់សុខសែនជ័យ បានឡើងមកឈរលេខ៨ មាន ១៧ពិន្ទុ គ្រាដែលកងយោធពលខេមរភូមិន្ទ បានធ្លាក់ទៅឈរលេខ៩ មាន ១៧ពិន្ទុស្មើគ្នា គ្រាដែលក្រុម ISI ដង្កោសែនជ័យ បានឡើងមកឈរលេខ១០ រកបាន ១២ពិន្ទុ លើក្រុមឡាយហ្វខេត្តព្រះសីហនុ ដែលធ្លាក់ទៅឈរបាតតារាងវិញ ដោយរក្សា ១០ពិន្ទុក្នុងដៃ៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជស្វាយរៀងនាំមុខ៧ពិន្ទុ ក្រោយឈ្នះអឹមអូអាយ និងភ្នំពេញក្រោនស្មើអង្គរថាយហ្គឺរ

2026/03/02 05:16:33 pm        251
ពេលនេះក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នាំមុខជើងឯកលីគកំពូលកម្ពុជារហូតដល់៧ពិន្ទុ ពេល​ឈ្នះអឹមអូអាយកំពង់ដេវ៉ា ២ទល់នឹង០ ស្របពេលភ្នំពេញក្រោន បានត្រឹមស្មើអង្គរថាយហ្គឺរ ០ទល់០ សប្ដាហ៍ទី២៣ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។នៅពហុកីឡដ្ឋានជាតិមរតកតេជោ ព្រះខ័នរាជស្វាយរៀង យកឈ្នះអឹមអូអាយ ២ទល់នឹង០ ដោយ​គ្រាប់បាល់របស់កីឡាករ គឹម សុខយុទ្ធ នាទីទី១៦ និងគ្រាប់ចូលទីខ្លួនឯងរបស់កីឡាករ ចាន់ សានីត នាទីទី៥៧ ពេលដែលខ្សែប្រយុទ្ធព្រះខ័នរាជ Patrick Robson ទាត់​មក​ប៉ះជើង​ហើយ​ក៏​ខ្ទាត់ចូលទីតែម្ដង។ បន្ទាប់ពីប្រកួតនេះ ព្រះខ័នរាជស្វាយរៀង ត្រូវជួបភ្នំពេញក្រោន ពាន​រង្វាន់​ក្លឹប​អាស៊ីលំដាប់ទី៣ (AFC Challenge League) ថ្ងៃទី៥ ខែមីនា និងថ្ងៃទី៧ ខែដដែល​ត្រូវ​ជួប​ណាហ្កាវើលដ៍នៅកំពង់ស្ពឺលីគកំពូលកម្ពុជា។ថ្ងៃជាមួយគ្នា នៅទឹកដីអាគីហ៊ីរ៉ូ កាតុ ភ្នំពេញក្រោន​ដណ្ដើម​បាន​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​អង្គរ​ថាយ​ហ្គឺរ ​ពេលក្រុមទាំងពីរស្មើគ្នា ០ទល់នឹង០ ទោះបីជាក្លឹប​ទាំង​ពីរ​ដាក់​សម្ពាធ​គូ​ប្រកួត​រៀង​ខ្លួន​ក៏​ដោយ​។ លីគកំពូលសប្ដាហ៍នេះ ភ្នំពេញក្រោនត្រូវទទួលអឹមអូអាយកំពង់ដេវ៉ា។ចំណែកនៅ​ពហុកីឡដ្ឋានជាតិ មួយគ្រាប់របស់កីឡាករ ម៉ាត់ នូរុន នៅនាទីទី៥០ ជួយឱ្យបឹងកេត ឈ្នះណាហ្កាវើលដ៍ ១ទល់នឹង០ និងមាន៣៥ពិន្ទុស្មើគ្នា និងណាហ្កាវើលដ៍ ក្រោយ២១ប្រកួត។ ថ្ងៃអាទិត្យនេះ បឹងកេតត្រូវទទួលអង្គរថាយហ្គឺរ៕ 

សហព័ន្ធកីឡាហែលទឹកពិភពលោកសម្រេចលុបចោលការប្រកួតលោតទឹកនៅប្រទេសម៉ិកស៊ិក

2026/02/27 10:37:41 pm        339
World Aquatics ដែលជាស្ថាប័នគ្រប់គ្រងអន្តរជាតិសម្រាប់កីឡាក្នុងទឹក បានឱ្យដឹងនាពេលថ្មីៗនេះ ថាការប្រកួតកីឡាហែលទឹកពិភពលោកដែលគ្រោងធ្វើនៅដើមខែមីនានៅប្រទេសម៉ិកស៊ិកត្រូវបានលុបចោល។ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​ ក្រោយ​ការ​ចាប់​ខ្លួន​និង​ការ​ស្លាប់​របស់​មេ​ក្រុម​ជួញដូរ​គ្រឿងញៀនធំបំផុត​​របស់​ម៉ិកស៊ិក ជាពិសេស​ក្នុង​រដ្ឋ Jalisco។អង្គភាពកីឡាហែលទឹករបស់ពិភពលោកមួយនេះបានបន្តថា "World Aquatics នៅក្នុងការពិគ្រោះយោបល់ជាមួយ Aquatics Mexico សហព័ន្ធម៉ិកស៊ិកនៃប្រភេទកីឡាហែលទឹក និងលោតទឹក បានសម្រេចចិត្តលុបចោលការប្រកួត World Aquatics Diving World Cup នៅ Zapopan ប្រទេសម៉ិកស៊ិក" ។ "សុវត្ថិភាព និងការចូលរួមរបស់អត្តពលិកទាំងអស់នៅតែជាអាទិភាពជាមូលដ្ឋានសម្រាប់ World Aquatics"។ការចាប់ខ្លួន និងការស្លាប់របស់ Nemesio Oseguera ដែលត្រូវបានគេស្គាល់ថាជា "El Mencho" ដែលជាស្តេចគ្រឿងញៀនរបស់ប្រទេសនេះ បានបង្កឱ្យមានឧប្បត្តិហេតុហឹង្សាជាបន្តបន្ទាប់ ភាគច្រើននៅក្នុងទីក្រុង Guadalajara រដ្ឋធានីនៃរដ្ឋ Jalisco ដែលជាកន្លែងគ្រោងរៀបចំការកីឡាហែលទឹកជើងពិភពលោក។ការប្រកួតកីឡាហែលទឹកពិភពលោកត្រូវបានកំណត់ពេលប្រកួតពីថ្ងៃទី ៥-៨ ខែមីនា ហើយត្រូវបានគេមើលឃើញថាជាផ្នែកសំខាន់នៃការត្រៀមលក្ខណៈរបស់អត្តពលិកហែលទឹក និងលោតទឹកម៉ិកស៊ិកត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ​ ២០២៨ ដែលរៀបចំនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក៕ អត្ថបទ៖នាង សុភាវុធ 

សហព័ន្ធកីឡាវាយកូនបាល់អាស៊ី(ATF)នឹងសម្រេចក្នុងឆ្នាំ២០២៦ ក្នុងការដាក់ឲ្យគ្រូបង្វឹកស្ថិតលើទីលានប្រកួត

2026/02/27 10:28:47 pm        393
សហព័ន្ធកីឡាវាយកូនបាល់អន្ដរជាតិ (ATF) គាំទ្រការស្នើសុំ របស់ លោក ទេព រិទ្ធិវិទ្ធអគ្គលេខាធិការ សហព័ន្ធ​កីឡាវាយ​កូន​បាល់​កម្ពុជា និងជាអនុប្រធាន​សហព័ន្ធ​កីឡាវាយកូនបាល់​អាស៊ី​ទទួល​បន្ទុក​ប្រធាន​គណៈកម្មការ​អភិវឌ្ឍន៍​យុវជន​ក្រោម​១៨​ឆ្នាំ និងផ្នែកគ្រូបង្វឹក ក្នុងការដាក់ឲ្យគ្រូបង្វឹកស្ថិតលើទីលាន អំឡុងការប្រកួតរបស់ថ្នាលយុវជន ដើម្បី​មាន​សិទ្ធ​ផ្ដល់​ព័ត៌មាន​ដល់កូនក្រុមបានទាន់ពេលវេលា ក្នុងការកែតម្រូវ ឬបំពេញចំណុចខ្វះខាត ដែលអាចធានា​បាន​នូវ​ការ​អភិវឌ្ឍ​សមត្ថភាព​កាន់​តែមានប្រសិទ្ធភាព។ នេះជាការបញ្ជាក់របស់ លោក ទេព រិទ្ធិវិទ្ធ នាកន្លងថ្មីៗនេះ ក្នុងការប្រកួត​កីឡាវាយ​កូន​បាល់​អន្តរជាតិអាស៊ីវគ្គជម្រុះប្រចាំតបន់អាស៊ីអាយុក្រោម១៤ឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ក្នុង​នាមលោកផ្ទាល់ ដែលជាតំណាងសហព័ន្ធកម្ពុជា និងសហព័ន្ធអាស៊ី លោកពិតជាមានមោទនភាព ដែលសំណើរនេះ ត្រូវ​បាន​អន្ដរជាតិគាំទ្រ និងអនុវត្តឲ្យចាប់ផ្ដើមអនុវត្ត ចាប់ពីឆ្នាំ២០២៦ នេះ ដោយរាប់ពីការធ្វើម្ចាស់ផ្ទះវគ្គជម្រុះទ្វីបអាស៊ី នៅ​កម្ពុជា​តទៅ ។ លោកថា នេះគឺជាចលករថ្មីមួយ ដើម្បីជំរុញទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ក៏ដូចជាអត្តពលិកវ័យក្មេងក្នុងតំបន់ និង​ទ្វីប បានខិតខំប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតមានភាពល្អប្រសើរ ដោយ ពីមុនៗ គ្រូបង្វឹកមិនមានសិទ្ធិនៅទីលាន មិន​បាន​គាំទ្រ ឬផ្តល់ព័ត៌មានអ្វីដល់កីឡាករ ឬកីឡាការិនីរបស់ខ្លួននោះទេ នៅពេលកំពុងប្រកួត។ ដូច្នេះឥឡូវនេះ សហព័ន្ធ​វាយកូនបាល់អាស៊ី អនុញ្ញាត ឱ្យមានគ្រូបង្វឹកអាចមាន សិទ្ធិឈរនៅលើលានប្រកួតសម្រាប់វ័យអាយុ ក្រោម​១២​ឆ្នាំ ​ដល់ក្រោម១៨ឆ្នាំ ដោយនៅពេលដែល អត្តពលិករបស់ខ្លួនមានកំហុសអាចកែប្រែស្ថានភាពបានភ្លាមៗ ក្នុង​អំឡុង​ពេល​ប្រកួត​ ក្រោយទទួលបានការណែនាំ។ឮសូមបញ្ជាក់ថា សហព័ន្ធកីឡាវាយកូនអាស៊ី (ATF)អនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ ជំហ៊ាន​បន្ត​ប្រទេស​វៀតណាម​នឹង​ចាប់​អនុវត្ត ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាវាយកូបាល់ ទាំងក្នុងតំបន់ និងទ្វីប ពិសេសកម្រិតយុវជនថ្នាល ដើម្បីឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែងកម្រិតពិភពលោកនាថ្ងៃអនាគតដ៏ខ្លីខាងមុខ៕

Ronaldo ទិញភាគហ៊ុន ២៥% វិនិយោគក្លិបនៅលីគទីពីរអេស្ប៉ាញ Almeria

2026/02/27 09:08:57 pm        158
ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បាន​ក្លាយ​ជាម្ចាស់​មួយ​ផ្នែក​នៃ​ក្លិប​បាល់​ទាត់​នៅ​លីគ​ទីពីរ​អេស្ប៉ាញ Almeria ក្រោយទិញយកភាគហ៊ុនវិនិយោគ ២៥%។ខ្សែ​ប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ បានសម្រេចទិញយកភាគហ៊ុនក្លិបអេស្ប៉ាញមួយនេះ ដែល​កំពុង​កាន់​កាប់​ភាគហ៊ុនធំដោយក្រុមអ្នកវិនិយោគរបស់អារ៉ាប៊ីសាអ៊ូឌីតដែលដឹកនាំដោយលោក Mohammed Al-Khereiji។ ខណៈ​ដែលព័ត៌មានហិរញ្ញវត្ថុមិនត្រូវបានប្រាប់ឱ្យដឹង Ronaldo បានឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​ថា​ ខ្លួនមានគំនិតសុទិដ្ឋិយមក្នុងការដឹកនាំក្លិបោ្យទទួលបានជោគជ័យនាថ្ងៃអនាគត។ កាលពីឆ្នាំមុនក្រុមហ៊ុនរបស់លោក Al-Khereiji, SMC Group បានទិញយកភាគហ៊ុនធំរបស់ Almeria ពីលោក Turki Al-Sheikh ដែលជានាយកអាជ្ញាធរកំសាន្តទូទៅ របស់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត។ Cristiano Ronaldo បានចំណាយពេលពេញ ៩ ឆ្នាំនៅអេស្ប៉ាញជាមួយ Real Madrid ដែលគេបានឈ្នះជើងឯក La Liga ពីរលើក និង Champions League បួនលើកមុនផ្លាស់ទៅ Juventus នៅឆ្នាំ ២០១៨។ បច្ចុប្បន្នប្រកបអាជីពនៅក្លិបបាល់ទាត់ Al-Nassr នៃលីគអារ៉ាប៊ីសាអ៊ូឌីត Ronaldo បានក្លាយជាកីឡាករដែលមានប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ១៧៧ លានផោនក្នុងមួយឆ្នាំ។ ក្លិបបាល់ទាត់ Almeria ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៩ បច្ចុប្បន្នកំពុងឈរលេខ ៣ នៅលីគទីពីរអេស្ប៉ាញ Segunda Division តាមពីក្រោយក្រុមកំពូលតារាង Real Racing ពីរពិន្ទុខណៈនៅសល់ ១៥ ប្រកួតទៀតចប់រដូវកាល៕ អត្ថបទ៖នាង សុភាវុធ

Brentford បន្តកិច្ចសន្យាឱ្យគ្រូបង្គោលលោក Keith Andrews ដល់ឆ្នាំ ២០៣២

2026/02/27 08:16:52 pm        131
គ្រូបង្គោលក្លិបបាល់ទាត់ Brentford លោក Keith Andrews បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលនឹងរក្សារូបលោកនៅបន្តដឹកនាំក្រុមដល់ឆ្នាំ​២០៣២។ បុរសសញ្ជាតិអៀកឡង់រូបនេះ បានមកជំនួសតំណែងលោក Thomas Frank កាលពីខែមិថុនា ខណៈដែលក្លិបបច្ចុប្បន្នកំពុងឈរលេខ ៧ នៅ Premier League ហើយក៏កំពុងសម្លឹងរកកៅអីមួយនៅអឺរ៉ុបរដូវកាលក្រោយ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។លោក Keith Andrews ពីមុនគឺជាផ្នែកមួយនៃក្រុមការងារគ្រូបង្វឹកដោយលោកជាគ្រូបង្វឹក រៀបចំបាល់ Set-Piece។ក្រោមការដឹកនាំរបស់បុរសវ័យ ៤៥ ឆ្នាំរូបនេះ គេឃើញ Brentford ឈ្នះ ១២ ស្មើ ៤ ក្នុងចំណោម ២៧ ប្រកួតនៅ Premier League ដោយកំពុងឈរលេខ ៧ មាន ៤០ ពិន្ទុពីក្រោម Liverpool លេខប្រាំដែលមាន ៤៥ ពិន្ទុ។ Brentford នឹងត្រូវជួបជាមួយក្រុមបាតតារាង Burnley ចុងសប្តាហ៍នេះនៅ Premier League៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់មនុស្សធម៌ និងការប្រើប្រាស់បដិរូបដល់អ្នកសារព័ត៌មាន
10/28/2026 08:10 PM
កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
10/28/2026 07:10 PM
ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
10/28/2026 07:10 PM
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មអត្តសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
10/28/2026 07:10 PM
លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%
10/28/2026 07:10 PM
រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
10/28/2026 07:10 PM
លោក Trump បញ្ជាក់​ថា កិច្ចប្រជុំជាមួយ​លោក Zelenskyy និងលោក Putin នឹងត្រូវរៀបចំឡើងឆាប់ៗ
10/28/2026 06:10 PM
លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
10/28/2026 06:10 PM
[BREAKING NEWS] មនុស្សយ៉ាងហោច ៤៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅអេស្ប៉ាញ
10/28/2026 06:10 PM
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម GBC
10/28/2026 06:10 PM