ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

គ្រូព្រះខ័នរាជ និងភ្នំពេញក្រោនថា ជំនួបពានទី៣ ទ្វីបអាស៊ីល្ងាចនេះ នឹងតានតឹងខ្លាំង ដោយសារ​ការស្គាល់គ្នាដូចថ្ងៃ

2026/03/05 05:16:41 pm        414
ជំនួបជាប្រវត្តិសាស្ត្ររវាងក្លិបព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន  ក្នុងពានរង្វាន់លំដាប់ទី៣ ទ្វីប​អាស៊ី AFC Challenge League ឆ្នាំ២០២៥/២៦ វគ្គ ៨ក្រុមចុងក្រោយ-ជើងទី១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ល្ងាច​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ស្របពេលគ្រូ​បង្វឹក​ទាំង​សង​ខាងបានអះអាងថា ការប្រកួតនេះនឹងមានភាពតានតឹងកាន់តែខ្លាំង ដោយសារ​ក្រុម​ទាំង​ពីរ​ស្គាល់សមត្ថភាពគ្នាទៅវិញទៅមកច្បាស់ និងធ្លាប់តទល់គ្នា​យ៉ាង​ស្វិត​ស្វាញ​ក្នុង​លីគ​កំពូល​កម្ពុជា​។លោក McConkey Matthew គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុង​សន្និសីទ​សារ​ព័ត៌មាន​មុន​ការប្រកួតថា ក្រុមទាំងពីរ ធ្លាប់ជួបគ្នាច្រើនដង និងបានស្គាល់ពីគ្នាយ៉ាងច្បាស់ ។ តែ​អ្វី​ដែល​ខុសប្លែកក្នុងជំនួបពានកម្រិតទ្វីបនេះ គឺចំនួនកីឡាករបរទេសលើទីលាន ដែល​នឹង​ជំរុ​ញ​ឲ្យ​មាន​ភាព​តានតឹងកាន់តែខ្លាំង។ រីឯកីឡាករ Peprah Kwame ក៏មិនញញើត ហើយបាន​បង្ហាញ​ការ​តាំង​ចិត្ត និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដ៏សំខាន់នេះ។ចំណែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន វិញ បាន​ចាត់​ទុក​នេះ​គឺ​ជា​ជំនួប​ប្រវត្តិសាស្ដ្រ​ក្នុង​បាល់ទាត់កម្ពុជា ដែលមានក្លិបតំណាងកម្ពុជា ២ ជួបគ្នាក្នុងពានរង្វាន់អន្ដរជាតិ។ ដោយសារក្រុមទាំងពីរ សុទ្ធតែបានស្គាល់ពីគ្នា នឹងជំរុញឲ្យមានការប្រកួតប្រជែងខ្ពស់លើទីលាន គ្រាដែលកីឡាករ Andres Neito ក៏បានលើកឡើងស្រដៀងគ្នា ជុំវិញជំនួបដ៏កក្រើកក្រុមខ្លាំង ប៉ះខ្លាំង នាល្ងាចនេះផងដែរ។គួរដឹងថា នេះគឺជាលើកដំបូងហើយ ដែលក្រុមតំណាងកម្ពុជាទាំងពីរ បានជួបគ្នាក្នុងវគ្គដ៏សំខាន់ នៃ​ពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីនេះ ។ ការប្រកួវគ្គ ៨ក្រុមចុងក្រោយ នឹងធ្វើឡើង ២ជើង ដើម្បី​កាត់​សេចក្ដីរកក្រុមឈ្នះ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះជើងទី១ ភ្នំពេញក្រោន ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ ដោយប្រើប្រាស់ពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាល្ងាចថ្ងៃទី៥ ខែមីនានេះ ខណៈ​ជើង​ទី២ ព្រះខ័នរាជស្វាយរៀង នឹងធ្វើម្ចាស់ផ្ទះវិញម្ដង នៅពហុកីឡដ្ឋានជាតិមរតកតេជោ នា​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

NOCC រៀបចំតម្រាយផ្លូវរត់ពាក់កណ្ដាលម៉ារ៉ាតុង-ព្រះសីហនុ កាន់តែទាក់ទាញ និង​លក្ខខណ្ឌ​ពិសេស​ដល់​ក្រុមជម្រើសជាតិ

2026/03/05 04:41:29 pm        307
ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ នឹងប្រព្រឹត្តទៅ នា​ថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ នៅតំបន់ឆ្នេរអូឈើទាល ជាមួយ​ការ​កែ​សម្រួល​តម្រាយ​ផ្លូវ​រត់​កាន់​តែ​វែង​ កាន់តែទាក់ទាញ សម្រាប់អ្នកចូលរួម ខណៈកីឡាករ-កីឡាការិនី​ជម្រើស​ជាតិ​ចូល​រួម​ នឹងទទួលបានលក្ខខណ្ឌពិសេស មិនត្រូវឲ្យបង់ថ្លៃចុះឈ្មោះចូលរួមឡើយ។នេះ​បើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង​ជា​អគ្គ​លេខា​ធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី​ការ​ត្រៀម​រៀប​ចំព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំ នៅតំបន់ឆ្នេរ កាលពីថ្ងៃពុធកន្លងទៅ ស្រប​ពេល​បច្ចុប្បន្នមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ២ពាន់នាក់ហើយ ដែលបាន​ចុះ​ឈ្មោះ​ចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នាក្រុងព្រះសីហនុ ចុងខែនេះ។ឯកឧត្តមបន្ដថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងការពារបរិស្ថានតំបន់ឆ្នេរ ដែល​ជា​សមាជិក​ក្លិបឆ្នេរស្អាតជាងគេលើពិភពលោក ក៏ដូចជាភ្ជាប់ព្រឹត្តទៅនឹងសកម្មភាពសប្បុរសធម៌ និង​ការ​បំផុសចលនាប្រជាពលរដ្ឋចូលរួមសកម្មភាពកីឡាជាដើម។អ្វីដែលប្លែក ឆ្នាំនេះ គណៈកម្មការរៀបចំ នឹងពង្រីកតម្រាយផ្លូវរត់ តាមឆ្នេរកាន់តែវែង ជា​មួយ​កម្រិត​ឡើងចុះភ្នំកាន់តែល្អប្រសើរ ពិសេសស័ក្ដិសមបំផុត សម្រាប់ក្រុមជម្រើសជាតិ និង​អ្នក​ចង់​ប្រកួត​ប្រជែងខ្លួនឯង។ តាមរយៈនេះ ឯកឧត្តម​បាន​អំពា​វ​នាវ​ដល់​ប្រជា​ពលរដ្ឋ​រួស​រា​ន់​ចុះ​ឈ្មោះ​ចូល​រួម​ឲ្យ​បានច្រើន ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី ជាមួយផ្លូវរត់ដ៏ទាក់ទាញ ជាពិ​សេស​កីឡាករ​-កីឡាការិនី ដើម្បីបានផ្លាស់ប្ដូរបរិយាកាសហ្វឹកហាត់ ក៏ដូចជាដុសខាតសមត្ថភាពបន្ថែម ស្រប​ពេលគណៈកម្មការរៀបចំ នឹងសម្រួលនូវលក្ខខណ្ឌចុះឈ្មោះឥតគិតថ្លៃដល់កីឡាករ-កីឡា​ការិនី​ជម្រើសជាតិទាំងអស់ នៃសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តទៀតផង។លោក សែម ផល្លា នាយកបច្ចេកទេស នៃគណៈកម្មាធិការម៉ារ៉ាតុង អមគណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិកក​ម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្រាយផ្លូវរត់ តាមឆ្នេរសមុទ្រ នៅកម្ពុជា គឺ​កាន់​តែ​វែង​ជាង​គេ បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ។ ការកែសម្រួលផ្លូវរត់នេះ ទី១ ដើម្បីអ្នករត់ កាន់​តែ​មាន​អារម្មណ៍ស្រស់ស្រាយ ជាមួយបរិយាកាសដ៏ស្រស់ស្អាត នៅតំបន់ឆ្នេរ ដែលបាន​រៀប​ចំ​ហេដ្ឋា​រចនាសម្ព័ន្ធកាន់តែទាក់ទាញ ទី២ សម្រួលការ​រត់​ចូល​ក្រុង​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដល់​ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។សម្រាប់វិញ្ញាសា នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅ​ខេត្ត​ព្រះសី​ហនុ​ នាថ្ងៃទី២២ ខែមីនាខាងមុខ គឺមាន ៤ រួមមានវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០​គីឡូ​ម៉ែត្រ​, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ រីឯការចុះឈ្មោះ គណៈកម្មការ នៅ​បន្ដ​ទទួល​រហូត​ដល់​ថ្ងៃព្រឹត្តិការណ៍ ។ យ៉ាងណាដើម្បីសម្រួលការរៀបចំសម្ភារនានា គណៈកម្មការរៀបចំ បាន​សំណូមពរឲ្យប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានលឿនផងដែរ៕ អត្ថបទ លី ឈុនឡា

ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃពានរង្វាន់ ENEOS ២០២៦ ទទួល​បាន​អ្ន​កចុះ​ឈ្មោះ​ចូល​រួម​ច្រើន​ជាង​ឆ្នាំ២០២៥

2026/03/04 05:44:36 pm        210
ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃណ្តើមជើងឯកពានរង្វាន់ ENEOS ឆ្នាំ២០២៦ ដែល​គ្រោង​រៀប​ចំ​រយៈ​ពេល​២​ថ្ងៃចាប់ពីថ្ងៃទី ២៨ ដល់២៩ ខែ មីនា ឆ្នាំ២០២៦ នៅទីលានសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ទទួលបានអ្នកចុះឈ្មោះចូលរួមប្រណាំងបានច្រើន បើ​ធៀប​កាល​ពី​ឆ្នាំ​២០២៥​។នេះ​ជាការបញ្ជាក់ឱ្យដឹងពីលោក ពេជ្រ សុខា អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ត្រៃ​ដណ្តើម​ជើង​ឯក​ពាន​រង្វាន់​ENEOS ឆ្នាំ២០២៦ កាលពីថ្មីៗនេះ ក្នុងឱកាសបើក​ទីលាន​ឱ្យ​កីឡាករ​កីឡាការិនី​សាក​ល្បង​។អ្នក​​រៀប​ចំព្រឹត្តិការណ៍ប្រណាំងខាងលើ បានបញ្ជាក់ទៀតថា ការប្រណាំងនេះ គឺនៅ​សល់​រយៈ​ពេល​​ប្រមាណ​​ជា​​ជិតមួយខែទៀតឯណោះ។ ដូច្នេះការចុះឈ្មោះ អាច​ចុះ​ឈ្មោះចូ​ល​រួម​ប្រណាំង​បាន​តាម​រយៈ​អន​ឡាញ​ដែល​កាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់កីឡាករមានបំណងចូលរួម ពិសេស​អ្នក​នៅខេត្តឆ្ងាយៗ។ក្រៅពីការ​បង្ក​លក្ខណៈកាន់តែងាយស្រួលនោះ គណៈកម្មការរៀបចំ​ការ​ប្រណាំង​ដែល​កំពុង​ទទួល​ការ​ចុះ​ឈ្មោះ ​ក៏មានការលើកទឹកដល់អ្នកចុះឈ្មោះ ដោយបន្ថែមនូវប្រេងម៉ាស៊ីនចំនួនពីរកំប៉ុង និង​មួក​១​ផងដែរ។លោក ពេជ្រ សុខា អះអាងថា ទោះបីឆ្នាំទី៩នេះ ក្រុមហ៊ុនដៃគូឧបត្ថម្ភថយចុះក៏ដោយ ក៏​ព្រឹត្តិការណ៍​ប្រណាំង​មួយនេះនៅតែបន្តដំណើរដោយគោលជំហររឹងមាំដដែល ពោល​គឺ​ការ​ប្រណាំង​រក្សា​នូវ​ស្តង់​ដារ និង​ទ្រុង​ទ្រាយ​ធំ​ដដែល​ដោយ​មាន​អញ្ជើញ​កីឡាក​រ​បរទេស​ពី​ក្រៅ​ប្រទេ​សម​ក​ចូល​រួមប្រណាំង។អ្នករៀបចំរូបនេះ ក៏រំពឹងជឿជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​មួយ​នេះ​ និង​រួម​ចំណែក​ត្រួស​ត្រាយ​ផ្លូវ​ឱ្យ​កីឡាករ​-កីឡាការិនី​ប្រណាំង​ម៉ូតូ​នៅ​ក្នុង​ស្រុក​មាន​ឱកាស​បាន​បញ្ចេញ​សមត្ថភាព​តាម​រយៈ​ប្រណាំង​ប្រជែង​ជាមួយកីឡាករមកពីក្រៅប្រទេស និង សង្ឈឹមយ៉ាងមុតមាំថា នឹងមាន​ក្រុមហ៊ុន​ចូល​រួម​គាំទ្រ​កាន់តែច្រើនជួយឱ្យកីឡាប្រណាំងកាន់តែផុសផុលនៅពេលខាងមុខ។ សម្រា​ប់​ការ​ប្រណាំងក្នុងឆ្នាំ២០២៦នេះ វិញ្ញាសាប្រណាំងកើនដល់១១វិញ្ញាសា ដោយប្រភេទ​អាយុ​នីមួយៗ​បែងចែកតាមប្រភេទអាស្របតាមការកំណត់របស់សហព័ន្ធយានយន្តកម្ពុជា ហើយ​ក្នុង​នោះ​ ក៏មានប្រភេទអាយុសម្រាប់កុមារផងដែរ។សូមបញ្ជាក់ថា ការចុះឈ្មោះប្រណាំង​បើកទទួលតាមរយៈអនឡាញ និង​ចុះឈ្មោះ​ដោយ​ផ្ទាល់​តាម​​រយៈ​ក្រុម​ការងាររៀបចំព្រឹត្តិការណ៍ប្រណាំង ដោយបិទបញ្ចប់​ការ​ទទួល​មុន​ថ្ងៃ​ប្រកួត​មួយ​សប្តាហ៍​​៕

ការសិក្សាជំនាញឌីជីថលជាដើមទុន ក្នុងការពង្រឹងសមត្ថភាព​បច្ចេកវិទ្យាថ្មីៗ​រៀបចំ​ការ​ប្រកួត​កីឡា​អន្តរជាតិនានា

2026/03/04 05:05:55 pm        160
រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា វគ្គ​បណ្ដុះ​បណ្ដាល ​ជំនាញឌីជីថល ជាដើមទុនសម្រាប់ សម្រួចនូវបំណិនឌីជីថល ចំណេះ​ដឹង​ក្នុង​កិច្ច​ការ​ស្ថិតិ ​និងបច្ចេកទេសកីឡា ក្នុងការពង្រឹងសមត្ថភាព បច្ចេកវិទ្យាថ្មីៗ សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា​អន្តរជាតិនានា។ នេះ​ជាការបញ្ជាក់របស់ ឯកឧត្តម ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ព័ត៌មានវិទ្យា ដើម្បី​ពង្រឹងសម្ថភាពស្រង់ទិន្ធន័យសនិងស្ថិតិកីឡា នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦ ក្នុង​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិច។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ការសិក្សាជំនាញឌីជីថលពិតជាចាំបាច់ និងពិតជា​ជួយ​បង្កើន​ប្រសិទ្ធ​ភាពការងារ ជាពិសេសចូលរួម ចំណែកអនុវត្តគោលនយោបាយសេដ្ឋកិច្ច និង​សង្គម​ឌីជីថល​បានដាក់ចេញ ដោយប្រមុខរាជរដ្ឋាភិបាល ។ ទន្ទឹមនឹងនេះ ក៏ជាយុទ្ធសាស្រ្ត ក្នុង​ការ​ពង្រឹង​​សមត្ថភាព បច្ចេកវិទ្យាថ្មីៗ បន្ថែមទៀត ដល់​ធន​ធាន​មនុស្ស​ដែល​ជា​មន្រ្តី​ជំនាញ​កីឡា​អនុវត្ត​ការងារដោយផ្ទាល់ សំដៅជំរុញប្រសិទ្ធភាពការងារ និងត្រៀមលក្ខណៈ​ឲ្យ​បាន​មួយ​កម្រិត​ទៀត ​សម្រាប់ការចូលរួមសហការការងារ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាសាកល​វិទ្យាល័យ​អាស៊ាន ឆ្នាំ២០២៨ និងយុវជនអាស៊ី ឆ្នាំ២០៣១ នាពេលខាងមុខ ។ជាមួយនេះដែរ កញ្ញា គីន សំណាង អនុប្រធាន នាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និង ស្ថិតិកីឡា បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ដល់សិក្ខាកាមលើ៦ចំនុច -      ទី១ បានស្វែងយល់ពី មូលដ្ឋានគ្រឹះនៃការស្រង់ទិន្នន័យ និងស្ថិតិកីឡា -      ទី២ បានស្វែងយល់ពីការកំណត់ប្រភេទទិន្នន័យ សម្រិតសម្រាំងទិន្នន័យ ចងក្រងទិន្នន័យ និង ការសរសេរកម្រងសំនួរសម្រាប់ចុះស្រង់ទិន្នន័យ -      ទី៣ សិក្សា មូលដ្ឋាន គ្រឹះអំពីការបង្កើតឧបករណ៍ស្រង់ទិន្នន័យ -      ទី៤ បានស្វែងយល់ពីបរិបទក្នុងការធ្វើការងារដោយប្រើប្រាស់ បច្ចេកវិទ្យាទំនើបដូចជាការប្រើប្រាស់កម្មវិធី ទំនាក់ទំនង និង ការគ្រប់គ្រងការងារ -      ទី៥ ការប្រើប្រាស់កម្មវិធី SPSS ក្នុងការវិភាគទិន្នន័យ -      ទី៦ ការសិក្សាពីការរចនារូបភាពកម្រិតដំបូងតាមវិធីសាស្ត្រងាយៗជាដើម។សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើនេះ មានរយៈ ៤ ថ្ងៃចាប់ពីថ្ងៃ ទី៣ ដល់ ៦ ខែ មីនា ឆ្នាំ ២០២៦ ដោយ មានសិក្ខាកាមចូលរួមសរុប ៨០ នាក់ (ស្រី ៩នាក់)។សម្រាប់គ្រូឧទ្ទេសវគ្គនេះទទួលបន្ទុកតាមមេរៀន បណ្តុះបណ្តាលដោយលោក ខៀវ ខេមរិន្ទ លោក ប៉ាន វិសាល និង អ្នកស្រី ចាន់ ហ្សាដាវីត៕

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាប្រគល់សេចក្តីសម្រេចដល់ក្លឹបជីរ៉ាន់-កម្ពុជា ក្លាយ​ជា​ក្លិប​ពេញ​សិទ្ធិ​ទី​៨ ​ក្នុងការរួមចំណែកអភិវឌ្ឍ

2026/03/03 08:40:51 pm        253
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រកាសទទួលស្គាល់សមាសភាពក្លឹបថ្មីមួយទៀត គឺក្លឹបជីរ៉ាន់-កម្ពុជា​ឱ្យចូលជាសមាជិកពេញសិទ្ធិទី៨ ក្នុងចំណោមសមាគម-ក្លឹបនានារបស់សហព័ន្ធ ដើម្បី​បន្ត​រួម​ចំណែក​អភិវឌ្ឍជំនាញកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ពិធី​ប្រគល់-ទទួលសេចក្តីសម្រចទទួលស្គាល់ក្លឹបថ្មីនេះបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៅ​ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ លោកស្រី បេង ប៊ុននេត អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា ពិត​ជា​មាន​ក្តី​សោមនស្សរីករាយ ដែលសហព័ន្ធបានចេញសេចក្តីសម្រេចទទួលស្គាល់របស់ក្លឹបជីរ៉ាន់-កម្ពុជា​ចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។ ការចូល​រួម​ជា​សមាជិក​របស់​ក្លឹប​-សមាគមនានា គឺជាគោលការណ៍របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក៏ដូច​ជា​គោល​ការណ៍​សហព័ន្ធកីឡាជាតិនានា ដែលត្រូវមានក្លឹប-សមាគម ចូលរួមជាសមាជិក​ពេញ​សិទ្ធិ​តាម​គោល​ការណ៍នី​តិវិធីផ្លូវច្បាប់របស់កីឡាជាតិ។លោកស្រីអនុប្រធានបន្ថែមថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គឺជាសហព័ន្ធកីឡាជាតិមួយ ក្នុង​ចំណោមសហព័ន្ធកីឡាជាតិជាច្រើនទៀត ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និង​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ចំណែកអន្តរជាតិវិញ សហព័ន្ធ​កីឡា​ទ្រីយ៉ា​ត្លុង​កម្ពុជា​ជា​សមាជិក​ពេញសិទ្ធិរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី និងសហព័ន្ធ​កីឡា​ទ្រីយ៉ា​ត្លុង​ពិភពលោក​។ ដោយពិនិត្យឃើញថា ក្លឹបជីរ៉ាន់-កម្ពុជាបានស្នើចូលជាសមាជិករបស់សហព័ន្ធ និង​ស្រប​តាម​គោលការណ៍កីឡាជាតិ និងបានពិនិត្យឃើញថាក្លិប បានបំពេញ​តាម​បែប​បទ​ផ្សេង​ៗ​តាម​និតិ​វិធីកីឡាជាតិ ដូច្នេះ ក្លឹបជីរ៉ាន់-កម្ពុជាចូលជាសមាជិកពេញសិទ្ធរបស់សហព័ន្ធ។ ជាមួយ​គ្នា​នេះកញ្ញា យ៉ាន់ សុជី ប្រធានក្លឹបជីរ៉ាន់-កម្ពុជាបានបង្ហាញក្តីរីករាយ ដែលទ​ទួល​ការ​ចូល​ជា​សមាជិក​ពេញសិទ្ធិរបស់សហព័ន្ធ។ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការផ្តល់​ឱកាស​ដ៏​វិសេស​វិសាល​នេះ ប្រធានក្លឹបរូបនេះបានប្តេជ្ញាចិត្តថា គោរពតាមបទដ្ឋានបច្ចេកទេស៖ នឹង​អនុវត្ត​តាម​រាល់​បទបញ្ជាបច្ចេកទេស និងលក្ខន្តិកៈដែលកំណត់ដោយសហព័ន្ធ ក្នុងស្មារតី​លើក​កម្ពស់​វិស័យ​កីឡា​ទ្រីយ៉ាត្លុង នៅកម្ពុជា។ ពង្រឹងសាមគ្គីភាព និងក្រមសីលធម៌វិជ្ជាជីវៈ៖ បណ្តុះ​បណ្តាល​សមាជិក​ឱ្យ​មានវិន័យខ្ពស់ សីលធម៌ល្អ និងសាមគ្គីភាពផ្ទៃក្នុង ក៏ដូចជាជាមួយ​សមាជិក​នៃ​ក្លឹប​ដទៃ​ទៀត​ដែលចំណុះឱ្យសហព័ន្ធ។ ចូលរួមសកម្មភាពសហព័ន្ធ៖ ប្តេជ្ញាចូលរួម​យ៉ាង​សកម្ម​ក្នុង​រាល់​ព្រឹត្តិការណ៍ កម្មវិធីបណ្តុះបណ្តាល និងយុទ្ធនាការផ្សេងៗដែលរៀបចំដោយសហព័ន្ធ ដើម្បី​សម្រេច​បាន​នូវចក្ខុវិស័យរួម។ ការផ្សព្វផ្សាយជាវិជ្ជមាន៖ នឹងជួយផ្សព្វ​ផ្សាយ​ពី​សកម្មភាព​របស់​សហព័ន្ធ​ ក្នុងន័យជំរុញឱ្យមហាជនកាន់តែយល់ដឹង និងស្រឡាញ់កីឡា ដើម្បីសុខភាព និង​មិត្តភាព​៕

កីឡាការិនីអេស្ប៉ាញ Cristina Bucsa ឈ្នះជើងឯកក្នុងក្របខណ្ឌ WTA លើកដំបូងក្នុងអាជីព

2026/03/03 08:04:57 pm        185
កីឡាការិនីវាយកូនបាល់អេស្ប៉ាញ Cristina Bucsa បានបំពេញក្តីស្រមៃរបស់នាងក្នុងការចង់ឈ្នះជើងឯកនៅក្នុងក្របខណ្ឌ WTA Tour លើកដំបូង ក្រោយយកឈ្នះកីឡាការិនីប៉ូឡូញ Magdalena Frech នៅវគ្គផ្តាច់ព្រ័ត្រ គ្រងជើងឯកកម្មវិធី Merida Open នៅប្រទេសម៉ិកស៊ិក។បន្ទាប់ពីយកឈ្នះកីឡាការិនីអ៊ីតាលី Jasmine Paolini នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាការិនីលំដាប់លេខ ៦៣ ពិភពលោក Cristina Bucsa ជំនះ Breakpoint ៥ លើក ជ័យជំនះពេលចេញសេវា ៣២ ក្នុងចំណោម ៤៣ ក្នុងជ័យជំនះនៅវគ្គផ្តាច់ព្រ័ត្រនេះ។ នៅសិតដំបូង កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះបានយកឈ្នះមិនលំបាក ៦-១ តែកីឡាការិនីប៉ូឡូញ Magdalena វាយតបតបានមួយសិតវិញ ៦-៤។ នៅសិតចុងក្រោយ Bucsa ឈ្នះ Breakpoint មួយលើកគត់ តែគ្រប់គ្រាន់ដើម្បីយកឈ្នះ ៦-៤ ដើម្បីគ្រងជើងឯក។ ជ័យជំនះរបស់កូនកាត់ម៉ុលដូវ៉ា-អេស្ប៉ាញរូបនេះ បានធ្វើឱ្យនាងក្លាយជាកីឡាការិនីអេស្ប៉ាញទី ១៩ ដែលឈ្នះជើងឯកនៅក្នុងក្របខណ្ឌ WTA Tour៕ អត្ថបទ៖នាង សុភាវុធ 

ខ្សែប្រយុទ្ធជើងចាស់ Danny Welbeck បន្តកិច្ចសន្យា ១២ ខែបន្ថែមជាមួយ Brighton

2026/03/03 07:41:31 pm        157
ខ្សែប្រយុទ្ធជើងចាស់អង់គ្លេស Danny Welbeck បានដំណើរការលក្ខខណ្ឌបន្តកិច្ចសន្យា ១២ ខែបន្ថែមជាមួយ Brighton ដែលនឹងរក្សារូបគេនៅជាមួយកីឡដ្ឋាន American Express ដល់ដំណាច់រដូវកាលក្រោយ។កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ មានកិច្ចសន្យាចាស់របស់ខ្លួនដែលត្រូវអស់សុពលភាពក្រោយចប់រដូវកាលនេះ។ Danny Welbeck បានបន្តកិច្ចសន្យាកាលពីឆ្នាំ ២០២៤ ដែលមានសុពលភាពពីរឆ្នាំ តែលក្ខខណ្ឌបន្តបន្ថែម ១២ ខែមិនត្រូវបានបញ្ចេញឱ្យដឹងឡើយនៅពេលនោះ។ អនាគតរបស់អតីតខ្សែប្រយុទ្ធ Manchester United ហាក់ស្រពិចស្រពិលមុនទទួលបានកិច្ចសន្យាថ្មីនេះ ទោះបីគេកំពុងមានរដូវកាលដ៏ល្អជាមួយ Brighton ក៏ដោយ។ Welbeck រកបាន ១១ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ៣០ ប្រកួត និងទើបតែរកបានមួយគ្រាប់ក្នុងជ័យជំនះរបស់ Brighton លើ Nottingham Forest ចុងសប្តាហ៍កន្លងទៅ។ ទម្រង់លេងល្អរបស់ Welbeck ក៏នឹងអាចមានឱកាសបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅ World Cup ឆ្នាំនេះផងដែរ ដូចតាមការលើកឡើងរបស់អ្នកចាត់ក្រុមជម្រើសជាតិលោក Thomas Tuchel។រំលឹកថា Danny Welbeck បានផ្លាស់មកកាន់ Brighton នៅឆ្នាំ ២០២០ ក្រោយចាកចេញពី Watford និងបានបង្ហាញខ្លួននៅ Brighton បាន ១៩១ ប្រកួតហើយគិតមកដល់ពេលនេះ រកបាន ៤៨ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ 

មកទស្សនាកីឡដ្ឋាន World Cup 2026 នៅលើទឹកដីអាមេរិក ម៉ិកស៊ិក និងកាណាដា

2026/03/03 06:58:28 pm        106
World Cup 2026 ដែលរៀបចំឡើងនៅលើទឹកដីប្រទេសចំនួនបី សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នឹងជាព្រឹត្តិការណ៍ដំបូងដែលត្រូវបានពង្រីកឱ្យមានក្រុមចូលរួម ៤៨ ក្រុម និងមានសរុបដល់ទៅ ១០៤ ប្រកួត។ប្រទេសកាណាដានឹងទទួលការប្រកួតចំនួន ១៣ ក្នុងនោះមាន ១០ ប្រកួតនៅក្នុងវគ្គវិលជុំក្នុងពូលនៅទីក្រុងចំនួនពីរគឺ Vancouver និង Toronto។ ប្រទេសម៉ិកស៊ិកនឹងទទួលការប្រកួតចំនួន ១៣ ក្នុងនោះក៏មាន ១០ ប្រកួតនៅក្នុងពូលដែរនៅទីក្រុងចំនួនបីរួមមាន រដ្ឋធានី Mexico City, Guadalajara និង Monterrey។ ក្រៅពីនោះ ការប្រកួតដែលនៅសេសសល់សុទ្ធតែត្រូវរៀបចំនៅលើទឹកដីអាមេរិក។World Cup 2026 នឹងចេញដំណើរប្រកួតបើកឆាកនៅកីឡដ្ឋាន Estadio Azteca ទីក្រុង Mexico City ប្រទេសម៉ិកស៊ិក និងត្រូវក្លាយជាកីឡដ្ឋានដំបូងរៀបចំការប្រកួតបើកឆាក World Cup ដល់ទៅបីលើក។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៩ ខែកក្កដានឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន MetLife រដ្ឋ New Jersey សហរដ្ឋអាមេរិក។ កីឡដ្ឋានវគ្គផ្តាច់ព្រ័ត្រ MetLife នេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ ២០១០ ផ្ទុកទស្សនិកជនបានសរុប ៨២៥០០ នាក់ ធ្លាប់ទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America Centenario នៅឆ្នាំ ២០១៦ នៅពេលស៊ីលីយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។ដោយឡែកសម្រាប់កីឡដ្ឋានផ្សេងទៀត សុទ្ធតែជាកីឡដ្ឋានប្រើប្រាស់សម្រាប់ការប្រកួតក្របខណ្ឌ NFL និង Major league Soccer រួមមាន នៅទីក្រុង Atlanta, Charlotte, Cincinnati, Los Angeles, Miami, Nashville, Philadelphia, Seattle, Washington និងកីឡដ្ឋានចំនួនពីរទៀតនៅទីក្រុង Orlando៕ អត្ថបទ៖នាង សុភាវុធ 

កូរ៉េឈ្នះអ៊ីរ៉ង់ឡើងឈរលើគេក្នុងពូល A ការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីនៅអូស្រ្តាលី

2026/03/03 06:19:39 pm        126
ក្រុមបាល់ទាត់នារីកូរ៉េបានឡើងលើគេក្នុងពូល A បណ្តោះអាសន្ននៃព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកអាស៊ីក្រោយយកឈ្នះក្រុមអ៊ីរ៉ង់ ៣-០។ក្រុមនារីកូរ៉េបានគ្រប់គ្រងការប្រកួតនៅក្នុងវគ្គទីមួយដោយមានឱកាសច្រើនលើសលុប តែពិបាកសម្រេចទី ទោះបីក្រុមនារីអ៊ីរ៉ង់អារម្មណ៍មិនសូវមូលដោយសារប្រទេសខ្លួនកំពុងមានសង្គ្រាម។ យ៉ាងណាក្តីការខិតខំប្រឹងប្រែងរបស់កូរ៉េ ក៏បានសម្រេចនៅនាទីទី ៣៧ នៅពេលកីឡាការិនី Choe Yu-ri ស៊ុតបញ្ចូលទីពីបាល់រីបោនបានសម្រេច។ឈានចូលវគ្គទីពីរ កូរ៉េក៏បង្កើនការនាំមុខរបស់ខ្លួនពីរគ្រាប់បន្ថែមនៅនាទីទី ៥៩ ដោយ Kim Hye-ri និងនាទីទី ៧៥ ដោយ Ko Yoo-jin។ លទ្ធផលជ័យជំនះ ៣-០ មានន័យថាកូរ៉េឡើងឈរលើគេក្នុងពូល A នេះពីលើម្ចាស់ផ្ទះអូស្រ្តាលីដែលបានយកឈ្នះហ្វីលីពីនថ្ងៃបើកឆាកកាលពីថ្ងៃអាទិត្យដោយលទ្ធផលតានតឹង ១-០។ មួយគ្រាប់ជ័យជំនះរបស់អូស្រ្តាលីនោះ សម្រេចបានដោយកីឡដ្ឋានជើងចាស់ Samantha Kerr ដែលជាគ្រាប់ដំបូងក្នុងរយៈពេល ២៨ ខែ។ កីឡាការិនីវ័យ ៣២ ឆ្នាំរូបនេះបានអវត្តមានពីការប្រកួតនានាជិតពីរឆ្នាំមកហើយដោយសាររបួសដាច់សរសៃរពួរ ACL។ ប្រកួតបន្ទាប់នៅក្នុងពូល A នេះ អូស្រ្តាលីត្រូវជួបអ៊ីរ៉ង់នៅកីឡដ្ឋាន Gold Coast ថ្ងៃព្រហស្បតិ៍ បន្តដោយកូរ៉េជួបហ្វីលីពីននៅកីឡដ្ឋានដដែលនេះ៕ អត្ថបទ៖នាង សុភាវុធ

Hun Sen Cup៖ ណាហ្គា ជួបវិសាខា ខណៈបឹងកេតជួបកងយោធពលខេមរភូមិន្ទ ក្នុងវគ្គ ១/៤ ជើងទី១ ថ្ងៃពុធនេះ

2026/03/03 06:04:24 pm        160
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹង​បន្ដការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយចំនួន ២ប្រកួតទៀត នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ​២០២៦នេះ ដោយក្រុមណាហ្គាវើលដ៏ ត្រូវជួបក្រុមភ្ញៀវវិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និង​ក្រុម​បឹងកេត ត្រូវជួបក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់។នេះជា​កម្មវិធីប្រកួតបញ្ចប់ជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ បន្ទាប់ពីសប្ដាហ៍មុន បាន​បញ្ចប់​ការ​ប្រកួត​ជើង​ទី១ ចំនួន ២គូ គឺក្រុមព្រះខ័នរាជស្វាយរៀង ចាញ់ក្រុមគិរីវង់សុខសែនជ័យ ២-១ ស្រប​ពេលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន បានវាយបក​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ ​ISI​ ដង្កោ​សែនជ័យ ​២-២។ក្រឡេកមកចាប់អារម្មណ៍ការប្រកួតថ្ងៃពុធសប្ដាហ៍នេះ រឹតតែគួរឲ្យចាប់អារម្មណ៍ថែមទៀត ពិសេស​ក្រុម​ដែលអស់ឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា ដូចជា វិសាខា និង​កង​យោធ​ពលខេម​រូមិន្ទជាដើម ដែលត្រូវផ្ដោតសំខាន់ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ស្រប​ពេល​បឹង​កេត និងណាហ្គាវើលដ៏ ក៏ត្រូវការជ័យជម្នះ ដើម្បីបានដើមទុនមុនជំនួបកាត់សេចក្ដីជើងទី២ នា​ថ្ងៃ​ទី​១១ ខែមីនាសប្ដាហ៍ក្រោយ។គួរដឹងថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ គឺមានបេក្ខភាព ១៦ក្រុមចូលរួម ក្នុង​នោះ​មាន​ក្រុមសមាជិកលីគកំពូលកម្ពុជា ១១ក្រុម និងក្រុមឡើងមកពីពានថ្នាក់ខេត្ត ៥ក្រុម ដែល​តម្រូ​វ​ឲ្យ​ធ្វើការប្រកួត ២ជើង(ក្នុង និងក្រៅដី) ចាប់ពីវគ្គ ១៦ក្រុម រហូតដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​ដើម្បីកំណត់ក្រុមឈ្នះឡើងវគ្គបន្ដបន្ទាប់ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួត ១​ជើង​ប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់មនុស្សធម៌ និងការប្រើប្រាស់បដិរូបដល់អ្នកសារព័ត៌មាន
10/28/2026 08:10 PM
កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
10/28/2026 07:10 PM
ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
10/28/2026 07:10 PM
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មអត្តសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
10/28/2026 07:10 PM
លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%
10/28/2026 07:10 PM
រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
10/28/2026 07:10 PM
លោក Trump បញ្ជាក់​ថា កិច្ចប្រជុំជាមួយ​លោក Zelenskyy និងលោក Putin នឹងត្រូវរៀបចំឡើងឆាប់ៗ
10/28/2026 06:10 PM
លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
10/28/2026 06:10 PM
[BREAKING NEWS] មនុស្សយ៉ាងហោច ៤៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅអេស្ប៉ាញ
10/28/2026 06:10 PM
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម GBC
10/28/2026 06:10 PM