ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

George Russell ឈ្នះការប្រណាំង F1 ប្រកួតដំបូងរដូវកាលថ្មីនៅអូស្រ្តាលី

2026/03/09 05:22:23 pm        156
កីឡាករប្រណាំងរថយន្តអង់គ្លេស George Russell បានប្រជែងឈ្នះការប្រណាំង F1 ប្រកួតដំបូងរដូវកាលថ្មីនៅ លើទឹកដីអូស្រ្តាលី ខណៈក្រុមប្រណាំង Mercedes ធ្វើបានល្អឥតខ្ចោះប្រកួតដំបូងនេះ។ កីឡាករអង់គ្លេសរូបនេះ បានយកឈ្នះការប្រណាំងយកទីចេញដំណើរ Pole Position កាលពីថ្ងៃសៅរ៍ តែការចេញដំណើរជាក់ស្តែងថ្ងៃប្រកួត Grand Prix កីឡាកររបស់ Ferrari, Charles Leclerc បានឆក់យកការនាំមុខ។ Russell និង Leclerc មានការប្រកួតប្រជែងគ្នាខ្លាំងនៅ ១០ ជុំដំបូង មុនពេល Ferrari សម្រេចចិត្តឱ្យ Leclerc មិនចូល Pit Stop នៅពេលមាន Virtual Safety Car (VSC) ហើយការសម្រេចចិត្តបែបនេះហើយដែលធ្វើឱ្យពួកគេបាត់បង់ការប្រជែងជាមួយ Russell។ George Russell បានរក្សាការនាំមុខរបស់ខ្លួនដាច់រហូតមកដល់ទីព្រ័ត្រ និងតាមពីក្រោយដោយមិត្តរួមជាក្រុម Kimi Antonolli ដែលជាការចាប់ផ្តើមរដូវកាលដ៏ល្អឥតខ្ចោះសម្រាប់ Mercedes។កីឡាករម៉ូណាកូ Charles Leclerc បានត្រឹមខកចិត្តដោយមកដល់ទីព្រ័ត្រនៅចំនាត់ថ្នាក់លេខ ៣ តាមពីក្រោយដោយមិត្តរួមក្រុម Lewis Hamilton លេខ ៤។ អ្នកការពារតំណែងជើងឯក Lando Norris បានបញ្ចប់ការប្រកួតនៅចំនាត់ថ្នាក់លេខ ៥ ទប់ទល់ការវាយបករបស់ Max Verstappen ដែលបញ្ចប់លេខ ៦។ នៅក្នុងប្រកួតដំបូងនេះដែរ កីឡាករអង់គ្លេសវ័យទើបតែ ១៨ ឆ្នាំ Arvid Lindblad បានក្លាយជាកីឡាករប្រណាំង F1 វ័យក្មេងបំផុតរបស់អង់គ្លេសដែលចាប់ផ្តើមអាជីព F1 ដំបូងទទួលបានចំណាត់ថ្នាក់លេខ ៨ នៅពីក្រោយមិត្តរួមជាតិ Oliver Bearman ដែលបានលេខ ៧។ បន្ទាប់ពីទឹកដីអូស្រ្តាលីនេះ F1 នឹងបន្តដំណើរទីក្រុងសៀងហៃប្រទេសចិនចុង​សប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ

លីគអាជីពនារី Queen Legends លើកទី៣ ត្រឡប់មកវិញ សប្ដាហ៍នេះ រំពឹង​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែខ្លាំង

2026/03/09 05:13:07 pm        552
ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ Queen Legends រដូវកាលទី៣ លើវិញ្ញាសា Mobile Legends: Bang Bang នឹងត្រឡប់មកវិញ ក្នុងសប្ដាហ៍នេះ ជាមួយការប្រកួតវិលជុំ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ជាមួយក្ដីរំពឹង​នឹងមាន​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង។សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកកម្រិតអាជីពផ្នែកនារី រដូវកាលថ្មីនេះ មានបេក្ខភាព ៨ក្រុម​ចូល​រួម ដែលសុទ្ធសឹងជាក្រុមខ្លាំង ស្របពេលក្រុមជើងឯក ២សម័យ CFU Serendipity​ បាន​ផ្លាស់​ប្ដូរ​ឈ្មោះថ្មីមកជាក្រុម Weibo Gaming ដើម្បី​បន្ដ​យុទ្ធនាកា​រ​ការ​ពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​។យោងតាមគណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍ ​Queen Legends ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈ​មណ្ឌល​កីឡា​អេឡិចត្រូនិក T.Y Media ដូចសព្វដង ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រុម​ចូល​រួម​ប្រកួត​ប្រជែងរដូវកាលនេះ មានការត្រៀមលក្ខណៈកាន់តែល្អប្រសើរ ទាំងការរៀបចំក្រុម ទាំង​សមត្ថភាព​កីឡាការិនីម្នាក់ៗ ដែលនឹងជំរុញឲ្យមានការប្រកួតប្រជែងកាន់តែស្វិតស្វាញ់ និងជក់​ចិត្ត​ថែម​ទៀត​។គួរដឹងថា ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ Queen Legends នេះ រៀបចំដោយក្រុមហ៊ុន T.Y Media សហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដោយមានការឧបត្ថម្ភគាំទ្រពី VSHOPKH, TADA Cambodia, Infinix និង Privy ជាដើម ដើម្បីជំរុញដំណើរការរៀបចំការប្រកួតឲ្យកាន់តែល្អប្រសើរ ពិសេសរួមចំណែកអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជាកាន់តែរីកចម្រើន សម្រាប់ត្រៀមប្រកួតប្រជែងលើឆាកអន្ដរជាតិ។សម្រាប់រដូវកាល​ថ្មី​នេះដែរ ក្រោយបញ្ចប់ការប្រកួតវិលជុំ ក្រុមខ្លាំងចំនួន ៦ នឹងទទួលបាន​កៅ​អី​ជុំ​ផ្ដាច់​ព្រ័ត្រ ​ដើម្បីបន្ដការប្រកួតវគ្គ Play-Off ឆ្ពោះទៅរកក្រុមជ័យលាភី ដែលនឹងប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៥​ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ចាំមើលតើក្រុមណា នឹងក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​កីឡាអេឡិចត្រូនិក Queen Legends  ឆ្នាំនេះ? អត្ថបទ លី ឈុនឡា

ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ បង្ហាញសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ពិសេស​អាថ៌​កំបាំង​នៅ​ភ្នំជីសូរ្យ

2026/03/09 05:00:40 pm        318
ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ បានប្រព្រឹត្ត​ទៅដោយ​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​បានចាត់ទុកជាព្រឹត្តិការណ៍ទេសចរណ៍កីឡា ដ៏មានសារៈសំខាន់ ដែល​បង្ហាញ​នូវ​សក្ដា​នុពល​ដ៏​សម្បូរ​បែប​នៅ​ខេត្តតាកែវ ជាពិសេសអាថ៌កំបាំងនៅភ្នំជីសូរ្យ ដែលមានប្រាសាទ​បុរាណ​ដ៏​អស្ចារ្យ​ តាំង​ពីក្រោមរហូតដល់កំពូលភ្នំ។ការគូសបញ្ជាក់នេះ បន្ទាប់ពីឯករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតី និងចូលរួមជិះកង់ដោយផ្ទាល់ ដើម្បី​អបអរសាទរព្រឹត្តិការណ៍លើកទី២ ដែលប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ​ «ទេសចរណ៍​រីក​លូត​លាស់​ក្នុង​សន្ដិភាព» ដោយមានអ្នកចូលរួមលើសពីការរំពឹងទុកប្រមាណ ១ពាន់នាក់ ពី​រាជ​ធានី​ភ្នំពេញ​ ឆ្លងកាត់វិថីសំខាន់ៗជាច្រើន រហូតដល់ភ្នំជីសូរ្យ មុនបន្ដដំណើរ​ទៅ​បញ្ចប់​នៅ​ទីរួម​ខេត្ត​តាកែវ ​ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាធរ និងប្រជាពលរដ្ឋ។ឯកឧត្តម ហួត ហាក់ បានកោតសរសើរឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​គ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំព្រឹត្តិការណ៍នេះបានយ៉ាងរលូន និង​កាន់​តែ​ជោគ​ជ័យ ​ពិសេសក្រោយការធ្វើពិពិធកម្មផ្សារភ្ជាប់តំបន់វប្បធម៌ប្រវត្តិសាស្ដ្រ នៅតំបន់ភ្នំជីសូរ្យ ដែល​បង្ហាញ​ថា ​ខេត្តតាកែវ និយាយដោយឡែក មានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប និង​និយាយ​ជារួមព្រះរាជាណាចក្រកម្ពុជាមានកន្លែងទាក់ទាញជាច្រើន រង់ចាំស្វាគមន៍វិនិយោគិនជាតិ-អន្ដរជាតិ ក៏ដូចជាភ្ញៀវជាតិ-អន្ដរជាតិ ក្រោមម្លប់សន្ដិភាពដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា។ជាមួយគ្នាឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បាន​ថ្លែង​អំណរ​គុណ​ថ្នាក់​ដឹកនាំ​ក្រសួង​ទេសចរណ៍ ​ដែលបានបន្ដរៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវជាថ្មី ។ ក្នុងនាម​ប្រជាពលរដ្ឋ​ខេត្ត ​ពិតជាមានមោទនភាព ពិសេសបន្ទាប់ពីទទួលបានការចូលរួមយ៉ាងច្រើនកុះករពីកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ហើយសង្ឃឹមថា ឆ្នាំបន្ដបន្ទាប់ នឹងមាន​ការ​រៀបចំ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត​។សម្រាប់ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ឆ្នាំនេះ រៀបចំឡើងក្នុងគោល​បំណង​សំខាន់ៗ​មួយ​ចំនួ​ន​​ ទី១-ដើម្បីអបអរសាទរទិវានារីអន្ដរជាតិ ៨មីនា, ទី២-ជំរុញការ​ផ្សព្វ​ផ្សាយ​តំបន់​គោល​ដៅ​ទេសចរណ៍​ប្រាសាទភ្នំជីសូរ្យ, ទី៣-បង្ហាញពីការឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ និង​ចុង​ក្រោយ ​ដើម្បីឧបត្ថម្ភសម្ភាសិក្សាដល់សិស្សានុសិស្សខ្វះខាត ជាក់ស្ដែង​បន្ទាប់​ពី​ក្បួន​កង់​ធ្វើ​ដំណើរ​ដល់​ជើង​ភ្នំជីសូរ្យ ក៏មានការផ្ដល់សម្ភារសិក្សាមួយចំនួន ដល់សិស្សានុសិស្សចំនួន ២០០នាក់ ។ បន្ទាប់​មកឯកឧត្តម ហួត ហាក់ និងគណៈប្រតិភូ ក៏បានធ្វើដំណើរទស្សនកិច្ចប្រាសាទភ្នំជីសូរ្យ ដោយ​ឡើងតាមជណ្ដើរបុរាណចំនួន ៤០២កាំពីទិសខាងកើតផងដែរ។សូមបញ្ជាក់ថា បន្ទាប់ពីបន្ដដំណើរទៅដល់មាត់បឹងតាកែវ នៃទីរួមខេត្តតាកែវ រដ្ឋបាល​ខេត្ត​ក៏​បាន​រៀប​ចំ​បបរ​បង្កង់ និងពង់ទាកូន ដែលជាអាហារដ៏ពេញនិយមប្រចាំខេត្ត ទទួលស្វាគមន៍ប្រតិភូ និង​កីឡាករ-កីឡាការិនីទាំងអស់ផងដែរ៕ អត្ថបទ លី ឈុនឡា

ភ្នំពេញក្រោន កាន់តែស្បើយឱកាសដណ្ដើមជើងឯកលីគជាមួយព្រះខ័នរាជ ក្រោយចាញ់ កំពង់ដេវ៉ា

2026/03/09 04:39:43 pm        194
ក្រុមបាល់ទាត់ភ្នំពេញក្រោន កាន់តែស្បើយឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ​២០២៥​/២៦​ ជាមួយព្រះខ័នរាជស្វាយរៀង បន្ទាប់ពីចាញ់ ២-១ ក្រោមថ្វីជើងក្រុមភ្ញៀវ អឹមអូអាយ កំពង់​ដេវ៉ា ​ដែលធ្វើឲ្យគម្លាតពិន្ទុកាន់តែដាច់ឆ្ងាយរវាងក្រុមខ្លាំងទាំងពីរ។សម្រាប់ជំនួបជុំទី៣ នៅកីឡដ្ឋានភ្នំពេញក្រោន កាលពីថ្ងៃអាទិត្យកន្លងទៅ ត្រឹមរយៈពេល ២នាទី កីឡាករ ចាន់ សានីត បានរកគ្រាប់នាំមុខឲ្យ អឹមអូអាយ កំពង់ដេវ៉ា ១គ្រាប់មុន មុនកីឡាករ Dyer Moses រកបានគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ នៅនាទី២០ ប៉ុន្ដែប្រមាណ ១០នាទីក្រោយមក កីឡាករ សាន បូរ៉ា ក៏បានរកគ្រាប់នាំមុខជាថ្មីឲ្យក្រុមភ្ញៀវ នៅនាទី៣១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ទោះបីភ្នំពេញក្រោន ព្យាយាមវាយសម្រុក តែមិនអាចរកគ្រាប់បាល់បន្ថែមបានឡើយ។ដំណាលគ្នាដែលការប្រកួតរវាងបេក្ខភាព Top-6 ចំនួន ២គូទៀត សុទ្ធតែបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ រួមមានក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ស្មើម្ចាស់ផ្ទះណាហ្គាវើលដ៏ និងបឹងកេត ស្មើក្រុមភ្ញៀវអង្គរថាយហ្គឺរ។ សម្រាប់ជំនួបដ៏តានតឹងនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ កីឡាករ Shielos Connor បានរកគ្រាប់នាំមុខ ១គ្រាប់ឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៣៩ ខណៈចុងម៉ោងកីឡាករ សុះ ស៊ូហាណា បានរកគ្រាប់តាមស្មើឲ្យណាហ្គាវើលដ៏វិញ នៅនាទី៨៩។ រីឯជំនួបនៅពហុកីឡដ្ឋានជាតិ ម៉ាត់ នូរុណ បានរកគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះបឹងកេត ១គ្រាប់មុន នៅនាទី៣៤ តែចុងម៉ោង អង្គរថាយហ្គឺរ បានវាយបកតាមស្មើវិញ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Kurita Mark នៅនាទី៨៩។ជាមួយលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍នេះ ទោះបីព្រះខ័នរាស្វាយរៀង រកបានត្រឹម ១ពិន្ទុ តែពួកគេបានរក្សាតំណែងកំពូលតារាងដល់រឹងមាំ ជាមួយការនាំមុខ ៨ពិន្ទុលើគូប្រជែងភ្នំពេញក្រោន ដែលឈរលេខ២ បន្ទាប់ពីក្រុមសិង្ហក្រហម បរាជ័យក្រោមថ្វីជើងក្រុម អឹមអូអាយ កំពង់ដេវ៉ា ពោលគឺគិតត្រឹមសប្ដាហ៍ទី២៤ ព្រះខ័នរាជស្វាយរៀង រកបាន ៥៥ពិន្ទុ គ្រាដែលភ្នំពេញក្រោន រក្សា ៤៧ពិន្ទុក្នុងដៃ ឈរលេខ២។ ការណ៍នេះ ទោះក្រុមនីមួយៗ សល់ ៨ប្រកួតក្នុងដៃ តែគម្លាតពិន្ទុបច្ចុប្បន្ន គឺជារឿងលំបាកសម្រាប់ភ្នំពេញក្រោន ក្នុងការរារាំងដំណើរឆ្ពោះទៅប្រជែងជើងឯកជាថ្មីរបស់ព្រះខ័នរាជស្វាយរៀង។ក្រឡេកទៅចំណាត់ថ្នាក់បេក្ខភាព Top-6 ៤ក្រុមផ្សេងទៀត ក៏មិនមានការប្រែប្រួលដែរ ដោយអង្គរថាយហ្គឺរ បន្ដឈរលេខ៣ មាន ៣៨ពិន្ទុ គ្រាដែលណាហ្គាវើលដ៏ និងបឹងកេត ឈរលេខ៤ និងលេខ៥ មាន ៣៦ពិន្ទុស្មើគ្នា និងក្រុម អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ មាន ៣៣ពិន្ទុ។ក្រឡេកទៅមើលលទ្ធផលការប្រកួតរវាងបេក្ខភាព ៥ក្រុមខាងក្រោមវិញ ក្រុមវិសាខា បន្ដបន្ថែម ៣ពិន្ទុ បន្ដឈរលេខ៧ មាន ៣២ពិន្ទុ ក្រោយយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ២-០ ស្របពេលក្រុមគិរីវង់សុខសែនជ័យ បានបន្ថែម ៣ពិន្ទុ ពង្រឹងកៅអីលេខ៨ ក្រោយយកឈ្នះក្រុមដំរីជ័យ អាយអេសអាយ ដង្កោសែនជ័យ ១-០ កាលពីចុងសប្ដាហ៍កន្លងទៅ៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជ ជួបណាហ្គា ឯភ្នំពេញក្រោនជួបកំពង់ដេវ៉ា ក្នុងលីគចុងសប្ដាហ៍នេះ

2026/03/06 07:11:55 pm        303
ក្រោយជួបគ្នាជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ក្លិបលំដាប់ទី៣ អាស៊ី AFC Challenge League 2025/26 កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងត្រូវបន្ដយុទ្ធនាការប្រកួតលីគកំពូលកម្ពុជារៀងៗខ្លួន នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ មុនឈានដល់ជំនួបកាត់សេចក្ដី ជើងទី២ នៅ ៤ថ្ងៃបន្ទាប់។សម្រាប់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ នាកីឡដ្ឋានកំពង់ស្ពឺ ស្របពេលក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុម អឹមអូអាយ កំពង់ដេវ៉ា។ ចំពោះប្រវត្តិជួបគ្នា កាលពីដំណាក់កាលទី១ ព្រះខ័នរាជស្វាយរៀង បានឈ្នះទាំង ២ជើង ដោយលទ្ធផល ៣-០ នៅជើងទី១ និង ២-១ នៅជើងទី២ ។ រីឯភ្នំពេញក្រោន រកបាន ៤ពិន្ទុប៉ុណ្ណោះពី អឹមអូអាយ កំពង់ដេវ៉ា ក្រោយឈ្នះក្រៅដី ១-០ នៅជើងទី១ មុនស្មើគ្នា ១-១ លើទឹកដីខ្លួន នៅជើងទី២។នេះក៏ជាការប្រកួតដ៏សំខាន់រវាងបេក្ខភាពពានលំដាប់ទី៣ អាស៊ីទាំងពីរ ពិសេសភ្នំពេញក្រោន ដែលកំពុងចាញ់ប្រៀបព្រះខ័នរាជស្វាយរៀង ៧ពិន្ទុ។ ពួកគេត្រូវការជ័យជម្នះដាច់ខាត ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងពាន ស្របពេលព្រះខ័នរាជស្វាយរៀង ក៏ត្រូវ ៣ពិន្ទុបន្ថែមដូចគ្នា ដើម្បីក្ដោបឱកាសខ្ពស់ក្នុងការលើកពានជាថ្មី។ក្រៅពីជំនួបដ៏ជក់ចិត្តទាំង ២ប្រកួត ក៏មានការប្រកួតរវាងបេក្ខភាព Top-6 មួយប្រកួតទៀត នាថ្ងៃអាទិត្យផងដែរ រវាងក្រុមបឹងកេត និងអង្គរថាយហ្គឺរ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ចំណែកនៅថ្ងៃសៅរ៍ ទី៧ ខែមីនាស្អែកនេះ នឹងមានការប្រកួត ២គូ រវាងបេក្ខភាព ៥ក្រុមខាងក្រោម(Bottom-5) ក្នុងនោះក្រុមបាតតារាងឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុមភ្ញៀវវិសាខា និងក្រុម ISI ដង្កោសែនជ័យ ត្រូវជួបក្រុមគិរីវង់សុខសែនជ័យ។ចំពោះតារាងពិន្ទុបណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី២៣ ក្នុងចំណោមបេក្ខភាព Top-6 ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងមាន ៥៤ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន មាន ៤៧ពិន្ទុ, ណាហ្គាវើលដ៏ មាន ៣៧ពិន្ទុ, ណាហ្គាវើលដ៏ និងបឹងកេត មាន ៣៥ពិន្ទុស្មើក្នា និង អឹមអូអាយ កំពង់ដេវ៉ា មាន ៣០ពិន្ទុ។រីឯក្នុងចំណោម ៥ក្រុមខាងក្រោមវិញ ក្រុមវិសាខា ឈរលេខ៧ មាន ២៩ពិន្ទុ, គិរីវង់សុខសែនជ័យ និងកងយោធពលខេមរភូមិន្ទ មាន ១៧ពិន្ទុស្មើគ្នា គ្រាដែល ISI ដង្កោសែនជ័យ មាន ១២ពិន្ទុ លើក្រុមបាតតារាងឡាយហ្វខេត្តព្រះសីហនុ មាន ១០ពិន្ទុ៕ អត្ថបទ លី ឈុនឡា

ស.ស.យ.ក បើកចុះឈ្មោះប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩

2026/03/06 06:17:23 pm        370
សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានប្រកាសបើកការប្រកួតបាល់ទាត់​ដណ្តើម​ពាន​រង្វាន់ Soccer League រដូវកាលថ្មី ឆ្នាំ២០២៦ នាដើមខែមិថុនាខាងមុខ ខណៈការ​ចុះឈ្មោះ​ចូលរួមនឹងចាប់ផ្ដើមទទួលពាក្យ នៅពាក់កណ្ដាលខែមីនានេះ។ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានេះ ធ្វើឡើងគោលបំណង ដើម្បីមចំណែកជួយអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងរឹតចំណងសាមគ្គីភាពរវាងស្ថាប័ន ស.ស.យ.ក. ខេត្តរាជធានី និងស្ថាប័នរដ្ឋ និងឯកជនផ្សេងៗ។យោងតាមសេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ការប្រកួតពានរង្វាន់ Soccer League លើកទី៩ នេះ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ដោយរក្សាការរៀបចំលើ ២វិញ្ញាសាដដែល ទាំងវិញ្ញាសាបាល់ទាត់បុរស និងវិញ្ញាសាបាល់ទាត់នារី។តាមរយៈនេះ ស.ស.យ.ក. បានជូនដំណឹងដល់សមាគម/ក្លិបបាល់ទាត់ទាំងអស់ ដែលមានបំណងចូលរួម អាចរកទិញពាក្យ និងដាក់ពាក្យចូលរួមប្រកួតប្រជែងបាន នៅអាគារ The Campus តាមមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ការលក់ពាក្យ ចាប់ពីផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែមីនា និងការទទួលពាក្យចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ប្រភពដដែលបន្ដថា ក្រុមដែលមានសិទ្ធចូលរួមការប្រកួតព្រឹត្តិការណ៍នេះ រួមមានក្រសួង-ស្ថាប័ន, ស.ស.យ.ក ទាំង២៥រាជធានី-ខេត្ត, គ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាជាតិ-អន្ដរជាតិ, មន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ ព្រមទាំងក្រុមហ៊ុនឯកជន សមាគម និងអង្គការនានាជាដើម ដោយក្រុមនីមួយៗអាចចុះបញ្ជីកីឡាករដំបូងពី ១៥នាក់ ទៅ ២២នាក់ និងមន្ត្រី ៥រូប ហើយភ្ជាប់ជាមួយប្រវត្តិរូបកីឡាករម្នាក់ៗ ដើម្បីផ្ទៀងផ្ទាត់ពីការចូលរួមដោយត្រឹមត្រូវផងដែរ។សម្រាប់ប្រាក់រង្វាន់ជ័យលាភី នារដូវកាលថ្មីនេះដែរ ចំពោះផ្នែកបុរស ក្រុមជើងឯក ទទួលបាន ២៥លានរៀល, លេខ២ ទទួលបាន ១០លានរៀល និងលេខ៣ ទទួលបាន ៥លានរៀល ។ រីឯផ្នែកនារី ក្រុមជើងឯក ទទួលបាន ១០លានរៀល, លេខ២ ទទួលបាន ៥លានរៀល និងលេខ៣ ទទួលបាន ៣លានរៀល ។ ក្រៅពីនេះ ក៏មានប្រាក់រង្វាន់ក្រុម Fair-Play និងពានរង្វាន់ឯកត្តជនជាច្រើនផងដែរ។គួរដឹងថា កាលពីឆ្នាំ២០២៥ ព្រឹត្តិការណ៍បាល់ទាត់ Soccer League លើកទី៨ គឺមានក្រុមបាល់ទាត់ចូលរួមសរុប ៦៣ក្រុម ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងនារី ៧ក្រុម ។ ជាលទ្ធផលក្រុមបាល់ទាត់អាណាចក្របៃតង់ បានគ្រងជើងឯកផ្នែកបុរស និងក្រុមបាល់ទាត់សូភីណាអេហ្វស៊ី បានគ្រងជើងឯកផ្នែកនារី៕ អត្ថបទ លី ឈុនឡា

Messi និង Inter Miami ជួបសម្តែងការគួរសមប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមាន

2026/03/06 05:59:55 pm        176
Lionel Messi និងសមាជិកក្លិបបាល់ទាត់ Inter Miami ទាំងអស់បានជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅសេតវិមាន ជាផ្នែកមួយនៃការអបអរសាទរជើងឯកពានរង្វាន់ MLS Cup។Inter Miami បានឈ្នះជើងឯក MLS Cup នេះជាលើកដំបូងកាលពីខែធ្នូឆ្នាំមុន។ ម្ចាស់ភាគហ៊ុនមួយចំណែកនៃក្លិបបាល់ទាត់ Inter Miami អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham បានទទួលលិខិតអញ្ជើញមកកាន់សេតវិមានមុនការប្រកួតក្នុងលីគទល់នឹង DC United ចុងសប្តាហ៍នេះ។Messi និងមិត្តរួមក្រុមបានឈរថតរូចជាអនុស្សារីយ៍នៅលើឆាកជុំគ្នា ខណៈដែលលោក Donald Trump បានថ្លែងទៅកាន់អ្នកសារព័ត៌មានពីការអបអរក្រុម Inter Miami ចំពោះសមិទ្ធផលនេះ និងបន្ថែមពាក់ព័ន្ធបច្ចុប្បន្នភាពសង្គ្រាមរបស់អាមេរិក និងអ៊ីស្រាអែល នៅអ៊ីរ៉ង់។ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បច្ចុប្បន្នវ័យ ៣៨ ឆ្នាំ កាលពីខែតុលាបានបន្តកិច្ចសន្យានៅជាមួយ Inter Miami ដល់ឆ្នាំ ២០២៨ បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Barcelona និង PSG រូបនេះ ទទួលបានភាពជោគជ័យនៅអាមេរិក និងក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្រ្តក្របខណ្ឌ Major League Soccer ផងដែរ ដែលឈ្នះពានកីឡាករឆ្នើមពីររដូវកាលជាប់គ្នា។ ជាចុងក្រោយលោក Donald Trump ក៏បាននិយាយថ្លែងអំនរគុណ Lionel Messi ដែលកីឡាករឆ្នើមបំផុតម្នាក់នៅលើលោក តែបែជាជ្រើសរើសអាមេរិក និងបានលើកសរសើរ Messi ប្រៀបធៀបជាមួយវីរៈបុរសបាល់ទាត់ប្រេស៊ីល Pele ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

ACGL៖ លោក Oleg បង្ហាញពីចំណុចខ្វះខាតក្រុម ស្របពេលគ្រូព្រះខ័នរាជ ថា​លទ្ធផល​ល្អ​ជាង​របៀប​លេង

2026/03/06 05:26:22 pm        295
ក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះក្រុមភ្នំពេញក្រោន រហូតលទ្ធផល ៤-១ ស្ទើរ​មិន​គួរ​ជឿ ​នៅក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ(ជើងទី១) នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ អាស៊ី​ AFC Challenge League (ACGL) 2025/26 កាលពីរាត្រីថ្ងៃទី៥ ខែមីនាកន្លងទៅ នៅព​ហុកីឡដ្ឋានជាតិ(អូឡាំពិក)។ជាមួយការបរាជ័យក្នុងដី ដោយរបូតច្រើនគ្រាប់នេះ គ្រូបង្វឹកក្រុមភ្នំពេញក្រោនលោក Oleg Starynskyi បានបង្ហាញពីចំណុចខ្វះខាតមួយចំនួន សម្រាប់កូនក្រុម គឺកង្វះខាតការអនុវត្តជាក់ស្ដែងជុំគ្នា ស្របពេលលោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងថា ទោះបីទទួលបានជ័យជម្នះ ក្នុងលទ្ធផលគួរឲ្យមានមោទនភាព តែកូនក្រុមធ្វើមិនសូវបានល្អតាមរបៀបលេងនោះទេ។សម្រាប់ជំនួបដ៏ជក់ចិត្ត ដែលមានអ្នកទស្សនាផ្ទាល់ជាង ២ម៉ឺននាក់នេះ បន្ទាប់ពីចាប់ផ្ដើមបាន ៣នាទី កីឡាករ Moses Dyer រកបានគ្រាប់នាំមុខ ១គ្រាប់ឲ្យភ្នំពេញក្រោន និងបានបន្ដដាក់សម្ពាធគ្នាទៅវិញទៅមក រហូតដល់នាទី២៩ ទើបកីឡាករ Peprah Kwame រកបានគ្រាប់តាមស្មើវិញ មុនខ្សែប្រយុទ្ធសញ្ជាតិហ្គាណាដដែល រកបាន ២គ្រាប់បន្ថែមទៀត នៅនាទី៦៧ និងនាទី៨២ រួមជាមួយការស៊ុតបាល់ពិន័យ ១១ម៉ែត្រពីមិត្ដរួមក្រុម Patrick Robson នៅនាទី៧៥ ដែលជួយឲ្យព្រះខ័នរាជស្វាយរៀង វាយបកឈ្នះភ្នំពេញក្រោន ៤-១។ក្រោយចប់ការប្រកួតលោក Oleg Starynskyi បានអបអរសាទរព្រះខ័នរាជស្វាយរៀង ដែលទទួលបានជ័យជម្នះ បន្ទាប់ពីការប្រែពីឱកាសទៅជាគ្រាប់បាល់ជាបន្ដបន្ទាប់។ លោកទទួលស្គាល់ពីការប្រើប្រាស់កីឡាករបរទេសស្ទើរទាំងស្រុងក្នុងជម្រើស ១១នាក់ដំបូង ដោយសារការជឿជាក់លើសមត្ថភាពពួកគេ តែដោយសារការមិនសូវបានលេងជុំគ្នា ដូចជាការប្រកួតក្នុងលីគ បានធ្វើឲ្យពួកគេមានការថមថយ។ ជាមួយគ្នាលោកក៏បានសរសេរខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Kwame Peprah ដែលបានបង្ហាញគុណភាពលេងដ៏អស្ចារ្យ រហូតរកបាន ៣គ្រាប់ម្នាក់ឯងទៀតផង។ចំណែកលោក McConkey Matthew ថា ការប្រកួតនេះ ពិតជាតានតឹង ។ ប៉ុន្ដែនិយាយពីរបៀបលេងក្នុងការប្រកួត លោកថា មិនសូវជាល្អណាស់ណាទេ តែសម្រាប់លទ្ធផល គឺពិតជាល្អណាស់ ។ បែបនេះក្ដីលោកថា ភ្នំពេញក្រោន សមនឹងរកបានគ្រាប់លើសពី ១គ្រាប់ បន្ទាប់ពីពួកគេបានបង្កើតឱកាសជាច្រើន តែធ្វើមិនបានសម្រេច។ ជាមួយគ្នាលោកបានក្រើនរំឮកដល់កូនក្រុម កុំរីករាយពេក ដ្បិតការប្រកួតសល់ ៩០នាទីទៀត ព្រោះរឿងអ្វីៗក៏អាចកើតបានដែរក្នុងបាល់ទាត់។សូមបញ្ជាក់ថា ជំនួបជើង២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ រវាងក្រុមខ្លាំងកម្ពុជាទាំងពីរ នឹងធ្វើឡើងនាថ្ងៃទី១២ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីកាត់សេចក្ដីក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ អាស៊ី ឆ្នាំ២០២៥/២៦ នេះ៕ អត្ថបទ លី ឈុនឡា 

បឹងកេតឈ្នះកងយោធពលខេមរភូមិន្ទ ខណៈណាហ្គាស្មើវិសាខា ក្នុងជើងទី១ នៃវគ្គ ១/៤ ពានសម្ដេចតេជោ ហ៊ុន សែន

2026/03/05 07:36:07 pm        335
ក្រុមបាល់ទាត់បឹងកេត បានយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ២-០ ស្របពេលក្រុមណាហ្គាវើលដ៏ ស្មើក្រុមភ្ញៀវវិសាខា ២-២ ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ-ជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) កាលពីថ្ងៃពុធកន្លងទៅ។សម្រាប់ជំនួបនៅកីឡដ្ឋានស្ដាតចាស់ កីឡាករ ឱ ភារុណ បានរកគ្រាប់នាំមុខលើក្រុមម្ចាស់ផ្ទះ ១គ្រាប់ នៅនាទី៤៣ មុនប្រធានក្រុម ម៉ាត់ នូរុណ បន្ថែមគ្រាប់ទី២ ឲ្យបឹងកេត នៅនាទី៧៨ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីកងយោធពលខេមរភូមិន្ទ មិនអាចស្វែងរកគ្រាប់បាល់វាយបកបានឡើយ។ចំណែកការប្រកួតនៅកីឡដ្ឋានខេត្តកំពង់ស្ពឺវិញ បានបញ្ចប់ដោយភាពតានតឹង ដោយបន្ទាប់ពីបើកការវាយសម្រុកគ្នាទៅវិញទៅមក កីឡាករ Lucas Oliveira ក៏រកបានគ្រាប់នាំមុខឲ្យណាហ្គាវើលដ៏ នៅនាទី៣២ មុនឈានចូលវគ្គទី២ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលដូចគ្នា Lucas Dias វាយបកគ្រាប់តាមស្មើឲ្យវិសាខាវិញ នៅនាទី៥៦។ តែប្រមាណ ២០នាទីក្រោយមក ណាហ្គាវើលដ៏ ក៏បើកការនាំមុខជាថ្មី នៅនាទី៧៨ ក្រោយការតែតបញ្ចប់ទីយ៉ាងល្អពីខ្សែការពារ Mateus Martins តែនៅចុងម៉ោង កីឡាករ ថា គ្រីយ៉ា ដែលទើបប្ដូរចូល ក៏បានតែតបញ្ចូលទីគ្រាប់តាមស្មើឲ្យវិសាខាម្ដងទៀត នៅនាទី៩០+៣ ដែលនាំឲ្យក្រុមទាំងពីរ បានត្រឹមស្មើគ្នា ២-២។យ៉ាងណាក្រោយបញ្ចប់ការប្រកួតជើងទី១ ក្រុមនីមួយៗ សល់រយៈពេល ៩០នាទីទៀត ដើម្បីប្រកួតកាត់សេចក្ដី នាជំនួបជើងទី២ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដោយវិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ និងក្រុមបឹងកេត ជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទវិញម្ដង នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕ អត្ថបទ លី ឈុនឡា

អ្នកគាំទ្រ Galatasaray ត្រូវហាមមិនឱ្យទៅទស្សនានៅទឹកដី Liverpool ជើងទីពីរវគ្គ ១៦ ក្រុម UCL

2026/03/05 07:25:24 pm        266
អ្នកគាំទ្រក្លិបបាល់ទាត់ទួកគី Galatasaray ត្រូវបានហាមមិនចូលរូមទស្សនាការប្រកួតជើងទីពីរវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League នៅពេលធ្វើដំណើរទៅទឹកដីហង្សក្រហម Liverpool។សម្រេចបានបែបនេះធ្វើឡើង បន្ទាប់ពីអ្នកគាំទ្រ Galatasaray បានបង្កភាពចលាចលអំឡុងការប្រកួតទល់នឹង Juventus កាលពីខែមុនក្នុងការប្រកួតវគ្គ Play-Off។ UEFA បានឱ្យដឹងថា អ្នកគាំទ្រក្លិបទួកគីមួយនេះបានបោះវត្ថុរឹង និងកាំជ្រួចចូលក្នុងទីលានអំឡុងការប្រកួតជើងទីពីរនៅទឹកដី Juventus កាលពីថ្ងៃទី ២៥ ខែកុម្ភៈកន្លងទៅ។ ទោះបីជាពួកគេចាញ់នៅទឹកដីអ៊ីតាលី ៣-២ តែ Galatasaray បានឈានឡើងវគ្គបន្តដោយលទ្ធផលសរុបទាំងពីរជើង ៧-៥។ Galatasaray នឹងត្រូវទទួល Liverpool ជើងទីមួយនៅទីក្រុង Istanbul ថ្ងៃអង្គារសប្តាហ៍ក្រោយនេះជើងទីមួយ ខណៈជើងទីពីរត្រលប់ទៅទឹកដី Anfield វិញថ្ងៃទី ១៨ ខែមិនានេះ។យ៉ាងណាក្តី UEFA បានសម្រេចហាមមិនក្លិបកំពុងនាំមុខគេលីគទួកគីមួយនេះលក់សំបុត្រក្រៅដីទៅកាន់កីឡដ្ឋាន Anfield ឡើយ បូករួមទាំងផាកពិន័យជាទឹកប្រាក់ ៤ ម៉ឺនអឺរ៉ូផងដែរ។ ជុំវិញការពិន័យនេះ Galatasaray ថានឹងធ្វើការប្តឹងតវ៉ាផងដែរ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់មនុស្សធម៌ និងការប្រើប្រាស់បដិរូបដល់អ្នកសារព័ត៌មាន
10/28/2026 08:10 PM
កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
10/28/2026 07:10 PM
ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
10/28/2026 07:10 PM
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មអត្តសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
10/28/2026 07:10 PM
លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%
10/28/2026 07:10 PM
រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
10/28/2026 07:10 PM
លោក Trump បញ្ជាក់​ថា កិច្ចប្រជុំជាមួយ​លោក Zelenskyy និងលោក Putin នឹងត្រូវរៀបចំឡើងឆាប់ៗ
10/28/2026 06:10 PM
លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
10/28/2026 06:10 PM
[BREAKING NEWS] មនុស្សយ៉ាងហោច ៤៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅអេស្ប៉ាញ
10/28/2026 06:10 PM
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម GBC
10/28/2026 06:10 PM