កោះទទឹងត្រូវបានរៀបចំជាតំបន់ទេសចរណ៍ថ្មី ក្នុងខេត្តកោះកុង ដើម្បីជំរុញកំណើនទេសចរណ៍
បារាយណ៍នាគព័ន្ធ ឋានសួគ៌នៃការគយគន់ថ្ងៃលិចដ៏ត្រកាល និងដើរតួនាទីយ៉ាងសំខាន់​ក្នុង​ការ​រក្សា​ស្រទាប់ទឹកក្រោមដី
សមាគមភោជនីយដ្ឋានកម្ពុជា ប្តេជ្ញាចូលរួមជាមួយរដ្ឋាភិបាលលើកកម្ពស់សេវាកម្មភោជនីយដ្ឋាន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈឱ្យមានគុណភាព
នាវាទេសចរណ៍ NORWEGIAN SUN ដឹកភ្ញៀវទេសចរជាតិ២ពាន់នាក់ មកទស្សនាប្រទេសកម្ពុជា

វប្បធម៌ និងទេសចរណ៍

អភិបាលរាជធានីភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ​ក្នុងមួយ​ថ្ងៃ​ប្រមាណ៨​ទៅ​​ ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ

2026/02/15 01:38:06 pm        137
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ផ្លូវថ្មើរជើងចតុមុខ មិន​ត្រឹម​តែ​ជា​កន្លែងដើរកម្សាន្តពេលរាត្រីដ៏ពេញនិយម និងមានការសម្តែងប្លែកភ្នែកប៉ុណ្ណោះទេ តែពេល​នេះ​ផ្លូវ​ថ្មើរ​ជើងក៏បានក្លាយជាទីតាំងផ្សព្វផ្សាយដ៏ពេញនិយមបំផុត។ ជាក់ស្តែងនៅ​ចុង​សប្ដាហ៍​នេះផ្លូ​វ​ថ្មើរ​ជើងបានបង្ហាញសមទ្ធិផលជាតិ តួរយ៉ាងពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦​ថែម​ទៀត​ផង​។ការថ្លែងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ក្នុង​ពិធី​បើក​ពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនតេជោមាស តេជោយ៉ត តាម​បណ្ដោយ​ផ្លូវ​ថ្មើរជើងចតុមុខ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង ថ្លែងទៀតថា ដើម្បី​ជំរុ​ញ​ឱ្យ​វិស័យ​ទេសចរណ៍​កាន់​តែ​មាន​ភាព​កើត​ឡើង​បន្ថែម​ទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ។ ផ្លូវថ្មើជើង​ថ្មី​នេះ​បាន​ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជា​ទី​ក្រុង​ប្រជុំ​ដោយ​ភាពរីករាយនៅពេលរាត្រី ជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុង​មាន​ភ្ញៀវ​ទេសចរ​ចូលចិត្តមកកម្សាន្តជាងគេ និងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជា​គោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

សហគមន៍អូកេទេសចរណ៍កំពង់សាមគ្គី ត្រៀមខ្លួនជាស្រេច សម្រាប់ទទួលភ្ញៀវ​ក្នុង​ឱកាស​ចូលឆ្នាំចិន

2026/02/15 11:13:21 am        149
គណៈកម្មាធិការសហគមន៍កំពង់សាមគ្គីបានបញ្ជាក់ថា នៅក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជន​ជាតិ​ចិនខាងមុខនេះ សហគមន៍បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការ​ផ្តល់​សេវា​ជូន​ដល់​ភ្ញៀវ​ទេសចរ ទាំងកន្លែងស្នាក់នៅ កន្លែងអង្គុយកម្សាន្ត កន្លែងបោះតង់ អាហារដ្ឋាន ទូកទេសចរណ៍ និង​ឧបករណ៍ចេញទៅនេសាទកម្សាន្តជាដើម ខណៈអនិកជនខ្មែរ-បារាំង សរសើរ​ថា​ការ​រៀប​ចំ​បា​នល្អ​ ទេសភាពស្អាត និងបានអំពាវនាវដល់បងប្អូនខ្មែរក្រៅប្រទេស ឲ្យមកលេង​ស្រុក​កំណើត​ផង​។សមាជិកគណៈកម្មាធិការសហគមន៍កំពង់សាមគ្គី លោក ញ៉ែត សូភី បានប្រាប់ឲ្យដឹងថា ក្រោម​ការ​យកចិត្តទុកដាក់ពីក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង​អង្គការ​ដៃ​គូ​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ រយៈពេលចុងក្រោយនេះសហគមន៍មានសមិទ្ធផលថ្មីៗបន្ថែមទៀតជាច្រើន ដើម្បី​បម្រើដល់សេវាទេសចរណ៍។ លោកបានបញ្ជាក់ថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជន​ជាតិចិនខាងមុខនេះ សហគមន៍បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវមកលម្ហែកម្សាន្ត។ អនិកជនខ្មែរ-បារាំង លោក តាន់ ជាង បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងមាន​មោទក​ភាព ចំពោះការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសពេលបានមកលេងខេត្តកំពត នៅ​សហគមន៍​​អេកូទេសចរណ៍កំពង់សាមគ្គីនេះ ។ លោកថាសហគមន៍មានការរៀបចំបានល្អ បរិយាកាស ទេសភាព ពិសេសមានគ្រឿងសមុទ្រធម្មជាតិថ្មីស្រស់ៗ លោកបាន​ណែនាំ​ដល់ប​ង​ប្អូន​ប្រជាពលរដ្ឋ គួរមកសាកល្បងទទួលយកបទពិសោធជីវិតល្អៗ នៅសហគមន៍មួយនេះ ពិសេស​បងប្អូនខ្មែរត្រូវឧស្សាមកលេងស្រុកផង។ សហគម៍កំពង់សាមគ្គីមានទីតាំងនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ភ្ញៀវត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣៣(កំពត-កែប) បត់​ចូល​តាម​ផ្លូវ​លំក្បែរសាលាវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ កាត់ភូមិឋាន និងវាលស្រែអំបិល​ប្រហែល​៧០០​ម៉ែត្រ​ទើប​ទៅដល់ចំណត៕

សមាគមទេសចរណ៍កំពុងចូលរួមអនុវត្តយុទ្ធសាស្ត្រក្រសួងទេសចរណ៍ ដើម្បីជំរុញកំណើនទេសចរឆ្នាំ២០២៦

2026/02/12 01:34:33 pm        155
សមាគមនានានៅក្នុងវិស័យទេសចរណ៍ បានបង្ហាញសកម្មភាពចូលរួមអនុវត្តផែនការ​យុទ្ធសាស្ត្រ ៦​ចំណុចធំៗរបស់ក្រសួងទេសចរណ៍ ដើម្បីបង្កើន​ភាព​ទាក់​ទាញ​ទេសចរ​អន្តរជាតិ​ពី​ប្រទេស​នានា​មក​ទស្សនាកម្ពុជា។លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា បាន​ប្រាប់ BTV នៅថ្ងៃទី១២ ខែកុម្ភៈ នេះថា សមាគម PATA ប្រចាំនៅកម្ពុជា ក៏ដូច​បណ្តា​សមាគម និងប្រតិបត្តិករទេស ចរណ៍នានាទៀត បានគាំទ្រផែនការយុទ្ធសាស្ត្រអាទិភាព ចំនួន​៦​ចំណុច​ ក្នុងនោះ សមាគម PATA នៅក្នុង ឆ្នាំ២០២៦នេះ បានធ្វើ​សកម្មភាព​ជា​ច្រើន​ស្រប​តាម​ផែន​ការ​យុទ្ធសាស្ត្រទាំងនោះ ជាពិសេសការធ្វើសកម្មភាព ផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈប្រព័ន្ធDIGITAL នៅតាមបណ្តាប្រទេសគោលដៅឆ្ងាយៗ បន្ថែមលើនេះPATA នឹងរៀប​ចំ​ជំនួប​ធុរកិច្ចទេសចរណ៍កម្ពុជា CTM ជាមួយនឹងទីផ្សារឥណ្ឌូនេស៊ី សិង្ហបូរី ចិន កូរ៉េ ជប៉ុន និង​ទីផ្សារ​បណ្តាប្រទេសនៅតំបន់អឺរ៉ុប អាមេរិច និងមជ្ឈឹមបូពាហ៍។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងសន្និបាតបូក​សរុប​លទ្ធផល​ការងារ​វិស័យ​ទេសចរណ៍ឆ្នាំ២០២៥កាលពីពេលថ្មីៗ បានបង្ហាញផែនការសកម្មភាពជាច្រើន ដែលត្រូ​វ​អនុវត្ត​នៅ​ក្នុង​ឆ្នាំ២០២៦ ដើម្បីទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក្នុងនោះផែន​ការ​ជា​យុទ្ធ​សាស្ត្រ​ចំនួន ៦ចំណុចធំៗ ត្រូវបាន ផ្តល់អាទិភាពរួមគ្នាអនុវត្តរួមមាន៖ (១) ពង្រឹងយុទ្ធសាស្ត្រ​សិក្សា​ទី​ផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស តាមរយៈការលើក​កម្ពស់​កិត្តិនាម​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។ (២) ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាតិ និងអន្តរជាតិ។ (៣) សម្រួល​ការធ្វើដំណើរចូល-ចេញប្រទេសកម្ពុជា និងការតភ្ជាប់ការធ្វើដំណើរ។ (៤) ពង្រឹងការគ្រប់​គ្រង​គុណភាពឧស្សាហកម្មទេសចរណ៍។ (៥) អភិវឌ្ឍផលិតផល​ទេសចរណ៍​កម្ពុជា​ឱ្យ​សម្បូរបែប និងមានភាពទាក់ទាញ និង(៦) ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និង​ការ​រៀប​ចំ​ព្រឹត្តិការណ៍ទេស ចរណ៍។តាមរយៈអនុវត្តយុទ្ធសាស្ត្រនេះ ប្រសិនបើពិភពលោកមិន​មាន​ស្ថាន​ការណ៍​នៃ​និន្នាការ​មិន​ប្រាកដ​ប្រជា ដែលបណ្តាលមកពីកត្តាសង្គ្រាម ភាពវឹកវរផ្នែកសេដ្ឋកិច្ច ការប្រកួតប្រជែងមហាអំណាច គ្រោះ​ធម្មជាតិ ការឈ្លានពានរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា និង​មិន​មាន​បញ្ហា​ប្រឈម​ដូចជា ការប្រែប្រួលស្ថានភាពទីផ្សារទេសចរណ៍សកលលោក និងតំបន់ បណ្ដាល​មក​ពី​ភូមិ​សាស្ត្រ​នយោបាយ សេដ្ឋកិច្ច សន្តិសុខបច្ចេកវិទ្យាជាដើមនោះទេ នោះវិស័យទេសចរណ៍​នៅ​កម្ពុជា​ នឹងមានភាពល្អប្រសើរ ពិសេសគឺមានទេសចរអន្តរជាតិ នាំគ្នាមកទស្សនា​ច្រើន​កើន​លើស​ឆ្នាំ​២០២៤ទៅទៀត៕ អត្ថបទ ស៊ុម សុខជា 

កញ្ចប់ទេសចរណ៍ដំណើរកម្សាន្តនៅកម្ពុជារយៈពេលយូរថ្ងៃ​បានធ្វើឱ្យទេសចរអន្តរជាតិពេញចិត្ត

2026/02/10 02:45:39 pm        142
បណ្តាភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញពេញចិត្តខ្លាំងចំពោះកញ្ចប់ទេសចរណ៍ដំណើរកម្សាន្តមក ប្រទេសកម្ពុជារយៈពេលយូរថ្ងៃ ហើយភ្ញៀវទេសចរអន្តរជាតិ បានសន្យាថា នឹងកក់​ទិញ​កញ្ចប់​ទេសចរណ៍ដើរកម្សាន្តយូរថ្ងៃមកទស្សនាកម្ពុជាម្តងទៀត។ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី បានប្រាប់BTV នៅថ្ងៃទី១០ ខែកុម្ភៈនេះ នៅឯអាកាសយាន ដ្ឋាន​អន្តរជាតិតេជោថា ការទិញ​កញ្ចប់​ទេសចរណ៍ធ្វើដំណើរ​កម្សាន្ត​នៅ​កម្ពុ​ជា​រយៈ​ពេល​១៤​ថ្ងៃ​នេះ ​គឺពួកគេមានការជក់ចិត្តចាប់អារម្មណ៍ជាខ្លាំងនូវការទទួលបានចំណេះដឹង និងបទ​ពិសោធន៍​ល្អ​ៗ​ជាច្រើន ជាពិសេសការយល់ដឹងទំនៀមទម្លាប់ការរស់នៅប្រជាពលរដ្ឋខ្មែរ យល់ដឹង​ពី​ទេសចរ​ណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ នៅខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តបាត់ដំបង និង​ទេសភាព​​ស្រស់ត្រកាលតាមដងទន្លេ មេគង្គ ហើយភ្ញៀវទាំងអស់គ្នា បានអំពាវនាវ​ទេសចរ​អន្តរ​ជាតិ​នានា​ទៀត ធ្វើដំណើរកម្សាន្តមកកម្ពុជា តាម កញ្ចប់ទេសចរណ៍រយៈពេល១៤ថ្ងៃនេះ ដើម្បី​ដឹង​រឿង​រ៉ាវ​បែបអច្ឆរិយៈជាច្រើន។តំណាងទីភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា ក្រោមកិច្ចសហការភាពជាដៃគូរវាងក្រុមហ៊ុនទីភ្នាក់ ទេសចរណ៍នៅកម្ពុជា និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នៅអូស្រ្តាលី បានរួមគ្នា​ផ្សព្វ​ផ្សាយ​លក់​កញ្ចប់​ទេសចរណ៍ដំណើរកម្សាន្តនៅកម្ពុជារយៈពេល៤ទៅ៥ថ្ងៃ និងកញ្ចប់​ទេសចរណ៍​ទស្សនា​កម្ពុជា​ រយៈពេល ១០ទៅ១៤ថ្ងៃ ដោយតម្លៃសមរម្យ និងផ្តល់គុណតម្លៃបន្ថែមច្រើន ទើបភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាច្រើន បាន​ នាំគ្នាដាក់​ផែន​ការ​កក់​ទិញ​កញ្ចប់​ទេសចរណ៍​រយៈ​ពេល​យូរ​ថ្ងៃ​មក​ទស្សនា​កម្ពុជា ខណៈកម្ពុជា អូស្ត្រាលី មានជើងហោះត្រង់ច្រើន។សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​អនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ថ្មីៗនេះ ក្រសួងទេសចរណ៍ បានជំរុញ​បង្កើត​កញ្ចប់​ខ្សែ​ទស្សន​កិច្ច CLUSTER វៃឆ្លាតដើម្បីផ្តល់តម្លៃបន្ថែម និងនាំភ្ញៀវទេសចរ​អន្តរជាតិ​មក​ស្នាក់​នៅ​ដើ​រ​កម្សាន្ត​នៅ​កម្ពុជា ឲ្យបានចាប់ពី១០ថ្ងៃឡើងទៅ ហើយបើតាមឯកឧត្តម នី ផល្លី រដ្ឋលេខា​ធិការ​ក្រសួង​ទេសចរណ៍ថ្លែងថា នៅពេលនេះ ក្រសួងទេសចរណ៍​បាន​រៀបចំ​សេចក្តី​ព្រាង​ខ្សែ​ទស្សន​កិច្ច​ Cluster វៃឆ្លាតនេះបានប្រមាណ១០០កញ្ចប់ខ្សែទស្សនកិច្ច ហើយក៏​មាន​ក្រុម​ហ៊ុនការី​ទេសចរណ៍​កម្ពុជាមួយចំនួនបានយកកញ្ចប់ទេសចរណ៍នេះទៅផ្សព្វផ្សាយលក់ទៅក្រៅប្រទេស ហើយ​ក៏មានសេចក្តីព្រាងកញ្ចប់ខ្សែទស្សនកិច្ចCluster មួយចំនួន​ត្រូវ​បាន​និង​កំពុង​ពិភាក្សា​កែ​សម្រួល ​កំណត់តម្លៃសមរម្យ និងបង្កើនការផ្តល់​នូវ​ភាព​ប្រទា​ក់​ក្រឡាគ្នា​ពី​គោល​​ដៅ​ទេសចរ​ណ៍​មួយ​ទៅ​គោលដៅទេសចរណ៍មួយទៀត នាំភ្ញៀវមកស្នាក់នៅដើរកម្សាន្តរយៈពេលយូរថ្ងៃ និង​ធានា​បាន​នូវភាពទាក់ទាញភ្ញៀវមកទស្សនាម្តងទៀតហើយម្តងមកទស្សនាទៀត៕ អត្ថបទ៖  ស៊ុម សុខជា

សន្ដិសុខសុវត្ថិភាពល្អ ធ្វើឱ្យមានជើងហោះហើរត្រង់ ពីខេត្ដព្រះសីហនុទៅអន្ដរជាតិ ត្រូវ​បាន​តភ្ជាប់​ជា​បន្ដ​បន្ទាប់

2026/02/09 03:25:58 pm        269
រដ្ឋបាលខេត្ដព្រះសីហនុ និងរដ្ឋបាលអាកាសយានដ្ឋាន រៀបចំពិធីសម្ពោធជើងហោះហើរត្រង់ ថ្មី ឡើងវិញពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុង Xiamen ខេត្ត Fujian នៃសាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្ថិត​ក្នុង​សង្កាត់​រាម ក្រុងកំពង់សោម។ការហោះហើរទៅកាន់អន្ដរជាតិ ត្រូវបានតភ្ជាប់ជាបន្ដបន្ទាប់ទាំងការហោះហើរត្រង់ ពិសេស​ទៅ​កាន់​ប្រទេសចិន និងការហោះហើរទៅមកតាមបណ្ដាប្រទេសនានា ព្រមទាំង​ការ​ហោះ​ហើរ​ក្នុង​ស្រុក​ដែលជាសញ្ញាវិជ្ជមានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ នេះ គឺជាការលើកឡើងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ជាមួយ​​នោះ នាយករងអាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ ក៏បានលើកឡើងបញ្ជាក់ថា ថ្ងៃ​នេះ ​គឺ​ជាពិធីសម្ពោធ​ជើងហោះហើរ លេខៈ ZA687 របស់ក្រុមហ៊ុន Sky Angkor Airline ដែល​នឹង​ធ្វើ​ការ​ហោះហើរពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុង Xiamen ខេត្ត Fujian នៃសាធារណ​រដ្ឋ​ប្រជា​មានិត​ចិន។ ពីការហោះហើរមានការកើនឡើងជាបន្ដបន្ទាប់ទាំងអន្ដរជាតិ និងក្នុងស្រុក ជា​មធ្យម​ជាង ៣០ជើង ក្នុងមួយសប្ដាហ៍ និងCharter flight (ជើងហោះហើរពាណិជ្ជកម្មឯកជន) ១ជើង​ក្នុងមួយថ្ងៃ។ទន្ទឹមនឹងនោះ ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ ក៏បានបង្ហាញពីសញ្ញាវិជ្ជមានផងដែរថា ការ​បើកឱ្យមានប្រព័ន្ធគមានគមន៍សម្បូរបែប ដែលមានច្រើនជម្រើស គីមានសារៈ​សំខាន់​ណាស់​ក្នុង​ការ​ចូល​រួមលើកកម្ពស់វិស័យទេសចរណ៍ ជាមួយនឹង​សក្ដា​នុ​ពល​ធន​ធាន​ធម្មជាតិ​របស់​ខេត្ដ​ព្រះសីហនុ ពិតជាបានទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ​ឱ្យ​ចូល​មក​ខេត្ដ​ព្រះសីហនុ​បាន​ច្រើន​ដែលបានជួយបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

ក្រសួងទេសចរណ៍ រៀបចំព្រាងខ្សែទស្សនកិច្ច CLUSTER វៃឆ្លាត​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ស្នាក់​នៅ​យូរ

2026/02/04 01:31:31 pm        233
ក្រសួងទេសចរណ៍ និងក្រុមអ្នកជំនាញ បានរួមគ្នាបង្កើតខ្សែទស្សនកិច្ច CLUSTER វៃឆ្លាត ដើម្បី​បង្កើន​តម្លៃបន្ថែម និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានឱកាសស្នាក់នៅយូរ និង​ជំរុញផ្តល់ប្រភពចំណូលជូនសហគមន៍ ពលរដ្ឋនានាដែល​ប្រកប​របរ​ពឹង​អាស្រ័យ​វិស័យ​ទេសចរណ៍​។នៅក្នុង​សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​អនុវត្ត​បន្តសម្រាប់ឆ្នាំ២០២៦ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅ​ថ្ងៃ​ទី៤ ខែកុម្ភៈនេះ ថាមកដល់ពេលនេះ ក្រសួងទេសចរណ៍ បានរៀបចំសេចក្តី​ព្រាង​ខ្សែ​ទស្សន​កិច្ច ​CLUSTER វៃឆ្លាត បានប្រមាណ១០០កញ្ចប់ខ្សែទស្សនកិច្ច ហើយក៏មានក្រុមហ៊ុន ការី​ទេសចរណ៍​មួយចំនួនបានយកទៅអនុវត្ត និងបន្តផ្សព្វផ្សាយលក់ទៅក្រៅប្រទេសរួចហើយ ហើយ​បច្ចុប្បន្ន​ក្រសួងក៏កំពុងពិនិត្យពិភាក្សាកែសម្រួល សេចក្តីព្រាង​ខែ្ស​ទស្សន​កិច្ច​ CLUSTER ផ្សេង​ៗ​ទៀត​ ដើម្បី​បង្កើន​ការ​ផ្តល់​នូវ​ភាព​ប្រទាក់​ក្រឡា​គ្នា​ពី​គោល​ដៅ​ទេសចរណ៍​មួយ​ទៅ​គោល​ដៅ​ទេសចរណ៍​មួយទៀត ចំណាយពេលស្នាក់នៅដើរកម្សាន្តរយៈពេលយូរ និងធានាបាន​នូវ​ភាព​ទាក់​ទាញ​ម្តងទៀតហើយម្តងទៀត។ក្រុមអ្នកជំនាញ បានលើកឡើងដែរថា កញ្ចប់ខ្សែទស្សនកិច្ចទស្សនាកម្ពុជា ដែលភ្ញៀវទេសចរអន្តរ ជាតិ​ទិញ ភាគច្រើនគឺមានរយៈពេលតែ៣ទៅ៤ថ្ងៃ ហើយការ​ជំរុញ​បង្កើត​ខ្សែ​ទស្សនកិច្ច CLUSTER វៃឆ្លាត ចំណាយពេលវេលាស្នាក់នៅយូរ ១០ថ្ងៃ ដែលមានពង្រីកគោល​ដៅ​ដើរ​កម្សាន្ត​ច្រើន​កន្លែង មានភាពប្រទាក់ប្រឡាគ្នា និងមានភាពទាក់ទាញ។សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ​០២២៦ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកុម្ភៈ នេះ គឺមានប្រធានបទគន្លឹះចំនួន៩ ដែល​ក្រុមអ្នកជំនាញបើកការពិភាក្សាដោះស្រាយ និងប្រមូលធាតុចូល ជំរុញការអនុវត្ត​ដើម្បី​ទាក់​ទាញ​ទេសចរ​ទស្សនា រួមមានៈ ការជំរុញការពង្រឹងគុណភាពសេវាកម្មទេសចរណ៍៖ ពីស្តង់ដាទៅ​ភាព​ជឿជាក់ និងការវិលត្រឡប់ មកវិញរបស់ភ្ញៀវ, ការបង្កើតខែ្សទស្សនកិច្ច CLUSTER វៃឆ្លាត, យុទ្ធនាការទស្សនាកម្ពុជា រដូវកាលបៃតង, ការ ទូតទេសចរណ៍ និងម្ហូបអាហារ, យុទ្ធសាស្ត្រ​ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រធានបទ បរិវត្តកម្ម ទេសចរណ៍ឌីជីថល៖ ទិស​ដៅ​ថ្មី សម្រាប់បង្កើនការប្រកួតប្រជែងជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

ប្រតិបត្តិករទេសចរណ៍ ដាក់ផែនការទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជាបន្ថែមទៀត

2026/01/29 04:09:13 pm        177
បណ្តាប្រតិបត្តិករទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិ​លំដាប់ខ្ពស់ លំដាប់អ្នកមានៗជាច្រើនមកទស្សនា និងមានចាយ​ថវិកា​ច្រើន​សម្រាប់​ដំណើរ​កម្សាន្តមក​កម្ពុជាហើយមើលឃើញឱកាសពិសេសនេះ បណ្តាប្រតិបត្តិករទេសចរណ៍ បានរួម​គ្នា​ដាក់​ផែន​ការ​ជាយុទ្ធសាស្ត្រ ផ្តល់សេវាបដិសណ្ឋារកិច្ចល្អ ផ្សព្វផ្សាយគោលដៅទេសចរណ៍ល្អៗពីកម្ពុជា សំដៅ​ទាក់​ទាញ​ ទេសចរអន្តរជាតិទាំងនោះមកទស្សនាកម្ពុជាម្តងទៀត។ប្រតិបត្តិករទេសចរណ៍នានា បានប្រាប់BTVនៅក្នុងថ្ងៃទី២៩ ខែមករានេះថា នៅក្នុងឆ្នាំ២០២៦ បណ្តា​មូល​ដ្ឋាន​អាជីវកម្មទេសចរណ៍ នឹងខិតខំផ្តល់សេវាបដិសណ្ឋារកិច្ចឲ្យបានល្អប្រសើរ សំដៅទាក់ទាញ ភ្ញៀវ​ទេសចរ​អន្តរជាតិនានាទៀតមកទស្សនាកម្ពុជា ខណៈដែលនៅក្នុងរយៈពេលចុងក្រោយនេះ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរអន្តរជាតិលំដាប់ខ្ពស់ជាច្រើនមកទស្សនាកម្ពុជា ហើយភាគច្រើននៃភ្ញៀវទាំងនោះ បាន​ស្នាក់​នៅ​ដើរ​កម្សាន្តរយៈពេលយូរថ្ងៃ ចំណាយថវិកាច្រើនៗ ជួលសណ្ឋាគារស្នាក់លំដាប់ខ្ពស់ ព្រមទាំង បាន​ចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតដែលត្រូវមកទស្សនា និងមានសុវត្ថិភាព។លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាCATA បានបញ្ជាក់ថា នៅ ក្នុង​ឆ្នាំនេះ សមាគមបានរៀបចំផែនការសកម្មភាពជាច្រើន បង្កើនការរិតចំណងកិច្ចសហប្រតិបត្តិការថ្មីៗជា មួយ​បណ្តាទីភ្នាក់ងារទេសចរណ៍ នៅក្នុង និងក្រៅប្រទេស ជាពិសេស ទីផ្សារទេសចរណ៍នៅប្រទេសចិន ឥណ្ឌា រុស្ស៊ី ជប៉ុន កូរ៉េ និងទីផ្សារតំបន់អាម៉េរិក អឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅឆ្នាំ២០២៥ នេះ កម្ពុជាទទួល បាន​ភ្ញៀវ​ទេសចរជាតិចេញដើរកម្សាន្តប្រមាណ២៥លាននាក់ កើនឡើង១១.៧% ដោយឡែទេសចរអន្តរ ជាតិ ទទួល​បានប្រមាណ៥.៥៧លាន ថយចុះ១៦.៩% ប្រៀបធៀបឆ្នាំ២០២៤ ដែលមានប្រមាណ៦.៧ លាន​នាក់។របាយការណ៍ឆ្នាំ២០២៥ របស់ធនាគារជាតិ នៃកម្ពុជា បានបង្ហាញថា វិស័យទេសចរណ៍នៅកម្ពុជា បា​ន​ផ្តល់​ចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ប្រមាណ៣.៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើង ៣% បើ​ធៀប​នឹងឆ្នាំ២០២៤៕ អត្ថបទ៖ ស៊ុម សុខជា 

ទេសចរអន្តរជាតិបន្តមកទស្សនាកម្ពុជាដោយអារម្មណ៍សុវត្ថិភាព ទោះមានបញ្ហាជម្លោះព្រំដែន

2026/01/24 12:31:31 pm        255
ភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តតាមបណ្តាខេត្ត រាជធានីនៅប្រទេសកម្ពុជា បានអះ​អាង​អំពីអារម្មណ៍រីករាយ និងសុវត្ថិភាព បើប្រៀបធៀបនឹងប្រទេសនៅក្នុងតំបន់ បើទោះ​ជា​ពេល​នេះ​កម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយថៃក៏ដោយ។ទេសចរអន្តរជាតិ មកពីតំបន់អឺរ៉ុប បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែមករា នេះថា មុនពេលមក ទស្សនា​កម្ពុជា ភ្ញៀវទេសចរអន្តរជាតិស្ទើរទាំងអស់គ្នា ទទួលបាន​ការ​ព្រមាន​អំពី​ភាព​អស្ថិរ​ភាព​ក្នុង​ប្រទេសកម្ពុជា ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពថៃ និងកម្ពុជា ដោយសារជម្លោះព្រំដែន ប៉ុន្តែ​នៅ​ពេល​មក​ដល់កម្ពុជា គឺស្ថានភាពជារួម មិនដូចអ្វីដែលគេណែនាំនោះទេ ពោល​គឺ​គ្រប់​គោល​ដៅ​​ទេសចរណ៍នៅទូទាំងប្រ ទេសនេះ មានសុវត្ថិភាពល្អ ទេសភាពស្រស់ស្អាត មានភាពអច្ឆរិយៈ ហើយ​ភ្ញៀវ​ក៏បានអំពាវនាវដល់ទេស ចរអន្តរជាតិឯទៀត កុំមានការយល់ច្រឡំចំពោះការណែនាំ និង​ការ​ផ្សាយព័ត៌មាននានា ដែលមិនមានឆ្លុះ បញ្ជាំងអំពីស្ថានភាពជារួម និង​ស្នើ​ទេសចរ​អន្តរជាតិ​នាំ​គ្នាម​កទស្សនាកម្ពុជា។ ថ្មីៗនេះ មានការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជា ហាក់អាចបង្កឱ្យមានការភាន់ច្រឡំ នៅ​ក្នុង​ចំណោមសាធារណជន និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ អំពី​ស្ថាន​ភាព​ទូទៅ នៃសុខសុវត្ថិភាពទេសចរណ៍នៅកម្ពុជា ដែលការលើកឡើងនោះ គឺមានលក្ខណៈ​កំណត់​នៅ​តាម​តំបន់​ព្រំដែនខ្លះៗតែប៉ុណ្ណោះ មិនអាចទាញជាការ​សន្និដ្ឋាន​អំពី​កត្តា​សុខ​សុវត្ថិភាព​ទូទៅ​នៅ​ទូទាំង​ប្រទេសទេ ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថា កម្ពុជា នៅតែជាគោលដៅទេសចរណ៍មាន សុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់​ទេសចរណ៍​សំខាន់​ៗ ​ដូច ជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅ​ទេសចរណ៍​ផ្សេង​ៗទៀត នៅតែបន្តបើកដំ ណើរការធម្មតា និងទទួលស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ឥតដាច់ ក្រោម​ការធានាសុវត្ថិភាពយ៉ាងម៉ឺង ម៉ាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច៕ អត្ថបទ៖ ស៊ុម សុខជា 

ទេសចរអន្តរជាតិ៖ ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពល្អបំផុត

2026/01/22 02:07:32 pm        238
ភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តរយៈពេលយូរនៅប្រទេសកម្ពុជា បានចាត់ទុកប្រទេស នេះ​ជាគោលដៅទេសចរណ៍មានសុវត្ថិភាពល្អបំផុត ពិសេស​គឺ​មាន​ទី​កន្លែង​ដើរ​កម្សាន្ត​ស្អាត​ច្រើន​កន្លែង​ តម្លៃម្ហូបអាហារ សណ្ឋាគារ និងសេវាដឹកជញ្ជូនធូរថ្លៃ ហើយ​ភ្ញៀវ​ក៏​បាន​អំពាវ​នាវ​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដទៃទៀតមកលេងកម្ពុជា ដោយកុំមាន​ការ​ភាន់​ច្រឡំ​យល់​ខុស​អំពី​ស្ថាន​ភាព​នៅ​កម្ពុជាឡើយ។ភ្ញៀវទេសចរអន្តរជាតិមកពីតំបន់អឺរ៉ុប បានប្រាប់BTV នៅថ្ងៃទី២២ ខែមករា នេះថា នៅ​ក្នុង​ដំណើរកម្សាន្តនៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានសម្គាល់ឃើញថា គ្រប់​គោល​ដៅដំណើរកម្សាន្តទាំងអស់ ដូចជា នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់​ដំបង ខេត្តសៀមរាប និង គ្រប់គោលដៅទេសចរណ៍នានា គឺមានទេសភាពស្រស់ស្អាតទាក់ទាញ មា​នស​ភាពស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាពល្អបំផុត ដែលវាមិន​ដូច​ការ​ណែនាំ​នៅ​ក្រៅប្រ​ទេសដែ​ល​ធ្វើឲ្យ​ភ្ញៀវទេសចរអន្តរជាតិនានា មាន ការភាន់ច្រឡំថា កម្ពុជាជាគោលដៅមិនមានសុវត្ថិភាព ខណៈ​កម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែននោះ។ថ្មីៗនេះ ក្រសួងទេសចរណ៍ បានចេញសេចក្ដីបំភ្លឺឆ្លើយតបផងដែរចំពោះការណែនាំពាក់ព័ន្ធនឹង ការ​ធ្វើ​ដំណើរមកកម្ពុជា ដោយមានចែករំលែកព័ត៌មាន និងការបង្ហាញផែនទី ដោយ​បណ្តា​ស្ថាន​ទូតប្រទេសជាមិត្ដប្រចាំនៅកម្ពុជា ដែលអាចបង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​នៅ​ក្នុង​ចំណោម​សាធារណ​ជន និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ អំពីស្ថានភាពទូទៅ​នៃ​សុខ​សុវត្ថិភាព​ទេសចរណ៍​នៅ​កម្ពុជា ដោយការប្រុងប្រយ័ត្នខ្ពស់ ដែលបានលើកឡើងនោះ គឺមានលក្ខណៈ​កំណត់​នៅ​តាម​តំបន់ព្រំដែនខ្លះៗតែ ប៉ុណ្ណោះ ប៉ុន្តែមិនអាចទាញជា​ការ​សន្និដ្ឋាន​អំពី​កត្តា​សុខ​សុវត្ថិភាព​ទូទៅនៅ​ទូទាំងប្រទេសទេ។ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថា កម្ពុជា នៅតែជាគោលដៅទេសចរណ៍មាន សុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់​ទេសចរណ៍​សំខាន់​ៗ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍ ផ្សេង​ៗ​ទៀត​ នៅតែបន្តបើក ដំណើរការធម្មតា និងទទួលស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ឥតដាច់ ក្រោម​ការធានាសុវត្ថិភាពយ៉ាង ម៉ឺងម៉ាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។ក្រសួង​ទេសចរណ៍ តែងតែបើកចំហរក្នុងកិច្ចសហប្រតិបត្តិការ និងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹង ទេស​ចរណ៍ និងសភាពការណ៍ពិត ដើម្បី​ធានា​បាន​ថា​ព័ត៌មាន​ដែល​បាន​ផ្សព្វ​ផ្សាយ​មាន​ភាព​ត្រឹម​ត្រូវ​តុល្យភាព និងគាំទ្រដល់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ អំពីគម្រោង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព៕ អត្ថបទ៖ ស៊ុម សុខជា

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រឆាំង​ចំពោះ​គ្រប់​សកម្មភាព​របស់​ប្រទេស​ថៃ​នៅ​ប្រាសាទ​តាក្របី

2026/01/22 11:52:06 am        192
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ​២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃ នៅ​ប្រាសាទ​តាក្របី។ តាមសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ស្រប​តាម​សេចក្តី​ថ្លែង​ការណ៍រ​បស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២ ខែមករា ឆ្នាំ​២០២៦ ស្តីពីការតវ៉ាចំពោះការរំលោភបំពានរបស់ថៃ ក្រសួងវ​ប្បធម៌ និង​វិចិ​ត្រ​សិល្បៈ​សូម​បន្ត​ប្រកាស​តវ៉ា​ប្រឆាំង​ និងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទា​ល់​មក​លើ​ប្រាង្គ​ប្រាសាទ ​និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជិតប្រាសាទ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ជាថ្មីថា ប្រាសាទតាក្របី ដែល​ថ្មី​ៗ​នេះ​ទទួល​រង​ការ​បាញ់​បំផ្លាញ​ពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំង​បុរាណ​ស្ថាន​អភិរក្ស​យ៉ាង​ខ្ជាប់​ខ្ជួន​ដោយ​ស្ថាប័ន​វប្បធម៌​កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទ​ម្លាប់​របស់​ប្រជាជ​ន​កម្ពុជា​តាំងពីដើមរៀងមក។«ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសូម​ប្រឆាំង​ជាដា​ច់ខា​ត​ចំពោះ​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​របស់​យោធា​ថៃ ក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានា​ដែល​ធ្វើ​ឱ្យ​ប្រែ​ប្រួល​ស្ថា​​នភាពតំបន់នោះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថាសកម្មភាព​ឈ្លាន​ពាន​នេះ​គឺ​ជា​ការ​រំលោភ​បំពាន​ទាំង​ស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធ​បាន​នៃ​ច្បាប់​អន្តរជាតិ​ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង»។ នេះបើតាមសេចក្ដីថ្លែងការណ៍។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជា​គម្រោង​នានា​នៅ​ជុំវិញ ប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និង​ងាក​មក​រក​ការ​ដោះ​ស្រាយ​បញ្ហាព្រំដែន ដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង​១៩០៧៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ដាណឺម៉ាកនឹងជ្រើសរើសសភាថ្មី នៅក្នុងការបោះឆ្នោតស្ថិតក្រោមស្រមោលរបស់លោក Trump
03/20/2026 08:03 PM
ចិនជំរុញឲ្យគ្រប់ភាគីទាំងអស់ក្នុងជម្លោះឈូងសមុទ្រ ធានាការផ្គត់ផ្គង់ប្រេងប្រកបដោយស្ថិរភាព និងគ្មានការរារាំង
03/20/2026 08:03 PM
ហូឡង់រឹតបន្តឹងសន្តិសុខ ក្រោយមានការបាញ់ប្រហារលើបុរសម្នាក់ដែលរិះគន់អាជ្ញាធរអ៊ីរ៉ង់
03/20/2026 08:03 PM
អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល
03/20/2026 08:03 PM
សហជីពនៅកម្ពុជាគាំទ្ររដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត
03/20/2026 08:03 PM
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រេចបន្ថែមប្រាក់ចំនួន ២,៥០ដុល្លារ ដល់កម្មករដើម្បីសម្រួលចំណាយថ្លៃធ្វើដំណើរ
03/20/2026 08:03 PM
ពលរដ្ឋគុយបា តម្រង់ជួររង់ចាំទឹកនៅទីក្រុងឡាហាវ៉ាន់ ស្របពេលជួបវិបត្តិប្រេងនិងថាមពលប្រជាពលរដ្ឋរស់នៅទីក្រុងឡាហាវ៉ាន់
03/20/2026 07:03 PM
ស្វីសផ្អាកការនាំចេញអាវុធទៅអាមេរិក ដោយសារសង្គ្រាមអ៊ីរ៉ង់ ដោយផ្ដល់ហេតុផលពីអព្យាក្រឹតភាព
03/20/2026 07:03 PM
អ៊ីស្រាអែលបានវាយប្រហារជំរំកងទ័ពស៊ីរី ក្រោយសហគមន៍ Druze ត្រូវបានកំណតគោលដៅ
03/20/2026 07:03 PM
លោក Hegseth៖ សង្គ្រាមអ៊ីរ៉ង់មិនក្លាយជា «សង្គ្រាមរៀងរហូត» ឬ «ភាពច្របូកច្របល់» នោះទេ
03/20/2026 07:03 PM