ក្រសួងទេសចរណ៍ និង ដៃគូឯកជន ​សហការ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​ដើម្បី​ទាក់​ទាញ​ទេសចរ​អន្តរជាតិ
ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិន​ឈរ​នៅ​លំដាប់ទី១
គ្រូជំនាញ កំពុងផ្ទេរចំណេះដឹងផ្នែកចម្លាក់ពុម្ពទៅកាន់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ក្នុងគម្រោងបណ្តុះបណ្តាលជំនាញមរតកដូនតា
វត្ថុបុរាណខ្មែរ១២២រូប ដាក់​​តាំងពិព័រណ៍​មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង

វប្បធម៌ និងទេសចរណ៍

ទេសចរអន្តរជាតិគាំទ្រខេត្តសៀមរាបជាគោលដៅវប្បធម៌ដ៏ល្អបំផុតរបស់ពិភពលោកដែលត្រូវទស្សនា

2026/02/23 02:38:39 pm        215
ក្រោយខេត្តសៀបរាម ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ដ៏ល្អបំផុតលំដាប់ថ្នាក់ទី៥ នៅអាស៊ី ភ្ញៀវ​ទេសចរអន្ករជាតិ ដែលបានទៅទស្សនាខេត្តសៀមរាបរួចហើយ បានថ្លែងគាំទ្រ និង​ចាត់​ទុក​ខេត្តសៀមរាប ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវតិ្តសាស្ត្រ ដែលត្រូវទស្សនា​ដោយ​មិន​អាច​អាក់​ខាន​បាន។ទេសចរអន្តរជាតិមកពីតំបន់អឺរ៉ុប បានថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែកុម្ភៈ នេះថា គ្រប់ទេសចរ អន្តរជាតិ នៅពេលមកទស្សនាកម្ពុជា គឺគេតែងដាក់ផែនការទៅទស្សនាខេត្តសៀមរាប និង​បន្ទាប់​ពី​ទស្សនារួចហើយ គឺគេទទួលបានបទពិសោធន៍ អនុស្សាវរីយ៍ដ៏ល្អបំផុតមិនអាចបំភ្លេចបាន ហើយ​គេ​ក៏បានសម្តែងការគាំទ្រចំពោះខេត្តសៀមរាបជាគោលដៅវប្បធម៌ល្អបំផុតនៅអាស៊ី ឆ្នាំ​២០២៦ និងអំពាវនាវឱ្យភ្ញៀវទេសចរអន្តរជាតិទៅទស្សនាខេត្តសៀមរាប ដើម្បី​ដឹង​រឿង​រ៉ាវ​អំពី​វប្បធម៌ ប្រវត្តិសាស្ត្រ និងភាពអច្ឆរិយ ពិសេស​តំបន់​ទេសចរណ៍​ដែល​មាន​សក្តានុពល​ទាក់​ទាញ​ជា​ច្រើន​កន្លែង​ទៀត។សូមបញ្ជាក់ថា តាមប្រភពពីគេហទំព័រ TripAdvisor បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៦នេះ ខេត្ត សៀមរាប ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ដ៏ល្អបំផុតលំដាប់ថ្នាកទី៥ (5th Best Cultural destination in Asia 2026 នៅអាស៊ី ខណៈ លំដាប់លេខ១ បានទៅសិង្ហបុរី លេខ២ ហាណូយ ប្រទេសវៀតណាម លេខ៣ តូក្យូ ប្រទេសជប៉ុន លេខ៤ បាលី ប្រទេសឥណ្ឌូនេស៊ី ៕ អត្ថបទ ស៊ុម សុខជា

ក្រសួងបរិស្ថាន ស្នើឱ្យអ្នកទេសចរណ៍​មកកម្សាន្តឱ្យបានច្រើនថែមទៀត​នៅតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែលរក្សាបានសម្រស់ដ៏ស្រស់ស្អាត

2026/02/23 12:25:32 pm        140
ក្រសួងបរិស្ថានសូមជម្រាបជូនថា ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ត្រឡប់មកមានភាពស្រស់ស្អាត បន្ទាប់ពីមានការអន្តរាគមន៍និងការចូលរួម សម្អាតនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រោយពេលជំនន់ទឹកភ្លៀងហូរនាំសំរាម ចាក់ចូលទៅសមុទ្រ នៅខេត្តព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។ ចាប់ពីថ្ងៃនេះ អ្នកទេសចរណ៍អាចមកកម្សាន្ត តាមតំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក ក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នឹងមិនឃើញមានសំរាម ធ្លាក់ចូលទៅក្នុងទឹកសមុទ្រទៀតទេ ដោយសារ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន រួមជាមួយអាជីវករ និងអ្នកទេសចរណ៍ បានចូលរួមប្រមូលទុកដាក់សំរាម សម្អាតអនាម័យ តាមឆ្នេរសមុទ្រ តាមផ្លូវ ក្នុងក្រុងព្រះសីហនុនិងក្រុងកំពង់សោម រយៈពេល២ថ្ងៃកន្លងមកនេះ បានល្អស្អាតឡើងវិញ បន្ទាប់ពីមានសំរាមហូរធ្លាក់ទៅសមុទ្រ ដោយសារមានភ្លៀងធ្លាក់ខ្លាំង ។ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏សូមថ្លែងអំណរគុណចំពោះ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋភាគច្រើន ដែលបានប្រកាន់ខ្ជាប់នូវភាពស្អាត និងស្នើសុំបន្តចូលរួមជំរុញសកម្មភាព យុទ្ធនាការនានា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ធ្វើការរើសសំរាម សម្អាតបរិស្ថាន ធ្វើការទុកដាក់ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលសម្អាត បញ្ឈប់ការបោះចោលសំរាមតាមទីសាធារណៈ តាមដងផ្លូវ អូរប្រឡាយ និងចូលរួមសម្អាតតាមមូលដ្ឋាន តាមផ្ទះ តាមអាគារ តាមមន្ទីរ អង្គភាព រដ្ឋនិងឯកជនឱ្យបានស្អាត ដើម្បីកម្ពុជា ដែលជាផ្ទះរបស់យើងមានភាពស្អាត និងបៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕ 

អ្នកទេសចរជាង៦ម៉ឺននាក់ ទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម

2026/02/20 12:53:51 pm        163
អ្នកទេសចរជាតិ និងអន្ដរជាតិ ជាង៦ម៉ឺននាក់ បានទស្សនារមណីយដ្ឋានអង្គរ នៅ​ថ្ងៃពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីចិន វៀតណាម ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៧​ដល់​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ នេះបើយោងតាមរបាយការណ៍អាជ្ញាធរជាតិអប្សរា បានបង្ហាញនៅថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦នេះ ។របាយការណ៍ របស់នាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ធម្មជាតិ របស់អាជ្ញាធរ​ជាតិ​អប្សរាបានលើកឡើងថា ក្នុងចំណោមភ្ញៀវទេសចរសរុប៦០៤៧១នាក់ ក្នុងនោះ ក៏មាន​ភ្ញៀវប​រទេស​ចំនួន១៣០៩៦នាក់ និងភ្ញៀវខ្មែរចំនួន ៤៧ ៣៧៥នាក់។ អ្នកទេសចរអន្ដរជាតិ​បាន​លើក​ឡើង​ថា បានលើកឡើងថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយ ដែលបានមកដល់សៀមរាប ប្រកបដោយសុខសន្ដិភាព និងសុវត្ថិភាពល្អ   ហើយពួកគាត់​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គ​ដ៏​ស្រស់​ស្អាត ដូចភាពល្បីល្បាញនៅក្នុងពិភពលោកមែន។ពួកគាត់បានលើកឡើងថា នៅប្រទេស​កម្ពុជា មានប្រាសាទបុរាណទដ៏អស្ចារ្យ សម្រាប់ឱ្យអ្នកទេសស្សនាដោយមិនជិនណាយ ខណៈដែលប្រាសាទអង្គរនេះមានភាពស្រស់បំព្រង អមដោយ​ទិដ្ឋភាព​និង​ទេសភាព​ដ៏​ត្រកាល​ផង​ដែរ​។បើតាមរបាយការណ៍អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នៅក្នុងពិធីចូលឆ្នាំប្រពៃណីចិន វៀតណាម ​មានអ្នកទេសចរជាច្រើនជាតិសាសន៍ បានទស្សនាប្រាសាទអង្គរ និងប្រាសាទ​បុរាណ​ជា​ច្រើន​ទៀត ក្នុងរមណីដ្ឋានអង្គរ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានភ្ញៀវទេសចរ​ជា​ច្រើន​ជាតិ​សាសន៍​ចំនួន​៦០៤៧១​នាក់។ ពួក​គាត់បានដើរទស្សនាប្រកបដោយ​សុខ​សន្ដិភាព និង​សុវត្ថិភាព​ល្អ៕

ទេសចរជាង៨ម៉ឺននាក់ មកសម្រាកលម្ហែនៅខេត្តកំពតក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម​រយៈពេល​៣ថ្ងៃ

2026/02/20 12:18:46 pm        182
មន្ត្រីជំនាញបានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម រយៈ​ពេល​៣ថ្ងៃ ខេត្តកំពតបានទាក់ទាញភ្ញៀវទេសចរជាង៨ម៉ឺននាក់ កើនឡើងជាង​១២%​បើ​ធៀប​នឹង​ឆ្នាំ​មុន។ មូលហេតុដែលភ្ញៀវមកលេងច្រើនដោយសារហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងខេត្តល្អ កន្លែង​ដើរ​លេងច្រើនសំប្បូរបែប ពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញ នៅក្រុងកំពត ខណៈ​ដែល​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ រៀបចំបានល្អ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជនជាតិចិន វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរ​កម្សាន្ត​តាម​រមណីយ​ដ្ឋាន​ សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និងក្នុងក្រុងកំពត សរុបចំនួន ៨៨.០៧៧ នាក់​ កើនឡើង ១២,៨៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥កន្លងមក។ ហើយក្នុងនោះ ទេសចរ​ជាតិ ចំនួន ៨៤.៨៩២ នាក់ និងទេសចរបរទេស ចំនួន ៣.១៨៥ នាក់។ លោកបានបញ្ជាក់ថា មូលហេតុដែលខេត្តកំពតទាក់ទាញភ្ញៀវមកច្រើនដោយសារ ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ កំពតនៅជិតភ្នំពេញ មានតំបន់រមណីយដ្ឋាន គោលដៅទេសចរណ៍ និងសហគមន៍​ទេសចរណេ៍​សំខាន់ៗដល់៤២កន្លែង មានកន្លែងស្នាក់នៅស្អាត មានផាសុកភាព ផ្សារភ្ជាប់​នឹង​ធម្មជាតិ ពិសេសមិទ្ធផលទេចរណ៍ថ្មីៗ ក្នុងក្រុងកំពត ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ដូចជា៖ រូបសំណាកត្រីសេះបាញ់ទឹក នាឡិកាខ្មាតធំ សួនបាញ់​ទឹក​រាំ​តាម​ចង្វាក់​ភ្លេង ឆ្នេរដ៏ស្រស់ស្អាត និងការរៀបចំភ្លើងពណ៌លម្អផ្លូវ និងផ្សារត្រីដ៏​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ និងញ៉ាំងឱ្យបរិយាកាសក្រុងកំពតកាន់តែមានភាពរស់រវើក និងទាក់ទាញខ្លាំងឡើង។លោក សយ ស៊ីណុល បានបន្ថែមថា ស្ថានភាពទូទៅតាមរមណីយដ្ឋាន សហគមន៍ និង​គោល​ដៅ​ទេសចរណ៍៤២កន្លែង មានភាពល្អប្រសើរ ហើយការសេវាកម្មទេសចរណ៍គ្រប់ប្រភេទ បាន​ដំណើរ​ការ​ទៅ​ដោយរលូន ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ព្រោះជាទូទៅ រាល់​ពេល​មាន​បុណ្យទាន ក្រុមការងារមន្ទីរទេសចរណ៍ តែងតែចុះត្រួតពិនិត្យតាមរមណីយដ្ឋាន សហគមន៍​គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ សេវាស្នាក់នៅ និងទូក​ទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរ ដោយផ្តោត​សំខាន់​លើ​ការងារ​បដិ​​សណ្ឋារ​កិច្ច ​អនាម័យចំណីអាហារ សុវត្ថិភាព និងតម្លៃសេវាកម្មជាដើម ធ្វើយ៉ាងណា​រក្សា​បាន​នូវ​សេចក្តី​ថ្លៃ​ថ្នូរ ​និងកិត្តិស័ព្ទល្អរបស់ខេត្តកំពត តទៅថ្ងៃអនាគត៕

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើន មកដើរទស្សនាកម្សាន្ដ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម នៅខេត្ដសៀមរាប

2026/02/18 04:52:31 pm        274
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាច្រើនកុះករដើរទស្សនាកម្សាន្ដប្រាសាទអង្គរវត្ដ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីចិន វៀតណា នាថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៦នេះ ខណៈដែលពិធីនេះ មាន​រយៈ​ពេល​បី​ថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៦ ។ភ្ញៀវទេសចរជាតិមកពីតាមបណ្ដាខេត្ដ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែល​បាន​មក​ទស្សនា​ទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទអង្គរវត្ត នៅក្នុងពិធីបុណ្យប្រពៃណីចិន វៀតណាម​ឆ្នាំ​២០២៦នេះ ដោយពួកគាត់សម្ដែងមោទនភាព ចំពោះរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ នៅ​តែ​ទាក់​ទាញអ្នកទេសចររគ្រប់ជាតិសាសន៍ទៅទស្សនាកម្សាន្ដជារៀរាល់ឆ្នាំ។អ្នកទេសចរ ក៏លើកឡើងផងដែរថា ប្រាសាទអង្គរវត្ដពិតជាមានភាពអស្ចារ្យ និ​ង​ល្បី​ល្បាញ​នៅលើ​ពិភព​លោក ​ដែលខ្លួនចំណាយពេលវេលាដើរទស្សនាប្រាសាទអង្គរវត្ត ក៍ដូចជានៅតាម​រមណីយដ្ឋាន​ផ្សេង​ៗទៀតមិនខកបំណង។ពួកគាត់បានកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធ ដែល​បាន​អភិឌ្ឍន៍រមណីយដ្ឋានអង្គរ និងព្រមទាំងក្រុងសៀមរាប ឱ្យមានការរីក​ចំរើន​បាន​ល្អប្រ​សើរ​ និង​មាន​សន្ដិសុខសុវត្ថិភាពល្អដល់អ្នកទេសចរ។បើតាមរបាយការណ៍នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បាន​បង្ហាញ​ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមនេះ ចាប់ពីថ្ងៃទី១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលទស្សនាតំបន់អង្គរ មាន​ជាង​៣​ម៉ឺន​១ពាន់នាក់ ក្នុងនោះមានអ្នកទេសចរអន្ដរជាតិ ជាង៨ពាន់នាក់៕

កម្ពុជា រក្សាកំណើនជើងហោះហើរទ្វេទិសជាង១០ភាគរយ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍

2026/02/18 02:36:27 pm        179
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នៅ​ក្នុងខែមករា និងកុម្ភៈ ដើមឆ្នាំ២០២៦នេះ ទទួលកំណើនជើងយន្តហោះហើរចេញចូលកម្ពុជា ក្នុង​រង្វង់ជាង ១០ភាគរយ។ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់BTV ថ្ងៃ​ទី​១៨ ខែកុម្ភៈ នេះថា បច្ចុប្បន្ន គ្រប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ទាំង៣៦ ដែល​បា​នប្រតិបត្តិការបើកជើងហោះហើរចេញចូលកម្ពុជា មានស្ថិរភាព និងរក្សា​កំណើន​ជើង​ហោះ​ហើរ​បាន​ល្អប្រសើរក្នុងនោះ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅរាជធានីភ្នំពេញ មាន​ជើង​យន្ត​ហោះហើរ ចេញចូលជិត១០០០ជើង អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ទទួល​ជើង​ហោះហើ​រទ្វេទិស ប្រមាណ៤០០ជើង និងខេត្តព្រះសីហនុ ប្រមាណ៧០ជើង។ឯកឧត្តម បានឱ្យដឹងបន្តថា ថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចរចា និងព្រម ព្រៀង​ជា​មួយក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសអង់គ្លេស សហការ​ជាមួយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​នានាទៀត រួមគ្នាផ្សព្វផ្សាយលក់សំបុត្រយន្តហោះ ដឹកជញ្ជូនអ្នកដំណើរ និង​ទេសចរ​ពី​ប្រទេស​អង់គ្លេស​មកប្រទេសកម្ពុជា ។អ្នកដំណើរអន្តរជាតិ បានលើកឡើងថា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងអំឡុងពេលនេះ គឺ​ហាក់មានភាពមមាញឹកខ្លាំង ក្នុងការទទួលជើងហោះចេញចូល។ អ្នកដំណើរទាំងនោះ បាន​សន្យា​ថា​នឹង​ជួយផ្សព្វផ្សាយពីកម្ពុជា ដែលមានទីតាំងទស្សនាច្រើន ពិសេសទិសដៅវិនិយោគ និង​ទេសចរណ៍​នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តតាមដងទន្លេមេគង្គ ជា​ដើម​គឺមានសក្តានុពល និងមានសុវត្ថិភាពល្អប្រសើរ។របាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ២០២៥ តាមអាកាសយដ្ឋាន អន្តរជាតិ​ធំៗទាំង៤នៅកម្ពុជា ទទួលបានអ្នកដំណើរអន្តរជាតិប្រមាណជិត៧លាននាក់ កើន១៣​ភាគ​រយ ចំនួនជើងហោះហើរទេ្វទិសចេញចូលកម្ពុជា មានប្រមាណជាង៥៨០០០ជើង កើនឡើង​១១​ភាគរយ បើប្រៀបធៀបរយៈដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ ស៊ុម សុខជា 

វិស័យសេវាកម្ម ពិសេសវិស័យទេសចរណ៍ កំពុង​មានតម្រូវ​ការ​កម្លាំង​ពលកម្ម​ជំនាញ​រាប់​ពាន់​កន្លែង

2026/02/18 11:58:06 am        173
វិស័យ​សេវាកម្ម ជាពិសេសវិស័យទេសចណ៍នៅកម្ពុជា កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​រាប់​ពាន់​កន្លែង​នា​​ពេលនេះ ខណៈអ្នកប្រកបរបរ ក្នុងវិស័យនេះ ក៏កំពុងត្រូវការបុគ្គលិកជំនាញជាចាំបាច់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹងកំណើនភ្ញៀសទេសចរ និងតម្រូវការទីផ្សារ។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានប្រាប់ BTVថា រាជរដ្ឋាភិបាល​កម្ពុជា បានទទួលស្គាល់សក្ដានុពលនៃឧស្សាហកម្មទេសចរណ៍ថា ជាប្រភពនៃ​កំណើន​សេ​ដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមមានការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ ហើយ​វិស័យបដិសណ្ឋារកិច្ច គឺជាវិស័យសេវាកម្មដែលផ្តោតលើការផ្តល់ភាពកក់ក្តៅ ការស្នាក់នៅ ការ​ហូបចុក និងការកម្សាន្តជូនភ្ញៀវទេសចរ។ វិស័យនេះ រួមមាន សណ្ឋាគារ និងការស្នាក់នៅ, ភោជនីយ​ដ្ឋាន និងសេវាកម្មម្ហូបអាហារ ជាដើម។ លោកបន្តថា គិតមកដល់ពេលនេះ វិស័យសេវាកម្ម មានតម្រូវការកម្លាំងពលកម្មប្រមាណ ៣ពាន់​នាក់ ហើយឱកាសការងារនៅមានជាច្រើនកន្លែងទៀត។ គិតត្រឹមខែមករា ឆ្នាំ ២០២៦នេះ ក្រសួង​ការងារ បានបណ្តុះបណ្តាលជំនាញដល់សិស្សបានចំនួន ៣ម៉ឺននាក់ (ស្រី្តជាង ២ពាន់​នាក់​) ​នៅក្នុងវិស័យទេសចរណ៍។ ក្នុងចំណោមនោះ សិស្សបញ្ចប់ការសិក្សាមានចំនួនជាង ១ម៉ឺន​នាក់ និងអ្នកទទួលបានការងារធ្វើមានប្រមាណជា ៧ពាន់ ៦រយនាក់។ចំណែកលោកស្រី ជា ម៉ា ឡែន ម្ចាស់ភោជនីយដ្ឋាន «ល្បាប់» បានពន្យល់ថា វិស័យនេះ​ត្រូវ​ការ​បុគ្គលិក​ជំនាញ​ជាចាំបាច់ ដែលជាផ្នែកមួយ​នៃ​ការ​ទាក់​ចិត្ត​អតិថិជន​មក​ទទួល​ទាន​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋានរបស់លោកស្រី។ ដោយសារលោកស្រី មានបទពិសោធន៍​លើ​វិស័យ​បដិ​សណ្ឋារ​កិច្ច​ប្រ​មាណ​១០ឆ្នាំ សម្រាប់បុគ្គលិកនៅ«ល្បាប់» គឺភាគច្រើនទទួល​បាន​ការ​បណ្តុះ​បណ្តាល​បន្ថែម​ពី​លោក​ស្រី​ផ្ទាល់។សូមបញ្ជាក់ថា គិតមកដល់ពេលនេះ វិស័យសេវាកម្ម មានសហគ្រាសជាង ៣ម៉ឺន ៨ពាន់​សហ​គ្រាស​ បាននិងកំពុងផ្តល់ការងារសរុបប្រមាណ ៦៦ម៉ឺននាក់។ ដោយឡែក ក្នុងផ្នែក ភោជនីយ​ដ្ឋាន ​និងផ្ទះសំណាក់ មានសហគ្រាសប្រមាណ ៥ពាន់ ៥រយ សហគ្រាស បានផ្តល់​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ប្រមាណ ៩ម៉ឺននាក់។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ​៕ អត្ថបទ៖ ធូ វិរៈ

ភ្ញៀវទេសចរជិត ៣ម៉ឺននាក់មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងថ្ងៃទី១​នៃ​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន

2026/02/18 11:43:01 am        140
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៣ម៉ឺននាក់ បានមកសម្រាកលម្ហែនៅខេត្តកំពត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម។ ភ្ញៀវជាតិ និងអន្តរជាតិថាខេត្តកំពតស្អាត សម្បូរ​កន្លែងដើរលេង សេវាកម្មល្អ តម្លៃសមរម្យ សន្តិសុខសណ្តាប់ និងសុវត្ថិភាពល្អ អនាម័យ​ស្អាត​ ខណៈដែលមន្ត្រីជំនាញថាចូលឆ្នាំចិនថ្ងៃទី១នេះ ភ្ញៀវកើនឡើងជាងឆ្នាំមុន។ ទេសចរ​ជាតិ អន្តរជាតិ និងក្រុមនិស្សិតខេត្តកំពត បានប្រាប់ឲ្យដឹងថា ទោះកម្ពុជា​មាន​បញ្ហា​ព្រំដែន​ក៏​ពិត​មែន​ ប៉ុន្តែសម្រាប់ការអភិវឌ្ឍន៍នៅតែបន្ត លំហូរភ្ញៀវកាន់តែល្អឡើង ពិសេស​ខេត្ត​កំពត​ក្រោម​ការ​ដឹក​នាំរ​បស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមិទ្ធផលទេសចរណ៍ថ្មី​ៗ​ជា​ច្រើន​បាន​លេច​ចេញ​រូបរាងជាបន្តបន្ទាប់ ធ្វើឲ្យទេសចរមកលេងកាន់តែច្រើន។ ជាក់ស្តែងក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជនជាតិចិនថ្ងៃទី១នេះ ភ្ញៀវបានមកលេងក្រុងកំពតច្រើន ពិសេសភ្ញៀវបរទេស ថា​ ពួក​គេ​រីករាយណាស់ដែលបានមកដល់កម្ពុជា ពិសេសខេត្តកំពត ពួកគេមិនព្រួយ​បារម្ភ​រឿង​សុវត្ថិភាព​នោះ​ទេ ទោះកម្ពុជាមានជម្លោះព្រំដែនជាមួយថៃក៏ដោយ។ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថានៅថ្ងៃទី១ នៃពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិចិន វៀតណាម ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​កម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និង​ក្រុង​កំពត​សរុប​ចំនួន​២៩ ៨៧៤នាក់ ក្នុងនោះទេសចរបរទេសចំនួន ៥៤៣នាក់។ លោកបានបញ្ជាក់ថា ចំនួន​ភ្ញៀវ​ថ្ងៃទី១នេះ កើនឡើងជាងឆ្នាំមុន ដែលមានត្រឹមតែ១ ៧០០០នាក់ប៉ុណ្ណោះ។ លោកបានបញ្ជាក់ដែរថា ជាទូទៅពេលមានបុណ្យទាន ក្រុមការងា​រ​មន្ទីរ​តែង​តែ​បាន​ចុះ​តាម​រមណីយ​ដ្ឋាន សហគមន៍គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ និង សេវា​ស្នាក់​នៅ ទូកទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរទេសចរណ៍ ផ្តោតសំខាន់​លើ​ការងារ​បដិ​សណ្ឋារកិច្ច អនាម័យចំណីអាហារ សុវត្ថិភាព តម្លៃសេវាកម្មជាដើម ធ្វើយ៉ាងណា​ដើម្បី​រក្សា​បាន​នូវ​សេចក្តី​ថ្លៃថ្នូរ និងកិត្តិស័ព្ទល្អរបស់ខេត្តកំពត តទៅថ្ងៃមុខទៀត៕

ប្រតិបត្តិករទេសចរណ៍អរគុណចំពោះរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តពន្ធដារដល់ដំណាច់ឆ្នាំ២០២៦

2026/02/17 12:41:28 pm        192
ប្រតិបត្តិករទេសចរណ៍ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ជាពិសេសសម្ដេចមបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះវិស័យឯកជន បាន​បន្ត​ផ្តល់​ការ​លើក​ទឹកចិត្ត​ពន្ធដារ​ចំពោះ​សហគ្រា​ស​ក្នុង​វិស័យ​ទេសចរណ៍​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ខេត្ត​សៀមរាប ខណៈពួកគាត់សង្ឃឹមថា ប្រមុខរដ្ឋាភិបាលនឹងពង្រីកវិសាលភាព ការលើក​ទឹក​ចិត្ត​ពន្ធដារ ​ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស។ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ប្រកាស​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ក្នុង​គោល​បំណង​ផ្តល់​ការ​លើក​ទឹកចិត្តដល់សហគ្រាសក្នុងវិស័យទេសចរណ៍ រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ​ដ្ឋាន ​និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍។ប្រធានសមាគមមគ្គុទេសក៍អង្គរខេត្តសៀមរាប លោក ខៀវ ធី បានប្រាប់ BTV ថា ការលើកលែង​ពន្ធដារ ​សហគ្រាសក្នុងវិស័យទេសចរណ៍ នាពេលនេះ នឹងជួយ​សម្រាល​បន្ទុក​ពួក​គាត់​បាន​មួយ​កម្រិត ​ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចបន្តអាជីវកម្មរបស់ខ្លួន បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយ​សារ​ជម្លោះ​ព្រំដែនកម្ពុជា-ថៃ។ បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា យល់ថា នេះ​គឺ​ជា​ទឹក​ចិត្ត​ដ៏​ប្រពៃរបស់ប្រមុខរដ្ឋាភិបាល ដែលបាន​បន្ត​អនុ​គ្រោះទៅ​ដល់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប ដោយលោកបណ្ឌិត សង្ឃឹមថា ការលើកលែងនេះ នឹងអនុវត្តនៅ​មូលដ្ឋាន​សក្តា​នុ​ពល​ទេសចរណ៍ផ្សេងទៀត ដូច រាជធានីភ្នំពេញ, ទេសចរណ៍តំបន់ឆ្នេរ និងតំបន់ផ្សេងៗទៀត។សូមបញ្ជាក់ថា ការលើក​ទឹក​ចិត្ត​ពន្ធដារ​ចំពោះ​សហ​គ្រាស​ក្នុង​វិស័យ​ទេស​ចរណ៍​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុងខេត្តសៀមរាប បានអនុវត្តគិតចាប់ពីខែមករា ឆ្នាំ២០២៦ ដល់ដំណាច់ ខែធ្នូ ឆ្នាំ​២០២៦​។ ការលើកទឹកចិត្តពន្ធដារ រួមមាន ៖ ទី១- លើកលែង​ការ​បង់ពន្ធ​អាករ​ប្រចាំ​ខែ​គ្រប់​ប្រភេទ​ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ ខែធ្នូ ឆ្នាំ២០២៦។ទី២- លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៦, ចំពោះប្រាក់​រំដោះពន្ធ​លើ​ប្រាក់​ចំណូល​ដែល​សហគ្រាសបានបង់រួចឆ្នាំ២០២៧ នឹងត្រូវ​បាន​អនុញ្ញាត​ជា​ឥណទាន​ពន្ធ​សម្រាប់​កាត់​កង​ជា​មួយ​ពន្ធ​លើ​ប្រាក់ចំណូលប្រចាំ និង ទី៣- មិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់​ការិយ​បរិច្ឆេទ​ឆ្នាំ​២០២៦៕ អត្ថបទ៖ ធូ វិរៈ 

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមជួសជុលផ្នែកកំពូលប្រាសាទបក្សីចាំក្រុង

2026/02/16 04:20:22 pm        238
នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុង​ជួស​ជុល​រចនា​សម្ព័ន្ធ​កំពូល​ដំបូល ​និងពង្រឹងជញ្ជាំងផ្នែកខាងក្នុង និងខាងក្រៅរបស់ប្រាសាទបក្សីចាំក្រុង ដែល​ប្រឈ​ម​ហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។ លោកស្រី ឈុន រតនា មន្ត្រីរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា បច្ចុប្បន្ន ស្ថានភាពកំពូលដំបូលរបស់ប្រាសាទបក្សីចាំក្រុង បាន​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង បណ្តាលមកពីទឹកភ្លៀងហូរចូលទៅក្នុងតួប្រាសាទ ធ្វើឱ្យឥដ្ឋមួយចំនួនពុកផុយ រ​លុះ​ធ្លាក់មកក្រោម។ ចំណែកឯ ជញ្ជាំងផ្នែកខាងក្នុង និងខាងក្រៅ ក៏មានស្នាមប្រេះហែក ជ្រាប​ទឹក​ និងអាចបង្កឱ្យមានហានិភ័យដល់សំណង់ទៀតផង។ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាយល់ថា ដើម្បី​ជួយ​សង្គ្រោះ​រចនា​សម្ព័ន្ធ​របស់​ប្រាសាទ​បក្សី​ចាំ​ក្រុង​ឱ្យរឹងមាំឡើងវិញ ក្រុមការងារត្រូវរើឥដ្ឋដែលពុកផុយ ឬឥដ្ឋដែលអាចបង្កគ្រោះថ្នាក់ចេញ ហើយ​ដាក់បំពេញឥដ្ឋថ្មីមួយចំនួនមកជំនួសវិញ នៅផ្នែកខាងក្នុង និងខាងក្រៅ ព្រមទាំងពង្រឹង បិទ​បាយ​អ​បំពេញស្នាមប្រេះហែក ការពារជម្រាបទឹកកន្លែងមួយចំនួនសម្រាប់ភាពរឹងមាំយូរអង្វែង ដោយ​ប្រើ​លក្ខណៈបច្ចេកទេសយ៉ាងត្រឹមត្រូវ។ កាលពីអំឡុងខែតុលា ឆ្នាំ២០២៥ ដោយ​មាន​ការ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេចជាគោលការណ៍នៅដំណាក់កាលដំបូង ឱ្យក្រុមការងារអភិរក្ស នឹង​ទល់ទ្រជាបន្ទាន់ ចំពោះរចនាសម្ពន្ធផ្នែកកំពូលដំបូល ជញ្ជាំងផ្នែកខាងក្នុង និងក្រៅ នៃ​ប្រាសាទបក្សីចាំក្រុងនេះជាបណ្តោះអាសន្ន ហើយនៅដំណាក់កាលបន្ទាប់ គឺ​ក្រុម​ការ​ងារ​នឹង​ចាប់​ផ្ដើម​ជួស​ជុលពង្រឹងរចនាសម្ពន្ធទាំងនោះឱ្យរឹងមាំឡើងវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីឡាតវីលោកស្រី Silina និយាយថា លោកស្រី នឹងលាលែងចេញពីតំណែងនៅថ្ងៃនេះ
05/14/2026 05:05 PM
តុលាការអាមេរិកផ្អាកទណ្ឌកម្ម លើអ្នកជំនាញរបស់ UN ជុំវិញបញ្ហាប៉ាឡេស្ទីន
05/14/2026 05:05 PM
អភិបាលខេត្តកំពង់ស្ពឺ ថារាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងលើអតីតយុទ្ធជន និងនិវត្តជន ក្នុងនាមជាអ្នកមានគុណចំពោះប្រទេសជាតិ
05/14/2026 05:05 PM
ក្រុមចម្រុះរបស់លោក Netanyahu ស្វែងរកការបោះឆ្នោតមុនអាណត្តិ នៅអ៊ីស្រាអែល
05/14/2026 05:05 PM
បេក្ខជនសម្រាប់តំណែងជាអគ្គលេខាធិការ៖ ស្តង់ដាពីរធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់រដ្ឋនានា នៅក្នុង UN
05/14/2026 05:05 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងថ្នាក់ដឹកនាំ ព្រះសង្ឃ សិស្សនិស្សិតពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា និងប្រជានុរាស្ត្រ រៀបចំព្រះរាជពិធីបុណ្យចម្រើនជន្មវស្សាព្រះមហាក្សត្រ
05/14/2026 05:05 PM
គ្រួសារជនរងគ្រោះសង្រ្គាមគ្រឿងញឿន ខកចិត្តចំពោះការបាត់ខ្លួនរបស់ជនសង្ស័យចង់បានខ្លួនដោយតុលាការ ICC
05/14/2026 05:05 PM
ប្រធានាធិបតីហ្វីលីពីន បញ្ជា​ឲ្យ​បើក​កិច្ចប្រជុំបន្ទាន់ ក្រោយ​​ភាព​វឹកវរ និងការបាញ់ប្រហារ នៅព្រឹទ្ធសភា
05/14/2026 05:05 PM
សង្គ្រាមអ៊ីរ៉ង់ និងបញ្ហាប្រេង នឹងគ្របដណ្ដប់លើការជួបជុំគ្នារបស់ប្លុក BRICS នៅឥណ្ឌា
05/14/2026 05:05 PM
ព្រឹទ្ធសភាអាមេរិកគាំទ្រលោក Trump ពាក់​ព័ន្ធ​សង្គ្រាមអ៊ីរ៉ង់ ទោះ​កាល​កំណត់​កន្លង​ផុត​ហើយ​ក្ដី​
05/14/2026 05:05 PM