រដ្ឋមន្ត្រីវប្បធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី«អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា»
កម្ពុជា ចិន និងជប៉ុន ពង្រឹងទំនាក់ទំនងអភិវឌ្ឍលើវិស័យភាពយន្ត និងអភិរក្សហ្វីល​ឯកសារ​ភាព​យន្ត​កម្ពុជា
បទពិសោធ និងអនុសាសន៍របស់កម្ពុជាលើកឡើងក្នុងសន្និសីទពិភពលោកលើប្រធានបទ "​បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព ត្រូវបានទទួលការសាទរ និងគាំទ្រយកជាគំរូ
ក្រសួងទេសចរណ៍ គ្រោងបើកដំណើរការ​សាលា​វិជ្ជាជីវៈ​ទេសចរណ៍VST របស់ខ្លួន​នៅ​ចុង​ខែ​មិថុនា​នេះ

វប្បធម៌ និងទេសចរណ៍

ភ្ញៀវទេសចរជាង ៣៣ម៉ឺននាក់ ទៅទស្សនាខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល

2025/01/01 08:42:05 am        198
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណជាង៣៣ម៉ឺននាក់ បានទៅទស្សនាកំសាន្ដឆ្លងឆ្នាំសកល២០២៤ឈានចូលឆ្នាំ២០២៥នៅខេត្តសៀមរាប ដោយចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤។យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ចំនួនអ្នកទេសចរប្រមាណ៣៣៣,៦៦០ នាក់ មានការកើនឡើងប្រមាណ ៩.៧៣%បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ៣០៤,០៦៤ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣២៣,៤០០ នាក់ មានការកើនឡើងប្រមាណ៩.៦៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ២៩៥,០០០ នាក់។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១០,២៦០ នាក់ មានការកើនឡើង ១៣.២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៩,០៦៤ នាក់៕

ខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរបានជាង៩ម៉ឺននាក់ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែររយៈពេល២ថ្ងៃ

2024/12/31 10:29:02 am        194
លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែង​ឱ្យ​ដឹង​ថា រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០២៤ នៃព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និង​បង្អែមខ្មែរ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៩ម៉ឺននាក់។លោក ហម អរុណ គូសបញ្ជាក់ថា ស្ថិតិភ្ញៀវ​ទេសចរ​ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​បាត់ដំបង​ក្នុង​ពិធី​អបអរ​សាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២៤-២០២៥ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០២៤​មាន​ចំនួន ៣៩,២៩៥នាក់ កើនឡើង ៣,៧៧ % បើធៀបឆ្នាំ២០២៣។ ចំណែកនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ទទួលបានភ្ញៀវជាតិសរុបចំនួន៥៤,១១៤ នាក់ មានការកើនឡើង ៤,១៤ % បើធៀបឆ្នាំ២០២៣។លោក ហម អរុណ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​មក​ទស្សនា​កម្សាន្ត​សប្បាយ​នៅ​ខេត្តបាត់ដំប​ង​ឱ្យ​បាន​ច្រើនកុះករ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូប​អាហារ​នា​ថ្ងៃ​ចុង​ក្រោយ និងកម្មវិធីសប្បាយផ្សេងៗទៀតក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលនារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ។សូមរំលឹកថា ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម សុខ លូ អភិបាល​នៃគ​ណៈអ​ភិបាល​ខេត្ត​បាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និង​បង្អែម​ខ្មែរ​រយៈពេល៣ថ្ងៃនៅបរិវេណមុខអគារសាលាខេត្ត ដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ និងលើកកម្ពស់ការផ្សព្វផ្សាយផលិតផលខ្មែរ ក៏ដូចជា​បង្ក​បរិយាកាស​សប្បាយ​រីក​រាយ​ជូន​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។អ្វីដែលកាន់តែពិសេសនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នឹងមានរប្រគុំតន្ត្រីខ្នាតធំ ការអុជកាំជ្រួច និងរាប់ថយក្រោយ​ឆ្លង​ឆ្នាំ​ដើម្បី​អបអរ​សាទរ​ការឈានចូលឆ្នាំថ្មីឆ្នាំសាកល៕

នាវាទេសចរណ៍បរទេសមួយគ្រឿង ផ្ទុកមនុស្សជិត ១.០០០នាក់ ចូលសំចតធ្វើ​ទស្សនកិច្ច​នៅកម្ពុជា

2024/12/31 09:46:11 am        271
ព្រះសីហនុ៖ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់​ឲ្យ​ដឹង​ថា នាវាទេសចរណ៍បរទេស មួយគ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជិត ១.០០០នាក់ បាន​ចូល​ចត​ដល់កំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។ លោក បន្តថា នាវា នេះ ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS ផ្ទុកអ្នក​ដំណើរ​ជម្រុះ​ជាតិ​សាសន៍សរុប ៨៧២នាក់ ក្នុងនោះ មាននាវិក ៤០២នាក់ ជាតិសាសន៍​ដែល​ច្រើ​នជា​ង​គេ គឺជនជាតិអាមេរិកកាំង អង់គ្លេស និងអូស្ត្រាលី ។ ក្នុងដំណើរទេសចរណ៍អន្តរជាតិ មក​ពី​ប្រទេស​វៀតណាម ចូលសំចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ (កម្ពុជា) រួច​នឹង​បន្ត​ដំណើរ​ទៅប្រ​ទេសថៃ នៅយប់ថ្ងៃទី៣១ ខែធ្នូ នេះ ដដែល។ នាវា នេះ មានបណ្តោយប្រវែងជាង ២០០​ម៉ែត្រ ទទឹងជិត ៣០ម៉ែត្រ ជំរៅទឹក ៦ម៉ែត្រ។ លោក បន្ថែមថា ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ បាន​ទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែង​យល់​ពី​វប្បធម៌​រស់​នៅរ​បស់​ប្រជា​ពលរដ្ឋ​ខ្មែរ ​ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ ព្រមទងបាន​ផ្ដល់​អត្ថ​ប្រយោជន៍​មួយ​ចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេស​អ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។ 

រកឃើញជ័យលាភីលេខ១ការប្រកួតខ្លែងឯក និងខ្លែងសេរី ក្រោយការប្រកួតរយៈពេល៣ថ្ងៃ នៅសៀមរាប

2024/12/30 04:31:04 pm        180
សៀមរាប៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃរួចមក នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤​ម្សិលមិញនេះ ​គណៈកម្មការមេប្រយោគ និងគណៈកម្មការគ្រប់គ្រង និងបច្ចេកទេស នៃការប្រកួតខ្លែងខ្មែរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ជ័យលាភី នៃការប្រកួតខ្លែងឯកខ្មែរ និងខ្លែងសេរីរវាងផ្នែកឯកជននិងរដ្ឋ។សម្រាប់ជ័យលាភីខ្លែងឯកមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ជ័យលាភីលេខ១ បានទៅ​លើ​ខ្លែង​ជ័យ​​ឯកកណ្តាលវេហាស៍របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ជ័យលាភីលេខ២ ខ្លែង​ឈ្មោះ​ស​ម្រស់បន្ទាយស្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រី និងជ័យលាភីលេខ៣ ខ្លែង​ឈ្មោះ​ពោធិសាត់​មានជ័យបារមីសួគ៌ាលោក របស់មន្ទីរវប្បធម៌ខេត្តពោធិសាត់។ សម្រាប់ជ័យលាភីខ្លែងឯកខ្មែរ ផ្នែកឯកជន ជ័យលាភីលេខ១បានទៅលើខ្លែង ផែនសិល្បៈ និង​កីឡា ពីក្រុមការងារយុវជនផែនសិល្បៈ និងកីឡានៃយុវជនគណបក្សខេត្តសៀមរាប លេខ២ខ្លែង ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ខេត្តស្វាយរៀង និងលេខ៣ បានទៅលើខ្លែង ធនញ្ជ័យ ខេត្តសៀមរាប។ ដោយឡែកខ្លែងសេរីមកពីរដ្ឋបាលក្រុង ស្រុក ជ័យលាភីលេខ១ បានទៅខ្លែងឈ្មោះ ស្តេចរាត្រី មកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ជ័យលាភីលេខ២ បានទៅខ្លែង​ឈ្មោះ​ក្រុឌមាសធិបតីសែនជ័យ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប និងជ័យលាភីលេខ៣ បានទៅខ្លែងឈ្មោះ ស្នងការនគរបាលខេត្តសៀមរាប របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ជ័យលាភីខ្លែងសេរីផ្នែកឯកជន លេខ១បានទៅលើខ្លែង នាគរាជក្បាល៥ មកពីស្រុកកៀនស្វាយ ខេត្តកណ្ដាល លេខ២ខ្លែងសំពៅហង្សខេត្តកណ្ដាល និងលេខ៣ខ្លែង ឈ្មោះប្រយុទ្ធអន្តរជាតិ មកពីខេត្តសៀមរាប។ លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​សៀមរាប បានថ្លែងអំណរគុណ និងការកោតសរសើរ​គ្រប់​ភាគី​ចូល​រួម​ទាំង​អស់​ដែល​បាន​លះបង់​ពេលវេលាកម្លាំងកាយចិត្ត និងធនធានចូលរួមប្រកួតប្រកបដោយភាពសប្បាយរីករាយ ក្នុង​ការរៀបចំពិធីព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្មែរ និងខ្លែងសេរីលើកទី១ឆ្នាំ២០២៤ ខេត្តសៀមរាប ទាំងនេះគឺជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេង ក៏ដូច​ជាការ​ជួយ​សម្រាល​បន្ទុក​ដល់​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍បុណ្យខ្លែង ក៏ដូចជាប្រតិភូខ្លែងបានមួយកម្រិតថែមទៀត។ លោកអភិបាលរងខេត្តបានបន្តថា ការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរនាពេលនេះ គឺ​ផ្អែក​តាម​អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧប​នាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​សៀមរាប ក្នុងឱកាសដែលឯ​កឧត្តម​អញ្ជើ​ញ​ជាអ​ធិបតី​ក្នុងពិ​ធី​បើក​ព្រឹត្តិការណ៍​សៀមរា​ប​សង្ក្រាន្ត​ឆ្នាំ​២០២៤ កន្លងទៅ និងស្របតាមយុទ្ធនាការ “ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤” ដែ​ល​បាន​ដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាល ទី៧ នៃរដ្ឋសភា ដែលមាន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំមួយ រូបពោពេញ​ទៅ​ភាព​ប៉ិន​ប្រសប់ និងមានចក្ខុវិស័យវែងឆ្ងាយ។ លោក លី សារី ពិតណាស់ ការរៀបចំពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងឯកសេរី លើកទី១ ខេត្តសៀមរាប ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍វប្បធម៌ជាតិ ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត និងមានចរិកជាបេតិកភណ្ឌរបស់ជាតិមានតំលៃសម្រាប់ទ្រទ្រង់ព្រលឹង និងអត្តសញ្ញាណរបស់ជាតិ តាមរយៈការលើកកម្ពស់តំលៃវប្បធម៌សង្គមកម្ពុជា។ ឧត្តមភាព នៃវប្បធម៌ និងការផ្សព្វផ្សាយព្រឹត្តការណ៍នេះ នឹងបង្កើននូវភាពទាក់ទាញថ្មីថែមទៀតដល់ភ្ញៀវទេសជាតិ អន្តរជាតិចូលមកទស្សនាខេត្តសៀមរាប និងសិក្សាឈ្វេងយល់អំពីកម្ពុជាកាន់តែច្រើនទៀត ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ ។តាមការបញ្ជាក់របស់លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី មានភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា មានចំនួនប្រមាណជា២ម៉ឺននាក់ ៕

កម្ពុជា-ចិន ចាប់ផ្ដើមបើកជើងហោះហើរឡើងវិញពីទីក្រុងស៊ីអានមកកាន់ទីក្រុងភ្នំពេញ​

2024/12/30 11:47:43 am        141
ភ្នំពេញ៖ កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានភ្ញៀវទេសចរជិះតាមជើងហោះហើរចំនួន ១២២នាក់។ ក្នុងពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ នេះ ដោយមានការចូលរួម ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ទំនាក់ទំនង កម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន មានការកើនឡើង ដោយសារអ្នកធ្វើដំណើរ, ជើងហោះហើរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរ ។ អ្នកធ្វើដំណើរ តាមជើងហោះហើរ គឹតត្រឹមឆ្នាំ២០២៤ មានប្រមាណ៥.៦លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរ តាមជើងហោះហើរ មានការកើនឡើង លើស៧លាននាក់ នៅក្នុងមួយឆ្នាំ៕ 

ភ្ញៀវអន្តរជាតិ និងនាវិកជិត៣ពាន់នាក់ ធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ១គ្រឿង ចូលចតនៅក្រុងព្រះសីហនុ ខណៈភ្ញៀវខ្លះបន្តទៅលេងនៅសៀមរាប-អង្គរ

2024/12/27 03:05:40 pm        223
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្តរជាតិ និងនាវិក​ប្រមាណជិត ៣ពាន់នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ ខណៈភ្ញៀវទេសចរខ្លះ ក៏នឹងបន្តដំណើរទៅទស្សនា នៅខេត្តសៀមរាបផងដែរ។នាវាទេសចរណ៍ខ្នាតធំប្រចាំចុងឆ្នាំនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ២,០០៩ នាក់ មានដល់ទៅ៥០សញ្ជាតិ (ក្នុងនោះច្រើនជាងគេមានសញ្ជាតិអាមេរិក អូស្ត្រាលី កាណាដា) និងនាវិកចំនួន ៧៦៩នាក់ មានដល់ទៅ ៣៧សញ្ជាតិ សរុប ២,៧៧៨នាក់នាក់។បើតាមរបាយការណ៍ នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះមានឈ្មោះ NOOR DAM សញ្ជាតិ Netherlands (ហូឡង់) បានចេញពីប្រទេសថៃមកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសវៀតណាម៕

នាវា​ទេសចរណ៍បរទេស ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជាង ២.០០០នាក់ បានចូលសំចត​ធ្វើទស្សនកិច្ច​នៅកម្ពុជា

2024/12/19 11:25:42 am        257
នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ឱ្យដឹងថា នាវា​ទេសចរណ៍​បរទេសមួយគ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបជាង ២.០០០នាក់ បាន​ចូល​សំចត​នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដោយសុវត្ថិភាព ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២៤ ដើម្បីធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។លោកបន្តថា នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Aida Stella សញ្ញាតិ Italy ផ្ទុក​មនុស្ស​ចម្រុះ​ជាតិ​សាសន៍សរុបចំនួន ២.៧៥៧នាក់ ក្នុងនោះ មាននាវិកសរុបចំនួន ៦៣១នាក់ ជាតិ​សាសន៍​ដែល​ច្រើនជាងគេ គឺជនជាតិអល្លឺម៉ង់ ស្វីស និងជនជាតិអូទ្រីស។ នាវានេះ មាន​ប្រវែង​ជាង ២៥០ម៉ែត្រ ទទឹងជាង ៣០ម៉ែត្រ និងជម្រៅទឹកជាង ៧ម៉ែត្រ បានធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀត​ណាម ហើយនឹងបន្ដដំណើរទេសចរណ៍ទៅប្រទេសថៃបន្ដទៀត នៅយប់ថ្ងៃ ខែ ឆ្នាំដដែល។តាមការ​បញ្ជាក់​​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ព្រះសីហនុបានឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំមុន និង​ក្រោយពេលវិបត្ដិជំងឺកូវីដ១៩ ប្រទេសកម្ពុជា ពិសេសខេត្ដព្រះសីហនុ ទទួល​បាននាវា​ទេសចរណ៍​បរទេស ចូលសំចតធ្វើទស្សនកិច្ចជាបន្ដបន្ទាប់ ពីឆ្នាំ២០១៩-២០២៤ ចំនួន​សរុបជិត ៩០គ្រឿង និងភ្ញៀវទេសចរចំនួនសរុបជិត ១០ម៉ឺននាក់។ ឆ្នាំ២០១៩ មានចំនួន ៤៨នាវា និងមានភ្ញៀវសរុប ៦៥.៤៦២នាក់, ឆ្នំា២០២៣ មានចំនួន ១៨នាវា មានភ្ញៀវសរុប ១៤.៣៤០នាក់ កើនឡើង ១០០% និងឆ្នាំ២០២៤ មានចំនួន ២២នាវា កើនឡើង ៤នាវា មាន​ភ្ញៀវ​ស​រុប ១៨.២០៣នាក់ កើនឡើង ២៧%។ ភាគច្រើនជាភ្ញៀវជនជាតិអាមេរិក អឺរ៉ុប អូស្រ្តាលី និង​អាស៊ីមួយចំនួន ដែលទស្សនាកម្សាន្តក្នុងក្រុងព្រះសីហនុ ចូលចិត្តទៅតាមរមណីយដ្ឋានឆ្នេរ សហគមន៍នេសាទ វត្តទេសចរណ៍ក្រោម ផ្សារលើ និងសាលារៀនជាដើម។ ទន្ទឹមនេះ ក៏មានភ្ញៀវ​មួយ​ចំនួនទៅកម្សាន្តនៅភ្នំពេញ សៀមរាប កែប និងកំពតផងដែរ។

យុវជន សិស្ស សិល្បករ នឹងបង្ហាញស្នាដៃជំនាញវិជ្ជាជីវៈដូនតា ក្នុងមហោស្រពជាតិសិល្បៈ ស្តីពីគំនូរឌីជីថល

2024/12/18 03:49:20 pm        364
យុវជន សិស្ស សិល្បករ មកពីបណ្តារាជធានី ខេត្ត នឹងបង្ហាញស្នាដៃជំនាញវិជ្ជាជីវៈដូនតា ក្នុង​មហោ​ស្រព​ជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ «សម្រស់មាតុភូមិកម្ពុជា ក្នុងសម័យ​សន្តិភាព និងសម្ពោធពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» និងអបអរសាទ «ក្រមា» បានចុះក្នុងបញ្ជី​តំណាង​បេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈសេចកី្តសម្រេច 19.COM 7.b.27 នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គា។លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះថា នាថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០២៤ នៅសារមនី្ទរខ្លែងខ្មែរ រាជ​ធានី​ភ្នំពេញខាងមុខនេះ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សហការ​ជាមួយ​នាយកដ្ឋាន​សិល្បៈ​សូន​រូប និងសិល្បៈសិប្បកម្ម នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន​ការ​រៀបចំពិព័រណ៌ស្នាដៃសិប្បកម្មដូនតា និងមានលក្ខណៈពិសេស និងខុសពីបណ្តាឆ្នាំមុនៗ ក្នុងនោះផ្តោតលើសកម្មភាពសំខាន់ៗចំនួន៣ ដូចជា៖ ១.ស្នាដៃសិប្បកម្មដូនតា ដែល​មាន​ជំនាញ​ទូទៅ និងមានស្តង់ចំនួន៣០ សម្រាប់ដាក់តាំងបង្ហាញសិប្បកម្មប្រពៃណី តាមសហគមន៍​ដែល​មក​ពី​តាម​បណ្តារាជធានី ខេត្ត ក៏មានការបង្ហាញនូវម្ហូបអាហារខ្មែរ នំខ្មែរ។ ២.​សាល​ពិព័រណ៍​ថ្នាក់​បណ្តុះ​បណ្តាល​ជំនាញដូនតា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណតិ្តទី៧ ដែល​ផ្តល់​ឱកាសជូនយុវជន សិស្ស មកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ បានសិក្សា​ក្នុង​រយៈ​ពេល​១​ឆ្នាំកន្លងមកនេះ ឲ្យយកស្នាដៃជំនាញវិជ្ជាជីវៈដូនតា មកដាក់តាំងបង្ហាញផងដែរ។ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានបញ្ជាក់ថា មហោស្រពជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ «សម្រស់​មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព និងសម្ពោធពិព័រណ៌ស្នាដៃសិប្បកម្មដូនតា» ក្នុង​គោល​បំណងផ្សព្វផ្សាយអំពីសិប្បកម្មជំនាញដូនតា ស្ថិតក្នុងសហគមន៍សំខាន់ៗ ក្នុងព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជាពិសេសក្នុងពិព័រណ៌ខាងលើនេះ ក៏មានអ្នកជំនាញ រងចាំពន្យល់បន្ថែម​អំពី​សិប្បកម្ម​ដូនតា ជូនដល់យុវជន សិស្ស និសិ្សត បងប្អូនប្រជាពលរដ្ឋ តាមការសិក្សាស្រាវជ្រាវ តាម​បែប​នរ​វិទ្យាទាក់ទងនឹងប្រវតិ្តរបស់សិប្បកម្មដូនតានីមួយៗ ជាពិសេសអបអរសាទរ «ក្រមា» ជា​អត្ត​សញ្ញាណ​វប្បធម៌ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ​របស់​អង្គការ​យូ​ណេស្កូ​ តាមរយៈសេចកី្តសម្រេច 19.COM 7.b.27 នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង​អាសង់​ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គា តាំងបង្ហាញអំពីសាវតារក្រមា ប្រភេទក្រមាតាមសហគមន៍ និងឈ្មោះ​ហៅ​ផ្សេង​ៗ​ទៀតដូចជា៖ កន្សែង ឆ្នូត សំពត់ដណ្តប់ និងផាហ៊ុមជាដើម៕ អត្ថបទ រដ្ឋា

ក្រសួងទេសចរណ៍បង្ហាញផែនការយុទ្ធសាស្ត្រ៥ ទាក់ទាញទេសចរមូស្លីមអន្តរជាតិមក​ទស្សនាកម្ពុជា

2024/12/18 01:16:07 pm        162
នៅថ្ងៃទី១៨ ខែធ្នូនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកវេទិកា​ទេសចរណ៍​មូស្លីមកម្ពុជា ឆ្នាំ២០២៤ រយៈពេល១ថ្ងៃនៅសណ្ឋាគារភ្នំពេញ។ ក្នុងវេទិកានេះ រដ្ឋមន្ត្រី​ទេសចរណ៍ បានប្រកាសសហការជាមួយ ភាគីប្រទេសដៃគូ និងវិស័យឯកជន អនុវត្ត​ផែនការ​យុទ្ធសាស្ត្រចំនួន៥ ដើម្បីរួមគ្នាជំរុញទាក់ទាញទេសចរមូស្លីមជាតិ និងអន្តរជាតិ​ទស្សនា​កម្ពុជា​នៅគ្រប់រដូវកាលទាំងអស់។ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា នៅក្នុងផែនការយុទ្ធសាស្ត្រទាំង៥ ដែលត្រូវអនុវត្ត​ជំរុញ​ការ​ទាក់ទាញ ទេសចរមូស្លីមជាតិអន្តរជាតិ ដើរកម្សាន្តទស្សនាកម្ពុជានោះ រួមមាន៖ ទី១. ពង្រឹង​ពង្រីក​គុណភាពផលិតផល និងសេវា កម្មទេសចរណ៍មូស្លីម ២. អភិវឌ្ឍហេត្ថារចនាសម្ព័ន្ធ​សម្រួល​ការ​ធ្វើដំណើរ និងការតភ្ជាប់ទេសចរណ៍មូស្លីម ៣. បង្កើន ការផ្សព្វផ្សាយទេសចរណ៍​កម្ពុជា​ទៅកាន់ទីផ្សារទេសចរណ៍មូស្លីមអន្តរជាតិ ៤. ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជា មួយ​គ្រប់​ភាគី​ពាក់ព័ន្ធទាំងអស់ និងទី៥. អភិវឌ្ឍធនធានមនុស្ស និងបញ្ជ្រាបការយល់ដឹង​ទេសចរណ៍​មូស្លីម​​ដល់​​វិស័យ​ឯកជន និងភាគីពាក់ព័ន្ធនានា។ដើម្បីសម្រេចគោលដៅការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ក៏បាន​ស្នើគ្រប់​វិស័យ​ឯកជន និងគ្រប់ភាគីពាក់ព័ន្ធនានា រៀបចំកម្មវិធី​ជំនួបផ្លាស់​ប្តូរ​អាជីវកម្ម​ទេសចរណ៍​រវាងប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ឥស្លាម និងត្រូវរៀបចំហាង​ម្ហូប​អាហារ​ហាឡាល់ កន្លែងថ្វាយបង្គំ និងរៀបចំសេវាកម្មនានាទៀត ដែល​បម្រើ​ឲ្យ​សេចក្តី​តម្រូវការ​ទេសចរ​មូស្លីម​ឲ្យ​បានច្រើន។របាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា កម្ពុជា នៅក្នុងឆ្នាំ២០២៣ ទទួល​បាន​ទេសចរ​អន្តរជាតិ​​ប្រមាណ ៥លាន ៤៥ម៉ឺននាក់ ក្នុងនោះទេសចរមូស្លីមអន្តរជាតិ មានប្រមាណ៣៦​ម៉ឺននាក់​។ ដោយឡែក​ក្នុង​រយៈពេល​ ១១ខែ ឆ្នាំ២០២៤នេះវិញ កម្ពុជាទទួលបាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៦លាននាក់ ក្នុងនោះមានទេសចរមូស្លីម​អន្តរជាតិ មានប្រមាណជាង​៤០​ម៉ឺន​នាក់ កើន២៣% បើប្រៀបធៀបរយៈពេលដូចឆ្នាំ២០២៣។ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បង្ហាញក្តីរំពឹងថា នៅក្នុងដំណាច់ឆ្នាំ២០២៤ កម្ពុជា នឹង​ទទួល​បាន​ទេសចរ​​អន្តរជាតិ​មកទស្សនាកើនរហូតដល់៦លាន៧សែននាក់ ក្នុងនោះទេសចរមូស្លីមអន្តរជាតិ មាន​ប្រមាណ៤៣ម៉ឺននាក់ កើន​លើសការរំពឹងទុក៕ អត្ថបទ៖ ស៊ុម សុខជា 

ភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជាបន្តមានកំណើនតាមផែនការគ្រោងទុក

2024/12/16 03:16:27 pm        223
ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសនានា មកទស្សនាកម្ពុជា តាមផែនការដែលគេបានគ្រោងទុក ជាពិសេសការមកទស្សនានៅក្នុងអំឡុងខែធ្នូ ចុងឆ្នាំនេះ ដែលក្រសួងទេសចរណ៍ បានរំពឹងទុកថា កម្ពុជា នឹងទទួល បានកំណើនទេសចរអន្តរជាតិរហូត៦លាន៧សែននាក់ លើសឆ្នាំ២០១៩ ពេលមិនទាន់មានវិបត្តិកូវីដ-១៩ ។ភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេសបារាំង និងឥណ្ឌា ជាដើម បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ ខែធ្នូនេះថា ជារួមមុននឹងភ្ញៀវទាំងអស់គ្នាមកទស្សនាកម្ពុជា គឺបានគេបានរៀបចំផែនការកក់កញ្ចប់ទេសចរណ៍ និងកក់សណ្ឋាគារស្នាក់នៅមុនជាដើម ប្រមាណជា៦ខែ ទៅមួយឆ្នាំមុន ដោយសារភ្ញៀវមើលឃើញពីកត្តាសុខសន្តិភាព ចង់ទស្សនាប្រាសាទអង្គរ និងចង់មើលចង់ពីទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ទេសភាពធម្មជាតិប្លែកពីកម្ពុជា។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនំាពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦លាននាក់ កើន២២ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងមានកំណើនកើនលើសបន្តិច បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ពេលមិនទាន់មានវិបត្តិកូវីដ-១៩ ។របាយការណ៍ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់ដែលបានធ្វើដំណើរមកទស្សនាកម្ពុជា ក្នុងនោះភ្ញៀវធ្វើដំណើរចូលតាមច្រកផ្លូវគោកមានប្រមាណជិត៣លាន៨សែននាក់ ធ្វើដំណើរតាមផ្លូវអាកាសមានជាង ២លាននាក់ និងធ្វើដំណើរតាមច្រកផ្លូវទឹកប្រមាណ៧ម៉ឺននាក់។ឯកឧត្តម តុប សុភ័ក បន្តថា ជារួមភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាគឺបានត្រឡប់មករកភាពដូចដើមវិញហើយ ហើយក្រសួងក៏រំពឹងថា កម្ពុជា នៅដំណាច់ឆ្នំា២០២៤នេះ នឹងទទួលបានទេសចរអន្តរជាតិមកទស្សនាសរុបបានប្រមាណ៦លាន៧សែននាក់ ពោលគឺកើនលើសបនិ្តចបើធៀបនឹងឆ្នាំ២០១៩ពេលគ្មានកូវីដ១៩។ឯកឧត្តម បន្តថា បច្ចុប្បន្នកម្ពុជា ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធបាននិងកំពុងបង្កើនសកម្មភាពផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជានៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសបំណងទាក់ទាញទេសចរអន្តរជាតិឲ្យកាន់តែច្រើនថែមទៀតមកទស្សនាកម្ពុជា នៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត៕ អត្ថបទ ស៊ុម សុខជា  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ជូនបងប្អូនពលករត្រលប់ទៅស្រុកកំណើតវិញ
06/14/2025 09:06 PM
ក្រសួងការងារ៖ សូមកុំបារម្ភ ឱកាសការងារនៅកម្ពុជារាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនខ្មែរមកពីថៃ
06/14/2025 08:06 PM
ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ នឹងប្រារព្ធទូទាំងប្រទេសនៅថ្ងៃស្អែកនេះ
06/14/2025 08:06 PM
អាជ្ញាធររាជធានីភ្នំពេញត្រៀមរថយន្តក្រុងជាង ៤០០គ្រឿងរួចរាល់ហើយ រង់ចាំបទបញ្ជារាជរដ្ឋាភិបាលនឹងចេញដំណើរទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃទៅកាន់ស្រុកកំណើត
06/14/2025 06:06 PM
ឯកឧត្តម ឡាំ ជា៖កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃថ្ងៃនេះប្រព្រឹត្តទៅដោយរលូន
06/14/2025 06:06 PM
សម្តេចប៉ាប Leo អំពាវនាវឲ្យមាន«ហេតុផលត្រឹមត្រូវ» ចំពេលមានការវាយប្រហារតាមអាកាសរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់
06/14/2025 05:06 PM
ប្រមុខអង្គការសហប្រជាជាតិ ជំរុញឲ្យមានការអត់ធ្មត់ជាអតិបរមា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់
06/14/2025 05:06 PM
កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ JBC ថ្ងៃនេះបានបញ្ចប់ ខណៈនឹងបន្តកិច្ចប្រជុំនៅព្រឹកស្អែក
06/14/2025 05:06 PM
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពនៅថ្មដាព្រំដែនកម្ពុជា-ថៃ និងត្រៀមកម្លាំង​ជួយអន្តរាគមន៍​ជម្លៀសប្រជាពលរដ្ឋក្នុងករណីចាំបាច់
06/14/2025 05:06 PM
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត នឹងរៀបចំពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥
06/14/2025 05:06 PM