ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ១ខ្សែ​ជូន​ប្រជា​ពលរដ្ឋ​ឃុំ​ស្វាយ​លួង ​ស្រុកកណ្តៀង
អ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
អ្នកនយោបាយមានសុទិដ្ឋិនិយមថាបេសកកម្មការទូតរបស់សម្តេចធិបតីនឹងមានប្រយោជន៍ចំពោះបញ្ហាព្រំដែន
ក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​ទំនប់អាងទឹក​វិទ្យាស្ថាន​ពហុ​ជំនាញ​យោធាតេជោសែន​ក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ី រិះគន់ខ្លាំងៗកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែនថា ជាវេទិកាគ្មានន័យ និងគ្មានតម្លៃ

2024/06/12 02:49:14 pm        122
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានរិះគន់ខ្លាំងៗថា ជាវេទិកាគ្មានន័យ និងគ្មានតម្លៃចំពោះសន្និសីទអន្តរជាតិនៅពេលខាងមុខនេះ ជាផែនការសន្តិភាព ត្រូវបានស្នើឡើងដោយប្រទេសអ៊ុយក្រែន ដែលនឹងត្រូវពិភាក្សា។ទីក្រុងមូស្គូ នឹងមិនចូលរួមក្នុងកិច្ចប្រជុំនេះទេ។ លោក Lavrov បាននិយាយដូច្នេះ កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ប្រទេស ប្រ៊ីក(BRICS) រយៈពេលពីរថ្ងៃ ដែលកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីក្រុង នីស្នី ណូវហ្គូរ៉ូដ(Nizhny Novgorod) ភាគខាងលិច ប្រទេសរុស្ស៊ី។ក្រុមប្រទេស BRICS រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង និងប្រទេសកំពុងរីកចម្រើនផ្សេងទៀត។ ប្រទេសអ៊ីរ៉ង់ អារ៉ាប់រួម និងប្រទេសផ្សេងទៀត បានចូលរួមជាមួយក្រុមនេះ នៅឆ្នាំនេះ។ លោក Lavrov បាននិយាយថា ចំនួនប្រទេសដែលចាប់អារម្មណ៍ក្នុងការធ្វើការជាមួយប្រទេស BRICS កំពុងតែកើនឡើងជាលំដាប់ ហើយមានតួលេខខិតជិតដល់ចំនួន៣០ប្រទេស។លោក រដ្ឋមន្ត្រីការបរទេស បានរិះគន់ខ្លាំងៗចំពោះកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែនដែលនឹងប្រព្រឹត្តទៅនៅប្រទេសស្វីស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខាងមុខនេះ។ការលើកឡើងរបស់លោក Lavrov ធ្វើឡើងខណៈប្រទេសលោកខាងលិច កំពុងជំរុញការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន។ ក្រុមប្រទេសG7 ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហាគាំទ្រអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសអ៊ីតាលី ដែលកិច្ចប្រជុំនេះ នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍។

សម្តេចធិបតី៖ ការអនុវត្តវិធានការគន្លឹះកែទម្រង់រដ្ឋបាលសាធារណៈជាមូលដ្ឋានដ៏ចាំបាច់ កសាងប្រព័ន្ធរដ្ឋបាលសាធារណៈប្រកបដោយសមិទ្ធកម្ម និងភាពធន់

2024/06/12 02:18:59 pm        107
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មា​ន​ប្រសាសន៍​បញ្ជាក់ថា ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ គឺជា​មូលដ្ឋាន​ដ៏​ចាំបាច់បំផុត​ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈ​មួយដែល​ប្រកប​ដោយ​សមិទ្ធកម្ម មានជវភាព និងមានភាពធន់។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់​គណៈកម្មាធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះ ក្នុងការកែ​ទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជ​រដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅវិមាន​សន្ដិភាព​។មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសម្តេចធិបតី បានសង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​វិធានការ​គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការ​កសាង​នូវ​ប្រព័ន្ធ​រដ្ឋបាលសាធារណៈ មួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការ​អនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែល​ត្រូវ​បានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា​ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកប​ដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយ ប្រសិទ្ធ​ភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System) ។ជា​កិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​អនុ​ប្រធាន​ប្រចាំការ នៃគណៈកម្មាធិការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធាន​ការ​គន្លឹះ​ក្នុង​ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ (គ.វ.រ.) បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការរៀបចំ និងការ​ដាក់​ឱ្យ​អនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយផ្តោតលើ៖ (១) ការដាក់ ឱ្យអនុវត្ត​ប្រព័ន្ធ​ជ្រើស​រើស​មន្ត្រី​ចូល​បម្រើ​ការងារ​ប្រកប​ដោយ​គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព, (២) ការពង្រឹងសមត្ថភាព និង​សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធ​ភាព និងស័ក្តិសិទ្ធិភាព និង (៣)​ការដាក់ឱ្យអនុវត្តប្រព័ន្ធ​លើកទឹក​ចិត្ត​គាំទ្រ​សមិទ្ធ​កម្ម​ក្នុង​រដ្ឋបាល​សាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។បន្ទាប់​ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ហ៊ុន ម៉ានី សម្តេចធិបតី បានសម្តែង​ការ​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងរយៈពេល ៩ខែមកនេះ និង​បានគូសបញ្ជាក់ លើចំណុចសំខាន់ៗដូចខាងក្រោម៖ (១) ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូលបម្រើ ត្រូវអនុវត្តបន្ត តាមអភិក្រម «រើសឱ្យចំ ប្រើឱ្យត្រូវ រក្សាឱ្យនៅ» (២) ការពង្រឹង​សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ត្រូវបន្ត យកចិត្តទុកដាក់ខ្ពស់ និងធ្វើឱ្យបាន​សម្រេច​លើ​ការងារ​នេះឱ្យបានតាមគោលដៅ គឺ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ និង (៣) ក្រសួង​មុខងារសាធារណៈត្រូវជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តប្រព័ន្ធ លើកទឹក​ចិត្តគាំទ្រ​សមិទ្ធ​កម្ម​នេះ​ឱ្យបានសមស្រប និងទាន់ពេល។នៅក្នុងកិច្ចប្រជុំនេះ​ដែរ​សម្តេចធិបតីក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល​សាធារណៈ​រប​ស់រា​ជ​រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។ សម្តេចធិបតី ក៏បានផ្តល់​អនុសាសន៍​បន្ថែម​មួយ​ចំនួន​សម្រាប់​ជា​ទិសដៅ ការងារដែលត្រូវអនុវត្តបន្តរបស់ គ.វ.រ. ដូចខាងក្រោម៖ (១) ក្រសួងមុខងារ​សាធារណៈ ក្នុងនាមជាលេខាធិការដ្ឋានរបស់ គ.វ.រ. ត្រូវបន្តដឹកនាំ និងសម្របសម្រួល ការងារ​អនុវត្ត​ផែនការសកម្មភាពវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការ​ចូលរួម សហការ និងគាំទ្រពីគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។(២) ត្រូវបន្តរៀបចំការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​រាជការ​សម្រាប់​ផែនការ​ក្រប​ខណ្ឌ​ដែល​បាន​អនុម័ត​ក្នុងឆ្នាំ២០២៣ និង ផ្អែកលើគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ដោយត្រូវរៀប​ចំ​ឱ្យ​មាន​ផែនការប្រឡង ប្រជែងជ្រើសរើស និងអនុវត្តទៅតាមនិយាម​នីតិវិធី​ប្រតិបត្តិ​សម្រាប់​ការ​ប្រឡង​ប្រជែង​ជ្រើសរើសមន្ត្រីរាជការ ស៊ីវិល ដែលរាជរដ្ឋាភិបាល​បាន​អនុម័ត​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៤​កន្លងមក។(៣) ត្រូវជំរុញក្នុងការរៀបចំក្របខណ្ឌគតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រងមន្ត្រីប​ច្ចេក​ទេស​សុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀង) ឱ្យបានរួចរាល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការជ្រើសរើស នាពេលខាងមុខ ហើយក៏ជាមូលដ្ឋាន​សម្រាប់​ការ​គិត​គូ​រៀប​ចំ​ក្រប​ខណ្ឌ​គតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រង មន្ត្រីបច្ចេកទេសក្នុងវិស័យ អប់រំ និងក្នុង​វិស័យ​គន្លឹះ​ដទៃ​ផ្សេងទៀត។(៤) ត្រូវបន្តកិច្ចការពិនិត្យឡើងវិញ, ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ក៏ដូច​ជា​ការធ្វើ បច្ចុប្បន្នភាពទិន្នន័យមន្ត្រីក្រសួង-ស្ថាប័ន និងមន្ត្រីថ្នាក់មូលដ្ឋានសម្រាប់វិស័យ អប់រំ និង​វិស័យសុខាភិបាល ដោយឈរលើអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យបានស្អាត ដោយ​ក្នុង​នោះត្រូវ៖ - មានការកំណត់មុខងារឱ្យបានច្បាស់លាស់នៅក្នុងកម្រិតក្រសួង និង​អង្គភាព​របស់​ក្រសួង។ការរៀបចំ​រចនាសម្ព័ន្ធរបស់អង្គភាព ត្រូវគិតគូរដល់ការគាំទ្រការអនុវត្តមុខងារ ដែល​អាច​ធានា​បាន​នូវ ប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នា​នៅ​ក្នុង​ដំណើរ​ការ​ក្នុង​ក្រប​ខណ្ឌ​ការងារ​របស់​ក្រសួង​នីមួយៗ សំដៅឆ្ពោះទៅគាំទ្រក្របខណ្ឌរដ្ឋាភិបាលទាំងមូល ដោយភាព​ប្រទាក់​ក្រឡា​គ្នា​នេះ​អាច​ធានាបាននូវផលវិជ្ជមាន ប្រសើរជាងមុន និងផ្តល់ផលប្រយោជន៍ជារួមជូនដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលនិងប្រើប្រាស់សេវាសាធារណៈ​ការប្រើប្រាស់ធនធានមនុស្ស ត្រូវអនុវត្តទៅតាមរចនាសម្ព័ន្ធដែលបានកំណត់ ដែលក្នុងនោះ​ត្រូវ​កំណត់ក្របខណ្ឌមុខតំណែងឱ្យបានច្បាស់លាស់ ដើម្បីមានមូលដ្ឋាន​ក្នុង​ការភ្ជាប់​ការ​អនុវត្ត​ជាមួយ​មុខ​ងារ​របស់ អង្គភាព ដែលកិច្ចការនេះនឹង​ផ្តល់​ជា​មូលដ្ឋាន​​ឈាន​ទៅ​បន្តការ​ពិនិត្យ​មើល​ស្ថានភាព​លើស ឬ ខ្វះមន្ត្រី ការរៀបចំ ផែនការជ្រើសរើស ការរៀបចំផែនការពង្រាយមន្ត្រី ការ​រៀប​ចំ​​ផែនការបណ្តុះបណ្តាល ព្រមទាំងជាមូលដ្ឋាន គិតគូរអំពី​លទ្ធភាព​រៀបចំ​ផែនការ​ចូលនិ​វត្តន៍​មុន​កាល​កំណត់ផងដែរ។ជាចុងក្រោយ សម្តេចធិបតី បានស្នើ និងលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ បន្តខិតខំអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម ព្រមទាំង​ពង្រឹង​នូវ​កិច្ច​សហ​ប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើររវាងគ្នាទៅវិញទៅមក ក្រោមអភិក្រម “ជវភាពនៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​”៕

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្តអំពាវនាវជនរួមជាតិ​រួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ និងកម្ចាត់មនោគមខ្មៅកខ្វក់ជ្រុលនិយមចេញពីកម្ពុជា

2024/06/12 01:45:12 pm        210
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងពលរដ្ឋនៅសេច្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី១២ ខែមិថុនានេះ បន្តអំពាវនាវដល់ជនរួមជាតិ បន្តរួមកម្លាំងគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ពិសេសរួម​គ្នាកម្ចាត់​មនោគមខ្មៅកខ្វក់ដែលបង្កើតឡើងដោយក្រុមជ្រុលនិយម និងអង្គការសមាគម រណបបរទេស។លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និង​បណ្តុំ​អង្គ​ការ​សមាគមសង្គមស៊ីវិល បានឱ្យដឹងថា អស់រយៈកាលកន្លងមកនេះទាំងក្រុមយុវជន ទាំង​ក្រុម​អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើយុទ្ធនាការ​ជា​ច្រើន​ស្តីពី​៖​«យើង​រួមគ្នា​លុប​កម្លាំង​មនោគមវិជ្ជា​ខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យចេញផុតពីកម្ពុជា និងអំពាវនាវ​ដល់​មហាជន​កុំ​ចាញ់កល និងគាំទ្រ សកម្មភាពណាមួយរបស់ក្រុមជ្រុលនិយមនៅក្រៅស្រុក។ លោកបន្តថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក តែងតែ​ផ្សព្វផ្សាយ​នូវ​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់​របស់​ពួក​គេតារមយៈព័ន្ធផ្សព្វផ្សាយបរទេស ក្នុងនោះទណ្ឌិតភៀសខ្លួនក្រៅប្រទេស តែងតែធ្វើ​ការ​ឃោសនា និយាយវាយប្រហារជាន់ពន្លិចរាជរដ្ឋាភិបាលជាប្រចាំ ដោយមិនគិត​ពី​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍសង្គមជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាម្ដងណាឡើយ។ ចំណែក ក្រុមអង្គការសមាគមជ្រុលនិយមរណបម្ចាស់ជំនួយបរទេស ក៏ដូចគ្នា ពួកគេគ្មាន​ភក្តី​ភាព​ចំពោះ​សង្គមជាតិ ឬមនសិការស្នេហាជាតិកម្ពុជាសោះឡើយ។ ពួកគេក្រៅតែពី​ការ​រិះរក​វិធី​សាស្រ្ត​ជាន់​ពន្លិច​សមិទ្ធផលរាជរដ្ឋាភិបាលដែលកំពុងខិតខំអភិឌ្ឍនាពេលសព្វថ្ងៃនេះ។ លោក ហេង សំណាង បន្តថា ជាការពិតណាស់ សូម្បីតែវិទ្យុបរទេស​ខេមរភាសា​មួយ​ចំនួ​ន​ដែល​ទទួល​ជំនួយ​ពី​បរទេស ពួកគេក៏ជាដើមចម ជាអ្នកចាក់ឆ្គឹះឆ្កៀលនៅ​ពី​ក្រោយ​បន្ថែម​ទៀត​លើ​ការ​ផ្សព្វ​ផ្សាយ​មនោគមវិជ្ជាខ្មៅកខ្វក់នេះ ក្នុងគោលបំណងធ្វើយ៉ាងណា បន្ទោសបង្អាប់មក​កាន់​រាជ​រដ្ឋាភិបាល តាមរយៈការបង្ហាញរូបភាពប្រឌិត ក្រឡៃការពិត ញុះញង់ឱ្យប្រជាជន​ខ្មែរ​ស្អប់​គ្នា​ទៅ​វិញ​។ លោកចោទសួរថា តើពួកគេធ្វើបែបនេះដើម្បីប្រជាជនខ្មែរ ឬចង់បំផ្លាញ់ជាតិខ្លួនឯង?។ មេដឹងនាំយុវជនសង្គមស៊ីវិលរូបនេះបានបញ្ជាក់ថា ក្នុងនាមជាយុវជនជំនាន់ក្រោយ និងជាកូនខ្មែរ លោក​រួមនឹងសមាជិក សមាជិកា និងពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធគ្រប់មជ្ឈដ្ឋាន និងប្រើសិទ្ធ​តាម​គ្រប់​រូបភាព​វាយបក ចំពោះក្រុមប្រឆាំងជ្រុលនិយមទាំងនោះដោយមិនលើកលែងឡើយ៕

តុលាការប្រទេសថៃ នឹងជំនុំជម្រះលើសំណុំរឿងរំសាយបក្សប្រឆាំង Move Forward

2024/06/12 11:38:40 am        108
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ (១២ មិថុនា) នេះ គ្រោងនឹងធ្វើការជំនុំជម្រះលើសំណុំរឿងដែលស្វះស្វែងរកការរំសាយគណបក្សប្រឆាំង បោះជំហានទៅមុខ (MFP) ដែលជាបក្សឈ្នះការបោះឆ្នោតសកលកាលពីឆ្នាំមុន ជុំវិញការសន្យាក្នុងយុទ្ធនាការដ៏សំខាន់មួយ។សវនាការនេះគឺជាផ្នែកមួយនៃសំណុំរឿងតុលាការដ៏រសើបចំនួនបី ដែលបានបង្កើនភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍។ តុលាការ ដែលគេរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះ មិនបានកំណត់ថ្ងៃប្រកាសសាលក្រមលើសំណុំរឿងដែលពាក់ព័ន្ធនឹងការរំសាយបក្ស បោះជំហានទៅមុខ MFP នេះទេ។កាលពីខែមេសា តុលាការបានយល់ព្រមបើកសវនាការលើសំណុំរឿងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលស្វះស្វែងរកការរំលាយបក្ស MFP និងដាក់បម្រាមនយោបាយរយៈពេល ១០ ឆ្នាំលើបណ្ដាថ្នាក់ដឹកនាំរបស់គណបក្ស ដោយសារយុទ្ធនាការកំណែទម្រង់លើច្បាប់ប្រមាថព្រះមហាក្សត្រ ឬច្បាប់ប្រមាថព្រះចេស្ដា របស់ប្រទេស។ច្បាប់ ដែលការពាររបបរាជានិយមពីការប្រមាថ និងការបរិហារកេរ្តិ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំសម្រាប់បទល្មើសនីមួយៗតាមជាក់ស្ដែង។ យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុនបានឱ្យដឹង នៅក្នុងឯកសារសំណើការពារក្តីរបស់ខ្លួន បក្សបោះជំហានទៅមុខ បាននិយាយថា ពាក្យបណ្តឹងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត គឺមិនស្របច្បាប់ទេ ហើយបានជំទាស់នឹងយុត្តាធិការរបស់តុលាការធម្មនុញ្ញលើបញ្ហានេះផងដែរ៕

UN៖ អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ប្រហែលជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ក្នុងការវាយឆ្មក់មួយ

2024/06/12 11:17:38 am        124
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កំពុងលើកឡើងពីលទ្ធភាពឧក្រិដ្ឋកម្មសង្រ្គាមដោយកងកម្លាំងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនពាក់ព័ន្ធនឹងការវាយឆ្មក់ដ៏សាហាវរបស់កងកម្លាំង អ៊ីស្រាអែល ដែលបានដោះលែងចំណាប់ថ្នូរ ៤នាក់ កាលពីចុងសប្តាហ៍ និងបានសម្លាប់ប្រជាជនប៉ាឡេ ស្ទីនរាប់រយនាក់។អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស លោក Jeremy Laurence បានសម្តែងការព្រួយបារម្ភអំពីការរំលោភលើច្បាប់នៃភាពស្មើគ្នា ភាពខុសគ្នា និងសន្តិសុខ ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងការវាយឆ្មក់ កាលពីថ្ងៃសៅរ៍ នៅឯជំរំជនភៀសខ្លួនNuseirat។មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៧៤នាក់ រួមទាំងស្ត្រី និងកុមារជាច្រើននាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការនេះ។លោក Laurence បាននិយាយថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនដែលកំពុងឃុំខ្លួនចំណាប់ថ្នូរ នៅក្នុងតំបន់ដែលមានប្រជាជនច្រើន កំពុងធ្វើឲ្យជីវិតរបស់ជនស៊ីវិល នៅក្បែរនោះ និងចំណាប់ថ្នូរប្រឈមនឹង«ហានិភ័យបន្ថែម»ពីអរិភាពនេះ។លោកបានប្រាប់សន្និសីទរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវថា៖«សកម្មភាពទាំងអស់នេះរបស់ភាគីទាំងពីរ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម»។

ជប៉ុន ពិចារណាទណ្ឌកម្មលើក្រុមហ៊ុនក្នុងប្រទេសចិន ដែលជួយដល់ការប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្ស៊ី

2024/06/12 11:03:52 am        130
ប្រភពព័ត៌មានស្និទ្ធទៅនឹងរដ្ឋាភិបាលប្រទេសជប៉ុននិយាយថា ទីក្រុងតូក្យូ កំពុងពិចារណាការដាក់ទណ្ឌកម្មថ្មីលើអង្គភាពទាំងឡាយណាដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការផ្តល់សម្ភារៈដល់ប្រទេសរុស្ស៊ី ដែលអាចបំប្លែងទៅជាការប្រើប្រាស់សម្រាប់ផ្នែកយោធា។ ពួកគេនិយាយថា ទណ្ឌកម្មអាចរួមមាន បម្រាមលើការនាំចេញពីប្រទេសជប៉ុន ទៅកាន់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសទីបី រួមទាំងនៅក្នុងប្រទេសចិន។ផែនការនេះ គឺសំដៅបង្កើនសម្ពាធលើសកម្មភាពនានាដែលជួយដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។ សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភកាលពីដើមឆ្នាំនេះ អំពីការនាំចេញរបស់ប្រទេសចិន ទៅកាន់ប្រទេសរុស្ស៊ី នូវសារធាតុនីដ្រូស៊ែលលុយឡូស(nitrocellulose) ជាសម្ភារៈប្រើប្រាស់បានពីរផ្នែក ដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការផលិតគ្រាប់រំសេវ។នៅពេលដែលគោលនយោបាយដាក់ទណ្ឌកម្ម ត្រូវបានអនុវត្ត នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នឹងបង្ហាញដល់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ផ្សេងទៀត ឬ ប្រទេស G7 នៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសអ៊ីតាលី។ កិច្ចប្រជុំនេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍។ការដាក់ទណ្ឌកម្មរបស់ប្រទេសជប៉ុន លើក្រុមហ៊ុននៅក្នុងប្រទេសចិន នឹងក្លាយជាលើកដំបូងដែលទាក់ទងទៅនឹងការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន។ក្រុមអ្នកសង្កេតការណ៍ បាននិយាយថាចំណាត់ការនេះ នឹងជំរុញឱ្យប្រទេសចិន ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ សម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក។

UN ដាក់អ៊ីស្រាអែល ក្រុមហាម៉ាស និងគូជម្លោះស៊ូដង់ ចូលក្នុងបញ្ជីសម្លាប់ និងរំលោភបំពានលើកុមារ

2024/06/12 10:56:47 am        132
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) កាលពីថ្ងៃអង្គារ (១១ មិថុនា) បានបញ្ចេញឈ្មោះកងកម្លាំងប្រដាប់អាវុធ និងសន្តិសុខរបស់អ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងក្រុមជីហាតអ៊ីស្លាម ព្រមទាំងភាគីជម្លោះនៅក្នុងសង្រ្គាមស៊ូដង់ សម្រាប់ការសម្លាប់ និងបង្ករបួសលើកុមារក្នុងឆ្នាំ២០២៣ ដោយដាក់ពួកគេទៅក្នុងបញ្ជីពិរុទ្ធភាពសកលប្រចាំឆ្នាំសម្រាប់ការរំលោភបំពានដោយហិង្សាប្រឆាំងនឹងកុមារ។នៅក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ លោក ហ្គុយតឺរ៉េស ក៏បានរិះគន់ដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែល និងស៊ូដង់ ដែលបានវាយប្រហារសាលារៀន និងមន្ទីរពេទ្យ ព្រមទាំងក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមសម្រាប់ការចាប់ពង្រត់កុមារ។បញ្ជីរាយនាមដែលភ្ជាប់ជាមួយរបាយការណ៍នេះ មានគោលបំណងធ្វើឱ្យភាគីជម្លោះទាំងឡាយមានភាពខ្មាស់អៀនក្នុងក្តីសង្ឃឹមថានឹងជំរុញឱ្យពួកគេអនុវត្តវិធានការការពារកុមារ។ បញ្ជីនេះរាយការណ៍តែអំពីការរំលោភបំពានដែលត្រូវបានផ្ទៀងផ្ទាត់ដោយអង្គការសហប្រជាជាតិប៉ុណ្ណោះ។ប្រេសិតអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល លោក ហ្គីឡាដ អឺដាន (Gilad Erdan) បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា លោកត្រូវបានគេជូនដំណឹងថាយោធារបស់អ៊ីស្រាអែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីនោះ ដោយពណ៌នាការសម្រេចនេះថា «ជារឿងដ៏គួរឱ្យអាម៉ាស់»៕

អ៊ុយក្រែន សង្ឃឹមថា រុស្ស៊ីនឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន លើកទីពីរ

2024/06/12 10:23:59 am        139
នៅមុនកិច្ចប្រជុំកំពូលលើកដំបូងស្តីពីសន្តិភាពនៅអ៊ុយក្រែន ទីក្រុងគីវ បាននិយាយកាលពីថ្ងៃអង្គារ ថា ខ្លួនចង់ឱ្យរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទីពីរ ដើម្បីទទួលបានផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀងជាអន្តរជាតិ ឈានទៅរកការបញ្ចប់ជម្លោះ។ ទីក្រុងមូស្គូ និយាយថា ខ្លួនគ្មានចំណាប់អារម្មណ៍ក្នុងការចូលរួមកិច្ចប្រជុំនៅចុងសប្តាហ៍នេះទេ។ ដូច្នេះ ពុំត្រូវបានអញ្ជើញដោយប្រទេសស្វីស ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនោះទេ ខណៈអ៊ុយក្រែន ចង់ទទួលបានលទ្ធផលជាក់ស្តែងមួយចំនួន ពីកិច្ចប្រជុំដើម្បីឈានទៅដល់កិច្ចប្រជុំកំពូលលើកទីពីរ។លោក អាន់ឌ្រី យឺម៉ាក(Andriy Yermak) ប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា មាន «បទពិសោធន៍មិនល្អ» នៃទម្រង់ការចរចា កាលពីពេលមុនដែលពាក់ព័ន្ធជាមួយទីក្រុងមូស្គូ មុនពេលការវាយលុកពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។លោក Yermak បាននិយាយទៅកាន់អង្គភាពប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប តាមរយៈបណ្តាញវីដេអូ ពីទីក្រុងប៊ែរឡាំង ថា សម្រាប់កិច្ចប្រជុំកំពូលលើកទីពីរ យើងនឹងធ្វើការជាមួយក្រុមការងារទាំងអស់ ជាមួយនឹងប្រទេសទាំងអស់ ដែលចាប់អារម្មណ៍ចូលរួម។ យើងមានផែនការរៀបចំរួមគ្នា ដែលនឹងត្រូវបានគាំទ្រដោយប្រទេសមានទំនួលខុសត្រូវទាំងអស់ ហើយយើងកំពុងស្វែងរកលទ្ធភាពសម្រាប់កិច្ចប្រជុំកំពូលលើកទី២ ដើម្បីអញ្ជើញអ្នកតំណាងរបស់ប្រទេសរុស្ស៊ី ។លោកនិយាយថា ទស្សនវិស័យដែលគាំទ្រដោយ ប្រទេសជាង១០០ មានមកពីគ្រប់ទ្វីប នឹងក្លាយជាផែនការពិតប្រាកដ។ប្រទេសជាង១៦០ និងអង្គការអន្តរជាតិ ត្រូវបានអញ្ជើញដោយប្រទេសស្វីស ទៅកាន់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ នៅរមណីយដ្ឋាន ប៊ឺហ្គេនស្តុក(Burgenstock) ដោយទទួលបានការបញ្ជាក់ចូលរួមពីប្រទេសជាង៩០ រហូតមកដល់ពេលនេះ។

រដ្ឋាភិបាលថ្មីប្រទេសកុងហ្គោ ស្បថចូលកាន់តំណែង បន្ទាប់ពីការពន្យារពេលជាច្រើនខែ

2024/06/12 10:20:18 am        104
លោកស្រី ជូឌីត ស៊ូមីនវ៉ា ទូលូកា(Judith Suminwa Tuluka) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃអង្គារ រួមជាមួយសមាជិកដែលបានកាត់បន្ថយរួចចំនួន៥៤រូប ដោយបញ្ចប់ការពន្យារពេលជាងប្រាំមួយខែ បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតី លោក ហ្វីលិក ស្ស៊ីសេកកេឌី(Felix Tshisekedi)។លោក Tshisekedi បានទទួលជ័យជម្នះអាណត្តិទីពីរកាលពីចុងឆ្នាំ២០២៣ បន្ទាប់ពីការបោះឆ្នោតដែលបានផ្តល់ឱ្យក្រុមចម្រុះសហព័ន្ធរបស់លោកប្រហែល ៩៥ភាគរយ នៃអាសនៈនៅរដ្ឋសភា។ ប៉ុន្តែជម្លោះផ្ទៃក្នុងលើតំណែងរដ្ឋមន្ត្រី បានពន្យារពេលការបង្កើតរដ្ឋាភិបាល។នៅទីបំផុត លោកប្រធានាធិបតី បានតែងតាំង លោកស្រី Suminwa ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសកុងហ្គោ នៅថ្ងៃទី១ ខែមេសា និងអតីតនាយសេនាធិការរបស់លោក លោក វីតាល់ កាំមែហេ(Vital Kamerhe) ជាប្រធានសភា នៅថ្ងៃទី២២ ខែឧសភា ដោយត្រួសត្រាយផ្លូវសម្រាប់ការតែងតាំងគណៈរដ្ឋមន្ត្រីថ្មី។រដ្ឋាភិបាលថ្មី មានរដ្ឋមន្ត្រីចំនួន៥៤រូប ជាការបង្រួមតិចជាងការរំពឹងទុកពី៥៧រូប កាលពីពេលពីមុន ទោះបីជាមានសម្ពាធដើម្បីឲ្យមានការកាត់បន្ថយការចំណាយក៏ដោយ។ នាយកផ្នែកទំនាក់ទំនងរបស់ លោក Tshisekedi លោកអ៊ីរីក នីយីនឌូ(Erik Nyindu) បាននិយាយថា ការពន្យារពេល បានអនុញ្ញាតឱ្យមានពេលវេលាដើម្បីស្វែងរកការសម្របសម្រួលរវាងភាគីចម្រុះ។

កូរ៉េខាងជើង លើកសរសើរទំនាក់ទំនងដ៏រឹងមាំជាមួយរុស្ស៊ី ស្របពេលការរំពឹងទុកនៃទស្សនកិច្ចលោក ពូទីន

2024/06/12 10:13:13 am        126
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃពុធ (១២ មិថុនា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា ប្រទេសរបស់លោកគឺជា «សមមិត្តដ៏រឹងមាំដែលមិនអាចកាត់ថ្លៃបាន» ជាមួយរុស្ស៊ី នៅក្នុងសារមួយទៅកាន់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) ស្របពេលមានការរំពឹងទុកជុំវិញដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង។ដោយប្រារព្ធទិវាជាតិរបស់រុស្ស៊ី លោក គីម បាននិយាយថា ជំនួបរបស់ខ្លួនជាមួយលោក ពូទីន នៅឯទីតាំងបាញ់បង្ហោះយានអវកាសរុស្ស៊ី កាលពីឆ្នាំមុន បានលើកកម្ពស់ចំណងនៃ «ទំនាក់ទំនងយុទ្ធសាស្ត្រដែលមានអាយុកាលរាប់សតវត្សរ៍» របស់ពួកគេ។ សារនេះបានកើតឡើងបន្ទាប់ពីសារព័ត៌មាន វ៉េដូម៉ូស្ទី (Vedomosti) របស់រុស្ស៊ី កាលពីថ្ងៃចន្ទ បានរាយការណ៍ថាលោក ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាម ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។មន្ត្រីម្នាក់ក្នុងប្រទេសវៀតណាម បានប្រាប់សារព័ត៌មានរ៉យទ័រថា ដំណើរទស្សនកិច្ចនៅវៀតណាមនោះ ត្រូវបានគ្រោងធ្វើនៅថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែមិថុនា ប៉ុន្តែមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។ វិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ី ចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង «លើគ្រប់វិស័យ» ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនោះទេ។លោក គីម បានធ្វើដំណើរទៅតំបន់ចុងបូព៌ារបស់រុស្ស៊ី កាលពីខែកញ្ញា ឆ្នាំមុន ដោយទៅទស្សនាមជ្ឈមណ្ឌលបង្ហោះយានអវកាស វ៉ូស្តូឆ្នី ខូស្មូដ្រូម (Vostochny Cosmodrome) ជាទីដែលលោក ពូទីន បានសន្យាថានឹងជួយលោកបង្កើតផ្កាយរណប។ ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានបង្កើនទំនាក់ទំនងការទូត និងសន្តិសុខកាន់តែខ្លាំងឡើង ដោយធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋាភិបាល សភា និងគណៈប្រតិភូផ្សេងទៀតរវាងគ្នាទៅវិញទៅមកក្នុងប៉ុន្មានខែថ្មីៗនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតអ៊ីរ៉ង់៖ ការជ្រើសរើសលោក Mojtaba Khameneiជាមេដឹកនាំកំពូលអ៊ីរ៉ង់បង្ហាញពីនិរន្តរភាពនិងស្ថិរភាព
03/10/2026 11:03 AM
CMAC សហការជាមួយក្រុមហ៊ុនជប៉ុន អភិវឌ្ឍន៍បច្ចេកទេសម៉ាស៊ីនបោសសម្អាតមីនយន្តទំនើប Robot
03/10/2026 11:03 AM
ទីផ្សារអាស៊ីងើបឡើងវិញ តែប្រេងធ្លាក់ចុះ ខណៈលោក Trump ថាសង្គ្រាមអ៊ីរ៉ង់អាចនឹងបញ្ចប់ឆាប់ៗនេះ
03/10/2026 11:03 AM
អ្នកជំនាញ៖ តម្លៃ​ប្រេងហក់​ឡើង​ថ្លៃ​មិន​ប៉ះពាល់​ដល់​លំហូរ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្តរជាតិ​របស់​កម្ពុជា​ទេ
03/10/2026 10:03 AM
ខេត្តជាប់មាត់សមុទ្រចំនួន៤ខេត្តមានឱកាសការងារជាង៥ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
03/10/2026 10:03 AM
ខេត្តកណ្ដាលមានឱកាសការងារជាង ១ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
03/10/2026 09:03 AM
អាជ្ញាធរជាតិអប្សរានឹងត្រួតពិនិត្យចំពោះការថតរូបភាព និងវីដេអូផ្សព្វផ្សាយនានានៅរមណីយដ្ឋានអង្គរដែលអាចប៉ះពាល់ដល់ក្រមប្រតិបត្តិអង្គរ និងតម្លៃបេតិកភណ្ឌ
03/10/2026 09:03 AM
ក្រសួងពាណិជ្ជកម្មដាក់ចេញវិធានថ្មីៗបន្ថែមដោះស្រាយបញ្ហាប្រេងឥន្ធនៈដើម្បីរក្សាប្រភពផ្គត់ផ្គង់ និងការចែកចាយ
03/10/2026 09:03 AM
កម្ពុជា និងមូលនិធិ IMF ពិភាក្សាលើលទ្ធភាពពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មអតីតពលករ
03/10/2026 09:03 AM
លោក Trump ព្រមានវាយប្រហារអ៊ីរ៉ង់ «ខ្លាំងជាងមុន ២០ដង» បើរារាំងលំហូរប្រេងនៅច្រកសមុទ្រ Hormuz
03/10/2026 09:03 AM