លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

លោក ​Putin ជួប​មេដឹកនាំ​អា​មេ​នី និង​អា​ហ្សៃ​បៃ​ហ្ស​ង់ និង​ថ្លែង​ពី​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ និង​ការ​កេណ្ឌ​កងទ័ព​

2022/11/01 09:39:11 pm        813
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ជំនួប​របស់​លោក​ជាមួយ​នាយករដ្ឋមន្ត្រី​អា​មេ​នី​លោក Nikol Pashinyan និង​ប្រធានាធិបតី​អា​ហ្សៃ​បៃ​ហ្ស​ង់​លោក Ilham Aliyev ក្នុង​ទីក្រុង Sochi ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​។ មេដឹកនាំ​ទាំង​បី​បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង Sochi ដើម្បី​ពិភាក្សា​អំពី​ភាព​តានតឹង​ជុំវិញ​តំបន់ Nagorno-Karabakh ដែល​ការពិភាក្សា​ធ្វើឡើង​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ ​និង​រងរបួស​ជាច្រើន​នាក់​នៃ​ភាគី​ទាំង​អា​មេ​នី ​និង​អា​ហ្សៃ​បៃ​ហ្ស​ង់​។ លោក Putin បាន​និយាយថា ទោះបីជា​ពួកគេ​មិនអាច​ព្រមព្រៀង​លើ​អ្វី​គ្រប់យ៉ាង​ក៏ដោយ ប៉ុន្តែ​ជំនួប​បាន​បង្កើត​បរិយា​កាស​ល្អ សម្រាប់​កិច្ចព្រមព្រៀង​ដែល​អាច​កើតមាន​នាពេល​អនាគត​លើ​បញ្ហាសំខាន់ៗ​មួយចំនួន​។​ ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​នោះលោក ​Putin បាន​ថ្លែង​លើកឡើង​អំពី​ការផ្អាក​របស់​រុស្ស៊ី​ ចំពោះ​ការចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាតឱ្យ​មានការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយ​ក្រែ​ន​។លោក Putin និយាយថា ​ប្រទេស​រុស្ស៊ី​បាន​ព្រមព្រៀង​ចំពោះ​គំនិត​ផ្តួចផ្តើម ជាពិសេស​នៅក្នុង​ផលប្រយោជន៍​របស់​ប្រទេស​ក្រីក្រ​បំផុត ប៉ុន្តែ​បាន​និយាយថា ​ស្ទើរតែ​ពុំមាន​គ្រាប់​ធញ្ញជាតិ​ណាមួយ​បាន​ទៅដល់​ប្រទេស​ដែល​ត្រូវការ​វា​ច្រើន​បំផុត​។ លោក​ប្រធានាធិបតី​និយាយថា «​តើ​យើង​ធ្វើ​វា​ដើម្បី​អ្វី​?»។ ​លោក​ Putin បានលើកឡើង​ពី​របាយការណ៍​មួយ​របស់​ក្រសួងការពារជាតិ​ ដែល​ស្នើឱ្យ​មានការ​កេណ្ឌ​កងទ័ព​មួយផ្នែក​ដែល​ត្រូវបាន​បញ្ចប់ ដោយ​ជាក់ស្តែង​បាន​បំពេញ​តាម​ការសន្យា​ដើម្បី​បញ្ចប់​ការ​កេណ្ឌ​ទ័ព​ចំនួន 3​សែន​នាក់​។ ទោះយ៉ាងណា មេធាវី​សិទ្ធិ​ផ្នែក​មនុស្ស​មួយចំនួន​បាន​ព្រមាន​ថា មានតែ​លោក Putin ទេដែល​អាច​បញ្ចប់​ការ​កេណ្ឌ​ទ័ព​នេះ​ដោយ​ការចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ៕អត្ថបទ៖ ប៊ុនថន

ចិន​ព្រមាន​ថា ​ផែនការ​របស់​អាមេរិក​ក្នុងការ​ដាក់ពង្រាយ​យន្តហោះ ​B-52 ទៅកាន់​អូស្ត្រាលី​អាច​បង្ក​ឲ្យ​មាន​ការ​ប្រជែង​អាវុធ​

2022/11/01 07:37:34 pm        246
​ចិន៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ផែនការ​របស់​សហរ​ដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ដែលមាន​សមត្ថភាព​បំពាក់​នុយក្លេអ៊ែរ​រហូត​ដល់ ៦គ្រឿង​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​នៅ​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី អាច​បង្កឱ្យមាន​ការ​ប្រជែង​អាវុធ​នៅក្នុង​តំបន់​។ ​​យោងតាម​ប្រភព​ដែល​ដឹង​អំពី​បញ្ហា​បាន​និយាយថា ទីតាំង​សម្រាប់​យន្តហោះ​ទម្លាក់​គ្រាប់បែក​នឹង​ត្រូវបាន​បង្កើតឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាស Tindal នៅ​ដាច់ស្រយាល​របស់​កងទ័ព​អាកាស​អូស្ត្រាលី​ មាន​ចម្ងាយ​ប្រហែល ៣០០​គីឡូ​ម៉ែត្រ​ភាគខាងត្បូង​ទីក្រុង Darwin ជា​រដ្ឋធានី​នៃ​ដែនដី​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​។​ នៅពេលដែល​ត្រូវបាន​ស្នើសុំ​ការអត្ថាធិប្បាយ​នៅក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនលោក Zhao Lijian បាន​និយាយថា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ​រវាង​ប្រទេស​នានា​មិនគួរ​ដាក់​គោលដៅ​លើ​ភាគី​ទី​បី​នោះទេ​។​​លោក Zhao និយាយថា ប្រទេស​ចិន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បោះបង់​សង្គ្រាមត្រជាក់​ចាស់ និង​ទស្សនៈ​ភូមិសាស្ត្រ​នយោបាយ​ចង្អៀត ហើយ​ធ្វើ​ការងារ​បន្ថែមទៀត​ដើម្បី​រួមចំណែក​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ដើម្បី​បង្កើន​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ផ្អាក​ការ​កេណ្ឌ​ពលរដ្ឋ​ដោយ​ផ្នែក​សម្រាប់​ប្រយុទ្ធ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/11/01 06:58:03 pm        265
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​នៅ​ពេល​នេះ​បាន​ប្រកាស​បញ្ឈប់​ការ​កេណ្ឌ​ពលរដ្ឋ​ដោយ​ផ្នែក​ ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា រាល់​សកម្មភាព​កេណ្ឌ​កម្លាំង​ដោយ​ផ្នែក រួម​ទាំង​ការ​បញ្ជូន​លិខិត​កោះ​អញ្ជើញ​ត្រូវ​បាន​ផ្អាក​។ ​ក្រសួង​នេះ​បាន​បន្ថែម​ថា គ្រប់​សកម្មភាព​ទាំងអស់​ទាក់ទង​នឹង​ការ​កេណ្ឌ​កម្លាំង ​សម្រាប់​ចូល​បម្រើ​កងទ័ព​ត្រូវ​បាន​ផ្អាក​។ សេចក្ដីថ្លែងការណ៍​នេះ​បាន​បន្ត​ថា អង្គភាព​យោធា​នានា​នឹង​ទទួល​យក​តែ​អ្នក​ស្ម័គ្រចិត្ត និង​អ្នក​ជាប់កិច្ចសន្យា​ប៉ុណ្ណោះ​ចាប់​ពី​ពេលនេះ​ទៅ​។​ ការ​អត្ថាធិប្បាយ​ជំនួសមុខ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu ក្រសួង​នេះ​បាន​និយាយ​ថា ​ក្រុម​មេបញ្ជាការ​យោធា​តំបន់​នានា និង​កង​នាវា​ខាងជើង (Northern Fleet) ត្រូវ​បាន​បញ្ជា​ឲ្យ​ដាក់​របាយការណ៍​ ស្ដីពី​ការ​បញ្ចប់​សកម្មភាព​កេណ្ឌ​កម្ម​ដោយ​ផ្នែក​នៅ​ត្រឹម​ថ្ងៃ​ទី​១ ​ខែ​វិច្ឆិកា​។​ការ​កេណ្ឌ​ពលរដ្ឋ​ដោយ​ផ្នែក ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​របស់​ប្រទេស​នេះ​នៅ​អ៊ុយ​ក្រែ​ន ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​បញ្ហា​បណ្ដាល​ឲ្យ​ផ្ទុះ​ការ​តវ៉ា និង​ជំរុញ​ឲ្យ​ក្រុម​បុរស​ៗ​រត់ចោលស្រុក ចាប់​តាំង​ពី​មាន​សេចក្ដីប្រកាស​កាលពី​ខែ​កញ្ញា​មក៕អត្ថបទ៖ សុខមាន

កូរ៉េខាងត្បូង​ចាប់ផ្ដើម​ស៊ើបអង្កេត​ករណី​ប្រជ្រៀត​ជាន់គ្នា​សម្លាប់​មនុស្ស​ជាង ​១៥០​នាក់​ក្នុង​ពិធី​បុណ្យ Halloween

2022/11/01 06:25:09 pm        209
​​កូរ៉េខាងត្បូង៖ ក្រុម​អ្នកស៊ើប​អង្កេត​កូរ៉េខាងត្បូង ​បាន​ស្រាវជ្រាវ​វីដេអូ​កាលពី​ថ្ងៃ​ចន្ទ​ពី​កាមេរ៉ា​សុវត្ថិភាព​ ៥០​គ្រឿង​ទាំង​រដ្ឋ ​និង​ឯកជន ​ព្រមទាំង​ពី​បណ្ដាញ​សង្គម​ដើម្បី​ស្វែងរក​ចម្លើយ​ថា ​តើ​មូលហេតុ​អ្វី​ទើប​បណ្ដាល​ឲ្យ​ក្រុម​អ្នក​ទៅ​ចូល​ពិធីជប់លៀង​បុណ្យ Halloween ប្រជ្រៀត​ជាន់គ្នា​ក្នុង​ផ្លូវ​ឌឿងហែម​ដ៏​តូច​ចង្អៀត​ស្លាប់​ច្រើន​យ៉ាង​នេះ​។ ​ខណៈ​ប្រទេស​នេះ​បាន​ចាប់ផ្ដើម​ការ​កាន់ទុក្ខ​រយៈពេល​មួយ​សប្ដាហ៍ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ​១៥៤​នាក់។​ មនុស្ស​ ១៤៩​នាក់​ផ្សេងទៀត​បាន​រង​របួស​ ក្នុង​ចំណោម​អ្នករបួស​ទាំងនោះ​មាន ៣៣​នាក់​របួសធ្ងន់​។ ពលរដ្ឋ​យ៉ាង​ហោចណាស់​ ២៦​នាក់​មកពី​ប្រទេស​ចំនួន​ ១៤​ ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​។​ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ហើយ​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ​ពួកគេ​ផ្ដោត​សំខាន់​លើ​ការស្ថាបនា​ឡើង​វិញ និង​ស្វែងរក​ថា ​តើន​រណា​ដែល​អាច​ជា​អ្នក​ទទួលខុស​ត្រូវ​ ចំពោះ​ការ​បង្ក​ឲ្យ​មាន​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​នេះ​។​ប្រធាន​ក្រុម​ស៊ើបអង្កេត​លោក Nam Gu-jun ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា យើង​កំពុង​វិភាគ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​រក​ឲ្យ​ឃើញ​មូលហេតុ​នាំ​ឲ្យ​មាន​ឧបទ្ទវហេតុ​នេះ។ លោក​និយាយ​ថា យើង​នឹង​បន្ត​សាកសួរ​សាក្សី​កាន់​តែ​ច្រើន​ថែមទៀត រួម​ទាំង​ក្រុម​បុគ្គលិក​ហាង​ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ​៕អត្ថបទ៖ សុខមាន

រាជរដ្ឋាភិបាល និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ចុះហត្ថលេខាលើលក្ខន្តិកៈ "ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា”

2022/11/01 06:08:51 pm        362
ភ្នំពេញ ៖ រាជរដ្ឋាភិបាល តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ បានចុះហត្ថលេខាលើ "លក្ខន្តិកៈក្រុមហ៊ុន" ដើម្បីដំណើរការក្រុមហ៊ុន "ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” ។ការបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ជាការវិនិយោគទុនរួម រវាង​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ធំៗ​ចំនួន ៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន​ទូ​រ​ទស្សន៍​ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន ។ក្រុមហ៊ុន “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” នឹងផ្តល់ជូនសេវាកម្មទូរទស្សន៍ឌីជីថល ដែលមាន​កម្មវិធី​ច្រើន​ប៉ុស្តិ៍ និងជម្រើសច្រើនប្រភេទដ៏សម្បូរបែប ប្រកបដោយគុណភាពខ្ពស់ សំដៅ​លើក​ស្ទួយ​ការផ្តល់ព័ត៌មាន ចំណេះដឹង ការកម្សាន្ត និងទស្សនីភាព ដល់ប្រជាជន​នៅ​ទូទាំង​ព្រះរាជាណា​ចក្រកម្ពុជា ព្រមទាំងឈានទៅសម្រេចឲ្យបានតាមអនុសាសន៍ របស់សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា កាលបរិច្ឆេទ នៃការដាក់ឲ្យ​ដំណើរ​ការ​ថ្នាល​ទូរទស្សន៍​ឌីជីថលកម្ពុជា អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់​សេវា​ទូរទស្សន៍​ឌីជីថល​កម្ពុជា​អាណាឡូក និងប្រព័ន្ធឌីជីថល ស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែល​ជាកាល​បរិច្ឆេត សម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។ក្នុងនោះក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ផ្អែកលើបទពិសោធន៍ ជំនាញ និងធនធានមនុស្ស ក្រុមហ៊ុនមានជំនឿយ៉ាងមុតមាំថា នឹងអភិវឌ្ឍឧស្សាហកម្មសោតទស្សន៍ និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ។សូមបញ្ជាក់ថា ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប រួមមាន៖ ប៉ុស្តិ៍ទូរទស្សន៍បាយ័ន BTV និងវិទ្យុបាយ័ន, ក្រុមហ៊ុនទូរទស្សន៍ CBS រួមមានប៉ុស្តិ៍ទូរទស្សន៍ CTN, CTN International, CNC, MyTV, ចំណែកក្រុមហ៊ុន Digital Sky រួមមានថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ ដូចជា ថ្នាលទូរទស្សន៍ឌីជីថលប្រព័ន្ធ DVB-T,ថ្នាលទូរទស្សន៍ឌីជីថលផ្កាយរណបប្រព័ន្ធ DTH, ថ្នាលទូរទស្សន៍ឌីជីថលតាមទូរស័ព្ទដៃប្រព័ន្ធOTT។ ចំពោះក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាស និងរស្មីហង្សមាស, ផលិតកម្ម WE, Pleng Records, ក្រុមហ៊ុនពិធីការ និងសារព័ត៌មាន២៤ម៉ោង។នៅក្នុងឯកសារ លក្ខន្តិកៈក្រុមហ៊ុននេះ មានសមាសភាពក្រុមប្រឹក្សាភិបាល ៧ រូប ដែល១រូប តំណាងមកពីរាជរដ្ឋាភិបាល និង ៦ រូបទៀត តំណាងមកពីក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ក្នុងនោះ លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានជ្រើសតាំង ជាប្រធានក្រុម​ប្រឹក្សាភិបាល​សម្រាប់​អាណត្តិ​ដំបូង៕ អត្ថបទ៖ សុន រ៉ាឌី

ប្រជាពលរដ្ឋ​ទីក្រុង Kyiv ខ្វះ​អគ្គិសនី និង​ទឹក​ប្រើប្រាស់ ក្រោយ​ការវាយប្រហារ​របស់​រុស្ស៊ី

2022/11/01 05:56:21 pm        271
​អ៊ុយក្រែន៖ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ​ធានី Kyiv បាន​ឈរ​តម្រង់​ជួរ​ត្រង​ទឹក ក្រោយ​មី​ស៊ី​ល​របស់​រុស្ស៊ីបាន​បាញ់​ស្រោច​លើ​ទីតាំង​សំខាន់ៗ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ​។ ​របាយការណ៍​វិវឌ្ឍន៍​ថ្មី​ពេល​ល្ងាច​ពី​អភិបាលក្រុង​នេះលោក Vitaliy Klitschko បាន​និយាយ​ថា អ្នកប្រើប្រាស់ ៤០% ​នៅ​ក្នុង​ទីក្រុង Kyiv នៅតែ​ពុំ​ទាន់​មាន​ទឹក និង​លំនៅឋាន​ប្រមាណ ២៧០,០០០​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់​។ អ៊ុយ​ក្រែ​ន​និយាយ​ថា មនុស្ស ​១៣​នាក់​បាន​រង​របួស​ក្នុង​ការ​វាយប្រហារ​ទូទាំង​ប្រទេស​។ ​រុស្ស៊ី​បាន​និយាយ​ថា ការវាយប្រហារ​នានា​ត្រូវ​បាន​ដាក់​គោលដៅ​លើ​ប្រព័ន្ធ​គ្រប់​គ្រង​យោធា និង​ថាមពល​របស់​ប្រទេស​នេះ ហើយ​ថាគោលដៅ​ទាំងអស់​ត្រូវ​បាន​វាយប្រហារ​ចំ​ៗ​។ ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​ឆ្លើយតប​ដោយ​ផ្នែក​ ចំពោះ​ការវាយប្រហារ​លើ​នាវាចម្បាំង​រុស្ស៊ី​កាលពី​ចុង​សប្ដាហ៍​មុន​។ ​ក្នុង​របាយការណ៍​វិវឌ្ឍន៍​ពេល​ល្ងាច យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ចំនួន ​៤៥​គ្រាប់​នៃ​មី​ស៊ីល​សរុប ​៥៥​គ្រាប់​ដែល​ត្រូវ​បាន​បាញ់​។​​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​ទី​២ ​របស់​អ៊ុយ​ក្រែ​ន​គឺ​ទីក្រុង Kharkiv ក្រុម​មន្ត្រី​និយាយ​ថា ការវាយប្រហារ​នានា​បណ្ដាល​ឲ្យ​ផ្អាក​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី ខណៈ​នៅ​ក្នុង​តំបន់ Zaporizhzhia ដែល​ស្ថិតនៅ​ភាគ​ខាង​ត្បូងការ​កង្វះ​ថាមពល​ក៏​ត្រូវ​បាន​រាយការណ៍​ផង​ដែរ​។​ ក្នុង​តំបន់​ផ្សេងទៀត​នៃ​ទីក្រុង Kyiv ប្រជា​ពលរដ្ឋ​បាន​សម្រុក​ទិញ​ទឹក​សុទ្ធ​តាម​ផ្សារ​ទំនើប​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ការ​វាយឆ្មក់​តាម​អាកាស​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ការ​ផ្ទុះ​មួយ​ចំនួន​បាន​លាន់​លឺ​នៅ​ក្នុង​ទីក្រុង​នេះ ខណៈ​ដែល​រុស្ស៊ី​បាន​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល​នៅ​ក្នុង​ការវាយប្រហារ​តាម​អាកាស​ជាថ្មី​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ផ្អាក​សមយុទ្ធ​យោធា​រួមគ្នា​

2022/11/01 05:35:32 pm        317
​កូរ៉េខាងជើង៖ ក្រសួង​ការបរទេស​កូរ៉េខាងជើង​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​ឲ្យ​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នេះ​។ ​ក្រសួង​នេះ​បាន​ទាមទារ​ឲ្យ​បញ្ឈប់​ភ្លាមៗ​រាល់​សម​យុទ្ធ​ទាំងឡាយ ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ចន្ទ​ដោយ​មាន​យន្តហោះ​ប្រមាណ​ ២៤០​គ្រឿង រួម​ទាំង​យន្តហោះ​បំបាំង​កាយ​។ សមយុទ្ធ​កងកម្លាំង​ទ័ព​អាកាស​ដែល​នឹង​បន្ត​រហូតដល់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ គឺជា​ការ​ចូលរួម​ដ៏​ធំ​បំផុត​រវាង​ប្រទេស​ទាំង​២ ​ចាប់​តាំងពី​ឆ្នាំ២០១៧ មក​។ ​សេចក្ដីថ្លែងការណ៍​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​និយាយ​ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ និង​នៅ​ក្នុង​តំបន់​ជិតខាង​របស់​ខ្លួន បាន​ឈាន​ចូល​ដំណាក់កាល​ប្រឈម​ដាក់គ្នា​ជាថ្មី ​ព្រោះតែ​ការ​ប្រជែង​ឥទ្ធិពល។ ​សេចក្ដីថ្លែងការណ៍​ខាងលើ​និយាយ​ថា ទីក្រុង​ព្យុងយ៉ាង​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​ទាំងអស់ ហើយ​ថា​ប្រសិនបើ​សហរដ្ឋអាមេរិក​នៅតែ​បន្ត​សកម្មភាព​បង្ករឿង​ទៀត កូរ៉េខាងជើង​នឹង​ពិចារណា​លើ​វិធានការ​ដ៏​ខ្លាំងក្លា​ថែមទៀត ជា​ជំហាន​បន្ទាប់​របស់​ខ្លួន​។​​ទោះ​យ៉ាងណា ក្រសួង​នេះ​ពុំបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទេ​ថា ​តើ​វិធានការ​ទាំងនោះ​គឺជា​អ្វី​។ ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​កាលពី​ខែ​កញ្ញា និង​តុលា ទំនងជា​ប្រឆាំង​នឹង​សម​យុទ្ធ​យោធា​ធ្វើឡើង​ដោយ​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​។ ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង​ព្រមាន​ថា កូរ៉េខាងជើង​អាច​សាកល្បង​នុយក្លេអ៊ែរ​ទី​៧ មុន​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​សហរដ្ឋអាមេរិក​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​ខាងមុខនេះ​៕អត្ថបទ៖ សុខមាន

នគរបាល​ចាប់ខ្លួន​មនុស្ស ​៩​នាក់​ពាក់ព័ន្ធ​ករណី​បាក់​ស្ពាន​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​ជាង ​១៣០​នាក់​

2022/11/01 05:20:34 pm        256
​ឥណ្ឌា៖ នគរបាល​ឥណ្ឌា​បាន​ចាប់ខ្លួន​មនុស្ស ​៩​នាក់​រួម​ទាំង​អ្នកលក់​សំបុត្រ ​និង​ក្រុម​អ្នកម៉ៅការ​ជួស​ជុល​ស្ពាន​នោះ ខណៈ​ពួកគេ​ស៊ើបអង្កេត​ការ​បាក់​ស្ពាន​យោល​ថ្មើរ​ជើង ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​១៣៤​នាក់​រួម​ទាំង​កុមារ​ជាច្រើន​នាក់​។ ​រូបភាព​កាមេរ៉ា​សុវត្ថិភាព មុន​ពេល​ស្ពាន​បាក់​បាន​បង្ហាញ​ពី​ក្មេង​ប្រុស​ជំទង់​មួយ​ក្រុម​ថតរូប ខណៈ​អ្នក​ខ្លះ​ទៀត​ព្យា​យាម​អង្រួន​ស្ពាន​យោល​នៅ​ក្នុង​ស្រុក Morbi ពី​ចុង​ស្ពាន​ម្ខាង​ទៅ​ចុង​ស្ពាន​ម្ខាង​ទៀត មុន​ពេល​បាក់​ធ្លាក់​ចូល​ទន្លេ ស្រប​ពេល​ដែល​ខ្សែកាបិ៍​បាន​ដាច់​។​ ស្ពាន​សម័យ​អាណានិគម​អង់គ្លេស​លើ​ទន្លេ Machchhu មាន​អ្នកដើរ​កម្សាន្ត​ពេញ​ស្ពានដែល​រីករាយ​នឹង​ថ្ងៃ​ឈប់សម្រាក​ នៅ​ពេល​ស្ពាន​នេះ​បាន​បាក់​កាលពី​ល្ងាច​ថ្ងៃអាទិត្យធ្វើ​ឲ្យ​មនុស្ស​ធ្លាក់​ចូល​ទឹក​ជម្រៅ​ប្រហែល ​១០​ម៉ែត្រ​។​លោក Ashwin Mehra ដែល​កំពុង​សម្រាក​ព្យាបាល​ជើង​បាក់ និង​របួស​ខ្នងក្នុង​ឧបទ្ទវហេតុ​នោះបាន​និយាយ​ថា លោក និង​មនុស្ស ​៦​នាក់​ទៀតបាន​ហែល​ទៅដល់​ច្រាំងទន្លេ​ ដោយសារតែ​តោង​ចំរឹង​ដែក ​និង​សំណាញ់​ស្ពាន​។ ​លោក​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន ANI ដៃគូ​របស់​ទូរទស្សន៍ Reuters ថា មាន​ក្មេង​ប្រុស​ប្រមាណ​ ១៥​ ទៅ ​២០​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​ ២០ ​ទៅ ​២៥​ឆ្នាំ​ដែល​បាន​អង្រួន​យោគ​ស្ពាន​នោះ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន សុំការយល់យោគពីពលរដ្ឋ ខណៈបិទផ្លូវនាំឱ្យស្ទះចរាចរពេលប្រជុំអាស៊ាននៅថ្ងៃខាងមុខ

2022/11/01 04:16:41 pm        286
ភ្នំពេញ៖អញ្ជើញថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង ៦ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ជ្រោយចង្រ វានាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានយកឱកាសនេះ អំពាវនាវទៅកាន់ប្រជាពលរដ្ឋឱ្យមានការយល់យោគ ចំពោះការបិទផ្លូវនៅថ្ងៃខាងមុខនេះដែលនាំឱ្យមានការស្ទះចរាចរលើដងផ្លូវមួយចំនួន។សម្តេចបញ្ជាក់ថា មូលហេតុនៃការបិទផ្លូវសំខាន់ៗមួយចំនួននៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីសម្រួលជូននូវការធ្វើដំណើររបស់គណៈប្រតិភូជាថ្នាក់ដឹកនាំមិត្តភក្តិទាំងក្នុង និងក្រៅតំបន់ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធនៅភ្នំពេញ ខណៈកម្ពុជាជាម្ចាស់ផ្ទះប្រធានអាស៊ានឆ្នាំ២០២២។គួរបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣វិច្ឆិកា ។កិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់តំបន់ និងពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រធានកិច្ចប្រជុំនៅពេលខាងមុខនេះ នឹងក្រៅពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសនៅក្នុងតំបន់ ក៏មានប្រធានាធិបតីមហាអំណាចនានា នឹងមកចូលរួមផងដែរ ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក ចូបៃឌិន ប្រធានាធិបតីចិន ស៊ីជីនពីង ជាដើម។ រីឯប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន កំពុងរង់ចាំការឆ្លើយតប។ក្នុងន័យនេះ សម្តេចបានបញ្ជាក់ហើយថា បើមិនមានសន្តិភាពទេក៏មិនអាចធ្វើអ្វីបានដែរ៕(ដោយ៖ មុត សុត)

សម្តេចតេជោ ហ៊ុន សែន៖ បើប្រទេសគ្មានសុខសន្តិភាព កុំនិយាយអំពីការសិក្សា និងការអភិវឌ្ឍ

2022/11/01 04:08:23 pm        624
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងជាថ្មីម្តងទៀតថា ប្រសិនបើប្រទេសពុំមានសុខសន្តិភាពទេនោះ ក៏គ្មានឱកាសសិក្សារៀនសូត្រ និងធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើននោះដែរ ជាក់ស្តែងដូចជាប្រទេសកម្ពុជាយើងនេះ បើគ្មានសន្តិភាពទេ នោះក៏គ្មានឱកាសដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃនោះដែរ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសំណេះសំណាល និងប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសដែល មានសង្រ្គាមគឺគ្មានឱកាសបានសិក្សារៀនសូត្រស្រួលនោះទេ ហើយក៏គ្មានឱកាសធ្វើការកសាង និងអភិវឌ្ឍប្រទេសឲ្យមានការរីកចំរើននោះដែរ។  សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតផងដែរថា ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព គ្មានអំពើភេរវកម្មនេះហើយ ទើបកម្ពុជាមានឱកាសដឹកនាំ កិច្ចប្រជុំធំៗ ជាពិសេសកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀត នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយកិច្ចប្រជុំនេះនឹងមានថ្នាក់ដឹកនាំប្រទេសធំៗនៅលើពិភពលោកចូលរួម ដូចជាលោក ចូ បៃឌិនប្រធានាធិបតីអាមេរិក នាយករដ្ឋមន្រ្តីចិន .ជប៉ុន. កូរ៉េ. ឥណ្ឌា. កាណាដា. អូស្ត្រាលី និងប្រទេសជាច្រើនទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តម្លៃប្រេងធ្លាក់ចុះ ភាគហ៊ុនឈានដល់កំណត់ត្រាខ្ពស់ថ្មីជុំវិញក្តីសង្ឃឹមនៃការបើកច្រកសមុទ្រ Hormuz
08/05/2026 09:08 AM
ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋ
08/04/2026 09:08 PM
ក្រុមគ្រួសារជនរងគ្រោះប្រាប់​ថា របួសមិនទាន់ជាសះស្បើយទេ​ ៦ឆ្នាំក្រោយ​ការផ្ទុះនៅកំពង់ផែបេរូតរបស់លីបង់​
08/04/2026 09:08 PM
ប្រមុខរតនាគារ៖ អាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀងច្រកសមុទ្រ​ Hormuz នៅថ្ងៃអង្គារ ឬថ្ងៃពុធ
08/04/2026 09:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បំណាក់​ដីបណ្ដាល​ឱ្យ​មនុស្ស ១៤នាក់ស្លាប់​ នៅតំបន់ Amhara របស់អេត្យូពី
08/04/2026 08:08 PM
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
08/04/2026 08:08 PM
Brussels Airlines រាយការណ៍ពីការខាតបង់ប្រតិបត្តិការ ៨០លានដុល្លារ អំឡុង​ការចំណាយលើ​​​ប្រេងឥន្ធនៈខ្ពស់​
08/04/2026 08:08 PM
ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM