សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

មនុស្ស​ជិត ​២០​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន

2022/10/13 09:57:50 pm        293
​​ប៉ា​គី​ស្ថាន៖ មន្ត្រី​​ប៉ា​គី​ស្ថាន​និយាយ​ថា យ៉ាងហោចណាស់​អ្នកដំណើរ​ ១៨​នាក់​បាន​ស្លាប់​ និង​ ៧​នាក់​បាន​រង​របួស បន្ទាប់ពី​រថយន្តក្រុង​មួយ​គ្រឿង​បាន​ឆាបឆេះ​នៅ​តាម​ផ្លូវ​ទៅកាន់​តំបន់ Khair pur Nathan Shah ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ក្នុង​ខេត្ត Sindh។ ​​អ្នកដំណើរ​ម្នាក់​ដែល​បាន​បាត់បង់​សមាជិក​គ្រួសារ​ នៅ​ក្នុង​គ្រោះ​ថ្នាក់​រថយន្តក្រុង​នេះ​បាន​និយាយ​ថា ពួកគេ​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​របស់​ពួកគេ​វិញ ​បន្ទាប់ពី​ទឹកជំនន់​បាន​ស្រក​ចុះ​។ យោង​តាម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា រថយន្តក្រុងបាន​ឆេះ​ដោយសារតែ​ឆ្លង​ចរន្ត​ភ្លើង​ភ្លាមៗ​នៅ​ក្នុងស្រុក Jamshoro ដែល​ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រញាប់ប្រញាល់​ទៅកាន់​កន្លែង​កើតហេតុ ហើយ​ចាប់ផ្តើម​ជម្លៀស​អ្នកដំណើរ​ចេញពី​រថយន្ត ប៉ុន្តែ​អ្នកដំណើរ​មួយ​ចំនួន​ជា​កុមារ​បាន​ជាប់​នៅ​ខាងក្នុង ហើយ​មិន​អាច​គេចខ្លួន​ចេញ​បាន​។​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បែបនេះ តែងតែ​កើតមាន​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថានដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មិនល្អ និង​ការមិន​គោរព​ច្បាប់​ចរាចរណ៍ ហើយ​យានយន្ត​ថែទាំ​មិនបាន​ល្អ​។​ កាលពី​ខែ​កក្កដា​ឆ្នាំមុន រថយន្តក្រុង​ដឹក​កម្មករ​ភាគច្រើន​ធ្វើដំណើរ​ទៅផ្ទះ​ ដើម្បី​ចូលរួម​ពិធីបុណ្យ​មូស្លីម​ដ៏​សំខាន់​មួយ​បាន​បុក​រថយន្ត​កុងតឺន័រ​ នៅ​លើ​ផ្លូវ​ហាយ​វេ​នៅ​ភាគ​កណ្តាល​ប្រទេស​ប៉ា​គី​ស្ថាន ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣៣នាក់​ស្លាប់​៕អត្ថបទ៖ ប៊ុនថន

លោក ​Putin និយាយថា រុស្ស៊ី​អាច​បង្កើន​ការផ្គត់ផ្គង់​ឧស្ម័ន​ទៅដល់​អឺរ៉ុប

2022/10/13 09:29:21 pm        686
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទីក្រុង​មូ​ស្គូបាន​ត្រៀមខ្លួនដើម្បី​បន្ត​ការផ្គត់ផ្គង់​ឧស្ម័ន​ទៅកាន់​អឺរ៉ុបតាមរយៈ​តំណ​ភ្ជាប់​នៃ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 ដែល​ត​ភ្ជាប់​ទៅ​ប្រទេស​អាល្លឺម៉ង់នៅក្រោម​សមុទ្រ​បាល់​ទិ​ក​។​ ​ថ្លែង​នៅក្នុង​វេទិកា​ថាមពល​ទីក្រុង​មូ​ស្គូ លោក ​Putin បាន​ចោទប្រកាន់​ជាថ្មី​ម្តង​ទៀតថា សហរដ្ឋ​អា​មេរិ​ក​ទំនងជា​នៅ​ពីក្រោយ​ការ​បំផ្ទុះ​ដែល​បាន​បំផ្លាញ​តំណ​ភ្ជាប់​ទាំង២ ​នៃ​បំពង់​បង្ហូរ​ប្រេង Nord Stream 1 និង​តំណ​ភ្ជាប់​មួយ​ផ្សេងទៀត​ក្នុងចំណោម​តំណ​ភ្ជាប់​ទាំង២ ​នៃ​បំពង់​បង្ហូរ​ប្រេង Nord Stream 2 បណ្តាលឱ្យ​លេច​ធ្លាយ​ឧស្ម័ន​ដ៏​ធំ និង​បាន​កាត់ផ្តាច់​សេវា​។ ​មេដឹកនាំ​រុស្ស៊ីបាន​និយាយ​បង្អាប់​ប្រទេស​លោកខាងលិច​ម្តង​ហើយ​ម្តងទៀត ដោយ​បង្កើន​ការរំពឹងទុក​នៃ​ការបញ្ជូន​ឧស្ម័ន​តាមរយៈ​បំពង់​បង្ហូរ​ប្រេង Nord Stream 2 ដែលជា​ជម្រើស​ចាញ់​ប្រៀប​ខាង​នយោបាយ​សម្រាប់​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​ប្រទេស​ផ្សេងទៀត​។ ដោយ​អះអាង​សារជាថ្មី លោក Putin និយាយថា ការវាយប្រហារ​បំពង់​បង្ហូរ​ឧស្ម័ន​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នក​ដែលមាន​បំណង​ធ្វើឱ្យ​អឺរ៉ុប​ចុះខ្សោយ ​ដោយ​ការបញ្ឈប់​លំហូរ​ឧស្ម័ន​មានតម្លៃ​ថោក​ពី​ប្រទេស​រុស្ស៊ី​។ លោក​បាន​និយាយថា សកម្មភាព​នៃ​ការបំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 និង 2 គឺជា​សកម្មភាព​ភេរវកម្ម​អន្តរជាតិ​ ដែលមាន​គោលបំណង​ធ្វើឱ្យ​អន្តរាយ​ដល់​សន្តិសុខ​ថាមពល​នៃ​ទ្វីប​ទាំងមូល​ ដោយ​រារាំង​ការផ្គត់ផ្គង់​ថាមពល​មាន​តម្លៃថោក ដោយ​ចោទប្រកាន់ថា ​សហរដ្ឋអាមេរិក​មានបំណង​បង្ខំ​ឱ្យ​អឺរ៉ុប​ផ្លាស់ប្តូរ​ទៅ​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ ​ដែលមាន​តម្លៃ​ថ្លៃ​ជាង​នេះ​។លោក​និយាយថា អ្នក​ដែល​ចង់​កាត់​ផ្តាច់ទំនាក់ទំនង​រវាង​រុស្ស៊ី និង​សហភាព​អឺរ៉ុប គឺជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​នៃ​ការបំផ្លិចបំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream​។ ខណៈ​រុស្ស៊ី​នៅតែ​បូម​ឧស្ម័ន​ទៅកាន់​អឺរ៉ុប​តាម​ប្រទេស​អ៊ុយ​ក្រែ​ន ការផ្ទុះ​បំពង់​បង្ហូរ​ប្រេង​នៅ​សមុទ្រ​បាល់​ទិ​ក​បានធ្វើឱ្យ​ការខ្វះ​ថាមពល​ធ្ងន់ធ្ងរ​ ដែល​អឺរ៉ុប​ប្រឈម​មុខមុន​​រដូវ​រងា​នេះ​។ បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 មិនដែល​បាន​បញ្ជូន​ស្ម័ន​ធម្មជាតិ​ទៅកាន់​អឺរ៉ុប​នោះទេ ដោយសារ​ប្រទេស​អាល្លឺម៉ង់បាន​ទប់​ការបង្ហូរ​ចាប់តាំងពី​ដំបូង​ នៅមុន​ការវាយលុក​របស់​យោធា​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ថ្ងៃទី24 ខែកុម្ភៈ៕អត្ថបទ៖ ប៊ុនថន

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​តម្រង់​គោលដៅ​មាន​សមត្ថភាព​បំពាក់អាវុធ​នុយក្លេអ៊ែរ

2022/10/13 07:34:38 pm        482
​កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA របស់​កូរ៉េខាងជើង​បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​តម្រង់​គោលដៅ​យុទ្ធសាស្ត្រ ​រយៈ​ចម្ងាយ​ឆ្ងាយ​ចំនួន​ពីរ​គ្រាប់​កាលពី​ថ្ងៃ​ពុធ​។ ​យោងតាម​ការរាយការណ៍​របស់​ទីភ្នាក់ងារ KCNA​ បាន​ឲ្យ​ដឹងថា មេដឹកនាំ​កូរ៉េខាងជើងលោក Kim Jong Un ស្ថិតនៅ​ទីតាំង​បាញ់​សាកល្បង​នេះ ហើយ​បាន​និយាយថា ប្រទេស​របស់លោក​នឹង​ផ្តោតលើ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់ លើ​ការអភិវឌ្ឍន៍​ដែល​កំពុង​កើនឡើង​ និង​គ្មាន​ទីបញ្ចប់​របស់​កងក​ម្លាំ​ង​គ្រប់គ្រង​អាវុធ​ប្រយុទ្ធ​នុយក្លេអ៊ែរ​ជាតិ​។ ទីភ្នាក់ងារ KCNA និយាយថា មី​ស៊ី​ល​បាន​បាញ់​ចំ​គោលដៅ​នៅក្នុង​ចម្ងាយ ២០០០គីឡូម៉ែត្រ​។ រូបភាព​បានបង្ហាញ​ពី​ការបាញ់​មី​ស៊ី​លដែល​លោក Kim កំពុង​ពិនិត្យមើល ហើយ​លោក Kim បាន​ថតរូប​ជាមួយ​ក្រុម​ទាហាន និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុងការ​បាញ់​មី​ស៊ី​ល​។​​លោក Kim និយាយថា កងកម្លាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​ត្រៀមខ្លួន​ជាស្រេច ​សម្រាប់​សង្គ្រាម​ពិតប្រាកដ​ដើម្បី​ធ្វើ​ឲ្យ​សត្រូវ​ចុះ​ញ៉ម​។ លោក​និយាយថា​ ប្រព័ន្ធ​សព្វាវុធ​របស់​​កូរ៉េខាងជើង​មាន​ឥទ្ធិពលស៊ី​ប​គោលដៅ និង​ចល័ត​បាន​។ ការ​សាកល្បង​មី​ស៊ី​ល​ទាំងនេះ ជាការ​បញ្ជូន​ការព្រមាន​ដ៏​ច្បាស់លាស់​ទៅដល់​សត្រូវ​។ អាជ្ញាធរ​ទីក្រុង​ព្យុងយ៉ាងនិយាយ​ថា ការសាកល្បង​នេះ​គឺជា​ការព្រមាន​ទៅដល់​​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដែល​បានធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​រួមគ្នា រួមមាន​នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋអាមេរិក ដែល​កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​នេះ​ថា​មាន​គ្រោះថ្នាក់៕អត្ថបទ៖ ប៊ុនថន

លោកខាងលិច​បង្កើន​ការផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ការវាយប្រហារ​ ២​ថ្ងៃ​ជាប់​គ្នា​របស់​រុស្ស៊ី​

2022/10/13 06:43:32 pm        327
​អឺរ៉ុប៖ បណ្ដា​ប្រទេស​លោកខាងលិច​ជាង​ ៥០ បាន​ជួបគ្នា​នៅក្នុង​ទីក្រុង Brussels ដើម្បី​ប្ដេជ្ញា​បញ្ជូន​អាវុធ​ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន ពិសេស​ប្រព័ន្ធ​ការពារ​ដែនអាកាស បន្ទាប់ពី​រុស្ស៊ី​វាយប្រហារ​ដោយ​មី​ស៊ី​ល​បន្តបន្ទាប់​ច្រើន​បំផុត​ ចាប់តាំងពី​ការចាប់ផ្ដើម​នៃ​សង្គ្រាម​។ ​ក្រុម​រដ្ឋមន្ត្រី​ការពារជាតិ​សម្ព័ន្ធ​យោធា NATO បាន​ជួប​គ្នា​កាលពី​ថ្ងៃ​ពុធ ខណៈ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​សម្ព័ន្ធ​នេះ​ប្រឈម​បញ្ហា​ធំ​ចំនួន​២ ​នៃ​ការ​ប្រឹងប្រែង​ផលិត​ និង​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន ខណៈ​កំពុង​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​របស់​អឺរ៉ុប ដូចជា​បំពង់​បង្ហូរ​ប្រេង ឬ​ខ្សែ​កាប្លិ៍ ដែល​អាច​ថា​រុស្ស៊ី​ចង់​កម្ទេច​ចោល​ជា​ការ​សងសឹក​។​ នៅ​កិច្ចប្រជុំ​នៃ​ក្រុម​ទំនាក់ទំនង​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin បាន​និយាយ​ថា ការវាយប្រហារ​ចុង​ក្រោយ​របស់​រុស្ស៊ី​បាន​បង្ហាញ​ពី​ការ​ចង​គំនុំ និង​ភាព​សាហាវ​ឃោរឃៅ​ ចាប់​តាំងពី​ការ​វាយ​លុក​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៤ ​ខែ​កុម្ភៈ​។​ការវាយប្រហារ​របស់​រុស្ស៊ី​ដោយ​ប្រើ​មី​ស៊ី​ល​ជាង​ ១០០​គ្រាប់​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ២៦​នាក់​នៅ​ទូទាំង​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ នៅ​ពេល​ដែល​ប្រធានាធិបតី Vladimir Putin បញ្ជា​នូវ​អ្វី​ដែល​លោក​ហៅថា​ជា​ការ​វាយប្រហារ​សងសឹក​អ៊ុយ​ក្រែ​ន ចំពោះ​ការ​បំផ្ទុះ​ស្ពាន​ដ៏​សំខាន់​មួយ​ត​ភ្ជាប់​រុស្ស៊ី និង​តំបន់​ឧបទ្វីប Crimea ដែល​លោក​បាន​ស្ដីបន្ទោស​​លើ​ទីក្រុង Kyiv៕អត្ថបទ៖ សុខមាន

លោក Biden ដាក់​លក្ខខណ្ឌ​សម្រាប់​ជំនួប​ជាមួយ​លោក Putin នៅ​កិច្ចប្រជុំ​កំពូល​ G20

2022/10/13 06:11:31 pm        463
​អាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden និយាយថា លោក​គ្មាន​បំណង​ជួប​លោក Vladimir Putin នៅ​កិច្ចប្រជុំ​កំពូល G20​ ដែល​នឹង​មកដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អ៊ុយ​ក្រែ​ន​នោះ​ទេ លុះត្រាតែ​មេដឹកនាំ​រុស្ស៊ី​មក​រក​លោក​មុនដើម្បី​ពិភាក្សា បញ្ហា​ដូចជា​ការ​ដោះ​លែង​តារា​សហគមន៍​បាល់បោះ​ស្ត្រី​ថ្នាក់​ជាតិ​របស់​អាមេរិក​នាង Brittney Griner ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ជាប់ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ​ថ្លែង​ទៅកាន់​អ្នក​សម្របសម្រួល​កម្មវិធី​របស់​ទូរទស្សន៍ CNN លោក Jake Tapper លោក Biden បាន​ពិភាក្សា​បញ្ហា​ផ្សេង​ៗ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រុស្ស៊ី-​អាមេរិក និង​បាន​ថ្កោល​ទោស​ការ​គំរាម​របស់​លោក Putin ក្នុង​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ជម្លោះ​យោធា​ជាមួយ​អ៊ុយ​ក្រែ​ន​។ នៅ​ពេល​ត្រូវ​សួរ​ថា ​តើ​លោក​មានបំណង​ជួប​មេដឹកនាំ​រុស្ស៊ី​នៅ​កិច្ចប្រជុំ​ G20​ នៅ​ក្នុង​ខែ​វិច្ឆិកា​ដែរ​ទេ លោក Biden បាន​និយាយ​ថា មែនហើយ ​លោក​គ្មាន​បំណង​ជួប​លោក ​Putin ​ទេ។ ​ប៉ុន្តែ​ប្រសិនបើ​លោក Putin ដើរ​មក​រក​ខ្ញុំ​មុន​នៅ​កិច្ចប្រជុំ​កំពូល G20 ខ្ញុំ​ចង់​និយាយ​ពី​ការ​ដោះលែង​កីឡា​ការិនី Brittney Griner ខ្ញុំ​នឹង​ជួប​លោក​។ ​ខ្ញុំ​ចង់​បាន​ន័យ​ថា វា​អាស្រ័យ​ទៅ​លើ​មេដឹកនាំ​រុស្ស៊ី​។​លោក Biden ​និង​លោក Putin ពុំបាន​និយាយ​រកគ្នា​ដោយ​ផ្ទាល់​ ចាប់​តាំង​ពី​មុន​ពេល​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៤ ​ខែ​កុម្ភៈ​។ ​ចំណែក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov នៅ​សប្ដាហ៍​នេះ​បាន​និយាយ​ថា វិមាន​ក្រឹម​ឡាំង​នឹង​ពិចារណា​ជំនួប​នេះ ប៉ុន្តែ​មិនទាន់​ទទួល​បាន​សំណើ​ពី​ទីក្រុង Washington ​នៅឡើយ​ទេ​៕ អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធពង្រីកប្រព័ន្ធស្បៀង ឆ្លើយតបគ្រោះមហន្តរាយ

2022/10/13 06:05:56 pm        679
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹង និងពង្រីកប្រព័ន្ធស្បៀង ដើម្បីឆ្លើយតបបញ្ហាគ្រោះមហន្តរាយ ដែលកម្ពុជាបាន និងកំពុងជួបប្រទះស្ទើរជារៀងរាល់ឆ្នាំ ។យោងតាមសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣ តុលា ឆ្នាំ២០២២នេះ ក្រោមមូលបទ “រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់ នឹងគ្រោះមហន្តរាយ” សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ពិភពលោកកំពុងទទួលឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ បណ្ដាលឲ្យកើតមានគ្រោះមហន្តរាយធំៗជាច្រើន ខណៈកម្ពុជាស្ទើរជារៀងរាល់ឆ្នាំ បានរងប៉ះពាល់ពីទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត ។ដើម្បីឲ្យស្របតាមទស្សនវិស័យ នៃនយោបាយឈ្នះ ឈ្នះ! គឺឈ្នះសេដ្ឋកិច្ច ឈ្នះគ្រោះមហន្តរាយ សម្ដេចតេជោ បានអំពាវនាវពលរដ្ឋបន្តអនុវត្ត ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស, ស្ថាប័នពាក់ព័ន្ធត្រូវបន្តពង្រឹងសមត្ថភាព លើការយល់ដឹងអំពីហានិភ័យគ្រោះហន្តរាយ ដាក់តាមដានមុខសញ្ញាគ្រោះថ្នាក់ ព័ត៌មានព្យាករណ៍ និងប្រកាសព័ត៌មានជាមុនអំពីហេតុការណ៍ និងគ្រោះថ្នាក់ដែលអាចកើត មានដោយគ្រោះហន្តរាយ ។សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា “ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តពង្រឹង និងពង្រីកប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីធានាថាប្រជាជនរងគ្រោះ នឹងត្រូវបានដោះស្រាយបញ្ហាសន្តិសុខស្បៀង មានគ្រាប់ពូជសម្រាប់ស្តារការដាំដុះ និងមានសាច់ប្រាក់ បម្រុងដើម្បីដោះស្រាយតម្រូវការផ្សេងៗទៀត ដែលមិនមែនជាស្បៀងនិងគ្រាប់ពូជ” ។សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានភាពម្ចាស់ការ ធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, សម្រាប់វិនិយោគិន ធុរជន ម្ចាស់សហគ្រាស...[]...សូមវិភាជទុនបង្កើតប្រព័ន្ធការពារគ្រោះថ្នាក់ការងារ រៀបចំហេដ្ឋារចនាសម្ព័ន្ធធន់ បង្កើតទីសុវត្ថិភាព។ ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសម្របសម្រួលដឹកនាំការរៀបចំគោលនយោបាយ ជាតិស្តីពីកិច្ចទទួលខុសត្រូវផ្នែកសង្គម នៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ។ នាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួង ស្ថានប័នពាក់ព័ន្ធ ត្រូវសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយជំនាញ ដៃគូវិនិយោគ និងដៃគូអភិវឌ្ឍន បង្កើនសមត្ថភាព លើការងាគ្រប់គ្រងគ្រោះមហន្តរាយ ហើយត្រូវត្រួតពិនិត្យ និងរៀបចំផែនការត្រៀមបម្រុងរបស់ខ្លួន និងត្រូវត្រៀមបម្រុងនូវធនធាន មធ្យោបាយ និងសម្ភារៈក្នុងការជួយសង្រ្គោះពេលមានគ្រោះមហន្តរាយផ្តល់ការ ឧបត្ថម្ភគាំទ្រដល់ប្រជាជនដែលរងគ្រោះ និងស្តារឡើងវិញក្រោយគ្រោះមហន្តរាយ នៅក្នុងដែនសមត្ថកិច្ច នៃវិស័យរបស់ខ្លួន ៕ (ដោយ៖ បាន សុខរិទ្ធិ)

មន្ត្រីជាន់ខ្ពស់​ទីក្រុង Kiev និយាយថា រុស្ស៊ី​បាន​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​សង្គ្រាម​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន

2022/10/13 05:48:48 pm        545
​អ៊ុយក្រែន៖ រដ្ឋមន្ត្រីក្រសួង​ថាមពល​អ៊ុយ​ក្រែ​ន​លោក German Galushchenko បាន​ប្រាប់​ទូរទស្សន៍ ​CNN ថា ប្រហែល ៣០% នៃ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​ន​ត្រូវបាន​បំផ្លិចបំផ្លាញ បន្ទាប់ពី​ការ​វាយ​ប្រហារ ​២​ថ្ងៃ​ជាប់ៗ​គ្នាដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី។ ទីក្រុង Moscow បាន​ហៅ​ការវាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​ថា ​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​របស់​អ៊ុយ​ក្រែ​ន​មក​លើ​ទឹកដី​រុស្ស៊ី​។ យោងតាម​បណ្តាញ​ព័ត៌មាន​សហរដ្ឋអាមេរិក មន្ត្រី​ជាន់​ខ្ពស់​អ៊ុយ​ក្រែ​ន​រូបនេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​វា​ជា​លើកដំបូង​ហើយ​ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​នៃ​សង្គ្រាម​ ដែល​បាន​ជួបប្រទះ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​លោក។ ​លោក​បាន​វាយ​តម្លៃ​ថា អឺរ៉ុប​ក៏បាន​រង​ផល​ប៉ះពាល់​ដែរដោយសារ​សង្គ្រាម​តំណាង​នេះ ព្រោះ​ទីក្រុង Kiev បាន​ផ្អាក​ការនាំចេញ​ថាមពល​អគ្គិសនី​។ ​លោក Galushchenko បាន​បញ្ជាក់​ថា អ៊ុយ​ក្រែ​ន​ជួយ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុបដើម្បី​សង្គ្រោះ​លើ​ការ​ផ្គត់ផ្គង់​ឧស្ម័ន និង​ធ្យូងថ្ម​របស់​រុស្ស៊ី និង​ចង់​ត​ភ្ជាប់​វិញ​ឲ្យ​បាន​ឆាប់​ពី​ប្រភព​ផ្សេងទៀត​។​មេបញ្ជាការ​កងទ័ព​ទើប​ត្រូវ​បាន​តែង​តាំង​ថ្មី​នៃ​កងកម្លាំង​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន លោក Sergey Surovikin កំពុង​ព្យាយាម​បង្ហាញ​លទ្ធផល​ឲ្យ​បាន​លឿន​ដល់​លោក Vladimir Putin ដោយ​ការ​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ប្រធាន​ចារកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​រាយការណ៍​ថា នេះ​គឺជា​របៀប​បំពេញការងារ​របស់​មេ​បញ្ជាការ​ថ្មី​រូប​នេះ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ៖ អាស៊ានជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យយើងរួមគ្នាខិតខំ ក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន

2022/10/13 05:27:53 pm        447
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យយើងរួមគ្នាខិតខំ ក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាជាតិរបស់យើង ជាពិសេសយុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និងការយល់គ្នាទៅវិញទៅមក។ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ប្រកាសថា ដើម្បីសម្រេចបាន «ចក្ខុវិស័យមួយ,អត្តសញ្ញាណមួយ និងសហគមន៍មួយ» ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមធ្វើ៖ ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា»។សម្តេចតេជោ ហ៊ុន សែន បន្តថា ដោយសារការរួមគ្នា, ការទទួលបានជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ-១៩ បានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា(អាស៊ាន)អាចចាប់ផ្តើមឡើងវិញ នូវដំណើរការសេដ្ឋកិច្ច និងសង្គមពេញលេញ ព្រមទាំងជំរុញអនុវត្តយុទ្ធសាស្ត្រានានា សម្រាប់ស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដើម្បីស្តារសេដ្ឋកិច្ចសង្គមតំបន់អាស៊ាន ប្រកបដោយភាពធន់ និងចីរភាព អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍមូលធនមនុស្សតាមរយៈ ការធ្វើឌីជីថលូបនីយកម្ម,ការអភិវឌ្ឍសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម និងពង្រឹងវិស័យអប់រំ និងជំនាញ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបន្តពង្រឹងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន គឺជាកិច្ចការអភិភាពដ៏សំខាន់មួយ ដែលនឹងជួយលើកកម្ពស់ការយល់ដឹងពីគុណតម្លៃ និងអត្តសញ្ញាណអាស៊ាន ក្នុងស្រទាប់យុវជន ព្រមទាំងពង្រឹងតួនាទីយុវជនក្នុងការចូលរួមកសាងសហគមន៍អាស៊ានប្រកបដោយការទទួលខុសត្រូវ៕

មហាសន្និបាត​អង្គការសហប្រជាជាតិ​ថ្កោលទោស​ការ​ដាក់​ដែនដី​អ៊ុយ​ក្រែ​ន​ទៅ​ក្នុង​ឧប​សម្ព័ន្ធ​របស់​រុស្ស៊ី

2022/10/13 05:14:20 pm        578
​UN៖ មហាសន្និបាត​អង្គការសហប្រជាជាតិ​ថ្កោលទោស ការប៉ុនប៉ង​ការ​បញ្ចូល​ក្នុង​ឧប​សម្ព័ន្ធ​ដោយ​ខុស​ច្បាប់​របស់​រុស្ស៊ី​នៃ​តំបន់​ចំនួន​៤​ របស់​អ៊ុយ​ក្រែ​ន​ដោយ​សំឡេង​គាំទ្រ​ ១៤៣ ទល់នឹង ៥​​។​ ​មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត ​ថ្កោលទោស​ការប៉ុនប៉ង​ដាក់បញ្ចូល​ទៅ​ក្នុង​ឧប​សម្ព័ន្ធ​ដោយ​ខុសច្បាប់​នៃ​តំបន់​ចំនួន​៤ ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ផ្នែក​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ជំរុញ​បណ្ដា​ប្រទេស​កុំ​ឲ្យ​ទទួលស្គាល់​សកម្មភាព​នេះ​។ ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ពុធដោយមាន​សំឡេង​ ៣​ភាគ​៤ នៃ​សមាជិក​មហាសន្និបាត​ចំនួន ​១៩៣ប្រទេស ក្នុង​នោះ​មាន ​១៤៣​ប្រទេស​បាន​គាំទ្រ​សេចក្ដី​សម្រេច​មួយ ដែល​បាន​បញ្ជាក់​ឡើងវិញ​ផង​ដែរ​ពី​អធិបតេយ្យភាព ឯករាជ្យ ឯកភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ព្រំដែន​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​។​ប្រទេស​ចំនួន​៤ ដែល​បាន​ចូលរួម​ជាមួយ​រុស្ស៊ី ក្នុង​ការ​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ​មាន​ស៊ី​រី, នី​កា​រ៉ា​ហ្គ័​រ, កូរ៉េខាងជើង និង​បេឡា​រុស។ ​ប្រទេស​ចំនួន ​៣៥​ទៀត​អនុបវាទ​រួមមានចិន, ឥណ្ឌា, អាហ្វ្រិក​ខាងត្បូង និង​ប៉ា​គី​ស្ថាន​ផងដែរ ហើយ​ប្រទេស​នៅ​សល់​ផ្សេងទៀត​ពុំបាន​បោះ​ទេ​៕អត្ថបទ៖ សុខមាន

រដ្ឋសភានឹងប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែតុលា ស្អែកនេះ

2022/10/13 04:50:29 pm        319
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។អង្គប្រជុំក៏បានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី ដោយមានរបៀបវារៈ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM
លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM