សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

លោក Biden និយាយ​ថា លោក Putin គណនា​ខុស​ទាំងស្រុង​ពី​សមត្ថភាព​របស់​រុស្ស៊ី​ក្នុង​ការ​ចូលកាន់​កាប់​អ៊ុយ​ក្រែ​ន

2022/10/12 05:45:42 pm        487
អាមេរិក៖ ​លោក Joe Biden បាន​និយាយ​ថា ​លោក​ជឿ​ថា ​លោក Vladimir Putin គឺជា​តួ​អង្គ​មានការ​ពិចារណា​លើ​ហេតុផល ដែល​បាន​យល់​ខុស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​កាន់កាប់​អ៊ុយ​ក្រែ​ន​។ ​លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន CNN ក្នុង​ការ​អត្ថាធិប្បាយ​ដែល​បាន​ចេញ​ផ្សាយ​មុន​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​ដ៏​កម្រ​កាលពី​ថ្ងៃ​អង្គា​រថា លោក​ជឿ​ថា ​សម​ភាគី​រុស្ស៊ី​របស់​លោក​បាន​មើលស្រាល​លើ​កម្លាំង​តតាំង​របស់​អ៊ុយ​ក្រែ​ន ក្នុង​ការ​ប្រឈម​នឹង​ការឈ្លានពាន​។ លោក Biden ​បាន​និយាយ​ថា ខ្ញុំ​គិត​ថា លោក Putin គិត​ថា ​លោក​នឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​បើក​ចំហ​ថា​ នេះ​គឺជា​ប្រទេស​កំណើត​របស់​រុស្ស៊ី​នៅ​ទីក្រុង Kyiv ហើយ​ជា​កន្លែង​ដែល​លោក​នឹង​ត្រូវ​បាន​ស្វាគមន៍ ហើយ​ខ្ញុំ​គិត​ថា ​លោក Putin គណនា​ខុស​ទាំងស្រុង។​គួរ​រម្លឹក​ថា កាលពី​សប្ដាហ៍​មុន​លោក Biden បាន​ព្រមាន​ថា ​ពិភពលោក​កំពុង​ប្រឈម​នឹង​សង្គ្រាម​នុយក្លេអ៊ែរ ក្នុង​ការ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​ខុស​ពី​ធម្មតា អំពី​គ្រោះថ្នាក់​បង្កឡើង​ដោយ​ការ​គំរាម​ដោយ​បើកចំហ​របស់​លោក Putin ​ថា ​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ​ដើម្បី​ជួយ​ការប៉ុនប៉ង​ដណ្ដើម​យក​ដែនដី​ដ៏​ច្រើន​របស់​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

ក្រុមគ្រួសារ​លាមនុស្ស​ជាទី​ស្រឡាញ់​ចុងក្រោយ​ក្នុង​ពិធី​បូជាសព​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​សម្លាប់​រង្គាល​ក្នុង​ប្រទេស​ថៃ​

2022/10/12 05:09:53 pm        495
​ថៃ៖ ក្រុម​អ្នក​កាន់ទុក្ខ និង​សមាជិក​ក្រុម​គ្រួសារ​ជនរងគ្រោះ​រាប់រយ​នាក់បាន​ជួបជុំគ្នា​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ដើម្បី​មើល​អណ្ដាតភ្លើង​កំពុង​ឆាប់​ឆេះ​យ៉ាង​សន្ធោសន្ធៅ ​ចេញពី​ឡ​បណ្ដោះអាសន្ន​តម្រៀប​ជា​ជួរ​នៅ​ពិធី​បូជាសព​កុមារ​តូច​ៗ និង​អ្នក​ផ្សេងទៀត​ដែល​បាន​ស្លាប់​ក្នុង​ការ​បាញ់សម្លាប់​ដ៏​រង្គាល នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​នៅ​តំបន់​ជនបទ​ភាគ​ឦសាន​របស់​ប្រទេស​ថៃ​។ ​ក្រុម​គ្រួសារ​បាន​លា​ចុងក្រោយ​នៅ​ឯ​វត្ត​ពុទ្ធសាសនា​មួយ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​តូច​ក្នុង​ទីក្រុង Uthai Sawan ជាទី​ដែល​អតីត​មន្ត្រី​នគរបាល​ម្នាក់​ដែល​បាន​ត្រូវ​បាន​បណ្ដេញ​ចេញពី​ការងារ ​កាលពីដើម​ឆ្នាំនេះ​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន បាន​សម្រុកចូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ហើយ​បើក​ការ​បាញ់​ប្រហារ ​និង​ចាក់​ដោយ​កាំបិត​លើ​ក្រុម​កុមារ​ និង​អ្នក​មើលថែ​របស់​ពួកគេ​។​​ព្រះ​ចៅ​អធិការ​វត្ត Rat Samakee ព្រះនាម Phra Kru Adisal Kijjanuwat បាន​មាន​ព្រះ​ថេរ​ដីកា​ថា ពិធី​បូជាសព​សម្រាប់​ជនរងគ្រោះ​ភាគច្រើន​ត្រូវ​បាន​ធ្វើឡើង​រួមគ្នា ​ដើម្បី​កុំ​ឲ្យ​ក្រុម​គ្រួសារ​ត្រូវ​ចំណាយ​ពេល​រង់ចាំ​យូរ​ក្នុង​បំណង​ឲ្យ​បញ្ចប់​ព្រម​គ្នា​។ ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ សាកសព​កុមារ​តូច​ភាគច្រើនត្រូវ​បាន​ស្លៀកពាក់​ជា​វេជ្ជបណ្ឌិត កងទ័ព ឬ​អវកាសយានិក ជា​អ្វី​ដែល​ពួកគេ​ស្រមៃ​ចង់​ធ្វើ​នៅ​ពេល​ធំ​ឡើង មុន​ពេល​សាកសព​ពួកគេ​ត្រូវ​បូជា​នៅ​ពេល​ល្ងាច​ថ្ងៃ​ដដែល​នោះ​៕អត្ថបទ៖ សុខមាន

លោក Zelenskyy ស្នើសុំ​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស ​ខណៈ​ក្រុម​ប្រទេស G7 ប្ដេជ្ញា​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​

2022/10/12 04:44:23 pm        466
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​អំពាវនាវ​ដល់​បណ្ដា​មេដឹកនាំ​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 សម្រាប់​លទ្ធភាព​ការពារ​ដែនអាកាស​បន្ថែម​ទៀត ខណៈ​ក្រុម​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បំផុត​របស់​ពិភពលោក​ ប្ដេជ្ញា​បន្ត​គាំទ្រ​ទីក្រុង Kyiv គ្មាន​ការផ្លាស់ប្ដូរ​។ ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​របស់​បណ្ដា​មេដឹកនាំ​ទាំងនោះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ មួយថ្ងៃ​បន្ទាប់​ពី​មី​ស៊ី​ល​បាញ់​ស្រោច​ទៅលើ​ទីក្រុង​នានា​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​រដ្ឋធានី Kyiv លោក Zelenskyy បាន​ឆ្លើយតប​ដោយ​ការ​អំពាវនាវ​ដល់​បណ្ដា​មេដឹកនាំ G7 ឲ្យ​ផ្ដល់​ប្រព័ន្ធ​ខែល​ការពារ​ដែន​អាកាស​ ដើម្បី​បញ្ឈប់​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​។ ​លោក​បាន​និយាយ​ក្នុង​សន្ទរកថា​តាម​វីដេអូ ខណៈ​ព្រមាន​ថា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​នៅតែ​មានឱកាស​សម្រាប់​ការពង្រីក​សង្គ្រាម​ ខ្ញុំ​កំពុង​ស្នើ​ដល់​អ្នក​គ្រប់គ្នា​ឲ្យ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា ​ដើម្បី​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។ មនុស្ស​រាប់​លាន​នាក់​នឹង​ដឹងគុណ​ជំនួយ​របស់​ប្រទេស​ទាំង​៧។​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដែល​បាន​បញ្ចេញ​នៅ​ពេល​ចប់​កិច្ចប្រជុំ​នេះ បណ្ដា​ប្រទេស G7 មាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង ជប៉ុន ចក្រភព​អង់គ្លេស អ៊ីតាលី និង​កាណាដា​បាន​សន្យា​បន្ត​ផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ជំនួយ​មនុស្សធម៌ យោធា ការទូត និង​ការ​គាំទ្រ​ខាង​ផ្លូវច្បាប់​ចំពោះ​អ៊ុយ​ក្រែ​ន ដរាប​ណា​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​នៅតែ​បន្ត​៕ អត្ថបទ៖ សុខមាន

ក្រសួងផែនការផ្សព្វផ្សាយ នីតិវិធីកំណត់អត្តសញ្ណាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ

2022/10/12 04:33:51 pm        396
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងផែនការ បានបើកពិធីប្រកាសផ្សព្វផ្សាយ ដាក់អោយប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ណាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ។កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត៕

មេធាវីបារាំងការពារក្តីសម្តេចតេជោ ហ៊ុន សែន ៖សំអាងហេតុ និងការលើកឡើងដោយ សម រង្ស៉ី មិនមានការពិតឡើយ

2022/10/12 02:48:05 pm        828
ភ្នំពេញ៖ មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា សំអាងហេតុ និងអ្វីដែលលើកឡើងដោយ សម រង្ស៉ី មិនមានការពិតនោះឡើយ។សាលក្រមតុលាការបារាំងលើសំណុំរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន ប្រកាសថា “ការចោទប្រកាន់ថា សម្តេច ហ៊ុន សែន ជាអ្នកបង្គាប់បញ្ញាឱ្យមានការធ្វើឃាត ដែលមានចរិតនយោបាយទាំង២ករណីខាងលើ និងថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (សម្តេច ហ៊ុន សែន) (...)។ ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថាជាការបរិហាកេរ្តិ៍សម្តេច ហ៊ុន សែន(...)”។ខ្លឹមសារសាលក្រមតុលាការប្រទេសបារាំងបញ្ជាក់ថា ចំពោះការពន្យល់ និងឯកសារដែលផ្ដល់ដោយលោក សម រង្ស៉ី សាលាដំបូងយល់ឃើញថា ការពន្យល់ និងឯកសារ ពុំមានធាតុផ្សំជាក់លាក់ណាមួយបង្ហាញគាំទ្រការអះអាងរបស់ សម រង្ស៉ី ថា មូលហេតុនៃឧប្បទ្ទវហេតុ គឺដោយសារការបំផ្ទុះគ្រាប់បែក។ក្រុមមេធាវីបារាំងការពារក្តីសម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា សាលាដំបូងបារាំង បានកត់សំគាល់ថា អត្ថបទសារព័ត៌មានដែលផ្សព្វផ្សាយថា ឧទ្ធម្ភាគចក្រមានប្រព័ន្ធការពាររន្ទះ ដែលជាការសន្មត់នេះចង់សំដៅថា ឧទ្ធម្ភាគចក្រ ដែល ហុក ឡង់ឌី ជិះ មានប្រព័ន្ធការពាររន្ទះដូចគ្នា មានលក្ខណៈទូទៅខ្លាំងពេក មិនអាចយកមកបញ្ជាក់ ឬ បដិសេធ ការអះអាងរបស់អាជ្ញាធរកម្ពុជា ចំពោះឧបទ្ទវហេតុមួយនេះទេ។ក្រុមមេធាវីបារាំងការពារក្តីសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តុលាការបានចាត់ទុក សម រង្ស៉ី ថាមានមូលដ្ឋានអង្គហេតុ តិចតួចបំផុត ក្នុងការគាំទ្រការចោទប្រកាន់របស់ខ្លួន។ ត្រង់ចំណុចនេះ តាមច្បាប់មូលដ្ឋានបញ្ជាក់ក្នុងអង្គហេតុត្រូវតែមានគ្រប់គ្រាន់ ក៏ប៉ុន្តែ ជាក់ស្តែងគ្មានមូលដ្ឋានអង្គហេតុទាល់តែសោះ។

ការសម្រេចនៅក្នុងសាលក្រមរបស់សាលាដំបូងទីក្រុងប៉ារីស នៃបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន លើ សម រង្ស៊ី

2022/10/12 02:13:01 pm        683
ភ្នំពេញ៖​ សេចក្តីប្រកាសព័ត៌មានស្តីពីការសម្រេចនៅក្នុងសាលក្រម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់សាលាដំបូងទីក្រុងប៉ារីស នៃបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន លើ សម រង្ស៊ី។សូមអានខ្លឹមសារទាំងស្រុង ដួចខាងក្រោមនេះ៖

ពីថ្ងៃទី១១-២០ ខែតុលា ប្រេងសាំងធម្មតានៅរក្សាតម្លៃដដែល, ប្រេងម៉ាស៊ូតឡើង ៤៥០រៀល ធៀបនឹងសន្ទស្សន៍ចាស់

2022/10/11 06:19:58 pm        353
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១១-២០ ខែតុលា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.២៥០រៀល/លីត្រ(តម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.១៥០រៀល/លីត្រ(ឡើង ៤៥០រៀល។

ព្រឹទ្ធសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន

2022/10/11 05:42:52 pm        277
ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដោយសេចក្តីអនុម័តនេះក្រោមសំឡេង៥៥ លើ៥៥ នៃសមាជិកព្រឹទ្ធសភាដែលបានចូលរួមនៃកិច្ចប្រជុំ។ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំលើកទី៩នីតិកាលទី៤នៃព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះ គឺមានអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ដោយសារតែច្បាប់នេះ គឺនឹងបើកទូលាយចំពោះអ្នកវិនិយោគបរទេសមកកម្ពុជាឲ្យកាន់តែច្រើន ហើយក៏នឹងផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនបន្ថែមទៀតផងដែរ។ ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់បន្ថែមទៀតថា ក្រោយសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះរួជាស្ថាពរ កិច្ចការរកស៊ីរបស់អ្នកវិនិយោគក៏ផ្តល់ភាព ងាយស្រួល ហើយក៏អាចកាត់បន្ថយបងប្អូនប្រជាពលរដ្ឋចំណាក់ស្រុកទៅក្រៅប្រទេសផងដែរ៕(ដោយ៖ បាន ចក់)

សម្តេចតេជោ ហ៊ុន សែន ពេញចិត្តដែលតុលាការបារាំងចេញសាលក្រមជូនសម្តេចដោយយុត្តិធម៌

2022/10/11 05:30:42 pm        293
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់តុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ពីការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ជនម្នាក់ឈ្មោះ សម រង្ស៊ី ដោយសម្តេចបញ្ជាក់ថា «ទៅពីខ្មែរដល់បារាំង ខ្ញុំចង់បានតែប៉ុណ្ណឹង»។ថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅមជ្ឈមណ្ឌលសន្និបា តនិងពិព័រណ៌អន្តរជាតិជ្រោយចង្ វានាព្រឹកថ្ងៃទី ១១តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឆ្លៀតលើកយកការដែលតុលាការក្រុងប៉ារីសប្រទេសបារាំង បានចេញសាលក្របផ្តល់នូវយុត្តិធម៌ជូនសម្តេច ការដែល លោក សម រង្ស៊ី បានមួលបង្កាច់ចោទប្រកាន់សម្តេចថា បាននៅពីក្រោយការធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ នាយឧត្តមសេនីយ៍ ហុក ឡងឌី ។សម្តេចបញ្ជាក់ថា សម្តេចចង់បានតែបណ្ណឹង គឺភាពស្អាតស្អំ ចេញដោយតុលាការបារាំងយ៉ាងដូច្នេះ ហើយបើទោះបីតុលាការបារាំងផ្តល់មិនដាក់ទោសទណ្ឌ លោក សម រង្ស៊ី ដោយផ្តល់ភាពអនុគ្រោះក៏ដោយ ប៉ុន្តែសម្តេចក៏នឹងមិនប្តឹងឧទ្ទរទៀតទេ គឺសម្តេចចង់បានតែបណ្ណឹង ប៉ុន្តែបើទណ្ឌិត សម រង្ស៊ី មិនសុខចិត្តប្តឹងឧទ្ធរណ៍សម្តេចនឹងតាមកំដរដល់ទីបញ្ចប់។សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការ២ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ។ការសម្រេចដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះបំផ្លើសការពិតដោយចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា។ពាក់ព័ន្ធនឹងករណីនេះ លោក សម រង្សី ត្រូវបានតុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានលើកសម្អាងហេតុដោយបញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU)

2022/10/11 04:59:56 pm        491
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ។ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅព្រឹកនេះ រួមមាន៖ ថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ នាក់ មាននារី ១,១៣៩នាក់។ ក្នុងនោះ មានព្រះសង្ឃ ២៩អង្គ, និស្សិតពិការចំនួន ៣០ នាក់ នារី ៩នាក់ និងនិស្សិត​អាហារូបករណ៍​របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១៤៤នាក់ នារី៥៣នាក់។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់តុលាការកំពូល ដែល​បាន​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារលោកស្រី ទេព កុលាប និងគ្រួសារ កាលពី១០ឆ្នាំមុន ដែលជាការចាប់ផ្តើម នៃ​ការ​រីក​ចម្រើន នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) មកដល់បច្ចុប្បន្ននេះ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីសង្គ្រោះលោកស្រីទេព កុលាប លោកជំទាវ ហ៊ុន​ ម៉ាណា បានប្រើប្រាស់លុយជាង២លានដុល្លារសហរដ្ឋអាមេរិកទុកសម្រាប់ប្រើប្រាស់ធ្វើទំនើបកម្ម និង​ទប់កំខាតទូរទស្សន៍បាយ័នទៅជួយលោកស្រីកទេព កុលាប ដើម្បីសងទៅលោកឧកញ៉ា កុក អាន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសហៅខ្លួនឯងថា ជាបុរសចិត្តដែក តែភ្នែកទន់។ សម្តេច​បញ្ជាក់​ថា «លោកមិនអាចឈរមើលរឿងអយុត្តិធម៌កើតឡើងបានឡើយ ក្នុងនោះមាន​រឿង​រប​ស់​លោក​ស្រីទេព កុលាប និងក្រុមគ្រួសារផងដែរ»។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះយើងមិនមានរៀបចំ ព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិនៅឆ្នាំនេះក៏ពិតមែន តែតាមបណ្តាខេត្ត និងមូលដ្ឋាននានាទូទាំងប្រទេស ចាប់ផ្តើមនាំគ្នារៀបចំការប្រណាំងទូក និងកម្មវិធីកម្សាន្តនានា ផ្តល់ការកម្សាន្តសប្បាយរីករាយដល់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីកិច្ចខិតចំប្រឹងប្រែង និងការត្រៀមរៀបចំ កិច្ច​ប្រជុំ​កំពូល​អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ និងជាមោទកភាពសម្រាប់ជាតិខ្មែរទាំងមូល។- សម្តេចតេជោ ហ៊ុន​ សែន បានផ្តល់អនុសាសន៍ដល់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា(ស្តាប់ហើយត្រូវអនុវត្តន៍ភ្លាម) ពាក់ព័ន្ធ​ការ​ផ្លាស់ប្តូរ​ទី​កន្លែង​របស់ឪពុកម្តាយ អាណាព្យាបាលក្មេងៗ ឬសិស្សានុសិស្ស ត្រូវ​ប្រាកដថា​ទោះ​ពួក​គាត់​ចល័ត​ដល់​ទីណាក៏ដោយ ត្រូវឱ្យពួកគេទទួលបានការអប់រំ បណ្តុះបណ្តាល។- សម្តេចតេជោ ហ៊ុន ​សែន បានប្រកាសដោយសម្តែងមោទកភាព និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការចូលរួមរបស់វិស័យឯកជន វិនិយោគលើការអប់រំ បណ្តុះបណ្តាល គ្រប់កម្រិត ដែលជាការធានា និងចូលរួមជាមួយរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលធនធានមនុស្ស។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សា ទាំងអស់សូមផ្តោតសំខាន់ និង​កុំបោះបង់​ចោល​ការ​បណ្តុះបណ្តាល​លើ​វគ្គ​ជំនាញ​ (បណ្តុះបណ្តាលលើឯកទេស ឬជំនាញ)ព្រោះវគ្គទាំងនោះ មានសារសំខាន់ និងជាតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបញ្ចប់មុងតំណែងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺធ្វើឡើងស្របតាមតាមមាត្រ នៃច្បាប់របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានហៅក្រុមអ្នករិះគន់ពាក់ព័ន្ធការបញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាមនុស្សល្ងង់ ខ្វះការ​សិក្សា​ស្រាវជ្រាវ។- សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ថា ការបញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន មិន​មាន​អ្វី​ធ្ងន់​ធ្ងរ​នោះទេ គ្រាន់តែធ្វើមិនបានដូចអ្វីដែលសម្តេចចង់បានតែប៉ុណ្ណោះ ហើយ​សម្តេច​ក៏​បាន​ទូល​ព្រះមហាក្សត្រ​រួចហើយដែរ ដើម្បីតែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អ្នករៀបរៀងភាពយន្តជីវប្រវត្តិសម្តេចក្នុងសម័យតស៊ូ សូមធ្វើឱ្យផ្ចិតផ្ចង់ កុំខ្ជះខ្ជាយ និងឱ្យត្រឹមត្រូវ តាមភាពជាក់ស្តែងសម័យនោះ ព្រោះប្រវត្តិសាស្ត្រមិនអាចបំភ្លៃបានឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ភាពយន្តប្រវត្តិសាស្ត្ររៀបរាប់ពីការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យសង្គ្រាម គ្រោងប្រើប្រាស់ថវិកាប្រមាណ ៦លានដុល្លារសហរដ្ឋអាមេរិក ដែល​ថវិកាទាំងនោះ គឺជាថវិកាផ្ទាល់ខ្លួន ដោយមិនមាន​ប្រើប្រាស់​ថវិកា​រដ្ឋ​មួយ​កាក់​មួយ​សេន​ណាឡើ​យ។- សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដល់នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទឲ្យរឹតបន្តឹងការការពារសន្តិសុខឲ្យខ្ពស់បំផុត(ផ្លូវគោក, ផ្លូវទឹក និងអាកាស) ដើម្បីការពារសន្តិភាព សុវត្ថិភាពដល់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន និងប្រទេសផ្សេងទៀតដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញនាខែវិច្ឆិកាខាងមុខនេះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់តុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ពីចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ជនម្នាក់ឈ្មោះ សម រង្ស៊ី ដោយសម្តេចបញ្ជាក់ថា «ទៅពីខ្មែរដល់បារាំង ខ្ញុំចង់បានតែប៉ុណ្ណឹង»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនប្តឹងឧទ្ធរណ៍ទៅតុលាការបារាំងដោយសារការមិនទទួលបានប្រាក់សំណង ១អឺរ៉ូពីជនម្នាក់ឈ្មោះ សម រង្ស៊ី ឡើយ ព្រោះអ្វីដែលសម្តេចទទួលបាន គឺយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការបារាំង គឺគ្រប់គ្រាន់ជាទីពេញចិត្តហើយ។- សម្តេចតេជោ ហ៊ុន​ សែន ប្រកាសជំហរជាអន្តរជាតិរបស់កម្ពុជាមិនគាំទ្រ មិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់កម្លាំង ដើម្បីរំលោភបំពានលើអធិបតេយ្យភាពប្រទេសផ្សេងឡើយ ដោយសម្តេចចោទជាសំនួរថា «បើគេរំលោភបំពានលើយើង តើយើងគិតយ៉ាងម៉េច..?»សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង៥១នាទី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM
លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM