សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

ចិន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​ប្រៀប​ធៀប​ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន និង​កោះ​តៃវ៉ាន់​

2022/09/29 10:15:44 pm        775
​ចិន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កោះ​តៃវ៉ាន់​គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​ចិន ហើយ​ការប៉ុនប៉ង​ចូល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន គឺជា​រឿង​មិន​សម​ហេតុផល​។ លោក​ក៏បាន​រិះគន់​អនុ​ប្រធានាធិបតី​អាមេរិក​លោកស្រី Kamala Harris ផង​ដែរ​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក​ស្រី​ដែល​ថា ​ទីក្រុង Washington ចង់​បង្កើន​ទំនាក់ទំនង​របស់​ខ្លួន​បន្ថែម​ទៀត​ជាមួយ​កោះ​នេះ​។ ​លោក Wang បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ បន្ទាប់ពី​អ្នកសារព័ត៌មាន AFP បាន​សួរ​ថា ​ហេតុអ្វី​បានជា​ទីក្រុង​ប៉េកាំង​មិន​ថ្កោលទោស​លើ​ប្រទេស​រុស្ស៊ី​ជុំវិញ​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន ហើយ​ថា ​តើ​នឹង​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្ដាច់ខ្លួន ​ឬ​អត់​។​ លោក Wang បាន​បន្ថែម​ថា ការ​បំភាន់​បែប​នេះ​នឹង​រំលោភ​ដល់​គោលការណ៍​នៃ​ការ​គោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​មួយ និង​ជ្រៀតជ្រែក​ទាំង​ស្រុង​ធ្ងន់ធ្ងរ​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ អ្នក​ទាំងឡាយ​ដែល​សង្ឃឹម​ថា​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​ជម្លោះ​អ៊ុយ​ក្រែ​ន និង​ស្វែងរក​លេស​សម្រាប់​ឯករាជ្យ​តៃវ៉ាន់ ទីបំផុត​នឹង​មិន​មាន​ផ្លូវ​ដើរ​នោះ​ទេ​។ លោក​បាន​ទទូច​ថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មិន​អាច​កាត់​ផ្តាច់​បាន​រប​ស់​ចិន ហើយ​បញ្ហា​កោះ​តៃវ៉ាន់​គឺ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ។ បញ្ហា​កោះ​តៃវ៉ាន់ និង​អ៊ុយ​ក្រែ​ន​គឺ​ដាច់ដោយឡែក​ពី​គ្នា ​និង​មិន​អាច​យក​មក​ប្រៀបធៀប​គ្នា​បាន​ឡើយ៕អត្ថបទ៖ សុខមាន

បាតុកម្ម​នៅ​ព្រំដែន​ប្រទេស​ហ្ស​ក​ហ្ស៊ី ខណៈ​ប្រជាជន​រុស្សី​មកដល់គេច​ពី​ការ​កេណ្ឌ​កងទ័ព​

2022/09/29 09:35:30 pm        753
​ហ្សកហ្ស៊ី៖ ក្រុមអ្នកតវ៉ា​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ច្រក​ឆ្លងកាត់​ព្រំដែន​ប្រទេស​ហ្ស​ក​ហ្ស៊ី​-​រុស្ស៊ី នៅ​ទីក្រុង ​Larsi កាលពី​ថ្ងៃ​ពុធ ខណៈ​ជួរ​ដ៏​វែង​នៃ​ពលរដ្ឋ​រុស្ស៊ី​បាន​បន្ត​មកដល់​ព្រំដែន​។​ ​ក្រុមអ្នកតវ៉ា​នៅក្នុង​ក្បួន​ធ្វើដំណើរ​ពី​ទីក្រុង Tbilisi ប្រទេស​ហ្ស​ក​ហ្ស៊ី ដើម្បី​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​ពួកគេ​ ចំពោះ​ការជម្លៀស​ពលរដ្ឋ​រុស្ស៊ី​មកកាន់​ប្រទេស​ហ្ស​ក​ហ្ស៊ី ដែល​បាន​កើនឡើង​ចាប់តាំងពី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រកាស​ពី​ការ​កេណ្ឌ​កងទ័ព​មួយផ្នែក​កាលពី​ថ្ងៃទី២១ ខែកញ្ញា​។​ ​មន្ត្រី​ម្នាក់​បាន​និយាយថា យើង​ជឿថា​ ការធ្វើ​អន្តោប្រវេសន៍​បែបនេះ​ពី​ប្រទេស​រុស្ស៊ី​មក​ក្នុងប្រទេស​ហ្ស​ក​ហ្ស៊ី បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ សេដ្ឋកិច្ច និង​ស្ថិរភាព​ជាទូទៅ​របស់​ហ្ស​ក​ហ្ស៊ី។​ ​ការចាកចេញ​ដ៏​ច្រើន​របស់​បុរស មាន​ម្នាក់ឯង ឬ​ជាមួយ​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​របស់​ពួកគេបាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី២១ ខែកញ្ញា ភ្លាមៗ​បន្ទាប់ពី​សុន្ទរកថារបស់លោក​ ពូទីន ​ទៅកាន់​ប្រជាជាតិ ហើយ​បាន​បន្ត​ពេញ​មួយ​សប្តាហ៍​នេះ​។ ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ Yandex Maps ​បាន​ឲ្យ​ដឹងថា ការកកស្ទះ​ចរាចរណ៍​ដែល​ឆ្ពោះ​ទៅដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ Verkhny Lars ជា​ព្រំដែន​ឆ្លងកាត់​ចូលទៅក្នុង​ប្រទេស​ហ្ស​ក​ហ្ស៊ីពី​តំបន់ North Ossetia របស់​រុស្ស៊ី បាន​លាតសន្ធឹង​ចម្ងាយ​ប្រហែល ១៥​គីឡូម៉ែត្រ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការប្រកាស​កេណ្ឌ​កងទ័ព​មួយផ្នែក​របស់​រុស្ស៊ី​។​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បានបង្ហាញ​អ្នក​ថ្មើរជើង​រាប់រយ​នាក់​តម្រង់​ជួរ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ បន្ទាប់ពី​ឆ្មាំ​ព្រំដែន​រុស្ស៊ី​បន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ និង​អនុញ្ញាតឱ្យ​ពលរដ្ឋ​ឆ្លងកាត់​ដោយ​ថ្មើរជើង​។ ក្រសួងមហាផ្ទៃ​ហ្ស​ក​ហ្ស៊ី​បាន​និយាយថា ប្រជាជន​រុស្សី​ជាង ៥៣,០០០នាក់​បាន​ចូលមក​ក្នុងប្រទេស​នេះ​ចាប់តាំងពី​សប្តាហ៍​មុន​៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ១៣​នាក់​ស្លាប់​នៅ​អ៊ីរ៉ាក់ ខណៈ​អ៊ីរ៉ង់​វាយប្រហារ​ក្រុម​ជនជាតិ​ឃឺ​ដ

2022/09/29 07:35:28 pm        569
​អ៊ីរ៉ាក់៖ ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស ១៣​នាក់​បាន​ស្លាប់​ និង ​៣២​នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​តំបន់​ជនជាតិ​ឃឺ​ដរបស់​ប្រទេស​អ៊ីរ៉ាក់ ខណៈ​អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល និង​ប្រើ​យាន​ដ្រូ​ន​បំពាក់អាវុធ​វាយប្រហារ​ទៅលើ​អ្វីដែល​ខ្លួន​បាន​និយាយថា​ ជា​មូលដ្ឋាន​របស់​ក្រុមប្រឆាំង​ជនជាតិ​ឃឺ​ដ​អ៊ីរ៉ង់​។ ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​នេះ​។ កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​របស់​អ៊ីរ៉ង់​បាន​និយាយថា ខ្លួន​បាន​វាយប្រហារ​លើ​ក្រុម​ភេរវ​ករ​ផ្តាច់ខ្លួនដែល​បាន​គាំទ្រ​កុប្បកម្ម​កាលពីពេល​ថ្មីៗ​នេះ​។​ ការវាយប្រហារ​នេះ​បានកើត​ឡើង ខណៈ​បាតុកម្ម​នៅ​បន្ត​ហ៊ុមព័ទ្ធ​សាធារណៈរដ្ឋ​អ៊ីស្លាម​មួយ​នេះ​ បន្ទាប់ពី​ការស្លាប់​ស្ត្រី​ជនជាតិ​ឃឺ​ដ​ម្នាក់​ក្នុង​មន្ទីរឃុំឃាំង​កាលពី​ ១២​ថ្ងៃមុន​។ នាង Mahsa Amini អាយុ ២២ឆ្នាំ​មកពី​ទីក្រុង Saqez បាន​មកលេង​ទីក្រុង​តេ​អេ​រ៉ង់ នៅពេលនោះ​នាង​ត្រូវបាន​នគរបាល​ឃុំខ្លួន​ពីបទ​រំលោភ​លើ​ច្បាប់​ដ៏​តឹងរឹង ​ដែល​តម្រូវឱ្យ​ស្ត្រី​គ្រប​សក់​របស់​ពួកគេ​ដោយ​កន្សែង​។​​នគរបាល​បាន​និយាយថា នាង Amini បាន​ដួល​នៅ​មណ្ឌល​ឃុំឃាំង បន្ទាប់ពី​ទទួលរង​ជំងឺ​គាំង​បេះ​ដូង​ភ្លាមៗ​។ ប៉ុន្តែ​ក្រុមគ្រួសារ​របស់​នាង​បាន​ច្រានចោល​រឿងនេះ ហើយ​បាន​ចោទថា នាង​ត្រូវបាន​ក្រុម​មន្ត្រី​វាយដំ​។ នាង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បន្ទាប់ពី​សន្លប់​រយៈពេល​បី​ថ្ងៃ​។​ ក្រុម​សិទ្ធិមនុស្ស​ជនជាតិ​ឃឺ​ដនិយាយថា ក្រុមបាតុករ​ជនជាតិ​ឃឺ​ដ ១៨​នាក់​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ ហើយ ​៨៩៨​នាក់​ផ្សេងទៀត​បាន​រងរបួស និង​ជាង ១.០០០​នាក់​ត្រូវបាន​ចាប់​ខ្លួន ខណៈ​អាជ្ញាធរ​អ៊ីរ៉ង់​ព្យាយាម​បង្ក្រាប​ការប្រឆាំង​នៅក្នុង​តំបន់ និង​នៅ​កន្លែង​ផ្សេងទៀត៕​អត្ថបទ៖ ប៊ុនថន

ព្យុះ​ទី​ហ្វុ​ង Noru បោកបក់​ទូទាំង​វៀតណាម ក្រោយ​សម្លាប់​មនុស្ស ​១០​នាក់​នៅ​ហ្វីលីពីន​

2022/09/29 07:08:25 pm        574
​វៀតណាម៖ ព្យុះ​ទី​ហ្វុ​ង Noru បាន​បក់​បោក​បំប៉ើង​ដំបូល​ផ្ទះ​ និង​កាត់ផ្ដាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​ប្រទេស​វៀតណាម​ភាគ​កណ្ដាល​កាលពី​ថ្ងៃ​អង្គារ​ ដោយ​បង្ខំ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​រត់​រក​កន្លែង​ស្នាក់​នៅ​មាន​សុវត្ថិភាព បន្ទាប់ពី​ព្យុះ​មួយ​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់​ ១០​នាក់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​។​ ​សារព័ត៌មាន Xinhua បាន​រាយការណ៍​ថា អ្នកនាំពាក្យ​សម្រាប់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​របស់​រដ្ឋា​ភិ​បាលបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុ​ង Noru ដែល​បាន​វាយប្រហារ​ហ្វីលីពីន​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​បាន​កើន​ឡើង​ដល់ ​១០​នាក់ ខណៈ​មនុស្ស ​៨​នាក់​នៅតែ​បាត់​ខ្លួន​នៅឡើយ​។ ​យោង​តាម​ភ្នាក់​ងារ​ព្យាករណ៍​ជាតិ​នៅ​ក្នុង​ទីក្រុង Danang ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​៣ ​របស់​ប្រទេស​វៀតណាម អគារ​ខ្ពស់​ញ័រ​រង្គើ ខណៈ​ព្យុះ​ទី​ហ្វុ​ង​នេះ​បាន​បោកបក់​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ដោយ​នាំមក​នូវ​កម្លាំងខ្យល់​ ១២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។​មនុស្ស​ជាង ៣សែន​នាក់​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​ស្នាក់​នៅ​ក្នុង​ជំរំ​បណ្ដោះអាសន្ន​ទាំង​យប់​អធ្រាត្រ បន្ទាប់ពី​ក្រុម​ឧតុនិយម​បាន​ព្យាករណ៍​ថា ​ព្យុះ​នេះ​នឹង​ក្លាយ​ជា​ព្យុះ​មាន​ឥទ្ធិពល​មួយ​ក្នុង​ចំណោម​ព្យុះ​ដ៏​មាន​ឥទ្ធិពល​បំផុត​ ដែល​បាន​វាយប្រហារ​ប្រទេស​នេះ​។​ ​ពុំ​ទាន់​មាន​របាយការណ៍​ភ្លាមៗ​បញ្ជាក់​ពី​ការខូចខាត​ នៅ​ក្នុង​ប្រទេស​វៀតណាម​ដោយ​ព្យុះ Noru នេះ​នៅឡើយ​ទេ​។ ​ព្យុះ Noru ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​បន្ត​បោកបក់​ក្នុង​ប្រទេស​វៀតណាម និង​បោះ​ពួយ​ចូល​ក្នុង​ប្រទេស​ឡាវ មុន​ពេល​វាយប្រហារ​ខេត្ត Ubon Ratchathani ភាគ​ឦសាន​របស់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​ចុះថយ​កម្លាំង​បន្តិច​ម្ដងៗ​ក្លាយ​ជា​វិសម្ពាធ​ត្រូពិក​៕អត្ថបទ៖ សុខមាន

ព្យុះសង្ឃរា Ian បណ្ដាល​ឲ្យ​ទឹកជំនន់ ជម្លៀស​មនុស្ស​រាប់​លាន​នាក់ និង​ដាច់​ចរន្តអគ្គិសនី​ក្នុង​រដ្ឋ Florida

2022/09/29 06:05:39 pm        591
​សហរដ្ឋអាមេរិក៖ ព្យុះសង្ឃរា​ដែល​កំពុង​គំរាមកំហែង​ដល់​អាយុជីវិត បាន​វាយ​បោកបក់​លើ​តំបន់​ឆ្នេរ​ភាគ​និរតី​របស់​រដ្ឋ Florida សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​បង្ក​ជា​ទឹកជំនន់ និង​ខ្យល់​ខ្លាំង និង​បង្កើន​កម្រិត​ព្យុះ​ដ៏​មហន្តរាយ​នេះ​។ ​ព្យុះសង្ឃរា​អាយ​អិន (Ian) នេះ​បាន​បក់​នាំ​កម្លាំង​ខ្យល់ ២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ជិត​ស្មើ​កម្រិត​ព្យុះ​ប្រភេទ​ទី​៥ ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ខ្យល់​មាន​កម្លាំង​ខ្លាំង​បំផុត​។ ​ពលរដ្ឋ Florida រាប់​លាន​នាក់ដែល​មាន​លំនៅឋាន​ចុះ​ផ្លូវ​ព្យុះ​នេះត្រូវ​បាន​ស្ថិត​ក្រោម​បញ្ជា​ឲ្យ​ជម្លៀស​ចេញ​។ អ្នក​ដែល​បន្ត​សា្នក់​នៅ​កំពុង​ប្រឈម​នឹង​ព្យុះ​មួយ​ក្នុងចំណោម​ព្យុះ​ដ៏​គ្រោះថ្នាក់​បំផុត ​ដែល​បាន​វាយប្រហារ​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​។ ​ពលរដ្ឋ Florida ជាង ​១​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ បន្ទាប់ពី​ព្យុះសង្ឃរា Ian បាន​កាត់ផ្ដាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​ប្រទេស​គុយបា​។ព្យុះ​ដ៏​ខ្លាំងក្លា​នេះ​ត្រូវ​គេ​រំពឹង​ថានឹង​បង្ក​ឲ្យ​មាន​ទឹកជំនន់​នៅ​ទូទាំង​តំបន់​នៃ​រដ្ឋ Florida ខណៈ​ដែល​ព្យុះ​នេះ​បាន​បោះ​ពួយ​ទៅ​ភាគ​ឦសាន​ និង​យ៉ាងហោចណាស់​មាន​ការិយាល័យ​នគរបាល​មួយ​ ស្ថិត​នៅ​តាម​តំបន់​ឆ្នេរ​បាន​រាយការណ៍​ថា ទទួលបាន​ការហៅ​ទូរស័ព្ទ​ពី​មនុស្ស​ដែល​បាន​ជាប់​ក្នុង​លំនៅឋាន​របស់​ពួកគេ​។ ចំណុចកណ្ដាល​របស់​ព្យុះ​នេះ​បាន​វាយប្រហារ​ឧទ្យាន Cayo Costa ដែល​ជា​កោះ​នៅ​មាត់​ឆ្នេរសមុទ្រ ​ដែល​ត្រូវ​បាន​ការពារ​ស្ថិតនៅ​ភាគ​ខាងលិច​ទីក្រុង Fort Myers ដែល​មាន​ប្រជាជន​យ៉ាង​ច្រើន​ក្នុង​រដ្ឋ ​Florida៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនមែនជាគោលដៅ នៃអំពើភេរវកម្មនោះទេ តែក៏មិនធ្វេសប្រហែសដែរ

2022/09/29 05:44:50 pm        456
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា កម្ពុជាមិនមែនប្រទេសជាគោលដៅសម្រាប់ប៉ុនប៉ងការវាយប្រហារនូវអំពើភេរវកម្មនោះទេ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជា ក៏មិនបានធ្វេសប្រហែសនោះដែរ ខណៈកម្ពុជាបានសហការគ្នាជាមួយប្រទេសជាច្រើននៅលើសកលលោកក្នុងការទប់ស្កាត់ និងបង្រ្កាបនូវអំពើភេរវកម្មនេះ ជាពិសេសគឺជាមួយនិងសហរដ្ឋអាមេរិកតែម្តង។ថ្លែងការការប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ​នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ ដែលមានអ្នកកាន់សាសនាផ្សេងៗគ្នាចូលរួមប្រមាណជាង១៥០០នាក់នោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានខិតខំយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ទោះកម្ពុជាមិនមែនជាគោលដៅ នៃការវាយប្រហារភេរវកម្មនេះក៏ដោយ ហើយកន្លងមកកម្ពុជាបានធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក រហូតដល់ឈានទៅចាប់ខ្លួនភេរវករដ៏ធំឈ្មោះ ហាំបាលី បានដោយជោគជ័យផងដែរ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាចិត្តចំពោះការបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ក្នុងការបង្ការ និងទប់ស្កាត់នូវអំពើភេរវកម្មនេះដដែល ហើយកម្ពុជានឹងមិនបណ្តែតបណ្តោយឲ្យបុគ្គលណា ឬក្រុមណាមួយ នាំយកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់នោះទេ ខណៈកិច្ចការនេះគឺកម្ពុជាបានធ្វើការត្រួតពិនិត្យគ្រប់ច្រកល្ហកទាំងអស់មិនថាផ្លូវទឹក ផ្លូវអាកាស ឬផ្លូវគោកនោះឡើយ៕

វិមាន​ក្រឹម​ឡាំង​មិន​ប្រញាប់ប្រញាល់​ដាក់បញ្ចូល​ដែនដី​គ្រប់គ្រង​របស់​អ៊ុយ​ក្រែ​ន​ជា​ឧបសម្ព័ន្ធ​រុស្ស៊ី​ទេ​

2022/09/29 05:43:19 pm        688
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បានសម្រេច​ថា ​នឹង​មិន​ប្រញាប់ប្រញាល់​ដាក់បញ្ចូល​ជា​ផ្លូវការ ​នៃ​ដែនដី​ដែល​បាន​គ្រប់គ្រង​នៅ​អ៊ុយ​ក្រែ​ន​ជាមួយ​រុស្ស៊ី​ទេ ​ហើយ​នឹង​ផ្អាក​ការ​បិទ​ព្រំដែន​រុស្ស៊ី​។ ​សេចក្ដី​សម្រេច​ចុង​ក្រោយ​ត្រូវ​បាន​អនុម័ត ស្រប​ពេល​មានការ​រិះគន់​កើន​ឡើង​ចំពោះ​ការ​កេណ្ឌ​កម្លាំង​ទ័ព​ក្នុងចំណោម​ពលរដ្ឋ​រុស្ស៊ី​។ ​ប្រភព​ពី​សារព័ត៌មាន​រុស្ស៊ី Meduza ដោយ​សំអាង​ដល់​ប្រភព​មួយ​ចំនួន​ស្និទ្ធ​នឹង​រដ្ឋបាល​របស់​ប្រធានាធិបតី​រុស្ស៊ី​។ ​ប្រភព​នានា​របស់​សារព័ត៌មាន Meduza បាន​និយាយ​ថា ​វិមាន​ក្រឹម​ឡាំង​បានសម្រេច​ចិត្ត​មិន​ប្រញាប់​ប្រញាល់​នោះ​ទេ ព្រោះ​ការ​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​របស់​ដែនដី​អ៊ុយ​ក្រែ​ន​ចូល​ជាមួយ​រុស្ស៊ី ដែល​លោក Putin មើល​ឃើញ​ថា ​ជា​ប្រភព​មាន​សក្ដានុពល​នៃ​ការ​បង្កើន​ការគាំទ្រ​ជា​សាធារណៈ នឹង​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​សាធារណៈ ប្រឆាំង​នឹង​ការ​មិន​ពេញចិត្ត​ដែល​កំពុង​ពុះ​កញ្ជ្រោល​ក្នុង​ស្រទាប់​ពលរដ្ឋ​រុស្ស៊ី​ ជុំវិញ​ការ​កេណ្ឌ​កម្លាំង​ទ័ព​។​ ​ប្រភព​ទាំងនោះ​បាន​និយាយ​ថា អ្វី​គ្រប់យ៉ាង​នឹងត្រូវ​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ ប៉ុន្តែ​មិន​ប្រញាប់​ខ្លាំង​នោះទេ។ វិមាន​ក្រឹម​ឡាំង​មិន​ទាន់​បាន​បញ្ចុះបញ្ចូល​ពល​រដ្ឋ​រុស្ស៊ី​ថា រុស្ស៊ី​ត្រូវការ​ដែនដី​ទាំងអស់​នោះ​ទេ​។​​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរប្រភព​មួយ​ក្នុងចំណោម​ប្រភព​ជាច្រើន ជា​បុគ្គល​មួយ​រូប​ស្និទ្ធ​នឹង​វិមាន​ក្រឹម​ឡាំង​បាន​លើក​ឡើង​ថា ការពន្យា​ពេល​ក្នុងការ​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​ផ្លូវការ​នៃ​ដែនដី​របស់​អ៊ុយ​ក្រែ​ន ក្រោយ​ឈ្នះ​ការ​ធ្វើ​ប្រជាមតិ​ជាមួយ​រុស្ស៊ីអាច​បណ្ដាលមកពី​ការពិត​ដែល​ថា រដ្ឋាភិបាល​រុស្ស៊ី​ចង់​ងាក​ទៅ​រក​ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន និង​លោក​ខាង​លិច​។ ប្រភព​ដដែល​នោះ​បាន​បន្ថែម​ថា ​ប្រធានាធិបតី Vladimir Putin ជឿ​ថា ​លោក​ពុំ​មាន​អ្វី​ត្រូវ​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​នោះ​ទេ ព្រោះ​លោក Volodymyr Zelenskyy ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​ជា​អាយ៉ង​របស់​លោក​ខាងលិច​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរបន្តបង្ក្រាបបនល្បែងខុសច្បាប់ដូចភ្លៀងរលឹម

2022/09/29 05:38:41 pm        531
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសឱ្យបន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដោយគ្មានការលើកលែង ទោះនៅកន្លែងណា ឬតំបន់ណាក៏ដោយ ដែលល្បែងស៊ីសងទាំងនោះ បានជះឥទ្ធិពលអាក្រក់ដល់សង្គម និងប្រជាជន។ថ្លែងក្នុងពិធីបើកវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ៖ «សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» នៅមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើយើងបង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន ប្រជាពលរដ្ឋខ្មែរយើងនឹងសល់លុយ មានកាក់,គ្រួសារមានសុភមង្គល ហើយសង្គមជាតិមានសណ្តាប់ធ្នាប់ សុខស្ថិរភាព។សម្តេចតេជោ ហ៊ុន  សែន បានប្រកាសដល់អាជ្ញាធរ និងសមត្ថកិច្ច សូមធ្វើសកម្មភាពបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងនោះឱ្យចំគោលដៅ នៃបញ្ហាដែលកើតមាននៅក្នុងសង្គម និងអំពាវនាវដល់គ្រប់សាសនាទាំងអស់ ជួយអប់រំ ណែនាំ ដល់អ្នកកាន់សាសនានីមួយៗពីបញ្ហាល្បែងស៊ីសង។សម្តេចតេជោ ហ៊ុន សែន ប្រកាសព្រមានដល់ម្ចាស់អាជីវកម្មឆ្នោត ឬល្បែងស្របច្បាប់ទាំងឡាយ សូមធ្វើសកម្មភាពត្រឹមតែអ្វីដែលបានអនុញ្ញាតប៉ុណ្ណោះ សូមកុំធ្វើលើស បើមិនចង់ប្រឈមនឹងការបិទជាស្ថាពរនោះទេ៕

ក្រសួងធនធានទឹក និងឧតុនិយម៖ ៣-៥ ថ្ងៃខាងមុខ ទឹកទន្លេមេគង្គនឹងហក់ឡើងជាបន្តបន្ទាប់

2022/09/29 05:28:05 pm        490
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា យោងលើស្ថានភាពអាកាសធាតុ កំពុងមានការប្រែប្រួល កើតឡើងដោយឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ «NORU» មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ក្រសួងធនធានទឹក និងឧតុនិយមបន្តថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៣-៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់១០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់ជាងកម្ពស់១៤ ម៉ែត្រ និងនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់ជាងកម្ពស់៩ម៉ែត្រ៕

លោក Biden បង្កើន​ជំហរ​គោលនយោបាយ​លើ​កោះ​តៃវ៉ាន់ ​ទោះ​មានការ​ខឹង​សម្បា​ពី​ចិន​ក៏ដោយ​

2022/09/29 05:13:30 pm        630
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក​កំពុង​បង្កើន​ជំហរ​ របស់​សហរដ្ឋអាមេរិក​លើ​បញ្ហា​កោះ​តៃវ៉ាន់ ស្រប​ពេល​ប្រឈម​នឹង​ការ​គំរាម​កំហែង​ពី​ប្រទេស​ចិន ក្នុង​ការ​ប្រើ​កម្លាំង​ដណ្ដើមយក​ទៅ​គ្រប់​គ្រង​វិញ ទោះបី​ជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ​ក្នុង​ការ​បន្សាប​សារ​របស់​ប្រធានាធិបតី​រូប​នេះ​ក៏ដោយ​។ ​ក្រុម​អ្នក​ជំនាញ​ និង​វិភាគ​និយាយ​ថា សារ​ដដែលៗ​របស់​ប្រធានាធិបតី​ដែល​ថា ​កងកម្លាំង​រប​ស់​សហរដ្ឋអាមេរិក​នឹង​ការពារ​កោះ​ប្រជាធិបតេយ្យ​មួយ​នេះ បើ​ទីក្រុង​ប៉េកាំង​វាយ​ក្រសោប​យក ​ឆ្លុះ​បញ្ចាំង​ពី​ការប្រើប្រាស់​ដោយ​ចេតនា​នៃ​ភាសា​ដែល​ស្របតាម​សមត្ថភាព​អាមេរិក​។ ​លោក Ryan Hass អ្នក​ជំនាញ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន Brookings បាន​និយាយ​ថា ​ការយល់ឃើញ​របស់ខ្ញុំ​គឺ​ថា នៅ​ពេល​ដែល​មេដឹកនាំ​និយាយ​រឿង​ដដែលៗ​ ៤​ដង​បែបនេះ វា​មិន​មែន​ជា​រឿង​លេងសើច​ទេ​។ វា​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្ដន្ទាទោស​របស់​លោក​។ ហើយ​ខ្ញុំ​គិត​ថា ​ពិភពលោក​គួរតែ​ចងចាំ​ពាក្យសម្ដី​របស់​លោកប្រធានាធិបតី Biden។​ លោក​ទំនងជា​កំពុង​បង្ហាញ​សញ្ញា​យ៉ាង​ច្បាស់​ថា ​លោក​ជឿ​ថា​ សហរដ្ឋ​អាមេរិក​ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​ធ្វើ​អន្តរាគមន៍​ក្នុង​ករណី​មាន​ជម្លោះ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​ប្រទេស​ចិន​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​ចុងក្រោយ​របស់​លោក Biden ដែល​បាន​ថ្លែង​អំឡុង​បទសម្ភាសន៍​មួយ​ជាមួយ​កម្មវិធី​ព័ត៌មាន “60 Minutes” របស់​ទូរទស្សន៍ CBS កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ។ រដ្ឋមន្ត្រីការបរទេស​ចិនលោក Wang Yi បាន​រិះគន់​សហរដ្ឋអាមេរិក​នៅក្នុង​សុន្ទរកថា ​នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ក្នុងជំនួប​ជាមួយ​ប្រមុខ​ការទូត​អាមេរិកលោក Antony Blinken កាលពី​សប្ដាហ៍​មុន​។ ថ្លែង​នៅ​អង្គការសហប្រជាជាតិ​លោក Wang បាន​និយាយថា ផែនការ​ជ្រៀតជ្រែក​ណាមួយ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន គឺ​នឹងត្រូវ​ជួប​ការប្រឆាំង​ដាច់ខាត​គ្រប់​ទម្រង់​របស់​ចិន ហើយ​សកម្មភាព​រារាំង​ការបង្រួបបង្រួម​ជុំ​ជាតិ​របស់​ចិន គឺ​នឹងត្រូវ​ជួបប្រទះ​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតី ណែនាំសាលារៀនត្រូវពង្រឹង​បទបញ្ជាផ្ទៃក្នុង ដើម្បីកែប្រែឥរិយាបថសិស្សកុំពឹងលើសញ្ញាបត្រ
08/06/2026 12:08 PM
សម្តេធិបតីណែនាំឱ្យសាលាបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកកសាងពលរដ្ឋឌីជីថល
08/06/2026 12:08 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ
08/06/2026 12:08 PM
សម្ដេចធិបតី៖ ក្រោមម្លប់សន្តិភាព ២៨ឆ្នាំមកនេះ កម្ពុជាពូនជ្រំសមិទ្ធផលជាច្រើន និងកំពុងបង្កើតបន្ថែមទៀត
08/06/2026 12:08 PM
FIFA សុំទោសសមាជិកជុំវិញគម្រោងលក់ភាគហ៊ុន ខណៈ Infantino នៅតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ
08/06/2026 12:08 PM
ពលរដ្ឋហ្កាហ្សាដែលរងទុក្ខលំបាកជាយូរ ទទួលបានក្តីសង្ឃឹមខណៈក្រុមហាម៉ាសយល់ព្រមរំសាយអាវុធ
08/06/2026 12:08 PM
មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ៖ ការបិទច្រកសមុទ្រ Hormuz ប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល និងជីសកល
08/06/2026 12:08 PM
នគរបាលប៉ាគីស្ថាន បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកលើក្រុមអ្នកគាំទ្រលោក Imran Khan ក្នុងពេលទៅប្រមូលផ្តុំគ្នា
08/06/2026 11:08 AM
ប្រទេសអ៊ីរ៉ាក់ ប្រឈមនឹងវិបត្តិខណៈក្រុមប្រដាប់អាវុធស៊ីអ៊ីតបំពានការរំសាយអាវុធ
08/06/2026 11:08 AM
មន្ត្រីអាមេរិក បានច្រានចោលរបាយការណ៍អំពីការផ្គត់ផ្គង់គ្រាប់រំសេវធ្លាក់ចុះទាបខ្លាំង
08/06/2026 11:08 AM