សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

ទួរគី​និយាយថា ប្រទេស​លោកខាងលិច​ចង់​អូសបន្លាយ​ជម្លោះ​អ៊ុយ​ក្រែ​ន​

2022/08/24 06:15:22 pm        336
​ទួរគី៖ រដ្ឋមន្ត្រីការបរទេស​ទួរគី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បណ្ដា​ប្រទេស​លោកខាងលិច​មួយ​ចំនួន​គ្មាន​បំណង​ចង់​ឃើញ​ការ​បញ្ចប់​ជម្លោះ​អ៊ុយ​ក្រែ​ន​ទេ ហើយ​កំពុង​រារាំង​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិសម្រប​សម្រួល​ដោយ​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួរគី​ដែល​បាន​ចុះហត្ថលេខា​ដោយ​ទីក្រុង Moscow​ និង​ទីក្រុង Kiev។ ​ថ្លែង​ទៅកាន់​សារព័ត៌មាន Haber Global ជា​ភាសា​ទួរគី ប្រមុខ​ការទូត​ទួរគី​លោក Mevlut Cavusoglu បាន​បញ្ជាក់​ថា ប្រទេស​លោកខាងលិច​មួយ​ចំនួន​ចង់​ឲ្យ​សង្គ្រាម​នេះ​បន្ត​ទៀត ដោយ​បន្ថែម​ថា មិន​មែន​ត្រឹមតែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ថែមទាំង​សមាជិក​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ទៀត​ផង តែ​លោក​ពុំបាន​និយាយ​ចំ​ឈ្មោះ​រដ្ឋ​ណាមួយ​នោះ​ទេ​។ ​លោក​បាន​បញ្ជាក់​ថា ហើយក៏​មាន​អ្នក​ដែល​ចង់​បំផ្លាញ​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ផង​ដែរ ដោយ​បន្ថែម​ថា សហរដ្ឋអាមេរិក​គ្មាន​អី​ជាប់​ពាក់ព័ន្ធ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នោះ​ទេ ហើយ​វា​កំពុង​ក្លាយ​ជា​ជំនួយ​ដ៏​សំខាន់។​លោក​ថា ​ការ​ជួយ​ជ្រោមជ្រែង​របស់​សហរដ្ឋអាមេរិក​មាន​ដូចជា ដក​ការរារាំង​លើ​ការនាំចេញ​ជី​កសិកម្ម​របស់​រុស្ស៊ី បើក​កំពង់ផែ ដក​ការ​រឹតត្បិត​លើ​ចរន្ត​សាច់ប្រាក់​ធនាគារ។​ល​។ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ចង់​បំផ្លាញ ដោយ​លើក​ឡើង​ថា ប្រទេស​ទួរគី​នឹង​បន្ត​ធ្វើការ​ដើម្បី​ឲ្យ​ប្រាកដ​ថា កិច្ច​ព្រម​ព្រៀង​គ្រាប់​ធញ្ញជាតិ​ត្រូវ​បាន​បោះជំហាន​ទៅមុខ​៕អត្ថបទ៖ សុខមាន

អាមេរិក​ជំរុញ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី​អ៊ុយ​ក្រែ​ន ខណៈ​មាន​ក្ដីបារម្ភ​ខ្លាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី

2022/08/24 05:55:54 pm        343
​អ៊ុយក្រែន៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ពលរដ្ឋ​របស់​ខ្លួន​ ឲ្យ​ចាក​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​នដោយ​និយាយថា ខ្លួន​ជឿថា រុស្ស៊ី​កំពុង​ត្រៀម​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល និង​ហេដ្ឋា​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈដែល​សង្គ្រាម​បានអូសបន្លាយ​ដល់ ​៦​ខែ​នៅ​ថ្ងៃ​នេះ​។ ​ការព្រមាន​នេះ​មាន​ឡើង ​ក្រោយ​បម្រាម​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​លើ​ការ​ប្រារព្ធ​ពិធី ​និង​សកម្មភាព​នានា​ក្នុង​រដ្ឋធានី Kyiv ​នៅ​ថ្ងៃ​ខួប​ទទួល​បាន​ឯករាជ្យ​ពី​សហភាពសូវៀត​នៅ​ថ្ងៃ​ពុធ​នេះ ដោយសារ​តែ​មាន​ក្ដី​បារម្ភ​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​រដ្ឋធានី​នេះ​។ ​បណ្ដា​មេដឹកនាំ​រាប់​សិប​ប្រទេស និង​អង្គការ​អន្តរជាតិ​ជាច្រើន​ទៀតត្រូវ​បាន​គ្រោង​ចូលរួម​កាលពី​ថ្ងៃ​អង្គារ ​នូវ​អ្វី​ដែល​ហៅថា​ជា Crimea Platform ជា​ការ​បង្ហាញ​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ខួប ​៦​ខែ​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន។ មនុស្ស​ភាគច្រើន​នឹង​ប្រារព្ធ​ពិធី​នេះ​តាម​វីដេអូ​។យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា នៅ​សមរភូមិ​ប្រយុទ្ធ​ កងកម្លាំង​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ និង​តាម​អាកាស​នៅ​ក្នុង​តំបន់ Zaporizhzhia ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាង​ត្បូង ជាទី​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​កើត​ឡើង​ជិត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប។ ​ដោយមាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ថា ​អាច​នឹង​មាន​ការ​វាយ​ប្រហា​រ​ពី​រុស្ស៊ី ស្ថានទូត​អាមេរិក​ក្នុង​រដ្ឋធានី Kyiv កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចាកចេញ ក្រែង​មានការ​វាយប្រហារ​កើតឡើង​៕អត្ថបទ៖ សុខមាន

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ជាប់ពន្ធនាគារ​១២​ឆ្នាំ ក្រោយ​ចាញ់​បណ្ដឹង​ឧទ្ធរណ៍​1MDB

2022/08/24 05:41:03 pm        229
​ម៉ាឡេស៊ី៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak បាន​ចាប់ផ្ដើម​អនុវត្តន៍​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ ១២​ឆ្នាំ បន្ទាប់ពី​ចាញ់​បណ្ដឹង​ឧទ្ធរណ៍​ចុងក្រោយ​របស់​លោក​ ក្នុង​ករណី​អំពើ​ពុក​រលួយទាក់ទង​នឹង​ការ​លួច​មូលនិធិ​រដ្ឋ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ធនាគារ​ Berhad ម៉ាឡេស៊ី (1Malaysia Development Berhad)​ ដោយ​តុលាការ​កំពូល​របស់​ប្រទេស​នេះ​គាំទ្រ​ជា​ឯកច្ឆន្ទ​ឲ្យ​មាន​ទោស​ និង​ជាប់ពន្ធនាគារ​របស់​លោក​។ ​លោក Najib បាន​ក្លាយ​ជា​អតីត​មេដឹកនាំ​ដំបូង​របស់​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ នៅ​ពេល​លោក​ត្រូវ​បាន​នាំ​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទៅកាន់​ពន្ធនាគារ Kajang នៅ​ជាយ​រដ្ឋធានី Kuala Lumpur ក្រោយ​តុលា​ការ​ចេញ​សាលក្រម​។ ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង សកម្មជន និង​ប្រជា​ពលរដ្ឋ​ភាគច្រើន​បាន​សាទរ ​ពី​ដំណើរការ​ឆាប់រហ័ស​របស់​តុលាការ​ក្នុង​សវនាការ​ប្ដឹង​ឧទ្ធរណ៍​កាល​ពីថ្ងៃ​អង្គារ ដោយ​ហៅ​ការ​កាត់ក្ដី​នោះ​ថា ជា​ជ័យជម្នះ​សម្រាប់​ប្រជា​ពលរដ្ឋ​ម៉ាឡេស៊ី​ដែល​បាន​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៨ ដើម្បី​ដក​រដ្ឋាភិបាល​របស់​លោក Najib និង​កាត់ទោស​លើ​រូបលោក​។ ក្រុម​ប្រឹក្សាតុលាការ​សហ​ព័ន្ធ​ដែល​មាន​សមាជិក ៥​រូប​បាន​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​ថា ​ការសម្រេចចិត្ត​របស់​តុលាការ​ជាន់ខ្ពស់​គឺ​ត្រឹមត្រូវ ហើយ​ថា ការ​ប្តឹង​ឧទ្ធរណ៍​របស់​លោក Najib គឺ​គ្មាន​ប្រសិទ្ធ​ភាព​អ្វី​ឡើយ​៕ អត្ថបទ៖ សុខមាន

ពលរដ្ឋ​ហៃ​ទី​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​បណ្ដេញ​នាយករដ្ឋមន្ត្រីចេញ​ពីតំណែង

2022/08/23 09:41:21 pm        697
​ហៃទី៖ បាតុករ​ប្រមាណ​ ២ពាន់​នាក់​នៅក្នុង​រដ្ឋធានី​ប្រទេស​ហៃ​ទី និង​ទីក្រុង​ធំៗ​ផ្សេងទៀត​បាន​បិទផ្លូវ បិទ​អាជីវកម្ម និង​ចេញ​ធ្វើបាតុកម្ម​នៅតាម​ដងផ្លូវ​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រីលោក ​Ariel Henry ចុះ​ចេញពីតំណែង និង​អំពាវនាវ​ឱ្យមាន​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​។​ ​អ្នកសារព័ត៌មាន Associated Press បាន​មើលឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាញ់សម្លាប់​បាតុករ​នៅ​ទីក្រុង​ព័រ​អូ​ប្រាំង ហើយ​បន្ទាប់មក​រត់គេចខ្លួន​តាម​រថយន្ត ខណៈ​ហ្វូងមនុស្ស​បាន​បំបែក​គ្នា​ជា​បណ្តោះអាសន្ន​។​ ​អំពើ​ហិង្សា និង​ការចាប់​ជំរិត​បាន​កើនឡើង​នៅក្នុង​ទីក្រុង​ព័រ​អូ​ប្រាំង និង​តំបន់​ក្បែរ​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ក្រុម​ជន​អន្ធពាល​ដែល​កំពុង​ប្រយុទ្ធ​បានសម្លាប់​ជន​ស៊ីវិល​រាប់រយ​នាក់ ​នៅក្នុង​ការប្រយុទ្ធ​គ្នា​លើ​ទឹកដី​ទីក្រុង​នេះ​។ ពួកគេ​មាន​ឥទ្ធិពល​កាន់តែខ្លាំងចាប់តាំងពី​ការធ្វើឃាត​ប្រធានាធិបតី​លោក Jovenel Moïse កាលពី​ឆ្នាំមុន​។​ ​ភាពក្រីក្រ​ក៏​កាន់តែ​ធ្លាក់​ជ្រៅ ដោយ​អតិផរណា​បាន​ឈានដល់ ២៩% ហើយ​តម្លៃ​ទំនិញ​ជា​មូលដ្ឋាន​មួយចំនួន​ដូចជា​អង្ករ​កើនឡើង​ជាង​បួន​ដង​។ ប្រេងសាំង​នៅ​ខ្វះខាត ហើយ​បើ​អាច​រកបាន​គឺមាន​តម្លៃ ១៥ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​។​នៅក្នុង​ការតវ៉ា​មួយប្រជាជន​ពាក់អាវ​យឺត​ពណ៌​ខ្មៅ ចំណែកឯ​ការតវ៉ា​មួយ​ផ្សេងទៀត​ពាក់អាវ​យឺត​ពណ៌​ក្រហម​មាន​សរសេរ​ពាក្យ​ថា ក្រោក​ឡើង​។ ការតវ៉ា​នេះ​កើតមាន​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពី​ក្រុមបាតុករ​ច្រើន​នាក់​បាន​អង្គុយ​តវ៉ា​នៅមុខ​លំនៅឋាន​ផ្លូវការ​របស់លោក Henry ហើយ​ទាមទារ​ឱ្យ​លោក​លាលែង​ពី​តំណែង​។ កាលពី​ថ្ងៃ​ចន្ទ នគរបាល​បាន​ប៉ះទង្គិច​ជាមួយ​បាតុករ​នៅ​តំបន់​មួយចំនួន ​ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុមមនុស្ស ខណៈ​ការដុត​កង់រថយន្ត​ដើម្បី​បិទផ្លូវ៕អត្ថបទ៖ ប៊ុនថន

ចំនួន​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​នៅ​អន្តេវាសិកដ្ឋាន​ទីក្រុង ​Kharkiv កើនឡើង​ដល់ ២៥​នាក់​

2022/08/23 07:09:17 pm        708
​អ៊ុយក្រែន៖ ចំនួន​អ្នកស្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​របស់​រុស្សី ​ទៅលើ​អន្តេវាសិកដ្ឋាន​ក្នុង​ទីក្រុង​ Kharkiv ជាទី​ក្រុង​ធំ​ទី​២ ​របស់​អ៊ុយ​ក្រែ​ន​កាលពី​សប្តាហ៍​មុន​បាន​កើន​ឡើង​ដល់ ២៥​នាក់​។ ​មនុស្ស ១៩​នាក់​បាន​ស្លាប់​នៅ​ក្នុង​ស្រុក Saltovsky និង ៦​នាក់​ទៀត​នៅ​ក្នុង​ស្រុក Slobodskoy រួមទាំង​កុមារ​នៅ​ក្នុង​ការវាយប្រហារ​កា​លពី​សប្តាហ៍​មុន​។ ប្រតិបត្តិការ​ជួយសង្គ្រោះ​លើ​ការបំផ្លាញ​ក្នុងស្រុក Saltovsky បាន​បញ្ចប់​កាលពី​ថ្ងៃ​ចន្ទ ​ដោយ​សាកសព​ ៨​នាក់​នៅ​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅ​ឡើយ​។​ អ្នក​រង​របួស​ប្រមាណ ៤០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ច្រើន​កន្លែង​ក្នុង​ទីក្រុង Kharkiv។​ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង ពលរដ្ឋ​ឈ្មោះ​ Yury Petukhov អាយុ ៣៨​ឆ្នាំ​និយាយ​ថា ​លោក​បាន​រស់​នៅ​ជាមួយ​គ្រួសារ​ នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​អស់​រយៈពេល ៨០​ថ្ងៃ មុន​ពេល​លោក​មើល​ឃើញ​ថា ​សង្កាត់​របស់​លោក​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ដើម្បី​ត្រឡប់​ទៅវិញ​។​លោក Vyacheslav Simon ដែល​រង​របួស​នៅ​ក្នុង​ការវាយប្រហារ​នៅ​អន្តេវាសិកដ្ឋាន​បាន​និយាយ​ថា ​លោក​គិត​ថា ​អ្វីៗ​ទាំងអស់​បាក់​រលំ​នៅ​ជុំវិញ​លោក​ នៅ​ពេល​ដែល​គ្រាប់​រ៉ុក្កែត​បាន​វាយប្រហារ​។ ប្រធាន​ផ្នែក​របួស​នៅ​មន្ទីរពេទ្យ​មួយ​លោក Igor Spesivyi បាន​និយាយ​ថា មនុស្ស ២០​នាក់​ដែល​មាន​របួស​ដោយសារ​ការ​បាញ់​ផ្លោង​ ត្រូវ​បាន​បញ្ជូន​មក​កាលពី​ពេលយប់​នៃ​ការវាយប្រហារ​នៅ​ថ្ងៃ​ទី១៧ ខែ​សីហា និង​នៅ​ព្រឹក​បន្ទាប់៕អត្ថបទ៖ ប៊ុនថន

អឺរ៉ុប​ប្រឈម​នឹង​ការ​កាត់​ផ្ដាច់ការ​នាំចូល​ប្រេង និង​ឧស្ម័ន​បន្ថែម​ទៀត​ពីរុស្ស៊ី​

2022/08/23 06:26:21 pm        944
​អឺរ៉ុប៖ អឺរ៉ុប​ប្រឈម​នឹង​ការ​អាក់​ខាន​ថ្មីៗ​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល ដោយសារតែ​ការ​ខូច​ប្រព័ន្ធ​បង្ហូរ​ប្រេង​ចេញពី​ប្រទេស​កា​ហ្សា​ក់​ស្ថាន​កាត់​តាម​ប្រទេស​រុស្ស៊ី ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ប្រតិបត្តិ​ករ​បំពង់​បង្ហូរ​ប្រេង​កាលពី​ថ្ងៃ​ចន្ទ បន្ថែម​ពីលើ​ក្ដី​កង្វល់​ជុំវិញ​ការ​ធ្លាក់ចុះ​បរិមាណ​ផ្គត់ផ្គង់​ឧស្ម័ន​។ ​តាម​ការ​បញ្ជាក់​របាយ​ការណ៍​របស់​សារព័ត៌មាន Reuters បណ្ដាញ​កិច្ច​សហប្រតិបត្តិការ​ការពារ​អតិថិជន​ហៅ​កាត់​ថា CPC ដែល​គ្រប់គ្រង​ប្រហែល ១% នៃ​ប្រេង​ពិភពលោក ហើយ​ម្ចាស់​ភាគហ៊ុន​ធំ​ជាង​គេ​គឺ​ក្រុមហ៊ុន​បំពង់​បង្ហូរ​ប្រេង​របស់​រុស្ស៊ី Transneft បាន​និយាយ​ថា ការ​នាំ​ចេញពី​ចំណត​នាវា​ចំនួន ២ ក្នុងចំណោម​ទីតាំង​ទាំង​ ៣ របស់​ខ្លួន​នៅឯ​ស្ថានីយ​សមុទ្រ​ខ្មៅ​ត្រូវ​បាន​ផ្អាក​។ ​លោកខាងលិច​បាន​ចោទ​រុស្ស៊ី​ថា ​បាន​រឹតត្បិត​ការ​ផ្គត់ផ្គង់​ថាមពល​ដើម្បី​ដំឡើងថ្លៃ ជា​ការ​សងសឹក​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម ក្រោយ​ការ​ចូល​វាយលុក​ប្រទេស​អ៊ុយ​ក្រែ​ន​របស់​រុស្ស៊ី ដែល​វិមាន​ក្រឹម​ឡាំង​ហៅ​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស​។ រុស្ស៊ី​បាន​ទាត់ចោល​ការចោទប្រកាន់​នេះ ដោយ​ស្ដីបន្ទោស​ទណ្ឌកម្ម​លោក​ខាង​លិច​ខ្លួនឯង ​និង​បញ្ហា​បច្ចេកទេស​ផ្សេងៗ​។​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី​ទៅកាន់​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ប្រមាណ​ ៧៥% នៅ​ឆ្នាំនេះ ដោយ​ការ​នាំចេញ​របស់​ក្រុមហ៊ុន Gazprom កាលពី​សប្ដាហ៍​មុន​បាន​ប្រកាស​ពី​ការ​ត្រួត​ពិនិត្យ​ដោយ​គ្មាន​គម្រោង​លើ​បំពង់​បង្ហូរ​ប្រេង Nord Stream1 ដែល​រត់​កាត់​ក្រោម​បាតសមុទ្រ​បាល់​ទិ​ក​ទៅកាន់​ប្រទេស​អាល្លឺម៉ង់។​ ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​បាន​ហក់​ឡើង​ខ្ពស់​កាលពី​ថ្ងៃ​ចន្ទ ដែល​កង្វះ​ថាមពល​នេះ​បាន​បន្ថែម​ក្ដី​កង្វល់​មួយ​កម្រិត​ទៀត​ដល់​ប្រទេស​ន័​រ​វេស និង​ចក្រភព​អង់គ្លេស​៕អត្ថបទ៖ សុខមាន

អ៊ីរ៉ង់ស្តីបន្ទោស​សហរដ្ឋអាមេរិកដែល​ចេះតែ​ពន្យារពេល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

2022/08/23 05:18:15 pm        564
​​អ៊ីរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ខ្លួន​មិនទាន់​បានទទួល​ការឆ្លើយតប​ពី​សហរដ្ឋអាមេរិក​នៅឡើយ​ទេ លើ​សំណើ​ចុងក្រោយ​បំផុត​របស់​ខ្លួន​ដើម្បី​សា្ដរ​កិច្ចខិតខំ​ប្រឹងប្រែង​នុយក្លេអ៊ែរ​ឆ្នាំ​2015 ឡើងវិញ​ ដោយ​បាន​ស្ដីបន្ទោស​លើ​ភាព​អសកម្ម​របស់​ទីក្រុងវ៉ាស៊ីនតោន។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Nasser Kanani បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា បញ្ហា​នៅ​ត្រង់​ថា ភាគី​សហរដ្ឋអាមេរិក​កំពុង​ពន្យារពេល​មិន​ព្រម​ឆ្លើយតប​។​ ​លោក​ថា យើង​បាន​ធ្វើ​ការ​ទាន់​ពេល​វេលា ហើយ​យើង​តែងតែ​បង្ហាញ​ថា យើង​បាន​ធ្វើ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការចរចា​នុយក្លេអ៊ែរ​នេះ។ ​កាល​ពី​មួយ​សប្ដាហ៍​មុនអ៊ីរ៉ង់​បាន​ដាក់​ជូន​ចម្លើយ​របស់​ខ្លួន ​ទៅ​ក្នុង​អត្ថបទ​ចុងក្រោយ​ចេញផ្សាយ​ដោយ​សហភាព​អឺរ៉ុប បន្ទាប់ពី​ការចរចា​ជុំ​ចុងក្រោយ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ដូចជា ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​សហរដ្ឋអាមេរិក​នៅ​ក្នុង​ទីក្រុង​វី​យ៉ែ​ន ប្រទេស​អូទ្រីស។​ចំណែក​ភាគី​សហរដ្ឋអាមេរិក​វិញ​និយាយ​ថា ខ្លួន​កំពុង​ត្រួតពិនិត្យ​អត្ថបទ​នោះ​ឡើយ​វិញ និង​កំពុង​ធ្វើ​ការ​ជាមួយ​សម្ព័ន្ធមិត្ត​។ ​កាលពី​ថ្ងៃ​ចន្ទ​ ប្រធាន​គោលនយោបាយ​ការ​បរ​ទេស​របស់​សហ​ភាព​អឺរ៉ុបលោក Josep Borrell បាន​និយាយ​ថា ការ​ឆ្លើយ​តប​របស់​អ៊ីរ៉ង់​ចំពោះ​សំណើ​សហភាព​អឺរ៉ុប​សម​ហេតុ​ផល​៕អត្ថបទ៖ សុខមាន

លោក Trump ប្ដឹង​ក្រសួងយុត្តិធម៌​ក្នុងករណី​ទីភ្នាក់ងារ FBI ចូល​ឆែកឆេរ​លំនៅឋាន​របស់​លោក​

2022/08/23 05:00:16 pm        576
​សហរដ្ឋអាមេរិក៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បានស្នើ​តុលាការ​ឲ្យ​បញ្ឈប់​ការស៊ើបអង្កេត​របស់​ក្រសួងយុត្តិធម៌​ លើ​ករណី​រឹបអូស​ឯកសារ​ចេញពី​លំនៅឋាន​របស់​លោក ​ក្នុង​ការ​ចូល​ឆែកឆេរ​របស់​ទីភ្នាក់ងារ FBI។ ​នៅ​ក្នុង​ពាក្យបណ្ដឹង ក្រុមការងារ​ច្បាប់​បាន​ស្នើ​ថា មេធាវី​ឯករាជ្យ​មួយ​រូប​នឹង​ត្រូវ​តែងតាំង​ដើម្បី​ត្រួត​ពិនិត្យ​ឯកសារ ​ដែល​ទីភ្នាក់ងារ​នេះ​បាន​យក​ចេញពី​រមណីយដ្ឋាន Mar-a-Lago ក្នុង​រដ្ឋ Florida នៅ​ខែ​នេះ​។​ ​យោង​តាម​ទីភ្នាក់ងារ FBI ឯកសារ​ដែល​ត្រូវ​បាន​ផ្អៀង​ផ្ទាត់​ចំនួន ​១១​ឈុត​ត្រូវ​បាន​យកចេញ​ពី​លំនៅឋាន​របស់​លោក Trump កាលពី​ថ្ងៃ​ទី​៨ ​ខែ​សីហា។ លោក Trump កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ពី​បទ​គ្រប់គ្រង​ឯកសារ​មិនបាន​ល្អ​។ ​កាលពី​ថ្ងៃ​ចន្ទ មេធាវី​របស់​លោក​បាន​ស្នើសុំ​ឲ្យ​មេធាវី​ភាគី​ទី​៣ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មេធាវី​ពិសេស​មួយ​ ត្រូវ​បាន​តែងតាំង​ដើម្បី​កំណត់​ថា ​តើ​ឯកសារ​ដែល​រឹបអូស​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​សិទ្ធិ​ប្រតិបត្តិ​ពិសេស ដែល​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​រារាំង​ការ​ទំនាក់ទំនង​មួយ​ចំនួន​ពី​ការ​ចេញ​ផ្សាយ​ជា​សាធារណៈ​ ឬ​យ៉ាងណា​។​​មេធាវី​ពិសេស ជា​ធម្មតា​ត្រូវ​បាន​តែងតាំង​ក្នុងករណី​បទឧក្រិដ្ឋ​កម្ម​នានា ជាទី​ដែល​មាន​ក្ដី​បារម្ភ​ថា​ ភស្តុតាង​មួយ​ចំនួន​អាច​ត្រូវ​បាន​ការពារ​ក្រោម​សិទ្ធិ​ពិសេស​របស់​មេធាវី​កូនក្ដី ឬ​ការ​ការពារ​ផ្សេងទៀត ដែល​អាច​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​នៅ​ក្នុង​តុលាការ​។​ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក Anthony Coley បាន​និយាយ​ថា ក្រសួងយុត្តិធម៌​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ក្រុម​រដ្ឋអាជ្ញា​បាន​ដឹង​ពី​ពាក្យបណ្ដឹង​របស់​លោក Trump ហើយ​នឹង​ឆ្លើយតប​នៅ​ក្នុង​តុលាការ​។​ ដីកា​ឆែកឆេរ​នៅ​លំនៅឋាន Mar-a-Lago ត្រូវ​បាន​អនុញ្ញាត​ដោយ​តុលាការ​សហព័ន្ធ ក្នុង​ការ​ស្វែងរក​ឲ្យ​ឃើញ​ពី​មូលហេតុ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន៖ ​ការ​សិក្សា​ភាសា​វៀតណាម​មិន​ស្លាប់​ទេ​មាន​តែ​ចំណេញ​ដល់​ប្រជាជន​កម្ពុជា

2022/08/23 04:54:56 pm        655
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការ​ដែល​ក្រសួងអប់រំ​កម្ពុជា សម្រេចបង្កើតឲ្យមានការរៀនភាសាវៀតណាម នៅក្នុង​ សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ គឺមិនខុសនោះទេ ខណៈឲ្យ​មាន​ការ​រៀន​ភាសា​វៀត​ណាម​នេះ​គឺ​មាន​តែ​ចំណេញ​ដល់​ប្រជាពលរដ្ឋកម្ពុជា ក្នុងការយល់ដឹងបន្ថែម និង​ផ្តល់ភា​ពងា​យ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​រកស៊ី​ជាមួយភាគីវៀតណាម។ ការលើកឡើងរបស់សម្តេចបែបនេះគឺបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីជនជ្រុលនិយមមួយក្តាប់តូច ដែលបានប្រឆាំង និង​ទិទាន​បន្ទា​ប់​ពី​ក្រសួង​អប់រំ​កម្ពុជា​ប្រកាស​គ្រោង​ដាក់​ឲ្យ​មាន​ការ​រៀន​នូវ​ភាសា​វៀតណាម នៅក្នុងសាលាភូមិន្ទភ្នំពេញកាលពីកន្លងទៅថ្មីៗនេះ។ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប​ប្រមាណ ៣,០៧៥នាក់នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងដេប៉ាតឺម៉ង់​ សម្រាប់​កម្ម​វិធី​សិក្សា​នៅ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេ​ញ​នោះ​ គឺមិនមែនតែភាសាវៀតណាមនោះទេ គឺមានភាសាបរទេសជាច្រើនទៀត ហើយ​ការ​សម្រេច​ដាក់​ភាសា​វៀតណាម បន្ថែមទៀតនោះគឺវាកាន់តែផ្តល់ភាពងាយស្រួលដល់សិស្សនិស្សិត មន្រ្តី​រាជ​ការ​ដែល​ជាប់អាហារូបករណ៍ទៅសិក្សានូវប្រទេសវៀតណាម និង​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយភាគីវៀតណាមក្នុងគោលបំណងអ្វីមួយជាដើមនោះ។សូមបញ្ជាក់ថា ការគ្រោងបើកដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ បានក្លាយជាប្រធានបទក្ដៅដែលមានជជែកពិភាក្សាច្រើន ដោយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការព្រួយបារម្ភដោយគិតថា មាន​ការ​តម្រូវ​ឱ្យ​សិស្ស​គ្រប់​រូប​នៅ​សាកលវិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ត្រូវសិក្សាភាសាវៀតណាម ហើយក៏មានអ្នកខ្លះបារម្ភពីឥទ្ធិពល វៀតណាម​មក​លើ​កម្ពុជា​ផង​ដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ការ​សិក្សា​ភាសា​វៀតណាម​គឺ​មិនមែនសម្រាប់សិស្សទូទៅនោះទេ ខណៈការបើកការសិក្សាវៀតណាមនេះ គឺ​សម្រាប់​ក្រុម​និស្សិតជាក់លាក់ ដែលមា​នតម្រូវការចង់រៀនភាសាវៀតណាម សម្រាប់​បម្រើកា​រ​ងារ​ក្នុង​ក្រុម​ហ៊ុនវៀតណាម និងជាពិសេសសម្រាប់សិស្សជាប់អាហារូបករណ៍ ដែលត្រូ​វ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាមផងដែរ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប

2022/08/23 04:36:49 pm        884
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលជាវិស័យអទិភាព ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេស ពង្រឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បណ្តុះ​បណ្តាលតាមគន្លងថ្មី ក្នុងពេលវិបត្តិ នៃជំងឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មិនត្រឹម​តែ​ជា​ក្រុម​ជួរ​មុខ​រួម​មាន៖ ក្រុមគ្រូពេទ្យ និងផ្នែកផ្សេងៗឡើយ ការរួមគ្នាទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ និង​ការ​ប្រឹងប្រែង​គោរពវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ក៏ត្រូវរាប់​បញ្ចូល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងកូវីដ-១៩ផងដែរ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទោះមិនទាំងស្រុងក៏ដោយ តែ​យើង​អាច​គ្រប់គ្រង​បានក្នុងកម្រិតមួយយ៉ាងគាប់ប្រសើរ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនមានករណីស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ រយៈពេលជាង៤ខែមកហើយ រាប់តាំងពីខែមេសា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។- សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យគិតគូរដល់សុខុមាលភាពប្រជាជន និងសុខភាពសាធារណៈ ជាអទិភាពខ្ពស់បំផុត ដោយប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹង​កិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងពេលវិបត្តិកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងឡើយ ដោយ​កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់ខ្ពស់ លើករណីនេះជាចាំបាច់ ដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់ ជា​ពិសេសការបន្ត និងពន្លឿនដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនគ្រប់រូប។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការបានផ្តល់គុណតម្លៃខ្ពស់បំផុត លើការងារចាក់វ៉ាក់សាំង ដើម្បីលុបបំបាត់ជំងឺកូវីដ-១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីអតីតកាលដ៏លំបាក នៃការចាប់ផ្តើមវិស័យអប់រំ សិក្សា​ធិការជាថ្មី ក្រោយរំដោះរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩ ដែលកាលណោះ គ្រូ ឬសាស្រ្តាចារ្យ មានកម្រិត​ចំណេះដឹ​ង​លើ​សសិស្ស​តែ​បន្តិច​បន្តួ​ច​ប៉ុណ្ណោះ (អ្នក​ចេះ​ច្រើន​បង្រៀន​អ្នក​ចេះតិច, អ្នកចេះតិចបង្រៀនអ្នកមិនចេះ) ហើយស្ថានភាពនេះ បានប្រែប្រួលជាបន្តបន្ទាប់ តាម​រយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បាន​ពង្រាយសាលារៀនទៅគ្រប់និគមន៍ តាមល្បាយនៃការរស់​នៅ​របស់ប្រជាពលរដ្ឋ ចាប់​តាំង​ពី​កម្រិត​បឋម អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យ។ សម្តេចបញ្ជាក់ថា «ពីមុន​មនុស្ស​រត់​រក​​សាលា តែពេលនេះសាលារត់រកមនុស្សវិញ»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ មន្ត្រីរាជការស៊ីវិល កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ និងនិវត្តជន សុទ្ធតែទទួលបានការដំឡើងប្រាក់បៀវត្សរ៍ទាំងអស់ ដើម្បីជំរុញ និងបង្កើនល្បឿន នៃកម្រិតជីវភាពរបស់ពួកគាត់។-សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យសិស្ស, និស្សិត ប្រឹងប្រែងរៀនសូត្រឱ្យបានល្អ ខណៈដែលរាជរដ្ឋាភិបាលបានផ្តល់ឱកាស និងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះវិស័យសនេះ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «[..]ពេលនេះបើសិស្សរៀនមិនចេះ ឬមិនកើត កុំបន្ទោសគ្រូ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រដល់ការទស្សន៍ទាយមួយថា សម្តេចតេជោ នឹងបាត់បង់អំណាចនាពេលខាងមុខ ដែលត្រង់ចំណុចនេះសម្តេចបញ្ជាក់ថា «គ្មាននរណា កាន់អំណាចរហូតដល់ស្លាប់នោះទេ តែអំណាចនេះគ្មានធ្លាក់លើនរណា ក្រៅពីមនុស្សរបស់គណបក្សប្រជាជនកម្ពុជានោះឡើយ...!»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីខកចិត្តយ៉ាងខ្លាំងក្នុងជួយដល់ សាន្ត ប៊ុនធឿន ដែល​មិ​ន​កែ​ចរិត​អាក្រក់របស់ខ្លួន ហើយតែងភ្ជាប់បញ្ហារបស់ខ្លួនមកលើសម្តេច និងក្រុមគ្រួសារ នាំ​ឱ្យ​មាន​ការ​ភាន់​ច្រលំក្នុងចំណោមមតិសាធារណៈជាតិ។- សម្តេចតេជោ ហ៊ុន សែន ប្រកាស​កុំ​ឱ្យមាន​ការ​ភាន់​ច្រលំ​លើ​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រោះ​នៅ​សាកលវិទ្យាល័យ​នេះ​មាន​ដេប៉ាតឺម៉ង់​ភាសាប​រទេសច្រើនណាស់មានទាំង អង់គ្លេស, បារាំង ជប៉ុន ចិន កូរ៉េ....[...] ដែល​សកម្មភាព​ទាំង​នេះ មានប្រយោជន៍ចំពោះនិស្សិតកម្ពុជា និងការផ្លាស់ប្តូរកម្មវិធីសិក្សា ព្រមទាំងធុរកិច្ច។- សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្ម និងសោកស្តាយជាខ្លាំងដល់ក្រុមវិភាគមួយចំនួន ដែល​បានវិភាគបែបអវិជ្ជមាន និងអគតិ លើ ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​កាលពីពេលថ្មីៗនេះ ដោយសម្តេចបញ្ជាក់ថា ហ៊ុន ម៉ាណែត ទៅទស្សន​កិច្ច​នៅ​វៀតណាម តិចជាងនៅជប៉ុន និងសិង្ហបុរីទៅទៀត។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកវិភាគអាចយករឿង ហ៊ុន ម៉ាណែត ទស្សនកិច្ច​នៅ​ជប៉ុន​កាល​ពីដើមឆ្នាំ២០២២មកវិភាគបានត្រឹមត្រូវ ព្រោះកម្រិតទទួល និងជំនួប មានចំនួនច្រើន ហើយ​កម្រិតខ្ពស់ទៀតផង។ សម្តេចបញ្ជាក់ថា ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន ៣រូប​ហើយ​អញ្ជើញទៅទស្សនកិច្ច ក្នុងនោះ ហាតូយ៉ាម៉ា ឆ្នាំ២០១១ ,ស៊ីនហ្សូ អាបេ ឆ្នាំ២០១៨ និង គីស៊ីដា ឆ្នាំ២០២២នេះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីនយោបាយជ្រុលនិយមរបស់ក្រុមមួយចំនួន និង​អ្នក​វិភាគ​ខ្លះ លើទំនាក់ទំនងកម្ពុជា-វៀតណាម និងបញ្ហាទឹកដី ដែ​ល​បាន​បាត់​បង់​ទៅ​លើ​ប្រទេស​វៀតណាម​ពី​អតីតកាល ដែលសម្តេចតេជោ ហ៊ុន សែន បានហៅថា ជាកម្រិតវិភាគដ៏អន់មួយ មិន​ស្តែង​ឱ្យ​ឃើញពីស្ថានភាពជាក់ស្តែង នៃកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា​មិ​ន​ត្រូវ​ការ​ការ​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ពីប្រទេសណាទាំងអស់ មិនថាតែវៀតពណាមនោះទេ។ បេក្ខភាព​នាយករដ្ឋ​មន្ត្រី​សម្រាប់​គណបក្ស​ប្រជាជនកម្ពុជា ត្រូវតែងតាំង និងគាំទ្រដោយគណបក្ស ហើយការបោះឆ្នោតជាតិ ក៏ត្រូវបានកម្ពុជាធ្វើឡើងជាទៀតទាត់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយចោទជាសំនួរថា «តើមានម៉ែឪណាមិនចង់ឱ្យកូនធ្វើធំ...[..] ខ្ញុំមិនបណ្តុះបណ្តាលកូនឱ្យធ្វើជាមេចោរនោះទេ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំផ្ញើដល់អ្នកវិភាគក្រៅស្រុកក្បាលទំពេក ពុកមាត់​ស្រម៉ូមម្នាក់ ដែលនិយាយថា បើហ៊ុន ម៉ាណែត ចង់ធ្វើនាយករដ្ឋមន្ត្រី ត្រូវតែធ្វើឱ្យខុស​ពីឪ​(សម្តេចតេជោ ហ៊ុន សែន ) ដែលត្រង់ចំណុចនេះសម្តេចបញ្ជាក់ថា «បើធ្វើខុសពីឪ គឺមានន័យថា​ខុសពីគោលការណ៍គណបក្សប្រជាជនកម្ពុជាហើយ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសយកបញ្ហាស្ត្រីលង្ការជាបទពិសោធន៍ នៃការចំណាយរបស់រដ្ឋ ខណៈដែលនៅស្ត្រីលង្ការមានមន្ត្រីរដ្ឋការ និងបុគ្គលិក ជាង១លាន៨សែននាក់ ដែល​រដ្ឋត្រូវ​រដ្ឋ​ទទួលបន្ទុកចិញ្ចឹម ខណៈដែលនៅកម្ពុជាមានត្រឹមតែជាង ៤០ម៉ឺននាក់ប៉ុណ្ណោះ។ សម្តេច​បញ្ជាក់​ថា ដើម្បីស្ថិរភាពហិរញ្ញវត្ថុ រដ្ឋត្រូវចំណាយត្រឹមតែ៤ភាគរយប៉ុណ្ណោះ នៃ​ផលិត​ផល​ក្នុងស្រុក​សរុប(GDP)។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៩ និង២២នាទី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកជំនាញUN ជំរុញឲ្យអ៊ីរ៉ង់បញ្ឈប់ការរើសអើង និងកំណត់គោលដៅលើក្រុមជនភាគតិច
08/07/2026 03:08 PM
សមាជិកសភារបស់ក្រុមហេសបូឡារិះគន់អាជ្ញាធរលីបង់ចំពោះការបន្តនយោបាយនៃការចុះចាញ់និងអនុគ្រោះ
08/07/2026 03:08 PM
មនុស្សស៊ីវិល ១១នាក់ បានរងរបួសពីការវាយប្រហាររបស់ក្រុមហ៊ូទីលើទីក្រុង NAJRAN របស់អារ៉ាប៊ី សាអ៊ូឌីត
08/07/2026 03:08 PM
UN៖ ប្រជាជនហ្កាហ្សាប្រឈមនឹងអំពើហិង្សាយ៉ាងខ្លាំងពីអ៊ីស្រាអែល ខណៈចំនួនកុមារស្លាប់បន្តកើនឡើង
08/07/2026 03:08 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាលជាមួយសហគមន៍ លើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធតំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ ក្នុងតំបន់ការពារធម្មជាតិកោដូន្តី ខេត្តកំពង់ស្ពឺ
08/07/2026 03:08 PM
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
08/07/2026 02:08 PM
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
08/07/2026 02:08 PM
វិចារណកថា៖«ដើមឈើមួយដើមៗ សុទ្ធតែមានរឿងរ៉ាវរបស់ខ្លួន»
08/07/2026 02:08 PM
កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹង-ពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅលើវិស័យការពារជាតិ
08/07/2026 02:08 PM
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា
08/07/2026 01:08 PM