សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត រម្លឹកពីផលវិបាកនៃសង្គ្រាម

2022/03/08 06:48:51 pm        317
កំពង់ឆ្នាំង ៖ ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២១ ផ្សព្វផ្សាយផែនការ ឆ្នាំ២០២២ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់កងពលតូចអន្តរាគមន៍លេខ១ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកក្រៅពីការជូននូវសព្ទសាធុកាពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះយោធិននារីនៃកងពលតូចអន្តរាគមន៍លេខ១ ក៏ដូចជានៅទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទឯកឧត្ដមក៏បានរម្លឹកពីផលវិបាកនៃសង្គ្រាមផងដែរ។ឯកឧត្ដមបន្តថាមិនថានៅក្នុងប្រទេសធំឬតូច ខ្លាំងឬខ្សោយ សង្គ្រាមតែងបង្កនូវមហាវិនាសកម្ម ដូចជា ការស្លាប់បាត់បង់អាយុជីវិតយោធិន និងពលរដ្ឋ បង្កនូវការបែកបាក់សង្គមជាតិ និងការនិរាសព្រាត់ប្រាសគ្រួសារ ឯហេដ្ឋារចនាសម្ព័ន្ធនានាក៏ត្រូវបំផ្លិចបំផ្លាញក្លាយជាគំនរផេះផង់ ហើយសេដ្ឋកិច្ចជាតិក៏ត្រូវរលំរលាយផងដែរ។ ដូច្នេះ សូមកងកម្លាំងប្រដាប់អាវុធជាតិយើងនិយាយជារួម និងនិយាយដោយឡែកកងយោធពលខេមរភូមិន្ទ សូមបន្តរក្សានូវភាពស្មោះត្រង់ និងពង្រឹងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីធានាបាននូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលយើងកំពុងមានសព្វថៃ្ង ខណៈដែលក្រុមជ្រុលនិយមមួយចំនួននៅតែបន្តអុចអាល ញុះញង់ និងចិញ្ចឹមចិត្តប៉ុនប៉ងបង្កអសន្តិសុខ ដើម្បីឈានទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីបម្រើនូវមហិច្ឆិតាស្រេកឃ្លានរបស់ពួកគេ ដោយមិនគិតអំពីប្រយោជន៍ជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋនោះឡើយ។ឯកឧត្ដមបានគាំទ្រនិងជំរុញឱ្យយោធិនទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការបំពេញតួនាទី និងភារកិច្ចក្នុងនាមជាកងយោធពលខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានស្នាដៃ និងសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង។ឯកឧត្ដមក៏បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាល សម្តេច តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា «អគ្គភស្តុភារជាន់ខ្ពស់»ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួនសម្តេចផ្ទាល់ក៏ធ្លាប់ជាយោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាមផងដែរ៕ អត្ថបទ ៖ គង់ ឌិន

លោក Zelenskyy ជំរុញ​សុំ​ជំនួយ​ជាស​កល​ដើម្បី​ការពារ​អ៊ុយ​ក្រែ​ន​

2022/03/08 09:47:40 pm        1489
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy មាន​ដៃគូ​ថ្មី​នៅ​ក្នុង​យុទ្ធនាការ​របស់​លោក ដើម្បី​ការ​ពារ​ប្រទេស​គឺ​អង្គការ Global Citizen ជា​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​ភាព​ក្រីក្រ​ខ្លាំង​។​លោក Zelenskyy និង Global Citizen បាន​ចេញ​ផ្សាយ​ដំបូង​នូវ​អ្វី​ដែល​សង្ឃឹមថា នឹង​ជា​ការ​អំពាវនាវ​ដើម្បី​ធ្វើ​សកម្មភាព សម្រាប់​សមាជិក​រាប់​លាន​នាក់​របស់​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ ព្រមទាំង​ដៃគូ​រដ្ឋាភិបាល ក្រុមហ៊ុន និង​សប្បុរសជន​។ សារ​ដំបូង​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​នបាន​ស្វែងរក​ជំនួយ​ពី​ពិភពលោក​ ក្នុង​ការ​ការពារ​ប្រទេស​របស់​លោកប្រឆាំង​នឹង​អ្វី​ដែល​លោក​និយាយ​ថា​ ជា​សកម្មភាព​ភេរវកម្ម​ពី​ប្រទេស​រុស្ស៊ី​។ លោក​ Zelenskyy បាន​លើក​ឡើង​ពី​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ីទៅលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន និង​ការ​បាញ់​ផ្លោង​ទៅលើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​។​អង្គការ​ Global Citizen និយាយ​ថា ​អង្គការ​សង្ឃឹមថា ​ភាពជា​ដៃគូ​នេះនឹង​លើកទឹកចិត្តប្រជាជនឲ្យ​ផ្តល់​ព័ត៌មាន​អំពី​វិបត្តិ​មនុស្សធម៌ និង​របៀប​ឆ្លើយតប​។ កាលពី​សប្ដាហ៍​មុន​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ទឹកប្រាក់​ចំនួន ១.៧ពាន់​លាន​ដុល្លារ​នឹង​ត្រូវការ​ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ផ្តល់​ជំនួយ ដោយ​ប៉ាន់ប្រមាណ​ថា ​ប្រជាជន ១២​លាន​នាក់​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ជនភៀសខ្លួន ៤​លាន​នាក់​នឹង​ត្រូវ​ការ​ជំនួយ​បន្ទាន់ និង​ការ​ការពារ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​៕អត្ថបទ៖ ប៊ុនថន

ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ជួប​ប្រជុំ​ស្ដីពី​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​

2022/03/08 09:20:28 pm        660
​UN៖ អង្គការសហប្រជាជាតិ​និយាយថា ស្ថាប័ន​មិនអាច​បំពេញតម្រូវការ​របស់​ជន​ស៊ីវិល​រាប់លាន​នាក់ ដែលជាប់​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ននាពេល​បច្ចុប្បន្ននេះ​បានទេ ហើយ​កំពុង​ជំរុញឱ្យមាន​ច្រក​ធ្វើដំណើរសុវត្ថិភាព​សម្រាប់​ប្រជាជន និង​សម្រាប់​ការផ្គត់ផ្គង់​មនុស្សធម៌ដើម្បី​ទៅដល់​តំបន់​ដែលមាន​ជម្លោះ​។​អគ្គលេខាធិការរង​លោក Martin Griffiths បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ថា ទីក្រុង​ដូចជា Mariupol, Kharkiv, Metropol កំពុងតែ​ត្រូវការ​ជំនួយបន្ទាន់​។​ លោក Griffiths និយាយថា យើង​មិនអាច​បំពេញតម្រូវការ​របស់​ជន​ស៊ីវិលនៅពេលបច្ចុប្បន្ននេះ​បានទេ​។ អង្គការសហប្រជាជាតិ និង​ដៃគូ​របស់ខ្លួន​បានផ្តល់​ស្បៀងអាហារ​ដល់មនុស្សរាប់សែន​នាក់ ហើយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោកកំពុង​បង្កើត​ប្រតិបត្តិការ​ ខ្សែសង្វាក់​ផ្គត់ផ្គង់ដើម្បី​ផ្តល់ស្បៀងអាហារ និង​ជំនួយ​ជា​សាច់ប្រាក់​បន្ទាន់​ដល់​ប្រជាជន ៣-៥​លាន​នាក់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​​ជាមួយគ្នានេះអង្គការ​ UNICEF និយាយថា ខ្លួន​បានផ្តល់​សម្ភារៈ​សង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ​ចំនួន ៤០​តោន​ដើម្បី​បំពេញ​តម្រូវការ​របស់​កុមារ និង​ម្ដាយ​ចំនួន ២.២០០០​នាក់​។ ខណៈ​ប្រជាជន​អ៊ុយ​ក្រែ​ន ១.៧​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​លោក Sergiy Kyslytsya បាន​ដាក់​កំហុស​លើ​រុស្ស៊ី​ ចំពោះ​ការ​មិន​បង្កើត​ច្រក​របៀង​មនុស្សធម៌​ឲ្យ​បាន​គ្រប់គ្រាន់៕អត្ថបទ៖ ប៊ុនថន

កិច្ចចរចា​ជុំ​ថ្មី​រវាង​រុស្សី និង​អ៊ុយ​ក្រែ​ន​ទទួល​លទ្ធផល​រីកចម្រើន​តិចតួច​

2022/03/08 12:25:52 pm        1192
​បេឡារុស៖ ទាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ភាគី​ទាំងពីរ​បាន​ធ្វើ​ឲ្យ​មាន​លទ្ធ​ផល​រីក​ចម្រើន​តិចតួច​ ក្នុង​អំឡុង​កិច្ចចរចា​ជុំ​ទី​បី​ក្នុង​ប្រទេស​បេឡា​រុស ហើយ​ប្រធាន​គណៈប្រតិភូ​រុស្ស៊ី​លោក Vladimir Medinsky និយាយ​ថា ​លោក​រំពឹង​ថា ​ច្រក​របៀង​មនុស្សធម៌​នៅ​អ៊ុយ​ក្រែន​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​អង្គារ​នេះ​។​លោក​និយាយ​ថា គ្មាន​ការ​រីក​ចម្រើន​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង លើ​ដំណោះស្រាយ​នយោបាយ​នោះ​ទេ។ ​ការ​រំពឹង​ទុក​របស់​យើង​ពី​កិច្ច​ពិភាក្សា​បាន​បរាជ័យ ប៉ុន្តែ​សង្ឃឹមថា យើង​នឹង​អាច​បង្កើត​ជំហាន​សំខាន់​បន្ថែម​ទៀត​ឆ្ពោះ​ទៅ​មុខ​នៅ​ពេល​ក្រោយ ខណៈ​ការចរចា​នឹង​បន្ត​។ កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​រៀបចំ​ច្រក​សុវត្ថិភាព​សម្រាប់​ជន​ស៊ីវិល​កាលពី​ចុង​សប្ដាហ៍​បាន​បរាជ័យ ក្នុងពេលដែល​ការ​បាញ់​ផ្លោង​នៅតែ​បន្ត​។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ប្រកាស​ពី​ការ​ជំរុញ​ថ្មី​មួយកាលពី​ថ្ងៃ​ចន្ទ​ដោយ​និយាយ​ថា ​ជន​ស៊ីវិល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​រដ្ឋធានី Kyiv, Mariupol ទីក្រុង​Kharkiv និង Sumy។​ មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​មកដល់​ប្រទេស​បេឡា​រុស សម្រាប់​កិច្ចពិភាក្សា​ជុំ​ទី​បី​ជាមួយ​មន្ត្រី​រុស្ស៊ី ខណៈ​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់​ថ្ងៃទី១២។​ កិច្ចពិភាក្សា​មាន​គោលបំណង​ដោះ​ស្រាយ​ជម្លោះ​ ដែល​កំពុង​បន្ត​ធ្វើឡើង​នៅ​តំបន់​ឧទ្យាន​ជាតិ​ជាប់​ព្រំដែន​ប្រទេស​ប៉ូឡូញ​-​បេឡា​រុស៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ប្រកាស​បទ​ឈប់​បាញ់​ថ្មី​ឲ្យ​មានការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង​ចំនួន​៥​ របស់​អ៊ុយ​ក្រែ​ន​

2022/03/08 06:17:45 pm        558
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ឲ្យ​មាន​បទ​ឈប់​បាញ់​ថ្មី​មួយ ​ដើម្បី​បើក​ឲ្យ​មានការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង​ចំនួន​៥ ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​គឺ​ទីក្រុង Kyiv, Kharkiv, Chernihiv, Sumy និង​ទីក្រុង Mariupol​ ដែល​បាន​ចាប់ផ្ដើម​នៅ​ម៉ោង ​១០​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ម៉ោង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។​ថ្លែង​ពេល​បិទ​បញ្ចប់​ជំនួប​ប្រជុំ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត​រប​ស់​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Vassily Nebenzia​ បាន​និយាយ​ថា ការ​បើក​ច្រក​របៀង​គឺ​ដើម្បី​អាច​ឲ្យ​ជន​ស៊ីវិល​មានឱកាស​ចាកចេញ​ពី​ទីក្រុង​ទាំងនោះ។​ លោ​កថា​ ផែនការ​ជម្លៀស​គឺ​អាស្រ័យ​ទៅ​លើ​ការ​ឯកភាព​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​។​​សំណើ​នេះ​ពុំ​មាន​ការ​ទាមទារ​ថា ពល​រដ្ឋ​ទាំងនោះ​ត្រូវតែ​បញ្ជូន​ទៅកាន់​ដែនដី​របស់​ប្រទេស​រុស្ស៊ី ជា​ចាំបាច់​នោះ​ទេ​។ វា​ជា​ជម្រើស​របស់​ពួកគេ​ដែល​ត្រូវ​ទៅ​កន្លែង​ដែល​ពួកគេ​ចង់​ទៅ​។​​សេចក្ដីថ្លែងការណ៍​របស់​លោក​បាន​កើត​ឡើង បន្ទាប់ពី​អង្គការសហប្រជាជាតិ​និយាយ​ថា​ វា​ចាំបាច់​ត្រូវ​មាន​ច្រក​សុវត្ថិភាពដើម្បី​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ ចូល​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ ការវាយប្រហារ​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៣​ ហើយ។ ជម្លោះ​យោធា​នេះ​បាន​ឆក់​យក​ជីវិត​ជន​ស៊ីវិល​យ៉ាងហោចណាស់ ៤០៦​នាក់ និង ៨០១​នាក់​រង​របួស​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ នេះ​បើ​យោង​តាម​អង្គការសហប្រជាជាតិ​៕ អត្ថបទ៖ សុខមាន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​ទប់​ទល់នឹង​រុស្ស៊ី​

2022/03/08 05:53:39 pm        1528
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​ដោយ​ផ្ទាល់​ទៅកាន់​សហរដ្ឋអាមេរិក ​ឲ្យ​ជួយ​គាំទ្រ​ដល់​សង្គ្រាម​ក្នុង​ប្រទេស​របស់​លោកទប់ទល់​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី​។ ​ក្នុង​កិច្ច​សម្ភាសន៍​ផ្ដាច់មុខ​មួយ​ជាមួយ​ពិធី​ករ​លោក David Muir ក្នុង​កម្មវិធី​ព័ត៌មាន​ពិភពលោក​រាត្រី​នេះ​លោក Zelenskyy បាន​និយាយ​ថា ការ​គាំទ្រ​ដល់​យើង​ដែល​មិន​ត្រឹម​មានតែ​ពាក្យសម្ដី​ប៉ុណ្ណោះ​ទេ គឺ​មាន​ទាំង​វិធានការ​ម៉ឺងម៉ាត់​ដោយ​ផ្ទាល់​។ធ្វើ​ចុះ ហើយ​ខ្ញុំ​គិត​ថា យើង​នឹង​ឈ្នះ​។​ លោក​បាន​និយាយ​ថា ប្រសិនបើ​រុស្ស៊ី​វាយ​ដណ្ដើម​យក​អ៊ុយ​ក្រែ​ននោះ​ការ​ប្រយុទ្ធ​នឹង​បន្ត​ជា​ការ​បះបោរ​។​ ​លោក Zelenskyy បាន​ជំរុញ​ប្រជាជន​របស់​លោក​ឱ្យ​បន្ត​ទប់​ទល់នឹង​ការវាយប្រហារ​ ដែល​ក្រុម​មន្ត្រី​អង្គការសហប្រជាជាតិ​និយាយ​ថា​ បាន​បង្ខំ​ឲ្យ​មនុស្ស​ជាង ១.៧​លាន​នាក់​ឱ្យ​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​។​ ​លោក​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​បរទេស​ដាក់​តំបន់​គ្មាន​ការហោះហើរ​លើ​អ៊ុយ​ក្រែ​ន ទោះបីជា​បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​ច្រានចោល​គំនិត​នេះ ដោយសារតែ​ប្រឈម​នឹង​ការ​រីក​កាន់តែ​ធំ​នៃ​ជម្លោះ​ ព្រោះតែ​ជាប់​ពាក់ព័ន្ធ​ជាមួយ​យោធា​បរទេស​ដោយ​ផ្ទាល់​។​ ទោះបីជា​សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាង​លិច​ជាច្រើន​ទៀត​បាន​គាំទ្រ​អ៊ុយ​ក្រែ​ន​ ដោយ​​ការ​ដឹក​ជញ្ជូន​អាវុធ​ជួយ​អ៊ុយ​ក្រែ​ន​ក៏ដោយ ក៏​ពួកគេ​បាន​ប្ដេជ្ញា​ហើយ​ថា​នឹង​មិន​បញ្ជូន​កងទ័ព​ទៅ​ឡើយ​៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ស្រែក​រក​ជំនួយ ខណៈ​ព្យាយាម​រត់គេច​ចេញពី​ការវាយប្រហារ​ពី​ទាហាន​រុស្ស៊ី​

2022/03/08 05:00:49 pm        1176
​អ៊ុយ​ក្រែ​ន៖ កាលពី​ថ្ងៃ​ចន្ទ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង Irpin ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ព្យាយាម​រត់​ភៀសខ្លួន​ចេញពី​តំបន់​នានា​ នៃ​ទីក្រុង​ដែល​ត្រូវ​បាន​ទាហាន​រុស្ស៊ី​រឹបអូសបាន​ស្រែក​សុំ​ជំនួយ​។ ​ប្រជាពលរដ្ឋ​ម្នាក់​បាន​និយាយ​ថា ទាហាន​រុស្ស៊ី​កំពុង​រត់​ពេញ​ទីធ្លា​ផ្ទះ និង​ឆែកឆេរ​គ្រប់​ផ្ទះ​ទាំងអស់ដោយ​បើក​ទ្វារ​របង បន្ទប់​ក្រោម​ដី ឬវាយ​ទម្លាយ​ទ្វារ។​អ្នកស្រី​បាន​បន្ថែម​ថា ​ពួកគេ​បាន​ប្រមូល​យក​របស់របរ​ដែល​ពួកគេ​ត្រូវការ និង​វាយ​កម្ទេច​ចោល​របស់​ដែល​ពួកគេ​មិន​ត្រូវ​ការ​។ ​ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​និយាយ​ថា ​ខ្ញុំ​ស្រែក​ដល់​ពិភពលោក សូម​បញ្ជូន​នរណា​ម្នាក់​ឲ្យ​មក​ជួយ​ពួក​យើង​ផង​។ ​នៅ​ក្នុង​តំបន់ Irpin ដែល​ត្រូវ​បាន​កាត់ផ្តាច់​ចរន្តអគ្គិសនី ទឹក និង​ម៉ាស៊ីនកំដៅ​អស់​រយៈពេល​បី​ថ្ងៃ មនុស្ស​មួយចំនួន​បាន​មើល​ឃើញ​រថក្រោះ​យ៉ាងហោចណាស់​ចំនួន​ ៣​គ្រឿង​កាលពី​ថ្ងៃ​ចន្ទ ហើយ​បាន​និយាយថា ទាហាន​រុស្ស៊ីកំពុង​រឹបអូស​ផ្ទះ និង​រថយន្ត​។​ ​យោងតាម​អភិបាលក្រុង Irpin លោក Oleksander Markyshin បាន​និយាយថា ជន​ស៊ីវិល​ប្រហែល ៨នាក់​ស្លាប់​ដោយសារ​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​នៅក្នុង​ទីក្រុង​នេះ​។ អ្នកស្លាប់​រួមមាន​គ្រួសារ​មួយ​ផង​ដែរ​។​​អ្នកស្រុក Irpin បាន​ព្យាយាម​ភៀសខ្លួន​ចេញពី​ជាយ​រដ្ឋធានី Kyiv កាលពី​ចុង​សប្តាហ៍ ខណៈដែល​ការបាញ់​ផ្លោង​នៅ​តែ​បន្ត បើទោះបី​ជាមាន​បទ​ឈប់​បាញ់​ក៏ដោយ​។ ​គ្រួសារ​ជាច្រើន​ដែល​កំពុង​ភ័យ​ស្លន់ស្លោ​រត់តាម​ដងផ្លូវ​ទៅ​រថយន្តក្រុង ហើយ​ម្ដាយ​អស់សង្ឃឹម​មួយចំនួន​ប្រគល់​កូន​ឲ្យ​ទៅ​ទាហាន និង​មនុស្ស​ប្លែក​មុខ​ដែល​ពួកគេ​មិនដែល​ស្គាល់​ដើម្បី​ជួយ​ឲ្យ​ពួកគេ​រត់គេចខ្លួន​។​ ​មនុស្ស​ជាច្រើន​បាន​ជាប់គាំង​នៅក្នុង​ផ្ទះ​របស់​ពួកគេ​អស់​ជាច្រើន​ថ្ងៃ ហើយ​ឥឡូវនេះកំពុង​ព្យាយាម​ភៀសខ្លួន​បន្ទាប់ពី​ការប្រកាស​បទ​ឈប់​បាញ់​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​ព្រមាន​លោក​ខាង​លិច​ជុំវិញ​បម្រាម​នាំចូល​ប្រេង ខណៈ​ការចរចា​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​មាន​ភាព​រីកចម្រើន​តិចតួច

2022/03/08 04:47:53 pm        3406
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​ព្រមាន​ថា តម្លៃ​ប្រេង​អាច​ហក់​ឡើង​ដល់ ៣០០ដុល្លារអាមេរិក​ក្នុង​មួយ​បារ៉ែល ហើយ​ខ្លួន​អាច​នឹង​បិទ​បំពង់​បង្ហូរ​ឧស្ម័ន​ដ៏​សំខាន់​ទៅកាន់​អាល្លឺម៉ង់ ប្រសិនបើ​ប្រទេស​លោក​ខាង​លិច​បញ្ឈប់​ការ​នាំចូល​ប្រេង​ជុំវិញ​ការវាយប្រហារ​លើ​អ៊ុយ​ក្រែ​ន ខណៈ​ការចរចា​ស្វែងរក​សន្តិភាព​កាលពី​ថ្ងៃ​ចន្ទ​ បាន​ត្រឹមតែ​បង្កើត​ភាព​រីកចម្រើន​តិចតួច​ប៉ុណ្ណោះ​។​​ការ​វាយ​លុក ដែល​ជា​ការវាយប្រហារ​ដ៏​ធំ​បំផុត​លើ​រដ្ឋ​មួយ​ក្នុង​តំបន់​អឺរ៉ុប ចាប់​តាំង​ពី​សង្គ្រាមលោក​លើក​ទី​២​ មក​បាន​បង្ខំ​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​ប្រមាណ ១.៧​លាន​នាក់​រត់​ភៀសខ្លួន​ចូល​ទៅ​កាន់​ប្រទេសជិតខាង ការ​សម្រុក​រោម​រឹត​ទណ្ឌកម្ម​ទីក្រុង Moscow ការ​ដក​ក្រុមហ៊ុន​បរទេស​ចេញ​ដ៏​ច្រើន និង​ក្ដី​បារម្ភ​ថា ​ជម្លោះ​នឹង​រីក​កាន់តែ​ធំ​មិន​ធ្លាប់​មាន​រយៈពេល​ជាច្រើន​ទសវត្សរ៍​នៅ​អឺរ៉ុប។ ការ​ឡោម​ទ័ព និង​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​ជាច្រើន​របស់​​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​។​ ​ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា ការវាយប្រហារ​របស់​រុស្ស៊ី​ទៅលើ​រោងចក្រ​ផលិត​នំប៉័ងបាន​សម្លាប់​មនុស្ស ១៣​​នាក់ នៅ​ក្នុង​ទីក្រុង Makariv ស្ថិត​ក្នុង​តំបន់ Kyiv។​ សារព័ត៌មាន Reuters មិន​អាច​ស្វែងរក​ការ​ផ្ទៀងផ្ទាត់​ឲ្យ​លម្អិត​បានទេ​។ ចំណែក​ភាគី​រុស្ស៊ី​វិញ​បាន​ទាត់ចោល​ការចោទប្រកាន់​ដែល​ថា ​ខ្លួន​បាន​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល​។​ ​ខណៈ​ដែល​កំពុង​ព្យាយាម​ពង្រីក​ទម្ងន់​សម្ពាធ​លើ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin សហរដ្ឋអាមេរិក​និយាយ​ថា ​ក្រុង Washington និង​សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុប​របស់​ខ្លួនបាន​កំពុង​ពិចារណា ​ដាក់​បម្រាម​មិន​ឲ្យ​នាំចូល​ប្រេង​ចូល​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ​តម្លៃ​ប្រេង​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ២០០៨ មក​។​ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ធ្វើ​សន្និសីទ​តាម​វីដេអូ​ជាមួយ​បណ្ដា​មេដឹកនាំ​បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស ខណៈ​លោក​បាន​ជំរុញ​ឲ្យ​មានការ​គាំទ្រ​លើ​បម្រាម​នេះ​៕អត្ថបទ៖ សុខមាន

ទីភ្នាក់ងារ​ជនភៀសខ្លួន UN និយាយ​ថា ជន​ភៀស​ខ្លួន​ជាង ១.៥លាន​នាក់​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​

2022/03/07 10:22:36 pm        512
​អ៊ុយក្រែន៖ ប្រធាន​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជនភៀសខ្លួន​ជាង ១,៥​លាន​នាក់​បាន​ឆ្លង​ពី​អ៊ុយ​ក្រែ​ន​ទៅកាន់​ប្រទេសជិតខាង ចាប់តាំងពី​ប្រទេសរុស្ស៊ី​ចូល​ឈ្លានពាន​។​​លោក Filippo Grandi បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ច្រកព្រំដែន​អ៊ុយ​ក្រែ​ន​-​ប៉ូឡូញក្នុង​ទីក្រុង Medyka ភាគ​អាគ្នេយ៍​ប្រទេស​ប៉ូឡូញ​ថា ជំនួយ​អន្តរជាតិគឺ​ចាំបាច់សម្រាប់​ប្រទេសប៉ូឡូញ និង​ប្រទេស​ផ្សេងទៀត​ដែល​ទទួល​ជនភៀសខ្លួន​ពី​អ៊ុយ​ក្រែ​ន​។​ ​លោក​និយាយថា ការព្យាករណ៍​ពិបាក​នឹងធ្វើ យើង​ដឹងថា​ មនុស្ស​រាប់សែន​នាក់​កំពុងធ្វើដំណើរ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រួមទាំង​កំពុង​ឆ្លងកាត់​ព្រំដែន​។ ​កាកបាទក្រហម​អន្តរជាតិ និង​អង្គការសហប្រជាជាតិកំពុង​ចរចារ​ពី​ដំណើរ​ការចូល​ទៅកាន់​ទី​ក្រុងនានាក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការប្រយុទ្ធ​គ្នា ចាប់តាំងពី​រុស្ស៊ី​បានឈ្លានពាន​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ​។​លោក​និយាយថា ការពិភាក្សា​ទាំងនោះបន្ត​ជាមួយនឹង​ក្តីសង្ឃឹម​សម្រាប់​ភាពជោគជ័យ ប៉ុន្តែ​មិនបានផ្តល់​ឈ្មោះ​ទីក្រុង​ជាក់លាក់​នោះទេ​។ ច្រករបៀង​ទាំងនោះ​មាន​ប្រយោជន៍​ក្នុងការ​នាំយក​ជំនួយមនុស្សធម៌ របស់របរ​ជា​មូលដ្ឋានទៅឱ្យប្រជាជន​ដែល​ពិត​ជាមាន​តម្រូវការ​ដោយ​អស់សង្ឃឹម​។​ ​ប៉ុន្តែ​អ្វីដែល​ត្រូវការ​ពិតប្រាកដគឺ​បទ​ឈប់​បាញ់ គឺ​ការបញ្ចប់​ជម្លោះ ព្រោះ​នោះ​ជា​មធ្យោបាយ​តែមួយគត់​ដើម្បី​បញ្ឈប់​សោកនាដកម្ម​នេះ​៕អត្ថបទ៖ ប៊ុនថន

ប្រជាជន​ដុត​លិខិត​ឆ្លង​ដែន​រុស្ស៊ី​នៅ​ទីក្រុង​ប៊ែ​ល​ក្រា​ដ​ក្នុង​បាតុកម្ម​ប្រឆាំង​សង្គ្រាម​

2022/03/07 09:48:07 pm        879
​ស៊ែ​ប៊ី៖ ពលរដ្ឋ​រុស្ស៊ី​មួយ​ក្រុម​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ស៊ែ​ប៊ី ស្ថិត​ក្នុង​ចំណោម​ប្រជាជន​រាប់​រយ​នាក់​កាលពី​ថ្ងៃអាទិត្យ បាន​ទប់​ទល់នឹង​សីតុណ្ហភាព​ត្រជាក់ ដើម្បី​ប្រមូល​ផ្តុំគ្នា​នៅ​កណ្តាល​ទីក្រុង​ប៊ែ​ល​ក្រា​ដ ដើម្បី​គាំទ្រ​ប្រទេស​អ៊ុយ​ក្រែ​ន​។​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់​បាន​ដុត​លិខិតឆ្លងដែន​រុស្ស៊ី​របស់​លោក ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំង​ចំពោះ​ការ​ឈ្លាន​ពាន​លើ​អ៊ុយ​ក្រែ​ន​។ ពលរដ្ឋ​មួយ​ចំនួន​ទៀត​កាន់​ទង់ជាតិ​អ៊ុយ​ក្រែ​ន ខណៈ​ស្រែក​ប្រឆាំង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ប្រឆាំង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​។ លោក Vladimir Nesimov បាន​និយាយ​បន្ទាប់ពី​ដុត​លិខិតឆ្លងដែន​របស់​លោក​ថា ខ្ញុំ​មិន​ចង់​ឲ្យ​មាន​អ្វី​ត្រូវ​ធ្វើ ដែល​រុស្ស៊ី​កំពុង​ធ្វើ​នៅ​លើ​ទឹកដី​អ៊ុយ​ក្រែ​ន និង​នៅ​លើ​ពិភពលោក​នោះ​ទេ។ ​លោក Vladimir Nesimov និង​ភរិយា​របស់​លោក​ឈ្មោះ Evelina Nesimova បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Belgrade ពី​ទីក្រុង Loznica ភាគ​ខាងលិច​ប្រទេស​ស៊ែ​ប៊ី ដើម្បី​ចូលរួម​ការ​ប្រមូល​ផ្តុំ​កាលពី​ថ្ងៃអាទិត្យ ដែល​រៀបចំ​ដោយ​សកម្មជន​សន្តិភាព និង​ប្រជាជន​រុស្ស៊ី​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ស៊ែ​ប៊ី​។លោកស្រី Evelina Nesimova បាន​និយាយ​ថា​ ប្តី​ប្រពន្ធ​របស់​គាត់​បាន​ផ្លាស់​ពី​ទីក្រុង​មូ​ស្គូ​ក្នុង​ឆ្នាំ២០១៤ បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​តំបន់​គ្រី​មៀ​។​ ​មានការ​ភ័យខ្លាច​ថា ភាព​តានតឹង​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​អាច​ផ្ទុះ​ឡើង​ដល់​តំបន់​បាល់​កង់ ដែល​ងាយ​នឹង​កើតឡើង​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​ជនជាតិភាគតិច ជា​បន្តបន្ទាប់​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៩០៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM