ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

ព័ត៌មានអន្តរជាតិ

លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ

2026/07/23 07:24:07 pm        74
​​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ​នៅ​ថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា អ៊ីរ៉ង់នឹងបន្តខាតបង់ធ្ងន់ធ្ងរ​ រហូតដល់ប្រទេស​នេះ «ភ្ញាក់​រលឹក​» ឡើងវិញ ដោយបន្ថែមថា ទី​ក្រុង​តេអេរ៉ងហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ ដើម្បីធ្វើកិច្ចព្រមព្រៀងម្តងទៀត។ការអត្ថាធិប្បាយរបស់លោកបានកើតឡើង ខណៈដែលសហរដ្ឋអាមេរិកបន្តការវាយប្រហារជាបន្តបន្ទាប់លើអ៊ីរ៉ង់ ដោយប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់​ការ​សន្យាយ៉ាង​ម៉ឺងម៉ាត់​កាល​ថ្ងៃពុធថា នឹងបំផ្លាញស្ពាន ឬទីតាំង​ថាមពលរបស់​អ៊ីរ៉ង់ រាល់ពេលដែលអ៊ីរ៉ង់វាយប្រហារនាវា ១គ្រឿង នៅច្រកសមុទ្រ Hormuz។អំឡុង​ពេលនិយាយ​ទៅកាន់អ្នកសារ​ព័ត៌មាននៅខាងក្រៅកិច្ចប្រជុំអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក Rubio បានបញ្ជាក់​ថា៖ «អ៊ីរ៉ង់កំពុងអង្វរយើង ទាំងដោយ​ផ្ទាល់ និងដោយប្រយោល។ សូម​ធ្វើកិច្ចព្រមព្រៀងជាមួយ​គ្នា​។ សូម​ជជែក​ពិភាក្សា​ជាមួយគ្នា​​។ សូម​ជជែក​ពិភាក្សា​ជាមួយគ្នា។ អ៊ីរ៉ង់កំពុងអង្វរយើងជារៀងរាល់ថ្ងៃ។ បញ្ហាជាមួយអ៊ីរ៉ង់ គឺរាល់ពេលដែលពួកគេធ្វើកិច្ចព្រមព្រៀង អ្នកដែលទទួលបន្ទុក នៅទីនោះ បើ​ពួកគេមិន​រំលោភបំពាន​ទេ ក៏​ពួកគេចង់ផ្លាស់ប្តូរវាដែរ​។ ដូច្នេះ វាហាក់ដូចជាពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើកិច្ចព្រមព្រៀង»។លោកបាន​សង្កត់ធ្ងន់​ថា៖ «ការ​ខាតបង់​នឹងបន្តកើនឡើងជារៀងរាល់យប់ ប្រសិន​ពួកគេមិន​ភា្ញក់រលឹកឡើង​វិញ​​ទេ​នោះ​»។ ហើយ​ជាមួយ​គ្នា​នេះ លោកបានបញ្ជាក់ជាថ្មីថា ផលប្រយោជន៍ចម្បងរបស់សហរដ្ឋអាមេរិក គឺចង់ឱ្យអ៊ីរ៉ង់គ្មានអាវុធនុយក្លេអ៊ែរ ដោយបន្ថែមថា ទោះបីជាមាន «ការនិយាយ​បែប​ខ្លាំង​ក្លា» ពី​សំណាក់​​អ៊ីរ៉ង់ក៏ដោយ ក៏ពួកគេកំពុងរងទុក្ខវេទនា​ខ្លាំងណាស់​៕

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm        65
ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់ បានឱ្យដឹង​ថា កាល​ពី​ថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ២០២៦) ទីក្រុងតូក្យូបានកត់ត្រាពី​ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យច្រើនបំផុតប្រចាំថ្ងៃ ដែលទាក់ទងនឹងកម្ដៅ​ គិត​ចាប់តាំងពីឆ្នាំ២០១០ ខណៈដែលប្រទេសជប៉ុនកំពុងជួប​ប្រទះ​នឹង​រលកកម្ដៅក្ដៅ​ខ្លាំង​ ដោយមាន​មនុស្សម្នាក់ស្លាប់ និង ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។នាយកដ្ឋាន​អគ្គិភ័យទីក្រុងតូក្យូ (Tokyo Fire Department) បានបញ្ជាក់​ថា មនុស្ស ៤៥៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពី​ថ្ងៃទី២២ ខែកក្កដា ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត គីត​ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមមាន​នៅឆ្នាំ២០១០។ ចំនួនដងដែលសេវាកម្មសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយ នៅថ្ងៃនោះ ក៏បានឈានដល់កម្រិតខ្ពស់បំផុតជាលើកដំបូងផងដែរ ក្នុងរយៈពេល ៦៣ឆ្នាំ។នៅថ្ងៃទី២៣ ខែកក្កដានេះ​ អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យ បានប្រាប់សារព័ត៌មាន AFP ថា៖ «យើងកំពុងជំរុញឱ្យប្រជាជនរក្សាជាតិទឹក និងប្រើប្រាស់ម៉ាស៊ីនត្រជាក់»។ អ្នកនាំពាក្យរូបនេះបានឱ្យដឹង​ទៀត​ថា៖ «វាហាក់ដូចជាចំនួន (អ្នកជំងឺ) បានកើនឡើងនៅពេលដែលសីតុណ្ហភាពឡើងខ្ពស់​។ វាហាក់ដូចជាថ្ងៃ​ម្សិលមិញ (ទី២២ ខែកក្កដា) និងម្សិលម្ង៉ៃ យើងពិតជាបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់»។លោកបានបន្ថែម​ថា មនុស្សម្នាក់បានបាត់បង់ជីវិត​ ដោយ ៤​នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់​ និង ១៨នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ​ នៅក្នុងខេត្ត​តូក្យូ ជាទី​ដែលមាន​ប្រជាជនប្រហែល ១៤លាននាក់។នៅថ្ងៃដដែលនោះ ទីតាំងចំនួន៤ ដោយ​មួយនៅក្នុងតំបន់ Mie ពីរនៅ Gifu និងមួយនៅ Shizuoka បានមាន​សីតុណ្ហភាពលើសពី ៤០អង្សាសេ។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។នៅដើមឆ្នាំ២០២៦ ប្រទេសជប៉ុនបានណែនាំនូវពាក្យថ្មីមួយ ដើម្បីពិពណ៌នាអំពីកម្ដៅ​លើសពី ៤០អង្សាសេ ដែលហៅថា «Kokushobi» ដែលបកប្រែថា «ថ្ងៃក្តៅខ្លាំងស្ទើរទ្រាំមិន​បាន​»។ ពាក្យថ្មីនេះត្រូវបានបង្កើត​ឡើង ដើម្បីទាក់ទាញចំណាប់​អារម្មណ៍ពីសាធារណជនកាន់តែច្រើន ចំពោះការព្រមានទាក់ទងនឹងកម្ដៅ​ ទោះបីជាវាមិនបង្កឱ្យមានវិធានការផ្លូវការណាមួយនៅទូទាំងប្រទេសក៏ដោយ៕

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm        61
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei នៅថ្ងៃព្រហស្បតិ៍ (ទី​២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បានក្រើន​រំលឹក​សមាជិកយោធាអាមេរិក កុំអនុវត្តបញ្ជាវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយបញ្ជាក់​ថា សកម្មភាពបែបនេះអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។តាម​រយៈ​ការបង្ហោះ នៅលើវេទិកាបណ្ដាញ​សង្គម X លោក Baqaei បានបញ្ជាក់​ថា ការលើកឡើងពីបញ្ជាពី​ថ្នាក់​លើ មិនបាន​ជួយ​ឱ្យ​បុគ្គលរួច​ខ្លួន​ពី​ការទទួលខុសត្រូវព្រហ្មទណ្ឌ សម្រាប់​ការប្រព្រឹត្តិ​ឧក្រិដ្ឋកម្មសង្គ្រាម​ឡើយ​។លោកបានបន្ត​ថា៖ «គោលនយោបាយដែលអំពាវនាវឱ្យបំផ្លាញស្ពាន និងរោងចក្រថាមពល គឺជា​ទង្វើ​ខុសច្បាប់យ៉ាង​ច្បាស់ក្រឡែត និងជាឧក្រិដ្ឋកម្ម។ វាបង្កើតជាការសងសឹក និងការដាក់ទណ្ឌកម្មរួមគ្នា»។ ហើ​លោក Baqaei ក៏បានលើកឡើងពីច្បាប់ក្នុងស្រុករបស់សហរដ្ឋអាមេរិក រួមទាំងច្បាប់ឧក្រិដ្ឋកម្មសង្គ្រាម (War Crimes Act) ក៏ដូចជាស្តង់ដារច្បាប់យោធាដែលតម្រូវឱ្យសមាជិកយោធាបដិសេធ «បញ្ជាខុសច្បាប់ជាក់ស្ដែង​»។សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលសម្របសម្រួលដោយប៉ាគីស្ថាន កាលពីខែមុន ដែលមានគោលបំណងបញ្ចប់ជម្លោះរបស់ភាគីទាំង២ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ប៉ុន្តែភាពតានតឹងបានកើនឡើងម្តងទៀត កាលពីសប្តាហ៍មុន ជុំវិញច្រកសមុទ្រហ័រមូស ដោយភាគីទាំង២ បានវាយប្រហារគ្នាទៅវិញទៅមក៕

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm        54
ប្រទេសអូម៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនកំពុងសម្របសម្រួលជាមួយអារ៉ាប៊ីសាអូឌីត ភាគីយេម៉ែន និងបេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់យេម៉ែន ដើម្បីបន្តដំណើរនយោបាយឡើងវិញ ដែលមានគោលបំណងសម្រេចបាននូវសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។ក្រសួងក៏បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីជៀសវាងការកើនឡើងភាពតានតឹង និងការគំរាមកំហែងណាមួយដែលអាចធ្វើឲ្យស្ថានការណ៍នៅសមុទ្រក្រហមកាន់តែអាក្រក់ឡើងៗ និងបង្កគ្រោះថ្នាក់ដល់សេរីភាពនៃការធ្វើនាវាចរណ៍៕

សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm        70
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបដិសេធការអះអាងរបស់អ៊ីរ៉ង់ដែលថា ខ្លួនមានការគ្រប់គ្រងពេញលេញលើការចូល និងចេញទៅកាន់ច្រកសមុទ្រហ័រមូស។CENTCOM បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា៖«អ៊ីរ៉ង់មិនបានគ្រប់គ្រងច្រកសមុទ្រហ័រមូសទេ។ ផ្លូវទឹកអន្តរជាតិនៅតែបើកចំហសម្រាប់ការឆ្លងកាត់ ដោយមិនមានការគំរាមកំហែង និងការវាយប្រហាររបស់កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC)ទេ។ នាវាពាណិជ្ជកម្មនៅតែបន្តប្រើប្រាស់ច្រកសមុទ្រនេះដោយមានការគាំទ្រពីយោធាអាមេរិក។ ចាប់តាំងពីដើមខែឧសភាមក កងកម្លាំងអាមេរិកបានជួយនាវាជាង ៩០០ គ្រឿង ឆ្លងកាត់ច្រកសមុទ្រនេះ»។ នាពេលថ្មីៗនេះ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ លោក Hossein Mohebbi បានព្រមានក្រុមហ៊ុនដឹកជញ្ជូនថា ការប្រើប្រាស់ផ្លូវភាគខាងត្បូងឆ្លងកាត់ច្រកសមុទ្រហ័រមូស គឺមិនមានសុវត្ថិភាព ដោយសារតែមីនត្រូវបានដាក់នៅក្នុងតំបន់នោះ៕

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm        69
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់​​ថៃ លោក Anutin Charnvirakul នៅ​ថ្ងៃព្រហស្បតិ៍ (ទី​២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បានថ្កោលទោសការវាយប្រហារប្រដាប់​អាវុធ នៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស​ ដែលខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ និងគប់គ្រាប់បែកកែច្នៃ នៅ​ឯប៉ុស្តិ៍​ត្រួតពិនិត្យ​ កាល​ពី​ថ្ងៃពុធ ដោយបានបណ្ដាល​ឱ្យ​ទាហានប៉ារ៉ា ៥នាក់ស្លាប់។យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Ratchada Thanadirek បាន​ឱ្យដឹង​ថា លោក Anutin បានហៅការវាយប្រហារនេះថា «ជាទង្វើភេរវកម្ម» ហើយបានបញ្ជាឱ្យអាជ្ញាធរតាមចាប់​អ្នកដែលត្រូវ​ទទួលខុសត្រូវ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Ratchada បានបញ្ជាក់​ថា យុទ្ធនាការភេរវកម្ម កំពុងធ្វើឱ្យប៉ះពាល់ដល់ការចរចាសន្តិភាព ហើយរដ្ឋត្រូវតែបង្កើនល្បឿនប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ និងពង្រឹងវិធានការការពារ សម្រាប់មន្ត្រី។លោកស្រីបានសង្កត់ធ្ងន់ថា ការវាយប្រហារនេះពិតជាបង្កើតបានជាអំពើភេរវកម្មដែលមានគោលបំណងសម្លាប់មន្ត្រីរដ្ឋ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ហើយរដ្ឋាភិបាល នឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតឱ្យជនល្មើសរួចផុតពីការជាប់ទោស​ឡើយ។ជាមួយ​គ្នានេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិធ្វើដំណើរទៅកាន់ខេត្ត Narathiwat ដើម្បីតាមដានស្ថានការណ៍ ត្រួតពិនិត្យប្រតិបត្តិការរបស់មន្ត្រី និងជួបជាមួយភ្នាក់ងារសន្តិសុខ ក្នុង​គោលបំណង​ស្វែង​រកវិធានការទាំងបន្ទាន់ និងរយៈពេលវែង ដើម្បីទប់ស្កាត់ និងដោះស្រាយអំពើភេរវកម្ម នៅក្នុងខេត្តព្រំដែនភាគខាងត្បូង ខណៈពេលដែលណែនាំអង្គភាពទាំងអស់ឱ្យធានា និងគាំទ្រដល់ប្រជាជន ក្នុងតំបន់៕

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm        79
ដោយយោងតាមអ្នកជំនាញ និងប្រភព សារព័ត៌មាន Politico បានរាយការណ៍ថា យុទ្ធនាការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់សន្ទុះ ហើយជម្លោះនេះ ទំនងជាមិនអាចផ្លាស់ប្តូរទិសដៅយ៉ាងច្បាស់លាស់បានទេ ប្រសិនបើមិនបង្កើនជម្លោះធ្ងន់ធ្ងរជាងនេះ រួមទាំងការដាក់ពង្រាយកងកម្លាំងជើងគោកជាដើម។សារព័ត៌មាននេះបានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសលើ អ៊ីរ៉ង់អស់រយៈពេលជិត ពីរសប្តាហ៍ បន្ទាប់ពីបទឈប់បាញ់ចុងក្រោយ បានបរាជ័យ ដោយសារតែមានការចោទប្រកាន់ថា អ៊ីរ៉ង់បានវាយប្រហារលើនាវាជាច្រើនគ្រឿងនៅច្រកសមុទ្រហ័រមូស។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងបំផ្លាញស្ពានមួយ ឬរោងចក្រផលិតអគ្គិសនីមួយនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនីមួយៗលើនាវានៅច្រកសមុទ្រហ័រមូស។សារព័ត៌មាននេះបានសរសេរថា៖«ប្រសិនបើរដ្ឋបាលនេះ មិនមានឆន្ទៈក្នុងការបង្កើនកម្រិតសម្ពាធយ៉ាងខ្លាំងទេ ប្រហែលជាតាមរយៈការពង្រីកយ៉ាងច្រើននូវបញ្ជីគោលដៅដែលអាចវាយប្រហារបាន ឬសូម្បីតែការដាក់ពង្រាយកងកម្លាំងជើងគោក នោះវដ្តនៃការវាយប្រហារ និងការវាយបកបច្ចុប្បន្ន ទំនងជានឹងបន្តទៅមុខ ដោយគ្មានផែនការបញ្ចប់ច្បាស់លាស់ ឬផ្លូវចេញពីជម្លោះនេះពីសេតវិមាន»៕

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm        73
នាថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦)​ នេះ ក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីបានប្រាប់​សហរដ្ឋអាមេរិកកុំ​ឱ្យដឹកជញ្ជូនអាវុធទៅអ៊ុយក្រែន ព្រោះវា​គឺ​ជា​អ្វី​ដែល​ «មិនអាចទទួលយកបាន» ឡើយ​។នៅក្នុងកិច្ចប្រជុំជាមួយសមភាគីអាមេរិករបស់លោក គឺលោក Marco Rubio នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov «បានសង្កត់ធ្ងន់ថា វាមិនអាចទទួលយកបានឡើយ ក្នុងការបន្តផ្គត់ផ្គង់អាវុធដល់របបទីក្រុង​គីវ»។ជាមួយ​គ្នានេះ នៅក្នុងកិច្ចប្រជុំរបស់ពួកលោក ដែលត្រូវ​បានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ី លោក Lavrov បានថ្កោលទោស «គោលនយោបាយបង្កអស្ថិរភាពដោយបណ្ដា​ប្រទេសអឺរ៉ុប ដែលនៅតែកំពុងប្រឹង​ប្រែង​ផ្ដល់​ភាព​បរាជ័យជាយុទ្ធសាស្ត្រដល់​រុស្ស៊ី»។លើសពីនេះ​ទៀត លោកបានលើក​ឡើង​ជាថ្មី​ម្តងទៀតថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ «ដំណោះស្រាយនយោបាយ-ការទូត ចំពោះជម្លោះ»។ នេះបើយោងតាមក្រសួងការបរទេស។គួរបញ្ជាក់ថា ជំនួប​នេះ ដែល​ជាលើកដំបូង រវាងលោក Lavrov និងលោក Rubio គិត​ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ បានកើតឡើងនៅពេលដែលការផ្តោតរបស់ទីក្រុងវ៉ាស៊ីនតោន បានប្តូរពីការសម្របសម្រួល នៅអ៊ុយក្រែន ទៅជាការដោះស្រាយសង្គ្រាមនៅតំបន់​មជ្ឈិមបូព៌ាវិញ៕

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm        60
អ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកជំនាញកិច្ចការអន្តរជាតិអ៊ីរ៉ង់ លោក Ruhollah Modabber បានប្រាប់សារព័ត៌មាន TASS ថា ទីក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់បទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលបានស្នើឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក។ ដូច្នេះ អ៊ីរ៉ង់គួរតែបដិសេធសំណើនេះ។គេហទំព័រសារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃទី ២១ ខែកក្កដា ថា ប្រទេស កាតា អេហ្ស៊ីប ប៉ាគីស្ថាន និងអ្នកសម្របសម្រួលផ្សេងទៀត បានដាក់សំណើបទឈប់បាញ់រយៈពេល ១០ថ្ងៃ ទៅកាន់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ សារព័ត៌មាននេះ បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិនិត្យមើលសំណើនេះ។អ្នកជំនាញរូបនេះបានលើកឡើងថា៖«បទឈប់បាញ់នេះ គ្រាន់តែជាល្បិចបំភាន់មួយទៀតរបស់អាមេរិកប៉ុណ្ណោះ។ និយាយម្យ៉ាងទៀត សហរដ្ឋអាមេរិកមានផែនការប្រើល្បិចថ្មីមួយ ដើម្បីបោកបញ្ឆោតក្រុមចរចារបស់អ៊ីរ៉ង់ និងរដ្ឋាភិបាលអ៊ីរ៉ង់»។ តាមទស្សនៈរបស់លោក សហរដ្ឋអាមេរិកកំពុងរៀបចំផែនការវាយប្រហារជើងគោកលើអ៊ីរ៉ង់ពីទិសដៅជាច្រើន ដែលជិតរួចរាល់ហើយ ហើយជម្រើសនេះ កំពុងត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់។លោក Modabber ជឿថា រយៈពេលបទឈប់បាញ់ ១០ថ្ងៃ នឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិករៀបចំផ្លូវផ្គត់ផ្គង់ផ្នែកយោធា និងដាក់ពង្រាយកងទ័ពឡើងវិញ ដោយមិនចាំបាច់ព្រួយបារម្ភអំពីការវាយប្រហារដែលអាចកើតមានពីអ៊ីរ៉ង់លើគោលដៅរបស់ខ្លួន៕

ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ

2026/07/23 05:20:33 pm        81
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា ទីក្រុងតេអេរ៉ង់ (រដ្ឋាភិបាលអ៊ីរ៉ង់) នឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយនៅក្នុងតំបន់លក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាស ក្នុងការលក់ប្រេងនេះ។ លោកបានសរសេរនៅលើបណ្តាញសង្គម Xថា៖«នៅក្នុងតំបន់ដែលយើងមិនអាចលក់ប្រេងបាន គ្មាននរណាម្នាក់ អាចលក់បានដែរ។ ប្រសិនបើសន្តិសុខរបស់យើង មិនត្រូវបានធានា នោះគ្មានហេដ្ឋារចនាសម្ព័ន្ធណាមួយនៅក្នុងតំបន់ អាចមានសុវត្ថិភាពឡើយ។ សន្តិសុខនៅក្នុងច្រកសមុទ្រហ័រមូស អាចកើតមានបាន លុះត្រាតែមិនមានកងកម្លាំងអាមេរិកនៅទីនោះ»។ លោក Ghalibaf បានសរសេរទៀតថា៖ «សមីការនៃជម្លោះនេះ» គឺ«មានអ្វីទាំងអស់ ឬ គ្មានអ្វីទាំងអស់»។ការកើនឡើងភាពតានតឹងថ្មីៗក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើម នៅថ្ងៃទី ០៨ ខែកក្កដា។ ជាលើកដំបូងចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ សហរដ្ឋអាមេរិក បានបើកការវាយប្រហារជាច្រើនលើកទៅលើទឹកដីសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ដោយអះអាងថា វាជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មមួយនៅច្រកសមុទ្រហ័រមូស។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់។ ជាផ្នែកមួយនៃសកម្មភាពសងសឹករបស់ខ្លួន អ៊ីរ៉ង់បានចាប់ផ្តើមវាយប្រហារលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា រួមមាន បារ៉ែន ហ្សកដានី កាតា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអូម៉ង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
07/25/2026 12:07 PM
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
07/25/2026 11:07 AM