មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន

ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយថា សង្គ្រាមថ្មី ជាមួយសហរដ្ឋអាមេរិក គឺ​ «ចៀស​មិនរួច» ទេ

2026/06/02 06:00:44 pm        77
មន្ត្រីយោធាជាន់ខ្ពស់មួយរូប​របស់អ៊ីរ៉ង់ បាននិយាយនៅ​ថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ការចាប់​ផ្ដើម​អរិភាពឡើង​វិញ​ជាមួយសហរដ្ឋអាមេរិក គឺជា​រឿង​ចៀ​សមិនរួច​ឡើយ​ ខណៈដែលការចរចា រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ហាក់ដូចជាទៅ​មុខ​លែង​រួច​។លោក Mohammad Jafar Assadi មេបញ្ជាការរង​នៃ​យោធាកណ្តាល Khatam al-Anbiya របស់​អ៊ីរ៉ង់ បាននិយាយថា៖ «សហរដ្ឋអាមេរិកទាមទារឲ្យ​យើងចុះចាញ់ទាំងស្រុង ហើយប្រជាជាតិអ៊ីរ៉ង់ នឹងមិនចុះចាញ់ឡើយ។ ប្រសិន​បើគ្មានការចុះចាញ់ទេនោះ​ ការមាន​សង្គ្រាម គឺចៀស​មិនផុត​ឡើយ​»។ប្រភពដែលស្និទ្ធនឹងក្រុមចរចាអ៊ីរ៉ង់ បានប្រាប់សារព័ត៌មាន​ Mehr News នៅ​ថ្ងៃអង្គារនេះ​ថា អ៊ីរ៉ង់មិនទាន់បានឆ្លើយតបទៅនឹងសំណើកិច្ចព្រមព្រៀងចុងក្រោយ ជាមួយសហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ចប់ជម្លោះ រវាងប្រទេសទាំង២ នៅឡើយទេ ហើយការពិភាក្សាលើ​ឯកសារ​ចុងក្រោយនេះ​ កំពុងបន្តមាន​នៅទីក្រុងតេអេរ៉ង់​។ប្រភពនេះបានបញ្ជាក់​ថា អ៊ីរ៉ង់កំពុងពិនិត្យ​សំណើនេះ ដោយប្រុងប្រយ័ត្ន ដោយសារតែអ្វីដែលខ្លួនមើលឃើញថា ជាប្រវត្តិនៃការមិនគោរព​តាមដោយ​សហរដ្ឋអាមេរិក និងការមិនទុកចិត្តយូរអង្វែង។ ប្រភពបានបន្ថែម​ថា «ដោយផ្អែកលើបទពិសោធន៍ពីមុន អ៊ីរ៉ង់កំពុងស្វែងរកអត្ថប្រយោជន៍ជាក់ស្តែង និងពិតប្រាកដ»៕

UN ព្រមានពីហានិភ័យក្តៅខ្លាំងពីបាតុភូតអែល នីញ៉ូ និងជំរុញការត្រៀមខ្លួន

2026/06/02 05:58:39 pm        51
ទីភ្នាក់ងារអាកាសធាតុអង្គការសហប្រជាជាតិ បានព្យាករនៅថ្ងៃអង្គារនេះពីលទ្ធភាពនៃបាតុភូតអែល នីញ៉ូដ៏ខ្លាំងក្លា ដែលនាំឲ្យសីតុណ្ហភាពសកលហក់ឡើងខ្ពស់ និងបង្កើនហានិភ័យនៃអាកាសធាតុក្តៅខ្លាំង ក្នុងរយៈពេលប៉ុន្មានខែទៀតនេះ ។យោងតាមការអះអាងរបស់អង្គការឧតុនិយមពិភពលោក(WMO) បានឲ្យដឹងថា បាតុភូតអែល នីញ៉ូ គឺជាការឡើងកម្តៅមួយរយៈពេលរបស់សីតុណ្ហភាពផ្ទៃសមុទ្រ នៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដែលតាមធម្មតាមានរយៈពេលចន្លោះពី ៩ខែ ដល់ ១២ខែ ។អង្គការ WMO និយាយថា ទឹកមហាសមុទ្រឡើងក្តៅ បណ្តាលមកពីបាតុភូតអែល នីញ៉ូ នឹងធ្វើឲ្យសីតុណ្ហភាពលើសកម្រិតមធ្យមនៅតាមតំបន់ជាច្រើនរបស់ពិភពលោក ចាប់ពីខែមិថុនា រហូតដល់ខែសីហា ហើយបាតុភូតអែល នីញ៉ូ ទំនងជាបន្តរហូតដល់ខែវិច្ឆិកា ។លោកស្រី Celeste Saulo គឺជាអគ្គលេខាធិការអង្គការ WMO និយាយថា មហាសមុទ្រក្តៅជាងមុន បន្ថែមកម្តៅ និងសំណើមលើប្រព័ន្ធបរិយាកាស ដែលអាចធ្វើឲ្យបរិយាកាសកាន់តែអាក្រក់ខ្លាំង រួមទាំងរលកកម្តៅ និងភ្លៀងធ្លាក់ខ្លាំង ៕

ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Dnipro ប្រទេសអ៊ុយក្រែនសម្លាប់មនុស្ស ១១នាក់

2026/06/02 05:56:30 pm        43
អភិបាលតំបន់លោក Oleksandr Hanzha និយាយនៅថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងភាគអាគ្នេយ៍ Dnipro របស់អ៊ុយក្រែន កាលពីយប់កន្លងទៅ បានកើនឡើងដល់ ១១នាក់ រួមទាំងកុមារ ២នាក់ផងដែរ ។លោក Hanzha និយាយថា សាកសពរបស់ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ និងស្រ្តីម្នាក់ ត្រូវបានគេទាញចេញពីកម្ទេចកម្ទីអគារកម្ពស់ ៤ជាន់ ដែលរងការបំផ្លិចបំផ្លាញ ។លោកបាននិយាយនៅមុននេះថា ក្មេងប្រុសម្នាក់អាយុ ៣ឆ្នាំ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ ក្នុងនោះមនុស្ស ៣៧នាក់ រងរបួស ។រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញប្លុកអគារផ្ទះល្វែងរងការបំផ្លិចបំផ្លាញ រថយន្តខូចខាតរាយប៉ាយពាសពេញផ្លូវ ហើយនិងផ្សែងហុយពីបំណែកកម្ទេចកម្ទី ។លោកយាយ Tetiana វ័យ ៧០ឆ្នាំ និយាយថា កូនស្រីរបស់គាត់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារនេះ បន្ទាប់ពីការវាយប្រហារទី ២ ត្រូវចំកូនស្រីគាត់ ។ លោកយាយថា កូនស្រីរបស់គាត់ស្ថិតក្នុងផ្ទះល្វែង ហើយគ្មានឱកាសអាចរត់ចេញទាន់ពេលបាននោះទេ ។ក្រុមអាជ្ញាធរនិយាយថា យានដ្រូន និងមីស៊ីលរុស្ស៊ី បានវាយប្រហារដ្ឋធានីគីវរបស់អ៊ុយក្រែន និងទីក្រុងជាច្រើនទៀតនៅព្រឹកថ្ងៃអង្គារនេះ ដោយបានសម្លាប់មនុស្ស ១៧នាក់ និងមនុស្សជាង ១០០នាក់ផ្សេងទៀត រងរបួស រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ការព្រមានពីផែនការរបស់ទីក្រុងមូស្គ សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំ ៕

លោក Guterres៖ ការរក្សាកងកម្លាំង UN នៅលីបង់ គឺសំខាន់​ ក្រោយការ​ចាក​ចេញ​របស់​កងរក្សាសន្តិភាពបច្ចុប្បន្ន

2026/06/02 05:38:36 pm        56
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) ថា វត្តមាន​កងកម្លាំងរក្សាសន្តិភាព ​នៅក្នុងប្រទេសលីបង់ នឹងត្រូវការ​ចាំ​បាច់ បន្ទាប់ពីអាណត្តិនៃបេសកកម្មបច្ចុប្បន្ន ផុតកំណត់នៅចុងឆ្នាំនេះ​ ជា​ជម្រើសមួយដែលទំនងជាប្រឈមនឹងការជំទាស់​ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។កាលពីខែសីហាឆ្នាំមុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក បានសម្រេចបញ្ចប់អាណត្តិ​កងកម្លាំងបណ្តោះអាសន្នរបស់​ UN នៅក្នុងប្រទេសលីបង់ (UNIFIL) នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នេះ។តែ​យ៉ាង​ណាក្ដី​ ស្ថាប័ន​បានស្នើ​ឲ្យ​លោក Guterres លើក​ឡើងនូវ​ជម្រើសនានា​ត្រឹមថ្ងៃទី១ ខែមិថុនា ដើម្បីអនុញ្ញាតឲ្យ​កងកម្លាំងរក្សាសន្តិភាពរបស់ UN បន្ត​នៅក្នុងប្រទេសលីបង់ ជាពិសេសដើម្បីត្រួតពិនិត្យខ្សែបន្ទាត់ពណ៌ខៀវសន្ធឹងប្រវែង ១២០​គីឡូម៉ែត្រ ដោយនេះ​​សម្គាល់ជា​ព្រំដែនជាក់ស្តែង រវាងលីបង់ និងអ៊ីស្រាអែល ដែល​ឥឡូវនេះជាចំណុចកណ្តាលនៃសង្គ្រាមអ៊ីស្រាអែល-ក្រុម​ហេសបូឡា។នៅក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលសារព័ត៌មាន​ AFP បាន​ឃើញ​ កាល​ពី​ថ្ងៃចន្ទ លោក Guterres ស្នើជម្រើសចំនួន ៣ រាប់​ចាប់ពីមាន​បុគ្គលិក UN ចំនួន​ជិត ២.០០០នាក់ ដល់ជាង ៥.០០០នាក់ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ និងគាំទ្រកងកម្លាំងប្រដាប់អាវុធលីបង់។របាយការណ៍នេះបានបញ្ជាក់​ថា «ក្រោមជម្រើសដែលត្រូវ​បានស្នើឡើងទាំងអស់ វត្តមានរបស់​កងកម្លាំង​មាន​ឯកសណ្ឋានរបស់ UN ដែលធ្វើការដើម្បីសម្រួលដល់ការបន្ធូរបន្ថយភាពតានតឹង ការសន្ទនា ទំនាក់ទំនង និងការសម្របសម្រួល និងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធលីបង់ នឹងមាន​ភាព​ចាំបាច់ ដើម្បី​ឆ្ពោះទៅរកគោលបំណងសំខាន់​នៃការ​មាន​ដំណោះស្រាយរយៈពេលវែង ចំពោះជម្លោះនេះ​»។គួរ​បញ្ជាក់​ថា ក្តីបារម្ភអំពីការចាកចេញរបស់ UNIFIL នេះ​ កើតឡើងក្នុង​ពេល​ដែល​កងទ័ពអ៊ីស្រាអែលល​កំពុង​កាន់កាប់តំបន់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ហើយ​​ខណៈដែលអ៊ីស្រាអែល និងលីបង់ធ្វើការចរចាដោយផ្ទាល់ ដើម្បីស្វែងរកការបញ្ចប់អរិភាពរាប់ទសវត្សរ៍៕

សេចក្តីព្រាងច្បាប់រំលាយសភាអ៊ីស្រាអែល ឆ្លង​ផុត​ដំណាក់​កាល​ដំបូង នៅសភា

2026/06/02 04:15:34 pm        40
សភា Knesset របស់​ប្រទេសអ៊ីស្រាអែល កាល​ពី​យប់ថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) បានអនុម័ត​ដំណាក់​ដំបូងនៃសេចក្តីព្រាងច្បាប់ ដើម្បីរំលាយសភា​ខ្លួនឯង ហើ​បើ​​យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ ​​Channel 12 របស់អ៊ីស្រាអែល បាន​ឲ្យ​ដឹង​ថា សមាជិករហូតដល់ ១០៦​នាក់ ក្នុងចំណោម ១២០​រូប បាន​បោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ ដោយ​មិន​មាន​សំឡេងប្រឆាំងឡើយ​។គេហទំព័រសារព័ត៌មាន Walla នៅ​អ៊ីស្រាអែល បានរាយការណ៍ថា សេចក្តីព្រាងច្បាប់នេះ រួមបញ្ចូលទាំងពេលវេលាបោះឆ្នោតដែលអាចកើតមាន រវាងថ្ងៃទី៨ ខែកញ្ញា និងថ្ងៃទី២០​ ខែតុលា។ គណបក្សជ្រុលនិយម Shas កំពុងជំរុញឲ្យ​មានការបោះឆ្នោតនៅថ្ងៃទី១៥​ ខែកញ្ញា ខណៈដែលគណបក្ស Likud របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចង់ពន្យារពេលកាលបរិច្ឆេទ រហូតដល់ចុងបញ្ចប់នៃអាណត្តិនេះ​។ការបោះឆ្នោតសភា នៅអ៊ីស្រាអែល ដំបូងឡើយត្រូវបានកំណត់ពេលនៅ​ថ្ងៃទី២៧ ខែតុលា ប៉ុន្តែការបរាជ័យរបស់រដ្ឋាភិបាល ក្នុងការអនុម័តច្បាប់ ដែលលើកលែងជនជាតិ​ជ្វីហ្វជ្រុលនិយមិន​ឲ្យ​ចូល​បម្រើយោធា បានបង្កើនសម្ពាធឲ្យ​មាន​ការបោះឆ្នោតមុនអាណត្តិ​។ ក្រោមច្បាប់អ៊ីស្រាអែល សេចក្តីព្រាងច្បាប់នេះ ត្រូវតែទទួល​បាន​ការអនុម័យ​ ៣ដង​ ដើម្បីក្លាយជាច្បាប់ជា​ធរមាន​។គេហទំព័រ Walla បានបន្ថែម​ថា បន្ទាប់ពីឆ្លងផុត​ការបោះឆ្នោតលើកដំបូងនេះ​ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅគណៈកម្មាធិការសភា Knesset វិញ ដើម្បីពិនិត្យ និងកែសម្រួល។ បន្ទាប់មក វាត្រូវតែឆ្លងកាត់ការបោះឆ្នោតចុងក្រោយ ២ដង​បន្ថែមទៀត មុនពេលវាក្លាយជាច្បាប់ជាធរមាន និងនាំទៅដល់ការកំណត់កាលបរិច្ឆេទ សម្រាប់ការបោះឆ្នោត៕

ហ្វីលីពីន និងវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងសុវត្ថិភាពដែន​សមុទ្រ

2026/06/02 04:12:14 pm        32
ហ្វីលីពីន និងវៀតណាម កាលពី​ថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) បានព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខនយោបាយ និងសុវត្ថិភាពដែន​សមុទ្រទ្វេភាគី ជា​ការ​បន្ថែមពីលើការលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រ» បច្ចុប្បន្នរបស់ប្រទេសទាំង​២​ ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រកាន់តែល្អប្រសើរឡើង​»។សេចក្តីថ្លែងការណ៍រួម បានឲ្យ​ដឹង​ថា កិច្ចព្រមព្រៀងនេះត្រូវ​បានឈាន​ដល់ ​អំឡុង​កិច្ច​ពិភាក្សា​ រវាងប្រធានាធិបតីវៀតណាម លោក To Lam និងសមភាគីហ្វីលីពីន លោក Ferdinand Marcos Jr. នៅទីក្រុងម៉ានីល។លោក To Lam ដែលក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្តវៀតណាម បានទៅ​​ដល់ទីក្រុងម៉ានីល ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក កាលពីថ្ងៃអាទិត្យចុង​សប្ដាហ៍កន្លង​មក​។ ដំណើរទស្សនកិច្ចរបស់លោក បានកើត​ឡើង​ក្នុង​ពេល​វេលាដ៏សំខាន់​ ដែល​ជា​ការ​​ប្រារព្ធ​ខួបលើកទី៥០​ នៃការបង្កើតទំនាក់ទំនងការទូត និងភាពជាដៃគូយុទ្ធសាស្ត្រ ១ទសវត្សរ៍ រវាងប្រទេសទាំង២។ជាមួយគ្នានេះ ភាគីទាំង២ បានព្រមព្រៀងគ្នាបង្កើនយន្តការសហប្រតិបត្តិការដែន​សមុទ្រដែលមានស្រាប់ រួមទាំងការអនុវត្ត «ការយោគយល់គ្នា ស្តីពីការបង្ការ និង​ការ​គ្រប់គ្រងឧប្បត្តិហេតុ» នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងឆ្មាំល្បាត​ឆ្នេររបស់ប្រទេស​ទាំង២។ជាង​នេះទៀត មេដឹកនាំ​ទាំង២ ក៏បានប្តេជ្ញាចិត្តដោះស្រាយឧប្បត្តិហេតុសមុទ្រ តាមរយៈមធ្យោបាយសន្តិភាព និងមិត្តភាព ស្របតាមច្បាប់អន្តរជាតិ៕

នាវាជាច្រើនគ្រឿង កំពុងរង់ចាំការអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/06/02 04:09:48 pm        39
នាវាជាច្រើនគ្រឿង ត្រូវបានគេមើលឃើញនៅក្នុងដែនទឹកជិតតំបន់ Musandam របស់ប្រទេសអូម៉ង់ កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ដោយរង់ចាំការអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈការចរចាបញ្ចប់សង្គ្រាមកំពុងអូសបន្លាយពេលជាមួយអ៊ីរ៉ង់និងសហរដ្ឋអាមេរិក។យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានវាយប្រហារប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ស្ថានីយ៍ត្រួតពិនិត្យលើដីគោក និងយានដ្រូនពីរគ្រឿងកាលពីចុងសប្តាហ៍កន្លងទៅនេះដែលកំពុងគំរាមកំហែងដល់នាវា បន្ទាប់ពី «សកម្មភាពបំពានរបស់អ៊ីរ៉ង់» រួមទាំងការបាញ់ទម្លាក់យានដ្រូនរបស់សហរដ្ឋអាមេរិកមួយគ្រឿងនៅលើដែនទឹកអន្តរជាតិ។កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានកងទ័ពអាកាសមួយកន្លែងដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារទៅលើភាគខាងត្បូងប្រទេសអ៊ីរ៉ង់។

ប្រជាជនកេនយ៉ា តវ៉ាប្រឆាំងនឹងទីតាំងធ្វើចត្តាឡីស័កជំងឺអេបូឡាតាមផែនការរបស់អាមេរិក

2026/06/02 04:07:49 pm        36
មនុស្សរាប់រយនាក់ បានចេញតវ៉ានៅតាមដងផ្លូវក្នុងប្រទេសកេនយ៉ា ដើម្បីតវ៉ាប្រឆាំងទីតាំងធ្វើចត្តាឡីស័កជំងឺអេបូឡាតាមផែនការ នៅមូលដ្ឋានយោធាមួយកន្លែង ដែលនឹងទទួលពលរដ្ឋអាមេរិក។ក្រុមបាតុករ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទ នៅទីក្រុង Nanyuki ប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការជាន់ខ្ពស់របស់ប្រទេសកេនយ៉ា បានបង្គាប់ឲ្យផ្អាកផែនការនេះ។ ការណែនាំថា ប្រទេសកេនយ៉ា នឹងទទួលអ្នកដែលបង្ហាញសញ្ញាថាមានវីរុស ក្នុងពេលផ្ទុះឡើងជំងឺអេបូឡាដែលបានសម្លាប់មនុស្សជាង ២០០ នាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអ៊ូហ្គង់ដាដែលនៅជិតខាង បង្កឱ្យមានកំហឹងនៅក្នុងប្រទេស ដែលពុំមានកំណត់ត្រាករណីឆ្លងវីរុសនេះ។វីដេអូដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបង្ហាញក្រុមមនុស្សប្រហែល ១០០ នាក់នៅលើដងផ្លូវទៅកាន់មូលដ្ឋានទ័ពអាកាស Laikipia ជាទីតាំងដែលបានគ្រោងទុក ដោយបានផ្លុំកញ្ចែ និងអ្នកមួយចំនួនជិះលើរថយន្ត។ទីភ្នាក់ងាររ៉យទ័រ និយាយថា នគរបាលនិងយោធា បានបង្កើនវត្តមានរបស់ពួកគេនៅលើដងផ្លូវទៅកាន់មូលដ្ឋានទ័ពអាកាសនោះ។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា អង្គភាពមួយដែលមានគ្រែចំនួន ៥០ ត្រូវបានគ្រោងទុកនៅមូលដ្ឋាន ដើម្បីបម្រើពលរដ្ឋអាមេរិកដែលរងផលប៉ះពាល់ដោយវីរុសនេះ។ទោះជាយ៉ាងណា បណ្តឹងមួយដែលអះអាងថា ទីតាំងនេះអាចបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ដោយសារតែប្រព័ន្ធសុខាភិបាលដ៏ផុយស្រួយរបស់ប្រទេសកេនយ៉ា ហើយកិច្ចព្រមព្រៀងនេះខ្វះតម្លាភាព ដែលត្រូវបានទទួលយកដោយតុលាការជាន់ខ្ពស់របស់ប្រទេសកេនយ៉ា។

សង្គ្រាមនៅអ៊ីរ៉ង់ ផ្តល់ប្រយោជន៍ភ្លាមៗដល់ស៊ីរី ខណៈក្រុមហ៊ុនអាកាសចរណ៍ផ្លាស់ប្តូរផ្លូវហោះហើរលើដែនអាកាសរបស់ខ្លួន

2026/06/02 04:05:52 pm        42
ប្រទេសស៊ីរី បានកត់ត្រាចំនួនជើងហោះហើរឆ្លងកាត់ជិត១២.០០០វ៉ុលក្នុងខែឧសភា ខណៈក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ បានផ្លាស់ប្តូរផ្លូវជើងហោះហើរ ជុំវិញដែនអាកាសដែលត្រូវបានរំខានដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងបានចូលទៅក្នុងដែនអាកាសដែលក្រុមហ៊ុនអាកាសចរណ៍ភាគច្រើន បានបញ្ចៀសរយៈពេលជាងមួយទសវត្សរ៍មកហើយ។ តួលេខពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសស៊ីរី បង្ហាញថា ជើងហោះហើរចំនួន១១.៨០១វ៉ុល បានឆ្លងកាត់ដែនអាកាសប្រទេសស៊ីរី ច្រើនជាងពីរដងនៃចំនួន៤.២៦៧វ៉ុល ដែលបានកត់ត្រាក្នុងខែកុម្ភៈ ជាខែចុងក្រោយមុនពេលសង្គ្រាមនៅអ៊ីរ៉ង់ ដែលបានរំខានដល់អាកាសចរណ៍ក្នុងតំបន់។ ដែនអាកាសរបស់ប្រទេសស៊ីរី គឺជាតំបន់គ្មានការហោះហើរពេញមួយសង្គ្រាមស៊ីវិលរយៈពេល១៤ឆ្នាំដែលបានបញ្ចប់ដោយការបណ្តេញប្រធានាធិបតី លោក Bashar al-Assad នៅចុងឆ្នាំ២០២៤។ ការផ្លាស់ប្តូរផ្លូវហោះហើរនេះ អាចផ្តល់ផលប្រជោជន៍ដល់ប្រទេសស៊ីរី ដែលបានបង្កើនថ្លៃសេវាដែលខ្លួនយកពីក្រុមហ៊ុនអាកាសចរណ៍នៅដើមឆ្នាំនេះ។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ត្រូវបានបង្ខំឱ្យវាយតម្លៃឡើងវិញអំពីប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ចាប់ផ្តើមសង្គ្រាមនៅអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ ខណៈដែនអាកាសលើប្រទេសអ៊ីរ៉ាក់ និងឈូងសមុទ្រដែលកាលពីពេលមុន ក្រុមហ៊ុនអាកាសចរណ៍ធ្លាប់ពឹងផ្អែកលើ ត្រូវបានបិទក្នុងអំឡុង ខែ មីនា។ យោងតាមការិយាល័យសេវាតាមដានជើងហោះហើរ Flightradar24 និង AirNav បានឲ្យដឹងថា បទឈប់បាញ់ បាននាំឱ្យមានការបើកដែនអាកាសឡើងវិញនៅក្នុងខែមេសា ប៉ុន្តែជើងហោះហើរភាគច្រើនទៅកាន់អឺរ៉ុបពីទីក្រុងឌូបៃ និងទីក្រុងដូហា ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏មមាញឹកបំផុតទាំងពីររបស់ពិភពលោក បានឆ្លងកាត់ប្រទេសស៊ីរីភាគកណ្តាល ច្រើនជាងប្រទេសអ៊ីរ៉ាក់។ ការហោះហើរលើប្រទេសស៊ីរី កាត់បន្ថយពេលវេលាធ្វើដំណើរ និងការចំណាយលើប្រេងឥន្ធនៈ ខណៈក្រុមហ៊ុនអាកាសចរណ៍ព្យាយាមកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃប្រេងអន្តរជាតិដែលបណ្តាលមកពីការរំខានទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់។

[UPDATE] មនុស្សជាង១០នាក់ស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីទូទាំងប្រទេសអ៊ុយក្រែន ក្រោយការព្រមាន

2026/06/02 03:57:36 pm        55
ការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់នៅទូទាំងអ៊ុយក្រែន ក្នុងនោះ៩ នាក់នៅទីក្រុង Dnipro និង ៤ នាក់នៅរដ្ឋធានី Kyiv ដែលជាការវាយប្រហារដ៏ធំបំផុតមួយរបស់ទីក្រុងមូស្គូក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រោយការព្រមានសងសឹក។មនុស្សរាប់សិបនាក់ក៏បានរងរបួសដែរ រួមទាំងកុមារជាច្រើននាក់ក្រោយការវាយប្រហារតាមអាកាសពេញមួយយប់ដែលបានប៉ះចំអគារអឹផាតមិនជាច្រើន ដោយក្រុមសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ស្វែងរកមនុស្សដែលគេបារម្ភថាជាប់នៅក្រោមគំនរបាក់បែកនៅក្នុងទីក្រុង Kyiv។ការព្រមានអំពីការវាយប្រហារតាមអាកាសត្រូវបានអនុវត្តនៅទូទាំងអ៊ុយក្រែនភាគច្រើននៅព្រឹកព្រលឹមថ្ងៃអង្គារនេះ។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារទាំងនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនកាលពីថ្មីៗនេះ ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "គោលបំណងវាយប្រហារ" ត្រូវបានសម្រេចទាំងអស់។ទីក្រុងមូស្គូកាលពីសប្តាហ៍មុនបានព្រមានថា ខ្លួននឹងចាប់ផ្តើម "ការវាយប្រហារជាប្រព័ន្ធ" បន្ទាប់ពីចោទប្រកាន់ទីក្រុង Kyiv ពីការវាយប្រហារដ៏សាហាវលើអន្តេវាសិកដ្ឋាននិស្សិតនៅក្នុងតំបន់ដែលខ្លួនកាន់កាប់នៅភាគខាងកើតអ៊ុយក្រែន។ទីក្រុង Kyiv បាននិយាយថា ខ្លួនបានវាយប្រហារអង្គភាពយោធារុស្ស៊ីមួយ។ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានព្រមានថាអាចមានការវាយប្រហារទ្រង់ទ្រាយធំ នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់លោកកាលពីថ្ងៃចន្ទ ហើយបានជំរុញឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ជាពិសេសចំពោះការជូនដំណឹងអំពីការវាយប្រហារតាមអាកាស។នៅព្រឹកថ្ងៃអង្គារនេះ លោក Zelenskyy បាននិយាយថា រុស្ស៊ីបានបាញ់ដ្រូនវាយប្រហារចំនួន ៦៥៦ គ្រឿង និងមីស៊ីលចំនួន ៧៣ គ្រាប់នៃប្រភេទផ្សេងៗគ្នា រួមមាន មីស៊ីលផ្លោងបាលីស្ទីក មីស៊ីលតម្រង់គោលដៅ និងមីស៊ីលប្រឆាំងនាវា ក្នុងការវាយប្រហារពេញមួយយប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM