មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន

ព័ត៌មានអន្តរជាតិ

UN៖ ការប៉ះទង្គិចគ្នានៃអន្តរសហគមន៍ បន្ថែមទៅលើសង្គ្រាមនៅភាគខាងលិចប្រទេសស៊ូដង់

2026/06/02 03:44:27 pm        94
អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា អំពើហិង្សាអន្តរសហគមន៍នៅតំបន់ភាគខាងលិចប្រទេសស៊ូដង់ បានកើតឡើងក្នុងពេលនៃការផ្ទុះឡើងជំងឺអាសន្នរោគនិងសង្គ្រាម ដែលតំបន់ Darfur និងតំបន់Kordofan បានប្រឈមជាយូរមកហើយ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ការប៉ះទង្គិចគ្នារវាងក្រុមសហគមន៍ជាគូប្រជែងនៅក្នុងរដ្ឋ South Darfur និងរដ្ឋភាគកណ្តាល បានបណ្តាលឱ្យមានអ្នកស្លាប់ អ្នករងរបួស និងជម្លៀសខ្លួន ដែលបង្ខំឱ្យគ្រួសារមួយចំនួនភៀសខ្លួនឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសឆាដដែលនៅជិតខាង។ អង្គការ OCHA បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា «ភាពអសន្តិសុខ ដែលកំពុងកើនឡើង កំពុងរំខានដល់ប្រតិបត្តិការមនុស្សធម៌»។ «នៅទីក្រុង Darfur ភាគកណ្តាល សកម្មភាពមនុស្សធម៌ដែលកំពុងបម្រើដល់ពលរដ្ឋប្រហែល២១.០០០នាក់ ត្រូវបានផ្អាកបន្ទាប់ពីការប៉ះទង្គិចគ្នា»។ នៅតំបន់ West Kordofan ការផ្ទុះឡើងជំងឺអាសន្នរោគដែលសង្ស័យនៅតែបន្តរាលដាល ដោយមានករណីសង្ស័យជាង ៣០០ករណី និងអ្នកស្លាប់ចំនួន៧៧នាក់ ត្រូវបានកត់ត្រា គិតត្រឹមថ្ងៃអាទិត្យ កន្លងទៅនេះ។ អង្គការ OCHA និយាយថា «ដៃគូនានា កំពុងឆ្លើយតប ប៉ុន្តែត្រូវបានរារាំងដោយកង្វះការផ្គត់ផ្គង់ និងធនធានសំខាន់ៗ»។

មនុស្ស៧នាក់ស្លាប់ ក្នុងការបាញ់ប្រហារនៅរដ្ឋ Iowa ដែលជាប់ពាក់ព័ន្ធទៅនឹងជម្លោះ

2026/06/02 03:42:03 pm        41
យោងតាមអង្គភាពនគរបាលបានឲ្យដឹងថា មនុស្ស៧នាក់ រួមទាំងជនសង្ស័យជាខ្មាន់កាំភ្លើង បានស្លាប់បន្ទាប់ពីការបាញ់ប្រហារជាបន្តបន្ទាប់នៅទីតាំងជាច្រើនកន្លែងក្នុងទីក្រុង Muscatine រដ្ឋ Iowa។ នគរបាលនិយាយថា មន្ត្រីនគរបាលបានឆ្លើយតបទៅនឹងសេចក្តីរាយការណ៍នៃការបាញ់ប្រហារនៅលំនៅឋានមួយកន្លែង ហើយបានឃើញមនុស្សបួននាក់រងរបួសដោយសារគ្រាប់កាំភ្លើង ហើយក្រោយមកអ្នកទាំងបួនត្រូវបានប្រកាសថាស្លាប់នៅកន្លែងកើតហេតុ។ អ្នកស៊ើបអង្កេត បានកំណត់អត្តសញ្ញាណបុរសអាយុ ៥២ ឆ្នាំម្នាក់ជាជនសង្ស័យ ជាអ្នកដែលបានចាកចេញពីលំនៅឋានមុនពេលមន្ត្រីនគរបាលបានទៅដល់ ហើយក្រោយមកត្រូវបានគេរកឃើញដោយជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯង។ ក្រោយមក មន្ត្រីនគរបាលបានរកឃើញបុរសវ័យជំទង់ម្នាក់ទៀតស្លាប់ដោយសារគ្រាប់កាំភ្លើងនៅក្នុងលំនៅឋានដាច់ដោយឡែកមួយ និងបុរសម្នាក់ទៀតស្លាប់នៅទីតាំងអាជីវកម្មក្នុងស្រុកមួយកន្លែង ជាការបាញ់ប្រហារដែលបានបណ្តាលឲ្យមនុស្សសរុប៧នាក់ស្លាប់។ នគរបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ការស៊ើបអង្កេតបឋម បង្ហាញថា ការបាញ់ប្រហារបានផ្តើមចេញពីជម្លោះក្នុងគ្រួសារ» ខណៈនៅពេលនេះ ជនរងគ្រោះទាំងអស់ត្រូវបានគេជឿថាជាសមាជិកគ្រួសាររបស់ជនសង្ស័យដែលបានស្លាប់។

មេដឹកនាំកោះ​តៃវ៉ាន់៖ ការរក្សាស្ថានភាពនយោបាយបច្ចុប្បន្ន​ គឺល្អបំផុត ដើម្បីធានាខ្សែច្រវាក់​ផ្គត់ផ្គង់

2026/06/02 03:39:38 pm        30
មេដឹកនាំ​កោះ​តៃវ៉ាន់ លោក Lai Ching-te បាននិយាយ​នៅថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ការរក្សាស្ថានភាពនយោបាយបច្ចុប្បន្ន​ឲ្យ​នៅដដែល​នេះ​​ គឺជារឿងដែលមានការ​ទទួល​ខុសត្រូវបំផុតដែលកោះនេះអាចធ្វើបាន ដើម្បីធានាខ្សែច្រវាក់​ផ្គត់ផ្គង់សកល ខណៈដែលខ្លួន​ធ្វើជាម្ចាស់ផ្ទះទទួលក្រុមហ៊ុនឈានមុខគេមួយចំនួនខាងបច្ចេកវិទ្យារបស់ពិភពលោក សម្រាប់ព្រឹត្តិការណ៍​ Computex។ កោះ​តៃវ៉ាន់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែច្រវាក់​ផ្គត់ផ្គង់បញ្ញាសិប្បនិម្មិត (AI) សកល សម្រាប់ក្រុមហ៊ុននានា ក្នុង​នោះ​រួមទាំង Nvidia និង Apple ផងដែរ​ ហើយតំណែងរបស់ខ្លួន ត្រូវបានគាំទ្រដោយក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក គឺ TSMC។ នៅឯ​ពិធីបើកព្រឹត្តិការណ៍ Computex ក្នុង​ទី​ក្រុងតៃប៉ិ ជាកន្លែងដែលមេដឹកនាំនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនរបស់ពិភពលោកកំពុងជួបជុំគ្នា លោក Lai បានលើក​ឡើង​ថា៖ «នៅពេលដែលតម្រូវការ AI របស់ពិភពលោក កើនឡើង តម្រូវការ សម្រាប់កោះ​តៃវ៉ាន់ ដែលមានស្ថិរ​ភាព គួរឲ្យ​ទុកចិត្ត និងសមត្ថភាពទទួលខុសត្រូវ ក៏កើនឡើងដែរ»។ លោកបានសង្កត់ធ្ងន់​ថា «រដ្ឋបាលនឹងការពារសន្តិភាព និងស្ថិរភាពយ៉ាងម៉ឺង​ម៉ាត់ នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយប្តេជ្ញារក្សាស្ថានភាពដដែលនេះ​» ដោយលោក​បាន​បន្ថែមថា នេះគឺជាការសន្យា ដែល​ការទទួស​ខុសត្រូវបំផុតរបស់កោះ​តៃវ៉ាន់ ចំពោះខ្សែច្រវាក់​ផ្គត់ផ្គង់សកល៕

ចិនបញ្ជូនអ្នកជំនាញផ្នែកវេជ្ជសាស្ត្រទៅកុងហ្គោ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹង​ការផ្ទុះឡើងនូវ​ជំងឺ Ebola

2026/06/02 03:35:08 pm        71
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះថា ប្រទេសចិនបានបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងទប់ស្កាត់ការផ្ទុះឡើងនូវជំងឺ Ebola ដែលអង្គការសុខភាពពិភពលោក (WHO) បានចាត់ថ្នាក់ជាគ្រា​អាសន្នសុខភាពសាធារណៈដែលជាកង្វល់អន្តរជាតិ។ ក្រុមអ្នកជំនាញបានចាកចេញពីទីក្រុងប៉េកាំង នា​ព្រឹកព្រលឹមថ្ងៃ​នេះ ហើយនឹងធ្វើការជាមួយបុគ្គលិកពេទ្យចិនដែលឈរជើងរួចហើយ នៅក្នុងប្រទេសកុងហ្គោ ក៏ដូចជាអាជ្ញាធរសុខាភិបាល និងគ្រប់គ្រងជំងឺ ក្នុងស្រុក​។​ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua។ បណ្ដា​អ្នកឯកទេសដែលមានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត នឹងជួយដល់​វិធានការ​បង្ការ និងព្យាបាលជំងឺ Ebola ផ្តល់ការបណ្តុះបណ្តាល សម្រាប់បុគ្គលិកថែទាំសុខភាព និងគាំទ្រដល់ជនជាតិចិន និងស្ថាប័នដែលធ្វើប្រតិបត្តិការ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាល។ គួរបញ្ជាក់ថា យោងតាមការធ្វើ​បច្ចុប្បន្ន​ភាព​ដែលចេញផ្សាយកាលពីថ្ងៃសុក្រ ដោយ WHO បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់ករណីឆ្លងជំងឺនេះ​ចំនួន ១៣៤ករណី ត្រូវបានរាយការណ៍ អំឡុង​ការផ្ទុះឡើងនូវ​ជំងឺនេះ នៅកុងហ្គោ និងអ៊ូហ្គង់ដា។ ការស្លាប់ដោយសារជំងឺ Ebola មានចំនួន ១៨ករណី ក្នុងចំណោមករណីដែលបានបញ្ជាក់ នៅក្នុងប្រទេសទាំង២។ អាជ្ញាធរសុខាភិបាលកុងហ្គោ បង្ហាញថា ករណីសង្ស័យថ្មីនៅតែត្រូវបានបន្ត​ចុះបញ្ជី ដោយមានករណីសរុបជាង ១.០០០ករណី គិត​ចាប់តាំងពីការផ្ទុះឡើងនូវ​ជំងឺនេះត្រូវបានប្រកាសកាល​ពី​ថ្ងៃទី១៥ ខែឧសភា៕

លោកស្រី Frederiksen ធានាបានតំណែង​នាយករដ្ឋមន្ត្រីដាណឺម៉ាកអាណត្តិទី៣

2026/06/02 03:17:51 pm        47
លោកស្រី Mette Frederiksen មេដឹកនាំគណបក្ស​សង្គមប្រជាធិបតេយ្យ (Social Democratic) របស់ប្រទេសដាណឺម៉ាក បាននិយាយកាល​ពី​ថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) ថា លោកស្រីបានព្រមព្រៀង​បង្កើតរដ្ឋាភិបាលចម្រុះកណ្តាល-ឆ្វេងនិយម​ ដោយបន្ត​ការកាន់​អំណាចរបស់លោកស្រី ស្រប​ពេលមានវិបត្តិ ក្នុងទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ពាក់​ព័ន្ធ​នឹង​អនាគតរបស់​កោះ Greenland។ កិច្ចព្រមព្រៀងបង្កើតគណៈរដ្ឋមន្ត្រីសំឡេង​ភាគតិចនេះ​ ផ្តល់ឲ្យ​លោកស្រី Frederiksen នូវតំណែង​នាយករដ្ឋមន្ត្រីអាណត្តិទី៣ ជាប់ៗគ្នា ដោយបញ្ចប់ភាពមិនប្រាកដប្រជាជាច្រើនខែ បន្ទាប់ពីមាន​​ការបោះឆ្នោតខែមីនា ដែលគណបក្សចំនួន ១២ បានឈ្នះអាសនៈនៅក្នុងសភាដាណឺម៉ាក។ លោកស្រី Frederiksen បានប្រាប់អ្នកសារ​ព័ត៌មានថា លោកស្រី​បានចូល​គាល់ព្រះមហាក្សត្រ ហើយបានប្រកាសថា រដ្ឋាភិបាលមួយអាចត្រូវបានបង្កើតឡើង បន្ទាប់ពីមាន​ការចរចាដ៏យូរ។ គួរបញ្ជាក់​ថា ក្រុម​ចម្រុះ​កណ្តាលនិយម​របស់លោកស្រី បានបាត់បង់សំឡេងភាគច្រើនរបស់ខ្លួន​ នៅក្នុងការបោះឆ្នោតថ្ងៃទី២៤ ខែមីនា ខណៈដែលប្រជាជនដាណឺម៉ាក បានបង្ហាញ​ការមិន​ពេញ​ចិត្ត​ ដោយ​សារ​វិបត្តិការ​ចំណាយនៃការរស់នៅ តែ​គណបក្សប្រជាធិបតេយ្យសង្គម នៅតែជាក្រុមធំបំផុត នៅក្នុងសភា ដោយមាន​ ៣៨​អាសនៈ ក្នុងចំណោម ១៧៩​អាសនៈ ដោយ​ធ្លាក់ចុះពីចំនួន​ ៥០​កៅអី​។ បន្ទាប់ពីមាន​ការចរចាអស់រយៈពេលជាង ២ខែ ដែលគណបក្សប្រជាធិបតេយ្យសង្គម និង​គណបក្ស​​ស្តាំនិយម​សេរីនិយម បាន​ប្រឹង​ប្រែង​បង្កើត​រដ្ឋាភិបាលថ្មី លោកស្រី Frederiksen វ័យ ៤៨ឆ្នាំ ទទួលបានការគាំទ្រចាំបាច់ពីគណបក្សនានា នៅក្នុងសភា៕

ចិនអំពាវនាវឲ្យ​គ្រប់​​ភាគី​អត់ធ្មត់ ក្រោយមាន​​ឧប្បត្តិហេតុយាន​ដ្រូន នៅរ៉ូម៉ានី

2026/06/02 03:15:27 pm        46
កាលពីថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ (UN) បានជំរុញឲ្យ​គ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុយាន​ដ្រូន​ថ្មីៗនេះ នៅក្នុងប្រទេសរ៉ូម៉ានី បន្ត​រក្សា​ភាពស្ងប់ស្ងាត់ និងអនុវត្តការអត់ធ្មត់។ អំឡុង​ពេល​ថ្លែង នៅក្នុងកិច្ចប្រជុំបើកចំហបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លោក Fu បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការសន្ទនា និងទំនាក់ទំនង ដើម្បីបញ្ជាក់ការពិត​ឲ្យ​បាន​ច្បាស់លាស់​ ដោះស្រាយជម្លោះ និងទប់ស្កាត់​កុំ​ឲ្យ​មាន​ភាព​តាន​តឹង​កើនឡើងបន្ថែមទៀត។ គួរ​បញ្ជាក់​ថា យោងតាមក្រសួងការពារជាតិរ៉ូម៉ានី បាន​ឲ្យ​ដឹងថា កាលពីថ្ងៃសុក្រចុង​សប្ដាហ៍កន្លងមក​ យានដ្រូន​របស់រុស្ស៊ី ១គ្រឿង បានធ្លាក់ទៅលើដំបូលអគារផ្ទះល្វែងមួយកន្លែង ក្នុងទីក្រុង Galati នៅ​ភាគអាគ្នេយ៍នៃប្រទេសរ៉ូម៉ានី ដោយបានធ្វើឲ្យ​មនុស្ស២នាក់រងរបួស។ លោក Fu បាននិយាយថា ឧប្បត្តិហេតុនេះ គឺជាការរីករាលដាលដោយ​សារ​វិបត្តិអ៊ុយក្រែនដែលកំពុងបន្តមាន​។ លោកបានព្រមានថា ប្រសិនបើស្ថានភាពនៅអ៊ុយក្រែនកាន់តែអាក្រក់ទៅៗ ហើយនៅទីបំផុតវាលែងអាចគ្រប់គ្រងបាននោះ​ វាអាចនាំឲ្យ​មានផលវិបាកធ្ងន់ធ្ងរ និងមិនអាចកែវិញ​​បាន។ លោកបានសង្កត់ធ្ងន់ថា ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ត្រូវតែធ្វើការរួមគ្នា ដើម្បីបន្ថយភាពតានតឹង ចូលរួមក្នុងការសន្ទនាដោយស្ងប់ស្ងាត់ និងស្មោះត្រង់ជាងមុន ហើយ​ជៀសវាងការ​ប្រើ​ប្រាស់​វោហាសាស្ត្របង្កហេតុដែលអាចធ្វើឲ្យ​ស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងៗ៕

លោក Trump ចុះហត្ថលេខាលើសេចក្តីប្រកាសកែសម្រួលពន្ធ​ដែកថែប អាលុយមីញ៉ូម និងទង់ដែង

2026/06/02 03:12:14 pm        77
ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) ដោយកែសម្រួលពន្ធលើការនាំចូលដែកថែប អាលុយមីញ៉ូម និងទង់ដែង។ នេះបើយោងតាមការ​ឲ្យ​ដឹង​ពី​សេតវិមាន នៅក្នុងសេចក្តីថ្លែងការណ៍។ សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹង​ថា៖ «សេចក្តីប្រកាសនេះ កែសម្រួលអត្រា​ពន្ធ លើឧបករណ៍កសិកម្ម ដូចជាម៉ាស៊ីនច្រូតកាត់​ជា​ដើម​ ក៏ដូចជាឧបករណ៍មួយចំនួនទៀត មក​ត្រឹម ១៥ភាគរយ ពី​កម្រិត ២៥ភាគរយ​»។ ចំណាត់ការ​នេះ ក៏ «ពង្រីកលើ​ប្រភេទឧបករណ៍ឧស្សាហកម្មមានស្រាប់ដែលត្រូវ​បង់​ពន្ធ ១៥ភាគរយ​ ដើម្បីរួមបញ្ចូលឧបករណ៍ឧស្សាហកម្មចល័ត ដូចជាប៊ុលដូហ្ស័រ (រថយន្តឈូសដី)​ និងរថយន្តលើកដាក់ទំនិញជា​ដើម​ នៅពេលនាំចូលពីប្រទេសមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមាន​សិទ្ធិទទួលបានលក្ខខណ្ឌ​បែបនេះ​។ ក្រឹត្យ​នេះក៏ «ជំរុញ​ឲ្យ​ក្រុមហ៊ុនបរទេសប្រើប្រាស់ដែកថែប និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិកបន្ថែមទៀត ដោយអនុញ្ញាតឲ្យ​ពួកគេមានសិទ្ធិ​រង​អត្រាពន្ធ ១០​ភាគរយ​ ប្រសិនបើឧបករណ៍របស់ពួកគេ រួមមានយ៉ាងហោចណាស់ ៨៥​ភាគរយ​នៃដែកថែប ឬអាលុយមីញ៉ូមដែលដំណើរការ​កែច្នៃ​របស់សហរដ្ឋអាមេរិក»។ សេចក្ដី​ថ្លែង​ការណ៍​នោះបាន​បន្ថែម​ថា ការផ្លាស់ប្តូរអត្រា​ពន្ធទាំងនេះ គឺបណ្តោះអាសន្ន ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ «ដើម្បីជំរុញការវិនិយោគរយៈពេលខ្លី ដែលនឹងកសាងមូលដ្ឋានឧស្សាហកម្មរបស់ប្រទេសឡើងវិញ»៕

សមាជិកភាគច្រើន​នៃ​ក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសការ​បង្កើន​ប្រតិបត្តិការ​​របស់អ៊ីស្រាអែល នៅលីបង់

2026/06/02 03:09:45 pm        50
សមាជិកភាគច្រើននៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពី​ថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) បានថ្កោលទោសការ​ពង្រីក​ប្រតិបត្តិការ​យោធារបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ខណៈដែលសហរដ្ឋអាមេរិកមិន​បានរិះគន់ទីក្រុង Tel Aviv ឡើយ​ ហើយផ្ទុយ​ទៅ​វិញ បានបង្វែរ​ការ​បន្ទោសរបស់ខ្លួន​ទៅ​លើ​​ក្រុមហេបូឡា និងអ៊ីរ៉ង់។ បេសកជនបារាំងប្រចាំអង្គការសហប្រជាជាតិ (UN) លោក Jerome Bonnafont បាននិយាយថា សមាជិក​ទាំង​នោះ បានអំពាវនាវឲ្យ​បើក​សម័យប្រជុំបន្ទាន់មួយ «ដើម្បីឆ្លើយតបទៅនឹងការបង្កើនភាពតាន​​តឹង​​យ៉ាង​ខ្លាំង​​ដែលកំពុងដំណើរការនាពេល​​នេះ​ និងការពង្រីកប្រតិបត្តិការយោធាដ៏ធំដោយ​អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ដែលបានចូលជាធរមានកាល​ពី​ថ្ងៃទី១៧ ខែមេសា ក្រោមការគាំទ្រ​របស់សហរដ្ឋអាមេរិកក៏ដោយ»។ លោក Bonnafont បានរិះគន់ទីក្រុង Tel Aviv ហើយបានព្រមានថា ការកាន់កាប់ថ្មី នឹងមាន​តែ​បង្ក​ជា​ហានិភ័យ​ធ្វើឲ្យ​ជម្លោះកាន់តែធ្ងន់ទៅៗប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់​ថា៖ «មិន​ត្រឹម​តែ​មិន​នាំមក​នូវ​​សន្តិសុខដល់អ៊ីស្រាអែល និងប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ​ទេ ការកាន់កាប់ថ្មីប្រឈមជំរុញឲ្យមាន​អស្ថិរភាព ពីព្រោះភូមិនីមួយៗ ត្រូវបានទម្លាក់គ្រាប់បែក និងបំផ្លិច​បំផ្លាញ ហើយ​ជនស៊ីវិលគ្រប់រូបដែលត្រូវបានសម្លាប់ នឹង​ជួយ​ពង្រឹង​​ក្រុមហេសបូឡា​ឲ្យ​កាន់តែ​រឹង​មាំ​ និងធ្វើ​ឲ្យអំណាច​រដ្ឋាភិបាល​លីបង់កាន់តែ​ចុះខ្សោយ»។ ចំណែក​លោក Vassily Nebenzia បេសកជន UN របស់រុស្ស៊ី បានគូសបញ្ជាក់ពីភាពស្រដៀងគ្នា រវាងសកម្មភាពយោធារបស់អ៊ីស្រាអែល នៅលីបង់ និងស្ថានភាព នៅតំបន់ហ្កា​ហ្សា ដោយបញ្ជាក់​ថា ប្រទេសលីបង់កំពុងឃើញ «ទិដ្ឋ​ភាព​ដែល​ស្ទើរតែដូចគ្នាបេះបិទនៃសេណារីយ៉ូបោសសម្អាតតំបន់ហ្កាហ្សា ដោយ​មាន​ការបង្កើតការកាន់កាប់ទ្រង់ទ្រាយធំ និងការបង្ខំឲ្យ​ប្រជាជនក្នុងតំបន់ផ្លាស់ទីលំនៅ»។ ក្រៅ​ពី​ប្រទេស​ទាំង​២ បេសកជន​របស់​ប្រទេស​ផ្សេងទៀតនៃ​ក្រុម​ប្រឹក្សា​នេះ​ ដែល​មាន​ដូចជា​លោក​​ Fu Cong របស់​ចិន និង​លោក James Kariuki របស់​ចក្រភពអង់គ្លេស​ជាដើម សុទ្ធ​តែ​បានរិះគន់​ ចំពោះការ​ពង្រីក​ប្រតិបត្តិការ​របស់​អ៊ីស្រាអែល នៅ​ប្រទេស​លីបង់​នេះ៕

អ៊ីរ៉ង់សម្លឹង​​កិច្ចព្រមព្រៀងបណ្ដោះអាសន្ន​ជាមួយ​អាមេរិក ដើម្បីសម្រាល​បញ្ហា​​សេដ្ឋកិច្ច និងចំណេញ​ពេល​ថែម

2026/06/02 03:06:15 pm        39
យោងតាមប្រភព និងបណ្ដា​អ្នកវិភាគ បាន​ឲ្យ​ដឹង​ថា​​ ប្រទេស​អ៊ីរ៉ង់កំពុងជំរុញឲ្យ​មានកិច្ចព្រមព្រៀងបណ្តោះអាសន្នមានកំណត់​ជាមួយសហរដ្ឋអាមេរិក ជា​កិច្ចប្រឹងប្រែង ដើម្បីបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចដែលកំពុងកើនឡើង និងធ្វើឲ្យ​ស្ថានការណ៍នៅក្នុងប្រទេសមានស្ថិរភាព ខណៈពេលដែលបញ្ចៀស​ការធ្វើសម្បទានសំខាន់ៗ ជុំវិញ​កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រភពអ៊ីរ៉ង់ ៣រូប ដែលស្និទ្ធនឹងអ្នកធ្វើការសម្រេចចិត្ត បានបង្ហើប​ឲ្យដឹង​ថា វិធីសាស្រ្តនេះឆ្លុះបញ្ចាំងពីយុទ្ធ​សាស្ត្រ​ស្រដៀង​គ្នាពីមុន​ សម្រាប់សាធារណរដ្ឋឥ​ស្លាម ដែល​មាន​ដូចជា​ទប់​ទល់​សម្ពាធដោយ​មិន​ចុះ​ញ៉ម​ បញ្ចៀស​ការសម្របសម្រួលដែលមិនអាចកែប្រែ​វិញបាន និងរក្សាការចរចាឲ្យ​នៅដំណើរការ​ ដោយមិនផ្លាស់ប្តូរជំហរស្នូល​។ ប៉ុន្តែកិច្ច​ប្រឹង​ប្រែង​​ចុងក្រោយនេះ ក៏ត្រូវបានជំរុញដោយការ​មាន​ក្ដី​បារម្ភបន្ទាន់ផងដែរ។ មន្ត្រីនានាមើលឃើញកិច្ចព្រមព្រៀងមិន​ទូលំទូលាយ​ ជាមធ្យោបាយមួយ ដើម្បីមាន​ពេលវេលាបន្ថែម​ ​ជួយ​សម្រាល​សម្ពាធ​ហិរញ្ញវត្ថុ និងទប់ស្កាត់ហានិភ័យក្នុងស្រុកដែលកំពុងកើនឡើង ដោយសារ​សេដ្ឋកិច្ចដែលកាន់តែ​អាក្រក់ទៅៗ ដោយមិនចាំបាច់ដោះស្រាយបញ្ហាចម្រូងចម្រាសបំផុតនោះទេ។ កិច្ច​ប្រឹង​ប្រែង​ការទូតនេះកើតឡើងបន្ទាប់ពីការកើនឡើងភាព​តាន​តឹង​ជាច្រើនសប្តាហ៍ ក្រោយ​ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាល​ពី​ចុងខែកុម្ភៈ បានក្លាយទៅជាជម្លោះក្នុងតំបន់កាន់តែធំធេង​។ ការវាយប្រហាររបស់អ៊ីរ៉ង់ នៅទូទាំងឈូងសមុទ្រពែក្ស បានបង្កើនក្ដី​បារម្ភ អំពី​សន្តិសុខនៃច្រកសមុទ្រ Hormuz ដែលជា​ផ្លូវ​​តូច​ចង្អូច​ដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រហែល ១ភាគ៥ របស់​សកលលោក។ ៣ខែក្រោយ​ ហើយទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយ កាល​ដើមខែមេសាក៏ដោយ ក៏​ជម្លោះនេះបានវិវត្ត​បន្តិច​ម្ដង​ទៅ​ជា​ភាពជាប់គាំង។ ការបិទផ្លូវទឹក​របស់សហរដ្ឋអាមេរិក ចំពោះ​កំពង់ផែអ៊ីរ៉ង់ និងការគ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង​របស់ទីក្រុងតេអេរ៉ង់ នៅ​ច្រកសមុទ្រ បានធ្វើ​ឲ្យមាន​សម្ពាធលើ​គ្នា​ទៅវិញទៅមក ដែលជំរុញឲ្យ​ការចំណាយសេដ្ឋកិច្ចកើនឡើង ខណៈពេលដែល​ហានិភ័យនៃការប្រយុទ្ធគ្នាថ្មី​ស្ថិត​មិន​ទាន់​ត្រូវបាន​ដោះស្រាយ​​៕

ចិន បង្កើនវិធានការទប់ស្កាត់គ្រោះមហន្តរាយ ខណៈរដូវទឹកជំនន់ចូលមកដល់

2026/06/02 12:27:29 pm        51
ក្រសួងធនធានទឹកចិន បានជំរុញក្រុមអាជ្ញាធរកាលពីថ្ងៃចន្ទឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់គ្រោះមហន្តរាយ ខណៈរដូវទឹកជំនន់របស់ប្រទេសនេះចាប់ផ្តើមចូលមកដល់។ ការព្យាករណ៍ជាផ្លូវការបង្ហាញថា ទឹកភ្លៀងនៅតំបន់ខ្លះនៃភាគឦសាន ខាងកើត ខាងត្បូង និងនិរតីនៃប្រទេសចិននឹងមានច្រើនជាងធម្មតាពី១០ ភាគរយទៅ២០ ភាគរយនៅក្នុងខែមិថុនានេះ ដែលបង្កើនហានិភ័យទឹកជំនន់នៅក្នុងតំបន់មួយចំនួនតាមបណ្តោយដងទន្លេយ៉ាងសេ និងនៅក្នុងអាងទន្លេគុជ។ ដោយព្រមានថា ស្ថានភាពទឹកជំនន់អាច "ធ្ងន់ធ្ងរ និងស្មុគស្មាញ" ក្រសួងបានអំពាវនាវឱ្យមានការព្រមានជាមុន និងការឆ្លើយតបជាបន្ទាន់ ដោយបន្ថែមថា ខ្លួននឹងបញ្ជូនក្រុមការងារ និងអ្នកជំនាញទៅកាន់ជួរមុខដើម្បីផ្តល់ការណែនាំនៅនឹងកន្លែង។ ក្រសួងបាននិយាយថា អាងស្តុកទឹកសំខាន់ៗនៅក្នុងអាងទន្លេ ដែលមានហានិភ័យខ្ពស់គួរតែបំពេញតួនាទីរបស់ខ្លួនយ៉ាងពេញលេញក្នុងការគ្រប់គ្រងទឹកជំនន់ និងការសង្គ្រោះគ្រោះមហន្តរាយ ខណៈការល្បាត និងការត្រួតពិនិត្យទំនប់ទឹកសំខាន់ៗត្រូវតែបង្កើន។ ក្រសួងបានបន្ថែមថា ខ្លួននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមអាជ្ញាធរគ្រប់គ្រងគ្រាអាសន្ន និងឧតុនិយម ដើម្បីបង្កើនការចែករំលែកព័ត៌មាន និងពង្រឹងការគាំទ្របច្ចេកទេស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM