មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន

ព័ត៌មានអន្តរជាតិ

កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង

2026/06/01 07:57:55 pm        41
កម្អែត្រូវបានគេមើលឃើញហូរចេញពីមាត់ភ្នំភ្លើង Kilauea ស្ថិតនៅរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ។ បន្ទុះដ៏ខ្លាំងក្លា ត្រូវបានគេរំពឹងផងដែរថានឹងកើតឡើងនៅថ្ងៃនេះ ។ទីភ្នាក់ងារវាស់ស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក(USGS) រាយការណ៍ថា មាននូវឱកាសដែលភ្នំភ្លើងនេះ នឹងព្រួសផ្សែងផេះធ្លាក់លើសហគមន៍ក្បែរនោះផងដែរ បើទោះបីជាការកម្រើកខ្លាំង ពុំត្រូវបានគេមើលឃើញនៅផ្នែកខ្លះទៀតនៃភ្នំភ្លើងក៏ដោយ ។ក្រុមអ្នកវិទ្យាសាស្រ្តនៅ USGS និយាយថា ភ្នំភ្លើង Kilauea បានផ្ទុះម្តងម្កាល ចាប់តាំងពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ រហូតមក ។សូមបញ្ជាក់ថា ភ្នំភ្លើង Kilauea ស្ថិតក្នុងចំណោមភ្នំភ្លើងកម្រើកខ្លាំងបំផុតនៅលើផែនដី ៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន

2026/06/01 07:57:26 pm        28
រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal និយាយនៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលឥណ្ឌាកំពុងចរចាជាមួយសហរដ្ឋអាមេរិក នឹងធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងរចនាសម្ព័ន្ធពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន ។លោកថា ផ្នែកជាច្រើននៃកិច្ចព្រមព្រៀង ត្រូវបានបញ្ចប់ ហើយរឿងរ៉ាវលម្អិតផ្តាច់ព្រ័ត្រមួយចំនួនទៀត ត្រូវបានពិភាក្សា ។លោក Goyal និយាយទៀតថា លោកមានជំនឿចិត្តថា ឥណ្ឌា និងសហរដ្ឋអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងបញ្ចប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគ បន្ទាប់ពីកិច្ចចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយបន្ថែមទៀត ។ទីក្រុងញូវដែលី សង្ឃឹមថា នឹងសម្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងការផ្លាស់ប្តូតាមការគ្រោងទុករបស់អាមេរិក នាខែមិថុនានេះ ដែលនឹងធ្វើឲ្យមានការប្រែប្រួលពន្ធលើវិស័យសសំខាន់ៗជាច្រើន ៕

អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ

2026/06/01 07:57:08 pm        22
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយនៅ​ថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា នឹង «គ្មានភាពស្ងប់ស្ងាត់ នៅក្នុងទីក្រុងបេរូត» ឡើយ​ ប្រសិនបើការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្តមាន​ ហើយបានសន្យាថា នឹងបង្កើតតំបន់គ្រប់គ្រងដោយយោធានៅក្នុងតំបន់ភាគ​ខាង​ត្បូង​ទន្លេ Litani របស់​ប្រទេសលីបង់។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យរបស់លោក ដោយសំដៅទៅលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត និងបន្ទាយរបស់ក្រុម​ហេសបូឡា ជាកន្លែងដែលលោកបានបញ្ជាឲ្យ​វាយប្រហារ នៅ​ថ្ងៃចន្ទនេះ​ លោក Israel Katz បាន​បញ្ជាក់​​ថា៖ «តំបន់​ Dahiyeh នៅទីក្រុងបេរូត មិនខុសពីសហគមន៍នានា នៅភាគខាងជើងអ៊ីស្រាអែលនោះ​ទេ ពោល​គឺ​ប្រសិនបើគ្មានភាពស្ងប់ស្ងាត់នៅភាគខាងជើងទេ នោះនឹងគ្មានភាពស្ងប់ស្ងាត់នៅទីក្រុងបេរូតដូចគ្នា​ដែរ»។លោក Katz បានបន្ថែមថា៖ «ក្នុងពេលជាមួយគ្នានេះ កងកម្លាំងការពារជាតិ​អ៊ីស្រាអែល (IDF) នៅតែបន្តប្រតិបត្តិការវាយ​ប្រហារ និងចល័ត​ទ័ព ដើម្បី​ប្រឆាំង​​ភេរវករ និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម​ហេសបូឡានៅក្នុងប្រទេសលីបង់ ដើម្បីលុប​បំបាត់​ការគំរាមកំហែងមក​លើ​កងកម្លាំងអ៊ីស្រាអែល និងប្រជាជននៃរដ្ឋអ៊ីស្រាអែល និងដើម្បីប្រែក្លាយតំបន់ Litani ទៅជាតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងសន្តិសុខរបស់ IDF ដោយគ្មានអាវុធ និងក្រុម​ភេរវករ»។គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសន្យាថា នឹងឲ្យ​មានប្រតិបត្តិការ​ចូល​កាន់តែជ្រៅទៅក្នុងដែន​ដី​របស់​លីបង់ បន្ទាប់ពីបានប្រកាសកាល​ថ្ងៃសុក្រចុងសប្ដាហ៍កន្លងមកថា ផ្នែកធំមួយនៃភាគខាងត្បូងលីបង់ ឥឡូវនេះត្រូវបានចាត់ទុកថា ជា «តំបន់ប្រយុទ្ធ» ទោះបីជាមានបទឈប់បាញ់ក៏ដោយ៕

វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ

2026/06/01 07:56:43 pm        35
វិមានក្រឹមឡាំងនិយាយនៅថ្ងៃចន្ទនេះថា ក្រុមអាជ្ញាធររុស្ស៊ី កំពុងធ្វើការ ដើម្បីដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ ហើយការប៉ះប៉ូវបញ្ហាមួយនេះ គឺជាអាទិភាពកំពូល ។អាជ្ញាធរនៅតំបន់គ្រីមៀ គ្រប់គ្រងដោយរុស្ស៊ី ដែលទីក្រុងមូស្គូ បានប្រកាសដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ ២០១៤ បានរឹតត្បិតការលក់ប្រេងឥន្ធនៈ ស្របពេលជួបវិបត្តិការផ្គត់ផ្គង់ បន្ទាប់ពីអ៊ុយក្រែនវាយប្រហារផ្លូវភស្តុភាររបស់ពួកគេ ។អភិបាលតំបន់គ្រីមៀលោក Sergei Aksyonov និយាយថា ការរឹតត្បិតត្រូវបានដាក់លើការលក់ប្រេង ហើយពលរដ្ឋត្រូវតែប្រើប្រាស់ប័ណ្ណបញ្ចុះតម្លៃប្រេងឥន្ធនៈ ដើម្បីទិញប្រេង ។នៅទីក្រុង Sevastopol ដែលជាទីក្រុងធំបំផុតនៅតំបន់គ្រីមៀ និងជាមូលដ្ឋាននៃកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី ប្រជាពលរដ្ឋនាំគ្នាតម្រង់ជួររង់ចាំយ៉ាងយូរនៅតាមស្ថានីយប្រេង ។អ្នកស្រី Oksana Senchenko គឺជាពលរដ្ឋមួយរូបរស់នៅតំបន់គ្រីមៀ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គាត់មិនអាចចាក់ប្រេងរថយន្តអស់រយៈពេល ២ថ្ងៃមកហើយ ។អ្នកស្រីថា កាលពីថ្ងៃម្សិលមិញ គ្មានសាំងនោះទេ ហើយនៅថ្ងៃនេះ ក៏គ្មានសាំងនោះដែរ មិនថាសាំងធម្មតា ឬសាំង Supperនោះទេ ។សូមបញ្ជាក់ថា រុស្ស៊ីបានគ្រប់គ្រងតំបន់គ្រីមៀ ក្រោយប្រធានាធិបតីគាំទ្ររុស្ស៊ីរបស់អ៊ុយក្រែនលោក Viktor Yanukovychត្រូវបានទម្លាក់ចេញពីអំណាច នៅក្នុងបាតុកម្មកាលពីឆ្នាំ ២០១៤ ៕

ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា

2026/06/01 07:56:22 pm        33
ដងផ្លូវនៅជុំវិញតំបន់ភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់ មមាញឹកខ្លាំងនៅថ្ងៃចន្ទនេះ ស្របពេលដែលប្រជាពលរដ្ឋជម្លៀខ្លួនចេញតំបន់កាន់កាប់របស់ក្រុមហេសបូឡា បន្ទាប់ពីការបញ្ជាវាយកម្ទេចរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ។ លោក Netanyahu បានបញ្ជាឲ្យវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងរដ្ឋធានីបេរូតដែលគ្រប់គ្រងដោយក្រុមហេសបូឡា ធ្វើឲ្យកើនឡើងបន្ថែមទៀតភាពតានតឹងនៃសង្រ្គាមដែលធ្វើឲ្យស្មុគស្មាញដល់ការសម្របសម្រួលឆ្ពោះទៅរកការដោះស្រាយជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei និយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ស្ថិតក្នុងចំណោមកត្តាដែលបណ្តាលឲ្យពន្យាពេលដំណើរការការទូត ដើម្បីបញ្ចប់សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែល ដោយរូបលោកបញ្ជាក់ថា បទឈប់បាញ់លីបង់ គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចព្រមព្រៀង ។ក្រុមហេសបូឡា បានបាញ់មីស៊ីល និងយានដ្រូនរាប់ពាន់គ្រាប់ទៅលើទាហានអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ និងភាគខាងជើងអ៊ីស្រាអែល។ ការវាយលុកកាន់តែខ្លាំងរបស់អ៊ីស្រាអែលបានកើតឡើង ទោះបីជាមានបទឈប់បាញ់ដែលត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី ១៧ ខែមេសាក៏ដោយ និងរយៈប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលលីបង់ និងអ៊ីស្រាអែល ចូលរួមកិច្ចចរចាជុំបន្ទាប់ដោយផ្ទាល់របស់ពួកគេ នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃអង្គារស្អែកនេះ ៕

អ្នកចរចាជាន់ខ្ពស់៖ គ្មានកិច្ចព្រមព្រៀងជាមួយអាមេរិកនោះទេ រហូតដល់សិទ្ធិពលរដ្ឋអ៊ីរ៉ង់ត្រូវបានធានា

2026/06/01 07:49:43 pm        38
អ្នកចរចាជានខ្ពស់អ៊ីរ៉ង់លោក Mohammad Baqer Qalibaf និយាយថា អ៊ីរ៉ង់នឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់ជម្លោះជាមួយសហរដ្ឋអាមេរិកនោះឡើយ លុះត្រាតែសិទ្ធិសេរីភាពរបស់ពលរដ្ឋអ៊ីរ៉ង់ ត្រូវបានធានា ។លោក Qalibaf និយាយថា ពួកគេមិនទុកចិត្តពាក្យសម្តី និងការសន្យារបស់សត្រូវនោះទេ ។ លក្ខណៈវិនិច្ឆ័យតែមួយគត់របស់យើង គឺសម្រេចបានលទ្ធផលជាក់ស្តែង មុនពេលពួកយើងប្តេជ្ញាចិត្តចំពោះការបញ្ឈប់ជម្លោះ ។ការកែសម្រួលណាមួយចំពោះសេចក្តីព្រាង អាចពន្យារពេលបន្ថែមទៀតចំពោះកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជាផ្លូវការសង្គ្រាមនៅមជ្ឈិមបូព៌ា និងបើកឡើងវិញច្រកសមុទ្រ Hormuz បន្ទាប់ពីការចរចាដ៏តានតឹងជាច្រើនសប្តាហ៍ដែលត្រូវបានកត់សម្គាល់ដោយវោហាសាស្ត្រដ៏ខ្លាំងក្លានិងអំពើហិង្សាផ្ទុះឡើងម្តងម្កាល ។ អ៊ីរ៉ង់ បានចរចាជាមួយសហរដ្ឋអាមេរិករួចហើយអំពីជោគវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនកាលពីក្នុងខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមការវាយប្រហារតាមអាកាស និងវាយប្រហារដោយមីស៊ីល ដែលបានសម្លាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ភាគច្រើនរបស់សាធារណរដ្ឋអ៊ីស្លាម។ ខណៈ ទីក្រុងតេអេរ៉ង់ បានទទូចជាយូរមកហើយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងស៊ីវិលសុទ្ធសាធ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនសង្ស័យថាអ៊ីរ៉ង់មានបំណងផលិតអាវុធ ៕

ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ KLM លុបចោលជើងហោះហើរទៅកាន់ប្រទេសអ៊ូហ្គង់ដា ដោយសារជំងឺអេបូឡា

2026/06/01 07:48:51 pm        27
ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ KLM លុបចោលជើងហោះហើរចេញ-ចូលអាកាសយានដ្ឋាន Entebbe ស្ថិតក្នុងទីក្រុង Kampala របស់អ៊ូហ្គង់ដា ដោយសារការរឹតត្បិតពាក់ព័ន្ធនឹងការរីករាលដាលឆ្លងជំងឺអេបូឡា នៅអាហ្វ្រិកណ្តាល ។ការរីករាលដាលឆ្លងដែលជារីករាលដាលឆ្លងលើកទី ១៧ និងជាការរីករាលដាលឆ្លងធំបំផុតលើកទី ៣នៅកុងហ្គោ ចាប់តាំងពីជំងឺអេបូឡា ត្រូវបានរកឃើញកាលពីរយៈពេលកន្លះសតវត្សរ៍មុន ហួសពីសមត្ថភាពសកល គឺជាអ្វីមួយដែលអគ្គលេខាធិការ WHOលោក Tedros Adhanom Ghebreyesus ទទួលស្គាល់ការពិតក្នុងសប្តាហ៍នេះ ។លោក Tedros និយាយថា ជំងឺអេបូឡាដែលកំពុងរីករាលដាលឆ្លងនៅកុងហ្គោ គ្មានវ៉ាក់សាំង ឬការព្យាបាលត្រូវបានអនុម័តនោះទេ ។ ការបញ្ឈប់ការចម្លងជំងឺអេបូឡា គឺផ្អែកលើទាំងស្រុងលើការចូលដល់របស់មនុស្ស ។សូមបញ្ជាក់ថា ស្ថានភាពសន្តិសុខនៅតំបន់ភាគខាងកើតកុងហ្គោ ដែលញាំញីដោយសារជម្លោះពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធអស់រយៈពេល ៣ទសវត្សរ៍មកហើយនោះ គឺជាឧបសគ្គដ៏ធំមួយ ក្នុងការចូលដល់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា ។ សេវាកម្មសុខភាពរដ្ឋនៅតំបន់ដាច់ស្រយាលនៅខេត្ត Itur ពុំមាននោះទេ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ៕

ចិនបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅជួយទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡានៅកុងហ្គោ

2026/06/01 07:48:10 pm        43
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយនៅថ្ងៃចន្ទនេះថា ចិននឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីជួយទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡា នៅតំបន់នោះ ។លោកបន្តថា រដ្ឋាភិបាលចិន បានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ដល់កុងហ្គោ ហើយនិងបន្តកិច្ចខិតខំអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហារីករាលដាលឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។គួរឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកុងហ្គោលោក Samuel Roger Kamba និយាយថា ក្រុមអាជ្ញាធរកុងហ្គោ បានកំណត់ករណីឆ្លងសង្ស័យជំងឺអេបូឡាចំនួន ១.០២៨នាក់ ហើយករណីឆ្លងបញ្ជាក់ចំនួន ២២៥នាក់ ។ក្រុមអាជ្ញាធរសុខភាពនៅប្រទេសកុងហ្គោ និងប្រទេសជិតខាង បានបង្កើនកិច្ចខិតខំទប់ស្កាត់ការរីករាលដាលឆ្លងចុងក្រោយនៃជំងឺអេបូឡា ដែលជាជំងឺពុំទាន់មានវ៉ាក់សាំង និងវិធីព្យាបាល ។ខណៈពេលនោះដែរ អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus បានព្រមានថា ជម្លោះ ការជម្លៀសខ្លួន និងការមិនទុកចិត្តគ្នា នឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺអេបូឡា ។ ថ្លែងពេលទៅដល់ទីក្រុង Kinshasaរបស់កុងហ្គោ លោក Tedros ចាត់ទុកការរីករាលដាលឆ្លងជំងឺអេបូឡាថា ស្មុគស្មាញខ្លាំងណាស់ ហើយលោកជំរុញឲ្យមានបទឈប់បាញ់ ពីព្រោះថា អសន្តិសុខ និងកង្វះខាតស្បៀងអាហារ បានធ្វើឲ្យឆ្លើយតបកាន់តែលំបាកថែមមួយកម្រិតទៀត ៕

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បញ្ជាឲ្យវាយប្រហារកាន់តែជ្រៅទៅក្នុងប្រទេសលីបង់

2026/06/01 07:46:42 pm        37
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោកបានបញ្ជាទាហានឲ្យរុលចូលកាន់តែជ្រៅទៅក្នុងប្រទេសលីបង់ នៅក្នុងសង្រ្គាមប្រឆាំងជាមួយក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ ។យោធាអ៊ីស្រាអែល បានចេញការព្រមានឲ្យមានការជម្លៀសថ្មីសម្រាប់អ្នកស្រុកមួយចំនួននៅតំបន់ភាគខាងត្បូងលីបង់ ។កាលពីថ្ងៃអាទិត្យម្សិលមិញ ទង់ជាតិអ៊ីស្រាអែល ត្រូវបានមើលឃើញនៅលើប្រាសាទ Beaufort ដែលជាបន្ទាយយុទ្ធសាស្រ្តមួយរបស់លីបង់ ។ការដណ្តើមយកប្រាសាទ Beaufort នៅជិតទីក្រុង Nabatiyeh បានធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសជាច្រើនថ្ងៃ និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងភូមិក្បែរៗនោះរវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា ។ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានបើកការឈ្លានពានដោយថ្មើរជើង ដោយដណ្តើមយកបានភូមិ និងទីប្រជុំជនលីបង់រាប់សិបកន្លែងនៅជិតព្រំដែន ។ក្រុមហេសបូឡា បានបាញ់មីស៊ីល និងយានដ្រូនរាប់ពាន់គ្រាប់ទៅលើទាហានអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ និងភាគខាងជើងអ៊ីស្រាអែល។ ការវាយលុកកាន់តែខ្លាំងរបស់អ៊ីស្រាអែលបានកើតឡើង ទោះបីជាមានបទឈប់បាញ់ដែលត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី ១៧ ខែមេសាក៏ដោយ និងរយៈប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលលីបង់ និងអ៊ីស្រាអែល ចូលរួមកិច្ចចរចាជុំបន្ទាប់ដោយផ្ទាល់របស់ពួកគេ នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃអង្គារស្អែកនេះ ៕

ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ២នាក់នៅហាងកាហ្វេតំបន់ហ្កាហ្កា

2026/06/01 07:46:17 pm        33
ក្រុមមន្រ្តីសុខភាពនិយាយថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ២នាក់ និងមនុស្ស ១២នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃអាទិត្យ នៅហាងកាហ្វេតំបន់ហ្កាហ្សា ពេលដែលពួកគេជួបជុំគ្នានៅថ្ងៃឈប់សម្រាក ។សាក្សីម្នាក់និយាយថា ពួកគេកំពុងស្រូបយកខ្យល់អាកាសក្នុងហាងកាហ្វេ នៅជិតកំពង់ផែ ពេលដែលមីស៊ីលវាយប្រហារពួកគេ ។ នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីអ៊ីស្រាអែល ជុំវិញការវាយប្រហារមួយនេះ ។ បទឈប់បាញ់កាលពីខែតុលា ឆ្នាំមុន ដែលរៀបចំឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពុំបានបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សានោះទេ ។គួរឲ្យដឹងថា ជនប៉ាឡេស្ទីនប្រហែល ៩០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM