ទឹកជំនន់ដ៏គំហក់បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅភាគខាងជើងអេស្ប៉ាញ
វិចិត្រករឥណ្ឌាឧទ្ទិសចម្លាក់ដីខ្សាច់ដល់កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់
រដ្ឋមន្រ្តីអង់គ្លេសជំរុញឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់ដើម្បីឲ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ
អនុប្រធានាធិបតីអាមេរិកនិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យលីបង់រក្សាសន្តិសុខនៅតំបន់ភាគាងត្បូងប្រទេស

ព័ត៌មានអន្តរជាតិ

ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង

2026/06/01 05:07:24 pm        53
ជើងហោះហើរ និងនាវាចម្លងនៅក្នុងខេត្ត Okinawa របស់ប្រទេសជប៉ុន ត្រូវបានលុបចោល ខណៈព្យុះត្រូពិកដ៏ខ្លាំងក្លាមួយកំពុងខិតជិតទៅដល់នៅថ្ងៃចន្ទ ទី១ ខែមិថុនានេះ។ ដោយដាក់ឈ្មោះថាព្យុះ Jangmi ព្យុះនេះត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង ទៅកាន់ភាគនិរតីប្រទេសជប៉ុន ដោយទីភ្នាក់ងារឧតុនិយមជប៉ុនព្យាករថា នឹងមានសន្ទុះខ្យល់បក់ខ្លាំងរហូតដល់១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។អាជ្ញាធរអាកាសយានដ្ឋានបាននិយាយថា អាកាសយានដ្ឋាន Naha ដែលជាច្រកទ្វារអន្តរជាតិ និងក្នុងស្រុកដ៏សំខាន់របស់ខេត្ត Okinawa នឹងនៅតែបិទ នៅថ្ងៃចន្ទនេះ។ព្យុះដែលកំពុងខិតកាន់តែជិតនេះ ក៏បានបង្ខំឱ្យមានការលុបចោលការដឹកជញ្ជូនអ្នកដំណើររបស់នាវាចម្លង និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់គ្រួសារជាង៧.០០០គ្រួសារ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយជាតិ ជប៉ុន NHK។

នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង

2026/06/01 05:04:25 pm        34
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កំពុងស្វាគមន៍ដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់មេដឹកនាំមីយ៉ាន់ម៉ា គឺ​លោក មីន អ៊ុង ឡាំង (Min Aung Hlaing) ចាប់តាំងពីអតីតមេដឹកនាំយោធារូបនេះ បានក្លាយជាប្រធានាធិបតី បន្ទាប់ពីមាន​នូវ​ការបោះឆ្នោតដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយ។លោក មីន អ៊ុង ឡាំង ដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្ម ដោយសារ​ការដឹកនាំធ្វើ​រដ្ឋប្រហារក្នុងឆ្នាំ២០២១ បានទៅ​ដល់ប្រទេសឥណ្ឌា កាល​ពី​ថ្ងៃទី៣០ ខែឧសភា ហើយគ្រោងនឹងជួបលោក Modi នៅទីក្រុងញូវដេលី នាថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ។ នេះបើយោងតាមក្រសួងការបរទេសឥណ្ឌា។លោក Modi ក្លាយជាមេដឹកនាំបរទេសដំបូងគេដែលបានជួបលោក មីន អ៊ុង ឡាំង ក្នុងនាមជាប្រធានាធិបតី ទោះបីជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានទៅទស្សនកិច្ច នៅ​សហភាព​មីយ៉ាន់ម៉ា កាលពីខែមេសាក៏ដោយ។ក្រសួងបានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំង ២ នឹងធ្វើកិច្ចពិភាក្សា «ស្តីពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងប្រវត្តិសាស្ត្រ និងអរិយធម៌រវាងប្រទេសទាំង២»។គួរបញ្ជាក់​ថា សហភាព​មីយ៉ាន់ម៉ាត្រូវបាន​ស្ថិត​ក្នុង​សភាព​ឯកោ​អស់រយៈពេលប្រហែល​ ៥ឆ្នាំមក​ហើយ​ ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ​២០២១ ដោយមេដឹកនាំរដ្ឋប្រហារ លោក មីន អ៊ុងឡាំង ត្រូវបានហាមឃាត់មិនឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូលនានា ក្នុងតំបន់៕

លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា

2026/06/01 04:32:33 pm        41
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានអំពីកង្វះខាតប្រព័ន្ធប្រឆាំងមីស៊ីលកាន់តែខ្លាំង​ឡើងៗ ដោយបញ្ជាក់​ថា ការផ្តោតរបស់សហរដ្ឋអាមេរិក លើជម្លោះអ៊ីរ៉ង់ បានរួមចំណែកដល់​ការខ្វះ​ខាត​ការ​ផ្គត់ផ្គង់នេះ​ ដែលធ្វើឲ្យ​អ៊ុយក្រែនកាន់តែងាយរងគ្រោះ ដោយសារការវាយប្រហារដោយមីស៊ីលបាលីស្ទិក​របស់រុស្ស៊ី។ក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ (ទី៣១ ខែឧសភា ឆ្នាំ២០២៦) លោក Zelenskyy បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CBS News ថា៖ «យើងមិនឃើញ​មានការ​ផលិត​​មីស៊ីលគ្រប់គ្រាន់ នៅសហរដ្ឋអាមេរិកទេ។​ យើងខ្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីលបាលីស្ទិក​។ នេះជាបញ្ហាធំមួយ»។លោកបាននិយាយថា កង្វះខាតការផលិតមីស៊ីលរបស់សហរដ្ឋអាមេរិក អាចក្លាយជាវិបត្តិសកល ដែលមិន​មែន​តែ​នៅ​អ៊ុយក្រែនប៉ុណ្ណោះ​ទេ តែ​តំបន់​មជ្ឈិមបូព៌ាផ្ទាល់​ផង​ដែរ​។ ជាមួយ​គ្នានេះ លោកបានបន្ថែម​ថា លោក​បានផ្ញើលិខិតទៅកាន់សេតវិមាន និងសភាសហរដ្ឋអាមេរិក ហើយលោក​សង្ឃឹមថា ពួកគេនឹងយល់ ហើយ​នឹងឆ្លើយតប​។ជាង​នេះ​ទៀត លោក Zelenskyy ក៏បានសង្កត់ធ្ងន់​ផងដែរថា ការបង្វែរ​ការយកចិត្តទុកដាក់ផ្នែកការទូតរបស់ទីក្រុងវ៉ាស៊ីនតោនទៅតំបន់​មជ្ឈិមបូព៌ា បានបណ្តាលឲ្យ​មានការផ្អាកការចរចា ទាក់ទងនឹងអ៊ុយក្រែន ខណៈដែលមន្ត្រីអាមេរិក បានផ្តល់អាទិភាពដល់សង្គ្រាមអ៊ីរ៉ង់៕

​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់

2026/06/01 04:29:47 pm        58
ប្រទេសបារាំង បានកើត​មាន​អំពើហិង្សា បន្ទាប់ពីមាន​ជ័យជម្នះដ៏អស្ចារ្យរបស់ក្រុម​ Paris Saint-Germain (PSG) ក្នុង​ក្រប​ខ័ណ្ឌ​ Champions League របស់តំបន់​អឺរ៉ុប​ ដោយ​បានយក​ឈ្នះ​​​ក្រុម​ Arsenal របស់អង់គ្លេស ខណៈ​មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន ជាង ២០០នាក់រងរបួស ហើយ​មនុស្សម្នាក់បានបាត់បង់ជីវិត​ នៅ​ពេល​ដែល​ពិធីអបអរសាទរ បានប្រែ​ទៅ​ជា​មាន​ភាពច្របូកច្របល់ទូទាំងប្រទេស។អាជ្ញាធរបានប្រាប់​ឲ្យ​ដឹង​ថា មនុស្ស ៧៨០​នាក់ត្រូវបានចាប់ខ្លួនទូទាំងប្រទេស បន្ទាប់ពីក្រុម​ PSG ទទួល​បាន​ជ័យ​ជម្នះ​ នៅក្នុង​វគ្គ​ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី​ អំឡុង​ការ​ប្រកួត​ នៅ​ទីក្រុង Budapest របស់​ប្រទេស​ហុង​គ្រី​ កាលពីយប់ថ្ងៃសៅរ៍ចុង​សប្ដាហ៍​កន្លង​មក​ ខណៈមនុស្ស ២១៩​នាក់ បានរងរបួស ក្នុង​នោះ​មាន​ ៨នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nuñez បានឲ្យ​ដឹងថា មន្ត្រីនគរបាល​ និងបុគ្គលិកសន្តិសុខចំនួន ៥៧នាក់ក៏បានរងរបួសផង​ដែរ ក្នុងអំឡុងពេលមាន​ភាពចលាចល ដែលបានឃើញកុប​ករ​ដុតរថយន្ត លួច​ទំនិញ​ក្នុង​ហាង ប៉ះទង្គិចជាមួយនគរបាល​ និងព្យាយាមបិទផ្លូវសំខាន់ៗ នៅទីក្រុងប៉ារីស។គួរបញ្ជាក់​ថា ទិដ្ឋភាព​ដ៏អាក្រក់ទាំងនេះ បានគ្របដណ្ដប់លើអ្វីដែលគួរតែជាយប់ប្រវត្តិសាស្ត្រ សម្រាប់ក្រុម PSG ដែលបានឈ្នះជើង​ឯក​ Champions League ជាលើកទី២ ជាប់ៗគ្នា បន្ទាប់ពីបានស៊ុត​បញ្ចូល​ទី​តាម​ស្មើ​គ្រាប់បាល់​នាំ​មុខ​របស់ក្រុម Arsenal មុនពេលទទួលបានជ័យជម្នះ ក្នុង​វគ្គ​ប៉េណាល់ទីកាត់​សេចក្ដី​ដ៏តានតឹង៕

ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​

2026/06/01 04:27:05 pm        50
ក្នុងបទសម្ភាសន៍មួយដែលត្រូវ​បានចាក់ផ្សាយកាល​ពី​ថ្ងៃអាទិត្យ (ទី៣១ ខែឧសភា ឆ្នាំ២០២៦) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកចង់បន្តការចរចា ស្តីពីការធានាសន្តិភាព ជាមួយរុស្ស៊ី មុនរដូវរងាមក​ដល់​ ដើម្បីគិតគូរពីជំហរយុទ្ធសាស្ត្រប្រសើរឡើងរបស់ទីក្រុងគីវ​។ការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ស្តីពីការឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព បានជាប់គាំង ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានផ្តោតលើជម្លោះ នៅក្នុងប្រទេសអ៊ីរ៉ង់។លោក Zelensky និងមន្ត្រីអ៊ុយក្រែនផ្សេងទៀត បានលើក​ឡើង​ថា ការរុល​ទៅមុខរបស់កងកម្លាំងរុស្ស៊ី បានថយចុះនៅលើដី ខណៈដែលអ៊ុយក្រែនបានបង្កើនយុទ្ធនាការវាយប្រហារចម្ងាយមធ្យម និងចម្ងាយ​ឆ្ងាយ នៅក្នុងប្រទេសរុស្ស៊ី ដោយផ្តោតជា​សំខាន់ទៅ​លើឧស្សាហកម្មប្រេងរបស់រុស្ស៊ី។លោក Zelensky បានប្រាប់កម្មវិធី Face The Nation របស់ទូរទស្សន៍ CBS ថា៖ «វាបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០២៥។​ រុស្ស៊ីបានចាប់ផ្តើមបាត់ការ​មាន​ប្រៀប​ នៅសមរភូមិ»។ អម​ដោយការ​បន្ថែមថា វាអាស្រ័យលើសម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក​ Vladimir Putin នោះ លោក Zelensky បាន​បញ្ជាក់​ថា៖ «ដូច្នេះឥឡូវនេះ យើងមានពេលវេលានេះ មុនរដូវរងា។ មុនរដូវរងា យើងត្រូវរកមធ្យោបាយ ពោល​គឺ​មធ្យោបាយការទូត ដើម្បីអង្គុយចរចាគ្នា​។ សម្ពាធនៅក្នុងសង្គមរបស់គាត់ (លោក Putin) កំពុងកើនឡើង ហើយ​ខ្ញុំគិត​ថា សម្ពាធដោយសារទណ្ឌកម្ម មិន​ត្រូវ​លុប​ចោល​នោះទេ តែ​ត្រូវ​បង្កើន​ថែម​ទៀត»។ជាមួយ​គ្នា​នេះ លោក Zelenskyy បានឲ្យ​ដឹង​ទៀត​​ថា ក៏​មាន​ផង​ដែរ​នូវ​លទ្ធភាពនៃ​ការចរចាដែលរៀបចំឡើងដោយមានជំនួយពីអឺរ៉ុប ឬការចរចាទ្វេភាគីជាមួយរុស្ស៊ី ប៉ុន្តែក្នុង​ពេល​ជាមួយ​គ្នា លោកបាននិយាយម្តងទៀត អំពីការអំពាវនាវរបស់លោកឲ្យ​ដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង លើរុស្ស៊ី៕

ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស ២នាក់ ដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ

2026/06/01 04:24:59 pm        51
ភ្លៀងធ្លាក់ខ្លាំងបានគំរាមកំហែងដល់ការពន្យារពេលការស្វែងរកមនុស្ស ពីរនាក់ ដែលនៅតែបាត់ខ្លួន នៅក្នុងរូងភ្នំលិចទឹកមួយ ក្នុងប្រទេសឡាវ បន្ទាប់ពីមនុស្ស ៥នាក់ ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីជាប់នៅក្រោមដីអស់រយៈពេលជាងមួយសប្តាហ៍។អ្នកមុជទឹកជនជាតិហ្វាំងឡង់ Mikko Paasi ជាអ្នកជួយសង្គ្រោះអន្តរជាតិដំបូងគេម្នាក់ ដែលបានមកដល់កន្លែងនោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ភ្លៀងធ្លាក់កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យទឹកហូរចូលក្នុងរូងភ្នំពេញ ដែលរារាំងអ្នកមុជទឹកមិនឲ្យចូលបាន រហូតដល់ម៉ាស៊ីនបូមទឹកឲ្យស្រកសិន។អ្នកមុជទឹកម្នាក់ទៀត គឺលោក Yoshitaka Isaji មកពីប្រទេសជប៉ុន បាននិយាយថា ម៉ាស៊ីនបូមទឹកក៏បានខូចផងដែរ ដែលធ្វើឲ្យស្ថានភាពកាន់តែលំបាកឡើង។ក្រុមជួយសង្គ្រោះមកពីប្រទេសឡាវ និងប្រទេសថៃជិតខាង បានធ្វើការរួមគ្នា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដើម្បីជួយសង្គ្រោះអ្នកភូមិដែលជាប់នៅទីនោះ រួមជាមួយអ្នកមុជទឹកមកពីប្រទេសនានា រួមមាន ហ្វាំងឡង់ ម៉ាឡេស៊ី ជប៉ុន ឥណ្ឌូនេស៊ី បារាំង និងអូស្ត្រាលី៕

រដ្ឋមន្ត្រី៖ កាតាត្រៀមខ្លួនចរចាអំពីការយកថ្លៃសេវាបណ្ដោះអាសន្នសម្រាប់ការឆ្លងកាត់ច្រកសមុទ្រ ហ័រមូស

2026/06/01 04:21:55 pm        55
ឧបនាយករដ្ឋមន្ត្រីកាតា និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sheikh Saoud bin Abdulrahman Al Thani បាននិយាយថា ប្រទេសនេះប្រឆាំងនឹងការកំណត់យកថ្លៃសេវាជាអចិន្ត្រៃយ៍សម្រាប់ការឆ្លងកាត់ច្រកសមុទ្រហ័រមូស ប៉ុន្តែត្រៀមខ្លួនចរចាអំពីការយកថ្លៃសេវាជាបណ្ដោះអាសន្ន។ ដោយត្រូវបានដកស្រង់សម្តីដោយគេហទំព័រព័ត៌មាន Doha News លោកបានប្រាប់វេទិកា Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីថា៖«ចំពោះការគិតថ្លៃចំណូលស្របច្បាប់ ខ្ញុំគិតថា ប្រទេសកាតា និងដៃគូនៅឈូងសមុទ្រ បាននិយាយយ៉ាងច្បាស់ថា ការយកថ្លៃសេវានេះ នឹងតែងតែប៉ះពាល់ដល់អ្នកប្រើប្រាស់ ដូច្នេះយើងប្រឆាំងនឹងរឿងនេះ»។ លោកបាននិយាយថា ប៉ុន្តែសម្រាប់ពេលវេលាជាក់លាក់ដែលអាជ្ញាធរអ៊ីរ៉ង់និយាយថា ពួកគេនឹងប្រើប្រាស់ការយកថ្លៃសេវានេះ សម្រាប់ការបោសសម្អាតមីន ឬការប្រើប្រាស់ថ្លៃសេវាមួយចំនួនសម្រាប់ពេលវេលាបណ្ដោះអាសន្ន នេះគឺជាអ្វីមួយដែលអាចចរចាបាន» ដោយបានន្ថែមថា ការយកថ្លៃសេវាបណ្ដោះអាសន្នអាចជាអ្វីមួយដែលនឹងជួយឲ្យការឆ្លងកាត់ច្រកសមុទ្រហ័រមូសវិលមករកភាពធម្មតាវិញ។លោកបានបន្តថា៖«ប៉ុន្តែខ្ញុំសូមបញ្ជាក់ម្តងទៀតថា នេះមិនគួរជាថ្លៃសេវាស្រប់ច្បាប់ដែលនឹងប៉ះពាល់ដល់ច្រកសមុទ្រផ្សេងទៀតដែលនឹងធ្វើតាមគំរូដូចគ្នានោះទេ ហើយនេះនឹងបង្កការលំបាកដល់យើងក្នុងការចរចាអំពីការដោះស្រាយបញ្ហាផ្លូវសមុទ្រនេះ»៕

តម្លៃប្រេងឡើង​ជាង ២ភាគរយ​ ខណៈអ៊ីស្រាអែលបង្កើនការលុក​លុយ​ក្នុង​ដែន​ដី​របស់​លីបង់

2026/06/01 04:18:16 pm        40
តម្លៃប្រេងបានហក់​ឡើងជាង ២ភាគរយ អំឡុង​ការជួញដូរ​ នៅព្រឹក​ថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឲ្យ​កងទ័ពចល័ត​បន្ថែមទៀតចូលទៅក្នុងប្រទេសលីបង់ ក្នុងសមរភូមិជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ទោះបីជាមានការប្រកាសបទឈប់បាញ់កាលពីខែមេសាក៏ដោយ។តម្លៃ​ប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើង ២,១៧​ដុល្លារ ឬ ២,៤៨​ភាគរយ ដោយ​ឡើង​ដល់តម្លៃ​ ៨៩,៥៣ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១១:១២នាទី​ព្រឹក ម៉ោង​សកល​។ ចំណែក​តម្លៃ​ប្រេងឆៅម៉ាក​ Brent បានកើនឡើង ១,៩៣ដុល្លារ ឬ ២,១២ភាគរយ ពោល​គឺឡើង​ដល់ ៩៣,០៥ដុល្លារ ក្នុងមួយបារ៉ែល។ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ដែលបានកើតឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពអ៊ីស្រាអែល-លីបង់ នៅទីក្រុងវ៉ាស៊ីនតោន កាល​ពីថ្ងៃទី២៩​ ខែឧសភា បានធ្វើឲ្យ​ការរំពឹងទុកមាន​កាន់​តែ​តិច​ទៅ​ៗ ដែល​ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងប្រកាសពីការពង្រីកកិច្ចព្រមព្រៀងបទ​ឈប់បាញ់របស់ពួកគេ ក្នុងពេលឆាប់ៗនេះ ដែលបានជំរុញ​ឲ្យ​តម្លៃ​​ប្រេងឆៅម៉ាក​ Brent និង WTI ឡើងថ្លៃ ១,៨ភាគរយ និង ១,៧ភាគរយ រៀងៗខ្លួន នៅថ្ងៃទី២៩​ ខែឧសភានោះ​។គួរបញ្ជាក់ថា ជម្លោះអ៊ីស្រាអែល-លីបង់ គឺជាការរីករាលដាលយ៉ាងទូលំទូលាយបំផុត ដោយ​សារ​សង្គ្រាមអ៊ីរ៉ង់។ សង្គ្រាម​នេះបានចាប់ផ្តើមនៅថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡា បានចាប់ផ្តើមបាញ់រ៉ូកែត និងយាន​ដ្រូន​​ឆ្លងព្រំដែនចូលទៅអ៊ីស្រាអែល ដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីរ៉ង់។ ភាគីទាំង២ បានឈានដល់បទឈប់បាញ់កាល​ពី​ពាក់កណ្តាលខែមេសា ប៉ុន្តែនៅតែបន្តវាយ​ប្រហារគ្នាទៅ​វិញ​ទៅមក​ដដែល​៕

ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ជំរុញឲ្យគ្រប់ភាគីនៃជម្លោះនៅលីបង់ បញ្ឈប់អរិភាព

2026/06/01 04:15:55 pm        50
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ការវាយលុករបស់កងទ័ពអ៊ីស្រាអែលចូលទៅក្នុងភាគខាងត្បូងលីបង់ គឺជាមូលហេតុនៃការព្រួយបារម្ភយ៉ាងខ្លាំង ដោយជំរុញឲ្យគ្រប់ភាគីទាំងអស់បញ្ឈប់អរិភាព។សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«ការរុលទៅមុខរបស់កងទ័ពអ៊ីស្រាអែ នៅភាគខាងត្បូងប្រទេស លីបង់បន្ថែមទៀត គឺបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង» ដោយបន្ថែមថា «ការកើនឡើងភាពតានតឹងបន្ថែមទៀត នឹងធ្វើឲ្យស្ថានការណ៍តានតឹងស្រាប់កាន់តែធ្ងន់ធ្ងរឡើង និងជំរុញឲ្យមានរលកថ្មីនៃការផ្លាស់ទីលំនៅ នៅក្នុងប្រទេសលីបង់»។រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper បាននិយាយកាលពីថ្ងៃអាទិត្យថា ការកើនឡើងសកម្មភាពរបស់យោធាអ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ បាននាំឲ្យជនស៊ីវិលត្រូវបានសម្លាប់ និងផ្លាស់ទីលំនៅ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យបាត់បង់កន្លែងសម្រាប់ការទូត ហើយទង្វើទាំងនេះ ត្រូវតែ បញ្ចប់ជាបន្ទាន់។លោកស្រី Cooper បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«គ្រប់ភាគីទាំងអស់ ត្រូវតែគោរពបទឈប់បាញ់ និងចូលរួមជាមួយការចរចាដោយស្មោះត្រង់» ដោយបន្ថែមថា ក្រុមហេសបូឡា ក៏ត្រូវតែបញ្ចប់ការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែលផងដែរ៕

ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់កើនឡើងជាង ៣.៤០០នាក់

2026/06/01 04:10:43 pm        63
ក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤១នាក់ បានស្លាប់ និង ១៤០ នាក់ ផ្សេងទៀត បានរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃសៅរ៍ ទោះបីជាមានបទឈប់បាញ់ដែលបានចូលជាធរមាន ចាប់តាំងពីថ្ងៃទី ១៧ ខែមេសាក៏ដោយ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រ X របស់ខ្លួនថា៖«ចំនួនអ្នកស្លាប់សរុប ចាប់តាំងពីការផ្ទុះឡើងនៃភាពតានតឹងប្រដាប់អាវុធ នៅថ្ងៃទី ០២ ខែមីនា បានកើនឡើងដល់ ៣.៤១២ នាក់ ដោយមានមនុស្ស ១០.២៦៩ នាក់ រងរបួស»។ យោងតាមក្រសួង នៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតែបន្ត ចំនួនអ្នកស្លាប់ និងរបួស អាចនឹងកើនឡើងបន្ថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទឹកជំនន់ដ៏គំហក់បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅភាគខាងជើងអេស្ប៉ាញ
06/19/2026 06:06 PM
វិចិត្រករឥណ្ឌាឧទ្ទិសចម្លាក់ដីខ្សាច់ដល់កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់
06/19/2026 06:06 PM
រដ្ឋមន្រ្តីអង់គ្លេសជំរុញឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់ដើម្បីឲ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ
06/19/2026 06:06 PM
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
06/19/2026 06:06 PM
អនុប្រធានាធិបតីអាមេរិកនិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យលីបង់រក្សាសន្តិសុខនៅតំបន់ភាគាងត្បូងប្រទេស
06/19/2026 06:06 PM
រលកកម្តៅវាយប្រហារតំបន់ជាច្រើនរបស់ប្រទេសបារាំង រួមទាំងទីក្រុងប៉ារីសផងដែរ
06/19/2026 06:06 PM
រមណីយដ្ឋាន Burgenstock របស់ស្វីស ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់
06/19/2026 06:06 PM
បារាំងជំរុញឲ្យ​អ៊ីស្រាអែលគោរពបទឈប់បាញ់ នៅលីបង់ និងអំពាវនាវឲ្យអាមេរិកអនុវត្ត​ «សម្ពាធចាំបាច់»
06/19/2026 06:06 PM
លោកនាយករដ្ឋមន្រ្តី Rumen Radev ៖ ប៊ុលហ្គារីនឹងវេតូកញ្ចប់ទណ្ឌកម្មថ្មីរបស់ EU លើរុស្ស៊ី
06/19/2026 06:06 PM
ក្រុមហ៊ុន Amazon ចង្អុលបង្ហាញពីជំហានអភិរក្សទឹកនៅក្នុងប្រទេសឥណ្ឌា ចំពេលមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើមជ្ឈមណ្ឌលទិន្នន័យ
06/19/2026 05:06 PM