អ៊ុយក្រែនវាយប្រហារដោយដ្រូនជិត ២០០គ្រឿងទៅលើទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សយ៉ាងតិច១៧នាក់រងរបួស
លោក TRUMP ពិពណ៌នាការចុះហត្ថលេខាលើ MoU របស់អ៊ីរ៉ង់ជាមួយអាមេរិកថា ជា «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»
លោក Vance៖ អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយវត្តមានយោធានៅជិតអ៊ីរ៉ង់ដល់កម្រិតមុនជម្លោះ
ស៊ីរីរាយការណ៍អំពីការលុកលុយថ្មីរបស់អ៊ីស្រាអែលចូលក្នុងទឹកដីរបស់ខ្លួន ខណៈភាពតានតឹងព្រំដែនកំពុងបន្ត

ព័ត៌មានអន្តរជាតិ

របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ

2026/05/30 05:05:57 pm        73
យោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាល​ពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) បានឲ្យដឹងថា ក្រោមសំណើនីតិបញ្ញត្តិដ៏​ទូលំទូលាយ​ថ្មី​មួយ​ សភាសហរដ្ឋអាមេរិក កំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែល ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ជាចំណាត់ការមួយដែលទំនងជាមានការ​លំបាក​ខ្លាំង​។របាយការណ៍របស់ Responsible Statecraft ជាវេទិកាសារព័ត៌មានអនឡាញដែលចេញផ្សាយដោយវិទ្យាស្ថាន Quincy ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ បានឲ្យ​ដឹង​ថា ផែនការបញ្ចូលគ្នានូវឃ្លាំងអាវុធយោធារបស់ប្រទេសទាំង២ នេះ ត្រូវបានរួម​បញ្ចូល​នៅក្នុងសេចក្ដី​ព្រាង​ច្បាប់អនុញ្ញាតការពារជាតិឆ្នាំ២០២៧ (NDAA) របស់សភាតំណាងរាស្ត្រ ដែលត្រូវបានបានបញ្ចេញ​កាល​ពី​ថ្ងៃអង្គារដើម​សប្ដាហ៍​នេះ។សារព័ត៌មាន Responsible Statecraft បានរាយការណ៍ថា «មាត្រា២២៤ នៃ NDAA បង្កើត​មូលដ្ឋានគ្រឹះសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍទ្វេភាគី ការផលិតអាវុធរួមគ្នា ការបណ្តាក់ទុនរួមគ្នា កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ និងកិច្ចសហប្រតិបត្តិការបណ្ដាញ​យោធា-ឧស្សាហកម្មគ្រប់រូប​ភាព​ រវាងសហរដ្ឋអាមេរិក និង​អ៊ីស្រាអែល»។យ៉ាង​ណាក្ដី របាយការណ៍របស់​ Responsible Statecraft បានព្រមានថា កម្រិតនៃការធ្វើសមាហរណកម្មយោធា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អាចជាបង្ក​ជា​បញ្ហា សម្រាប់សហរដ្ឋអាមេរិក។របាយការណ៍ បាន​សង្កត់ធ្ងន់​ថា៖ «ការផ្លាស់ប្តូរនេះ នឹងលុបបំបាត់យន្តការត្រួតពិនិត្យនយោបាយ និងការទូតដែលធ្វើឲ្យ​ទំនាក់ទំនងនេះត្រូវ​ទទួលខុសត្រូវជាសាធារណៈ ដោយផ្លាស់ប្តូរវាពីការបោះឆ្នោតជំនួយប្រចាំឆ្នាំជាក់ស្ដែង​ ទៅជាយន្តការមិនច្បាស់លាស់នៃលទ្ធកម្ម​ការពារជាតិ ដែលការត្រួតពិនិត្យមានកម្រិត និងការទទួលខុសត្រូវខាងនយោបាយមានតិចតួចបំផុត។ លទ្ធផលនឹងជាទំនាក់ទំនងការពារជាតិដែលមានទាំង​​ភាព​កាន់តែស៊ីជម្រៅ និងតម្លាភាពតិចជាងមុន ​ក្នុងពេលដំណាលគ្នា»៕

ក្រុមរឹង​ត្អឹង​ខ្លាំង​របស់អ៊ីរ៉ង់ ព្យាយាមបំផ្លាញលទ្ធភាព​ដែល​អាចមាន​កិច្ចព្រមព្រៀងជាមួយអាមេរិក

2026/05/30 04:32:59 pm        92
ខណៈពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហាក់ដូចជាជិតឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់អរិភាពនៅចុងខែឧសភានវ​ មិនមែនគ្រប់គ្នា នៅក្នុងប្រទេសអ៊ីរ៉ង់ សុទ្ធតែយល់ស្របជាមួយ​នោះទេ​។ក្រុមរឹងត្អឹង​ ជាក្រុមដែលមានសមាជិកនៅក្នុងសភា និងមានអាសនៈ នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ បានជំទាស់ជាចំហចំពោះសម្បទានណាមួយ ចំពោះទីក្រុងវ៉ាស៊ីនតោន ដោយប្រើប្រាស់ការជួបជុំគ្នា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសេចក្តីថ្លែងការណ៍ឯកជន និងសាធារណៈជាឧបករណ៍ ដើម្បីព្យាយាមបំផ្លាញកិច្ចព្រមព្រៀង។គេនៅតែមិនច្បាស់នៅ​ឡើយ​ទេ​ថា ពេលណាកិច្ចព្រមព្រៀងពិតប្រាកដ នឹងត្រូវបានប្រកាស ប្រសិនបើមាន​។ បើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយ​រូប​ បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតីអាមេរិក លោក​ Donald Trump បានជួបប្រជុំរយៈពេល ២ម៉ោង ជាមួយសមាជិកគណៈរដ្ឋមន្ត្រី នៅក្នុងបន្ទប់ប្រជុំ​ពី​ស្ថានភាពជាក់ស្ថែង​ នៅសេតវិមាន កាល​ពី​ថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦)​ ប៉ុន្តែលោកបានពន្យារពេលធ្វើការសម្រេចចិត្តចុងក្រោយ។អ្នកចរចារ​ដ៏​លេច​ធ្លោ​របស់​អ៊ីរ៉ង់ គឺ​​ប្រធានសភា លោក Mohammad Bagher Ghalibaf បានលើក​ឡើង​នៅក្នុងការបង្ហោះលើបណ្តាញសង្គមនៅ​ព្រឹកថ្ងៃ​នោះ​ថា ទីក្រុងតេអេរ៉ង់មិនទុកចិត្តទីក្រុងវ៉ាស៊ីនតោនឡើយ​ ហើយថា គ្មានជំហានណាមួយ នឹង «ត្រូវបានធ្វើឡើងមុនពេលភាគីម្ខាងទៀតមាន​វិធានការ​មុន» នោះទេ។ប៉ុន្តែនៅក្នុងប្រទេសអ៊ីរ៉ង់ ការប៉ះទង្គិច​គ្នាខាងនយោបាយនៅតែបន្ត​មាន​។ ទូរទស្សន៍រដ្ឋ ដែលគ្រប់គ្រងដោយនាយក​មាន​និន្នាការ​ដ៏រឹង​ត្អឹង​មួយរូប​​ បានពង្រីកការបែកបាក់នៅក្នុងប្រទេសនេះ​បន្ថែម​ និងបានពណ៌នាអំពីការចរចាថា ជាការបរាជ័យ។ អ្នកវិភាគដែលជិតស្និទ្ធនឹងរដ្ឋាភិបាលនៅអ៊ីរ៉ង់ លើកឡើង​ថា ក្រុមមាន​និន្នាការ​រឹង​រូស​ខ្លាំង​ តំណាងឲ្យ​ទស្សនៈភាគតិច ទាំងនៅក្នុងសាធារណជនទូទៅ និងក្នុងចំណោមមន្ត្រី​។អ្នកវិភាគនយោបាយនៅទីក្រុងតេអេរ៉ង់ លោក Mehdi Rahmati បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ «ក្រុមនេះមិននិយាយជំនួសប្រជាជនអ៊ីរ៉ង់ភាគច្រើនទេ ហើយត្រូវបានដាក់ឲ្យ​នៅដាច់ដោយឡែកពីការធ្វើការសម្រេចចិត្តសំខាន់ៗ។ ការចរចានុយក្លេអ៊ែរកំពុងដំណើរការ ទោះបីជាមានការមិនយល់ព្រមពីពួកគេក្ដី​»។ប៉ុន្តែលោកបានបន្ថែមថា៖ «ស្ថាប័ន​ត្រូវបង្កើតផែនការមួយ ដើម្បីគ្រប់គ្រងពួកគេ និងរក្សាពួកគេឲ្យ​ស្ថិតក្នុងការត្រួតពិនិត្យ បើមិនដូច្នោះទេ ពួកគេអាចក្លាយជាគ្រោះថ្នាក់ខ្លាំង សម្រាប់ស្ថិរភាពរបស់អ៊ីរ៉ង់»៕

ប្រធាន IAEA បញ្ជាក់​ថា កាហ្សាក់ស្ថានស្នើរក្សា​ស្តុកសារធាតុ​អ៊ុយរ៉ានី​ញ៉ូមរបស់អ៊ីរ៉ង់

2026/05/30 04:24:53 pm        65
ប្រទេស​កាហ្សាក់ស្ថានបានស្នើយកស្តុកសារធាតុ​អ៊ុយរ៉ានី​ញ៉ូមរបស់អ៊ីរ៉ង់ទៅ​រក្សា​ទុក​ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀង លើកម្មវិធីនុយក្លេអ៊ែរ​ដ៏ចម្រូង​ចម្រាសរបស់ទីក្រុងតេអេរ៉ង់។ នេះបើយោងតាមលោក Rafael Grossi ប្រមុខ​អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) ដែល​បានប្រាប់សារព័ត៌មាន​ Financial Times កាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦)។ប្រមុខ​ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នៅទីក្រុង Astana ក្នុងសប្តាហ៍នេះ។សារព័ត៌មាន​ Financial Times បានចុះផ្សាយ​ថា មេដឹកនាំកាហ្សាក់ស្ថាន បានបង្ហាញពី «ភាពបើកចំហ» របស់ប្រទេសលោក ក្នុងការរក្សាទុកស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់​រួច​ហើយ​ជិត​ដល់កម្រិតផលិត​អាវុធ​របស់អ៊ីរ៉ង់​។សារធាតុអ៊ុយរ៉ានី​ញ៉ូមប្រមាណ ៤៤០គីឡូក្រាម ដែលត្រូវបានដំណើរការ​កែច្នៃ​​ដល់ភាពបរិសុទ្ធ ៦០ភាគរយ គឺជាចំណុចសំខាន់​នៃការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីការបន្ថែម​ពេល​វេលា​នៃ​បទឈប់បាញ់ ក្នុងសង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល។ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទូចថា អ៊ីរ៉ង់ត្រូវតែទទួលយកថា ខ្លួននឹងមិនមានអាវុធនុយក្លេអ៊ែរទេ ហើយថា សារធាតុ​អ៊ុយរ៉ានីញ៉ូមត្រូវបានបំផ្លាញចោល។ តែអ៊ីរ៉ង់បានបញ្ជាក់​ដដែល​ៗ​ពី​សិទ្ធិរបស់ខ្លួនក្នុងការបន្ត​កម្មវិធីនុយក្លេអ៊ែរ៕

របាយការណ៍៖ អ៊ីស្រាអែលបដិសេធការទាមទារឲ្យ​ដកទ័ពចេញពីភាគខាងត្បូងលីបង់

2026/05/30 04:18:27 pm        62
អ៊ីស្រាអែល បានបដិសេធការទាមទាររបស់​​លីបង់ឲ្យ​ដកទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងនៃ​ប្រទេសលីបង់ ក្នុងអំឡុងពេលចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក រវាងភាគីទាំង២។ នេះបើយោងតាមការចុះផ្សាយពី​ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ KAN របស់អ៊ីស្រាអែល កាល​ពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦)។ប្រព័ន្ធផ្សព្វផ្សាយនេះ ដោយសំអាងដល់​សម្តីមន្ត្រីរបស់​អ៊ីស្រាអែល បានឲ្យដឹង​ថា លីបង់បានលើកឡើងពីបញ្ហានេះ ក្នុងអំឡុងពេលមាន​ការ​ពិភាក្សាដែលពាក់ព័ន្ធនឹងតំណាងយោធាមកពីប្រទេសទាំង២ ក្រោមការគាំទ្រ​របស់សហរដ្ឋអាមេរិក។យោងតាមសេចក្ដី​រាយការណ៍​នោះ​ បាន​ឲ្យ​ដឹង​ទៀតថា អ៊ីស្រាអែលបានជូនដំណឹងដល់អ្នកសម្របសម្រួលថា ខ្លួននឹងមិនដកទ័ពចេញទេ។ ហើយ​ប្រព័ន្ធផ្សព្វផ្សាយ KAN បានរាយការណ៍​ទៀត​​​ថា កិច្ចពិភាក្សាក៏បានដោះស្រាយផង​ដែរ​ អំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ដ៏ទូលំទូលាយមួយ ដែលនឹងរួមបញ្ចូលការពិភាក្សាលើបញ្ហា​អាវុធរបស់ក្រុម​ហេសបូឡា។លីបង់បានស្នើ​ឲ្យមាន​ការបំភ្លឺ ទាក់ទងនឹងលក្ខខណ្ឌ​ដែលអ៊ីស្រាអែលប្រើ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃប្រតិបត្តិការយោធារបស់ខ្លួន ក្នុង​នោះ​រួមទាំងពាក្យ ដែល​ថា​​ «គ្រោះថ្នាក់ជិតកើតមាន​» និង «ការឆ្លើយតបទៅនឹងការគំរាមកំហែង»។ នេះបើយោងតាមសេចក្ដី​រាយការនោះ​ ដែលបានបន្ថែមថា អ៊ីស្រាអែលកំពុងស្វែងរកយន្តការទំនាក់ទំនងដោយផ្ទាល់ រវាងកងទ័ពអ៊ីស្រាអែល និងលីបង់ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការរំសាយអាវុធរបស់ក្រុម​ហេសបូឡា។តែ​យ៉ាងណាក្ដី​ លីបង់បដិសេធការសម្របសម្រួលដោយផ្ទាល់ណាមួយ ហើយអះអាងថា អាទិភាព គឺការបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល និងការ​ធានាការអនុលោមតាមការរៀបចំដែលបានធ្វើឡើងតាមរយៈការសម្របសម្រួលរបស់សហរដ្ឋអាមេរិក៕

ឧត្តមសេនីយ៍អាមេរិកជួបជាមួយមន្ត្រីយោធាគុយបា នៅ​ឆ្នេរ​ឈូងសមុទ្រ Guantanamo

2026/05/30 03:56:20 pm        61
យោធាអាមេរិក កាល​ពី​ថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) បាន​ប្រាប់​ឲ្យ​ដឹង​ថា ឧត្តមសេនីយ៍ជាន់ខ្ពស់​អាមេរិកដែលត្រួតពិនិត្យកងកម្លាំង នៅតំបន់​អាមេរិកឡាទីន បានមាន​នូវ​ជំនួប​ដ៏កម្រមួយនៅថ្ងៃ​សុក្រនោះ​ ជាមួយមន្ត្រីយោធាជាន់ខ្ពស់គុយបា នៅបរិវេណមូលដ្ឋាន​កងទ័ពជើងទឹកអាមេរិក នៅឈូងសមុទ្រ Guantanamo ប្រទេសគុយបា ដោយនេះ​បាន​ជួយ​បញ្ជាក់អះអាងដល់​កា​រ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Reuters។បញ្ជាការភាគខាងត្បូងរបស់​សហរដ្ឋអាមេរិក បានឲ្យ​ដឹង​នៅលើបណ្ដាញ​សង្គម​ X ថា មេ​បញ្ជាការភាគខាងត្បូងរបស់​សហរដ្ឋអាមេរិក លោក​ឧត្តមសេនីយ៍ លោក Francis Donovan បានពិភាក្សាខ្លីៗ​ អំពីបញ្ហាសន្តិសុខប្រតិបត្តិការជាមួយគណៈប្រតិភូគុយបា ដែលរួមមានទាំង​ឧត្តមសេនីយ៍គុយបា លោក Roberto Legra Sotolongo ជា​អនុរដ្ឋមន្ត្រីទី១ នៃនាយ​សេនាធិការ។កិច្ចប្រជុំរបស់លោក Donovan នៅក្នុងប្រទេសគុយបា គឺជាកិច្ចប្រជុំលើកដំបូង ដោយ​មេ​បញ្ជាការភាគខាងត្បូងបែប​នេះ ហើយកើតឡើងចំពេលមានក្ដី​បារម្ភកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសគុយបា អំពីការវាយប្រហារយោធាអាមេរិកដែលអាចកើតមាន លើកោះស្វ័យគ្រប់គ្រងដោយលទ្ធិ​កុម្មុយនីស្តមួយ​នេះ។ក្រសួងការបរទេសគុយបា មិនបានឆ្លើយតបភ្លាមៗឡើយ​ ចំពោះសំណើសុំការអត្ថាធិប្បាយ។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមាន​នូវ​ដំណើរទស្សនកិច្ចដ៏កម្រមួយ កាលពីដើមខែឧសភា ដោយលោក John Ratcliffe នាយក CIA (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល) ទៅកាន់ទីក្រុងឡាហាវ៉ាន​។គួរបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump តែងតែលើកឡើងពីគុយបាថា ស្ថិត​ក្នុងចំណោមគោលដៅគោលនយោបាយការបរទេសនៃអាណត្តិទី២ របស់លោក ហើយបានបង្ហើបថា ប្រទេស​នេះ​នឹងក្លាយជាការផ្តោតរបស់លោក នៅពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់បញ្ចប់។ គុយបាគឺជាគូអរិ​របស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីមាន​បដិវត្តន៍ឆ្នាំ១៩៥៩​ របស់លោក Fidel Castro៕

ការបិទផ្លូវប្រឆាំងរដ្ឋាភិបាល បង្ខំឱ្យប្រជាជនបូលីវី ដេកចាំទិញប្រេងឥន្ធនៈ ខណៈហាងនានាបានបិទទ្វារ

2026/05/30 12:46:53 pm        65
មនុស្សជាច្រើនបានទៅតម្រង់ជួរនៅជុំវិញស្ថានីយប្រេងឥន្ធនៈ ខណៈទីផ្សារមានភាពស្ងប់ស្ងាត់ ហើយហាងនានាបានបិទទ្វារនៅក្នុងរដ្ឋធានីប្រទេសបូលីវី កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ក្នុងពេលដែលការបិទផ្លូវប្រឆាំងរដ្ឋាភិបាលរយៈពេលជាច្រើនសប្តាហ៍ បានបន្តធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃនៅទីក្រុង La Paz កាន់តែលំបាក។ភាពវឹកវរនេះ គឺជាផ្នែកមួយនៃរលកនៃការតវ៉ាយូរអង្វែងដែលបានហ៊ុមព័ទ្ធរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Rodrigo Paz ខណៈក្រុមបាតុករបានជំរុញឱ្យរដ្ឋបាលនិយមកណ្តាលរបស់លោកកាត់បន្ថយវិធានការរឹតត្បិតថវិកា និងដោះស្រាយការកើនឡើងការចំណាយក្នុងជីវភាពរស់នៅ។អ្នកស្រុកបានចំណាយពេលមួយយប់ក្នុងភាពត្រជាក់នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដើម្បីទទួលបានប្រេងឥន្ធនៈត្រឹមតែពីរទៅបីលីត្រ។ ពលរដ្ឋម្នាក់និយាយថា «យើងនៅទីនេះតាំងពីថ្ងៃម្សិលមិញ តាំងពីម៉ោង៦ ព្រឹក រង់ចាំប្រេងឥន្ធនៈ» ដោយបានដេកនៅក្នុងជួរពេញមួយយប់។ការតវ៉ា បានបណ្តាលឱ្យមានការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់កាន់តែខ្លាំងឡើងនៅក្នុងទីក្រុងដូចជា ទីក្រុង La Paz និងទីក្រុង El Alto ជាកន្លែងដែលមានកង្វះស្បៀង ប្រេងឥន្ធនៈ និងថ្នាំពេទ្យ កំពុងធ្វើឲ្យប៉ះពាល់ដល់ទីផ្សារ មន្ទីរពេទ្យ និងស្ថានីយប្រេងឥន្ធនៈ។

មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគុយបា ចូលរួមសមយុទ្ធយោធា ខណៈសម្ពាធរបស់អាមេរិកកើនឡើង

2026/05/30 12:43:00 pm        74
 ទូរទស្សន៍រដ្ឋគុយបា បានរាយការណ៍កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ថា ឧត្តមសេនីយ៍ Alvaro Lopez Miera រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ បានពិនិត្យមើលសមយុទ្ធយោធានៅក្នុងតំបន់ Mayabeque ចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគខាងកើតទីក្រុងឡាហាវ៉ាន។សមយុទ្ធនេះ ផ្តោតលើការគ្រប់គ្រងកាំភ្លើងធំ ឧបករណ៍អុបទិក ឧបករណ៍ទំនាក់ទំនង និងសមយុទ្ធវាយលុក នេះបើយោងតាមរបាយការណ៍ទូរទស្សន៍រដ្ឋ។សមយុទ្ធ បានធ្វើឡើងខណៈអនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Josefina Vidal បានព្រមាននៅសប្តាហ៍នេះថា ហានិភ័យនៃការឈ្លានពានដោយយោធារបស់សហរដ្ឋអាមេរិកទៅលើកោះនេះ កំពុងកើនឡើង ក្នុងពេលការចរចាជាប់គាំងរវាងប្រទេសទាំងពីរ។ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Donald Trump សហរដ្ឋអាមេរិក បានដាក់ការបិទផ្លូវលើប្រទេសគុយបាដោយជោគជ័យ ដោយគំរាមដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណាដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសកោះនេះ បង្កឱ្យមានការដាច់ចរន្តអគ្គិសនីនិងធ្វើឱ្យមានវិបត្តិដែលអាក្រក់បំផុតកាន់តែធ្ងន់ធ្ងរ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

UN៖ តំបន់ហ្កាហ្សា១០០% សម្រាប់តែប្រជាជនប៉ាឡេស្ទីន ខណៈអ៊ីស្រាអែល រុលចូលដណ្តើមយកហ្កាហ្សាបន្ថែមទៀត

2026/05/30 12:32:48 pm        73
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រ ទី ២៩ ខែឧសភា ថា តំបន់ហ្កាហ្សា ១០០% គួរតែសម្រាប់ប្រជាជនប៉ាឡេស្ទីន ដោយឆ្លើយតបទៅនឹងសំណួរអំពីការថ្លែងលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលថា អ៊ីស្រាអែលនឹងពង្រីកការគ្រប់គ្រងរបស់ខ្លួននៅក្នុងដែនដីនោះ។លោក Dujarric បាននិយាយថា អង្គការសហប្រជាជាតិ ចង់មើលឃើញតំបន់ហ្កាហ្សានៅតែសម្រាប់ប្រជាជនប៉ាឡេស្ទីន និងបានបញ្ជាក់ជាថ្មីនូវការអំពាវនាវឱ្យអ៊ីស្រាអែលដកថយពីការកាន់កាប់របស់ខ្លួនលើតំបន់ដែលហួសពីអ្វីដែលគេហៅថា «ខ្សែបន្ទាត់លឿង»។ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីខែតុលា យោធាអ៊ីស្រាអែល នឹងនៅតែគ្រប់គ្រងតំបន់ហ្កាហ្សា ៥៣% ប៉ុន្តែលោក Netanyahu បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងពង្រីកតំបន់នោះដល់ ៧០% ដោយមិនបានបង្ហាញពីព័ត៌មានលម្អិត ឬពេលវេលាកំណត់ណាមួយឡើយ។ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបានបង្កឱ្យមានសង្គ្រាមដ៏បង្ហូរឈាមរយៈពេលពីរឆ្នាំនៅតំបន់ហ្កាហ្សាដោយការការវាយប្រហាររបស់ខ្លួននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែល បានពិពណ៌នាអំពីការអត្ថាធិប្បាយរបស់លោក Netanyahu ថាជាផែនការសម្រាប់ការបោសសម្អាតជនជាតិភាគតិច និងការបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញ។

ប្រេងធ្លាក់ចុះ និងភាគហ៊ុនច្របូកច្របល់ លើការរំពឹងទុកនៃបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់

2026/05/30 12:28:40 pm        82
ទីផ្សារភាគហ៊ុនមានភាពច្របូកច្របល់ ខណៈតម្លៃប្រេងបានធ្លាក់ចុះជាថ្មីម្តងទៀតកាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ដោយសារសុទិដ្ឋិនិយមរបស់អ្នកវិនិយោថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្ថែមពេលបទឈប់បាញ់ ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ផ្តល់ទស្សនៈផ្ទុយគ្នាលើស្ថានភាពនៃការចរចា ក៏ដោយ។ទីផ្សារប្រេងបានកើនឡើងនិងធ្លាក់ចុះ នៅសប្តាហ៍នេះ ខណៈអ្នកវិនិយោគ វាយតម្លៃឱកាសនៃការទម្លាយភាពទាល់ច្រកកិច្ចព្រមព្រៀង ដែលអាចបន្តការដឹកជញ្ជូនដ៏សំខាន់ឆ្លងកាត់ច្រកសមុទ្រ Hormuz ។ក្តីសង្ឃឹមទាំងនោះ ត្រូវបានបំផ្លាញភ្លាមៗដោយការវាយប្រហារថ្មីដោយយោធារបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់កាលពីថ្ងៃពុធ ដែលត្រូវបានប្រឆាំងតបវិញដោយការកំណត់គោលដៅរបស់កងឆ្មាំបដិវត្តន៍ទៅលើមូលដ្ឋានកងទ័ពអាកាសសហរដ្ឋអាមេរិក នៅក្នុងតំបន់។ កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចប្រជុំមួយដែលក្នុងអំឡុងពេលនោះលោកបាននិយាយថា លោកនឹងធ្វើការសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងសន្តិភាព។ ខណៈព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានមានកម្រិតទាប «ពាណិជ្ជករប្រេង កំពុងមានទស្សនៈសុទិដ្ឋិនិយមថា ទីបញ្ចប់អាចនឹងលេចចេញសម្រាប់ការរំខាននៅក្នុងតំបន់» នេះបើយោងតាមលោក Derren Nathan ប្រធានផ្នែកស្រាវជ្រាវភាគហ៊ុននៅក្រុមហ៊ុន Hargreaves Lansdown។ ទោះជាយ៉ាងណា «ការអត់ធ្មត់នៅលើទីផ្សារ អាចត្រូវបានសាកល្បង ប្រសិនបើកិច្ចព្រមព្រៀងមួយ មិនត្រូវបានព្រមព្រៀងគ្នានៅដើមខែមិថុនា ហើយរឿងនេះអាចមានផលវិបាកយ៉ាងធំធេងសម្រាប់តម្លៃប្រេង និងការកើនឡើងទីផ្សារភាគហ៊ុនសកល» នេះបើយោងតាមលោក Kathleen Brooks នាយកស្រាវជ្រាវនៅក្រុមហ៊ុន XTB។

អាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងពេលមានការ «ព្រមាន» ចំពោះការបង្កើនឥទ្ធិពលរបស់ចិន

2026/05/30 12:23:47 pm        95
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភានេះ បានជំរុញឱ្យសម្ព័ន្ធមិត្តអាស៊ី បង្កើនការចំណាយលើវិស័យយោធាដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន និងទប់ស្កាត់អំណាចរបស់ប្រទេសនេះនៅក្នុងតំបន់ ដោយព្រមានអំពីការបង្កើនយោធាយ៉ាងឆាប់រហ័ស។ លោក Hegseth ថ្លែងនៅក្នុងកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី ជាវេទិកាកំពូលរបស់អាស៊ីសម្រាប់មេដឹកនាំការពារជាតិ យោធា និងអ្នកការទូត បាននិយាយថា សម្ព័ន្ធមិត្តដែលរឹងមាំនិងពឹងផ្អែកលើខ្លួនឯងកាន់តែច្រើន គឺជាគន្លឹះក្នុងការទប់ស្កាត់។ លោកនិយាយថា «មានការព្រួយបារម្ភត្រឹមត្រូវទាក់ទងនឹងការបង្កើនយោធាជាប្រវត្តិសាស្ត្ររបស់ប្រទេសចិន និងការពង្រីកសកម្មភាពយោធារបស់ប្រទេសនេះនៅក្នុងតំបន់ និងហួសពីនេះ»។លោក Hegseth និយាយថា «តំបន់ប៉ាស៊ីហ្វិក ដែលស្ថិតក្រោមអនុត្តរភាពណាមួយ នឹងធ្វើឱ្យបាត់បង់តុល្យភាពអំណាចក្នុងតំបន់»។ «គ្មានរដ្ឋណាមួយ រួមទាំងប្រទេសចិន អាចដាក់អនុត្តរភាព និងក្តោបក្តាប់សន្តិសុខរបស់ប្រទេសនិងសម្ព័ន្ធមិត្តរបស់យើង ធ្វើឲ្យមានបញ្ហានោះទេ»។ សហរដ្ឋអាមេរិក រំពឹងថាសម្ព័ន្ធមិត្ត និងដៃគូអាស៊ីរបស់ខ្លួន នឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ខណៈខ្លួនបានសន្យាថានឹងវិនិយោគក្នុងទឹកប្រាក់ចំនួន ១,៥ សែនកោដិដុល្លារអាមេរិកលើវិស័យយោធារបស់ខ្លួន នេះបើយោងតាមប្រមុខមន្ទីរបញ្ចកោណ។ លោក Hegseth បានសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តចង់បានស្ថិរភាព ពុំមែនការកើនឡើងភាពតានតឹងនោះទេ។លោក Hegseth បាននិយាយបន្ថែមថា ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង «ល្អប្រសើរជាងកាលពីច្រើនឆ្នាំកន្លងទៅ» ដោយលើកឡើងពីទំនាក់ទំនងយោធា និងយោធាកាន់តែកើនឡើង។ «យើង ជួបប្រជុំគ្នាញឹកញាប់ជាងមុនជាមួយសមភាគីចិនរបស់យើង ដោយរក្សាខ្សែទំនាក់ទំនងដោយបើកចំហរវាងយោធានិងយោធា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ុយក្រែនវាយប្រហារដោយដ្រូនជិត ២០០គ្រឿងទៅលើទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សយ៉ាងតិច១៧នាក់រងរបួស
06/19/2026 03:06 PM
កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក
06/19/2026 03:06 PM
មន្ត្រីជំនាញខេត្តកំពង់ចាម ចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កក​តែមិនឃើញមាន​ទំនិញនាំ​ចូលខុសច្បាប់ពីថៃទេ
06/19/2026 03:06 PM
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
06/19/2026 03:06 PM
លោក TRUMP ពិពណ៌នាការចុះហត្ថលេខាលើ MoU របស់អ៊ីរ៉ង់ជាមួយអាមេរិកថា ជា «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»
06/19/2026 02:06 PM
លោក Vance៖ អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយវត្តមានយោធានៅជិតអ៊ីរ៉ង់ដល់កម្រិតមុនជម្លោះ
06/19/2026 02:06 PM
ស៊ីរីរាយការណ៍អំពីការលុកលុយថ្មីរបស់អ៊ីស្រាអែលចូលក្នុងទឹកដីរបស់ខ្លួន ខណៈភាពតានតឹងព្រំដែនកំពុងបន្ត
06/19/2026 02:06 PM
នាយឧត្តមសេនីយ៍ គន់ គីម បន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា
06/19/2026 02:06 PM
លោក LAVROV៖ អឺរ៉ុបចង់បង្កកជម្លោះនៅអ៊ុយក្រែន ដើម្បីដាក់ពង្រាយកងយោធារបស់ខ្លួន
06/19/2026 02:06 PM
UN៖បទឈប់បាញ់នៅហ្កាហ្សា «បរាជ័យ» ខណៈភាពអត់ឃ្លាន កណ្តុរ និងកម្ទេចកម្ទីបង្កការលំបាកដល់ជីវិតប្រចាំថ្ងៃ
06/19/2026 02:06 PM