យោធាអ៊ីស្រាអែលព្រមានអំពីការវាយប្រហារជិតកើតមាន​ នៅភាគខាងត្បូងនៃ​ប្រទេសលីបង់
ជប៉ុន និងឥណ្ឌូនេស៊ី សម្លឹងដល់​ទំនាក់ទំនងកាន់តែជិតស្និទ្ធ តាម​រយៈការចែករំលែកព័ត៌មានសម្ងាត់ និងការនាំចេញនាវាពិឃាត
មេដឹកនាំប្រឆាំង​របស់​កោះ​តៃវ៉ាន់ ព្យាយាម​សម្រាល​ក្តីបារម្ភរបស់អាមេរិក ជុំវិញ​ជំហរជាមួយ​ចិន
ចិនរិះគន់សហរដ្ឋអាមេរិកចំពោះការដាក់ស្លាក «យោធា» លើក្រុមហ៊ុនធំៗ​របស់ខ្លួន

ព័ត៌មានអន្តរជាតិ

ប្រភព៖ លោក Netanyahu បានប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងនៅតែមាន​សិទ្ធិកម្ចាត់ការ​គំរាម​កំហែង​

2026/05/25 03:45:20 pm        66
ប្រភពមួយ​ពី​អ៊ីស្រាអែលបានប្រាប់​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ថា ប្រទេស​អ៊ីស្រាអែលនឹងនៅតែមានសេរីភាព ក្នុងការចាត់វិធានការ ប្រឆាំងនឹងការគំរាមកំហែងនៅក្នុងប្រទេសលីបង់ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ អំពីកិច្ចព្រមព្រៀងដែលកំពុងលេចចេញ​ជារូប​រាង​ឡើង​ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។លោក Trump បាននិយាយ​ថា ទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ បាន «ចរចាជាចម្បង» លើអនុស្សរណៈនៃការយោគយល់គ្នា ជុំវិញ​កិច្ចព្រមព្រៀងសន្តិភាព ដែលនឹងបើកច្រកសមុទ្រហ័រមូសឡើងវិញ ជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយ ដែលត្រូវបានបិទយ៉ាងមានប្រសិទ្ធភាព ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់ កាល​ពី​ខែកុម្ភៈ។ដោយបាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ ប្រភពនយោបាយអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Reuters កាល​ពី​ថ្ងៃអាទិត្យ (ទី២៤ ខែឧសភា) ថា៖ «នៅក្នុងការសន្ទនាជាមួយប្រធានាធិបតី លោក​ Trump លោក​នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលនឹងរក្សាសិទ្ធិ​ ក្នុងការមាន​វិធានការ​ប្រឆាំងនឹងការគំរាមកំហែង ពី​គ្រប់ទីកន្លែង​ ក្នុង​នោះ​រួមទាំងនៅ​ប្រទេសលីបង់ផងដែរ ហើយលោក​ប្រធានាធិបតី Trump បានបញ្ជាក់អះអាង​ជាថ្មី និងគាំទ្រគោលការណ៍នេះ»។គួរបញ្ជាក់ថា ការរំពឹងទុកបានកើនឡើង ដែល​ថា ការទម្លាយភាពទាល់ច្រកមួយ អាចនឹងកើតឡើងនៅក្នុងសង្គ្រាមរយៈពេល ៣ខែ បន្ទាប់ពីលោក Trump បានបញ្ជាក់​ថា កិច្ចព្រមព្រៀងដែលកំពុងលេចចេញ​ជារូប​រាង​ឡើងសម្របសម្រួលដោយប៉ាគីស្ថាន នឹងបើកច្រកសមុទ្រហ័រមូសឡើងវិញ។ ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានរាយការណ៍​ថា សេចក្តីព្រាងកិច្ច​ព្រម​ព្រៀង​នេះ បញ្ជាក់​ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងមិនវាយប្រហារអ៊ីរ៉ង់ ឬសម្ព័ន្ធមិត្តរបស់ទីក្រុង​តេអេរ៉ង់​ឡើយ ហើយជាថ្នូរវិញ អ៊ីរ៉ង់សន្យាថានឹងមិនធ្វើការវាយប្រហារជាមុនលើពួកគេនោះទេ​៕

រដ្ឋមន្ត្រីការបរទេស៖ អាមេរិកនឹងស្វែងរក «មធ្យោបាយមួយផ្សេងទៀត» ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់បរាជ័យ

2026/05/25 03:41:59 pm        58
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក នឹងមានកិច្ចព្រមព្រៀងល្អជាមួយអ៊ីរ៉ង់ បើមិនដូច្នេះទេនឹងដោះស្រាយជាមួយប្រទេសនេះ តាម «មធ្យោបាយមួយផ្សេងទៀត» ខណៈទីក្រុងវ៉ាស៊ីនតោន បាននិយាយសម្រាលពីក្តីសង្ឃឹមសម្រាប់ការទម្លាយភាពទាល់ច្រកក្នុងពេលឆាប់រហ័ស នៅក្នុងសង្គ្រាមរយៈពេលបីខែ មកនេះ។លោក Rubio បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងញូវឌែលី ប្រទេសឥណ្ឌា ថា សហរដ្ឋអាមេរិក នឹងផ្តល់ឱកាសគ្រប់យ៉ាងដល់ផ្នែកការទូតដើម្បីទទួលបានជោគជ័យ មុនពេលស្វែងរក «ជម្រើសនានា» បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានប្រាប់អ្នកតំណាងរបស់លោក កុំឱ្យប្រញាប់ប្រញាល់ចូលទៅក្នុងកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់។ លោក Rubio បាននិយាយថា មាន «រឿងរ៉ាវដ៏តានតឹងនៅលើតុទាក់ទងទៅនឹងសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ ធ្វើឱ្យច្រកសមុទ្របើកចំហ ចូលទៅរកការចរចាពិតប្រាកដ សំខាន់ និងកំណត់ពេលលើបញ្ហានុយក្លេអ៊ែរ ហើយសង្ឃឹមថា យើងអាចធ្វើវាបាន»។ លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា ការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិកចំពោះនាវាអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz នឹង «នៅតែមានសុពលភាព និងមានប្រសិទ្ធភាពពេញលេញរហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ត្រូវបានបញ្ជាក់ និងត្រូវបានចុះហត្ថលេខា»។ នៅពុំទាន់មានការឆ្លើយតបភ្លាមៗនៅឡើយទេពីរដ្ឋាភិបាលអ៊ីរ៉ង់។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា សហរដ្ឋអាមេរិកនៅតែរារាំងផ្នែកមួយចំនួននៃកិច្ចព្រមព្រៀង រួមទាំងការទាមទាររបស់ទីក្រុងតេអេរ៉ង់ សម្រាប់ការបញ្ចេញមូលនិធិដែលត្រូវបានបង្កក។

ប្រធានាធិបតីលីបង់ និយាយថា ការដកទ័ពអ៊ីស្រាអែលចេញទាំងស្រុង នៅតែជាអាទិភាព

2026/05/25 03:27:38 pm        45
ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អោន (Joseph Aoun) បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីសាទរទិវាតស៊ូនិងរំដោះ ជាថ្ងៃរំលឹកដល់ឆ្នាំ ២០០០ នៅពេលដែលអ៊ីស្រាអែល បានបញ្ចប់ការកាន់កាប់នៅភាគខាងត្បូងប្រទេសលីបង់ រយៈពេល ២២ ឆ្នាំ។ លោក Aoun បាននិយាយថា ការរំលឹកខួបនៅឆ្នាំនេះធ្វើឡើងក្នុងពេលមានការកាន់កាប់ដែលនៅតែបន្តរបស់អ៊ីស្រាអែលលើភូមិភាគខាងត្បូងប្រទេសលីបង់ និងការវាយប្រហារដ៏បង្ហូរឈាម។ លោកបាននិយាយថា «មធ្យោបាយឆ្ពោះទៅរកការដកកងទ័ពអ៊ីស្រាអែលចេញទាំងស្រុងនៅតែជាការទាមទារដ៏រឹងមាំរបស់ប្រទេស ដែលរដ្ឋលីបង់ កំពុងខិតខំដើម្បីសម្រេចបានតាមរយៈការចរចា»។ ការចរចាទាំងនេះ នឹងមិនមែនជាការធ្វើសម្បទាន ឬជាការចុះចាញ់នោះទេ ប៉ុន្តែជាការបញ្ជាក់ជាថ្មីអំពីសិទ្ធិផ្តាច់មុខរបស់ប្រទេសលីបង់ក្នុងការការពារទឹកដី និងដែនអធិបតេយ្យភាពរបស់ខ្លួន និងពង្រីកអំណាចតាមរយៈកងទ័ព និងកងកម្លាំងសន្តិសុខស្របច្បាប់របស់ខ្លួន»។

លោក Rubio ចោទប្រកាន់ក្រុមហេសបូឡាថា ព្យាយាម «ទាញលីបង់ឲ្យធ្លាក់ចូលទៅក្នុងភាពវឹកវរ»

2026/05/25 03:25:07 pm        100
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពី​ថ្ងៃអាទិត្យ (ទី២៤ ខែឧសភា ឆ្នាំ២០២៦) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចោទប្រកាន់ក្រុមហេសបូឡាថា កំពុងព្យាយាមធ្វើឲ្យប្រទេសលីបង់ «ធ្លាក់ចូលទៅក្នុងភាពវឹកវរ»។ លោក Rubio បានថ្កោលទោស ចំពោះអ្វីដែលលោកហៅថា «ការអំពាវនាវដោយមិនប្រុងប្រយ័ត្នរបស់ក្រុម​ហេសបូឡា ដែលចង់​ឲ្យ​ផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសលីបង់» ហើយបានបញ្ជាក់​ថា ក្រុមប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់មួយ​នេះ​ «បាន និង​កំពុងព្យាយាមយ៉ាងសកម្ម ក្នុងការទាញលីបង់ឲ្យធ្លាក់ចូលទៅក្នុងភាពវឹកវរ និងការបំផ្លិចបំផ្លាញ»។ មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បាននិយាយមុននេះថា «ប្រជាជនមានសិទ្ធិចេញ​តវ៉ាតាម​ដងផ្លូវ និងផ្តួលរំលំរដ្ឋាភិបាល» ដើម្បីជា​ការ​ឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើស្ថាប័នហិរញ្ញវត្ថុ Al-Qard Al-Hassan។ រដ្ឋាភិបាលលីបង់បានស្ថិតនៅក្រោមសម្ពាធរបស់សហរដ្ឋអាមេរិកឲ្យ​ចាត់វិធានការ លើ​ក្រុមហ៊ុននេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនសម្ពាធលើក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ លោក Rubio បាននិយាយថា៖ «ការគំរាមកំហែងមាន​អំពើហិង្សា និងចលនា​​ផ្តួលរំលំដោយ​ក្រុមហេសបូឡា នឹងមិនត្រូវបណ្ដោយ​ឲ្យ​ទទួលបានជោគជ័យជា​ដាច់ខាត​។ សម័យកាលដែលក្រុមភេរវករ យក​ប្រទេស​ទាំងមូលធ្វើជាចំណាប់ខ្មាំង កំពុងឈានដល់ទីបញ្ចប់ហើយ​»។ គួរបញ្ជាក់​ថា សហរដ្ឋអាមេរិកកំពុងចរចាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដោយរបាយការណ៍មួយនៅក្នុង Axios បានបង្ហាញថា សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងភាគីទាំង២ មានភាសាដែល «បញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាម រវាងអ៊ីស្រាអែល និងហេសបូឡានៅលីបង់ នឹងត្រូវ​បញ្ចប់»៕

បេសកជនរុស្ស៊ី៖«ការអនុគ្រោះ»របស់អឺរ៉ុបចំពោះអ៊ុយក្រែនជំរុញឲ្យមានការវាយប្រហារលើគោលដៅ ស៊ីវិល

2026/05/25 02:58:02 pm        91
លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតក្រសួងការបរទេសរុស្ស៊ីទទួលបន្ទុកឧក្រិដ្ឋកម្មសង្គ្រាមនៃរបបក្រុងគីវ បានប្រាប់សារព័ត៌មាន Izvestiaថា អឺរ៉ុបសន្មតថា អ៊ុយក្រែនត្រូវបានអនុញ្ញាតឲ្យធ្វើអ្វីក៏ដោយដែលខ្លួនចង់បាន ហើយការយោគយល់ពីលោកខាងលិចដែលបានក្លាយជាហេតុផលមួយសម្រាប់ការវាយប្រហារថ្មីរបស់អ៊ុយក្រែនលើគោលដៅស៊ីវិល។ យោងតាមលោក នៅដំណាក់កាលបច្ចុប្បន្ន រដ្ឋអឺរ៉ុបកំពុងមិនអើពើនឹងការរំលោភច្បាប់អន្តរជាតិ និងមនុស្សធម៌ដោយអ៊ុយក្រែន ដោយលើកលែងការទទួលខុសត្រូវចំពោះសកម្មភាពណាមួយ នៅក្នុងតំបន់ ជម្លោះ។ឯកអគ្គរដ្ឋទូតរូបនេះ បាននិយាយថា៖«ឧក្រិដ្ឋកម្មសង្គ្រាមនេះ គឺជាបញ្ហាសំខាន់មួយដែលនឹងកើតឡើងនៅលើផ្លូវចរចា។ សំណួរនៅទីនេះគឺថាតើច្បាប់មនុស្សធម៌អន្តរជាតិក្នុងទម្រង់ជាអនុសញ្ញាទីក្រុងហ្សឺណែវ កិច្ចព្រមព្រៀងបន្ថែម និងបញ្ជីអនុសញ្ញាទាំងមូល គួរតែត្រូវបានបិទបាំង ឬថាតើច្បាប់មនុស្សធម៌អន្តរជាតិមានកាតព្វកិច្ចលើមនុស្សគ្រប់គ្នាឬអត់។ ប្រសិនបើច្បាប់នេះ មានកាតព្វកិច្ចលើមនុស្សគ្រប់គ្នា នោះអឺរ៉ុបនឹងត្រូវទទួលស្គាល់ថា ទីក្រុងគីវបានប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះ»។ នៅព្រឹកព្រលឹមថ្ងៃទី ២២ ខែឧសភា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រើប្រាស់យានដ្រូន ដើម្បីវាយប្រហារអគារសិក្សា និងអន្តេវាសិកដ្ឋាននៃមហាវិទ្យាល័យគរុកោសល្យ Starobelskរបស់សាកលវិទ្យាល័យគរុកោសល្យរដ្ឋ Lugansk នៃសាធារណរដ្ឋប្រជាមានិត Lugansk។ នៅពេលមានការវាយប្រហារ កុមារចំនួន ៨៦ នាក់ដែលមានអាយុពី ១៤ ទៅ ១៨ ឆ្នាំ កំពុងនៅខាងក្នុងនោះ។ មនុស្សចំនួន ២១នាក់ ត្រូវបានសម្លាប់។ លោក Leonid Pasechnik មេដឹកនាំនៃសាធារណរដ្ឋប្រជាមានិត Lugansk បានអះអាងថា កុមារចំនួន ៦៥នាក់ បានរងរបួស៕

អ្នកសារព័ត៌មាន៖ ក្រុមមេដឹកនាំឥស្លាមជំរុញឲ្យលោក TRUMP បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់

2026/05/25 02:53:10 pm        44
អ្នកឆ្លើយឆ្លងព័ត៌មានរបស់គេហទំព័រ Axios លោក Barak Ravid បានសរសេរដោយដកស្រង់ប្រភពរបស់លោកថា មេដឹកនាំមូស្លីមទាំងអស់ដែលបានចូលរួមក្នុងសន្និសីទតាមទូរស័ព្ទជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានជំរុញឲ្យលោកធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ និងបញ្ចប់អរិភាពនៅក្នុងតំបន់។ នាពេលមុននេះ លោក ត្រាំ បាននិយាយថា លោកបានធ្វើសន្និសីទតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសបារ៉ែន អេហ្ស៊ីប ហ្ស៊កដានី កាតា អេមីរ៉ាតអារ៉ាប់រួម ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត និងទួរគី ហើយបានពិភាក្សាជាមួយពួកគេអំពីអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងនឹងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖«ប្រភពព័ត៌មានក្នុងតំបន់មួយ បាននិយាយថា មេដឹកនាំអារ៉ាប់ និងមូស្លីមទាំងអស់ ដែលបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ កាលពីថ្ងៃសៅរ៍ បានជំរុញឲ្យលោកបន្តកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម និងបន្ថយស្ថានការណ៍នៅក្នុងតំបន់»។លោក Ravid បានបន្ថែមថា៖«សារពីមនុស្សគ្រប់គ្នា គឺសូមបញ្ឈប់សង្គ្រាមនេះ ដើម្បីផលប្រយោជន៍របស់តំបន់ទាំងមូល»៕

ស៊ីរីកំពុងជំរុញកំណែទម្រង់កម្មវិធីសិក្សា ដើម្បីបំពេញតម្រូវការវិស័យការងារ

2026/05/25 02:48:49 pm        88
រដ្ឋមន្ត្រីអប់រំស៊ីរីបានអំពាវនាវឲ្យមានការផ្លាស់ប្តូរជាបន្ទាន់នៃកម្មវិធីសិក្សា និងវិធីសាស្រ្តបណ្តុះបណ្តាលជាក់ស្តែងរបស់ប្រទេសនេះ ដើម្បីរៀបចំមនុស្សឲ្យកាន់តែប្រសើរឡើងសម្រាប់កម្លាំងពលកម្ម។លោក Mohammed Abdul Rahman Turko បានថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងដាម៉ាសរវាងក្រសួងរបស់លោក និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ ដើម្បីពិភាក្សាអំពីយន្តការសម្រាប់ធ្វើទំនើបកម្មវិស័យអប់រំវិជ្ជាជីវៈ និងបច្ចេកទេសរបស់សាធារណរដ្ឋអារ៉ាប់ស៊ីរី។កិច្ចពិភាក្សានេះ បានផ្តោតលើការរៀបចំឡើងវិញនូវកម្មវិធីបណ្តុះបណ្តាល ដើម្បីធ្វើឲ្យពួកវាស្របជាមួយ នឹងតម្រូវការនៃទីផ្សារការងារ និងកិច្ចខិតខំប្រឹងប្រែងកសាងជាតិឡើងវិញ។កិច្ចប្រជុំនេះមានការចូលរួមពីអ្នកជំនាញមកពីវិស័យអប់រំវិជ្ជាជីវៈ និងតំណាងមកពីសភាឧស្សាហកម្ម ផ្សេងៗ ដោយបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងសហការគ្នា ដើម្បីធ្វើឲ្យនិស្សិតបញ្ចប់ការសិក្សាមានចំណេះនិងសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌការងារ។ លោក Sawsan Harastani នាយកផ្នែកអប់រំវិជ្ជាជីវៈ និងបច្ចេកទេស បានថ្លែងថា ក្រសួងកំពុងធ្វើការជាមួយសភាឧស្សាហកម្ម និងវិស័យឯកជន ដើម្បីកំណត់ជំនាញឯកទេសដែលមានតម្រូវការខ្ពស់ និងដោះស្រាយភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធបច្ចុប្បន្ននេះ៕

ជនសកម្មប្រយុទ្ធយ៉ាងតិច ១៦នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការសន្តិសុខ នៅភាគពាយ័ព្យប៉ាគីស្ថាន

2026/05/25 02:45:43 pm        77
ប្រភពព័ត៌មានពីនគរបាលបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ជនសកម្មប្រយុទ្ធ ១៦នាក់ បុគ្គលិកនគរបាលពីរនាក់ និងសមាជិកកងជីវពលពីរនាក់ ត្រូវបានសម្លាប់ ខណៈដែលមនុស្សមួយចំនួនទៀត រួមទាំងជនស៊ីវិល បានរងរបួស អំឡុងពេលប្រតិបត្តិការសន្តិសុខ នៅខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ ប្រភពព័ត៌មានបានប្រាប់សារព័ត៌មានស៊ីនហួថា នគរបាល និងកងកម្លាំងសន្តិសុខ បានបើកប្រតិបត្តិការស្វែងរក និងវាយប្រហារ បន្ទាប់ពីមានរបាយការណ៍អំពីវត្តមានរបស់ជបសកម្មប្រយុទ្ធ នៅក្នុងស្រុក Bannu កាលពីថ្ងៃសៅរ៍។ កងជីវពលសន្តិភាពក្នុងស្រុក ក៏បានចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។ ប្រភពព័ត៌មាន បានបន្ថែមថា សមាជិកកងជីវពលពីរនាក់ ត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀត រងរបួស នៅពេលដែលជនសកម្មប្រយុទ្ធ បានធ្វើការវាយប្រហារដោយយានដ្រូនក្នុងអំឡុងពេលប៉ះទង្គិចគ្នានោះ។នគរបាលចំនួន ៨នាក់ ក៏បានរងរបួស នៅក្នុងការវាយប្រហារនេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។យោងតាមប្រភពព័ត៌មាន ប្រតិបត្តិការតាមស្វែងរកជនសកម្មប្រយុទ្ធនៅក្នុងតំបន់នោះ បានបន្តរហូតដល់ព្រឹកថ្ងៃអាទិត្យ៕

គេហទំព័រ Axios ៖ លោក TRUMP អំពាវនាវដល់ប្រទេសនានាឲ្យធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល

2026/05/25 02:42:37 pm        268
ក្នុងអំឡុងពេលសន្និសីទតាមទូរស័ព្ទថ្ងៃសៅរ៍ជាមួយមេដឹកនាំនៃប្រទេសមជ្ឈិមបូព៌ាជាច្រើន និងប៉ាគីស្ថាន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានអំពាវនាវឲ្យពួកគេចូលរួមជាមួយកិច្ចព្រមព្រៀង Abraham ដើម្បីធ្វើឲ្យទំនាក់ទំនងជាមួយអ៊ីស្រាអែលមានប្រក្រតីភាពឡើងវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Axios ដែលបានដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប។យោងតាមគេហទំព័រនេះ ក្នុងអំឡុងពេលសន្និសីទតាមទូរស័ព្ទនៅថ្ងៃទី ២៣ ខែឧសភា ជាមួយមេដឹកនាំនៃប្រទេសបារ៉ែន អេហ្ស៊ីប ហ្ស៊កដានី កាតា អេមីរ៉ាតអារ៉ាប់រួម ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត និងទួរគី លោក ត្រាំ បានសម្តែងក្តីសង្ឃឹមថា បន្ទាប់ពីបញ្ចប់ជម្លោះអ៊ីរ៉ង់ ប្រទេសដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀង Abraham ឬមិនមានសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែល នឹងធ្វើឲ្យទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងតែលអាវីវ (Tel Aviv) មានលក្ខណៈធម្មតាឡើងវិញ។ គេហទំព័រ Axios បានរាយការណ៍ថា តំណាងនៃប្រទេសកាតា ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត ដែលមិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល មានការភ្ញាក់ផ្អើលចំពោះសំណើរបស់លោកប្រធានាធិបតីបច្ចុប្បន្ននៃសេតវិមាន។មន្ត្រីអាមេរិកម្នាក់បានប្រាប់ Axios ថា៖«មានភាពស្ងៀមស្ងាត់សន្និសីទតាមទូរស័ព្ទនោះ ហើយលោក ត្រាំ បាននិយាយលេងសើច និងសួរថាតើពួកគេនៅមាននៅទីនោះឬអត់»។ មេដឹកនាំអាមេរិករូបនេះ បានកត់សម្គាល់ថា បេសកជនពិសេសរបស់លោកប្រធានាធិបតី គឺលោក Steve Witkoff និងសហគ្រិន Jared Kushner នឹងដោះស្រាយបញ្ហានៃការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងនេះ និងអ៊ីស្រាអែល នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

រដ្ឋចំនួន ១៤ ថ្កោលទោស «ការបើកស្ថានទូត»របស់ប្រទេសសូម៉ាលីឡែន នៅទីក្រុងហ្ស៊េរុយសាឡឹម

2026/05/25 02:38:21 pm        91
រដ្ឋចំនួន ១៤ កាលពីថ្ងៃអាទិត្យ បានថ្កោលទោសចំពោះការបើក «ស្ថានទូត» ដែលត្រូវបានអះអាងដោយប្រទេសសូម៉ាលីឡែន ដែលជាតំបន់បំបែកខ្លួនរបស់ប្រទេសសូម៉ាលី នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹមដែលគ្រប់គ្រងដោយអ៊ីស្រាអែល ដោយហៅសកម្មភាពនេះថា ខុសច្បាប់ និងមិនអាចទទួលយកបាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយដោយក្រសួងការបរទេសអេហ្ស៊ីប។រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត កាតា ហ្ស៊កដានី ទួរគី ប៉ាឡេស្ទីន និងសូម៉ាលី ក្នុងចំណោមប្រទេសដទៃទៀត បាននិយាយថា ពួកគេថ្កោលទោស «ក្នុងន័យខ្លាំងបំផុត»ចំពោះជំហានខុសច្បាប់ និងមិនអាចទទួលយកបាន ដោយបន្ថែមថា ការបើកស្ថានទូតនេះ «គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងសេចក្តីសម្រេចអន្តរជាតិពាក់ព័ន្ធ និងជាការរំលោភបំពានដោយផ្ទាល់លើ ឋានៈផ្នែកច្បាប់ និងប្រវត្តិសាស្ត្រនៃទីក្រុងហ្ស៊េរុយសាឡឹមដែលកាន់កាប់ដោយអ៊ីស្រាអែលនេះ»។រដ្ឋមន្ត្រីទាំងនោះបានបញ្ជាក់ជាថ្មីនូវ «ការបដិសេធជាដាច់ខាតរបស់ពួកគេចំពោះវិធានការឯកតោភាគីណាមួយដែលមានគោលបំណងពង្រឹងការពិតខុសច្បាប់ នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម ឬផ្តល់ភាពស្របច្បាប់លើអង្គភាព ឬការរៀបចំណាមួយដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធ»។ពួកគេបានបញ្ជាក់ជាថ្មីថា៖«ក្រុងហ្ស៊េរុយសាឡឹមខាងកើត ត្រូវបានកាន់កាប់ដោយទឹកដីប៉ាឡេស្ទីន ចាប់តាំងពីឆ្នាំ ១៩៦៧» ហើយថាវិធានការណាមួយដែលមានបំណងផ្លាស់ប្តូរឋានៈផ្នែកច្បាប់ និងប្រវត្តិសាស្ត្ររបស់ខ្លួន «គឺទុកជាមោឃៈ និងគ្មានប្រសិទ្ធភាពផ្នែកច្បាប់»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធាអ៊ីស្រាអែលព្រមានអំពីការវាយប្រហារជិតកើតមាន​ នៅភាគខាងត្បូងនៃ​ប្រទេសលីបង់
06/13/2026 03:06 PM
ជប៉ុន និងឥណ្ឌូនេស៊ី សម្លឹងដល់​ទំនាក់ទំនងកាន់តែជិតស្និទ្ធ តាម​រយៈការចែករំលែកព័ត៌មានសម្ងាត់ និងការនាំចេញនាវាពិឃាត
06/13/2026 03:06 PM
មេដឹកនាំប្រឆាំង​របស់​កោះ​តៃវ៉ាន់ ព្យាយាម​សម្រាល​ក្តីបារម្ភរបស់អាមេរិក ជុំវិញ​ជំហរជាមួយ​ចិន
06/13/2026 03:06 PM
ចិនរិះគន់សហរដ្ឋអាមេរិកចំពោះការដាក់ស្លាក «យោធា» លើក្រុមហ៊ុនធំៗ​របស់ខ្លួន
06/13/2026 03:06 PM
មហាសេដ្ឋីទ្រព្យ​សែនកោដិ​ថ្មីថ្មោង លោក Musk រងការរិះគន់យ៉ាងខ្លាំង ជុំវិញកុបកម្ម នៅទីក្រុង Belfast
06/13/2026 03:06 PM
កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់លេចស្រមោល​ស្ទុងៗ ខណៈវិធានការ​យោធាថ្មីកើត​ឡើងនៅជិតច្រកសមុទ្រ Hormuz
06/13/2026 03:06 PM
លោក Trump៖ ការវាយប្រហារដោយ​អាមេរិក បានសម្លាប់មេក្រុមអន្ធពាល​ Tren de Aragua របស់វ៉េណេស៊ុយអេឡា
06/13/2026 03:06 PM
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
06/13/2026 02:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
06/13/2026 01:06 PM