ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក រិះគន់ក្រុមហេសបូឡា និងបានប្តេជ្ញាគាំទ្ររដ្ឋាភិបាលលីបង់

2026/05/25 11:51:35 am        47
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុមហេសបូឡា ថា បានអនុវត្ត «យុទ្ធនាការដោយចេតនា ដើម្បីធ្វើឲ្យប្រទេសលីបង់មានអស្ថិរភាព» ខណៈក្រុមប្រដាប់អាវុធនេះ នៅតែបន្តប្រឈមមុខជាមួយកងទ័ពអ៊ីស្រាអែល ដែលកំពុងកាន់កាប់ទឹកដីនៅភាគខាងត្បូងប្រទេសលីបង់។ លោក Naim Qassem មេដឹកនាំក្រុមហេសបូឡា កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យរដ្ឋាភិបាលលីបង់ «ត្រឡប់ទៅរកការសម្រេចចិត្តដែលខ្លួនបានធ្វើ»។ លោកក៏បានថ្កោលទោសការបរាជ័យរបស់រដ្ឋាភិបាលក្នុងការបដិសេធទណ្ឌកម្មកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងមន្ត្រីដែលមានទំនាក់ទំនងជាមួយក្រុមរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍ លោក Rubio បានបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលលីបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន «ដើម្បីផ្តល់ការស្តារឡើងវិញ ការកសាងឡើងវិញ ជំនួយអន្តរជាតិ និងអនាគតដ៏ស្ថិរភាពសម្រាប់ពលរដ្ឋខ្លួន ដោយមានការគាំទ្រយ៉ាងពេញលេញពីសហរដ្ឋអាមេរិក»។ លោកបាននិយាយថា ក្រុមហេសបូឡា «ផ្ទុយទៅវិញ កំពុងព្យាយាមអូសទាញប្រទេសលីបង់ឲ្យត្រឡប់ទៅរកភាពវឹកវរ និងការបំផ្លិចបំផ្លាញ»។ រដ្ឋបាលលោក Trump បានសម្របសម្រួលការចរចាសន្តិភាពរវាងអ៊ីស្រាអែល និងរដ្ឋាភិបាលលីបង់ ដែលក្រុមហេសបូឡា បានច្រានចោលដដែលៗ។ កងទ័ពអ៊ីស្រាអែល ក៏បានបន្តធ្វើការវាយប្រហារដ៏បង្ហូរឈាមនៅទូទាំងប្រទេស ទោះបីជាមានការអះអាងថា «បទឈប់បាញ់» ត្រូវបានឈានដល់កាលពីខែមុនក៏ដោយ។

កម្លាំងនគរបាលទួរគី បណ្តេញក្រុមប្រឆាំងចេញពីទីស្នាក់ការកណ្តាល ខណៈវិបត្តិកាន់តែធ្ងន់ធ្ងរ

2026/05/25 11:48:03 am        139
នគរបាលបង្ក្រាបកុបកម្មរបស់ប្រទេសទួរគី បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងបង្ខំចិត្តចូលទៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សប្រឆាំងធំ ដើម្បីបណ្តេញមេដឹកនាំរបស់គណបក្សកាលពីថ្ងៃអាទិត្យ ដែលជំរុញឱ្យមានវិបត្តិនៅចំកណ្តាលលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសទួរគី។ ពពកផ្សែងឧស្ម័នបង្ហៀរទឹកភ្នែកបានហុយឡើងនៅក្នុងអគារគណបក្សប្រជាជនសាធារណរដ្ឋ (CHP) ខណៈអ្នកទាំងឡាយដែលនៅខាងក្នុងបានស្រែក និងគប់វត្ថុផ្សេងៗនៅច្រកចូល ក្នុងពេលដែលនគរបាលបានទម្លាយរបាំងបណ្តោះអាសន្ន។ ពុំមានរបាយការណ៍អំពីអ្នករងរបួសក្នុងអំឡុងពេលអន្តរាគមន៍នោះទេ។ តុលាការប្រទេសទួរគី បានបណ្តេញមេដឹកនាំគណបក្សប្រជាជនសាធារណរដ្ឋ (CHP) លោក Ozgur Ozel កាលពីថ្ងៃព្រហស្បតិ៍ ដោយបានលុបចោលលទ្ធផលសមាជរបស់គណបក្សនេះ ជាកន្លែងដែលលោកបានជាប់ឆ្នោតកាលពីក្នុងឆ្នាំ២០២៣ ដោយលើកឡើងពីភាពមិនប្រក្រតី។ កាលពីថ្ងៃអាទិត្យ អភិបាលក្រុងអង់ការ៉ា បានបញ្ជាឱ្យបណ្តេញអ្នកដែលនៅខាងក្នុងទីស្នាក់ការកណ្តាលចេញ។ អ្នកវិភាគបាននិយាយថា ពួកគេមើលឃើញថា សេចក្តីសម្រេចរបស់តុលាការ ជាការសាកល្បងតុល្យភាពរវាងលទ្ធិប្រជាធិបតេយ្យ និងរបបផ្តាច់ការសម្រាប់ប្រទេសទួរគីដែលជាសមាជិកសម្ព័ន្ធយោធាណាតូ ហើយវាអាចពន្យារការគ្រប់គ្រងរយៈពេល២៣ឆ្នាំរបស់លោក Erdogan។ ទីផ្សារហិរញ្ញវត្ថុ បានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ ខណៈអ្នកវិនិយោមានការព្រួយបារម្ភអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។

នាវាដឹកប្រេង និងឧស្ម័នធម្មជាតិរាវនៅមជ្ឈិមបូព៌ា ចាកចេញពីច្រកសមុទ្រ Hormuz ទៅកាន់ប៉ាគីស្ថាន និងចិន

2026/05/25 11:43:59 am        55
យោងតាមទិន្នន័យដឹកជញ្ជូនបានឲ្យដឹងថា នាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) បានចាកចេញពីច្រកសមុទ្រ Hormuz ឆ្ពោះទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃចន្ទនេះ ខណៈនាវាដឹកប្រេងធំមួយគ្រឿងផ្ទុកប្រេងឆៅអ៊ីរ៉ាក់ធ្វើដំណើរទៅប្រទេសចិន បានចាកចេញពីឈូងសមុទ្រនៅមជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍ បន្ទាប់ពីជាប់គាំងរយៈពេលជិតបីខែ។ សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ បានកាត់បន្ថយការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងច្រើនដែលតាមរយៈច្រកនេះ ការផ្គត់ផ្គង់ប្រេងនិងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែលមួយភាគប្រាំរបស់ពិភពលោកជាធម្មតាបានឆ្លងកាត់។ នាវាជាច្រើនគ្រឿងស្ថិតក្នុងចំណោមនាវាដឹកប្រេងធំៗមួយចំនួនដែលចាកចេញពីឈូងសមុទ្រនៅខែនេះ តាមរយៈផ្លូវដឹកជញ្ជូនដែលអ៊ីរ៉ង់បានបញ្ជាឱ្យនាវាប្រើប្រាស់។ កាលពីសប្តាហ៍មុន នាវាដឹកប្រេងឆៅធំចំនួនបីគ្រឿងបានធ្វើដំណើរទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូង ដោយមានប្រេងឆៅចំនួន៦លានបារ៉ែល។ នាវាដឹកឧស្ម័ន Fuwairit កំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz នៅថ្ងៃចន្ទនេះ ហើយត្រូវបានគេរំពឹងថានឹងដឹកជញ្ជូនទំនិញរបស់ខ្លួនទៅកាន់ប្រទេសប៉ាគីស្ថាន នេះបើយោងតាមទិន្នន័យដឹកជញ្ជូន។ ដោយឡែក នាវា VLCC Eagle Verona ដែលបានចាកចេញពីច្រកសមុទ្រកាលពីថ្ងៃសៅរ៍ ត្រូវបានគេរំពឹងថានឹងទៅដល់កំពង់ផែ Ningbo នៅភាគខាងកើតប្រទេសចិន នៅថ្ងៃទី១២ ខែមិថុនា ដើម្បីបញ្ចេញទំនិញរបស់ខ្លួន នេះបើយោងតាមទិន្នន័យដឹកជញ្ជូន។  

អ៊ីរ៉ង់ រៀបរាប់ពីការតតាំងជាប្រវត្តិសាស្ត្រក្នុងការឆ្លើយតបទៅនឹងការពិភាក្សាអំពីកិច្ចព្រមព្រៀងរបស់លោកTrump

2026/05/25 11:39:32 am        50
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានរំលឹកដល់ឯកសារប្រវត្តិសាស្ត្រ និងភូមិសាស្ត្រចំពោះតំបន់ MENA ខណៈពិភពលោកកំពុងរង់ចាំការប្រកាសអំពីកិច្ចព្រមព្រៀងដែលអាចកើតមានដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ។ មន្ត្រីអ៊ីរ៉ង់ បានពិនិត្យឡើងវិញនូវពេលវេលាសំខាន់ៗក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដើម្បីជំរុញឆ្ពោះទៅរកសាររំលឹកពីរឿងនិទានការប្រយុទ្ធគ្នារវាងអ្នកគង្វៀលចៀម លោក David និងកំពូលអ្នកប្រយុទ្ធហ្គូលីយ៉ាត(Goliath) ដោយភាគីដែលត្រូវបានរំពឹងថាចាញ់ នៅបំផុតទទួលបានជ័យជម្នះ។ នេះកើតឡើង ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ត្រូវបាន «ចរចាយ៉ាងទូលំទូលាយ» ដោយទីក្រុងតេអេរ៉ង់ក៏បានបង្ហាញថា អាចមានកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរមានបំណងពណ៌នាអំពីកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់ជម្លោះរយៈពេល៦៦ថ្ងៃរបស់ខ្លួន ថាជាជ័យជម្នះ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបញ្ជាក់ពីការហែក្បួនរបស់ពួករ៉ូម៉ាំងប្រឆាំងពួកពែក្សស៊ីនៅសតវត្សរ៍ទី៣ ដោយភាគីឈ្លានពានត្រូវបានបង្ខំឱ្យទទួលយកលក្ខខ័ណ្ឌ នៅពេលក្រោយមក។

ប្រទេសអារ៉ាប់ និងអ៊ីស្លាម ៨ ថ្កោលទោសការប្រព្រឹត្តរបស់អ៊ីស្រាអែលចំពោះសកម្មជនដឹកជំនួយ​ទៅ​ហ្កា​ហ្សា ​​

2026/05/25 11:13:54 am        65
រដ្ឋមន្ត្រីការបរទេសអារ៉ាប់ និងអ៊ីស្លាមចំនួន ៨ កាលពីថ្ងៃអាទិត្យ២៤ ​ឧសភា​ បានថ្កោលទោសការប្រព្រឹត្ត "ដ៏គួរឱ្យរន្ធត់ គ្មានភាពថ្លៃថ្នូរ​ និងមិនអាចទទួលយកបាន" របស់រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលលោក​ Itamar Ben-Gvir ចំពោះក្រុម​​សកម្មជនដែលត្រូវបានឃុំខ្លួនពីនាវាដឹកជំនួយ​ Global Sumud ធ្វើដំណើរទៅកាន់ដែនដី​ហ្កា​ហ្សា។នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប ហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ទួរគី អារ៉ាប៊ីសាអ៊ូ​ឌីត និងកាតា បាននិយាយថា ការអាម៉ាស់ជាសាធារណៈដោយចេតនារបស់លោក Ben-Gvir លើអ្នកជាប់ឃុំ គឺជាការរំលោភដ៏អាម៉ាស់លើសេចក្តីថ្លៃថ្នូររបស់មនុស្ស និងជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់។​​ពួកគេបានថ្កោលទោសបន្ថែមទៀតចំពោះការញុះញង់ និងអំពើហិង្សា "ខុសច្បាប់ជ្រុលនិយម" ប្រព្រឹត្តដោយលោក Ben-Gvir និងក្រុម​​មន្ត្រីអ៊ីស្រាអែលផ្សេងទៀតប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅក្នុងដែន​ដីប៉ាឡេស្ទីន ដោយព្រមានថា ពួកគេជំរុញការស្អប់ខ្ពើម និងភាពជ្រុលនិយម ដែលរារាំងកិច្ចខិតខំប្រឹងប្រែងសម្រាប់សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។ក្រុម​​អ្នកការទូតបានទាមទារការទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក Ben-Gvir និងបានអំពាវនាវឱ្យមានវិធានការជាក់ស្តែងដើម្បីបញ្ចប់ការញុះញង់ ​​ការបង្ករឿង​ និងការរំលោភបំពានម្តងហើយម្តងទៀត។សមាជិករាប់រយនាក់មកពីកងនាវាជំនួយដែលឆ្ពោះទៅកាន់តំបន់ហ្កា​ហ្សាត្រូវបាននាំយកទៅកាន់កំពង់ផែ Ashdod របស់អ៊ីស្រាអែលកាលពីថ្ងៃពុធសប្ដាហ៍មុន​​​​ ខណៈលោក Ben-Gvir បានបញ្ចេញ​     វីដេអូមួយដែលបង្ហាញពីពួកគេមួយចំនួនត្រូវបានចងស្លាបសេក​ និងបង្ខំឱ្យក្រាបចុះ​​នៅពេលឮសំឡេងភ្លេងជាតិអ៊ីស្រាអែល។​គួរបញ្ជាក់​ថា​​​ប៉ុន្មានថ្ងៃក្រោយមក ​ពួកគេ​ត្រូវបាន​ដោះលែង​វិញ​៕

ចិនបញ្ជូនអវកាសយានិកទៅកាន់បេសកកម្មអវកាសរយៈពេល១ឆ្នាំ ខណៈសម្លឹងរកការចុះចតលើភពព្រះចន្ទនៅឆ្នាំ ២០៣០ ​

2026/05/25 11:06:38 am        71
ប្រទេសចិនបានបញ្ជូនអវកាសយានិកបីនាក់ទៅកាន់ស្ថានីយ៍អវកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ​​២៤​​ឧសភា ដែលម្នាក់ក្នុងចំណោមពួកគេ ​នឹងស្នាក់នៅរយៈពេលមួយឆ្នាំ ជារយៈពេលកំណត់ត្រាសម្រាប់ប្រទេសនេះ ដែលអាចឱ្យការសិក្សាអំពីសរីរវិទ្យាមនុស្សមានរយៈពេលយូរនៅក្នុងលំហអាកាស ខណៈ ទីក្រុងប៉េកាំងកំពុងធ្វើការឆ្ពោះទៅរកមហិច្ឆតារបស់ខ្លួនក្នុងការចុះចតលើភពព្រះចន្ទដែលមានមនុស្សនៅត្រឹមឆ្នាំ ២០៣០។ យានអវកាស Shenzhou-23 បានបាញ់បង្ហោះនៅម៉ោង ១១:០៨នាទីយប់ ដោយប្រើយានចម្លង​ Long March-2F Y23 ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន ដោយមានអវកាសយានិកចិនបីនាក់នៅលើនោះ។ អ្នក​ជំនាញ​ផ្នែក​គ្រឿង​បំពាក់យានអវកាស លោក​ Li Jiaying អតីតអធិការនគរបាល​ទី​ក្រុង​ហុងកុង គឺជាអវកាសយានិកដំបូងមកពីទីក្រុងនេះ ដែលបានចូលរួមក្នុងបេសកកម្មអវកាសរបស់ចិន។ សមាជិកអវកាសយានិកផ្សេងទៀតគឺមេបញ្ជាការលោក​ Zhu Yangzhu និងអ្នកបើកបរ​លោកស្រី​ Zhang Yuanzhi ដែលអ្នក​ទាំងពីរមកពីផ្នែកអវកាសយានិកនៃកងទ័ពរំដោះប្រជាជន។ ទីភ្នាក់ងារអវកាសចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា​ ម្នាក់​​ក្នុងចំណោមបេសកកម្មទាំងបី គឺត្រូវស្នាក់នៅលើស្ថានីយ៍អវកាស Tiangong រយៈពេលមួយឆ្នាំ ដែលជាបេសកកម្មអវកាសដ៏យូរ​​បំផុតមួយ ប៉ុន្តែនៅតិចជាងកំណត់ត្រា១៤ ខែកន្លះដែលបង្កើត​​​កំណត់ត្រា​​​ដោយអវកាសយានិករុស្ស៊ីក្នុងឆ្នាំ១៩៩៥​។ អង្គការ NASA របស់អាមេរិក​​​កំពុងស្វែងរកការចុះចតលើភព​ព្រះចន្ទដែលមានមនុស្សបើកនៅឆ្នាំ២០២៨​​​ ដែលនាំមុខប្រទេសចិនពីរឆ្នាំ។ សហរដ្ឋអាមេរិកមានគោលបំណងបង្កើតវត្តមានរយៈពេលវែងនៅលើភព​ព្រះចន្ទជាជំហានមួយឆ្ពោះទៅរកការរុករកភពអង្គាររបស់មនុស្ស៕

នាវាចិនចាកចេញពីដែនទឹក​ បន្ទាប់ពីការប្រឈមដាក់គ្នាយ៉ាងតានតឹងនៅជិតកោះគ្រប់គ្រងដោយតៃវ៉ាន់​ ​

2026/05/25 10:13:53 am        111
ឆ្មាំល្បាតឆ្នេរ​កោះ​​តៃវ៉ាន់​​បាននិយាយថា​​ នាវាឆ្មាំល្បាតឆ្នេរ​​​របស់​ចិនមួយគ្រឿងបានចាកចេញពីដែនទឹកនៅជិតកោះ Pratas ដែលមានទីតាំងនៅចុងខាងជើងបំផុត​នៃសមុទ្រចិនខាងត្បូងកាលពីថ្ងៃអាទិត្យ ២៤​ ឧសភា បន្ទាប់ពីការប្រឈមដាក់គ្នាយ៉ាងតានតឹង និងការឈ្លោះប្រកែកគ្នាដោយពាក្យសំដីរវាងឆ្មាំល្បាត​ឆ្នេរ​​​ទាំងពីរ ។ ប្រទេសចិនអះអាងថាដែនកោះ​​តៃវ៉ាន់ដែលគ្រប់គ្រងបែប​​ប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ជាជំហរមួយដែលរដ្ឋាភិបាលនៅទីក្រុងតៃប៉ិបដិសេធ។ ប្រទេសចិនបានដាក់សម្ពាធលើកោះ​​តៃវ៉ាន់ដោយបង្កើនវត្តមានយោធារបស់ខ្លួននៅជុំវិញកោះនេះ ហើយទីក្រុងតៃប៉ិកំពុងប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពបន្ថែមទៀតរបស់ចិន បន្ទាប់ពីប្រធានាធិបតីចិន​លោក​ Xi Jinping បានពិភាក្សាអំពីបញ្ហា​​កោះ​តៃវ៉ាន់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ​នៅទីក្រុងប៉េកាំងក្នុងខែនេះ។ ដោយ​​ស្ថិតនៅចន្លោះភាគខាងត្បូងកោះ​តៃវ៉ាន់ និងទីក្រុង ហុងកុង កោះ​ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់ ​ត្រូវបានក្រុម​​អ្នកជំនាញសន្តិសុខមួយចំនួនមើលឃើញថាងាយរងគ្រោះដោយការវាយប្រហាររបស់ចិនព្រោះតែស្ថិតនៅ​​ចម្ងាយជាង៤០០​ គីឡូម៉ែត្រប៉ុណ្ណោះ​ពីកោះតៃវ៉ាន់។ ឆ្មាំល្បាតឆ្នេរ​​តៃវ៉ាន់ បាននិយាយកាលពីថ្ងៃសៅរ៍ថាខ្លួនបានប្រទះឃើញនាវាឆ្មាំល្បាតឆ្នេរ​ចិនមួយគ្រឿងកំពុងធ្វើដំណើរទៅកាន់កោះ​ Pratas ហើយបានបញ្ជូននាវារបស់ខ្លួនភ្លាមៗ ជាមួយ​នឹ​ង​​​​​​​​ការព្រមាន ហើយភាគីទាំងពីរ​បាន​​​ប្រឈមដាក់គ្នាដោយពាក្យសំដីយ៉ាងខ្លាំងលើអធិបតេយ្យភាពតាមរយៈវិទ្យុ​​៕

រុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលមានសមត្ថភាព​បំពាក់​ក្បាល​គ្រាប់នុយក្លេអ៊ែរ​ Oreshnik ក្នុងការវាយប្រហារដ៏ធំបំផុតមួយលើក្រុងគីវ

2026/05/25 09:27:03 am        93
រុស្ស៊ីបានវាយប្រហារទីក្រុងគី​វ និងតំបន់ជុំវិញដោយយានដ្រូន​​ និងមីស៊ីលរាប់រយ​ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ​​ ដែលជាការបាញ់ផ្លោងដ៏ខ្លាំងក្លាបំផុតមួយក្នុងចំណោម​ការ​បាញ់​​ស្រោច​លើ​ទីក្រុងគីវ​ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមមានអាយុ​កាលជាង​បួនឆ្នាំមកនេះ​ ដោយបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik នៅជិតរដ្ឋធានីនេះ។ រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួន​​​បានបាញ់មីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង Oreshnik ដែលមានសមត្ថភាពបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរទៅលើអ៊ុយក្រែន ក្នុងការវាយប្រហារដ៏ធំសម្បើមទាំង​យប់។ យោងតាមមន្ត្រីអ៊ុយក្រែន ការបាញ់ផ្លោងរយៈពេលជាច្រើនម៉ោងពេញមួយយប់របស់រុស្ស៊ីបានសម្លាប់មនុស្សពីរនាក់នៅទីក្រុងគី​វ និងពីរនាក់ទៀតនៅក្នុងតំបន់ជុំវិញ និងបានធ្វើឱ្យមនុស្សជិត១០០​​ នាក់រងរបួស។ ក្រុម​អាជ្ញាធរបាននិយាយថា អគារលំនៅឋាន​​រាប់សិបខ្នង និងសាលារៀនជាច្រើនត្រូវបានខូចខាត ដែលភាគច្រើននៅកណ្តាលទីក្រុងគី​វ។ ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយលើ Telegram ​ជំរុញឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនចាត់វិធានការ​​។ ការសម្រេចចិត្ត ពីសហរដ្ឋអាមេរិក ពីអឺរ៉ុប និងប្រទេសដទៃទៀត គឺជារឿងចាំ​បាច់​​ ។ក្រុម​​មន្ត្រីក៏បានរាយការណ៍ពីការវាយប្រហារនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែន និងការស្លាប់ពីរនាក់នៅក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង​​ Kherson​​ផងដែរ​​។​ រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនពីរដង​ដោយមីស៊ីល Oreshnik ជាមីស៊ីលដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអួតថាមិនអាចស្ទាក់ចាប់បានដោយសារតែល្បឿនរបស់វាលឿនជាងសំឡេងជាង១០ ដង​។ លោក Putin បានបញ្ជាឱ្យយោធារបស់លោករៀបចំជម្រើសសម្រាប់ការសងសឹកប្រឆាំងនឹងអ៊ុយក្រែនចំពោះការវាយប្រហារដោយយានដ្រូន លើអន្តេវាសិកដ្ឋាននិស្សិតមួយក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃសុក្រ។ក្រុមមន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍២៣ឧសភា ថាចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ុយក្រែន​​លើអន្តេវាសិកដ្ឋាននិស្សិត ក្នុងតំបន់ Luhansk គ្រប់គ្រងដោយរុស្ស៊ី បានកើនឡើងដល់១៨នាក់ ភាគច្រើនជាស្ត្រីវ័យក្មេង៕

លោក Trump៖ ការបិទផ្លូវទឹកអ៊ីរ៉ង់នៅតែបន្តរហូតដល់កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា

2026/05/25 09:11:02 am        77
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ថា លោកបានប្រាប់អ្នកតំណាងការទូតរបស់លោកកុំឱ្យប្រញាប់ប្រញាល់ចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ព្រោះ «ពេលវេលាស្ថិតនៅខាងយើង» ប៉ុន្មានម៉ោងបន្ទាប់ពីប្រកាសថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ត្រូវបានចរចាយ៉ាងទូលំទូលាយ។ លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា «ការបិទផ្លូវទឹកនឹងនៅតែមានជាធរមាន និងមានប្រសិទ្ធភាពពេញលេញរហូតដល់កិច្ចព្រមព្រៀងត្រូវបានឈានដល់ ត្រូវបានបញ្ជាក់ និងត្រូវបានចុះហត្ថលេខា។ ភាគីទាំងពីរ ត្រូវតែចំណាយពេល និងធ្វើឱ្យបានត្រឹមត្រូវ»។ «កុំឲ្យមានកំហុស! ហើយទំនាក់ទំនងរបស់យើងជាមួយអ៊ីរ៉ង់ កំពុងក្លាយជាទំនាក់ទំនងដែលមានវិជ្ជាជីវៈនិងមានផលិតភាពជាងមុន»។ ការរំពឹងទុកសម្រាប់ចំណុចរបត់មួយនៅក្នុងសង្គ្រាមរយៈពេលបីខែ បានកើនឡើង បន្ទាប់ពីលោក Trump បាននិយាយថា កិច្ចព្រមព្រៀងដែលកំពុងលេចចេញជាមួយអ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ប៉ុន្តែលោកមិនបាននិយាយថា តើមានអ្វីផ្សេងទៀតដែលនឹងត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនោះទេ។ លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា «ទិដ្ឋភាពចុងក្រោយ និងព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង កំពុងត្រូវបានពិភាក្សា ហើយនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ»។ ប្រព័ន្ធផ្សព្វផ្សាយនានានៅសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិយាយថា កិច្ចព្រមព្រៀងនេះកំណត់ក្របខ័ណ្ឌសម្រាប់បញ្ចប់ការប្រយុទ្ធគ្នារយៈពេលជាច្រើនខែមកនេះ ដកចេញការបិទផ្លូវទឹកដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការបើកផ្លូវទឹកឡើងវិញដែលអ៊ីរ៉ង់បានបិទដោយការការគំរាមកំហែងវាយប្រហារលើការដឹកជញ្ជូន។ របាយការណ៍ទាំងនោះបាននិយាយថា ផែនការសម្រាប់ស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចរបស់អ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនបានទទូចឲ្យបោះបង់ចោលនោះ នឹងត្រូវចរចាក្នុងរយៈពេល៣០ថ្ងៃ ទៅ៦០ថ្ងៃ។

លោក Netanyahu៖ លោក Trump ព្រមព្រៀងថាកិច្ចព្រមព្រៀងអ៊ីរ៉ង់ ត្រូវតែដកចេញការគំរាមកំហែងនុយក្លេអ៊ែរ

2026/05/25 08:41:56 am        66
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ថា លោក និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្រមព្រៀងថា កិច្ចព្រមព្រៀងចុងក្រោយណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែដកចេញការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយទីក្រុងតេអេរ៉ង់។ ដោយបង្ហោះនៅលើបណ្តាញ Telegram លោក Netanyahu បាននិយាយថា នេះនឹងតម្រូវឱ្យរុះរើរោងចក្រចម្រាញ់នុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងយកសារធាតុនុយក្លេអ៊ែរដែលចម្រាញ់រួចចេញពីទឹកដីរបស់ប្រទេសនេះ។ លោក Netanyahu បានប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងនៅតែធ្វើសកម្មភាពដោយសេរី ប្រឆាំងនឹងការគំរាមកំហែងនៅក្នុងប្រទេសលីបង់ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទអំពីកិច្ចព្រមព្រៀងដែលកំពុងលេចចេញរវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ នេះបើយោងតាមប្រភពពីអ៊ីស្រាអែល។ ប្រភពបាននិយាយបន្តថា «លោកប្រធានាធិបតី Trump បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងឈរយ៉ាងរឹងមាំក្នុងការចរចាលើការទាមទារជាប្រចាំរបស់លោកសម្រាប់ការដកចេញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងការយកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចទាំងអស់ចេញពីទឹកដីអ៊ីរ៉ង់» ហើយ «លោកនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយដោយគ្មានលក្ខខណ្ឌទាំងនេះ ត្រូវបានបំពេញឡើយ»។ លោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងប្រទេសអ៊ីរ៉ង់ បាន «ចរចាយ៉ាងទូលំទូលាយ» លើអនុស្សរណៈនៃការយោគយល់លើកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងបើកឡើងវិញច្រកសមុទ្រ Hormuz ជាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់ដែលត្រូវបានបិទចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមសង្គ្រាមរបស់ខ្លួនលើអ៊ីរ៉ង់ កាលពីខែកុម្ភៈ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
06/13/2026 01:06 PM
សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
06/13/2026 01:06 PM
BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
06/13/2026 12:06 PM
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
06/13/2026 12:06 PM
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
06/13/2026 12:06 PM
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
06/13/2026 11:06 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
06/13/2026 11:06 AM
អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
06/13/2026 10:06 AM
បទឈប់បាញ់នៅលីបង់ ជាការសាកល្បងវាយតម្លៃសម្រាប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
06/13/2026 10:06 AM